ប្រហែលជាប៉ុន្មានឆ្នាំមកនេះមិននិយាយស្ដី ទើបសំឡេងប្រែជាស្អកស្អារឹងកំព្រឹស គេខំប្រឹងនិយាយពាក្យមួយម៉ាត់ៗចេញមកយ៉ាងលំបាក។
ស៊ីវលូបោះជើងឡើងអង្គុយគងអន្ទាក់ខ្លា មាត់ទំពារសំបកក្រូចបណ្ដើរសួរទៅគេបណ្ដើរ៖
«គ្មានកន្លែងទៅទេហ្អេស? ជាការពិតឬក៏កុហកហ្នឹង?»
អ្នកកំលោះងក់ក្បាលចុះយឺតៗ។
ស៊ីវលូសួរបន្ត៖
«លោកឈ្មោះអី?»
គេគ្រវីក្បាល។
«មិនដឹងទេ? ឬភ្លេចហើយ? ឬក៏មិនចង់និយាយ?»
«ល្បង…ជួយខ្ញុំ ខ្ញុំ…គឺជា…អ្នកបម្រើល្បង ប្រទាន…ឈ្មោះ!»
ស៊ីវលូខ្ជាក់សម្បកក្រូចចេញពីមាត់៖
«មើលទៅលោកមិនដូចជាអ្នកចេះស្ដាប់បង្គាប់និងធ្វើតាមបញ្ជារបស់អ្នកដទៃទេ!»
«……»
«ខ្ញុំមិនត្រូវការលោកទេ!»
«ខ្ញុំ… ស្ដាប់… ល្បង»
ស៊ីវលូញាត់សម្បកក្រូចដទៃទៀតចូលមាត់ និយាយព្រងើយចោល៖
«ថ្ងៃក្រោយបើចួបមនុស្សស្គាល់ លោកក៏ស្ដាប់សម្ដីខ្ញុំដែរហ្អេស?»
អ្នកកំលោះបិទបបូរមាត់ជិត ម្រាមដៃរបស់គេក្ដាប់ណែនលើទ្វារបន្ទប់ សរសៃឈាមប្រដេញគ្នារំលេចចេញមកក្រៅ។ គេនៅស្ងៀមស្ងាត់មិនស្ដី។
ស៊ីវលូនៅមិនទាន់ទាំងអស់សំណើចចេញមកផង អ្នកកំលោះនោះងើបមុខឡើង ភ្នែកសម្លឹងទៅរកគេ បន្លឺសំឡេងមោះមុត៖
«ស្ដាប់!»
ប្រស្រីភ្នែកមូលក្រឡង់របស់គេប្រៀបដូចជាដុំបាល់ភ្លើង ចង់ដុតកម្លោចឆេះក្ដៅរោលរាលពាក្យមួយម៉ាត់ “ស្ដាប់!” នោះឱ្យរលាយផ្សាចូលជ្រៅទៅក្នុងក្រអៅបេះដូងរបស់ស៊ីវលូជារៀងរហូតតអមតៈ…
ស៊ីវលូក្នុងមួយប៉ប្រិចនោះភាំងភាន់អស់ជាយូរ ដឹងខ្លួនវិញក៏រហ័សនិយាយសរុបថា៖
«បើអ៊ីចឹងលោកនៅបន្តទៀតចុះ!»
អ្នកកំលោះរួមបបូរមាត់រាបស្មើបន្តិច ប្រៀបដូចជាញញឹមប្រៀបដូចជាអត់។ ស៊ីវលូបោះសម្បកក្រូចក្នុងដៃឱ្យទៅគេ ចេញបញ្ជា
«អង្គុយចុះ ហូបរបស់នេះទៅ!»
អ្នកកំលោះស្ដាប់បង្គាប់ទម្លាក់ខ្លួនអង្គុយចុះ សន្សឹមៗហែកសម្បកក្រូច បេះមួយចំណិតតូច ដាក់ចូលទៅក្នុងមាត់។ ហូបសម្បកក្រូចដូចតែគ្នា ប៉ុន្តែឫកពារបស់អ្នកកំលោះនោះបែរជាសុភាពរាបសានិងមានសុជីវធម៌ ធ្វើឱ្យមនុស្សឃើញហើយមានអារម្មណ៍ថា គេមិនមែនកំពុងហូបសម្បកក្រូច តែដូចជាកំពុងក្រេបផ្លែឈើទិព្វនៅលើកំពូលភ្នំទេព។
«អ្ហេ៎! អ្នកសុំទាន… នេះជាសម្បកក្រូចក្រៀម ហូបទៅល្អចំពោះបំពង់ករបស់លោកណា៎!»
មុខខ្មូតអេះក្បាលអេះត្រចៀក ទើសទាល់៖
«ល្បងលូគួរដាក់ឈ្មោះមួយឱ្យគេទៅ មិនអាចចេះតែហៅថា អ្នកសុំទាន រហូតបានទេ!»
ស៊ីវលូតបភ្លាមមួយរំពេច៖
«អ៊ីចឹងក៏ហៅថា សម្បកក្រូច ទៅ!»
«មិនបានទេ!»
មុខខ្មូតនិងគ្រាប់អង្កាំប្រកែកឡើងស្របគ្នា៖
«ដាក់ឈ្មោះអីឱ្យពីរោះបន្តិចទៅ កុំឱ្យដូចជាឈ្មោះពួកយើងអី!»
ស៊ីវលូទះម្នាក់មួយកំផ្លៀងស្មើៗដៃ៖
«ឈ្មោះពួកយើងហ្នឹងតើយ៉ាងម៉េច?»
«ស័ក្ដិសមនឹងពួកយើង ប៉ុន្តែ… មិនស័ក្ដិសមនឹងគេម្នាក់នេះទេ!»
មុខខ្មូតបន្លឺពាក្យក្នុងចិត្តរបស់គេយ៉ាងទៀងត្រង់ គ្រាប់អង្កាំឈរនៅម្ខាងងក់ក្បាលផ្ងក់ៗយល់ស្របតាម។ ស៊ីវលូព្រិចៗភ្នែកសញ្ជឹងគិត ក្រឡេកមើលទៅអ្នកកំលោះសុំទាននោះ រួចក៏ឈ្ងោកមុខទៅជិតគ្រាប់អង្កាំនិងមុខខ្មូត ចង្អុលក្ដោងច្រមុះរបស់ខ្លួនឯង សាកសួរយ៉ាងមន្ទិលថា៖
«ខ្ញុំមិនស្មើគេទេហ្អេស?»
គ្រាប់អង្កាំប្រុងប្រយ័ត្នពាក្យសម្ដី៖
«ល្បងចង់ស្ដាប់ពាក្យបោកប្រាស់ឬពាក្យពិត?»
មុខខ្មូតរើសពាក្យពោលលួងលោម៖
«ល្បងលូអើយ! នៅលើលោកនេះ មានមនុស្សកើតមកជាពពកសនៅលើមេឃខ្ពស់ ឯមានមនុស្សខ្លះកើតមកជាភក់ខ្មៅនៅក្រោមដីរាប មិនអាចប្រៀបធៀបនឹងគ្នាឡើយ! ពួកយើងគួរទទួលយកជោគវាសនារបស់ខ្លួនឯង ព្រមទទួលស្គាល់ឋានៈភក់ខ្មៅរបស់ពួកយើងទៅ!»
ស៊ីវលូច្រឡោតដាល៖
«ខ្ញុំចង់ឱ្យគេហៅថា ភក់ខ្មៅ!»
មុខខ្មូតនិងគ្រាប់អង្កាំស្រែកឡើងទៀត ប្រឆាំងស្របគ្នា៖
«មិនបាន!»
មុខខ្មូតចុះទឹកមួយជំហានសុំអង្វរករស៊ីវលូ ដូចជាខ្លាចថាអ្នកកំលោះសុំទាននោះថ្ងៃក្រោយនឹងចងចិត្តគុំគួនជាមួយខ្លួនព្រោះតែធ្វើឱ្យគេមានឈ្មោះអាក្រក់ស្ដាប់យ៉ាងនេះ៖
«យ៉ាងណាក៏សុំមេត្តាល្បងជួយនឹករកឈ្មោះណាផ្សេងវិញទៅ!»
គ្រាប់អង្កាំលូកមាត់កាត់៖
«មែនហើយៗ! រកឈ្មោះផ្សេងទៅ រកឈ្មោះណាមានន័យដូចជាឈ្មោះរបស់ល្បងដែរអ៊ីចឹង!»
ខណៈពេលនោះ ទើបស៊ីវលូត្រជាក់ចិត្តឡើងបន្តិច។ គេស្រវាដៃក្ដាប់ស្លឹកថ្នាំមួយក្ដាប់ហាលសំដិលថ្ងៃនៅលើចង្អេរ បោះឱ្យទៅមុខខ្មូត៖
«រាប់ទៅ ឈ្មោះរបស់គេនឹងជាចំនួនស្លឹកថ្នាំដែលរាប់បាន»
«មួយ ពីរ បី… ដប់ប្រាំពីរ!»
ស៊ីវលូងាកមុខទៅម្ខាងណោះ ស្រែកបន្លឺឡើងថា៖
«អ្ហេ៎! អ្នកកំលោះ! ចាប់ពីថ្ងៃនេះតទៅ ឈ្មោះរបស់លោកគឺ យៀកស៊ឺឈី!»
[យៀក: ស្លឹកឈើ ; ស៊ឺឈី: ដប់ប្រាំពីរ មានន័យថា ស្លឹកឈើដប់ប្រាំពីរសន្លឹក។]
យៀកស៊ឺឈីងក់ក្បាលចុះយឺតៗ។ មុខខ្មូតនិងគ្រាប់អង្កាំគិតៗមើលមួយសន្ទុះ យល់ថាឈ្មោះនេះក៏មិនអន់ដែរ ទើបនាំគ្នាស្រែកហៅគេ៖ ស៊ឺឈី! ស៊ឺឈី! មិនដាច់។
នៅសុខៗនោះមានសំឡេងរបស់កញ្ចាស់ម៉ុកបន្លឺមកពីខាងមុខ៖
«ស៊ីវលូ! មានគេមកមើលជំងឺ!»
ស៊ីវលូមុនចាកចេញធាក់កំប៉េះគូទមុខខ្មូតនិងគ្រាប់អង្កាំថែមម្នាក់មួយជើងទៀត ហើយបែរខ្នងដើរបណ្ដើរគ្រហឹមច្រៀងបណ្ដើរចេញទៅពិនិត្យជំងឺ។
ត្រឹមមួយប៉ប្រិចភ្នែក ពេលវេលាជាងកន្លះឆ្នាំទៀតបានកន្លងផុតទៅ របួសរបស់ស៊ឺឈី កន្លែងដែលអាចព្យាបាលបាន បានជាសះស្បើយអស់ទៅហើយ កន្លែងដែលមិនអាចព្យាបាលបាន គ្មានជម្រើសអ្វីក្រៅពីអត់ទ្រាំតាមយថាកម្មប៉ុណ្ណោះ។ ថ្វីដ្បិតតែឆ្អឹងស្មងជើងរបស់គេបានអបឆ្អឹងព្យាបាលយ៉ាងដិតដល់ ប៉ុន្តែព្រោះតែគេមិនបានព្យាបាលឱ្យទាន់ពេលវេលា ហេតុនេះទើបបណ្ដាលឱ្យគេដើរប៉ាំងបៀច។ ចំណែកឯរបួសនៅកន្លែងបិទបាំងវិញ សូម្បីតែស៊ីវលូក៏មិនប្រាកដចិត្តដែរថាបានជាសះស្បើយប៉ុន្មានភាគរយ។ ចាប់តាំងពីពេលដែលគេអាចកម្រើកដៃជើងធ្វើចលនាបាន ស៊ឺឈីមិនឱ្យស៊ីវលូជួយលាបថ្នាំឱ្យគេទៀតទេ។
មុខខ្មូតលួចលាក់ញាត់ថង់ប្រាក់ដែលគេខំសន្សំជាយូរទៅក្នុងដៃរបស់ស៊ឺឈី៖
«នៅហួយឈុនថាងនេះ… ប្រហែលជាល្បងក៏ដឹងច្បាស់ហើយថា វិជ្ជាពេទ្យរបស់ល្បងលូមិនរាប់ចាត់ទុកថាខ្លាំងពូកែ។ តើល្បងធ្លាប់ឮសូរពីវិជ្ជាពេទ្យទេវតារបស់អធិរាជយ៉ានទីស៊ឹងនុងដែរឬទេ? នៅត្រើយខាងកើតភូមិឈីងសួយនេះមានសំណាក់ពេទ្យល្បីមួយឈ្មោះថា ប៉ាយហួយថាង។ ឮថាម្ចាស់សំណាក់ពេទ្យនោះគឺជាសិស្សបន្តវេនមកជាច្រើនជំនាន់ស្នងពីអធិរាជយ៉ានទី វិជ្ជាពេទ្យខ្លាំងពូកែណាស់។ ល្បងសាកទៅរកគេពិនិត្យមើលទៅ ប្រហែលជាអាចព្យាបាលជើងរបស់ល្បងបាន!»
ស៊ឺឈីឈរស្ងៀមទ្រឹងរុញថង់ប្រាក់នោះទៅមុខខ្មូតវិញ។
មុខខ្មូតខកចិត្ត៖
«កុំក្រែងចិត្តអី ជើងរបស់ល្បងសំខាន់ជាង! ចំណែកឯប្រាក់កាក់វិញ ចាំរកសងខ្ញុំពេលក្រោយក៏បាន យ៉ាងច្រើនណាស់ថ្ងៃក្រោយសងខ្ញុំមួយគុណនឹងពីរ!»
ស៊ឺឈីឱនមុខចុះ ស្អកស្ដី៖
«បែបនេះ… ល្អណាស់»
«ល្អស្អីទៅ! ល្បងចង់កំបាក់ជើងអស់មួយជីវិតហ្អេស?»
«គេ… មិនស្អប់ខ្ពើមទេ»
«គេ? អ្នកណាមិនស្អប់ខ្ពើម?» មុខខ្មូតអេះក្បាលអេះត្រចៀក៖
«អ្ហា៎! ល្បងចង់និយាយពីល្បងលូហ្អេស! ន័យរបស់ល្បងចង់និយាយថា ឱ្យតែល្បងលូមិនស្អប់ខ្ពើមនឹងល្បងនោះគឺមិនអីទេហ្អេស? ប៉ុន្តែគាត់ស្អប់ខ្ពើមល្បងឬក៏អត់ បានប្រយោជន៍អី? គាត់នោះជាមនុស្សខ្ជិលឱ្យរលួយ ហូបបាយរួចមិនខ្ចីលាងចាន ទុកចានចោលកខ្វក់ហូបបន្តដល់ថ្ងៃបន្ទាប់ សម្លៀកបំពាក់នៅលើខ្លួនវិញគគ្រិចដូចក្រណាត់ជូតផ្ទះអ៊ីចឹង…»
ស៊ឺឈីដៀងភ្នែកមើលទៅក្រោយខ្នងរបស់មុខខ្មូត នៅខណៈពេលដែលមុខខ្មូតកំពុងខំប្រឹងពន្យល់គេ។ មួយកំផ្លៀងធ្លាក់ពីលើមេឃចុះឮសូរតែផាច់ មុខខ្មូតភិតភ័យលួសព្រលឹងឡើងបាត់មាត់ឈឹង។
ស៊ីវលូអើតក្បាលចេញមកខាងមុខ ចាប់ទាញកញ្ឆក់យកថង់ប្រាក់ពីក្នុងដៃមុខខ្មូត៖
«ប្រាក់ច្រើនណាស់ន៎! យប់នេះមានស្រាឱ្យផឹកហើយ!»
ក្រឡេកឃើញប្រាក់ភ្លាម កែវភ្នែករបស់ស៊ីវលូញោចភ្លឺចិញ្ចាចឡើង ភ្លេចដេញដោលរឿងដែលមុខខ្មូតលួចនិយាយអាក្រក់ពីគេមុននេះ។ គេកាន់ថង់ប្រាក់គ្រវីគ្រវាត់ ស្ទុះរត់ប្រុយចេញទៅក្រៅទ្វារយ៉ាងលឿន។
មុខខ្មូតធ្លាក់ថ្លើមក្ដុក ស្រែកយំបណ្ដើររត់ដេញតាមបណ្ដើរ៖
«កុំអី… ល្បងលូ! នោះជាប្រាក់ដណ្ដឹងប្រពន្ធរបស់ខ្ញុំទេ ទុកប្រើប្រាស់រឿងសំខាន់!»
នៅក្នុងយប់នោះ មនុស្សមួយគ្រួសារបានលាភស្រាឈ្ងុយម្ហូបឆ្ងាញ់។ ព្រោះតែមិនមែនជាប្រាក់ដកចេញពីហោប៉ៅខ្លួនឯង ទើបស៊ីវលូនិងគ្រាប់អង្កាំផឹកស៊ីយ៉ាងសប្បាយអរមិនខ្វល់ខ្វាយអ្វី។
មុខខ្មូតឈឺចិត្តចង់ដាច់ពោះវៀន ខំប្រឹងកាយញាត់ឱ្យអស់ពីលទ្ធភាពដើម្បីបញ្ចេញកំហឹងមួយនេះ។ រីឯកញ្ចាស់ម៉ុកផឹកស្រាក្រេបជិបៗមាត់ លួចដៀងភ្នែកក្រឡេកមើលទៅស៊ឺឈី។
បន្ទាប់ពីបញ្ចប់អាហារពេលយប់ ស៊ីវលូ មុខខ្មូត និងគ្រាប់អង្កាំ សុទ្ធតែផឹកស្រវឹងជោរជន់។ ដើមឡើយតាមការបែងចែក យប់នេះជាវេនដែលស៊ីវលូត្រូវលាងចាន ប៉ុន្តែមិនដឹងថាចាប់តាំងពីពេលណា ច្បាប់វិន័យគ្រួសាររបស់ហួយឈុនថាងផ្លាស់ប្តូរយ៉ាងវិលមុខក្បុង៖ ស៊ឺឈីត្រូវធ្វើកិច្ចការក្នុងផ្ទះសម្បែងទាំងអស់ ទាំងចំណែករបស់ខ្លួនឯង និងរួមទាំងចំណែករបស់ស៊ីវលូទៀត។
ស៊ឺឈីសារចានចង្កឹះ ដួសទឹកដាក់ទៅក្នុងចានដែកធំមួយ អង្គុយកណ្តាលទីធ្លា ដុសលាងសម្អាត។ កញ្ចាស់ម៉ុកឈរនៅពីក្រោយខ្នងរបស់គេ គំហកសួរ៖
«លោកជានរណា?»
សំឡេងរបស់ស៊ឺឈីបន្លឺត្រសៀកៗនៅក្នុងខ្យល់រាត្រី៖
«ខ្ញុំគឺ… យៀកស៊ឺឈី!»
*********
I: Chapter 2
វគ្គ២: ផ្លូវខាងមុខមិនអាចប្រមើលទុក
ដ្បិតភូមិឈីងសួយមិនមែនជាទឹកដីធំធេង ប៉ុន្តែជាទឹកដីពិសុទ្ធមួយនៅក្រោមវាលរហោឋានលោកិយនេះ។
នៅព័ន្ធជុំវិញភូមិឈីងសួយមានជ្រោះជ្រងជ្រលងភ្នំល្អឯក សោភណ្ឌភាពស្រស់បំព្រង ប្រឹក្សព្រៃធម្មជាតិចម្រុះសម្បូរបែប។ តំបន់ភ្នំចោតខ្ពស់និងដីល្បាក់រអិលអាចបង្កភាពគ្រោះថ្នាក់ខ្លាំង។ ជ្រលងភ្នំទាំងនេះបានប្រែក្លាយជាខែលធម្មជាតិការពារទីភូមិទាំងមូល។
ក្រោយពេលនគរស៊ឹងនុងចាញ់សង្គ្រាមដួលរលំ មេទ័ពសេនាប្រមុខកុងកុងស៊ូស្លាប់មិនចុះញ៉ម បានដឹកនាំកងទ័ពរាប់សិបម៉ឺននាក់វាយដណ្ដើមកាន់កាប់ទឹកដីត្រើយខាងកើតភូមិឈីងសួយ បន្តអូសបន្លាយសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយនឹងអធិរាជហ័ងទី។ ភាគខាងលិចជាប់ព្រំដែននគរសានយាន ភាគខាងត្បូងជាប់ព្រំដែននគរកៅស៊ីង រីឯភាគខាងកើតកងទ័ពជ្រោងទង់សច្ចៈកុងកុងតាំងជំរំទ័ព។
[សម្រាយៈ នៅក្នុងព្រេងនិទានទេវកថា “ភ្នំនិងសមុទ្រ” ដំណាលអំពីអម្បូរអាទិទេពរាជវង្សធំទាំងបី៖ សានយាន ស៊ឹងនុង និង កៅស៊ីង។ សង្គ្រាមរវាងមហិច្ឆតាអធិរាជ នគរសានយានវាយឈ្នះនគរស៊ឹងនុងដែលជាភូមិភាគកណ្ដាល។ នគរសានយានកាន់កាប់ដែនដីពីរនគរទាំងសានយាននិងស៊ឹងនុង មហិច្ឆតាវាយផ្ដាច់ក្រោមមេឃ។ កងទ័ពកុងកុងជម្លៀសខ្លួនឱបក្ដីសង្ឃឹមស្រោចស្រង់នគរស៊ឹងនុងឡើងវិញ។ រីឯនគរកៅស៊ីងការពារការលុកលុយឈ្លានពានបន្ទាប់ពីនគរសានយាន។]
ភូមិឈីងសួយមិនស្ថិតនៅក្រោមការត្រួតត្រារបស់អធិរាជហ័ងទីសានយាន ហើយក៏មិនស្ថិតនៅក្រោមការត្រួតត្រារបស់អធិរាជស៊ុនទីកៅស៊ីងដែរ។ ជាយូរលង់ទៅ ទីកន្លែងមួយនេះប្រែជាតំបន់ឃាំងឃាត់ខណ្ឌចំកណ្ដាលរវាងកម្លាំងមហាអំណាចទាំងបី ប៉ុន្តែកម្លាំងមហាអំណាចទាំងបីនេះ គ្មានឥទ្ធិពលណាអាចគ្រប់គ្រងលើទឹកដីភូមិឈីងសួយនេះបានឡើយ។
ភូមិឈីងសួយ គ្មានអំណាចមហាក្សត្រ គ្មានវង្សត្រកូលខ្ពង់ខ្ពស់ គ្មានការរើសអើងរវាងវណ្ណៈអ្នកមាននិងអ្នកក្រ ខ្ពស់ឬទាប រឹតតែគ្មានការបែងចែករវាងអាទិទេព មនុស្ស និងព្រាយបិសាច។
ឱ្យតែមានសមត្ថភាព មិនថាអាទិទេពឬព្រាយបិសាច មិនថាជាមន្ត្រីឬជាចោរ អ្នកទាំងពួងសុទ្ធតែអាចរស់នៅទីនេះដោយសមប្រកបប្រក្រតី គ្មាននរណាម្នាក់មករំខានសើរើអតីតកាលរបស់អ្នកឡើយ។ ជាយូរលង់ទៅ ភូមិឈីងសួយគឺជាទីប្រជុំជនប្រមូលផ្តុំរបស់អ្នកចំណាកស្រុកមកពីគ្រប់ទិសទីក្រោមវាលរហោឋានលោកិយនេះ។
បន្ទាប់ពីឆ្លងកាត់សង្គ្រាមរាប់រយឆ្នាំ ឈាមដាបជាទន្លេ ឆ្អឹងខ្មោចជាន់គរ និងសំណល់ជីវិតរស់រាន ផ្តល់កំណើតដល់ជាងដែកនិងគ្រូពេទ្យជាច្រើននៅក្នុងទឹកដីនេះ។ គុណភាពអាវុធនិងវិជ្ជាពេទ្យរបស់ភូមិឈីងសួយល្បីរន្ទឺខ្ទរខ្ទា។
មានជាងដែកនិងគ្រូពេទ្យប្រាកដជាមានមនុស្សមកដុតខាត់អាវុធនិងមនុស្សមកព្យាបាលជំងឺ។ មានបុរសភេទត្រូវតែមានបនស្រី។ មាននារីភេទត្រូវតែមានតៀមដេរប៉ាក់និងតៀមលក់គ្រឿងអលង្ការ។ មានទាំងបុរសមានទាំងនារីត្រូវតែមានតៀមតែតៀមស្រា…
មិនច្បាស់ឡើយថា មូលហេតុចុងក្រោយបណ្ដាលមកពីអ្វី គ្រាន់តែដឹងថា ពេលនេះប្រជារាស្ត្រភូមិឈីងសួយហក់ស្ទុះកើនឡើងមានចំនួនច្រើនអនេកនិងអ៊ូអរយ៉ាងខ្លាំង។ មកដល់ទីនេះ គ្មានអ្នកណាចាប់អារម្មណ៍ថាទីភូមិតូចតាចនេះគឺជាតំបន់ប្រទាញប្រទង់បោកចំបាប់គ្នារវាងកងទ័ពនគរធំទាំងពីរ។
ហួយឈុនថាង គឺជាសំណាក់ពេទ្យតូចមួយនៅត្រើយខាងលិចភូមិឈីងសួយ។ ទីប្រជុំជននេះគឺជាទីកន្លែងដែលអ្នកខ្លាំងរស់នៅ ព្រោះតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសគឺមុខរបរជាគ្រូពេទ្យ។
មុខខ្មូតនិងគ្រាប់អង្កាំនិយាយប្រាប់ស៊ឺឈីថា មានមនុស្សជាច្រើនចង់ធាក់កម្ចាត់សំណាក់ពេទ្យនេះ ប៉ុន្តែសំណាងមានកញ្ចាស់ម៉ុកនៅ ដែលដើមឡើយជាទាហានរត់ចោលជួរម្នាក់របស់នគរសានយាន ទោះត្រឹមជាអម្បូរអាទិទេពថ្នាក់ទាប តែក៏មានមហិទ្ធិឫទ្ធិតិចតួចអាចទប់ទល់ជាមួយក្រុមជនអន្ធពាលទាំងនោះ។
រីឯវិជ្ជាពេទ្យរបស់ស៊ីវលូវិញគឺត្រឹមតែធម្មតាប៉ុណ្ណោះ ទើបពួកសំណាក់ពេទ្យធំៗមិនខ្ចីមកដណ្ដើមអ្នកជំងឺជាមួយហួយឈុនថាង។ ហេតុនេះ ការរកស៊ីរបស់ហួយឈុនថាងគឺកាក់កបល្មម គ្រប់គ្រាន់ចិញ្ចឹមជីវិតមនុស្សប្រាំនាក់។
ជាងពីរឆ្នាំកន្លងផុតទៅ ស៊ឺឈីនៅតែរូបរាងស្គមស្គៃដូចពីមុន ប៉ុន្តែគេមានកម្លាំងពេញហំយ៉ាងគួរឱ្យភ្ញាក់ផ្អើល៖ រែកទឹក ពុះឧស ដាំស្មៅថ្នាំ ហាន់ស្មៅថ្នាំ គេអាចបំពេញសព្វគ្រប់បែបយ៉ាងទាំងអស់។ អ្វីដែលពិសេសនោះគឺ គេមានការចងចាំដ៏អស្ចារ្យ។ មុខខ្មូតនិងគ្រាប់អង្កាំដើរតាមស៊ីវលូជាងដប់ឆ្នាំ ប៉ុន្តែនៅតែមិនអាចចងចាំឈ្មោះថ្នាំទាំងអស់បាន។ រីឯស៊ឺឈីវិញខុសពីពួកគេ មិនថាជារុក្ខជាតិឬស្មៅថ្នាំប្រភេទអ្វី ឱ្យតែស៊ីវលូពន្យល់ណែនាំប្រាប់គេតែម្ដង គេនឹងចងចាំមិនភ្លេច។
ជាយូរៗទៅ មិនថាទៅទីណាក៏ស៊ីវលូនាំគេទៅជាមួយ ព្រោះគេមានកម្លាំងមាំមួនល្អ មានការចងចាំល្អ ស្ងប់ស្ងាត់ស្ដីតិច និងងាយស្រួលប្រើប្រាស់ បង្គាប់អីធ្វើហ្នឹង!
ចំជាដៃគូល្អទុកស៊ុមគ្រលុំគ្នាធ្វើរឿងដុតផ្ទះសម្លាប់មនុស្សមែន ខឹកៗ!
យប់ឡើងបន្ទាប់ពីហូបបាយរួច មនុស្សទាំងប្រាំនាក់អង្គុយប្រជុំក្បាលគ្នា តាមសំណូមពរខ្នះខ្នែងរបស់មុខខ្មូតនិងគ្រាប់អង្កាំ ស៊ីវលូអង្គុយរាប់ប្រាក់សន្សំត្បិតត្បៀតរបស់ពួកគេដោយប្រុងប្រយ័ត្ន ដកដង្ហើមធំនិយាយថា៖ឲ
«នៅភូមិឈីងសួយនេះបុរសច្រើននារីតិច បើចង់រកមនុស្សស្រីម្នាក់ដេកជាមួយយូរៗម្ដង ចំណាយប្រាក់បន្តិចអាចទៅរកនៅបនស្រីបាន ប៉ុន្តែបើចង់រកមនុស្សស្រីដេកជាមួយរាល់ថ្ងៃគឺពិតជាពិបាកណាស់! សម្រាប់ពេលខ្លី ទៅរកស្រីបនអន់ចាយជាង… សម្រាប់យូរអង្វែង រៀបការប្រពន្ធទុកដេកជាមួយគឺសន្សំប្រាក់បានច្រើនជាង!»
មុខខ្មូតនិងគ្រាប់អង្កាំបញ្ឈរគ្រាប់ភ្នែកសម្លឹងស៊ីវលូ មុខមាត់ចាស់ជរារបស់កញ្ចាស់ម៉ុកជ្រួយក្រញ៉ូវចូលគ្នាដូចស្ពៃក្ដោប រីឯស៊ឺឈីបន្ទាបកែវភ្នែកចុះ បូញបបូរមាត់បន្តិច។
ស៊ីវលូងាកទៅសួរមុខខ្មូតនិងគ្រាប់អង្កាំ៖
«ពួកឯងទាំងពីរឥឡូវនេះប្រុងគិតយ៉ាងម៉េច? ចង់យូរៗបានដេកជាមួយម្ដង ឬក៏អត់ទ្រាំថែមប៉ុន្មានឆ្នាំទៀត ចាំសន្សំប្រាក់គ្រប់គ្រាន់ហើយនឹងអាលបានដេកជាមួយរាល់ថ្ងៃ?»
មុខខ្មូតបញ្ចេញពាក្យក្នុងចិត្ត៖
«ល្បងលូ! ប្រពន្ធមិនមែនទុកតែដេកជាមួយទេ!»
«ឯងខំអត់ស៊ីអត់ឃ្លានសន្សំប្រាក់មួយគំនរទៅដណ្ដឹងប្រពន្ធម្នាក់មក តែបែរជាមិនចង់ដេកជាមួយទេ?» ស៊ីវលូទះមួយដៃផាំង តុបាយស្ទើរតែប៉ើសឡើង។
«មិនមែនទេៗ ខ្ញុំចង់មានន័យថាមិនមែនទុកតែដេកជាមួយទេ អាចហូបបាយជាមួយគ្នា អាចនិយាយសាសងរកគ្នា អាចធ្វើជាមិត្តយល់ចិត្តគ្នា»
ស៊ីវលូមើលស្រាលភ្លែត៖
«ខ្ញុំនិងឯងហូបបាយជាមួយគ្នារាល់ថ្ងៃ និយាយគ្នាជាមួយឯង ធ្វើជាមិត្តរបស់ឯងដែរ ចុះហេតុអ្វីឯងនៅតែទាមទារចង់ការប្រពន្ធទៀត?»
«ព្រោះ… ព្រោះប្រពន្ធអាចដេកជាមួយគ្នា តែល្បងមិនអាចទេ!»
«អ៊ីចឹងការប្រពន្ធមិនមែនទុកដេកជាមួយទេហ្អេស?!»
មុខខ្មូតឱនមុខចុះចាញ់៖
«ណ្ហើយចុះ! ចាត់ទុកថាដើម្បីទុកដេកជាមួយទៅចុះ!»
មុខខ្មូតរហ័សបែរទៅចាប់ដៃរបស់គ្រាប់អង្កាំ ដាស់តឿនថា៖
«ឯងកុំស្ដាប់ល្បងលូនិយាយផ្ដេសផ្ដាស ខិតខំសន្សំប្រាក់ទៅ ប្រពន្ធប្រសើរជាងស្រីបនឆ្ងាយ មិនមែនទុកតែដេកជាមួយទេ!»
កញ្ចាស់ម៉ុកអស់សំណើចផងទះស្មាមុខខ្មូតថ្នមៗផង៖
«កុំបារម្ភអី! យើងនិងលោកប្អូនលូនឹងរកគ្រប់ប្រាក់ឱ្យពួកឯងទាំងពីរដណ្ដឹងប្រពន្ធ!»
មុខខ្មូតនិងគ្រាប់អង្កាំទៅបន្ទប់របស់ខ្លួនវិញ រីឯស៊ឺឈីក៏ត្រូវដេញទៅសម្រាកដែរ។
កញ្ចាស់ម៉ុកពិភាក្សាជាមួយស៊ីវលូ៖
«គ្រាប់អង្កាំនៅមិនទាន់ប្រញាប់ ប៉ុន្តែរឿងមង្គលការរបស់មុខខ្មូតមិនអាចពន្យាពេលទៀតទេ។ ឯងក៏ដឹងថាមុខខ្មូតពេញចិត្តកូនស្រីរបស់គ្រួសារកៅដែរមែនទេ? បើពួកយើងមិនឆាប់ចូលសុំស្ដីដណ្ដឹងរៀបការឱ្យគេទេ ចំណងនិស្ស័យមួយនេះនឹងរបូតបាត់មិនខាន។ ខ្ញុំគ្រោងឡើងព្រៃភ្នំមួយជើងដើម្បីស្វែងរកឱសថកម្រឬមានតម្លៃ ក្រែងលោខ្ញុំមានសំណាងអាចរកឃើញលីងជឺមួយមើមពីរមក…»
ស៊ីវលូគ្រវីដៃ៖
«ព្រៃភ្នំគឺជាមូលដ្ឋានទ័ពរបស់កងទ័ពស៊ឹងនុង លោកពូជាទាហានរត់ចោលជួររបស់សានយាន ទៅកាន់ទីនោះមិនដូចទៅរកស្លាប់ទេហ្អេស! ម៉្យាងទៀត លោកពូក៏មិនសូវស្គាល់ច្បាស់ពីស្មៅថ្នាំទាំងនោះដែរ… ទុកឱ្យខ្ញុំទៅវិញ!»
កញ្ចាស់ម៉ុកគិតមួយសន្ទុះ និយាយថា៖
«មេទ័ពសេនាប្រមុខកុងកុងរឹតបន្តឹងច្បាប់វិន័យកងទ័ពយ៉ាងតឹងរ៉ឹង ទាហានរបស់គេមិនដែលសម្លាប់ប្រជារាស្ត្រសាមញ្ញទេ ហេតុនេះ គ្មាននរណាម្នាក់ខ្លាចចួបទាហានស៊ឹងនុងទេ។ ប៉ុន្តែផ្ទុយទៅវិញ ទីប្រឹក្សាទ័ពជាន់ខ្ពស់ សាងលីវ កូនធម៌របស់គេទើបជាជនសែនគ្រោះថ្នាក់ពិបាកផ្គាប់ចិត្ត។ ឮអ្នកដទៃនិយាយថា គេគឺជាបិសាចសត្វចម្លែកក្បាលប្រាំបួន កើតមកមានជីវិតប្រាំបួន រហស្សនាមហៅថា ជីវម៉ីញ បិសាចកំណាចនោះកាចសាហាវយង់ឃ្នងខ្លាំងណាស់!»
[ជីវម៉ីញ: បិសាចជីវិតប្រាំបួន]
ស៊ីវលូអស់សំណើច៖
«ខ្ញុំទៅបេះស្មៅថ្នាំ មិនមែនទៅលួចស៊ើបស្ថានការណ៍សឹកឯណា។ កុំបារម្ភអី ទោះគេកាចសាហាវយង់ឃ្នងយ៉ាងណាក៏គេត្រូវតែគោរពតាមច្បាប់វិន័យកងទ័ពដែរ។ លើសពីនេះ សម្បត្តិតូចតាចដូចជាខ្ញុំ ម៉េចនឹងអាចមានឱកាសពើបប្រទះចួបមុខបុគ្គលធំដូចជា សាងលីវ!»
កញ្ចាស់ម៉ុកយល់ថាសមហេតុផល ច្បាំងសង្គ្រាមអស់កន្លះជីវិត គាត់មិនធ្លាប់ចួបសូម្បីមេកងទាហានថ្នាក់ទាបស៊ឹងនុង កុំថាឡើយដល់ទៅបុគ្គលធំសំខាន់ម្នាក់ ជីវម៉ីញសាងលីវ។ ហេតុនេះ កញ្ចាស់ម៉ុកមិនសូវជាព្រួយបារម្ភច្រើន គ្រាន់តែផ្ដែផ្ដាំស៊ីវលូឱ្យប្រយ័ត្នប្រយែងខ្លួន ទីកន្លែងណាដែលអាចចូលទៅចាំចូលទៅ ទីកន្លែងណាដែលជាតំបន់ហាមឃាត់ដាច់ខាតកុំចូលទៅឱ្យសោះ។ បើរកឱសថមានតម្លៃមិនបានទេ ក៏ឆាប់ត្រលប់មកផ្ទះវិញ រិះរកមធ្យោបាយផ្សេងទៀត។
ខ្លាចថាមុខខ្មូតនិងគ្រាប់អង្កាំដឹងរឿងនឹងរារាំងផ្លូវគេ ស៊ីវលូក៏សម្រេចចិត្តលាក់បាំងពួកគេទាំងពីរ រៀបចំអីវែអីវ៉ាន់រួចរាល់ មេឃភ្លឺស្រាងៗ ក៏រូតរះចេញដំណើរទៅ។
ស៊ីវលូដើរគ្រហឹមច្រៀងបណ្ដើរអង្គាមជើងមាន់របស់គេបណ្ដើរ។ នៅសុខៗនោះ មានអារម្មណ៍ថាមានអ្វីម៉្យាងខុសប្រក្រតី គេក៏ងាកក្រោយក្រឡេកមើល ឃើញថាស៊ឺឈីកំពុងដើរតាមពីក្រោយគេជាប់រហូតមកដោយស្ងាត់ៗ។
ស៊ីវលូបក់ដៃបណ្ដេញ៖
«លោកដើរតាមខ្ញុំធ្វើអី? ខ្ញុំឡើងភ្នំរកស្មៅថ្នាំ លោកឆាប់ទៅវិញទៅ!»
និយាយចប់ ស៊ីវលូឈានដើរទៅមុខបន្ត ស៊ឺឈីនៅតែដើរតាមគេពីក្រោយស្ងាត់ៗ មិនព្រមវិលទៅវិញ។
ដៃទាំងពីរច្រត់ចង្កេះ ស៊ីវលូដំឡើងសំឡេង៖
«អ្ហេ៎! ខ្ញុំប្រាប់លោកឱ្យឆាប់ទៅវិញណា៎ តើលោកមានឮដែរទេ?»
ស៊ឺឈីឈប់ជំហានជើង ឱនក្បាលចុះស្ងៀមស្ងាត់មិនស្ដី បង្ហាញពីការតាំងចិត្តយ៉ាងមោះមុតថានឹងដើរតាមស៊ីវលូរហូតដល់ទីបញ្ចប់មេឃដី។ ប្រហែលជាតាំងតែពីគ្រាចួបដំបូងមកម៉្លេះ ស៊ីវលូតែងតែអាណិតអាសូរដល់ស៊ឺឈី ទើបគេងាយនឹងទន់ចិត្តចំពោះមនុស្សម្នាក់នេះ។
«លោកជាទាហានរត់ចោលជួររបស់ស៊ឹងនុង?»
ស៊ឺឈីគ្រវីក្បាល។
«ឬមួយជាទាហានរបស់សានយាន?»
ស៊ឺឈីបន្តគ្រវីក្បាល។
«ឬក៏ជាឆ្មាំសម្ងាត់របស់កៅស៊ីង?» ស៊ឺឈីនៅតែបន្តគ្រវីក្បាល។
ស៊ីវលីញញឹមពព្រាយពោលថា៖
«បានហើយ តាមខ្ញុំឡើងភ្នំចុះ!»
ស៊ឺឈីឈោងដៃទៅចាប់ទាញកន្ត្រកអម្រែកស្ពាយនៅលើខ្នងរបស់ស៊ីវលូផ្ទេរមកស្ពាយទៅលើស្មារបស់ខ្លួនឯង ហើយជួយកាន់កន្ត្រកឫស្សីដាក់ចំណីចំណុករបស់ស៊ីវលូ។ ពេលស៊ីវលូអង្គាមជើងមាន់អស់ ស៊ឺឈីក៏ហុចកន្ត្រកឬស្សីទៅរកគេដោយស្ងាត់ៗ ស៊ីវលូចាប់យកកទាមួយមកអង្គាមបន្ត។ បន្ទាប់ពីអង្គាមកទាអស់ គេហៀបនឹងជូតដៃលើអាវគគ្រិចរបស់គេ ក៏ស្រាប់តែមានកន្សែងថ្មីស្អាតមួយហុចមកចំពោះមុខគេ។ ស៊ីវលូញញឹមពព្រាយ ឈោងដៃទទួលយក។ ស៊ឺឈីហុចទៅកាន់ស៊ីវលូឃ្លោកទឹកមួយដបទៀត ស៊ីវលូផឹកស្រាផ្លែឈើផ្អាប់មួយក្អឹក លាន់មាត់ត្រអើកខ្លាំងៗ មានអារម្មណ៍ថា ជីវិតនេះស្រស់ស្រាយអ្វីម៉្លេះទេ!
អ្នកទាំងពីរដើរអស់ពេញមួយថ្ងៃ លុះរហូតដល់ក្បាលព្រលប់ទើបឡើងទៅដល់ចង្កេះភ្នំ។
ស៊ីវលូរកកន្លែងមួយបិទបាំងខ្យល់ កៀកប្រភពទឹកដើម្បីសម្រាក។ បន្ទាប់មកស៊ីវលូបាចម្សៅពិសនៅជុំវិញ បង្កើតជាកងរង្វង់មួយ និយាយទៅស៊ឺឈី៖
«នៅលើភ្នំមានសត្វចម្លែកច្រើនណាស់ យប់ឡើងកុំចេញពីក្នុងរង្វង់នេះឱ្យសោះ។ ខ្ញុំទៅមាត់ស្រះដងទឹក លោកទៅរកឧសស្ងួតខ្លះមក។ ចាំណា៎! ត្រូវត្រលប់មកវិញមុនយប់ងងឹត!»
ស៊ីវលូទៅដងទឹក ឆ្លៀតពេលនោះបេះផ្សិតព្រៃនិងបន្លែព្រៃខ្លះមក។
ពេលដែលវិលមកវិញមិនឃើញស៊ឺឈី គេបម្រុងនឹងចេញទៅរកមើល ស្របពេលនោះក៏ឃើញស៊ឺឈីបង្ហាញខ្លួនមកជាមួយឧសស្ងួតមួយបាច់នៅលើខ្នងនិងសត្វលលកមួយក្បាលនៅក្នុងដៃ។
ស៊ីវលូសើចអរ៖
«លោកឆាប់បង្កាត់ភ្លើងទៅ ខ្ញុំនឹងចម្អិនម្ហូបដ៏ឆ្ងាញ់មួយមុខឱ្យលោក!»
ស៊ីវលូលាងជម្រះរោមសត្វលលក បន្ទាប់មកយកផ្សិតព្រៃនិងបន្លែព្រៃញាត់ចូលទៅក្នុងពោះលលក រោយអំបិលបន្តិច ស្រោចស្រាផ្លែឈើផ្អាប់ច្របាច់ឱ្យសព្វ វេចខ្ចប់ក្នុងស្លឹកឈើដ៏ធំមួយ បៀកភក់សើមរួចក៏យកទៅកប់នៅក្រោមឧសភ្លើងដែលកំពុងឆាបឆេះ។ បន្ទាប់មក គេក៏បែរទៅរើសដុំថ្មពីរបីដុំ យកមកតម្រៀបផ្គុំជាជើងចង្ក្រានមួយ ទាញចានដីឥដ្ឋចេញពីកន្ត្រកអម្រែកស្ពាយ ចម្អិនស៊ុបផ្សិតមួយចានជាមួយគ្រឿងក្នុងលលក។ ស៊ឺឈីអង្គុយស្ងៀមស្ងាត់ សម្លឹងធ្មឹងទ្រឹងទៅស៊ីវលូដែលកំពុងតែជាប់រវល់ទៅមកមិនឈប់។
កូរស៊ុបហ៊ុយៗជាមួយមែកឈើបណ្ដើរញញឹមបណ្ដើរ ស៊ីវលូនិយាយថា៖
«ខ្ញុំធ្លាប់រស់នៅតែម្នាក់ឯងនៅក្នុងព្រៃភ្នំជ្រៅអស់ជាច្រើនឆ្នាំ ធ្លាប់ភ្លក់រសជាតិសព្វគ្រប់បែបយ៉ាងទាំងអស់ ទាំងរបស់អាចហូបបានទាំងរបស់មិនអាចហូបបាន! ដើរតាមខ្ញុំ ធានាថាលោកបានហូបឆ្ងាញ់!»
មួយស្របក់ក្រោយមក ស៊ីលូចាប់គាស់ “សមិទ្ធផល” របស់គេចេញមក ស្រទាប់ភក់ដែលបៀកពីខាងក្រៅដុតខ្លោចក្រៀម ខ្មៅដូចធ្យូង។ ស៊ីវលូបោកទៅលើដីមួយទំហឹង សំបកភក់បែកខ្ចាយ ក្លិនឈ្ងុយឈ្ងប់សាយភាយឆួលច្រមុះ។ ស៊ីវលូហែកសាច់លលកជាបីចំណែក ខ្ចប់មួយចំណែកដាក់ទុកទៅក្នុងកន្ត្រកអម្រែកស្ពាយ ចែកចំណែកធំឱ្យទៅស៊ឺឈី៖
«ត្រូវតែហូបឱ្យអស់ណា៎ លោកស្គមខ្លាំងណាស់!»
ស៊ីវលូហូបចុកបុកទំពារចំណែករបស់គេបណ្ដើរសម្លឹងមើលស៊ឺឈីបណ្ដើរ។ នៅតែដូចជាសព្វដង គេហូបអាហារយ៉ាងមានសុជីវធម៌ ប្រៀបដូចជាគេកំពុងតែទទួលទានអាហារមានតម្លៃថ្លៃនៅលើតុពិធីជប់លៀងដ៏ប្រណិត។
ស៊ីវលូដកដង្ហើមធំ ស្រងេះស្រងោចចិត្ត៖
«ស៊ឺឈី មិនយូរមិនឆាប់លោកគង់តែចាកចេញទៅ!»
ស៊ឺឈីងើបមុខឡើងក្រឡេកមើលទៅស៊ីវលូ៖
«មិន… ទៅទេ!»
ស៊ីវលូញញឹមតិចៗ ហុតបង្ហើយទឹកស៊ុបផ្សិតមួយចាននៅក្នុងដៃ រួចទៅមាត់ទឹកលុបលាងមាត់និងលាងសម្អាតដៃ ចូលសម្រាកយកកម្លាំង។
ព្រះអាទិត្យរះស្រាងៗ ស៊ីវលូបើកភ្នែកភ្ញាក់ឡើង ក៏ឃើញស៊ឺឈីបានបង្កាត់ភ្លើងជាស្រេច ដាំទឹកពុះរួចរាល់។ ស៊ីវលូហែកសាច់លលកនៅសល់ពីយប់មិញជាចំណិតតូចៗ ដាក់ទៅក្នុងទឹកពុះធ្វើជាស៊ុប ចែកនំក្រៀបម្នាក់ពាក់កណ្តាលដែលយកមកហូបនៅតាមផ្លូវ។ ពួកគេទាំងពីរស្រស់ស្រូបនំបណ្ដើរហុតទឹកស៊ុបសាច់ក្ដៅៗបណ្ដើរ រួចរាល់សព្វគ្រប់ហើយ ក៏ពន្លត់រងើកភ្លើង បន្តដំណើរឡើងទៅលើភ្នំ។
ស៊ីវលូដើរនាំផ្លូវស៊ឺឈីទៅរុករកមើលស្មៅថ្នាំ លុះពេលដែលចួបប្រទះស្មៅថ្នាំកម្រឬមានតម្លៃ ពួកគេនឹងបេះដោយប្រុងប្រយ័ត្ន បោះដាក់ចូលទៅក្នុងកន្ត្រកអម្រែកស្ពាយ។
បីថ្ងៃក្រោយមក ពួកគេទាំងពីរបានដើរចូលជ្រៅទៅក្នុងទីព្រៃភ្នំ។ ស៊ីវលូឈមខ្លួនអង្គុយចុះ ខ្សែភ្នែកចាប់ភ្លឹកកាកលាមករបស់សត្វតូចមួយក្បាល ចិញ្ចើមចងចូលគ្នាកំពុងប៉ាន់ស្មានអ្វីមួយ។ ស៊ឺឈីស្ពាយរបស់របរទាំងឡាយរបស់អ្នកទាំងពីរនៅលើស្មាឈរស្ងៀមទ្រឹងសម្លឹងមើលទៅស៊ីវលូ។
មួយសន្ទុះស៊ីវលូក្រោកឈរឡើង បន្លឺថា៖
«លោករង់ចាំខ្ញុំនៅទីនេះ ខ្ញុំទៅរករបស់មួយ»
ស៊ឺឈីមិនងក់ក្បាល។ ស៊ីវលូដើរទៅមុខ គេក៏ដើរទៅមុខដែរ។
ស៊ីវលូសម្លក់ភ្នែក ស្រែកគំហក៖
«លោកបានសន្យាថានឹងស្តាប់សំដីខ្ញុំ! បើលោកនៅតែរឹងរូស ខ្ញុំនឹងមិនត្រូវការលោកទៀតទេ!»
ស៊ឺឈីមុខស្រងូតសម្លឹងមើលស៊ីវលូយ៉ាងស្ងៀមស្ងាត់ ពន្លឺព្រះអាទិត្យចាំងកាត់តាមមែកឈើនិងស្លឹកឈើ រះត្រចះមកលើស្លាកស្នាមសន្លាក់កាត់ទទឹកក្រោមជើងសក់របស់គេ ភាពសោកសៅកម្សត់ចិត្តរំលេចឡើងកាន់តែច្បាស់នៅក្នុងជម្រៅកែវភ្នែក។ ស៊ីវលូបាក់ទោរទន់ចិត្ត ឈានជើងដើរចូលទៅជិត មានបំណងចង់កាន់ដៃរបស់ស៊ឺឈី ប៉ុន្តែរំពេចនោះនឹកឃើញថា ស៊ឺឈីនៅមិនទាន់បើកចិត្តឱ្យអ្នកដទៃប៉ះពាល់រាងកាយរបស់គេនៅឡើយ ទើបគ្រាន់តែបែរមកទាញៗចុងដៃអាវរបស់គេ និយាយថ្នមៗថា៖
«ស៊ឺឈីឆ្លាតណាស់! ចេះស្តាប់បង្គាប់និងឧស្សាហ៍ព្យាយាម ខ្ញុំមិនបោះបង់ចោលលោកទេ! ខ្ញុំមិនចង់ឱ្យលោកទៅជាមួយខ្ញុំ មិនមែនខ្លាចមានគ្រោះថ្នាក់ទេ ប៉ុន្តែសត្វតូចនោះច្រមុះវៃ គ្រាន់តែធុំក្លិនចម្លែកបន្តិច វានឹងស្ទុះរត់វឹងទៅឆ្ងាយពាន់យោជន៍។ ខ្ញុំត្រូវប៉ាតលាមកលើខ្លួនប្រាណដើម្បីចូលទៅកៀកកិតវា តែលាមកសត្វនេះមានតិចតួចណាស់ គ្រប់គ្រាន់សម្រាប់ខ្ញុំតែម្នាក់! លោករង់ចាំនៅទីនេះសិនណា៎ បើមិនអាចដេញចាប់វាបានទេ ខ្ញុំនឹងឆាប់ត្រលប់មកវិញភ្លាម!»
ស៊ីវលូផ្អៀងក្បាលបន្តិច ព្រិចៗភ្នែកដាក់ស៊ឺឈី ញញឹមពព្រាយយកចិត្តយកថ្លើម នៅទីបំផុតស៊ឺឈីក៏ព្រមងក់ក្បាលចុះ។
ស៊ីវលូកើបលាមកមួយក្ដាប់ដៃឡើង មានចេតនាខិតជើងឈរឃ្លាតចេញពីរបីជំហាន បន្ទាប់មកយកវាមកប៉ាតពាតសព្វពេញខ្លួនប្រាណរបស់គេ ប៉ាតបណ្ដើរសួរបណ្ដើរ៖
«គួរឱ្យខ្ពើមរអើមណាស់មែនទេ? ប្រហែលជាតាំងពីតូចដល់ធំលោកមិនធ្លាប់ឃើញរូបភាពបែបហ្នឹង? តាមពិតទៅ មិនកខ្វក់អ្វីណាស់ណានោះទេ មានឱសថមានតម្លៃជាច្រើនសុទ្ធតែលាយផ្សំចេញពីលាមកសត្វ៖ វ៉ាងយៀកសាធ្វើពីលាមកសត្វទន្សាយ… ប៉ាយលីងសៀងធ្វើពីលាមកសត្វព្រាប… អ៊ូលីងជឺធ្វើពីលាមកសត្វប្រចៀវ…»
ស៊ីវលូងើបមុខឡើង ក៏ឃើញស៊ឺឈីឈរនៅក្បែរខ្លួនគេមិនដឹងតាំងពីពេលណា គេភ្ញាក់ព្រើតឈរឆ្កឹង ភ្លេចពាក្យពេចន៍បម្រុងនឹងស្ដី។ ស៊ឺឈីចាប់កាន់ដៃរបស់ស៊ីវលូថ្នមៗ រលាស់ដៃអាវរបស់ស៊ីវលូឱ្យត្រង់ផ្លី រួចមូរបត់ឡើងឱ្យរៀបរយ និយាយស្រាលស្រទន់៖
«ប្រយ័ត្នប្រយែង!»
ស៊ីវលូផ្ទុះសើចខឹកៗ៖
«ខ្ញុំធ្លាប់រស់នៅតែម្នាក់ឯងនៅក្នុងព្រៃភ្នំជ្រៅអស់ជាច្រើនឆ្នាំ។ ពេលដែលឃ្លានខ្លាំង ខ្ញុំថែមទាំងធ្លាប់លួចពងព្រាយពស់ថ្លាន់គោះស៊ីទៀតន៎! ចួបនឹងសត្វព្រៃកាចសាហាវ ក៏ខ្ញុំមិនខ្លាចដែរ! និយាយតាមត្រង់ទៅចុះ សត្វព្រៃកាចសាហាវប៉ុនណាក៏មិនគួរឱ្យខ្លាចដូចជាមនុស្សដែរ…»
ស៊ីវលូរឹតខ្សែក្រវាត់ចង្កេះ គ្រវីដៃរវៃៗលាស៊ឺឈីធ្វើដំណើរដោយរីករាយ៖
«ខ្ញុំទៅសិនហើយ!»
«ខ្ញុំ… រង់ចាំល្បង!»
ស៊ឺឈីឈរទ្រមឹងទ្រមើយនៅក្រោមដើមឈើ ខ្នងនិងស្មាតម្រង់ឡើងត្រង់ឆ្កឹង។
គ្មានអ្នកណាម្នាក់អាចរង់ចាំអ្នកណាម្នាក់ជារៀងរហូតឡើយ…
ស៊ីវលូញញឹមស្ងួត បន្ទាប់មកក៏រត់ពួយយ៉ាងលឿនចូលទៅក្នុងគុម្ពោតព្រៃជ្រៅ។
សត្វតូចដែលស៊ីវលូចង់ដេញចាប់នោះមានឈ្មោះថា ហ្វីវហ្វីវ វាមានរូបរាងដូចជាឆ្មា កន្ទុយវែងសក្បុស តែងតែត្រូវចាប់ធ្វើជាសត្វចិញ្ចឹមសំណព្វ ជួយលួងលោមបបោសអង្អែលមនុស្សឱ្យបំភ្លេចទុក្ខកង្វល់។ ពួកវង្សត្រកូលខ្ពង់ខ្ពស់ស្រលាញ់ថ្នាក់ថ្នមពពួកសត្វនេះខ្លាំងណាស់ ហេតុនេះពួកវាអាចលក់នៅក្នុងតម្លៃដ៏ខ្ពស់។ ហ្វីវហ្វីវមិនមែនជាសត្វកាចសាហាវតែពូកែហក់លោតផ្លោង ជាសត្វកំសាកប្រម៉ាត់តូច នៅពេលដែលវាប្រទះឃើញថាមានអ្វីមួយខុសឆ្គង វានឹងបោះពួយជើងលោតផ្លោងចេញទៅឆ្ងាយ ពិបាកដេញចាប់ណាស់។
មិនថាយ៉ាងណា ម្ដងនេះគូប្រកួតរបស់វាគឺ ស៊ីវលូ។
ហ្វីវហ្វីវចូលចិត្តបំផុតស្តាប់សំឡេងច្រៀងរបស់នារីក្រមុំវ័យក្មេង សំឡេងច្រៀងកាន់តែកម្សត់ទួញទុក្ខសោកសង្រេង កាន់តែងាយទាក់ទាញវា។ វានឹងចង់ចូលទៅជិតជួយលួងលោមបំបាត់ទុក្ខសោករបស់មនុស្សម្នាក់នោះ។ ហេតុនេះ ស៊ីវលូក៏រហ័សចេញដៃរៀបចំអន្ទាក់យ៉ាងល្អឥតខ្ចោះមួយ។
ស៊ីវលូលោតចូលទៅក្នុងស្រះទឹកប្រូង លាងជម្រះលាមករបស់ហ្វីវហ្វីវនៅលើខ្លួនប្រាណរបស់គេ បន្ទាប់មកតោងឡើងទៅលើច្រាំងថ្មកំបាក់ អង្គុយច្រត់ក្បាលជង្គង់ទាំងពីរ។ ដួងពន្លឺព្រះអាទិត្យជះកំដៅអាំងច្រាំងថ្ម ស៊ីវលូហាលសំដិលដួងពន្លឺព្រះអាទិត្យនៅលើខ្លួនប្រាណបណ្ដើរយកដៃជោកសក់ស្រាលៗបណ្ដើរ បន្លឺសំឡេងច្រៀងយ៉ាងស្រទន់៖
«បងជាខ្យល់នៅលើបឹង…
អូនជាផ្កាឈូកទៅក្នុងខ្យល់។
ចួបគ្នា អាល័យគ្នា…
ចួបគ្នា អាល័យគ្នា។
បងជាពពកនៅលើមេឃ…
អូនជាព្រះចន្ទនៅក្នុងពពក។
ស្រលាញ់គ្នា ស្រណោះគ្នា…
ស្រលាញ់គ្នា ស្រណោះគ្នា។
បងជាដើមឈើខ្ពស់នៅក្នុងព្រៃ…
អូនជាវល្លិ៍ឈើនៅលើព័ន្ធស្អិត។
នៅក្បែរគ្នា អាស្រ័យគ្នា…
នៅក្បែរគ្នា អាស្រ័យគ្នា។
បងជាបក្សីហោះនៅលើមេឃ…
អូនជាត្រីហែលនៅក្នុងទឹក។
បំភ្លេចគ្នា នឹកនាគ្នា…
បំភ្លេចគ្នា នឹកនាគ្នា។»
[ចម្រៀង: ចួបគ្នានាំអាល័យ; នារីជាភរិយាច្រៀងពោលទៅកាន់ស្វាមីជាទីស្រលាញ់។ មនុស្សដែលបានស្ដាប់ឮជាមនុស្សមាននិស្ស័យជាគូ ជាគូព្រេងឬគូកម្ម…។]
សំឡេងច្រៀងលន្លង់លន្លោច ទឹកដមថ្លាដូចជាជ្រោះ ពីរោះរណ្តំចិត្ត ភាពសោកសៅចាក់ទម្លុះក្រអៅបេះដូង។ ហ្វីវហ្វីវត្រូវសំឡេងច្រៀងអន្លោងចិត្តទាក់ទាញជាប់ ដំបូងវាលាក់ពួនខ្លួននៅក្នុងគុម្ពោតព្រៃ ពេលឃើញថាមិនមានសញ្ញាណគ្រោះថ្នាក់ ដោយក្ដីជម្រុញនៃសភាវគតិកើតចេញពីសេចក្តីអាណិតស្រលាញ់ចង់លុបបំបាត់ទុក្ខសោកនៅក្នុងចិត្តរបស់អ្នកដទៃ ធ្វើឱ្យវាទប់ទល់មិនបាន ហេតុនេះកាន់តែបោះជំហានខិតជិតបន្ដិចម្ដងៗស្រែកជិចៗ។
ស៊ីវលូសិតសក់ឱ្យរៀបរយ ចងបួងឡើងទៅខ្ពស់បណ្ដើរក្រឡេកមើលទៅហ្វីវហ្វីវបណ្ដើរ។ វាងើបមុខសម្លឹងមើលដោយកែវភ្នែកធំៗមូលក្រឡង់ ស្លូតបូតទៀងត្រង់ សែនគួរឱ្យស្រលាញ់ជាពន់ពេក បញ្ចេញសំឡេងស្រែកជិចៗគ្រវីកន្ទុយពណ៌សដ៏ធំរបស់វា បន្តិចក្រោយមកវាវិលដាំព័ន្ធជុំវិញជារង្វង់ ជើងតូចៗត្រដុសលើផ្ទៃដី ក្រញ៉ាំតូចៗទទះៗលើដើមទ្រូង ចង់សម្ដែងប៉ាហ៊ីញ៉ោះឱ្យស៊ីវលូសើច។
ស៊ីវលូដកដង្ហើមធំ ជិនណាយចិត្តព្រលែងអន្ទាក់ចេញ៖
«សត្វល្ងង់! ណ្ហើយចុះ ឯងឆាប់ទៅៗ! ខ្ញុំលែងចង់ចាប់ឯងយកទៅលក់យកប្រាក់ទៀតហើយ!»
ហ្វីវហ្វីវមើលទៅគេធ្វើមុខឆ្ងល់ស្រពេចស្រពិលជាខ្លាំង រំពេចនោះស្រាប់តែមានខ្យល់មួយមេបក់បោកមក សត្វឥន្រ្ទីយ៍យក្សដ៏ធំសម្បើមមួយក្បាល មានរោមសចំពុះលឿង ហោះបំបោលមកចង់ត្របាក់ស៊ីហ្វីវហ្វីវ។ មិនដឹងថាគេចខ្លួនទៅទីណា ក្នុងពេលមានគ្រោះថ្នាក់ ហ្វីវហ្វីវក៏ហក់លោតផ្លោងចូលទៅក្នុងដើមទ្រូងរបស់ស៊ីវលូ។
សត្វឥន្រ្ទីយ៍រោមសចំពុះលឿងនោះ បាញ់ខ្សែភ្នែកមាក់ងាយទៅស៊ីវលូ ឫកពារសម្ងើចនិងក្អេងក្អាងរបស់វាហាក់បីចង់និយាយថា៖ លោកតាយើងនេះចង់ស៊ីហ្វីវហ្វីវ! បើចង់រស់ចៀសចេញទៅម្ខាង!
ស៊ីវលូដឹងថា ដ្បិតសត្វឥន្រ្ទីយ៍រោមសចំពុះលឿងនេះនៅមិនទាន់តាំងសីល៍ប្រែជារូបរាងមនុស្ស ប៉ុន្តែវាប្រាកដជាអាចស្ដាប់យល់ភាសាមនុស្ស។
ស៊ីវលូដកមួយដង្ហើមវែង ឱនក្រាបថ្វាយបង្គំមួយឆ្វាយដៃ៖
«លោកឥន្រ្ទីយ៍! ខ្ញុំគ្មានបំណងចង់ល្មើសលើលោកទេ លោកក៏ដឹងដែរ ហ្វីវហ្វីវនេះពិបាកដេញចាប់ណាស់! បើមិនមែនខ្ញុំល្បួងវាចេញមកទេ លោកប៉ងចង់ស៊ីក៏ស៊ីមិនបានដែរ!»
សត្វឥន្រ្ទីយ៍ទទះស្លាបវាត់ឡើង ផ្ទាំងថ្មដ៏ធំនៅជាប់ម្ខាងផ្ទុះបែកខ្ទេចខ្ទីក្នុងមួយប៉ប្រិចភ្នែក ចំណាយពិឃាតបក់បោកសន្ធោសន្ធៅ។ ស៊ីវលូមិនហ៊ានឈានជើងថយក្រោយទេ គេដឹងថា រត់គេចគឺរឹតតែជម្រុញសត្វដ៏កាចសាហាវនេះវាយប្រហារផ្ដាច់ជីវិតចំណី។ ទោះសត្វឥន្រ្ទីយ៍នេះអាចស្ដាប់យល់ភាសាមនុស្ស ប៉ុន្តែសារជាតិសត្វកាចសាហាវរបស់វានៅតែមានដដែល។
ហ្វីវហ្វីវខ្ញាំក្រញ៉ាំក្រចកដៃយ៉ាងណែនទៅលើអាវរបស់ស៊ីវលូ ភ័យខ្លាចរួញក្រញ៉ង់ខ្លួនកប់ចូលទៅខាងក្នុង សង្ឃឹមថាវានឹងកាត់បន្ថយរូបរាងស្ថិតស្ថេរនៅទីកន្លែងនេះ។ ដៃម្ខាងឱបហ្វីវហ្វីវជាប់ ដៃម្ខាងទៀតសន្សឹមៗបង្ហុយម្សៅពិសគ្មានពណ៌គ្មានក្លិន ស៊ីវលូសម្លឹងមើលទៅសត្វឥន្រ្ទីយ៍នោះ សម្ដែងឫកពាលន់តួ មិនបង្កគ្រោះថ្នាក់៖
«លោកឥន្រ្ទីយ៍អង់អាចក្លៀវក្លាមិនអាចបំពាន និងមានមហិទ្ធិឫទ្ធិអស្ចារ្យ គ្រាន់តែក្រឡេកមើលភ្លាម ក៏ដឹងភ្លែតថាលោកគឺជាស្តេចឥន្រ្ទីយ៍ ម្ចាស់គ្រងវេហាស៍ ខ្ញុំកោតគោរពអស់ពីចិត្ត… តែនៅថ្ងៃនេះសូមអត់ទោសផង ខ្ញុំមិនអាចឱ្យលោកស៊ីហ្វីវហ្វីវបានទេ!»
សត្វឥន្រ្ទីយ៍រោមសចំពុះលឿងនោះ ផ្ទុះកំហឹងខឹងសម្បាចង់ផ្ដាច់ជីវិតចំណីនៅចំពោះមុខ ភ្លាមៗនោះវាស្រាប់តែមានអារម្មណ៍វិលមុខខ្ញាល់ ក្រញ៉ាំជើងបាក់កម្លាំងរេរា ប្រៀបដូចជាអារម្មណ៍ដែលវាធ្លាប់លួចផឹកស្រាកាលពីមុន ប៉ុន្តែលើកនេះមិនមែនស្រាទេ…
ខ្លួនប្រាណសត្វឥន្រ្ទីយ៍យោលយោកត្រឡប់ត្រឡិន ដួលកម្រោលចុះទៅលើដី។
ស៊ីវលូហៀបនឹងបោះពួយជើងរត់គេច ក៏ស្រាប់តែឮសូរសំឡេងសោះកក្រោះមួយបង្អុលចុះមកពីលើដើមឈើខ្ពស់៖
«ម៉ៅឈីវ! យើងបានប្រាប់ឯងច្រើនដងហើយថា ចិត្តមនុស្សសាហាវណាស់ ឥឡូវនេះបានភ្លឺភ្នែកហើយឬនៅ?»
បុរសម្នាក់នោះស្ថិតនៅក្នុងឈុតសម្លៀកបំពាក់សក្បុសភ្លឺចែងចាំង សក់ក្បាលសស្គុសវែងរសាយ កំពុងតែអង្គុយយ៉ាងរំភើយស្រាកស្រាន្តនៅលើមែកឈើខ្ពស់កប់សន្ធឹងមេឃមួយ ចោលភ្នែកសម្លឹងមើលទៅសត្វឥន្រ្ទីយ៍រោមសចំពុះលឿងនោះដោយទឹកមុខឡកឡឺយ។
ស៊ីវលូលួចស្រែកថ្ងូរឡើងនៅក្នុងចិត្ត៖ ម្ដងនេះវីវរធំហើយ!
គេប្រមូលកម្លាំងពេញមួយដៃចាប់បោះហ្វីវហ្វីវទៅកណ្តាលគុម្ពគុម្ពោតព្រៃ សង្ឃឹមថាភាពរហ័សរហួនពីកំណើត វានឹងអាចចៀសគេចផុត។
ប៉ុន្តែមិននឹកស្មានថា បន្ទាប់ពីរមៀលត្រឡប់ត្រឡិនប៉ុន្មានជុំ ហ្វីវហ្វីវបើកភ្នែកធំៗសម្លឹងមើលទៅបុរសនោះ ក្រាបខ្លួនចុះនៅលើដី ខ្លួនទាំងមូលញាក់ញ័រ សេចក្ដីក្លាហានរត់គេចរលាយបាត់។
បើឯងមិនរត់ស្រេចតែឯងចុះ! ខ្ញុំត្រូវរត់ប្រាសអាយុមុនសិនហើយ!
ស៊ីវលូគប់ថង់ម្សៅពិសខ្ចាត់ខ្ចាយទៅលើខ្លួនបុរសសម្លៀកបំពាក់សនោះ ប៉ុន្តែមុនពេលដែលអង្កុញជើងរត់គេចចេញទៅ បុរសនោះក៏ស្រាប់តែប្រែកាឡាប្រាកដខ្លួនឡើងឆ្វាច់ ឈររារាំងនៅចំពោះមុខគេយ៉ាងបន្លាចមនុស្ស។ ស៊ីវលូគប់ថែមថង់ម្សៅពិសមួយទៀតចេញទៅ បុរសនោះគ្រាន់តែចងចិញ្ចើមចុះបន្តិច រលាស់សម្អាតលម្អងធូលីនៅលើអាវ និយាយយ៉ាងធុញទ្រាន់៖
«បើឯងនៅតែគប់របស់ផ្ដេសផ្ដាសនេះធ្វើឱ្យប្រឡាក់អាវយើង យើងនឹងកាត់ដៃរបស់ឯងចោល!»
ស៊ីវលូរហ័សដកដៃត្រលប់ទៅវិញភ្លាមៗ មនុស្សម្នាក់នេះមានមហិទ្ធិឫទ្ធិខ្លាំងក្លាណាស់ ម្សៅពិសឬម្សៅសណ្ដំធម្មតាមិនអាចធ្វើអ្វីគេបានឡើយ។
ស៊ីវលូដឹងថាខ្លួនមិនអាចវាយឈ្នះ គ្មានជម្រើសអ្វីផ្សេង ក្រៅពីទាល់ច្រកលុតជង្គង់ចុះ អង្វរករសុំទុកជីវិត។
ស៊ីវលូក្រាបខ្លួននៅលើដី ទឹកភ្នែកទឹកសម្បោរហូរហៀរកក្លាក់៖
«ជម្រាបលោកម្ចាស់! ខ្ញុំគឺជាគ្រូពេទ្យសម្រែនៅភូមិឈីងសួយ! ថ្ងៃនេះឡើងភ្នំ ចង់ស្វែងរកឱសថមានតម្លៃយកទៅលក់ដូរប្រាក់តិចតួច ធ្វើជាបណ្ដាការដណ្ដឹងប្រពន្ធឱ្យប្អូនប្រុសទាំងពីរនៅឯផ្ទះ…»
បុរសនោះអង្អែលដៃលើរោមសត្វឥន្រ្ទីយ៍សនៅក្បែរខ្លួន៖
«ថ្នាំបន្សាប!»
ស៊ីវលូលុតជង្គង់នៅលើដី លូនជើងទៅមុខ លើកដៃទាំងពីរឡើងទៅខ្ពស់ ថ្វាយថ្នាំបន្សាប។
បុរសនោះបញ្ចុកថ្នាំបន្សាបចូលមាត់ឥន្រ្ទីយ៍ រួចហើយឱនផ្ទៃមុខចុះក្រឡេកមើលទៅស៊ីវលូ៖
«បក្សីជំនិះរបស់យើងធ្លាប់ស៊ីពស់វែកអាសិរពិសរាប់ពាន់ក្បាល សូម្បីតែពិសរបស់ព្រះគ្រូល្បីល្បាយនៅរាជធានីសានយានក៏មិនអាចធ្វើអ្វីវាបានដែរ។ មិននឹកស្មានថា មនុស្សសម្រែបាតផ្សារម្នាក់នៅភូមិឈីងសួយអាចផ្ដួលវាបាន!»
ស៊ីវលូមានអារម្មណ៍ញាក់ញ័រព្រឺដល់ឆ្អឹងខ្នង លើកដៃឡើងថ្វាយបង្គំ និយាយថា៖
«គ្រាន់តែជាស្នៀតឆ្មាចាប់ស៊ីត្រីអាំងប៉ុណ្ណោះ ខ្ញុំត្រឹមតែជាមនុស្សល្ងង់ខ្លៅម្នាក់! ខ្ញុំមិនហ៊ានកុហកលោកម្ចាស់ទេ ខ្ញុំគឺពិតជាគ្រូពេទ្យសម្រែម្នាក់រស់នៅចិញ្ចឹមជីវិតនៅភូមិឈីងសួយ ជំនាញព្យាបាលជំងឺគ្មានកូនឱ្យស្ត្រីភេទ។ សំណាក់ពេទ្យរបស់ខ្ញុំឈ្មោះ ហួយឈុនថាង នៅត្រើយខាងលិចភូមិឈីងសួយ។ បើប្រពន្ធដើមប្រពន្ធចុងរបស់លោកម្ចាស់មិនអាចសម្រាលកូនបានទេនោះ…»
ទាហានតូចមួយក្រុមរត់សំដៅចូលមកដល់ ឱនក្រាបចុះគោរពបុរសសម្លៀកបំពាក់សនោះ៖
«លោកមេទ័ព!»
បុរសនោះធាក់ស៊ីវលូមួយជើងរមៀលចេញទៅខាងមុខ៖
«ចងយកទៅ!»
«បាទទាន!»
កូនទាហានពីរនាក់ភ្លាមៗនោះស្ទុះចូលមកចាប់ចងស៊ីវលូយ៉ាងតឹងផ្អឹសជាមួយខ្សែចំណងសរសៃគោកម្រាស់ប៉ុនម្រាមដៃ។ ស៊ីវលូដកដង្ហើមធូរស្រាល ព្រោះដឹងថាមនុស្សទាំងនេះគឺជាកងទ័ពជ្រោងទង់សច្ចៈស៊ឹងនុង ថ្វីដ្បិតតែអធិរាជហ័ងទីចាត់ទុកកុងកុងជាសត្រូវសជាតិ ក៏ប៉ុន្តែកុងកុងគឺជាកំពូលមេទ័ពកាន់ខ្ជាប់សច្ចៈធម៌មោះមុត។ ជាងរាប់រយឆ្នាំមកនេះ កងទ័ពរបស់គេមិនដែលបៀតបៀនប្រជារាស្ត្រសាមញ្ញឡើយ។ ស៊ីវលូជឿជាក់ចិត្តថាអ្វីដែលគេនិយាយសុទ្ធតែជាការពិត។ ដរាបណាពួកគេស៊ើបបានច្បាស់លាស់ ពួកគេនឹងដោះលែងស៊ីវលូចេញជាមិនខាន។
ប៉ុន្តែបុរសម្នាក់នោះគឺពិតជាគួរឱ្យខ្លាចព្រឺព្រួចណាស់… ស៊ីវលូលួចដៀងភ្នែកក្រឡេកមើលទៅគេ បុរសសម្លៀកបំពាក់សនោះកំពុងតែយកចិត្តទុកដាក់មើលថែសត្វឥន្រ្ទីយ៍របស់គេ។
ថ្នាំបន្សាបមានប្រសិទ្ធភាពឆាប់រហ័ស មិនយូរប៉ុន្មានសត្វឥន្រ្ទីយ៍រោមសចំពុះលឿងនោះវិលមករកប្រក្រតីធម្មតាវិញ។ ចំណែកឯហ្វីវហ្វីវកំសាកកំពុងតែរួញក្ដោបរញីរញ័រ ក្រាបនៅលើដី។
ស៊ីវលូញញឹមបង្ខំចិត្ត សុំក្ដីមេត្តា៖
«សូមលោកម្ចាស់លើកលែងឱ្យហ្វីវហ្វីវផងទៅចុះ!»
បុរសនោះធ្វើពុតជាស្ដាប់មិនឮ ផ្តោតអារម្មណ៍អង្អែលដៃថ្នមៗលើរោមបក្សីជំនិះរបស់ខ្លួន។ សត្វឥន្រ្ទីយ៍នោះស្ដារកម្លាំងពេញហំ ត្រដាងស្ទាបក្រោកឈរឡើង ស្ទុះហក់សម្រុកទៅរកហ្វីវហ្វីវ ហែកជម្រៀកសាច់កូនសត្វដ៏កម្សត់នោះដោយក្រញ៉ាំមុតស្រួចរបស់វា។ សម្រែកស្រែកដ៏គួរឱ្យសង្វេគមួយបន្លឺឡើងចចាច បន្ទាប់មកស្លាប់ទៅយ៉ាងអាណោចអាធម្ម។ ស៊ីវលូឱនឈ្ងោកមុខចុះ រោមសត្វពណ៌សប្រឡាក់ឈាមស្រស់រហើរធ្លាក់ចុះលើកំពូលស្បែកជើងរបស់គេ។
រង់ចាំសត្វឥន្រ្ទីយ៍ស៊ីហ្វីវហ្វីវរួចរាល់ បុរសនោះចេញបញ្ជាឱ្យទាហានវិលទៅកាន់ជំរំវិញ។
ស៊ីវលូបិទភ្នែកទម្រេតចុះ តាំងចិត្តមិនសម្លឹងអ្វីទាំងអស់។ ផ្អែកតាមសូរសំឡេងសន្ទនានៅជុំវិញ គេអាចប៉ាន់ស្មានដឹងថាទីកន្លែងនេះគឺជាជំរំទ័ពតូចមួយ ប្រហែលជាជំរំទ័ពឈរជើងជាបណ្ដោះអាសន្ន។
ស៊ីវលូត្រូវចាប់បោះទៅលើដីយ៉ាងខ្លាំង សំឡេងសោះកក្រោះរបស់បុរសនោះបន្លឺចូលត្រចៀករបស់គេ៖
«ត្រចៀកវៃគ្រោះថ្នាក់ជាងខ្សែភ្នែកមុតច្រើនណាស់!»
ស៊ីវលូបើកភ្នែកភ្លឹសឡើង ពីត្រង់មុំចំណុចរបស់គេប្រដេញឡើងទៅលើ បានត្រឹមតែអាចមើលឃើញផែនខ្នងរបស់បុរសនោះប៉ុណ្ណោះ។
«ខ្ញុំរស់នៅភូមិឈីងសួយអស់ជាងម្ភៃឆ្នាំមកហើយ ពួកលោកទៅស៊ើបមើលតែបន្តិចនឹងដឹងច្បាស់ភ្លាម!»
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ