រឿង៖ និរន្តរ៍អាល័យ (ភាគ១៤)

ការឈឺចាប់រើឡើង ស៊ីវលូផ្អែកលើខ្លួនប្រាណស៊ឺឈី និយាយតិចៗ៖

«បើដឹងមុនថាមិនអាចរត់គេចបាន ខ្ញុំនឹងមិនខិតខំរកវិធីរត់គេចទេ ប៉ុន្តែបើខ្ញុំមិនរត់គេច ធ្វើម្ដេចដឹងថាលោកស្ម័គ្រចិត្តធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ? ឥឡូវនេះតើខ្ញុំគួរធ្វើម្ដេចទៅ? ជាការប្រសើរបើសិនជាលោកមិនព្រមជួយខ្ញុំ ខ្ញុំនឹងអាចកាត់ផ្ដាច់ចំណងជំពាក់ទាំងស្រុង។ ជាការប្រសើរបើសិនជាលោកមិនជំរុញឱ្យខ្ញុំរត់គេចមុននេះ។

ទៀនអឺតែងតែរំពឹងថានឹងមានមនុស្សប្រុសម្នាក់បង្ហាញខ្លួនមកជួយសង្គ្រោះនាង ប៉ុន្តែពួកគេមិនអាច។ ពួកគេផ្ដល់ភាពផ្អែមល្ហែមឱ្យនាងបន្តិចបង្ដួច ទាញនាងចេញពីការឈឺចាប់មួយទៅកាន់ការឈឺចាប់មួយទៀត។ សម្រាប់ទៀនអឺ ឆាកជីវិតប្រៀបដូចជាឡភ្លើង រាល់ថ្ងៃត្រូវដុតកម្លោច ធ្វើឱ្យនាងឈឺចាប់វេទនា។ នាងសង្ឃឹមថាអ្នកណាម្នាក់នឹងមកជួយសង្គ្រោះនាង រំដោះនាងចេញពីការឈឺចាប់។ ប៉ុន្តែការពិតគឺនាងមិនត្រូវបានជួយសង្គ្រោះទាំងស្រុងនោះទេ មនុស្សប្រុសទាំងនោះត្រឹមតែកែប្រែការឈឺចាប់របស់នាងដែលត្រូវដុតកម្លោច ប្រែទៅជាការភ័យខ្លាចត្រូវបោះបង់ចោល ហើយបន្ទាប់មកនាងនៅតែបន្តត្រូវដុតកម្លោច។ ការឈឺចាប់មួយណាវេទនាជាងការឈឺចាប់មួយណា? ប្រហែលជាមានមនុស្សស្រីជាច្រើនសុខចិត្តរង់ចាំមនុស្សប្រុសមកជួយសង្គ្រោះពួកគេ នោះពួកគេនឹងទទួលភាពផ្អែមល្ហែមបន្តិចបន្តួច លែងត្រូវដុតកម្លោត ហើយនិងសង្ឃឹមថាមនុស្សប្រុសនោះនឹងមិនបោះបង់ចោលពួកគេឡើយ។ ប៉ុន្តែខ្ញុំខុសពីគេ! ខ្ញុំសុខចិត្តស៊ូទ្រាំនឹងការឈឺចាប់ដុតកម្លោចរាល់ថ្ងៃ។

នៅពេលដែលដៃទាំងពីរមានសេរីភាព ការឈឺចាប់នឹងជំរុញឱ្យខ្ញុំរិះរកវិធីការពាររត់គេចចេញ។ ប៉ុន្តែបើអ្នកណាម្នាក់ឱបខ្ញុំចូលដើមទ្រូង ខ្ញុំនឹងឱបរឹតគេយ៉ាងណែនដោយរង្វង់ដៃទាំងពីររបស់ខ្ញុំ ព្រោះខ្ញុំខ្លាចគេលែងដៃ ភាពផ្អែមល្ហែមដែលគេផ្តល់នឹងធ្វើឱ្យខ្ញុំងងឹតងងុល។ ការពិតបញ្ជាក់ គឺទៀនអឺជួយសង្គ្រោះខ្លួនឯង មិនមែនមនុស្សប្រុសទេ។ ប៉ុន្តែនោះគឺព្រោះតែមានខ្ញុំ ខ្ញុំជួយនាង។ ចុះខ្ញុំវិញ តើអ្នកណាជួយខ្ញុំ? អាទិទេពជួយមនុស្ស ចុះអ្នកណាជួយអាទិទេព? ប្រាកដណាស់គ្មានអ្នកណាម្នាក់ទេ។ ខ្ញុំនៅតែគិតថាលាក់ខ្លួននៅក្រោមសម្បកស្នូកគឺសុវត្ថិភាពបំផុត។ ខ្ញុំបានលំបាកស៊ូទ្រាំការឈឺចាប់ជាច្រើន មិនចង់ស៊ូទ្រាំទៀតទេ មិនចង់ឈឺចាប់ទៀតទេ…»

កន្លងពេលមួយថ្ងៃមួយយប់ ស៊ីវលូនិងស៊ឺឈីត្រូវចាប់និរទេសទ្រុងទៅកាន់ភ្នំទេពប្រាំ។

ជ័ងស៊ូចេញបញ្ជាឃុំឃាំងស៊ីវលូនិងស៊ឺឈីនៅក្នុងគុកងងឹតដែលសាងសង់ពីគ្រោងឆ្អឹងនាគ។ ស៊ីវលូញញឹមក្រៀមក្រំចិត្ត មើលទៅគេរត់គេចខ្លួនលើកនេះធ្វើឱ្យជ័ងស៊ូខឹងផ្ទុះកំហឹងកក្រើកមេឃ ព្រោះតែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមាន “កិត្តិយស” ត្រូវជាប់ឃុំបង្ខាំងនៅក្នុងគុកគ្រោងឆ្អឹងនាគនេះឡើយ។ ឆ្មាំគុកមិនគោរពគួរសមអ្វី ដឹងថាជើងរបស់ស៊ីវលូរបួសធ្ងន់ហើយ នៅតែមានចេតនាធាក់ជើងគេយ៉ាងខ្លាំង ប៉ុន្តែមិនហ៊ានចេញដៃចំពោះស៊ឺឈី អ្នកទោសសជាតិកំពុងតែសន្លប់នៅឡើយ។ ស៊ឺឈីត្រូវគេលើកដាក់ប្រដាប់សែង សែងចូលទៅក្នុងគុក។

ជ័ងស៊ូខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលដឹងថាស៊ឺឈីជួយស៊ីវលូរត់គេចខ្លួន ចង់ដាក់ទោសទណ្ឌស៊ឺឈី បង្ហាញពីអំណាចឋានៈជាព្រះបុត្រាជ័ងស៊ូ ប៉ុន្តែយ៉ាងណាក្ដីត្រូវតែគោរពគ្រួសារទូសាន ហេតុនេះគេមិនហ៊ានជាន់ឈ្លីឡើយ។ ឆ្មាំគុកទាញទ្វារបិទជិត ស៊ីវលូច្រត់ដៃក្រាបវារលើដីទៅរកស៊ឺឈី ខឹងចិត្តវាយខ្លួនប្រាណស៊ឺឈីពីរបីដៃ ប៉ុន្តែបែរជាផ្អែកលើខ្លួនប្រាណរបស់ស៊ឺឈី។

បន្ទប់គុកងងឹតស្លុបដូចក្រឡបិទឆ្នុក មើលមិនឃើញអ្វីទាំងអស់។ ស៊ីវលូបិទភ្នែកចុះ ការឈឺចាប់នៅលើជើងបុកទន្ទ្រានមកមួយដំណាក់ៗ ធ្វើទារុណកម្មគេ ប៉ុន្តែបន្តិចយូរទៅៗ គេក៏ងងុយគេងលក់ទៅដោយអស់កម្លាំងខ្លាំង។

នៅពេលដឹងខ្លួនឡើងមកវិញ ស៊ីវលូមិនដឹងថាពេលវេលាបានកន្លងផុតទៅអស់យូរប៉ុនណា ព្រោះតែបរិយាកាសងងឹតសូន្យសុងស្ថិតនៅក្នុងគុក ធ្វើឱ្យពេលវេលាហាក់បីដូចជាឈប់ដើរមួយកន្លែង។ ស៊ីវលូរើកម្រើកខ្លួនបន្តិច ក៏ប្រទះឃើញមានមនុស្សកំពុងតែចាប់កាន់ដៃរបស់គេ។

សំឡេងរបស់ស៊ឺឈីបន្លឺឡើង៖

«ស៊ីវលូ! ភ្ញាក់ហើយឬនៅ?»

«គេងជាប់រហូត ខ្ញុំយល់ថាពិបាកក្នុងខ្លួនណាស់»

ស៊ឺឈីក្រោកឡើងអង្គុយចង់គ្រាហ៍ស៊ីវលូឱ្យក្រោកឡើងមកដែរ មិនប្រយ័ត្នក៏ប៉ះត្រូវមុខរបួសរបស់ស៊ីវលូ ស៊ីវលូស្រែកថ្ងូរឡើងបន្តិច។ ស៊ឺឈីក៏រហ័សឱបក្រសោបខ្លួនប្រាណរបស់ស៊ីវលូ៖

«ល្បងត្រូវរបួសហ្អេស?»

«អ្ហឹម»

«នៅត្រង់ណា?»

«ជើងទាំងពីរ»

ស៊ឺឈីប្រើដៃឈ្លីថ្នមៗបញ្ចូលកម្លាំងធាតុទៅលើជើងទាំងពីររបស់ស៊ីវលូ បន្ទាប់ពីការឈឺចាប់បានសម្រាលចុះបន្តិច ស៊ីវលូក៏រហ័សឃាត់ដៃរបស់ស៊ឺឈី៖

«លោកក៏កំពុងមានរបួសដែរ កុំចំណាយកម្លាំងធាតុច្រើនពេកអី!»

ស៊ឺឈីមិនស្ដាប់ នៅតែបន្តឈ្លីថ្នមៗនៅលើជើងរបស់ស៊ីវលូ។ ស៊ីវលូមិនសប្បាយចិត្តជាមួយគេ៖

«លោករឹងរូសណាស់!»

ស៊ឺឈីដាក់ដៃចុះនៅលើជើងទាំងពីររបស់ស៊ីវលូស្រាលៗ ការឈឺចាប់របស់ស៊ីវលូក៏រលាយបាត់។ ស៊ឺឈីគ្រាហ៍ស៊ីវលូក្រោកឡើងអង្គុយ ឱ្យស៊ីវលូផ្អែកលើស្មារបស់ខ្លួន សាកសួរថា៖

«ល្បងមិនចង់ចួបអធិរាជស៊ុនទី ក៏ព្រោះតែខ្លាចទ្រង់សម្លាប់ល្បងមែនទេ?»

តាមពិតទៅស៊ឺឈីមិនខ្វល់ថាហេតុអ្វីស៊ីវលូមិនព្រមចួបអធិរាជស៊ុនទី គេគ្រាន់តែចង់ដឹងថាអធិរាជស៊ុនទីនឹងធ្វើអ្វីចំពោះស៊ីវលូតែប៉ុណ្ណោះ ទុកឱ្យគេនឹករិះរកមធ្យោបាយផ្សេងទៀត ការពារស៊ីវលូ។

ស៊ីវលូគិតមួយសន្ទុះ ឆ្លើយតប៖

«អធិរាជស៊ុនទីមិនសម្លាប់ខ្ញុំទេ»

ស៊ីវលូប្រថុយជីវិតចង់រត់គេចយ៉ាងនេះគឺរឹតតែធ្វើឱ្យជ័ងស៊ូយល់ខុសចំពោះគេ។ ជ័ងស៊ូគិតថាអធិរាជស៊ុនទីធ្លាប់ប្រហារជីវិតប្អូនប្រុសបង្កើតទាំងប្រាំនាក់របស់ទ្រង់និងសម្លាប់កូនចៅរបស់ពួកគេទាំងអស់ ក៏ប៉ុន្តែលេចឮពាក្យចចាមអារ៉ាមថា កូនចៅរបស់ស្ដេចបះបោរទាំងនោះ មានខ្លះបានរត់គេចខ្លួននិងលាក់ពួននៅឋានកណ្ដាល។ ប្រហែលជាជ័ងស៊ូគិតថា ស៊ីវលូគឺជាកូនចៅកំព្រាអនាថាម្នាក់ក្នុងចំណោមកូនចៅរត់គេចខ្លួនទាំងនោះ។

ស៊ឺឈីនៅតែមិនស្ងប់ចិត្ត សួរបន្ត៖

«នៅលើលោកនេះ មានរឿងមួយចំនួនដ្បិតមើលទៅធំដុំ តែតាមពិតគឺជារឿងងាយស្រួលបំផុត អាចដោះស្រាយប្រដូចដោយប្រើពាក្យពីរម៉ាត់ “ផលប្រយោជន៍” ។ និយាយឱ្យច្បាស់លាស់ទៅ រឿងអ្វីៗទាំងឡាយគឺសុទ្ធតែជាការធ្វើជំនួញដោះដូរគ្នា។ មិនថាអធិរាជស៊ុនទីឬអធិរាជហ័ងទី ក៏ខ្ញុំនៅតែចេញទៅពិភាក្សាជាមួយពួកទ្រង់បានដែរ!»

«ខ្ញុំមិនចង់ចួបអធិរាជស៊ុនទីព្រោះតែមានមូលហេតុផ្សេង លោកកុំបារម្ភអី ខ្ញុំសូមធានាជាមួយលោក អធិរាជស៊ុនទីប្រាកដជាមិនសម្លាប់ខ្ញុំទេ!»

ស៊ឺឈីក៏បានធូរស្រាលចិត្តជាងមុន នៅពេលដែលឮស៊ីវលូនិយាយអះអាងដូចដែកគោលដំជាប់។ ស៊ីវលូរីកស្នាមញញឹម ប្រៀបដូចជាមិនថាអ្នកណាក៏ដោយនៅពេលមានមនុស្សព្រួយបារម្ភចំពោះខ្លួនឯងគឺសុទ្ធតែយល់ថាមានសុភមង្គល។

គុកធ្វើពីគ្រោងឆ្អឹងនាគនេះសាងសង់នៅក្រោមជើងភ្នំ ទើបគ្មានរស្មីព្រះអាទិត្យណាអាចចែងចាំងបំភ្លឺចូលមកខាងក្នុងបាន។ ស្ថិតនៅក្នុងទីកន្លែងងងឹតដក់ថ្លុកពោរពេញទៅដោយចំហាយសាកសពស្អុយរលួយនិងសេចក្ដីអស់សង្ឃឹម។ បន្ទប់គុកនីមួយៗបិទទ្វារជិតឈឹង គ្មានសូរសំឡេង គ្មានដួងរស្មី គ្មានជីវិតជីវ៉ា។

ស៊ឺឈីសន្សឹមៗផ្ដេកស៊ីវលូចូលឱបក្រសោបក្នុងរង្វង់ទ្រូងរបស់គេ។ ស៊ីវលូនៅស្ងៀមស្ងាត់ផ្ទៀងស្ដាប់សំឡេងចង្វាក់បេះដូងរបស់ស៊ឺឈីលោតមួយចង្វាក់ៗ។ នៅទីកន្លែងប្រៀបដូចជាឋាននរកនេះ លែងមានចំណង់លោភលន់របស់មនុស្សលោក លែងមានចំណងរឹតបន្តឹងដ៏សែននឿយហត់ លែងមានសេចក្តីស្លាប់និងរស់ លែងត្រូវការជ្រើសរើស ទំនាក់ទំនងដ៏ស្មុគស្មាញរវាងមនុស្សប្រុសនិងមនុស្សស្រីក៏កាន់តែសាមញ្ញជាងមុន។ នៅពេលវេលានេះ គឺមានតែស៊ឺឈីហើយនិងរូបគេ។ ស៊ីវលូមានអារម្មណ៍ថាមានសេចក្ដីសុខជាខ្លាំង ព្រោះគេមានមនុស្សម្នាក់សម្រាប់ផ្អៀងផ្អែក។

ស៊ីវលូបន្លឺសំឡេងតិចៗ និយាយថា៖

«ពួកយើងទាំងពីរនាក់នៅទីនេះរហូតបានទេ មិនចាកចេញទៅទីណាទៀតទេ»

«អ្ហឹម»

«អ្ហឹមអ្វី?»

«ពួកយើងនៅទីនេះរហូតចុះ»

«មានអ្វីល្អទៅ?»

«មានខ្ញុំនិងល្បង»

ស៊ីវលូសើចកខឹក តាមពិតទៅស៊ឺឈីក៏បានយល់ច្បាស់ដែរថា នៅលើលោកនេះ ទំនាក់ទំនងដ៏ស្មុគស្មាញរវាងមនុស្សគឺកកើតឡើងមកនៅក្នុងស្ថានការណ៍រស់នៅ។ មានប្ដីប្រពន្ធខ្លះ អាចរស់នៅជាមួយគ្នាដល់ចាស់សក់ស្កូវជ្រុះធ្មេញនៅក្នុងកណ្ដាលទីព្រៃភ្នំជ្រោះជ្រៅ ក៏ប៉ុន្តែនៅក្នុងកណ្ដាលទីទឹកដីសម្បូរមានបានទ្រព្យចាយហូរហៀរ បែរជាមានគូស្នេហ៍អភ័ព្វជាច្រើនត្រូវរស់នៅព្រាត់ប្រាសគ្នាទៅវិញ។

ស៊ីវលូសន្សឹមៗសួរថា៖

«ស៊ឺឈី… ព្រោះតែជំពាក់គុណទើបលោកធ្វើល្អចំពោះខ្ញុំយ៉ាងនេះ មែនទេ?»

ស៊ឺឈីស្រឡាំងកាំងធ្មឹង នៅស្ងាត់មាត់អស់ជាយូរ។ ស៊ីវលូផ្អែកខ្លួនរឹតតែកៀកកើយស៊ឺឈី ដាក់ដៃនៅលើដើមទ្រូងរបស់គេ បេះដូងរបស់ស៊ឺឈីលោតញាប់សន្ធឹក ប្រៀបដូចជាចង់ហោះចេញមកក្រៅដើមទ្រូង។

ស៊ីវលូនិយាយខ្សត់ខ្សោះថា៖

«ខ្ញុំជួយលោក ជួយជីវិតលោកប្រាំមួយឆ្នាំ តែនៅគ្រានេះលោកបានតបស្នងគុណស្រ័យនោះដាច់ស្រេច! ក្រោយពេលចាកចេញពីទីនេះ ពួកយើងទាំងពីរនាក់គ្មានអ្នកណាជំពាក់អ្នកណា! ខ្ញុំសូមសន្យាថានឹងមិនមករំខានដល់លោកទៀតទេ ខ្ញុំនឹងចាកចេញទៅឱ្យឆ្ងាយ…»

ស៊ឺឈីលើកដៃឡើងបិទបបូរមាត់ស៊ីវលូ បញ្ឈប់គេមិនឱ្យនិយាយស្ដីបន្តទៀត។ ស៊ីវលូអឺហ្ហឹមៗមិនឈប់ ស៊ឺឈីនៅតែមិនព្រមលែងដៃ។ ស៊ីវលូខិលខូចប្រើចុងអណ្ដាតឈ្មុលៗលើបាតដៃរបស់ស៊ឺឈីធ្វើឱ្យរសើប ស៊ឺឈីក៏រហ័សដកដៃចេញទៅវិញ។ ស៊ីវលូភ្ញាក់ព្រើតចំពោះទង្វើលើសលួសដែលខ្លួនទើបតែប្រព្រឹត្ត ហាមាត់ចំហធ្លុង ថ្ពាល់ទាំងពីរក្រហមឆេះ។ ពួកគេទាំងពីរនាក់ធ្លាក់ចូលទៅក្នុងពិភពគ្មានសូរសំឡេង សែនទើសទាល់គ្នាទៅវិញទៅមក។ មួយសន្ទុះធំក្រោយទើបឮសំឡេងស្អកស្អារបស់ស៊ឺឈីបន្លឺឡើង៖

«ខ្ញុំនឹងមិនឃ្លាតឆ្ងាយពីល្បងទេ»

«ហេតុអ្វី? ហេតុអ្វីទៅ? ព្រោះតែដើម្បីសងគុណហ្អេស? ខ្ញុំបាននិយាយប្រាប់លោកច្បាស់ហើយ លោកបានតបស្នងគុណស្រ័យនោះដាច់ស្រេចអស់ទៅហើយ!»

ស៊ឺឈីមិនឆ្លើយតបនឹងសំណួររបស់ស៊ីវលូ នៅតែរឹងចចេសនិយាយច្រំដែលថា៖

«ខ្ញុំនឹងមិនឃ្លាតឆ្ងាយពីល្បងទេ»

«ឬមួយលោកចង់តាមខ្ញុំមួយជីវិត?»

ស៊ឺឈីនៅស្ងាត់រិះគិតលើពាក្យសម្ដីមួយសន្ទុះ ទើបបន្លឺសំឡេងស្រាលៗនិងម៉ឺងម៉ាត់ថា៖

«មែនហើយ! មួយជីវិត!»

ស៊ីវលូដកមួយដង្ហើមធំ៖

«ខ្ញុំជាមនុស្សប្រុស លោកមិនយល់ថាធ្វើបែបនេះពិតជាចម្លែកពេកហើយទេដឹង?»

ម្ដងនេះ ស៊ឺឈីឆ្លើយវាយបកវិញយ៉ាងលឿន៖

«អូនជាមនុស្សស្រី!»

តាមពិតទៅ តាំងពីយូរយាំងមកហើយ ស៊ីវលូមានអារម្មណ៍ថាស៊ឺឈីដឹងថានាងជាមនុស្សស្រី បើទោះនាងមិនដឹងថាហេតុអ្វីគេអាចដឹងពីរឿងនោះ។

«ហេតុអ្វីលោកហ៊ានប្រាកដចិត្តយ៉ាងនេះ? សូម្បីបិសាចកំណាចមានមហិទ្ធិឫទ្ធិខ្លាំងក្អេងក្អាងដូចជាសាងលីវក៏នៅមិនហ៊ានប្រាកដចិត្តផង!»

ស៊ឺឈីរីកស្នាមញញឹមចេញមកក្រៀមក្រំ៖

«នោះព្រោះគេនៅមិនទាន់បានឃើញអូន…»

និយាយមកដល់ត្រឹមនេះ ស៊ឺឈីក៏ប្រែទៅជាស្ងាត់។ ស៊ីវលូជជីកសួរ៖

«នៅមិនទាន់បានឃើញខ្ញុំអ្វី?»

ស៊ឺឈីមិនព្រមហើបមាត់ឆ្លើយតប ធ្វើឱ្យស៊ីវលូកាន់តែងឿងឆ្ងល់ចង់ដឹងចង់ឮជាខ្លាំង៖

«នៅមិនទាន់បានឃើញខ្ញុំអ្វីទៅ?!»

ស៊ីវលូងើយផ្ទៃមុខឡើង យោលៗដើមដៃរបស់ស៊ឺឈី ធ្វើរំអួយ៖

«នៅមិនទាន់បានឃើញខ្ញុំអ្វីទៅ?! ឆាប់និយាយមក និយាយមក៎!»

ស៊ីវលូតាំងតែពីដើមមកតែងតែសម្ដែងឫកពាជាជនបាតផ្សារកំហូច នេះគឺជាលើកដំបូងដែលនាងបញ្ចេញឫកពាជាមនុស្សស្រីម្នាក់។ ដ្បិតស៊ឺឈីមិនអាចមើលឃើញផ្ទៃមុខរបស់នាងច្បាស់ ព្រោះតែនៅក្នុងបន្ទប់គុកងងឹតសូន្យ គេក៏សន្សឹមៗចុះទឹកមួយជំហាន៖

«នៅគ្រាដំបូងដែលបងចាប់ផ្ដើមមុជទឹកធុងបន្ទាប់ពីជាស្បះស្បើយមុខរបួស កាលនោះអូនអង្គុយនៅក្បែរនោះ បងឃើញអូន… មុខក្រហម… នៅពេលដែលបានឃើញខ្លួនប្រាណរបស់បង បងដឹងថាអូន… ព្រោះតែបងទើប… »

ស៊ីវលូស្រែកអៃឡើង យកដៃខ្ទប់មុខភ្លែត៖

«លោកនិយាយតែផ្ដាស! ខ្ញុំមិនមែនអ៊ីចឹងទេ មិនមែនអ៊ីចឹងទេ!»

«បងមិនបាននិយាយតែផ្ដាសទេ!»

«លោកនិយាយតែផ្ដាស! តែផ្ដាស! ខ្ញុំមិនដែលធ្លាប់មុខក្រហមទេ!»

«បងមិនបាននិយាយតែផ្ដាសទេ…»

តាំងពីដើមមក ស៊ឺឈីមិនដែលប្រកែកសម្ដីជាមួយនឹងស៊ីវលូទេ នេះគឺជាលើកដំបូងដែលគេប្រកែកជាមួយនឹងនាង ព្រោះតែចង់បញ្ជាក់គោលជំហរពិតរបស់គេ។ ស៊ីវលូអន់ចិត្តខឹងចិត្ត ង៉ក់ងរបែរមុខចេញទៅម្ខាង មិនខ្ចីរវីរវល់ជាមួយនឹងស៊ីវឈីទៀត។ នាងចង់ឱ្យស៊ឺឈីព្រមទទួលស្គាល់ខ្លួនឯងថាខុស ទើបនាងយល់ព្រមអធ្យាស្រ័យឱ្យគេ។ ស៊ឺឈីបន្លឺសំឡេងតិចៗហៅស៊ីវលូ តែនាងមិនស្ដាប់ ស៊ឺឈីទាញដៃស៊ីវលូតិចៗ តែនាងនៅតែមិនអើពើ។ ស៊ឺឈីខ្លាចប៉ះពាល់ដល់មុខរបួសលើជើងរបស់នាង ទើបមិនហ៊ានទាញនាងខ្លាំង។ ហេតុនេះ គេមានតែសំងំនៅស្ងៀមស្ងាត់តែប៉ុណ្ណោះ ស៊ីវលូតូចចិត្តតូចថ្លើម រអ៊ូរទាំថា៖

«គ្រាន់តែជារឿងតូចតាចក៏មិនព្រមចុះចាញ់ឱ្យគេដែរ!»

«នោះមិនមែនជារឿងតូចតាចទេ!»

ស៊ីវលូច្បូចមាត់ឡើង ធ្វើមាត់ជូរហួញ។ មិនមែនជារឿងតូចតាច បើអ៊ីចឹងជាអ្វីវិញ!

ស៊ឺឈីនៅស្ងៀមមួយសន្ទុះ ទើបសន្សឹមៗនិយាយថា៖

«តាំងពីតូចមក បងធំដឹងក្ដីឡើងនៅក្នុងពាក្យកោតសរសើររបស់មនុស្សគ្រប់គ្នា មានតែមនុស្សស្រីឯណោះដើម្បីតែអាចធ្វើឱ្យបងចោលមួយក្រឡេកភ្នែកទៅនាង នាងពុះពារហាត់រាំចង្វាក់របាំមួយអស់ដប់ឆ្នាំ។ មានតែបណ្ឌិតឯណោះដើម្បីតែអាចលេងអុកមួយក្ដារជាមួយនឹងបង មិនខ្លាចលំបាកនឿយហត់ធ្វើដំណើររាប់ម៉ឺនយោជន៍មកកាន់ក្រុងឈីងខូវ ស្នាក់នៅក្រែងននៀលរង់ចាំអស់ប្រាំពីរឆ្នាំ។ មានតែមនុស្សមិនស្ដាយចំណាយប្រាក់រាប់ម៉ឺនតម្លឹងមាសសុទ្ធដើម្បីតែទិញគំនូរមួយផ្ទាំងដែលបងគូរដោយផ្ទាល់។ ហើយថែមទាំងមានមនុស្សជាច្រើនទូងស្ញើចសរសើរបងជាកំពូលអ្នកប្រាជ្ញល្បីរន្ទឺ ប៉ិនប្រសព្វតាក់តែងកំណាព្យ។ កាលនោះ បងមហិមាគិតថា នេះហើយគឺជារូបបង! ប៉ុន្តែ… ក្រោយមក បងត្រូវមនុស្សម្នាក់នោះចាប់ជំរិត ធ្វើទារុណកម្មមិនឈប់ឈរអស់រយៈពេលពីរឆ្នាំ។ ក្នុងរយៈពេលពីរឆ្នាំនោះ មនុស្សម្នាក់នោះថ្ងៃណាក៏ប្រមាថមើលងាយរូបបង និយាយថាបងមិនមែនជាអ្វីទាំងអស់។ បងមិនប្រកែកតបតអ្វី សំងំនៅស្ងៀមស្ងាត់ទទួលយកការប្រមាថនោះ ខាំមាត់សង្កត់ចិត្តអត់ទ្រាំ។ មនុស្សម្នាក់នោះរឹតតែក្ដៅចិត្តខឹងច្រឡោត គេនិយាយថាគេនឹងបញ្ជាក់ឱ្យបងឃើញ។ គេបាននាំបងទៅកាន់ទីកន្លែងជាច្រើនដែលបងធ្លាប់ទៅ ជារៀងរាល់ព្រឹក គេបោះបងចោលទៅលើផ្លូវដែលមានមនុស្សច្រើនអ៊ូអរ មនុស្សម្នាក់ៗធ្វើដំណើរទៅមកណែនណាប់ គឺដូចជាអ្វីដែលគេបាននិយាយអ៊ីចឹង នៅពេលដែលបងស្លៀកពាក់ដាច់រយារ ខ្មៅកខ្វក់ ស្គមកំព្រឹស ដៃជើងពិការ ប្រែទៅជាគរ ខ្លួនប្រាណធុំស្អុយគគ្រុក គឺគ្មានមនុស្សណាម្នាក់មករវីរវល់នឹងបងឡើយ។ មានជាច្រើនដង បងចួបនឹងមនុស្សស្គាល់ ព្យាយាមវារចូលទៅជិតពួកគេ តែពួកគេទាំងនោះ មានមនុស្សខ្លះបោះប្រាក់កាក់ប៉ុន្មានសេនឱ្យបងហើយក៏ដើរញាប់ចៀសគេចចេញយ៉ាងខ្ពើមរអើម មានមនុស្សខ្លះបញ្ជាអ្នកបម្រើដេញវាយទាត់ធាក់បងចេញទៅឱ្យឆ្ងាយ។ បងងើបមុខឡើងសើចទៅមេឃ អស់សំណើចចំពោះខ្លួនឯងយ៉ាងឈឺចុកចាប់។ ខ្សឹបខ្សួលប្រាប់ខ្លួនឯងថា ឯងឃើញហើយឬនៅ នេះហើយគឺជារូបឯង! ពេញមួយឆ្នាំនោះ គេនាំបងទៅកាន់គ្រប់ទីកន្លែង គ្មានអ្នកណាម្នាក់ហ៊ានឈានចូលមកជិតបង។ នៅពេលវេលានោះ បងស្រាប់តែប្រទះឃើញថា កាលបើដោះសម្លៀកបំពាក់ថ្លៃថ្នូរវត្ថុមានតម្លៃនៅខាងក្រៅចេញ បងនឹងមិនមែនជាអ្វីទាំងអស់ ធ្លាក់ជ្រៅដល់បាតជ្រោះ។ មនុស្សម្នាក់នោះឃើញថាបងត្រូវបានបំបាក់មុខមាត់និងកត្តិយសដល់ទីបំផុត ទើបបោះបងចូលទៅក្នុងទន្លេ។ គេមិនខ្ចីសម្លាប់បង ព្រោះគេដឹងថា ចិត្តបងបានស្លាប់។ បងមិនច្បាស់ថាបងបានរសាត់អណ្តែតនៅលើផ្ទៃទន្លេអស់យូរប៉ុនណា នៅពេលដឹងខ្លួនឡើងមកវិញ បងបានរសាត់មកដល់គុម្ពព្រៃត្រែងមាត់ច្រាំង បងគិតថាបងនឹងស្លាប់នៅទីកន្លែងនោះ តែមុនពេលស្លាប់ទៅ បងចង់ឃើញពន្លឺព្រះអាទិត្យជាលើកចុងក្រោយ ហេតុនេះបងខំតោងប្រវេប្រវាស់វារឡើងមកលើច្រាំង វារសំដៅទៅរកទិសព្រះអាទិត្យ។ បងស្រពេចស្រពិលមិនដឹងស្មារតី នឹកស្មានថាមិនអាចឃើញពន្លឺព្រះអាទិត្យនៅថ្ងៃបន្ទាប់ទៀត រីឯរូបបងផ្ទាល់ក៏មិនចង់រស់នៅលើលោកនេះបន្តទៀតឡើយ។ ប៉ុន្តែ… ព្រះជាម្ចាស់បានប្រទានអូនមកបង្ហាញខ្លួន…»

ស៊ីវលូលែងនៅខឹងនឹងគេទៀត សន្សឹមៗបែរមុខមកវិញ ផ្ដេកក្បាលចុះស្មារបស់ស៊ឺឈី ផ្ចង់ត្រចៀកស្ដាប់គេនិយាយ។ ស៊ឺឈីឈ្លីចង្កាលើក្បាលសក់របស់ស៊ីវលូ៖

«បងគ្រានោះមិនអាចបើកភ្នែកសម្លឹងមើលអូនបាន មានតែប្រើអារម្មណ៍ទទួលដឹង។ អូនប្រាប់ឈ្មោះឱ្យបងដឹង ដើម្បីកុំឱ្យបងភ័យខ្លាច។ អូននិយាយលេងសើចដើម្បីកុំឱ្យបងខ្មាសអៀន។ អូនថ្នមដៃសន្សឹមៗជូតញើសឱ្យបង ថ្នមដៃសន្សឹមៗឱបក្រសោបបង ថ្នមដៃសន្សឹមៗកក់លាងជម្រះក្បាលសក់ដែលមិនបានសម្អាតជាងបីឆ្នាំរបស់បង។ ខ្លួនប្រាណរបស់បងអាក្រក់អាក្រី គួរឱ្យខ្លាចរអើម តែអូននៅតែថ្នាក់ថ្នម ឱ្យតម្លៃ មើលថែ។ ក្រោយពេលដែលទទួលរងទារុណកម្មឃោរឃៅយ៉ាងដំណំអស់បីឆ្នាំ សូម្បីតែរូបបងផ្ទាល់ក៏មិនហ៊ានប្រឈមមុខជាមួយនឹងរាងកាយរបស់ខ្លួនឯងដែរ បងមិនហ៊ានទាំងឈានជើងដើរចេញពីមាត់ទ្វារបន្ទប់។ ប៉ុន្តែនៅថ្ងៃនោះ អូនមុខក្រហមនៅពេលដែលឃើញរាងកាយរបស់បងអាក្រាតពេលកំពុងងូតទឹក។ នៅខណៈវេលាមួយនោះ បងមានអារម្មណ៍ថាខ្លួនឯងបានរស់រានរវើកមានជីវិតសារជាថ្មី។ នៅក្នុងកែវភ្នែករបស់អូន បងនៅតែ… ជាបុរសពេញលេញពេញតួម្នាក់ ដែលអាចធ្វើឱ្យអូន…»

ស៊ីវលូហាមាត់កាត់សម្ដីគេ៖

«មិនឱ្យនិយាយទៀតទេ!»

ទឹកភ្នែករបស់ស៊ឺឈីស្រក់ចុះលើក្បាលសក់របស់ស៊ីវលូ តែគេនៅតែបញ្ចេញសំឡេងអស់សំណើចចេញមកតិចៗ៖

«នៅពេលដែលគ្រាហ៍បងចេញក្រៅធុងទឹក នាងមិនហ៊ានទាំងងើយមុខសម្លឹងបងផង អូនទម្លាក់បងអង្គុយចុះចោលទៅលើគ្រែ មិននិយាយមួយម៉ាត់ឆ្លេឆ្លាជើងរត់ប៉ើងស្រមោលទៅបាត់ ធ្វើម្ដេចឱ្យបងជឿថាអូនជាមនុស្សប្រុសនោះ!»

ស៊ីវលូទះផាច់មួយដៃលើស្មារបស់ស៊ឺឈី ស្ដីបន្ទោសគេ៖

«មនុស្សកំហូច! ខ្ញុំរហូតមកតែងតែគិតថាបងគឺជាមនុស្សទៀងត្រង់ជាងគេនៅលើលោកនេះ! តែតាមពិតគឺមិនមែនទេ ខ្ញុំត្រូវបងបោកប្រាស់ហើយ!»

«ថ្ងៃនោះ បងស្លៀកពាក់ស្អាតបាត បើកទ្វារបន្ទប់ ដើរចេញមកក្រៅ កាត់ក្រោមពន្លឺព្រះអាទិត្យ ងើយមុខឡើងសម្លឹងមើលផ្ទៃមេឃខៀវពពកស។ អាចនិយាយថា នៅក្នុងក្រសែភ្នែកអ្នកដទៃ ទង្វើទាំងនោះមិនមានអ្វីចម្លែកទេ តែនិយាយសម្រាប់បង ទង្វើទាំងនោះមិនខុសអ្វីពីមយ៉ូរាដុតកម្លោចខ្លួនចាប់កំណើតជាថ្មី! ស៊ីវលូ… ចាប់តាំងពីថ្ងៃនោះមក បងបានសម្រេចចិត្តថាមួយជីវិតនេះនឹងមិនឃ្លាតឆ្ងាយពីអូនឡើយ»

ស៊ីវលូនិយាយខ្សឹបខ្សួលថា៖

«មយ៉ូរាដុតកម្លោចខ្លួនចាប់កំណើតជាថ្មីត្រូវដុតកម្លោចបំផ្លាញអ្វីៗទាំងអស់ បោះបង់ចោលអ្វីៗទាំងអស់ តែបងម្ដេចនឹងអាចបោះបង់ចោលអតីតកាលរបស់ទូសានជីងបានទៅ…»

«ឪពុករបស់បងបានស្លាប់តាំងពីបងនៅតូច។ បងមានបងប្រុសភ្លោះម្នាក់ឈ្មោះ ទូសានហាវ។ តាំងពីតូចមក ពួកបងទាំងពីរគឺខុសដាច់ពីគ្នាទាំងស្រុង បងប្រុសចូលចិត្តចិញ្ចឹមសត្វព្រៃកំណាច មើលពួកវាខាំប្រយុទ្ធគ្នា មានចិត្តក្ដៅឆេវឆាវ ចូលចិត្តសប្បាយអឹកធឹក។ ចំណែកឯបងវិញចូលចិត្តពិណ្យអុកអក្សរគំនូរ ចិត្តថ្លាដូចទឹក ចូលចិត្តភាពស្ងប់ស្ងាត់។ ពួកបងទាំងពីរនាក់សុទ្ធតែពូកែធ្វើជំនួញជួញដូរ ដ្បិតតែអត្តចរិតខុសគ្នា ប្រើវិធីសាស្ត្រខុសគ្នា តែម្នាក់ៗខ្លាំងមួយបែប គ្មានអ្នកណាចាញ់អ្នកណា។ ព្រោះតែពួកបងទាំងពីរនាក់ជាបងប្អូនភ្លោះ តែងតែរៀនសូត្រជាមួយគ្នា ធ្វើកិច្ចការជាមួយគ្នា ជាហេតុចៀសមិនផុតពីត្រូវអ្នកដទៃយកមកប្រៀបធៀបគ្នា។ បងប្រុសរបស់បងមិនអន់ជាងបងនោះទេ ថ្វីដ្បិតតែបងពូកែពិណ្យអុកអក្សរគំនូរជាងគាត់ តែមហិទ្ធិឫទ្ធិនិងយុទ្ធសីល្ប៍របស់គាត់ខ្លាំងពូកែជាងបង។ ប៉ុន្តែមិនដឹងថាមកពីហេតុអ្វី អ្នកម៉ែបែរជាព្រងើយកន្តើយនឹងគាត់ មិនថាគាត់ធ្វើអ្វីក៏ខុស អាកប្បកិរិយារបស់អ្នកម៉ែជះឥទ្ធិពលមកកាន់មនុស្សនៅជុំវិញ ម្នាក់ៗតែងកោតសរសើរបងតែបែរជាមើលស្រាលលើគាត់។ បងប្រុសខិតខំប្រឹងប្រែងមិនឈប់ឈរ យកចិត្តទុកដាក់ធ្វើកិច្ចការអស់ពីសមត្ថភាព ដើម្បីអាចឱ្យអ្នកម៉ែសរសើរលើរូបគាត់ តែអ្នកម៉ែមិនខ្ចីទាំងចោលភ្នែកក្រឡេកមើលទៅគាត់សូម្បីបន្តិច អាចនិយាយបានថា តាំងពីតូចដល់ធំ អ្នកម៉ែតែងតែរកវិធីប្រមាថលើគាត់ បន្ទាបបន្ទោកគាត់។ ចំណែកឯបងវិញ មិនថាធ្វើអ្វីក៏អ្នកម៉ែរំភើបត្រេកអរសរសើរអស់ពីពោះ។ នៅពេលដែលពួកយើងធំដឹងក្ដីឡើង ដោយសារតែមានការជ្រោមជ្រែងពីអ្នកម៉ែ រាល់សិទ្ធិអំណាចសម្រេចការនៅក្នុងគ្រួសារទាំងអស់ធ្លាក់លើដៃបង អ្នកម៉ែថែមទាំងស្ដីដណ្ដឹងអ្នកនាងគ្រួសារហ្វុងហ្វុងឱ្យបង នៅស្របពេលនោះ អ្នកម៉ែបង្ខំឱ្យបងប្រុសរៀបការជាមួយនឹងស្រីបម្រើម្នាក់។ បងយល់ថាអយុត្តិធម៌ចំពោះគាត់ខ្លាំងណាស់ តែដើម្បីធ្វើឱ្យអ្នកម៉ែសប្បាយចិត្ត បងប្រុសសុខចិត្តរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនស្រលាញ់។ ប៉ុន្តែមិនថាយ៉ាងណា អ្នកម៉ែនៅតែព្រងើយកន្ដើយនឹងគាត់។ នៅពេលដែលអ្នកម៉ែឈឺធ្ងន់ធ្ងរ បងប្រុសបញ្ចុកថ្នាំឱ្យអ្នកម៉ែដោយផ្ទាល់ដៃ អ្នកម៉ែបែរជាគ្រវាសចានថ្នាំកំពប់ជះទៅលើខ្លួនប្រាណរបស់បងប្រុស ស្រែកជេរប្រទេចបណ្ដេញគាត់ចេញទៅក្រៅ អ្នកម៉ែនិយាយថា៖ គាត់សែនស្អប់ខ្ពើមនៅពេលដែលសម្លឹងឃើញមុខបងប្រុស។ បងប្រុសមិនអាចអត់ទ្រាំតទៅទៀត លន់តួស្រែកយំយែកសួរអ្នកម៉ែហេតុអ្វីលំអៀងខ្លាំងម៉្លេះ អ្នកម៉ែជេរប្រទេចគាត់ និយាយថាគាត់មិនអាចប្រៀបស្មើនឹងបង ថាគាត់មានចិត្តខ្មៅកខ្វក់ ថោកទាបពិសពុល មិនស្មើនឹងចុងក្រចកជើងរបស់បងផង។ មិនយូរប៉ុន្មាន អ្នកម៉ែរបស់បងក៏បានស្លាប់ទៅ ពួកបងសែនឈឺចាប់ តែបងដឹងថាបងប្រុសឈឺចាប់ជាងបងទ្វេដង។ គាត់មិនត្រឹមតែឈឺចាប់បាត់បង់អ្នកម៉ែ ថែមទាំងពេញមួយជីវិតនេះ គាត់គ្មានឱកាសស្ដាប់ឮពាក្យកោតសរសើរពីអ្នកម៉ែ។ ក្រោយពេលអ្នកម៉ែស្លាប់ បងប្រុសធ្លាក់ខ្លួនលង់ស្រាប្រមឹក មួយថ្ងៃៗស្រវឹងជោកជាំវិលមកផ្ទះ។ មនុស្សគ្រប់គ្នាដាស់តឿនគាត់ តែគាត់បែរជានិយាយបកវិញថា៖ នៅលើលោកនេះ មានតែទូសានជីងម្នាក់គឺគ្រប់គ្រាន់ហើយ មិនចាំបាច់មានទូសានហាវចិត្តខ្មៅកខ្វក់ ថោកទាបពិសពុលដូចជាគាត់ទេ។ លោកយាយរបស់ពួកបង ព្រោះមិនចង់ឃើញគាត់ជាន់ពន្លិចខ្លួនឯងដូច្នោះទៀត ក៏និយាយទាំងសោកសៅប្រាប់ការពិតឱ្យពួកបងដឹងថា បងប្រុសមិនមែនជាកូនបង្កើតរបស់អ្នកម៉ែទេ តែជាកូនលួចលាក់របស់លោកពុកជាមួយនឹងស្រីបម្រើចំណិតនៅក្បែរខ្លួនអ្នកម៉ែ។ ស្រីបម្រើម្នាក់នោះបានសម្លាប់ខ្លួនឯងក្រោយពេលដែលបង្កើតបងប្រុសរួចដើម្បីលុបលាងទោស ហើយក៏ព្រោះតែបងនិងបងប្រុសកើតមុនក្រោយគ្នាតែប្រាំបីថ្ងៃ ទើបលោកយាយប្រកូរប្រកាសទៅកាន់មនុស្សទាំងឡាយថា អ្នកម៉ែបានបង្កើតកូនប្រុសភ្លោះមួយគូ។ ក្រោយពេលដឹងការពិត បងប្រុសក៏លែងបន្តលង់ស្រាទៀត គាត់សន្សឹមៗវិលមកដូចដើមវិញ។ បងយល់ថាបងមានកំហុសចំពោះបងប្រុស ទើបតែងតែតមតយោគយល់ដល់គាត់គ្រប់ពេល។ លោកយាយឃើញហើយត្រេកអររីករាយ សរសើរបងមានសណ្ដានចិត្តល្អ ចិត្តទូលាយ និងតែងតែផ្តែផ្ដាំបងប្រុសជួយមើលថែយកអាសារបង។ នៅឆ្នាំទីបួន ក្រោយពេលអ្នកម៉ែស្លាប់ លោកយាយចង់ប្រារព្ធពិធីមង្គលការឱ្យបង ហើយថែមទាំងនិយាយថា ក្រោយពេលរៀបការរួច នឹងប្រកាសឱ្យក្រោមមេឃដឹងថា បងគឺជាអ្នកឡើងស្នងតំណែងមេគ្រួសារថ្មី ម្ចាស់មេសម្ព័ន្ធគ្រួសារមហាត្រកូល “ទូសាន” ។ ក្រោយមក មានថ្ងៃមួយ នៅសុខៗបងប្រុសស្រាប់តែមករកបង និយាយថាមានកិច្ចការចង់ពិភាក្សា។ បងមិនគិតគូរអ្វីច្រើនក៏ទៅតាមបងប្រុស។ នៅពេលដឹងស្មារតីឡើងមកវិញ បងប្រទះឃើញខ្លួនឯងត្រូវឃុំបង្ខាំងនៅក្នុងគុកបួនជ្រុងគ្មានពន្លឺរស្មី កម្លាំងធាតុត្រូវបិទខ្ទប់ ដៃជើងទាំងអស់ត្រូវខ្នោះជាប់នឹងខ្សែច្រវាក់ធ្វើពីឆ្អឹងនាគ…»

ស៊ឺឈីរ៉ាយរ៉ាប់មួយដង្ហើមវែងមិនសម្រាក ពេលវេលាដែលស្ថិតនៅក្នុងគុកងងឹតនោះ ត្រូវខ្សែច្រវាក់ខ្នោះជាប់ ត្រូវទទួលរងទារុណកម្ម ត្រូវទទួលការប្រមាថមើលងាយ ទិដ្ឋភាពទាំងអស់នោះហាក់ដូចជារស់រវើកឡើងវិញនៅចំពោះមុខរបស់គេ បំបោលសម្រុកបង្ហាញឡើងមកនាវាលទីលម្ហខ្មៅងងឹត។ ខ្លួនប្រាណទាំងមូលរបស់គេប្រែជារឹងញ័រចំប្រប់ ស៊ីវលូមានអារម្មណ៍ទទួលដឹង រហ័សដាក់ដៃនៅលើដើមទ្រូងរបស់គេ និយាយលួងលោមថា៖

«ទីនេះមិនមែនជាទីកន្លែងគុកនោះទេ! អូននៅទីនេះ! ស៊ឺឈី… អូននៅទីនេះ!»

ស៊ឺឈីកើយក្បាលចុះលើក្បាលសក់របស់ស៊ីវលូ មួយសន្ទុះក្រោយមកទើបសន្សឹមៗប្រែជានឹងនរត្រលប់មកវិញ។

«នៅពេលដែលទទួលរងទារុណកម្មយ៉ាងឃោរឃៅនោះ បងធ្លាប់បានគិតថា បើបងអាចរត់គេចខ្លួននៅមានជីវិតរស់ បងនឹងសងសឹក នឹងធ្វើឱ្យមនុស្សម្នាក់នោះរស់មិនស្មើស្លាប់។ ប៉ុន្តែបើបងធ្វើដូច្នោះ ទោះបងអាចរស់រានឡើងវិញ ក៏បងប្រៀបបីដូចជាស្លាប់ ព្រោះតែបងមិនអាចវិលទៅរកដូចជាពីមុនទៀតឡើយ បងនៅក្នុងពេលនោះ គឺគ្រាន់តែជាមនុស្សដ៏គួរឱ្យអាណិតម្នាក់ ត្រូវកំហឹងចងអាឃាតនិងគំនុំគុំកួនធ្វើទារុណដួងចិត្តបងតែប៉ុណ្ណោះ។ សំណាងល្អដែលមានអូនជួយសង្គ្រោះបង អូនឱ្យតម្លៃលើបង មិនមើលស្រាលបង អូនមើលថែទាំបងអស់ពីចិត្ត អាណិតស្រលាញ់ថ្និតថ្នមបំពេរ។ បើទោះខ្លួនប្រាណបងពោរពេញដោយស្លាកស្លាមអាក្រក់ គួរឱ្យខ្លាចប៉ុនណា ក៏អូននៅតែអាចព្រោះតែបងទើប… មុខក្រហម…»

លើកនេះ ស៊ីវលូមិនរាំងឃាត់ស៊ឺឈីទៀត គ្រាន់តែនៅស្ងៀមស្ងាត់សញ្ជឹងស្ដាប់គេនិយាយ។

«ស៊ីវលូ នៅពេលដែលសម្លឹងមើលទៅអូន នៅក្នុងចិត្តរបស់បងលែងនៅមានគំនុំ គឺមានតែសេចក្តីរំភើបឥតថ្លែងនិងសេចក្ដីដឹងគុណលើសលុប។ បងដឹងគុណដល់ព្រះជាម្ចាស់ដែលទុកឱ្យបងនៅមានជីវិតរស់នៅបន្តនិងធ្វើឱ្យរាងកាយបងមាំមួនឡើងមកវិញ កែវភ្នែកបងនៅមើលឃើញ អាចមើលឃើញអូនធ្វើពុតជាល្ងិតល្ងង់ សម្ដែងធ្វើជាជនបាតផ្សារកំហូច។ ត្រចៀកបងនៅស្ដាប់ឮ ទុកស្ដាប់អូននិយាយរង៉ូវមិនឈប់ឈរ។ ដៃទាំងគូបងនៅអាចកម្រើក ទុកជូតសម្ងួតសក់សើមឱ្យអូន។ ជើងទាំងគូបងនៅមានកម្លាំងមាំមួន ទុកអៀវអូនដើរឆ្ពោះទៅមុខ។ ស៊ីវលូ បងមិនចង់សងសឹកនោះទេ បងគ្រាន់តែចង់ធ្វើជាយៀកស៊ឺឈី!»

ស៊ីវលូងក់ក្បាលតិចៗទៅគេ។

«បងមិនចង់វិលត្រលប់ទៅវិញ ព្រោះតែមានបងប្រុសខ្លាំងពូកែ ប្រសព្វគ្រប់យ៉ាង គាត់ធ្វើការសម្រេចចិត្តលឿន ចិត្តមហិច្ឆតាធំ គឺស័ក្តិសមនឹងតំណែងធ្វើជាមេគ្រួសារ ម្ចាស់មេសម្ព័ន្ធគ្រួសារមហាត្រកូលទូសានជាជាងបង។ គ្រួសារទូសាននឹងមុខជាកាន់តែរីកចម្រើនបើមានបងប្រុសនៅគ្រប់គ្រង។ ឱ្យតែទូសានជីងមិនបង្ហាញខ្លួន ទូសានហាវនឹងជាមនុស្សឥតខ្ចោះបំផុត។ ប៉ុន្តែនៅថ្ងៃនោះ បងតាមអូនទៅតៀមលក់គ្រឿងអលង្ការ បងមិននឹកស្មានថានោះជាតៀមរបស់គ្រួសារទូសាន។ ឈីងយៀកចំណាំបងបាន មនុស្សនៅក្នុងតៀមទាំងអស់សុទ្ធតែមើលឃើញបង បងប្រុសបងនឹងមុខជាដឹងដំណឹងយ៉ាងឆាប់រហ័សថាទូសានជីងនៅរស់។ បងមិនចង់សងសឹក ហើយរឹតតែមិនចង់ត្រលប់ទៅធ្វើជាទូសានជីង ក៏ប៉ុន្តែបងប្រុសរបស់បងមិនដឹងរឿងទាំងនោះឡើយ ហេតុនេះមិនថាបងរត់គេចទៅដល់ទីណា ក៏គាត់នៅតែដេញតាមចាប់បងឱ្យទាល់តែបាន។ បងខ្លាចប៉ះពាល់ដល់អូននិងមនុស្សនៅក្នុងហួយឈុនថាងទើបវិលត្រលប់ទៅវិញ ធ្វើជាទូសានជីងបន្ត។ បងត្រូវតែវិលត្រលប់ទៅវិញ ទើបបងប្រុសឃើញមុខសញ្ញាច្បាស់លាស់ មិនលបកាប់សម្លាប់មនុស្សផ្ដេសផ្ដាស!»

ស៊ីវលូដកមួយដង្ហើមធំ៖

«បងមិនសងសឹកគេ តែគេប្រាកដជាមិនលើកលែងឱ្យបងទេ។ ដើម្បីសុវត្ថិភាពអាយុជីវិតរបស់ខ្លួនឯង បងគួរណាតែសម្លាប់គេ តែបើបងធ្វើបែបនោះ ចិត្តរបស់បងនឹងរងទុក្ខទោម្នេញ។ បើគេស្លាប់ គេនឹងរួចផុតពីទុក្ខទោសលើលោកិយនេះ ប៉ុន្តែរូបបងវិញនឹងរស់នៅក្នុងសេចក្ដីឈឺចាប់ពេញមួយជីវិត… ហេតុនេះទើបបងមិនអាចសម្លាប់គេបាន…»

ស៊ឺឈីត្រេកអរចំពោះពាក្យសម្ដីនាង៖

«បងដឹងថាអូននឹងគ្រាំទ្រដល់បង ឈីងយៀកនិងមនុស្សគ្រប់គ្នាសុទ្ធតែមិនយល់ហេតុអ្វីបងមិនព្រមសងសឹក»

ស៊ីវលូទាល់ពាក្យសម្ដី៖

«អូនខុសពីបង បងគឺជាមនុស្សមានសណ្ដានចិត្តល្អកក់ក្តៅ ចំណែកឯអូនវិញគឺជាមនុស្សបេះដូងកកសែនត្រជាក់»

«អូនព្រោះតែចង់ឱ្យបងល្អ»

ស៊ីវលូជ្រួញៗចុងច្រមុះ មិនឆ្លើយតបនឹងគេ។ ខ្យល់ដង្ហើមរបស់ស៊ឺឈីនៅសុខៗប្រែជាច្របូកច្របល់ ចង្វាក់បេះដូងលោតញាប់។ ស៊ីវលូដឹងថាគេចង់និយាយអ្វី តែគេខ្មាសអៀននិយាយមិនចេញ នាងក៏មិនបង្ខិតបង្ខំគេទៀត គ្រាន់តែសំងំផ្អែកនៅលើស្មារបស់គេប្រៀបដូចជាកូនឆ្មាយ៉ាងស្ងៀមស្ងាត់ ទន្ទឹងរង់ចាំគេ។

«ស៊ីវលូ… បង… បង… បងដឹងថារូបបងបានភ្ជាប់ពាក្យរួចទៅហើយ គ្មានសិទ្ធិពោលពាក្យអ្វីទាំងអស់… បងក៏មិនហ៊ាននឹករំពឹងខ្ពស់… ប៉ុន្តែ… ប៉ុន្តែបងនឹងផ្ដាច់ពាក្យ បងនឹងផ្ដាច់ពាក្យរំសាយមង្គលការនោះចោល! សូមអូនរង់ចាំបងម្ភៃឆ្នាំ… ទេ! ទេ! សុំត្រឹមតែដប់ប្រាំឆ្នាំតែប៉ុណ្ណោះ! សូមអូនទុកពេលវេលាឱ្យទូសានជីងដប់ប្រាំឆ្នាំ ដប់ប្រាំឆ្នាំក្រោយ ទូសានជីងនឹងប្រគល់យៀកស៊ឺឈីមកឱ្យអូនវិញ!»

ស៊ីវលូខ្សឹបខ្សួលសួរថា៖

«រង់ចាំដោយយ៉ាងណា?»

«សូមអូន… សូមអូន… កុំឱ្យបុរសណាម្នាក់ផ្សេងដើរចូលទៅក្នុងបេះដូងរបស់អូន!»

ស៊ីវលូសញ្ជប់សញ្ជឹងមិនស្រដី។

នៅក្នុងទីងងឹតសូន្យសុង មើលមិនឃើញទឹកមុខរបស់ស៊ីវលូ។ ស៊ឺឈីភ័យព្រួយដល់ថ្នាក់ឈប់ខ្យល់ដង្ហើមធ្មឹង។ ស៊ីវលូអស់សំណើចចេញមកតិចៗ។ ស៊ឺឈីក៏ទាយមិនដឹងថាសូរសំណើចរបស់នាងព្រោះតែអស់សំណើចលើសំណូមពរហួសសេចក្ដីរបស់គេ ឬមួយ…

«បងមិនយល់ពីដួងចិត្តរបស់អូនអ្វីទាល់តែសោះ បេះដូងរបស់អូនសែនត្រជាក់ល្អូក រូបកាយខាងក្រៅគ្របដណ្ដប់ដោយសម្បកស្នូកក្រៅរឹងក្រាស់ខ្មឹក បើទោះបីជាហាសិបឆ្នាំទៅមុខទៀត ក៏មិនអាចមានបុរសណាម្នាក់ជ្រៀកចូលទៅក្នុងបានដែរ»

ស៊ឺឈីក៏រហ័សនិយាយថា៖

«អ៊ីចឹងចាត់ទុកថាអូនបានយល់ព្រមហើយណា៎ ពួកយើងទះដៃគ្នាសច្ចាទៅ»

ស៊ីវលូសន្សឹមៗលើកបាតដៃឡើង ស៊ឺឈីរាវដៃនៅក្នុងទីងងឹតរកឃើញដៃរបស់ស៊ីវលូ ទះដៃគ្នាយ៉ាងខ្លាំងមួយដៃ ប៉ុន្តែបន្ទាប់មកគេមិនព្រមលែងចេញ គិតតែពីក្ដោបក្រសោបដៃរបស់ស៊ីវលូយ៉ាងណែន៖

«ស៊ីវលូ បង… រីករាយខ្លាំងណាស់»

សំឡេងរបស់គេឡើងរញីរញ័រ ប្រៀបដូចជាកំពុងស្រែកហ៊ូត្រេកអរសប្បាយនៅក្នុងចិត្ត។ ស៊ីវលូខ្ជឹបមាត់ញញឹមញញែម៖

«បងនិយាយថារឿងអ្វីៗទាំងឡាយនៅលើលោកនេះគឺសុទ្ធតែជាការធ្វើជំនួញដោះដូរគ្នា មើលរូបរាងរបស់បងចុះ អូនមានអារម្មណ៍ថាអូនដូចជាកំពុងតែខាតបង់ហើយ»

ស៊ឺឈីទាញរលាស់ៗដៃរបស់ស៊ីវលូ៖

«បងនិយាយថារឿងដែលមើលទៅធំដុំ តែតាមពិតគឺជាប្រៀបដូចជាការធ្វើជំនួញដោះដូរគ្នា អ្វីៗទាំងឡាយគឺសុទ្ធតែដើម្បីពាក្យពីរម៉ាត់ “ផលប្រយោជន៍”។ ប៉ុន្តែស្ថិតនៅក្នុងរឿងមនោសញ្ចេតនាវិញ គ្មានផលប្រយោជន៍អ្វីអាចយកមកដោះដូរបានឡើយ។ មនោសញ្ចេតនារវាងឪពុកម្ដាយនិងកូន មនោសញ្ចេតនារវាងបងប្អូនប្រុសស្រី មិត្តភាពរវាងគ្នានិងគ្នា ស្នេហារវាងបុរសហើយនិងស្ត្រី គឺសុទ្ធតែជាមនោសញ្ចេតនាមានតម្លៃធំធេង កម្រនឹងចួប គួរឱ្យថែរក្សា»

ស៊ីវលូញញឹមស្រស់បស់៖

«ឮគេនិយាយថាទូសានជីងពូកែធ្វើជំនួញ ជាមនុស្សពូកែទូទាត់ថ្លឹងថ្លែង ប៉ិនវោហាស័ព្ទ ធ្វើជំនួញច្បាស់លាស់ តែអូនមិនជឿទេ ព្រោះតែអូនឃើញបងសែនល្ងីល្ងើ និយាយស្ដីមិនក្បោះក្បាយ លាក់ខ្លួនពួនសំកុក ប៉ុន្តែនៅយប់នេះ អូនបានភ្លឺភ្នែកហើយ!»

ស៊ឺឈីអស់សំណើចតិចៗ សូរសំឡេងសើចរបស់គេសែនស្រស់បំព្រង ទន់ភ្លន់ ស្លូតបូតទៀងត្រង់ដូចជាមនុស្សរបស់គេទាំងស្រុងដែរអ៊ីចឹង។

«ស៊ឺឈី អូនខុសពីបង ទោះជាអូនមិនមែនជាត្រកូលអ្នកធ្វើជំនួញ តែផ្ដោតលើរឿងសំខាន់ណាមួយ អូនតែងតែគិតគូរយ៉ាងច្បាស់លាស់។ អូនជាមនុស្សអត្មានិយម អត្មានិយមចំពោះមនុស្សគ្រប់គ្នា ធ្វើអ្វីក៏ដើម្បីតែខ្លួនឯងតែប៉ុណ្ណោះ តើបងយល់ទេ?»

«បងយល់»

ស៊ីវលូញញឹមចំអក៖

«អ្នកណាដឹងថាបងយល់មែនឬក៏ធ្វើពុតនោះ?»

«បងដឹងថាអូនមិនអនុញ្ញាតឱ្យខ្លួនឯងរំពឹងទុកក្ដីសង្ឃឹមច្រើនទេ មិនអនុញ្ញាតឱ្យខ្លួនឯងជឿជាក់អ្វីមួយទាំងស្រុង មិនអនុញ្ញាតឱ្យខ្លួនឯងល្ងង់ខ្លៅ។ ទៀនអឺស្ម័គ្រចិត្តមួយជីវិតរស់នៅក្នុងមនោសញ្ចេតនាមិនពិត។ ប៉ុន្តែរូបអូនវិញគឺខុសផ្ទុយ បើទោះជាមនោសញ្ចេតនានោះធំធេងខ្លាំងប៉ុនណា អូនក៏នៅតែអាចត្រៀមចិត្តបោះបង់ចោលបើភាគីម្ខាងទៀតមិនឱ្យតម្លៃ បងនឹងស្ម័គ្រចិត្តរង់ចាំរហូតដល់អូនបើកចិត្តព្រមព្រៀងទាំងស្រុង!»

«បើមួយជីវិតនេះអូនមិនបើកចិត្តទេគិតយ៉ាងម៉េច?»

«អ៊ីចឹងបងនឹងរង់ចាំអស់មួយជីវិត ឱ្យតែអូនមិនរត់គេចលាក់ពួនទៅបាត់ បងនឹងស្ម័គ្រចិត្តរង់ចាំអូនអស់មួយជីវិត!»

ស៊ឺឈីរីកស្នាមញញឹមទន់ភ្លន់។ ស៊ីវលូសែនដាច់ធម៌មេត្តាចំពោះខ្លួនឯងណាស់ ប៉ុន្តែបែរជាធ្វើល្អផ្ដល់ក្ដីស្រលាញ់ចំពោះមនុស្សគ្រប់គ្នា។ លោកពូម៉ុក ទៀនអឺ មុខខ្មូត គ្រាប់អង្កាំ… ពួកគេគឺត្រឹមតែជាអ្នកដទៃដើរឆ្លងកាត់ជីវិតរបស់នាង តែនាងនៅតែព្រួយបារម្ភ មើលថែទាំយកចិត្តទុកដាក់ចំពោះមនុស្សម្នាក់ៗអស់ពីចិត្ត។

នៅក្នុងទីយប់ងងឹតពោរពេញទៅដោយចំហាយមនុស្សស្លាប់ ភាពស្ងប់ស្ងាត់ប្រៀបបីដូចជាទីខ្មោចព្រាយ ទីគុកបង្ខាំងដែលល្បីល្បាយថាគួរឱ្យខ្លាចជាងគេនៅក្រោមមេឃនេះ ដើមឡើយគួរតែអាចធ្វើឱ្យមនុស្សជាប់ឃុំមានអារម្មណ៍ខ្លបខ្លាច ភ័យរន្ធត់ ឡប់វ៉ល់។ ប៉ុន្តែស៊ីវលូនិងស៊ឺឈីនៅតែអាចស្មាកៀកស្មាជជែករឿងក្នុងចិត្តជាមួយនឹងគ្នា ពួកគេនៅតែអាចមានអារម្មណ៍ថា ពេលវេលាកំពុងតែបន្តដើរទៅមុខ។ លើសពីនេះ ស៊ឺឈីនៅក្នុងចិត្តលួចពោលដឹងគុណទៅដល់ជ័ងស៊ូដែលបានឃុំឃាំងពួកគេទាំងពីរនៅក្នុងគុកនេះ ធ្វើឱ្យរូបគេមានសេចក្ដីក្លាហានគ្រប់គ្រាន់សារភាពទៅកាន់ស៊ីវលូបើកបង្ហាញដួងចិត្តស្មោះរបស់គេ។

……

សូរសំឡេងសម្រិបជើងឆ្មាំគុកបន្លឺឡើង ស៊ឺឈីនឹកស្តាយពេលវេលានៅក្បែរគ្នាដ៏សែនខ្លី។ ឆ្មាំគុកអញ្ជើញពួកគេចេញយ៉ាងគោរពគួរសម អាកប្បកិរិយាផ្លាស់ប្តូរលឿនជាងកងចក្រ ថែមទាំងហៅមនុស្សលើកប្រដាប់សែងមក ចង់លើកស៊ីវលូសែងទៅ។ ស៊ឺឈីមិនអនុញ្ញាតឱ្យពួកគេប៉ះពាល់ស៊ីវលូ គេបីស៊ីវលូឡើងដោយខ្លួនឯង ដើរតាមពន្លឺចង្កៀងគោមក្នុងដៃឆ្មាំគុក។ ដើរចេញពីគុកទៅក្រៅ ចួបនឹងពន្លឺថ្ងៃភ្លឺចិញ្ចាច ស៊ីវលូបិទភ្នែកភ្លាមៗព្រោះតែចាំងឈឺភ្នែក ស្ដាប់ឮសំឡេងរបស់គ្រោតគ្រាតជ័ងស៊ូសួរទៅស៊ឺឈី៖

«លោកចង់ទទួលក្នុងនាមជាយៀកស៊ឺឈីឬមួយ…»

ស៊ឺឈីឆ្លើយតបមិនស្ទាក់ស្ទើរ៖

«យៀកស៊ឺឈី!»

«ទៅតាមយើង!»

ស៊ីវលូបើកភ្នែក ឃើញថាពួកគេនៅក្រោមជើងភ្នំ គេសម្លឹងមើលទៅសមុទ្ទធំល្វឹងល្វើយ រលកសមុទ្ទវាយបន្តគ្នាមួយហើយមួយទៀត វាយទៅលើចម្រាស់ថ្មបែកពពុះទឹកព្រោង បែកខ្ចាយពាន់ម៉ឺនលម្អងផ្កាព្រិល។ ស៊ីវលូមានអារម្មណ៍ថាបេះដូងខ្លួនលោតញាប់ចម្លែក ហាក់ដូចជាមានមនុស្សកំពុងហៅគេ គេងាកទៅឱនខ្សឹបដាក់ស៊ឺឈី៖

«ទៅមាត់សមុទ្ទ»

ស៊ឺឈីបីស៊ីវលូហក់ចុះទៅតាមចម្រាស់ថ្ម ដើរកាត់ព្រៃលិចទឹក ទៅជិតមាត់សមុទ្ទ ឈប់នៅលើទំនប់ថ្ម។ ជ័ងស៊ូមិនរារាំងពួកគេ គ្រាន់តែដើរទៅតាមដោយស្ងៀមស្ងាត់។

សន្ធឹកខ្យល់ព្យុះបក់កួចមកពីចម្ងាយ រលកយក្សសមុទ្ទខៀវវាយសន្ធោរសន្ធៅ កាចសាហាវ។ ស្រមោលសម្លៀកបំពាក់សបង្ហាញខ្លួនឡើងនៅក្នុងរលកយក្សដ៏កាចសាហាវ នៅចំណុចប្រសព្វរវាងសនិងខៀវ បំបោលស្ទុះទៅមុខលឿនដូចព្រួញបាញ់។ ស្រមោលសម្លៀកបំពាក់សឈរនៅលើក្បាលរលកយក្ស នោះគឺជាបុរសសក់ស សម្លៀកបំពាក់ពណ៌ស ពាក់របាំងមុខប្រាក់។ បុរសនោះឈរនៅលើខ្យល់កួចទឹករលក ដូចផ្កាឈូកសសុទ្ធ ស្រស់ស្អាត បរិសុទ្ធ គ្មានធូលីដី។

សេនាអង្គរក្សនាំគ្នាសម្រុកចេញមក ជ័ងស៊ូភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញសាងលីវ ឡកឡើយនិយាយ៖

«សាងលីវ ឯងហ៊ានមកភ្នំទេពប្រាំដើម្បីសម្លាប់យើងហ្អេស?»

សាងលីវសើចស្ងួត និយាយរំភើយថា៖

«យើងមកមិនមែនដើម្បីព្រះបុត្រាទេ»

និយាយចប់ គេងាកទៅមើលមុខស៊ីវលូស្លុង សួរថា៖

«បាក់ជើងទាំងពីរហើយហ្អេស? ឯងធ្វើស្អីធ្វើឱ្យទាហានកៅស៊ីងចលាចលឡើងអស់?»

ខណៈនោះ ទើបស៊ីវលូនឹកឃើញថា នៅក្នុងខ្លួនរបស់សាងលីវមានដង្កូវពិសបុរាណ ពេលគេត្រូវវាយបាក់ជើងនោះ សាងលីវប្រាកដជាមានទទួលអារម្មណ៍ដឹង។

ស៊ីវលូសើចហីៗ៖

«ខ្ញុំអាចធ្វើស្អីធំដុំទៅ គ្រាន់តែជារឿងយល់ច្រឡំប៉ុណ្ណោះ»

«ក្រោមជើងគឺសមុទ្ទ!»

ស៊ីវលូយល់ពីន័យរបស់សាងលីវ ឱ្យតែលោតចូលសមុទ្ទ សាងលីវនឹងអាចនាំគេចាកចេញពីទីនេះ។ ប៉ុន្តែទីនេះគឺភ្នំទេពប្រាំ នគរកៅស៊ីងមានទាហានជើងសមុទ្ទមហិទ្ធិឫទ្ធិខ្លាំងពូកែជាច្រើន។ សាងលីវតែម្នាក់អាចរត់យករួចខ្លួន តែបើនាំគេទៅតាមម្នាក់ទៀត ខ្លាចក្រែងតែមានតែផ្លូវស្លាប់។ ម៉្យាងទៀត បើនាងចាកចេញទៅបាត់ តើស៊ឺឈីគិតយ៉ាងម៉េច?

ស៊ីវលូញញឹមនិយាយថា៖

«អរគុណលោក តែខ្ញុំមិនចង់ជំពាក់បំណុលលោកច្រើនទេ»

ស៊ីវលូងាកទៅនិយាយជាមួយស៊ឺឈី៖

«ទៅវិញ»

ស៊ឺឈីហក់ចេញពីទំនប់ថ្ម ឡើងទៅលើគោក។ សាងលីវគ្រាន់តែច្បិចញញឹមស្រាលចំពោះការបដិសេធរបស់ស៊ីវលូ៖

«កុំភ្លេចថាឯងនៅមានបំណុលជាមួយយើង មនុស្សស្លាប់មិនអាចសងបំណុលទេ!»

ស៊ីវលូសើចខឹកៗ៖

«កុំបារម្ភ ខ្ញុំឃ្លានរស់ខ្លាចស្លាប់ ប្រាកដជារង់ចាំលោកមកទារបំណុល»

សាងលីវក្រឡេកមើលទៅស៊ឺឈី ហើយក៏ងាកទៅងក់ក្បាលចុះដាក់ជ័ងស៊ូ បន្លឺពាក្យថា៖

«លាហើយ!»

មួយប៉ប្រិចភ្នែកនោះ គេរលាយបាត់ទៅក្នុងពពុះទឹក ជ័ងស៊ូស្កាត់ពួកសេនាអង្គរក្ស៖

«មិនចាំបាច់ចំណាយកម្លាំងអត់ប្រយោជន៍ទេ គេអាចមកដល់បានប្រាកដជាអាចទៅវិញបាន ថ្ងៃក្រោយបន្ថែមកម្លាំងយាមកាមនៅជើងភ្នំ»

ស៊ីវលូភ្លឹកភ្នែកសម្លឹងមើលពពុះទឹកវាយខ្ចាយទៅថ្ម សាងលីវពុះជ្រែកសមុទ្ទរាប់ម៉ឺនយោជន៍មកគឺដើម្បីសួរគេតែប៉ុន្មានម៉ាត់នេះទេហ្អេស?

ជ័ងស៊ូដើរទៅជិតរទេះពពក លើកដៃអញ្ជើញស៊ីវលូ៖

«ពួកយើងជិះរទេះពពកឡើងភ្នំ»

ស៊ឺឈីបីស៊ីវលូឡើងរទេះពពក បន្តិចក្រោយមក រទេះពពកឈប់នៅមុខខ្លោងទ្វារវិមានស៊ឺអ៊ីង វិមានធំបំផុតនៅភ្នំទេពប្រាំ។ វិមានធំស្កឹមស្កៃប្រណិតនេះ គឺជាស្នាដៃចម្លាក់ដ៏ល្បីល្បាញទូទាំងវាលរហោឋានលោកិយ។ ឮល្បីថារាប់រយឆ្នាំមុន មានព្រះរាជបុត្រស៊ឹងនុងមួយអង្គ លើកទ័ពវាយលុកនគរកៅស៊ីង ដើម្បីតែឈ្លានពានកាន់កាប់លើវិមាននេះ។ ប៉ុន្តែក្រោយពេលអធិរាជបច្ចុប្បន្នឡើងគ្រងរាជ្យ ទ្រង់មានប្រទ័យសាមញ្ញ មិនចូលចិត្តភាពប្រណិតឆើតឆាយ មិនចូលចិត្តពិធីជប់លៀងរាំរែក មិនចូលចិត្តស្រីស្អាត រាជវាំងដំណាក់ក្រោយរបស់ទ្រង់មានតែព្រះជាយាមួយអង្គគត់ ហេតុនេះវិមានស៊ឺអ៊ីងកាន់តែល្ហរល្ហេវ ស្ងាត់ជ្រងំ។

ជ័ងស៊ូញញឹមអំណួតប្រាប់ថា៖

«មកដល់ព្រះរាជវាំងស៊ឺអ៊ីងហើយ!»

ស៊ីវលូមើលទៅកំពុងដេកលក់ស្រួល បិទភ្នែកទាំងពីរជិត ក្បាលផ្អែកដើមទ្រូងស៊ឺឈី។ ស៊ឺឈីងក់ក្បាលទៅសៀនបន្តិច បីស៊ីវលូហោះចុះពីលើរទេះពពក ដើរតាមជ័ងស៊ូចូលទៅក្នុងវិមាន៖

ជ័ងស៊ូនិយាយថា៖

«នេះគឺជាដំណាក់ហួរស៊ីង ដំណាក់គង់នៅរបស់យើង អ្នកទាំងពីរជាបណ្ដោះអាសន្នស្នាក់នៅទីនេះចុះ។ យប់មិញ មកដល់ភ្នំទេពប្រាំយប់ជ្រៅ យើងនៅមិនទាន់ចូលគាល់ក្រាបថ្វាយបង្គំលោកគ្រូ។ ថ្ងៃនេះ ចេញពីប្រជុំសាវនាការ យើងនឹងទូលថ្វាយទ្រង់រឿងអ្នកទាំងពីរបានមកដល់។ ស៊ីវលូ រៀបចំត្រៀមខ្លួនទៅ ព្រះអង្គនឹងអាចកោះហៅឯងចូលគាល់គ្រប់ពេល!»

ខណៈនោះ ស៊ីវលូបើកភ្នែកឡើងភ្លឹស៖

«ឱ្យថ្នាំមកខ្ញុំ»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*