រឿង៖ និរន្តរ៍អាល័យ (ភាគ៨)

ស្នាមញញឹមសាងលីវដាច់រលត់បាត់ គេស្ទុះក្រោកឈរឡើង បោះពួយជើងយ៉ាងលឿនចេញពីផ្ទះឈើ។ ស៊ីវលូនៅស្ទាក់ស្ទើរមួយសន្ទុះ បន្ទាប់មកក៏ក្រោកឈរឡើង ដើរចេញទៅក្រៅអើតមើលស្ថានការណ៍។ នៅលើដីបោសសម្អាតស្អាតបាត សាកសពទាហានពីរនាក់ដាក់តំកល់លើគំនរឧស។ ឃើញសាងលីវឈានមកដល់ ទាហានរាប់រយនាក់ក្រោកឈរឡើងប្រុងប្រៀបស្របពេលតែមួយ។ សាងលីវជូនស្រាបីពែងដល់ទាហានដែលស្លាប់ រួចអុចភ្លើង។ គប់ភ្លើងក្នុងដៃឆាបឆេះ គ្មាននរណាអាចមើលឃើញទឹកមុខដែលស៊ាំនឹងភ្លក់ភ្លើងបូជាមរណារបស់បុរសម្នាក់នេះឡើយ ប៉ុន្តែសម្រែកទំនុកច្រៀងដ៏សោកសង្រេង សង្វេគចិត្ត បើកបង្ហាញពីការឈឺចាប់សម្ងាត់មួយចំណែក៖

“ប្រាណជីវិតផ្ញើភ្នំទន្លេ

ខ្លាចញញើតអ្វីស្លាប់រស់

ព្រលឹងចាកកាយក្ស័យ

ដង្ហើមអវសានគង់រលត់

មានឬគ្មានឥតទាមទារ

ត្រូវឬខុសឥតនរណាដឹង

ពាន់សរទររដូវម៉ឺនអាយុ

រុងរឿងវិនាសឥតចងចាំ”

សម្រែកច្រៀងរបស់កងទ័ពមិនស្របចង្វាក់គ្នា ម្នាក់មុនម្នាក់ក្រោយ សូរខ្លាំងសូរខ្សោយ ស្ដាប់មើលទៅហាក់ដូចជាពួកគេច្រៀងគ្រលរទៅគ្រលរមកដដែលៗ៖

“ប្រាណជីវិតផ្ញើភ្នំទន្លេ

ខ្លាចញញើតអ្វីស្លាប់រស់

ព្រលឹងចាកកាយក្ស័យ

ដង្ហើមអវសានគង់រលត់

មានឬគ្មានឥតទាមទារ

ត្រូវឬខុសឥតនរណាដឹង

រដូវស្លឹកឈើជ្រុះពាន់ឆ្នាំម៉ឺនអាយុ

រុងរឿងវិនាសឥតចងចាំ”

ដ្បិតអធិរាជហ័ងទីលើកទ័ពឈ្លានពានវាយដណ្ដើមទឹកដីនគរស៊ឹងនុង ប៉ុន្តែជាក់ស្ដែងនឹងភ្នែក នគរស៊ឹងនុងពិតជាវិនាសនិរាសទាំងស្រុង។ ប្រជារាស្ត្រត្រឹមតែប្រាថ្នារស់នៅសុខសន្តិភាព ពួកគេមិនសង្កត់ធ្ងន់ថានរណាជាស្តេចប្រមុខនៃនគរ ហើយពួកគេថែមទាំងចាប់ផ្តើមកោតសរសើរអធិរាជហ័ងទីជាស្តេចវីរភាព យុទ្ធសាស្ត្រខ្លាំងពូកែ មានព្រះទ័យមេត្តាករុណា។ ពួកគេមិនយល់ពីអារម្មណ៍របស់កងទ័ពតស៊ូប្រយុទ្ធដាច់ខាតមិនព្រមចុះចាញ់នឹងសត្រូវ។ ជាហេតុបណ្ដាលឱ្យរាប់ពាន់ឆ្នាំក្រោយតទៅ នឹងគ្មាននរណាម្នាក់យល់ពីទឹកចិត្តតស៊ូក្ស័យជីវិតឬចងចាំពីភាពរុងរឿងវិនាសរបស់កងទ័ពទាំងនេះឡើយ។

ដរាបណាពួកគេព្រមបោះបង់ ព្រមឱនក្បាលចុះ ពួកគេនឹងមានភរិយាស្រស់ស្អាតកូនចៅស្ដាប់បង្គាប់ ហើយថែមទាំងមានជីវិតសមប្រកបទៅដោយយសសក្ដិនិងទ្រព្យសម្បត្តិហូរហៀរ ដែលអធិរាជហ័ងទីប្រោសប្រទានជាថ្នូររង្វាន់ចុះចូលសម្រាប់ឱ្យពួកគេ។ មិនថាយ៉ាងណាក្ដី ទាហានទាំងនេះនៅតែប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិនិងឧត្តមគតិរបស់ពួកគេ តស៊ូរក្សានូវអ្វីដែលមនុស្សជាច្រើនបោះបង់ចោលជាយូរមកហើយ ថែមទាំងសុខចិត្តពលីជីវិតគ្រប់ពេលវេលាដើម្បីជាតិ។

កងចក្រដឹកនាំប្រវត្តិសាស្ត្រកំពុងបង្វិលទៅមុខឥតឈប់ឈរ ចំណែកឯពួកគេទាំងនេះវិញ ពួកគេនៅតែឈរស្ងៀមមួយកន្លែង លើកដៃឡើងទៅខ្ពស់ ត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងដំណើរពេលវេលាកែប្រែចំណារនៃប្រវត្តិសាស្ត្រ។ ពួកគេគឺជាមនុស្សដែលដំណើរពេលវេលាបំបោះបង់ចោល ពួកគេចង់ការពារនគរជាតិរបស់ខ្លួនឯង ប៉ុន្តែព្រហ្មលិខិតកំណត់ថា ពួកគេត្រូវដាច់សង្ខារឆ្អឹងផេះផុង។

[សម្រាយ: អធិរាជហ័ងទីឈ្លានពានទឹកដីស៊ឹងនុង កាត់ក្បាលស្ដេចស៊ឹងនុង យកក្បាលដង្ហែរតាមទិសទាំងប្រាំបីសមុទ្រទាំងបួន សាហាវព្រៃផ្សៃ ប្រមាថពាសមេឃ កំហឹងមួយនេះ បើនៅមានមនសិកាក្នុងនាមជាកូនចៅរាស្ត្រស៊ឹងនុង ទោះស្លាប់ក៏មិនក្រាបក្រោមជើងអធិរាជហ័ងទី។ កុងកុងអូសបន្លាយសង្គ្រាមជាមួយអធិរាជហ័ងទីជាងបួនរយឆ្នាំ កងទ័ពរបស់កុងកុងសុទ្ធតែជាទាហានស្ម័គ្រចិត្តបម្រើទ័ព រួមទាំងទាហានអាទិទេពនិងទាហានមនុស្សឋានកណ្ដាល ក្នុងរយៈពេលជាងបួនរយឆ្នាំមកនេះ សាងលីវដុតភ្លើងបូជាសាកសពទាហានច្បាំងស្លាប់និងទាហានមនុស្សឋានកណ្ដាលចាស់ស្លាប់រាប់មិនអស់។]

ស៊ីវលូដឹងថាពួកគេល្ងង់ខ្លៅ និងគួរឱ្យអាណិតអាសូរខ្លាំងណាស់ ប៉ុន្តែគេមិនអាចមិនកោតសរសើរពួកគេ។ ឥឡូវនេះស៊ីវលូបានយល់ហើយថាហេតុអ្វីកាលពីលើកមុននៅពេលដែលគេសើចចំអកសាងលីវ មើលងាយកុងកុង ពន្យុះសាងលីវក្បត់កុងកុង ចុះចូលអធិរាជហ័ងទី ធ្វើឱ្យសាងលីវខឹងសម្បាយ៉ាងខ្លាំង។ វិចារណញ្ញាណរបស់មនុស្សយើងអាចផ្ចាញ់ផ្ចាល អាចបំផ្លិចបំផ្លាញ ប៉ុន្តែមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ប្រមាថមាក់ងាយឡើយ!

ស៊ីវលូឈានជើងថយក្រោយយឺតៗ សម្រែកច្រៀងដ៏កម្សត់នៅតែបន្លឺឡើងនៅពីក្រោយខ្នងគេ។ ស៊ីវលូឈរផ្អែកខ្នងទល់នឹងទ្វារឈើ សម្លឹងមើលទៅបុរសឈុតសម្លៀកបំពាក់សសក់ស ឫកពាសម្ងើចខ្ពស់ ឥតញញើតលោកិយ ដើរកាត់ថ្ងៃអស្ដង្គតក្រហមឆ្អិនឆ្អៅ។

សាងលីវឈានដើរទៅជិត ឈរនៅចំពោះមុខស៊ីវលូ ទឹកមុខត្រជាក់ល្អូក ច្បិចជ្រុងបបូរមាត់ញញឺមឡកឡើយ មិនដឹងថាចំអកចំពោះជីវិតឬចំពោះខ្លួនឯង។ ស៊ីវលូនៅសុខៗឱនក្បាលលំទោនកាយចុះ សុំការអធ្យាស្រ័យ៖

«ខ្ញុំសុំទោសចំពោះពាក្យខ្វះការពិចារណាកាលពីលើកមុន!»

សាងលីវត្រជាក់ល្អូកដើរចូលទៅក្នុងផ្ទះ និយាយព្រងើយ៖

«បើថ្នាំសង្កូវឆាប់មកដល់ យ៉ាងហោចណាស់ពួកគេអាចរស់ថែមមួយរយៈពេលទៀត។ ពួកគេគឺជាទាហានចម្បាំង ទោះត្រូវស្លាប់ក៏គួរតែស្លាប់នៅក្នុងសមរភូមិជាមួយកងទ័ពអធិរាជហ័ងទី!»

ស៊ីវលូអង្គុយស្ងៀមទ្រឹងមួយកន្លែងនៅកាច់ជ្រុងផ្ទះ គេចាប់ផ្តើមតានតឹងក្នុងចិត្ត ទន្ទឹងរង់ចាំថ្នាំសង្កូវរបស់ជីង។

ប៉ុន្មានថ្ងៃក្រោយមក សាងលីវនាំស៊ីវលូចាកចេញពីជំរំទ័ព វិលទៅភូមិឈីងសួយវិញ។

ជីងឈរនៅក្បែរមាត់ច្រាំងទន្លេ ក្រឡេកមើលទៅស៊ីវលូនិងសាងលីវឈរស្មាកៀកស្មាគ្នានៅលើខ្នងឥន្រ្ទីយ៍ស ហោះយោងចុះមកក្រោម។ ស៊ីវលូរហ័សរហួនលោតចុះ រហ័សរហួនសួរទៅជីង៖

«រកបានថ្នាំហើយឬនៅ? ដាក់នៅឯណា?»

ជីងសម្លឹងមើលទៅសាងលីវ និយាយមួយៗ៖

«ថ្នាំសង្កូវដែលលោកមេទ័ពត្រូវការ បានប្រមូលគ្រប់រួចរាល់ហើយ ឥឡូវនេះលាក់ទុកនៅក្នុងរូងក្រោមដី ផ្ទះក្បឿងទីបួន ខាងឆ្វេងផ្លូវតុងហឺ។ លោកមេទ័ពអាចបញ្ជូននរណាម្នាក់ចេញទៅយកពេលណាក៏បាន!»

សាងលីវងក់ក្បាលចុះ លើកដៃឱ្យសញ្ញា ឥន្រ្ទីយ៍សទម្លាក់ខ្លួនហោះចុះ។ ស៊ីវលូមិនចង់នៅប្រឈមមុខជាមួយជីង គេមានតែងើយក្បាលឡើងសម្លឹងមើលទៅតាមស្រមោលរបស់សាងលីវរសាត់បាត់បន្តិចម្តងៗទៅក្នុងពពក។ សាងលីវចាកចេញទៅ ស៊ីវលូនៅតែមិនដឹងថាគួរនិយាយអ្វីជាមួយជីង គេបន្តសម្លឹងមើលទៅពពកនៅលើមេឃ ហាក់ដូចជាសែនអាលោះអាល័យ។ លុះកឈឺចុករោយ ទើបស៊ីវលូព្រមងើយក្បាលចុះបែរមុខមក សម្លឹងមើលទៅជីងញញឹមស្រស់បស់។ ជីងនៅតែស្លៀកពាក់សម្លៀកបំពាក់ចាស់ដដែលនោះ។

ស៊ីវលូរលាស់បំពង់ក សាកសួរ៖

«ថ្នាំទាំងនោះមានធ្វើឱ្យលោកចួបការលំបាកទេ?»

ជីងគ្រវីក្បាលតិចៗ ស៊ីវលូសួរបន្ត៖

«ចុះប្រុងពេលណាចាកចេញពីភូមិឈីងសួយ?»

«មិនទៅទេ»

កែវភ្នែករបស់គេសម្លឹងមើលទៅស៊ីវលូ បញ្ចេញពន្លឺភ្លឺថ្លាស្រទន់ ពោរពេញទៅដោយក្ដីស្រលាញ់ឥតព្រំដែន។

ស៊ីវលូផ្អៀងកសើចខឹកៗ៖

«អ៊ីចឹងមានន័យថា គូដណ្តឹងរបស់លោកនឹងមកទីនេះ?»

ជីងបន្ទាបភ្នែកចុះ បិទបបូរមាត់ជិត។ ស៊ីវលូបក់ដៃរវៃៗ៖

«ខ្ញុំទៅវិញហើយណា៎!»

ស៊ីវលូដើរកាត់មុខជីង ដើរសំដៅចូលទៅក្នុងចម្ការថ្នាំ មិនដឹងថាដើរជាន់ស្មៅថ្នាំងាប់អស់ប៉ុន្មានទងទៅហើយទេ…

ស៊ីវលូដកមួយដង្ហើមធំ រុញទ្វារចូលទៅក្នុងផ្ទះ រីករាយស្រែកខ្លាំងៗ៖

«វិនស៊ីវលូមកវិញហើយ!»

នៅយប់ពាក់កណ្តាលអធ្រាត្រនោះ ខណៈកំពុងតែគេងលក់ស្កប់ស្កល់ ស៊ីវលូនៅមមិងមមាំងសុខៗបើកភ្នែកភ្លឹសឡើង។ សាងលីវឈរនៅក្បែរគ្រែរបស់គេ នៅតែជាសម្លៀកបំពាក់សសក់សដូចមុនធម្មតាដដែល ប៉ុន្តែអាវសនោះហាក់ដិតស្នាមឈាមបន្តិច សក់សហាក់រញ៉េរញ៉ៃបន្តិច៖

«លោកត្រូវរងរបួសហ្អេស?»

ស៊ីវលូដកដង្ហើមធំ ងើបក្រោកឡើងអង្គុយ ទាញកអាវចុះមកខ្លួនឯង។ សាងលីវមិនគួរសមអ្វី ដៃក្រសោបយករង្វង់កស៊ីវលូ ឱនឈ្ងោកមុខចុះខាំបឺតជញ្ជក់ឈាម។

ស៊ីវលូចំអកគេ៖

«លោកពិតជាសំណាងណាស់ មានឃ្លាំងថ្នាំព្យាបាលរបួសខ្ញុំនេះ ជួយលោកប៉ះប៉ូវកម្លាំងមិនតិចទេ…»

ស៊ីវលូនឹកឃើញអ្វីម៉្យាង រហ័សងាកសួរនាំ៖

«លោកយកថ្នាំបានហើយឬនៅ? ឬមួយលោកត្រូវអ្នកណាម្នាក់ដាក់អន្ទាក់វាយឆ្មក់?»

សាងលីវងើបមុខឡើង៖

«នៅទេ… មនុស្សគ្រួសារទូសានបង្ហើបទីតាំងលាក់ទុកថ្នាំ…»

«ប្រាកដជាមិនមែនទូសានជីងទេ!»

«យើងដឹងថាមិនមែនគេ!»

«ចុះជាអ្នកណា?»

«ធ្វើម្ដេចយើងដឹង! ឯងគួរទៅសួរគេទើបត្រូវ!»

«មានដឹងថាមនុស្សខាងណាប្លន់យកថ្នាំទៅដែរទេ?»

«មិនដឹងទេ!»

«ម៉េចលោកអ្វីក៏មិនដឹងអ៊ីចឹង!»

«គឺជាក្រុមមនុស្សដែលធ្វើឱ្យយើងត្រូវរបួសកាលពីលើកមុន ប៉ុន្តែក្រុមមនុស្សទាំងនោះមកដល់និងចាកចាញទៅបាត់ស្រមោលសូន្យយ៉ាងចម្លែក។ យើងសង្ស័យថានៅក្នុងជំរំមានជនបង្កប់ រហូតមកដល់ពេលនេះនៅតែរកមុខសញ្ញាមិនឃើញ!»

ស៊ីវលូលើកដៃទះថ្ងាសផាច់ ងើយក្បាលសម្លឹងមេឃ ស្រែកថ្ងូរឡើង៖

«អីក៏ចៃដន្យម៉្លេះ!»

សាងលីវឆ្លាតវៃ ប្រទះឃើញចំណុចមិនប្រក្រតីរបស់ស៊ីវលូ៖

«ឬមួយឯងស្គាល់ពួកគេ?»

ស៊ីវលូសើចស្ញយ៖

«ទុកឱ្យខ្ញុំសន្និដ្ឋានមើលបន្តិចសិន!»

សាងលីវច្របាច់កគេរឹតយ៉ាងណែន៖

«រឿងនេះពាក់ព័ន្ធអាយុជីវិតទាហានរាប់ពាន់នាក់ មិនមែនជាល្បែងកម្សាន្តពេលឯការបស់ឯងនោះទេ!»

ស៊ីវលូលើកម្រាមដៃដេញមើលវេលា គន់គូរមើលបណ្ដើរសន្និដ្ឋានមើលបណ្ដើរ បន្ទាប់មកអះអាងចិត្តថា៖

«គឺសៀន! ម្ចាស់តៀមស្រានៅដើមផ្លូវ!»

សាងលីវព្រលែងគេចេញ បែរខ្នងសម្រុកចេញទៅក្រៅ ប៉ុន្តែស៊ីវលូស្ទុះទៅចាប់ទាញដៃគេជាប់។

«មិនគួរទៅប្លន់យករបស់ដោយត្រង់ៗឡើយ មនុស្សរបស់គេមានច្រើន! ណាមួយទំនាក់ទំនងរវាងគេនិងគ្រួសារទូសាននៅមិនទាន់ដឹងច្បាស់! បើលោកធ្វើឱ្យរឿងកាន់តែធំ ខ្លាចក្រែងគ្រួសារទូសាននឹងឈរខាងគេ!»

សាងលីគ្រវាសដៃគេ ដើរពួយទៅ។ ស៊ីវលូបុកព្រួយ និយាយបន្ត៖

«ខ្ញុំមានមធ្យោបាយយកថ្នាំមកវិញ ហើយមិនចាំបាច់ពលីជីវិតទាហានណាទាំងអស់!»

សាងលីវឈប់ជើង បែរខ្នងទៅក្រោយ។ ស៊ីវលូលោតចុះពីគ្រែ ស្លៀកពាក់បណ្ដើរនិយាយបណ្ដើរ៖

«សៀនមានប្អូនស្រីម្នាក់ឈ្មោះអានាន! ដ្បិតកាចឆ្នាស់ឆ្នើម ប៉ុន្តែសៀនស្រលាញ់ប្អូនស្រីម្នាក់នេះខ្លាំងណាស់ ប្រយុទ្ធត្រង់ៗគឺពិបាក តែចាប់ជម្រិតអានានគឺងាយស្រួល! ពួកយើងដោះដូរប្អូនស្រីរបស់សៀនជាថ្នូរជាមួយថ្នាំសង្កូវទាំងនោះ អ៊ីចឹងមនុស្សទាំងសងខាងមិនចាំបាច់ប្រើអាវុធ!»

សាងលីវគិតគូរមួយសន្ទុះ ត្រជាក់ល្អូកថា៖

«បាន!»

មនុស្សទាំងពីរនាក់ចាកចេញពីហួយឈុនថាង ស៊ីវលូនៅតាមផ្លូវនិយាយទៅកាន់សាងលីវ៖

«លោកបញ្ឆោតសៀនចេញក្រៅផ្ទះ ខ្ញុំទៅចាប់អានាន!»

«មនុស្សរបស់យើងពេលនេះមិនច្រើនទេ មានតែចាត់មនុស្សបួននាក់ទៅតាមឯង!»

«លោកឱ្យមនុស្សមកខ្ញុំទាំងអស់ហ្អេស? ខ្ញុំត្រូវការតែមនុស្សពីរនាក់គ្រប់គ្រាន់ហើយ លោកកំពុងតែមានរបួស ទប់ទល់ជាមួយសៀនមិនងាយស្រួលនោះឡើយ!»

សាងលីវមិននិយាយស្ដីអ្វី ហក់ឡើងទៅលើខ្នងឥន្រ្ទីយ៍ស។ ជនប្លែកមុខបួននាក់ជិះបក្សីជំនិះហោះសំដៅមកដល់ សាងលីវចេញបញ្ជា៖

«មុនពេលយើងត្រលប់មកវិញ ពួកឯងត្រូវតែស្ដាប់តាមបញ្ជារបស់គេ!»

«បាទទាន!»

ជនទាំងបួននាក់បន្លឺសំឡេងស្របគ្នា។ ម្នាក់ក្នុងចំណោមពួកគេហោះសំយុងចុះក្រោមទាញដៃស៊ីវលូឡើងបក្សីជំនិះ បន្ទាប់មកហោះឡើងទៅលើអាកាស។ សាងលីវឱ្យសញ្ញាឥន្រ្ទីយ៍សបោះពួយហោះវ៉ូឡើង ស៊ីវលូស្រែកបន្ទរថា៖

«អ្ហេ៎! បិសាចក្បាលប្រាំបួន លោកកុំស្លាប់ឱ្យសោះណា៎!»

មិនដឹងថាសាងលីវស្ដាប់ឮឬអត់ ស្រមោលរបស់គេនិងឥន្រ្ទីយ៍សរសាត់បាត់ទៅក្នុងលម្ហអាកាស។ ស៊ីវលូងាកមុខក្រឡេកមើលជនទាំងបួននាក់ ពួកគេពាក់របាំងមុខជិត ហេតុនេះស៊ីវលូមើលមិនឃើញមុខមាត់របស់ពួកគេទេ គ្រាន់តែឃើញខ្សែភ្នែកមោះមុតមើលទៅគេ រង់ចាំការបញ្ជា។ ស៊ីវលូសួរថា៖

«ពួកលោកស្គាល់ភូមិសាស្ត្រនៅទីនេះច្បាស់ទេ?»

«ស្គាល់ច្បាស់!»

ស៊ីវលូចេញផែនការទៅពួកគេ…

«យល់ច្បាស់ហើយឬនៅ?»

«យល់ច្បាស់!»

«ល្អណាស់! បន្តិចទៀតចួបគ្នា!»

ស៊ីវលូបង្វៀងផ្លូវទៅខាងក្រោយតៀមស្រា គោះទ្វារផាំងៗបណ្ដើរស្រែកហៅបណ្ដើរ៖

«ល្បងសៀន! ល្បងសៀន…»

ស៊ីវលូដឹងច្បាស់ថាសៀនមិននៅផ្ទះទេ គោលបំណងរបស់គេគឺចង់តម្លង់ដាស់មនុស្សក្នុងផ្ទះឱ្យភ្ញាក់។ ហាយថាងដើរចេញមកក្រៅ៖

«កណ្ដាលយប់កណ្ដាលអាធ្រាត្រ ឯងមកទីនេះធ្វើស្អី?»

ស៊ីវលូធ្វើឈ្លើយ៖

«ចៀសចេញ! យើងមករកល្បងសៀនមិនមែននាងទេ!»

ហាយថាងក្ដៅចិត្ត តែត្រឹមតែជាអ្នកបម្រើទើបមិនហ៊ាននិយាយអ្វី។ ប៉ុន្តែអានានវិញគឺខុសគ្នា៖

«មនុស្សគម្រក់! បើមិនឆាប់ចេញទៅឱ្យឆ្ងាយ កុំបន្ទោសយើងមិនគួរសម!»

«មិនគួរសមហ្អេស? ខ្ញុំទើបមិនខ្ចីគួរសមជាមួយនាង! បើមិនយល់ដល់ល្បងសៀនទេ ខ្ញុំទះនាងរាប់សិបកំផ្លៀងតាំងពីយូរ! ស្រីសម្អុយឯងនេះ កែវភ្នែករបស់នាងដូចភ្នែកត្រីងាប់ស្អុយរលួយ!»

តាំងពីកើតមកនៅលើលោកនេះគ្មានអ្នកណាម្នាក់ហ៊ានបង្អុរបង្អាប់ឬជេរប្រមាថនាងឡើយ អានានខឹងសម្បាញ័រពេញខ្លួន៖

«ហាយថាង! វាយស្លាប់គេ! វាយស្លាប់គេឱ្យយើងភ្លាម! បើបងប្រុសបន្ទោស យើងទទួលខុសត្រូវ!»

«ចាស៎!» ហាយថាងទទួលបញ្ជា។

ស៊ីវលូខ្វិនខ្វែងជើងបោះពួយរត់ពួន។

«ខ្ញុំទុកមុខឱ្យល្បងសៀនទេ បើគ្រាន់បើតាមខ្ញុំចេញមកក្រៅមក៎! អានាន! បើខ្លាំងចេញមក៎ កុំអាងហាយថាង!»

«ចាំស្លាប់ទៅ! ចាំស្លាប់ទៅ!»

អានានមិននៅចាំហៅហាយថាង រត់ទៅរ៉ុយដេញតាមស៊ីវលូ។

«យើងនឹងសម្លាប់ឯងឱ្យផ្ទាល់ដៃ!»

ស៊ីវលូបន្តជេរប្រមាថ អានានបន្តដេញតាម។ ស៊ីវលូគ្រាន់តែរើសពាក្យជេរប្រទេចស្រាលបំផុតរបស់អ្នកផ្សារបន្លែបន្លុកគឺគ្រប់គ្រាន់ដុតអានានខឹងឆេះឆ្កួត។ កំហឹងរបស់អានាន ធ្វើឱ្យនាងខ្វះការប្រុង ប្រយ័ត្នមិនដឹងថាហាយថាងនៅសុខៗនោះត្រូវវាយដួលសន្លប់ ត្រូវជនចម្លែកម្នាក់លឿនដូចផ្លេកបន្ទោរ ចងក្របួចខ្សែអូសយកទៅ។

ស៊ីវលូល្បួងអានាងរត់ទៅកាន់កណ្ដាលវាលស្រែមួយ ស្ងាត់ជ្រងំ។ អានានដឹងពីប្រផ្នូលអាក្រក់ ក៏ងាកទៅស្រែកហៅហាយថាង តែគ្មានការឆ្លើយតប។ ប៉ុន្តែអានាននៅតែមានចិត្តក្លាហាន មិនខ្លាចរអារ បន្តវាយប្រហារស៊ីវលូដដែល។ ជនពាក់របាំងមុខបីនាក់បង្ហាញខ្លួនឈរពាំងនៅពីមុខស៊ីវលូ។ បីទល់នឹងមួយ មិនស្លាប់ក៏ពិការ! អានានត្រូវចាប់ចងជាប់ បោះឡើងលើខ្នងបក្សីជំនិះ។ ពួកគេរួសរាន់ហោះសំដៅទៅកាន់ទីតាំងដែលណាត់ទុកជាមួយសាងលីវ បណ្ដោយទុកឱ្យអានានស្រែកបញ្ចោលផ្ដាសា លើកជើងទាត់ធាក់ស្រេចតែចិត្ត។

ឈានចូលទៅក្នុងព្រៃជ្រៅ ឃើញហាយថាងដេកស្ដូកនៅលើដី ជនពាក់របាំងមុខបួននាក់ចែកគ្នាការពារទិសទាំងបួន។

ស៊ីវលូបីអានាងឡើង អានាងស្រែកជេរប្រទេចមិនឈប់៖

«លែងយើង! ពុំនោះទេយើងនឹងកាត់ដៃរបស់ឯងចោល!»

ស៊ីវលូព្រលែងដៃមួយរំពេច អានានធ្លាក់ទៅលើដីក្តុក។ អានានស្រែកខឹងឡាំប៉ាឡើង៖

«ឯងហ៊ានទម្លាក់យើងចុះដីផងហ្អេស!»

ស៊ីវលូឆ្លើយតប៖

«ក្រែងនាងហៅខ្ញុំទម្លាក់នាងចុះហ្អេស!»

អានានខឹងសម្បា៖

«អ្នកណាប្រើឯងឱបយើង!»

«មកពីនាងត្រូវចងជាប់ទើបខ្ញុំបីនាង ឬមួយចង់ឱ្យខ្ញុំអូសនាងនៅលើដី?»

អានានខឹងក្ដៅឆេវៗនិយាយអ្វីមិនចេញ។ ស៊ីវលូអង្គុយចុះ សើចហីៗ៖

«អ្នកនាងគ្រួសារធំដូចជានាងប្រហែលជាមិនធ្លាប់ត្រូវចងចំណងទេ មែនទេ? មានអារម្មណ៍យ៉ាងម៉េចដែរ?»

អានានមិនភ័យខ្លាចអ្វី សម្លឹងចំមុខស៊ីវលូដូចខ្មោចស្លាប់អណ្ដែតទឹក៖

«ឯងធុញទ្រាន់ជីវិតហើយ!»

ស៊ីវលូកាន់តែយូរកាន់តែកោតសរសើរឪពុកម្ដាយរបស់អានាន ទើបចិត្តល្អដាស់តឿននាង៖

«នែ៎! ប្អូនស្រីតូច! ក្រឡេកមើលឱ្យច្បាស់ទៅ នាងកំពុងត្រូវចាប់ចងណា៎!»

អានានសើចឡកឡើយ៖

«បងប្រុសរបស់យើងនឹងតាមរកយើងឃើញឆាប់ៗនេះ! គាត់នឹងខឹងផ្ទុះកំហឹងពាសមេឃ ឯងនឹងមុខជាស្លាប់យ៉ាងវេទនា!»

ដៃទាំងពីរច្រត់ចង្កា ស៊ីវលូសម្លឹងអានានដូចសម្លឹងវត្ថុសត្វចម្លែកខុសពីអ្នកដទៃ៖

«នាងជឿជាក់លើបងប្រុសជីដូនមួយរបស់នាងដល់ម្លឹងផងហ្អេស?»

«ប្រាកដណាស់! ព្រះបិ… ពុករបស់យើងមិនធ្លាប់សរសើរនរណាក្រៅពីគាត់ឡើយ!»

«ពុកម៉ែរបស់នាងស្រលាញ់នាងខ្លាំងណាស់មែនទេ?»

«មនុស្សល្ងង់! ពុកម៉ែយើងប្រាកដជាស្រលាញ់យើងហើយ!»

«សាច់ញាតិសន្ដានទាំងអស់របស់នាងសុទ្ធតែស្រលាញ់នាង?»

«មនុស្សល្ងង់! រឿងអីដែលថាពួកគេហ៊ានមិនស្រលាញ់យើង!»

ឥឡូវនេះស៊ីវលូបានយល់ហើយថា ហេតុអ្វីអានានចម្លែកខុសពីអ្នកដទៃ! នៅក្នុងពិភពលោករបស់អានាន មនុស្សគ្រប់គ្នាសុទ្ធតែស្រលាញ់នាង នាងចង់បានអ្វីគឺបានហ្នឹង។ នៅក្នុងពិភពលោករបស់អានាន គ្មានឧបសគ្គរារាំងជីវិត គ្មានកលល្បិចខ្មៅងងឹត។ នឹកគិតទៅដល់ទំហំក្ដីស្រលាញ់របស់សៀនចំពោះអានាននោះ ស៊ីវលូនៅសុខៗនោះលួចកើតកូនចិត្តច្រណែន។ អានាន គឺក្មេងស្រីម្នាក់គួរឱ្យសម្អប់ ប៉ុន្តែបើអាចនោះ ស៊ីវលូជឿថាមនុស្សស្រីគ្រប់រូបនៅលើលោកនេះ សុទ្ធតែប៉ងប្រាថ្នាចង់ដូចជាអានានដែរ ហ៊ានមើលងាយគ្រប់អ្វីៗទាំងពួង អំណួតក្អេងក្អាង ចាត់ទុកមេឃដូចដីភក់។ នោះព្រោះតែទម្រាំអាចក្លាយជាមនុស្សស្រីមានអត្តចរិតបែបនេះ គឺត្រូវទាមទារក្ដីស្រលាញ់ពីមនុស្សដែលស្រលាញ់ថ្នាក់ថ្នមទម្រើសនាងខ្លាំងជាច្រើន កសាងពិភពលោកពណ៌ផ្ទៃមេឃមួយ ស្រស់ស្អាតបរិសុទ្ធ ពោរពេញទៅដោយក្លិនផ្កាក្រអូបនិងពន្លឺថ្ងៃផ្កាឈូក។

មនុស្សម្នាក់ៗសុទ្ធតែប្រាថ្នាចង់រស់នៅដោយសុខសាន្តកក់ក្តៅ សប្បាយរីករាយ ប្រាថ្នាអ្វីបានហ្នឹង គ្មានអ្នកណាម្នាក់ចង់បានវាសនាលំបាក គ្រោះកម្មរាំងស្ទះ។ គ្មានអ្នកណាម្នាក់ចង់ចួបទុក្ខសោកា ឆ្លងកាត់ជីវិតតោកយ៉ាកនៅលើលោកនេះឡើយ។ គ្មានអ្នកណាម្នាក់ចង់មើលឃើញរូបភាពឃោរឃៅរបស់មនុស្សលោកឡើយ!

ស៊ីវលូទម្លាក់គូទអង្គុយចុះដី បន្ទន់សំឡេងសួរថា៖

«អានាន! ពុកម៉ែរបស់នាងជាមនុស្សយ៉ាងណា?»

អានានសម្លក់គ្រាប់ភ្នែកទៅស៊ីវលូ មិនមាត់មិនស្ដី។ ប៉ុន្តែសេចក្ដីអំណួតបុកច្រាលឡើងដូចខ្យល់ព្យុះ នាងទប់សង្កត់ចិត្តខ្លួនឯងមិនបាន៖

«ពុករបស់យើងគឺជាបុរសខ្លាំងពូកែជាងគេនៅលើលោក!»

ស៊ីវលូញ៉ុះញង់នាង៖

«ចុះបងប្រុសជីដូនមួយរបស់នាងវិញនោះ?»

«បងប្រុសរបស់យើងក៏ដូចគ្នាដែរ!»

«បុរសទាំងពីរសុទ្ធតែខ្លាំងពូកែ? ចុះនរណាឈរលេខរៀងទីមួយ?»

«មនុស្សល្ងង់! ពុករបស់យើងគឺជាបុរសខ្លាំងពូកែជាងគេនាអតីតកាល បងប្រុសរបស់យើងគឺជាបុរសខ្លាំងពូកែជាងគេនាអនាគត!»

«ពុករបស់នាងច្រើននិយាយអ្វីជាមួយនាង?»

ស៊ីវលូគ្មានឪពុក ហេតុនេះទើបងឿងឆ្ងល់ចង់ដឹងថាឪពុកនិងកូនស្រីតែងតែនិយាយគ្នាអំពីរឿងអ្វី។ អានានមិនទាន់ឆ្លើយតប សាងលីវក៏បានមកដល់។ សាងលីវហោះសំយុងចុះកណ្ដាលវេហាស៍ ពាក់របាំងមុខប្រាក់ សម្លៀកបំពាក់សសក់ស ចែងចាំងដូចជាស្រទាប់ផ្កាព្រិល ទម្លាក់ជើងយឺតៗចុះដី ស្រស់ស្អាតឥតប្រឡាក់លម្អងធូលី។

ជនពាក់របាំងមុខម្នាក់ចេញមករាយការណ៍ សាងលីវស្តាប់រួច ចេញបញ្ជាប៉ុន្មានម៉ាត់ ជនទាំងនោះក៏នាំហាយថាងចេញទៅមួយរំពេច។ អានានហាក់បីដូចជាស្លុងអារម្មណ៍មើលភ្លឹកយ៉ាងខ្លាំងទៅកាន់បុរសពាក់របាំងមុខប្រាក់នោះ នាងសម្លឹងមើលសាងលីវឡើងវង្វេងវង្វាន់ ភ្លេចអស់កំហឹងក្នុងពោះ។

ស៊ីវលូសើចចំអក៖

«តើចង់ដឹងថាមុខមាត់នៅពីក្រោយរបាំងមុខនោះយ៉ាងណាដែរទេ? ខ្ញុំធានាថាមិនអន់ជាងបងប្រុសជីដូនមួយរបស់នាងទេ!»

អានានអៀនប្រៀនយ៉ាងច្បាស់ក្រឡែត នៅតែរឹងចចេសប្រកែក៖

«ហ៊ឹស! អ្នកណាឃ្លានមើល!»

និយាយរួចក៏រហ័សបិទភ្នែកចុះ បង្ហាញឫកពាឡើងថា៖ ពួកឯងជាជនគម្រក់ ថោកទាបពិសពុល យើងមិនឃ្លានមើលពួកឯងទេ! មិនឃ្លានស្ដាប់ពួកឯងទេ!

សាងលីវអង្គុយតាំងសមាធិព្យាបាលរបួសនៅក្រោមម្លប់ដើមឈើមួយនៅមិនឆ្ងាយប៉ុន្មាន។ ស៊ីវលូដើរចូលទៅជិត សួរថា៖

«លោកមិនអីទេហ្អេស?»

«អ្ហឹម»

«ត្រូវការព្យាបាលរបួសបន្ទាន់ទេ?»

«ឯងដឹងថាយើងព្យាបាលរបួសយ៉ាងណាហើយ! រង់ចាំគ្រប់យ៉ាងបញ្ចប់សឹមនិយាយគ្នាបន្តទៀត!»

«នៅពេលដែលសៀនយកថ្នាំប្រគល់ឱ្យលោកវិញ ខ្ញុំនឹងនាំអានានចាកចេញពីទីនេះ ដល់ពេលនោះ លោកគួរស្វែងរកកន្លែងអាថ៌កំបាំងណាមួយសម្រាកព្យាបាលរបួសទៅ!»

សាងលីវបើកភ្នែកឡើង សួរថា៖

«ឯងដឹងសាវតាពិតប្រាកដរបស់សៀនដែរឬទេ?»

ស៊ីវលូគ្រវីក្បាល៖

«គេមើលពីសំបកក្រៅទៅជាឈ្មួញរកស៊ីលក់ស្រាសាមញ្ញធម្មតា មិនដូចពួកអ្នកប្រុសនៅក្នុងគ្រួសារធំនោះឡើយ។ ប៉ុន្តែអំណាចក្នុងដៃរបស់គេធំខ្លាំងណាស់ លុះត្រាតែមានប្រភពអំណាចសម្បត្តិមហាសាលទើបអាចចិញ្ចឹមពួកកងសេនាអង្គរក្សទាំងនោះបាន បើមិនមែនជាកូនចៅក្នុងពូជពង្សត្រកូលខ្ពង់ខ្ពស់ណាមួយទេគឺពិបាកអាចធ្វើទៅរួចណាស់!»

សាងលីវច្បិចញញឹមស្រាល៖

«យើងទាញដឹងប៉ុន្មានភាគ!»

«អ្នកណា?»

«យើងត្រូវការស៊ើបមើលឱ្យច្បាស់សិន!»

«អូ៎!»

«បើគេជាមនុស្សដែលយើងទាយត្រូវមែននោះ ខ្លាចក្រែងតែឯងគ្រោះច្រើនជាងលាភ!»

«ហេតុអ្វី?»

«ឮថាគេជាមនុស្សស្រលាញ់ការពារញាតិសន្ដាន ហួងហែងហួសហេតុ គេស្អប់បំផុតអ្នកណាប៉ះពាល់សាច់ញាតិរបស់គេ! ឯងចងប្អូនស្រីរបស់គេ គឺប៉ះពាល់ដល់ត្រណមធំបំផុតរបស់គេ គេប្រាកដជាសម្លាប់ឯងមិនខាន! លើកនេះយើងនាំទុក្ខដល់ឯង ហេតុនេះមុនពេលយើងវាយរាបគេ ឯងយកល្អគួរតែនៅក្បែរយើង!»

«អត់ទេ!»

«ឯងមិនជឿសម្ដីយើងទេ?»

«ជឿ! បិសាចនរកខ្លាចដូចជាលោកថាខ្ញុំមានគ្រោះគឺប្រាកដជាការពិត! ប៉ុន្តែតើលោកឃើញថាខ្ញុំជាមនុស្សខ្លាចស្លាប់ ត្រូវការពួនក្រោយខ្នងអ្នកដទៃហ្អេស?»

សាងលីវចងចិញ្ចើម សើចចំអក៖

«ស្រេចតែឯងចុះ! ប៉ុន្តែ…»

សាងលីវស្រវាដៃច្របាច់កស៊ីវលូ៖

«កុំស្លាប់ឱ្យសោះ!»

ឥន្រ្ទីយ៍សប្រែកាឡាជាកូនចាបស ហោះចុះមកក្រោម ស្រែកជីបៗហៅសាងលីវ។ សាងលីវឈ្លីក្បាលវាបន្តិច រួចងាកទៅនិយាយជាមួយស៊ីវលូ៖

«ទទួលបានថ្នាំសង្កូវនិងដកថយដោយសុវត្ថិភាព!»

ស៊ីវលូក្រោកឈរឡើង ក្រឡែងស្មាចុករោយបន្តិច៖

«ខ្ញុំនាំមនុស្សទៅសងវិញ លាសិនហើយ! ភ្នំខ្ពស់ទន្លេវែង ប្រាកដជាមានថ្ងៃចួបវិញ! បើសិនជាគ្មានឱកាសចួបវិញទេ លោកកុំនឹកនាខ្ញុំណា៎!»

សាងលីវច្បិចញញឹមស្រាល៖

«យើងនឹកឈាមរបស់ឯង មិនមែនឯងនោះទេ!»

ស៊ីវលូសើចហាៗ ស្រាយចំណងកន្ទុយគោនៅលើជើងអានាន បន្ទាប់មកអូសទាញនាងទៅ។ អានានស្រែកជេរប្រទេចបណ្ដើរត្រដាបត្រដួសជើងទៅតាមបណ្ដើរ។

ស៊ីវលូដើរតាមផ្លូវបណ្ដើររិះរកវិធីទប់ទល់ជាមួយសៀនបណ្ដើរ។

ស៊ីវលូខិតខំដាស់រលឹកការចងចាំគ្រប់រឿងរ៉ាវ ទោះធំក្ដីតូចក្ដីដែលទាក់ទងនឹងសៀន ចាប់តាំងពីថ្ងៃចួបគ្នាដំបូងលុះរហូតដល់ពេលនេះ ទើបស៊ីវលូចាប់អារម្មណ៍ឃើញថាគេមិនយល់អ្វីពីមនុស្សម្នាក់នោះសោះឡើយ។ សៀនពាក់របាំងមុខក្លែងក្លាយយ៉ាងដូចពិតប្រាកដ អ្នកដទៃអាចកត់សម្គាល់មនុស្សពាក់របាំងមុខយ៉ាងងាយ ចំណែកឯសៀនវិញ របាំងមុខរបស់គេហាក់ដូចជាដុះលើផ្ទៃមុខរបស់គេដោយធម្មជាតិស្រាប់ ពិតប្រាកដនិងក្លែងក្លាយ លាយឡំគ្នាមិនអាចបែងចែកដាច់។ កញ្ចាស់ម៉ុក ថៅកែកៅ មុខខ្មូត និងគ្រាប់អង្កាំ សុទ្ធតែចូលចិត្តរាប់អានសៀន ព្រោះគេជាមនុស្សងាយចុះសម្រុងនិងងាយស្រួលនិយាយគ្នា។ ឈុនតៅនិងទៀនអឺក៏ចូលចិត្តសៀន ព្រោះគេស្អាតសង្ហា កំប្លុកកំប្លែង និងជាសុភាពបុរសពិត។ ស៊ីវលូមិនអាចបដិសេធបាន ថាគេក៏ចូលចិត្តសៀនផងដែរ ព្រោះគេឆ្លាតវៃ ប៉ិនវោហា ចុះចំណោម មានព្រំដែន មិនបង្កការលំបាកដល់អ្នកដទៃ។ ប៉ុន្តែតាមការពិតទៅ ស៊ីវលូមិនអាចចាប់លក្ខណមនុស្ស ចំណាប់អារម្មណ៍ សមត្ថភាពពិតប្រាកដ ដើម្បីស្រាយចម្ងល់អំពីរូបគេឡើយ។

ចំណុចខ្សោយតែមួយគត់របស់សៀនមើលទៅគឺ គេតែងតែស្រលាញ់ការពារប្អូនស្រីម្នាក់នោះ មិនថានាងធ្វើអ្វីខុសឆ្គងក៏ដោយ គេតែងតែសង្ឃឹមថាអ្នកដទៃនឹងអាចអត់ឱនលើកលែងដល់នាង។ លើសពីនេះទៅទៀត គេថែមទាំងសុខចិត្តលំទោនកាយខ្លួនឯងនៅចំពោះមុខអ្នកដទៃ ទទួលកំហុសជំនួសប្អូនស្រីរបស់ខ្លួន។

ស៊ីវលូកាន់តែគិតកាន់តែហួសចិត្តខ្លាំង ហេតុអ្វីនៅលើលោកនេះមានមនុស្សបែបនោះ? មិនដឹងថាគេបានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះនៅក្នុងឆាកជីវិត? រឿងរ៉ាវអ្វីខ្លះដែលធ្វើឱ្យគេប្រែក្លាយទៅជាមនុស្សប្រកាន់សេចក្ដីបែបនោះ?

ស៊ីវលូងាកទៅនិយាយជាមួយអានាន៖

«ខ្ញុំមានអារម្មណ៍ថាកាន់តែខ្លាចបងប្រុសជីដូនមួយរបស់នាងហើយ!»

អានានច្បូចមាត់ សើចចំអក៖

«ពេលនេះទើបដឹងគឺហួសពេលហើយ!»

ស៊ីវលូសម្លឹងមុខអានានសើចស្ញេញស្ញាញ។ អានានមានអារម្មណ៍ថាជើងទាំងពីរត្រជាក់ស្ដូក៖

«ឯង… ឯងចង់ធ្វើស្អី?»

ស៊ីវលូច្រានអានានដួលចុះទៅដីផុស គេស្ទាបដៃរាវរកសព្វខ្លួនប្រាណ យកថង់ថ្នាំមួយកំផ្លុសចេញមក មានគ្រាប់ មានម្សៅ។ ក្រោយពេលជ្រើសរើសល្អិតល្អន់ គេច្របាច់មាត់អានាន ញាត់ថ្នាំបីគ្រាប់ បន្ទាប់មកចាក់ម្សៅមួយថង់ពេញចូលទៅក្នុងមាត់របស់នាង។ អានានមិនព្រមលេប ស៊ីវលូញ៉ុកមាត់ផងទះថ្ពាល់ផង គ្រវីថ្ពាល់ផង បង្ខិតបង្ខំអានានឱ្យលេបចុះ។

«ឯង… ឯងបង្ខំឱ្យយើងលេបរបស់ស្អី?»

ស៊ីវលូសើចហីៗហាៗ៖

«ថ្នាំពុល! នៅលើខ្លួននាងមានខ្សែកគុជខ្យងការពារពិស តែខ្ញុំមិនជឿថានៅក្នុងពោះនាងក៏មានគុជខ្យងការពារពិសដែរទេ!»

បន្ទាប់មកទៀត ស៊ីវលូហូតស្នៀតសក់នៅលើក្បាលរបស់អានាន ជ្រលក់ក្នុងថង់ម្សៅថ្នាំពុល យកទៅចាក់ៗនៅលើដើមដៃរបស់អានាន។ ទឹកភ្នែកហូរហៀរពេញថ្ពាល់ អានានមិនធ្លាប់ចួបមនុស្សពាលថោកទាបដូចជាវិនស៊ីវលូនេះឡើយ។

ស៊ីវលូរទូរទាំ៖

«ខ្ញុំមិនជឿថានៅក្នុងឈាមនាងក៏មានដែរទេ!»

គិតគូរមួយសន្ទុះ ស៊ីវលូយកស្មៀតសក់ជ្រលក់ក្នុងថង់ម្សៅផ្សេងមួយទៀត រួចបង្វិលដៃទៅចាក់ៗនៅក្រោយខ្នងរបស់អានាន។

«ដើម្បីប្រាកដចិត្តថាមានប្រសិទ្ធិភាព ខ្ញុំត្រូវប្រើថ្នាំពុលមួយផ្សេងថែមទៀត! ដួងវិញ្ញាណរបស់នាងគឺធាតុទឹក ជាធាតុត្រជាក់មែនទេ? លើកនេះខ្ញុំត្រូវចាក់ជីពចរដែលពិបាករកឃើញ!»

ម្រាមដៃរបស់ស៊ីវលូស្ទាបពាសវាលពាសកាល ច្របាច់ឆ្វេង សង្កត់ស្តាំ រំកិលចុះពីលើត្រង់ស្មាទៅដល់ចង្កេះរបស់អានាន។ នៅក្នុងនាមជាមនុស្សស្រីម្នាក់ តាំងពីដើមមកអានានមិនដែលមានបុរសណាស្ទាបអង្អែលបែបនេះទេ តាំងពីកើតមកអានានមិនដែលមានអារម្មណ៍ភ័យខ្លាចបែបនេះឡើយ។

អានានស្រែកយំបណ្ដើរឱបស្មាខ្លួនឯងបណ្ដើរ៖

«យើងនឹងសម្លាប់ឯង! យើងនឹងសម្លាប់ឯង!»

ស៊ីវលូមិនអើពើនឹងនាង គេរកឃើញជីពចរមួយចំនួននៅលើខ្នងរបស់អានាន ចាក់ម្ជុលស្នៀតសក់ចូលទៅក្នុង ដៃថ្នមស្រាលបំផុត តែគ្រប់គ្រាន់ធ្វើឱ្យអានានឈឺចាប់បំផុត។ នាងមិនត្រឹមតែចង់កាត់ម្រាមដៃរបស់ស៊ីវលូប៉ុណ្ណោះទេ ថែមទាំងចង់បកស្បែកពន្លាត់ចោលចេញពីខ្នងរបស់នាងទៀតផង។

ក្រោយពេលរួចរាល់ ស៊ីវលូទាញសម្លៀកបំពាក់នៅលើខ្លួនអានានឡើងឱ្យរៀបរយវិញ៖

«តស់ទៅ! បើបងប្រុសជីដូនមួយរបស់នាងបង្ខំយើងឱ្យស្លាប់ យើងនឹងទាញនាងស្លាប់ជាមួយគ្នា!»

អានានស្រែកយំមិនឈប់ ទឹកភ្នែកហូរកក្លាក់ មិនព្រមកម្រើកជើង។ ស៊ីវលូគ្រវីគ្រវាត់ដៃនៅចំពោះមុខនាង៖

«នាងចង់ឱ្យខ្ញុំចាក់ប៉ុន្មានម្ជុលនៅលើក្បាលនាងថែមទៀតហ្អេស?»

អានានស្រែកយំ បន្ទាប់មកទុកទឹកភ្នែកហូរពេញមុខបណ្ដើរលើកជើងខ្ពស់ជើងទាបដើរទៅតាមស៊ីវលូបណ្ដើរ។ ឮសម្រែកយំដ៏គួរឱ្យអាណិតរបស់អានាន ស៊ីវលូចោទសួរមនសិការខ្លួនឯង៖ ឬមួយខ្ញុំអាក្រក់ខ្លាំងពេក គម្រក់ហួសហេតុដែលធ្វើបាបក្មេងស្រីម្នាក់នេះ?

មួយរំពេចភ្លាមៗនោះ មនុស្សមួយក្រុមហោះសម្រុកចូលមកកាត់ផ្ដាច់ការគិតរបស់គេ។ មនុស្សដឹកនាំមុខក្រុមគឺ សៀន!

«បងប្រុស!»

អានាងរត់ស្ទុះវឹងចូលទៅក្នុងរង្វង់ទ្រូងរបស់សៀន ស្រែកទ្រហោយំទឹកភ្នែករហេមរហាម។ ស៊ីវលូត្រូវអង្គរក្សបិទមុខមួយក្រុមឡោមព័ទ្ធជិត។ សៀនមិនតក់ក្រហល់ចាត់ការស៊ីវលូ ទះដៃថ្នមៗលើខ្នងឱនមុខចុះនិយាយលួងលោមអានាន។ អានានស្រែកយំហ៊ូកាន់តែខ្លាំង ដកដង្ហើមត្រហេបត្រហប់ ភ្នែកទាំងពីរក្រហមងាំង។ មួយសន្ទុះក្រោយមក អានានយំសំឡេងកាន់តែតូច អណ្ដកអណ្ដឺតបណ្ដើរ ឆ្លើយតបសំនួររបស់ហៀនបណ្ដើរ។ និយាយដល់ស៊ីវលូដាក់ពិសនាង សៀនសួរអានានថាស៊ីវលូយកស្នៀតសក់ចាក់នាងត្រង់ណាខ្លះ អានានពេបមាត់យំហ៊ូឡើងបន្តទៀត មិនព្រមឆ្លើយតប។ ដ្បិតអានានមិននិយាយចេញ ប៉ុន្តែសម្រែកយំរបស់នាងលាតត្រដាងអ្វីៗទាំងអស់។ សៀនដៀងភ្នែកក្រឡេកមើលទៅស៊ីវលូ បាញ់កែវភ្នែកព្រួញពិឃាត ស៊ីវលូមានអារម្មណ៍ស្រៀវស្រើបនៅលើឆ្អឹងខ្នង ប៉ុន្តែនៅតែបង្ខំចិត្តរីកស្នាមញញឹមយ៉ាងក្រអឺតក្រទម។

សៀនចេញបញ្ជា៖

«ចាប់គេឃុំឃាំង! ចាំទុកកុំធ្វើឱ្យគេស្លាប់!»

«បាទទាន!»

សៀនជូនអានានត្រលប់ទៅវិញ អង្គរក្សបិទមុខវាយស៊ីវលូសន្លប់អូសយកទៅ។

នៅពេលដឹងស្មារតីឡើងវិញ ស៊ីវលូប្រទះឃើញខ្លួនឯងកំពុងត្រូវជាប់ឃុំនៅក្នុងគុកក្រោមដីមួយ។ គ្មានពន្លឺព្រះអាទិត្យណាសូម្បីបន្តិច មានតែចង្កៀងប្រេងពីរព្យួរនៅលើជញ្ជាំងថ្ម។ ស៊ីវលូនឹកគិតក្នុងចិត្តថា៖ នៅក្រោមដី បិទបំបាំង បិទសំឡេង គឺជាទីកន្លែងឃុំបង្ខាំង និងធ្វើទារុណកម្មដ៏គួរខ្លាចញញើត។ មនុស្សពីរនាក់បិទមុខ ដើរសំដៅចូលមក។ ស៊ីវលូបើកមាត់ចង់និយាយស្ដី តែមិនអាចនិយាយស្ដីបាន។

ម្នាក់ខ្ពស់និយាយ៖

«លោកម្ចាស់និយាយថា កុំធ្វើឱ្យគេស្លាប់!»

ម្នាក់ទាបនិយាយ៖

«ន័យរបស់លោកម្ចាស់គឺ ឱ្យពួកយើង “មើលថែ” គេតាមតែចិត្តចុះ ឱ្យតែកុំយកជីវិតគេទៅគឺបានហើយ!»

ម្នាក់ខ្ពស់និយាយ៖

«គួរចាប់ផ្ដើមពីត្រង់ណា?»

ម្នាក់ទាបនិយាយ៖

«ត្រង់ដៃ! ថ្ងៃក្រោយកុំឱ្យគេមានឱកាសដាក់ពិសលើអ្នកដទៃទៀត!»

ពួកគេទាញឧបករណ៍ធ្វើទារុណកម្មចេញមក នោះគឺជាប្រអប់ថ្មមួយ រាងចតុកោណ ស្រដៀងកូនមឈូសតូច គម្របប្រអប់ចាក់សោរយ៉ាងប្រុងប្រយ័ត្ន។ ប្រអប់ថ្មបើកពីកណ្តាល ពេលដែលបិទចុះ នៅខាងលើប្រអប់រំលេចរន្ធប្រហោងទំហំប៉ុនកដៃ។ ម្នាក់ខ្ពស់ដកក្រឡក្រមួនមួយធុំក្លិនស្អុយរលួយ លាបមួយស្រទាប់ស្តើងនៅលើដៃទាំងពីររបស់ស៊ីវលូ បន្ទាប់មកទៀតស៊កដៃទាំងពីរចូលទៅក្នុងប្រអប់ថ្មនោះ។ នៅក្រោមបាតកូនមឈូសតូចគឺជាដីខ្មៅស្អិតរងើម។ ហាក់ត្រូវដាស់ភ្ញោចឡើងដោយក្លិនក្រមួន មួយសន្ទុះក្រោយមក មានកូនដង្កូវរាប់រយរាប់ពាន់មិនដឹងចេញមកពីណាពីណីវារចេញមកពីក្រោមដីខ្មៅ វារសំដៅទៅរកដៃរបស់ស៊ីវលូ។ ម្នាក់ទាបបិទគម្របប្រអប់យ៉ាងណែន បន្ទាប់មកយកគល់ឈើមួយដុំញ៉ុកចូលក្នុងមាត់របស់ស៊ីវលូ ចងរុំព័ន្ធមាត់មួយជុំជិតដោយកន្សែងកខ្វក់។

ម្នាក់ខ្ពស់និយាយ៖

«នេះជាដង្កូវខ្មោចចូលចិត្តចុះស៊ីសាច់សាកសព!»

ម្នាក់ទាបនិយាយ៖

«ក្រមួនលាបនៅលើដៃឯងចម្រាញ់ចេញពីសាកសពមនុស្សស្លាប់ ទាក់ទាញច្រមុះស្រង់ក្លិនរបស់ពួកដង្កូវទាំងនេះ!»

ម្នាក់ខ្ពស់និយាយ៖

«ពួកវានឹងសន្សឹមៗចុះរូងប្រហោង ខ្វេះប្រលេះសាច់របស់ឯង សន្សឹមៗស៊ីសុះទាំងសាច់ទាំងឆ្អឹងនៅលើដៃរបស់ឯង!»

ម្នាក់ទាបនិយាយ៖

«ពួកវានឹងសន្សឹមៗចុះស៊ីយឺតៗ គ្រប់គ្រាន់ធ្វើឱ្យឯងទទួលអារម្មណ៍ដឹងពីការឈឺចាប់នីមួយៗ សាច់ឆ្អឹងរបស់ឯងត្រូវចុះស៊ីខ្ទេច!»

ម្នាក់ខ្ពស់និយាយ៖

«ម្រាមដៃទាំងដប់ផ្សាភ្ជាប់ទៅដល់បេះដូង សាច់ឆ្អឹងរបស់ឯងត្រូវចុះស៊ីសន្សឹមៗ ឈឺចុកចាប់រកអ្វីប្រៀបពុំបាន! ធ្លាប់មានមនុស្សខាំដាច់កដៃរបស់ខ្លួនឯងដើម្បីកាត់ផ្ដាច់ការឈឺចាប់វេទនានេះ!»

ម្នាក់ទាបនិយាយ៖

«ហេតុនេះទើបពួកយើងត្រូវញ៉ុកមាត់ឯងឱ្យជិត!»

ម្នាក់ខ្ពស់និយាយ៖

«ប្រាំថ្ងៃក្រោយ នៅពេលដែលបើកគម្របប្រអប់ចេញ ឯងនឹងឃើញដៃទាំងពីររបស់ឯងនៅសល់តែកម្ទេចផេះឆ្អឹង ហ្មត់ខៃដូចម្សៅត្បូងកិន!»

ម្នាក់ទាបនិយាយ៖

«ពួកយើងពន្លត់ភ្លើងចង្កៀងទៅ!»

ម្នាក់ខ្ពស់និយាយ៖

«មែនហើយៗ! គេនឹងទទួលអារម្មណ៍កាន់តែច្បាស់និងកាន់តែរស់រវើកនៅក្នុងទីងងឹត! លើសពីនេះទៅទៀត ទីងងឹតធ្វើឱ្យពេលវេលាមើលទៅហាក់ដើរយឺត កម្រិតនៃការឈឺចាប់នឹងកើនឡើងទ្វេដង!»

ម្នាក់ទាបនិយាយ៖

«កាលពីលើកមុន ពេលដែលពួកយើងប្រើទារុណកម្មនេះ អ្នកទោសម្នាក់នោះឡប់វល់សតិដល់ឆ្កួតនៅនឹងកន្លែង!»

ម្នាក់ខ្ពស់និយាយ៖

«សង្ឃឹមថាឯងនឹងមិនឡប់វល់សតិដល់ឆ្កួត!»

ម្នាក់ខ្ពស់និងម្នាក់ទាបផ្លុំពន្លត់ភ្លើងចង្កៀងទាំងអស់ យួរចង្កៀងគោមដើរចេញពីបន្ទប់សម្ងាត់។ នៅពេលរស្មីពន្លឺចុងក្រោយដាច់រលុត ភាពងងឹតគ្របដណ្ដប់បន្ទប់ទាំងមូល ស៊ីវលូខំបើកភ្នែកទាំងពីរធំៗ គេដឹងថាអ្វីដែលមនុស្សទាំងពីរនាក់នោះនិយាយគឺជាការពិត។ មធ្យោបាយល្អបំផុតកុំឱ្យខ្លួនឯងឆ្កួតគឺកុំបិទភ្នែក។ ស៊ីវលូចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ផ្សាៗនៅចុងម្រាមដៃរបស់គេ ហាក់ដូចជាពួកដង្កូវកំពុងចាប់ផ្តើមចុះរូងក្នុងសាច់របស់គេ ឈឺរឹតទៅដល់បេះដូងរបស់គេបន្តិចម្តងៗ។ ស៊ីវលូចាប់ផ្តើមនិយាយខ្សឹបខ្សួលតែម្នាក់ឯង នឹកឃើញអ្វីនិយាយហ្នឹង។ យប់ខ្មៅងងឹត សេចក្ដីឈឺចាប់បុកទន្ទ្រាំធ្វើទុក្ខទោម្នេញ ប៉ុន្តែក្នុងខួរក្បាលគេនៅតែរំលេចឡើងហូរហៀរទៅដោយផ្ទាំងទេសភាពស្រស់ស្អាត ស្រស់បំព្រង។

ផ្កាក្ងោកក្រហមឆ្អិនឆ្អៅដូចអណ្ដាតភ្លើងរីកស្គុះស្គាយនៅចុងមែកឈើ ខ្សែទោងយោលនៅពីក្រោមដើមឈើ។ ក្មេងស្រីតូចកំពុងលេងទោងយោល រីឯក្មេងប្រុសតូចកំពុងហាត់ដាវ។

ក្មេងស្រីតូចសែនរីករាយស្រែកហៅបងប្រុសរបស់នាង៖

«បងប្រុស! មើលមកខ្ញុំនេះ… ខ្ពស់ទេ…»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*