វគ្គ៖ សត្រូវស្នេហា

          យប់ស្ងាត់នៅលើខន់ដូជាន់ទី២…

          «ហើយចុះនេះជាស្អី?» ខ្ញុំចាប់ស្រែកខ្លាំងៗហើយក៏បោករូបថតដែលខ្ញុំលួចថតបាននោះទៅចំខ្លួនគាត់ពេញៗ ធ្លាក់រាយប៉ាយពេញការ៉ូ។ បងជីនយំសស្រាក់ ចាប់ឱនរើសរូបថតទាំងនោះយកមកមើល។ ក្នុងរូបថតគឺជារូបរបស់គាត់ហើយនិងមនុស្សប្រុសម្នាក់ទៀត ដែលកំពុងអង្គុយសាសងល្អូកល្អិនជាមួយគ្នាក្នុងហាងកាហ្វេមួយ។ គាត់យំគ្រវីក្បាលញាប់ស្អេកស្ទុះមកចាប់ដៃខ្ញុំ៖

          «អត់ទេណាសេដ្ឋ! មិនមែនដូចអ្វីដែលសេដ្ឋឃើញនោះទេ! បងអាចបកស្រាយគ្រប់យ៉ាងបានណ៎ាសេដ្ឋ!» ខ្ញុំកន្ត្រាក់ដៃចេញពីម្រាមដៃស្រឡូនៗរបស់គាត់ដោយអាការៈខឹងសម្បានិងតោះតើយ។ ខ្ញុំញញឹមឡើងមក ហើយនោះគឺជាស្នាមញញឹមនៃការចំអកខ្លួនឯងដែលល្ងង់ឱ្យគាត់បោកខ្ញុំមកអស់រយៈពេលយ៉ាងយូរ។ ខ្ញុំចាប់សម្លឹងមុខគាត់ចំៗ៖

          «បានហើយបងជីន! ខ្ញុំមិនចង់ស្ដាប់ការបកស្រាយអ្វីទាំងអស់ព្រោះគ្រប់យ៉ាងក្នុងរូបនេះ ខ្ញុំគឺជាអ្នកថតដោយផ្ទាល់ដៃ!» ខ្ញុំរកកលចង់ស្រក់ទឹកភ្នែកចុះមក តែខ្ញុំក៏ព្យាយាមបែរមុខទៅម្ខាងដើម្បីគេចពីក្រសែភ្នែករបស់បងជីន។  មើលទៅទំនាក់ទំនងជាសង្សាររវាងបងជីននិងខ្ញុំ ដែលពួកយើងខំកសាងមកអស់រយៈពេលជាងបីឆ្នាំនេះ ប្រហែលជាត្រូវរលាយបាត់នៅយប់នេះយ៉ាងប្រាកដ។ ខ្ញុំចង់ឈានជើងចេញពីខន់ដូរបស់គាត់ណាស់ តែជើងចង្រៃរបស់ខ្ញុំហាក់ដូចជាមិនស្ដាប់ខ្ញុំសោះ។ ខួរក្បាលនិងបេះដូងរបស់ខ្ញុំហាក់កំពុងតែប្រយុទ្ធប្រឆាំងគ្នា រកឈ្នះរកចាញ់មិនឃើញទាល់តែសោះ។ បងជីនសម្រួលដង្ហើមទាំងញ័រមាត់ទទ្រើក៖

          «សេដ្ឋ! ឯងស្ដាប់បងអធិប្បាយគ្រប់យ៉ាងបន្តិចសិនណ៎ា! ណ៎ាសេដ្ឋណ៎ា!… គឺថា…តាមពិតមនុស្សប្រុសក្នុងរូបនេះគឺជា…»

          «គឺជាសង្សារលួចលាក់របស់បងជីនត្រូវទេ?» ម្ដងនេះបងជីនមិនយំហើយក៏មិននិយាយអ្វីទៀតដែរ​ ប៉ុន្តែគាត់បែរជាឈរគាំងទ្រឹងដូចជាជាប់ជីពចរ។ គាត់កម្រើកបបូរមាត់តិចៗ៖

          «អត់ទេសេដ្ឋ! សេដ្ឋយល់ច្រឡំហើយ! គាត់គឺ…»

          «យើងបែកគ្នាត្រឹមនេះចុះ! រាប់ទុកថាខ្ញុំបំពេញបំណងបងជីនជាលើកចុងក្រោយទៅចុះ!»

          លើកនេះខួរក្បាលរបស់ខ្ញុំយកឈ្នះបេះដូងរបស់ខ្ញុំបានហើយ។ ខ្ញុំបោះជំហានចេញវឹង តែកាយវិញ្ញាណរបស់ខ្ញុំប្រាប់ខ្ញុំថាម្រាមដៃតូចៗរបស់បងជីនកំពុងតែក្ដោបចង្កេះខ្ញុំជាប់។ គាត់កំពុងតែផ្អឹបថ្ពាល់ជាប់នឹងខ្នងរបស់ខ្ញុំ។    ទឹកភ្នែករបស់គាត់ជ្រាបមកប្រឡាក់អាវខ្ញុំកាន់តែច្រើនឡើងៗ។

          «អត់ទេ! អត់ទេសេដ្ឋ! កុំធ្វើបែបហ្នឹងអីសេដ្ឋ! ហ៊ឺ…បើសេដ្ឋទៅ  បងនឹងធ្វើឱ្យសេដ្ឋរស់នៅក្នុង

វិប្បដិសារៈអស់មួយជីវិត! ហ៊ឺ…!» តំណក់ទឹកភ្នែកមួយតំណក់របស់ខ្ញុំរមៀលធ្លាក់ចុះមកដោយមិនអាចទប់ជាប់។ បេះដូងរបស់ខ្ញុំប្រេះរហែកទៅជាបំណែកៗអស់ទៅហើយ។ សន្សឹមៗខ្ញុំលើកដៃទៅកន្ត្រាក់ទាញដៃគាត់ចេញពីចង្កេះរបស់ខ្ញុំ ហើយខ្ញុំស្ទុះមកបើកទ្វារចេញទៅក្រៅរួចក៏រុញទ្វារបិទឮសូរគ្រាំងមួយរំពេច។ អ្វីដែលខ្ញុំមើលឃើញចុងក្រោយនោះគឺបងជីនទម្លាក់ខ្លួនអង្គុយចុះព្រឹបសម្លឹងមកខ្ញុំឥតប្រិចទាំងគ្រវីក្បាលទួញយំដូចមនុស្សវិបល្លាស៖

          «សេដ្ឋ! មកវិញមក! ហ៊ឺ…!» ខ្ញុំបោះជំហានឥតអាក់តំណាងឱ្យការសម្រេចចិត្តដាច់ស្រេច។ តំណក់ទឹកថ្លាចាប់ហូរមកបន្តគ្នាជំនួសឱ្យភាសាដួងចិត្ត តែខ្ញុំប្រញាប់យកខ្នងដៃជូតសំអាតភ្លាមៗ។ វាគឺជាការជូតទឹកភ្នែកចុងក្រោយ ជាការជូតសម្អាតលុបបំបាត់រូបភាពមនុស្សក្បត់ចិត្តចេញពីអង្គចងចាំរបស់ខ្ញុំ។ ខ្ញុំចាប់នឹកដល់ពាក្យដែលគាត់គំរាមខ្ញុំ។ ខ្ញុំប្រែជាញញឹមទាំងសោះកក្រោះ។ រយៈពេលបីឆ្នាំដែលយើងសេពគប់គ្នា ល្មមអាចឱ្យខ្ញុំដឹងថាគាត់ជាមនុស្សស្រីរឹងមាំកម្រិតណាហើយ។ គាត់ជាមួយម្ដាយរបស់គាត់ខិតខំតាំងពីបាតដៃទទេរហូតដល់មានអ្វីៗគ្រប់យ៉ាង មានឡាន មានខន់ដូផ្ទាល់ខ្លួន…។ ការខូចចិត្តព្រោះរឿងស្នេហាគាត់ក៏ឆ្លងកាត់មកច្រើនជាងខ្ញុំព្រោះថាគាត់អាយុច្រើនជាងខ្ញុំដល់ទៅជិត៧ឆ្នាំ ដូច្នេះរឿងអីដែលគាត់នឹងធ្វើរឿងឆ្គួតៗព្រោះតែខ្ញុំនោះ។ តាមពិតបងជីនអាចនឹងបន់ឱ្យតែថ្ងៃនេះមកដល់ ដើម្បីឱ្យខ្ញុំជាភាគីដែលសុំគាត់បែកគ្នាមុនបែបនេះឯង។

…………………………………..

          ព្រលឹមស្រាងៗនៅខន់ដូរបស់សេដ្ឋារ៉ា…

          ខ្ញុំគេងមិនលក់ពេញមួយយប់ព្រោះក្នុងទ្រូងក្ដៅដូចភ្លើង។ ទូរសព្ទក៏ខ្ញុំបិទគ្រឿងចោលដែរ។  ខ្ញុំអង្គុយលើគ្រែគេងយកដៃជ្រងសក់ រួចក៏ចុចបើកគ្រឿងទូរសព្ទដើម្បីទាក់ទងទៅអាសាន់ឱ្យវាសុំច្បាប់នៅសកលឱ្យខ្ញុំមួយព្រឹក។ រ៉ឺងៗ… គ្រាន់តែខ្ញុំចុចបើកទូរសព្ទភ្លាម ទូរសព្ទក៏រោទ៍ឡើងភ្លែត។ នៅលើអេក្រង់មានឈ្មោះ “រីនដា”។ ខ្ញុំក៏សម្រេចចិត្តលើកទូរសព្ទ៖

          «អាឡូបងរីន!!….ថាម៉េច??» សំឡេងពីខ្សែម្ខាងទៀតក៏បន្លឺឡើងមកទាំងខ្សឹកខ្សួលផង៖

          «មែន! ជីនស្លាប់ហើយសេដ្ឋ! ឯងស្ដាប់មិនច្រឡំទេ! ហ៊ឺ….!!» ខ្ញុំគ្រវីក្បាលញាប់ស្អេក៖

«មិនពិតទេមែនទេ! បងរីនកំពុងតែប្រើល្បិចឱ្យខ្ញុំទៅចួបបងជីនវិញតើមែនទេ?…អត់ទេ! …ទេ! ខ្ញុំមិនជឿទេ….អត់ទេ!!!»

…………………………………….

          ខន់ដូរបស់បងជីន….

សំឡេងទ្រហោយំលាន់មកខ្ទ័រពេញខន់ដូ  ជំនួសឱ្យសំឡេងឈ្លោះប្រកែកឡូឡាកាលពីយប់មិញ។ ខ្ញុំបោះជំហានចូលមកទាំងស្រាលខ្លួន។ មួយរំពេចនោះស្រាប់តែអ៊ំស្រីម៉ាក់បងជីនរត់មកគក់ខ្ញុំឌឹបៗទាំងទួញសោកសង្រេងផង៖

          «ឯងមែនទេ? ហ៊ឺ…ឯងមែនទេដែលសម្លាប់កូនយើង! សងកូនយើងវិញមក…សងកូនយើងវិញមក!» ខ្ញុំមិនតបនឹងគាត់នោះទេ។ ផ្ទុយមកវិញកែវភ្នែករបស់ខ្ញុំកំពុងសម្លឹងទៅកាន់ក្រណាត់សំពង់សនៅកណ្ដាលបន្ទប់ទាំងទឹកភ្នែកកំពុងតែហូរចុះមកយ៉ាងជោកជាំ។ ភ្លាមនោះពូសន្តិសុខម្នាក់និងបងរីនដាក៏មកចាប់ម៉ាក់បងជីនចេញពីខ្ញុំ។ ម៉ាក់បងជីនក៏កញ្ជ្រោលយ៉ាងខ្លាំង៖

          «ទេលែងយើង!…លែង…យើងនឹងសម្លាប់វា…យើងនឹងសម្លាប់វាឱ្យស្លាប់ទៅតាមជីន…!»

          «ស្ងប់អារម្មណ៍សិនទៅមីង!…មីង!!» បងរីនព្យាយាមចាប់ម៉ាក់បងជីនផងនិយាយរម្ងាប់ស្មារតីគាត់ផង។ បងរីនដាបែរមកសម្លឹងខ្ញុំទាំងកែវភ្នែកក្រហមហើមប៉ោងដិតដាមដោយតំណក់ទឹកភ្នែក។ ខ្ញុំឈានជើងទៅកាន់រាងកាយឥតវិញ្ញាណរបស់បងជីនទាំងគ្មានព្រលឹងក្នុងខ្លួន។ ដៃញ័រទទ្រើករបស់ខ្ញុំលូកទៅបើកក្រណាត់សនោះចេញមក។ ភ្នែកក្រហមត្លែបើកក្រឡោតៗដិតដាមដោយតំណក់ទឹកថ្លាៗនិងមុខមាត់សស្លេករបស់បងជីនក៏លេចចេញមក។ សក់វែងអន្លាយរបស់គាត់រាយប៉ាយពេញការ៉ូ។ ខ្ញុំចាប់អង្រួនកាយគាត់ទាំងយំហ៊ូលែងខ្មាសគេ៖

          «ក្រោកមកបងជីន!…បងឆាប់ក្រោកភ្លាមមក! ហ៊ឺ….បងជីន!…» ខ្ញុំយំរហូតដល់ថ្នាក់យំលែងចេញ ទើបយកដៃទៅបង្អូសលើភ្នែករបស់បងជីនឱ្យគាត់បិទភ្នែក។ ខ្ញុំចាប់ងើបមុខមកប្រសព្វនឹងនគរបាលពីរនាក់ទៀតដែលកំពុងតែសម្លឹងមកខ្ញុំដោយក្រសែភ្នែកដែលពិបាកនឹងបរិយាយ។………………………………….

          មួយសប្ដាហ៍កន្លងផុតទៅ…ក្នុងក្លឹបកម្សាន្ត…

          ខ្ញុំលើកដាច់មួយកែវហើយមួយកែវទៀត។ សភាពរបស់ខ្ញុំពេលនេះមិនខុសអីពីមនុស្សឆ្គួតនោះទេ។ រសជាតិស្រាល្វីងជូរចត់ណាស់ ប៉ុន្តែខ្ញុំថារសជាតិជីវិតដែលគ្មានបងជីនគឺជូរចត់ជាងនេះឆ្ងាយណាស់។ ទីបំផុតខ្ញុំក៏មានវិប្បដិសារៈពិតមែន ហើយវិប្បដិសារៈមួយនេះនឹងតាមលងបន្លាចខ្ញុំពេញមួយជីវិត។

          «កាត់ចិត្តទៅអាសេដ្ឋ…ធ្វើម៉េចបើរឿងគ្រប់យ៉ាងទៅជាបែបហ្នឹងទៅហើយ!» អាសាន់មិត្តសំណព្វរបស់ខ្ញុំដែលមកកំដរខ្ញុំផឹក ព្យាយាមនិយាយលួងលោមខ្ញុំ។ សព្វដងខ្ញុំជាមួយវាមកទីនេះ គឺតែងតែមកស៊ីផឹករាំរែកសប្បាយតាមភាពជាកូនអ្នកមានទម្រើសខ្លួនរបស់ពួកយើង ប៉ុន្តែម្ដងនេះភ្លេងញាក់កន្ត្រាក់អារម្មណ៍ទាំងនោះមិនខុសអីពីភ្លេងក្លងខែកនោះទេ។ បងជីនស្លាប់ដោយសារលេបថ្នាំធ្វើអត្តឃាត។  នឹកដល់រឿងនេះខ្ញុំតែងតែបន្ទោសខ្លួនឯងជានិច្ចព្រោះថាការស្លាប់របស់បងជីនគឺដោយសារខ្ញុំជាដើមហេតុតែម្នាក់គត់។ ខ្ញុំគិតតែពីលើកដាច់មួយកែវហើយមួយកែវទៀតមិនខ្វល់នឹងគ្រឿងអូសទាញភ្លើតភ្លើននៅជុំវិញខ្លួនឬក៏អាសាន់អីនោះឡើយ។ លុះមួយសន្ទុះសំឡេងអាសាន់បន្លឺតិចៗ៖

          «អញសុំទៅបន្ទប់ទឹកមួយភ្លែតអាសេដ្ឋ!» ថារួចវាក៏ដើរទៅ។ ខ្ញុំវិញគិតតែលើកស្រាក្រឡុកផឹកយកៗ។ មកដល់កែវទីប៉ុន្មានក៏មិនដឹងខ្ញុំរៀបថានឹងលើកផឹក​ តែម្រាមដៃតូចស្រឡូនដូចបន្លាក្រូចលាបពណ៌ក្រហមឆេះក៏មកក្ដោបដៃខ្ញុំនិងកែវស្រាជាប់។ ខ្ញុំដាក់កែវចុះទាំងក្រលេកមើលទៅម្ចាស់ដៃ។ បបូរមាត់ក្រហមដូចផ្លែម្ទេសទុំញញឹមរកខ្ញុំ។ នាងលើកចិញ្ចើមមួយវាចា៖

          «សុំរួមតុផងបានទេសេដ្ឋ?» ខ្ញុំទន់ត្របកភ្នែកអស់ហើយមិនបានតបនឹងនាងអ្វីបន្តិចទេ។ នាងក៏អង្គុយចុះជិតខ្ញុំលើកជើងគងអន្លាក់ខ្លា បញ្ចេញគល់ភ្លៅរលោងស្រិលដូចបណ្ដូលចេកព្រមជាមួយនឹងរាងកាយដ៏មហាសម្រើប ប៉ុន្តែសម្រាប់ខ្ញុំពេលនេះវិញគឺវាមិនខុសអីពីដឹកក្របីឱ្យមើលទូរទស្សន៍នោះទេ។ មនុស្សស្រីឆើតឆាយម្នាក់នេះបន្តវាចាធ្វើឫករបៀបម្ញ៉ិកម្ញ៉ក់៖

          «យ៉ាងម៉េចចាំបងមិនបានទេអ្ហេស? បងគឺវ៉ារីនោះអី!»  ខ្ញុំក៏ចាប់ងើបមុខផ្ដោតចក្ខុសម្លឹងនាងឱ្យចំទើបដឹងថាជាបងវ៉ារី។ ខ្ញុំញញឹមតបទៅបងវ៉ារីទាំងសោះកក្រោះ។ បងវ៉ារីក៏ចាប់បន្ត៖

          «ខូចចិត្តដែលស៊ើបដឹងថានាងជីនលួចក្បត់ចិត្តសេដ្ឋអ្ហេស ទើបមកអង្គុយផឹកយកស្លាប់យករស់តែ​​ឯងបែបនេះ?»          ខ្ញុំដូចជាស្វាងចែសពេលឮបងវ៉ារីនិយាយដល់ឈ្មោះបងជីន។ ខ្ញុំក៏លើកដាច់មួយកែវនោះទៀត ទាំងមិននិយាយអ្វីមួយម៉ាត់។ បងជីនក៏លើកដៃទៅកាន់អ្នករត់តុរួចក៏ខ្សឹបខ្សៀវរឿងអ្វីក៏មិនដឹង។ អ្នករត់តុងក់ក្បាលផ្ងក់ៗរួចក៏ដើរចេញទៅ។ គាត់បែរមកសម្លឹងខ្ញុំ៖

          «បងខំដាស់តឿនឯងជាច្រើនដងហើយថានាងជីននោះមិនស្មោះត្រង់នឹងឯងទេ ប៉ុន្តែឯងមិនស្ដាប់បង!  អ៊ីចឹងហើយទើបបងផ្ញើ Location ឱ្យឯងនៅថ្ងៃនោះដើម្បីតាមឱ្យទាន់សកម្មភាពនាងជីនឱ្យឯងបានឃើញច្បាស់នឹងភ្នែកតែម្ដងទៅថានាងពុតត្បុតកម្រិតណា! (គាត់លូកដៃចូលមកអង្អែលដៃខ្ញុំទាំងញញឹមទាញបបូរមាត់ក្រហមឆៅ) បងសង្ឃឹមថាម្ដងនេះឯងមិនល្ងង់ឱ្យនាងជីននោះបោកឯងបានទៀតនោះទេ!»

          «បងជីនស្លាប់ហើយ!…គាត់លេបថ្នាំសម្លាប់ខ្លួន!» ខ្ញុំក៏បន្លឺមួយប្រយោគទាំងទឹកភ្នែកចង់ស្រក់មកជាថ្មី។ បងវ៉ារីប្រែជាស្រឡាំងកាំងមួយរំពេច។ គាត់អង្រួនដៃខ្ញុំញាប់ទទ្រើក៖

          «មែនអ្ហេស? បងទៅខេត្តតែមួយរយៈសោះ ម៉េចបានជាបងមិនដឹងរឿងនោះ…»

ខ្ញុំសម្លឹងគាត់ចំៗដើម្បីស្វែងយល់ពីចិត្តដ៏ស្មុគស្មាញរបស់គាត់។  រឿងធំដល់ថ្នាក់អតីតមិត្តសំណព្វរបស់គាត់ធ្វើអត្តឃាត គាត់នៅនិយាយឡើងមកថាមិនដឹងរឿងអ៊ីចឹងអ្ហេស? បងវ៉ារីហាក់ដូចជាប្រែទឹកមុខទៅជាចង់សើចបន្តិចតែក៏ប្រញាប់សម្រួលទឹកមុខមកវិញ ប៉ុន្តែយ៉ាងណាក៏មិនអាចលាក់នឹងភ្នែកខ្ញុំបានឡើយ។ ខ្ញុំដឹងថាគាត់កំពុងគិតពីអី។ គាត់មានចិត្តមកលើខ្ញុំយូរហើយ។ អាចថាគាត់កំពុងតែសមចិត្តព្រោះអស់គូប្រជែង។ ខ្ញុំក្រលេកមើលឆ្វេងស្ដាំទាំងភ្នែកស្រវាំងមើលឃើញមនុស្សជាប់គ្នាស្អេកស្កះ។ មើលទៅអាសាន់វាទៅជាប់ញ៉ែស្រីឯណាបាត់ហើយ  បានជាវាមិនទាន់ត្រឡប់មកវិញ។ មួយរំពេចនោះអ្នករត់តុលើកកែវស្រាពីរកែវចូលមក។ បងវ៉ារីទទួលកែវស្រាហើយ ញញឹមហុចកែវស្រាមួយមកឱ្យខ្ញុំទាំងសម្លឹងខ្ញុំដោយក្រសែភ្នែកយ៉ាងស្រទន់៖

          «OK! រាប់ទុកថាមួយកែវនេះបងកំដរឯងញ៉ាំបំភ្លេចរឿងទុក្ខព្រួយដែលឯងកំពុងមាននេះទៅចុះ! យ៉ាងណាជីនក៏ជាអតីតមិត្តសម្លាញ់របស់បង ទោះបីជាយើងទាស់គ្នារឿងរកស៊ីមកជាងកន្លះឆ្នាំនេះក៏ដោយ ក៏រឿងល្អៗពីមុនដែលជីនធ្វើជាមួយបង បងនៅតែចងចាំជានិច្ច! ស្អែកនេះបងនឹងទៅវត្តធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃតាំងចេតនាបង្សុកូលឱ្យនាង!» ខ្ញុំទទួលកែវស្រាពីបងវ៉ារីទាំងសភាពកាន់តែដុនដាបរហូតដល់ស្ដាប់គាត់សឹងតែលែងយល់រឿង។ មិនបង្អង់ឡើយ ខ្ញុំក៏អកស្រានោះអស់មួយរំពេចទៀត។ ខ្ញុំអុកកែវលើតុលាន់ឮគ្រាន់បើព្រោះជាតិស្រាធ្វើឱ្យខ្ញុំខែងរ៉ែងជាងធម្មតាឆ្ងាយណាស់។ ខ្ញុំយកដៃជ្រងសក់ខ្លាំងៗធ្វើឫកដូចមនុស្សបែកថ្នាំវាចាង៉ុលៗ៖

          «បងវ៉ារី!…បង…ស្គាល់អាម្នាក់អង្គុយស្និទ្ធិស្នាលជាមួយបងជីន…នៅថ្ងៃនោះបានទេ?»

          «ថីមិនស្គាល់!…តែយកល្អបងថាឯងមិនចាំបាច់ចង់ដឹងនោះទេ ព្រោះ…»

          «វាយ៉ាងម៉េចបង? បងប្រាប់ខ្ញុំមក…ដោយសារតែវាទើបបងជីនស្លាប់…បងប្រាប់ខ្ញុំមក…!»

          ខ្ញុំក្ដាប់ដៃបងវ៉ារីជាប់ទាំងនិយាយខ្លាំងៗដល់ថ្នាក់គ្របលើសំឡេងតន្រ្តី នាំឱ្យគេគ្រប់គ្នាងាកមកមើលខ្ញុំនិងបងវ៉ារីអ៊ូ។ បងវ៉ារីក្រលេកឆ្វេងស្ដាំបន្តិចទើបអង្អែលដៃខ្ញុំលួងលោមស្រដីតិចៗ៖

          «សេដ្ឋរ៉ា! ស្ដាប់បងណ៎ា…!» ខ្ញុំស្រដីកាត់បងវ៉ារីដោយសំឡេងខ្លាំងៗដូចមុន៖

          «ប្រាប់ខ្ញុំមកបង!! ប្រាប់មក!!» ខណៈនោះសំឡេងអ៊ូៗបន្លឺឡើងដោយការខឹងសម្បាផង៖

          «មកអាឡូអាឡាស្អីវាអានេះ…កំពុងតែសប្បាយផងធ្វើឱ្យខូចអារម្មណ៍អស់!!» ត្រចៀកខ្ញុំហ៊ឹងអស់ហើយ។ ភ្នែកខ្ញុំក៏កាន់តែព្រិលស្រវាំងជាងមុនដែរ។ ខ្ញុំងើបឈរភីងទាំងទ្រេតទ្រោតទប់ខ្លួនសឹងមិនជាប់កុំតែបងវ៉ារីស្ទុះងើបជួយទប់ទាន់។ ខ្ញុំរេចង្អុលដៃទៅកាន់ប្រភពសំឡេងមុននេះ៖

          «អញចង់និយាយ…វាជាសិទ្ធិរបស់អញ…អាណាមិនពេញចិត្តចេញមុខមក!» ភ្លេងស្ងាត់ច្រៀបជំនួសមកវិញដោយសំឡេងបងវ៉ារី៖

          «បានហើយសេដ្ឋ! នេះឯងស្រវឹងមែនទែនហើយណ៎ា! អឺ…ឱ្យខ្ញុំសុំទោសជំនួសមិត្តខ្ញុំផងណ៎ា! អញ្ជើញតាមសប្បាយចុះបងៗ!» ខ្ញុំរៀបនឹងប្រកែកតវ៉ាទៀត   ប៉ុន្តែក៏មានអារម្មណ៍ដូចក្រឡាប់ផែនដីហើយខ្ញុំក៏ទប់ខ្លួនលែងជាប់តទៅទៀតដែរ ក៏ប៉ុន្តែអ្វីដែលខ្ញុំអាចស្ដាប់ឮទាំងស្រពិចស្រពិលចុងក្រោយនោះគឺជាសំឡេងបងវ៉ារីដែលសន្ធាប់ហៅឈ្មោះខ្ញុំខ្លាំងៗ៖

«សេដ្ឋារ៉ាៗ!…»

……………………………………..

          ពន្លឺព្រាលៗ…

          ខ្ញុំបើកភ្នែកប្រិមៗយ៉ាងលំបាក។ ខ្ញុំមានអារម្មណ៍ថារាងកាយខ្ញុំទាំងមូលឈឺដូចត្រូវគេវ៉ៃដប់ដំបង។ ខ្ញុំនៅវិលមុខមិនទាន់បាត់នោះទេ តែក៏ព្យាយាមគ្រវីក្បាលប្រិចភ្នែកញាប់ៗជាច្រើនដងដើម្បីឱ្យស្វាងបន្តិច។ ខ្ញុំចាប់ភាន់ភាំងឡើងមកពេលកំណត់ដឹងបាននូវជញ្ជាំងពណ៌ស នាឡិកាព្យួរជញ្ជាំងនៅចុងជើង វាំងននបង្អួច តុសម្អាងនិងអ្វីៗនៅជុំវិញខ្លួនខ្ញុំពេលនេះ គឺមិនមែនជាទិដ្ឋភាពក្នុងបន្ទប់នៅខន់ដូរបស់ខ្ញុំនោះទេ។ ខ្ញុំភ្ញាក់ក្រញាងប្រុងស្ទុះងើប ប៉ុន្តែដៃជើងរបស់ខ្ញុំកំពុងតែជាប់ចំណងនឹងចុងគ្រែទាំងបួនជ្រុងយ៉ាងណែន។ ខ្ញុំប្រុងរើអស់ទំហឹងតែមិនបានផលនោះទេ។ ឈ្ងោកមើលខ្លួនឯងវិញទើបដឹងថាខ្លួនខ្ញុំទទេស្អាត ហើយខ្ញុំក៏មានអារម្មណ៍ដឹងថាផ្នែកខាងក្រោមរបស់ខ្ញុំក៏ទទេស្អាតដូចគ្នាគ្រាន់តែនៅពេលនេះគឺមានភួយសដណ្ដប់ពីលើតែប៉ុណ្ណោះ។ ខ្ញុំចាប់មានអារម្មណ៍មិនស្រួល។ ម៉េចបានជាខ្ញុំមកនៅទីនេះបាន? ហើយទីនេះជាកន្លែងណា?

          «បងវ៉ារី!!» ខ្ញុំឧទានឡើងមកទាំងស្រឡាំងកាំងពេលឃើញបងវ៉ារីបង្ហាញខ្លួននៅមាត់ទ្វារ។ គាត់មានទឹកមុខស្មើធេងសម្លឹងមកខ្ញុំឥតប្រិច។ ខ្ញុំមិនខ្វល់ច្រើនទេ ប្រញាប់សួរគាត់ញាប់មាត់៖

          «កាលពីយប់មិញមានរឿងអីបងវ៉ារី? ម៉េច…ម៉េចបានជាខ្ញុំមកនៅទីនេះបាន? ទីនេះជាកន្លែងណា?» បងវ៉ារីនៅរក្សាទឹកមុខធម្មតា មិនខ្វល់តបឆ្លើយនឹងខ្ញុំសូម្បីតែមួយម៉ាត់ទាំងដែលសព្វដងគាត់ក៏រួសរាយជាមួយខ្ញុំបន់ឱ្យតែខ្ញុំសួរនាំគាត់។ ខ្ញុំប្រឹងរើកញ្ជ្រោល៖

          «បងវ៉ារី! បងមកជួយស្រាយចំណងឱ្យខ្ញុំបន្តិចមក!!» ខ្ញុំកាន់តែមិនយល់ទ្វេដងពេលឃើញបងវ៉ារីឈរធ្មឹងដូចមនុស្សយន្តសម្លឹងមកខ្ញុំអ៊ីចឹង។ ខ្ញុំប្រែអារម្មណ៍ទៅជាខឹងឆេវមួយរំពេច។ រៀបថានឹងនិយាយទៅកាន់បងវ៉ារីជាលើកទីបី ប៉ុន្តែស្រាប់តែរាងកាយបងវ៉ារីក៏ដួលផ្កាប់មុខខ្ពោកមកលើការ៉ូមួយរំពេច។ ខ្ញុំបើកភ្នែកធំៗទាំងបេះដូងលោតឮសូរឌឹបៗយ៉ាងច្បាស់។ ម្ដងនេះខ្ញុំកាន់តែភ័ន្តភាំងទ្វេដង   ក៏ព្រោះថាទិដ្ឋភាពដែលនៅចំពោះមុខខ្ញុំនៅពេលនេះគឺជាបងរីនដាទាំងសាច់ទាំងឈាម។       ដៃម្ខាងរបស់បងរីនក្ដាប់កាំបិតយ៉ាងណែន ដែលពោរពេញទៅដោយតំណក់ឈាមក្រហមឆ្អិនឆ្អៅ។ យល់សភាពការណ៍ពេលនេះខ្ញុំក៏ស្រែកហៅបងវ៉ារីទាំងក្ដុកក្ដួល៖

«បងវ៉ារី! បង…បង…» ហៅបានត្រឹមនេះស្រាប់តែបងរីនដាចូលមកយកចំណងចងមាត់ខ្ញុំមិន

ឱ្យស្រែករួចមួយរំពេច។ ខ្ញុំវង្វេងវង្វាន់អស់ហើយ។ តើបងរីនដាកំពុងតែធ្វើស្អីហ្នឹង?

          «មិនបាច់ឆ្ងល់ទេសេដ្ឋ! បងធ្វើគ្រប់យ៉ាងព្រោះដើម្បីយើងពីរនាក់នោះអី!» ខ្ញុំកាន់តែមិនយល់រឿង។ បងរីនដាដែលជាមនុស្សស្រគត់ស្រគំល្អត្រឹមត្រូវ ប៉ុន្តែក្រសែភ្នែករបស់គាត់ដែលសម្លឹងមកខ្ញុំនៅពេលនេះគឺមិនខុសអីពីបិសាចឈាមត្រជាក់នោះឡើយ។ គាត់ចាប់អង្គុយចុះជិតខ្ញុំ សន្សឹមៗយកម្រាមដៃមកបបោសអង្អែលលើដើមទ្រូងរបស់ខ្ញុំរួចបង្អូសចុះក្រោមថ្នមៗ។ ខ្ញុំភិតភ័យញ័រមាត់អស់ហើយគឺភ័យនឹងកាំបិតមុខសស្ងាចដែលគាត់កាន់នៅដៃម្ខាងទៀតនោះ។ ពេលនេះភាពក្លាហានរបស់ខ្ញុំរត់ទៅពួននៅកន្លៀតណាអស់ហើយក៏មិនដឹង។ ខ្ញុំប្រឹងរើបម្រះទាំងព្យាយាមកម្រើកមាត់និយាយចេញសំឡេងលាយខ្យល់ខ្សាវៗសឹងតែស្ដាប់មិនបាន៖

          «បងរីន….ហេតុ…អី?» បងរីនដាងើបមុខញញឹមដាក់ខ្ញុំយ៉ាងស្ងៀមស្ងាត់វាចាមួយៗ៖

          «ឯងសង្ហាខ្លាំងណាស់សេដ្ឋ! ឯងដឹងទេ?…បងលួចស្រឡាញ់ឯងមកយូរហើយ យូរជាងដែលឯងនិងនាងជីននោះសេពគប់គ្នាទៅទៀត! (គាត់ចាប់ដំឡើងសំឡេង) តែហេតុអី…ហេតុអីវាជាអ្នកមកក្រោយ តែវាបែរជាបានឯងទៅគ្រប់គ្រងទៅវិញ?» គាត់ប្ដូរទឹកមុខទៅជាខឹងច្រឡោតសម្លក់សម្លឹងទាំងហូរទឹកភ្នែកមួយរំពេច។ មួយសន្ទុះគាត់ក៏ជូតទឹកភ្នែកចេញហើយក៏សើចតិចៗ៖

          «ហ៊ឹះៗ…កុំភ័យអីសេដ្ឋ! យើងនឹងមិនបែកគ្នាទៀតនោះទេណ៎ា! ចាប់ពីថ្ងៃនេះតទៅឯងគឺជារបស់បង ហើយបងក៏ជារបស់ឯងដែរ! គ្មាននរណាម្នាក់អាចយកឯងចេញពីបងបាននោះទេ…ហើយបើអ្នកណាម្នាក់ហ៊ាន…ហ៊ឹះៗ (គាត់ចាប់លើកកាំបិតឡើងលើសើចសម្លក់ទៅកាំបិតដែលប្រឡាក់ឈាមដាបនោះ) វាប្រាកដជាមានវាសនាដូចនាងជីននិងនាងវ៉ារីនេះអ៊ីចឹង! ហាសហា…!» ខ្ញុំចាប់ហូរទឹកភ្នែកចុះមកទប់លែងជាប់។ ខ្ញុំចាប់ផ្ដើមយល់គ្រប់យ៉ាងហើយ។ ខ្ញុំយល់ហើយ! ការពិតបងជីនមិនបានសម្លាប់ខ្លួននោះទេ ប៉ុន្តែ…

          «មែន! បងគឺជាអ្នកសម្លាប់វា!…(គាត់យកដៃមកអង្អែលមុខខ្ញុំប្ដូរសំឡេងជាស្រទន់ភា្លមៗ) សេដ្ឋអ្ហ៎ា! សេដ្ឋសាកគិតទៅមើលថាមនុស្សដែលលួចរបស់គេដូចជានាងជីននិងនាងវ៉ារីបែបនេះតើវាសមនឹងស្លាប់ដែរទេ?…សេដ្ឋារ៉ា! ឯងគឺជារបស់បងតាំងពីថ្ងៃបងបានចួបឯងដំបូងម្ល៉េះ ប៉ុន្តែ…នាងជីន…នាងជីនវាជាមារជ្រែក! ជាចោរលួចយកឯងពីបងទៅ!» បងរីនដាប្ដូរទៅជាស្រក់ទឹកភ្នែកមួយរំពេចធ្វើឱ្យខ្ញុំកាន់តែវិលវល់មិនយល់ពីគាត់កាន់តែខ្លាំងឡើងៗ។ ខ្ញុំនៅពេលនេះទាំងនិយាយមិនចេញផង ទាំងហូរទឹកភ្នែកផង   ហើយរង់ចាំស្ដាប់បងរីនសារភាពគ្រប់យ៉ាងតែម្នាក់ឯងចេញមក។

«លើកដៃឡើងអ្នកនាងរីនដា!»   ខ្ញុំនិងបងរីនដាភ្ញាក់ស្រឡាំងកាំងងាកទៅទ្វារ។  យល់ជាក់ជាប៉ូលិសនិងអាសាន់ខ្ញុំចាប់អរភើត។    បែរក្រលេកមកបងរីនវិញគាត់ក៏ស្ទុះងើបក្ដាប់កាំបិតជាប់ដៃ

ទាំងគ្រវីក្បាលញាប់ស្អេកបើកភ្នែកក្រឡើតក្រឡាប់៖

          «អត់ទេ! យើងមិនបានសម្លាប់វា! យើងមិនបានសម្លាប់នាងជីននិងនាងវ៉ារីទេ! នាងជីនវាលេបថ្នាំសម្លាប់ខ្លួន! យើងគ្រាន់តែបញ្ច្រកវាឱ្យលេប តែវាជាអ្នកលេបដោយខ្លួនវាទេតើ! ចំណែកនាងវ៉ារី វាប្រុងលួចសេដ្ឋចេញពីយើងទៅ យើងក៏ការពាររបស់យើង យើងមានអីត្រូវខុស! ទេ! កុំចូលមកណាស់…កុំ…លែងយើង…លែងយើង…ពួកឯងមកចាប់យើងការពារពួកចោរអ្ហេស? លែងយើង…! លែង…យើងមិនទៅទេ!…អត់ទេ!! ទេ…!»

……………………………

          ខន់ដូសេដ្ឋារ៉ា…

          បងរីនដាត្រូវបានប៉ូលិសចាប់ខ្លួនហើយ។ អ្វីៗត្រូវបានបញ្ចប់ប៉ុន្តែខួរក្បាលនិងចិត្តរបស់ខ្ញុំមិនបានបញ្ចប់ត្រឹមនេះនោះទេ។ ខ្ញុំពិតជាមានវិប្បដិសារៈខ្លាំងណាស់ព្រោះខ្ញុំស៊ើបដឹងថាមនុស្សប្រុសដែលបងជីនមានទំនាក់ទំនងជាមួយនៅថ្ងៃនោះគ្រាន់តែជាដៃគូរកស៊ីរបស់បងជីនតែប៉ុណ្ណោះ។

ខ្ញុំអង្គុយចុះលើពូកទាំងបិទភ្នែកដកដង្ហើមវែងៗ។ “ពីរនាក់បានហើយ…ពីរនាក់បានហើយ…” ខ្ញុំភ្ញាក់ព្រើតពេលឮបទចម្រៀង “ពីរនាក់បានហើយ” ល្វើយៗ។​ ខ្ញុំនឹកឃើញដល់បងជីនភ្លាមព្រោះខ្ញុំចូលចិត្តលេងហ្គីតាឱ្យបងជីនច្រៀងបទនេះណាស់។   ខណៈនោះខ្យល់ត្រជាក់ចូលមកលោមព័ទ្ធខ្លួនខ្ញុំធ្វើឱ្យខ្ញុំព្រឺសម្បុរខ្ងាក។ ខ្ញុំងាកទៅម្ខាងក៏ប្រទះនឹងសក់រប៉ាត់រប៉ាយ។ ម្ចាស់សក់សន្សឹមៗងាកមុខមករកខ្ញុំទាំងយំសសឹកទឹកមុខស្លេកស្លាំង។ ខ្ញុំគាំងនិយាយលែងចេញព្រោះនោះគឺជាបងជីន។ គាត់សម្លឹងមកខ្ញុំឥតប្រិចទាំងកម្រើកបបូរមាត់តិចៗច្រៀងបទ “ពីរនាក់បានហើយ” ។ ខ្ញុំបញ្ជាខ្លួនឯងឱ្យកម្រើកមិនបាននោះទេ។ បងជីនក៏យំកាន់តែខ្លាំងឡើងៗកម្រើកបបូរមាត់ដែលស្លេកងាំង៖

          «សេដ្ឋ…ហ៊ឺ…រកយុត្តិធម៌ឱ្យបងផង…រកយុត្តិធម៌ឱ្យបងផង….ហ៊ឺ…!» មកដល់ត្រឹមនេះបងជីនក៏ទួញយំសោកសង្រេងខ្ទ័រពេញបន្ទប់។ បន្ទាប់មកគាត់ក៏រសាយបាត់មួយរំពេច។ ខ្ញុំទើបនឹងអាចបញ្ជាខ្លួនឯងបាន ក៏ប្រញាប់ស្ទុះទៅកន្លែងបងជីនអម្បាញ់មិញទាំងស្រែកកងរំពងពេញខន់ដូ៖

          «បងជីន!…បងជីន!» ខ្ញុំភ្ញាក់មកទាំងសើងមម៉ើងដកដង្ហើមសឹងមិនដល់គ្នា។ នេះខ្ញុំយល់សប្ដិ!   យល់សប្ដិឃើញបងជីន! ក្នុងយល់សប្ដិបញ្ជាក់ថាគាត់មិនបានសុខស្ងប់នោះទេ។ ហេតុអ្វីទៅ? គាត់ប្រាប់ខ្ញុំថាឱ្យជួយរកយុត្តិធម៌ឱ្យគាត់ផង។ ហេតុអ្វីទៅ? ហេតុអ្វីក៏គាត់ពន្យល់សប្ដិខ្ញុំបែបនេះ? ក្រែងបងរីនដាដែលជាឃាតកត្រូវបានចាប់ខ្លួនយកទៅផ្តន្ទាទោសហើយទេតើ។   យុត្តិធម៌គ្រប់យ៉ាងបងជីនទទួលបានហើយទេតើ។ យល់សប្ដិអម្បាញ់មិញដូចជាការពិតខ្លាំងណាស់។ ខ្ញុំចាប់មិនស្ងប់ក្នុងចិត្ត ព្រោះបងជីនហាក់ចង់ប្រាប់ខ្ញុំរឿងអ្វីម្យ៉ាង។ ឬក៏បងរីនដាមិនមែនជាឃាតកពិតទេ? អត់ទេ! បើដូច្នោះមែនតើនរណាជាឃាតកពិតទៅ? ខ្ញុំវិលវល់អស់ហើយ។ បងជីន! បងចង់ប្រាប់ខ្ញុំរឿងអ្វីទៅ??

To be continued…