ដោយសារលើខ្លួនមានរបួសនិងសង្ស័យច្រើន សាងលីវមិនចង់ចួបនឹងអ្នកណាដែលអាចបង្កគ្រោះថ្នាក់ដល់គេជាដាច់ខាត។ ហេតុនេះ មុនពេលដែលជីងរកឃើញកន្លែងពួកគេលាក់ខ្លួន សាងលីវបានចាកចេញទៅដោយស្ងាត់ៗ ទុកស៊ីវលូចោលនៅក្នុងសភាពគ្មានប្រតិកម្ម។ នៅពេលចូលទៅដល់ក្នុងល្អាង ជីងឃើញស៊ីវលូអណ្ដែតលើផ្ទៃទឹក មុខមាត់ស្លេកស្លាំង របួសពេញខ្លួន ភ្នែកទាំងពីរបិទជិត។ ជីងស្ទាបជីពចរស៊ីវលូ រហ័សលើកបីឡើង សម្រុកចេញពីល្អាង ស្រែកហៅបក្សីជំនិះ។
ជាងដប់ថ្ងៃក្រោយ ស៊ីវលូដឹងខ្លួនឡើងឃើញខ្លួនឯងកំពុងស្ថិតនៅក្នុងបន្ទប់ប្រណិតមួយ ត្បូងម៉ីញជូព្យួរនៅលើពិដានដំណាក់ខ្ពស់។ នៅខាងក្រៅស្ថិតនៅពាក់កណ្ដាលរដូវក្ដៅ ប៉ុន្តែនៅខាងក្នុងបន្ទប់នៅតែត្រជាក់ល្ហឹម រហើយស្រួល។
ទ្វារបង្អួចបើកទូលាយ នៅខាងក្រៅសួនផ្កា ផ្កាចម្រុះពណ៌បង្អួតសម្រស់៖ ផ្កាម្លិះ ផ្កាឡាង ផ្កាគួយហួរ ផ្កាអ៊ីងអ៊ីង ផ្កាជឺថុង… នៅក្រោមសំយ៉ាបដំបូលព្យួរព័ន្ធទៅដោយចង្រឹងកណ្ដឹងខ្យល់ធ្វើពីចរណៃប៉ូលទឹកកកប៉ូលខាងជើង ជាតំបន់ដែលមានព្រិលទឹកកកធ្លាក់ពេញមួយឆ្នាំ មានគ្រប់ពណ៌ចម្រុះ៖ ក្រហមឆ្អៅ បៃតង ស្វាយ ប្រាក់… ឡាយឡំគ្នាជាមួយនឹងចំណាំងភ្លឺចែងចាំងនៃចរណៃប៉ូលទឹកកក ហើយឆ្លាក់ទៅជាផ្កាយ៉ាងរស់រវើកបញ្ចូលគ្នា។ ខ្យល់បក់រវិចមកតិចៗ ចំហាយត្រជាក់ពីចរណៃប៉ូលទឹកកកសាយភាយជុំវិញ ធ្វើឱ្យសួនផ្កាទាំងមូលស្រស់ស្រាយ ត្រជាក់ដូចនៅពាក់កណ្តាលរដូវផ្ការីក។
ស៊ីវលូពាក់អាវក្រៅ ឈានដើរចេញទៅក្រោមសំយ៉ាបដំបូល ជីងឈរនៅកណ្តាលសួនផ្កា ភ្នែកទាំងពីរសម្លឹងមើលស៊ីវលូមិនដាក់។
ពន្លឺព្រះអាទិត្យពណ៌ទឹកមាសចែងចាំង ផ្ការីកប្រដេញគ្នាស្គុះស្គាយ សុភាពបុរសធំខ្ពស់ស្រស់សង្ហា ទន់ភ្លន់ប្រៀបដូចជាកន្លង់ចោមផ្កា។ ទិដ្ឋភាពដ៏ស្រស់ស្អាតនោះធ្វើឱ្យមនុស្សមិនអាចមិនរំជើបរំជួល រង្គោះរង្គើដួងចិត្ត។ ស៊ីវលូឈានដើរចូលទៅចំពោះមុខជីងយឺតៗ រីកស្នាមញញឹមយ៉ាងស្រទន់ បន្ទាបខ្លួនយ៉ាងថ្និតថ្នម៖
“ដបស្រាមាសអូនចាក់ស្រាចូល
ផឹកស្រវឹងកុំឱ្យនឹកនាទន្ទឹងរង់ចាំ…
…ពែងចាក់ខ្លួនឯងផឹងរីងដល់បាត
កុំឱ្យឈឺរហូត ផឹកស្រវឹង ស្រវឹងងប់”
«ទើបតែឆ្លងកាត់គ្រោះកម្មជីវិត រឿងមិនសប្បាយចិត្តច្រានទុកមួយឡែក ខ្ញុំចង់សម្រាកបន្តិច!»
ជីងលើកដៃឡើង ស្ទាបថ្នមៗលើថ្ពាល់របស់ស៊ីវលូ ដើម្បីប្រាកដចិត្តថាស៊ីវលូបានជាសះស្បើយ។ ស៊ីវលូផ្អៀងក្បាលបន្តិច ដើម្បីទទួលចំហាយកក់ដ្ដៅពីក្នុងបាតដៃរបស់ជីង។ ជីងក្រសោបដៃឱបស៊ីវលូ សន្សឹមៗរឹតណែនស៊ីវលូនៅក្នុងរង្វង់ដៃ។ ស៊ីវលូបិទភ្នែកទាំងពីរ ផ្អៀកក្បាលផ្ដេកលើស្មារបស់ជីង។ ខណៈពេលនោះ ពួកគេគ្រាន់តែជាស៊ឺឈីនិងស៊ីវលូ។
កណ្ដឹងខ្យល់ឮសូរគ្រឺងៗ។ ស៊ីវលូងើយមុខឡើង ឃើញឈីងយៀកឈរស្រឡាំងកាំងនៅក្រោមចំហៀងសំយ៉ាបដំបូល កែវភ្នែកដក់ពេញភាពភ័យខ្លាច។ ស៊ីវលូនៅតែរក្សាចំហខ្លួននឹងនរ បិទភ្នែកចុះ ធ្វើពុតស្ដាប់មិនឮ មើលមិនឃើញអ្វីទាំងអស់ រង់ចាំមើលប្រតិកម្មរបស់ជីង។
ប៉ុន្តែជីងធ្វើឱ្យល្បែងខិលខូចរបស់ស៊ីវលូមិនដូចជាលទ្ធផលរំពឹងទុក។ ជីងធ្វើដូចជាធម្មតាយ៉ាងចម្លែក មិនឮអ្វី មិនដឹងអ្វី នៅតែសន្សឹមៗឱបណែនស៊ីវលូនៅក្នុងរង្វង់ដៃ។ ឫកពានោះ ដូចជាចង់ប្រកាសក្ដែងថា៖ ទោះមេឃរលំភ្នំរលាយ គេនៅតែបែបនោះរហូត មិនលែងដៃចេញ មិនចាកចេញពីស៊ីវលូ។
ឈីងយៀកដើរយឺតៗមក៖
«របួសរបស់លោកលូនៅមិនទាន់ធូរស្បើយមែនទេ? ចាំខ្ញុំជួយគ្រាហ៍ជំនួសចុះ!»
ស៊ីវលូអស់សំណើច! នារីម្នាក់នេះឆ្លាតវៃ ពូកែរកពាក្យនិយាយមែន! ស៊ីវលូដកខ្លួនចេញពីដៃរបស់ជីង ថយពីរបីជំហាន ឈរញញឹមមើលទៅឈីងយៀក ឈីងយៀកលំទោនកាយគោរពគេ៖
«សូមទទួលការគោរពពីនាងខ្ញុំឈីងយៀក ដឹងគុណបំណាច់ជួយជីវិតអ្នកប្រុសរបស់ពួកខ្ញុំ!»
ស៊ីវលូញញឹម សម្របសម្រួល៖
«អ្នកប្រុសរបស់នាងក៏បានជួយជីវិតខ្ញុំដែរ គ្មានអ្នកណាជំពាក់អ្នកណា!»
ស៊ីវលូលើកដៃបក់លាទៅជីង៖
«អ្នកផ្ទះកំពុងរង់ចាំខ្ញុំ ខ្ញុំត្រូវត្រលប់ទៅវិញ!»
ស៊ីវលូបែរក្រោយដើរចេញ ជីងលើកដៃឡើងចង់ឃាត់ តែដកមកវិញយឺតៗ ជីងឈរទ្រឹងសម្លឹងមើលស្រមោលរបស់ស៊ីវលូសន្សឹមៗរសាត់ទៅបាត់នៅច្រកផ្លូវបំបែក។
ទឹកមុខរបស់ស៊ីវលូល្អគ្រាន់ តែសុខភាពនៅមិនទាន់ជាដាច់ ឱ្យតែធ្វើការយូរបន្តិចនឹងអស់កម្លាំងល្ហិតល្ហៃ។ បង្ខំចិត្ត គេទុកចោលការងារចិញ្ចឹមជីវិតអស់មួយរយៈ ក្នុងពេលគេត្រូវផ្គត់ផ្គង់ទៅដល់មួយគ្រួសារធំ។ ហេតុនេះក្រោយពេលវិលទៅហួយឈុនថាងវិញ ស៊ីវលូបើកទ្វារទទួលភ្ញៀវតែម្ដង។
ទៀនអឺដើរតាមជួយការងាររបស់ស៊ីវលូ ស៊ីវលូបង្រៀននាងធ្វើការ។ មនុស្សទាំងពីរជួយគ្នាពិនិត្យមើលជំងឺ ចេញបុងថ្នាំ រួមដៃគ្នាស្អិតរមួត ការងាររលូន គាប់ប្រសើរ។
ម្ដងម្ដាលមានអ្នកជំងឺត្រូវរបួសមកពិនិត្យព្យាបាល។ ទៀនអឺមិនខ្លាចឈាម មិនរអើមមុខរបួស ស៊ីវលូបង្រៀននាងលាងសម្អាតមុខរបួសនិងរុំបង់របួស។ ទៀងអឺរហ័សរហួន ថ្នមដៃធ្វើកិច្ចការនីមួយៗ ទើបពេលចាកចេញទៅ អ្នកជំងឺទាំងអស់សរសើរនាងមិនដាច់។
ស៊ីវលូសរសើរ៖
«នាងដាំបាយ ថ្ងៃខ្លះប្រៃខាក ថ្ងៃខ្លះសាបស្លេម។ ខោអាវដើមឡើយពាក់បានដប់ឆ្នាំ មកដល់ដៃនាងបោកគក់ ពាក់បានតែពីរឆ្នាំ។ នាងរៀបចំផ្ទះសម្បែងមិនខុសអីរើអីវ៉ាន់សំពោងពីកន្លែងងាយឃើញមួយទៅកន្លែងពិបាកឃើញមួយ។ ប៉ុន្តែនាងមានចំណុចខ្លាំងមួយ គឺពូកែសង្កេតមើលទឹកមុខអ្នកដទៃ បម្រើតម្រូវការពួកគេដល់ទីបញ្ចប់!»
ទៀនអឺសើចស្ងួត៖
«នេះល្បងលូកំពុងសរសើរខ្ញុំហ្អេស?»
ស៊ីវលូនិយាយថា៖
«ព្យាបាលជំងឺគឺជាការងារពូកែសង្កេតមើលទឹកមុខអ្នកដទៃ។ មើលថែអ្នកជំងឺគឺជាការងារបម្រើតម្រូវការពួកគេ។ ខ្ញុំឃើញថានាងមានទេពកោលស្យរៀនសូត្រវិជ្ជាពេទ្យណា៎!»
ទៀនអឺភ្ញាក់ខ្លួនឡើងបន្តិច បើកភ្នែកមូលក្លំសម្លឹងមើលទៅស៊ីវលូ។
ស៊ីវលូនិយាយបន្ត សំឡេងរាបស្មើ៖
«មុខខ្មូតនិងគ្រាប់អង្កាំដើរតាមខ្ញុំជាងម្ភៃឆ្នាំ តែពួកគេគ្មានទេពកោលស្យរៀនសូត្រវិជ្ជាពេទ្យ។ ខ្ញុំឃើញថានាងគ្រាន់បើ បើនាងចង់ អាចរៀនសូត្របាន។ មិនធានាថាជាវិជ្ជាខ្លាំងពូកែអ្វីទេ តែបើនាងអាចរៀនចេះវិជ្ជាព្យាបាលជំងឺគ្មានកូនរបស់ខ្ញុំ នាងនិងគ្រាប់អង្កាំនឹងមិនព្រួយកង្វល់រឿងហូបចុកស្លៀកពាក់!»
«ល្បងស្ម័គ្រចិត្តបង្រៀនខ្ញុំ?»
«ហេតុអ្វីមិនបង្រៀន? នាងចេះការងារអស់ ខ្ញុំនឹងអាលឆាប់សម្រាក!»
ទៀនអឺលុតជង្គង់ចុះ ក្រាបក្បាលគោរពស៊ីវលូបីដង ក្ដុកក្ដួលពោលថា៖
«អរគុណល្បង!»
អតីតកាលនៅតែតោងទាមយាយីទៀនអឺដូចស្រមោលអន្ទោលតាមប្រាណ។ ទោះបីជាគ្រាប់អង្កាំស្រលាញ់នាងអស់ពីចិត្ត ប៉ុន្តែបន្ទាប់ពីហែលឆ្លងអស់កន្លះជីវិត ឃើញគ្រប់ភាពខ្វិនខ្វែងនៃឆាកជីវិតនិងចិត្តមនុស្សព្រឹកក្ដៅល្ងាចភ្លៀង តើទៀនអឺនៅអាចហ៊ានរំពឹងផ្ញើសេចក្ដីទុកចិត្តទាំងមូលនៅលើខ្លួនមនុស្សម្នាក់នេះទេ?
ជីវិតប្ដីប្រពន្ធរបស់ពួកគេ មើលពីសំបកក្រៅឃើញថាទៀនអឺសម្ដែងរឿងសម្ដែងហី មានតែគ្រាប់អង្កាំទើបចិត្តស្មោះសរពិតប្រាកដ និងមើលទៅនាងតែងតែឈរខ្ពស់ជាងគ្រាប់អង្កាំជានិច្ចជាការណ៍។ តាមពិតទៅ នាងតែងតែដាក់ខ្លួនឱនក្បាល “សុំទាន” សុភមង្គលនេះ។ ឈុនតៅអាចសម្លក់ភ្នែកច្រត់ចង្កេះ ឈ្លោះប្រកែកជាមួយមុខខ្មូតមួយស្មើ បើខឹងខ្លាំងក៏រត់ទៅរកផ្ទះម្ដាយបង្កើតឬដេញមុខខ្មូតចេញពីផ្ទះ។ ចំណែកឯទៀនអឺវិញ នាងតែងតែជាមនុស្សត្រូវអត់ទ្រាំ អត់ឱនមុនជានិច្ច នៅរាល់ពេលដែលប្ដីប្រពន្ធទាំងពីរ “បាយមិនឆ្ងាញ់ សំលមិនជាតិ” នាងមិនធ្លាប់ហ៊ានសូម្បីម្ដងប្រើសម្ដីធ្ងន់ដាក់គ្រាប់អង្កាំ។
ជីវិតជាស្រីបនបង្រៀននាង ប្ដីមិនដូចភ្ញៀវមកសប្បាយ សម្ដីពេលណាក៏ផ្អែមល្ហែមដូចទឹកឃ្មុំ ជ្រាបជ្រួលត្រចៀក។ ព្រេងនិស្ស័យរឹតត្បិតរវាងមនុស្សវណ្ណៈមិនស្មើគ្នា ឋានៈគ្រាន់តែជាសុភមង្គលបំភាន់ភ្នែក ស្រពេចស្រពិល។ ប៉ុន្តែនាងមានតែខ្លួនមួយប្រាណមួយនៅលើលោកនេះ នាងគ្មានទីពឹងទីបង្អែក គ្មាននរណាជួយដោះទាល់ទុក្ខលំបាក មានតែយកស្នាមញញឹមបិទបាំងសេចក្ដីអស់សង្ឃឹម ក្លែងធ្វើពុតជារឹងមាំដើម្បីរស់នៅបន្តទៀត។ ហេតុនេះ នាងពិតជាងីងើខ្លាំង ពេលប្រទះឃើញថា នៅលើលោកនេះនៅមានមនុស្សម្នាក់យល់ពីនាង អាណិតនាង។ នាងអរគុណស៊ីវលូ ព្រោះគេផ្ដល់ឱកាសឱ្យនាងអាចពើនទ្រូងងើយក្បាលរស់ អាចទុកចិត្តពេញទី ក្លាហានស្រលាញ់ប្ដីនិងការពារគ្រួសាររបស់ពួកគេ។
ស៊ីវលូសន្សឹមៗផ្ដែផ្ដាំ៖
«ត្រូវកត្តញ្ញូចំពោះលោកពូម៉ុក បើពួកឯងទាំងពីរស្លាប់មុនលោកពូម៉ុក ត្រូវផ្ដាំតកូនចៅរបស់ពួកឯងត្រូវតែកត្តញ្ញូចំពោះគាត់!»
ទៀនអឺងឿងឆ្ងល់សម្លឹងមើលទៅស៊ីវលូ គេគ្រាន់តែញញឹមស្រាល។ ហាក់បីដូចជាទាយដឹងអ្វីម៉្យាង ទៀនអឺងក់ក្បាលយ៉ាងអះអាងចិត្ត៖
«ល្បងទុកចិត្តចុះ! ខ្ញុំនឹងមើលថែលោកពូម៉ុកនិងល្បងគ្រាប់អង្កាំអស់ពីចិត្ត!»
សៀនដើរចូលទៅក្នុងហួយឈុនថាង អង្គុយចុះនៅតទល់មុខស៊ីវលូ៖
«កំពុងផ្ដាំផ្ញើបណ្ដាំចុងក្រោយហ្អេស?»
ស៊ីវលូរកលេសទៅចាក់ទឹក ឱនមុខចុះទាប បិទបាំងកែវភ្នែកបៀមទុក្ខកង្វល់ ស៊ីវលូញញឹមងាកទៅនិយាយជាមួយទៀនអឺ៖
«ចេញទៅចម្ការជួយការងារគ្រាប់អង្កាំចុះ!»
បន្ទាប់មកគេងាកក្រោយ ផឹកទឹកប៉ុន្មានក្អឹកយឺតៗ រួចហើយក៏ងើបមុខឡើងសម្លឹងមើលទៅសៀន៖
«លោកមកលេងមានកិច្ចការអ្វី?»
សៀននៅស្ងៀមស្ងាត់មួយសន្ទុះទើបបន្លឺសួរថា៖
«ហេតុអ្វីជួយខ្ញុំ?»
ស៊ីវលូញញឹមតិចៗ ចំអកថា៖
«បើលោកស្លាប់ ដង្កូវពិសបុរាណនៅក្នុងខ្លួនលោកក៏ស្លាប់ទៅតាមលោកដែរ! ខ្ញុំខិតខំចិញ្ចឹមវាដោយលំបាកណាស់ ម៉េចនឹងដាច់ចិត្តទុកឱ្យវាស្លាប់!»
សៀនសម្លឹងមើលមុខគេយ៉ាងផ្ចង់ចិត្ត ស៊ីវលូធ្វើហៃអើដូចជាធម្មតា។ ស៊ីវលូចាក់ទឹកឱ្យទៅសៀន រួចបែរមកនិយាយចរចាគ្នា៖
«ដ្បិតខ្ញុំចាប់ជំរិតអានាន តែមិនបានធ្វើឱ្យនាងរបួសទេ គ្រាន់តែលេងសើចជាមួយនាងតិចតួចប៉ុណ្ណោះ។ មនុស្សរបស់លោកធ្វើទារុណកម្មខ្ញុំ ប្ដូរមកវិញខ្ញុំក៏មិនឱ្យលោកនៅសុខស្រួលខ្លួនដែរ។ ដ្បិតសាងលីវប្រើប្រាស់ខ្ញុំដាក់អន្ទាក់លោក តែខ្ញុំបានជួយលោករត់គេចខ្លួនផុត។ ពួកយើងគ្មាននរណាជំពាក់នរណា មែនទេ?»
សៀនសួរថា៖
«ពេលណាទើបបន្សាបពិសឱ្យខ្ញុំ?»
ស៊ីវលូគិតពិចារណាមួយសន្ទុះតប៖
«ពេលណាទើបលោកចាកចេញពីទីនេះ?»
ម្រាមដៃរបស់សៀនគោះស្រាលៗនៅលើតុ៖
«ចុះម្ដេចគិតថាមិនមែននៅទីនេះរហូតតែម្ដង?»
«លោកជាមនុស្សមានមហិច្ឆតាធំ ប្រាកដជាឆាប់ចាកចេញពីទីនេះ! ដល់ពេលនោះ ខ្ញុំនឹងរិះរកមធ្យោបាយបន្សាបពិសឱ្យលោក! ដង្កូវពិសបុរាណនេះមិនបង្កគ្រោះថ្នាក់ លុះត្រាតែពេលខ្ញុំឈឺ ទើបលោកក៏ឈឺ បើលោកមិនធ្វើឱ្យខ្ញុំឈឺចាប់ នោះខ្លួនលោកក៏ធូរស្បើយដែរ! ខ្ញុំធ្វើបែបនេះដើម្បីការពារខ្លួនឯងតែប៉ុណ្ណោះ…»
«បាន!»
សៀនក្រោកឈរដើរទៅ ឈានដល់មាត់ទ្វារ គេស្រាប់តែងាកមកក្រោយ៖
«បើទំនេរអផ្សុក មកកន្លែងខ្ញុំផឹកស្រាមក៎!»
ស៊ីវលូលើកដៃអរគុណ៖
«បាន!»
សៀនលើកចិញ្ចើមសើចស្រស់បស់៖
«មើលថែសុខភាពឱ្យបានល្អ កំពុងត្រូវរបួស គួរកាត់ចំណង់បន្តិច!»
«…..»
ស៊ីវលូស្រឡាំងកាំង! គេល្មមចំណង់តាំងពីអង្កាល?
សៀនស្ទាបស្រាលលើកញ្ចឹងកខ្លួនឯងបន្តិច ញញឹមស្រាល ចាកចេញទៅ។ ស៊ីវលូធ្មេចបើកៗភ្នែកប្រិចៗ មិនយល់ពីដំណើរដើមទងអ្វីទាំងអស់។ យូរបន្តិចក្រោយមក ទើបគេខាំបបូរមាត់ សើចខឹកៗ។ តើគួរតែទៅកន្លែងរបស់គេផឹកស្រាដែរឬទេ? ចម្លើយផ្ទុយគ្នាខ្ទរឡើងនៅក្នុងចិត្តរបស់ស៊ីវលូ មានចម្លើយខ្លះបដិសេធ មានចម្លើយខ្លះទៀតថា គេជិតចាកចេញពីទីនេះហើយ អាចនឹងគ្មានឱកាសចួបវិញ។
…
ឈានចូលដល់រដូវរងា របួសស៊ីវលូបានជាដាច់ទាំងស្រុង។
ព្រោះតែសុខភាពនៅទន់ខ្សោយ ទើបប៉ុន្មានខែនេះស៊ីវលូសំងំនៅតែក្នុងផ្ទះ មិនឈានជើងចេញទៅក្រៅ។ ហេតុនេះស៊ីវលូមានពេលកាន់តែច្រើនបង្រៀនវិជ្ជាពេទ្យទៅទៀនអឺ។ ទៀនអឺជានារីចូលចិត្តរៀនសូត្រ មួយថ្ងៃៗរវល់មិនលោះ។ ទំនាក់ទំនងរវាងនាងនិងគ្រាប់អង្កាំរីកចម្រើនល្អប្រសើរ។ ក្រោយពេលរៀបការជាមួយគ្រាប់អង្កាំ ទៀនអឺខំចៀសពីរឿងអ្វីៗដែលពាក់ព័ន្ធនឹងអតីតកាលពីមុនរបស់នាង។ ឥឡូវនេះ នាងជួនកាលហាត់ស្លឹកថ្នាំបណ្ដើរ គ្រហឹមច្រៀងចម្រៀងវ័យក្រមុំដែលធ្លាប់រៀនបណ្ដើរ។ កាលពីមុន ទៀនអឺតែងតែសម្របតាមគ្រាប់អង្កាំ មិនហ៊ានប្រើសម្ដីធ្ងន់ដាក់គេ។ ប៉ុន្តែឥឡូវនេះវិញ នាងត្រៀមចិត្តគំហកខ្លាំងៗដាស់តឿនគ្រប់ពេល នៅពេលដែលឃើញគ្រាប់អង្កាំខ្ជិលច្រអូស។ ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែមានរូបរាងដូចម្ចាស់ស្រីរបស់សំណាក់ហួយឈុនថាង។
ស៊ីវលូរីករាយពេលឃើញទៀនអឺមួយថ្ងៃៗខំប្រឹងមិនឈប់ឈរដើម្បីកសាងសុភមង្គលគ្រួសារ។ សេចក្ដីរីករាយនោះ ប្រៀបដូចជាមួយថ្ងៃៗឃើញគ្រាប់ពូជដែលខ្លួនឯងដាំដុះ ដុះត្រួយ ចេញពន្លក នៅលើដីខ្សត់ខ្សោះជីវជាតិ ត្រជាក់ល្ហរល្ហេវ។ កម្លាំងដ៏ខ្លាំងក្លា ភាពរឹងមាំរបស់ត្រួយជីវិតនោះកំពុងតែបណ្ដុះចេញមកក្រៅ។
នៅយប់មួយ ផ្ទៃមេឃធ្លាក់ព្រិលតិចៗ។ នោះគឺជាព្រិលធ្លាក់ដំបូងនៅក្នុងរដូវរងាឆ្នាំនេះ។ កញ្ចាស់ម៉ុកកម្ដៅស្រាក្ដៅ ហៅស៊ីវលូនិងគ្រាប់អង្កាំផឹកស្រាកំដរគាត់។ នៅសុខៗនោះ ស្រាប់តែនឹកឃើញពាក្យណាត់ស្រាជាមួយនឹងមនុស្សម្នាក់ ស៊ីវលូឈរធ្មឹងធ្មើយសម្លឹងមើលព្រិលធ្លាក់។
ទៀនអឺនៅពីក្រៅដើរចូលមកក្នុងផ្ទះ រលាស់កម្ទេចព្រិលលើខ្លួនបណ្ដើរហុចចង្កៀងគោមទៅគ្រាប់អង្កាំបណ្ដើរ។ គ្រាប់អង្កាំប្រុងផ្លុំពន្លត់ភ្លើង ក៏ត្រូវស៊ីវលូកញ្ឆក់យក មិនខ្ចីពាក់មួក យួរចង្កៀងចេញពីផ្ទះទៅទាំងបែបនោះ។
គ្រាប់អង្កាំស្រែកហៅ៖
«ល្បងមិនផឹកទេ?»
ស៊ីវលូមិនងាកក្រោយ គ្រាន់តែគ្រវីដៃរវៃៗ។
ធ្វើដំណើរក្រោមមេឃព្រិលធ្លាក់នៅលើដងផ្លូវដ៏វែងអន្លាយ មកដល់មុខតៀមស្រា ស៊ីវលូឈប់ជើង ឈរស្ទាក់ស្ទើរ។ គេយួរចង្កៀងគោមឈរធ្មឹងនៅទីនោះអស់ជាយូរ បន្ទាប់មកក៏សន្សឹមៗបែរក្រោយត្រលប់ទៅវិញ។
«បើជ្រុលជាមកដល់ហើយ ម៉េចមិនចូលក្នុងអង្គុយលេងមួយភ្លែត?»
សៀនឈរនៅមុខមាត់ទ្វារតៀម សម្លឹងមើលទៅស្រមោលរបស់ស៊ីវលូផ្ដេកលើដី។ ស៊ីវលូងាកទៅក្រោយយឺតៗ រីកស្នាមញញឹម៖
«ខ្ញុំមិនឃើញអុចភ្លើង ស្មានថាពួកលោកមិននៅក្នុងផ្ទះ»
សៀនច្បិចញញឹមស្រាល គ្មានបំណងបកអាក្រាតពាក្យកុហករបស់ស៊ីវលូ។
ស៊ីវលូដើរតាមសៀន ដើរកាត់តៀមចូលទៅក្រោយផ្ទះ។ នៅក្នុងសួនច្បារមានដើមផ្កាអង្គាសីល៍មួយកំពុងតែរីកស្គុះស្គាយ ក្លិនក្រអូបសាយភាយ មិនដឹងថាសៀនដាំតាំងពីពេលណា។ ឃើញស៊ីវលូសម្លឹងមើលដើមផ្កាអង្គាសីល៍មិនដាក់ភ្នែក សៀននិយាយថា៖
«អានានចូលចិត្តគយគន់ផ្កាអង្គាសីល៍ ទើបខ្ញុំសម្របតាមចិត្តនាង»
ស៊ីវលូវាយតម្លៃ៖
«លោកស្រលាញ់ប្អូនស្រីខ្លាំងមែនន៎!»
ពីមុនពាក្យពេចន៍ដូចគ្នាតែបង្កប់ន័យដៀមដាម ឥឡូវនេះទឹកដមពាក្យពេចន៍ស្ដាប់ទៅសែនចម្លែកម៉្លេះ!
មនុស្សទាំងពីរអង្គុយនៅលើគ្រែអាំងភ្លើងកក់ក្ដៅ គ្រឿងក្លែមប្រាំប្រាំមួយមុខរៀបចំនៅចំពោះមុខ។ សៀនបង្កាត់កូនចង្ក្រានតូចដុតដុំដីក្រហមកម្ដៅស្រា។ ទ្វារបង្អួចបើកចេញទាំងអស់ បរិយាកាសស្រឡះអារម្មណ៍ ពេញតួភ្នែកគយគន់ផ្កាព្រិលនិងផ្កាប៉េស។ អ្នកទាំងពីរនៅស្ងៀមស្ងាត់ក្រេបស្រា មិននិយាយស្ដី។ មនុស្សម្នាក់ចិញ្ចឹមចិត្តប្រុងប្រយ័ត្ន មិនងាយងាករេចិត្ត មនុស្សម្នាក់ទៀតទប់សង្កត់អារម្មណ៍ខ្លួនឯង មិនបង្ហើបវាចាចិត្ត។
តៀមស្រាមានស្រាស្រាប់ ពួកគេផឹកស្រាដូចផឹកទឹក។ ស៊ីវលូចាប់ផ្ដើមរកកលស្រវឹង សើចសួរ៖
«ធ្វើម្ដេចអានានសុខចិត្តឱ្យខ្ញុំអង្គុយនៅទីនេះផឹកស្រា?»
សៀនសើចខិលខូច៖
«អានានរង្វាល់ស្រាអន់ណាស់ ទើបតែផឹកមួយចានក៏ស្រវឹងបាត់»
ស៊ីវលូសួរបន្ត៖
«ខ្ញុំមើលដឹងថាអ្នកទាំងពីរគឺជាអម្បូរអាទិទេព ហើយជាពូជពង្សកូនចៅត្រកូលខ្ពង់ខ្ពស់ ហេតុអ្វីនាំគ្នាមកកាន់ទីកន្លែងនេះរងទុក្ខលំបាក?»
សៀនឆ្លើយតប៖
«ខ្ញុំស្មានថាល្បងមើលដឹងមូលហេតុ?»
«ដើម្បីសម្លាប់សាងលីវ?»
ស៊ីវលូគ្រវីក្បាល៖
«មនុស្សដូចជាពួកលោកចាំបាច់អ្វីចេញដៃដោយផ្ទាល់នោះ!»
សៀនញញឹមមិនស្ដី ស៊ីវលូលើកចាន ជល់ជាមួយនឹងសៀន៖
«និយាយឱ្យស្ដាប់បន្តិចទៅមើល!»
«និយាយមកគ្មាននរណាជឿទេ!»
«ខ្ញុំជឿ!»
«អ៊ីចឹង… ចាំខ្ញុំនិយាយឱ្យស្ដាប់ចុះ! ខ្ញុំដើរតាមលោកគ្រូរៀនបិតស្រា។ មានគ្រាមួយនោះ លោកគ្រូផឹកស្រាស្រវឹងធ្លាប់រៀបរាប់ឱ្យខ្ញុំស្ដាប់រឿងរ៉ាវកាលនៅវ័យកំលោះហំហួនរបស់លោកគ្រូ។ កាលនោះ លោកគ្រូនៅមិនទាន់ឈរដឹកនាំមុខត្រកូលគ្រួសារ លោកគ្រូបានដើរហើរសប្បាយគ្រប់ទីកន្លែងក្រោមមេឃនេះ ធ្វើជាមនុស្សធម្មតាម្នាក់។ លោកគ្រូឈប់ជើងនៅទីភូមិតូចមួយ ប្រកបមុខរបរធ្វើជាជាងដែក រស់នៅដោយសាមញ្ញបំផុត។ ថ្ងៃមួយ មានបុរសម្នាក់ស្ពាយដាវកំបាក់ មាត់ខាំកន្ទុយស្មៅ មកជួលលោកគ្រូដំដែក ជននោះប៉ិនវោហា សន្យាថានឹងជូនលោកគ្រូស្រាឆ្ងាញ់ ទីបំផុតគឺជាស្រាអន់។ ក្រោយមក ពួកគាត់ទាំងពីរក៏បានក្លាយជាមិត្តសម្លាញ់ល្អ។ ខ្ញុំមិនដែលបំភ្លេចរឿងរ៉ាវនោះ កាលដែលនៅតូច ខ្ញុំតែងតែលួចសុបិនថ្ងៃខែដែលអាចរស់នៅសាមញ្ញដូចជាពួកគាត់… អ្នកណាទៅដឹង ក្រែងលោខ្ញុំអាចចួបនឹងមិត្តយល់ចិត្តម្នាក់…»
និយាយចប់ សៀនសម្លឹងមើលស៊ីវលូ សួរថា៖
«ល្បងជឿខ្ញុំទេ?»
«ជឿ!»
«ហេតុអ្វី? មិនយល់ថាមូលហេតុនេះមិនសមទេហ្អេស?»
«ខ្ញុំយល់ថាពាក្យសម្ដីដែលលោកនិយាយគឺជាការពិត!»
សៀនដកដង្ហើមធំ៖
«តែខ្ញុំមិនអាចធ្វើដូចជាលោកគ្រូ ដ្បិតខ្ញុំបើកតៀមលក់ស្រា តែខ្ញុំមិនអាចរស់នៅសាមញ្ញដូចជាមនុស្សធម្មតា»
ស៊ីវលូញញឹម លួងលោមថា៖
«មនុស្សម្នាក់ៗមានវាសនារៀងៗខ្លួន យ៉ាងណាលោកក៏បានរៀនសូត្រមកច្រើន»
សៀនសើចចំអន់៖
«មែនហើយ! លោកគ្រូមានដែលត្រូវមនុស្ស “ផ្ទេរ” ដង្កូវពិសបុរាណចូលខ្លួនឯណា!»
ស៊ីវលូច្រត់ចង្កា សើចហាៗ៖
«អ៊ីចឹងលោកត្រូវអរគុណខ្ញុំណា៎!»
សៀនសួរថា៖
«ហេតុអ្វីជួយខ្ញុំ?»
ស៊ីវលូលើកចានស្រា ធ្វើពុតជាខឹង៖
«ខ្ញុំនៅមិនទាន់ស្រវឹងឯណា ម៉េចក៏ឆាប់សួររកតម្រុយម៉្លេះ!»
សៀនសើចខឹកៗ៖
«អ៊ីចឹងចាំនៅពេលដែលល្បងស្រវឹង ខ្ញុំនឹងសួរម្ដងទៀត!»
ស៊ីវលូគ្រវីម្រាមដៃ៖
«មិនអាចទេ!»
«ហេតុអីទៅ?»
ស៊ីវលូអកផឹកបីចានផ្ទួនៗដាច់៖
«ព្រោះ… ខ្ញុំចង់ដេក!»
និយាយចប់ ក្បាលជ្រប់ចុះតុ ដេកលក់ភ្លឹង។
សៀនអង្រួនគេ៖
«ផឹកគ្រាន់បើ!»
សៀនក្រោកឈរឡើង បិទទ្វារបង្អួច ឃើញខ្លួនឯងក៏រដាប់រដួលមិនចាញ់ ក៏ផឹកថែមប៉ុន្មានចានទៀត បន្ទាប់មកដួលចុះនៅលើគ្រែ ដេកលក់ទៅ។
ពាក់កណ្ដាលអធ្រាត្រ សៀនភ្ញាក់ឡើង ស៊ីវលូមិនដឹងថាវិលត្រលប់ទៅវិញតាំងពីពេលណា នៅលើតុសល់តែកាទិនចានស្រារបាត់របាយ។ សៀននៅស្ងាត់ៗអស់សំណើច។
ប៉ុន្មានថ្ងៃក្រោយមក ស្រាផ្កាប៉េសផ្ទះសៀនបិតរាប់ឆ្នាំដល់កម្រិត។ នៅយប់នោះ ក្រោយពេលលក់ស្រាអស់ សៀនសប្បាយរីករាយ យួរកាទិនស្រាពីរទៅផ្ទះស៊ីវលូ។
ឃើញសៀន ស៊ីវលូភ្ញាក់ផ្អើលបន្តិច រហ័សអញ្ជើញគេចូលក្នុងផ្ទះ។ នៅក្នុងផ្ទះគ្មានចានស្រា មានតែប្រើចានបាយជំនួស។ ស៊ីវលូយកចានបាយពីរ កទានិងជើងមាន់បន្តិចបន្តួចធ្វើគ្រឿងក្លែម។
ពួកគេទាំងពីរផឹកស្រាយ៉ាងស្ងៀមស្ងាត់ អស់ស្រាមួយកាទិន ពួកគេចាប់ផ្ដើមស្រវឹងសើរៗ។
សៀនសួរថា៖
«ហេតុអ្វីល្បងមកភូមិនេះ?»
«ដើរហើររសាត់អណ្ដែតគ្រប់ទីកន្លែង ដើររហូតៗក៏មកដល់ទីនេះ ឃើញថាក៏ទំនង ទើបឈប់ជើងនៅជាប់»
«ល្បងស្គាល់ជីវម៉ីញសាងលីវ?»
ស៊ីវលូច្រត់ចង្កា ញញឹមតប៖
«ពេលផឹកស្រាមិនគួរឆ្លើយសំណួរទាំងនេះទេ!»
«បើអ៊ីចឹងផឹកថែមទៀតទៅ!»
សៀនចាក់ស្រាមួយចានហៀរហុចឱ្យទៅស៊ីវលូ ស៊ីវលូអកផឹកអស់ និយាយថា៖
«ខ្ញុំខ្លាចគេតែមិនស្អប់គេ! ខ្ញុំនិងគេមិនមែនជាសត្រូវតែដាច់ខាតមិនមែនជាមិត្ត!»
សៀននិយាយថា៖
«គួរឱ្យស្ដាយគេមានសមត្ថភាពខ្លាំងពូកែ តែចិត្តរឹងមានះដាច់អហង្ការ បើពុំនោះទេ ខ្ញុំក៏ចង់អង្គុយផឹកស្រាជល់ជាមួយនឹងគេម្ដងដែរ!»
ស៊ីវលូសួរថា៖
«លោកនិងអានានត្រឹមតែជា… មនោសញ្ចេតបងប្អូន?»
សៀនញញឹមតប៖
«សំណួរទាំងនេះមិនគួរឆ្លើយពេលផឹកស្រាទេ!»
ស៊ីវលូចាក់ស្រាឱ្យទៅគេមួយចានពេញ គេលើកចានអកផឹកអស់ នៅតែនៅស្ងៀមស្ងាត់មិននិយាយស្ដី។ ស៊ីវលូក៏បន្តចាក់ស្រាឱ្យទៅគេមួយចានពេញទៀត។ សៀនអកផឹកមួយដង្ហើមអស់ ហើយបន្ទាប់មកក៏គេដកថង់ក្រអូបនៅត្រង់ចង្កេះដែលតែងតែដាក់ជាប់តាមខ្លួនជានិច្ច។ គេស្រាយថង់ក្រអូបចេញ ទាញសំបុករោមសត្វអ្វីមួយ ប្រៀបដូចជាដុំបាល់ព្រិលស ដុំបាល់ព្រិលសរីកសាយធំឡើងបន្តិចម្ដងៗ ទីបំផុតក៏ប្រែទៅជាកន្ទុយកញ្រ្ជោងរោមសស្គុសមួយ។
«នេះជារបស់លេងដែលប្អូនស្រីរបស់ខ្ញុំចូលចិត្តលេងបំផុត នៅថ្ងៃដែលពួកយើងបែកគ្នា នាងបានជូនវាឱ្យខ្ញុំ និយាយថាគ្រាន់តែឱ្យខ្ញុំខ្ចីលេងសិនតែប៉ុណ្ណោះ តែខ្ញុំបានខ្ចីវាលេងសិនអស់រយៈពេលជាងបីរយឆ្នាំ!»
សៀនសន្សឹមៗអង្អែលរោមកន្ទុយកញ្រ្ជោងសនោះ៖
«នាងគឺជាកូនស្រីអ្នកមីងរបស់ខ្ញុំនិងលោកគ្រូ។ ខ្ញុំធ្លាប់សន្យានឹងអ្នកមីងរបស់ខ្ញុំថានឹងមើលថែនាងឱ្យបានល្អ តែខ្ញុំមិនអាចធ្វើតាមពាក្យសន្យាបាន។ នាងបាត់ខ្លួនតាំងពីពេលនៅសែនតូច អ្នកណាក៏និយាយថានាងស្លាប់ហើយ តែខ្ញុំនៅតែរក្សាក្ដីសង្ឃឹមដ្បិតស្ដួចស្ដើង សង្ឃឹមថានាងនៅមានជីវិតរស់នៅឡើយ ខ្ញុំនៅរង់ចាំនាងត្រលប់មកវិញ មកទារកន្ទុយកញ្រ្ជោងនេះពីខ្ញុំវិញ។ អានានក៏ជាកូនស្រីរបស់លោកគ្រូខ្ញុំម្នាក់ដែរ ខ្ញុំស្រលាញ់ថ្នាក់ថ្នមនាង ប្រៀបដូចជាស្រលាញ់ថ្នាក់ថ្នមប្អូនស្រីរបស់ខ្ញុំដែរអ៊ីចឹង!»
ស៊ីវលូមើលទៅហាក់ដូចជាកំពុងតែចាប់ផ្ដើមស្រវឹងស្រាលៗ គេលើកដៃបាំងថ្ងាស ខណៈពេលដែលលើកចានស្រាឡើងអកផឹកផុតចិញ្ចើម គេសន្សឹមៗលួចគ្រវាសម្រាមដៃផ្ដិតតំណក់ទឹកភ្នែកនៅចុងកន្ទុយភ្នែកកៀរចេញយ៉ាងរហ័ស។
សៀនមូរកន្ទុយកញ្ជ្រោងនោះប្រែទៅជាដុំបាល់តូច ញាត់ដាក់ចូលទៅក្នុងថង់ក្រអូបវិញ ព្យួរនៅចំហៀងខ្លួន។ គេចាក់ស្រាមួយចានពេញ ជល់ចានជាមួយស៊ីវលូ លើកអកផឹកដាច់អស់។ អស់ស្រាពីរកាទិន ពួកគេទាំងពីររមៀលដេកស្អាត។
ពាក់កណ្ដាលអធ្រាត្រ ស៊ីវលូភ្ញាក់ឡើង ឃើញថាសៀនបានចាកចេញទៅតាំងពីយូរ។ មិនអាចបិទភ្នែកគេងលក់តទៅទៀត ស៊ីវលូអង្គុយសញ្ជប់សញ្ជឹងរហូតដល់ទល់ភ្លឺ។
ពេញមួយរដូវរងានោះ រំលងមួយថ្ងៃពីរ ស៊ីវលូនិងសៀនអង្គុយជុំគ្នាផឹកស្រាម្ដង។ ពីដំបូងៗពួកគេនិយាយលិចនិយាយកើត ជាយូរៗទៅ សៀននិយាយបន្លប់ផងពិតផងទទួលស្គាល់ស៊ីវលូជាមិត្ត។ លើសពីនេះ គេថែមទាំងហៅស៊ីវលូបង្រៀនគេពីពិស។
ស៊ីវលូស្មោះត្រង់អស់ពីចិត្តជាមួយសៀន តួយ៉ាងដូចជាបង្រៀនគេពីថ្នាំបន្សាបថ្នាំពុលមួយចំនួន ស៊ីវលូចេះប៉ុនណាបង្រៀនប៉ុនណឹង មិនលាក់លៀមសៀនកន្លះពាក្យ បូករួមទាំងវិធីដាក់ពិស និងវិធីបង្ការពិស។ មានពេលខ្លះ ស៊ីវលូដាស់តឿនសៀនយ៉ាងម៉ឺងម៉ាត់៖
«សាងលីវចង់សម្លាប់លោក ដ្បិតគេមិនអាចលើកទ័ពមកវាយភូមិនេះ តែមិនថាយ៉ាងណាក្ដី កងទ័ពជ្រោងទង់សឆ្ចៈស៊ឹងនុងបោះជំរំទ័ពនៅទីនេះរាប់រយឆ្នាំមកហើយ លោកគួរតែឆាប់ចាកចេញពីទីនេះទើបប្រសើរ!»
សៀនមានអារម្មណ៍ថាពួកគេអាចក្លាយជាមិត្តសម្លាញ់ល្អ ប៉ុន្តែរាល់ពេលដែលសៀនឈានថែមមួយជំហាន ស៊ីវលូបែរជាបដិសេធ ធ្វើពុតជាល្ងង់ខ្លៅ។ ពួកគេទាំងពីរនាក់ត្រឹមតែអាចធ្វើជាមិត្តតុស្រា ពេលស្រវឹងក៏និយាយស្ដីសើចសប្បាយ ពេលស្វាងក៏បែរមកដូចជាមនុស្សទីទៃមិនស្គាល់គ្នា។
I: Chapter 7
វគ្គ៧៖ តែលតោលលើចម្ងាយផ្លូវវែងអន្លាយ
រដូវរងាត្រជាក់ស្រេងកន្លងផុតទៅ រដូវផ្ការីកសន្សើមកក់ក្ដៅឈានមកដល់។
មុខខ្មូតរៀបចំពិធីជប់លៀងបង្កក់ខួបកូនស្រីទីពីរ ស៊ីវលូទៅតៀមលក់នំពាទិញនំនែកតិចតួចទុកថ្ងៃស្អែកធ្វើជាអំណោយសម្រាប់ឈុនតៅនិងកូនស្រីច្បងរបស់មុខខ្មូត។ រើសនំរួចរាល់ ដល់ពេលគិតប្រាក់ ទើបស៊ីវលូប្រទះឃើញថាក្នុងហោប៉ៅគ្មានប្រាក់ គេដំបូងចង់ទៅរកសៀននៅជិតនេះខ្ចីប្រាក់ខ្លះសិន មិននឹកស្មានថា ជីងមិនដឹងតាំងពីពេលណា បង្ហាញខ្លួនមកដល់និងជួយគិតប្រាក់ជំនួស។
ស៊ីវលូបោះកញ្ចប់នំទៅទ្រូងរបស់ជីង៖
«លោកជាអ្នកទិញ ហូបខ្លួនឯងទៅ!»
និយាយចប់ដើរទុងតាំងចេញទៅ សៀនចៃដន្យឃើញពួកគេទាំងពីរនាក់ក៏ស្រែកហៅ៖
«ស៊ីវលូ! ស៊ឺឈី!»
ស៊ីវលូពិបាកគេចវេស ទើបមានតែដើរចូលទៅក្នុងតៀមស្រា។ តៀមស្ងាត់ភ្ញៀវ សៀនកំពុងផឹកស្រានិងលេងអុកតែម្នាក់ឯង។ ស៊ីវលូអង្គុយចុះ ស៊ឺឈីដើរតាមពីក្រោយក៏អង្គុយចុះដែរ។
សៀនបបួល៖
«តស់! លេងមួយក្ដារទៅ!»
ថ្មីៗនេះតាមសៀនរៀនលេងរបស់នេះ ស៊ីវលូឃើញភ្លាមក៏រមាស់ដៃ៖
«លេងក៏លេង!»
«ខ្ញុំមិនមែនសួរល្បងទេ សួរគេនោះន៎!»
សៀនចង្អុលដៃទៅជីង ស៊ីវលូលេងអុកអន់ណាស់ លេងយឺតយ៉ាវ តែងតែប្ដូរចិត្តដូរក្រឡាអុកចុះឡើង បន្ទាប់ពីលេងជាមួយគ្នាប៉ុន្មានក្ដារមក សៀនក៏ឈប់លេងជាមួយស៊ីវលូទៀត។
ស៊ីវលូមិនសុខចិត្ត៖
«លោកមើលងាយខ្ញុំ!»
«មែនហើយ!»
សៀនមើលងាយស៊ីវលូត្រង់ៗមិនទុកមុខ ប៉ុន្តែបែរជាដាក់ខ្លួនយ៉ាងមានសុជីវធម៌ បបួលជីង៖
«យ៉ាងម៉េចដែរ លេងជាមួយគ្នាទេ? ឮល្បីជាយូរថាលោកជាជើងខ្លាំងជ្រៅជ្រះពិណ្យអុកអក្សរគំនូរ ទុកឱ្យខ្ញុំបានភ្លឺភ្នែករៀនសូត្រម្ដងទៅចុះ»
ជីងងាកទៅសួរយោបល់ពីស៊ីវលូ៖
«លេងទេ?»
«នោះជារឿងរបស់លោក ពាក់ព័ន្ធអីនឹងខ្ញុំ?»
«ខ្ញុំស្ដាប់តាមល្បង ល្បងថាលេងខ្ញុំនឹងលេង ល្បងថាមិនលេងខ្ញុំនឹងមិនលេង»
ស៊ីវលូចង់ទាស់ទែង ប៉ុន្តែជ្រុងបបូរមាត់ទប់សេចក្ដីរីករាយមិនជាប់ សន្សឹមៗញញឹមកោងឡើង នៅស្ងៀមស្ងាត់អស់ជាយូរ។ ជីងចាប់ភ្លឹកមើលទៅអាកប្បកិរិយារបស់ស៊ីវលូនីមួយៗយ៉ាងយកចិត្តទុកដាក់។
សៀនគោះៗដៃលើតុ៖
«អេ៎… អេ៎… ខ្ញុំដឹងថាទំនាក់ទំនងអ្នកទាំងពីរជិតដិតល្អណាស់ ប៉ុន្តែ…»
ស៊ីវលូប្រកែកមួយរំពេច៖
«អ្នកណាជិតដិតជាមួយគេ?»
ជីងបន្តពាក្យ៖
«ពួកខ្ញុំជិតដិតមិនពាក់ព័ន្ធនឹងលោកទេ»
ពួកគេទាំងពីរនាក់តម្រង់ភ្នែកទៅរកសៀន ប៉ុន្តែអាកប្បកិរិយាខុសគ្នា៖ ស៊ីវលូសម្លក់ភ្នែកធំៗក្ដៅក្រហាយ រីឯជីងស្ងប់ស្ងាត់ត្រជាក់ដូចទឹក។
សៀនសើចខឹកៗ និយាយទៅកាន់ស៊ីវលូ៖
«មិនថាទំនាក់ទំនងអ្នកទាំងពីរយ៉ាងណានោះទេ គេថាគេស្តាប់តាមល្បង ល្បងឆាប់ហៅគេលេងជាមួយខ្ញុំមួយក្ដារទៅ ខ្ញុំឮល្បីឈ្មោះគេជាយូរមកហើយ ប៉ុន្តែមិនដែលមានឱកាសសមសមត្ថភាពគ្នា!»
ស៊ីវលូបើកភ្នែកម៉ក់ៗ និយាយថា៖
«ខ្ញុំក៏ចង់លេងដែរ!»
សៀនមានតែចុះញ៉ម៖
«ណ្ហើយចុះ ល្បងចុះកូនអុក ទុកឱ្យគេចង្អុលដើរក្រឡាអុក»
ស៊ីវលូកាន់កូនអុកឡើង ជីងខ្សឹបខ្សាវពីរបីម៉ាត់ ស៊ីវលូចុះកូនអុកតាមការចង្អុលបង្ហាញរបស់ជីង។ សៀនជជែកលេងបណ្ដើរដើរក្រឡាអុករបស់គេបណ្ដើរ។
បន្ទាប់ពីដើរប៉ុន្មានទឹកក្រឡាអុក សៀនចាប់ផ្ដើមជឿហើយថា ជីងមិនមែនល្បីតែឈ្មោះទទេឡើយ។ មានមនុស្សមកទិញស្រា សៀនមិនទទួលស្វាគមន៍ ហើយថែមទាំងចាត់អ្នកបម្រើម្នាក់ឈរយាមនៅមុខមាត់ទ្វារ មិនអនុញ្ញាតឱ្យនរណាចូលមករំខាន។ ពីមួយទឹកទៅមួយទឹក សៀនលែងនៅជជែកលេងទៀត ផ្តោតអារម្មណ៍ទៅលើក្តារអុករបស់គេ។
មនុស្សយើងនិយាយថា៖ ផឹកស្រាជាមួយមិត្តយល់ចិត្តម្នាក់ ពាន់ពែងនៅតែមានអារម្មណ៍ថាខ្វះ កាលបើលេងអុកចួបដៃគូប្រកួតស័ក្តិសមសមត្ថភាព ជាអារម្មណ៍សុភមង្គលមួយរីករាយរកអ្វីប្រៀបពុំបាន។
ថ្វីដៃលេងអុករបស់សៀន ដើមឡើយទទួលការហាត់រៀនផ្ទេរទេពកោសល្យពីអធិរាជហ័ងទី បន្ទាប់ពីរៀនចេះស្ទាត់ជំនាញ ដៃគូប្រកួតរបស់គេភាគច្រើនគឺសុទ្ធតែជាពួកមេទ័ពល្បីៗនិងពួកឧបរាជជួរមុខ។ ហេតុនេះ សៀនជាយូរពុំមានដៃគូប្រកួតស័ក្តិសមសមត្ថភាព គេជាយូរតែងតែលេងអុកបែបខ្ជិលច្រអូស ប៉ុន្តែថ្ងៃនេះគឺជាលើកទីមួយដែលគេត្រូវការផ្តោតអារម្មណ៍ទាំងអស់ទៅលើក្ដារអុកមួយនេះ។
សៀនដើរមួយក្រឡាអុក ជឿជាក់ចិត្តថានោះគឺជាក្រឡាអុកល្អដាច់គេ កំពុងរង់ចាំមើលក្រឡាអុកបន្ទាប់របស់ជីងយ៉ាងអន្ទះសា ក៏ឃើញជីងខ្សឹបខ្សាវទៅត្រចៀករបស់ស៊ីវលូអ្វីមួយ ស៊ីគ្រវីក្បាល ចង្អុលដៃទៅកន្លែងផ្សេង៖
«ខ្ញុំគិតថាគួរតែដើរត្រង់នេះ»
ជីងញញឹមស្រទន់ មិនជំទាស់អ្វី៖
«អ្ហឹម ដើរត្រង់នេះចុះ»
ស៊ីវលូរីករាយរំកិលកូនអុកនៅលើក្ដារ សៀនស្រែកឃាត់៖
«ខ្ញុំទុកឱកាសឱ្យល្បងដើរថ្មី!»
ស៊ីវលូឆ្លើយតប៖
«ខ្ញុំប្រាកដចិត្តហើយ មិនដើរថ្មីទេ!»
សៀនងាកមើលទៅជីងហាក់សោកស្ដាយ៖
«ល្បងគិតមើលឱ្យច្បាស់ទៅ!»
ស៊ីវលូម៉ួម៉ៅ និយាយថា៖
«លោកគួរឱ្យធុញណាស់! ពេលខ្ញុំចង់ដើរថ្មីលោកមិនព្រម ពេលខ្ញុំមិនចង់ដើរថ្មីលោកបែរជាឱ្យខ្ញុំដើរថ្មី!»
សេចក្ដីខកចិត្តមួយ សៀនមិនដឹងថាគួរអធិប្បាយយ៉ាងណា។ ប្រៀបដូចជានៅពេលដែលយើងកំពុងរីករាយរលាស់ស្បៃសូត្រមួយចេញពិនិត្យមើល ក៏ស្រាប់តែប្រទះឃើញមានស្នាមកណ្តុរកកេររហែក។ សៀនដើរក្រឡាអុករបស់គេ រំពឹងទុកថាតែប៉ុន្មានជំហានទៀតនឹងអាចកំណត់ឈ្នះចាញ់។ ជីងឱនខ្សឹបទៅត្រចៀករបស់ស៊ីវលូ ខ្សឹបខ្សាវពីរបីម៉ាត់ ស៊ីវលូក៏ធ្វើតាមគេ។
សៀនលាន់មាត់អូ៎ មានអារម្មណ៍ថា មុននេះបន្តិចនោះ នៅខកចិត្តរឿងដែលស្បៃសូត្រត្រូវកណ្ដុរកកេររហែក ស្រាប់តែមើលសព្វៗឃើញថា ស្នាមរហែកគឺនៅចុងស្បៃ មិនប៉ះពាល់ដល់ការវាស់វែងកាត់ដេរ។ សៀននៅស្ទាក់ស្ទើរមួយសន្ទុះ បន្តដើរក្រឡាអុកបន្ទាប់។
ជីងចង្អុលក្រឡាអុក ស៊ីវលូគ្រវីក្បាល៖
«ទេ ខ្ញុំគិតថាគួរតែដើរត្រង់នោះវិញ!»
«អ្ហឹម ត្រង់នោះល្អណាស់»
ជីងតែងតែញញឹមស្រទន់យល់ស្រប យល់ស្របទាំងស្រុងចំពោះគំនិតរបស់ស៊ីវលូ ហាក់ដូចជាថ្វីដៃលេងអុករបស់ស៊ីវលូខ្លាំងពូកែលេខមួយអ៊ីចឹង កាន់តែដើរកាន់តែខ្លាំង មិនអាក្រក់ពេកនោះឡើយ។
ស៊ីវលូបានចិត្តស្ដូកដើរក្រឡាអុកតាមតែចិត្តរបស់ខ្លួនឯង។ អារម្មណ៍របស់សៀននៅពេលនេះ ប្រៀបដូចជាទើបត្រេកអរដែលឃើញថាស្នាមរហែកនៅចុងស្បៃ ក៏ស្រាប់តែប្រទះឃើញមានស្នាមរហែកមួយផ្សេងទៀត។
សៀននិយាយទៅកាន់ស៊ីវលូ៖
«ខ្ញុំចិត្តល្អដាស់តឿនល្បងដើរថ្មី!»
ស៊ីវលូសម្លក់គេ៖
«ទេ!»
សៀនបន្តដើរក្រឡាអុករបស់ខ្លួនឯង។
ជីងខ្សឹបខ្សាវតិចៗ ស៊ីវលូដើរក្រឡាអុក សៀនវាយប្រហារ។ ជីងខ្សឹបខ្សាវបន្តទៀត ស៊ីវលូបន្តដើរក្រឡាអុក សៀនបន្តវាយប្រហារ…
ដើរអស់បីទឹក សៀនជាថ្មីម្ដងទៀតហាក់ដូចជាឃើញថាស្នាមរហែកថ្មីនោះក៏នៅចុងស្បៃទៀត គេអរផងខ្លាចផង។ ជីងខ្សឹបខ្សាវតិចៗ ស៊ីវលូគ្រវីក្បាលទៀត អះអាងចិត្តដូចដែកគោលដំជាប់៖
«ត្រង់នោះ!»
«អ្ហឹម!»
ស៊ីវលូដើរក្រឡាអុក។ សៀនឈប់រអ៊ូរទាំ បន្តដើរក្រឡាអុករបស់គេ បន្តអន្ទះសាទន្ទឹងរង់ចាំមើលក្បួនបំបែកក្រឡាអុកដ៏អស្ចារ្យរបស់ជីង។
មួយយាមក្រោយមក ក្ដារអុកបញ្ចប់ ជីងចាញ់។ អ្នកឈ្នះមើលទៅក្រៀមក្រំមិនរីករាយឬពេញចិត្តអ្វីសោះ ខណៈអ្នកចាញ់សើចរីករាយយ៉ាងពេញចិត្ត។
ស៊ីវលូសួរទៅជីង៖
«មកពីខ្ញុំធ្វើឱ្យលោកចាញ់មែនទេ?»
«មិនមែនទេ ល្បងដើរក្រឡាអុកល្អណាស់ គឺមកពីខ្ញុំលេងមិនពូកែ»
ស៊ីវលូញញឹមលឹបភ្នែក សៀនច្រត់ដៃទះថ្ងាស។ ស៊ីលូក្រឡេកមើលទៅខាងក្រៅ ឃើញផ្ទៃមេយបាក់រស្មីហៀបលិច គេញញឹមនិយាយថា៖
«អ្នកចាញ់ត្រូវពិន័យ ខ្ញុំឮថាមានតៀមសាច់អាំងទើបបើកថ្មីនៅត្រើយខាងជើង… តស់ពួកយើងទៅសាកមើល!»
«អ្ហឹម!»
ជីងយល់ព្រមភ្លាមមួយរំពេច។ សៀនងឿងឆ្ងល់សួរខ្លួនឯង ឬមួយនៅក្នុងខួរក្បាលរបស់ទូសានជីងគ្មានពាក្យពោលថា “ទេ” ចំពោះរាល់សំណើទាំងអស់របស់ស៊ីវលូ?
សៀនចង្អុលមុខខ្លួនឯង៖
«ខ្ញុំមានទាន់ឆ្លើយឯណា!»
ជីងនិយាយបន្ថែម៖
«អ្នកចាញ់ត្រូវអញ្ជើញភ្ញៀវ! អញ្ជើញ!»
សៀនទប់សើច ក្រឡេកមើលស៊ីវលូ៖
«ណ្ហើយចុះ!»
មនុស្សទាំងបីនាក់ដើរទៅតៀមសាច់អាំង ដើរលំហែតាមផ្លូវ ជជែកគ្នាលេងសើច។ តាមពិតទៅ មានតែស៊ីវលូនិងសៀនដែលបោះសម្ដីទៅមក។ ជីងដើរតាមពីក្រោយស្ងាត់ៗ។ ស៊ីវលូសើចសប្បាយ… រស់រវើក! ជីងញញឹម… រីករាយ!
នៅសុខៗមានសម្រែកបង្អើលឱ្យចៀសផ្លូវ មនុស្សទាំងបីនាក់កៀរទៅម្ខាងផ្លូវតាមហ្វូងមនុស្ស។ រទេះសេះដ៏ប្រណិតមួយបោលសម្រុកចូលមកដល់ក្នុងភូមិយឺតៗ វាំងននបង្អួចសែនពិសេស មិនប៉ាក់ផ្កាស្មៅ មិនប៉ាក់សត្វស្ទាបឬសត្វព្រៃ ប៉ុន្តែប៉ាក់រូបព្រួញមាស ពន្លឺទឹកមាសសុទ្ធចែងចាំងភ្លឹបភ្លែត។ មានអង្គរក្សប្រាំបីនាក់ មាឌឌាំងមាំមួន ជិះសេះបំបោល ស្ពាយធ្នូព្រួញ ហែរហមដំណើរ មើលទៅក្លាហានអង់អាចនិងផ្ដោះប្ដូរ។ ពួកអ្នកធំក្អេងក្អាងដែលមួយថ្ងៃៗមិនខ្វល់ពីអ្នកណា ខណៈនេះនាំគ្នាដកកអើតមើលទៅ ហ្វូងមនុស្សនៅតាមផ្លូវសុខៗឈប់ស្រែកឡូឡា នៅសល់តែសំឡេងខ្សឹបខ្សាវគ្នាស៊ីសសូស។
ក្រឡេកឃើញរទេះសេះ អាកប្បកិរិយារបស់ជីងផ្លាស់ប្តូរទាំងស្រុង ស្នាមញញឹមរលាយសូន្យ គេបន្ទាបក្រសែភ្នែកចុះ ឈរឆ្កឹងនៅទីនោះ ទ្រមឹងទ្រមើយ។
ស៊ីវលូសួរថា៖
«អ្នកណាហ្នឹង? មើលទៅជាមនុស្សល្បីឈ្មោះ!»
សៀនក្រឡេកមើលជីង នៅស្ងាត់មិនស្ដី។ ស៊ីវលូសួរបន្ត៖
«ម៉េចវាំនននបង្អួចប៉ាក់រូបព្រួញមាស?»
សៀនឆ្លើយតប៖
«នោះគឺជានិមិត្តសញ្ញារបស់សម្ព័ន្ធគ្រួសារត្រកូលហ្វុងហ្វុង ថ្វីដៃបាញ់ព្រួញគឺជាចំណេះជំនាញផ្ទេរពីបុព្វបុរសដូនតារបស់ពួកគេ។ ឮល្បីថា ដូនតារបស់ពួកគេធ្លាប់បាញ់ទម្លាក់ទាំងផ្កាយនៅលើមេឃ។ ប៉ុន្តែមិនមែនកូនចៅទាំងអស់របស់គ្រួសារហ្វុងហ្វុង សុទ្ធតែអនុញ្ញាតឱ្យប៉ាក់និមិត្តសញ្ញាព្រួញមាសនេះស្រេចតែចិត្តឡើយ។ ពួកគេដាក់គោលការណ៍គ្រួសារយ៉ាងតឹងរ៉ឹងនៅក្នុងរឿងនេះ រូបប៉ាក់ធំឬតូច នឹងបង្ហាញថាថ្វីដៃបាញ់ព្រួញរបស់ជននោះខ្ពស់ឬទាប។ មនុស្សដែលអង្គុយនៅក្នុងរទេះសេះនោះប្រាកដជាកំពូលព្រួញដៃឯកម្នាក់!»
ស៊ីវលូសរុបសេចក្ដី៖
«អ៊ីចឹងសោះទើបពួកអ្នកធំមានមុខមាត់នៅទីនេះឃើញខ្លាច!»
ស៊ីវលូសុខៗមានអារម្មណ៍ថាត្រកូលហ្វុងហ្វុងនេះស្តាប់ទៅដូចជាធ្លាប់ឮនៅឯណា គេងាកទៅមើលមុខជីង។ ឃើញរូបរាងរបស់ជីងធ្វើឱ្យស៊ីវលីនឹកឃើញភ្លាមមួយរំពេច។
គេងាកទៅរកសៀន សួរតិចៗ៖
«គឺជាអនាគតអ្នកស្រីទីពីរគ្រួសារទូសានមែនទេ?»
សៀនឆ្លើយតប៖
«ប្រហែលជាហ្នឹងហើយ!»
នៅលើវាំងននបង្អួចប៉ាក់រូបព្រួញមាស ជានិមិត្តសញ្ញារបស់គ្រួសារហ្វុងហ្វុង ទូរទេះសេះឆ្លាក់រូបកញ្ជ្រោងកន្ទុយប្រាំបួន ជានិមិត្តសញ្ញារបស់គ្រួសារទូសាន។ មនុស្សដែលអង្គុយនៅក្នុងរទេះសេះនោះប្រាកដជាអ្នកនាងហ្វុងហ្វុង អនាគតកូនប្រសាស្រីទីពីររបស់គ្រួសារទូសាន។
រទេះសេះឆ្លងកាត់ទៅផុត ហ្វូងមនុស្សបន្តហូរហែរទៅមុខ មនុស្សទាំងបីនាក់ឈរត្រង់នៅមួយកន្លែង។
ស៊ីវលូសើចហីៗ និយាយទៅកាន់ជីង៖
«គូដណ្តឹងរបស់លោកមកដល់ហើយន៎ ណ្ហើយចុះ ពួកយើងមិនរំខានអ្នកទាំងពីរទេ លាហើយ!»
ស៊ីវលូទាញដៃសៀនដើរចេញទៅ ជីងនៅតែឈរឆ្កឹងនៅទីនោះ សម្លឹងមើលទៅស្រមោលរបស់ពួកគេរសាត់បាត់នៅចុងផ្លូវ។
ឈីងយៀកស្លន់ស្លោរត់សំដៅមក៖
«ទីបំផុតរកឃើញអ្នកប្រុសឃើញហើយ! អ្នកប្រុស អ្នកនាងហ្វុងហ្វុងបានមកដល់ភូមិឈីងសួយ!»
ជីងនៅតែឈរនៅទីនោះទ្រឹងជញ្ចឹងគិត ឈីងយៀកទន់ភ្លន់រលឹកថា៖
«អ្នកប្រុស សូមអញ្ជើញទៅវិញ! ដប់ឆ្នាំមិនដែលចួបមុខគ្នាសូម្បីម្ដង អ្នកនាងប្រាកដជាមានពាក្យជាច្រើនចង់និយាយជាមួយអ្នកប្រុស!»
កែវភ្នែកជីងស្រងូតស្រងាត់ ស្ងប់ស្ងាត់ គេសន្សឹមៗបោះជំហានជើងដើរទៅ។ ឈីងយៀកនៅតាមផ្លូវនិយាយថា៖
«អ្នកប្រុសបាត់ខ្លួនគ្មានដំណឹងប៉ុន្មានឆ្នាំកន្លងមកនេះ មនុស្សដែលដឹងពីសាច់រឿងលម្អិតសុទ្ធតែពន្យុះអ្នកនាងឱ្យផ្ដាច់ពាក្យតែអ្នកនាងមិនព្រម នៅតែអត់ទ្រាំអត់ធ្មត់នៅក្រុងឈីងខូវ រង់ចាំអ្នកប្រុស។ ដ្បិតមិនទាន់រៀបការជាផ្លូវការ ប៉ុន្តែអ្នកនាងមើលថែលោកស្រីចាស់ដូចចៅស្រីប្រសាពិតប្រាកដ កត្តញ្ញូ ស្លូតបូត ចេះចែករំលែកទុក្ខសោកនិងក្តីបារម្ភផងដែរ។ អ្នកប្រុសទទូចចង់នៅភូមិឈីងសួយ ធ្វើឱ្យលោកស្រីចាស់ខឹងយ៉ាងខ្លាំង សំណាងល្អអ្នកនាងតែងតែនិយាយជួស ហើយថែមទាំងមិនខ្លាចនឿយហត់កាត់ដីកាត់ទឹកធ្វើដំណើរមកទីនេះដើម្បីចួបអ្នកប្រុស!»
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ