ទោះបីនៅឆ្ងាយគ្នាយ៉ាងណាក៏ដោយ ហោចណាស់ពេលអូនមើលមេឃក៏សង្ឃឹមថាបងកំពុងងើយមើលដួងចន្ទដូចគ្នា លុះដល់ថ្ងៃមួយគឺថ្ងៃមួយដែលអូសបន្លាយរហូតដល់ដប់ឆ្នាំក្រោយ។
…
“មើលមេរៀនផង Babe ប្រយ័ត្នគ្រូសួរ”
ខ្ញុំមិនទាន់ចូលតុអង្គុយស្រួលបួលផងក៏តបវិញ
“ខ្ញុំឯណាសំណាងអាក្រក់ដល់ម្លឹង”
តាមថាខ្ញុំនឹងមើលមេរៀនបើសិនគេមិនប្រាប់ តែឥឡូវខ្ញុំមិនខ្ចីមើល។ ពេលអ្នកគ្រូដើរចូលមកខ្ញុំរាងភ័យតិចៗដែរ មកពីម៉ោងគាត់ថ្ងៃមុនអត់បានមករៀនហើយអត់បានខ្ចីគេចម្លងទៀត។
“បូភា! ថ្ងៃមុនយើងរៀនដល់មេរៀនណា?”
OMG ខ្ញុំស្ដាប់ច្រឡំទេដឹង? ថ្ងៃល្អរបស់ខ្ញុំអើយត្រូវប្រុសឈ្មោះវិច្ឆិកាហ្នឹងបំផ្លាញហើយ។ ខ្ញុំក្រោកញញឹមខ្ចាយដាក់អ្នកគ្រូ
“អ្នកគ្រូ! ខ្ញុំសុំឆ្លើយជំនួស”
មានសំឡេងអ្នកណាទៀតគឺគេហ្នឹងហើយ រួចខ្លួន!
“គេឆ្លើយសំណួរជំនួស Babe គេទៀតណ៎”
“ឈប់! ឈប់សិន Babe ហ្នឹងមានន័យថាម៉េច?”
“Babe មកពីពាក្យថា baby ក្មេងតូច”
បូផាបកប្រែមិនទាន់ចប់ទេឈាមក្នុងបេះដូងខ្ញុំរត់ត្របាញ់ឡើងពេញថ្ពាល់ក្រពុំៗរបស់ខ្ញុំហើយទេដឹង ទើបគ្រប់គ្នាហ៊ោអឺងកងផ្អើលថ្នាក់។ ping ម្ល៉េះ?
ល្ងាចនេះរាងមានន័យបន្តិចហើយ មើលត្រចៀកកាំហិចហើរក៏ស្រស់ស្អាតម្យ៉ាងដែរ ស្រាប់តែ…
“ដល់បន្ទប់នៅ?”
បេះដូងនារីអាយុ១៨ឆ្នាំម្នាក់នេះលោតកញ្រ្ជោលស្ទើរធ្លាយចេញពីទ្រូង បាតដៃខ្ញុំចាប់ផ្ដើមបែកញើសត្រជាក់ៗយ៉ាងចម្លែក។ ហើយកើតអីបានឈែតមកសួរអ៊ីចឹង? មិនយូរប៉ុន្មានគេ sent link មួយខ្សែមក ពេលខ្ញុំចុចមើលទើបដឹងថាជា Facebook private នរណាមិនដឹងរូបព្រាលៗអត់ច្បាស់
“Facebook ណាគេ ឈ្មោះដូចក្មេងបែកស្លុយ”
“free add”
“អត់ដឹងរបស់អ្នកណាផង lock account ហ្នឹង”
“អនាគតសង្សារយើងហ្នឹង”
ហាស៎?
ចុងក្រោយខ្ញុំចុចaddទៅទើបដឹងថាម្ចាស់វាគឺប្រុសអាយុ១៨ឆ្នាំកំពុងឈែតជាមួយខ្ញុំហ្នឹងហើយ ខ្ញុំត្រលប់មកមើលពាក្យមួយឃ្លាចុងក្រោយអម្បាញ់មិញ អានឡើងវិញជិតដប់ដង។ និយាយពីថាយប់នេះណាគឺរៀនដល់ម៉ោង១។ ធ្វើម៉េចនឹងងងុយ បើមនុស្សកំពុងមានអារម្មណ៍ល្អធ្វើការងារអីក៏ល្អមិនថាអ៊ីចឹង? ឬក៏និយាយថា…មកពីឈែតជាមួយគ្នាដល់យប់ជ្រៅពេកមិនបានមើលមេរៀនទើបហួសរៀនដល់ម៉ោង១ទើបសមជាង? ហ៊ើយ! បិទភ្នែកបន្តិចសោះមេឃភ្លឺបាត់។
ព្រឹកឡើងទៅរៀនវិច្ឆិកានៅតែជាវិច្ឆិកាធម្មតា តែអ្នកមិនធម្មតាគឺបូភាខ្ញុំឯណេះវិញនៀក។ ឃើញមុខគេពេលណា…ពិបាកពណ៌នាណាស់។
“គ្រាន់តែប៉ុន្នឹងគិតថាគេស្រឡាញ់ឯង?”
នេះជាសំឡេងមិត្តសម្លាញ់តែម្នាក់របស់ខ្ញុំតាមទូរសព្ទ។ នាងជាមិត្តតាំងពីវិទ្យាល័យរបស់ខ្ញុំ យើងមានរឿងអ្វីតែងចែករំលែកគ្នាទោះរឿងល្អឬអាក្រក់យើងជាមិត្តយល់ចិត្ត ជាបងប្អូនស្រី ជាមនុស្សដែលទុកចិត្តគ្នានិយាយរឿងក្នុងចិត្តបាន។ ជាធម្មតាយុវវ័យដូចយើងនិយាយរឿងក្នុងចិត្តប្រាប់មិត្តភក្ដិយល់ចិត្តឃើញថាស្រួលចិត្ត ស្និទស្នាលជាងអ្នកផ្ទះ។ ដឹងអី នាងសួរបែបនេះធ្វើឱ្យខ្ញុំមិនដឹងជាឆ្លើយយ៉ាងណាទេតែខ្ញុំដឹងថាពេលក្បែរគេមានអារម្មណ៍ថាសុវត្ថិភាពៗ គេCare ខ្ញុំ។ នាងតមកទៀត
“ស្អីគេ? គ្រាន់គេឆ្លើយសំណួរជំនួសពីរបីដងថាគេ care ?”
មិត្តខ្ញុំមួយនេះស៊ាំណាស់បើដឹងបែបហ្នឹងគ្មានប្រាប់ទេ។
“ចុះ គ្រាន់គេនិយាយថាយកផ្លែឈើ៣៦មុខទៅផ្ទះសោះ ឯងនេះយកជាការដែរ? គ្រាន់យើងស្ដាប់ក៏ដឹងគេថាលេងដែរបូភាអើយឈប់ស្រមៃ ៧ថ្ងៃដឹងខ្លួនហើយនាង”
កាន់តែមែនហើយតើ ដំបូងអត់អីទេតែស្ដាប់យូរៗទៅខ្ញុំកើតអីក្នុងខ្លួនម៉េចក៏រាងអន់ៗចិត្តហើយចង់ទាញទូរសព្ទឈែតសួរគេភ្លាមថាការពិតឬអត់? មិត្តខ្ញុំបន្ដមកទៀត
“ក្រែងធ្លាប់និយាយថាអ្នកណាប៉ះឯងដំបូង ឯងយកអ្នកនោះជាសង្សារហី” នាងបន្ដមកទៀត
“មែន! ខ្ញុំធ្លាប់និយាយបែបនេះតែនិយាយលេងសោះហើយខ្ញុំក៏ធ្លាប់និយាយទៀតថា អ្នកដែលជួយសង្រ្គោះខ្ញុំពេលមានគ្រោះថ្នាក់ខ្ញុំច្បាស់ជាទទួលអ្នកនោះហើយ។ ចុះសួរថាទៅស្រមើស្រមៃដូចតួស្រីក្នុងប្រលោមលោកម៉េចកើត? ចុះបើមានមែន? អ៊ីចឹងមានតែបន់ឱ្យខ្លួនឯងចួបគ្រោះថ្នាក់អាងបានបុរសក្នុងក្ដីស្រមៃបង្ហាញខ្លួន? ផ្ដេសផ្ដាសណាស់ខ្ញុំ ឥឡូវមិត្តខ្ញុំមករំលឹករឿងផ្ដេសផ្ដាសជាងខ្ញុំទៀត
Hero ខ្ញុំអើយ where are you?
គេដើរចូលក្នុងថ្នាក់ជាមួយរាងខ្ពស់ស្រឡះរបស់គេ ក្រៅពីលើកដៃវែកសក់ហើយញញឹមពព្រាយដាក់មិត្តរួមថ្នាក់គេធ្វើអីបានទៀត?
“រាងគេស្គមយ៉ាងនេះ បើខ្ញុំមានគ្រោះថ្នាក់មែនគេជួយខ្ញុំបានរបៀបម៉េចណ៎”
ខ្ញុំគិតក្នុងចិត្តរហូតដល់ថ្ងៃមួយ…
ហេតុការណ៍ដូចព្រេងនិទានមួយធ្វើឱ្យខ្ញុំបានចួបមនុស្សម្នាក់ ខ្ញុំស្រាប់តែយល់ថាទ្វីបលោកជាអ្នករុញច្រានគេឱ្យមកក្បែរខ្ញុំបន្ទាប់មកក៏ច្រឡំថាខ្លួនឯងគឺជាតួឯងស្រីក្នុងរឿងនិទាន។ទោះជាយ៉ាងណាក៏ដោយប្រលោមលោកវាមានផ្ដើមមានបញ្ចប់មិនថាអ៊ីចឹង? រឿងខ្ញុំដូចគ្នាគឺចាប់ផ្ដើមដោយភាសាបេះដូងដ៏រំជើបរំជួលនិង…
“ខ្យល់ចុះត្រជាក់ នាំចិត្តខ្ញុំធ្លាក់ ជាប់ស្នេហ៍ជីវា លង់ល្ងង់ល្ងីល្ងើ ចង់ចួបភក្ត្រា ប្រុសឈ្មោះវិច្ចិកា ស្ម័គ្ររាមរហូត”
ខ្ញុំនិយាយតិចៗម្នាក់ឯងប្រាប់ទៅទន្លេ។ មិនថានៅពេលនឹកឃើញឈ្មោះគេឬផ្ដោតអារម្មណ៍លើស្មាខ្លួនឯង ស្មានដៃរបស់គេដែលទ្រពីក្រោមខ្ញុំវាផុសពេញខួរក្បាល។ ការពិតខ្ញុំបានណាត់មិត្តភ័ក្ដិរបស់វិច្ឆិកាមកអង្គុយលេងនៅមាត់ទន្លេនេះ តែមិនបានហៅគេមកជាមួយឡើយ។
“បើគេមក គឺមានន័យថាគេក៏ចង់ចួបខ្ញុំហើយគេក៏ចាប់អារម្មណ៍ខ្ញុំដែរ” ខ្ញុំផ្សងក្នុងចិត្តស្ងាត់ៗ។
អង្គុយសុខៗក្លិនប្រហើៗរម្យ៉ាងបក់ឆួលប៉ះច្រមុះ ខ្ញុំស្គាល់ច្បាស់ជាក្លិនដែលខ្ញុំថតទុកក្នុងខួរក្បាលជាក្លិនទឹកអប់របស់គេ។ បេះដូងនេះលោតឌុកដាក់ៗពេលងាកទៅប្រសព្វភ្នែកជាមួយគេ។ គេពិតជាមកមែន តើការអធិដ្ឋានរបស់ខ្ញុំជាការពិតមែនទេ? គួរធ្វើម៉េចទៅ ថ្ពាល់ខ្ញុំឡើងក្រហមៗទៀតហើយទេដឹង? បើនៅក្នុងថ្នាក់មិនដឹងជាមិត្តភ័ក្ដិហ៊ោបង្អាប់យ៉ាងណាទេពេលឃើញមុខខ្ញុំអ៊ីចឹង។
ល្ងាចនេះមានន័យទៀតហើយព្រោះវត្តមានគេ។ ទីណាក្ដីរាល់ពេលមានគេ ខ្ញុំមានសង្ឃឹមខ្ញុំសុវត្ថិភាពលែងល្ហល្ហេវលែងឯកាតែតើគេដឹងទេ បើដឹងហើយគេនឹងចាកចេញមែនអត់?
“បានៗកុំឱ្យគេដឹង” ខ្ញុំដាស់តឿនខ្លួនឯង។
ឥឡូវនេះយើងមានគ្នា៤នាក់គឺខ្ញុំ គេនិងមិត្តរួមថ្នាក់របស់យើងពីរនាក់ទៀត។ យើងអង្គុយនិយាយគ្នាបានបន្តិចមិត្តពីរនាក់ទៅទិញអាហារញ៉ាំនៅសល់តែខ្ញុំ និងគេ។ មេឃចាប់ផ្ដើមងងឹតយើងមើលឃើញទឹករលករលេញព្រិញៗដោយសារពន្លឺខៀវៗចាំងពីអំពូលតាមបណ្ដោយស្ពានគីហ្សូណា។ ខ្យល់ក៏កាន់តែត្រជាក់បក់ប៉ើងសក់ជំពាក់ជំពិនទៅក្រោយ ខ្ញុំប្រាប់គេថា
“ខ្ញុំមានរឿងចង់និយាយ” ហ៊ើយ! នៅសុខៗនិយាយស្អី? ប្រុងប្រាប់គេពីអីបូភា កុំថា…ណា។ ខ្ញុំគិតថាបើគេចាប់អារម្មណ៍យើងឬអត់គួរតែប្រាប់ឱ្យហើយ កុំឱ្យយើងលង់ជ្រៅជាងនេះតែជ្រុលជាគេមិននិយាយហើយ ខ្ញុំអ្នកផ្ដើមមុខក៏បាន។ ឃើញបងឌីណាអ្នកនិពន្ធនិយាយថា “បើស្រឡាញ់គេសារភាពទៅ ពេលខ្លះគេមិនស្រឡាញ់យើងសោះក៏ថាបាន ស្រួលកាត់ចិត្ត” មែនតើ! ទាន់នៅថ្មីៗមិនទាន់លង់កប់ជ្រៅ។
ខ្ញុំដកដង្ហើមវែងៗគ្រាន់តែគិតក៏មានអារម្មណ៍ថាកម្ដៅភាយៗចេញពីមុខ បេះដូងលោតចង់គាំងម្ដងទៀត។ ឆ្ងល់ណាស់ក្នុងខ្លួនគេម៉េចទៅណ៎?ម៉េ ចក៏នៅអង្គុយស្ងៀមៗដដែលអ៊ីចឹង
“មានរឿងអីនិយាយឱ្យហើយមក ត្រូវសួរៗឱ្យហើយទាន់មានអារម្មណ៍ចង់ឆ្លើយ” គេឆ្លើយបែបនេះ
ប្រុសម្នាក់នេះរៀនចិត្តវិទ្យាដល់កម្រិតហើយមែន បានជាដឹងថាខ្ញុំមានសំណួរសួរ? ក្រៅពីមិត្តរួមថ្នាក់បង្អាប់ហើយមុខក្រហមរៀងខ្លួន សកម្មភាពតិចតួចរបស់គេក៏ខ្ញុំគិតថាពិសេស ពេលគេញញឹមពេលគេធ្វើមុខស្មើៗអារម្មណ៍ខ្ញុំក៏ប្រែប្រួល។ នឹកឃើញដល់ពលកម្មល្ងាចនោះពិតជា special មែនទែន គឺខ្ញុំយកចបមក ហើយគេជាអ្នកយកទៅវិញ ព្រះអើយ! យើងបានកាន់ដៃគ្នាដោយប្រយោល sweet ពីចម្ងាយ pink pink អ៊ីចឹងបានគេថាស្នេហាជារឿងបេះដូងគេដឹងពីគ្នាដោយសម្ងាត់នោះអី
“ក្រែងមានរឿងចង់និយាយ?” គេសួរឡើង
ហាស៎ អម្បាញ់មិញមានច្រឡំញញឹមម្នាក់ឯងឬអត់ទេនេះ
“សួរយ៉ាងម៉េចទៅ ខ្មាសយើងណាស់”
រៀបពាក្យថាម៉េច? លោតែគេមានមនុស្សដែលគេត្រូវចិត្តហើយក៏មិនដឹង ឬគេកំពុងទាក់ទងគ្នាក៏យើងមិនដឹងទៀតតែធ្វើម៉េចទៅ?
“សួរមក” គេនិយាយតិចៗ ស្ដាប់មើលទៅពីរោះម្ល៉េះ
“យើងដឹងហើយថាខ្ញុំចង់សួរអី” ខ្ញុំឆ្លើយ
“អត់ដឹងទេ” គេងាកមើលមុខខ្ញុំ សក់វែកចំហៀងរបស់គេ ចិញ្ចើមក្រាស់ៗ ផ្ទៃមុខ ចង្កា ក្រោមពន្លឺពណ៌ពងមាន់ស្រាលៗនៃអំពូលតាមសួនម៉េចក៏សង្ហារយ៉ាងនេះ។ នេះឬheroរបស់ខ្ញុំ?
“ឆ្លើយមួយម៉ាត់មកគឺដឹងតែត្រូវ”
គេនិយាយថាអត់ហ៊ានស្មានទេ ខ្ញុំក៏ចាប់ផ្ដើមនិយាយទៅកាន់គេទាំងមិនដឹងថាការសម្រេចចិត្តនេះត្រូវឬខុស តែដឹងត្រឹមថាតឹងណែនដើមទ្រូង។ ខ្ញុំប្រាប់គេថា កាលរៀននៅវិទ្យាល័យនៅពេលដែលខ្ញុំ Crush អ្នកណាម្នាក់ខ្ញុំចេះតែចង់ដឹងថា គេធ្លាប់ Crush ខ្ញុំវិញអត់? ហើយម៉េចក៏គេមិន Crush ខ្ញុំវិញអ៊ីចឹង? អូទេ ខ្ញុំកំពុងសារភាពហើយទេដឹង?
“អាចគិតថានិស្ស័យ” គេឆ្លើយខ្លីបែបនេះហើយងាកមុខចេញ
មែនហើយមកពីនិស្ស័យគឺនិស្ស័យដែលធ្វើឱ្យយើងចួបគ្នានាពេលនោះ កាលពីរខែមុនខ្ញុំរៀបតុដែកដែលយើងអង្គុយរៀនទន្ទឹមគ្នាហើយលើកមួយទៀតបន្ទុកពីលើពីរជាន់ ខ្ញុំឡើងលើតុខ្ពស់នោះដើម្បីដំផ្ទាំងរូបភាពបិទជញ្ជាំងថ្នាក់ ដៃឆ្វេងខ្ញុំកាន់ពូថៅដ៏ធ្ងន់មួយពេលដំរួចមិនទាន់ចុះមកវិញផងស្រាប់តែពេលជើងខ្ញុំកម្រើកវាកម្រើកទាំងខ្លួនប្រាណ ដៃស្ដាំខ្ញុំស្រវេស្រវាអីលែងជាប់ កៅអីដែក ឥដ្ឋ នៅខាងក្រោមកំពុងរងចាំទទួលខ្ញុំ ពូថៅនៅលើដៃក៏កំពុងចាំបន្ថែមពីលើយ៉ាងគឃ្លើន
អ្ហា!
ក្បាលមកមុនពីទីដ៏ខ្ពស់ ខ្ញុំឮតែខ្លួនឯងស្រែកចុងក្រោយរាងកាយខ្ញុំស្ថិតនៅចន្លោះឥដ្ឋនិងពូថៅដែលកំពុងកាន់គឺ…ខ្ញុំនៅក្នុងរង្វង់ដៃគេ គេរត់មកត្រកងទ្រខ្ញុំពីក្រោម។ ខ្ញុំរឹតតែញ័រដៃពេលបើកភ្នែកមកឃើញក្នុងដៃឆ្វេងខ្លួនឯងកាន់ពូថៅដែលកំពុងប្រឈមមុខនឹងខ្ញុំជាប់ដដែរ បើពេលធ្លាក់មកខ្ញុំព្រលែងពូថៅចុះតើមានអ្វីកើតឡើងចំពោះអ្នកកំពុងក្រសោបខ្ញុំ តែគេអត់ខ្វល់ថាគេត្រូវគ្រោះថ្នាក់ឬអត់ទេ គឺគិតតែពីសង្គ្រោះខ្ញុំ។
ខ្ញុំតបទៅគេវិញ
“តែពេលខ្លះនិស្ស័យធ្វើបាបមនុស្សណាស់ ឱ្យចួបហើយក៏ពង្រាត់ ឱ្យចួបហើយមានចិត្តតែម្ខាង។ ចុះនិស្ស័យពួកយើងវិញ? វិច្ឆិកាធ្លាប់ស្រឡាញ់ខ្ញុំអត់?”
“អត់” រហ័ស លឿន ខ្លី ខ្លឹម
ការបន្លឺក្នុងមួយបន្សាយសំឡេងនេះ ចាក់ឌឹបធ្លុះធ្លាយខ្ទេចខ្ទីបេះដូង គ្មានស្នាម គ្មានរបួស តែវាគ្រាំក្នុងគ្មានអ្នកដឹងគ្មានអ្នកឃើញ។
“ធ្លាប់ឮគេថា love distant អត់?” គេសួរខ្ញុំបែបនេះក្នុងកែវភ្នែកដ៏ល្ហល្ហេវ
រឿងអីខ្ញុំមិនដឹង ខ្ញុំដឹង ខ្ញុំឮ តែខ្ញុំធ្វើមិនបាន។ ឃើញមនុស្សដែលខ្លួនឯងស្រឡាញ់ពីចម្ងាយក៏មានក្ដីសុខ? មើលគេពីចម្ងាយក្ដីសុខតិចៗ? ច្រមុះខ្ញុំឆួលៗ ភ្នែកខ្ញុំក្រហាយយកតែមែនទែន បន្ដិចទៀតតំណក់ទឹកថ្លាឆ្វង់ទាំងនេះប្រាកដជាប្រជ្រៀតគ្នារមៀលចេញពីភ្នែកមិនខាន។ កុំៗឱ្យសោះ តែ…ខ្ញុំមានអារម្មណ៍ថាថ្ពាល់ខ្ញុំសើមៗ ខ្ញុំព្យាយាមលេបទឹកមាត់ទាំងបំពងកស្ងួតខះល្ហល្ហេវ
“ខ្ញុំធ្លាប់ខូចចិត្តច្រើនដង ខ្ញុំមិនចង់…ខ្ញុំចង់បានស្នេហាមួយច្បាស់លាស់” “បើអាច…បើអាណិត…ឈ្មោះ…”
ត្រចៀកខ្ញុំហឹង ក្បាលឈឺខ្ទោកៗខ្ញុំឥតដឹង ឥតឮថាគេនិយាយអ្វីទៀតទេ ដឹងត្រឹមថាបន្តិចមកបាតដៃក្ដៅៗរបស់គេចាប់កាន់ទាញ កដៃតូចស្គមរបស់ខ្ញុំឱ្យក្រោកឡើងទាំងដែលខ្ញុំមានៈរឹងទទឹងមិនព្រមក្រោក។
“ទៅផ្ទះវិញ”
ខ្ញុំសម្លឹងមើលដៃរបស់គេនៅក្ដាប់ជាប់កដៃខ្ញុំជាមួយទឹកភ្នែកនៅព្រៀបពេញរង្វង់នេត្រាទាំងគូ។ ដៃនេះហើយដែលទ្ររាងកាយខ្ញុំនាថ្ងៃដ៏រន្ធត់មួយនោះ។ គេទម្លាក់ព្រលែងដៃដោយឥតព្រាងទុក ដៃខ្ញុំធ្លាក់ខ្ពាកដោយគ្មានកម្លាំងកំហែងលើភ្លៅខ្លួនឯងវិញ។
“ទៅផ្ទះវិញ”
គេថាម្ដងទៀតមិនទាន់ចប់ស្រួលបួលផង ស្រាប់តែទាញកញ្ឆក់ កដៃខ្ញុំម្ដងទៀតឱ្យស្ទុះងើបឡើង រូបស្គមល្ហេវនេះវិះនឹងច្រឡោតទៅលើទ្រូងរបស់គេ កុំតែជើងខ្ញុំឈានទៅមុខទាន់។ ចាប់តាំងពីយប់នៅមាត់ទន្លេនោះមកគេគេចៗពីខ្ញុំមិនមើលមុខ មិននិយាយរកចេញពីរៀនមិនទាន់ក៏ទាញម៉ូតូទៅបន្ទប់ជួលវិញ។ ខ្ញុំបានធ្វើអីខ្លះ? គេស្អប់ខ្ញុំ? ខ្ញុំផ្ដើមមិនស្រណុកចិត្តពេលឃើញគេធ្វើបែបនេះមិនមែនឆ្ងាយតែចំពោះខ្ញុំម្នាក់ឯង គឺហីៗចំពោះគ្រប់គ្នាតែម្ដង។
“I’m sorry” នេះជាពាក្យចុងក្រោយដែលខ្ញុំបានឃើញក្នុង storyគេ មុនពេលគេ unfriend ខ្ញុំចោល។ ខ្ញុំចង់ឈែតសួរគេតែនៅពេលបើក telegram ស្រាប់តែគ្រប់យ៉ាងទទេរស្អាត ពាក្យពេចន៍ឌឺដង សម្ដីផ្អែមល្ហែមទាំងអំបាលម៉ានរលាយទៅណាអស់រលីង។
កន្លងមកខ្ញុំយល់សប្តិមែន? ឬពីមុនជាការពិតតែឥឡូវខ្ញុំកំពុងនៅក្នុងសុបិន្តដ៏អាក្រក់? ៩០ថ្ងៃហើយដែលគេធ្វើមុខស្មើៗ កៅសិបថ្ងៃហើយដែលគេមិននិយាយរកខ្ញុំ។ ខ្ញុំសែនថប់ដង្ហើមពេលឃើញគេបែបនេះ ខ្ញុំបាត់បង់គេហើយមែនទេ ការសម្រេចចិត្តរបស់ខ្ញុំនាល្ងាចនោះខុសហើយមែនទេ មែនទេវិច្ឆិកា?
ល្ងាចនេះមេឃពណ៌ខៀវស្រាលនៅពីលើពពកក្រហមៗ
បើក្ដីស្រឡាញ់របស់ខ្ញុំធ្វើឱ្យខ្ញុំបាត់បង់មិត្តល្អម្នាក់ ខ្ញុំឈប់ស្រឡាញ់គេក៏បានឱ្យតែប្រគល់គេមកវិញមក។ ខ្ញុំចាប់ផ្ដើមក្រហាយភ្នែកពេលនឹកឃើញគេ។ ប្រាប់ខ្ញុំមកថាខ្ញុំខុសដែលនិយាយពាក្យថាស្រឡាញ់? គេអាចធ្វើធម្មតាហើយនិយាយរករាល់គ្នាលើកលែងតែចំពោះខ្ញុំក៏បាន ព្រោះខ្ញុំចង់ឃើញគេដូចមុន មិននិយាយរកខ្ញុំក៏ហីទៅឱ្យតែញឹញមដាក់អ្នកផ្សេងក៏ខ្ញុំសប្បាយចិត្តដែរ។
“បើអាច ថ្ងៃក្រោយកុំបង្ហាញអារម្មណ៍ខ្លួនឯងឱ្យគេដឹងពេក”
ពាក្យគេឮរងំក្នុងត្រចៀកខ្ញុំ។ ខ្ញុំនិយាយថាស្រឡាញ់ជាពាក្យដំបូងរបស់ខ្ញុំប៉ះចំមនុស្សគល់ឈើ ទោះខ្ញុំព្យាយាមយ៉ាងណាក៏គេមិនរង្គោះរង្គើចិត្តដែរ។ តែ…យប់នោះគេបានសួរខ្ញុំថា
“ដឹងចម្លើយហើយបន្ដឬបញ្ឈប់?”
“បន្ដឬឈប់ជារឿងរបស់ខ្ញុំ” ខ្ញុំសួរគេវិញ “ចុះបើខ្ញុំបន្ដគិតយ៉ាងម៉េចវិញ?”
“រឿងថ្ងៃមុខថ្ងៃក្រោយមានអ្នកណាគេដឹងមុន?”
មេឃប្រែពណ៌បន្តិចម្ដងៗទៅជាស្រអាប់ៗ ខ្យល់បក់មកត្រសៀកៗសែនត្រជាក់តែថ្ពាល់ខ្ញុំក្ដៅ ច្រមុះឆួលៗ បំពង់កដូចជាល្ហល្ហេវៗម្ដងហើយម្ដងទៀតរាល់នឹកគេ។
“កុំខូចចិត្តយូរពេក ត្រូវតែ move on”
ខ្ញុំលេបទឹកមាត់ក្អឹកហើយលើកដៃជូតទឹកភ្នែក។ គេម៉េចនឹងអាចធ្វើឱ្យខ្ញុំយំបាន? នៅពេលយើងចួបមនុស្សល្អម្នាក់ដែលតែងតែជួយយើង បន្ទាប់មកយើងក៏មានចិត្តលើគេទោះបីមិនបានគេមកជាគូជីវិត ត្រឹមរាប់អានគ្នាជាមិត្តក៏ល្អមិនថាអ៊ីចឹង ត្រូវអត់?
ខ្ញុំគិតរួចហើយខ្ញុំជាអ្នកផ្ដើមក៏ជាអ្នកបញ្ចាប់ if I see you happy without me I will leave
ឱ្យតែគេត្រឡប់មកដូចដើមវិញ
“អរគុណ២០២៤ដែលធ្វើឱ្យខ្ញុំស្គាល់យើងវិច្ឆិកា ខ្ញុំ Move on បានសម្រេចហើយ សង្ឃឹមថាយើងនឹងក្លាយជាមិត្តគឺមិត្តដូចមុនគឺមុនថ្ងៃមួយនោះ”
ខ្ញុំសរសេរលុបៗជាច្រើនសារទម្រាំដាច់ចិត្តផ្ញើទៅឱ្យគេ។ យប់នេះជាថ្ងៃឆ្លងឆ្នាំ ខ្ញុំចង់ប្រាប់គេឱ្យច្បាស់ថាខ្ញុំ move on ដើម្បីកុំឱ្យគេគេចពីខ្ញុំទៀត ខ្ញុំមិនចង់ឱ្យគេមានអារម្មណ៍មិនល្អមិនស្រណុកចិត្តព្រោះតែក្ដីស្រឡាញ់របស់ខ្ញុំទេ។ គ្រាន់តែសង្ឃឹមថាចាប់ពីស្អែកទៅរឿងល្អៗនឹងចូលមក។ បើកភ្នែកព្រឹកឡើងស្រាប់តែសាររបស់គេលោតឡើង
“ពេលខ្លះអ្វីដែលយើងឃើញមិនមែនជាការពិតទេ វាជាការសម្ដែងក៏ថាបាន”
ពេលឃើញពាក្យមួយឃ្លានេះទុកថាផ្លូវចិត្តខ្ញុំប្រសើរជាងមុនទៅចុះ។
នៅពេលខ្ញុំឈានជើងចូលថ្នាក់ ខ្ញុំងើយសម្លឹងមើលជញ្ជាំងគឺកន្លែងនោះហើយ គឺត្រង់នោះខ្ញុំធ្លាក់មកពីលើ វិនាទីនោះពូថៅក្នុងដៃខ្ញុំ ខ្ញុំព្រលែងចុះមកខណៈណាក៏គ្មានអ្នកដឹងតែគេវិញគេអត់ខ្វល់ទេ គេរត់មកត្រកងទ្រខ្ញុំពីក្រោម ខ្លួនប្រាណខ្ញុំធ្លាក់ឌឹបលើដៃស្គមៗរបស់គេស្របពេលបេះដូងខ្ញុំធ្លាក់កប់ចូលជ្រៅក្នុងអន្លង់ស្នេហ៍គេដូច្នេះដែរ។
“វិច្ឆិកា!” ខ្ញុំព្យាយាមហៅគេជាលើកទីពីរ
“hah”
ខ្ញុំគ្មានអីបន្ដទេ ព្រោះខ្ញុំគ្រាន់តែចង់ដឹងថាគេនៅរាប់ខ្ញុំដូចមុនឬទេតែប៉ុណ្ណោះ។
តែចាប់តាំងពីថ្ងៃនោះមកទំនាក់ទំនងយើងក៏ល្អម្ដងទៀត
“សន្សំលុយធ្វើផ្ទះហើយចាំរៀបការ”
“ចុះមានលុយឯណាចូលដណ្ដឹងគេ?”
ខ្ញុំចាប់ផ្ដើមញ៉ិកញ៉ក់ដាក់គេម្ដងទៀត។ គេលើកដៃអង្អែលក្បាលក្បាលខ្ញុំថ្នមៗ រូបរាងតួស្រីស្អាតក្និកក្នក់ក្នុងរឿងកូរ៉េចូលមកសណ្ឋិតក្នុងខ្លួនខ្ញុំមួយរំពេច។
“ធ្លាប់ឮគេនិយាយថាបងមួយពាន់អូនមួយពាន់ បងមួយម៉ឺនអូនមួយម៉ឺនអត់?”
ពួកយើងទាំងពីរជជែកគ្នា នៅក្បែរគ្នាជិតស្និទ្ធជាងមុនរហូតដល់គ្រប់គ្នាយល់ថាយើងមានទំនាក់ទំនងលើសពីមិត្ត
“គ្រាន់តែមើលពីចម្ងាយក៏ដឹងថាបេះដូងគេមានភាពកក់ក្ដៅជាងមុនដែរ”
នេះជាសម្ដីមិត្តរួមថ្នាក់ចំអន់ខ្ញុំចង់ឱ្យខ្ញុំប្រាប់ការពិតតែខ្ញុំមានអីប្រាប់នាងបើខ្ញុំខ្លួនឯងក៏យល់ដូចនាងដែរតែការពិតទៅមិនលើសពីនេះផង។ ខ្ញុំចេះតែយល់ថាមានរនាំងអ្វីមួយដែលគ្រប់គ្នាមើលមិនឃើញរួមទាំងខ្ញុំដែលវាខណ្ឌមិនឱ្យយើងទាក់ទងគ្នាបាន ធ្វើឱ្យគេមិនអាចទទួលយកខ្ញុំបានរហូតដល់ថ្ងៃមួយ…
“បូភាអើយ! ឈប់បានឈប់ទៅគ្មានលទ្ធផលទេ”
ខ្ញុំតែងឮពាក្យនេះជារឿយៗពីមិត្តល្អរបស់ខ្ញុំគាត់ជាមិត្តវិច្ឆិកាក៏ជាមិត្តខ្ញុំ មិនដឹងជាគាត់ដឹងរឿងអីពីណាមកទេទើបមកដាស់តឿនខ្ញុំតែបូភានេះមានគិតអ៊ីចឹងឯណា ខ្ញុំឈប់ម៉េចនឹងបានលុះក្រោយៗមក ខ្ញុំលង់ល្ងង់ម្នាក់ឯងទាំងដែលវិច្ឆិកាចេញឆ្ងាយពីខ្ញុំតាមលំនាំមុនជាលើកទីពីរ រហូតដល់ល្ងាចមួយទើបខ្ញុំដឹងការពិត…គឺល្ងាចមួយដែលខ្ញុំអង្គុយនៅមាត់ទន្លេម្នាក់ឯង…
“ម៉េចក៏មកអង្គុយអីម្នាក់ឯងនៅហ្នឹង?” ជាសម្ដីបូផា។
មិនដឹងនាងមកពីពេលណាតែខ្ញុំឃើញដៃនាងក្ដាប់ទូរសព្ទជាប់ ខ្ញុំក្រោកឈរឡើងមិនទាន់ឆ្លើយយ៉ាងណាផងស្រាប់តែនាងហៅឈ្មោះខ្ញុំ
“បូភា!”
ខ្ញុំងាកទៅប្រសព្វភ្នែកនឹងរូបមនុស្សពីរនាក់លើអេក្រង់ទូរសព្ទដែលនាងកំពុងលើកបង្ហាញមក
ឱ!បេះដូងខ្ញុំឈឺខ្ទេចខ្ទាំធ្លុះធ្លាយដូចស្រមោចរោមខាំ ភ្នែកខ្ញុំស្រវាំងមើលលែងឃើញមុខមាត់គេទាំងពីរនោះ
“បូភា!” បូផាស្លន់ស្លោហៅឈ្មោះខ្ញុំ វាជាពាក្យពីរម៉ាត់ចុងក្រោយដែលត្រចៀកខ្ញុំនៅស្ដាប់ឮមុនពេលរាងកាយខ្ញុំដួលថ្មោងទៅលើថ្មដោយជោគជ័យ គ្មានHero គ្មានដៃមួយគូរមកទ្រពីក្រោម គ្មានអ្នកមិនគិតពីគ្រោះថ្នាក់មកជួយខ្ញុំទៀតទេ។
ស្នេហ៍យុវវ័យ ស្នេហាក្មេងខ្ចី កើតពីពេលណា រឿងយើងមួយនេះ ត្រូវចប់ត្រឹមណា ហូរទឹកនេត្រា ប៉ុនណាទើបគ្រប់?
ខ្ញុំនៅតែក្រហាយភ្នែកម្ដងទៀតពេលអានវាជាថ្មីតែមិនគ្រាំគ្រាដូចប្រាំបួនឆ្នាំមុន។ ខ្ញុំបញ្ចប់កំណត់ហេតុនេះត្រឹមខ្ញុំដួលសន្លប់នៅឯមាត់ទន្លេនោះ។ ម្រាមដៃខ្ញុំនៅបើកបន្ដសន្លឹកសៀវភៅទំនេរសល់ម្ដងមួយៗស្រាប់តែដល់ទំព័រមួយមានអក្សរសរសេរដោយទឹកប៊ិកពណ៌ខ្មៅ អក្សរមួយទំព័រនេះស្អាតណាស់គ្រាន់តែក្រឡេកគឺខ្ញុំស្គាល់ម្ចាស់វា រូបភាពកងដៃនិងអំបោះក្រហមលើកដៃស្គមៗរបស់គេ ចលនាដៃគេដែលធ្លាប់កាន់ប៊ិកឆ្លាក់ឈ្មោះខ្ញុំផុសឡើងជាថ្មីក្នុងការចងចាំ ពុទ្ធិឥន្រ្ទីយ៍ចាស់ៗត្រូវបានសើរើជាថ្មី ជលនេត្រនេះមិនដឹងហូរមកពីណាហ៊ូៗដូចទឹកបាក់ទំនប់
បូភា! ខ្ញុំមិនដឹងថាថ្ងៃណាឆ្នាំណានាងបានអានទេតែខ្ញុំសង្ឃឹមថានាងបានអាននៅពេលណាមួយមិនខាន។
បូភាអរគុណចំពោះក្ដីស្រឡាញ់ ខ្ញុំឯណាស័ក្តិសមទទួលទឹកចិត្តបរិសុទ្ធរបស់នាង។ ខ្ញុំម៉េចនឹងហ៊ាន ទទួលនាងឱ្យមកលំបាកជាមួយខ្ញុំ? នាងនិយាយពាក្យថាស្រឡាញ់ ខ្ញុំឆ្ងល់ថានាងម៉េចក៏ក្លាហានម្ល៉េះ?តែខុសហើយនាងមិនមែនក្លាហានអីទេ ការពិតនាងជាស្រីល្ងីល្ងើមាត់ត្រង់ម្នាក់។ ខ្ញុំខ្លាចណាស់ ខ្ញុំខ្លាចធ្វើឱ្យនាងខូចចិត្ត ខ្ញុំខ្លាចនាងឈឺចាប់ដោយសារខ្ញុំ។ បូភា! ខ្ញុំសុំទោសដែលកន្លងមកព្រងើយកន្តើយដាក់នាង មានតែធ្វើបែបនេះទេទើបនាងឆាប់កាត់ចិត្តតែនាងដឹងទេ? ខណៈនោះខ្ញុំពិបាកធ្វើចិត្តកម្រិតណា។ ខ្ញុំមិនចង់ឱ្យនាងនៅក្បែរមនុស្សមិនច្បាស់លាស់ដូចខ្ញុំ ចុងក្រោយខ្ញុំលែងហ៊ាននិយាយរកនាងបានសម្រេច។ ល្ងាចនៅមាត់ទន្លេតែពីរនាក់នាងនោះខ្ញុំទទួលទូរសព្ទពីរឿងមិនល្អដែលកើតឡើងដដែរៗនៅផ្ទះរបស់ខ្ញុំ ខ្ញុំម៉េចនឹងហ៊ានបង្កើតស្នេហាជាមួយនាងកើត? រឿង “សុំទោសសង្សារ” ជានិទានស្នេហារវាងតុរណីលីននិងបងប្រុសដែនសមុទ្រសុខៈដែលនាងដំណាលប្រាប់ខ្ញុំ ខ្ញុំម៉េចនឹងភ្លេចតែខ្ញុំគឺវិច្ឆិកាធ្វើម៉េចនឹងអាចកែប្រែវាសនាដូចសុខៈ។
ឃើញនាងខូចចិត្ត ចិត្តខ្ញុំខ្ទេចខ្ទីអស់ហើយពេលនោះខ្ញុំគិតថានឹងនិយាយរកនាងវិញនិងរាប់អានគ្នាដូចមិត្តឯទៀត ទោះយើងមិនបាននៅជាមួយគ្នាទោះមិនមែនជាគូរជីវិតក៏យើងអាចរក្សាទំនាក់ទំនងជាមិត្តល្អតែ…ការពិតវាមិនដូចការគិត ខ្ញុំកាន់តែស្និទ្ធជាមួយនាងគ្រប់គ្នាកាន់តែយល់ថាយើងជាសង្សារ ទោះខ្ញុំចង់នៅក្បែរនាងយ៉ាងណាក៏ដោយតែនាងជាមនុស្សស្រីម៉េចនឹងអាចមានឈ្មោះជាសង្សាររបស់មនុស្សមិនច្បាស់លាស់ដូចខ្ញុំ។
ខ្ញុំជាមនុស្សប្រុសយ៉ាងម៉េចក៏បានតែនាងជាមនុស្សស្រី ជាស្រីដែលខ្ញុំតែងស្ងប់ស្ងែង ខ្ញុំមិនឱ្យនាងខូចចិត្ត ខ្ញុំមិនអាចបង្កើតស្នេហាហើយបែកបាក់វិញ មិនឱ្យនាងខូចឈ្មោះធ្លាប់មានសង្សារម្ដងជាពីរដងបានទេ ទើបខ្ញុំចាកចេញពីនាងជាលើកទីពីរខ្ញុំមិនចង់ផ្ដល់ក្ដីសង្ឃឹមឱ្យនាង ទើបខ្ញុំមានចេតនាឱ្យនាងឃើញរូបថតមួយសន្លឹកនោះ…សុំទោស ខ្ញុំស្មានមិនដល់ថារូបនោះមានឥទ្ធិពលធ្វើឱ្យខ្លួនលលៃរបស់នាងដួលមួយជំហរដូច្នោះទេ។ ថ្ងៃដែលនាងដឹងខ្លួនមកវិញជាថ្ងៃដែលសមបំណងខ្ញុំ…គឺថ្ងៃដែលនាងហាក់ដូចមនុស្សថ្មីលែងសូម្បីមើលមុខខ្ញុំ តើខ្ញុំអាចធ្វើអ្វីបានទៀត? តែនាងដឹងទេ…ព្រះចន្ទនៅតែមូលគ្រាន់តែពេលខ្លះយើងមើលមិនឃើញ ក្ដីស្រឡាញ់ខ្ញុំដ៏ដូចគ្នាទោះនាងមិនដឹងតែ…ណ្ហើយចុះ សង្ឃឹមថានាងមិនដឹងរហូតទៅ។
រឿងរ៉ាវស្នេហា បងនិងជីវា វែងឆ្ងាយអន្លាយ បូភាអូនអើយ ស្ងួនថែចិត្តកាយ ភ្លេចចុះឆោមឆាយ បងមិនល្អទេ។
…
ខ្ញុំបើកមួយទំព័រទៀតយ៉ាងញាប់ដៃតែវាលែងមានអក្សរទៀតហើយ ទឹកថ្លាៗស្រក់តក់ៗពេញព្រៀបសៀវភៅកំណត់ហេតុកម្សត់របស់ខ្ញុំទោះខំបើករកយ៉ាងណាក៏មិនឃើញ។ ខ្ញុំចាំបានថាសៀវភៅ note នេះខ្ញុំបញ្ឃប់សរសេរក្រោយពេលចេញពីពេទ្យហើយទុកចោលលែងនឹកនារកមកអាន ឈប់លើកមកសរសេរតទៀត ខ្ញុំម្ចាស់សៀវភៅមែនតែខ្ញុំមិនដឹងថាសំណេររបស់គេដែលសរសេរបន្ដពីខ្ញុំមានវត្តមានពីពេលណាមកទេ។
ខ្ញុំចាប់ផ្ដើមលើកកាន់ប៊ិកទាំងដៃញ័រទទ្រើកសរសេរបន្ដពីសំណេររបស់គេ។
វិច្ឆិកា! ចាំបានទេរឿងពីរយ៉ាងដែលអូនឱ្យបងចាំ មកដល់ពេលនេះអូនមិនដែលលេបពាក្យខ្លួនឯងម្ដងណាទេ ទោះអូនដឹងថាពេលនោះគ្រាន់ជាសន្យាតែម្ខាងក៏ដោយ។
លើផ្លូវវែងឆ្ងាយ បងនៅឯនាយ មាននឹកអូនទេ រឿងរ៉ាវស្នេហ៍យើង ជាកម្មបុព្វេ ភក្ដីមាសមេ កប់ក្នុងបេះដូង។
ខ្ញុំឱបសៀវភៅផ្អិបជាប់ទ្រូង ខ្ញុំមិនសមណាទុកវាចោលដល់ទៅប្រាំបួនឆ្នាំ គឺប្រាំបួនឆ្នាំក្រោយទើបខ្ញុំបានអានសំណេររបស់គេ។ មិនដឹងជាគេទៅដល់ទីណាហើយ? គេសុខទុក្ខយ៉ាងណាមាននឹកខ្ញុំខ្លះទេ? ច្រើនឆ្នាំហើយសូម្បី Facebook គេក៏ខ្ញុំនៅតែរកមិនឃើញគេប្រែប្រួលយ៉ាងណាខ្លះក៏ខ្ញុំមិនដឹង។
ថ្ងៃ១២វិច្ឆិកាជាថ្ងៃដែលគេជួយសង្គ្រោះខ្ញុំ ពេលនេះគម្រប់ខួបដប់ឆ្នាំហើយខ្ញុំបានមកឈរមើលក្នុងថ្នាក់ជាថ្មី តែគ្រប់យ៉ាងប្រែប្រួលអស់ហើយផ្ទាំងគំនូរនោះគេដោះចោលដាក់ដំថ្មី ពួកគេមិនដឹងពីប្រវត្តិរបស់វាទេ ស្រមោលអតីតកាលទាំងអស់គ្រប់ពាក្យគ្រប់កាយវិការ… វិច្ឆិកាអើយ។
ច្រមុះខ្ញុំចាប់ផ្ដើមធុំក្លិនក្រអូបប្រហើរម្យ៉ាងដូចប្រហែលៗ ខ្ញុំងាករកមើលប្រភព…ស្រាប់តែ…បេះដូងខ្ញុំលោតកញ្រ្ជោលស្ទើរចេញពីទ្រូងជាថ្មី ទឹកភ្នែកខ្ញុំពេញព្រៀបត្រៀមប្រណាំងគ្នាហូរ បំពង់កខ្ញុំគាំងស្ដូករកពាក្យនិយាយគ្មានឱ្យសមនឹងចិត្តនឹក ស្មាខ្ញុំរង្គីទប់ខ្លួនឯងលែងចង់ជាប់ គេស្រាប់តែរត់មកលោដៃឱបរាងកាយដែលគេធ្លាប់សង្គ្រោះ គេស្គមជាងមុន រូបរាងគេប្រែប្រួលច្រើនណាស់។ ដប់ឆ្នាំកន្លង ពួកយើងអាយុ២៨ឆ្នាំហើយតែហេតុអ្វីគេមកទីនេះដែរ គេនៅចំណាំខ្ញុំដែរមែនទេ?ខ្ញុំក្ដុកក្ដួលបានត្រឹមគិត
“ថ្ងៃនេះរៀងរាល់ឆ្នាំ បងតែងមកទីនេះចាំអូន” ទឹកភ្នែកខ្ញុំហូរហ៊ូ គេបន្ដ “បងដឹងថាថ្ងៃណាមួយអូននឹងមកទីនេះ”
ទឹកភ្នែកខ្ញុំគិតតែពីហូរច្រាលៗខ្លាំងឡើងៗ រលីងរលោងក្ដុកក្ដួលក្បែរទ្រូងគេ។
កិច្ចសន្យាពីរយ៉ាងដែលខ្ញុំសន្យាជាមួយគេ គឺទីមួយ “បងធ្លាប់ជួយអូន អូនមិនភ្លេចគុណបងទេ” មួយទៀតគឺ “ទោះយើងនៅឆ្ងាយគ្នាទោះបងជាអ្វីទោះអូនប្រែប្រួលយ៉ាងណាតែអូននៅតែស្រឡាញ់បងជានិរន្ដរតទៅ” ខ្ញុំមិនដែលភ្លេចទេ តែ…ខ្ញុំមិនដែលមកទីនេះឡើយតែគេវិញ…
“វិច្ឆិកាបង”
“បូភាអូន”
ចប់!!!
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ