រឿង៖ អាថ៌កំបាំងរាជដំណាក់ ភាគទី២

និទានដោយមេណាម

ហ្វឹប!!

ស្រាប់តែកន្រ្តាក់ខ្លួនភ្ញាក់ក្រញ៉ាងពីការនិទ្រ្ទាដែលសូម្បីតែខ្ញុំខ្លួនឯងក៏មិនដឹងថាភ្លេចខ្លួនដេកលក់តាំងពីពេលណា លុះពេលដែលខ្ញុំប្រឹងគិតទើបដឹងថា តាមពិតទៅពីក្បាលព្រលប់ខ្ញុំផឹកតែក្រអូបហើយខ្ញុំក៏ដេកលក់។

តែក្រអូប? ដេកលក់? ឬក៏តែក្រអូបជាមូលហេតុធ្វើឱ្យគ្រប់គ្នាដេកលក់?

ខ្ញុំស្វាងដូចគេជះទឹកដាក់កណ្ដាលមុខរហ័សទាញភួយចេញហើយស្ទុះចុះពីលើគ្រែយ៉ាងលឿន។

ពុទ្ធោអ្ហើយ! ខ្ញុំផឹកតែក្រអូបហើយដេកលក់មិនដឹងខ្លួន មិនដឹងជាម៉ោងប៉ុន្មានទៅហើយទេនេះ ហេតុអ្វីក៏ខ្ញុំប្រហែសបែបនេះ?

ខ្ញុំស្ទុះស្ទាចេញពីបន្ទប់ឃើញថានៅខាងក្រៅស្ងាត់និងងងឹតឈឹង បញ្ជាក់ថានៅយប់នៅឡើយគ្រាន់មិនដឹងថាពេលនេះម៉ោងប៉ុន្មានទៅហើយទេ។ ឥតចាំយូរខ្ញុំក៏ដើរសំដៅដំណាក់ព្រះអង្គម្ចាស់ភ្លាម គ្រាន់តែខ្ញុំមកឈប់ពីមុខដំណាក់នាឡិកាក៏ចាប់ផ្ដើមរោទិ៍ឡើងតែម្ដង។

ទឹង! ទឹង!

ភ្លាមនោះក៏លេចចេញអ្នកស្រីមេរ៉ាលីននិងមេសសឹនដែលមានកាត់កំណាត់ខ្មៅមួយផ្ទាំងមកជាមួយ។

ស្អីគេ?? នាឡិកាទើបតែរោទិ៍? អ៊ីចឹងបញ្ជាក់ថាពេលនេះទើបតែម៉ោង ១០:១០នាទីទេ? ប៉ុន្តែ… ចុះហេតុអ្វីទើបខ្ញុំដឹងខ្លួន? ក្រែងអ្នកមុនៗ មមើមែនទេ?

មានរឿងអ្វីទៅខ្ញុំមិនយល់ទេ!!!

ផឹប!!!

កំពុងតែច្របូកច្របល់មេសសឹនក៏ស្រាប់តែយកផ្ទាំងកំណាត់មកដណ្ដប់ឱ្យខ្ញុំហើយនាំខ្ញុំចូលទៅខាងក្នុងរាជដំណាក់ដោយឥតអែអង់។

ព្រះជាម្ចាស់! ធ្លាប់តែឃើញពីក្រៅលុះបានមកដល់ខាងក្នុងទើបដឹង ថាដំណាក់ព្រះអង្គម្ចាស់ប្រណីតខ្លាំងយ៉ាងណា។

ស្អាត… ប្រណីត… គួរឱ្យចង់រស់នៅ!

ក្នុងសាលដ៏ធំមហិមា ពេញហូរហៀរដោយមនុស្សម្នាជាច្រើនសឹងមិនគួរឱ្យជឿថានៅ “ដំណាក់ព្រះអង្គម្ចាស់” មានមនុស្សអ៊ូអរបែបនេះ។ តូរ្យតន្ត្រីបន្លឺសូររងំស្ដាប់ហើយត្រជាក់ចិន្តានិងចង់យោលយោកកាយតាមចង្វាក់ស្លូយឺតៗ។

ពិតជាពិសេសណាស់!

រវល់តែរំភើបនឹងទិដ្ឋភាពចំពោះមុខធ្វើឱ្យខ្ញុំភ្លេចឱ្យឈឹងថាមកទីនេះក្នុងឋានៈជាអ្វី។ ដោយឃើញថាមនុស្សច្រើននិងមិនដឹងទៅទីណាខ្ញុំ ក៏ងាកក្រោយរកជំនួយពីមេសសឹនតែបែរជាមិនឃើញគេទៅវិញ មិនដឹងបាត់ទៅណា។ រំពេចនោះខ្ញុំក៏ស្រាប់តែបានឃើញនរណា ម្នាក់រាងប្រហែលៗ។ មិនគិតសង្ស័យយូរខ្ញុំក៏បោះជំហានចូលទៅរកនាងភ្លាមតែម្ដង ទៅកាន់តែជិតក៏កាន់តែប្រាកដចិត្តថាពិតជានាង…

“អាន់ណា!” សំឡេងខ្ញុំឮខ្សាវៗតែពេញដោយភាពរំភើប។

គឺជាអាន់ណាពិតមែន! ការពិតនាងនៅបម្រើក្នុងនេះទេតើ!

ខ្ញុំញញឹមញញែមដោយភាពសប្បាយរីករាយពេលបានដឹងថាមិត្តរបស់ខ្ញុំមិនបានបាត់ទៅណាទេ នាងនៅបម្រើក្នុងដំណាក់នេះទេតើ។

បឹប!!

“អ្ហា៎!!” ដោយភាពរំភើបនិងប្រញាប់ប្រញាលពេកធ្វើឱ្យខ្ញុំភ្លេចខ្លួនមិនបានប្រយ័ត្នដើរទៅបុកនឹងនរណាម្នាក់ដោយអចេតនារហូតបាត់ជំហរ។

ខ្ញុំបិទភ្នែកព្រោះសង្ឃឹមថានឹងបានដួលផ្កាប់មុខលើព្រំក្រហមជាមិនខាន ប៉ុន្តែជំនួសដោយការដួលបែរជាមានប្រអប់ដៃក្រាសដ៏កក់ក្ដៅរបស់នរណាម្មាក់សសៀរចូលមកឱបចង្កេះរបស់ខ្ញុំហើយទាញខ្ញុំឱ្យជម្រិតខ្លួនទៅពិតនឹងទ្រូងហាប់ណែនរបស់គេ។ ភាពភិតភ័យរបស់ខ្ញុំប្ដូរមកជំនួសជាការភាន់ភាំងពេលបើកភ្នែកហើយបានឃើញថាម្នាក់ដែលកំពុងឱបរឹតខ្ញុំជានរណា។

ទម្រង់មុខនេះខ្ញុំធ្លាប់ឃើញក្នុងរូបថត… គឺជាទ្រង់! ស្ដេចស៊ែលទី៥!

ខ្ញុំភ្លឹកភាំងភ្លេចខ្លួនសម្លឹងមើលស្ដេចដ៏ខ្ពង់ខ្ពស់មិនដកភ្នែកដោយឥតញញើត យូរសែនយូរ ពេលវេលាហាក់ដើរយឺតសឹងនឹងឈប់ដើរ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងគឺកែវភ្នែកដ៏មានអំណាចរបស់ទ្រង់…

កែវភ្នែកពណ៌នេះ…

ពណ៌គ្រីស្តាល់ដូចគ្នានឹងមេសសឹនខ្លាំងណាស់…ដូចជាពួកគេបានសែនមកពីប្រភពតែមួយ! មើលទៅទ្រង់ក៏មានវ័យប្រហាក់ប្រហែលមេសសឹនដែរ។

“មិនអីទេមែនទេ?” សតិសម្បញ្ញៈរបស់ខ្ញុំវិលត្រឡប់មកវិញពេលបានឮសំនួររបស់ស្ដេចស៊ែល។

“សូមរាជទានទោស! ខ្ញុំម្ចាស់មិនប្រយ័ត្នសមតែទទួលទោស” ខ្ញុំរហ័សក្រលៀសខ្លួនចេញពីរង្វង់ដៃទ្រង់ហើយបង្អោនខ្លួនចុះក្បាលសឹងដល់ដីជាការសូមអភ័យទោស។

“នាងសមតែទទួលទោសពិតមែន…” សម្ដីបន្តរបស់ស្ដេចស៊ែលធ្វើឱ្យខ្ញុំភ័យលើសដើម ព្រោះត្រឹមតែថ្ងៃដំបូងសោះក៏បង្កើតកំហុសបាត់ហើយ។

“សូមទ្រង់មេត្តា! ខ្ញុំម្ចាស់គ្មានចេតនាទេព្រះអង្គ! សូមទ្រង់មេត្តា!”

“យើងចង់ដាក់ទោសនាងដែលមិនឆ្លើយសំនួររបស់យើង មិនមែនព្រោះដើរបុកយើងទេ” ខ្ញុំស្ងាត់មាត់សញ្ជឹងគិតទៅដល់សំនួរ​របស់ទ្រង់ដែលសួរមុននេះ។

តើសំនួរមួយណាទៅ? សំនួរដែលសួរថា “មិនអីទេមែនទេ?” ហ្នឹងមែន? ចុះហេតុអ្វីទើបស្ដេចដ៏ខ្ពង់ខ្ពស់ត្រូវខ្វល់ដែរនោះ?

“…”

“យ៉ាងម៉េច?” សំឡេងស្ដេចស៊ែលប្ដូរពីស្រាលមកសង្កត់ធ្ងន់ជាងធម្មតាកាន់តែធ្វើឱ្យខ្ញុំភ័យលើសដើមខ្លាចថាទ្រង់ខ្ញាល់។

“មិនមានអ្វីទេ! ខ្ញុំម្ចាស់មិនកើតអីទេ!” ឮចម្លើយដូច្នេះទ្រង់ក៏ស្រាប់តែ ផ្ទុះសំណើចហឹសៗក្នុងបំពង់.ក មុននឹងពោលខ្សាវៗ÷

“នាងគួរឱ្យចាប់អារម្មណ៍ណាស់!”

“ព្រះ… ព្រះពរ?” ព្រោះមិនប្រាកដចិត្តនូវអ្វីដែលខ្លួនបានឮខ្ញុំក៏សួរបញ្ជាក់ដោយងើយមុខទៅមើលស្ដេចដ៏ខ្ពស់ខ្ពស់ តែក៏ភ្ញាក់ព្រើតពេលបានឃើញថាព្រះភ័ក្រ្តដ៏ស្រស់សង្ហារបស់ទ្រង់កំពុងនៅកៀកបង្កើយក្បែរនឹងមុខរបស់ខ្ញុំ ជិតពេកសឹងនឹងប៉ះចុងច្រមុះគ្នាទៅហើយ។

“រាំជាមួយយើងបើចង់ឱ្យយើងលើកលែងទោស” ថាចប់ទ្រង់ក៏ហុចដៃម្ខាងមករកខ្ញុំ។

ថាម៉េច? ស្ដេចស៊ែលទី៥កំពុងសុំខ្ញុំរាំមែនទេ? តើនេះជាការពិតឬសុបិន? ស្ដេចស៊ែលដ៏ខ្ពង់ខ្ពស់កំពុងសុំទាសករដូចខ្ញុំរាំ? មិនគួរឱ្យជឿ!

ខ្ញុំភ្លាំងភ្លឹកអស់មួយសន្ទុះទម្រាំនឹងដាច់ចិត្តដាក់ដៃលើប្រអប់ដៃទ្រង់ទាំងញីញ័រ។ ភ្លេងក៏ចាប់ផ្ដើមលេងបទស្លូដ៏សែនពីរោះ ស្រទន់ និងលន្លង់លន្លោច។ នៅកណ្ដាលសាលដ៏ធំទូលាយក្រោមកែវភ្នែកច្រើនគូកំពុងសម្លឹងខ្ញុំនិងស្ដេចស៊ែលបែរជាកំពុងរាំយ៉ាងសប្បាយរីករាយ។

ខ្ញុំភ័យណាស់! មិនដឹងថាស្ដេចស៊ែលដឹងពីភាពញាប់ញ័ររបស់ខ្ញុំដែរឬទេ? ខ្ញុំភ័យរហូតមិនហ៊ានងើយមុខសម្លឹងព្រះ​ភ័ក្រ្ត​ទ្រង់ឡើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ដឹងថាកែវភ្នែកពណ៌គ្រីស្តាល់របស់ទ្រង់កំពុងសម្លឹងមកខ្ញុំ… សម្លឹងជាប់មិនដកភ្នែកមួយវិនាទីណាឡើយ!

តើនេះជាសុបិនមែនទេ?

“បន្ទន់ខ្លួនបន្តិចទៅ! នាងរាំជាន់ជើងយើងហើយ!”

អូយ៎!! បើជាយល់សប្ដិមិនគួរណាស់មានអារម្មណ៍ខ្មាស់ពិតៗបែបនេះនោះទេ ខ្មាសគេណាស់មេណាម!!!

“សូមរាជទានទោស!” ប្រអប់ដៃដែលស្រាក់គ្នាក៏ត្រូវខ្ញុំព្រលែងចេញ មិនចង់រាំបន្តទៀតទេខ្លាចធ្វើឱ្យទ្រង់ខ្ញាល់។ 

“នាងភ័យ?” ស្ដេចស៊ែលសួរដោយសំឡេងស្រទន់។

ទ្រង់ដឹង? ដឹងថាខ្ញុំភ័យ?

“អត់ទេ…” ខ្ញុំប្រកែកផូង។

“ដឹងថាកុហកស្ដេចមានទោសកម្រិតណាទេ?” ទ្រង់សួរដោយសំឡេងស្មើតែក៏មានបង្កប់នូវភាពផ្អែមល្ហែម ស្ដាប់ទៅមិនសោះកក្រោះដូចមេសសឹន។

“ខ្ញុំម្ចាស់មិនហ៊ានកុហកទ្រង់ទេ!”

“ញើសនាងហូរសើមប្រអប់ដៃយើងជោកហើយនៅប្រកែកទៀត?”

“សូមរាជទានទោស ចាំខ្ញុំម្ចាស់សម្អាតជូនទ្រង់” ថាចប់ខ្ញុំក៏យកជាយអាវទៅជូតប្រអប់ដៃរបស់ទ្រង់ថ្នមៗ លាងជម្រះញើស​ឋានៈ​តូចទាបរបស់ខ្លួនចេញ។ ព្រះអង្គម្ចាស់ស្ងប់ស្ងាត់បណ្ដោយឱ្យខ្ញុំជូតតាមចិត្ត ពេលឃើញថាជិតរួចហើយទ្រង់ក៏ស្រាប់តែស្រវាក្រសោបដៃរបស់ខ្ញុំជាប់ មុននឹងពោលឡើងតិចៗ÷

“នៅកំដរយើងបើចង់រួចខ្លួនពីទោសដែលនាងហ៊ានកុហកស្ដេច”

ទ្រង់ញញឹមផ្ដល់ភាពកក់ក្ដៅ ជាស្នាមញញឹមដ៏ទន់ភ្លន់គួរឱ្យឈ្លក់វង្វេង រួចក៏កាន់ដៃខ្ញុំដើរចេញពីសាលធំទូលាយសំដៅជាន់ទីពីរដែលមានសភាពស្ងប់ស្ងាត់និងផ្ទាល់ខ្លួន។ ទ្រង់បាននាំខ្ញុំមកបន្ទប់មួយ ដែលពេញដោយរូបគំនូរស្រស់ស្អាតជាច្រើនហើយសែនប្រណីត។

“នេះជាបន្ទប់គំនូររបស់យើង មានតែមនុស្សពិសេសទេដែលយើងនាំមក” សម្ដីរបស់ទ្រង់ធ្វើឱ្យខ្ញុំប្ដូរកែវភ្នែកពីផ្ទាំងគំនូរហើយងាកទៅសម្លឹងទ្រង់ព្រមទាំងផ្ទួនពាក្យ÷

“មនុស្សពិសេស?”

“មែនហើយ!” ទ្រង់ញញឹមស្រទន់តបខណៈដែលទាញកៅអីនិងផ្ទាំងពណ៌សមួយមកដាក់លើជើងទម្រហើយចាប់ផ្ដើមគូរវាស។

ខ្ញុំញញឹមសប្បាយចិត្តដោយមិនដឹងខ្លួន បេះដូងរីកមាឌ រីករាយយ៉ាងចម្លែក។ ហេតុអ្វីក៏មានអារម្មណ៍ថាសប្បាយចិត្តនិងញាប់ញ័រចំពោះទង្វើរបស់ទ្រង់បែបនេះ? តើនេះជាអារម្មណ៍អ្វី?

ខ្ញុំពិតជាមិនអាចលាក់បាំងពីអារម្មណ៍របស់ខ្លួនឯងបានពិតមែន តើមនុស្សស្រីណាម្នាក់ដែលមិនមានអារម្មណ៍រំភើបពេលបុរសដ៏ខ្ពង់ខ្ពស់ជាទីប្រាថ្នានៃនារីទាំងពួងធ្វើល្អដាក់ខ្លួនដាក់បែបនេះ? មិនចម្លែកទេដែលខ្ញុំញាប់ញ័រនឹងទ្រង់។

ខ្ញុំញញឹមបណ្ដើរមើលរូបគំនូរដែលដាក់តាំងលើជញ្ជាំងបណ្ដើរ មើលៗរហូតបានប្រទះភ្នែកនឹងរូបមួយដែលខ្ញុំស្គាល់ច្បាស់ថាម្ចាស់រូបជានរណា…គឺ…អាន់ណា!!

ហេតុអ្វីក៏មានរូបអាន់ណានៅទីនេះ?

“អឺ… ព្រះអង្គ…” បម្រុងតែនឹងសួរហើយខ្ញុំក៏ស្រាប់តែប្ដូរចិត្តមកវិញ។

“ហ៊ឺម??” ទ្រង់ងាកព្រះភ័ក្រ្តពីរូបគំនូរមកសម្លឹងមើលខ្ញុំជាសំនួរថា មានការអ្វី?

“ខ្ញុំម្ចាស់សូមទៅក្រៅបន្តិច”

ចុងក្រោយខ្ញុំក៏សម្រេចចិត្តកុហកដើម្បីរំដោះខ្លួនចេញមកក្រៅព្រមជាមួយចម្ងល់ថាហេតុអ្វីក៏មានរូបអាន់ណានៅក្នុងនោះ? ក្រែងទ្រង់ប្រាប់ថាជាបន្ទប់សម្រាប់តែមនុស្សពិសេសហ្អី? បើអ៊ីចឹងគួរតែតាំងរូបមនុស្សពិសេសៗ មិនសមណាមានរូបអាន់ណាដែលជាទាសករទេ។

“មេណាម!” រំពេចនោះក៏ស្រាប់តែឮសំឡេងអាន់ណាល្វើយៗនៅពីក្រោយខ្នងខ្ញុំ។

“អាន់ណា!” លុះខ្ញុំងាកក្រោយក៏បានឃើញថាជាអាន់ណាពិតមែន គឺនាងពិតមែន!

“ឆាប់ចេញពីទីនេះទៅ!” សុខៗនាងក៏ស្រាប់តែនិយាយនូវប្រយោគដ៏ចម្លែកនេះចេញមក។

ខ្ញុំពិតជាមិនយល់ទេថាមានរឿងអ្វី? ហេតុអី ក៏ត្រូវចេញពីទីនេះ? តើដំណាក់នេះមានអាថ៌កំបាំងអ្វីមែនទេ?

“ហេតុអ្វី? ទីនេះមានអាថ៌កំបាំងអ្វីមែនទេ? ហេតុអ្វីក៏មានរូបឯងនៅ ក្នុងបន្ទប់គំនូររបស់ស្ដេចស៊ែល?” ខ្ញុំប្រញាប់សួរព្រោះទប់​ចម្ងល់​មិនជាប់។

“មិនថាទ្រង់ល្អដាក់នាងយ៉ាងណាទេ ត្រូវចាំថាកុំយល់ព្រមស្រឡាញ់ទ្រង់ឱ្យសោះ!” អាន់ណាមិនតបនឹងសំនួរខ្ញុំតែបែរជានិយាយពាក្យមួយឃ្លាយ៉ាងចម្លែក។

“ហេតុអ្វី? បើស្រឡាញ់តើមានរឿងអ្វី?”

“កុំយល់ព្រមស្រឡាញ់ទ្រង់!” សំឡេងអាន់ណាប្រែមកជាខ្ទររងំ។

“ហេតុអ្វី?” ខ្ញុំរន្ថាន់សួរដដែលៗទ្រាំចាំចម្លើយមិនចង់បាន។

“មានរឿងអីមែនទេ?” រំពេចនោះក៏ស្រាប់តែលេចស្ដេចស៊ែលអើតព្រះភ័ក្រ្តចេញពីក្នុងបន្ទប់។ ខ្ញុំភ្ញាក់ព្រើតងាកទៅញញឹមដាក់ទ្រង់ ព្រមទាំងបដិសេធថាគ្មានអីទេ បន្តិចទៀតនឹងចូលទៅវិញហើយរហូតដល់ទ្រង់ទុកចិត្តហើយត្រឡប់ទៅក្នុងវិញបាត់។

“អាន់ណា!” ត្រឹមមួយប៉ព្រិចភ្នែកសោះ ពេលងាកមករកនិយាយជាមួយអាន់ណាវិញក៏ស្រាប់តែបាត់នាងទៅ រកយ៉ាងណាក៏រកមិនឃើញពិតជាលឿនខ្លាំងណាស់!!

ដោយរកអាន់ណាមិនឃើញខ្ញុំក៏ត្រឡប់មកបន្ទប់គំនូរវិញទាំងសញ្ជឹងគិតសម្ដីរបស់នាងមិនឈប់។ តើអាន់ណាចង់មានន័យថាម៉េចទៅ?

“រួចហើយ!” ព្រះបន្ទូលរបស់ស្ដេចស៊ែលដាស់ខ្ញុំឱ្យភ្ញាក់ពីភាពអណ្ដែតអណ្ដូងហើយងាកទៅចាប់អារម្មណ៍នឹងទ្រង់។

“ស្អាតទេ?” ព្រះអង្គម្ចាស់លើកបង្ហាញគំនូរដែលទ្រង់គូដោយផ្ទាល់ ឱ្យខ្ញុំមើលព្រមជាមួយស្នាមញញឹមយ៉ាងស្រទន់។

“ព្រះពរ! ស្អាត!” ខ្ញុំទប់ចិត្តមិនរំភើបមិនបានទេ ជាពិសេសពេលដឹងថាទ្រង់ចំណាយពេលគូររូបរបស់ខ្ញុំយ៉ាងផ្ចិតផ្ចង់អស់ជាច្រើនម៉ោងទឹកដៃរបស់ទ្រង់វិញគឺប៉ិនប្រសព្វខ្លាំងណាស់។

“រូបស្អាតសម្រាប់មនុស្សពិសេស” ព្រះអង្គម្ចាស់មានបន្ទួលព្រមទាំងដោះរូបចេញពីទម្រហើយចាប់ផ្ដើមលាបកាយពីក្រោយស៊ុមរូប។

“មនុស្សពិសេស?” ខ្ញុំផ្ទួនពាក្យរបស់ទ្រង់។

“មែនហើយ! យើងគូររូបនាងព្រោះនាងជាមនុស្សពិសេស ហើយរូបរបស់មនុស្សពិសេសគួរតែត្រូវបានដាក់តាំងនៅក្នុងបន្ទប់ពិសេសបែបនេះ” ស្ដីចប់ទ្រង់ក៏បិទផ្ទាំងគំនូរដែលទ្រង់គូរមុននេះទៅលើជញ្ជាំង។

“គំនូរនៅក្នុងបន្ទប់នេះសុទ្ធតែជាមនុស្សពិសេសសម្រាប់ទ្រង់មែនទេ?” ស្ដេចស៊ែលធ្លាក់ទឹកមុខភ្លាមពេលបានឮដូច្នេះ ទ្រង់ស្ងាត់មួយស្របក់មុននឹងញញឹមឡើងវិញហើយតប÷

“គឺមិនទាំងអស់ទេ!”

“…” ខ្ញុំស្ងាត់រង់ចាំសង្កេតអាការៈរបស់ទ្រង់។

“តែក្នុងពេលនេះនាងជាមនុស្សពិសេសជាងអ្នកណាៗទាំងអស់…យើងពេញចិត្តនាង! តើនាងស្រឡាញ់យើងទេ?” ភ្លាមៗស្ដេចស៊ែល ក៏វាចាសម្ដីមួយគ្នាដែលធ្វើឱ្យខ្ញុំស្រឡាំងកាំង។

ខ្ញុំទទួលស្គាល់ថាត្រឹមរយៈពេលមិនប៉ុន្មានម៉ោងនេះខ្ញុំពិតជាទទួលបានអារម្មណ៍រំភើបរីករាយជាច្រើនពីទ្រង់ ប៉ុន្តែតើវាមិនលឿនពេកទេដែលភ្លាមៗទ្រង់ក៏ស្រាប់តែស្រឡាញ់ខ្ញុំ? ទាំងដែលទ្រង់មិនសូម្បីស្គាល់ឈ្មោះខ្ញុំ មិនដឹងថាខ្ញុំជានរណា។

ជាមួយគ្នានេះ ពាក្យដាស់តឿនរបស់អាន់ណាក៏ស្រាប់តែបន្លឺឡើងរងំក្នុងខួរក្បាលខ្ញុំជាថ្មីម្ដងទៀត ប្រៀបដូចជាសារដាស់តឿនសតិ។

«មិនថាទ្រង់ល្អដាក់នាងយ៉ាងណាទេ ត្រូវចាំថាកុំយល់ព្រមស្រ លាញ់ទ្រង់ឱ្យសោះ!»

“យ៉ាងម៉េច? តើនាងមិនស្រឡាញ់យើងទេ?” ព្រះអង្គម្ចាស់សួរបញ្ជាក់។

«កុំព្រមស្រឡាញ់ទ្រង់ឱ្យសោះ!»

“តើនាងស្រឡាញ់យើងទេ?” ស្ដេចស៊ែលនៅតែបន្តសួរឥតឈប់ ហាក់ជម្រិតយកចម្លើយពីខ្ញុំអ៊ីចឹង ទ្រង់ប្ដូរពីទន់ភ្លន់មកជាលាក់ពុត យ៉ាងគួរឱ្យខ្លាចខុសឆ្ងាយពីស្ដេចស៊ែលដែលខ្ញុំបានឃើញមុននេះស្រឡះតែម្ដង។

“តើនាងមិនស្រឡាញ់យើងទេមែនទេ?”

«កុំព្រមស្រឡាញ់ទ្រង់ឱ្យសោះ!»

“ឆ្លើយមកថានាងស្រឡាញ់យើង!”

“ខ្ញុំម្ចាស់មិនស្រឡាញ់ទ្រង់ទេ!!!” ខ្ញុំយកដៃខ្ទប់ត្រចៀកបិទ ភ្នែកទាំងគូហើយស្រែកអស់មួយទំហឹង ខ្ទរបន្ទប់ទាំងមូលដើម្បីយកឈ្នះសំឡេងដ៏កងរំពងរបស់អាន់ណានិងស្ដេចស៊ែលដែលកំពុងប្រកាប់ប្រចាក់គ្នាហឹងងឿងក្នុងសោតារបស់ខ្ញុំ។

បានផល! សំឡេងទាំងពីរនោះក៏បាត់ទៅសល់តែភាពស្ងប់ស្ងាត់…

“…”

អស់មួយស្របក់ខ្ញុំក៏សន្សឹមៗបើកភ្នែកឡើងជាថ្មីម្ដងទៀត ក្រោយពីសំឡេងស្ងាត់ទៅតែក៏ត្រូវស្រឡាំងកាំងនឹងទិដ្ឋភាពចំពោះមុខ ព្រោះគ្រប់យ៉ាងពេលនេះប្រែប្រួល៣៦០ ដឺក្រេតែម្ដង។

គ្មានស្ដេចស៊ែល! គ្មានបន្ទប់គំនូរ! គ្មានភ្លើងពណ៌ស្រស់ស្អាតអ្វីទាំងអស់…

អ្វីដែលខ្ញុំឃើញពេលនេះគឺជាបន្ទប់មួយដ៏ងងឹត ចាស់ទ្រុឌទ្រោមពេញដោយធូលី…ហើយត្រជាក់និងគួរឱ្យខ្លាច។

តើមានរឿងអ្វីកើតឡើង? ចុះរូបភាពដែលខ្ញុំបានឃើញមុននោះជាអ្វីទៅ? ជាការនិម្មិតមែនទេ?

គ្រាំង!!

ភ្លាមនោះទ្វារបន្ទប់ក៏ស្រាប់តែរបើកឡើងដួលប្រាវតាមកម្លាំងធាក់ដ៏ខ្លាំងក្លារបស់នរណាម្នាក់។ គេស្ទុះចូលមកខាងក្នុង ព្រមជាមួយចង្កៀងក្នុងដៃ ហើយតាមរយៈពន្លឺដែលចាំងតាមប្រឡោះតូចៗបានបង្ហាញឱ្យឃើញស្នាមសាក់រូបផ្កាដ៏តូចមួយលើកញ្ចឹងករបស់អ្នកកម្លោះ។

នាយគឺ…

“មេសសឹន!” ខ្ញុំឧទានខ្សាវៗដោយក្ដីរន្ធត់ចិត្តខណៈដែលស្ទុះទៅរកគេ។

មេសសឹនក្រសោបឱបខ្ញុំជាប់ទ្រូងរហូតខ្ញុំអាចស្ដាប់ឮសំឡេងបេះដូងរបស់គេបានយ៉ាងច្បាស់។ លោកមេទ័ពប្ដូរពីឱបដោយទាញខ្ញុំឱ្យសម្លឹងចំមុខគេ បង្ហាញពីភាពព្រួយបារម្ភនិងក្ដីខ្វល់ខ្វាយតាមរយៈកែវភ្នែកគ្រីស្តាល់ទាំងគូ។

“អរគុណព្រះដែលនាងដឹងខ្លួន” មេសសឹនឧទានដោយការធូរទ្រូង។

“ដឹងខ្លួន? មានរឿងអីទៅ? លោកប្រាប់ខ្ញុំបានទេ? ហេតុអ្វីក៏គ្រប់យ៉ាងត្រឡប់ត្រឡិនបែបនេះ?” ខ្ញុំសួរជាច្រើនសំនួរព្រោះទ្រាំឆ្ងល់ ទៀតលែងបាន។

“គ្មានពេលច្រើនទេ! នាងឆាប់រត់ទៅ! ខ្ញុំនឹងនាំនាងរត់” មិនត្រឹមតែនិយាយគេថែមទាំងអូសដៃខ្ញុំចេញពីបន្ទប់មួយនោះផងដែរ។

“រត់? ខ្ញុំមិនយល់ទេ!” ខ្ញុំគ្រវាសដៃគេចេញ រឹងទទឹងមិនព្រមទៅតា គេព្រោះមិនទាន់យល់ស្ថានការណ៍ថាមានរឿងអីឱ្យប្រាកដ​។

“យើងគ្មានពេលច្រើនទេណា…”

“លោកប្រាប់ខ្ញុំសិនមកថារឿងវាយ៉ាងម៉េច? ចុះស្ដេចស៊ែល?” ខ្ញុំសួរកាត់។

មេសសឹនក្នុងទឹកមុខតឹងតែស្រវាចាប់កដៃខ្ញុំជាថ្មីម្ដងទៀត តែម្ដងនេះគេច្របាច់ខ្លាំងណាស់ហាក់បញ្ជាក់ថាគេមិនលែងដៃខ្ញុំទេ។

“ស្ដាប់ណាមេណាម អ្វីដែលនាងបានឃើញមុននេះគ្រាន់តែជារូបភាពបំភ័ន្តភ្នែក នាងក៏មិនបានដឹងខ្លួនដែរវាជាសុបិន!”

សុបិន? បើជាសុបិនចុះហេតុអ្វីក៏រាងកាយខ្ញុំនៅទីនេះ? ចុះហេតុអ្វីក៏ខ្ញុំមានអារម្មណ៍ដឹងគ្រប់យ៉ាងដូច្នេះ? ខ្ញុំមិនយល់ទេ!!

“លោកចង់ថាខ្ញុំមមើដើរមកទីនេះមែនទេ?” ខ្ញុំសួរបញ្ជាក់។

“មែនហើយ! នាងមមើដើរដូចទាសករផ្សេងទៀតដែលនាងធ្លាប់លបមើលឃើញរាល់យប់នោះអី រាងកាយនាងមានសកម្មភាព នាងដឹងគ្រប់យ៉ាងតែក្នុងសភាពបិទភ្នែក យល់ច្រឡំថាវាជាការពិត” មេសសឹនព្យាយាមបកស្រាយ។

“លោកដឹង?” ខ្ញុំឧទានតិចៗព្រោះទើបតែដឹងថាមេសសឹនបានដឹងពីអាថ៌កំបាំងរបស់ខ្ញុំតាំងពីពេលណាក៏មិនដឹង។

“នេះមិនមែនជារឿងសំខាន់ទេ នាងត្រូវប្រញាប់ចេញពីទីនេះ! គ្រប់យ៉ាងនៅក្នុងប្រាសាទនេះសុទ្ធតែជាការប្រតិដ្ឋទាំងអស់ ព្រះអង្គ ម្ចាស់ដែលនាងបានឃើញនោះជាបិសាចទេ…គ្មានអ្វីពិតប្រាកដឡើយ!” មេសសឹននិយាយបណ្ដើរអូសដៃខ្ញុំរកផ្លូវចេញពីប្រាសាទបណ្ដើរ។

“ចុះអាន់ណានិងស្រីទាសករក្នុងដំណាក់នេះ?” ចម្ងល់ខ្ញុំមានច្រើនណាស់សួរមិនអស់ឡើយក្នុងពេលនេះ។

“ពួកនាងត្រូវបិសាចសម្លាប់អស់ហើយ គ្រប់គ្នានៅដំណាក់ព្រះអង្គម្ចាស់សុទ្ធតែជាវិញ្ញាណតែលតោល រួមទាំងអ្នកស្រីមេរ៉ាលីន”

ថាម៉េច? អ្នកស្រីមេរ៉ាលីនក៏មិនមែនជាមនុស្សដែលមែនទេ? ចុះគេ? មនុស្សប្រុសដែលកំពុងកាន់ដៃខ្ញុំនេះជាអ្វីទៅ?

“ចុះលោក?’ ខ្ញុំកម្រើកបបូរមាត់សួរទាំងដែលការពិតទៅខ្ញុំខ្លាចនឹងស្ដាប់ចម្លើយ… ខ្លាចថាបានចម្លើយមួយដែលខ្ញុំមិនចង់ឮ។

“ខ្ញុំ…” មេសសឹនបន្ថយល្បឿនជើងហើយងាកមកសម្លឹងមុខខ្ញុំ។ កែវភ្នែកពណ៌គ្រីស្តាល់របស់គេរលីងរលោងនិងសោកសៅដែលហាក់ដូចជាចម្លើយតបមកខ្ញុំវិញថាគេក៏មិនខុសពីអ្នកផ្សេងដែរ។

“អាកូនចង្រៃហ៍!”

“មាតា!!” រំពេចនោះក៏ស្រាប់តែលេចចេញអ្នកស្រីមេរ៉ាលីនក្នុងទឹកមុខដ៏កំណាច កែវភ្នែកទាំងគូក្រហមច្រាលដូចបិសាច គាត់សម្លក់មកកាន់មេសសឹនដោយក្ដីខឹងក្រោធ។

ប៉ុន្តែ…ហេតុអ្វីក៏មេសសឹនហៅគាត់ថាមាតា?

“ឯងចង់នាំវាទៅណា? ឯងចង់បំផ្លាញគម្រោងរបស់យើងឱ្យរលាយមែនទេ?” អ្នកស្រីមេរ៉ាលីនសួរខណៈដែលគាត់ប្រែខ្លួនចេះតែធំទៅៗរហូតដល់ដំបូលប្រាសាទ ក្លាយជាបិសាចយ៉ាងអាក្រក់។

“ឈប់ទៅមាតា! ឈប់សាងបាបទៅ!” មេសសឹនស្រែកហាមម្ដាយទាំងរលីងរលោងទឹកភ្នែកហាក់ដូចជានាយកំពុងរែកទុក្ខប៉ុនភ្នំ។

“យើងជិតបានសម្រេចហើយ អាកូនល្ងើ បើឯងបញ្ឈប់យើងពេលនេះដូចជាឯងសម្លាប់យើងដូច្នេះ… យើងមិនបោះចោលកណ្ដាលទីទេ” អ្នកស្រីមេរ៉ាលីនស្រែកគ្រហឹមបញ្ចេញចំហាយត្រជាក់មកយ៉ាងច្រើនសឹងនឹងកក។ ខ្ញុំបានត្រឹមគាំងស្ងៀមព្រោះមិនទាន់យល់សាច់ការណ៍នៅឡើយ។

“ឈប់ទៅមាតា! អំណាចមិនមែនជាក្ដីសុខរបស់យើងទេ បញ្ឈប់គ្រប់យ៉ាងត្រឹមនេះ ដោះលែងប្អូនស៊ែលទៅ មាតាសងសឹកបិតាជាច្រើនរយឆ្នាំនេះគួរតែឆ្អែតឆ្អន់ហើយ…” មេសសឹនព្យាយាមលួងលោមម្ដាយតែគាត់ពេញប្រៀបដោយកំហឹងមិនព្រមស្ដាប់អ្នកណាឡើយ។

“យើងមិនឈប់! បិតារបស់ឯងនិងនាងមហេសី រួមទាំងកូនវាអាស៊ែលត្រូវតែសងការឈឺចាប់របស់យើងយ៉ាងសាកសម…ឯងភ្លេចភាពឈឺចាប់ដែលបិតាឯងមើលងាយមើលថោកនិងទុកពួកយើងចោលហើយមែនទេ? ទាំងដែលយើងមកមុនតែមានឋានៈត្រឹមស្រីស្នំ ហើយឯងដែលជាបុត្រាប្រសូតមុនក៏បានត្រឹមជាមេទ័ព ចំណែកអាស៊ែលកើតក្រោយបែរជាបានគ្រងរាជ្យព្រោះមានឈ្មោះជាកូនមហេសីពេញសិទ្ធិ…ព្រះអង្គម្ចាស់អយុត្តិធម៌ដាក់ម្ដាយកូនយើងណាស់ យើងធ្វើគ្រប់យ៉ាងដើម្បីតែឯង…មេសសឹន…ដើម្បីបុត្ររបស់មាតាដែលកើតចេញពីផ្ទៃស្រីស្នំតូចទាបនេះបានអំណាច អាចគ្រងរាជ្យ…”

លុះបានស្ដាប់គ្រប់យ៉ាងបែបនេះខ្ញុំក៏ចាប់ផ្ដើមយល់ដំណើររឿងតិចៗហើយ។ តាមពិតមេសសឹននិងស្ដេចស៊ែលជាបងប្អូនរួមឪពុកគ្នាសោះ មិនចម្លែកទេដែលពួកគេមានកែវភ្នែកដូចគ្នា។ ព្រោះអំណាចនិងការឈឺចាប់ធ្វើឱ្យអ្នកស្រីមេរ៉ាលីនព្រមធ្វើគ្រប់បែបយ៉ាង មើលទៅគាត់ដូចជាចូលដៃជាមួយបិសាចដើម្បីទទួលបានយុទ្ធិសិល៍្បផ្លូវងងឹត បើមិនធ្វើដូច្នោះទេគាត់មិនអាចយកឈ្នះបានឡើយ។

ចុះស្ដេចស៊ែលពេលនេះនៅឯណា? បើស្ដេចស៊ែលដែលខ្ញុំបាន ឃើញនោះជាបិសាច អ៊ីចឹងស្ដេចស៊ែលពិតប្រាកដសុគតហើយមែនទេ?

“មាតាគិតខុសហើយ! មាតាចាញ់បោកមេបិសាចទៅវិញទេ វាប្រើយើងឱ្យរកមនុស្សមកឱ្យវាសម្លាប់ឱ្យគ្រប់ចំនួននោះវានឹងមានថាមពលក្លាយជាមនុស្សពេញលេញ នៅពេលនោះវានឹងគ្រប់គ្រងយើងទាំងពីរ ម្ដាយកូនយើងនឹងក្លាយជាបរិវារវា” មេសសឹនព្យាយាមពន្យល់បន្ថែម។

អ៊ីចឹងមានន័យថាដែលអ្នកស្រីមេរ៉ាលីនទិញទាសករចូលមកគឺដើម្បីត្រៀមឱ្យមេបិសាច ហើយរៀងរាល់ថ្ងៃពួកគេត្រូវនាំទាសករម្នាក់មកដំណាក់ព្រះអង្គម្ចាស់ដើម្បីឱ្យបិសាច។

ពេលនេះខ្ញុំទទួលបានចម្លើយហើយថាទាសករទាំងនោះបាត់ទៅណា គឺពួកនាងសុទ្ធតែត្រូវបិសាចសម្លាប់ តាមរយៈរូបភាពបំភាន់ភ្នែកពេលនាងពួកមមើ បិសាចដែលបន្លំកាយជាស្ដេចស៊ែលនឹងធ្វើយ៉ាងណាឱ្យពួកនាងស្រឡាញ់ទ្រង់ ហើយនៅពេលមួយដែលពួកនាងយល់ព្រមស្រឡាញ់ទ្រង់វានឹងស្រូបវិញ្ញាណអ្នកនោះបានសម្រេច។

នេះជាហេតុផលដែលអាន់ណា ប្រាប់មិនឱ្យខ្ញុំយល់ព្រមស្រឡាញ់ស្ដេចស៊ែល។ ហើយដើម្បីលាក់បាំងការពិតនេះអ្នកស្រីមេរ៉ាលីនតែងតែដាក់ថ្នាំក្នុងតែក្រអូបឱ្យទាសករគ្រប់គ្នាផឹកហើយដេកលក់ ដូច្នេះទើបគ្មានអ្នកណាដឹងថារៀងរាល់យប់មានអ្វីកើតឡើងខ្លះ។

ចំណែកម៉ោង១០:១០នាទី គឺជាវេលាដែលបិសាចមានអំណាចអាចចេញដើរបាន ដូច្នេះទើបស្រីទាសករគ្រប់គ្នាតែងតែត្រូវនាំចូលក្នុងដំណាក់ព្រះអង្គម្ចាស់រៀងរាល់ម៉ោង១០:១០នាទី។ នេះជាចម្លើយនៃចម្ងល់គ្រប់យ៉ាងដែលខ្ញុំឆ្ងល់មករហូត។

“ឯងទេដែលគិតខុស! កុំស្មានថាយើងមិនដឹង ឯងត្រូវស្នេហាដឹកមុខព្រោះឯងស្រឡាញ់វា ឯងចង់ជួយវាចេញពីទីនេះ តែកុំសង្ឃឹមឱ្យសោះថាឯងនឹងជួយនាងបាន…” ថាចប់អ្នកស្រីមេរ៉ាលីនក៏បញ្ចេញថាមពលគប់សំដៅមកខ្ញុំបម្រុងសម្លាប់ខ្ញុំចោល។

“កុំអីមាតា! អ្ហា៎…” មេសសឹនដឹងថាមាតាគេបម្រុងប្រើវេទមន្តសម្លាប់ខ្ញុំក៏ស្ទុះចូលមកពាំងខ្ញុំជិត។ នាយក្អួតឈាមទាំងដុំស្រក់លើស្មាខ្ញុំ ឃើញហើយធ្វើឱ្យបេះដូងខ្ញុំសឹងនឹងឈប់ដើរ។

លោកមេទ័ពស្រឡាញ់ខ្ញុំ? គេប្ដូរជីវិតមកជួយខ្ញុំមែនទេ?

“មេស… សឹន!” ខ្ញុំរលីងរលោងទឹកភ្នែកនិងស្រឡាំងកាំងពេលបានឃើញឈាមជាច្រើនបន្តហូរចេញពីមាត់របស់គេឥតឈប់។ ក្នុងទ្រូងខ្ញុំឈឺចាប់ខ្លាំងណាស់ គេត្រូវរបួសដោយសារខ្ញុំ គេយកជីវិតមកការពារខ្ញុំ។

“ស្ដាប់ណា…ត្រូវទៅយកដាវលើក្បាលដំណេករបស់បិតាហើយឡើងទៅដំបូលខាងលើនាងនឹងឃើញបិសាចនៅទីនេះក្បែរមឈូសកែវរបស់ប្អូនស៊ែល…ប្រើដាវចាក់សម្លាប់បិសាចនោះទៅ វានឹងស្លាប់ ហើយវេទមន្តទាំងប៉ុន្មាននឹងរលាយអស់…ប្អូនស៊ែល​នឹងដឹងខ្លួនមកវិញ” មេសសឹនត្រដរនិយាយទាំងក្អួតឈាម សភាពរបស់គេពេលនេះបំភ័យខ្ញុំខ្លាំងណាស់។

“ចុះលោក?” ទឹកភ្នែកខ្ញុំស្រក់ដូចទឹកបាក់ទំនប់ដោយហាមមិនបាន។

“ខ្ញុំនៅទប់ទល់នឹងមាតា…ខ្ញុំជឿលើនាង…តាំងពីថ្ងៃដំបូងម្ល៉េះ…នាងអាចធ្វើបានមេណាម ឆាប់ទៅ!!” ស្ដីចប់មេសសឹនក៏ប្រើកម្លាំងធាតុរបស់គេរុញខ្ញុំហោះឡើងទៅលើយ៉ាងលឿន ទាំងដែលខ្ញុំមិនទាន់ត្រៀមខ្លួន។

ត្រឹមមួយប៉ព្រិចភ្នែកខ្ញុំក៏ស្រាប់តែដួលប្រួសក្នុងបន្ទប់ដ៏ចម្លែកមួយ។ ខ្ញុំសម្លឹងមើលជុំវិញខ្លួនហើយក៏បានឃើញថានៅលើក្បាលដំណេកមានដាវពណ៌មាសដ៏ភ្លឺមួយកំពុងព្យួរចោល។ ខ្ញុំឥតបង្អង់យូរឡើយ កញ្ឆក់យកដាវហើយរត់ឡើងទៅដំបូលខាងលើតាមអ្វីដែលមេសសឹនប្រាប់ភ្លាមតែម្ដង។

មកដល់ក៏វ៉ាក់អើនឹងបិសាចដ៏ខ្មៅគ្រើលមួយ ក្បាលកំពុងហោះចុះហោះឡើងក្រឡឹងជុំវិញមឈូសកែវដែលមាន អ្នកអង្គម្ចាស់ដ៏ស្រស់សង្ហាក្នុងវង់ភ័ក្រ្តញញឹមស្រស់លង់លក់មិនដឹងព្រះកាយ។

បិសាចដ៏អាក្រក់សើចបញ្ចេញធ្មេញដ៏គួរឱ្យខ្ពើម មុននឹងស្រែកមួយទំហឹងនាំយកខ្យល់ព្យុះយ៉ាងខ្លាំងមហិមាមកបុកនឹងខ្ញុំប៉ើងទៅម្ខាងបោកផ្ទប់នឹងជញ្ជាំង។

“អ្ហា៎!” ខ្ញុំស្រែកដោយភាពឈឺចាប់ ប្រឹងច្រត់ខ្លួនក្រោកយ៉ាងត្រដាបត្រដួស ខួរក្បាលរបស់ខ្ញុំទន្ទេញជាប់នូវសម្ដីមួយឃ្លារបស់មេសសឹន ព្រោះគេជឿជាក់លើខ្ញុំដូច្នេះខ្ញុំមិនអាចចាញ់ទេ។

មិនទាន់ទាំងងើបបានស្រួលបួលផងបិសាចអាក្រក់ខ្មៅងងឹតនោះក៏ហោះយ៉ាងលឿន ប្រើដៃដែលមានក្រចកវែងៗច្របាច់កខ្ញុំរុញផ្អឹបនឹងជញ្ជាំងលើកផុតដី។

“អ្ហា៎!!” ខ្ញុំស្រែកថ្ងូរយ៉ាងវេទនាគ្មានសូម្បីកម្លាំងប្រវាយប្រតប់។

បិសាចនេះខ្លាំងណាស់ មនុស្សធម្មតាដូចខ្ញុំម្ដេចនឹងអាចយកឈ្នះវាបានទៅ? 

«ខ្ញុំជឿលើនាង! នាងអាចធ្វើបាន!»

«ប្រើដាវសម្លាប់វា»

នាវិនាទីដ៏សែនស្មុគស្មាញមួយនេះ សម្ដីទាំងប៉ុន្មានរបស់មេសសឹនក៏ត្រលប់មកក្នុងខួរក្បាលខ្ញុំវិញ។

មែនហើយ! ប្រើដាវទៅមេណាម! ប្រើដាវសម្លាប់វា…

ភ្លាមៗនោះខ្ញុំក៏ប្រមូលកម្លាំងកំហែងបន្តិចបន្តួចដែលនៅសេសសល់ ប្រឹងលើកដាវឡើងហើយកាច់ទៅលើដៃបិសាចដែលច្របាច់កខ្ញុំបណ្ដាលឱ្យដាច់ធ្លាក់ទៅលើដីសូរតែក្ដុក។

“អ្ហា៎!!!” បិសាចអាក្រក់នេះស្រែកយ៉ាងខ្លាំងដំណាលគ្នានឹងរាងកាយរបស់ខ្ញុំធ្លាក់ឌឹបមកលើដី។

ខ្ញុំក្អកខេះៗប្រឹងស្រូបខ្យល់អុកស៊ី សែនចូលពេញៗសួតព្រោះត្រូវបិសាចប្របាច់សឹងនឹងដាច់.កទៅ ហើយមុននេះ។

“ឱ្យឆាប់ឡើងមេណាម! ចាក់សម្លាប់វាទៅ!” ខ្ញុំងាកទៅតាមប្រភពសំឡេងហើយក៏បានឃើញថាមេសសឹនកំពុងរត់យ៉ាងត្រដាបត្រដួសឡើងមកខាងលើដែរ តាមដោយអ្នកស្រីមេរ៉ាលីនក្នុងសភាពដូចបិសាចដេញគេពីក្រោយ។

ខ្ញុំអត់បង្អែរបង្អង់ឡើយ ដកដង្ហើមមួយឃូសយ៉ាងវែងបន្ថែមភាពក្លាហានហើយច្រត់ខ្លួនក្រោកឡើងលើកដាវពណ៌មាសរត់សំដៅទៅរកបិសាចយ៉ាងលឿន។

“ទេ!!!!!!”

ជ្រឹប!!!

សម្រែកអ្នកស្រីមេរ៉ាលីនបន្លឺឡើងខ្ទររងំដំណាលគ្នានឹងផ្លែដាវចាក់ចូលក្នុងទ្រូងខាងឆ្វេងរបស់បិសាចអាក្រក់។

“អ្ហា៎!!!!”

ទាំងបិសាចទាំងអ្នកស្រីមេរ៉ាលីនស្រែកព្រមគ្នាដោយភាពវេទនាខណៈដែលរាងកាយរបស់ពួកគេចាប់ផ្ដើមរលាយបន្តិចម្ដងៗរសាត់ទៅក្នុងខ្យល់។ មិនមែនតែពួកគេទាំងពីរទេ គ្រប់ទៅកន្លែងជុំវិញខ្លួនខ្ញុំសុទ្ធតែចំហាយរសាត់ជុំទិស បញ្ជាក់ថាវិញ្ញាណដែលត្រូវសម្លាប់ដោយបិសាចទាំងអស់កំពុងរលាយតាមគ្នាហើយ។

“មេសសឹន!” ខ្ញុំងាកមកចាប់អារម្មណ៍នឹងមេសសឹនដែលកំពុងដេកដួលលើដីយ៉ាងស្ងៀមស្ងាត់។ មិនបង្អង់យូរខ្ញុំក៏ស្ទុះចូលទៅត្រកងគេ ទើបឃើញថាផ្នែកខ្លះៗនៃរាងកាយរបស់គេកំពុងតែរលាយបណ្ដើរៗហើយ។

“មេស…សឹន…” ទឹកភ្នែកខ្ញុំស្រក់ដោយហាមមិនបានពេលដឹងថាបន្តិចទៀតនឹងគ្មានគេទៀតទេ…

គេនឹងរលាយដូចវិញ្ញាណផ្សេង ទៀត!

“នាងធ្វើបានហើយ!” កែវភ្នែកពណ៌គ្រីស្ដាល់ដែលធ្លាប់តែស្ងប់ស្ងាត់និងសោះកក្រោះពេលនេះបានប្ដូរមកជាស្រទន់គួរឱ្យចង់គយគន់ខ្លាំងណាស់ តែស្ដាយ…ស្ដាយដែលបន្តិចទៀតខ្ញុំលែងមានឱកាសបានឃើញវាទៀតហើយ។

“ហឺៗ… ខ្ញុំសុំទោស! កុំទៅចោលខ្ញុំបានទេ?” ទឹកភ្នែកខ្ញុំបន្តស្រក់ដូចទឹកបាក់ទំនប់ដោយហាមមិនបាន បេះដូងខ្ញុំឈឺខ្លាំងណាស់ ឈឺអួលពេញទ្រូង។

“កុំយំ! ខ្ញុំពិបាកទ្រាំណាស់ពេលឃើញនាងយំ” មេសសឹននិយាយព្រមទាំងប្រឹងឈោងដៃមកជូតទឹកភ្នែកឱ្យខ្ញុំ តែវាមិនបានធ្វើឱ្យទឹកភ្នែកខ្ញុំស្ងួតទេ មានតែហូរខ្លាំងលើសដើម។

“ហឺៗ… កុំទៅចោលខ្ញុំអីសូមមេត្តា…”

“កុំយំ… កុំយំស្ដាយខ្ញុំអី បន្តិចទៀតខ្ញុំនឹងរលាយ…”

“តើមានវិធីណាដែលអាចជួយលោកបានទេ? ប្រាប់មកខ្ញុំព្រមធ្វើ គ្រប់យ៉ាងទាំងអស់ ហឺៗ…” ខ្ញុំយំរហូតព្រិលភ្នែក ខ្ញុំមិនចង់បាត់បង់គេទេ… ខ្ញុំធ្វើចិត្តមិនទាន់បាន…

“ខ្ញុំនឹងរលាយ តែខ្ញុំមានអ្វីម្យ៉ាងចង់សុំពីនាង…”

“កុំអង្អូសពេលអី ឃើញទេដៃជើងលោករសាត់ទៅកាន់តែច្រើនហើយហ៊ឺៗ” ខ្ញុំស្រែកទួញយំពេលសង្កេតឃើញថាផ្នែកខ្លះនៃរាងកាយគេចេះតែរសាត់ទៅហើយ។

“សន្យាមកថានាងនឹងថែផ្កាធូលីបនេះរហូតដល់ពេលវាចេញផ្កា” សុខៗមេសសឹនក៏ដាក់សំណើរមួយភ្លាម។

“សន្យា! ផ្កាធូលីបនោះនៅឯណា?” ខ្ញុំងក់ក្បាលញាប់ស្មេបណ្ដាលឱ្យស្រក់ទឹកភ្នែកលើគេជាច្រើនដំណក់។

“បន្តិចទៀតនាងនឹងឃើញ…ខ្ញុំស្រឡាញ់នាងណា…មេណាម…” ថាចប់គេក៏ទាញកញ្ចឹងកខ្ញុំបង្អោនចុះក្រោម បណ្ដាលឱ្យបបូរមាត់របស់ខ្ញុំសង្កត់លើបបូរមាត់គេ។

បើទោះជាភ្នែកខ្ញុំស្រវាំងមើលមិន ច្បាស់យ៉ាងណាក៏ខ្ញុំនៅតែអាចមើលឃើញនិងចងចាំកែវភ្នែកពណ៌ គ្រីស្ដាល់ស្រាលមួយនេះ…កែវភ្នែកដ៏មានអំណាចកំពុងញ័រតិចៗ ជំនួសការនិយាយពាក្យលា។ ពួកយើងថើបគ្នាតែខ្ញុំមិនហ៊ានបិទភ្នែក ទេព្រោះខ្លាចថាត្រឹមមួយប៉ព្រិចភ្នែកនឹងបាត់គេទៅ…នាវិនាទីចុង ក្រោយនេះខ្ញុំចង់មើលគេរហូតដល់វេលាមួយដែលគ្មានវត្តមានគេទៀត​។

ទីបំផុតកែវភ្នែកគ្រីស្ដាល់របស់មេសសឹនក៏សន្សឹមបិទយឺតៗដំណាលគ្នានឹងរាងកាយនាយចាប់ផ្ដើមរលាយនិងរសាត់ទៅឆ្ងាយដូចអំពិលអំពែក។

“ហ៊ឺៗ…” ខ្ញុំស្រវាឱបពន្លឺភ្លឺៗនោះទាំងក្ដីអាល័យព្រមទាំងឈ្ងោកមុខ យំយ៉ាងកំសាកញី យំនូវការឈឺចាប់ចេញពីបេះដូង យំដែលត្រូវបាត់បង់គេទៅ។

“ខ្ញុំក៏ស្រឡាញ់លោកដែរ មេសសឹន!” ខ្ញុំបានត្រឹមខ្សឹបពាក្យថាស្រឡាញ់ខ្សាវៗបង្ហើរតាមខ្យល់ដោយសង្ឃឹមថាគេនឹងបានឮ… ពាក្យពិតចេញពីបេះដូងរបស់ខ្ញុំ។

ខ្ញុំស្រឡាញ់លោក!!

ទឹប! ទឹប!

ស្នូរសម្រិបជើងឮចេញពីក្រោយខ្នងធ្វើឱ្យខ្ញុំបានសតិហើយងាកទៅមើលទាំងទឹកភ្នែករួចក៏ត្រូវស្រឡាំងកាំងពេលបានឃើញថា…ស្ដេចស៊ែលទី៥ដឹងព្រះកាយវិញហើយ!!

“ព្រះអង្គ…” សម្ដីទាំងប៉ុន្មានត្រូវបានលេបចូលក្នុងពោះវិញពេលបានឮព្រះបន្ទូលរបស់ស្ដេចស៊ែលពោលកាត់ខ្សាវៗថា÷

“នោះជា… ផ្កាធូលីបមែនទេ?”

ខ្ញុំចោលភ្នែកទៅតាមចង្អុលដៃរបស់ទ្រង់ហើយក៏ញោចស្នាមញញឹមទាំងទឹកភ្នែកពេលឃើញថាត្រង់កន្លែងដែលមេសសឹនរលាយមុននេះកំពុងមានកូនរុក្ខជាតិតូចមួយដុះចេញមក ដែលនោះគឺជា…

ដើមផ្កាធូលីប!!

៣ឆ្នាំក្រោយមក

វិមានដឹហ្កដ អាណាចក្រស្ដេចស៊ែលទី៥

នេះជារដូវផ្ការីក! សួនផ្កាក្នុងវិមានរីកយ៉ាងស្គុះស្គាយចម្រុះពណ៌ បង្អួតសម្រស់យ៉ាងស្រស់ស្អាតទាក់ភ្នែកកន្លង់។ ក្នុងវិមានមានការប្រែប្រួលច្រើនណាស់ ពីសោះកក្រោះប្រែមកជាមានជីវិតជីវ៉ា ស្រស់ស្រាយនិងអ៊ូអរ។ ស្ដេចស៊ែលឡើងគ្រងរាជ្យនិងគ្រប់គ្រងអាណាចក្ររបស់ទ្រង់បានយ៉ាងសុខសាន្តរយៈពេល៣ឆ្នាំក្រោយមកនេះ។

ងាកមកមើលដំណាក់ទាសករឯណេះវិញ ត្រូវបានប្ដូរមកជាដំណាក់ស្នាក់ធម្មតា។ ផ្នែកខាងក្នុងកំពុងមមាញឹកយ៉ាងខ្លាំងម្នាក់ៗញាប់ដៃញាប់ជើងធ្វើការរៀងៗខ្លួន។ នៅជ្រុងម្ខាងនៃដំណាក់យើងនឹងឃើញនារីម្មាក់ តែងកាយថ្លៃថ្នូរខុសពីស្រីដទៃ ដើរត្រួតពិនិត្យការខុសត្រូវយ៉ាងហ្មត់ចត់…

ម្នាក់ហ្នឹងគឺជាខ្ញុំ…មេណាម!!

“អ្នកនាងចាត់ការ ស្ដេចបញ្ជាឱ្យអ្នកនាងចេញទៅទទួលភ្ញៀវជាមួយគាត់ឥឡូវនេះ” ខ្ញុំងើបមុខចេញពីថាសអាហារហើយញញឹម​ងក់ក្បាលតបទៅស្រីបម្រើ។

ខ្ញុំពេលនេះនៅក្នុងវិមានដឹហ្កដដដែល គ្រាន់តែបានឡើងតំណែងមកគ្រប់គ្រងការងារជំនួសអ្នកស្រីមេរ៉ាលីន។

“ប្រាប់ទ្រង់ថាយើងទៅដល់ឥឡូវហើយ” ខ្ញុំលាងដៃហើយដើរចេញពីដំណាក់ស្នាក់ បម្រុងបង្ហួសទៅដំណាក់ព្រះអង្គម្ចាស់តែក៏ដឹងខ្លួនថាមិនបានដាក់ស្នៀតសក់ ដូច្នេះក៏សម្រេចចិត្តត្រលប់ទៅបន្ទប់សិន។

ទទួលភ្ញៀវពិសេសរបស់ស្ដេចម្ដេចនឹងអាចធ្វើខ្លួនស្រមេកស្រមកនោះ…

រយៈពេល៣ឆ្នាំពិតជាលឿនខ្លាំងណាស់ តាំងពីថ្ងៃនោះមកជីវិតខ្ញុំបានប្រសើរឡើងច្រើន។ ស្ដេចស៊ែលមានមេត្តា ទ្រង់កសាងអាណាចក្រឡើងវិញរហូតសន្តិភាពមកដល់សព្វថ្ងៃ។ ខ្ញុំទន្ទឹមរង់ចាំមនុស្សដែលចាកចេញទៅពីមួយថ្ងៃទៅមួយថ្ងៃតែការរង់ចាំមួយនេះដូចជាគ្មានសង្ឃឹមសោះ។

ខ្ញុំធ្វើតាមសន្យាជាមួយមេសសឹន ដោយយកផ្កាធូលីបនោះមកដាំស្រោចទឹក មើលថែយ៉ាងល្អ ប៉ុន្តែវាចម្លែកណាស់… រយៈ​ពេលបីឆ្នាំមកនេះផ្កាធូលីនមួយដើមនេះមិនចេញផ្កាទាល់តែសោះ ទាំងដែលខ្ញុំថែទាំងវាយ៉ាងល្អ។

ខ្ញុំពិតជាចង់ដឹងណាស់ថាបើផ្កាធូលីបនេះចេញផ្កា តើនឹងមានអ្វីកើតឡើង? ប៉ុន្តែឥឡូវនេះដល់រដូវផ្ការីកហើយនៅមិនឃើញវាចេញផ្កាផង មើលទៅប្រហែលជាត្រូវរង់ចាំដល់ឆ្នាំក្រោយទៀតហើយ។

“អីយ៉ា មេណាមរវល់តែរវើរវាយតិចយឺតពេលទៅ” ខ្ញុំស្ដីបន្ទោសឱ្យខ្លួនឯងហើយក៏រហ័សចេញពីបន្ទប់។

មកដល់មាត់ទ្វារខ្ញុំក៏ស្រាប់តែប្រទះភ្នែកនឹងអ្វីម្យ៉ាងដែលធ្វើឱ្យខ្ញុំសប្បាយចិត្តសឹងហូរទឹកភ្នែក។

ទីបំផុត…ផ្កាធូលីបចេញផ្កាហើយ!!!

ខ្ញុំរលីងរលោងទឹកភ្នែកដោយភាពរំភើប ចុងក្រោយការរង់ចាំរបស់ខ្ញុំក៏បានមកដល់ មិនស្ដាយទេដែលចំណាយពេលទន្ទឹងចាំមករាប់ឆ្នាំ។

“មើលទៅអ្នកចាត់ការដូចជាសប្បាយចិត្តណាស់ថ្ងៃនេះ” មកដល់សាលភ្លាមស្ដេចស៊ែលក៏ចំអន់ភ្លាមតែម្ដង។

“ព្រះពរ!” ខ្ញុំសើចញឹមៗមិនហ៊ានបង្ហាញអាកប្បកិរិយាត្រេកអរពេក។

“តែយើងថាបន្តិចទៀតនឹងមានរឿងធ្វើឱ្យអ្នកចាត់ការរំភើបជាងហ្នឹងទៀត” ស្ដេចស៊ែលមានបន្ទួលហើយក៏សើចហឹសៗ។

“ជាអ្វីទៅព្រះពរ?”

“…”

ស្ដេចស៊ែលមិនតប តែញញឹមលាក់គំនួច។

អស់មួយសន្ទុះធំស្ដេចស៊ែលក៏នាំខ្ញុំទៅបន្ទប់គំនូរដែលបានរៀបចំយ៉ាងស្រស់ស្អាត ធ្វើឱ្យខ្ញុំនឹកទៅដល់ពេលដែលចួបទ្រង់ដំបូង តែមនុស្សដែលខ្ញុំនឹកខ្លាំងជាងនេះគឺជាមេសសឹន ព្រោះគេបានជួយខ្ញុំនិងជាមនុស្សតែម្នាក់ដែលខ្ញុំស្រឡាញ់ហើយរង់ចាំមករហូត។

“អូហ៍ យើងមានការបន្តិច នាងអាចទទួលភ្ញៀវពិសេសសម្រាប់យើងមួយភ្លែតបានទេ?” ភ្លាមៗទ្រង់ក៏មានបន្ទួលបែបនេះឡើង​។ ខ្ញុំគ្រវីក្បាលតតាសបដិសេធមិនព្រមធ្វើតាមសំណើរទ្រង់។

“មិនកើតទេព្រះអង្គម្ចាស់”

“ទុកចិត្តលើនាងហើយ” មិនត្រឹមតែមិនស្ដាប់ទ្រង់ថែមទាំងយាងចេញទៅបាត់ធ្វើព្រងើយ។ ខ្ញុំមានអារម្មណ៍ហេលហាល ភ័យក៏ភ័យ មិនដឹងថាភ្ញៀវស្ដេចជាអ្នកណាផង មកទទួលតែម្នាក់ឯងម្ដេចនឹងបាន។

កំពុងតែរសាប់រសល់ទ្វារដំណាក់ក៏ស្រាប់តែរបើកឡើង។

ក្រាក!!

ខ្ញុំភ្ញាក់ក្រញាងងាកទៅរកប្រភពសំឡេងហើយក៏ត្រូវស្រឡាំងកាំង ភ្លឹកភ្លាំងរកពាក្យស្រដីពុំបានព្រោះម្នាក់ដែលកំពុងដើរចូលមកនេះគឺជា…ជាគេ!

មនុស្សដែលខ្ញុំទន្ទឹមរង់ចាំបានត្រឡប់មកវិញហើយ!

“មេស… សឹន!” ខ្ញុំឧទានខ្សាវៗ មិនទាន់អាចទាញខ្លួនចេញពីការភ្ញាក់ផ្អើលនៅឡើយ។

“សូមគោរពអ្នកនាងមេការ! ខ្ញុំមេសសឹនជាមេទ័ពភាគខាងជើង” គេដោះមួកណែនាំខ្លួនក្នុងទឹកមុខម៉ឺងម៉ាត់និងប្រាកដប្រជាធ្វើឱ្យខ្ញុំរលីងរលោងទឹកភ្នែក។

គឺពិតជាគេពិតមែន! គេត្រលប់មកវិញហើយ…ប៉ុន្តែតើគេនៅចាំខ្ញុំដែរទេ?

“ចាស៎! នាងខ្ញុំមេណាម” ខ្ញុំញញឹមស្ងួតឱនគោរពគេតាមទម្លាប់ ប្រឹងលាក់បាំងទឹកភ្នែកព្រោះមើលទៅគេមិនចាំខ្ញុំទេ។

ទីបំផុតបន្ទាប់ពីរងចាំរយៈពេលបីឆ្នាំផ្កាធូលីបក៏រីក គេក៏ត្រលប់មកវិញ ត្រលប់មកក្នុងនាមជាមនុស្សថ្មីដែលមិនចងចាំខ្ញុំ…

តើអ្វីដែលខ្ញុំចង់បាន? ចង់ឃើញគេរស់ឡើងវិញមានជីវិតល្អប្រសើរ ឬក៏ចង់ឱ្យគេរស់ឡើងវិញដើម្បីមកស្រឡាញ់ខ្ញុំ? បើដើម្បីតែមកស្រឡាញ់ខ្ញុំ ខ្ញុំយល់ថាខ្លួនឯងអត្មានិយមពេកហើយ។ ពេលនេះខ្ញុំគួរតែរីករាយដែលទីបំផុតខ្ញុំក៏បានចួបគេម្ដងទៀត បើទោះជាការត្រលប់នេះមិនមែនដើម្បីខ្ញុំក៏ដោយ។

“មេណាមដែលមិនចេះផឹកតែក្រអូបមែនទេ?” ខ្ញុំងើយមុខដែលជោកជាំដោយទឹកភ្នែកសម្លឹងមើលគេដោយគ្មានពាក្យបរិយាយ​។

និយាយបែបនេះតើចង់មានន័យយ៉ាងម៉េច?

“…”

“ចាំថាពេលខ្ញុំចាកចេញនាងក៏យំ ឥឡូវខ្ញុំមកវិញហើយនាងក៏នៅតែយំ តើខ្ញុំគួរធ្វើអីឥឡូវនេះ?”

មនុស្សអាក្រក់! នៅមានមុខមកសើចឌឺដងទៀត ខ្ញុំយំព្រោះហេតុផលពីរយ៉ាង ទី១រំភើបដែលលោកត្រលប់មកវិញ ទី២អន់ចិត្តដែលលោកមិនចាំខ្ញុំ…

“អ្នកណាថាបងមិនចាំអូន? បីឆ្នាំនេះក្នុងចិត្តបងមានតែអូនម្នាក់ប៉ុណ្ណោះ” មេសសឹនទាញចង្កាខ្ញុំឱ្យបែរមុខសម្លឹងទៅគេ មើលធ្លុះ ចូលជ្រៅក្នុងកែវភ្នែកពណ៌គ្រីស្តាល់ថ្លាដែលទន់ភ្លន់និងស្មោះត្រង់ បញ្ជាក់ថាសម្ដីរបស់គេជាការពិត។

“មនុស្សអាក្រក់! អូនទន្ទឹមចាំបងងរាល់ថ្ងៃ…អុប៎!”

មនុស្សក្បាលខូចមិនទុកឱកាសឱ្យខ្ញុំរអ៊ូច្រើនឡើយ គេទម្លាក់បបូរមាត់ដ៏ទន់សង្កត់ចុះលើបបូរមាត់ខ្ញុំ ថើបថ្នមៗព្រមទាំងស្រវាទាញកាយខ្ញុំឱ្យពិតប៉ះខ្លួនគេ ភាយសីតុណ្ហភាពក្ដៅឱ្យគ្នាទៅវិញទៅមកក្នុងបន្ទប់គំនូរដែលមានតែយើងពីរនាក់។ យូរសែនយូរទម្រាំនឹងគេព្រលែងខ្ញុំឱ្យមានសេរីភាព បន្សល់ទុកតែស្នាមក្រហមលើថ្ពាល់របស់ខ្ញុំព្រោះខ្ញុំអៀនពេក។

“បងដឹងគ្រប់យ៉ាងតាមរយៈ…”

“តាមរយៈផ្កាធូលីប?” ខ្ញុំសួរកាត់។

មេសសឹនសើចហឹសៗមុននឹងទាញខ្ញុំទៅឱប។

“មិនបាច់រៀបរាប់ក៏បងដឹងថាអូនស្រឡាញ់បងប៉ុនណាដែរ”

លុះឮនិយាយដូច្នេះខ្ញុំក៏ចាប់ផ្ដើមឆ្ងល់ភ្លាម។

“បងប្រាប់អូនបានទេថាបងទាក់ទងអ្វីនឹងផ្កាធូលីប?”

“គឹដូចដែលអូនបានឃើញអ៊ីចឹង”

“ផ្កាធូលីបរីក បងនឹងត្រលប់មកវិញ ចុះបើវាមិនរីក?”

“អាស្រ័យលើក្ដីស្រឡាញ់ដែលអូនស្រោចសណ្ដោសទៅលើវា បើអូនពិតជាមានចិត្តស្មោះ វានឹងរីកនៅថ្ងៃណាមួយ បើអូនមិនស្មោះ ផ្កានឹងមិនរីករហូតទៅ…” មេសសឹនបកស្រាយ។

“ហើយអូននឹងមិនបានចួបបងរហូតមែនទេ?” ខ្ញុំសួរបញ្ជាក់។

“តែឥឡូវបងមកវិញហើយ មកដើម្បីតបស្នងក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់អូន…អរគុណដែលរង់ចាំបង”

“អូនក៏ស្រឡាញ់បង អរគុណដែលត្រលប់មកវិញ”

មេសសឹនបានទាញខ្ញុំទៅឱបហើយដឹកដៃខ្ញុំចេញពីបន្ទប់គំនូរ។ ព្យាយាមគង់បានសម្រេច មិនថាក្នុងរឿងស្នេហាឬការងារទេ ឱ្យតែយើងមានភាពតស៊ូព្យាយាម វាមិនអត់ន័យឡើយ។

ចប់!