រឿង៖ បាលីទៀន៥

មិនមែនជាសុបិនទេ…បែកញើស…គាំងចលនាដៃជើង។…ប្រាប់មកថា  ពេលនេះខ្ញុំកំពុងដោះស្រាយជាមួយនឹងការគ្រប់គ្រងរបស់អរូប។ មិនដឹងអរូបអ្វីទេ តែ…អគតិប្រាប់មកថា ថាមានបិសាចនៅជុំវិញខ្ញុំ។ ញាណខ្ញុំ​ត្រូវ​បាន​ចាប់​ដោយ​កម្លាំងមហិទ្ធិរិទ្ធដែលគេឯង​មើល​មិន​ឃើញ បេះដូងខ្ញុំ ប្រាប់មក​​ថា ខ្ញុំ​ជាប់​ក្នុង​រង្វង់នៃថាមពលមួយ ញ៉ាំងឱ្យរាងកាយមិន​អាច​ធ្វើ​ចលនា​បាន។

​ខណៈ​ពេល​ដែល​ដឹងថាខ្លួនឯងនៅមាន​ការដកដង្ហើម​យ៉ាងលំបាក ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងប្រឈមនឹង បិសាច។

កាលប៉ុន្មាន​ថ្ងៃមុន អ្នកនិពន្ធជរាដ៏ល្បីម្នាក់នៅជាយក្រុង

កវីចាស់ លោកតា គ្រួច ហោបានបាត់មុខជាយូរ។ ក្រោយមកគាត់ប្រកាសស្នងតំណែងនិងវិជ្ជាសរសេររឿងខ្មោច ឱ្យអ្នកនិពន្ធជំនាន់ក្រោយដែលមាន​និស្ស័យ។ ខ្ញុំបានទៅតែម្នាក់ឯង ព្រោះក្លាយជាអ្នកនិពន្ធល្បីដូចគាត់ មិនមែន​អ្នកណាក៏អាចធ្វើបានទេ។ គាត់នៅខេត្តពោធិសាត់។ តំបន់វាលវែងចូលជ្រៅទៅក្នុងប្រមាណជា៣០គីឡូជាង ខ្ញុំបានរុកទៅដល់កូនផ្ទះប្រួកប្រាកមួយពេញដោយគំនរសំរាម​សៀវភៅ កខ្វក់ ក្លិន ហើយអារម្មណ៍សង្ស័យណាស់។ មិនស្មានថាគាត់ចំណាស់នេះ អាចរស់នៅឯកាតែម្នាក់ឯង។

កុមារភាពចម្លែក

នឹកឃើញពីខ្ញុំនៅក្មេង ខ្ញុំតែងមានការភ័យខ្លាចម្នាក់ឯងស្ងាត់ៗ មិនហ៊ានប្រាប់អ្នកណាទាំងអស់ព្រោះតែងយកការពិតនៃភាពភ័យខ្លាចនេះមកលេងសើចចំអកចំអន់ខ្ញុំ។ ការភ័យខ្លាចជាសម្ងាត់ រឹតតែមានទំហំធំឡើងៗ រហូតដល់ពេញវ័យ​ ខ្ញុំ​ក៏​គិត​ថា ​ខ្ញុំ​មាន​ជំងឺ​វិកលចរិត​ជា​យូរ​មក​ហើយ គ្រាន់តែមិនសារភាពនឹងមិនមាន​អ្នកណាដឹង។

អន្តេវាសិកដ្ឋានខ្មោច….

ខ្ញុំផ្លាស់មករៀននៅសាកលវិទ្យាល័យខេត្ត។ បន្ទប់នោះ មានខ្មោច។ ៦ឆ្នាំមុនមានអ្នកគ្រូម្នាក់ត្រូវគេសម្លាប់ តែនាយកបានធ្វើដូចជាអ្នកគ្រូក្មេងសម្លាប់ខ្លួនគាត់។ នៅពេលដែលខ្ញុំមកស្នាក់នៅដំបូង ក៏មាន​អារម្មណ៍ដឹងថាទីនេះមានអ្វីមិនប្រក្រតីទៅហើយ។

យប់ដំបូងខ្ញុំឃើញគាត់អង្គុយយំចុងជើង។ អ្នកគ្រូវិល័យវ័យ២២ឆ្នាំ ត្រូវគេរំលោភសម្លាប់ហើយបិទរឿង។ ខ្លះថា ជាទង្វើនាយក​ខ្លះថាកូនប្រុសគាត់ធ្វើ ។ ខ្ញុំស្រែកហើយរត់ចេញ។ ម្តងជាពីរដង ខ្ញុំឃើញខ្មោចដដែលៗដូចជាតភាគក្នុងកុន។ ពុកនិងម៉ែ អ្នកភូមិ ប្រាប់ពេទ្យ​ថា ខ្ញុំមាន​ជំងឺផ្លូវចិត្ត។ ហេតុអ្វី? ដោយសារតែមនុស្សទាំងនោះដែលមិនទាន់មានបទពិសោធន៍ជាមួយរឿងទាំងនេះ ឬមិនជឿថាមានអរូបី ឬមានប្រតិកម្មធម្មជាតិ។

ព្យាបាលវិកល៣អាទិត្យ

មានសាស្ត្រាចារ្យជនជាតិបារាំងមួយរូប ដែលចេះខ្មែរច្បាស់ទាំងនិយាយនិងសរសេរធ្វើការចេញចូលមណ្ឌលនោះ។ គាត់ទាំងនៅកំលោះនិងស្រស់សង្ហាហើយជាមនុស្ស​​ស្មោះត្រង់។ ខ្ញុំដឹងល្បិចថា ត្រូវចាកចេញមណ្ឌលចង្រៃនេះ​ដោយវិធីរៀបការ។ ខ្ញុំបានសរសេរពាក្យពេចន៍រំជួលចិត្ត​ជាច្រើន រួចចោលវាតាមបង្អួច។ ដែលគាត់នោះដើរកាត់។ ជនជាតិបារាំងពិតជាបានរើសយកទៅអានមែន។ ត្រឹមពេល​មួយសប្តាហ៍ខ្ញុំពិតជាទទួលបានការអាណិតជ្រាលជ្រៅពីបុរសម្នាក់នេះតាមគម្រោងការ។

សម្រាប់ការចោទថា យើងជាមនុស្សឆ្កួត ពួកគេ​មានហេតុផលវិទ្យាសាស្ត្រសម្រាប់អ្វីៗគ្រប់យ៉ាង។ ឯខ្ញុំ វាជារបកគំហើញស្ថិតនៅក្នុងជីវិតនិងជំនឿរបស់ខ្ញុំ ព្រោះខ្ញុំទទួលបានព័ស្តុតាងថា ជំនឿអរូបីទាំងនេះពិតជាមានមែន។

ហេតុផលមួយទៀតហេតុអ្វីបានជាមនុស្សជាច្រើន​ក្លាយជាអ្នកមាន​ជំងឺចិត្ត​ដោយគ្រាន់តែមើលឃើញឬស្តាប់ឮខុសគេ? ទេ! តាមខ្ញុំមើលអ្នកផ្សេងៗនៅទីនេះ គឺដោយសារតែប្រតិកម្មធម្មជាតិរបស់មនុស្សយើង ងាយ គិតថាខ្លួឯងខុសពីគេ​គឺឆ្កួត ដោយ​មិនចង់ឈោងដៃរកជំនួយ មិនចង់និយាយជាមួយនរណាម្នាក់ សុខចិត្ត​ឃ្លាតពីគេឯង ព្រោះតែពួកគេខ្លាចថា អ្នកដទៃសើចចំអក វាយតម្លៃ ឬយល់ឃើញ អ្វីអវិជ្ជមានលើយើង ហើយប្រតិកម្មរបស់ពួកគេបានធ្វើឱ្យយើងឈឺ។

ទីនេះ ពិភពលោកនេះជាអន្ទាក់ដ៏អាក្រក់មួយ។ ខ្ញុំមិនព្រមទេ!

មិនយូរឡើយ ខ្ញុំក្លែងជាសះស្បើយមិននិយាយអំពីខ្មោចឬវិញ្ញាណទៀត រួចបារាំងបានចូលស្តីដណ្តឹងខ្ញុំជាភរិយាពេញច្បាប់។

ក្លាយជាអ្នកនិពន្ធរឿងខ្មោច

សរសេរសៀវភៅ! នេះជាវិធីដែលខ្ញុំអាចសរសេរប្រាប់ពិភពលោកនេះ ទាក់ទងនឹងអ្វីដែលខ្ញុំកំពុងចួបប្រទះ។ គេគិតថា នេះគ្រាន់តែជាបទនិពន្ធ គ្មានអ្នកណាជឿថានោះជាពិសោធន៍ពិតរបស់ខ្ញុំទេ។ រហូតមកដល់ចំណុចនេះ ​ខ្ញុំ​អាច​និយាយ​ដោយ​គ្មាន​ការ​សង្ស័យ​ថា អារក្ស ខ្មោច អរូប​វិញាណ ​មាន​ពិត ដែល​ខ្លះមាន​ប្រាថ្នា​ចាប់​មនុស្សទៅធ្វើជាជើងកបចាំទីកន្លែងស្លាប់ជំនួស  ហើយខ្លះតាម​យាយីយើង ​​ក្នុង​លក្ខណៈ​ឃោរឃៅ និង​គួរឱ្យ​រន្ធត់ដើម្បីល្បងនឹងព្រះ។

បាលីទៀន៥

ពេលខ្ញុំមាន​ផ្ទៃ៣ខែ ម្តាយខ្ញុំបាននាំខ្ញុំទៅចួបព្រះសង្ឃល្បីមួយអង្គ។

ចេញពីវត្តមកអាចារ្យម្នាក់បានឱ្យបាលីមួយឃ្លាមកទន្ទេញ ហើយឱ្យខ្ញុំអុជទៀនប្រាំដើម ជុំវិញខ្លួនពេលណាមានអារម្មណ៍អត់ស្រួល។

នៅពេលកូនបាន៧ខែក្នុងផ្ទៃ ស្វាមីបាននាំខ្ញុំមកស្រុកបារាំង។ យប់មួយ អ្វីម្យ៉ាងបានដាស់ខ្ញុំឡើងពីដំណេក។ ខ្ញុំងាកមកមិនឃើញស្វាមីទេតែត្រចៀកនេះ អាចឮសំឡេងគាត់ខ្សឹបខ្សៀវតាមខ្យល់ ក៏មិនដឹងវាមកពីប្រភពណា?

ខ្ញុំបានចេញមកអង្គុយ​នៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវរបស់យើងហើយរកមិនឃើញគាត់ដដែល។  បន្ទប់គេងនិងផ្ទះទាំងមូលរបស់យើងឥឡូវនេះ គ្រប់កន្លែងត្រូវបានផ្លាស់ប្តូរទៅជាត្រជាក់ទាំងស្រុង ដូចគ្មានម៉ាស៊ីនកំដៅ។

ខ្ញុំហៅប្តីគឺបង សាន  San Simón តែមិនមាន​ការឆ្លើយតប។ ខ្ញុំមិនអាចដោះស្រាយនឹងសុបិនភ្នែកស្រស់នេះបានទេ  បន្តិចម្តងៗចាប់ផ្តើមមានអារម្មណ៍ថាមិនមានសុវត្ថិភាព ដូចជា អ្នកណាម្នាក់នឹង​មកសម្លាប់ខ្ញុំនិងទារកក្នុងផ្ទៃទាំងពេលនេះជឿថា ជាសុបិនផ្នែក​មួយក្នុងការគេងរបស់ខ្ញុំ ឬអ្វីមួយជារឿងគួរឱ្យអស់សំណើចសម្រាប់អ្នកស្តាប់តែជាមហន្តរាយផ្ទាល់នៃខ្ញុំ។

ខ្ញុំបានក្រោកចេញសាឡុងខណៈសីតុណ្ហភាពពិតជាត្រជាក់សែនត្រជាក់។ គ្រប់យ៉ាង​ហាក់ដូចជាមានអ្វីមួយដែលគួរឱ្យរន្ធត់កំពុងតែនឹងគំរាមកំហែងបណ្តើរៗមកលើខ្ញុំ។

ខ្ញុំពិតជាមិនអាចពន្យល់អារម្មណ៍នេះបានទេ។ អារម្មណ៍ថា ដូចជាមនុស្ស​រូបអាក្រក់អាក្រីលាក់ខ្លួននៅក្រោមភួយរបស់ខ្ញុំ។ ខ្ញុំបារម្ភថាខ្ញុំវង្វេងស្មារតី។

ខ្ញុំបានអុចទៀន៥ឡើងភ្លាមៗ និងសូត្របាលី។

ឮហើយ!

មានអារម្មណ៍ឮប្តីខ្ញុំនិយាយនឹងអ្នកណាម្នាក់ នាចុងម្ខាងទៀតនៃផ្ទះ។ ពួកគេ​ហាក់ដូចជាមិនផ្តោតលើវត្តមាន​ខ្ញុំទេ ផ្ទុយទៅវិញ ខ្ញុំជាអ្នកដើរទៅរកពួកគេ។

បន្ទាប់​មក​ខ្ញុំ​​ស្វាមីរបស់​ខ្ញុំរឹតច្បាស់ឡើងៗ។ គាត់និយាយ​​ជា​ភាសា​អេស្ប៉ាញ។ ខ្ញុំស្តាប់មិនបានព្រោះមិនចេះ។ ពីចម្ងាយខ្ញុំឃើញពួកគេឱបគ្នា ខ្នងប្តីខ្ញុំនិងស្រីម្នាក់ទៀត។

ខ្ញុំត្រូវការពេលវេលាដើម្បីសន្សំចិត្ត​ទប់ទល់ក្តីរន្ធត់។ មិនថាសុបិនឬអ្វី គេបានក្បត់ខ្ញុំ? បាលីនេះជួយឱ្យខ្ញុំដឹងការពិត?

សូរទូរស័ព្ទ!

ខ្ញុំបានបកក្រោយជូតទឹកភ្នែកនិងលើកមកស្តាប់…ជាសំឡេងប្តីខ្ញុំ!

«អូនសម្លាញ់ បងចេញមកទិញអាគុយ គេប្រកាសថាដាច់ភ្លើងមួយម៉ោងទៀត!»

ប្តីរបស់ខ្ញុំបានទូរស័ព្ទមក?

មិនមាត់ទេ ពីបន្ទប់នេះខ្ញុំអើតទៅមើលប្តីខ្ញុំនៅក្រៅ។ គេមិនបានកាន់ហ្វូនទេ ឱបតែស្រីកំណាន់។ ខ្ញុំឱបក្បាល និងដឹងថា កំពុងតែបាត់បង់ខ្លួនឯងដោយសារជំងឺផ្លូវចិត្តពិតមែន។ ប្តីលើខ្សែទូរស័ព្ទនិងមួយនៅក្រៅ មួយណាពិតទៅ?

ណាកា?

សំលេងលាន់មកពីខាងលើ។ ប្តីខ្ញុំមួយទៀត…គាត់កំពុងបើកបង្អួចកញ្ចក់ឱនមកហៅឈ្មោះខ្ញុំក្នុងឈុតគេង?

ព្រះ!!!

ខ្ញុំដកថយមកក្នុងវិញ ។ អំពូលភ្លើងនៅលើពិដានបានផ្ទុះខូច ម្តងមួយៗ បន្សល់នៅតែពន្លឺទៀនទាំង៥ប្រភព។

ខ្ញុំរន្ធត់ ថយផ្អែកតុបាយ ទាំងប្រាណបែកញើសជោក។

បង្គោលដែកធ្ងន់ៗ ដែលឆ្លាក់ក្បាច់រ៉ូម៉ាំងនិងដែលធ្លាប់តែព្យួរតែកតោក នៅតាមសាលធំៗនាដងផ្លូវ ស្រាប់តែរំជួលនៅខាងក្រៅផ្ទះដោយ​យោលយោគពីម្ខាងទៅម្ខាងទៀត…ប៉ុន្តែ ព្រះអើយ! បង្គោលនោះធំ និងធ្ងន់ណាស់ តើខ្យល់អីបោកវាឱ្យរេបាន?

ខ្ញុំខំគោះខ្លួនឯង ក្តិចខ្លួនឯងឱ្យភ្ញាក់ឡើង ហើយពេលដែលគ្រប់យ៉ាងមិនព្រមរលាយវិញសោះ ខ្ញុំបានស្រែកខ្លាំងថា៖

«ឈប់ទៅៗៗៗៗ»

ខ្ញុំស្ទើរតែចាប់ផ្តើមយំព្រោះអំពូលខូចអស់ហើយ  ខ្ញុំមានតែប្រញាប់ទៅច្បាមចាប់យកទៀនមួយមកកាន់ហើយឈានរកឡើងជណ្តើរទៅលើវិញគិតថា ខាងក្រោមនេះអាចជារូបភាពបញ្ឆោត សង្ឃឹមថា ប្តីខ្ញុំកំពុងគេងនៅលើគ្រែ។

អ្នកណាសម្លាប់គាត់?

ទីបំផុត​ខ្ញុំបាន​ទន់ជើងសន្លប់ព្រោះនៅលើគ្រែគឺប្តីខ្ញុំបានស្លាប់ទាំងបើកភ្នែកនិងស្ថិតក្នុងថ្លុកឈាម។ កាំបិតមួយ​ដោយលើទ្រូងគាត់។

ក្រោយពេលប្តីខ្ញុំ​ស្លាប់បាន​៩​ថ្ងៃ​ ទើបខ្ញុំចេញពីបន្ទប់ Coma ។

ទាំងមានផ្ទៃពោះ ខ្ញុំត្រូវបានគេយកទៅបន្ទប់ស្នាក់ដោយឡែកមួយដែល ខ្ញុំជឿថា គេទុកបង្ខាំងសម្រាប់ព្យាបាលមនុស្ស​សរសៃប្រសាទនៅស្រុកខ្មែរវិញ។

ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​បំបែកចេញពីមនុស្ស​គ្រប់គ្នា​ដែលខ្ញុំស្រលាញ់ លើកនេះ ខ្ញុំ​មិនជូរចត់ពេកទេ យ៉ាងហោចណាស់ខ្ញុំមាន​ទារកក្នុងផ្ទៃ។

​តែច្រើនថ្ងៃកន្លងផុត​ទៅ ម្តាយខ្ញុំ​ក៏​មិន​ដែលឃើញមក​សួរ​សុខ​ទុក្ខ​​ខ្ញុំ​ម្តងណាសោះ។ ខ្ញុំចង់សួរនាំគាត់អំពីឃាតករដែលធ្វើឃាតស្វាមីខ្ញុំ  ខ្ញុំ​មិន​ឃើញនរណាមកសោះ។ រឿងនេះធ្វើឱ្យខ្ញុំស្រែកយំម្នាក់ឯង។

មិនយូរប៉ុន្មាន ខ្ញុំត្រូវបានគេមកសួរសុខទុក្ខមែន។​ ដោយអំណរ ខ្ញុំខំចេញទៅបន្ទប់រង់ចាំ ប៉ុន្តែមិនមែនអ្នកផ្ទះទេ គឺអាចារ្យដែលបានប្រគល់ទៀន៥និងបាលីមកឱ្យខ្ញុំ។

«ឯណាម្តាយខ្ញុំ?» ខ្ញុំពោលសួរគាត់​។

«ក្មួយចង់ចួបគាត់ធ្វើអ្វី?»

«ខ្ញុំចង់ឱ្យគាត់រកអ្នកស៊ើបថា អ្នកណាសម្លាប់ប្តីខ្ញុំ!»

អាចារ្យបើកភ្នែកមូលសម្លឹងខ្ញុំដោយស្រពោន។

គាត់បើកទូរស័ព្ទឱ្យខ្ញុំមើល។ វីដេអូទីមួយ…ខ្ញុំខ្ទប់មាត់។ ប្តីខ្ញុំកំពុងដេក ឯខ្ញុំបានលើកកាំបិតសស្ងាចនិងវែងស្រួចមួយពីផ្ទះបាយមកចាក់គាត់ច្រឹប!!!

ទេ!

«គឺកូនឯងមាន​បិសាចក្នុងខ្លួន!» អាចារ្យប្រាប់ខ្ញុំដោយប្រុងប្រយ័ត្ន។

ខ្ញុំក្រោកថយ ពីកៅអីសន្ទនា គាត់ក្រោកមកតាម ហើយពន្យល់ខ្ញុំថា បាលីទៀន៥ គាត់ឱ្យខ្ញុំការពារ តែខ្ញុំមិនបានដុតគ្រប់ពេលទេ ។ ខ្ញុំដុតពេល​ខ្ញុំសម្លាប់ប្តីរួច និងចុះមកប្រុងចាក់ខ្លួនឯងព្រោះចង់យកកូនក្នុងផ្ទៃចេញ។
ហេតុអ្វី? ខ្ញុំជាមនុស្ស​ឆ្កួតមែនទេ?

អាគមក្នុងសៀវភៅឈាម

ខ្ញុំបានស្រែកសួរគាត់ទាំងកំហឹងព្រោះខ្ញុំដឹងថា ខ្ញុំមិនឆ្កួតឡើយ។

អាចារ្យពន្យល់ប្រាប់ខ្ញុំថា៖

«ប្រហែលចៅបានទទួលយកអាគមណាមួយអំពីអ្នកណាម្នាក់! វាពាក់ព័ន្ធនឹងឈាម! បិសាចនេះត្រូវបានចិញ្ចឹមដោយឈាម វាអាចនឹងនៅក្នុងខ្លួនចៅ ហើយធ្វើទុក្ខចៅឯងជានិច្ច​ ឱ្យសម្លាប់គ្រប់មនុស្សជាទីស្រលាញ់របស់ចៅ ហើយទាល់តែរកអ្នកស្នងបាន ទើបចៅ​ផុតពីវា!»

«កុហក!»

ខ្ញុំលើកកៅអីសំពងគាត់ផូង។ កម្លាំងមកពីណាសម្បើមម្ល៉េះ? ខ្ញុំសំពងគាត់ហើយសំពងទៀតទោះប៉ូលីសស្រីៗ​រត់ចូលមកច្រើនយ៉ាងណាក៏ខ្ញុំមិនឈប់ដែរ។

កម្លាំងខ្ញុំគឺលើកកៅអីស្រាលស្ងើក វាយប្រហារតាអាចារ្យដូចគាត់មានទំហំប៉ុនកណ្តុរប៉ុណ្ណោះសម្រាប់ខ្ញុំ។

«ឈប់ !! ឈប់ណ៎ា ថាឱ្យឈប់!!» ប៉ូលីសស្រីៗភ្ជង់មកហើយ ក៏ខ្ញុំមិនខ្ចីធ្វើដឹង។

ខ្ញុំឮសំឡេងខ្លួនឯងគ្រហឹមហើយព្រមានឮៗថា៖

«ក្មេងស្រីនេះជាទាយាទរបស់អញ! អញជាអ្នកគ្រប់គ្រងវិញាណវា! បាលីកំប៉ិកកំប៉ុកឯងស្មានថាឈ្នះបាន?»

ខ្ញុំនឹកឃើញសំឡេងនេះហើយ ជាសំឡេងអ្នកនិពន្ធរឿងខ្មោចដ៏ល្បី លោកតា គ្រួចហោ។

ឱ! ថ្ងៃដែលខ្ញុំទៅរកគាត់នោះ តាមពិត​គាត់មិនមែនស្នងវិជ្ជាតែងនិពន្ធអ្វីមកឱ្យខ្ញុំទេ គឺគាត់ឱ្យបិសាចមួយនេះមកសណ្ឋិតលើខ្ញុំវិញជំនួសគាត់។

គាត់នៅឯកោព្រោះគាត់បានសម្លាប់មនុស្ស​ដែលគាត់ស្រលាញ់អស់ទៅហើយ? គាត់បានឱ្យសៀវភៅមួយមកខ្ញុំ…ក្នុងនោះសុទ្ធតែឈាម…ខ្ញុំខ្លាចណាស់​តែហួសពេលហើយ។

ពេលវិលមកផ្ទះ ខ្ញុំឃ្លានសរសេរតែរឿងខ្មោច។

ពិតណាស់ខ្ញុំលែងជាខ្ញុំដូចពីមុនទៀតហើយ។

ផូង!

ខ្ញុំរបូតកៅអីពីដៃ!

រាងកាយខ្ញុំផ្កាប់ទៅមុខ…បិសាចធ្ងន់កណ្ឌុកមួយ​បានចាកចេញពីខ្លួនខ្ញុំ។ វាខ្មៅនិងធំ។ វារសាត់ចេញបានដោយគ្មានអ្នកណាឃើញ សល់តែខ្ញុំដែលខំស្ទាបកូនក្នុងពោះ។ បើដឹងអ៊ីចឹង ថ្ងៃនោះខ្ញុំមិនទៅស្នងវិជ្ជាពីតាចាស់កំណាចទេ។

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*