រឿង៖ ចិញ្ចឹមព្រលឹង

តើអ្នកណាខ្លះជឿថា ក្នុងលោកនេះមាន​អ្នកចិញ្ចឹមព្រលឹងខ្មោច? តស់! មកស្តាប់រឿងរ៉ាវរបស់ខ្ញុំនិងគ្រួសារ។

ខ្ញុំជាមួយអូនមិនា បានផ្លាស់​មកខេត្តកោះកុង និងស្នាក់នៅបម្រើការងារម្នាក់ធ្វើការរាជការ​ ម្នាក់ធ្វើការធនាគារ។ ការរស់នៅតំបន់សមុទ្រនេះ ព្រោះនាងជាគ្រូត្រូវបំពេញការងារនៅខេត្ត ហើយយើងមិនមាន​កម្មសិទ្ធិផ្ទះទេ ដូច្នេះនេះជាផ្ទះជួលដំបូងមួយ​នៃជីវិតអាពាហ៍ពិពាហ៍របស់ពួកយើង។

ផ្ទះដែលយើងស្នាក់នេះពិតជា មានខ្យល់ធម្មជាតិ ទេសភាព ស្អាតព្រោះនៅក្បែរដៃសមុទ្រ។ ក្រោយផ្ទះមានដើមកោងកាងខ្លះ តែមិនប៉ះផ្ទាល់ជាប់នឹងជញ្ជាំងផ្ទះទេ រំលងប្រហែលជា៣០ម៉ែត្រ ទើបដល់ព្រៃកោងកាងនោះ។

តាមពិត​មិនាជាមនុស្ស​ខ្លាច ហើយតែងនិយាយថា នាងសង្ស័យ​ថា ផ្ទះនេះ​​មាន​ខ្មោច ។

ផ្ទះដែលយើងបានជួលស្នាក់នៅនេះ​ជាកន្ទុយដីនៃផ្ទះវីឡាតឿរចនាបថចាស់មួយតែគេសម្អាតនិងតុបតែងថ្មីប្រណីតគួរសមនៅផ្នែកខាងមុខដែលម្ចាស់គេស្នាក់នៅ។

នោះជាកូនវីឡាតឿប្រក់ក្បឿងមិនមាន​ជាន់លើទេ។ ហើយល្វែងខាងក្រោយនេះ ​ខ្ញុំនិងប្រពន្ធត្រូវគេជួលឱ្យនៅ។ ខ្ញុំ​ជឿ​ថា ពីដើម​ទីក្រោយនេះអាចជាផ្ទះភ្ញៀវ មិនមែន​សម្រាប់គូលីអ្នកបម្រើឡើយ ពីព្រោះមាន​បន្ទប់គេងស្អាតបែរមុខទៅសួន មានកញ្ចក់ធំថ្លា មើលទៅក្រៅឃើញយ៉ាងរមនា ឯបន្ទប់ទឹកក៏ធំទូលាយ ​និងកូនបន្ទប់ចង្ក្រាន្តស្ថិតក្រោមសំយ៉ាបក្បែររបងរៀបចំត្រឹមត្រូវ។

បងម្ចាស់ផ្ទះឈ្មោះយ៉ា ជាមនុស្ស​មិនមាត់មិនក​ម្នាក់ គាត់​​ជាអ្នកស្នងដីនេះពីជីតាគាត់ ។ ឮថា​ប៉ាម៉ាក់គាត់ស្លាប់តាំងពីគាត់មានអាយុ២ឆ្នាំ ហើយភរិយាគាត់ធ្វើដំណើរទៅសិក្សាបន្តបណ្ឌិតនៅបរទេស។

ពីកូនវីឡារបស់គាត់មកដល់កន្លែងដែលប្តីប្រពន្ធខ្ញុំស្នាក់នៅនេះ ចម្ងាយប្រហែលជា៨ទៅ៩ម៉ែត្រប៉ុណ្ណោះ ហើយសួននោះបាំងដោយកូនសួនតូច មានដើមទឹកដោះគោ និងដូង។

តាំងពីរើមកនៅទីនេះមិននិយាយថា ធ្លាប់ឮសំឡេងមនុស្សប្រលែងគ្នាកក្អឹកកណ្តាលយប់​ចួនដូចជាមានគូស្នេហ៍ខ្សឹបខ្សៀវចែចង់គ្នា។  មុននឹងជឿនាង ខ្ញុំអង្អែលស្មាប្រពន្ធថ្មោងថ្មីម្នាក់នេះដោយព្យាយាម​ថា លួងកុំឱ្យនាងគិតច្រើន តែតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ទោះណាជាខ្ញុំមិននិយាយចេញមក តែខ្ញុំយល់ថា មិនា​បានងប់ជឿលើកុនរឿងខ្មោចថៃនិងជប៉ុនពេកហើយ។

នាង​រអ៊ូបែបនេះ រាល់ថ្ងៃ​រហូតបានមួយសប្តាហ៍ដែលយើងរស់នៅជាមួយគ្នា នាង​ក៏លែងនិយាយអ្វីព្រោះធ្លាក់ខ្លួនគ្រុនសម្រាកផ្ទះ។ ពេលមិនា​ឈឺ នេះហើយ​ក៏ចិត្ត​ខ្ញុំនៅតែរក្សាការគិតដដែលថា សង្ស័យតែនាង​មានសុខភាពផ្លូវចិត្តមិនល្អដោយសារទម្លាប់មើលតែកុនខ្មោច។ នាងលេបថ្នាំបានពីរថ្ងៃនៅតែឡើងកំដៅ មិនស្បើយអាការៈគ្រុន បែរជា​ក្តៅរវើរវាយ​និយាយផងស្រែកផង  ខ្ញុំក៏ភ័យហើយនាំនាងមកគ្លីនិក​នៅជិតផ្សារ។

ថ្ងៃដែលខ្ញុំនាំមិនាទៅពេទ្យឯកជនក្បែរផ្ទះ មានអ្នកមកខ្សឹប​នឹងខ្ញុំថា ផ្ទះនោះធ្លាប់មាន​គេមកជួលនៅដែរ តែមិនមាន​អ្នកណានៅបាន។

ចិត្ត​ខ្ញុំមិនសប្បាយទេ ពេលពេទ្យប្រាប់ថា នាងខ្វះឈាមនិងហើមសួត។ មុនពេលសម្រេចចិត្ត​ហៅបងប្អូន មកជួយនាំមិនាទៅពេទ្យរដ្ឋ ខ្ញុំក៏ចាប់អារម្មណ៍ឃើញថា ពូម្នាក់ ជាអ្នកធ្វើអនាម័យនៅ​ទីនោះ ​ហាក់មានអ្វីមួយរារែកក្នុងការនិយាយប្រាប់ខ្ញុំ គាត់មើលមករហូត ហើយក្រៀមក្រំ។

ទីបំផុតខ្ញុំក៏សម្រេចចិត្ត​ស្កាត់រកគាត់​នៅជ្រុងសួនក្បែរដៃសមុទ្រហើយសាកសួរគាត់ស្ងាត់ៗ។

«ពូដឹងរឿងអីទាក់ទងនឹងផ្ទះបងយ៉ា?»

ពូនោះសម្លឹងមកខ្ញុំដូចអាណិត។ គាត់គ្រវីក្បាលតិចៗជាចម្លើយថា មិនដឹង។ តែខ្ញុំព្យាយមចាប់ដៃគាត់ពេលគាត់បម្រុងចេញទៅធ្វើការគាត់វិញ។

«ប្រពន្ធខ្ញុំមុនពេលឈឺ ប្រាប់ថានាង​ឮសំឡេងចម្លែកៗ គាត់គិតថា មនុស្ស​ប្រលែងគ្នា។»

ពូនៅស្ងៀមវិញដោយសំងំ​សញ្ជឹងគិត។

ខ្ញុំចង់ដឹងណាស់ បានឱកាសក៏ខ្សឹបខ្សៀបជាមួយគាត់​៖

«ជុំវិញនោះគ្មានអ្នកនៅទេ បើមានគេប្រលែងឬក៏ខ្សឹបគ្នា ម្តេចឮដល់ផ្ទះវីឡាបងយ៉ាបាន ឬមួយអាចដែរ អាចមានខ្មោចលង?»

«ក្មួយជាអ្នកមកជួលទីប្រាំមួយហើយ! ហឹម អ្នកដែលមកជួលផ្ទះលោកយ៉ា​រស់នៅ ជាស្ត្រីវ័យកណ្តាល ម្នាក់ ដែលមិនបាន​ពីរអាទិត្យផងបានស្លាប់ទាន់ហន់ដោយជំងឺសសៃឈាមស្ទះ!»

«នៅក្នុងផ្ទះដែលខ្ញុំនៅ?»

ទោះណាជាបានធ្វើមុខសាកសួរឡើងដូចធម្មតា​ តែតាមពិតក្នុងចិត្តរបស់ខ្ញុំស្លុតឡើងៗហើយ។

តាមពិត ពីដំបូងឡើង ខ្ញុំនិងមិនា សម្រេចមកស្នាក់នៅផ្ទះបងយ៉ាម្នាក់នេះ តាមរយៈបងប្រុសរបស់មិនាដែលជាមិត្ត​របស់បងយ៉ា។ គាត់ប្រាប់មកថា បងយ៉ាយកតម្លៃថោក មិនគិតថ្លៃភ្លើងលើស និង​ជាមនុស្ស​ស្ងប់ស្ងាត់ ស្រួលរស់ក្បែរ។ ណាមួយកន្លែងនេះ​ជិះមិនដល់បីនាទីដល់សាលាដែលមិនាបង្រៀន និងកន្លែងធ្វើការខ្ញុំហួសពីនោះតែ៣ផ្លូវប៉ុណ្ណោះ។

 «អ្នកស្រីម្នាក់ឈ្មោះ ដាឡែន នៅក្មេងប្រហែលជា៤០ឆ្នាំ នៅពេលដែលស្លាប់។  ប្តី និងកូន ៗ របស់គាត់

ពេលដែលមកទទួលសព ពួកគេស្ទើរ តែមិនជឿថា អ្នកគ្រូដាឡែន​មានបញ្ហា​សុខភាពទេ! អ្នកគ្រូនោះមកស្នាក់នៅផ្ទះរបស់លោកយ៉ា​តែម្នាក់ឯងព្រោះបានទទួលការងាររៀបចំគម្រោងសាងសង់ស្ពានមួយ​! នាងជាអណិកជន​ខ្មែរអូស្ត្រាលី!»

ខ្ញុំតាំងចិត្ត​ថា មិនប្រាប់មិនា និងសាច់ញាតិពីរឿងនេះទេ ព្រោះមិន​ចង់​ធ្វើ​ឱ្យពួក​គេ​ភ័យ​ខ្លាច។ តាម​ខ្ញុំ​ដឹង គ្មាន​អ្នក​ជិត​ខាង​ណា​ម្នាក់នឹង​​និយាយ​អ្វី​ជាមួយ​ពួក​គេ​ទេ ព្រោះ​ជុំវិញនេះ មានឃ្លាំងមួយធំ មានកម្មករច្រើន​តែពួកគេរវល់ប្រញឹក មិនដែលចេញពីរបងមកនិយាយលេងទេ ម្ខាងទៀតជាស្ថាប័នរដ្ឋ​ដែលមានមន្ត្រីមកចេញចូលតែពេលថ្ងៃ ចំណែកពីល្ងាចដល់ព្រឹកគឺស្ងាត់ស្ងៀម។

«តាំងពីពួកយើងផ្លាស់មក ប្រពន្ធខ្ញុំខ្លាចរាល់ថ្ងៃ !»

«បើអ៊ីចឹង ក្មួយរកកន្លែងថ្មីហើយរើចេញទៅ!»

ខ្ញុំនៅសម្លឹងគាត់ភ្លឹះៗ។ គាត់ដកដង្ហើមធំហើយប្រាប់ខ្ញុំវិញថា៖

«មិនមែន​អណិកជននោះលងទេ ! តែ…ប្រយ័ត្នម្ចាស់ផ្ទះនោះ!»

ថាចប់កាលណា ពូគាត់ក៏បង្ហាញចេតនា​ចង់ចាកចេញ ដូចជាខ្លាចថា អាចមានគេឃើញនិងបន្ទោសគាត់ ដែលមិនធ្វើការ​បែរជាមកឈរនិយាយជាមួយខ្ញុំ។ ប៉ុន្តែមុននឹងទៅ គាត់មិនដាច់ចិត្ត​នឹងខ្ញុំក៏ឆ្លៀតប្រាប់ខ្ញុំថា នៅស្ទឹងវែង (ឈ្មោះឃុំមួយក្នុងស្រុកស្មាច់មានជ័យ)មានអាចារ្យចាប់ខ្មោចម្នាក់ល្បី ឈ្មោះលោកតាលាវ។

ពេលមកដល់ពេទ្យរដ្ឋ ភរិយាខ្ញុំមានភាពធូរស្រាលឡើងៗ។ ពេទ្យថា នាងលើសឈាមខ្លាំង និងឱ្យតមអាហារប្រៃ ឬការភ័យខ្លាច ព្រួយបារម្ភសព្វសារពើ។

តាមពិតមិនាទើបតែមាន​វ័យ​២៨ឆ្នាំ ម្តេចនាង​លើសឈាមទាន់ហន់បើមិនធ្លាប់ដែលមាន​ប្រវត្តិលើសឈាមផង?​​

«យើងរើទៅនៅផ្ទះសំណាក់សិនបើអូនមិនចង់ត្រឡប់ទៅវីឡានោះ!»

ខ្ញុំប្រាប់នាង​បែបនេះ នាង​ញញឹម ព្រមជាមួយខ្ញុំ​ តែបងប្រុសនាងដែលទើបតែមកដល់ពីភ្នំពេញមិនសប្បាយចិត្តទេ។

គាត់ថា គាត់មិនចង់ឱ្យពួកយើងចេញឆ្ងាយពីបងយ៉ាឡើយ គាត់ទុកចិត្ត​បងយ៉ាថានឹងជួយតាម​មើលពួកយើងឱ្យ។ ខ្ញុំមិនចង់និយាយប្រឆាំងនឹងបងថ្លៃទេ​ព្រោះគាត់ដូចជាមាន​ការជឿទុកចិត្ត​លើមិត្តរបស់​គាត់ពេក តែខ្ញុំបានបង្ហើបថា៖

«បងយ៉ាមិនទាន់ទាំងដឹងថា មិនាឈឺផង !!! គាត់មិនបានមកអើតសួរនាំអីទេ ឃើញទេ! ឱ្យគាត់រក្សាពួកខ្ញុំម៉េច?»

មិននិយាយប្រាប់បងនាងដែរថា៖

«ខ្ញុំមិនចូលចិត្តបន្ទប់ហ្នឹងទេ ជាពិសេសនៅពេលយប់! ផ្ទះនឹងចម្លែក! ម្ចាស់ផ្ទះជាជំនាង​ដូចជាមានអ្វីមួយចង់ប្រាប់ខ្ញុំ!»

បងប្រុសគេស្តាប់ចប់​ហាក់ខឹងនឹងប្អូន តែមិនមាត់មិនក ក្រោកដើរចេញ។ មកដល់ក្រៅ បងប្រុសមិនាផ្ទាល់ឈ្មោះបងសីហា បានទះស្មាខ្ញុំហើយរអ៊ូ៖

«មនុស្ស​វានេះ​ គិតតែពីអារឿងខ្មោចព្រាយហ្នឹង​! ស្មានថាពេលវា​មានប្តីហើយ វាលែងអ៊ីចឹង! ធ្វើដល់គ្រូគេ…គំនិតមើលតែក្មេងបៀមដៃ! អើ បើថានេះ ចាំយប់នេះបងទៅដេកមើលមុខខ្មោចចេញ!»

ដោយមិនាមាន​ម្តាយគេ និងប្រពន្ធបងសីហាមក​នៅជាមួយ ពួកគេគេងកំដរនាង​នៅពេទ្យ ខ្ញុំនឹងបងសីហា​មកសម្រាកនៅផ្ទះបងយ៉ាវិញ។

យប់នេះ មេឃត្រជាក់ព្រោះភ្លៀងរលឹម។

បន្ទប់ជួលនេះ មិនដើរតាមទ្វារធំពីមុខវីឡា​ទេ ប៉ុន្តែមានកូនទ្វារចំហៀងមួយ ចៀសវាងរំខានដើរកាត់ម្ចាស់ផ្ទះ។

«វីឡាបើកតែភ្លើងក្រៅរានហាល បានន័យថាអាយ៉ាមិននៅផ្ទះ​វាប្រហែលទៅកំពង់សោមឬទៅថៃ បានជាមិនដឹងប្រពន្ធឯងឈឺ!»

តាមឮមកគឺថា បងយ៉ានេះ ជាអ្នករកស៊ីទិញលក់ទំនិញនាំចេញនាំចូល​សម្ភារៈសំណង់។ គាត់ជាគ្រួសារធូធារតាំងពីជីដូនជីតាមក និងធ្លាប់បាន​ជួយបងប្រុសមិនាច្រើនដែរជាហិរញ្ញវត្ថុ ​កាលពីគាត់ឡើងទៅរៀននៅភ្នំពេញជាមួយគ្នាប្រមាណជាង៦ឆ្នាំមុន។

ទំនាក់ទំនងពួកគេ​យ៉ាងណាខ្ញុំមិនសូវរវល់ទេ តែបងយ៉ានិងបងប្រុសមិនា​ជាមនុស្ស​ទុកចិត្តគ្នាបានជាយើងជួលទីនេះបានថោកខ្លាំង ត្រឹម​តែ៣៥ដុល្លារក្នុងមួយខែ។ ​

ពេលខ្ញុំលូកដៃចូលទៅបើកភ្លើងបន្ទប់មុននឹងឈានជើងចូល ខ្ញុំភ្ញាក់ព្រោះចាំបាន មុនពេលចេញមក ខ្ញុំបានដាក់រោយអង្ករមួយសំណុំនៅលើកម្រាលជើង។

«ក្មួយទៅផ្ទះវិញ ចង់ដឹងទីនោះមាន​ខ្មោចមែនឬអត់ ដាក់អង្ករ​រោយមាត់ផ្លូវ​បើខ្មោចចង់ចូល​វាត្រូវវាសអង្ករចេញ!»

អារម្មណ៍ភ័យខ្លាចខ្ញុំបានកើតមាន​ឡើងយ៉ាង​ចម្លែក ។

ខណៈដែលបងសីហាមកដល់គាត់ឈរមើលខ្ញុំពីក្រោយ ប្រហែលមិនធ្លាប់ឃើញខ្ញុំមានអារម្មណ៍បែបនេះ។

«បង! ខ្ញុំបានទៅជួបអាចារ្យ ទូលសួររឿងមិនាឈឺចម្លែក គាត់ឱ្យរោយអង្ករនៅទ្រនាប់ជើងមាត់ទ្វារបន្ទប់ឥឡូវ​ម៉េចគ្មានសល់មួយគ្រាប់?»

ដៃបងសីហា​កាន់ទូរស័ព្ទនៅឡើយ។ មុននេះគាត់ប្រាប់ថា គាត់ខលទៅរកបងយ៉ា។ អាការៈគាត់ពេលនេះ គឺខលបងយ៉ាមិនចូល។

មានអារម្មណ៍ថា គ្រប់យ៉ាងចម្លែកនិងស៊ីចង្វាក់គួរឱ្យសង្ស័យ។ បងសីហាសម្លឹងកម្រាលជើង ហើយខ្ញុំបានហៅគាត់ចូលមកនិងបានរៀបរាប់ពីគ្រប់យ៉ាងរួមទាំងទីនេះធ្លាប់មាន​អ្នកស្លាប់។

«វាមិនដែលនិយាយទេ! អាយ៉ា មិនដែលនិយាយពីរឿងមាន​គេស្លាប់នៅនេះសោះ!»

គាត់ភ្លាត់មាត់ឡើងដោយធ្វើភ្នែកស្រឹមគិតល្អិតល្អន់។ ការមិនពេញចិត្តរបស់គាត់ចំពោះខ្ញុំអាចនឹងមាន​ដែលខ្ញុំបានរើសអើងទីនេះទាំងដែលមិត្តគាត់ខំចិត្ត​ល្អទទួលយើងស្នាក់នៅ តែខ្ញុំនៅចចារនិយាយថា៖

«ខ្ញុំក៏មិនជឿអារម្មណ៍ភ័យខ្លាចប្តូរ​ផ្តាស់របស់មិនាដែរ តែដល់ឮមកច្រើនប្រភព វាពិតជាចម្លែក! ប្រសិនបើអ្នកគូរប្លង់ម្នាក់នោះមកដេកស្លាប់​ក្នុង​បន្ទប់នេះ ម្តេចបងយ៉ាមិនប្រាប់? គាត់ខ្លាចយើងមិនជួល? ទេ លុយហ្នឹង​មិនស្មើគាត់ហូបគុយទាវផង តើអីទៅជាបំណងគាត់?»

«តែ…អាណាគេមកយកអង្ករចេញពីទ្រនាប់ជើងនេះ?»

បងសីហា​សួរខ្ញុំដូច្នេះ គាត់ដូចប្រាប់ខ្ញុំថា គាត់ក៏មាន​អារម្មណ៍ចម្លែកដែរ។ បានឱកាស​ខ្ញុំសារភាពនឹងគាត់៖

«បង! មីងម្នាក់ដែលកត់ឆ្នោតនៅច្រកក្រៅ ខ្ញុំឈ្លេចសួរ គាត់ថា ពូជនេះពីដើមឡើយជាគ្រួសារចិញ្ចឹម​វិញ្ញាណ…ចិញ្ចឹមព្រលឹង…!»

បងសីហាចំហមាត់សម្លឹងខ្ញុំភ្លឹះៗ។ ខ្ញុំនិយាយបង្ហើយ៖

«ពេលខ្ញុំជម្រាបលោកតាលាវ គាត់លើកឡើងថា បើគេជាពូជអ្នកចេះចិញ្ចឹម​ព្រលឹងមែន គេខ្លាចអង្ករណាស់!»

ភ្លាមនោះ ទូរសព្ទរបស់បងសីហារោទ៍ គាត់បង្ហាញខ្ញុំអេក្រង់ឈ្មោះ​YA។ គ្រាន់តែឃើញឈ្មោះនេះក៏ពួកយើព្រឺដែរ។

«អឺ» បងសីហាឆ្លើយ។

«ឯងនៅឯណា?» បងយ៉ាសួរមកតាមទូរស័ព្ទស្រួយស្រោក​។

«មកដល់កោះហើយ!»

«អ៊ីចឹង? នៅណានេះ?» បងយ៉ាដេញសួរបងសីហា​។

«នៅពេទ្យ អាមិនាឈឺ!»

«អូ!»សំឡេបងយ៉ាដូចជាភ្ញាក់បន្តិច។ ខ្ញុំនៅស្ងៀម ក៏​មិនយល់ច្បាស់ដែរថា ម្តេចបងសីហា​កុហកបងយ៉ាថានៅពេទ្យ?

«អញជិតដល់ផ្ទះហើយ មកដេកនេះមក!» បងយ៉ាបញ្ជាក់។

បងសីហាដើរចេញទៅក្រៅនិយាយហ្វូន  ខ្ញុំចូលមករៀបចំអីវ៉ាន់ប្រពន្ធដែរព្រោះ​យើងសម្រេចថា​ រើចេញទៅ​នៅ​ផ្ទះសំណាក់។ នឹកឃើញដល់រឿងចិញ្ចឹមព្រលឹង យប់នេះ ដូចជា…មិនបាច់ដេកនៅហ្នឹងក៏ល្អ។ ដោយមិនស្រណុកចិត្ត​សោះ ខ្ញុំនឹកដល់លោកអាចារ្យឈ្មោះលាវ ​ដែល​ខ្ញុំបានទៅសុំយោបល់កាលពីម្សិលមិញ ខ្ញុំដាច់ចិត្ត​ខលទៅគាត់ទាំងរាត្រី។ ដោយគាត់មិនទាន់សម្រាន្ត ខ្ញុំជម្រាបអាចារ្យលាវថា៖

«លោកតា ខ្ញុំ​ជឿ​ថា​បន្ទប់នេះមាន​ខ្មោច ព្រោះពេលចៅមកដល់ក៏បាត់អង្ករអស់ពីមាត់ទ្វារ​!»

«ចៅចូលចង្ក្រានបាយ រកអង្ករមកថែម ដាក់ក្បែរដៃ​ បើមានអ្វីមួយមិនស្រួល ចោលវានឹងអង្ករ ហើយចាកចេញមកក្រៅបរិវេណនោះ ! បើខ្មោចជាវិញ្ញាណដែលស្លាប់ចាំកន្លែង ​វាអាចត្រូវគាំងនឹងអង្ករស ​ហើយមិនអាចប្រដេញតាមចៅទេ!»

ខ្ញុំក្រោកទាំងបែកញើស ទៅច្បាមអង្ករមកច្រកពេញហោប៉ៅខោ។ បងសីហាដែលជាបងប្រុសរបស់ប្រពន្ធខ្ញុំ ត្រឡប់មកក្នុងផ្ទះវិញ ខ្ញុំក៏និយាយរឿងទាំងនេះប្រាប់គាត់ ទាំងដែលដៃខំព្យាយាមរៀបចំអីវ៉ាន់យ៉ាងញាប់។

ចាប់អារម្មណ៍ថា បងសីហាក្រឡេកពិនិត្យជុំវិញបរិវេណនេះ គាត់ក៏ធ្វើទឹកមុខស្ងួតហើយនិយាយប្រាប់ខ្ញុំថាយើងមិនដឹងអ្នកណាយ៉ាងម៉េចទេ ដូច្នេះបងចង់សាកល្បងរឿងមួយ។

ខ្ញុំនិយាយយ៉ាងញាប់ថា៖

«បងអ្ហា៎! ខ្ញុំចង់វិលត្រឡប់ទៅមន្ទីរពេទ្យវិញ មិនដេកបន្ទប់នេះទេ!»

ប៉ុន្តែបងថ្លៃខ្ញុំ គាត់បាន​បដិសេធឡើងថា៖

«យប់ជ្រៅពេកហើយ! សូម្បីពេទ្យក៏ដេកមិនចុះគ្នាដែរ!»

ដូច្នេះគាត់ប្រាប់ឱ្យខ្ញុំលាក់ទុកអីវ៉ាន់ទាំងអស់ដែលបានរៀបចំអម្បាញ់មិញកុំឱ្យមានការសង្ស័យ។ សម្តីគាត់ដូចជាគិតថា បងយ៉ា អាចនឹង​មកដល់ហើយចូលមកដល់បន្ទប់នេះ ជួបជាមួយពួកយើង?

មិនយូរប៉ុន្មាន គាត់បានឱ្យខ្ញុំបិទភ្លើងធ្វើដូចជាគ្មានអ្នកណានៅ ហើយខ្លួនគាត់ចេញទៅក្រៅចាក់សោបន្ទប់ពីខាងក្រៅ ដោយផ្លោះចូលមកក្នុងតាមបង្អួចសំងំជាមួយខ្ញុំ។ ខ្ញុំយល់ហើយថា បងថ្លៃម្នាក់នេះ គាត់កំពុងតែសង្ស័យលើបងយ៉ា។

ចំណែកខ្ញុំ ខ្ញុំមិនដែលគិតដល់ទេថា បងយ៉ាមានបញ្ហា។ មិត្តរបស់គាត់គ្រាន់តែលាក់ពួកយើងពីរឿងមរណភាពរបស់អ្នកគូរប្លង់ ក៏មិនមែនមានន័យថាបងយ៉ាជាមនុស្សអាក្រក់ដែរ។

កំពុងតែគិតចុះឡើងៗ ភ្លាមនោះ ពួកយើងបានឮស្នូរឈប់ឡាននៅមាត់ទ្វាររបងខាងមុខ។

ខ្ញុំស្គាល់សំឡេងឡានរបស់បងយ៉ាច្បាស់។ ងាកទៅ ឃើញបងសីហា​សំងំ​សឹងតែមិនហ៊ានដកដង្ហើម។

«ធ្វើដូចជាយើងមិននៅទីនេះ!»

គាត់ខ្សឹបហើយទាញខ្ញុំមកពួនលឹបក្រោមបង្អួច។

ដោយនេះជាយប់ជ្រៅម៉ោងជាង១០ហើយខាងក្រៅមាន​ភ្លៀងធ្លាក់ស្រឹបៗផង ដូច្នេះគ្រប់យ៉ាងស្ងប់ស្ងាត់ល្អធ្វើឱ្យយើងអាចឮសូរសម្រឹបជើងរបស់បងយ៉ា​ដែលបានឈានមក។

នៅពេលគាត់មកកាន់តែដល់ជិតបន្ទប់ បេះដូងខ្ញុំលោតសែនញាប់។ ខ្ញុំមិនដឹងថា បងសីហា​រកឃើញអ្វីអំពីមិត្ត​គាត់ទេ តែខ្ញុំដូចមាន​សង្ស័យខ្លាំងឡើងៗមែន ថា តើបងយ៉ាមកទីនេះធ្វើអ្វី? ម្តេចគាត់មិនចូលផ្ទះវីឡាគាត់?

ខាងក្រោមនេះជះពន្លឺចេញពីទូរស័ព្ទរបស់បងសីហា។

គាត់និងខ្ញុំពួនក្បែរគ្នាក្រោមបង្អួចដើម្បីងាយស្រួលសម្លឹងទៅខាងក្រៅ។ ទីលាន​ខាងក្រៅភ្លឺប៉ុន្តែនៅទីនេះងងឹតស្លុប។ អេក្រង់ទូរស័ព្ទរបស់គាត់បង្ហាញថា​គឺបងយ៉ាខលមកប៉ុន្តែមិនមានសំឡេងលាន់ ។

ខ្ញុំសរសើរ​ដែល​បងសីហាគិតបាន​ល្អិតល្អន់ណាស់គឺគាត់បានបិទTONEទាំងអស់​តាមពិតចង់តាមបងយ៉ាសោះ។

ខ្ញុំងាកមកមើលក្រៅវិញ​ឃើញបងយ៉ាឈប់បង្អង់ក្បែរកូនសួន ស្របពេលបងសីហាឆ្លើយហ្វូនថា៖

«នៅពេទ្យជាមួយមីនា!»

នេះប្រហែលជាបងយ៉ា​សួរថាបងថ្លៃខ្ញុំកំពុងនៅឯណាហើយ។ ភ្លាមនោះខ្ញុំឮបងសីហាប្រាប់បន្ថែមថា៖

«នៅពេទ្យទាំងអស់គ្នា ប្តីមិនាក៏ដេកនៅពេទ្យដែរ!»

បង សីហាកំពុងក្លែងធ្វើដូចជាយប់នេះ ផ្ទះនេះអត់មានអ្នកណានៅ។

គ្រប់យ៉ាងនៅពេលឥឡូវនេះកំពុង​បំផ្ទុះការសង្ស័យ​របស់ខ្ញុំថែមឡើង។ មិនយូរប៉ុន្មានយើងឃើញរូបរាងបងយ៉ាដើរសំដៅមកបន្ទប់យើងមែន។ គាត់នៅចំពីមុខបន្ទប់យើងប្រហែលជាបីម៉ែត្រពីគ្នាប៉ុណ្ណោះ។

ខ្ញុំក៏កេះបងសីហាឱ្យគាត់ដឹង គាត់ក៏សម្លឹងមកខាងក្រៅមាត់គាត់និយាយបញ្ចប់៖

«អ៊ីចឹងបានហើយយ៉ា ចាំស្អែកចួបគ្នា !»

«ចាំគ្នាទៅមើលប្អូនរបស់ឯង នៅពេទ្យ!» សំឡេងបងយ៉ាលាន់មកពីក្រៅបង្អួច។

ពេលដែលបងយ៉ានិងបងសីហាលាគ្នា គាត់បាន​បិទទូរស័ព្ទ ស្រាប់តែ បងយ៉ានៅខាងក្រៅប្តូរជំហានមកជាញាប់រត់សំដៅមកបន្ទប់យើង ថែមទាំងដកសោពីហោប៉ៅ ព្រោះនេះជាផ្ទះរបស់គាត់ គាត់មានសោគ្រប់បន្ទប់។

ពីរនាក់យើងនៅខាងក្នុងនេះយើងសឹងតែផុតដង្ហើមព្រោះតែការខំអត់ទ្រាំមិនហ៊ានធ្វើឱ្យឮខ្លាំងនូវស្នូរដង្ហើមនីមួយៗ។

ស្នូរបើកទ្វារក្រោក…បានលាន់ឡើង ដូចការត្រៀមទុក។ ពួកយើង​ក៏នាំគ្នាថយទៅពួននៅពីក្រោមជណ្ដើរ ស្របពេលដែលបងយ៉ា​បង្ហាញខ្លួននៅមាត់ទ្វារដោយមិនមានបើកកុងតាក់ភ្លើង។

គាត់ឈរធ្មឹងនៅទីនោះសម្លឹងមើលគ្រប់យ៉ាងនៅខាងក្នុងបន្ទប់ យូរបន្តិចដែរទើបគាត់បានឈានចូលមក។ ​ប្រសិនបើគាត់បើកភ្លើងគាត់នឹងអាចរកឃើញពួកយើង ដូច្នេះហើយខ្ញុំកាន់តែភ័យ ប៉ុន្តែ ចៃដន្យគាត់មិនបើកភ្លើងបែរជាទាញទ្វារបិទត្រឡប់ទៅវិញឱ្យងងឹតជាងមុន។

ពេលបងយ៉ា ដើរមកឈរចំកណ្តាលបន្ទប់ ពួកយើងបានឮគាត់សូត្រអ្វីម្យ៉ាងដែលយើងស្ដាប់មិនបាន ប៉ុន្តែខ្ញុំដឹងថានោះគឺជាភាសារបស់ជនជាតិ មិនដឹងជាឥណ្ឌាឬមួយក៏ជនជាតិចាមឬក៏ជនជាតិអ្វីក្ដី សុទ្ធតែធ្វើឱ្យពួកយើងងឿងឆ្ងល់ថាហេតុអ្វីបានជាមិត្ត​បងថ្លៃខ្ញុំតាមពិតជា មនុស្សចេះមន្តអាគមអូមអាម?

សូត្រខាកទឹកមាត់​ៗ ភូសៗ ចំកណ្តាលបន្ទប់ហើយ សូត្រប្រមាណជាចប់មួយបទចម្រៀង ទើបគាត់ឈប់ និងថយក្រោយចាកចេញ។

គាត់ចាក់សោរពីក្រៅហើយដើរទៅតម្រង់ខាងមុខផ្ទះ។

ភ្លាមៗនោះ  អ្វីមួយបានប្រាប់បងប្អូនយើងទាំងពីរថា មីនាប្រពន្ធខ្ញុំកំពុងត្រូវអំពើគេ។

មិនដឹងឡើយថា បងយ៉ាដែលយើងមិនដែលស្គាល់គាត់ ទើបតែស្គាល់ថ្មីៗនេះ តើគាត់មាន​អ្វីស្អប់ខ្ពើមចំពោះមិនា​បានជាមកធ្វើអំពើបែបនេះលើនាង? តើគាត់ទៅណា បានជាមិនចូលផ្ទះ​ពេលនេះ គាត់ចេញឡាន​យ៉ាងប្រញាប់ ឬក៏ទៅរកពួកយើងនៅមន្ទីរពេទ្យឬអ្វី?

ភ្លាមនោះពេលដែលដឹងថា គាត់បរឡាន​ចេញបាត់ហើយ បងសីហាក៏ទាញខ្ញុំក្រោកឡើងហើយបើកភ្លើង បន្ទប់ប្រញាប់ចុចទូរស័ព្ទទាំងងងឹតទៅកាន់មន្ទីរពេទ្យ ប្រាប់ម្តាយរបស់គាត់និងប្រពន្ធគាត់ហាមដាច់ខាតមិនឱ្យបើកទ្វារទទួលភ្ញៀវចម្លែកណាចូលសួរសុខមិនាទេ រហូតដល់គាត់ទៅដល់សិន។

ស្តាប់ហើយ​ខ្ញុំកាន់តែបារម្ភទ្វេរឡើង។ ​ពេលនោះខ្ញុំក៏សួរបងសីហាថា៖

«មានរឿងអី? ប្រាប់ត្រង់មកបង បងយ៉ានេះពីមុនធ្លាប់តាមស្រឡាញ់មីនាប្រពន្ធខ្ញុំឬអ្វី? គ្រួសារបង​បានបំបែកគាត់ឬអី បានជាគាត់ធ្វើឱ្យប្រពន្ធខ្ញុំឈឺ?!»

បងថ្លៃខ្ញុំដកដង្ហើមធំ គាត់ខ្សឹបឡើងថា៖

«មិនដឹងទេ! វាមិនដែលស្គាល់មិនាឯណា! ដឹងតែថាវានេះមានរឿងចម្លែក! មួយរយៈដែលបែកគ្នាលែងរៀនជាមួយគ្នា ធ្លាប់ចួបនិងឮអ្នកស្គាល់ៗនិយាយថា អាយ៉ានេះប្លែកច្រើន! ធ្លាប់មានគេប្រាប់ពីរឿងចម្លែកដែលថា អ្នកគ្រូថាវីប្រពន្ធវា សុខៗបាត់ខ្លួន!»

«ប្រពន្ធគាត់?…ក្រែងថាចេញទៅរៀនបណ្ឌិត?» សូមរង់ចាំអានបន្តនៅក្នុងស្នាដៃខ្ញុំបាទថ្មីរឿង«ភរិយាដែលបាត់ខ្លួន»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*