រឿង តែងខ្លួនបន្លប់ជីវិត

មនុស្ស​ដែលរស់នៅសម្រាប់តែខ្លួនឯងរហូតមកគឺខ្ញុំ។ ខ្ញុំចេះមានអំនួត​នឹងវក់ជាមួយកាលអួតតាំង​ពីរៀនថ្នាក់ទី៩។

 រឿងនេះកើតឡើងពេលប៉ាម៉ាក់ខ្ញុំរវល់នឹងជំនួញ​មិនសូវនៅផ្ទះ ទុកខ្ញុំនៅជាមួយលោកយាយនិងអ៊ុំស្រី។ ការ​​ប្រព្រឹត្ត​តាមរបៀប​ដែលធ្វើឱ្យអ្នក​​​ដទៃ​ច្រណែនស្មានថាយើង​«អស្ចារ្ស»ជាអ្វី​ដែលអ៊ុំខ្ញុំបង្រៀនមក។

«កុំណា៎កូន ស្លៀកពាក់សំលៀកបំពាក់នេះ វាធ្វើឱ្យបាក់មុខ គេមើលមកមិនល្អ!»

«តែវាជាតុក្កតាឌីសនី! ស្អាតណាស់ម៉ាកអ៊ុំ!»

«វាជារបស់បន្លំ មិនប្រេន! ខូចមុខប៉ាម៉ាក់របស់កា ដែលជាអ្នករកស៊ីល្បី​ជាសហគ្រិនជួរមុខ ជាមហាសេដ្ឋី!»

យើងទាំងអស់គ្នានៅក្នុងរង្វង់ក្រុមគ្រួសារជាអ្នករកស៊ី និងមាន​លុយកាក់ មាន​វីឡាធំរស់នៅ យើង​ស្គាល់សង្គម មកតាមរយៈអ្វី​ដែលអ្នកក្នុងផ្ទះយើងបង្រៀន​រហូតមកគឺថា​យើងនេះ​ជា​មនុស្សថ្លៃថ្នូរខាងទ្រព្យសម្បត្តិនិងតុបតែង យើង​ត្រូវ​តែ​នៅក្នុងក្រុមសង្គមមួយដែល«តែងតែ​មាន​របស់បង្អួត» ការបង្អួតមិនអាក្រក់ទេ វាជាឱកាស ដែលផ្តល់ឱ្យយើងនូវការរាប់រកនិងឱ្យតម្លៃជាងអ្នកដទៃធម្មតា។

នៅអាយុ​១៧ឆ្នាំ ខ្ញុំមានបន្ទប់មួយជាកម្មសិទ្ធិឯកជន ជាមួយ​ទូខោអាវធំៗ៤និងទូស្បែកជើង២ ទូគ្រឿង​អល្លង្ការ​មួយ​ពេញ​ទៅដោយមូឌែលល្បីៗ ។ អាវខ្ញុំ មានតម្លៃចាប់ពី២០០​រហូតទៅដល់៣០០០ដុល្លារអាមេរិក។ ស្បែកជើងពី៧០០​ដល់​១៥០០ដុល្លារអាមេរិក ​សុទ្ធតែម៉ាក់ធ្លាប់ផ្គាប់ ព្រោះពេលម៉ាក់មកពី​បរទេសម្តងៗ​គាត់មាន​ពេលប្រហែលជា២ម៉ោងទេជាមួយ​ខ្ញុំ ២ម៉ោងនោះ​ខ្ញុំចង់ទិញអ្វីក៏បាន។

គ្រួសាររបស់ខ្ញុំតាមពិត​មិនមែនជាអ្នកមានបំផុតនៅក្នុងបុរីនោះទេ ប៉ុន្តែខ្ញុំធំ​ឡើង​ដឹងតែថា យើងមានជីវភាពធូរធារខ្លាំង ឪពុកម្តាយរបស់ខ្ញុំមិនចាញ់ឪពុកម្តាយ របស់មិត្តភក្តិរបស់ខ្ញុំនៅសាលាទេ អ្វីដែលទើបនឹងចេញ​សម្រាប់យុវវ័យជំទង់ ខ្ញុំនឹងមាន​ដូចគេដែរ​។

ខ្ញុំមិនសូវដឹងអំពីជំទង់​លើIGដែលជាកូនអ្នកមាន​មកពី​ប្រទេសផ្សេងៗទៀតទេ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជានេះ ពួក​ខ្ញុំសកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Instagram ឬ Facebook ហើយ​មានមិត្តតាម​សរសើរចុចLikeនិង​Love ច្រើន។

ទោះបីយ៉ាងណា មានអាថ៌កំបាំងមួយ​ដែលខ្ញុំដឹងនិងSadនៅអាយុ១៨ឆ្នាំ គឺ​អ្វីដែលលើសពីការគិតរបស់ខ្ញុំដែលចៃដន្យ​ខ្ញុំបានលបឮថា ឪពុកម្តាយខ្ញុំមានបំណុល គួរឱ្យខ្វល់ខ្វាយជាច្រើននោះទេ។

យប់នោះជិតខួបកំណើត។ ខ្ញុំរត់ទៅរកពួកគេ​រកសួរអំពីគ្រឿងអល្លង្ការសម្រាប់កម្មវិធីស្អែក​ស្រាប់តែលបឮថា គាត់មិនមាន​លុយទៅលោះគ្រឿងពេជ្រខ្ញុំពីធនាគារទាន់ស្អែកទេ។

ចំណែក​អល្លង្ការរបស់ម្តាយខ្ញុំលក់ដាច់អស់ហើយ​ដោយសារការវិនិយោគលុយមិនវិលជុំបានវិញទាន់។

«ម៉ូលីកា ទោះកូនដឹងការពិត ពីស្ថានភាពគ្រួសារយើងក៏ត្រូវលាក់ឱ្យជិត មិនឱ្យនិយាយសូម្បីតែជាមួយអ៊ុំនិងយាយណា៎!»

ឧទាហរណ៍ក្នុងករណីពិត​ក្រោយៗមកទៀត ឪពុកម្តាយរបស់ខ្ញុំ ចាស់ទុំក្នុងផ្ទះ​របស់ខ្ញុំតែងតែប្រាប់ខ្ញុំកុំឱ្យនិយាយអំពី ‘ស្ថានភាពបំណុល’ ឬបរាជ័យ​របស់យើងទៅកាន់អ្នកដទៃ។

ក្រៅពីបង្រៀនឱ្យខ្ញុំធ្វើពើហ៊ឺហារ  ពេលខ្លះត្រូវរៀន​លាក់ពុតក្នុងចំណោមញាតិឯងផង ឧទាហរណ៍​ខ្ញុំត្រូវប៉ា​ត្រៀមឱ្យទៅចុះឈ្មោះចូលរៀនបន្តនៅ សាកលវិទ្យាល័យល្បីៗនៅអឺរ៉ុបឬអាមេរិក ម៉ាក់ថា មិនអាចនិយាយអំពីរឿងទាំងនេះ សូម្បីតែទៅសាច់ញាតិរបស់ខ្ញុំ ដោយសារ ពួកគេអាចនឹង​ មានការច្រណែនឬមកសុំឱ្យជួយកូនក្មួយឱ្យបានរៀនដែរ។

 ដូច្នេះ ជាបណ្តើរៗ ខ្ញុំចេះ និយាយតិចៗ លាក់ៗ ធ្វើពើ និងចេះ គេចចេញពីប្រធានបទស្មោះត្រង់នានា​តាំងពីអាយុ២០ឆ្នាំ។ យូរៗទៅខ្ញុំ មិនមាន​ញាតិទេ អ្នកណាក៏ខ្ញុំមិនទុកចិត្ត​ដែរ​ការនិយាយស្តីរបស់យើង​ពេលជួបជុំគ្នា​ម្តង​ៗ​បាន​ត្រឹមសម្បកក្រៅ គ្មានអ្វីពិតទាំងអស់។

ខ្ញុំមិននិយាយថានេះ ជារឿងធម្មតាទេ តាមពិតទៅខ្ញុំជួនកាលអត់សប្បាយចិត្ត​ពេលបានឃើញផ្ទះអ្នកដទៃ មានបងប្អូនគេល្អូកល្អឺន​និងស្មោះត្រង់ដាក់គ្នា។ ពេលមើលកុនល្ខោន ដែលនិយាយអំពីភាពស្មោះត្រង់ និងសាមញ្ញដាក់ខ្លួន​ខ្ញុំមិនគិតថា​មានរឿងនេះទេនៅក្នុងជីវិតពិត។

ឪពុកម្តាយខ្ញុំនិយាយពន្យល់ថា យើងមិនត្រង់នឹងបងប្អូនយើង ព្រោះបងប្អូនយើងពិបាកត្រង់ជាមួយ។

ក្រោយមកខ្ញុំស្គាល់រាប់អាន​ក្មេងស្រីជាប់ខាងម្នាក់ កើតក្រោយខ្ញុំមួយឆ្នាំ​ឈ្មោះសេរីរត្ន។ តាមដឹងមកគឺ​ឪពុកម្តាយរបស់គាត់មានទ្រព្យសម្បត្តិច្រើនជាមន្ត្រី​មិនដឹងរកស៊ីអ្វីទេទិញដីលក់ដី និង​ហាមនាងមិនឱ្យបង្កើតគណនីបណ្តាញសង្គមណាមួយទាំងអស់  គឺ​ពួកគេត្រួតពិនិត្យរឿងនេះយ៉ាងតឹងរ៉ឹង។

ទោះយ៉ាងណា  សេរីរត្ន័នៅតែរកវិធីមានAccក្លែងក្លាយជាច្រើន។ ធម្មតា​យើងនឹងធ្វើឱ្យខាងតែបាន​នូវ​អ្វីដែលមនុស្ស​ស្របាលយើងចង់ធ្វើ។

ថ្ងៃមួយ ខ្ញុំបានអានអត្ថបទមួយ​ដោយចៃដន្យ ។ អត្ថបទនោះសួរប៉ុន្មាន​សំណួរថា តើអ្នកបានចំណាយលុយ៥០​ដុល្លារ​មើលកុន៤DXនិងPopCorn នៅពេលដែលមនុស្សកំពុងអត់ឃ្លាននៅក្នុងប្រទេសអេត្យូនិងតំបន់ខ្លះក្នុងប្រទេសរបស់ ​អ្នក?

តើ​អ្នកបាន​បង្ហាញអួតមិត្តភ័ក្តិ​របស់​អ្នក​នូវ​រូបថតហ៊ឺហារ​នានា​ដែល​អ្នក​បាន​ថត​ពី​ការ​ធ្វើ​ដំណើរ​កម្សាន្តនៅបរទេសថ្លៃខណៈយុវវ័យ​ខ្លះនៅប្រទេសអ្នកកំពុងលក់កម្លាំងពលកម្មនិងហូបមិនឆ្អែត?

ខ្ញុំជជែកគ្នាជាមួយសេរីរត្ន័។ ពួកយើងមិនចង់យកចិត្ត​ទុកដាក់ទេ តែយើងមានវិចារណាញាណ ហើយពេលខ្លះមាន​អារម្មណ៍​ថាសប្បាយលើផ្លូវខុស​និងគ្មានតម្លៃ។

«ម៉ាក់ កូននិងសេរីរត្ន ចង់មានគម្រោង​មួយ​ចុះទៅ​ចែកអំណោយសល់​សិស្សក្រៗ នៅជនបទដែលអត់មាន​ខោអាវ ឬអត់មានកង់ទៅសាលារៀន!»

ម្តាយខ្ញុំឆ្លើយថា៖

«បាន! តែមិនបាច់ទៅផ្ទាល់ទេ ពួកគេ​កខ្វក់ណាស់ តំបន់នោះ​ពិបាកមានសុវត្ថិភាពណាស់  អាចឱ្យពូតែកុងឡានទៅជំនួសបាន!»

នេះឯងវិធីរបស់ឳពុកម្តាយខ្ញុំ។

ខ្ញុំរៀបការ​ជាមួយ​ នរ៉ា នៅពេលកំពុងរៀនឆ្នាំទីមួយនៅអាមេរិក។ ពួកខ្ញុំបានជួបគ្នា​តែពីរដង​ហើយចាស់ៗថា នេះហើយ​ជាមនុស្ស​ដែលខ្ញុំត្រូវរៀបការជាមួយ​។ នៅពេលវិស្សមកាលមួយ យើងវិលមកកម្ពុជា​១០ថ្ងៃ​ដើម្បីរៀបការ​។ នរ៉ាក៏ជាក្រុមមនុស្ស​ស្រទាប់យើង មានកូនតិច និងឳពុកម្តាយជាប់រកស៊ីតែមានលុយ​ចាយច្រើននិងល្បីឈ្មោះ។

រៀបការ​រួច​ពួកយើង​ជាប់រៀន​មិនមានកូននៅឡើយ។

ចប់ការសិក្សាពីមហាវិទ្យាល័យ ខ្ញុំវិលមកជួយការងារ​នៅក្រុមហ៊ុនប៉ាខ្ញុំឯប្តីខ្ញុំគេធ្វើជាមន្ត្រី។ ខ្ញុំពរពោះកូនទីមួយ ​និងមាន​វីឡាផ្ទាល់ខ្លួនជាចំណងដៃក្រោយមង្គលការ​សម្រាប់រស់នៅ។

ជីវិតនេះ​ មើលទៅហាក់ដូចជា រលូន​ល្អលើសគេឯងក្នុងចំណោម​អ្នកអាយុស្រករគ្នា​ និងគួរឱ្យសរសើរ ជានិច្ច​ព្រោះប្តីខ្ញុំនិងខ្ញុំ អាចដូរឡាន​មួយខែមួយ​ក៏បានឱ្យតែចិត្ត​ចង់។ ប៉ុន្តែការពិតក្នុងផ្ទះគឺខុសគ្នាទាំងស្រុងតាមដែលខ្ញុំដឹងបណ្តើរៗអំពីជីវិត។

រស់នៅជាមួយនរ៉ា​ខ្ញុំដឹងថា​ ប្តីខ្ញុំមិនមាន​អារម្មណ៍មិនមានសុវត្ថិភាពនៅខាងក្នុងផ្លូវចិត្ត​ទេ។ គាត់មិនដែល​សប្បាយចិត្ត​សោះនឹងជីវិតនេះ។ ការ​បង្ហាញរបស់របរនិងអួតអាង ​យ៉ាង​ច្រើន​ឡើងៗ នៅតែមិនស្កប់ស្កល់។

នរ៉ា​អាច​​គិត​ថា ​អ្នក​ដទៃ​មិន​ចាត់​ទុក​គាត់ថា​ «អស្ចារ្ស​គ្រប់គ្រាន់»​ហើយ​​ព្យាយាមទាំងមិនសប្បាយចិត្ត​រាល់យប់​ដេករកគ្រប់វិធី ដើម្បីប្រជែងយកតំណែង«អស្ចារ្ស»​បញ្ជាក់​ថា​ បើកុម្ម៉ង់ឡាននោះមកមិនទាន់ ជីវិត​បាត់ភាពសំខាន់មួយ។

សម្រាប់ខ្ញុំ ពេលពោះកាន់តែធំខ្ញុំអានសៀវភៅបានកាន់តែច្រើន ។ ការគិតរបស់ខ្ញុំមិនដូចកាលពីមុនទេ។ ខ្ញុំដឹងថា មនុស្ស​យើង​ប្រសិនបើ ដឹងថាខ្លួនឯងពូកែ គេមិនចាំបាច់ប្រាប់នរណាម្នាក់អំពីរឿងនេះទេព្រោះ​គេគង់តែដឹងរួចទៅហើយ។ ដូច្នេះ​ការខំអួត​ព្រោះ​យើងយល់ថា​ អ្នកផង​គេមិនដឹង។ ដូចគ្នា​ការទិញរបស់ថ្លៃហួសហេតុ មាន​កំហាត​លុយយ៉ាង​ដំណំៗ មិនឈប់ឈរ រហូតគេងមិនលក់ខ្លួនឯង បង្ហាញថាយើង ខិតខំប្រឹងប្រែងដើម្បីបង្ហាញភាពអស្ចារ្យព្រោះ​«មិនទាន់អស្ចារ្ស»។

«ខ្ញុំយល់ថាយើងឈប់លេងឡានទៅ ​យកលុយរកស៊ីអ្វីមួយវិញ!»

«លុយប៉ាម៉ាក់ខ្ញុំទេ!​​ ថានៈត្រឹមប្រពន្ធ​ កុំលូកដៃរឿង​ចាយវាយរបស់ប្តី!»

នរ៉ា​គាត់និយាយ​បែបនេះរាល់ពេលខ្ញុំពិភាក្សា​អំពី​ជំងឺសម្ភារៈនិយម ។

 ជាបណ្តើរ​ៗខ្ញុំចាប់ផ្តើមដឹងថា ការ​បង្ហាញភាពអស្ចារ្យ និងប្រកួតប្រជែងរបស់គាត់​តែងមាន​គោលដៅ​ផ្តួល​នរណាម្នាក់។​ គេនោះឈ្មោះហេង ដែលជាពួកម៉ាកប្តីខ្ញុំនិងជាថៅកែហាងឡានមួយ។ តែខ្ញុំមិនទាន់ដឹងថា គាត់និងគេនោះ​ប្រជែងគ្នាព្រោះតាមស្រលាញ់ស្រីម្នាក់ឈ្មោះពីនទេ។

ស្រដៀង​គ្នា​នេះ​ដែរ នាង​រត់រកអ្នក ប្រុស​ទាំងពីរប្រជែងគ្នា​ព្រោះនារី​ម្នាក់ឈ្មោះពីន ​ដែលក៏ជាប្រភេទមនុស្ស​«Fake»​មាន​អារម្មណ៍​មិន​ប្រាកដ​ក្នុង​ចិត្ត​នឹង​រូបរាង​របស់​នាង​នឹង​ព្យាយាម​បង្ហាញ​ខ្លួន​ដោយ​ការ​ប្រៀបធៀប​ខ្លួន​នាង​ទៅ​នឹង​តារា​ម៉ូដែល និង​តារា​សម្ដែង​កំពូលៗ ទាំងមិនដឹងអាជីពអី រកស៊ីអី ទិញរបស់ល្អ​ៗថ្លៃហួសទាំងមិនដឹងបានលុយមកពីណា ហើយ​បង្ហាញរាងកាយ​ដូចជា​ខ្ចិលស្លៀកពាក់ឱ្យជិតៗ។

នារី​ដែល​ដឹង​ថា ខ្លួន​នាង​ស្អាតពិតប្រាកដ ​នឹង​មិន​មាន​អារម្មណ៍​ថា ​ត្រូវតែបង្ហាញ និងបង្អួត​តាមរបៀប​​​បែប​នោះរាល់ថ្ងៃ​ទេ។

«អាកប្បកិរិយារបស់មនុស្សធម្មតាគេមិនដែលShow Off ទេ ក្រៅពីមាន​រោគចិត្ត​ឬ បង្ហាញខ្លួនទាក់ទាញ​Fake »

ខ្ញុំសរសេរបែបនេះ ទៅcomment ក្រោម​រូបអាពីន​ក្រោយពេលដឹងថា នាងនឹងប្តីខ្ញុំDating ទាំងខ្ញុំកំពុង​កូនខ្ចី។

ប្តីខ្ញុំយប់នោះស្រវឹងមកឡូឡា​​ជេរខ្ញុំ។​ ខ្ញុំថាឱ្យនរ៉ា​វិញ​ថា បើ​មានអារម្មណ៍ប៉ះទង្គិចជាមួយការពិតមិនបានមានតែយើង​ចូលចិត្ត​Fake ។

ការ​បោក​បញ្ឆោត​ខ្លួន​ឯង​នេះ​មិន​មាន​ប្រសិទ្ធភាព​យូរ​ទេ ព្រោះ​នៅ​ទី​បំផុត​ ប្តីខ្ញុំនាំមកផ្ទះនូវបំណុលជាច្រើន។

ខ្ញុំចង់លែងគេ ក្រោយពេលត្រូវបង្ខំ​ចិត្ត​លក់ចោលវត្ថុមាន​តម្លៃ គ្រឿងអល្លង្ការ​និងអចលនៈទ្រព្យខ្លះ​ដើម្បីសងបំណុលប្តី​រួច។ តែម្តាយៗបានមកសុំឱ្យកូនៗជានាហើយគាត់ជួយផ្គត់ផ្គង់ខ្លះ​។

នរ៉ាមិនផ្លាស់ប្តូរទេគេនៅតែចាយលើសខ្ទង់ និង​មិនពូកែ​រក មិនដាក់ខ្លួន មិនមាន​តម្លៃក្នុងការគិត​ និងនៅក្មេងជានិច្ច​។

«ជា​រឿង​​សម​ហេតុផល​ដែលសង្គមនេះបង្ខំឱ្យយើង​បង្អួតណ៎ាកូន! កុំគិតពេក អ្នកណា​រិះគន់មកពីគេច្រណែន ! យើង​អាចធ្វើអ្វីក៏ដោយ ធ្វើឱ្យនរ៉ា​សប្បាយចិត្ត កូនកុំខ្លាចក្រនឹងប្តីចាយ! ប៉ាម៉ាក់មិនឱបដៃទុកឱ្យកូនៗក្រទេម៉ូលីកា!»

ប៉ាក្មេកខ្ញុំនិយាយបែបនេះប្រដៅខ្ញុំពេលគាត់ស្រវឹង។

គ្រួសារនេះហូបស្រាមួយដប១០០០ដុល្លារអាមេរិក និងសាច់មួយតុ១០០ដុល្លារទៀត​សឹងរាល់យប់ថ្ងៃអាទិត្យ​។

ខ្ញុំចូលចិត្ត​បង្អួត តែវាជាអតីតកាល ។

ការអានសៀវភៅ​ធ្វើឱ្យខ្ញុំក្លាយជាមនុស្ស​លេងទស្សនៈជាងលេងសម្ភារៈ។ ក្រោយមក ខ្ញុំដឹងរឿងប៉ាម៉ាក់ក្មេកខ្ញុំជាប់បំណុលដែរ។ ជាមួយនោះ​ប្តីខ្ញុំវិញ ក៏បានលួចបញ្ចាំដីខ្លះ​ ជាទ្រព្យពួកយើងទាំងពីរ​ទិញមកជាមួយគ្នាដោយមិនបានពិគ្រោះជាមួយខ្ញុំ​យកទៅទិញ​ឡានថ្មីឱ្យស្រីម្នាក់ជាអ្នកលើInstagram ។

សម្រេចចិត្តថា តើគួរបន្ត​ស្ថិតនៅក្នុងអាពាហ៍ពិពាហ៍ដែលបរាជ័យ និងហួសពីសមត្ថភាពជួសជុលព្យាបាលនោះ បានស៊ីពេលខ្ញុំរាល់ៗយប់។

ខ្ញុំទើបតែអាយុ២៣ឆ្នាំ ខ្ញុំមានអារម្មណ៍​ថាជីវិតនេះបរាជ័យណាស់អារម្មណ៍ដូចជាភាពជាដៃគូពិត​និងថែមទាំង​គ្មានដែលទទួលបានសេចក្តីស្រឡាញ់សូម្បីតាំងពីក្មេង គឺជាក្មេង​រស់ជាមួយ​លុយនិងសម្ភារៈ ពេលរៀបការប្តី ក៏មាន​ប្តីជាអ្នកបង្អួត និងក្បត់ចិត្ត​។

ខ្ញុំយល់ថា​ការលែងលះគឺជាការផ្លាស់ប្តូរដ៏ល្អបំផុតសម្រាប់ខ្ញុំ មុនពេលធ្លាក់ខ្លួនជាប់បំណុល​យ៉ាងល្បី ដោយសារ​ប្តី ដូច្នេះការ​ប្រឈមមុខនឹងទំនាក់ទំនងដែលមិនសប្បាយចិត្ត មិនប្រាកដអនាគត មិនល្អដូច ត្រៀមខ្លួនចាកចេញទេ។

ទោះនេះ​មិនមែនជាការសម្រេចចិត្តស្រាលឬស្រួលៗតែវានៅយាយីជីវិតខ្ញុំធ្ងន់ឡើងៗ។

ដំបូងខ្ញុំត្រូវបានម្តាយខ្ញុំឱ្យតែងខ្លួនដើរហើរបំភ្លេចទុក្ខ និងធ្វើពើដូចជា«មិនមានរឿងអ្វីទាំងអស់​»ព្រោះខ្លាចគេ​ផ្សេងរិះឮគន់។

ប្រសិនបើបេះដូងរបស់យើង​ទូលទុក្ខ​កាន់តែធ្ងន់ ហើយក្រពះរបស់យើងលែង​ដំណើរការឃ្លាន ការ​បន្ត​គិតអំពីរក្សា​ឈ្មោះអាពាហ៍ពិពាហ៍ ខ្លាចការលែងគ្នា នឹង​ត្រូវបរិច្ចាគដោយលះបង់រាងកាយ ឬអាយុជីវិត​ផងក៏ថាបាន ព្រោះ “ខួរក្បាលរបស់យើងអាចកុហកយើង”ពេលខ្លះ ​តែមិនបាន​រហូតឡើយ។

ឥឡូវនេះខ្ញុំគិតគឺកូនស្រីរបស់ខ្ញុំ។

បើ១៥ឆ្នាំទៀតគេ​ ​បង្ហាញ​ខ្លួន ដើម្បី​ឱ្យ​អ្នក​ដទៃ​យល់ថា ​ពួកគេ​ជា​អ្នក​មានដោយមិនដឹងតម្លៃនៃលុយនោះបានមកពីណា ហើយ​ធ្វើយ៉ាងណា​ខិតខំឱ្យអស់ពីសមត្ថភាពសិន ខ្ញុំនឹងខ្មាស់គេ​ចំពោះ​លទ្ធផលនៃការចិញ្ចឹមកូនរបៀបនេះ។

ទំនុកចិត្តលើទ្រព្យសម្បត្តិមិនមាន​ការអប់រំ និងការរើស​អើងពូជពង្ស “វណ្ណៈ” មិនខ្វល់ពីសីលធម៌ ខ្ញុំយល់នឹង​ថ្លឹងច្បាស់ណាស់។

បើម្តាយខ្ញុំមិនគិតបែបនេះ ​ខ្ញុំក៏មិនមាន​ជីវិត​រៀបការមួយបរាជ័យ​របៀបនេះដែរ។

រឿងនេះមិនបន្ត​ដល់ជំនាន់កូនស្រីខ្ញុំឡើយ!