រឿង៖ សម្បថលោហិត

សំឡេងខ្យល់បក់ឮសូរវ៉ូ…វ៉ូ… រុក្ខជាតិទាំងពួងរំកិលខ្លួនរេរាំទៅតាមខ្យល់បក់ ព្រមទាំងនាំយកក្លិនក្រអូបឈ្ងុយឈ្ងប់ដូចក្លិនផ្កាឈូកមិនដឹងមកពីទិសខាងណា។ នេះវាសបញ្ជាក់ថាខែនេះជា​រដូវ​រំហើយ ជារដូវដែលកសិករប្រមូលផលស្រូវ ក្រឡេកភ្នែកទៅមើលវាលស្រែដ៏ធំល្វឹងល្វើយ គួរស្រូវមានគ្រាប់ផ្លោតៗពណ៌មាសទុំក្រហមឆ្អិតឆ្អៅ។ ស្រាប់តែមានកំលោះមួយគូ ក្នុងសម្លៀកបំពាក់អ្នកស្រុកស្រែចម្ការ កំពុងតែរត់ប្រដេញគ្នានៅលើភ្លឺស្រែដូចក្មេងលេងដេញចាប់។ កំលោះដែលរត់នៅខាងមុខមានឈ្មោះថា ថាវរៈ គេមានទម្រង់មុខរាងពងក្រពើ ចិញ្ចើមធំក្រាស់ សម្បុរខ្មៅស្រអែម។ ចំណែកកំលោះដែលរត់ដេញចាប់ពីក្រោយមានឈ្មោះថា មនោ មានកែវភ្នែកមុតភ្លឺ សម្បុររាងសជាងថាវរៈបន្តិច។

          “បងថាវរៈ! ចាំអូនផង”

          “រត់ឱ្យទាន់បងមក​ បើចាប់បងបាន បងនឹងមានរង្វាន់ឱ្យ”

          “ចាំមើលខ្ញុំចាប់បងឯងឱ្យបាន”

          “មក! មក! អូយ!”

          “ចាប់បងឯងបានហើយ”

          “កុំតែបងរអិលជើងទេ កុំអីអូនឯងគ្មានសង្ឃឹមចាប់បងបានទេ”  

          “មោះ! ឯណារង្វាន់ខ្ញុំ”

          “បងនិយាយលេងតា៎! ហាសហា”

          “ស្អីទេ! ស្អប់បងឯងណាស់!”

          “អូនឯងទៅណា ជួយលើកបងផង មនោ! មនោ! កុំខឹងបងមើល៍”

          “ហ៊ឹស”

          “មោះ មោះ ពៅកុំខឹងបងមើល៍! នេះរង្វាន់អូនឯង”

          “អូ! ស្អាតណាស់ បងឯងបេះមកពីណា”

          “នោះស្រះឈូកក្រោយអូនឯងហ្នឹង!”

          “ងាប់នៅក្រោយហ្នឹង!”

          “ឥឡូវយកអត់”

          “យក​! អត់ទេ…យកតា៎! ហាសហា”

ថាវរៈបានផ្អែកខ្នងទៅដើមស្វាយព្រៃ ចំណែកមនោបានយកក្បាលផ្អែកទៅលើស្មាថាវរៈ។

          “អូន! បងមានរឿងមួយចង់ប្រាប់អូន” ថាវរៈយកដៃអង្អែលក្បាលមនោ ហើយកែវភ្នែកសម្លឹងទៅមុខត្រង់ ដោយទឹកមុខស្រងូតស្រងាត់។

          “បងនិយាយមកអូនស្តាប់”

          “ថ្ងៃស្អែកនេះ បងត្រូវទៅធ្វើការនៅភ្នំពេញ ដើម្បីរកលុយមកព្យាបាលពុករបស់បង ហើយណាមួយម្តាយបងគាត់ចាស់ហើយឈឺច្រើនទៀត”

          “ថាម៉េចថ្ងៃស្អែកបងទៅចោលអូន” មនោស្ទុះក្រាកឈរបែរខ្នងដាក់ដោយកែវភ្នែករលីងរលោង

          “បងក៏មិនចង់ទៅចោលអូនដែរ តែធ្វើម្តេចបងត្រូវមានកាតាព្វកិច្ចជួយគ្រួសាររបស់បង” ថាវរៈលូកដៃចាប់ខ្លួនមនោ ឱ្យបែរមករកគេហើយកាន់ដៃមនោជាប់។

“បើបងទៅបាត់ អូនគិតថាអូនរស់នៅក៏គ្មានន័យអ្វីដែរ បើមិនបាននៅក្បែរបងនោះ” មនោយកដៃមកជូតទឹកភ្នែក

“អូនកុំនិយាយអ៊ីចឹង បងនៅតែស្រលាញ់អូន មិនបោះបង់អូនទេ” ថាវរៈយកដៃទៅអង្អែលថ្ពាល់

“អូនមិនជឿ ថាមិនត្រូវឃើញក្រមុំភ្នំពេញ ប្រាកដជាបោះចោលអ្នកស្រែៗដូចជាអូនមិនខាន” មនោទាញដៃថាវរៈចេញ ហើយដើរទៅម្ខាង

“មើល៍! អូនកុំនិយាយអ៊ីចឹង បេះដូងបងមានតែអូនតែម្នាក់ទេ បើមិនជឿបងស្បថជូនអូនក៏បាន” ថាវរៈដើរទៅឱបចង្អេះមនោពីក្រោយ។

“មនុស្សគ្រប់គ្នា អាងអីស្បថ អាងអីស្បថហ៊ឹស!”

ស្រាប់តែថាវរៈ ចាប់ទាញដៃមនោមកអង្គុយសំពះ ចំពោះខ្ទមអ្នកតានៅក្រោមដើមស្វាយនោះ។

          “បងធ្វើអីហ្នឹង!”

          “សូមឱ្យបារមីម្ចាស់ទឹកម្ចាស់ដីនៅទីនេះ សូមជួយចាំពាក្យសម្បថរបស់ខ្ញុំ បើខ្ញុំហ៊ានក្បត់មានអ្នកថ្មីចោលអូនមនោ សូមឱ្យខ្ញុំស្លាប់នៅក្រោមដើមស្វាយមួយនេះទៅចុះ” ថាវរៈបែរទៅសម្លឹងមុខមនោ

“ខ្ញុំជឿហើយបងថាវរៈ! ម៉េចសម្លឹងមុខខ្ញុំហ្នឹង! បែបជាមិនជឿលើខ្ញុំវិញឬ?” ស្រាប់តែមនោទាញកាំបិតស្នៀតពីចង្កេះថាវរៈ។

“អូនធ្វើអីហ្នឹង! ទៅបងជឿអូនហើយ”

ពេលនោះមនោ បានយកកាំបិតនោះមកឆូតម្រាមដៃចង្អុលសម្រក់ឈាមទៅលើដី។

          “ខ្ញុំសុំយកលោហិតខ្ញុំជាសាក្សី បើខ្ញុំក្បត់បងថាវរៈទៅមានអ្នកថ្មី សូមឱ្យខ្ញុំស្លាប់ដោយទាន់ហន់ទៅនៅក្រោមដើមឈើមួយនេះទៅចុះ”

ថាវរៈឆក់យកកាំបិតពីដៃមនោ ហើយបានឆូតដៃខ្លួនឯងដែរ ឈាមបានស្រក់ទៅលើដីពីលើឈាមមនោតែមួយចូលគ្នា។

          “បើខ្ញុំហ៊ានក្បត់អូនមនោ សូមឱ្យខ្ញុំស្លាប់នៅក្រោមដៃអូនមនោទៅចុះ”

មេឃចាប់ផ្តើមឡើងខ្មៅអួអាប់ ខ្យល់បក់មកធ្វើឱ្យស្រះឈូកបុកប៉ះគ្នាឮសំឡេងដូចគេរូតរនាតទៅវិញទៅមកយ៉ាងលឿន។

          “មេឃជិតភ្លៀងហើយអូន”

          “យើងប្រញាប់យកគោទៅផ្ទះទៅ កុំឱ្យត្រូវទឹកភ្លៀងផ្តាសាយ”

ពួកគេក៏បានរត់ទៅស្រាយខ្សែចងគោ។

          “បង ស្អែកបងទៅភ្នំពេញម៉ោងប៉ុន្មាន?”

          “បងឮម៉ែបងថា ឡានគេមកយកម៉ោង៤ជិតភ្លឺអូន”

          “ហើយងើបពីយប់ទៅលឿនម្ល៉េះបង”

          “បងអត់ដឹងដែរអូន តែបងមិនចង់ចាកចេញទេ បងនឹកពុកម៉ែ នឹកអ្នកភូមិ នឹកស្រុកនឹកស្រែ នឹកខេត្តបាត់ដំបងនេះណាស់”

          “ចុះម្នាក់ទៀត បងឯងភ្លេចហើយឬបានជាអត់នឹកសោះ”

          “អូ បងភ្លេចឱ្យឈឹង នៅឆ្កែបងពីរក្បាលទៀត”

          “ហ៊ឹស”

          “បងនិយាយលេងតា៎ ម៉េចភ្លេចទៅកើតម្ចាស់សំណព្វចិត្តបងនោះ គឺអូនមនោនេះហើយ” ស្រាប់តែមនោព្រលែងខ្សែគោ  រត់ទៅឱ្យឱបថាវរៈ។

          “ច្បាស់ជានឹកបងខ្លាំងហ្មង កុំយំៗបងឧស្សាហ៍មកលេងណា” មនោអត់និយាយអ្វីទាំងអស់ ហើយដើរទៅទាញខ្សែគោដឹកគោយកទៅផ្ទះ។

          “ទៅកុំបារម្ភពីបងណា”

          “បង ចុះបើខ្ញុំសុំម៉ែទៅធ្វើការនៅភ្នំពេញជាមួយបងដែរ បងគិតយ៉ាងម៉េច”

          “មានអីបងរឹតតែសប្បាយចិត្ត”

          “ចឹងខ្ញុំប្រញាប់ទៅផ្ទះមុនសិនហើយ ចាំខ្ញុំផងណា”

          “អឺៗ បងចាំ កុំយូរពេកណា” ពួកគេក៏បានបំបែកផ្លូវគ្នា ទៅផ្ទះរៀងខ្លួន។

“អឺមនោ កូនឯងត្រលប់មកពីឃ្វាលគោវិញហើយកូន(ខេះ ខេះ) ម៉ែចង់ប្រាប់កូនឯងថា រាល់ថ្ងៃនេះ(ខេះ ខេះ) បានកូនឯងនៅមើលថែទាំម៉ែ(ខេះ ខេះ) បើកូនឯងទៅឆ្ងាយពីម៉ែ(ខេះ ខេះ) មិនដឹងថាម៉ែនេះ(ខេះ ខេះ) រស់នៅយ៉ាងម៉េចទេបើឈឺនោះឈឺ(ខេះ ខេះ)” គាត់និយាយបណ្តើរយកក្រមាខ្ទប់មាត់បណ្តើរ

“ម៉ែចុះមកពិសាទឹកសិនមកម៉ែ”

“អើ អើ (ខេះ ខេះ)”

“ម៉ែអង្គុយលើគ្រែឱ្យស្រួលម៉ែ នេះម៉ែពិសាទឹក”

“អរគុណកូន”

“អញគួរតែនិយាយរឿងសុំម៉ែទៅធ្វើការនៅភ្នំពេញឬអត់ហាស! បើគាត់ឈឺម្ល៉ឹងៗដើរចោលគាត់មិនអាចទេ”

“អឺមនោ”

“មិនអាចទេ!”

“មានរឿងអីកូន(ខេះ ខេះ)”

“បាទម៉ែ! កូនមានរឿងចង់ប្រាប់ម៉ែ”

“អើ អឺអានោម៉ែភ្លេចមិញម៉ែដាក់ដាំបាយចោល(ខេះ ខេះ) កូនឯងដើរទៅមើលនៅចង្រ្កាន្តបាយតិចមើល៍ ខ្លោចអស់ហើយ”

មនោស្ទុះវឹងដើរទៅចង្រ្កាន្តបាយ៖

          “គោកទឹកអស់ហើយម៉ែ”

          “អើ! ដកឧសខ្លះចេញទៅ(ខេះ ខេះ) ហើយកូនភ្ងំវាចោលទៅកូន(ខេះ ខេះ) ហើយទៅងូតទឹកងូតអីទៅ(ខេះ ខេះ)”

          “បាទម៉ែ” មនោដើរមកក្បែរគ្រែ លូកដៃកាន់ផ្កាឈូក៣ទង ដែលថាវរៈបានជូនគេ ហើយគេក៏យកវាឡើងលើផ្ទះបាត់ទៅ។

សំឡេងហ៊ីងនិងកង្កែបយំចេញពីវាលស្រែក្បែរផ្ទះឮសូរ ឱប ឱប ហ៊ីងហង ហ៊ីងហង ឱប ឱប…

ពន្លឺចង្កៀងប្រេងកាតដែលដាក់នៅចំកណ្តាលផ្ទះ ភ្លើងបក់ចុះបក់ឡើង ម្តងភ្លឺខ្លាំងម្តងរាងជិតរលត់មិននឹងសោះ។ ម្តាយមនោកំពុងសម្រាកក្បែរនោះយកក្រមាក្រវីក្រវាត់ចុះឡើងលើខ្លួនគាត់ បែបជាទំនងដេញមូស បែរមុខទៅមាត់ទ្វារ។ ចំណែកមនោកំពុងអង្គុយក្បែរនោះ កំពុងតែអានសៀវភៅ។

          “ភ្លៀងនេះមិនងាយរាំងទេម៉ែ” មនោងាកមករកម្តាយ

          “អើ បើភ្លៀងចឹងជ្រុះគ្រាប់ស្រូវអស់ហើយ(ខេះ ខេះ) ដល់ខែប្រមូលផលស្រូវផលកូន(ខេះ ខេះ)”

          “ម៉ែ! កូនមានរឿងចង់ប្រាប់ម៉ែ កូនចង់ទៅធ្វើការនៅភ្នំពេញរកលុយមកព្យាបាលម៉ែ កូនទៅជាមួយបងថាវរៈណាម៉ែ”

          “ថាវរៈណាកូន(ខេះ ខេះ)”

          “បងដែលឧស្សាហ៍មកបបួលកូនឃ្វាលគោជាមួយនោះម៉ែ”

          “អូរ កូនមួយនៅចុងភូមិហ្នឹងហ្អី(ខេះ ខេះ)”

          “បាទម៉ែ”

          “បើកូនចង់ទៅធ្វើការខេះ ខេះ ម៉ែក៏មិនឃាត់កូនដែរខេះ ខេះ កូនធំហើយអាចរស់ដោយខ្លួនឯងបានខេះ ខេះ ហើយគេទៅថ្ងៃណាខេះ ខេះ”

          “ស្អែកម៉ោង៤ព្រឹកម៉ែ”

          “អើ(ខេះ ខេះ) តែបើកូនឯងទៅបាត់ អត់មានអ្នកណាឃ្វាលគោ(ខេះ ខេះ) មើលថែផ្ទះសំបែង…(ខេះ ខេះ) ទៅកុំរលីងរលោងអី(ខេះ ខេះ) ទៅក៏ទៅៗតែប្រយ័ត្នប្រយែងណាកូន(ខេះ ខេះ) មើលថែគ្នាចេះស្រលាញ់គ្នាណាកូន”

          “បាទម៉ែ”

“ទៅមិនបាច់មកឱបម៉ែយកចិត្តម៉ែអីទេ(ខេះ ខេះ)”

“តែកូនអត់ចង់ទុកម៉ែនៅម្នាក់ឯងទេ”

“មិនអីទេ ម៉ែអាចពឹងពាក់អ្នកជិតខាងបាន(ខេះ ខេះ)”

“ចឹងកូនទៅរៀបចំខោអាវសិនម៉ែ” មនោបានបត់ខោអាវ ដាក់ចូលទៅក្នុងកាតាបសិស្សសាលារបស់គេ ដោយទឹកមុខញញឹមញញែម ហើយពេលចូលដេក ភ្នែកគេបិទបើកៗ ដូចជាដេកមិនលក់សោះ បុណ្យឱ្យតែដល់ពេលឆាប់ៗ។

“មនោ មនោកូនថាទៅភ្នំពេញហ្អីកូន(ខេះ ខេះ) មិញប្រហែលជាឡានគេមកយកអ្នកភូមិភ្នំពេញហើយ ម៉ែឃើញពីរបីឡាជិះកាត់មុខផ្ទះយើង(ខេះ ខេះ)”

“ហ៊ឺ ងងុយដេកណាស់”

“មនោ មនោ”

មនោក្រោកអង្គុយយកដៃញីភ្នែក។

          “ទៅៗរៀបចំងូតទឹកងូតអីលឿនឡើង(ខេះ ខេះ)”

          “​បាទ” ឆ្លើយទាំងមិនទាន់បើកភ្នែកស្រួលបួលនៅឡើយ

មនោបានចុះទៅលុបមុខនៅខាងក្រោមផ្ទះ ស្រាប់តែឮសំឡេងផាំង ទឹកហូរតាមប្រឡោះរនាបពីលើផ្ទះ។ មនោរត់ឡើងទៅលើផ្ទះយ៉ាងតក់ត្រហល់។

          “មែ ម៉ែ ដឹងខ្លួនឡើងម៉ែ ម៉ែកុំកើតអីណា” មនោយកដៃឈ្លីទ្រូងមួយសន្ទុះ ស្រាប់តែគាត់ដឹងខ្លួនឡើងវិញ។

          “(ខេះ ខេះ) ម៉ែ (ខេះ ខេះ) លើកយកទឹកផឹកអំបាញ់មិញ(ខេះ ខេះ) ងងឹតមុខឈឹង(ខេះ ខេះ) ធ្លាក់ផ្តិតពីដៃម៉ែ(ខេះ ខេះ)”

          “តើឱ្យខ្ញុំទៅចោលម៉ែយ៉ាងមិចទៅកើត? ហ៊ឺ…ហ៊ឺ…”

          “ទៅកុំបារម្ភពីម៉ែ(ខេះ ខេះ) ប្រយ័ត្នឡានចេញចោល(ខេះ ខេះ)”

          “អត់ទេ ខ្ញុំមិនទៅចោលម៉ែទេ”

ទីត ទីត…

          “អឺ ថាវរៈឡានមកដល់ហើយកូន យកអីវ៉ាន់ដាក់ឡានទៅ”

          “បាទម៉ែ”

          “ហើយកូននៅចាំអ្នកណាទៀតកូន ម៉េចមិនឡើងឡានទៅ”

          “អរ ម៉ែកូនចាំមិត្តភក្តិកូនម្នាក់​ វាថាទៅជាមួយកូនដែរ”

          “យូរចឹង ម៉ែថាប្រហែលជាមិត្តភក្តិកូនកុហកកូនទេដឹង ឬគេជិះឡានផ្សេងទៅបាត់ហើយមិនដឹង”

          “បាទ កូនថាគេមិនកុហកកូនទេ ពូជួយចាំមួយភ្លែតសិនទៅពូ”

          “អឺ អឺពូចាំ”

          “មនោ តើអូនកុហកបងឬ? ឬក៏អូនមានបញ្ហាអ្វីមិនអាចមកបាន ចុះបើអូនមកមិនបានហេតុអ្វីក៏អូនមិនមកជូនដំណើរបង? បងពិតជាខកចិត្តខ្លាំងណាស់ អូនមិនគួរធ្វើដាក់បងបែបនេះទេ” ថាវរៈយកដៃជូនទឹកភ្នែក ដែលកំពុងតែស្រក់មកពីរបីដំណក់។

          “ទៅកូន ម៉ែថាគេមិនមកទេ”

          “ចឹងកូនលាម៉ែសិនហើយ ពុកកូនលាសិនហើយ ម៉ែថែរក្សាសុខភាពផង កូននឹងខំរកលុយផ្ញើឱ្យម៉ែដើម្បីព្យាបាលពុក”

          “អើ ថែរក្សាខ្លួនផងកូន ឪឯងក្រោកពីគ្រែមិនរួចទេ តែយ៉ាងម៉េចយ៉ាងម៉ាឧស្សាហ៍មកលេងផ្ទះយើងផង”

ថាវរៈបានឡើងលើឡាន ទាំងមិនអស់ចិត្តជាមួយមនោ។ ឡានបានចេញដំណើរទៅមុខ តែថាវរៈនៅតែងាកមកមើលកញ្ចក់ក្រោយឡាន មើលទៅផ្លូវគិតថាមនោនឹងមកជាមួយគេ។

២ខែក្រោយមក…

          “មនោយកបន្លែលើគ្រែឱ្យម៉ែបន្តិច ម៉ែដាក់ស្ល”

          “បាទម៉ែ” មនោបានយកគោទៅចង រួចដើរទៅគ្រែមុខផ្ទះ

          “អាចយ អីហាសក៏សប្បាយចិត្តម្ល៉េះ ហើយបាននំប៉័ងមកពីណាច្រើនម៉េះ”

          “ហាសហាបាទបង បងឯងអត់ដឹងទេអី បងថាវរៈមកលេងផ្ទះគាត់នោះ ជិះសុទ្ធតែឡានទំនើបបងអើយ ឥឡូវខ្ញុំយកនំប៉័ងឱ្យម៉ែឪខ្ញុំសិន ទៅហើយបងហាសហា”

          “បងថាវរៈ” មនោធ្លាក់បន្លែពីដៃលើគ្រែ

          “ម៉ែកូនមានការទៅនោះមួយភ្លែតម៉ែ”

          “ហើយប្រញាប់ទៅណាកូននេះ យកបន្លែឱ្យម៉ែស្លសិនមក ល្ងាចហើយ”

មនោរត់ចេញទៅ យកដៃឱបចូលគ្នាទាំងទឹកមុខសោមន្សរីករាយ។

          “អូនមិនដឹងសោះថាបងត្រឡប់មកភូមិយើងវិញ អូនពិតជានឹក​បងខ្លាំងណាស់ រយៈពេល២ខែ តើបងប្រែប្រួលរូបរាងយ៉ាងណាទៅណ៎ ប្រហែលជាស្អាតជាងមុន ខ្លាចតែខ្ញុំមើលបងមិនស្គាល់ទេ” មនោទៅដល់ផ្ទះថាវរៈ ឡានថាវរៈបានចាកចេញទៅមួយសន្ទុះទៅហើយ។

          “ពូមីងជម្រាបសួរ”

          “អឺក្មួយមនោ លើកដៃថ្វាយព្រះក្មួយ មោះអង្គុយលេងសិនមក មិញបងឯងមកលេងទិញនំចំណីមកច្រើនណាស់ មីងមើលថាវរៈមានទៅស្គាល់ឯណា ឥឡូវសស្គុស”

          “ហាសហា បាទមីង”

          “មែនហើយម៉ែវា ថែមទាំងចេះនាំប្រពន្ធវាមកជាមួយទៀត កូនប្រសាម៉ែវាឯងស្អាតណាស់”

          “យីតាប៉ិកឯងនេះ ម៉េចមើលឃើញកូនប្រសាស្អាតជាងខ្ញុំឬ?”

          “ម៉ែវាឯងប្រចណ្ឌខ្ញុំហ្អី”

          “អើ ក្មួយឯងមកអត់ទាន់បងឯង កុំអីបាននិយាយគ្នាលេង”

          “បាទមីង ចឹងខ្ញុំសូមលាពូមីងទៅផ្ទះវិញហើយ ទុកម៉ែឱ្យនៅម្នាក់ឯងនៅផ្ទះ”

          “អើចឹងមីងផ្ញើរបស់នេះ ទៅឱ្យម៉ែក្មួយផងណា”

          “បាទអរគុណមីង”

          “អើ”

               មនោដើរចេញពីផ្ទះថាវរៈទាំងក្នុងចិត្តក្តុកក្តួល ស្រក់ទឹកភ្នែកតក់ៗ ភ្លឹកៗ ចេះតែដើរទៅមុខទាំងមិនខ្វល់ខ្វាយអ្វីទាំងអស់។

“បងថាវរៈមានប្រពន្ធ ខ្ញុំមិនជឿ ហ៊ឺ ហ៊ឺ វាមិនពិតទេ ចុះពាក្យយើងធ្លាប់សន្យានោះ តើវាបានបាត់ទៅណាអស់ហើយ ហ៊ឺៗ ហេតុអ្វីបានជាបងក្បត់ពាក្យសន្យាមួយនេះ? ខ្ញុំស្តាយដែលការរង់ចាំមនុស្សខុសដូចជាបង អស់រយៈពេលពីរខែហើយ ដែលខ្ញុំនៅទន្ទឹងរង់ចាំផ្លូវបង ខ្ញុំពិតជាខកចិត្តខ្លាំងណាស់” ដើរបណ្តើរនិយាយម្នាក់ឯងបណ្តើរ

“មនោកូនទើបមកពីណា មកញ៉ាំបាយសិនមក”

“បាទ” មនោយកដៃជូតទឹកភ្នែក

“ហើយមានរឿងអី”

“បាទអត់មានរឿងអីទេម៉ែ នេះផ្លែឈើម៉ែបងថាវរៈផ្ញើម៉ែ”

“អូរ ថាវរៈគេមកលេងស្រុកហ្អីកូន”

“បាទម៉ែ”

“មោះចង់ឆាប់ហូបបាយសិនទៅ”

“ម៉ែពិសាទៅ កូនហូបបាយរួចហើយនៅផ្ទះពូមីងមិញ កូនឡើងទៅលើផ្ទះហើយម៉ែ”

“អឺ! កូននេះវាមានរឿងអីវា បានជាត្រលប់មកវិញមានអាការប្លែកៗម៉្លេះ អឺក្មេងវាតែចឹងប្រែប្រួលចិត្តលឿនណាស់ ដូចឪវាអ៊ីចឹង”

ម៉ ម៉…

“មនោ កូនឯងអត់យកគោទៅឱ្យស៊ីស្មៅទេអី ថ្ងៃហើយណាស់កូន ហើយប៉ុន្មានថ្ងៃនេះឃើញអត់បាយអត់ទឹក កូនឯងមានរឿងអី”

“អត់មានរឿងអីទេម៉ែ គ្រាន់តែកូនចង់សម្រាក”

“កូនមានរឿងអី ចង់បានប្រពន្ធហ្អី ចាំម៉ែដណ្តឹងឱ្យស្រលាញ់កូនពីណាគេ”

“អត់ទេម៉ែ ម៉ែកាលពុកទៅចោលមានប្រពន្ធថ្មី ម៉ែពិបាកចិត្តឬអត់ម៉ែ”

“ម៉េចក៏កូនសួរដូច្នេះ កាលហ្នឹងកូនឯងបាន១ខួបឪឯងនេះទៅចោលម៉ែទាំងមិនអាល័យម៉ែសោះ ទៅមានស្រីស្នេហ៍ វាមិនដែលមកអើតម៉ែកូនយើងជិត២០ឆ្នាំហើយ កាលហ្នឹងម៉ែស្ទើរខ្លាចជាមនុស្សឆ្កួតទៅហើយ តែមានកូនជាបេះដូងម៉ែ ដូច្នេះម៉ែត្រូវតែរឹងមាំ”

“ម៉ែរឹងមាំណាស់ តែខ្ញុំដឹងរឹងមាំដូចម៉ែអត់ទេ”

“ម៉េចបានជាកូននិយាយអ៊ីចឹង ប្រសិនបើគេទៅចោលកូនមានបុរសថ្មី ឱ្យគេទៅចុះកូន ធ្វើម្តេចវាមិនមែនជាគូនឹងយើង ទោះបីកូននៅឱបក្រសោបវាមានតែយកបន្លាមកឱបនឹងទ្រូងកូនទេ”

“បាទម៉ែ កូនអរគុណម៉ែសម្រាប់ការចិញ្ចឹមកូនកន្លងមក កូនដឹងបានស្នងគុណម៉ែបន្តទៀតបានអត់ទេ”

“ឆ្កួតកុំនិយាយចឹងកូន មកក្រាកមកនៅដេកហ្នឹងហើយ ទៅរកបាយរកទឹកទៅ”

“បាទម៉ែទៅពិសាមុនទៅ”

ខ្វាក ខ្វាក សំឡេងខ្លែងស្រាកយំនៅលើដំបូងផ្ទះមនោ ប្រៀបដូចជាស្រែកយំទារព្រលឹងនរណាម្នាក់យកទៅអ៊ីចឹង។

“ម៉ែ! ម៉ែ! កូនលាម៉ែសិនហើយ ជាតិក្រោយកូននឹងធ្វើជាកូនម៉ែដែលរឹងមាំជាងពេលនេះ កូនលាម៉ែសិនហើយ ម៉ែថែរក្សាសុខភាពផង ហើយមិនបាច់តាមរកកូនទេ…”

“មនោ! មនោ! កូនទៅណា…កូនទៅណាចោលម៉ែ”

“មនោ! អឺមនោកូន! មនោវាទៅណាយប់ហើយ ឬក៏កូនហ្នឹងវាគិតខ្លី មនោ ហ៊ឺៗ មនោ មនោកូន” គាត់បានចុះមកកាំជណ្តើរមកខាងក្រោមស្វែងរកមនោ។

“ម៉ែមានរឿងអីម៉ែ កូនងើបមកដាក់បបរឱ្យម៉ែពិសាពេលព្រឹក”

“ហើយកូនឯងងើបតាំងពីស្មានណា ទៅៗសម្រាកទៅ ទុកឱ្យម៉ែធ្វើ”

“ម៉ែចាស់ហើយ ទៅសម្រាកទៅកូនអាចធ្វើបាន”

“អើ អើ” គាត់ដើរទៅអង្គុយលើគ្រែមុខផ្ទះ “អញឆ្កួតទេដឹងជឿលើរឿងយល់សប្តិ មិនគួរគិតរឿងអពមង្គលចឹងសោះ”

“ម៉ែនេះបបរ ពិសាទៅម៉ែ”

“អឺមកអង្គុយហូបជាមួយម៉ែមកកូន”

“បាទ ម៉ែព្រឹកនេះចាំកូនយកគោទៅចងស៊ីស្មៅ ម៉ែមិនបាច់ដឹកវាទៅទេ”

“ហើយកូនឯងលែងអីហាស”

“ហាសហា កូនមានកើតអីម៉ែ ប៉ុន្មានថ្ងៃនេះកូនអត់សូវស្រួលខ្លួន”

“ចឹងឆាប់ហូបបបរទៅ ចាំទៅឃ្វាលគោ”

          គ្រឹង គ្រឹង គ្រឹង គ្រឹង…

          “អ្នកណាគេចុចកណ្តឹងផ្ទះយើងអូន”

          “យប់ហើយអ្នកណាគេមករកអីបង”

          “អូនសម្រាកមុនបងទៅ​​ ចាំបងទៅមើល”

ថាវរៈចុះទៅបើទ្វាររបង៖

          “ហាសមនោ តើអូនឯងមកពីណា យប់ហើយម៉េចបានស្គាល់ផ្ទះបង”

          “ពូមីងប្រាប់ខ្ញុំ”

          “ចឹងចូលមកសិនមក សម្រាកផ្ទះបងក៏បានដែរ”

          “ខ្ញុំអត់ចូលទេ ខ្ញុំមកទារពាក្យសម្បថរបស់ខ្ញុំវិញ”

          “មានរឿងអី បានជាអូនឯងប្លែកម៉េះ”

          “ម្តេចបានជាបងភ្លេចពាក្យសម្បថយើងជាមួយគ្នា បងថានឹងត្រលប់មករកអូនវិញនោះ”

          “តែឥឡូវបងមានប្រពន្ធហើយ អូនកាត់ចិត្តទៅណា”

          “ខ្ញុំមិនព្រមឱ្យបងឯងរស់នៅបានសុខជាដាច់ខាត” ស្រាប់តែមនោដើរចូលទៅក្នុងផ្ទះ សំដៅទៅបន្ទប់គេងពួកគេ។

          “អូនចង់ធ្វើអីមនោ”

          “បងថាវរៈមានរឿងអី គេជាអ្នកណាមកពីណា”

          “មនោកុំធ្វើបែបនេះមនោ” មនោបានយកខ្សែគោតែនៅជាប់ដៃ យកមករឹតកប្រពន្ធថាវរៈស្លាប់មួយរំពេច។

          “សុភាវី! អូន! អូនដឹងខ្លួនឡើង ហេតុអ្វីបានជាមនោធ្វើបែបនេះដាក់នាង?”

          “ហាសហា ឯងក៏ត្រូវតែស្លាប់ដែរ អាថាវរៈ”

          “មនោ អូយ! អូយ! អត់ទោសឱ្យបងទៅណាអូយ! ជួយផង! ជួយផង!”

“ឯងត្រូវតែស្លាប់ ឯងត្រូវតែស្លាប់”

“ជួយផង! ខ្ញុំថប់ដង្ហើមណាស់ ជួយផង! ជួយផង!”

“បងថាវរៈ! បងមានរឿងអីបានបងស្រែកឮម៉្លេះ”

“សុភាវីអូនអត់កើតអីទេ”

“មានរឿងអីបង ក្រាកឡើងមកទៅញ៉ាំបាយ អូនរៀបចំអាហារពេលព្រឹករួចហើយ”

“អូ បាទអូន គ្មានរឿងអីទេ បងចុះទៅឥឡូវហើយណា”

“ចាសចឹងអូនចាំ” សុភាវីបានទាញទ្វារបិទ ចុះទៅខាងក្រោម

“ហេតុអ្វីបានជាខ្ញុំយល់សប្តិឃើញមនោយកខ្សែគោរឹតកខ្ញុំនិងប្រពន្ធខ្ញុំអ៊ីចឹង តើវាមានរឿងអីចំពោះខ្ញុំនិងប្រពន្ធខ្ញុំ”

“បងឆាប់ចុះមកហូបបាយមក អូនចាំ”

“បាទ! បងចុះទៅហើយ” ថាវរៈបំភ្លេចរឿងយល់ស​ប្តិចោល ដើរចុះទៅខាងក្រោម។

“អូន ថ្ងៃស្អែកបានទៅចុះទៅខេត្តបាត់ដំបង ដើម្បីពិភាក្សារឿងការងារដីនៅជាមួយនឹងក្រុមហ៊ុនរបស់បង”

“ចាស ចឹងអូនជួយរៀបចំខោអាវឱ្យបងសម្រាប់ថ្ងៃស្អែក”

“បាទ ប្រពន្ធល្អរបស់បង អឺ! ទឹកដៃអូននៅតែឆ្ងាញ់មិនមានស្នាដៃណាមកប្រៀបផ្ទឹមប្រពន្ធបងបានទេ”

“ចេះតែបញ្ជោអូនហើយហាស​ហា”

“ចឹងបងចេញទៅធ្វើការហើយណា ចូប!”

“ចាស សុខសប្បាយតាមផ្លូវបង” សុភាវីដើរទៅរុញទ្វាររបង ចំណែកថាវរៈក៏បានបើកឡានចេញទៅធ្វើការបាត់។

ទីត ទីត…

សុភាវីដើរទៅបើកទ្វាររបង៖

“ថ្ងៃនេះ បងឯងចេញពីធ្វើការយូរម្ល៉េះ”

“ថ្ងៃនេះ បងជ្រុលយប់តិចហើយ ជាប់ប្រជុំជាមួយមេ”

“អួយ ធុំក្លិនស្រាម៉េះបង ហើយបង​ឯងស្រវឹងហើយនៅបើកឡានមកផ្ទះទៀត”

“ធ្វើម្តេចបើបងនឹកប្រពន្ធសម្លាញ់របស់បង”

“មោះចូលផ្ទះសិនទៅ អូនគ្រាហ៍បងឯងទៅបន្ទប់ បើស្រវឹងចឹងសម្រាកនៅទីនោះសិនទៅ លើកក្រោយបើកបរដោយស្រវឹងចឹងវាមានគ្រោះថ្នាក់ណាស់”

“បាទ​​ បាទ បងដឹងហើយ” សុភាវីបានទម្លាក់ថាវរៈទៅដាក់លើគ្រែ។ គ្រាន់តែដល់គ្រែភ្លាមដេកសន្លប់បាត់។ សុភាវីបានដោះស្បែកជើង ខោអាវនិងយកកន្សែងជ្រលក់ទឹកជូនដៃមុខមាត់ថាវរៈ រួចបិទភ្លើងសម្រាកបាត់ទៅ។

“សុភាវី សុភាវីអូន ភ្ញាក់ឡើងអ្នកណាគេអង្គុយយំនៅមុខបន្ទប់យើងហ្នឹង” សុភាវីដេកលក់ដូចត្រូវថ្នាំសណ្តប់។ ថាវរៈបានចុះពីលើគ្រែ រួចដើរទៅចុចកុងតាក់ភ្លើង ភ្លើងបានដាច់បាត់ទៅហើយ។ គេក៏បានដើរទៅយកពិលនៅក្នុងថតតុក្បែរគ្រែគេង រួចចុចពិលបញ្ចាំង។ គេបានទាញទ្វារបើក៖

“ហាសមនោ អូនឯងមកតាំងពីស្មានណា ហើយម៉េចបានជាអង្គុយយំចឹងអូន” មនោបែរមុខមកមើលថាវរៈដោយមុខរលេសរលួយ គ្រាប់ភ្នែកហូរសុទ្ធតែឈាម។ ចំណែកដៃជើងរលួយហូរឈាមមានទាំងដង្កូវសតូចជ្រុះចេញពីខ្លួនវាលរវើងលើឥដ្ឋការ៉ូ។ ឯ-កគេវិញមានស្នាមក្រហមសុទ្ធតែឈាមបាញ់ចេញមកតិចដូចជាមានអារបំពងកតែមិនទាន់ដាច់ដល់បំពង់ខ្យល់។ មនោក្រោកឈរហើយទាញខ្សែគោដែលកាន់នៅដៃ ​បោះទៅពាក់ករបស់ថាវរៈរឹតជាមួយទំហឹង ធ្វើឱ្យថាវរៈដែលកំពុងតែឱនមុខមកមើលមនោទាំងភ័យតក់ស្លុត ជ្រុះពិលពីដៃដួលខ្លួននៅឥដ្ឋការ៉ូមួយរំពេច។

“អូយ! សុភាវីជួយបងផង ខ្មោច ខ្មោច” ថាវរៈខំរើបម្រះយ៉ាងណាក៏មិនរួច បានតែស្រែហៅឱ្យគេជួយ ដៃគេទាំងពីរគិតតែទាញខ្សែចេញពីក។ មនោបានទាញអូសថាវរៈចុះតាមកាន់ជណ្តើរទៅខាងក្រោមផ្ទះ ខ្លួនថាវរៈសុទ្ធតែឈាមជាមួយដង្កូវប្រឡាក់ពេញខ្លួន។

“មនោ…កុំសម្លាប់បងអី… ទុក…ជីវិតឱ្យបងផង អូយ… អូយ… ជួយផង! ជួយផង! អូយ…”

“ឯងត្រូវតែស្លាប់ សងជីវិតយើងវិញមក”

“អត់ទេ អត់ទេ…”

“បង! បង! មានរឿងអី មានរឿងអីបង បែកញើសពេញថ្ងាសម្ល៉េះ”

“បងយល់សប្តិ! បងយល់សប្តិអាក្រក់ មានគេតាមសម្លាប់បង”

“អូរ មកពីបងយប់មិញស្រវឹង ដេករវើរវើយទេដឹង” “បងឆាប់ទៅងូតទឹកទៅ ថ្ងៃនេះបងត្រូវចុះខេត្តផង”

“អរ បងភ្លេចឱ្យឈឹង អរគុណដែលអូនប្រាប់ផង មានតែប្រពន្ធសម្លាញ់បងទេ ដឹងរឿងបងគ្រប់បែបយ៉ាង”

“ឆាប់រូតរះទៅបង ទាន់មេឃត្រជាក់”

ក្រោយពីចប់ការងារថាវរៈបានបើកឡាន ត្រលប់មកភ្នំពេញវិញ។

ទឺង…ទឺង…

          “អាឡូអូនសម្លាញ់”

          “អាឡូបង អូនឮថាពុកគាត់ឈឺបង ម៉ែគាត់តេទៅបងឯងអត់លើក គាត់តេមកខ្ញុំមិញ បើបងមិនទាន់ចេញមកទេ ចូលលេងពុកម៉ែសិនទៅបង”

          “បាទ បងទុកទូរសព្ទក្នុងឡានចោល បងទើបចប់ការងារមិញដែរហ្នឹង ចឹងចាំបងចូលទៅលេងពុកម៉ែ”

          “ចាសបង ហើយបងឯងរកមើលអីទិញផ្ញើឱ្យពុកម៉ែពិសាផង”

          “បាទ​ អរគុណអូនដែលបារម្ភពីគ្រួសារបង ចឹងប្រហែលល្ងាចតិចបានបងចេញទៅវិញទេ”

          “អរគុណអីបង គ្រួសារតែមួយសោះ បងបើកឡានប្រយ័ត្នប្រយែងណា ប៉ុណ្ណឹងបានហើយបាយ បាយ”

          “បាទ បាយ បាយអូនសម្លាញ់” ថាវរៈបានកាច់ចង្កូតឡានចូលទៅភូមិដែលជាស្រុកកំណើតរបស់ខ្លួន។

“ពុកវានោះឡានកូនយើងតា៎ពុកវា”

“អើ! ម៉ែវា(ខេះ ខេះ)”

ថាវរៈចុះពីលើឡាន៖

          “ជម្រាបសួរពុកម៉ែ ប្រពន្ធខ្ញុំខលមកថាពុកឈឺ យ៉ាងម៉េចហើយពុកបានធូរហើយឬនៅ”

          “អើ ម៉ែតេទៅកូនឯងអត់លើកសោះ ក៏តេទៅប្រពន្ធកូន មីអូនថាកូនឯងមកបាត់ដំបង អើពុកឯងចាស់ហើយបានឈឺមុខឈឺក្រោយហ្នឹង”

          “បាទម៉ែ ម៉ែផ្លែឈើនិងលុយខ្លះទុកទិញថ្នាំឱ្យពុក”

          “ចាំបាច់អីមកមានរបបរបស់អីទេកូន គ្រាន់តែកូនមកហ្នឹងម៉ែនិងពុកសប្បាយចិត្តស្លាប់ហើយ”

          “ហើយខ្ញុំជិះកាត់តាមផ្លូវមិញម៉ែ! រោងបុណ្យច្រើនម្ល៉េះម៉ែ អ្នកណាគេស្លាប់ទៅម៉ែ”

          “អរ ម៉ែថាតិចទៀតម៉ែរកទៅចូលបុណ្យគេ ម៉ែលឺអ្នកភូមិថា ស្លាប់ដោយសារតែចងកនៅក្បែរស្រះឈូកឯចុងភូមិនោះ មួយថ្ងៃមួយ មួយថ្ងៃមួយ កូនអើយគួរឱ្យខ្លាចណាស់”

          “ពុកឮ(ខេះ ខេះ) អ្នកខ្លះគេថាក្មួយមនោហ្នឹង(ខេះ ខេះ) អ្នកនាំពួកហ្នឹងទៅចងក(ខេះ ខេះ)”

          “អូនមនោហ្នឹងម៉ែ ហាសហានាំពួកគេទៅចងក ដូចខ្ញុំមិនជឿ”

          “ក្មួយមនោស្លាប់បាត់ហើយណាកូន! រំលងថ្ងៃកូនឯងមកលេងម៉ែពុកប៉ុន្មានថ្ងៃមុនហ្នឹង ស្រាប់តែឮដំណឹងថាក្មួយមនោនេះស្លាប់”

“ហាស មនោស្លាប់ដោយសារចងក”

“តែម៉ែវា(ខេះ ខេះ) ខ្ញុំអាណិតកូនហ្នឹងណាស់(ខេះ ខេះ) កាលកូនឯងទៅធ្វើការនៅភ្នំពេញ(ក្អក)ក្មួយមនោតែងតែយកអាសារគ្រួសារយើង(ខេះ ខេះ) មានត្រីមានបន្លែខេះ ខេះតែងតែយកមកឱ្យយើង(ខេះ ខេះ) សំខាន់កូនហ្នឹងឧស្សាហ៍មកសួរសុខទុក្ខគ្រួសារយើងណាស់(ខេះ ខេះ)”

“ហ្នឹងហើយឪវា ម៉េចបានជាក្មួយគិតខ្លីចឹងណេះ”

“ម៉ែ ចុះម៉ែមនោគាត់នៅផ្ទះ ឬទៅរស់នៅកន្លែងផ្សេងម៉ែ ខ្ញុំចង់ទៅលេងគាត់ណាម៉ែ”

“អូ ម៉ែវាមានទៅណា គ្រាន់តែរស់នៅតែម្នាក់ឯង”

“ចឹងខ្ញុំលាពុកនិងម៉ែ ទៅសួរសុខទុក្ខគាត់សិនហើយ”

“អើ”

ថាវរៈបានដើរទៅផ្ទះរបស់មនោ ទៅដល់ខាងមុខផ្ទះស្រាប់តែ ឃើញមនោកំពុងឈរនៅមាត់ទ្វារញញឹមមករកគេ៖

“មនោ អូនមិនទាន់ស្លាប់ទេអី ចុះមិញម៉ែពុកបងថាអូនស្លាប់ មនោ មនោ” មនោបានដើរចូលទៅក្នុងផ្ទះ

“រកអ្នកណាគេក្មួយ ឮហៅមនោកូនមីង” ម៉ែមនោចេញពីក្នុងផ្ទះ

“បាទមីងជម្រាបសួរ ខ្ញុំឈ្មោះថាវរៈ ធ្លាប់ជាមិត្តភក្តិរបស់មនោមីង”

“ចាស ក្មួយអង្គុយលេងសិនមក មនោបានទៅកាន់សុគតិភពហើយក្មួយ”

“បាទមីង និយាយថាមនោមានរឿងអីបានសម្រេចចិត្តទៅសម្លាប់ខ្លួនឮពុកម៉ែខ្ញុំនិយាយមីង”

“អើ មីងក៏មិនដឹងមានរឿងអីដែរ ព្រឹកថ្ងៃហ្នឹងហេ! គេងើបដាក់បបរឱ្យមីងពិសាទាំងព្រឹក បន្ទាប់មកសុំមីងហ្នឹងយកគោទៅឱ្យស៊ីស្មៅនៅឯវាលស្រែឯក្រោយភូមិនោះ ស្រាប់តែមានក្មេងឃ្វាលគោមួយក្រុម រត់មកប្រាប់មីងថាមនោហ្នឹងចងកសម្លាប់ខ្លួនក្រោមដើមស្វាយជិតស្រះឈូក មីងមិននឹកស្មានសោះក្មួយអើយ” ម្តាយមនោទាញក្រមាមកជូតទឹកភ្នែក

“មិនគួរសោះមីង” “អូនមនោបងមិននឹកស្មានថាអូនមានទុក្ខអ្វីដល់ថ្នាក់គិតខ្លីបែបនេះសោះ” “ចឹងខ្ញុំសុំលាមីងទៅវិញសិនហើយ ខ្លាចត្រលប់ទៅភ្នំពេញវិញយប់ពេក”

“អឺ អឺ សុខសប្បាយតាមផ្លូវណាក្មួយ ហើយផ្តាំប្រាប់ម៉ែពុកក្មួយផង មីងអរគុណហើយ តែងតែមកអើតហើយយកម្ហូបអាហារអីៗមកឱ្យមីង”

“បាទមីង ខ្ញុំលាសិនហើយ”

ថាវរៈបានដើរចេញពីទីផ្ទះមនោទៅហើយ តែចៃដន់ក្រឡេកភ្នែកទៅក្រោយផ្ទះពីចម្ងាយ ឃើញមនោបែរមុខមករកគេ ហើយក៏ដើរទៅមុខបាត់។ ថាវរៈបានរត់តាមពីក្រោយ៖

“មនោ មនោឈប់សិនអូន”

ថាវរៈបានឈប់សិន ហើយក្រឡេកមើលជុំវិញខ្លួន គេកំពុងឈរនៅក្រោមដើមស្វាយព្រៃមួយដើមហើយលើមែកស្វាយសុទ្ធសឹងតែខ្សែចងក រណេងរណោងធ្លាក់មកក្រោម ក្រឡេកទៅចំហៀងដើមស្វាយមានខ្ទមអ្នកតាមួយ មានគេសែនសំណែនឈាមច្រើនចាន រួមមាន់ឆ្កាងចាក់កាំបិតពីលើ ផ្លែឈើនំនែកពេញទាំងលើនិងក្រោមខ្ទមអ្នកតា។

“បងថាវរៈ ភ្លេចអូនហើយឬនៅ” សំឡេងខ្យល់មកប៉ះត្រចៀកគេមួយភ្លែត

“អ្នកណាគេហ្នឹង” ថាវរៈក្រឡេកទៅឆ្វេងស្តាំខ្លួន

“គឺអូនណាបងសម្លាញ់ ភ្លេចពាក្យសម្បថយើងឬ បងចាំកន្លែងដែលពួកយើងធ្លាប់សន្យាទេ គឺកន្លែងនេះហើយ”

“អ្នកណាគេ មនោគឺអូនមែនទេ បង្ហាញខ្លួនមក”

“ត្រូវហើយគឺយើង យ៉ាងម៉េចមានប្រពន្ធហើយភ្លេចខ្ញុំហើយឬ អាមនុស្សមិនគោរពពាក្យ​សច្ចៈ​​” មនោបង្ហាញខ្លួននៅមិនឆ្ងាយប៉ុន្មានពីមុខថាវរៈ ដោយមានខ្សែរឹតនឹងកជាប់ ទឹមមុខស្លេកស្លាំងដូចមនុស្សឈឺជិតស្លាប់ ភ្នែកគិតតែពីស្រក់ឈាមហូរចុះមក

“អូនឈប់ចងកម្មចងពៀរគេទៀតទៅណា”

“យើងមិនឈប់ យើងត្រូវតែសម្លាប់មនុស្សដែលមិនគោរពពាក្យសន្យាទាំងអស់ ព្រមទាំងឯងផងដែរ”

“ចុះពេលដែលថ្ងៃបងចាកចេញទៅភ្នំពេញ ម្តេចក៏អូនភ្លេចសន្យាមួយនេះ”

“ថ្ងៃមួយនោះ គឺម៉ែគាត់ឈឺធ្ងន់ អូនសុខចិត្តរត់ទៅជាមួយបង តែមានតែបងទេ! ដែលមិនរង់ចាំខ្ញុំ ទៅចោលខ្ញុំ គឺមិនគោរពពាក្យសន្យាខ្ញុំទៅវិញទេ”

“បងរង់ចាំអូន តែមិនឃើញអូនមកសោះ”

“ឈប់រកលេសទៀតទៅខ្ញុំមិនជឿ” មនោស្រែកផ្គរលាន់រំពង ព្រលឹងហើបពីដីចង្អុលទៅមុខថាវរៈ

“បងគ្មានអ្វីបកស្រាយទេ តែអូនឈប់សម្លាប់អ្នកភូមិទៅ អហោសិកម្មឱ្យគ្រប់គ្នាទៅបងសុំអង្វរ”

“ហាសហា… ហាសហា… ឯងខ្លាចស្លាប់ហើយឬ បានជាលត់ជង្គង់អង្វរយើងនោះ ហាសហា… ហាសហា…”

“អូនមនោ! បើអូនចង់បានជីវិតបង អូនសម្លាប់បងមកចុះគឺកំហុសគ្រប់យ៉ាងមកពីបង ឈប់តាមចងកម្មអ្នកភូមិទៀតទៅ”

“ហាសហា… ហាសហា…” ស្រាប់ឈាមនៅក្នុងកូនចានដែលអ្នកភូមិគេយកដាក់សែន ធ្លាក់ពីខ្ទមអ្នកតាជ្រុះមកដី។

“តើឯងចាំទេ ឈាមតែយើងសម្រក់ក៏ព្រោះតែឯង យើងខំរង់ចាំឯងទាំងមានក្តីសង្ឃឹម តែចុងក្រោយ គឺឯង…គឺឯង…ក្បត់យើង ហាសហា… ហាសហា…”

“សម្លាប់បងមកចុះ យកជីវិតបងទៅចុះ”

“អ៊ីចឹងឯងឆាប់ឈរលើគល់ឈើមួយនេះទៅ ហើយចងកសម្លាប់ខ្លួនឱ្យយើងមើលទៅ ហាសហា ហាសហា”

សំឡេងខ្យល់បក់វ៉ូ វ៉ូ ដើមឈើសឹងរលំ ផ្លេកបន្ទោរព្រិច  មេឃរលឹមព្រិចចុះមក។

“ឈប់សិនក្មួយថាវរៈ មនោលើកលែងទោសឱ្យគេទៅកូន ម៉ែដឹងរឿងកូនអស់ហើយ ម៉ែបានរកឃើញសំបុត្រមួយសន្លឹកនៅក្នុងសៀវភៅកូន កូនលើកលែងទោសឱ្យក្មួយនិងអ្នកភូមិទៅណាកូន” ម៉ែមនោលើកដៃសំពះលុតជង្គង់អង្វរ

“ម៉ែឯងកុំចេះ ខ្ញុំសម្លាប់តែពួកណាដែលក្បត់ពាក្យសន្យាតែប៉ុណ្ណោះ”

“បងសុខចិត្តស្លាប់ទៅចុះ បងដឹងថាអូនគ្មានពាក្យលើកលែងទោសឱ្យបងដែរ”

“ក្មួយកុំអី មនោម៉ែសុំអង្វរណាកូន បើកូននៅចងកម្មចងពៀរទៀត តើពេលណាកូនបានទៅចាប់ជាតិសាជាថ្មីទៅកូន”

“កុំខ្វល់ ឆាប់ស្លាប់ឱ្យយើងមើលទៅហាសហា ហាសហា”

ម៉ែមនោបានទាញកាំបិតចេញកន្តោងគេសែននៅក្បែរនោះ៖

“បើកូនមិនស្តាប់ម៉ែ មានតែម៉ែសុខចិត្តទៅតាមកូនចុះ”

“ហ៊ឺ…ហ៊ឺ… អត់ទេម៉ែ ហេតុអ្វីម៉ែនៅតែកាន់ជើងមនុស្សបែបនេះ? គឺវាសមតែស្លាប់”

“កុំអីមីង ទុកឱ្យខ្ញុំជាអ្នកបញ្ចប់រឿងមួយនេះទៅចុះ ហើយអូនមនោនឹងព្រមទៅចាប់ជាតិជាថ្មី”

ថាវរៈស្ទុះវឹង កញ្ឆក់កាំបិតពីម្តាយមនោ ហើយយកមកចាក់ខ្លួនឯងស្លាប់បាត់ទៅ។

“ក្មួយថាវរៈ ហ៊ឺ…ហ៊ឺ… កូនពេញចិត្តឬនៅ គេគ្រប់គ្នាស្លាប់ដោយសារតែកូន ហ៊ឺ…ហ៊ឺ…”

“ហ៊ឺ…ហ៊ឺ… ម៉ែកូនសុំទោស”

“មនោ! អូនឈប់ចងកម្មចងពៀរទៀតទៅណា” ព្រលឹងថាវរៈឈរនៅក្បែរនោះ បែរមុខទៅរកមនោ

“បងថាវរៈ ឱ្យអូនសុំទោស”

“កំហុសគ្រប់យ៉ាងមកពីបង មីងមើលថែរក្សាខ្លួនផង ខ្ញុំនឹងអូនមនោទៅចាប់ជាតិជាថ្មីហើយ” ព្រលឹងថាវរៈបានហើរទៅខាងលើជាមួយមនោ

“ម៉ែ! កូនឈប់ចងកម្មចងពៀរទៀតហើយ កូនលាម៉ែសិនហើយ”

“កូនម៉ែ! កូនទៅឱ្យបានសុខណា ជាតិក្រោយកើតមកជាកូនរបស់ម៉ែទៀតណាហ៊ឺ…ហ៊ឺ…”

ព្រលឹងថាវរៈនិងមនោក៏រលាយបាត់ទៅ ស្រាប់ភ្លៀងធ្លាក់មករ៉ូ… លាងជំរះសេចក្តីសៅហ្មង ការចងកម្មចងពៀររបស់មនោឱ្យរលត់បាត់ទៅ។ នៅសល់តែម្តាយមនោយំឱបសាកសពថាវរៈនៅក្រោមដើមស្វាយទាំងមេឃភ្លៀងសឹងបាក់មេឃជាមួយផ្លេកបន្ទោរព្រិចៗ ជាមួយសម្រែកយំមិនអាឡោះអាល័យដែលគ្មានថ្ងៃវិលវិញរបស់អ្នកទាំងពីរ។

មុននឹងអ្នកសម្រេចចិត្តថាហ៊ានយកលោហិតមកស្បថស្បែកជាមួយនរណាម្នាក់ អ្នកគួរតែរក្សាសម្បថមួយនេះឱ្យបានគង់វង្ស បើមិនដូច្នេះទេអ្នកនឹងជួបរឿងបែបនេះមិនខាន។