«ស្អីគេ? មួយលានដុល្លារ? ឯងសម្លាប់ពីរនាក់ហ្នឹងចោលទៅ! មិនទាក់ទងនឹងយើងទេអាចាប់ជម្រិត»
«ប្រពន្ធកូនរបស់ឯងក្នុងដៃរបស់យើង! កុំនិយាយផ្ដេសផ្ដាស! ឯងស្មានថាយើងចោរដំបូងៗទន់ដៃមិនហ៊ានសម្លាប់ស្រីនិងក្មេងអ្ហី? សម្រេចចិត្តភ្លាមៗបែបនេះ ឯងអាចនឹងលែងបានឃើញពីរនាក់វាជារៀងរហូតវ៉ី!»
« អេ៎ ផ្ដាំទៅស្រីនោះផងថា ប្រពន្ធមិនមែនម៉ែទេវើយ! អស់មួយក៏មានសល់មួយទៀតដែរ! »
«តែក្មេងនេះជាកូនរបស់ឯងអាឥតសាសនា! វាគ្មានបានស៊ីបាយ អត់មានអីចូលក្រពះពេញមួយយប់ហើយ!»
«អើ ស្តាប់ឱ្យទាន់ មិនមែនកូនយើងទេ! មិនដឹងវាដើរដេកជាមួយនរណាខ្លះផង ស្រីដើរយប់!បានហើយ! អញរវល់អត់ អារម្មណ៍សម្តែងទេពួកអាឆ្កួត!»
ថាចប់សេដ្ឋីបិទទូរសព្ទដោយមិនស្តាយស្រណោះអ្វីដោយងាកមករអ៊ូម្នាក់ឯង៖
«អាឆ្កតយក៍ វាគិតថា ឯងនេះទៅដើរខ្ចីបុលគេមួយលានដុល្លារយកមកឲ្យវា? »
នៅទីរហោដ្ឋានឯណេះវិញ ដនដាក់ទូរសព្ទចុះងាកមកសម្លឹងមេក្រុមដោយទឹកមុខហួសចិត្ត ។
បងធំឌឿនជ្រែងហោប៉ៅសួរ៖
«ហើយវានិយាយថាម៉េចខ្លះអញស្ដាប់វ៉ល់ៗ»
«វាដូចចង់បញ្ជោះខ្ចីដៃយើងឱ្យសម្លាប់ប្រពន្ធកូនវាចោលតែម្តង!»
«ស្អី? ចាប់ជម្រិតខុសហ្មែន? អើម៉េចម៉ាកុំឱ្យខាតពេលអ្ហា៎ បើថាវាមិនឲ្យលុយទេ ច្របាច់កពីរនាក់នឹងទៅ» អាឌីក្រោកមកពីជ្រុងម្ខាងនៃវីឡាបាក់បែកនិយាយទាំងខឹង ទំនងកំពុងតែឃ្លានបាយនិងហត់នឿយពេកអត់កន្លែងដេកផង។ វាលាប៉ៅអ៊ីបត់ ហើយប្រាស់អង្គុយទាំងមុខក្រញ៉ូវៗ។
«អ៊ីចឹងដដែលយើងខំរៀបគម្រោងចាប់ទម្រាំតែបាននេះម៉ែកូនពីរនាក់នេះមក មិនក្លាយទៅជា របស់អត់ប្រយោជន៍ហើយ?»ដនច្របាច់ដៃចូលគ្នា។
« កុំគិតច្រើន! សម្លាប់ពីរនាក់ហ្នឹងចង់ផ្ញើរូបថតទៅឱវាទៅ!»ឌីបន្ថែម។
«កុំឆេវឆាវ»ដៃល្បងឌឿនរាមកឃាត់ ស្របពេល មនុស្សម្នាក់ទៀតឈ្មោះដារត់ចូលមកដល់ដោយមានយួរស្បោងភេសជ្ជៈនិងប្រអប់បាយជាច្រើនទំនងទិញមកពីការ៉ាស់សាំងសំពីងសំពោង។
«តោះៗៗៗ ញ៉ាំៗៗៗ បាយក៏មាន នំប៉័ងនំប៉ាវមានទាំងអស់! ទិញអស់ជាង៥០ដុល្លារវ៉ី! ជិតក្លាយជាអ្នកមានហើយ គួរបាយឆ្អែតដែរ!»
«អ្នកមានក្បាលឯងអី? បំបង់បាយហើយ!» ឌីស្រែកទាំងលូកដៃទាញស្បោងមកមើល។
«មានរឿងអី?» ដាធ្វើភ្នែកឡិងឡង់សម្លឹងដឿននិងដន ។ ល្បងដឿនដែលជាមេគេ បាននិយាយឡើងថា៖
« ទុកពីរនាក់នេះសិន! អាសេដ្ឋីនោះវាប្រហែលជាស៊ើបការណ៍ពីយើង ឬមួយក៏លេងល្បិចអ្វីក៏ថាបាន!»
ដនតវ៉ា៖
«គ្មានទេ! បើវាស្រឡាញ់ប្រពន្ធកូនអ៊ីចឹងមែនវាច្បាស់ជាញ័រទទ្រើកអង្វរករយើងហើយ! អានេះវាច្បាស់ជាឳត្បាញអាយ ប្តីអារក្សជាន់ មានស្រីរាប់ភ្លេច បន់ឱ្យតែប្រពន្ធកូនងាប់អាលបានចេញសប្បាយការស្រីថ្មី!»
ដឿនទាញស្បោងមកលា នឹងវាយភ្នែនហូប មានដានិងដនអង្គុយចូលរួម។
ឌីក្រោកមកដែរទាំងជជែក៖
«អាដា អាចោលម្សៀតនេះ ឯងមិនចេះស៊ើបរឿងគ្រួសារវាឱ្យស៊ីជម្រៅសិនទេ! អាឡូវទឹកដល់ច្រមុះហើយ មិនបានលុយមានតែសម្លាប់!»
ដាតវ៉ា៖
«យី អានេះនិយាយដដែលៗអ្ហ៎ា! មិនសូវច្បាស់ការស្អី អញរៀបគម្រោងតាមឯង ក្រែងឯងជាអHake ម៉េចមិនឆាប់ស៊ើបមើល ក្រែងដឹងថាប្រពន្ធវាធ្លាប់មានទាក់ទងជាមួយអ្នកណាខ្លះ?ក្រែងអានោះមានដែរវាចេញលុយឱ្យ!»
ដនទះដៃផូងៗៗជាសញ្ញាយល់ស្របជាមួយដា។
អ្នកទាំងអស់គ្នាងាកមុខសម្លឹងទៅដឿន ធ្វើឱ្យបងធំងក់ក្បាលយល់ស្រប៖
«ត្រូវហើយ! យើងត្រូវដឹងថា ត្រូវធ្វើម៉េចបន្ត ហើយ! បើស្រីនេះមានសាហាយផ្សេងប្តីវា ប្តីវាមិនឲ្យ ប្រហែលយើងគួររកឳពិតប្រាកដរបស់ក្មេងនេះ !ហើយចាំលេងជាមួយអាសេដ្ឋី ម៉ូរ៉ាជាក្រោយរឿងប្រពន្ធវាមានសាហាយ! រឿងនេះមិនមែនលុយមួយលានដុល្លារទេ អាចលើសហ្នឹង១០ដង អាសេដ្ឋីត្បាញអាយ!»
ឮតែ១០លាន ម្នាក់ៗសម្លឹងគ្នាដោយទឹកមុខរំភើប។
ប្រឹប!
សម្រឹបអ្វីម៉្យាងលាន់ឡើងនៅខាងក្រៅ។
នាយដឿនដែលជាមេក្រុម បែរជានៅទើរស្លាបព្រានឹងមាត់ធ្វើភ្នែកឡិងឡង់សម្លឹងគ្នាវា។ ដនទំនងឮដូចគ្នាប្រុសហារមាត់និយាយ ស្រាប់តែឌឿនលើកចង្អុលដៃដាក់ត្រឹមបបូរមាត់ជាសញ្ញាថា កុំមាត់! ។
ស្នូរបន្តលាន់ឡើងស្រិបៗ។
ជាសម្រឹបជើងមនុស្ស? ពួកគេបានផ្ទៀងស្តាប់! ពិតជាម្តងៗឮស្នូរជើងរត់និងដើរនៅវីឡាខាងក្រៅប្រាកដណាស់។
ម្ដាយនិងកូនដែលពួកគេចាប់មកជាប់ចំណងហើយ រឿងអីដែលដើរចុះឡើងបាន?
«ប៉ូលិសតាមដានយើងដោយទូរសព្ទមិញ?» ដនសួរខ្សឹប។
«ទេ!»ឌីបដិសេធ។ «យើងHack call វារកទីតាំងមិនឃើញទេ!បើវាមានHackerក៏ចាយពេលយូរដែរ! មិនមែនមកដល់លឿនចឹងទេវ៉ី!»
ឌីងាកមកដា៖
«អាឯងទៅទិញបាយមិញ មកវិញច្បាស់ណាស់ថាគ្មាននរណាតាមមកទេ?»
ដាចំហរមាត់ខឹង។ ដននិយាយកាត់៖
«អាដាដើរដូចផ្លេកបន្ទោ! អានេះ វាមានវិធីលាក់ខ្លួនគេចពីឱ្យដានប៉ូលិសច្រើនគឺជាជំនាញរបស់វាហើយកុំសង្ស័យ! ក្រែងឆា្មឆ្កែដឹងឬ ក្មេងក្មេងវាមកបោះជំរំដើររកកន្លែងជុះអាចន៍?»
ដាបដិសេធ៖
«ចេញដើរមើលមួយត្រួសដូចខ្ញុំបានដឹង! ជុំវិញនេះ រហោដ្ឋាន មានតែព្រៃនិងផ្ទះចោល ! មានអ្នកណាមកបោះជំរំរកងាប់អីនៅតំបន់នេះទេវ៉ី! នេះគឺជាតំបន់ហាមឃាត់ គេល្បីថា ខ្មោចលងសម្បើមណាស់គ្មាននរណាហ៊ានមកទេ!»
ដឿនក្អាកក្អាយ៖
« ចឹងមានតែខ្មោច?»
អាឌីផ្តើមបើកភ្នែកធំៗព្រោះបងធំដូចវានេះប៉ូលិសមិនខ្លាច អ្នកភូមិមិនខ្លាច ស្រីមិនខ្លាច អីមិនខ្លាច តែវាខ្លាចខ្មោច។
ហ្អឹស!
អាដាស្រែកដាក់ឌីពញ្ញាក់ធ្វើឱ្យវាភ្ញាក់សឹងរបូតចានស្នោរស្រែកយ៉ៃវាយក្បាលដាផូង។
«អាចង្រៃភូមិមកបន្លាចអញ! អូយ លោះព្រលឹងប្រលះអស់»
«អូយកុំវ៉ៃក្បាលអញទៀត ម៉ែអញប្រាប់ថាគ្រូបាធ្យាយការពារអញ!»
« មានគ្រូបាធ្យាយទៀត អញកោតដល់អស់និយាយ! »អាដនឌឺហើយសើចកខឹក។
ប្រឹបៗៗៗៗ
សឹងរបូតស្លាបព្រាបាយ។ សំឡេងនៅខាងក្រៅ ដូចណាស់ដូចសន្ធឹកមនុស្សដើរច្រើនគ្នា។
ស្នូរឆ្មាឆ្កែទេបង!
ដននិយាយនឹងហូបបាយបន្ត។ មេឃងងឹតហើយ ខ្យល់ខែនេះខែត្រជាក់ផង គ្រប់គ្នាឃ្លានណាស់ ម្នាក់ៗហូបបន្តយ៉ាងមានឱសជារស។
«សូមញ៉ាំផងខ្ញុំឃ្លានយូរហើយ »
សំឡេងលាន់មកពីក្រៅផ្ទះវីឡាចាស់គ្រឹក១នេះ។
ដល់វេនឌីធ្វើមុខស្លឺ ដាក់ចានចុះនិងងាកសម្លឹងជុំវិញខ្លួន។
«ពួកឯងមានឮអត់អ្ហា៎?»
ដនរេភ្នែកគិតពេលឮឌីសួរ។
ដាវិញងក់ល្បាលភ្លាមជាសញ្ញាថា «ឮ»។
«មនុស្សសុំបាយស៊ី!» ឌីបន្ទោរខ្សឹបៗស្រាលៗសឹងមិនឮ។
«ស្រីឬប្រុស!»ដឿនសួរ។
« មិនមែនទាំងអស់!»ឌីឆ្លើយទាំងភ្នែកនៅកញ្ចឹងក។
«អ៊ីចឹងមានតែខ្ទើយ!» អាដននិយាយទាំងខាំញ៉ាច់ៗបន្ត។
តែឌីមិនបានព្រងើយដូចដនឡើយវានិយាយឡើងមុខស្លេក៖
«ជាសំឡេងខ្មោច!»
«ស្អីអីចេះ ហាសហា វាស្គាល់សំឡេងខ្មោចទៀតបងដឿនហាសហា!»
ដនជាអ្នកឌឺឡើង ប៉ុន្តែឌឿនជាអ្នកឃាត់វិញថា៖
«ឈប់!ឈប់!ឈប់!»
«អត់ទេ ខ្ញុំឮសំឡេងសុំបាយមែនបង!»ដាបន្ទោរ។
ដនធ្វើមុខធុញដាក់បាយចុះ៖
« ចាំអញក្រោកទៅមើល!»
ជនកំណាចទំពារបាយម៉ាត់ចុងក្រោយហើយទម្លាក់ស្លាបព្រាដើរចេញទៅ។ មេឃខាងក្រៅរាងងងឹតបន្តិចទៅហើយ ទោះបីខាងក្នុងនេះ មានបំភ្លឺដោយចង្កៀងម៉ាងសុង ដល់ទៅពីរបីអំពូលដែលពួកអ្នកចាប់ជំរិតមនុស្សទិញតាមខ្លួនទុកប្រើ ប៉ុន្តែទ្វារដែលដនដើរទៅនោះពិតជាងងឹតខ្លាំងណាស់ ឈឹងតែម្តង។
អោយលុយច្រើនយ៉ាងណាក៏ដោយប្រាកដជាដានិងឌីមិនហ៊ានចេញទៅតែឯងដែរ បានជាសភាពរបស់ដាពេលនេះគឺតាមសម្លឹងមើលដំណើររបស់ដនដែលចាកចេញទៅមិនដាក់ភ្នែក។
បាត់សូន្យគ្មានសំឡេង អ្វីទៀតសោះ។
ពួកគេឈ្ងោកហូបបាយបន្ត។ បរិយាកាសចេះតែរំលងទៅមុខដែលគ្មានអ្នកណាហ៊ានមាត់កអ្វីទាំងអស់ ចំណែកដានិងឌី ចេះតែសម្លឹងមើលផ្លូវដន។
«អាដនវាទៅយូរម្ល៉េះបង?»
« វាទៅណាវា? អាច វាទៅដោះទុក្ខសត្វ!»ដឿនឆ្លើយទាំងគាស់កូកាមកក្រេបយ៉ាងរីករាយ។
« ខ្ញុំឈប់ហូរហើយបង! »ដាប្រាប់និងរៀបចំប្រមូល។
«អាឌីអ្ហែងចេញទៅតាមហៅវាមកវិញ!» ដឿនឌឺព្រោះដឹងឌីមហាខ្លាច។
«អូយបង ខ្ញុំម៉េចហ៊ានទៅបង !»
បើអ៊ីចឹងនៅហ្នឹងពីរនាក់អាដា ទុកអញទៅរកអាដន។
ឌីរវៀសថយមកក្បែរដា មាត់សួរបញ្ជាក់ដោយងើយសម្លឹងមេកោយ៖
«បងឯងទៅមែនក៏អី?»
ដឿនឡូឡា៖
«យីអានេះវ៉ី! ឲ្យទៅវាមិនទៅ ឲ្យនៅវាមិននៅ! ឯងចង់គិតយ៉ាងម៉េច?»
«យើងទៅណាទៅនឹងទាំងអស់គ្នាទៅបង!»
«ហេតុអី? មានចំហាយបិសាច?ហាសហា!»ដឿនសើចស្ងួត ចាប់ផ្តើមចុចពិលទូរស័ព្ទហើយចាកចេញទៅបាត់ម្នាក់ទៀត។
ដោយសារនៅសល់តែ២នាក់ឌីធ្វើឲ្យដាដែលនៅស្ងៀមលែងហ៊ានមាត់លែងហ៊ានធ្វើភ្នែកស្លឺសម្លឹងទៅទ្វាររង់ចាំអ្នកទាំងពីរដននិងនឿនវិលមកវិញ។
ពេលវេលាចេះតែកន្លងទៅ នៅពេលដែលឌីហើយនិងដាមិនមាត់មិនក ពួកគេកាន់តែមានអារម្មណ៍ថាគ្រប់យ៉ាងដូចជាមិនប្រក្រតី។
«ចុម ទៅបាត់ៗ បងដឿនបបួលអាដនពីរនាក់គាត់ធ្វើស៊ីយើងដឹង?»
«អញចេញទៅមើលសិនបានៗ!»
ដានិយាយព្រោះដឹងឌីភ័យ។ ឌីតបវិញ៖
«ស្អី? បើទៅ ទៅជាមួយគ្នា នៅនៅជាមួយគ្នាហើយអានេះវ៉ី! ទៅមើល៍ស្អីឯង ក្រែងពីរនាក់គាត់ពួននៅមាត់ទ្វារចាំលបដាក់ឯងម៉ោថ្មោងទៅ!»
«អ៊ីចឹងអញមិនទៅល្អជាង!»
គេនិយាយហើយនឹកឃើញពោលបន្តទៀតថា៖
«ចាំនៅទីនេះដល់ភ្លឺ!»
ឌីថយទៅដេកគងអន្ទាក់ខ្លានៅលើកៅអី ប៉ៅអ៊ីគិតថាមានដាយាមហើយដេកលក់វិញល្អជាង។ ស្រាប់តែនៅមិនសុខ ដានិយាយ៖
«បាយសល់ច្រើនណាស់អ្ហ៎ា យកឱម៉ែកូននោះស៊ីឬក៏យ៉ាងម៉េច?!»
«ស្រេចតែចិត្តអាចោរល្អ! ឲ្យតែហ៊ានចេញទៅអញកោត!»
«មានរឿងអីត្រូវខ្លាច?»
ដាប្រមូលរបស់របរដាក់ក្នុងថង់ត្រៀមនឹងចាកចេញទៅ ស្រាប់តែងាកមក និយាយប្រាប់ឌី៖
«អើ ប្រាកដអត់ថាអត់ខ្លាចទេ!»
ឌីខ្លាចដែរតែខំធ្វើមាំយកឈ្នះដា៖
« បើឯងចេញទៅមិនខ្លាចអញនៅណេះក៏ខ្លាចស្អី? មើលផង អញហើយនឹងអ្ហែងអាណាចេញធ្វើល្បងកាងមុន?»
ដោយហេតុតែចង់ឈ្នះឌី ដាក៏ប្រមូលរបស់របរនោះចេញទៅ ធ្វើជាអាចោរចិត្តសប្បុរសដើរមកដល់ទ្វារធ្វើមុខអើតឡឺមៗស្រែកហៅ៖
«បងឌឿន? អាដន?!»
គ្មានអ្នកណាឆ្លើយតបទាំងអស់។ កម្លាំងខ្យល់យ៉ាងត្រជាក់បោកមកបុកប៉ះមុខរបស់ ដាធ្វើឲ្យវាចាប់ផ្ដើមញ័រជើងដៃ ហើយនិយាយតិចៗតិចក្នុងចិត្តម្នាក់ឯងថា៖
«ឱវត្ថុស័ក្តិសិទ្ធិក្នុងលោក ខ្ញុំចូលក្រុមបងធំក៏ព្រោះតែត្រូវគេចាប់បង្ខំឲ្យជក់ម៉ាដែរទេ! អ្នកគួរតែដឹងរឿងរបស់ខ្ញុំតាំងពីដំបូង! ខ្ញុំជាក្មេងស្លូតត្រង់ទេ! ឥឡូវនេះខ្ញុំគ្រាន់តែចង់យកបាយទៅឲ្យក្មេងនោះហូប វាមិនបានញ៉ាំអីមួយថ្ងៃមកហើយ កុំធ្វើអីខ្ញុំបានទេ !»
«ចាប់ខ្ញុំធ្វើអី?»
សំឡេងក្មេងម្នាក់លាន់ក្បែរត្រចៀករបស់គេ។ ដាគាំងធ្មឹងសឹងរបូតបាយទឹកពីដៃ ។ពីមុខគេរហ័សដូចផ្លេកបន្ទោរគេឃើញមនុស្សស្រីម្នាក់ដឹកដៃក្មេងប្រុសតូចដើរកាត់តាមព្រៃ។
មានបន្ទប់ងងឹតមួយជាន់សិនទើបអាចចេញទៅដល់សួនខាងក្រៅ នោះបាន។ នៅចំហៀងខាងស្ដាំបន្ទប់ងងឹតនោះ មានកូនបន្ទប់តូចមួយទៀតដែលមានអុជចង្កៀងផ្លុងផ្លុងដូចគ្នាសម្រាប់ដាក់អ្នកទោសម្តាយកូន មកពីគ្រួសារអ្នកមាន។ ពួកគេចាប់មកនោះជាប្រពន្ធមហាសេដ្ឋីម៉ូរ៉ា និងកូនប្រុសតូចវ័យប្រមាណ៥ឆ្នាំ។
ហេតុអ្វីបានជាពេលនេះដាមើលហាក់មិនឃើញពន្លឺចង្កៀងលៀនចេញពីប្រឡោះទ្វារនៃកូនបន្ទប់នោះសោះ។
គេចាំថា មុនពេលចេញ ទៅទិញម្ហូប ខ្លួនពិតជាបានចូលដុតចង្កៀងឲ្យម៉ែកូននោះផង។ មិនអត់អាហារ ស្លាប់អីប៉ុន្មាននាទីនេះទេ?
«ឌី?អាឌី!»
គេហៅមិត្តរួមក្រុមកម្លាចិត្តខ្លួនឯង។
ស្ងាត់ច្រៀបគ្មានសំឡេងឆ្លើយតប!
បែរក្រោយខ្វាក់ឃើញ ឌីកំពុងដេកច្រងាងជើងមើលទូរស័ព្ទធ្វើព្រងើយមិនក្រោកមកជួយគិតគ្នាទេ។ ដាលេបទឹកមាត់រំងាប់ចិត្តភ័យ រួចលូកដៃចូលក្នុងហោប៉ៅរាវរក រាវរក ដែកកេះប៉ះតែប្រអប់បារី។
យីដែកកេះអញទៅណាវ៉ី?
លូករាវចុះឡើងក៏ឃើញដែកកេះចាប់ផ្ដើមអុជឆ្វាប់ក៏ក្រឡេកឃើញទ្វារបន្ទប់ដែលឃុំអ្នកទោសនៅពីមុខខ្លួនរបើកស្ញាញងងឹតស្លុបជុំ។
«ហើយពួកអានេះពន្លត់អត់ដុតភ្លើងឱ្យគ្នាម៉ែកូននោះគ្នាខ្លាចងាប់ហើយ?»
ដាដើរទៅទើមៗក្បែរបន្ទប់ហើយសួរឮៗ៖
«បាយមកដល់ហើយ ឃ្លានដែរអត់? មានកូកាកូឡាទៀត ! ចោរមែន! តែក៏ចូលចិត្តធ្វើល្អ ធ្វើម៉េចជាតិនេះកើតមកធ្វើចោរ!»
អុញ!បន្ទប់ទទេគ្មានមនុស្សនៅក្នុងនេះសូម្បីតែម្នាក់ណា។ សូម្បីតែខ្សែច្រវាក់ឬក៏ស្កុតបិទមាត់កមិនឃើញមានសល់សំណៅដែរ។ ពីរនាក់នោះទៅណា?បន្ទប់នេះគ្មានបង្អួច មានតែស្លាបព្រិលតូចៗ ម្តាយកូនអ្នកមានចេះកំបាំងខ្លួនដឹងឬក៏ចេះបង្រួមខ្លួនលូនចេញ?
ស្រមោលមនុស្សមកឈរពីក្រោយដា។
ដានិយាយទាំងបែកញើសកណ្តាលអាកាសធាតុត្រជាក់៖
«អញប្រាប់ហើយថាមកៗបានគ្នា ឯងរឹង ចង់ចាំអាឡូវម៉េចហើយ?!»
គ្មានឮឌីមាត់សោះ ។ គ្មានសំឡេងតប ដាចាប់ផ្ដើមបែកញើសជាងមុន។ ស្រមោលនៅក្រោយខ្នងគេមិនមែនម្នាក់ទេពេលនេះ គឺពីរ ហើយមានតូចមួយធំមួយ។
បើពួកគេជាអ្នកទោសហេតុអីពួកគេរបូតចំណងមិនរត់បែរជាមកឈរក្រោយខ្នងយើង?
ដា បែរក្រោយខ្វាកស្រែកញាប់ញ័រផង៖
« បាយយកឲ្យហូបហើយក៏ហូបទៅ! កុំធ្វើអីខ្ញុំ ខ្ញុំគេចាប់មកប្រើដែរទេ ! »
គេថាដោយមិនងាកទៅមើលអ្នកទាំងពីរឡើយហើយក៏មិនឃើញមានអ្នកណាមកទទួលយកបាយដែរ។ គេកេះទៀតទាំងក្តីក្រហាយដៃណាស់។ ទម្រាំឆេះភ្លើងឡើងក៏បាត់ស្រមោលម៉ែនិងកូនពីរនាក់នោះបាត់ទៅហើយ។
ដាឡូឡា៖
« ស្អីទៅនៀក? »
ចិត្តគេពេលនេះហាក់ចង់ស្ទុះចូលសំដៅបន្ទប់ក្នុងវិញខណៈ កន្ទុយភ្នែកឆ្វេងដូចជាមិនឃើញឌីដេកនៅលើកៅអីទៀត?
ជើងទាំងកូដែលដាប្រុងថាត្រឡប់ទៅកន្លែងដើមវិញជាមួយគ្នីគ្នាវិញនោះ ក៏ឈប់ទ្រឹងហើយស្រែកហៅសួររកឌី៖
«អាឌីអឺអាឌី!»
ឌីខ្លាចខ្មោចផុតគេហើយ វាគ្មានរឿងអីហ៊ានមកលងបន្លាចដាទេ។
គ្មានឃើញអ្នកណាទាំងអស់ ក៏ជាពេលដែលដាចាប់ផ្ដើមបួងសួងម្តាយថា ឱវត្ថុសក្ដិសិទ្ធិនៅពីលើក្បាលរបស់កូន វត្ថុស័ក្ដិសិទ្ធិមិនអាចការពារកូនពីគ្រឿងញៀននិងបងធំបាន ប៉ុន្តែសុំការពារកូនពីខ្មោចផង កូនមិនបានធ្វើឲ្យអ្នកណាស្លាប់ មិនដែលសម្លាប់អ្នកណានោះទេកូនគ្រាន់តែចង់យកបាយមកឲ្យគេ។
ស្រមោលមនុស្សម្នាក់រត់លឿនស្លេវនៅបរិវេណខាងក្រៅធ្វើឲ្យកន្ទុយភ្នែកស្ដាំរបស់ដាចាប់ផ្ដើមញាក់។ អារម្មណ៍ គេពិតជាចង់រត់ទៅសួនខាងក្រៅមែន ប៉ុន្តែឈានបានមួយជំហានមានអារម្មណ៍ថាអ្នករត់នោះដូចជាស្លើតស្លក់ពេក?
មានរឿងអ្វីកើតឡើង គួរពួនសម្ងំមើលយកសុវត្ថិភាពវិញល្អជាង ។ បើជាសេដ្ឋីម៉ូរ៉ានាំប៉ូលិសមកចាប់ដននិងដឿន យើងក៏មិនល្ងង់ចេញទៅឱ្យជាប់ជុចបានដោយទាំងក្រុមដែរ។
ដាប្រុងបកចូលក្នុងបន្ទប់ចាស់ យកចង្កៀងម៉ាងសុងមួយមកកាន់បំភ្លឺផ្លូវ ស្រាប់តែពន្លឺនៅក្នុងបន្ទប់នោះផ្តើមលោតភ្លឹបភ្លែតៗ ដូចភ្លើងអគ្គីសនីប្រុងតែនឹងដាច់ចរន្ត។
តើមានអ្វីកើតឡើង?
បងឌឿន អាដនអាឌី?
ដាស្រែកហៅឮៗ និងញាប់ៗព្រោះស្ងាត់សូន្យសុងគ្មាននរណាឆ្លើយទាំងអស់។ សល់តែបីបួនជំហានទៀតតែប៉ុណ្ណោះអាចចាកចេញពីបន្ទប់នេះទៅខាងក្រៅហើយ ប៉ុន្តែតើគួរទៅណា?
នេះគឺជាផ្ទះវីឡាចាស់សែនទ្រុឌទ្រោម ដែលត្រូវបានគេបោះបង់ចោល។ សំណង់មានបន្ទប់ច្រើន ប៉ុន្តែបីបន្ទប់នេះគឺនៅជាប់គ្នា ហើយតូចៗងាយស្រួលក្នុងការសម្លឹងទៅខាងក្រៅ។
ក្រៅពីជើងព្រៃនិងមេឃអព្ទងងឹត គ្មានឃើញអ្នកណាទេ អ្នករត់អម្បាញ់មិញជាអ្នកណា?
ខណៈនេះដាចាប់អារម្មណ៍ឃើញថា ជើងគេជាន់ប៉ះអ្វីម្យ៉ាង ដូចជាមនុស្សដេក?
គេកេះដែកកេះឆាច់សារជាថ្មី!
ពុទ្ធោ!ដាថយក្រោយវឹប ! ភ្លើងបង្ហាញជើងខោរបស់ឈ្មោះដនដែលចេញមកមុនគេ។ គេមកឲដួលដេកនៅទីនេះតាំងពីថ្មើរណា ហេតុអីបានជាមិនមានឮសម្រឹបឬសម្រែកមួយម៉ាត់ណា?
អូ ឈាម! ជើងវាប្រឡាក់ឈាម?
ហេតុអីទៅ?
ដាចាប់ផ្ដើមបញ្ចាំងដែកកេះមើលពីលើដល់ក្រោមឃើញឈ្មោះដនស្លាប់បាត់ទៅហើយដោយមានភ្ជង់ដែកវែងចំកណ្តាលដងខ្លួន។ មិនដឹងច្បាស់ថា ដននេះមកដេកដួលមកលើដែកស្រួចយ៉ាងដូចម្ដេចនោះទេ បែរជាអ្នកនៅក្នុងគ្មានឮមួយអឹអណា?
ដោយតក់ស្លុត ដាចាប់ផ្ដើមរេដែកកេះមួយជុំវិញខ្លួន។ ពេលនោះក៏ឃើញបងធំឌឿនកំពុងឈរក្បែរជញ្ជាំងស្លាប់ចំហរមាត់បើកភ្នែក នៅចំកណ្តាលពោះក៏ត្រូវចាក់និងដែកវែងមួយហូរឈាមលហាច។
ដៃរបស់ឌឿនតោងបង្អួចជាប់ ប៉ុន្តែឌឿនមិនកម្រើកទេ រាងកាយរឹងឆ្កឺតហើយ។
«អូយ បងឌឿន អាដន!» ដាស្រែកឡើងដោយក្ដីតក់ស្លុត និងចិត្តចាប់ផ្តើមរលះស្វែងរកអាឌី។
ដាពេលនេះគេគិតច្បាស់ហើយថា ថាអ្នករត់នៅខាងក្រៅអម្បាញ់មិញគឺជាឌី ប៉ុន្តែបើឌីចង់ចេញទៅក្រៅគួរតែកាត់តាមបន្ទប់ដែលគេកំពុងឈរនេះ ហេតុអីបានជាឌីចេញទៅបានលឿនម្ល៉េះ។
ចង្កៀងម៉ាំងសុងនៅខាងក្នុងបន្ទប់នោះរលត់ភ្លឹប។
ភាពងងឹតខ្មៅបានគ្របដណ្តប់ទាំងស្រុងទៅហើយ។
«បីនាក់នេះធ្វើបាបខ្ញុំទេដឹង? ដឹងថាខ្ញុំខ្លាចខ្មោចទេដឹង? លេងសៀកទេដឹង?»
ទោះយ៉ាងណា គេលូកជើងកៀសដនឃើញរឹងឆ្កឺតមែន។ សពហើយថាមិនសព? គេចាប់ផ្ដើមរត់ចេញទៅក្រៅ តាមរយៈ ទ្វារចុងក្រោយ ស្រាប់តែជើងប៉ះទៅនឹងអ្វីម្យ៉ាងទៀត របូតដួល ក្រឡាច់ចោលទាំងដែកកេះខ្លួនប្រាណរបស់ដារេលជំហរទៅលើដីដែលប្រលាក់ទៅដោយកម្ទេចឥដ្ឋ សម្បុកពីងពាង ស្មៅនិងរុក្ខជាតិតូចៗ ។
មិនយូរប៉ុន្មានគេធំក្លិនឈាម ហើយនិងនៅមុខគេគឺឮសូរ មនុស្សដ៏ត្រដរខ្យល់។
«ជួយ ជួយអញផងអាដា!»
«ស្អីគេ? អាឌីឯងមែនទេ? អាឌី?»
«ជួយអញផង ជួយអញ!»
ឌីបាត់មាត់ក្រោយត្អូញស្អកៗបានប៉ុណ្ណេះ ។ រីដារាវទៅក្នុងហោប៉ៅរបស់ឌីដែលនៅក្បែរខ្លួនគឺខ្សែក្រវាត់ នៅចុងដៃរបស់ដាដែលរាវប៉ះទៀតគឺចង្កេះរបស់ឌី ព្រមទាំងទូរស័ព្ទវា។
គេលូកយកទូរស័ព្ទនោះមកវិញ មិនថាមុននេះឌីកំពុងដេកលក់ស៊កទូរស័ព្ទចូលខោវិញ ហេតុអីបានជាឌីសុខចិត្ត ចេញមកលឿនម្ល៉េះដូចជាស្រមោល ?
គេក៏ចុចទូរស័ព្ទរបស់ឌីបើកបញ្ចាំងពិលឃើញបឌីត្រដរខ្យល់ដោយមានដែកវែងបុកចំពោះដូចគ្នា។
អូយនៅមិនបានទេ! គ្នាបីនាក់ស្លាប់ទាំងអស់។
ដាចាប់ផ្ដើមរត់ថយក្រោយចេញក្រៅខណៈឃើញឈ្មោះឌីក្អួតចេញឈាមយ៉ាងច្រើនតាមមាត់ហើយលែងកម្រើក។
នៅក្រោមភាពងងឹតស្លុប ដាដឹងថាឡានរបស់ពួកខ្លួននៅកន្លែងណា ប៉ុន្តែគេគ្មានសោរនោះទេ។ សោរនៅនឹងឌឿន ដូច្នេះគេក៏ ឈប់ជើងវិញទីរទើរ។ ពេលនេះដាបែរក្រោយនឹកថាចង់ត្រឡប់ចូលទៅក្នុងផ្ទះវិញ ដើម្បីរាវរកយកសោរឡានពីខោឌឿន ស្រាប់តែ គឺកូនក្មេងនិងមនុស្សស្រីកំពុងឈរសម្លឹងមុខគេនៅឯមាត់ទ្វារនោះ។
« ពួកគេស្លាប់អស់ហើយ! ពួកគេស្លាប់ហើយ!»
ម្តាយនឹងកូននោះនិយាយភាសាតំអូញយ៉ាងលន្លង់លន្លោចដាក់ឌី។ ឌីញ័រណាស់។ គេចង់ដឹងថា អ្នកទាំងពីរជាអ្នកទោសដែលចាប់មកឬជាខ្មោចហេតុអ្វីឆាប់ស្លាប់ម្ល៉េះ? ហេតុអ្វីឈរស្កុបដូចគ្មានវិញ្ញាណតែនិយាយបាន?
គេបញ្ចាំងពិលទៅលើរូបរាងទាំងពីរ ស្រាប់តែដាត្រូវរន្ធត់ភ្លាត់មាត់ដកដង្ហើមផុតៗសឹងតែមិនដល់គ្នាដូចចាស់ថាលោះព្រលឹង។
នៅពីមុខទ្វារដែលគេបានបញ្ចាំងពិលទៅ មិនមែនចំណាប់ខ្មាំងម្តាយនិងកូនទេ គឺជាគម្រោងឆ្អឹងមនុស្សពីរឈរធ្មឹង ធំមួយ តូចមួយ។
ដាមិនយល់ទេ គេដួកអុកគូទលើដី ប្រើដៃវារថយក្រោយព្រោះប្រពន្ធកូនមហាសេដ្ឋីម៉ូរ៉ាដែលពួកគេចាប់ជំរិតមកពីកាលម្សិលមិញសោះ ហេតុអីបានក្លាយទៅជាជាគម្រោងឆ្អឹងលឿនម្ល៉េះ? ពិលរបូតពីដៃ ….គេស្រែករន្ធត់ពាក្យចុងក្រោយរំពងព្រៃ….
ស្អែកឡើង….
«មេ!មានដំណឹងថា ប៉ូលិសរកឃើញអ្នកស្រីហេងនិងកូនប្រុសរបស់មេហើយ»
«អ្ហាក៎ ក្រែងពួកវា ត្រូវពួកចាប់ជំរិតចាប់ ក្រែងពេលយើងមិនឱ្យលុយវាស្ងាត់សូន្យមានតែស្លាប់អស់? »
ម៉ូរ៉ាហាក់ខកចិត្តដែលប្រពន្ធកូននៅរស់។
ជំនិតអែបអបឈ្មោះឃាន ឱនមកខ្សឹបទៀត៖
«មិនមែនអ្នកស្រីស្លាប់ទេ គ្នាវាបួននាក់ស្លាប់អស់បី ម្នាក់ទៀតឆ្កួត!»
មូរ៉ាដកវ៉ែនតាចេញព្រោះភ្ញាក់នឹងចង់មើលមុខមនុស្សជំនិតច្បាស់ៗ៖
«ហេតុអី? ហេតុអីបានជាពួកវាស្លាប់?!»
ឃើញ សេដ្ឋីដេញសួរទាំងភ្នែកស្លក់ ឃានរៀបរាប់ដោតជូតញើសថ្ងាសដែរ៖
« មើលដំណឹងតាមសារព័ត៌មានទៅ បីនាក់ស្លាប់ទៅត្រូវដែកដុតចាក់ទាំងអស់មេ! ចំណែកម្នាក់ទៀតមិនស្លាប់ប៉ុន្តែសន្លប់ត្រូវដឹកចូលមន្ទីរពេទ្យ! ប៉ូលិសនិយាយថាម្នាក់នោះដូចជាឆ្កួតឆ្កួតនិយាយស្តីគ្មានដឹងក្បាលកន្ទុយអីទាំងអស់ ឥឡូវនេះប៉ូលិសឲ្យមេទៅទទួលអ្នកស្រីនិងកូនប្រុសមកវិញ!»
ម៉ូរ៉ាគិតចុះឡើងដោយភ្នែកក្រឡិកក្រឡាប់៖
«ចង្រៃណាស់ ស្រីចង្រៃនោះក្បត់អញហើយ នៅរស់បានទៀត? ចំណែកឯកូនរបស់វាមិនមែនមិនដឹងថាកូនរបស់អ្នកណានោះទេ!»
សេដ្ឋីរអ៊ូរទាំហើយដើរចេញទៅមាត់ទ្វារ ខណៈពេលដែលកូនចៅឈ្មោះឃានរត់តត្រុកតាមក្រោយនិងហួចហៅបញ្ជាឲ្យអ្នកបើកឡានបញ្ជូនឡានមកជាបន្ទាន់។
——– ម៉ោងដប់ពីរយប់នៅក្នុងគេហដ្ឋានរបស់សេដ្ឋីម៉ូរ៉ាតែមានភាពស្ងប់ស្ងាត់។ សេដ្ឋីដែលទើបតែប្រាស់ដេកព្រោះស្រវឹងនៅក្រៅជោគ ពេលនេះបានភាំងទៅមួយស្របក់ធ្ងន់ ស្រាប់តែត្រូវអ្វីមួយពញ្ញាក់ឱ្យភ្ញាក់ឡើងមកអង្គុយទាំងទទឹងទទែងសឹងថាឈាមហូរបញ្ច្រាស់គាំងបេះដូង។
ប្រាកដជាមានអ្នកណាម្នាក់ឬក៏អ្វីម្យ៉ាងមកដាស់ឲ្យលោកម៉ូរ៉ាភ្ញាក់ដឹងខ្លួនទាំងកណ្ដាលយប់ជ្រៅ ។ ទោះយ៉ាងណាម៉ូរ៉ាមានអារម្មណ៍ថានេះមិនមែនជាប្រផ្នូលល្អនោះទេ ។
គេងាកមកចំហៀងខាងឆ្វេងដៃមិនឃើញភរិយាដែលទើបតែរួចពីការចាប់ជំរិតដេកក្បែរសោះ។
តាំងពីល្ងាចមិញទៅទទួលនាងនិងកូនពីប៉ុស្តិ៍ប៉ូលិសមកផ្ទះវិញ សេដ្ឋីនេះមិនបាននិយាយអ្វីទេហើយនាងក៏មិនបានដេញដោលជាអ្វីដែរ។ នាងបាននាំកូនចូលក្នុងផ្ទះងូតទឹកហើយសំងំបាត់សូម្បីតែអាហារពេលល្ងាចក៏សេដ្ឋីគេចទៅខាងក្រៅផឹកស្រាជាមួយមិត្តភក្តិដល់យប់ជ្រៅទើបត្រឡប់មកដេកវិញបានមួយភាំងក៏ត្រូវភ្ញាក់អាសន្នឡើងបែបនេះតែម្តង…..
ស្នូរមនុស្សរត់នៅខាងក្រៅនិងធ្វើឲ្យសេដ្ឋីម៉ូរ៉ាចាប់ថ្នាក់បាន និងឆ្លេឆ្លាធ្វើភ្នែកក្រឡេកក្រឡង់
«អឺ អាឃាន អាឃាន!»
ជំនួយការជំនិតនេះធម្មតាត្រូវមានវត្តមានម្ភៃបួនម៉ោងនៅក្នុងផ្ទះសម្រាប់ឲ្យសេដ្ឋីហៅប្រើ។ ចម្លែកអីពេលនេះហៅបីបួនដងហើយនៅតែមិនបង្ហាញខ្លួន?
គ្រប់យ៉ាងដូចជាចម្លែកពេកហើយ។ រាល់ដងមិនដែលអ៊ីចឹងទេគឺឃានអង្គុយយាមដូចសំពោជនៅមុខបន្ទប់ដេករបស់ចៅហ្វាយតែម្តង ឲ្យតែចៅហ្វាយក្អកក៏ស្ទុះចូលមកភ្លែតដែរ។
ម៉ូរ៉ាឈានចេញមកទឹបៗធ្ងន់ព្រោះពោះប៉ោងស្ទុល។ ស្ថានភាពនៅខាងក្រៅបន្ទប់យប់នេះដូចជាត្រជាក់ប្លែកជាងសព្វមួយដង។
សេដ្ឋីបានបើកទ្វារដើរចេញទៅក្រៅនិងអើតទៅបន្ទប់កូនប្រុសឃើញចំហទ្វារងងឹតស្លុប។ តាំងពីបានកូនក្រៅខោម្នាក់នេះមក សេដ្ឋីស្អប់ណាស់ ផ្ទះនេះនិងបន្ទប់នេះ មិនដែលទៅអើតទេ។
យប់មិញទៀត ក្រោយប៉ូលិសរំដោះម៉ែកូននេះ បានវិលត្រឡប់មកផ្ទះវិញ ក៏មិនទាន់បានសេដ្ឋីហៅរកកូនសូម្បីតែម្ដងណាដែរព្រោះមិនចូលចិត្តកូន ចំណែកឯប្រពន្ធពេលដែលសេដ្ឋីមកពីផឹកស្រាពិតជាឃើញនាង កំពុងឈរនៅវេរ៉ង់ដាខាងមុខបន្ទប់ប្រាកដណាស់បានជាខ្លួនប្រះដេកចោលមិនខ្ចីនិយាយរកសួរសុខទុក្ខអ្វីទាំងអស់ ។ មិនដឹងហេតុអ្វីពេលនេះក្រោកឡើងបាត់នាងទៅណាមិនឃើញដេកក្បែរ?
សេដ្ឋីចាប់ផ្តើមចុចភ្លើងបើក ប៉ុន្តែភ្លើងមិនបានបើកឡើងនោះទេ។
«ស្អីគេ? យប់នេះ អញមិនទាន់ស្រវឹងដល់ថ្នាក់មិនដឹងខ្យល់អីឯណា?»
សំឡេងមួយលាន់មកវឹបដូចគេខ្សឹបក្បែរត្រចៀក៖
« ឯងសងជីវិតមកយើង!»
ទិសដៅនៃសំឡេងខ្សឹបសមថាលាន់ឡើងមកពីក្រោយខ្នងខ្លួន ធ្វើឲ្យសេដ្ឋីភ្ញាក់ព្រើតបែកញើសប៉ុនគ្រាប់ពោតព្រោះថា នេះគឺជាសំឡេងនរណាម្នាក់ដែលខ្លួនធ្លាប់ស្គាល់ច្បាស់។
ដោយស្រឡាំងកាំងនឹងសំឡេងរបស់មនុស្សស្រីម្នាក់នេះ សេដ្ឋីនៅឈរសំកុកគាំងក្បែរមាត់ជណ្ដើរ ទាំងភ្នែកធំៗ ។
តានេះចង់ចុះក្រោមឬរត់ទៅណា ឈានមិនរួចសោះ។
អស់ពីស្រីខ្សឹបក៏ចាប់ផ្តើមឮសូរសំឡេងក្មេងប្រុសយំខ្សោយៗពីដំបូលផ្ទះ ធ្វើឱ្យតានេះប្រឹងងើយរកមើលទាំងភ្នែកនៅកញ្ចឹងក។
«ឯងដល់ថ្ងៃស្លាប់ហើយឯងដល់ថ្ងៃស្លាប់ហើយអាឪអន្តិរ្ថិយ!»
សូរសំលេងមនុស្សស្រីនិងកូនក្មេងសើចក្អាកក្អាយ។
សេដ្ឋីមូរ៉ាដែលបើកភ្នែកមូលៗប៉ុនពងមាន់ ប្រឹងងាកក្រោយក៏ឃើញស្រមោលមនុស្សស្រីនិងកូនក្មេង។ ទាំងពីរនាក់កំពុងឈរកាន់ដៃគ្នា នៅមាត់ទ្វារបន្ទប់ដេក។
ក្រោមសភាពងងឹតខ្លះភ្លឺខ្លះ សេដ្ឋីត្រហេបត្រហបស្រែកហៅឃានតែស្រែកមិនចេញ។ ដោយមិនបានព្រាងទុកនោះទេ សេដ្ឋីរូបនេះបានប្រឹងរត់ចុះទៅក្រោមដែរតែ កម្លាំងខ្យល់មួយចម្លែកសន្ធប់បក់មកដល់ ច្រានឲ្យសេដ្ឋីចំណាស់ធាត់ស្អុល ត្រូវផ្ងារក្រោយធ្លាក់ពីលើកាំជណ្តើរហួសបង្កាន់ដៃ មិនបានរមៀលលើកាំនីមួយៗឯណា គឺធ្លាក់ទៅដល់ជាន់ខាងក្រោមតែម្ដង។
ភឹបអូយ!
ទោះបីរាងកាយរបស់ខ្លួនលែងអាចបញ្ជាបាន ប៉ុន្តែសេដ្ឋីនៅបើកភ្នែកភ្លឹះៗសម្លឹងទៅជាន់ខាងលើ ដែលឆ្ងាយពីនេះប្រមាណជាប្រាំបីទៅប្រាំបួនម៉ែត្រ ព្រោះថាបន្ទប់ខ្លួននៅខាងលើជាន់ទីពីរ។
មាត់ខ្លួនចេញឈាមគឃុក ពោះដោតនឹងដែកជុង តែភ្នែកមើលឃើញស្ត្រីនិងក្មេងប្រុសកំពុងតែអណ្តែតចុះឡើងសម្លឹងមកខ្លួនដោយញញឹមពព្រាយ។
ពួកគេមិនមែនជាម្តាយកូនដែលខ្លួនទើបតែទៅទទួលមកពីប៉ុស្តិ៍ប៉ូលិសល្ងាចមិញនោះទេ។
ភ្លើងក្នុងផ្ទះចាប់បានផ្តើមបើកភ្លឺចិញ្ចាចឡើងគ្រប់ទីកន្លែងដូចមានមនុស្សចុចបើក។ ម្ដាយនិងកូនទាំងពីរកាន់តែបង្ហាញរូបរាងច្បាស់ឡើងច្បាស់ឡើងធ្វើឲ្យសេដ្ឋីបើកភ្នែកធំធំព្រោះតក់ស្លុត។ ឃានរលះរលាំងរត់មកដល់ មានអ្នកបម្រើ ផ្សេងៗមកដែរ ។
ពួកគេបានស្រឡាំងកាំងខណៈឃើញសេដ្ឋីដេកដួលកណ្ដាលថ្លុកឈាមនិងកំពុងប្រកាច់ត្រដរដង្ហើមចុងក្រោយស្លាប់ទៅម្តងបន្តិចម្តងបន្តិចទាំងខំលើកដៃព្យាយាមចង្អុលទៅជាន់ខាងលើ។ ម៉ូរ៉ាចង្អុលប្រាប់គ្រប់គ្នាពីព្រលឹងខ្មោចរូបម្ដាយនិងកូនដែលមានតែឆ្អឹងនិងកំពុងដែលរលាយម្តងបន្តិចម្តងបន្តិចទៅក្នុងខ្យល់។
គ្មានអ្នកណាឃើញអ្វីទាំងអស់ គ្រប់គ្នាងើយឡើងទៅលើមើលដែរ ប៉ុន្តែគេមិនឃើញអ្វីនោះទេ។ ពួកគេនិយាយដូចគ្នាថា អ្នកណាហេតុអីបានជាសេដ្ឋីស្រវឹងដល់ថ្នាក់ធ្លាក់មកក្រោម?
«ហៅឡានពេទ្យមកឲ្យលឿន!»
សេដ្ឋីចាប់ផ្តើមបិទភ្នែកបន្តិចម្តងៗ ប៉ុន្តែបិទមិនបាន ដូច្នេះហើយនៅពេលផុតដង្ហើមទៅសេដ្ឋីនេះត្រូវស្លាប់ទាំងបើកភ្នែកព្រោះ មិនអស់ចិត្ត ។
…..ម៉ោងដប់មួយថ្ងៃត្រង់នៅប៉ុស្តិ៍ប៉ូលិស
អធិការរំដួលកំពុងតែអង្គុយស្ដាប់របាយការណ៍នានាហើយអ្នកសារព័ត៌មានដែលរង់ចាំនៅខាងក្រៅនៅឡើយហាក់រហង់រង់ចាំស្តាប់របាយការណ៍ប៉ូលិសអំពីមូលហេតុការស្លាប់របស់បូសេដ្ឋីដែលមិនអាចជូនទៅដល់មន្ទីរពេទ្យទាន់។
«រឿងរ៉ាវគឺកើតឡើងនៅវេលាម៉ោងដប់ពីរយប់មិញនេះទាន!» គឺជាសម្ដីរបស់នាយរងម្នាក់ដែលបានរាយការណ៍។ ចំណែកកូនប៉ូលីសនាក់ទៀតដែលកំពុងតែកត់របាយការណ៍បានបន្ថែមទៀតថា ៖
«ម្តាយនិងកូនដែលទើបនឹងទទួលយកពីប៉ុស្តិ៍ប៉ូលិសទៅ ពួកគេកំពុងតក់ស្លុតជាខ្លាំងហើយរៀបចំចាត់ចែងពិធីបុណ្យសព ប៉ុន្តែរឿងដ៏ចម្លែកអស្ចារ្យមួយគឺ ប៉ូលិសមូលដ្ឋានបានឲ្យរបាយការណ៍មកថា នៅកន្លែងដែលអ្នកទាំងពីរត្រូវបានចាប់ជំរិត ពេលប៉ូលិសចុះឆែក គេរកឃើញសាកសពម្តាយនិងកូនប្រុសពីរនាក់ទៀតដែលបានត្រូវបាត់ខ្លួនជាយូរមកហើយ! នោះ ជាភរិយាដើមនិងជាកូនប្រុសច្បងរបស់សេដ្ឋីម៉ូរ៉ាដដែល។ ប្រមាណជាប្រាំឆ្នាំមុន ពួកគេបានបានបាត់ខ្លួន យើងសង្ស័យថា សេដ្ឋីនេះខ្លួនឯងបានយកប្រពន្ធនិងកូនរបស់ខ្លួនទៅឃុំទុក ហើយកុហកប៉ូលិសថាពួកគេបាត់ខ្លួន គឺទុកចោលនៅក្នុងផ្ទះចាស់មួយដែលក្រោយមកត្រូវបានអ្នកចាប់ជំរិតទាំងបួនដឹកនាំដោយបងធំឈ្មោះឌឿន ចាប់ប្រពន្ធចុងនិងកូនក្រោយរបស់គេទៅម្ដងទៀតប៉ុន្តែមិនស្លាប់! ចំណែកអ្នកដែលនៅរស់ម្នាក់ក្នុងចំណោមក្រុមចាប់ជំរិតមានឈ្មោះដាគេ ប្រាប់ថា ខ្លួនគេត្រូវខ្មោចលង ចំណែកការនិយាយផ្សេងៗទៀតយកជាការមិនបានទេទាន គឺដូចជាឡប់សតិ!»
អធិការ យកចិត្តទុកដាក់អានកំណត់ ហេតុបាត់ខ្លួនកាលពីប្រាំឆ្នាំមុនដោយយកចិត្តទុកដាក់…..
៥ឆ្នាំមុន…
សេដ្ឋីម៉ូរ៉ាបានស្រែកឡូឡានៅក្នុងផ្ទះថា «អញគ្មានកូនទេ! ពេទ្យប្រាប់ថា អញមិនអាចមានកូនទេ ចុះកូនរបស់វានោះ ជាកូនរបស់អ្នកណាទៅ?»