នៅពេលនេះខ្ញុំមានវ័យឈានចូល២៥ឆ្នាំហើយ តែវាក៏ដូចជារាងជ្រេអាយុច្រើនដែរសម្រាប់ឪពុកម្តាយដែលមានកូនស្រីនៅលីវ មិនទាន់រៀបការ។ ឈានចូលដល់អាយុត្រឹមនេះទៀតសោតខ្ញុំក៏បានជួបនឹងសំណួរដ៏ពេញនិយមមួយ ហើយសូម្បីតែក្នុងបណ្តាញសង្គម ក៏តែងតែលើកមកត្រូលមិនចេះដាច់ដែរ។ សំណួរមួយនេះ វាបានរំខានដល់ខួរក្បាលមួយគីឡូ២ខាំនេះឱ្យរង្គោះរង្គើ។ រីឯក្នុងចិត្តក៏គិតឆ្ងល់ថា តើអ្នកដែលឆ្លងកាត់ដល់អាយុត្រឹមខ្ញុំនេះ មានកើតឡើងនូវរឿងដូចដែរខ្ញុំកំពុងជួបដែរឬក៏អត់?
«កាលរៀបការ? … ពេលណាបានយកប្តី?… ឬក៏រូបត្រូលអីផ្សេងអ៊ីចឹងទៅ!…»
ស្ទើរតែគ្រប់អ្នកដែលស្គាល់ខ្ញុំ មិនថាជាអ្នកភូមិផងរបងជាមួយ អ្នកធ្វើការជាមួយគ្នា ហើយពេលខ្លះ មិត្តឯងដែលស្និទ្ធស្ទើរតែដឹងគ្រប់រឿង ក៏គេនៅតែសួរអាសំណួរដដែលៗហ្នឹងមិនដាច់សូរសោះ។ ប្រាប់ហើយ រួចក៏ពន្យល់ទៀត មហាមិត្តស្ងាត់បានតែមួយរយៈ ដល់ពេលបានឆាត ឬខលទៅលេងម្តងៗ ចាំមើលណា! សំណួរពេញនិយមមួយហ្នឹង ហក់មកលងបន្លាចទៀតហើយ។ ដល់ពេលរ៉េបឱ្យបានម៉ាឌីស ពីរឌីសទៅ ទើបមហាមិត្តនិយាយថា «ញ៉េះឯងលេងហ្នឹង» ។ ម៉ាកៗហ្នឹងអី បានតែស៊ីកាញ៉ ហើយប្រាប់មហាមិត្តវិញថា «វ៉ៃហែងលេងដែរ»។
ក្រោយពីចប់រឿងមិត្តឌឺដង ក៏ចូលដល់វគ្គបងប្អូនម្តង មិនដឹងថាទៅត្រូវរ៉ូវគ្នាជាមួយអ្នកជិតខាងពីកាលទេ? ហើយក៏មិនដឹងថាអ្នកជិតខាងនឹងផ្លុំត្រចៀកយ៉ាងម៉េចដែរ? ដើរមកខ្ទើតៗ… ថាបង្ហើយបាយនឹងអាងសម្រាក មានឯណាអ្នកបងស្រីខ្ញុំ គាត់មកអង្គុយចំពីមុខម៉ក់ រួចនិយាយ៖
«អ្នកណាជូនមកផ្ទះ កាលពេលចេញពីធ្វើការល្ងាចមិញ?» នេះសំណាងហើយដែលម៉ែពុកទៅស្រុក បើមិនដូច្នេះទេ ច្បាស់ជាមកអង្គុយដំកង់ ព័ន្ធសួរជីកឬស ជីកគល់ជាក់ជាមិនខាន?
«ហើយបងឯងទៅឮអ្នកជិតខាងគេនិយាយអីទៀតហើយ? ក្រែងបងឯងដឹងហើយតើ ថាមិត្តខ្ញុំមានសុទ្ធតែប្រុស ហើយកន្លែងធ្វើការក៏សម្បូរប្រុស បងឯងមិនឱ្យខ្ញុំជិះមកជាមួយមនុស្សប្រុស ឱ្យខ្ញុំទៅជិះជាមួយអ្នកណាវិញ?»
«អឺ… បើគេនិយាយថាមនុស្សប្លែកមុខ មិនធ្លាប់ឃើញពីមុនមក ទើបបងសួរហ្នឹងណា?»
«បងឯងត្រូវការឱ្យខ្ញុំ ផ្តិតរូបអ្នកកន្លែងធ្វើការខ្ញុំឱ្យអត់? ហើយយកទៅឱ្យអ្នកជិតខាងយើង ឬក៏បិទតាមច្រកចូលផ្ទះយើងល្អទេ កុំឱ្យចេះតែប្លែកមុខពេក?»
«ពួកគាត់មាននិយាយអីឯងច្រើនឯណា ពួកគាត់គ្រាន់តែសួរបង ថាឯងមានសង្សារហើយមែនទេ? ឃើញមានមនុស្សប្រុសឌុបមកផ្ទះ បងក៏សួរឯងបញ្ជាក់ទៅ?»
«អ៊ីចឹងបានជាភ្នែកច្រើនគូរណាស់សម្លឹងមើលខ្ញុំ? ចាំបងឯងប្រាប់ពួកគាត់វិញទៅ បើចង់ដឹងច្បាស់មកសួរខ្ញុំផ្ទាល់តែម្តងមក! ខ្ញុំ free ចម្លើយ អត់យកលុយទេ !»
«គេបារម្ភពីឯង ទើបគេសួរហ្នឹង! វាអាយុច្រើនហើយណា៎!»
«រឿងខ្ញុំតើ ពួកគាត់មកបារម្ភអី! គិតតែពីកូនខ្លួនឯងឱ្យតែល្អទៅ! គេការពេលណាជារឿងគេសោះ! ហើយបងឯងក៏អ៊ីចឹងដែរ! ទំនេរៗ កុំឧស្សាហ៍ទៅជុំៗគ្នាពេក! អារឿង៥២សន្លឹកហ្នឹង ប្រយ័ត្នថ្ងៃណាមួយបានល្បីទៅ!» ខ្ញុំនិយាយជាន់កែងគាត់វិញ។
«ឈប់និយាយហើយ ទៅរកបាយទឹកវិញ!» គាត់ដើរចេញយ៉ាងញាប់ស្អេក។
ខ្ញុំនិយាយក្នុងចិត្ត៖ “បងស្រីអើយបងស្រី ចូលចិត្តណាស់អាខាងត្រាវជាមួយអ្នកជិតខាងហ្នឹង! ដាក់ប៉ុណ្ណឹងស្វាងមួយរយៈ ដេកក៏ប្រហែលជាលក់ស្រួលហើយខ្ញុំ មិនត្រូវមកដេកទល់ក្បាលគាត់ ឆ្លើយនឹងសំណួរឆ្គួតឡប់អីហ្នឹងទៀតទេ យេ…!”
ក្រោយពេលពុកម៉ែមកពីស្រុកវិញ វេលាបាយល្ងាច
ខ្ញុំឆ្ងល់ចង់ច្រេះខួរហើយនៀក ថាម៉េចបានជាអ្នកផ្ទះខ្ញុំចូលចិត្តយកតែម៉ោងបាយល្ងាចហ្នឹងមកជជែកសួរដេញដោលម្ល៉េះ? ថាធ្វើការហត់ហើយ បានមកសម្រាកស្រួលចិត្ត ដឹងអី អ្នកផ្ទះ គាត់សម្បូររឿងតែស្មើហ្នឹង! បាយក៏លែងឆ្ងាញ់ ទឹកក៏លែងស្រេក មកក្រៀមខ្មេះ អង្គុយតបសំណួរពួកគាត់…
«មីពៅ! តើកូនឯងគិតម៉េចដែរ បើមានគេចូលសួរ? គេថាបើយើងយល់ព្រម គេនឹងសុំមើលចិត្ត មើលថ្លើមថ្ងៃឆ្លងឆ្នាំនេះ!»
ខ្ញុំនិយាយក្នុងចិត្ត៖ ថាមែនៗ បើបានទៅស្រុកយូរថ្ងៃ ច្បាស់ជាមានរឿងមកពញ្ញាក់អារម្មណ៍ខ្ញុំមកជាមួយដែរហើយ។ ហើយអ្នកស្រុកហ្នឹងក៏អ៊ីចឹងដែរ មិនដឹងពីណាពីណីខ្លះទេ ដឹងតែណែនាំមកហើយ។ ឯម៉ែវិញ ឮតែគេចង់បានកូនអ៊ីចឹង ថាអរហួស មិនដឹងថាត្រូវការជាមួយខ្ញុំឬគាត់ឱ្យប្រាកដ ទើបគាត់សប្បាយចិត្តជួសខ្ញុំបែបនេះ? ហើយខ្ញុំឯនេះវិញ ចង់ក្រញាញ់ខួរម្តងៗក្នុងការរកលេសបដិសេធពួកគាត់។
«បើគេល្អដែរ ល្មមៗយកទៅ កាពៅអើយ! អង្គុយចាំតែរាប់លុយហើយ ចាំកាល?» ម៉ែមធ្យមទេ ងំបងស្រីហ្នឹងម៉ង អាខាងឌុក ជំនាញគាត់ហើយ។ នេះសំណាងដែរ ដែលបងៗការហើយ បែកគ្រួសារអស់ បើនៅជុំគ្នាដូចមុន ច្បាស់ជាស្ត្រេស មុខចាស់មុនបានយកប្តីហើយខ្ញុំ។
«កូនគេជាអ្នកគ្រាន់បើ មីងឯងអ្នកណែនាំ គេមានដីធ្វើស្រែរាប់ហិចតា ហើយមានគ្រឿងចក្រធ្វើស្រែផ្ទាល់ខ្លួន ហើយក៏មានជួលឱ្យអ្នកស្រុកទីនោះដែរ គេមានបងប្អូន៤នាក់ គេជាកូនទី៣ បងប្អូនគេការហើយ បែកផ្ទះរស់នៅរៀងខ្លួន និងមានមុខរបររកស៊ីរបស់គេ ដែរ ហើយឥឡូវនេះនៅតែគេម្នាក់ឯងរស់នៅជាមួយម៉ែឪ និងថែរក្សាផ្ទះសម្បែង ឮថាកូនគេឧស្សាហ៍ណាស់…» លោកពុកខ្ញុំគាត់មិនដែលចេះលូកមាត់លូកកលើរឿងផ្សំផ្គុំកូនចៅអីអស់ហ្នឹងទេ គឺភាគច្រើនតែលើម៉ែទេជាអ្នកចាត់ចែង តែដល់ពេលបើកភ្លើងខៀវឱ្យគេចូលមកចែចូវកូនស្រី មិនដឹងសម្តីមកពីណាទេ បែកអូរហូរជាស្ទឹងដែរ ហើយឆ្ងាញ់ត្រង់បញ្ជាក់ទៀត ហិហិហិ ខ្លាចកូនស្តាប់មិនទាន់។
«ហើយម៉ែឯង ពុកឯង មានស្គាល់គេច្បាស់អត់ហ្នឹង? មិនមែនឮតែមីងនិយាយប្រាប់ ហើយអរ ភ្លេចគិតថាគេល្អអ៊ីចឹងអត់?» និយាយអីចេះខុស មើលពួកគាត់ធ្វើមុខណ៎ ឡេមឡាមមើលគ្នា។
«ចាំកូនឯង យល់ព្រម ចាំសួរគេទៀតទៅ!» អ្នកម្តាយតប
«ហើយគេមានបានរៀនដល់ចប់ចុងចប់ដើមអត់? រឿងគេមាន ទុកខ្ញុំចាំតែរាប់លុយហ្នឹង ខ្ញុំមិនរំពឹងកម្លាំងគេទេម៉ែអើយ! សំខាន់តើគេរៀនបានដល់ណា? បើបានរៀនចប់ ខ្ញុំសូមពេលគិតសិន តែបើឱ្យខ្ញុំនិយាយឥឡូវតែម្តង ខ្ញុំចង់បានប្តីអ្នកធ្វើការជាង គេចេញទៅធ្វើការ ចំណែកខ្ញុំនៅផ្ទះរកស៊ី មើលកូន ដឹងតែល្មម»
«អ្ហោះ!… រឿងប្តីអ្នកធ្វើការអីហ្នឹង មិនដឹងចាំដល់កាលទេ! ឃើញធ្វើការរាប់ឆ្នាំហើយ មិនដែរឃើញមានអ្នកណាស្រលាញ់ផង?» ស្តាប់ម៉ែខ្ញុំណ៎ បកមកឱ្យកូនភ្លាមៗតែម្តង។
«និយាយដល់ពួកវា (មិត្តរួមការងារ) ជ្រាយជាងខ្ញុំទៀត! ក្នុងនាមតែជាប្រុសដើមទ្រូងប្រាំហត្ថទេ តែលើកតែ UPSមួយ លើកមិននឹងចង់រួចផង វាពឹងឱ្យតែខ្ញុំជួយរាល់តែដង!»
«អ្ហឺ! វាសមហើយ ខ្លួនជាស្រីទេ តែងខ្លួនមិនចំជាស្រី! អ៊ីចឹងហើយបានជាគេមើលមិនឃើញ សមមុខហើយ!» អ្នកបងស្រីខ្ញុំ គាត់មកបន្ថែមល្បោយទៀតហើយ។
«មនុស្សប៉ុនមនុស្សមើលមិនឃើញយ៉ាងម៉េច?» ខ្ញុំតបបែបលែងសើចដាក់បងស្រីវិញ
«ចុះអ្នកផ្សេង?» អ្នកម្តាយលើកសំណួរបន្ទាប់
«មានប្តី មានកូនអស់ហើយម៉ែអើយ!» ខ្ញុំឆ្លើយឡើងស៊ីផុយ
«ហាសហា…» សម្លេងសើចឌឺពីបងស្រី
«ឈប់និយាយហើយ ទៅងូតទឹក ដេកវិញ!» ខ្ញុំប្រញាប់ក្រោកចេញពីអន្ទាក់អ្នកម្តាយ
«វាមិនខ្មេះទេ អាប្តីអ្នកធ្វើការហ្នឹង! ដេកចាំ ដល់ចាស់ទៅមីនាងអូន!» ថាប្អូនងើបដើរចេញហើយ នេះមកងាកក្រោយនិយាយឌឺដងប្អូនទៀត មហាអ្នកបងស្រីខ្ញុំ។
ងូតទឹកបណ្តើរ សើចម្នាក់ឯងបណ្តើរ ហើយក៏អាណិតពួកគាត់ដែរ ហេតុតែចង់ឱ្យកូនមានគ្រួសារដែលមានសុភមង្គល។ តែក៏រីករាយនឹងពួកគាត់ដែរ ដែលធ្វើតាមការសម្រេចចិត្តរបស់កូនជានិច្ច។ ដោយសារតែមិនចេះបង្ខំកូន ធ្វើតាមការសម្រេចចិត្តរបស់កូនៗនេះហើយ ទើបបងស្រីសំណព្វចិត្តដែលកំពូលឌឺប្អូនស្រីម្នាក់នេះនៅក្រមុំចាស់ដល់សព្វថ្ងៃ។ ឆ្នាំនេះគាត់មានអាយុសាមជាងហើយ បានពីរនាក់បងស្រីដែរ ទើបមិនសូវជាសម្ពាធខ្លាំង ហាសហា! ហ៊ានតែម៉ែពុករអ៊ូរឿងរៀបការ គឺដឹងតែរុញបងស្រីមកពាំងមុខហើយ ខិខិខិ!
ស្ងាត់រឿងនេះបានជាងកន្លះឆ្នាំ បងស្រីសាច់ថ្លៃក៏បានណែនាំបុរសម្នាក់ដល់ម៉ែ។ កាលមុនខ្ញុំធ្លាប់បានប្រាប់ដល់ពួកគាត់ថា ខ្ញុំចង់បានប្តីជាអ្នកធ្វើការ ដល់ឥឡូវបងថ្លៃបានណែនាំអ្នកធ្វើការឱ្យខ្ញុំស្គាល់ បុរសនោះគាត់ធ្វើការជាអ្នកម៉ៅការសំណង់ គាត់ជាមេ ហើយក៏ជាអ្នកចាត់ចែងកូនចៅក្រោមឱវាទទៀតផង អ្នកណាមិនចង់លើកកូនឱ្យ ព្រោះសម័យនេះជាសម័យលក់ដីស្រែមកធ្វើផ្ទះថ្ម ត្រូវប៉ាន់អ្នកគប់ជេរដីហើយ ក៏ត្រូវប៉ាន់អ្នកម៉ៅការសំណង់ដែរ សង់ផ្ទះគេមួយៗហើយរួចរាល់ប្រាក់ឈ្នួលមិនក្រោមពាន់ដុល្លារឡើយ។ សុទ្ធតែម៉ាកៗហ្នឹងអី អ្នកស្រុកអ្នកភូមិឯណា ថាមិនចង់លើកកូនឱ្យនុះ? តែម្តងនេះ ម៉ែដូចជាមិនសូវជ្រួលជ្រើមដូចកាលមុនទេ គឺគាត់គ្រាន់តែនិយាយប្រាប់ហើយ ក៏ហើយទៅ។ មិនដឹងថាគាត់មិនចូលចិត្តអ្នកធ្វើការងារបែបនេះឬយ៉ាងណាទេ? ឬប្រហែលជាគាត់យល់ពីចិត្តកូនស្រីហើយមើលទៅ? ហើយឥឡូវនេះខ្ញុំក៏មិនចង់គិតរឿងអីច្រើនក្រៅពីធ្វើការងារដែរ ព្រោះទើបតែចាប់បានការងារមួយនឹងធឹង ហើយវាជាការងារដែលខ្ញុំស្រលាញ់ចូលចិត្តទៀតផង ទើបមិនចង់ឱ្យរឿងរៀបការចូលមករំខានក្តីសុខ និងឯករាជ្យភាពរបស់ខ្លួននាពេលនេះ។
ពេលវេលាបានរំលងទៅ២ឆ្នាំទៀតហើយ មិត្តខ្ញុំ ហេតុតែមិនចង់ឃើញមិត្តខ្លួននៅព្រៅយូរ ក៏បានណែនាំមិត្តរបស់គេដែលធ្វើការជាមួយគ្នាឱ្យខ្ញុំបានស្គាល់ ពួកយើងម្នាក់ៗសុទ្ធតែអាយុច្រើនដូចគ្នា មិនទាន់មានគូដូចគ្នា ក៏បានសាកល្បងរាប់អានគ្នា ដំបូងសុំត្រឹមធ្វើជាមិត្តដូចអាតី…
លើកអាតីមកនិយាយដើមវាបន្តិច៖ អាតីជាមិត្តយ៉ិនស៊ិនកាលរៀននៅវិទ្យាល័យ វាជាមិត្តម្នាក់ក្នុងចំណោមមិត្តជិតស្និទ្ធទាំងអស់ដែលនៅSingle ក្រៅពីហ្នឹងគឺរៀបការមានកូនអស់ហើយ។ តែSingleគេ ជាSingle ចាំតែថ្ងៃចូលរោងការទេ មិនមែនជាSingleបែបអាជីពដូចខ្ញុំឡើយ។
ពួកយើងទាំងបួននាក់តែងតែណាត់គ្នាដើរលេង ចេញក្រៅញុំាអីជាញឹកញយ ព្រោះតែរដូវនេះជារដូវភ្លៀង ការងារក៏រាងរង្វើល មិនសូវជារវល់។
ល្ងាចនេះពួកយើងក៏ណាត់គ្នាទៅមើលកុន ក្រោយពេលមកដល់រោងកុន អាតីបានហុចសំបុត្រកុនឱ្យមកខ្ញុំ ហើយនាងក៏បានប្រាប់ឱ្យពួកខ្ញុំដើរចូលទៅខាងក្នុងមុន រួចពីរនាក់ហ្នឹងក៏ដើរទៅរកទិញអីញុំាសម្រាប់កំដរមាត់ពេលមើលរឿង ពួកខ្ញុំបានដើរចូលទៅខាងក្នុងតាមសម្តីពួកគេ ពុទ្ធិបានឱ្យខ្ញុំជាអ្នកដើរនាំមុខ ព្រោះជាទម្លាប់របស់គេ គឺគេចូលចិត្ត ផ្តល់សិទ្ធឱ្យខ្ញុំជាអ្នកសម្រេចមុនជានិច្ច។ ពួកយើងកក់កៅអីអង្គុយចំចំណុចកណ្តាលតែម្តង ព្រោះវាមើលបានពេញល្អ ខ្ញុំមិនដឹងថា សំបុត្រដែលពុទ្ធិកាន់នេះជាសំបុត្រដែលមានរឿងចំណងជើងអ្វីនោះទេ ព្រោះជឿជាក់លើអាតី ដែលនាងជាចៃរោងកុនទៅហើយ រឿងអីដែលល្អមើល ថ្មីៗ ចេញផ្សាយម៉ោងប៉ុន្មាន គឺនាងដឹងទាំងអស់ ដោយនៅមិនទាន់ដល់ម៉ោងចាក់បញ្ចាំង ខ្ញុំក៏ងាកមកខាងធ្វេងដៃដែលមានពុទ្ធិនៅទីនោះ រួចលើកជាសំណួរ៖
«ធិហា!» ខ្ញុំហៅពុទ្ធិតែមួយមាត់ទេ គឺធិ ហើយគេក៏ពេញចិត្តនឹងការហៅបែបនេះដែរ
«បាទ!» ពុទ្ធិតបយ៉ាងពិរោះ
«រឿងហ្នឹង ចំណងជើងអី?»
«គឺរឿងបែបរន្ធត់! ហើយចូលចិត្តរឿងបែបរន្ធត់អត់?» ពុទ្ធិឆ្លើយបែបពញ្ញាក់អារម្មណ៍ខ្ញុំ
ខ្ញុំរអ៊ូក្នុងចិត្ត៖ នេះអាតីចង់លេងសើចនឹងខ្ញុំហើយ ខំតែទុកចិត្តនាង ឱ្យជាអ្នកជ្រើស-រើសរឿង មិនដឹងអីមកពញ្ញាក់អារម្មណ៍ឯងទៅវិញ ហើយស្មើហ្នឹងទៅហើយ ពួកគេនៅមិនទាន់មកទៀត? ប្រហែលទិញអស់ពីផ្សារហើយមើលទៅ?
«ចំពោះខ្ញុំ រឿងអីក៏ចេះមើលដែរ! ចុះធិ ខ្លាចខ្មោចអត់?» ខ្ញុំឆ្លើយរបៀបនេះ ដើម្បីកុំឱ្យពុទ្ធិគិតថាខ្ញុំនេះខ្លាច តាមពិតខ្ញុំមិនសូវជាចូលចិត្តរឿងបែបភ័យរន្ធត់អីហ្នឹងទេ ថាខ្លាចក៏ថាបាន ព្រោះឃើញការចាក់ផ្សាយឈុតខ្លីៗរបស់សាច់រឿងនេះ គឺគួរឱ្យរន្ធត់ព្រឺព្រួចមុនបាត់ទៅហើយ។
«ខ្លាចដែរ តែចង់មើលច្រើនជាង?» ពុទ្ធិលេងទឹកមុខដូចជាជឿជាក់
«ល្អហើយអ៊ីចឹង នឹងមានអ្នកការពារខ្ញុំ» ពុទ្ធិសើចឡើងឃើញថ្ពាល់ខួចរបស់គេ លាយ នឹងភាពអៀនប្រៀនតិចៗ។
ខ្សែរឿងចាប់ផ្តើមចាក់បញ្ជាំងទៅហើយ ពីរនាក់នោះនៅតែមិនទាន់លេចមុខមកទៀត។ ថាគិតអីខុស ពីរនាក់ហ្នឹងពិតជាលេងល្បិចដាក់ពួកខ្ញុំទាំងពីរមែន។
«ចាំមើលណា ពេលបានជួបគ្នាដឹងតែត្រូវហើយអាតី…!» ខ្ញុំរអ៊ូក្នុងចិត្តតែម្នាក់ឯង។
ខ្សែរឿងចាប់ផ្តើមដល់វគ្គរន្ធត់ទៅៗ ធ្វើឱ្យខ្ញុំព្រឺរោមផង ព្រឺឆ្អឹងខ្នងផង ហើយនៅមានអាកន្លែងទំនេររបស់ពីរនាក់ហ្នឹងទៀត វារឹតតែធ្វើឱ្យខ្ញុំកាន់តែញញើតឡើងៗ តែខ្ញុំព្យាយាមធ្វើធម្មតា។ ចំណែកពុទ្ធិវិញ មើលទៅគេដូចជាចង់តែកៀកៗខ្ញុំយ៉ាងម៉េចទេ? ពេលខ្លះស្ទើរតែស្រែកឮម្តងៗ មិនដឹងមកពីគេខ្លាច ឬមកពីគេចង់ពញ្ញាក់ខ្ញុំ? តែតាមមើលទៅសភាពនេះ ច្បាស់ណាស់ហើយថា គេខ្លាចខ្លាំងជាង លោកអើយគិតថាគេអាចការពារខ្ញុំ តែនេះខ្ញុំត្រូវមកចាប់ដៃគេ ហើយប្រាប់ឱ្យគេបិទភ្នែក បើមានឈុតណារន្ធត់ខ្លាំង ពួកយើងទាំងពីរទ្រាំមើលរហូតដល់ចប់សាច់រឿង។
នៅក្រៅរោងកុន ខ្ញុំដើរបណ្តើរអស់សំណើចពុទ្ធិបណ្តើរ…
«កំពុងសើចខ្ញុំមែនទេ?»
«ម៉េចក៏ដឹង?»
«ការពិតរឿងហ្នឹង វាពិតជាគួរឱ្យខ្លាចមែន!»
«ជាលើកទី១មែនទេដែលមើលរឿងខ្មោច?»
«បាទ ធ្លាប់មើលតែតាម YouTube ហើយកន្លែងណាសាហាវៗក៏អូសរំលង!»
«អ៊ីចឹងបានជាខ្លាចខ្លាំងបែបហ្នឹង! ហើយមិនព្រមប្រាប់ទេថាខ្លាច នៅមកនិយាយថាចង់មើលទៀត ហិហិហិ?»
«គឺថា…» ពុទ្ធិយកដៃអេះក្បាល រិះរកពាក្យនិយាយ
«ខ្លាចខ្ញុំអន់ចិត្តមែនទេ?» ខ្ញុំឆ្លើយកាត់សម្តីរដិបរដុបរបស់ពុទ្ធិ
«បាទ ព្រោះជាលើកទីមួយដែលពួកយើងមកមើលកុនជាមួយគ្នា ទើបមិនចង់ឱ្យល្អក់កករជាមួយគ្នា» ខ្ញុំញញឹមនឹងពាក្យសម្តីទន់ភ្លន់របស់ពុទ្ធិ
«នេះបើធិនិយាយបដិសេធ ខ្ញុំគិតថាល្អជាង ព្រោះអីខ្ញុំក៏ខ្លាចមិនចាញ់ធិដែរ នេះបានធិបន្លប់ការភ័យខ្លាចរបស់ខ្ញុំទេ កុំអី… ខ្ញុំត្រូវគាំងក្រញង់នៅទីនោះផងក៏មិនដឹង?» ធិសើចនឹងពាក្យនិយាយត្រង់ៗរបស់ខ្ញុំ។
«នេះម្នាក់ៗយកមុខរៀងខ្លួនមែនទេ តែការពិតគឺសុទ្ធតែខ្លាចដូចគ្នា ?»
«ចាស, Hi 5 មួយអ៊ឹចឹង!» ពួកយើងទាំងពីរក៏នាំគ្នាទៅញុំាអីបន្ត។
បើនិយាយដល់ពីរនាក់នោះ មិនបាច់ទៅខលនាំឱ្យអស់ថ្មទូរស័ព្ទអីនោះទេ គឺថាបើពួកគេរៀបគម្រោងហើយ គឺពួកគេរៀបគម្រោងមួយស្អាតតែម្តង ចាំតែទៅជម្រះបញ្ជីគ្នានៅពេលក្រោយទៅ ហើយអ្វីដែលត្រូវធ្វើនៅពេលនេះ គឺត្រូវធ្វើដូចក្នុងរឿងកុន ដែលចាប់ទុកថាជាថ្ងៃណាត់ជួបគ្នាដំបូង មើលកុន ញុំាអី ដើរលេងអីអស់ហ្នឹងទៅ ដើម្បីឱ្យជីវិតមួយនេះបានស្គាល់ស្អីជាការណាត់ជួបដំបូងក្នុងជីវិត។ ប៉ុន្តែបើនិយាយពីអារម្មណ៍នៅពេលនេះវាដូចជារំភើបតិចៗដែរ បេះដូងក៏លោតខុសចង្វាក់ម្តងៗ នៅពេលគេនិយាយស្តីដូចជាយកចិត្តទុកដាក់ជាមួយយើង ហើយចាញ់ត្រង់ស្នាមញញឹមរបស់គេហ្នឹងម៉ង ទោះបីគេមិនសូវជាបានសម្តីដូចមិត្តខ្ញុំរាល់ថ្ងៃ ក៏គេបានធ្វើឱ្យបេះដូងខ្ញុំរំភើបនឹងវេលាមួយនេះដែរ។
បន្ទាប់ពីរដូវវស្សាកន្លងផុតទៅ ចូលដល់រដូវប្រាំង ការងារខ្ញុំនាពេលនេះចាប់ផ្តើមមមាញឹកសារជាថ្មី ពេលខ្លះខ្ញុំធ្វើការដាច់យប់ ដាច់សៅរ៍អាទិត្យក៏មាន ព្រោះតែត្រូវតម្រូវចិត្តអតិថិជន គឺត្រូវតែធ្វើ Art Work ឱ្យពួកគាត់ពេញចិត្ត ទើបយើងអាចប្រជែងជាមួយដៃគូប្រកួតប្រជែងដទៃបាន បើយើងធ្វើមិនត្រូវចិត្តអតិថិជនយើងទេ គេអាចនឹងរត់ទៅរកកន្លែងថ្មី ដូច្នេះអ្នកដែលមានការងារដូចជាពួកខ្ញុំ មិនសូវជាមានពេលវេលាពេញលេញសម្រាប់ខ្លួនឯង និងគ្រួសារឡើយ។ ហើយបើឈ្លក់វង្វេងនឹងស្នាដៃខ្លួនឯងទៀត គឺគូសវាសៗ មួយថ្ងៃទល់យប់ក៏នៅតែគូសដែរ ព្រោះអីខួរក្បាលវាលែងស្គាល់អីផ្សេងហើយ ក្រៅពី dateline ។ ព្រោះតែភាពរវល់នឹងការងារពេក ធ្វើឱ្យខ្ញុំលែងសូវខ្វាយខ្វល់នឹងពុទ្ធិ ទំនាក់ទំនងពួកយើងក៏រាងឃ្លាតឆ្ងាយ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ខុសឆ្គងចំពោះពុទ្ធិ ព្រោះតែណាត់គេហើយ ក៏លុបចោលវិញ ដោយសារតែការងារមិនទាន់ចប់ មិនត្រូវចិត្តអតិថិជន ទើបខ្ញុំត្រូវបង្ខំចិត្តខលប្រាប់គេម្តងជាពីរដងរហូតដល់ច្រើនដង ហើយពេលខ្លះមួម៉ៅនឹងការងារធ្វើមិនចេះចប់មិនចេះហើយ ខ្ញុំក៏ជះកំហឹងទាំងនេះទៅលើគេទៀត មិនថាទាំងអារម្មណ៍ ទាំងពេលវេលា គឺខ្ញុំសុទ្ធតែមិនអាចផ្តល់ឱ្យគេបានល្អប្រសើរឡើយ ទើបខ្ញុំផ្តើមមានកូនចិត្ត ត្រូវតែហ៊ាននិយាយប្រាប់ពុទ្ធិ។
ខ្ញុំបានណាត់ពុទ្ធិមកហាងកាហ្វេពេញនិយមមួយកន្លែង ស្របនឹងបរិយាកាសស្ងប់ស្ងាត់ ខ្ញុំក៏ផ្តើមនិយាយមុន៖
«ធិ តើពួកយើងអាចរាប់អានគ្នាជាមិត្តល្អវិញបានទេ?»
«ម៉េចក៏ណារីនិយាយបែបនេះ?» ពុទ្ធិបែរទឹកមុខងឿងឆ្ងល់សម្លឹងចំមុខខ្ញុំ ដើម្បីចង់ដឹងចម្លើយពីមាត់ខ្ញុំ។
«ព្រោះខ្ញុំអត់ចង់បំផ្លាញពេលវេលារបស់ធិទៀត! ខ្ញុំមានអារម្មណ៍ថាខុសឆ្គងជាមួយធិខ្លាំង! ខ្ញុំជាមនុស្សសោះកក្រោះគិតតែពីការងារ ពេលខ្លះធ្វើអ្វីគិតតែពីចិត្តខ្លួនឯង មិនខ្វល់ពីអារម្មណ៍ធិ សម្តីអាក្រក់ ឆាប់ខឹងឆេវឆាវ ហើយមិនមានពេលវេលាគ្រប់គ្រាន់ ណាត់ធិហើយ ក៏ទុកធិចោលជាច្រើនដង ខ្ញុំរអៀសខ្លួនណាស់! មិនគួរណាឱ្យធិមកស្គាល់មនុស្សដូចជាខ្ញុំឡើយ យល់ល្អ បើធិមិនទាន់មានចិត្តមកលើខ្ញុំទេ គួរតែដកចិត្តយកទៅវិញទៅ? ធិអាចជួបនឹងមនុស្សល្អជាងខ្ញុំក៏ថាបាន» ខ្ញុំនិយាយឡើងរ៉ូ ឥតទាក់ ព្រោះបានត្រៀមចិត្តរួចជាស្រេច ថានឹងនិយាយច្បាស់លាស់នឹងពុទ្ធិក្នុងថ្ងៃនេះ។
«នេះ! មកឱ្យដកចិត្តក៏ដកទៅងាយស្រួលបែបនេះមែនទេ? បេះដូងជាសាច់ មិនមែនជាថ្ម! វាក៏ចេះឈឺ!» ខ្ញុំលេបទឹកមាត់ចូលពោះមួយក្អឹក ទាំងហួសចិត្ត មិននឹកថាគេចេះនិយាយពាក្យទាំងនេះទេ? កុំថាទាក់ទងខ្ញុំមួយរយៈនេះគេរៀនតាមខ្ញុំណា? Oh, My God!…
«កុំថា… ធិស្រលាញ់ខ្ញុំហើយណា? ហើយនេះស្រលាញ់ខ្លាំងអត់? បើដកចិត្តយកទៅវិញ អាចឱ្យធិឈឺចាប់ខ្លាំងទេ? ខ្ញុំពិតជាចង់ដឹងចម្លើយពិតរបស់ធិក្នុងពេលនេះណាស់! ព្រោះតែមិនចង់កុហកចិត្តខ្លួនឯង គ្រាន់តែក្តីស្រលាញ់ក៏កុហកគ្នាទៅហើយ ចុះទៅថ្ងៃក្រោយទៀត តើវាយ៉ាងម៉េចទៅ?»
«ចុះ! ណារីមិនមានចិត្តលើខ្ញុំខ្លះទេ?ខ្ញុំក៏ចង់ដឹងដែរ» ពុទ្ធិលែងទឹកមុខស្មើរឹងមាំ ធ្វើឱ្យខ្ញុំរាងរអាចិត្តក្នុងការឆ្លើយ។
«នៅក្បែរធិមានអារម្មណ៍ល្អ… តែមកពីខ្ញុំខ្លួនឯងដែលតែងតែនាំភាពស្មុគស្មាញដល់ធិរហូតមក ទើបមិនចង់បន្ត នាំតែឱ្យធិខាតពេលវេលានឹងមនុស្សដូចខ្ញុំ»
«យើងពិតជាមិនអាចបន្តទៀតទេ មែនទេ?» ពុទ្ធិហាក់ចង់អង្វរខ្ញុំឱ្យទៅមុខបន្ត
«បើគ្រាន់តែជាអារម្មណ៍ទេ គួរកុំបន្តអីល្អជាង ខ្ញុំមិនមានចំណុចល្អគ្រប់គ្រាន់ឱ្យធិនឹងបន្តទេ ធ្វើជាមិត្តល្អទៅណា៎! វាធ្វើឱ្យខ្ញុំមានមុខមកជួបធិជាង» ខ្ញុំទម្លាក់ទឹកមុខចុះបន្តិច ព្រោះចង់ជៀសពីកែវភ្នែកអស់សង្ឃឹមរបស់គេ។
«ហ៊ឹម… បើណារីចង់បានបែបនេះទៅហើយ ខ្ញុំក៏មិនបង្ខំចិត្តណារីដែរ! តែណារីកុំដាក់សម្ពាធដល់ខ្លួនឯងពេក! ណារីថា ណារីជាមនុស្សសោះកក្រោះ គឺខ្ញុំឯនេះទៅវិញទេ ជាមនុស្សសោះកក្រោះ មិនចេះលេងសើចច្រើន ហើយខ្ញុំក៏សារភាពថា ខ្ញុំពិតជាពិបាកបត់បែននឹងចរិតរបស់ណារីពេលខ្លះមែន តែខ្ញុំចូលចិត្តណារីនិយាយត្រង់ទៅត្រង់មក មិនចាំបាច់ឱ្យខ្ញុំត្រូវមករៀបឫកពា ពេលបានជួបនឹងណារី មួយទៀតចំពោះពេលវេលា គ្មានអ្នកណាអាចបំពេញពេលវេលាឱ្យគ្នាតាមការចង់បានឡើយ! ណារីត្រូវចាំថា គ្មានគូរស្នេហ៍ណាដែលល្អឥតខ្ចោះនោះទេ បើយើងមិនចេះយោគយល់ឱ្យគ្នា គិតតែការចង់បានតែម្ខាងនោះ វាគ្មានសុភមង្គលទេ សូមណារីធ្វើជាណារី កុំផ្លាស់ប្តូរខ្លួនឯងដើម្បីតែអ្នកដទៃ ព្រោះណារីមានចិត្តដ៏ល្អហើយ តែមកពីណារីមិនទាន់បើកចិត្ត បើកបេះដូងខ្លួនឯងឱ្យទូលាយ ទើបណារីមានសម្ពាធក្នុងការសម្រេចចិត្តជ្រើសរើសអ្នកណាម្នាក់ចូលទៅក្នុងជីវិតរបស់ណារី»
« … » ពាក្យពេចន៍របស់ធិទាំងប៉ុន្មានបានជ្រាបដល់បេះដូងដ៏តូចមួយនេះ វាផ្តើមលោតខុសចង្វាក់ ទឹកភ្នែកក៏ចង់កំដរដល់បេះដូងមួយនេះដែរ តែហេតុអ្វី បេះដូងមួយនេះវានៅតែខ្សឹបប្រាប់ម្ចាស់វាមិនឱ្យបន្តទៅជាស្នេហាបាន? តើនេះវាចង់នៅតែម្នាក់ឯងដល់ពេលណា ទើបមានមនុស្សដែលវាអាចទទួលយកបាន? មិនយល់ពីខ្លួនឯងទេ…!
ទោះបីជានិយាយរឿងក្នុងចិត្តរៀងខ្លួនច្រើនយ៉ាងណាក៏ដោយ ក៏ពួកខ្ញុំអាចបន្តទៅមុខទៀតបាន ត្រឹមតែមិត្តល្អប៉ុណ្ណោះ មានឈ្មោះត្រឹមមិត្តល្អមែន តែពួកខ្ញុំបែរជាសប្បាយចិត្តនូវអ្វីដែលខ្លួនឯងជ្រើសរើស។
កន្លងបានជាកន្លះឆ្នាំ ពុទ្ធិបានណែនាំមិត្តស្រីរបស់គេឱ្យខ្ញុំជួយជ្រើសរើស និងគិតគូ។ ហើយខ្ញុំមិនដឹងថាខ្ញុំជាម៉ែគេ ឬជាមិត្តគេទេ? ល្អត្រង់ថា ខ្ញុំនិយាយយ៉ាងម៉េច គេសម្រេចតាមខ្ញុំបែបនោះ។
…………………….
ពេលវេលាធ្មេចបើកៗ ឥឡូវខ្ញុំមានអាយុ២៩ឆ្នាំបាត់ ឆ្លងកាត់រឿងស្មុគស្មាញក៏ច្រើន សប្បាយរីករាយក៏ច្រើន។
«អាយុ ដែលគេតែងតែនិយាយថា គ្រាន់តែជាតួលេខនោះ ក៏មិនមែនមានន័យថា ត្រូវតែបន្ធូរបន្ថយដែរ គឺថាបើមិនចេះថែរក្សាវាទេ មុខច្បាស់ជាកញ្ចាស់ មានពេលក៏ត្រូវចេះឆ្លៀតចូលហាងម៉ាស្សា ស្ប៉ា អីអស់ហ្នឹងខ្លះ កុំឱ្យអាយុច្រើនហើយ មិនទាន់រៀបការមក បណ្តែតបណ្តោយទៅតាមពេលវេលា លុយបើមាន ក៏គួរតែចាយវាយលើការតុបតែងខ្លួនប្រាណខ្លះ កុំរក្សាលុយទុកដូចរក្សាវត្ថុបុរាណខ្លាំងពេក លុយក៏ចេះផ្លាស់ប្តូរមុខមាត់ថ្មីខ្លួនឯងដែរ ត្រូវចេះស្រលាញ់ខ្លួនឯង ធ្វើខ្លួនឱ្យស្អាតៗ បើមិនទទួលយកពាក្យគេថា ធ្វើខ្លួនឱ្យអ្នកដទៃស្រលាញ់ទេ ក៏ទទួលយកពាក្យថា ធ្វើខ្លួនដើម្បីខ្លួនឯង មោទនភាពដែលខ្លួនឯងអភិវឌ្ឍខ្លួនឯងដល់ចំណុចនេះបាន» នេះជាអ្វីដែលខ្ញុំតែងតែរំឭកខ្លួនឯង ក្រោយពេលមានក្មេងៗតែងតែលួចសម្លឹង និងជួនកាលមានអំនួតនឹងសម្រស់ខ្លួនឯង ក្រោយមានក្មេងៗថា “បងមើលទៅឡើងក្មេង?” ហិហិហិ ជោរមួយរំពេចតែម្តង។
ឈានដល់ពេលនេះខ្ញុំដូចជា មិនសូវជាខ្វល់ខ្វាយ និងស្តាប់ឮសំណួរដែលពេញនិយមមួយនោះទៀតឡើយ។ មិនដឹងថាវាជ្រេញមុខខ្ញុំឬយ៉ាងណា បានជាវាមិនមកអើពើនឹងខ្ញុំសោះ? នេះមកពីបេះដូងដែកថែបហ្នឹង ដើរគំរាមគេឯងពេញហ្នឹងហើយទេដឹង? ទើបមិនមានអ្នកណាមកហ៊ានសួរសំណួរនេះទៀត ហិហិហិ។ ទាំងម៉ែ ទាំងបងស្រីស្ងាត់ឈឹង! នេះ!តិចខ្ញុំត្រូវមកស្នងតំណែងពីបងស្រីខ្ញុំទៅ? បើអ៊ីចឹងមែននោះ! តើខ្ញុំគួរតែព្រមទទួលយកតំណែងនេះទេ៕