“ករណីអគ្គិភ័យឆាបឆេះសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ពេលនេះទទួលដំណឹងថាបានរកឃើញសាកសពមនុស្សស្រីម្នាក់ទៀតហើយដែលកប់ក្រោមគំនរបែកបាក់នៃសណ្ឋាគារ។ តាំងពីថ្ងៃកើតហេតុរហូតមកដល់ថ្ងៃចន្ទនេះ ឃើញថាចំនួនមនុស្សបានរកឃើញគ្រប់១៦នាក់រួចហើយ ក្នុងនោះរបួសស្រាល១០នាក់ របួសធ្ងន់៥នាក់ និងស្លាប់បាត់បង់ជីវិតម្នាក់។ ចំណែកសាកសពមនុស្សស្រីដែលបានរកឃើញកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រាយការណ៍ពីនាងខ្ញុំ សាន វីណា រក្សាសិទ្ធិដោយ NEWS Today”
សំឡេងបន្លឺតាមរយៈទូរទស្សន៏កំពុងចាក់នូវព័ត៌មានថ្ងៃនេះ អ្នកគ្រប់គ្នាបែរចក្ខុមកសម្លឹងអេក្រង់ដែលភ្ជាប់នៅលើជញ្ជាំងនៅក្នុងមន្ទីរពេទ្យជាន់ក្រោម។ ខ្ញុំក៏ចូលរួមតាមដាននឹងគេដែរ ការងារគ្មានប្រាក់ខែរបស់ខ្ញុំជោគជ័យមួយទៀតហើយ មានរឿងប្លែកជាច្រើនសម្រាប់ខ្លួនខ្ញុំ តែមនុស្សធម្មតាគិតថាវាជារឿងសាមញ្ញដែលត្រូវកើតឡើង។
ពេលខ្លះក៏ធ្វើជាអ្នកផ្ដល់កម្លាំងចិត្តលើកទឹកចិត្តដល់គេ ពេលខ្លះទៀតក៏ត្រូវធ្វើជាប៉ូលិសស៊ើបរឿងក្ដីតាមរកឃាតកៈជូនជនរងគ្រោះ ហើយពេលខ្លះទៀតក៏ធ្វើជាមេធាវីការពារកូនក្ដីដោះស្រាយនូវរាល់បញ្ហាផ្សេងៗដែលកូនក្ដីកំពុងជួបប្រទះ។ សុទ្ធតែខុសពីអ្វីដែលខ្ញុំកំពុងធ្វើឥឡូវនេះ វាពិតជាហត់ណាស់ដែលត្រូវមានការងារច្រើនបែបនេះ តែក៏សប្បាយចិត្តញញឹមចេញនៅពេលឃើញព័ត៌មានចេញផ្សាយម្ដងៗ។ វាជាការងារក្រៅម៉ោងដែលព្រហ្មលិខិតកំណត់ឱ្យខ្ញុំជួយមនុស្សលោកតែខ្ញុំមិនមែនទេវតាទេ។ អ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងហើយថាខ្ញុំជាអ្នកណាហើយធ្វើការងារអី។
ខ្ញុំឈ្មោះវីន វិជ្ជរ៉ា ជាបុគ្គលិកនៅក្នុងមន្ទីរពេទ្យគឺជាអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ឬអ្នកជំងឺផ្សេងៗ ឬក៏ដឹកសាកសពដែលត្រូវមកធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ។ កំពុងតែឈរញញឹមជាមួយព័ត៌មាន ខ្ញុំក៏ទទួលបាននូវការងារទាំងព្រឹកតែម្ដង។
ប៉ូលិសបានតេហៅឡានពេទ្យខាងមន្ទីរពេទ្យរបស់យើងឱ្យមកដឹកសាកសពមួយនៅម្ដុំគំនរសំរាមស្ទឹងមានជ័យ ដើម្បីយកមកធ្វើកោសល្យវិច័យ។ក្រុមការងាររួមទាំងខ្ញុំត្រូវចេញដំណើរទៅតាមភារកិច្ចគឺដឹកសាកសពដែលមិនស្គាល់ប្រភពថាជាអ្នកណា មកពីណាស្លាប់ដោយសារអ្វីនោះមកមន្ទីរពេទ្យ។
——————————————————
ប៉ូលិសបានធ្វើអន្តរាគមន៍ព័ទ្ធខ្សែជុំវិញកន្លែងប្រទះឃើញសាកសពដើម្បីការពារការចោមរោមពីសំណាក់មហាជនដែលនៅឈរមើលព្រោងព្រាតនោះអាចធ្វើឱ្យបាត់ភស្តុតាងឬតម្រុយណាមួយពីជនរងគ្រោះនៅកន្លែងកើតហេតុ ដរាបណានៅមិនដឹងសេចក្ដីលម្អិតនិងមូលហេតុស្លាប់របស់ជនរងគ្រោះ។
តាមដែលដឹងសាកសពត្រូវបានរកឃើញមុនគេដោយអ៊ំប្រុសម្នាក់ គាត់ដឹកសំរាមមកចោលបានឃើញ ហើយក៏ផ្អើលឆោឡោដល់មនុស្សម្នាជុំវិញកន្លែងនោះព្រមទាំងសមត្ថកិច្ចប៉ូលិសចុះមកធ្វើអន្តរាគមន៍ផងដែរ។ ជនរងគ្រោះជាមនុស្សស្រីវ័យជំទង់មើលតាមសភាពខាងក្រៅប៉ូលិសអាចសន្និដ្ឋានបានថាជាករណីឃាតកម្ម។
នៅលើខ្លួនជនរងគ្រោះមានគ្របក្រណាត់សតាំងពីក្បាលដល់ចុងជើងបញ្ជាក់ថាមានមនុស្សមានបំណងយកមកបោះចោលនៅទីនេះដោយគ្មានបន្សល់នូវភស្តុតាងឬវត្ថុអីដែលជាតម្រុយអាចកំណត់មុខសញ្ញាឃាតកៈបានឡើយ។
ករណីនេះមានតែត្រូវកំណត់អត្តសញ្ញាណនិងព័ត៌មានលម្អិតពីជនរងគ្រោះឱ្យច្បាស់សិន ព្រមទាំងសាកសួរចម្លើយពីមនុស្សដែលបានឃើញសាកសពមុនគេនិងសមាជិកគ្រួសារជនរងគ្រោះ។ អ្វីដែលគួរឱ្យសង្ស័យជាងនេះទៅទៀតនោះរាងកាយជនរងគ្រោះគ្មានរបួសស្នាមត្រង់កន្លែងណាដែលថាអាចបណ្ដាលឱ្យស្លាប់ឡើយ រាងកាយគឺមានតែការឡើងក្រហមពេញខ្លួនដោយខុសពីសភាពមនុស្សស្លាប់ដទៃទៀត។ ក្រៅពីនោះនៅបានឃើញក្រណាត់ខ្មៅបីធ្នាប់ដៃរុំជុំវិញភ្នែកហើយក៏គ្មានឃើញចំណុចសង្ស័យអ្វីទៀតឡើយ។
គ្រែដឹកសាកសពបានរុញទៅដល់តែប៉ូលិសក៏មិនទាន់ឱ្យចូលភ្លាមៗដែរ ខ្ញុំមិនមែនជាអ្នកត្រូវទៅលើកសាកសពនោះទេ ដូច្នេះហើយខ្ញុំនៅឈរក្បែរឡានដើម្បីចាំទទួលតែប៉ុណ្ណោះ។ ខ្ញុំស្រាប់តែក្រឡេកភ្នែកទៅឃើញមនុស្សស្រីស្លៀករ៉ូបពណ៌សវែងឈរនៅក្បែរប៉ូលិសម្នាក់កំពុងសម្លឹងមើលទៅសាកសព។ ខ្ញុំមើលមុខនាងមិនច្បាស់ទេព្រោះតែនាងឈរចំហៀងហើយបាំងសក់ តែដូចជាមិនមែនមនុស្ស មិនច្បាស់នៅក្នុងចិត្តខ្ញុំក៏ញីភ្នែកខ្លួនឯងបន្ថែមទៀត ខ្លាចក្រែងព្រិលភ្នែកមិនទាន់ស្វាងពីដំណេកកាលពីយប់មិញ។
គ្មានទេបើកភ្នែកត្រឡប់មកវិញគឺបាត់ហើយ ខ្ញុំខំប្រឹងសម្លឹងទៅកន្លែងផ្សេងទៀតតែគ្មានឃើញអ្វីសោះសូម្បីស្រមោល បាត់ឈឹងត្រឹមតែមួយប៉ប្រិចភ្នែកដូចមនុស្សចេះបំបាំងកាយ។ ខ្ញុំប្រាកដក្នុងចិត្តថាអ្វីដែលខ្ញុំឃើញអម្បាញ់មិញនេះមិនមែនមនុស្សទេ ច្បាស់ជាវិញ្ញាណសាកសពនោះហើយ ខ្ញុំថែមទាំងច្បាស់ទៀតថានាងទើបតែស្លាប់កាលពីថ្ងៃអាទិត្យម្សិលមិញ។
សាកសពដឹកដល់មន្ទីរពេទ្យដោយរលូនគ្មានរឿងខុសសង្កេតណាមួយគួរឱ្យកត់សម្គាល់ទេ។ គ្រប់គ្នាចេញពីបន្ទប់អស់នៅសល់តែខ្ញុំ កាលទៅដឹកសាកសពខ្ញុំបានឃើញដូចជាវិញ្ញាណនាង។ ពេលនេះខ្ញុំក៏មិនទាន់អស់ចិត្តយ៉ាងត្រូវតែរង់ចាំមើលពីភាពមិនប្រក្រតីនៃសាកសពមួយនេះ។ ខ្ញុំមិនមែនជាមនុស្សងប់ងល់លើជំនឿអរូបិយទេ តែខ្ញុំក៏ធ្លាប់ជួបផ្ទាល់ជាមួយវិញ្ញាណនិងធ្លាប់ជួយពួកគេផងដែរ។
នៅក្នុងបន្ទប់ងងឹតជុំវិញភ្លឺតែកន្លែងគ្រែសាកសពប៉ុណ្ណោះ។ បន្ទប់គ្មានបង្អួច ទ្វារក៏បិទ តែមានអារម្មណ៍ថារងាព្រឺហើយត្រជាក់ខុសពីធម្មតាដូចមានខ្យល់ចេញចូល។ មិនថ្វីទេ ទោះត្រូវរងារឱបដៃក៏គ្មានបញ្ហា ខ្ញុំនៅតែក្លាហានឈរនៅក្នុងបន្ទប់នោះម្នាក់ឯង ដើម្បីចង់ដឹង ទោះរឿងនោះគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំ។
មនុស្សធម្មតានៅសុខៗមិនមែនខ្មោចមកបង្ហាញខ្លួនឱ្យឃើញងាយៗទេ ពួកគេមានតែចង់សុំជំនួសពីយើងឬក៏មានអ្វីដែលពាក់ព័ន្ធជាមួយគ្នាហើយ។
ស្របពេលនោះដែរមានមនុស្សប្រុសម្នាក់វ័យប្រហែល២៨ឆ្នាំ ខ្ញុំស្គាល់ច្បាស់ថាគាត់ជាគ្រូពេទ្យមានឈ្មោះថាឈុន សុវណ្ណ ល្បីថាគាត់ជាគ្រូពេទ្យចិត្តល្អម្នាក់អ្នកជំងឺជាច្រើនគោរពស្រឡាញ់គាត់ណាស់ ព្រោះគាត់ជាព្យាបាលអ្នកជំងឺមិនរើសអើងមានក្រឡើយ ថែមទាំងចេះជួយយកអាសាមើលថែទាំអ្នកជំងឺដូចជាក្រុមគ្រួសារតែមួយ។ ពេលនេះគាត់បែរជាមកធ្វើខ្លួនលឹបលនៅមុខបន្ទប់ដាក់សាកសពមួយនេះទៅវិញ។ គាត់ងាកឆ្វេងងាកស្ដាំទាល់តែប្រាកដក្នុងចិត្តថាគ្មាននរណាឃើញគាត់ទើបរុញទ្វារចូលមកទាំងមិនដឹងថាខ្ញុំនៅខាងក្នុងនេះដែរ។
“វិជ្ជរ៉ា!”
គាត់ហៅឈ្មោះខ្ញុំទាំងភ្ញាក់ព្រើត ទឹកមុខដូចជាស្លន់ៗយ៉ាងមិញមិនដឹងទេ ពេលដែលដឹងថាខ្ញុំនៅខាងក្នុងនេះ
“ម៉េច…បានជាមកនៅទីនេះ” គាត់បន្តសួរមកខ្ញុំទាំងអការៈភ័យៗជាមួយស្នាមញញឹមបន្លប់។
“ខ្ញុំជាអ្នកសួរសំណួរនេះទៅលោកគ្រូពេទ្យទើបត្រូវ លោកគ្រូពេទ្យមកទីនេះមានការអ្វី?”
“គឺ…ខ្ញុំ! ខ្ញុំមកមើលសាកសពជនរងគ្រោះ” គាត់ឆ្លើយរដាក់រដុបរៀបពាក្យនិយាយមិនចង់ត្រូវ
“លោកគ្រូពេទ្យមកធ្វើកោសល្យវិច័យមែនទេ?”
គាត់មិនមែនជាពេទ្យពិនិត្យសាកសពទេ ចម្លើយរបស់គាត់ធ្វើឱ្យខ្ញុំអត់សួរបន្តមិនបាន អការៈគាត់កាន់តែឱ្យខ្ញុំសង្ស័យថែមទៀត។ គាត់លើកវ៉ែនតាឡើងបន្តិចតបសំណួរខ្ញុំដោយទឹកមុខធម្មតាវិញជាមួយនឹងសំណើចចុងមាត់។
“លោកក៏ដឹងដែរថាខ្ញុំមិនមែនពេទ្យពិនិត្យសាកសពទេ។ ខ្ញុំគ្រាន់តែចូលមកមើលធម្មតាក្នុងនាមជាគ្រូពេទ្យ បើសិនជាខ្ញុំស្គាល់នឹងអាចផ្ដល់ព័ត៌មានដល់គ្រួសារនៃសពព្រោះឮថាប៉ូលិសនៅមិនទាន់កំណត់អត្តសញ្ញាណនិងសាច់ញាតិជនរងគ្រោះបាននៅឡើយទេ។”
មើលទៅគាត់ដូចជាចាប់អារម្មណ៍ជាមួយរឿងនេះណាស់ ថែមទាំងទទួលបានដំណឹងលឿនទៀត។ ខ្ញុំក៏និយាយបែបស៊កសៀតទៅគាត់វិញ
“អរគុណលោកគ្រូពេទ្យជំនួសជនរងគ្រោះផងដែលឧស្សាហ៍មានទឹកចិត្តបែបនេះ”
ភ្នែកខ្ញុំដៀងមើលទៅគ្រែដែលមានក្រណាតសគ្របពីលើនោះបន្តិចទើបងាកមកបន្តនិយាយជាមួយគាត់ទៀត
“តែទុកតួនាទីនេះឱ្យប៉ូលិសវិញល្អជាង លោកគ្រូពេទ្យនឹងមិនបាច់ខាតពេលក្នុងការមើលថែអ្នកជំងឺ”
“ត្រូវហើយខ្ញុំមិនគួរចេះដឹងច្រើនពេកទេ ចឹងខ្ញុំទៅសិនហើយព្រោះមានអ្នកជំងឺត្រូវព្យបាលជាច្រើនទៀត” គាត់ញញឹមចុងមាត់ហើយក៏បែរខ្នងចេញទៅ។
ក្នុងចិត្តខ្ញុំដូចជាមិនស្រួលសោះ ចេះតែមានអារម្មណ៍ប្លែកៗជាមួយសាកសពនេះ។ មានអារម្មណ៍ថាវិញ្ញាណនាងកំពុងនៅក្នុងបន្ទប់នេះជាមួយខ្ញុំគ្រាន់តែខ្ញុំមិនអាចមើលឃើញ។ ខ្ញុំបែរក្រោយរួចឈានជើងទៅមុខមួយជំហានបម្រុងនឹងចេញពីបន្ទប់នេះដែរ ប៉ុន្តែអំពូលនៅក្នុងបន្ទប់ស្រាប់ភ្លឹបភ្លែតៗចង់រកដាច់ កម្លាំងខ្យល់បក់មកពីណាមិនដឹងធ្វើឱ្យក្រណាត់សគ្របសាកសព របើកបង្ហាញឱ្យឃើញរាងកាយសាកសពត្រឹមស្មាឡើងលើ។ ភ្នែករុំដោយក្រណាត់ខ្មៅបីធ្នាប់ដៃនោះគឺមានឈាមហូរចេញមកហាក់ជំនួសឱ្យទឹកភ្នែកដែលឈឺចាប់ពើតផ្សាពិបាកពណ៌នា។
ខ្ញុំចាប់ផ្ដើមមិនស្រួលទៀតហើយ ជាមួយអំពូលម្ដងភ្លឺម្ដងងងឹតនិងឈាមដែលហូរជំនួសទឹកភ្នែកនោះ។ ភ្នែកខ្ញុំសម្លឹងទៅជុំវិញបន្ទប់ទាំងអារម្មណ៍វិលវល់ ចិត្តមួយចង់ដឹងថាមានរឿងអ្វីកើតឡើងជាមួយហេតុការណ៍នេះ តែចិត្តមួយទៀតដូចជាភ័យខ្លាចចង់ចេញពីទីនេះ។ ពិបាកបែងចែកមិនដឹងថាត្រូវទៅឬនៅចាំឱ្យនាងចេញមកចួបខ្ញុំសិន។
នៅសុខៗអំពូលក៏ភ្លឺធម្មតាវិញតែខ្ញុំបែរជាឃើញស្រមោលមនុស្សមួយវឹប ដើរលឿនស្លេវដូចហោះកាត់មុខបន្ទប់។ ខ្ញុំដូចជាលែងខ្លាចលែងចង់នៅចាំអ្នកណាចេញមកជួបហើយ ពេលនេះត្រូវតែប្រញាប់បើកទ្វារតាមមើលឱ្យច្បស់ថាអម្បាញ់មិញជាមនុស្សឬខ្មោច។
តែក៏មិនទាន់ ចេញមកបាត់ស្រមោលទៀតហើយ។
នៅខាងមុខមានតែគិលានុបដ្ឋាយិកានិងសាច់ញាតិអ្នកជំងឺតាមបន្ទប់ប៉ុណ្ណោះ។
ខ្ញុំចេះតែបោះជំហានហែរៗទៅមុខឆ្លងកាត់បន្ទប់ពីមួយទៅមួយរហូតដល់ជណ្ដើរ ឃើញលោកគ្រូពេទ្យឈុន សុវណ្ណ កំពុងនិយាយទូរសព្ទជាមួយនរណាមិនដឹង ខ្ញុំស្ដាប់ឮតែសំឡេងលោកគ្រូពេទ្យប៉ុណ្ណោះ ឯខ្សែទូរសព្ទម្ខាងទៀតខ្ញុំក៏មិនដឹងថាគេជាប្រុសឬស្រីដែរ។
“សាកសពប៉ូលិសរកឃើញហើយពេលនេះកំពុងនៅមន្ទីរពេទ្យ។ ប៉ូលិសមិនទាន់ពិនិត្យឃើញអ្វីជាសាច់ការទេគ្រាន់តែសន្និដ្ឋានថាជារឿងក្ដីឃាតកម្ម”
គាត់ឈប់បន្តិចចាំស្ដាប់ពីដៃគូម្ខាងទៀតទើបបន្ត
“រឿងដល់ខ្លួនហើយឯងនៅសប្បាយចិត្តទៀតអ្ហេស៎? បានហើយមិនបាច់មកទេ”
គាត់ចុចផ្ដាច់ទូរសព្ទព្រមទាំងងាកមើលជុំវិញខ្លាចមានមនុស្សមកស្ដាប់ឮគាត់និយាយ។ តែគាត់មិនដឹងទេថាខ្ញុំបានស្ដាប់ឮរឿងគាត់និយាយទាំងអស់។
គាត់ឡើងមកលើវិញទាំងប្រញាប់ជាហេតុធ្វើឱ្យខ្ញុំត្រូវរត់រកកន្លែងពួនជាបន្ទាន់។ ប្រញាប់ប្រញាលពេកមិនដឹងទៅណាមានតែចូលទៅបន្ទប់អ្នកជំងឺក្បែរនោះ។
ខ្ញុំតាមមើលរហូតគាត់ដើរផុត ទើបដកដង្ហើមមួយឃូសម្រួលអារម្មណ៍ សំណាងបន្ទប់ដែលខ្ញុំចូលមានតែអ្នកជំងឺម្នាក់ហើយគាត់មិនទាន់ដឹងខ្លួនទៀត កុំអីចប់ហើយខ្ញុំ។
ក្រលៀសភ្នែកមើលជុំវិញបន្ទប់ហើយក៏មើលអ្នកជំងឺដែរ គាត់ប្រហែលទើបតែវះកាត់ភ្នែកហើយមើលទៅបានជារុំក្រណាត់ខ្មៅ។
“ក្រណាត់ខ្មៅ!!”
ខ្ញុំនិយាយផ្ទួនគ្នាពីរដងទាំងភ្ញាក់ផ្អើល។ ពេលដែលឃើញវានៅលើភ្នែកអ្នកជំងឺទើបខ្ញុំចាប់ភ្លឹកថាសាកសពនោះក៏មានរុំក្រណាត់ខ្មៅដូចគ្នា។
ពេទ្យដែលវះកាត់គ្រាប់ភ្នែកគឺ…លោកគ្រូពេទ្យឈុន សុវណ្ណ អ៊ីចឹងប្រាកដជាមានអ្វីពាក់ព័ន្ធគ្នា គួបផ្សំជាមួយឫកពាចម្លែកៗ ការនិយាយទូរសព្ទដែលខ្ញុំស្ដាប់អម្បាញ់មិញ គាត់អាចជាជនសង្ស័យក្នុងចំណោមឃាតកៈឬអាចជាឃាតកៈ។
ហេតុអ្វីបានជាគាត់សម្លាប់នាង? គាត់ហើយនិងជនរងគ្រោះត្រូវជាអ្វីនឹងគ្នា? ហើយអ្នកដែលនិយាយទូរសព្ទជាមួយគាត់មិញនេះជាអ្នកណា? ឬក៏គេជាឃាតកៈដែរ?
ខួរក្បាលខ្ញុំពេញដោយសញ្ញាសួរជាមួយសំណួរដែលសួរហើយត្រូវរកចម្លើយខ្លួនឯង។ ខ្ញុំមិនអាចឈរឱបដៃមើលទេទោះគ្មានអ្វីពាក់ព័ន្ធគ្នា តែខ្ញុំនឹងជួយនាងតាមចាប់ឃាតកៈពិតយកមកដាក់ទោសឱ្យបានកុំបារម្ភអី។
និយាយចប់ភ្លាមអំពូលស្រាប់តែភ្លឹបភ្លែតម្ដងទៀត។ ឬនេះជាសញ្ញាបញ្ជាក់ថានាងក៏នៅទីនេះហើយកំពុងស្ដាប់អ្វីដែលខ្ញុំនិយាយ។
“ចេញមក! ខ្ញុំដឹងថានាងនៅទីនេះ”
មិនឃើញអ្វីទេ អំពូលក៏ម្ដងភ្លឺម្ដងងងឹតដដែល។ ខ្ញុំក៏ស្រែកហៅនាងម្ដងទៀត
“បើចង់ឱ្យខ្ញុំជួយនាងត្រូវចេញមកនិយាយគ្នា មិនមែនមកបន្លាចខ្ញុំចឹងទេ” ក្លាហានពេកហើយខ្ញុំ។
ហៅខ្មោចចេញមកជួបដូចអត់មានខ្លាចអីតិច។ ភ្នែកខ្ញុំកំពុងប្រឹងបើកប៉ុនពងទាសម្លឹងគ្រប់ទិសអស់ហើយមិនហ៊ានព្រិចទេ នាងនៅតែមិនទាន់បង្ហាញខ្លួន។
“ភ្លឹប”
អំពូលរលត់ឈឹងក្នុងបន្ទប់ងងឹតមើលឃើញតែស្រមោលស្ទង់ៗប៉ុណ្ណោះ។ លេងមែនទែនហើយពេលនេះ។
“ខ្ញុំ នៅ ទី នេះ”
សំឡេងនាងយឺតៗមួយៗឮហើយធ្វើឱ្យខ្ញុំព្រឺឆ្អឹងខ្នង។
នាងនៅទីណាខ្ញុំមិនទាន់ដឹងទេ។ មានអារម្មណ៍ថាខ្នងខ្ញុំត្រជាក់ទៅៗដូចមានអ្វីនៅពីក្រោយ ខ្ញុំងាកទៅសន្សឹមៗតែវាធ្វើឱ្យខ្ញុំស្ទើរលស់ព្រលឹងមកវិញព្រោះតែ…
នាងស្លៀករ៉ូបសត្រឹមកំភួនជើងដៃវែង សក់វែងទម្លាក់មកមុខទាំងអស់ មុខមាត់នាងគួរឱ្យខ្លាចណាស់។ កនាងកាច់ចុះឡើងធ្វើឱ្យខ្ញុំរត់បែរក្រោយយ៉ាងលឿន ប៊ិះទម្លុះជញ្ជាំងទៅហើយតែចេះមានគ្រែអ្នកជំងឺនៅទីនេះទប់។
“នាង…នាងជួយធ្វើយ៉ាងម៉េចក៏បានដែរ ឱ្យ…ឱ្យរូបរាងនាងស្អាតជាងនេះបន្តិចទៅ” ខ្ញុំនិយាយទាំងញ័រ បិទភ្នែកយកដៃខ្ទប់ពីលើទៀត។
ខ្ញុំធ្លាប់ជួបវិញ្ញាណឬព្រលឹងច្រើនមែន តែពួកគេសុទ្ធមកបែបល្អៗមិនដែលលងធ្វើឱ្យខ្ញុំខ្លាចទេ។
“លោកអាចបើកភ្នែកបាន កុំធ្វើឱ្យខ្ញុំយល់ថាខ្លួនឯងគួរឱ្យខ្លាចអី”
“នាងប្រែរូបរួចហើយអ្ហេស៎?” ខ្ញុំបើកភ្នែកតិចៗមើលតាមប្រលោះម្រាមដៃឃើញថាអំពូលភ្លឺវិញហើយទើបសម្រេចចិត្តយកដៃចេញរួចបើកភ្នែកមួយៗ ។
សភាពនៅក្នុងបន្ទប់គឺធម្មតាវិញទាំងអស់រូបរាងនាងក៏អាចថាមិនគួរឱ្យខ្លាចដូចមុន។
“ខ្ញុំសោកស្ដាយណាស់ដែលមិនអាចនៅមើលថែម៉ាក់បាន រឿងដែលខ្ញុំចង់ពឹងលោកឱ្យជួយគឺ មើលថែម៉ាក់ជំនួសខ្ញុំផង” នាងដើរទៅរកគ្រែអ្នកជំងឺដែលនៅក្នុងបន្ទប់នេះ ពេលនេះខ្ញុំទើបដឹងថាគាត់គឺជាម៉ាក់នាង។
“ខ្ញុំប្រាកដជាមើលថែគាត់ឱ្យបានល្អ ទោះនាងនិងខ្ញុំមិនត្រូវជាអ្វីនឹងគ្នាក៏ដោយ។ នាងមាននៅចាំមុខឃាតកៈដែរទេ? ហើយចង់ឱ្យគេសងនូវអ្វីដែលគេបានធ្វើមកលើនាងអត់?”
ខ្ញុំនិយាយបែបនឹងមិនមែនចង់ឱ្យនាងចងគំនុំ ចងអាឃាតហើយសម្លាប់ឃាតកៈវិញទេ។ វិញ្ញាណនៅវិលវល់មិនទៅចាប់កំណើតភាគច្រើនបណ្ដាលមកពីចិត្តជាប់ជំពាក់ មិនទាន់អស់អាល័យជាមួយសាច់ញាតិក្រុមគ្រួសារឬមនុស្សស្និទ្ធិស្នាលណាម្នាក់ឬមិនទាន់បានរកយុត្តិធម៌សម្រាប់ការស្លាប់របស់ខ្លួនឯង។
”អ្នកដែលសម្លាប់ខ្ញុំ!…ហ៊ឹស” នាងនិយាយហើយបញ្ចេញសំណើចកំណាចចេញមកឱ្យគួរខ្លាច។ រួចនិយាយបន្តទៀត
“មុខឃាតកៈខ្ញុំស្គាល់ច្បាស់ណាស់។ គេជាមនុស្សដែលខ្ញុំធ្លាប់តែគិតថាជាមនុស្សល្អ គួរឱ្យគោរពស្រឡាញ់។ ប៉ុន្តែទាំងអស់ត្រឹមជាសំបកក្រៅដែលគ្រប់គ្នាយល់ថាល្អរួមទាំងខ្ញុំដែរ ធាតុពិតគេធ្វើដើម្បីតែផលប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ។” ទឹកមុខនាងបង្ហាញនូវគំនុំគុំគួនរួមជាមួយការខកបំណងដែលទុកចិត្តលើមនុស្សខុស។
“គេជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យនេះមែនទេ” ខ្ញុំអាចទាយដឹងមុនទៅហើយថាអ្នកណាជាអ្នកធ្វើឱ្យនាងស្លាប់ តែនៅមិនទាន់ប្រាកដចិត្តថាឃាតកៈជាគ្រូពេទ្យសុវណ្ណឬអ្នកដែលគាត់និយាយទូរសព្ទជាមួយ។
“មែនហើយ”
“នាងនិងគាត់ធ្លាប់មានបញ្ហាអីជាមួយគ្នាទេ?”
“ពួកយើងស្និទ្ធិស្នាលគ្នាណាស់មិនដែលមានបញ្ហាអ្វីទេ។ ខ្ញុំជានិស្សិតរៀននៅសាកវិទ្យាល័យមួយកន្លែងនៅភ្នំពេញ។ រាល់ពេលខ្ញុំយកម៉ាក់មកពិនិត្យភ្នែកគាត់តែងតែលើកទឹកចិត្តខ្ញុំកុំឱ្យពិបាកចិត្ត ឱ្យខ្ញុំស៊ូឡើងគង់មានថ្ងៃមួយមានអ្នកបរិច្ចាគភ្នែកដល់ម៉ាក់ខ្ញុំ។ ខ្ញុំរស់នៅតែពីរនាក់ម្ដាយកូន។ ខ្ញុំជាអ្នកទទួលបន្ទុកគ្រប់យ៉ាង ម៉ាក់ពិការភ្នែកតាំងពីខ្ញុំរៀនចប់១២។ ពេលនោះខ្ញុំបានដាក់ពាក្យប្រលងយកអាហាររូបករណ៍រៀនសាកលវិទ្យាល័យដោយមិនបាច់បង់លុយរយៈពេល៤ឆ្នាំ។ ហើយខ្ញុំក៏បានប្រលងជាប់តាមបំណង ពេលនោះខ្ញុំសប្បាយចិត្តណាស់។ ភាពសប្បាយក៏ក្លាយជាទុក្ខពេលដែលខ្ញុំមកដល់ផ្ទះដឹងថាប៉ាម៉ាក់ជួបគ្រោះថ្នាក់ចរាចរណ៍។ ប៉ាត្រូវស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ចំណែកម៉ាក់ត្រូវពិការភ្នែកព្រោះតែកញ្ចក់ឡានខ្ទាតចូលភ្នែក។ ខ្ញុំត្រូវរៀនបណ្ដើរធ្វើការបណ្ដើរសម្រាប់ផ្គត់ផ្គង់ជីវភាព។ ដោយឃើញពីភាពលំបាករបស់ខ្ញុំពេទ្យសុវណ្ណគាត់តែងតែជួយខ្ញុំជារឿយៗ ហើយគាត់ថែមទាំងបានសន្យាថាបើមាននរណាបរិច្ចាគភ្នែកឱ្យខាងមន្ទីរពេទ្យគាត់នឹងវះកាត់ឱ្យម៉ាក់ខ្ញុំមុនគេ។ ហើយគាត់បានគោរពតាមសន្យាមែន។ ម៉ាក់ខ្ញុំវះកាត់បានមួយថ្ងៃគាត់នៅមិនទាន់ដឹងខ្លួនទេ។ ពេលនោះខ្ញុំនៅគេងកំដរម៉ាក់នៅក្នុងមន្ទីរពេទ្យរហូតដល់ព្រឹកព្រោះស្អែកគឺជាថ្ងៃអាទិត្យ ជាថ្ងៃសម្រាកពីការសិក្សា កាលនោះ…..
“វិនាតញ៉ាំអីសិនទៅ ថ្ងៃនេះខ្ញុំធ្វើអាហារមកពីផ្ទះ” កំពុងអង្គុយវាយឯកសារលោកគ្រូពេទ្យយកបាយមកឱ្យ។
មិនប្លែកទេព្រោះគាត់តែងតែទិញនេះទិញនោះមករហូតឱ្យខ្ញុំនិងម៉ាក់។ ដល់ថ្ងៃអាទិត្យម្ដងៗខ្ញុំតែងមកជួយលោកគ្រូពេទ្យធ្វើវិក្កយបត្រនិងបញ្ជីផ្សេងៗទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីជួយសម្រួលកាងារគាត់។ ពេលកន្លងមកគាត់ជួយខ្ញុំនិងម៉ាក់មកច្រើនហើយដូច្នេះខ្ញុំចង់ធ្វើអ្វីតបស្នងគាត់ខ្លះ។
“ខ្ញុំសូមបង្ហើយអានេះមួយសិន។ ចំពេលល្អណាស់កំពុងឃ្លានល្មម។” ខ្ញុំងើយសម្លឹងមុខគាត់បន្តិច រួចឆ្លើយភ្ជាប់នឹងស្នាមញញឹមពព្រាយ។
“លោកគ្រូពេទ្យពិតជាពូកែមែន។ មិនត្រឹមតែជាគ្រូពេទ្យសង្ហាចិត្តល្អទេនៅចេះធ្វើម្ហូបបានយ៉ាងឆ្ងាញ់ទៀត” ខ្ញុំលាន់មាត់ឡើងក្រោយពីបានភ្លក់បាយស្នាដៃពេទ្យសង្ហាដែលគាត់កំពុងអង្គុយញ៉ាំបាយជាមួយខ្ញុំដែរ។
“ជារឿងធម្មតាទេដែលខ្ញុំត្រូវចេះធ្វើម្ហូបដោយខ្លួនឯងនោះ។ ខ្ញុំមិនដែលបានរស់នៅជាមួយឪពុកម្ដាយតាំងពីតូច។ ការងារផ្ទះដូចជាបោកខោអាវ លាងចាន បោសផ្ទះជូតផ្ទះនិងធ្វើម្ហូបអាហារបន្តិចបន្តួចខ្ញុំត្រូវចេះស្រាប់ហើយ។”
“ចុះលោកពេទ្យរាល់ថ្ងៃរស់នៅម្នាក់មែនទេ?”
“ខ្ញុំនៅជាមួយមីង។ គាត់មើលថែស្រឡាញ់ខ្ញុំដូចកូនបង្កើតចឹង។ មិនត្រឹមតែប៉ុននឹងទេគាត់នៅឱ្យខ្ញុំបានសិក្សារៀនសូត្រចប់ចុងចប់ដើមរហូតមានការងារជាគ្រូពេទ្យមកដល់សព្វថ្ងៃ។”
“លោកពេទ្យក៏សំណាងដែរ ដែលមានមីងចិត្តល្អចាំជួយមើលថែ។ ខ្ញុំជឿថាឪពុកម្ដាយលោកប្រាកដជាមានហេតុផលផ្ទាល់ខ្លួនរបស់គាត់ហើយបានជាគាត់ដាច់ចិត្តយកលោកពេទ្យឱ្យអ្នកដទៃចិញ្ចឹម”
“ខ្ញុំក៏យល់អ៊ីចឹងដូចគ្នា” គាត់ញញឹមស្រាលមកខ្ញុំ។ ពួកយើងក៏បន្តញ៉ាំបាយជាមួយគ្នាទៀត។
ញ៉ាំបានតែប៉ុន្មានម៉ាត់ខ្ញុំស្រាប់តែវិលមុខ ឈឺក្បាលចម្លែកហើយក៏សន្លប់នៅពេលនោះបាត់ទៅ ក្រោយមកខ្ញុំក៏មិនដឹងថាខ្លួនខ្ញុំមានអ្វីកើតឡើងទៀតដែរ។ តែខ្ញុំប្រាកដចិត្តថាច្បាស់ជាមានថ្នាំសន្លប់ដាក់នៅក្នុងបាយមិនខាន។
………………………………….
“នាងគិតថាគ្រូពេទ្យសុវណ្ណជាអ្នកដាក់ថ្នាំនៅក្នុងបាយធ្វើឱ្យនាងសន្លប់រួចយកនាងទៅវះយកគ្រាប់ភ្នែកចឹងអ្ហេស៎?” ខ្ញុំបន្លឺសំណួរទៅនាងក្រោយពីបានស្ដាប់ការរៀបរាប់រឿងនាងជាមួយពេទ្យសុវណ្ណយ៉ាងជក់ចិត្ត។
“ត្រូវហើយ!”
“ចម្លែកពេកហើយគ្រាន់តែវះកាត់យកគ្រាប់ភ្នែកមិនដល់ថ្នាក់ធ្វើឱ្យស្លាប់ទេ។ វាអាចនឹងមានរឿងអ្វីដែលលើសពីនេះជាក់ជាមិនខាន។” ខ្ញុំជ្រួញចិញ្ចើមសម្លឹងទៅនាង ក្នុងន័យឱ្យនាងជួយគិតធ្វើយ៉ាងណាដើម្បីដឹងការពិតបាន។
—————————————-
“តុកៗ”
សំឡេងគោះទ្វារពីខាងក្រៅរបស់ខ្ញុំឮដល់ខាងក្នុងបន្ទប់ពេទ្យសុវណ្ណ។ គាត់ក៏អនុញ្ញាតឱ្យខ្ញុំចូលទៅខាងក្នុង។
“អញ្ជើញចូល” ខ្ញុំបានបើកទ្វារចូលទៅឃើញគាត់កំពុងអង្គុយមុខកុំព្យូទ័រឆែករកមើលអ្វីម៉្យាង។
“មានការអ្វីមែនទេ” គាត់សួរទាំងមិនដកភ្នែកចេញពីកុំព្យូទ័រ។
“លោកពេទ្យកំពុងឆែករកអានេះ?” ខ្ញុំលើកបង្ហាញហ្វាល់ដែលយកមកពីកាមេរ៉ាសុវត្តិភាពក្នុងបន្ទប់គាត់ព្រមទាំងរូបភាពគាត់រុញសាកសពយកទៅបោះចោលទៀតផង។ គាត់បង្ហាញភ្នែកថ្លែរមកកាន់ខ្ញុំរួមទាំងដៀងមើលទៅរបស់នៅក្នុងដៃខ្ញុំ។
“វិជ្ជរ៉ា! ឯងជាអ្នកណាឱ្យពិតប្រាកដ”
“ខ្ញុំគ្រាន់តែជាបុគ្គលិកបើកបរឱ្យមន្ទីរពេទ្យធម្មតា”
“គ្រាន់តែជាបុគ្គលិកបើកបរធម្មតាៗ ចុះឯងទៅយកភស្តុតាងទាំងអស់នេះមកធ្វើអី” គាត់ស្រែកគំហកមកខ្ញុំយ៉ាងខ្លាំង។ គាត់ចាប់ផ្ដើមបញ្ចេញសន្ដានពិតជាមួយទឹកមុខចង់ស៊ីសាច់ខ្ញុំទាំងរស់។
“ខ្ញុំបានដឹងអស់ហើយ លោកមិនចាំបាច់លាក់ទៀតទេ”
“លាក់…លាក់អី? ឯងជាអ្នកណាហេតុអ្វីយើងត្រូវលាក់បាំងនឹងឯង” គាត់និយាយព្រមទាំងសើចគ្មានភិតភ័យនឹងរឿងដែលគាត់បានធ្វើ។
“បើលោកសារភាពប្រាប់ប៉ូលិសតាមត្រង់ទោសធ្ងន់នឹងក្លាយជាស្រាល” ខ្ញុំព្យាយាមនិយាយបញ្ចុះបញ្ចូលគាត់តាមសន្តិវិធី មិនចង់ធ្វើឱ្យមានបញ្ហាច្រើន។
“អាឆ្កួតឯងឆាប់ចេញទៅ” គាត់ស្រែកខ្លាំងៗដេញខ្ញុំចេញព្រមទាំងគប់ឯកសារនៅលើតុធ្វើការរបស់គាត់រាយប៉ាយពេញបន្ទប់។ គាត់ស្រាប់តែចេញអការៈស្រែកយំដូចកើតជំងឺសរសៃប្រសាទ។
“យើង…យើងមិនបានធ្វើអ្វីទេ! វិនាត…វិនាតឱ្យខ្ញុំសុំទោស ខ្ញុំគ្មានចេតនាទេ!”
បន្ទប់ជិតឈឹងស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំងប៉ើងឯកសារពេញបន្ទប់។ វិនាតចេញមកជាមួយរូបរាងជាខ្មោចដែលគ្មានគ្រាប់ភ្នែកដើរទៅរកគ្រូពេទ្យសុវណ្ណជាហេតុធ្វើឱ្យគាត់តក់ស្លុតបើកភ្នែកធំៗសឹងមិនជឿថានោះជាវិនាត។
“វិនាតឱ្យខ្ញុំសុំទោស ស្ដាប់…ស្ដាប់ខ្ញុំបកស្រាយសិន” សំឡេងញ័រទទ្រើកកំពុងសំពះអង្វរទៅវិនាតទាំងភាពភ័យខ្លាច។ វិនាតកាន់តែទៅដល់ជិតទៅៗរួចនាងចាប់ច្របាច់កគ្រូពេទ្យលើកផុតពីដី។
“ចង់បកស្រាយ វាហួសពេលអស់ហើយ ពេលនេះខ្ញុំស្លាប់ហើយបើបកស្រាយខ្ញុំរស់វិញមែនទេ” នាងស្រែកគំហកទៅលោកសុវណ្ណខ្លាំងៗ ថែមទាំងច្របាច់គាត់កាន់តែខ្លាំងលើសមុនស្ទើរផុតដង្ហើម។
“បងវណ្ណ” សំឡេងមនុស្សស្រីម្នាក់បើកទ្វារពីខាងក្រៅចូលមកហៅឈ្មោះពេទ្យសុវណ្ណយ៉ាងស្និទ្ធិស្នាល តែក៏ស្រឡាំងកាំងភ័យស្លេកមុខពេលឃើញ…
នាងរហ័សងាកក្រោយបម្រុងនឹងរត់ចេញប៉ុន្តែត្រូវវិនាតធ្វើឱ្យទ្វារបិទដោយខ្លួនឯង។
ខ្ញុំមិនស្គាល់នារីម្នាក់នោះជាអ្នកណាទេ តែពួកគេទាំងបីប្រហែលជាស្គាល់គ្នាច្បាស់។ ខ្ញុំបានត្រឹមឈរមើលប៉ុណ្ណោះមិនអាចចូលទៅបញ្ឈប់កំហឹងកំពុងឆេះឆួលរបស់វិនាតបានទេ។ មានតែបញ្ចប់គំនុំទើបអាចឱ្យវិញ្ញាណនាងស្ងប់។
វិនាតក៏ដាក់ពេទ្យសុវណ្ណចុះក្រោមមួយទំហឹងធ្វើឱ្យគាត់ធ្លាក់មកក្រោមយ៉ាងដំណំ ក្អករកដង្ហើមមិនចង់ដល់។ នារីដែលចូលមកនោះរត់ទៅរកពេទ្យសុវណ្ណយ៉ាងលឿនបន្ទាប់ពីឃើញវិនាតទម្លាក់គាត់ចុះ។
“បងវណ្ណ…បងយ៉ាងម៉េចហើយ ឈឺខ្លាំងទេ” នាងបានជួយលើកពេទ្យសុវណ្ណឡើងទាំងបារម្ភព្រមទាំងទឹកមុខឈឺចាប់ជំនួស។
ពេទ្យសុវណ្ណមិនអាចហាមាត់តបបានទេពេលនេះសូម្បីតែរកដកដង្ហើមឱ្យដល់គ្នាស្រួលបួលមិនចង់កើតផង។
“ស្លាប់ទៅជាខ្មោចហើយឯងនៅមកចងកម្មចងពៀរគ្នាទៀត” នារីនោះស្រែកទៅវិនាតដែលជាខ្មោចទាំងលែងខ្លាច។
“ឯងក៏ដឹងរឿងនេះដែរ ហុងឡាង” វិនាតសួរទៅវិញដោយសម្លឹងមុខពួកគេទាំងគួរឱ្យខ្លាច។
ហុងឡាងក្រោយពីឮសំណួរវិនាតហើយនាងបែរជាចេញសំណើចកំណាចមកលែងភ័យលែងខ្លាចនឹងរឿងគ្រប់យ៉ាងដែលកើតឡើងអម្បាញ់មិញ។
កែវភ្នែកនាងក្រហមច្រាលនិយាយម៉ាត់ៗទៅកាន់ខ្មោចវិនាត…
“យើងមិនត្រឹមតែដឹងទេ គឺយើងនេះហើយជាអ្នកធ្វើឱ្យឯងស្លាប់ ហើយយើងក៏ជាអ្នកឱ្យបងវណ្ណវះយកគ្រាប់ភ្នែកឯងមកដាក់ឱ្យម៉ាក់យើងដូចគ្នា”
ហុងឡាងនិយាយសារភាពថាខ្លួនឯងជាឃាតកៈទាំងមិនញញើតថែមទាំងសើចឌឺទៅវិនាតដែលកំពុងតែហួសចិត្តជាមួយខ្លួនឯងនឹកស្មានមិនដល់ថាសូម្បីតែឃាតកៈសម្លាប់ខ្លួនឯងក៏មិនដឹងថាជានរណាឱ្យពិតប្រាដផង។
“ឯងចាំទេថ្ងៃដែលមានពិធីជប់លៀងនៅផ្ទះយើង។ យើងគិតថាឯងជានិស្សិតរៀនសាកលវិទ្យាល័យជាមួយគ្នាហើយយើងក៏ទុកចិត្តទើបឱ្យក្រុមការងាររួមទាំងឯងមកដេគ័រផ្ទះសម្រាប់រៀបចំធ្វើពិធីជប់លៀងតូចមួយអបអរសាទរខួបអាពាហ៍ពិពាហ៍ម៉ាក់និងប៉ាយើងព្រមទាំងហៅមិត្តរួមសាកលវិទ្យាល័យផ្នែកគីមីវិទ្យាជាដូចគ្នាមកចូលរួមផងដែរ។ អំពូលដែលឯងបានរៀបចំសម្រាប់លម្អនៅលើពិតានវាបានធ្លាក់មកខ្ទាតអំបែងមកចំភ្នែកម៉ាក់យើង ធ្វើឱ្យគាត់ត្រូវការគ្រាប់ភ្នែកមកវះកាត់ប្ដូរជាបន្ទាន់ក្នុងរយៈពេលបីសប្ដាហ៍បើមិនចឹងគាត់នឹងមិនអាចមើលឃើញអស់មួយជីវិត។ ពេលនោះយើងមិនខឹងនឹងឯងទេព្រោះគិតថាវាជារឿងអចេតនាអ្វីដែលសំខាន់នៅពេលនោះគឺត្រូវរកគ្រាប់ភ្នែកមកប្ដូរឱ្យម៉ាក់យើងជាមុនសិន។ មួយសប្ដាហ៍ក្រោយមកខាងមន្ទីរពេទ្យគេបានផ្ដល់ដំណឹងថាមានអ្នកបរិច្ចាគភ្នែកឱ្យដល់អ្នកជំងឺ។ យើងសប្បាយចិត្តណាស់រំពឹងថាម៉ាក់យើងប្រាកដជាអាចមើលឃើញវិញយើងក៏សុំកក់គ្រាប់ភ្នែកនោះមុនគេ។ តែពេលទៅដល់មន្ទីរពេទ្យគិលានុបដ្ឋាយិកាបានប្រាប់ថាភ្នែកត្រូវបានពេទ្យសុវណ្ណយកទៅវះកាត់ឱ្យអ្នកជំងឺផ្សេងទៅហើយ។ យើងធ្លាក់ថ្លើមដល់ដីពេលបានឮ មិនស្មានសោះថាបងសុវណ្ណសុខចិត្តយកគ្រាប់ភ្នែកទៅវះកាត់ឱ្យអ្នកដទៃទាំងដែលមីងធ្លាប់ចិញ្ចឹមមើលថែគាត់ដូចកូនបង្កើតកំពុងត្រូវការភ្នែកដូចគ្នា។ នាងមិនដឹងទេកាលនោះ…
“នាងត្រូវថ្នាំខ្ញុំហើយ”
ហុងឡាងនិយាយទៅកាន់ពេទ្យសុវណ្ណដែលកំពុងស្លន់ស្លោរមិនដឹងថាវិនាតកើតអីសុខៗក៏សន្លប់លែងដឹងខ្លួន។
“ឯងលួចដាក់ថ្នាំក្នុងបាយបងមែនទេ?”
“មែនហើយ។ កុំបារម្ភអីថ្នាំពុលនោះនៅក្នុងបាយបងគឺគ្មានទេ។”
“ថ្នាំពុល!! បើគេកើតអីតើគិតយ៉ាងម៉េច?”
ពេទ្យសម្លុតទៅហុងឡាងដែលជាបងប្អូនជីដូនមួយស្ទើរលស់ព្រលឹង។ ហុងឡាងដូចគ្មានព្រឺអីបន្តិចទេនាងបាននិយាយទាំងគ្មានញញើតត្រឡប់ទៅវិញ។
“វាធ្វើឱ្យម៉ាក់ខ្ញុំពិការភ្នែកហើយវានៅមកដណ្ដើមកែវភ្នែកគេបរិច្ចាគឱ្យម៉ាក់ខ្ញុំទៀត ដូច្នេះបងត្រូវវះភ្នែកវាដាក់ឱ្យម៉ាក់ខ្ញុំ”
“ ឯងឆ្កួតមែនទេ? ភ្នែកមនុស្សមិនមែនចេះតែចង់ដូរដាក់បានតាមចិត្តទេ។ បងមិនធ្វើទេឯងចេញទៅ។”
“បើបងមិនធ្វើនាងនេះនឹងត្រូវស្លាប់។ បងចង់ឱ្យវាស្លាប់ទទេចឹងមែនទេ។”
“បានន័យថាម៉េច?”
“ថ្នាំដែលខ្ញុំបានដាក់ទាល់តែពីរម៉ោងទើបវាចាំផ្ដើមចេញប្រសិទ្ធិភាពគឺក្ដៅក្រហល់ក្រហាយពេញខ្លួនពិបាកទ្រាំណាស់ដល់ថ្នាក់ប្រកាច់ហើយក៏ដាច់ខ្យល់ស្លាប់តែម្ដង។ ទោះបងមិនវះយកភ្នែកក៏វានៅតែស្លាប់ដដែល។”
“បងមិនដែលគិតសោះថាឯងសាហាវដល់ថ្នាក់នេះ” ពេទ្យសុវណ្ណពេលនេះគាត់ក្រញ៉ាញ់ខួរហើយមិនដឹងត្រូវធ្វើយ៉ាងម៉េចទេ។
“គ្រប់យ៉ាងសុទ្ធតែមានហេតុផល បងកុំមកបន្ទោសខ្ញុំតែម្ខាងរឿងទាំងអស់គឺមកពីវិនាតនឹងបង” ពេទ្យសុវណ្ណគ្មានអ្វីត្រូវតប ពេលនេះទោះចង់ធ្វើអ្វីក៏ហួសពេលអស់ហើយ។ ថ្នាំដែលហុងឡាងបានដាក់គឺគ្មានថ្នាំអ្វីមកបន្សាបបានទេព្រោះនាងជាអ្នកផលិតឡើងដោយខ្លួនឯង។ កុំឆ្ងល់ថាហេតុអ្វីនាងអាចបង្កើតថ្នាំពុលដោយខ្លួនឯងបានព្រោះនាងជានិស្សិតផ្នែកពិសោធគីមីវិទ្យាឆ្នាំទី៤ថែមទាំងជានិស្សិតឆ្នើមខាងផលិតវត្ថុធាតុដើមថ្មីៗទៀត ត្រឹមថ្នាំពុលប៉ុននឹងនាងអាចធ្វើបានដោយខ្លួនឯងយ៉ាងងាយ។
ការពិតបានលាតត្រដាងចម្ងល់ទាំងប៉ុន្មានក៏បានស្រាយអស់ហើយ។ ពួកគេទាំងបីនាក់សុទ្ធតែមានចំណែកខុសរៀងៗខ្លួននៅក្នុងរឿងមួយនេះ។ខ្ញុំបានត្រឹមឈរស្ដាប់ បន្តមកទៀតទុកឱ្យពួកគេដោះស្រាយខ្លួនឯង។
កំហឹងនៅក្នុងចិត្តវិនាតដែលគិតថាចង់មកសងសឹកធ្វើបាបអ្នកធ្វើឱ្យនាងស្លាប់បានរលាយអស់។ នាងមានអារម្មណ៍សោកស្ដាយចំពោះទង្វើដែលបានធ្វើឱ្យម្ដាយហុងឡាងមកជួបរឿងបែបនេះ។ ការធ្វេសប្រហែស ព្រោះប្រញាប់មកមើលម៉ាក់នៅមន្ទីរពេទ្យ ព្រោះគិតថាមិនអីបង្កើតឱ្យមានរឿងហួសពីការគិត។ នាងដឹងថាម្ដាយហុងឡាងចូលមន្ទីរពេទ្យ តែនាងមិនដឹងថាគាត់មានរបួសធ្ងន់ធ្ងរទេព្រោះពេលនោះនាងមិនបានទៅសួរនាំពីសុខទុក្ខគាត់ឡើយរហូតដល់ថ្ងៃម៉ាក់នាងវះកាត់ប្ដូរភ្នែកថ្មីក៏នាងនៅមិនទាន់ដឹងដែរ។
ពន្លឺភ្លឺចិញ្ចាចចាំងមកពីណាមិនដឹង ភ្លឺខ្លាំងរហូតខ្ញុំមើលអ្នកនៅក្នុងបន្ទប់លែងឃើញ មើលលែងឃើញអ្វីទាំងអស់សូម្បីខ្លួនខ្ញុំពេលនេះនៅទីណាក៏មិនដឹង។ អ្វីៗគ្រប់យ៉ាងរលាយអស់មួយភ្លែតបាត់ទាំងព្រលឹងវិនាត បាត់ទាំងពេទ្យសុវណ្ណនិងហុងឡាង។
ខ្ញុំមានអារម្មណ៍ដឹងថាពេលនេះខ្ញុំកំពុងនៅលើអ្វីទន់ៗដូចពូក។ ភ្នែកខ្ញុំបើក បរិស្ថាននៅជុំវិញខ្លួនមិនមែននៅមន្ទីរពេទ្យទៀតទេ សាឡុង កង្ហារ ទូរទស្សន៍ ទាំងអស់នេះ…នេះនៅផ្ទះខ្ញុំ។ ខ្ញុំមកដល់ផ្ទះតាំងពីពេលណា មកដោយរបៀបណា។ ខ្ញុំយកដៃញីក្បាល ឱ្យតែភ្ញាក់ពីដេកម្ដងៗខ្ញុំដូចបាត់ការចងចាំ មិងមាំងៗមិនដែលចាំទេថាខ្លួនឯងបានធ្វើអ្វីខ្លះ។ វាកើតឡើងរហូតស៊ាំទៅហើយរៀងរាល់ថ្ងៃដើមសប្ដាហ៍ចន្ទ អង្គារ។
“សាកសពនិស្សិតស្រីម្នាក់ដែលបានរកឃើញកាលពីថ្ងៃចន្ទម្សិលមិញ ប៉ូលិសទទួលរបាយការណ៍ពីការពិនិត្យកោសល្យវិច័យបានឱ្យដឹងថាជនរងគ្រោះឈ្មោះឈាង វិនាត បាត់បង់ជីវិតដោយសារត្រូវថ្នាំពុល។ នៅក្នុងសារពាង្គកាយជនរងគ្រោះបានពិនិត្យឃើញប្រភេទថ្នាំពុលម៉្យាងពេលដែលមនុស្សបរិភោគចូលទៅ វាធ្វើឱ្យសន្លប់រយៈពេល២ម៉ោង។ ក្រោយមកទើបឥទ្ធិពលថ្នាំវាបង្ហាញសារធាតុពុល ពេលនោះខ្លួនអ្នកស្លាប់នឹងឡើងក្រហមពេញខ្លួន ពេញមុខមាត់ ក្ដៅអន្ទះអន្ទែង រើប្រកាច់រហូតដល់ដង្ហក់ខ្យល់ស្លាប់។ ក្នុងកំឡុងពេលដែលជនរងគ្រោះសន្លប់២ម៉ោងប៉ូលិសបានសន្និដ្ឋានថាឃាតកៈបានវះយកគ្រាប់ភ្នែកជនរងគ្រោះឆ្លៀតពេលថ្នាំមិនទាន់ជ្រាបចូលក្នុងខ្លួន។ ចំណែកឃាតកៈនៅក្នុងករណីរឿងក្ដីឃាតកម្មមួយនេះគឺជាគ្រូពេទ្យឈុន សុវណ្ណ។ ប៉ូលិសបានរកឃើញហ្វាល់ព្រមទាំងរូបភាពជាភស្តុតាងដែលបានរកឃើញពីកាំម៉េរាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យរួមទាំងចម្លើយសារភាពពីជនសង្ស័យផ្ទាល់។ រីឯមូលហេតុនៃការសម្លាប់ប៉ូលិសក៏មិនទាន់ដឹងច្បាស់ដូចគ្នា រង់ចាំការសាកសួរចម្លើយពីជនសង្ស័យម្ដងទៀត។ រាយការណ៍ពីនាងខ្ញុំសាន វីណា រក្សាសិទ្ធិដោយ NEWS Today ។”
គ្រាន់តែឮព័ត៌មានចេញពីទូរទស្សន៍ខ្ញុំស្រវេស្រវ៉ាទៅងូតទឹកផ្លាស់ខោអាវយ៉ាងប្រញាប់។
“ទៅណាកូន ញ៉ាំបាយព្រឹកសិនទៅ” ម៉ាក់ស្រែកចេញពីចង្ក្រានព្រោះឃើញខ្ញុំប្រញាប់ពេក។
“មិនអីទេម៉ាក់ខ្ញុំមានត្រូវទៅមន្ទីរពេទ្យ” សន្យារួចហើយមិនធ្វើមិនបានទេ យ៉ាងណាខ្ញុំនឹងមើលថែម្ដាយនាងឱ្យល្អ វិនាតទៅកាន់សុគតិភពឱ្យស្ងប់ចិត្តចុះ។
វាជោគជ័យមួយទៀតហើយ ទោះវាកើតឡើងនៅក្នុងសុបិនគ្មានអ្នកដឹងក៏ខ្ញុំមានឈ្មោះថាបានជួយគេដែរ។ ខ្ញុំនឹងបន្តការងារគ្មានប្រាក់ខែនេះរហូតដរាបណាខ្ញុំនៅអាចមើលឃើញពួកគេ។
ចប់