រឿង៖ ប្រអប់អថព្វ

(អថព្វ គឺអថ័ន ក្នុងវចនានុក្រមដាក់ថា អថព្វ ជាមេពាក្យរបស់ អថ័ន)

នារីវ័យប្រហែល២៥ឆ្នាំដើរត្រុកៗទាំងដៃនៅជាប់អំបោះរៀបការនៅឡើយ។ កែវភ្នែកពោពេញដោយការងឿយឆ្ងល់និងភាពច្របូកច្របល់។ បន្ទាប់ពីរើមកនៅផ្ទះខាងប្រុសលើកដំបូង ម៉្យាងទៀតទើបក្រាបផ្ទឹមមិនទាន់បាន១ម៉ោងស្រួលបួលផង។

នាឡិការោទ៍ឡើង យប់ម៉ោង១១:៤៨នាទីទៅហើយ អាកាសធាតុខែកត្តិកធ្លាក់ខ្យល់ត្រជាក់ស្ពឹកដល់ឆ្អឹងខ្នងខ្ញុំដើរមើលផ្ទះខាងប្រុសដែលទើបរៀបការថ្មីថ្មោង​​ ស្រាប់តែមានអារម្មណ៏ថាមានក្លិនក្រអូបផ្កាម្លិះសាយភាយមកពីខាងណាក៏មិនដឹងខ្ញុំដើរតាមក្លិននោះរហូតដល់បន្ទប់ចុងគេនៃរានហាល មេឃងងឹតណាស់តែពន្លឺព្រះចន្ទអាចឱ្យខ្ញុំអាចមើលឃើញបន្ទប់កញ្ចក់មួយដោយការចង់ដឹងចង់ឮពេក ខ្ញុំសម្រេចចិត្តចូលទៅដោយមិនស្ទាក់ស្ទើរ។

រូបថតស្ថិតជាប់ជញ្ចាំងសុទ្ធសឹងតែជារូបថតគ្រួសារខាងប្តីខ្ញុំគ្រប់ជំនាន់​ តាមដែលខ្ញុំឃើញគ្រប់ជំនាន់សុទ្ធតែជាអ្នកមានឋានៈរហូតដល់ជំនាន់ប្តីខ្ញុំម្នាក់ៗសុទ្ធតែពាក់ស័កលើស្មា​ សំណាងដែរ ដែលខ្ញុំរៀបការចូលក្នុងគ្រួសារដែលចាស់ទុំខាងប្រុសមិនរើសអើងវណ្ណៈគ្រួសារខ្ញុំ។ រំពេចនោះខ្ញុំសង្កេតឃើញរូបថតស្ត្រីនៅខាងស្តាំដែលដាច់ដោយឡែកពីគេតែអ្វីដែលចម្លែកគឺនៅលើរូបថតគាត់មានសរសេរឈ្មោះថ្ងៃខែឆ្នាំកំណើតដោយដីសនិងមានអំបោះស​ ពទ័្ធជុំវិញ។

ថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៣២ នេះជាឆ្នាំនៅសម័យអាណានិគមបារាំងតើ! មានន័យថាស្ត្រីក្នុងរូបនេះប្រហែលជាយាយទួតរបស់ប្តីខ្ញុំហើយមើលទៅខ្ញុំបង្វែការចាប់អារម្មណ៏ទាំងអស់ទៅលើបន្ទប់វិញ។ ខ្ញុំបន្តមើលតុនិងសៀវភៅជាច្រើនមានការរៀបចំយ៉ាងមានរបៀបរៀបរយមានថូផ្កាបុរាណធំៗពីរនៅអមសងខាងបន្ទប់រវល់តែភ្លឹកនិងការរៀបចំខ្ញុំឮសម្រិបជើងនរណាម្នាក់ដែលកំពុងដើរទៅវិញទៅមកនៅខាងក្រៅបន្ទប់ ខ្ញុំងាកឆ្វេងសម្លឹងទៅកញ្ចក់ ឃើញស្ត្រីរូបរាងស្គមស្គាំងម្នាក់ដើរយឺតៗទៅមកជុំវិញរានហាល។

-ចុម! កណ្តាលយប់ហើយអ្នកណាមកធ្វើស្អីនេះ​​ ឬមួយមីងអ៊ីទេដឹង?

មិនបង្អង់យូរខ្ញុំដើរទៅតាមស្ត្រីនោះយឺតៗតាមពីក្រោយយ៉ាងប្រកៀក។ ស្ត្រីនោះមិនមែនជាមីងអ៊ីទេឬមួយជាអ្នកបម្រើចូលថ្មី

-អេ! ឈប់សិននាងជាអ្នកណា? នែ! នាងមិនឮខ្ញុំហៅទេហេស? នែ! ឈប់សិន

មិនថាខ្ញុំខំស្រែកប៉ុន្មានដងទេ ស្ត្រីនោះនៅតែបន្តដើរទៅមុខរឹងដូចគល់ឈើគ្មានងាកក្រោយហាក់មិនខ្វល់ពីអ្វីដែលខ្ញុំនិយាយ។ នាងដើរពីបន្ទប់មួយទៅបន្ទប់មួយរហូតដល់បន្ទប់ក្រោមដីដែលកាន់តែងងឹតទៅៗសម្រិបជើងចុះជណ្តើរមួយៗ ខ្ញុំក៏មកដល់មុខបន្ទប់ដែលមានសុទ្ធតែខោអាវចាស់ៗព័ទ្ធទៅដោយសំបុកពីងពាងនិងធូលីដីក្រាស់ខ្មឹកហាក់ធ្វើឱ្យអារម្មណ៏ខ្ញុំមិននឹងនរក្នុងខ្លួនខ្ញុំស្រែកសួរម្តងទៀត។
-នាងជាអ្នកណា? អេ! ឈប់សិននាងស្តាប់ខ្ញុំមិនឮទេហេស?

លើកនេះនាងងាកមុខមករកខ្ញុំចំៗ ដែលអាចឱ្យខ្ញុំឃើញថានាងស្លៀករ៉ូបដេកយប់ពណ៌សរួមទាំងទម្លាក់សក់វែងខ្មៅរលោងហួសចង្កេះដោយងងឹតពេកខ្ញុំមិនអាចមើលមុខនាងច្បាស់ឡើយតែអាម្មណ៍ខ្ញុំប្រាប់ថាមានអ្វីមិនស្រួលហើយ។ បេះដូងខ្ញុំលោតដុបដាក់ៗ ក្រោយឃើញស្នាមឈាមក្រហមច្រាលមួយផ្ទាំងដាមលើរ៉ូបរាត្រីរបស់នាងខ្ញុំចង់បកក្រោយដែរតែជើងខ្ញុំទាំងពីរហាក់ស្ពឹកកម្រើកស្ទើរតែមិនបាន។

នារីនោះបោះជំហានបន្តិចម្តងៗមកកាន់ខ្ញុំ ខ្ញុំញ័រចំប្រក់ដូចកូនសត្វនាងខ្សឹបតិចៗដោយសំឡេងខ្សាវៗថា៖

”ជួយផង​” មួយស្របក់ក្រោយមកនាងហូតប្រអប់ឈើមួយដែលមានសោរពណ៌ប្រាក់មកឱ្យខ្ញុំ។

-វាជាស្អីហ្នឹង! អាយ!!

គ្រាន់តែកាន់ប្រអប់នោះភ្លាមប្រអប់ទាំងមូលចាប់ផ្តើមរង្គើកម្លាំងដៃរបស់ខ្ញុំព្យាយាមទប់តែហាក់មិនអាចទប់ទល់ឈ្នះនិងកម្លាំងអ្វីម៉្យាងដែលមាននៅក្នុងប្រអប់។

ស្រមោលខ្មៅធំមួយលេចរូបរាងឡើងនៅពីក្រោយខ្នងខ្ញុំ ស្ត្រីបីបួននាក់ក្រញាំដណ្តើមគ្នាហែកពោះវៀនជ្រូកស៊ីស្រស់ៗ​ហូរឈាមស្រក់ពេ​ញឥដ្ឋ។ ខ្មោចនោះស៊ីពោះវៀនជ្រូកខ្ញប់ៗឈាមហូរចេញពីមាត់អត់ឈប់ខ្ញុំស្ទើរដកដង្ហើមមិនចេញភ្នែកទាំងគូរសម្លឺងសម្លក់មកខ្ញុំមិនដាក់ភ្នែកក្លិនឈាមឆ្អេះឆ្អាបស្ទើរចេញក្អួត​ ខ្ញុំរើបម្រាស់ខ្លួនចេញពីទីស្មោកគ្រោកនេះតែខ្មោចស្រីនោះក្រញាំគ្នាទាញខ្ញុំ។

-លែងៗលែងយើង! លែងយើងទៅ!

ពួកខ្មោចស្រីហែកទាញជើងខ្ញុំទាំងសង ស្ទើរតែរបេះចេញពីគ្នា ក្រចកវែងខ្មៅៗរបស់ពួកវាខ្វាចទម្លោះជើងខ្ញុំទាំងសងខាង។

-ទេ! ​អត់ទេជួយផង!

-ជួយខ្ញុំផង! មានអ្នកណានៅទីនេះទីជួយផង​

-អាវីៗ​! អាវីភ្ញាក់ឡើង រួចកូនមកដេកស្អីនៅនិងជណ្តើរហ្នឹង?​

-ជួយផងៗ​

-អាវី! កូនកើតអីហ្នឹង

-អូ! ការពិតទៅវាគ្រាន់តែជាការយល់សប្តិសោះ នេះខ្ញុំដេកមមើរដល់ថ្នាក់នេះហេស? ខ្ញុំមិនដែលដេកមមើទេពីមុនមកម៉ាក់ ខ្ញុំសុបិន្តអាក្រក់ណាស់ខ្ញុំមានអារម្មណ៏មិនល្អសោះម៉ាក់រៀបការថ្ងៃដំបូងផង។

-អាវី!កុំទៅគិតច្រើនពេកកូនយូរទៅគង់តែទម្លាប់ទេ កាលម៉ែរៀបការជាមួយឪឯងដំបូងក៏មិនទម្លាប់ដែរ។

-តែខ្ញុំថាផ្ទះនេះដូចប្លែកៗម៉េចមិនដឹងទេម៉ាក់

-ប្លែកអ៊ីចឹងហើយភូមិគ្រឹះធំប៉ុនណាណីទៅដូចផ្ទះល្វែងយើងធ្លាប់នៅយ៉ាងម៉េចកើតកូន អឺ!​ប្រញាប់ទៅដេកទៅប្តីឯងរកមួយថ្ងៃហើយ។

ខ្ញុំងក់ក្បាលហើយដើរទៅបន្ទប់ដេកទាំងមមើមមាយ ស្វាមីជាទីស្រឡាញ់របស់ខ្ញុំដេកលក់ដូចគេដាក់ថ្នាំគ្មានគិតខ្វាយខ្វល់អ្វីសោះ៖

“មិនឃើញខ្វល់ ពីប្រពន្ធអីបន្តិចផងម៉ែចេះតែថាហ្មង”

ខ្ញុំរអ៊ូតិចៗមុននិងដាក់ក្បាលលើខ្នើយដេករហូតទល់ភ្លឺ។​​ ​ព្រះអាទិត្យរះដល់ចុងត្នោតហើយខ្ញុំទើបងើបពីគេងរួច ខ្ញុំមិនបានធ្វើអាហារឱ្យម៉ាក់ក្មេកទេថ្ងៃនេះជាថ្ងៃដំបូងផងពិតជាគួរឱ្យខ្មាសមែន ខ្ញុំចុះពីបន្ទប់មកផ្ទះបាយតែគ្រប់យ៉ាងត្រូវបានអ្នកបម្រើរៀបចំអស់ហើយនៅផ្ទះនេះពិតជាគ្មានអី្វធ្វើមែន។

ចំណែកស្វាមីខ្ញុំវិញរវល់ចុះទៅតាមខេត្តមិនលុះថ្ងៃសូម្បីតែថ្ងៃរៀបការហើយក៏ត្រូវទៅធ្វើការដែរអីក៏រវល់អីរវល់យ៉ាងនេះ មិនទាន់ទាំងបានចេញទៅក្រៅផងខ្ញុំឃើញអ្នកនាងឡាទីដែលជាមិត្តជិតដិតរបស់ស្វាមីខ្ញុំញញឹមញញែមមកកាន់ខ្ញុំ។

-បងវី មកនេះខ្ញុំមានរបស់ឱ្យបងអ្ហា៎!

អូនឡាទីកាន់ប្រអប់ពណ៌ស្វាយ មានទំហំប៉ុនបាតដៃដែលមានពន្លឺភ្លឺភ្លេកៗចាំងភ្នែកខ្ញុំតែម្តង ខ្ញុំរត់ត្រហេបត្រហបព្រោះចង់ដឹងថារបស់ក្នុងនោះជាអ្វី។

ខ្ញុំស្ទើរតែមិនជឿនិងភ្នែក ក្នុងប្រអប់នោះជាខ្សែកត្បូងពេជ្រចរណៃដែលមានពណ៌ស្វាយខ្ញុំសួរបញ្ជាក់៖

-ឡាទីឱ្យបងមែន?

-ចាស! នេះជាកាដូថ្ងៃរៀបការបស់បងណា!

ខ្ញុំរំភើបចិត្តបំផុតព្រោះមួយជីវិតនេះមិនដែលមានអ្នកណាជូនរបស់អីស្អាតបែបនេះពីមុនមកទេ។

-អូយ! ​បងអរគុណច្រើនណាស់ឡាទី ថ្លៃណាស់មើលទៅ

-ចា​ស! រៀបការបងមួយទាំងមូលហើយខ្ញុំមិនរវល់ម៉េចហ្នឹងបាន​

ឡាទីដកខ្សែកពេជ្រមកពាក់លើ​ក​ របស់ខ្ញុំ​ ខ្ញុំមើលកញ្ចក់សឹងមិនជឿភ្នែកខ្លួនអែងពន្លឺពេជ្រចាំងឆ្វាចមកលើដងខ្លួនខ្ញុំ។ ខ្ញុំមិនអរគុណមិនបានជាមួយកាដូដ៏ស្រស់ស្អាតនេះ​។

អូនឡាទីលាខ្ញុំនិងម៉ាក់ក្មេកត្រលប់ទៅផ្ទះវិញយ៉ាងប្រញាប់ប្រញាល់​​ប្រហែលមានធុរៈអីហើយមើលទៅ។ នៅផ្ទះមួយថ្ងៃហើយគ្មានអ្វីធ្វើសោះ​ខ្ញុំមិនទម្លាប់ខ្លួនជាមួយបរិយាកាសបែបនេះសោះក៏ចេញទៅដើរផ្សារជាមួយមិត្តរួមជំនាន់។

-ខ្ញុំមានអារម្មណ៏ថារៀបការដូចមិនរៀបការយ៉ាងម៉េចទេ ប្តីក៏មិនដែលនៅផ្ទះ​ ម៉ែក្មេកក៏មិនដែលនឹកនាខ្ញុំស្មានថារៀបការហើយមានជីវិតគ្រូសាររីករាយដូចគេតើ​ តែនេះវាមិនរីករាយទៅជារុះរោយវិញ (ដាវី)

-ស្លាប់! បានប្តីប្រហែលលោកឆុនទៅរកណាបាន គិតតែគ្នាទៅអាយុ៣០ស្អែកខានស្អែកមិនទាន់មានគ្រួសារទៀត​ អាវីបានមនុស្សល្អប៉ុននឹងហើយចង់បានអីទៀត (លីកា)

-ពិបាកណាស់រឿងចឹងទាល់តែឆ្លងកាត់ផ្ទាល់ ពេលខ្លះល្អតែមើលតែរស់នៅសោះកក្រោះណាស់ (ដាវី)

ខ្ញុំមកផ្ទះវិញទាំងសោះកក្រោះយប់ហើយតែប្តីខ្ញុំមិនដែលមកផ្ទះម្តងណាសោះតាំងពីរៀបការមករវល់រហូត មិនដឹងគេងលក់តាំងពីពេលណាខ្ញុំឃើញស្ត្រីស្លៀករ៉ូបគេងយប់នោះទៀតហើយ លើកនេះនាងសោកសៅនិងក្រៀមក្រំយ៉ាងខ្លាំង នាងអង្គុយទ្រោបមុខចុះហើយយំខ្សឹកខ្សួលលើគំនរខោអាវចាស់ៗដែលពេញដោយធូលីដី។

នាងនិយាយខ្សាវៗមកកាន់ខ្ញុំ៖

-វាជិតដល់ពេលវេលារបស់នាងហើយខ្ញុំជួយអ្វីនាងមិនបានទេ ម៉េចក៏នាងទទួលអថព្វ?

-ខ្ញុំមិនយល់ពីអ្វីដែលនាងនិយាយសោះ?​ ខ្ញុំទទួលអថព្វ?​

លើកនេះនាងងើបមុខមកចំពោះមុខខ្ញុំ ព្រះអើយ! ភ្នែករបស់នាងម្ខាងត្រូវបានខ្វេះមានឈាមហូរតក់ៗ និងមានស្នាមខ្វាចមើលមិនយល់។

-នាងនៅសល់ពេលមិនច្រើនទេ នាងកម្ចាត់អថព្វដែលគេដាក់ទៅបើដល់ពេលរបស់នាង នាងគ្មានថ្ងៃត្រលប់ក្រោយទេ។

រូបភាពនាងរលាយប្រៀបដូចជាផ្សែង ដែលបន្សល់នូវចម្ងល់ចាក់ស្រេះពេញខួរក្បាលរបស់ខ្ញុំ។ ខ្ញុំមិនជឿទេថាខ្ញុំររើរវាយតាំងពីដើមមកខ្ញុំមិនដែលបែបនេះទេ​​ មិនដែលសុខៗខ្ញុំររើរវាយ​រាល់យប់ទេច្បាស់ណាស់ប្រាកដជាមានអ្វីមិនប្រក្រតីហើយ ។

ព្រឹកព្រលឹមស្រាងៗខ្ញុំរំភើបយ៉ាងខ្លាំងក្រោយឃើញស្វាមីមកផ្ទះបន្ទាប់ពីបាត់មុខ​រាប់ខែ។ គាត់ស្ទុះមកឱបខ្ញុំដោយការនឹករលឹក។

-ប្រពន្ធបងស្គមណាស់ខានឃើញតែប៉ុន្មានថ្ងៃសោះ​ (ឆុន)

-មកពីប្តីមិនបានមើលថែអ៊ីចឹងហើយ ធ្វើម៉េចទេបើបេះដូងគេភ្លេចយើង

-មកពិប្តីរវល់ មានតែអូនមួយបងភ្លេចបានយ៉ាងម៉េច? បងសន្យាមិនទុកអូនវីចោលជាដាច់ខាត (ឆុន)

-បងរវល់ដល់ថ្នាក់មិនសូម្បីតែតេមកឬ? មើលទៅចិត្តគេលែងមានយើងហើយទេដឹង?

លើកនេះលើកចុងក្រោយហើយ បងសន្យាមិនឱ្យអូនវីរង់ចាំទៀតទេ។ គាត់ថ្ពក់សន្យាដូចក្មេងអាយុ៨ឆ្នាំ វាមិនប្លែកដែលខ្ញុំនឹកគាត់រាល់ថ្ងៃ។

កំពុងតែរំភើបចិត្តផងខ្ញុំដើរទៅបន្ទប់តាមទម្លាប់ តែក៏ឈរទ្រឹងពេលឃើញម្តាយក្មេកខ្ញុំកំពុងតែប្រមូលសរសៃសក់ខ្ញុំដែលនៅជាប់នៅនឹងក្រាសសិតសក់។

ខ្ញុំលាក់ខ្លួនពេលឃើញម្តាយក្មេកខ្ញុំកំពុងសូត្រធម៌អ្វីម៉្យាងហើយយកផ្សែងធូកមករោលលើប្រអប់ឈើមួយហើយដកយករូបក្រមួនមនុស្សមកដុតហុយផ្សែងពេញបន្ទប់​។ បន្ទាប់មកគាត់យករូបក្រមួននោះមកដាក់ក្រោមខ្នើយគេងរបស់ខ្ញុំហើយក៏ដើរចេញទៅធ្វើប្រងើយ​ បន្សល់ឱ្យខ្ញុំនូវចម្ងល់រាប់រយជំពូក។ តើគាត់យកសក់ខ្ញុំទៅធ្វើស្អី? ហើយនឹកសម្តីខ្មោចនោះខ្ញុំចាប់ផ្តើមយល់បណ្តើរៗហើយ។

ខ្ញុំចុះពីលើផ្ទះទាំងដកដង្ហើមធំ តែក៏សប្បាយចិត្តវិញពេលឃើញស្រីស្អាតគ្មានពីគឺអូនឡាទីដែលកំពុងតែនិយាយជាមួយបងឆុន។ បងឆុនកៀកស្មាឡាទីពេញៗដៃ ហើយមើលទៅពួកគេសមគ្នាបំផុតតែខ្ញុំប្រមូលអារម្មណ៍មិនឱ្យគិតច្រើនម៉្យាងឡាទីនិងបងឆុនស្គាល់គ្នាតាំងពីក្មេង។

-អរ! បងវីមកធ្វើម្ហូប? ខ្ញុំជួយធ្វើដែរមកណាៗ

-មានអី! កំពុងត្រូវការគ្នានិយាយលេងផង អផ្សុកសឹងស្លាប់ហើយ

-ចាស! តែខ្ញុំមិនសូវចេះធ្វើម្ហូបទេណា

-មិនអីទេ! ឡាទីទៅមើលត្រីឱ្យបងបន្តិចទៅ បងទៅយកសាច់ក្នុងទូរទឹកកកតិច

ខ្ញុំចេញទៅមិនបានស្រួលបួលផងធុំក្លិនឈាមពេញផ្ទះបាយ ខ្ញុំរត់ទៅមើលឡាទីតែផ្ទះបាយទាំងមូលត្រូវភ្លើងឆេះផ្សែងខ្មួលខ្មាញ់

ឡាទីនិងខ្ញុំស្រែកឡើង៖

«បងឆុនជួយយើងផងបងឆុន»

បងឆុនរត់មកបីត្រគងឡាទីដែលស្រែកយំដូចកូនសត្វ ដោយមិនងាកភ្នែកមកមើលខ្ញុំជាប្រពន្ធបន្តិច​ ខ្ញុំខំឈ្មុះឈ្មុលរកផ្លូវចេញស្ទើរស្លាប់ខ្លួន ម្យ៉ាងឈ្លក់ផ្សែងស្ទើរហើមសួត។ ខ្ញុំមិនអន់ចិត្តមិនបានមែនព្រោះគាត់ចេញទៅមិនបកក្រោយមើលខ្ញុំអីបន្តិច។ ខ្ញុំរត់ទៅបន្ទប់ទឹកហើយយំចេញទាំងអស់នូវអារម្មណ៏សោកសៅទាំងឡាយ។

-ម៉ាក់ខ្ញុំនឹកម៉ាក់ខ្លាំងណាស់ ខ្ញុំមានអារម្មណ៍ថាទីនេះមិនសាកសមនឹងខ្ញុំទេ។

ខ្ញុំយំខ្សឹកខ្សួលហើយក៏យកក្រមួនក្រោមខ្នើយនោះមកដាក់ក្នុងកាតាបហើយប្រាប់បងឆុនថាទៅលេងម៉ាក់មួយរយៈសិន​ ប្តីខ្ញុំងក់ក្បាលតិចៗបញ្ជាក់ថាយល់ព្រម។

មកដល់មុខផ្ទះល្វែងតូចមួយដែលខ្ញុំខានឃើញអស់រយៈពេល៦ខែទៅហើយ ផ្ទះដែលកក់ក្តៅនិងមានក្តីសុខបំផុត ទោះមិនធំដូចភូមិគ្រឹះតែជាសំណាងបំផុតខ្ញុំមានម៉ាក់ដែលស្រឡាញ់ខ្ញុំជាងគេ។ ខ្ញុំរត់ទៅឱបគាត់ហើយប្រាប់រឿងគ្រប់យ៉ាងទៅកាន់គាត់ព្រោះរឿងមកដល់ដំណាក់កាលនេះទៅហើយលាក់បាំងទៀតមិនបានទេ។

ម៉ាក់មើលមកខ្ញុំដោយបារម្ភគាត់ក៏នាំខ្ញុំទៅជួបយាយមឿនដែលជាគ្រូទាយដ៏ល្បីនៅតាខ្មៅ។ យាយមឿនមើលមកខ្សែកដែលខ្ញុំកំពុងពាក់មិនដាក់ភ្នែក​ គាត់ថាមូលហេតុដែលខ្ញុំមិនដេកមិនលក់រវើរវាយដោយសារតែខ្សែកនេះធ្លាប់មានម្ចាស់តាំងពីសម័យមុន​ហើយម្ចាស់ខ្សែកនេះបានស្លាប់យ៉ាងវេទនា អ្នកឱ្យខ្សែកនេះមានបំណងចង់ឱ្យខ្ញុំរស់នៅមិនបានសុខ គាត់បន្តទៀតថាខ្ញុំត្រូវបានម្តាយក្មេកខាបព្រលឹងមកដាក់ក្នុងប្រអប់អថព្វនៅបន្ទប់ក្រោមដី​ទើបមួយរយៈនេះ ខ្ញុំចេះតែពិបាកចិត្តហើយរវើរវាយឥតឈប់ឈរ។

-ហេតុអ្វីម្តាយក្មេកខ្ញុំគាត់ធ្វើបែបនេះ មួយជីវិតនេះខ្ញុំមិនដែលទៅធ្វើស្អីគាត់ទេ ហេតុអ្វីទៅ?

យាយមឿនដកដង្ហើមធំហើយបន្តនិយាយ តាមអ្វីដែលគាត់ទស្សន៍ទាយ។

-ជាយូរលង់ណាស់មកហើយ លោកពញាជាមេទ័ពខ្លាំងពូកែដោយមានបុណ្យសកិ្តគាត់មានប្រពន្ធ៣ ដោយប្រពន្ធ២លែងទទួលបានក្តីស្រឡាញ់និងទទួលបានការជាន់ឈ្លីពីប្រពន្ធដើមទៀតនោះ នាងក៏ទៅរៀនមន្តអាគមខ្មៅរហូតប្រែខ្លួនជាអាសូរកាយហើយខ្វះគ្រាប់ភ្នែកប្រពន្ធដើមដាក់ក្នុងប្រអប់អថព្វ។

អ្នករៀនវិជ្ជាខ្មៅមិនអាចចាប់ជាតិបានឡើយគឺនាងនៅចងពៀរនិងត្រកូលរបស់ប្តីក្មួយហើយបន្តសម្លាប់អ្នកជាប្រពន្ធទី១​គ្រប់ជំនាន់។

ខ្ញុំធ្លាក់ថ្លើមក្តុកពេលឮគាត់និយាយបែបនេះ។

-ចុះម៉ាក់ក្មេកគាត់យកក្រមួននេះមកដាក់ក្រោមខ្នើយខ្ញុំធ្វើអី?

ខ្ញុំដកយកក្រមួនរូបមនុស្សដែលដុតរលួយពាក់កណ្តាលពីក្នុងកាតាប។

-ពួកគេដឹងថាកូនប្រសារទី១នឹងត្រូវស្លាប់ទើបពួកគេជ្រើសយកនាង ម្តាយក្មេកនាងយកសរសៃទៅធ្វើពិធីដើម្បីឱ្យនាងចុះខ្សោយដរាបណានាងចុះខ្សោយនាងកាន់តែឆាប់ស្លាប់

ខ្ញុំហួសចិត្តសឹងមិនជឿអ្វីដែលពួកគាត់ហ៊ានធ្វើមកលើខ្ញុំ ខ្ញុំសួរបន្ត៖

-ហេតុអីពួកគេចង់ឱ្យខ្ញុំស្លាប់លឿនថ្នាក់នេះ?

-ប្តីនាងនិងគ្រួសារខាងប្តី មានគម្រោងចង់ឱ្យប្តីនាងរៀបការនិងមិត្តជិតដិតរបស់គេ ទើបយកនាងមកទទួលថ្មបាក់ជំនួសគេ

-យាយមានដំណោះស្រាយឬទេ?

-មានតែនាងត្រូវធ្វើឱ្យបានឆាប់បំផុត មុននឹងគេខាបព្រលឹងនាងបាន កណ្តាលយប់នេះម៉ោង១២នាងត្រូវដុតទៀន១ដើមហើយទៅបន្ទប់កញ្ចក់ដើម្បីស្រាយអំបោះពណ៌សនិងលុបថ្ងៃខែដែលមានលើរូបថតស្រីម្នាក់នោះ។ បន្ទាប់មកទៅបន្ទប់ក្រោមដីហើយដុតប្រអប់អថព្វនោះចោល ចងចាំថានាងត្រូវធ្វើរឿងនេះតែម្នាក់ឯង បើឮសំឡេងអ្វីហាមងាកក្រោយឬឆ្លើយតបឱ្យសោះ បើមានអ្នកមកហៅហាមងាកក្រោយជាដាច់ខាតនាងត្រូវរង់ចាំដល់ប្រអប់នោះរលាយក្លាយទៅជាផេះទើបនាងអាចរួចខ្លួន ស្តាប់យល់ទេ?

-ខ្ញុំយល់ហើយ

ម៉ែកាន់ដៃខ្ញុំជាប់ជាការផ្តល់កម្លាំងចិត្តខ្ញុំ ខ្ញុំដឹងបើខ្ញុំមិនធ្វើខ្ញុំក៏ស្លាប់ដដែលហេតុនេះហើយប្រថុយធ្វើពិធីទៅចុះទោះបីស្លាប់ក៏អស់ចិត្តដែរ។

ម៉ោង១១:២៧យប់

ប្តីខ្ញុំនៅផ្ទះទេ ម៉ាក់ក្មេកក៏សម្រាន្តលក់បានឱកាសល្អខ្ញុំប្រមូលភាពក្លាហានទាំងអស់ដើរតម្រង់ទៅបន្ទប់កញ្ចក់ខ្ញុំរង់ចាំដល់ម៉ោង១២អធ្រាត្រ ទើបដុតទានបំភ្លឺផ្លូវ ពន្លឺទានអាចចាំងឱ្យឃើញនៅរូបថតមួយផ្ទាំង ដូចឥតខុសពីការសុបិនខ្ញុំមែន។ ខ្ញុំបញ្ឈរទានទុកហើយយកក្រដាសជូតមាត់មកជូតអូសវាសអក្សរនោះឱ្យរលុបអស់។

មិនទាន់ទាំងបានស្រាយអំបោះសស្រួលបួលផងស្រាប់តែមានខ្យល់រង្គីមកពីណាក៏មិនដឹងធ្វើឱ្យរូបថតមួយបន្ទប់ធ្លាក់បែកខ្ចាយ ខ្ទាតកញ្ចក់ពេញឥដ្ឋ​ ស្រាប់តែមានដៃត្រជាក់ស្រេបមួយមកស្ទាបខ្នងខ្ញុំ

 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​-កុំប៉ះពាល់របស់របរអញបើហងអែងមិនចង់ងាប់

ខ្ញុំសំងំស្ងៀមមិនហ៊ានចេញស្តី តាមសម្តីយាយមឿន។ ខ្ញុំតាំងចិត្តស្រាយអំបោះសនោះរហូតដល់ចេញខ្ញុំក្រោកឈរដើរទៅបន្ទប់ក្រោមដី សឹងតែមិនហ៊ានបើកភ្នែកព្រោះខ្លាចឃើញអ្វីដែលមិនគួរឃើញទៅដល់បន្ទប់ក្រោមដីភ្លាមខ្ញុំរើក្នុងគំនរខោអាវចាស់ៗដើម្បីរកប្រអប់អថព្វ ខ្ញុំអរហួសក្រោយរាវប៉ះចំប្រអប់អ្វីម៉្យាង។

​ភ្លាមៗនោះទ្វារបន្ទប់បិទប្រាវដូចមាននរណាច្រានមួយទំហឹង សំឡេងនរណាម្នាក់បន្លឺឡើង៖

«ហងឯងឱ្យរបស់អញ ឱ្យឆាប់កុំគិតថាអញធ្វើអីនាងឯងមិនបាន»

នរណាម្នាក់ធាក់ទ្វារង្គើរញ្ជួយក្រាកៗ ខ្ញុំភ័យស្ទើរគាំងបេះដូងខ្ញុំយកទានមកដុតប្រអប់អថព្វ ប្រអប់អថព្វនោះចោលភ្លើងឆាបឆេះប្រអប់នោះបន្តិចម្តងៗ។ ខ្ញុំមិនដឹងសន្លប់តាំងពីពេលណាក៏ភ្ញាក់មកឮសំឡេងម៉ែ។

-អាវី! ចេញមកកូន

ខ្ញុំរំភើបឥតឧបមា ក៏ស្រែកប្រាប់ម៉ែ៖

«ខ្ញុំទៅហើយ»

ខ្ញុំរត់ទៅរកបើកទ្វារឱ្យម៉ែតែខ្ញុំឈោងដៃប្រុងបើកទ្វារក៏ត្រូវនឹងថ្កល់។ ចន្លោះទ្វារបង្កប់រូបរាងស្ត្រីម្នាក់មុខស្រោចដោយឈាមស្លៀកពាក់សនិងមានឈាមហូរតាមច្រមុះឥតឈប់ឈរ​។ វាធ្វើសំឡេងតាមម៉ែខ្ញុំសោះ​ រូបភាពស្ត្រីនោះក៏រលាយមួយរំពេចទៅ។

ខ្ញុំសម្លឹងទៅប្រអប់អថព្វដែលឆេះនៅសល់តែផេះផង់ហើយប្រមូលរបស់របរចាកចេញពីផ្ទះទាំងទាបភ្លឺ ខ្ញុំបានដាក់ពាក្យលែងលះជាមួយស្វាមីដែលមានតែឈ្មោះហើយទៅរស់នៅប្រទេសថៃមួយរយៈសិន ទោះធ្វើការឱ្យគេហត់តែជីវិតសាមញ្ញៗបែបនេះមានក្តីសុខជាងការរស់នៅក្នុងនាមជាប្រពន្ធដែលមានតែឈ្មោះឆ្ងាយណាស់។