បុរសនោះមិនខ្ចីរវីរវល់មកលើស៊ីវលូ គេដោះអាវក្រៅរបស់គេចេញ អង្គុយនៅលើកៅអីមុខតុធំ ពិនិត្យមើលរបាយការណ៍សឹករបស់គេ។ លុះខណៈនោះទើបស៊ីវលូអាចមើលឃើញរូបរាងរបស់គេយ៉ាងច្បាស់។ សក់ពណ៌សរបស់គេរសាយដូចជាពពកអណ្តែតត្រសែត មិនបួងសក់ឡើង គ្រាន់តែប្រើខ្សែចំណងពណ៌គុជបៃតង ប្រមូលសក់ធ្លាក់រ៉ាយប៉ាយបត់ចងទៅក្រោយ។ គ្រប់ចំណុចនីមួយៗនៅលើផ្ទៃមុខរបស់គេរស់រវើកយ៉ាងមានមន្តសណ្ដំ។ មនុស្សទាំងមូលពេញមួយតួខ្លួនរបស់គេក៏រៀបរយស្អាតបាតចម្លែកយ៉ាងមានមន្តសណ្ដំអន្ទោងវិញ្ញាណយ៉ាងនេះដែរ។
នៅពេលនេះ ដៃរបស់គេកំពុងតែកាន់របាយការណ៍សឹកមួយច្បាប់ កំណួចខ្សែភ្នែករបស់គេផ្ទុកភាពមើលស្រាលលាយឡំនឹងភាពអាក្រក់បន្តិច។ ហាក់ដូចជាប្រទះឃើញថា ស៊ីវលូកំពុងលួចសម្លឹងមើលគេ គេនៅស្ងាត់ៗច្រិមច្រុមបបូរមាត់កោងបន្ដិច ងាករេកែវភ្នែកពេជ្ឈឃាដបាញ់ទៅរកស៊ីវលូ។ ខ្លួនប្រាណរបស់ស៊ីវលូឡើងត្រជាក់ស្រេបព្រឺសម្បុរខ្ញាកៗ គេរហ័សបិទភ្នែកជិតទៅវិញខ្វាច់។
កាលពីតូច គេធ្លាប់ចួបប្រទះកែវភ្នែកនេះនៅក្នុងក្រសែភ្នែកទាំងគូរបស់មេបិសាចកំណាច(មេបិសាចកំណាចស៊ីវ៉ូ កំពូលមេទ័ពនគរស៊ឹងនុង បានស្លាប់ក្នុងសង្គ្រាមស៊ឹងនុងវាយចាញ់សានយាន)ដ៏ល្បីល្បាញក្រោមមេឃនេះ។ មានតែជនដែលធ្លាប់ជាន់ជើងលើគំនរសាកសពនិងឆ្អឹងលលាដ៍ក្បាលមនុស្សរាប់មិនអស់ទើបអាចមានកែវភ្នែកគួរឱ្យខ្លាចញញើតបែបនេះ។
ស៊ីវលូទាយដឹងពីសាវតារបស់បុរសនោះ។
គេគឺ ជីវម៉ីញសាងលីវ បិសាចជីវិតប្រាំបួន ដែលជាកំពូលឃាតករឈាមត្រជាក់គ្មានគូប្រៀបលើលោក។
[សម្រាយ៖ នៅក្នុងព្រេងនិទានទេវកថា “ភ្នំនិងសមុទ្រ”៖ សាងលីវ គឺជាកំពូលមេទ័ពធំមួយក្នុងចំណោមកំពូលមេទ័ពធំទាំងដប់នាយុគសម័យអាទិទេពនោះ (រួមទាំងស៊ីវ៉ូ)។]
ដៃជើងត្រូវចងក្របួចយ៉ាងតឹងមិនអាចធ្វើចលនាបាន។ ស៊ីវលូស្ពឹកស្រពន់និងឈឺចុករោយពេញខ្លួន។ រហូតដល់ពេលយប់ទើបឃើញមានកូនទាហានលើកអាហារចូលមកក្នុងជំរំ។ សាងលីវហូបអាហាររបស់គេដោយស្ងៀមស្ងាត់។ ស៊ីវលូឃ្លានផងស្រេកផង ប៉ុន្តែនៅលើទឹកមុខសាងលីវមិនឃើញមានសញ្ញាបង្ហាញថាចង់ឱ្យអាហារទៅស៊ីវលូហូបខ្លះនោះទេ។ ហេតុនេះ ស៊ីវលូមានតែខំអត់ទ្រាំបង្វែរខ្លួនរបស់គេសម្លឹងទៅរកទីកន្លែងផ្សេង។
ស៊ីវលូនឹកគិតថា ស៊ឺឈីពេលនេះប្រាកដជាកំពុងតែដើរតាមរកខ្លួន គេមិនអាចតាមរកឃើញដល់ទីកន្លែងនេះឡើយ។ នោះគេប្រហែលជាវិលត្រលប់ទៅភូមិឈីងសួយវិញបាត់ទៅហើយ។
បន្ទាប់ពីហូបអាហារពេលយប់រួច សាងលីវគេងផ្អែកលើបង្អែកគ្រែសម្រាកយកកម្លាំង ម្រាមដៃរលាត់បើកទំព័រសៀវភៅធ្វើពីសូត្រ។ មានទាហានម្នាក់ចូលមករាយការណ៍ ឆ្មាំម្នាក់យកបន្ទះគុជមួយបន្ទះគោរពប្រគល់ឱ្យទៅសាងលីវ រួចក៏ដកថយចេញទៅយ៉ាងលឿន។ បន្ទាប់ពីពិនិត្យមើលរួច សាងលីវក្រឡេកមួយជុំហើយសម្លឹងត្រង់ទៅស៊ីវលូ ទ្រឹងជញ្ជឹងគិតយ៉ាងស៊ីជម្រៅ។
ស៊ីវលីប៉ាន់ស្មានដឹងថា បន្ទះជាគុជនោះប្រាកដជាមានការពាក់ព័ន្ធជាមួយខ្លួន គិតគូរដូច្នោះ គេញញឹមពព្រាយ៖
«លោកម្ចាស់! អ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិត សូមដោះលែងខ្ញុំទៅផ្ទះវិញទៅ សាច់ញាតិរបស់ខ្ញុំកំពុងទន្ទឹងរង់ចាំផ្លូវយ៉ាងអន្ទះសា!»
សាងលីវបន្លឺសំឡេងត្រជាក់ល្អូក៖
«យើងគ្រាន់តែជឿលើញាណវិនិច្ឆ័យរបស់យើងតែប៉ុណ្ណោះ! ឯងជាអ្នកណា?»
ស៊ីវលីបើកគ្រាប់ភ្នែកមូលក្លំ ផ្លាស់ប្តូរសូរសំឡេង៖
«ខ្ញុំគឺវិនស៊ីវលូ! គ្រូពេទ្យសម្រែនៅភូមិឈីងសួយ!»
សាងលីវសម្លឹងមើលទៅស៊ីវលូដោយក្ដីមន្ទិល ម្រាមដៃរបស់គេគោះតិចៗទៅលើគែមគ្រែ។ ស៊ីវលូភ្លាមៗនោះតក់ស្លុតញាក់ញ័រពេញខ្លួន សភាវគតិភ័យខ្លាចមួយកើតមានឡើងនៅពេលដែលធុំក្លិនចំហាយពិឃាត។
ស៊ីវលូយល់យ៉ាងច្បាស់ថា សាងលីវគ្មានពេលវេលាវែកញែកប្រភពរបស់ខ្លួននោះទេ វិធីសាមញ្ញបំផុតនិងមានប្រសិទ្ធភាពបំផុតដែលគេតែងតែប្រើប្រាស់ដោះចំណោទបញ្ហាគ្រប់យ៉ាងនោះគឺ វិធីដែលឆក់យកជីវិតរបស់ហ្វីវហ្វីវ។
នៅពេលដែលសេចក្ដីស្លាប់កៀកបង្ហើយ ស៊ីវលូងាកខ្វាច់ដាំដូងត្រលប់ខ្លួនចៀសចេញទៅម្ខាង គេភិតភ័យរញីរញ័រខ្លួន និយាយបង្ហាញភាពស្អាតស្អំ៖
«លោកម្ចាស់! ខ្ញុំគឺពិតជាវិនស៊ីវលូមែន! អាចថាខ្ញុំមិនមែនជាវិនស៊ីវលូដ៏សាមញ្ញ ប៉ុន្តែខ្ញុំមិនធ្លាប់មានបំណងអាក្រក់លើកងទ័ពជ្រោងទង់សច្ចៈរបស់លោកមេទ័ពសេនាប្រមុខកុងកុងនោះឡើយ! ខ្ញុំមិនមែនជាមនុស្សរបស់សានយាន មិនមែនជាមនុស្សរបស់កៅស៊ីង មិនមែនជាមនុស្សរបស់ស៊ឹងនុង! ខ្ញុំគ្រាន់តែជា…»
ស៊ីវលូស្រាប់តែឈប់សម្ដីនៅទ្រឹង តាមពិតទៅ គេពិតជាចង់ដឹងណាស់ថា គេជាអ្នកណាឱ្យប្រាកដទៅ…
ស៊ីវលូខំប្រឹងងើយក្បាលរបស់ខ្លួនឯងឡើងទៅខ្ពស់ ដើម្បីឱ្យសាងលីវអាចមើលឃើញទឹកមុខរបស់គេយ៉ាងច្បាស់ភ្នែក៖
«ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលត្រូវបោះបង់ចោល! ខ្ញុំគ្មានលទ្ធភាពការពារខ្លួនឯង គ្មានទីពឹងពុំនាក់ គ្មានទីកន្លែងជ្រកកោន… ហេតុនេះទើបខ្ញុំសម្រេចចិត្តធ្វើជា វិនស៊ីវលូ រស់នៅចិញ្ចឹមជីវិតនៅភូមិឈីងសួយ បើសិនជាលោកម្ចាស់អនុញ្ញាត ខ្ញុំប្រាថ្នាពេញមួយជីវិតនេះអាចធ្វើជា វិនស៊ីវលូ!»
សាងលីវភ្លឹកភ្នែកទ្រឹងជញ្ជឹងមើលស្លឹងទៅស៊ីវលូយ៉ាងស្ងប់ស្ងាត់ ស៊ីវលូមិនហ៊ានកម្រើក ញើសបែកហូរពេញលើថ្ងាសសស្រាក់ រលកទឹកភ្នែកជន់កប់កែវភ្នែក។
សម្បកស្នូកបេះដូងដែលរឹងមាំអស់ជាច្រើនសិបឆ្នាំមកនេះ ទីបំផុតត្រូវបង្ខំចិត្តវាយបំបែកធ្លុះធ្លាយ។
[…គ្មានលទ្ធភាពការពារខ្លួនឯង គ្មានទីពឹងពុំនាក់ គ្មានទីកន្លែងជ្រកកោន… ព្រោះតែពាក្យទាំងនេះ ធ្វើឱ្យមនុស្សម្នាក់ចងចាំអស់មួយជីវិត ប្រើជីវិតចុងក្រោយតាមបំពេញដើម្បីមនុស្សម្នាក់ទៀត។]
បន្តិចក្រោយមក សាងលីវបោះសម្ដីព្រងើយថា៖
«ចង់រស់ ធ្វើការឱ្យយើង!»
ស៊ីវលូបើកភ្នែកធំក្រឡោត។
សាងលីវផ្លុំពន្លត់ភ្លើងទៀន៖
«ទុកពេលឱ្យឯងគិតមួយយប់!»
ស៊ីវលូបើកភ្នែកធំៗ ងឿងឆ្ងល់មិនដាច់។
នៅព្រឹកថ្ងៃបន្ទាប់ សាងលីវស្លៀកពាក់បណ្ដើរសាកសួរបណ្ដើរ៖
«គិតច្បាស់ហើយឬនៅ?»
ស៊ីវលូឆ្លើយយ៉ាងខ្ជិលច្រអូស៖
«ខ្ញុំកំពុងនៅគិតនៅឡើយ! ខ្ញុំស្រេកទឹកខ្លាំងណាស់ ខ្ញុំចង់ផឹកទឹក!»
សាងលីវញញឹមស្ងួត ឈានដើរចេញពីជំរំ។
«អូសចេញមក!»
កូនទាហានពីរនាក់ចាប់ស៊ីវលូអូសចេញទៅក្រៅ បោះទៅលើដី។ សាងលីវចេញបញ្ជាយ៉ាងត្រជាក់ល្អូកថា៖
«វាយម្ភៃរំពាត់!»
ទណ្ឌកម្មរំពាត់នៅក្នុងជួរកងទ័ពសូម្បីតែទាហានបិសាចក៏ត្រូវខ្លាចរអាដែរ។ នោះគឺបង្ហាញថាទណ្ឌកម្មនេះឈឺចាប់ខ្លាំងប៉ុនណា។ ជាងនេះទៅទៀត កម្លាំងដៃរបស់មេកងដែលអនុវត្តទោសស្ថិតនៅក្រោមការបញ្ជារបស់សាងលីវពិតជាគួរឱ្យខ្លាចខ្លាំងណាស់ គេធ្លាប់វាយទាហានបិសាចពាន់ឆ្នាំម្នាក់រហូតដល់ស្លាប់បែកខ្ញែកព្រលឹង ដោយគ្រាន់តែវាត់មួយរយម្ភៃរំពាត់ក្នុងមួយធ្មេចភ្នែក។
រំពាត់ខ្សែតីនោះធំដូចជាកន្ទុយគោ វាត់ហើរឡើងទៅលើអាកាស ទម្លាក់ចុះមកលើខ្នងរបស់ស៊ីវលូ ស៊ីវលូឈឺឆុរឆេវផងស្រែកលាន់ផង៖
«ខ្ញុំគិតច្បាស់ហើយ ខ្ញុំគិតច្បាស់ហើយ…»
បន្ទាប់ពីវាយម្ភៃរំពាត់ សាងលីវសម្លឹងមុខស៊ីវលូ សួរថា៖
«គិតច្បាស់លាស់ហើយមែនទេ?»
ស៊ីវលូដកដង្ហើមត្រហេបត្រហប៖
«គិតច្បាស់លាស់ហើយ ខ្ញុំយល់ព្រម ប៉ុន្តែមានលក្ខខណ្ឌបី»
«វាយថែមម្ភៃរំពាត់ទៀត!»
រំពាត់ខ្សែតីវាត់ទម្លាក់ចុះបន្ត ស៊ីវលូស្រែកយ៉ាងពើតចាប់ឈឺផ្សា៖
«លក្ខខណ្ឌពីរ! លក្ខខណ្ឌពីរក៏បាន! អូ៎យ! ទេៗ…លក្ខខណ្ឌតែមួយបានហើយ…»
បន្ទាប់ពីវាត់ម្ភៃរំពាត់បន្តចប់ ឈាមក្រហមស្រស់ស្រោចលើខ្នងអាវរបស់ស៊ីវលូ ខ្លួនប្រាណទាំងមូលរបស់គេឈឺចុកចាប់ញាក់ញ័រទទ្រាក់។ សាងលីវបើកក្រសែភ្នែកត្រជាក់ល្អូកសម្លឹងស៊ីវលូ សង្កិនសួរថា៖
«នៅមានលក្ខខណ្ឌទៀតទេ?»
ញើសហូរពេញថ្ពាល់ទាំងសងខាង ឈាមហូរពេញបបូរមាត់ខាំដាច់ ស៊ីវលូលែងនៅមានកម្លាំងនិយាយពាក្យឱ្យពេញលេញ៖
«លោក… បើទោះជាលោកវាយខ្ញុំ… រហូតដល់ស្លាប់… ក៏ខ្ញុំនៅតែមាន… លក្ខខណ្ឌមួយដែរ!»
សាងលីវច្បិចជ្រុងបបូរមាត់កោងបន្តិច ស្នាមញញឹមត្រជាក់ល្អូកដូចទឹកកក៖
«និយាយទៅ!»
«ខ្ញុំ… ខ្ញុំ… ដាច់ខាតមិនចាកចេញពីភូមិឈីងសួយនេះទេ!»
ស៊ីវលូទាយដឹងថា សាងលីវបានកត់សម្គាល់ឃើញពីទេពកោសល្យខ្លាំងពូកែពិសរបស់គេ បើគេតាំងចិត្តមិនចាកចេញពីភូមិឈីងសួយនេះទេ នោះសាងលីវនឹងមិនអាចបង្គាប់បញ្ជាគេឱ្យទៅដាក់ថ្នាំបំពុលមេទ័ពរបស់នគរសានយាន ឬប្រើពិសគំរាមកំហែងដល់វង្សត្រកូលខ្ពង់ខ្ពស់នៅនគរកៅស៊ីង។ ជាក់ស្ដែង សាងលីវក៏មើលធ្លុះចិត្ដគំនិតរបស់ស៊ីវលូ ហេតុនេះគេគិតតែពីសម្លឹងស្លុងស៊ីវលូមិនដាក់។
លើកនេះ ស៊ីវលូមិនបង្ហាញភាពភ័យខ្លាចឬកំសាកដូចមុន គេសម្លឹងចំមុខរបស់សាងលីវហាក់បីចង់បញ្ជាក់ប្រាប់គេថា៖ បើលោកមិនទទួលយកលក្ខខណ្ឌនេះទេ អ៊ីចឹងវាយខ្ញុំឱ្យស្លាប់ទៅចុះ!
មួយសន្ទុះក្រោយមក សាងលីវបន្លឺសំឡេងឡើង៖
«បាន!»
ស៊ីវលូត្រូវគ្រាហ៍ចូលទៅក្នុងជំរំវិញ គ្រូពេទ្យទាហានទាញហែកសម្លៀកបំពាក់ចេញដើម្បីលាបថ្នាំនៅលើខ្នងរបស់គេ។ សាងលីវឈរនៅខាងក្រៅជំរំ សម្លឹងមើលយ៉ាងត្រជាក់ល្អូក។ ស៊ីវលូដេកផ្ដាប់មុខស្ដូកនៅលើកម្រាល ទុកឱ្យគ្រូពេទ្យព្យាបាលរបួសឱ្យគេ។ ក្រោយពេលលាបថ្នាំរួច គ្រូពេទ្យនាំគ្នាចាកចេញទៅវិញ សាងលីវនិយាយបន្តឡើងថា៖
«ឯងចាំតែផ្សំថ្នាំដែលយើងត្រូវការ ឯងអាចរស់នៅភូមិឈីងសួយធ្វើជាគ្រូពេទ្យរបស់ឯងបន្តទៀត ប៉ុន្តែនៅពេលទទួលបញ្ជារបស់យើង ឯងត្រូវតែបំពេញជាបន្ទាន់!»
«ទទួលបាន ប៉ុន្តែខ្ញុំមិនប្រាកដថាថ្នាំដែលលោកត្រូវការ ខ្ញុំសុទ្ធតែអាចផ្សំបានទាំងអស់ទេ»
«បើផ្សំមិនបានទេ យកខ្លួនឯងមកប្តូរ!»
«អ្ហ៎ះ?»
ស៊ីវលូមិននឹកស្មានថា សាងលីវចូលចិត្តមនុស្សប្រុសដូចគ្នា ទើបបែរមកនិយាយស្ដីដោយប្រុងប្រយ័ត្ន៖
«លោកម្ចាស់ មានរូបសម្បត្តិសង្ហាហំហួន ខ្ញុំបាទពិតជាចង់គាប់បម្រើលោកម្ចាស់ណាស់ ក៏ប៉ុន្តែ…»
សាងលីវច្បិចជ្រុងបបូរមាត់កោងបន្តិច ញញឹមដូចមិនញញឹម លើកជើងជាន់ត្រង់កន្លែងរបួសធ្ងន់ធ្ងរបំផុតនៅលើខ្នងរបស់ស៊ីវលូ។ គេជាន់សង្កត់កាន់តែខ្លាំង ឈាមក្រហមហូរកាន់តែច្រើន។ ស៊ីវលូឈឺចាប់ទរុណទុរាខ្លាំងរហូតដល់ញ័រចំប្រប់ពេញខ្លួន។
«រាល់ពេលដែលឯងមិនអាចផ្សំថ្នាំដែលយើងត្រូវការបាន ឯងនឹងបាត់បង់អវៈយវៈមួយនៅលើខ្លួនប្រាណរបស់ឯង! ដំបូងបង្អស់គឺកាត់ត្រចៀក បន្ទាប់មកគឺកាត់ច្រមុះ បើសិនច្រមុះត្រូវកាត់ចោលប្រាកដជាអាក្រក់អាក្រីបន្តិចហើយ…»
សាងលីវបន្ថែមកម្លាំងជាន់សង្កត់ឈ្លីជើងកាន់តែខ្លាំង។
«កុំបារម្ភ យើងនឹងមិនកាត់ដៃទាំងពីររបស់ឯងទេ ព្រោះឯងត្រូវប្រើវាដើម្បីផ្សំថ្នាំ»
ធ្មេញរបស់ស៊ីវលូទង្គិចលើគ្នា ឈឺចាប់ទល់ផ្អកទើរក្រឡើត៖
«ខ្ញុំបាទ… ខ្ញុំបាទ… យល់ហើយ!»
សាងលីវដកជើងចេញ ជូតឈាមដែលហៀរប្រតាកខ្នងរបស់ស៊ីវលូនៅលើកម្រាល និយាយសោះកក្រោះថា៖
«បើឯងចង់រៀនធ្វើតាមពួកសត្វអន្ទង់ទាំងនោះ ពូកែលាក់បំពួនខ្លួន និងពិបាកដេញចាប់នោះ ឯងគួរតែស៊ើបសួរឱ្យច្បាស់ពីចរិតមនុស្សដូចជាយើងជាមុន»
ស៊ីវលូនិយាយចំអកយ៉ាងជូរចត់ថា៖
«មិនចាំបាច់ស៊ើបសួរក៏អាចដឹងដែរ»
ស្នូរសំឡេងដាវអាវុធប៉ះទង្គិចគ្នាលាន់បន្ទរមក។
«ជម្រាបលោកម្ចាស់! មានមនុស្សសម្រុកចូលមកក្នុងជំរំរបស់យើង!»
សាងលីវរហ័សដើរចេញទៅក្រៅយ៉ាងលឿន សំឡេងតម្លង់នៅខាងក្រៅក៏បញ្ឈប់ភ្លាមៗ។ ស៊ីវលូស្ដាប់ឮកងទាហានស្រែកសួរថា៖ «ឯងជានរណា? តើឯងចូលមកជំរំកងទ័ពមានគោលបំណងអ្វី?»
សំឡេងស្អកស្អាឆ្លើយតប៖
«យៀក… ស៊ឺឈី… មករក… ស៊ីវលូ!»
ស៊ឺឈី? តើគេមកតាមរកខ្លួនដល់ទីកន្លែងនេះហ្អេស?
ស៊ីវលូក្រោកទាំងត្រដាបត្រដួសស្ទុះចេញទៅក្រៅ ស្រែកទាំងភ័យស្លន់ស្លោរថា៖
«សូមមេត្តាផងលោកម្ចាស់! សូមកុំដាក់ទោសទណ្ឌគេអី គេជាអ្នកបម្រើរបស់ខ្ញុំ គេមកទីនេះតាមរកខ្ញុំ!»
ស៊ឺឈីរហ័សដើរសំដៅទៅរកស៊ីវលូ កម្លាំងធាតុរបស់គេខ្លាំងក្លារហូតដល់ថ្នាក់ត្រឹមបោះជើងមួយជំហានខ្ទាតខ្ចាយទាហានដែលនៅរារាំងផ្លូវរបស់គេ។ ប៉ុន្តែពួកគេគឺសុទ្ធតែជាទាហានចម្បាំងដែលបានទទួលការហ្វឹកហ្វឺនមកយ៉ាងជាពិសេសនិងមានកម្លាំងប្រយុទ្ធពេញៗខ្លួន ហេតុនេះនៅពេលដែលស៊ឺឈីវាយផ្ដួលទាហានពីរនាក់ ទាហានបួននាក់ទៀតក៏សម្រុកឡើងទៅខាងមុខភ្លាមៗ។
ស៊ីវលូស្រែកថា៖
«ស៊ឺឈី! ស្តាប់សម្ដី! ឈប់ភ្លាម!»
ស៊ឺឈីស្តាប់បង្គាប់ក៏ឈប់ទ្រឹង កងទាហានផ្ជង់អាវុធហ៊ុមព័ទ្ធជុំវិញខ្លួនរបស់គេ ម្នាក់ៗទឹកមុខកាចសាហាវ សម្លក់ភ្នែកធំៗទៅស៊ឺឈី។ ប៉ុន្តែគេមិនខ្វល់អ្វីឡើយ បាញ់ខ្សែភ្នែកតម្រង់ទៅរកសាងលីវ៖
«ខ្ញុំ… ចង់នាំស៊ីវលូទៅ!»
ស៊ីវលូញញឹមអែបអប លន់តួអង្វរករ និយាយរំអួយ៖
«លោកម្ចាស់ ខ្ញុំគឺជាមនុស្សរបស់លោកហើយ…»
សម្ដីរបស់ស៊ីវលូធ្វើឱ្យកងទាហានទាំងអស់ដែលឈរនៅទីនោះភ្ញាក់ផ្អើលព្រោងព្រាត។ សាងលីវចងចិញ្ចើមចុះបន្តិច នៅទីបំផុតទើបគេព្រមលើកដៃឡើងចេញសញ្ញា កងទាហានក៏បំបែកគ្នាចេញភ្លាមៗ ទុកឱ្យស៊ឺឈីស្ទុះដូចហោះចូលមករកស៊ីវលូ ឱបពាក់កណ្តាលគ្រាហ៍ពាក់កណ្ដាល បាតដៃរបស់គេអង្អែលថ្នមៗនៅលើខ្នងរបស់ស៊ីវលូ។
ដោយសារមានកម្លាំងផ្លូវចិត្តជម្រុញ ស៊ីវលូហាក់បីមានអារម្មណ៍ការឈឺចាប់កាត់បន្ថយថយចុះបន្តិច។
ស៊ឺឈីបែរខ្នងទម្លាក់ចុះ៖
«តស់… ទៅវិញ!»
ស៊ីវលូក្រាបផ្ដេកផ្ដួលចុះទៅលើខ្នងរបស់ស៊ឺឈី សើចញញឹមស្រស់ឡើងមួយ និយាយទៅកាន់សាងលីវ៖
«សុំអនុញ្ញាតពីលោកម្ចាស់! ពួកខ្ញុំត្រលប់ទៅវិញហើយ!»
សាងលីវសម្លឹងមើលទៅស៊ឺឈីមិនដាក់ដោយទឹកមុខមន្ទិលសង្ស័យ ស៊ីវលូភ័យបុកពោះស្លន់ស្លោរ រហ័សរហួនប្រើដៃទាំងពីរបិទបាំងមុខរបស់ស៊ឺឈីជិត៖
«លោកម្ចាស់កុំសម្លក់សម្លឹងគេបែបនេះអី គេជារបស់ខ្ញុំទេ!»
សាងលីវភ្ញាក់ទ្រឹងមួយប៉ប្រិចភ្នែក ច្បិចជ្រុងបបូរមាត់កោងបន្តិច ហើយក៏សង្កត់រាបចុះទៅវិញ គេគរលាស់បំពង់កនិយាយថា៖
«តាមការស៊ើបអង្កេត បញ្ជាក់ថាឯងគឺពិតជាប្រជារាស្ត្រសាមញ្ញរស់នៅភូមិឈីងសួយមែន គ្មានបំណងអាក្រក់លើកងទ័ពស៊ឹងនុង យើងសម្រេចចិត្តថាដោះលែងឯងចេញទៅ!»
ស៊ីវលូក៏ធ្វើពុតសម្ដែងឱ្យសម៖
«រាស្ត្រសាមញ្ញអរគុណលោកម្ចាស់ នៅពេលដែលវិលត្រលប់ទៅវិញ ខ្ញុំនឹងទូងស្ងើចសរសើរគុណធម៌របស់លោកម្ចាស់ឱ្យមនុស្សលោកបានដឹង»
កងទាហានទាំងឡាយចៀសទៅម្ខាងបើកផ្លូវទុកឱ្យស៊ឺឈីអៀវស៊ីវលូចាកចេញពីជំរំកងទ័ពយ៉ាងលឿន។ លុះរហូតមកដល់ទីកន្លែងស្ងាត់ជ្រងំមួយ គ្មានសំឡេងបន្លឺនៅពីក្រោយ ទើបស៊ីវលូនិយាយទាំងអស់កម្លាំងថា៖
«ស៊ឺឈី! ខ្ញុំស្រេកទឹកណាស់!»
ស៊ឺឈីទម្លាក់ស៊ីវលូចុះថ្នមៗ ហុចឃ្លោកទឹកឱ្យទៅគេ។ ស៊ីវលូអកផឹកទឹកក្អឹកៗ ដកដង្ហើមធូរទ្រូង៖
«ត្រូវតែចាកចេញឱ្យលឿន សាងលីវម្នាក់នោះមានល្បិចកលពុតត្បុតខ្លាំងណាស់ បើគេក្រឡាស់មុខច្បាស់ជាវីវរហើយ!»
ស៊ឺឈីឱនខ្នងទម្លាក់ចុះ ស៊ីវលូស្រាប់តែនឹកឃើញថា ស៊ឺឈីមិនចូលចិត្តឱ្យអ្នកដទៃប៉ះពាល់រាងកាយរបស់គេ ប៉ុន្តែពេលនេះស៊ីវលូមិនអាចធ្វើអ្វីប្រសើរបាន។ ស៊ីវលូតោងឡើងទៅលើខ្នងស៊ឺឈីថ្នមៗ៖
«សុំទោសផង! ខ្ញុំដឹងថាលោកមិនចូលចិត្តអៀវអ្នកដទៃទេ។ ឬមួយលោកចាត់ទុកខ្ញុំជាដុំថ្មមួយដុំចុះ ទេៗ… ដុំថ្មម៉េចអាចនិយាយភាសាមនុស្ស។ បើអ៊ីចឹងលោកចាត់ទុកថាខ្ញុំជាសត្វជ្រូកចុះ ជាសត្វជ្រូកមួយក្បាលដែលចេះនិយាយ។ អ្ហេ៎! តើលោកមានស្អប់ជ្រូកឬក៏អត់ហ្នឹង? ឬមួយលោកអាចចាត់ទុកខ្ញុំជាសត្វ…»
សំឡេងស្អកស្អារបស់ស៊ឺឈីបន្លឺឡើងស្រាលៗ៖
«ខ្ញុំនឹងចាត់ទុកល្បងជាល្បង ខ្ញុំស្ម័គ្រចិត្ត… អៀវល្បង»
ស៊ីវលូស្រឡាំងកាំងបន្ដិច បន្ទាប់មកក៏និយាយតិចៗថា៖
«អ៊ីចឹងក៏បាន! លោកចាត់ទុកខ្ញុំជាសត្វ… ខ្ញុំមួយក្បាលទៅ!»
និយាយចប់ គេប្រទះឃើញខ្លួនទើបតែបាននិយាយអ្វី ស៊ីវលូផ្ទុះសើចខឹកៗ សើចសប្បាយចប់ គេក៏ងាកទៅឱនខ្សឹបល្ហើយៗ៖
«ស៊ឺឈី ខ្នងខ្ញុំឈឺណាស់ លោកជជែកលេងជាមួយខ្ញុំទៅ»
«អ្ហឹម»
«ស៊ឺឈី ហេតុអ្វីលោកអាចតាមរកផ្លូវឃើញមកដល់ទីនេះ?»
«តាម… ដានតម្រុយ»
«អូ៎! លោកពូកែស្វែងរកតាមដានបន្សល់ទុកទេ? តើពីមុនលោកធ្លាប់រៀនមែនទេ?»
រំពេចនោះនឹកគិតថា ស៊ឺឈីប្រហែលជាមិនចង់នឹករលឹករឿងអតីតកាល ស៊ីវលូក៏រហ័សដឹងកំហុស៖
«សុំទោសផង! បើលោកមិនចង់និយាយទេក៏មិនបាច់ឆ្លើយតបដែរ… ស៊ឺឈី! សាងលីវម្នាក់នោះ គឺជាបិសាចកាចសាហាវ គ្រោះថ្នាក់ខ្លាំងណាស់! ទៅថ្ងៃខាងមុខ បើលោកចួបគេ លោកត្រូវប្រុងប្រយ័ត្នខ្លួនឱ្យបានខ្ពស់! កុំឱ្យគេប្រទះឃើញចំណុចពិសេសណាមួយនៅលើខ្លួនលោក ដែលអាចឱ្យគេទុកប្រើប្រាស់ទាញប្រយោជន៍នាពេលក្រោយ!»
«អ្ហឹម»
«ហៃយូ៎យ! ម្ដងនេះពិតជាស៊យធំសម្បើមណាស់ រកឱសថមានតម្លៃមិនបានហើយនៅរងរបួសពេញខ្លួនទៀត។ ហេតុអ្វីខ្ញុំចង្រៃខ្លាំងម៉្លេះរត់ដាំក្បាលទៅរកបិសាចសត្វចម្លែកដែលនរកដេញនោះ! តើឱ្យខ្ញុំគួររស់នៅបន្តទៀតដោយយ៉ាងណា?…»
ស៊ឺឈីឈប់ជើង បែរមុខទៅក្រោយ បបូរមាត់របស់គេប៉ះលើផ្ទៃថ្ងាសរបស់ស៊ីវលូនៅពីក្រោយគេ ខ្យល់ដង្ហើមក្តៅខណ្ឌៗរំភាយមកលើសព្វពេញមុខរបស់ស៊ីវលូ។ ស៊ឺឈីស្រឡាំងកាំងឆ្កឹង បែរមុខទៅវិញភ្លាមៗ៖
«កុំ… ខ្លាច!»
ប្រហែលជាដោយសារតែទើបត្រូវសាងលីវទន្ទ្រានញាំញីធ្វើបាប ឬប្រហែលជាដោយសារតែសម្បកស្នូកបេះដូងវាយបែកធ្លុះធ្លាយខ្ទេច នៅមិនទាន់ប្រមូលផ្គុំឡើងវិញ ទើបស៊ីវលូពិតជាស្រេកឃ្លានត្រូវការ “ខ្នងបង្អែក” នេះ។ គេបិទត្របកភ្នែកចុះ ស្តាប់បង្គាប់ដូចជាកូនឆ្មាតូចដេកនៅលើខ្នងរបស់ស៊ឺឈី ត្រដុសថ្ពាល់លើផ្ទៃករបស់គេ៖
«អ្នកណាខ្លាចគេនោះ! ខ្ញុំមិនជឿថានៅលើលោកនេះគ្មានថ្នាំពុលនិងពិសណាមិនអាចបំពុលសម្លាប់គេ ថ្ងៃណាមួយខ្ញុំនឹងផ្សំចេញដោយផ្ទាល់ ខ្ញុំនឹង…»
ស៊ីវលូលើកដៃឡើង ធ្វើកាយវិការដូចជាគំរាមកំហែងអ្វីមួយ។
«ស៊ឺឈី! ពេលដែលត្រលប់ទៅដល់ផ្ទះវិញ កុំនិយាយអ្វីឱ្យសោះណា៎ ខ្ញុំមិនចង់ឱ្យកញ្ចាស់ម៉ុកនិងអាល្អិតពីរនាក់នោះដឹងរឿងនេះទេ។ កញ្ចាស់ម៉ុកច្បាំងសង្គ្រាមប្រយុទ្ធជាមួយកងទ័ពស៊ឹងនុងអស់កន្លះជីវិត។ គាត់សែនខ្លាចបិសាចកំណាចសាងលីវនោះខ្លាំងណាស់។ ប៉ុន្តែមើលទៅប្រហែលជាមិនចាំបាច់ទេ ជាងមួយឆ្នាំកន្លងមកនេះ មុខខ្មូតនិងគ្រាប់អង្កាំខំស្វែងរកគ្រប់រឿងនិយាយជាមួយលោក សូម្បីរឿងតូចតាចប៉ុនឈើចាក់ធ្មេញក៏និយាយឱ្យលោកស្ដាប់ដែរ តែពួកគេទាំងពីរនាក់បែរជាមិនដឹងឮរឿងអ្វីបន្តិចសោះពីលោក…»
ស៊ឺឈីសន្សឹមៗបង្អង់ជំហានជើង ស៊ីវលូទះថ្នមៗលើទ្រូងរបស់គេលួងលោម៖
«ខ្ញុំដឹង! លោកគឺស៊ឺឈី! ខ្ញុំពិតជាសង្ឃឹមថា ពេញមួយជីវិតនេះលោកគឺជាស៊ឺឈីជារៀងរហូត! ប៉ុន្តែខ្ញុំក៏ដឹងដែរថារឿងនោះមិនអាចទៅរួចទេ! មិនថាយ៉ាងណា ដរាបណាឱ្យតែលោកនៅទីនេះ លោកនឹងនៅតែជាស៊ឺឈី! លោកត្រូវតែស្តាប់សម្ដីខ្ញុំ…»
«អ្ហឹម»
«ស្ដាប់សម្ដីខ្ញុំតែម្នាក់គត់!»
«អ្ហឹម»
ស៊ីវលូរីករាយដូចជាកូនឆ្មាឃើញចំណី របួសខ្នងក៏អន់ឈឺជាងមុន គេសង្កត់ខ្លួនផ្តិតស្អិតនៅលើខ្នងរបស់ស៊ឺឈី លង់លក់ទៅ។
ដោយសារតែរបួសលើខ្នង ស៊ីវលូបានប្រាប់ឱ្យស៊ឺឈីរកល្អាងភ្នំមួយជ្រកកោនជាបណ្ដោះអាសន្ន ដើម្បីសម្រាកនិងព្យាបាលរបួស។ ស៊ឺឈីក្រាលស្មៅចំប៉ើងឱ្យស៊ីវលូគេងផ្ដាប់ចុះឱ្យបានស្រួលខ្លួន។ អ្នកទាំងពីរចាប់ផ្តើមជីវិតជាព្រានព្រៃប្រមាញ់សត្វឆ្លងកាត់ថ្ងៃយប់នៅលើភ្នំ។
ជារៀងរាល់ថ្ងៃ ស៊ឺឈីចេញទៅក្រៅបរបាញ់សត្វតូចៗខ្លះយកមក។ វិលត្រលប់មកល្អាងភ្នំវិញ ស៊ីវលូនឹងបង្ហាត់បង្រៀនស៊ឺឈីពីវិធីចម្អិន។ ស៊ឺឈីមិនដែលធ្វើកិច្ចការទាំងនេះពីមុន ទើបដៃជើងប្រវេប្រវាសបន្តិច ស៊ីវលូបានឱកាសអស់សំណើចយ៉ាងចាស់មាត់។ ស៊ឺឈីឆ្លាតវៃ ត្រឹមតែម្ដងពីរដង គេនឹងដកយកបទពិសោធភ្លាម ធ្វើឱ្យស៊ីវលូខកចិត្តព្រោះលែងបានសើចសប្បាយទៀត។
រយៈពេលនៅក្នុងល្អាងភ្នំគឺពិតជាគួរឱ្យធុញទ្រាន់ណាស់ រឹតតែគួរឱ្យធុញថប់សម្រាប់មនុស្សម្នាក់ដែលមិនអាចកម្រើកបាន។ ម្ល៉ោះហើយស៊ីវលូចាប់តោងដើមដៃស៊ឺឈីជាប់ បង្ខំឱ្យចាំស្ដាប់គេនិយាយបូរបាច់រឿង។ មានគ្រប់សព្វរឿងទាំងអស់នៅលើលោកនេះ កើតលិចជើងត្បូង ព្រៃជ្រៅភ្នំខ្ពស់ មិនទុកចោលចន្លោះណា មុខម្ហូបឆ្ងាញ់មួយដែលជាប់ចិត្ត គយគន់ថ្ងៃលិចកណ្តាលទីជ្រលងភ្នំ…
ស៊ឺឈីគិតតែសញ្ជឹងស្តាប់យ៉ាងស្ងៀមស្ងាត់។
មានពេលខ្លះ ស៊ីវលូក៏មានអារម្មណ៍ថាមិនគប្បីមនសិការ៖
«តើខ្ញុំនិយាយច្រើនណាស់មែនទេ? ខ្ញុំធ្លាប់រស់នៅតែម្នាក់ឯងនៅក្នុងព្រៃភ្នំជ្រៅអស់ជាងម្ភៃឆ្នាំ។ គ្រានោះខ្ញុំកើតមានជំងឺចម្លែកមួយ មិនហ៊ានចួបមុខអ្នកណា ដើរតែលតោលគ្រប់ទីកន្លែង។ ដំបូងឡើយ ខ្ញុំមិនចូលចិត្តនិយាយស្ដីនោះទេ ប៉ុន្តែជាយូរទៅៗ នៅថ្ងៃមួយ ពេលដែលស្ថិតនៅក្នុងកណ្ដាលទីព្រៃ ខ្ញុំស្រាប់តែប្រទះឃើញថាខ្ញុំបានភ្លេចឈ្មោះផ្លែឈើមួយប្រភេទ។ ខ្ញុំភ័យខ្លាចខ្លាំងណាស់ តែខ្ញុំមិនដឹងថាខ្ញុំភ័យខ្លាចអ្វីទេ។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំបានបង្ខំខ្លួនឯងឱ្យនិយាយស្ដី។ រឿងដែលគួរឱ្យអស់សំណើចបំផុតនោះគឺ មានពេលមួយ ខ្ញុំចាប់បានស្វាមួយក្បាល ខ្ញុំនិយាយជាមួយវាជាប់លាប់គ្នាអស់ពេញមួយថ្ងៃ សត្វស្វាដ៏គួរឱ្យអាណិតនោះទ្រាំទ្រលែងបានក៏បោកក្បាលទៅលើច្រាំងថ្មសម្លាប់ខ្លួន…»
ស៊ីវលូសើចហាៗ ស៊ឺឈីភ្លឹកភ្នែកមើលទៅគេដោយកែវភ្នែកស្រទន់។
រំលងមួយថ្ងៃត្រូវលាបថ្នាំម្ដង។ ដល់ពេលនោះ ស៊ីវលូនឹងត្រៀមខ្លួនជាស្រេចដោះសម្លៀកបំពាក់ចោលអស់ ព្រលែងល្វែងខ្នងខាងលើរបស់គេនៅចំពោះមុខស៊ឺឈី។
ស៊ីវលូមិនឃើញប្រតិកម្មរបស់ស៊ឺឈី ទើបនិយាយលេងសើចថា៖
«ខ្ញុំបានឃើញរាងកាយននលគោករបស់លោកទាំងអស់ ប៉ុន្តែលោកបានត្រឹមតែឃើញខ្នងរបស់ខ្ញុំ តើយល់ថាចាញ់ប្រៀបទេ?»
ស៊ឺឈីមិនធ្វើការឆ្លើយតប ស៊ីវលូសើចខិលខូច។
របួសរបស់ស៊ីវលូមិនស្រាលទេ ស៊ឺឈីគិតថាអ្នកទាំងពីរត្រូវរស់នៅលើភ្នំប្រហែលមួយខែឬពីរខែទៀត តែមិនដល់ដប់ថ្ងៃ ស៊ីវលូអាចច្រត់ឈើច្រត់ដើរបាន កន្លងផុតប៉ុន្មានថ្ងៃទៀត ស៊ីវលូក៏សម្រេចចិត្តវិលត្រលប់ទៅផ្ទះវិញ។
ពេលកំពុងប្រមូលរបស់របរ ស៊ីវលូប្រទះឃើញស្មៅទិព្វជឺយ៉ូពីរដើម។
«លោកជាអ្នកបេះមកហ្អេស?»
ស៊ឺឈីងក់ក្បាលចុះ៖
«រកឃើញនៅពេលបរបាញ់»
មួយរយៈពេលកន្លងមកនេះ ដោយមានការ “ការយកចិត្តទុកដាក់” និងហ្វឹកហ្វឺនមិនឈប់របស់ស៊ីវលូ ស៊ឺឈីអាចនិយាយរលូនជាងមុន។
ស៊ីវលូរំភើបត្រេកអរ សឹងតែហក់ទៅឱបស៊ឺឈីថើបមួយខ្សឺត៖
«ប្រសើរណាស់! មុខខ្មូតនិងគ្រាប់អង្កាំមានប្រាក់ដណ្ដឹងប្រពន្ធហើយ!»
ស៊ឺឈីទម្លាក់ខ្នងចុះចង់អៀវស៊ីវលូ ប៉ុន្តែស៊ីវលូដកថយទៅក្រោយ៖
«មិនចាំបាច់ទេ ខ្ញុំអាចដើរដោយខ្លួនឯងបានហើយ! កាលពីមុនព្រោះតែខ្ញុំគ្មានជម្រើស តែពេលនេះខ្ញុំអាចធ្វើដោយខ្លួនឯងបាន ខ្ញុំមិនអាចចេះតែចាំទាញប្រយោជន៍ពីអ្នកដទៃរហូតទេ»
ស៊ឺឈីក្រោកឈរឡើង នៅស្ងៀមស្ងាត់ដើរតាមពីក្រោយស៊ីវលូ។
នៅពេលដែលពួកគេទាំងពីរត្រលប់ទៅដល់ភូមិឈីងសួយវិញ ពួកគេត្រូវប្រឈមមុខនឹងការសួរចម្លើយរបស់កញ្ចស់ម៉ុក។
កញ្ចាស់ម៉ុកលើកវែកសម្លជ្រលរឡើង ស្រែកគំហកថា៖
«ហេតុអ្វីទៅដំអក់យូរម្ល៉េះ? ខ្ញុំបានប្រាប់ឯងហើយថាកុំចូលទៅកន្លែងដែលហាមឃាត់!»
ស៊ីវលូញញឹមពព្រាយ យកស្មៅទិព្វដែលបេះបាន អួតបង្ហាញឡើងថា៖
«ខ្ញុំមានទៅកន្លែងទាំងនោះឯណា! មកពីស៊ឺឈីមិនស្គាល់ផ្លូវ ទើបដើរវង្វេងផ្លូវអស់ជាច្រើនថ្ងៃ នៅទីបំផុតពួកយើងបានវិលត្រលប់មកវិញដោយសុវត្ថិភាពហើយ!»
ក្រឡេកឃើញស្មៅទិព្វជឺយ៉ូ កញ្ចាស់ម៉ុកត្រេកអរយ៉ាងខ្លាំង រហ័សយកទៅទុកដាក់។ ស៊ីវលូញាក់ភ្នែកដាក់ស៊ឺឈី គ្រហឹមច្រៀងឡាៗ ដើរទុងតាំងៗចូលទៅក្នុងបន្ទប់វិញ។
មួយខែក្រោយ ពិធីស្ដីដណ្ដឹងរបស់មុខខ្មូតជាមួយឈុនតៅ កូនស្រីរបស់គ្រួសារកៅ ត្រូវបានរៀបចំចាត់ចែងយ៉ាងល្អពីកញ្ចាស់ម៉ុក។ អ្វីៗគ្រប់យ៉ាងវិលទៅរកទម្លាប់ចាស់វិញ។ ថ្ងៃស្អែកក៏ដូចជាថ្ងៃម្សិល ស្ងប់ស្ងាត់យ៉ាងអផ្សុក អផ្សុកយ៉ាងអត់ជាតិ អត់ជាតិយ៉ាងសុខសាន្ត សុខសាន្តយ៉ាងមានសុភមង្គល។ យ៉ាងហោចណាស់ នៅមានកូនចាបកំប៉ោងមករកស៊ីវលូម្ដងម្ដាលដែរ វាពាំនាំយករបស់ខ្លះមក និងពាំនាំយករបស់ខ្លះចេញទៅវិញ។
រាល់ពេលដែលលាយផ្សំថ្នាំពុលនិងពិសឱ្យទៅសាងលីវនោះ ស៊ីវលូនឹងខិតខំរកវិធីរំដោះខ្លួន។ តួយ៉ាងគឺ ថ្នាំពុលនិងពិសដែលខ្លួនលាយផ្សំគឺមានជាតិពិសខ្លាំងណាស់ ដើម្បីបំពេញសំណើដ៏ចម្លែករបស់សាងលីវ ប៉ុន្តែស៊ីវលូនឹងមានចេតនាលាយផ្សំឱ្យមានពណ៌ពិសេសបន្តិចឬក្លិនពិសេសបន្តិច ដើម្បីបង្ការកុំឱ្យសាងលីវអាចប្រើប្រាស់ថ្នាំពុលឬពិសទាំងនោះទៅបំពុលជនល្បីល្បាញណាម្នាក់ឬជនដែលមានអង្គរក្សការពារយ៉ាងតឹងរ៉ឹង។ ស៊ីវលូជឿជាក់ថា សាងលីវនឹងដាក់ទោសគេ ប៉ុន្តែសែនចម្លែកនោះគឺ សាងលីវបែរជាមិនខ្វល់ពីពណ៌ក្លិនឬរសជាតិយ៉ាងណាទេ ដរាបណាឱ្យតែជាតិពិសបំពេញតាមសំណើដែលគេត្រូវការ គេនឹងទទួលយកទាំងអស់។
ដោយផ្អែកលើវិជ្ជាពេទ្យនិងបទពិសោធពិសជាច្រើនឆ្នាំ ស៊ីវលូទាយថា ព្រោះមានដើមកំណើតពិសេសទើបមហិទ្ធិឫទ្ធិរបស់គេក៏ពិសេសដែរ គេត្រូវហ្វឹកហាត់កម្លាំងធាតុជាមួយនឹងធាតុពិស។ ហេតុនេះហើយ ថ្នាំដែលស៊ីវលូលាយផ្សំសុទ្ធតែបញ្ច្រកស្អាតចូលពោះរបស់គេទាំងអស់។ បន្ទាប់ពីអះអាងចិត្តរឿងមួយនេះរួច ស៊ីវលូធូរទ្រូងបន្តិច ហើយក៏ចាប់ផ្តើមលាយផ្សំថ្នាំដែលកាន់តែយូរកាន់តែពិបាកលេប។
មួយឆ្នាំក្រោយមក កញ្ចាស់ម៉ុកបានរៀបចំពិធីមង្គលការដ៏សាមញ្ញមួយ ប៉ុន្តែសប្បាយអ៊ូអរបំផុតសម្រាប់មុខខ្មូតនិងឈុនតៅ។
មុខខ្មូតដើមឡើយគឺជាក្មេងកំព្រាម្នាក់ ជាសំណល់ជីវិតបន្សល់ទុកក្រោយភ្លើងសង្រ្គាម ពេលវេលាដើរសុំទាននៅតាមផ្លូវ មុខខ្មូតធ្លាប់ជឿជាក់ថាជោគវាសនារបស់គេនឹងដូចជាខាងក្រោម៖
នៅក្នុងថ្ងៃមួយដែលមានពន្លឺថ្ងៃរះស្អាតនារដូវរងា ខ្លួនប្រាណរបស់គេនឹងត្រូវខាំអង្គាមស៊ីខ្ទេចដោយពពួកឆ្កែអនាថានៅតាមផ្លូវ សត្វឆ្កែទាំងនោះស៊ីសាច់គេបណ្ដើរស្រែកលូឆ្ងាញ់ចំណីបណ្ដើរ។
នោះគឺជាសោកនាដកម្មរបស់ក្មេងកំព្រាគ្រប់រូប។ ប៉ុន្តែស៊ីវលូនិងកញ្ចាស់ម៉ុកបានផ្លាស់ប្តូរជោគវាសនារបស់ពួកគេ។
ស៊ីវលូនិងកញ្ចាស់ម៉ុកមិនមែនអម្បូរមនុស្ស។ នៅពេលមុខខ្មូតអាយុប្រាំបីឆ្នាំ ស៊ីវលូបានរើសគេយកមកចិញ្ចឹម។ រហូតមកទល់ពេលនេះ កន្លងជាងដប់ឆ្នាំទៅហើយ មុខខ្មូតធំដឹងក្ដីឡើង ក្លាយជាកំលោះមាឌធំខ្ពស់ម្នាក់ បើប្រៀបធៀបទៅនឹងមុខខ្មូត ស៊ីវលូនៅតែក្មេងវ័យតូចល្អិតដដែល។
មុខខ្មូតតែងតែចាត់ទុកស៊ីវលូនិងកញ្ចាស់ម៉ុកគឺជាចាស់ទុំនៅក្នុងផ្ទះប្រៀបបីដូចឪពុកម្ដាយរបស់គេ។ នៅចំពោះមុខភ្ញៀវទាំងអស់ គេកាន់ដៃរបស់ឈុនតៅ លុតជង្គង់ព្រមគ្នា ឱនក្បាលថ្វាយបង្គំស៊ីវលូនិងកញ្ចាស់ម៉ុកចំនួនបីដងដោយសេចក្ដីគោរពដឹងគុណអស់ពីចិត្ត។
កញ្ចាស់ម៉ុករំភើបចិត្ត លួចជូតទឹកភ្នែកស្ងាត់ៗ។ ស៊ីវលូក៏បង្ហុលបង្ហាញនូវទឹកមុខដ៏ម៉ឺងម៉ាត់កម្រឃើញ ផ្ដែផ្ដាំថា៖
«ឧស្សាហ៍ដេកជាមួយឈុនតៅ ឆាប់មានកូនចៅពេញផ្ទះ!»
មុខខ្មូតដើមឡើយមានបំណងចង់បង្ហាញពាក្យពេចន៍ក្នុងពោះវៀនគេចេញមក ប៉ុន្តែបន្ទាប់ពីបានស្ដាប់ឮពាក្យ «ពោះតាន់» របស់ស៊ីវលូរួច គេក៏លែងហ៊ាននិយាយអ្វីបន្តទៀត។ ប្រសិនបើឱ្យឈុនតៅយល់ច្រឡំថាគេរៀបការជាមួយនាងដើម្បីទុកដេកជាមួយរាល់ថ្ងៃ ចំណេញប្រាក់មិនចាំបាច់ទៅបនស្រីនោះ កូនក្រមុំថ្មីនេះច្បាស់ជារត់ប៉ើងស្បែកជើងទៅបាត់មិនខាន។
ហេតុនេះ មុខខ្មូតបង្ខំចិត្តទាញដៃឈុនតៅ រត់គេចចេញជាបន្ទាន់!
ស៊ីវលូផ្ទុះសើចហាៗយ៉ាងខិលខូច ស៊ឺឈីបូញញញឹមស្រាលៗសម្លឹងមើលទៅស៊ីវលូ។
កញ្ចាស់ម៉ុកជាប់រវល់ទទួលភ្ញៀវនិងមើលថែភ្ញៀវ ខណៈស៊ីវលូសែននៅទំនេរ សំងំនៅកាច់ជ្រុងទីធ្លាម្ខាងខាំភ្លៅមាន់។
គ្រាប់អង្កាំនៅសុខៗរត់ចូលមក ត្រហេបត្រហប៖
«មាន… មាន… ភ្ញៀវកត្តិយស!»
បន្ទាប់មកគេអូសដៃអាវស៊ីវលូចេញទៅខាងក្រៅ។
សាងលីវស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ពណ៌សក្បុសដែលធ្លាប់ស្គាល់ ឈរនៅមុខខ្លោងទ្វារហួយឈុនថាង កម្ពស់ខ្ពស់ សង្ហាហំហួន កាយវិការសមសួន មិនអាចបំពាន ប្រៀបដូចជាផ្កាឈូករីកក្រពុំសសុទ្ធ គ្មានប្រឡាក់លម្អងធូលីដីសូម្បីមួយគ្រាប់ ហាក់បីទើបតែលុបលាងជម្រះស្អាតបរិសុទ្ធបន្ទាប់ពីឆ្លងកាត់ភ្លៀងធ្លាក់សន្ធៅបីថ្ងៃបីយប់ ស្អាតបរិសុទ្ធដល់ថ្នាក់ធ្វើឱ្យមនុស្សគ្រប់គ្នាដែលមានវត្តមាននៅទីនេះចង់តែរត់ទៅផ្ទះវិញងូតទឹកចេញ។
កញ្ចាស់ម៉ុកនៅអល់អែកមិនហ៊ានទទួលយកអំណោយរបស់សាងលីវភ្លាមៗ ត្រដុសដៃនៅលើសម្លៀកបំពាក់របស់ខ្លួនឯងឱ្យស្អាតបាត ព្រោះខ្លាចធ្វើឱ្យប្រឡាក់ដៃរបស់គេ។
ស៊ីវលូញញឹមពព្រាយឈានដើរទៅរកគេ បោះភ្លៅមាន់ដែលអង្គាមស្អាតសល់តែឆ្អឹងចោលទៅដី យកដៃដែលប្រឡាក់ខ្លាញ់រងើម ទទួលយកប្រអប់អំណោយរបស់សាងលីវ ស៊ីវលូថែមទាំងថ្លើមធំហ៊ានយកដៃរបស់ខ្លួនប៉ះលើម្រាមដៃរបស់គេ។
សាងលីវនៅតែញញឹមស្ងួត ប៉ុន្តែភ្លាមនោះកែវភ្នែកមុតស្រួចរបស់គេងាករេបាញ់ទៅរកគ្រាប់អង្កាំដែលឈរនៅពីក្រោយខ្នងរបស់ស៊ីវលូ។ ស៊ីវលូក៏រហ័សដកដៃចេញទៅវិញភ្លាមៗ។
ស៊ីវលូយកអំណោយប្រគល់ឱ្យទៅគ្រាប់អង្កាំ ឱនគោរពនិងពោលស្វាគមន៍យ៉ាងកក់ក្តៅ៖
«សូមអញ្ជើញចូលខាងក្នុង!»
សាងលីវអង្គុយចុះ មិនច្បាស់ថាព្រោះតែកោតក្រែងឬកោតខ្លាចគេនោះទេ គ្មានអ្នកណាម្នាក់ហ៊ានចូលទៅជិតគេឡើយ។
ស៊ឺឈីអង្គុយចុះយ៉ាងស្ងៀមស្ងាត់នៅក្បែរស៊ីវលូ។ ស៊ីវលូក្រឡេកមើលទៅគេ ចុងបបូរមាត់ញញឹមកោងឡើងដូចចំណិតព្រះចន្ទមួយចំហៀង កន្ទុយភ្នែកកោងចុះប្រៀបដូចចំណិតព្រះចន្ទមួយចំហៀងទៀត។
ស៊ីវលូសួរទៅសាងលីវ៖
«ថ្នាំដែលលោកត្រូវការខ្ញុំបានផ្សំជូនតាមសំណើទាំងអស់ គ្មានខ្វះចន្លោះប្រហោងទេមែនទេ?»
សាងលីវញញឹមក្រៀមក្រោះ៖
«ឯងធ្វើការបានល្អណាស់ ទើបយើងយកអំណោយមកដល់ទីនេះ»
ស៊ីវលូពោលក្នុងចិត្តខ្លួនឯង៖ លោកមកដើម្បីរំឮកខ្ញុំថា ចំណាប់ខ្មាំងនៅក្នុងដៃលោក លែងនៅត្រឹមបីនាក់ទៀតហើយ ប៉ុន្តែកើនបួននាក់វិញមិនថា ហ៊ឹស!
ប្រុសស្រីវ័យក្មេងមួយក្រុមកំពុងលេងសើចចំអែចំអន់ឱ្យមុខខ្មូតនិងឈុនតៅនៅក្នុងទីធ្លា យូរៗម្តងក៏នាំគ្នាផ្ទុះសំណើចឡើង។ ក្មេងតូចៗបបួលគ្នាហូបផ្លែឈើ រត់ដេញគ្នាប្រលែងលេងស្រែកច្រៀងទៅមក។ កញ្ចាស់ម៉ុកនិងភ្ញៀវខាងកូនក្រមុំកំពុងផឹកតែបណ្ដើរសំណេះសំណាលគ្នាបណ្ដើរ។
សាងលីវសង្កេតមើលទិដ្ឋភាពអ៊ូអរនៅឋានមនុស្សលោកនៃជីវិតរមែងកើតចាស់ឈឺស្លាប់ទាំងនោះដោយខ្សែភ្នែកមើលស្រាលនិងមិនអាចអារកាត់សេចក្ដីយល់បាន៖
«នៅពេលដែលពួកគេស្លាប់ទៅអស់ រូបរាងរបស់ឯងនៅតែបែបនេះដដែល ឯងចាំបាច់អ្វីធ្វើនូវរឿងរ៉ាវជាច្រើនយ៉ាងនេះ?»
ស៊ីវលូឆ្លើយតបយ៉ាងជាធម្មតា៖
«ខ្ញុំជាមនុស្សខ្លាចភាពឯកា បើមិនអាចរកមនុស្សរួមដំណើរយូរអង្វែងទេ អ៊ីចឹងក៏រួមដំណើរពេលខ្លីជាមួយពួកគេសិនក៏សប្បាយម៉្យាងដែរ!»
សាងលីវសម្លឹងមើលស៊ីវលូយ៉ាងស្ងប់ស្ងាត់ ស៊ីវលូសង្វាតចាក់ស្រាឱ្យគេមួយពែង៖
«ជ្រុលជាចាយកម្លាំងកាយមក ផឹកស្រាមង្គលមួយពែងអបអរទៅ នេះជាស្រាដែលខ្ញុំបិតដោយផ្ទាល់ដៃណា៎»
ផឹកអស់មួយពែង សាងលីនិយាយសោះកក្រោះថា៖
«ក្រៅពីមានថ្នាំពុលនៅក្នុងស្រា ក្រៅពីនោះគឺគ្មានអ្វីពិសេសទេ!»
ស៊ីវលូឈ្លេចសួរ៖
«លោកត្រូវថ្នាំពុលហើយហ្អេស?»
សាងលីវព្រលែងខ្សែភ្នែកមើលទៅស៊ីវលូយ៉ាងមើលស្រាល ស៊ីវលូស្រពោនមុខចុះ។
សាងលីវសួរថា៖
«ឯងពិតជាចង់បំពុលយើងណាស់មែនទេ?»
ស៊ីវលូនិយាយទៀងត្រង់៖
«ខ្ញុំមិនមែនជាទាហានសានយាន ហើយរវាងពួកយើងទាំងពីរក៏គ្មានគំនុំមហាសាលអ្វីដែរ ខ្ញុំគ្រាន់តែចង់វាត់លោកមួយរយប៉ែតសិបខ្សែតីតែប៉ុណ្ណោះ!»
«កុំយល់សប្ដិកណ្ដាលថ្ងៃត្រង់!»
អកផឹកស្រាមួយពែងចុងក្រោយអស់ សាងលីវក៏ហោះវ៉ូចេញទៅបាត់ស្រមោលភ្លាមមួយរំពេច។
ស៊ីវលូនិយាយជាមួយស៊ឺឈីទាំងមួម៉ៅ៖
«ខ្ញុំនឹងរកឱ្យឃើញជីពចរពិឃាតរបស់គេ បើមិនអាចបំពុលគេឱ្យស្លាប់ទេ ខ្ញុំស្បថថានឹងដើរដាំដូងចុះក្រោមដោយដៃទាំងពីរ»
កំណួចពន្លឺស្នាមញញឹមរះនៅក្នុងកែវភ្នែករបស់ស៊ឺឈី។ មើលឃើញរូបសម្បត្តិទន់ភ្លន់របស់គេ មិនចេះនិយាយស្ដីអសុរោះ ស៊ីវលូចង់តែចាប់ក្រញិចថ្ពាល់របស់គេឱ្យឈឺណាណីចេញម្ដងទេ។
ស៊ីវលូបញ្ចេញកំហឹងដាក់គេ ចាក់ស្រាពុលមួយពែង រួចហុចឱ្យទៅស៊ឺឈី៖
«ផឹកទៅ!»
ស៊ឺឈីទទួលពែងស្រា ងើយក្បាលឡើងអកផឹកអស់រលីង។
ស៊ីវលូភ្ញាក់ផ្អើល៖
«មានថ្នាំពុលណា៎!»
កំណួចពន្លឺស្នាមញញឹមនៅក្នុងកែវភ្នែកមិនទាន់រលត់ គេក៏ដួលប្រាវចុះទៅដីស្ដូកស្ដឹង។ ស៊ីវលូស្ទុះស្ទាចូលទៅបន្សាបថ្នាំពុលឱ្យគេ បញ្ចុកថ្នាំបណ្ដើរស្ដីបន្ទោសឱ្យគេបណ្ដើរ៖
«ល្ងង់ណាស់!»
នៅក្នុងក្រអៅបេះដូងបែរជាកើតមានអារម្មណ៍រសាប់រសល់យ៉ាងពិបាកថ្លែង។
បន្ទាប់ពីពិធីមង្គលការរបស់មុខខ្មូត ជីវម៉ីញសាងលីវ បានឈាងមកហួយឈុនថាងថែមប៉ុន្មានដងទៀត ផឹកស្រាដែលស៊ីវលូចាក់ ហូបនំដែលស៊ីវលូធ្វើដោយផ្ទាល់ដៃ។ នៅពេលដែលចាកចេញ គេនៅតែត្រជាក់ល្អូកដូចជាផ្ទាំងថ្មទឹកកក។ អាកប្បកិរិយាឡកឡើយមើលស្រាល ធ្វើឱ្យស៊ីវលូខឹងឈាមពុះក្ដៅឆុរឆេវ។
ពេលដំបូងដែលប្រកបអាជីពជាគ្រូពេទ្យ គោលបំណងចំបងរបស់ស៊ីវលូមិនមែនដើម្បីជួយជីវិតមនុស្ស ប៉ុន្តែដើម្បីសម្លាប់មនុស្ស។ សាងលីវ “សាញ” ថ្នាំពុលដែលស៊ីវលូផ្សំគឺដូចជាស្ករគ្រាប់កូនក្មេង រឿងមួយនេះធ្វើឱ្យស៊ីវលូគិតគូរមិនឈប់ឈរ។ បន្ទាប់មកស៊ីវលូក៏សម្រេចចិត្តថានឹងវិលត្រលប់ទៅរកមាគ៌ាទុច្ចរិតពីមុនវិញនោះគឺ ផ្តោតការស្វះស្វែងរកវិធីអាក្រក់ធ្វើបាបអ្នកដទៃ គោលដៅធំគ្មានអ្វីក្រៅពីផ្សំថ្នាំពុលខ្លាំងជាងគេលើលោកឱ្យទាល់តែបាន…
បំពុលស្លាប់បិសាចសត្វចម្លែក សាងលីវ!
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ