«មើលតែ ១ភាគនេះទៀតហេ៎…ដេកហើយ!»
នេះជាពាក្យកុហក ដែលខ្ញុំប្រាប់ខ្លួនឯងញឹកញាប់ជាងគេ ពិសេសនៅយប់ក្រោយពេលប្រលងចប់ម្តងៗ។ ដូចយប់នេះអ៊ីចឹង ខ្ញុំកំពុងគេងប្រនៀលចុះឡើងលើពូកម្នាក់ឯង ជក់ចិត្តនឹងរឿងភាគកូរ៉េទើបចេញថ្មីនៅលើ Netflix។
«យី! ម៉ោងជិត១បាត់! នៅសល់តែម៉ានភាគទៀត ចប់ហើយ។ គួរមើល ឬគួរដេកឥឡូវ?»
ពេលខួរក្បាលនិងបេះដូងកំពុងតែឈ្លោះគ្នា បំពង់កខ្ញុំក៏នឹកឃើញស្រែកទឹកដោះគោជូរ ដែលតួឯកស្រីកំពុងអង្គុយផឹកនៅមុខ Mart។ ប៉ុន្តែបញ្ហានៅត្រង់ថា ភ្លើងបិទអស់ហើយ…មនុស្សកំសាកដូចខ្ញុំ ស៊ូទ្រាំមិនផឹកក៏បានដែរ។
សំណាងហើយ មានទឹកធម្មតានៅលើតុ! ពេលងើបទៅឈោងយកដបទឹក របូតកាសចេញពីត្រចៀក ខ្ញុំក៏ចាប់អារម្មណ៍ថា ឮសំឡេងសំរឹបជើងនរណាម្នាក់កំពុងដើរចុះឡើងនៅខាងក្រៅបន្ទប់…បើតាមខ្ញុំស្មាន គួរតែកំពុងដើរនៅម្តុំសាឡុងនៅកន្លែងទទួលភ្ញៀវ ទល់មុខបន្ទប់ខ្ញុំនេះឯង។
«អាហូ៎!!!! វ៉ូសៗ វ៉ូសៗ!!!»
ចង្រៃយោ៎! មុនមិនលូ ក្រោយមិនលូ មកលូអីពេលនេះ? ជាសំឡេងអាគី ឆ្កែខ្មៅមុខកាចខ្លួនខ្លី នៅជាប់ផ្ទះនេះច្បាស់ណាស់! ឯងកំពុងចង់ឱ្យសញ្ញាអីមកយើងមែន៎? ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងយ៉ាងចម្លែក…តែនិស្ស័យចង់ដឹង បានអូសទាញជើងខ្ញុំឱ្យឈានទៅមាត់ទ្វារ ហើយដៃចាប់គន្លឹះទ្វារបង្ហើបមើលតិចៗ។
ម៉េចអត់ឃើញអ៊ីចឹង??? ឯណាមនុស្ស? ហើយអាគីម៉េចក៏ឈប់លូ? ចាំអង្កាល់បានរត់ឡើងគ្រែ ហើយសំងំក្នុងភួយ? មាត់ខ្ញុំខំប្រឹងសូត្រធម៌ដែលចាំក្នុងខួរក្បាលទាំងអស់ ហើយទាញកាសស៊កត្រចៀកទាំងសងខាង បើកចម្រៀងខ្លាំងៗ ហើយព្យាយាមបិទភ្នែករហូតគេងលក់មិនដឹងខ្លួន។
«ណៃ! កូនឯងងើបធ្វើអីយប់មិញ កណ្តាលអធ្រាត្រ? នៅគិតរឿងលទ្ធផលប្រឡង ឬក៏នៅនឹកគេទៀត? កុំគិតច្រើនពេកកូន!» អ៊ំស្រីជាម្តាយរបស់បងណៃ (បងប្រុសជីដូនមួយរបស់ខ្ញុំ) ចោទសួរសំណួរដែលធ្វើឱ្យខ្ញុំធូរចិត្តពីហេតុការណ៍យប់មិញនេះ។
បងណៃមិនតបអ្វី ហើយខ្ញុំក៏មិនហ៊ានហាស្តីដូចគ្នា បានត្រឹមលួចសម្លឹងមើលមុខស្រងូតស្រងាត់របស់គាត់។ មនុស្សធ្លាប់តែរួសរាយ ឥឡូវស្រពោនក្រៀមស្វិតដូចផ្កាខានត្រូវទឹកយូរថ្ងៃ។ គិតទៅៗ អាណិតគាត់ណាស់! ខំប្រឹងដែរ នៅតែប្រលងមិនជាប់…ហើយសង្សារសំណព្វ ក៏ការចោលទៀត។
ពេលដឹងថា ម្នាក់យប់មិញជាបងណៃ ខ្ញុំក៏មានអារម្មណ៍ល្អឡើងវិញ ហើយធ្វើដំណើរទៅរៀនជាមួយម៉ូតូកូនទាពណ៌ក្រហមជាធម្មតា ដោយក្នុងចិត្តលួចសង្ឃឹមថា នឹងមើលរឿងផ្តាច់ដល់ភាគបញ្ចប់យប់នេះ សងវិញ!
«បើហ៊ានតែឱ្យតួស្រីងាប់ ជេរអ្នកនិពន្ធដាក់ខែហ្មង!»
កំពុងតែជក់ចិត្តនឹងភាគបញ្ចប់ដែលខ្វះតែប៉ុន្មាននាទីទៀតចប់ ស្រាប់តែ «ផាំង!!!»
ជាសំឡេងទ្វារបន្ទប់ជាប់ខ្ញុំដង្គប់មួយទំហឹង ហើយក៏ឮសម្តីដែលធ្វើឱ្យខ្ញុំភ័យស្លន់ស្លោរបូតទូរសព្ទចេញពីដៃ ញ័រខ្លួនដូចពេលដើរលើស្ពានកញ្ចក់ឆ្លងកាត់អាគារខ្ពស់។
«កូនណៃ! កូនប្រុងធ្វើអី? ឈប់ភ្លាមកូន! កុំធ្វើអ៊ីចឹងអី!!!»
មិនគិតច្រើន ខ្ញុំរត់បើកទ្វារចេញយ៉ាងលឿនទៅមើលហេតុការណ៍នៅក្រៅបន្ទប់។ ភ្លើងក្នុងផ្ទះទាំងអស់ត្រូវបានបើកភ្លឺចិញ្ចាច ដូចពេលថ្ងៃ។ តែស្ថានភាពនៅចំពោះមុខ ធ្វើឱ្យខ្ញុំស្រឡាំងកាំង គាំងនៅមួយកន្លែង ធ្វើអ្វីមិនចេញ។
អ្វីដែលខ្ញុំក្រឡេកឃើញមុនគេ គឺរូបភាពបងណៃមានស្លៀកតែខោជើងខ្លីពណ៌ខ្មៅក្នុងដៃកំពុងកាន់កាំបិតនៅផ្ទះបាយ ជាមួយទឹកមុខយ៉ាងចម្លែក។ ភ្នែកធំក្រឡោតមើលឃើញសរសៃក្រហមៗកំពុងសម្លក់មកកាន់ខ្ញុំ ដូចខ្ញុំជាសត្រូវរាប់ឆ្នាំរបស់គាត់ ហាក់ដូចចង់សួរថា«ឈរមើលស្អី? ម៉េចមិនទៅដេកវិញ?»។
«ដា! ឆាប់មកជួយទប់ជើងបងឯងមកកូន!»
ប៉ាខ្ញុំស្រែកហៅឈ្មោះខ្ញុំ ឱ្យចូលទៅជួយ ដោយគាត់កំពុងខំប្រឹងចាប់ដៃបងណៃឡើងឃើញសរសៃដៃធំៗ បញ្ជាក់ថាកម្លាំងដែលប្រើ គឺស្ទើរតែអស់ពីខ្លួនទៅហើយ។
បងណៃកាន់កាំបិតជាប់ក្នុងដៃមិនព្រមលែង ហើយក៏មិនព្រមស្តីតបនឹងនរណាទាំងអស់ ទោះបីប៉ាម៉ាក់ខ្ញុំ និងអ៊ំស្រីខំប្រឹងចាប់គាត់ផង និយាយអង្វរកផងក៏ដោយ។ កែវភ្នែកគាត់ប្រែជាគួរឱ្យខ្លាចរឹតតែខ្លាំងឡើង ពេលយើងដកកាំបិតបានចេញពីដៃគាត់ ហើយចាប់ទាញឱ្យអង្គុយចុះ។ គ្រាប់ភ្នែកទាំងទ្វេរបស់គាត់សឹងតែរបូតចេញមកទៅហើយ! សាហាវជាងតួខ្មោចក្នុងរឿងខ្ញុំធ្លាប់មើលទៅទៀត។
«លែងអញ! ឆាប់លែងអញភ្លាម!!!» គាត់ស្រែកបណ្តើរ ប្រើកម្លាំងមហាសាលគ្រវាសពួកយើងចេញបណ្តើរ រហូតអ៊ំស្រីត្រូវខ្ទាតចេញទៅម្ខាង
ភ្លឹបភ្លែតៗៗៗ…
បងណៃចាប់ផ្តើមស្រែកនិយាយភាសាអ្វីម្យ៉ាងដែលយើងស្តាប់មិនយល់…ស្របពេលដែលអំពូលភ្លើងទាំងអស់ប្រែជាលោតញាក់ៗ ម្តងភ្លឺម្តងងងឹត ធ្វើឱ្យមើលឃើញតិចអត់តិច។
ខ្ញុំភ័យឡើងចង់រាគនោមហើយ ពេលដែលស្ថានភាពប្រែជារឹតតែតានតឹងបែបនេះ! មិនដឹងថា គាត់មានកម្លាំងខ្លាំងដូចកំរោលចូលបែបនេះមកពីណា? បើមួយរយៈហ្នឹង បាយ១ថ្ងៃតែ១ពេល ហើយ១ពេល មិនអស់១ចានផង។
«ខ្មោចតាខ្មោចយាយ ជួយកូនចៅផង!» ខ្ញុំបន់ស្រន់ក្នុងចិត្តបណ្តើរ ជួយចាប់ជើងគាត់បណ្តើរ។
«ឱ អ្នកជំនាងផ្ទះអើយ! សូមជួយថែរក្សាកូនណៃផង បើមានអ្វីខុសឆ្គង សូមកុំប្រកាន់ទោសអី។ បើមានវិញ្ញាណអាក្រក់ខាងណាចូលមក ជួយនាំចេញទៅ ឱ្យកូនចៅបានសុខសប្បាយផង»
ឮសំឡេងបែបនេះ ទើបខ្ញុំចាប់អារម្មណ៍ឃើញ អ៊ំស្រីកំពុងអង្គុយបត់ជើងកាន់ធូបមានផ្សែងហុយទ្រលោម ៥សរសៃ សំពះបែរទៅកាន់ជំនាងផ្ទះ ដាក់អុជរួច ក៏រត់ទៅក្នុងបន្ទប់គេងដែលទ្វារកំពុងចំហស្រាប់យ៉ាងលឿន ត្រលប់មកវិញជាមួយអំបោះក្រហមឆ្អៅមួយដុំ ទាំងដៃ និងខ្លួនញ័រញាក់ បែកញើសជោកសក់ផង ទឹកភ្នែកហូរជោកថ្ពាល់ផង។
គាត់ប្រញាប់កាត់អំបោះក្នុងប្រវែងមួយល្មមនឹងកដៃបងណៃ ហើយចងជាខ្សែដៃពាក់ឱ្យជាប់លើដៃកំពុងរើបម្រះមិនឈប់របស់បងណៃ ហើយនិយាយបន់ស្រន់បួងសួងមិនដាច់ពីមាត់។
ភ្លាមៗនោះ អំពូលភ្លើងក៏ប្រែជាធម្មតាវិញ បងណៃក៏ប្រែជាលែងរើ កម្លាំងដូចជាចុះខ្សោយវិញដូចប៉េងប៉ោងត្រូវគេបន្ធូរខ្យល់ យើងក៏ព្យាយាមគ្រាគាត់ឱ្យទៅអង្គុយកៅអីសាឡុងធំពណ៌ត្នោតនៅក្បែរនេះ។
ម្នាក់ៗមិនហ៊ាននិយាយស្តីអ្វីច្រើនឡើយ មានតែប្រឹងបន្លប់នាំគាត់ចូលគេងបន្តវិញ តែអ្វីដែលចម្លែកហើយធ្វើឱ្យខ្ញុំមិនបាត់ព្រឺសម្បុរសោះ គឺពេលក្រឡេកមើលនាឡិកា ឃើញថាម៉ោង១ជាង។ មានន័យថា បងណៃងើបមមើម៉ោង១ទៀតហើយ!?!
រយៈពេលជាង ១សប្តាហ៍នេះ មុខអ្នកផ្ទះខ្ញុំម្នាក់ៗសុទ្ធតែស្លេកស្លក់ ហើយនៅក្នុងថ្នាក់ ខ្ញុំក៏ជាប់រហស្សនាមថា«យាយផេនដា» ដោយសារភ្នែកឡើងរង្វង់ខ្មៅជុំវិញរាល់ព្រឹកណា ដែលត្រូវវេនយាមបងណៃពីយប់ជាមួយប៉ា។ ប៉ុន្មានយប់មកនេះ យើងច្បាស់ការណ៍ហើយថា គាត់តែងតែភ្ញាក់ងើបដើរនៅម៉ោង១ ទៀងពេលតែម្តង!
យប់ខ្លះ គាត់ដើរចុះឡើងនៅក្នុងបន្ទប់ទទួលភ្ញៀវ យប់ខ្លះ ដើរទៅអង្គុយនៅកៅអីសាឡុងកាន់ទូរសព្ទសម្លឹងមើលរូបមនុស្សស្រីដែលគាត់ស្រលាញ់ដោយទឹកមុខសោកសៅ។ ដំបូងឡើយ បន្ទាប់ពីមួយសន្ទុះធំ គាត់នឹងភ្ញាក់ដឹងខ្លួនវិញ ហើយទៅចូលគេងវិញធម្មតា។ តែក្រោយមកៗ យប់ខ្លះឃើញនៅអង្គុយទល់ភ្លឺក៏មានដែរ។
ហើយបើយប់ថ្ងៃសីលវិញ ឫកពានិងទឹកមុខស្តែងចេញមក គឺកោងកាចពោរពេញដោយគំនុំ ចាប់មិនជាប់ និយាយគ្នាស្តាប់មិនបាន ហើយក៏ជាយប់ដែលត្រូវយាមទាំងអស់គ្នា និងទុកលាក់គ្រឿងប្រដាប់មុតស្រួចផ្សេងៗ ដើម្បីបង្ការគ្រោះភ័យធ្ងន់ធ្ងរ។
«បើថា មមើធម្មតាដោយសាររវើរវាយ មិនគួរណាលេងសុទ្ធតែកាន់កាំបិត រកអារដៃខ្លួនឯង ហើយភ្នែកសម្លក់គ្រប់គ្នាអ៊ីចឹងទេ៎! មើលតែយប់ថ្ងៃសីលទៅ បើកុំតែអុជធូបសុំជំនាងផ្ទះ ចងអំបោះផងអីផង មិនដឹងម៉េចម៉ាទេ» ម៉ាក់របស់ខ្ញុំបញ្ចេញយោបល់បណ្តើរ ចិតផ្លែឈើដាក់លើចានសំប៉ែតធំមួយបណ្តើរ។
«បងណៃដូចជាមិនដែលមមើទេ តាំងពីតូចមកមែនអត់អ៊ំ? ទើបតែឃើញមួយរយៈនេះសោះ អាចមកពីបញ្ហាផ្លូវចិត្តដែរអត់? ខ្ញុំធ្លាប់ឮគ្រូនិយាយថា អ្នកគិតច្រើន គេងមិនលក់ដល់ដំណាក់កាលខ្លាំង អាចមមើដើរ មមើធ្វើរឿងមិនធ្លាប់ធ្វើអ៊ីចឹងដែរ» ខ្ញុំស្រាប់តែគិតឃើញមួយបែបទៀត។
«ថ្មីៗនេះ ណៃជួបបញ្ហាមិនចេះចប់។ ឥឡូវមើលចុះ! សូម្បីពេលថ្ងៃ ក៏លែងសូវមាត់ក អង្គុយមើលមេឃមើលផ្កាយតែម្នាក់ឯង បាយក៏លែងចង់ហូបទៀត។ ថ្ងៃខ្លះឃើញអង្គុយនិយាយម្នាក់ឯង ដូចកំពុងឆ្លើយឆ្លងជាមួយអ្នកណាអ៊ីចឹង។ បើអាចដូរបាន ខ្ញុំចង់តែប្តូរគ្នាជាមួយកូនទេ ឃើញកូនអ៊ីចឹង ខ្ញុំឈឺជាងកូនទៅទៀត» អ៊ំស្រីនិយាយទាំងទឹកភ្នែករលីងរលោង សម្លឹងមើលទៅបងណៃដែលកំពុងអង្គុយដូចមនុស្សឥតវិញ្ញាណ។
«មែនតើអ៊ំ! ថ្ងៃមុន ខ្ញុំឃើញគាត់អង្គុយទោងតែឯង ម្តងញញឹមម្តងសើច ហើយមិនដឹងនិយាយស្អីខ្លះទេ។ ដំបូង ស្មានថាគាត់និយាយទូរសព្ទ ដល់ពេលដើរទៅក្នុងផ្ទះ ឃើញទូរសព្ទគាត់កំពុងដាក់សាកថ្មសោះ។ ខ្ញុំគិតថា យើងគួរតែធ្វើអ្វីម្យ៉ាងហើយ…បើនៅតែបែបនេះទៀត ឈឺម៉ាផ្ទះមិនខានទេយើង» ខ្ញុំនឹកឃើញដល់ហេតុការណ៍ចម្លែកៗដែលធ្លាប់ឃើញកន្លងមក ក៏និយាយប្រាប់គ្រប់គ្នា
«អាចមកពីត្រូវអំពើគេដែរអត់? ធ្លាប់ឮពួកម៉ាកម្នាក់និយាយថា កូនវាត្រូវអំពើគេ ធ្លាក់ខ្លួនឈឺផង វង្វេងផង។ យើងគិតសាកទៅមើលគ្រូទាយអីតិចដឹង? វាថាស្គាល់គ្រូម្នាក់ណានោះ ពូកែណាស់!» ប៉ាខ្ញុំដែលមានជំនឿលើមន្តអាគមអូមអាមជាងគេក្នុងផ្ទះ លើកឡើងពីការយល់ឃើញម្យ៉ាងដែលធ្វើឱ្យគ្រប់គ្នាក្រឡេកមើលទៅសភាពបងណៃ ហើយនិយាយព្រមៗគ្នាថា «មានតែសាកមើលហើយ»។
—————————-
នេះជាលើកដំបូងសម្រាប់ខ្ញុំ ដែលមកអង្គុយក្នុងផ្ទះគ្រូទាយដ៏ល្បីសម្រាប់អ្នកមានជំនឿដូចប៉ា។ ទោះបីបានណាត់ទុកមុន ក៏ត្រូវអង្គុយចាំ ព្រោះមានអ្នកមកចាំទាយបន្តគ្នាច្រើន។ ខ្ញុំឮអ្នកអង្គុយក្បែរខ្ញុំ ជាមនុស្សស្រីវ័យស្របាលអ៊ំខ្ញុំ ២នាក់ និយាយសរសើរមិនដាច់ពីមាត់ពីការទាយឈុតរបស់គ្រូ ធ្វើឱ្យខ្ញុំរឹតតែចង់ដឹងចង់ស្តាប់ការប្រមើលមើលពីហេតុផលពីក្រោយភាពមិនប្រក្រតីរបស់បងជីដូនមួយខ្ញុំ។
ទីនេះមើលពីខាងក្រៅ ដូចជាខ្ទមឈើសម្រាប់ស្នាក់នៅធម្មតា តែចូលដល់ក្នុងកាលណា ខ្ញុំចាប់ផ្តើមបះរោមខ្ញាកៗ ពេលឃើញការរៀបចំគ្រឿងរណ្តាប់យ៉ាងធំ មើលទៅឃើញតែពណ៌មាស និងពណ៌ប្រាក់ ហើយក៏មានរូបសំណាកព្រះជាកន្លែងយើងត្រូវក្រាបសំពះមុនគេ។ នៅចំពីមុខ មានដីដំបូកធំមួយទ្រដោយថាស ដាក់តម្កល់ជាតំណាង ឬដោយហេតុផលអ្វីម្យ៉ាង ដែលខ្ញុំមិនបានដឹង។
ពេលមានខ្យល់បក់ម្តងៗ ក្លិនទៀនធូបសាយភាយឆួលពេញច្រមុះ អមដោយក្លិនក្រអូបផ្កាខ្លះ ដែលលោកយាយម្នាក់ពាក់អាវសសំពត់សទំពាស្លាបណ្តើរ អង្គុយរៀបចំកាច់ដាក់ក្នុងគ្រឿងរណ្តាប់តា
ក្បួនខ្នាតបណ្តើរ។
ខ្ញុំមិនសូវហ៊ានក្រឡេកមើលច្រើនឡើយ ព្រោះរឹតតែមើល អារម្មណ៍ខ្ញុំរឹតតែមិនស្ងប់ ខួរក្បាលចេះតែគិតច្រើនឡើងៗ។ ភ្នែកខ្ញុំរក្សាព្រំដែនត្រឹមកន្លែងដែលអ្នកផ្ទះខ្ញុំអង្គុយប៉ុណ្ណោះ ព្រោះមិនចង់ខុសឆ្គងដោយប្រការណាមួយ។
ខ្ញុំឃើញប៉ាលើកជើងពានប្រាក់មួយដែលមានទៀនធូប គ្រឿងប្រដាប់ខ្លះ និងក្រដាសប្រាក់ប៉ុន្មានសន្លឹកជូនទៅគ្រូទាយស្លៀកអាវសខោខ្មៅស្រដៀងឈុតអាចារ្យ សក់រាងដាញ់ចាប់ក្របួចបួងឡើងលើអស់ ដែលគេគ្រប់គ្នាហៅថា «តាសី»។ ក្រោយពេលទទួលហើយដាក់ចុះ លោកគ្រូក៏ចាប់ផ្តើមសំពះបែរទៅកាន់កន្លែងរណ្តាប់របស់គាត់ ដោយមាត់ចាប់សូត្រភាសាដែលពួកយើងស្តាប់មិនយល់។
កាយវិការប្លែកដូចរាំបន្តិច ញ័រញាក់តាមចង្វាក់អ្វីម្យ៉ាងបន្តិច ពេលខ្លះក៏គោះបន្ទះក្តារខ្លាំងៗឮសូរតែ «ផុងៗៗ» ជាមួយនឹងឈើច្រត់រលោងក្បែរដៃ ធ្វើឱ្យភ័យម្តងៗ ព្រលឹងស្ទើរតែហោះទៅញ៉ាំព្រលិត។
ខ្ញុំខ្លាចតែចង់ដឹង ទើបមិនព្រមងើបចេញទៅអង្គុយចាំនៅក្រៅជាមួយម៉ាក់ និងបងណៃ…ប៉ុន្មាននាទីក្រោយមក លោកគ្រូក៏ប្រែជាអង្គុយស្ងៀម ហើយចាប់ផ្តើមឆ្លើយឆ្លងជាមួយប៉ា និងអ៊ំស្រី តែសំឡេងគាត់បានប្រែជាខុសពីសំឡេងមុននេះ។
«ម៉េចហើយប៉ាវា? លោកគ្រូថាម៉េចខ្លះ?» ជាសំណួរម៉ាក់សួរមុនគេ ពេលឃើញពួកយើងដើរចេញមកក្រៅភ្លាម
«គាត់ថាឱ្យអាក្អូនមកកាត់គ្រោះថ្ងៃសុក្រក្រោយ ត្រូវឆ្នាំគត់ផង ហើយត្រូវអំពើអ្នករកស៊ីដូចគ្នាដាក់ផង។ មានតែអាហាងបាយជាប់យើងនឹងហើយ គ្មានអាណាទេ វាឃើញយើងបានម៉ូយច្រើនជាង បានវាធ្វើអ៊ីចឹង» ប៉ាខ្ញុំតបទាំងកំហឹងឆួល
«តែម៉េចគេធ្វើបាបណៃវិញ? គ្នាអត់មានដឹងអីផង» ម៉ាក់នឹកឆ្ងល់ដូចខ្ញុំពីដំបូងដែរ
«មកពីរាសីគេទាបជាងគេក្នុងផ្ទះយើង បានជាត្រូវរងទុក្ខ។ ហើយណាមួយ ណៃមានបញ្ហាផ្លូវចិត្តផង ខ្សោយទាំងកាយខ្សោយទាំងចិត្តបែបនេះ ងាយនឹងត្រូវវត្ថុកខ្វក់ផ្លូវងងឹងគ្រប់គ្រងបានណាស់។ ខុសមកពីខ្ញុំ បើមិនទាររកស៊ី ក៏មិនមានរឿងអ៊ីចឹងដែរ។ អាណិតកូនដែលមិនដឹងអីណាស់!» អ៊ំស្រីចិត្តទន់ និយាយទាំងទឹកភ្នែកហូរ
ម៉ាក់ខ្ញុំអាណិតបងស្រីខ្លោចចិត្ត ក៏ដើរទៅទះស្មាគាត់តិចៗ ហើយនិយាយលួងលោមជាកម្លាំងចិត្ត
«កុំបន្ទោសខ្លួនឯងអី យើងរកស៊ីស្របច្បាប់ ចិញ្ចឹមគ្រួសារយើងតើ មិនបានប៉ះពាល់នរណាទេ។ បើចង់បន្ទោស ត្រូវបន្ទោសពួកនោះ មិនចេះគិត ចេះតែច្រណែនឈ្នានីស រករឿងគេវិញបានត្រូវ»
«ចឹងយប់នេះ គាត់លែងអីហើយមែនប៉ា? កូនដូចអត់ហ៊ានគេងម្នាក់ឯងទេ សុំគេងដែរ»
«មិនហ៊ានធានាទេ តែលោកគ្រូឱ្យប្រយ័ត្នរបស់គ្រោះថ្នាក់ យកទុកលាក់ដដែលសិន ហើយសាកឱ្យអ៊ំឯងស្រោចទឹកឱ្យពេលថ្ងៃសីល ទម្រាំលោកគ្រូជួយដោះស្រាយបាន។ គាត់ក៏ឱ្យព្យាយាមនាំអាក្អូនទៅដើរលេង មើលគេមើលឯង ធ្វើនេះធ្វើនោះបន្លប់ខ្លះ ដើម្បីឱ្យផ្លូវចិត្តបានធូរស្រាលខ្លះ»
«កូនឆ្ងល់មួយប៉ា! តែអត់ហ៊ានសួរមុនហ្នឹង ម៉េចក៏ឱ្យអ៊ំស្រីអ្នកស្រោចទឹកវិញ? មិនមែនត្រូវទៅវត្តឱ្យព្រះសង្ឃស្រោចទេហ៎ប៉ា? អ៊ំអត់មែនអ្នកកាន់សីលអីផងហ្នឹង ជួយបានដែរ?»
«គ្រូថាទៅវត្តក៏បាន តែបើវត្តនៅឆ្ងាយផ្ទះ ឱ្យម្តាយអ្នកស្រោចក៏បានដែរ។ ក្មេងដូចកូនត្រូវចាំថាគុណម៉ែគុណឳមានឥទ្ធិពលអស្ចារ្យណាស់។ ឱ្យតែគោរពដឹងគុណ ធ្វើបុណ្យជាមួយអ្នកផ្តល់កំណើតកូន ក្តីសុខនឹងនៅមិនឆ្ងាយពីកូនឡើយ»
«អ៎! កូនយល់ហើយ! ព្រះរស់ក្នុងផ្ទះ… និយាយពីរឿងនៅកំដរ ឬក៏នាំដើរពេលថ្ងៃ ទុកចិត្តលើកូនចុះ! តែបើរឿងពេលយប់ កូនសុំឆ្លើយថា No ហើយ!»
១ខែក្រោយមក…
ដូចសព្វមួយដង គ្រួសារយើងតែងអង្គុយញ៉ាំអាហារពេលល្ងាចជុំគ្នានៅលើទោងធំ ក្នុងសួនច្បារខាងក្រោយផ្ទះ។ ខានឃើញទឹកមុខស្រស់ញញឹមនៅលើមុខគ្រប់គ្នាយូរគ្រាន់ហើយដែរ ព្រោះតែមុននេះ យើងរវល់ខ្វល់ចិត្តនឹងបងណៃ តែពេលនេះអ្វីៗល្អប្រសើរជាងមុនហើយ តែក៏ត្រូវនៅស្រោចទឹករាល់ថ្ងៃសីល ដើម្បីបង្ការរឿងហេតុទុកមុន។
យើងក៏បានផ្លាស់ប្តូរកន្លែងមកលក់នៅមុខផ្ទះវិញ ដើម្បីគេចចេញពីអ្នកជិតខាងចិត្តជាបិសាចនោះ ហើយការរកស៊ីយើងក៏នៅតែកាក់កប និងសឹងតែនិយាយបានថាល្អជាងមុនទៀត ព្រោះទីតាំងក៏ល្អ អាហារក៏ឆ្ងាញ់ សេវាក៏ដិតដល់ លក់មិនដែលសល់ មានតែឆាប់អស់។
និយាយពីរឿងធ្វើអំពើអីហ្នឹង ប៉ាខ្ញុំធ្លាប់នឹកគិតចង់ធ្វើតបដាក់គេវិញ ឱ្យគេស្គាល់រសជាតិម្តងដែរ តែអ៊ំស្រីចិត្តធម៌ និងអ្នកផ្ទះចិត្តព្រះរបស់ខ្ញុំ បានប្រឆាំងដាច់ខាត ហើយពាក្យពេចន៍ដែលខ្ញុំចាំមិនភ្លេចដល់រាល់ថ្ងៃនេះ គឺជាសម្តីរបស់អ៊ំស្រីតែម្នាក់របស់ខ្ញុំ…
ថ្ងៃនោះ គាត់ឆ្លើយតបនឹងប៉ាខ្ញុំថា «បើធ្វើទៅធ្វើមក នឹងត្រូវបន្តដល់កូនចៅ ដែលគ្នាមិនដឹងអីដូចណៃអ៊ីចឹង។ ពៀរមិនអាចរំងាប់ ដោយការចងពៀរឡើយ…យើងធ្វើតែរឿងល្អៗទៅ ពេលខ្លះ យើងសុខចិត្តចាញ់ តែយើងជាព្រះ ប្រសើរជាងធ្វើជាអ្នកឈ្នះ តែជាមារ»។
ភ្លេចប្រាប់ទៅថា…ថ្ងៃនេះជាថ្ងៃពិសេស ព្រោះជាថ្ងៃខួបកំណើតខ្ញុំ! ទោះបីអាយុឈានចូល ២០ឆ្នាំឆ្នាំថ្មីនេះហើយក៏ដោយ ខ្ញុំនៅតែចូលចិត្តអារម្មណ៍ពេលបើកមើលកាដូថ្ងៃកំណើតម្តងមួយៗ ក្រោយពេលផ្លុំនំខួបរួច។
«បងណៃ! ម៉េចឆ្នាំនេះអត់មានកាដូឱ្យខ្ញុំអ៊ីចឹង?»
«ម៉េចថាអត់? ឆ្នាំនេះពិសេសមហាពិសេសហើយ! ក្រែងថាចង់ស្គាល់រសជាតិបោះតង់នឹងគេហី? បងសុំពូមីងឱ្យហើយហើយ យើងទៅថ្ងៃអាទិត្យនេះឯង។ ត្រៀមតែរបស់របរចាំបាច់ និងស្តាយថតរូប ហើយចាំធ្វើជាព្រះនាងចុះ»
«មែនក៏អី? ណាគេទៅខ្លះ? អេ៎! សល់តែប៉ុន្មានថ្ងៃទៀតហ្នឹង។ ត្រូវត្រៀមអីខ្លះទៅបង? តែសុំអត់គេងម្នាក់ឯងទេណា៎ ប្រាប់មុនឱ្យហើយ!»
«បងដឹងហើយ ដាមួយនេះរឹងមាំតែឈ្មោះទេ តែម្ចាស់ជាក្មេងកំសាក! ចាំតិចទៀត បង add ចូល group អ្នកទៅជាមួយ ស្រួលនិយាយគ្នា។ សុទ្ធតែមិត្តភក្តិបងទេ ឯងក៏ស្គាល់ដែរ»
«យេៗៗៗ!!! ទៅរៀបខោអាវសិន! ប៉ាម៉ាក់ ចាំស្អែកព្រឹក ចាំកូនលាងចាន…»
យប់ថ្ងៃបោះតង់…
ពួកម៉ាកបងខ្ញុំ ពូកែរកកន្លែងណាស់! ស្ងាត់ដាច់ពីគេ មានតែយើងតែម្តង…នេះបានគេហៅថាដំណើរផ្សងព្រេងពិតៗ!!! តង់ខ្ញុំរាងធំជាងគេ អាចគេងបាន២នាក់ ជាមួយមិត្តស្រីរបស់បងឌីនជាសម្លាញ់របស់បងណៃ។ ឯបងណៃនៅក្បែរៗយើង គេងលើអង្រឹងដើរព្រៃ មានមុងមានដំបូលអីម៉ាអ៊ែមផស់គាត់!
ក្រោយពីញ៉ាំសាច់អាំងជុំគ្នាហើយ ម្នាក់ៗក៏ប្រមូលផ្តុំគ្នាអង្គុយនៅជុំវិញភ្នក់ភ្លើងដែលបង្កាត់តាំងពីក្បាលព្រលប់ ដាក់វេនគ្នានិយាយរឿងកំប្លែងចែកគ្នាសើចផង ញ៉ាំប៊ីយ៉ែរកម្តៅខ្លួនផង។ ទិដ្ឋភាពមួយនេះ ពិតជាដូចអ្វីដែលខ្ញុំរំពឹងទុកមែន! ក្រឡេកទៅខាងណាក៏ងងឹងស្លុប មើលមិនឃើញថាជាដើមឈើ ទឹកជ្រោះ ឬក៏ទីទួលឡើយ។ តែភ្នែកកំសាកដូចខ្ញុំ គ្មានហ៊ានមើលទៅណាក្រៅពីម្តុំយើងអង្គុយនេះឡើយ។
យូរម្តងៗមានខ្យល់បក់រាងខ្លាំងបន្តិច ស្ទើរតែធ្វើឱ្យភ្នក់ភ្លើងយើងរលត់ ហើយអ្នកខ្លះចាប់ផ្តើមរេភ្នែកឡើងក្រឡេកក្រឡង់សម្លឹងគ្នាទៅវិញទៅមក ក្នុងចិត្តប្រាកដជានឹកគិតរឿងដូចគ្នាតែមិនហ៊ានស្តីវាចា។ តែពេលធម្មតា គឺមានតែសំឡេងទឹកហូររឹមៗ និងសត្វតូចៗស្រែកយំបន្តគ្នាឥតដាច់។
អង្គុយបានយូរបន្តិច បងស្រីគេងតង់ជាមួយខ្ញុំ ចាប់ផ្តើមងងុយគេង ហើយយើងក៏សុំគេទៅចូលគេងមុន។ បងប្រុសៗក៏នៅអង្គុយជជែកគ្នាបន្ត។
មកដល់ក្នុងតង់ រាងស្វាងតិចៗ ខ្ញុំក៏ចុចទូរសព្ទលេងតាមទម្លាប់អាក្រក់មុនចូលគេង។ នៅព្រៃជ្រៅបែបនេះ អត់មានសេវាទេ កុំថាឡើយអ៊ីនធឺណិត អ៊ីចឹងហើយមានតែដេកមើលរូបភាពដែលបានថតក្នុងដំណើរថ្ងៃនេះ។ មើលចុះមើលឡើង ខ្ញុំក៏ចាប់អារម្មណ៍រូបមួយសន្លឹក ដែលថតជាប់ដោយចៃដន្យមុននេះបន្តិច…Zoom មើលឱ្យជិតទៅ ដូចជាមានស្រមោលស្ទង់ៗនៅពីក្រោយតង់នេះ!!!
មិនចង់គិតច្រើន ខ្ញុំអូសទៅមើលរូបផ្សេងវិញ តែចម្លែកណាស់! មានអារម្មណ៍ថា មើលឃើញស្រមោលនោះនៅក្នុងសឹងតែគ្រប់រូប! ពេលក្រឡេកភ្នែកឃើញថាម៉ោង១២ជាងហើយ ខ្ញុំក៏ប្រញាប់បិទទូរសព្ទ។ ដៃលូកចាប់យកខ្សែកព្រះដែលប៉ាបានពាក់ឱ្យ មុនពេលចេញពីផ្ទះ មកកាន់ក្នុងដៃជាប់ ងើបខ្លួនសំពះខ្នើយគេងចំនួន ៣ដង។ ហើយទាញភួយមកគ្របក្បាលជិត ព្យាយាមសូត្រធម៌ដែលចេះចាំក្នុងចិត្ត។
សំងំទើបបានបន្តិច… មានអារម្មណ៍ថាដូចត្រជាក់ៗខុសធម្មតា ហើយខ្យល់ខាងក្រៅក៏ចាប់ផ្តើមបក់ខ្លាំងឡើងៗ បើមើលតាមរូបរាងតង់រេចុះឡើង។ មួយសន្ទុះក្រោយមក ក៏ឮសំឡេងអ្នកខាងក្រៅស្រែកអឺងកងនៅខាងក្រៅ ធ្វើឱ្យខ្ញុំភ័យស្លន់ស្លោ… កេះដាស់បងស្រីកំពុងគេងលក់ ងើបចេញទៅក្រៅមើលបានជាគ្នាទាំងមមីមមើ។
«អាណៃ! ឯងទៅងូតទឹកអីថ្មើរហ្នឹង? អានេះវ៉ី! ហែងអត់ត្រជាក់ទេហី?»
«ឆាប់ឡើងមកដេកមកវ៉ើយ! គេចូលដេកអស់ហើយ»
«អាណៃអើយ! កុំកូរគេទាំងយប់មើល៎! តស់!ចូលដេក!!!»
ឮតែបែបនេះ ហើយឃើញបងណៃកំពុងអង្គុយលេងបាចទឹក សើចសប្បាយម្នាក់ឯង ខ្ញុំក៏នឹកឃើញទាញនាឡិកា Smart watch នៅនឹងដៃមកមើលមុនគេ…
ដូចការសង្ស័យមែន!
ម៉ោង ១ទៀតហើយ…!!!