រឿង៖ មាស៥ជី

៣ខែមុន …

ប៉ូកៗ…

” ស្នូរវាយដែកគោល? កំពុងដេកលក់ស្រួលអ្នកមកវាយស្អីទាំងព្រឹក? “

ខ្ញុំនិយាយតិចៗបន្ទាប់ពីឮសំឡេងគោះធ្ងន់ៗរង្វើលៗរំខានខ្ញុំ ដែលកំពុងដេកឃ្លុំភូយនៅលើផ្ទះមួយខ្នងសង់ឡើងអំពីឈើរនាបគៀបស្លឹកត្នោត ប្រក់ស័ង្កសីច្រែះស្ទើរគ្រប់កន្លែង។

ព្រឹកនេះ វាយោបក់ផាត់មកត្រជាក់ជាងព្រឹកម្សិលមិញ ម្ល៉ោះហើយទើបបានជាខ្ញុំដេកលក់មិនដឹងភ្លឺអ្វីបន្តិចសោះ ។ ទាល់តែមានសំឡេងមករំខានទើបខ្ញុំភ្ញាក់ឡើងទាំងក្បាលសើងម៉ើង។

ខ្ញុំឈ្មោះ អាធួន ឆ្នាំនេះមានអាយុ២៣ឆ្នាំហើយ។ រាល់ថ្ងៃការងារអ្នកស្រែចម្ការដូចជាខ្ញុំនេះ គ្មានអ្វីច្បាស់លាស់នោះទេ ឱ្យតែគេប្រើហើយបានលុយនោះគឺខ្ញុំធ្វើទាំងអស់ ដើម្បីយកមកបង្គ្រប់សម្រាប់ទិញ​ម៉ូតូ​ថ្មីទុកគ្រាន់នឹងជិះឱ្យចុះសម្រុងនិងគេនិងឯងបានខ្លះ​។ តែពេលនេះខ្ញុំកំពុងតែឆ្ងល់ថា ស្នូលគោះនោះលាន់ចេញមកពីណា ?

ដោយហេតុថាសំឡេងប៉ូងប៉ាំងបន្លឺឡើងឥតដាច់ ខ្ញុំក៏ជជុះភួយចេញពីខ្លួន រួចក៏សម្រេចចិត្តដើរទៅរកមើលប្រភពនៅខាងក្រៅផ្ទះទាំងមិងមាំង​។ ភ្លាមនោះស្រាប់តែខ្ញុំឃើញបុរសចំណាស់ម្នាក់ដោះអាវ ស្លៀកខោក្រណាត់ជើងខ្លី កំពុងតែអង្គុយធ្វើហឹបអ្វីក៏មិនដឹង នៅក្បែរដំណាំមុខផ្ទះរបស់គាត់អែបរបងឫស្សី​។ ខ្ញុំស្ងាបមួយវាសទាំងបន្សល់ទុកនូវភាពងងុយ រួចក៏ដើរទៅជួបគាត់តាមច្រកទ្វារចំហៀងផ្ទះ។

 ” អ៊ំចន! អ៊ំឯងធ្វើហឹបដាក់អី្វ ម៉េចបានជាធ្វើធំល្អម្ល៉េះ? ខ្ញុំសង្ស័យតែយប់មិញខ្មោចនរណាមកពន្យល់សប្ដិប្រាប់ឱ្យទៅជីកកំណប់ទៀតហើយមើលទៅ ? ” អ៊ំចនងាកមកខ្ញុំខ្វាច់ រួចនិយាយតភ្លែត៖

” ហឹបស្អី ? កំណប់ស្អី ? គ្មានទេ! អ៊ំកំពុងវាយក្ដាមឈូសសម្រាប់ដាក់ខ្មោចអាធី

” ពូធីគាត់ស្លាប់ហ្អ៎ា! ” ខ្ញុំភ្លាត់មាត់និយាយទាំងឥតប្រៀងទុក ។ អ៊ំចននិយាយបន្ត ៖

” វាងាប់បាត់ហើយ ងាប់ព្រឹកមិញម៉ោង៥សាមសិបនាទី ” បុរសចំណាស់និយាយចប់ ក៏បែរទៅធ្វើការងាររបស់គាត់វិញ។ ខ្ញុំនិយាយ ៖

” ខ្ញុំកោតមីងធូណាស់ មាសពាក់ឡើងចង់ផ្អៀងខ្លួន មិនយកប្ដីទៅមើលនៅពេទ្យ គិតតែពីសែននេះសែននោះ ទាល់តែងាប់ខានបានចាយលុយបាត់ “

ពេលខ្ញុំនិយាយចប់អ៊ំចនក៏ខ្ជាក់ដែកគោលដែលបៀមនៅក្នុងមាត់ចោលទៅលើដី រួចនិយាយមកខ្ញុំវិញទាំងក្នុងដៃនៅកាន់ពូថៅជាប់ ៖

” អើ! អ៊ំនិយាយប្រាប់អ្នកធូដែរថា ប្ដីអ្នកឯងហ្នឹងចេញរោគសញ្ញាដូចអ្នកកើតជំងឺគ្រុនចាញ់! ព្រោះឃើញក្ដៅរងាៗ២.៣ថ្ងៃហើយ តែគេនោះនៅតែអះអាងដដែលថា អាធី ប្ដីគេនុងវាត្រូវអ្នកតាព្រៃកាច់ទើបបានជាឈឺអ៊ីចឹង! ព្រោះដោយសារតែអាធីវាបានទៅកាប់ដើមឈើនៅខេត្តស្ទឹងត្រែងបំពានកន្លែងគេ ។ តែអ៊ំថាប្រពន្ធអាធីវាជឿងប់ងុលខ្លាំងពេក។ ថ្វីដ្បិតតាំងពីដើមមក ខ្មែរយើងមានជំនឿសម្បើមលើដើមឈើធំៗថាមានអ្នកតាឬខ្មោចព្រាយបិសាចកាន់មែន ក៏ប៉ុន្តែយើងក៏មិនត្រូវជឿដល់ថ្នាក់នេះពេកដែរ ” អ៊ំចនគាត់និយាយងំៗទាំងមិនងៀកមើលខ្ញុំ ដែលឈរនៅចំហៀងគាត់សោះ។ ខ្ញុំនិយាយសួរនាំគាត់បន្ត ៖

” បើអ៊ីចឹងខ្មោចពូធីអ៊ំគិតយកទៅកប់នៅណាវិញ ? “

” ខ្មោចឱ្យតែងាប់អ៊ំយកទៅកប់នៅក្នុងព្រៃធំតែទាំងអស់ហ្នឹង! “

តាំងពីខ្ញុំធំដឹងក្ដីមកអ្នករកស៊ីកប់ខ្មោចដូចអ៊ំចននេះ ភាគច្រើនគឺយកខ្មោចទៅកប់ឬក៏បោះចោលនៅក្នុងព្រៃដែលធំជាងគេនោះគ្រប់គ្នា។ រហូតត្រូវបានគេកែឈ្មោះពី ព្រៃចងក ទៅជា ព្រៃកប់ខ្មោចវិញ។

បើនិយាយអំពីប្រវត្តិព្រៃធំឬព្រៃចងកនេះវិញ កាលពីឪពុកម្ដាយខ្ញុំមិនទាន់ស្លាប់ ខ្ញុំតាទួតគាត់និយាយថា ឱ្យតែមានអ្នកកើតជំងឺវិបត្តិផ្លូវចិត្ត ច្រើនតែទៅចងកសម្លាប់ខ្លួននៅនឹងដើមចន្ទគីរីធំមួយដើមនៅក្បែរមាត់ស្រះ។ ហើយចាប់តាំងពីនោះមក គ្រប់គ្នាតែងតែឃើញភ្លើងហោះប្រុយទៅ ប្រុយមក មិនខានមួយយប់ណាទេ។

ចួនកាលគេឮសំឡេងមនុស្សស្រីស្រែកទ្រហោយំយ៉ាងគ្រលួច ចេញពីកន្លែងនោះរាល់ពេលមេឃចាប់ផ្ដើមងងឹតស្រាងៗ។ ដល់ថ្នាក់អ្នករស់នៅជិតៗនោះ គេនាំគ្នាកាប់រំលំដើមចន្ទគីរីធំហ្នឹងចោល ហើយក៏ធ្វើពិធីបណ្ដេញវិញ្ញាណខ្មោចតៃហោងទាំងអស់ឱ្យទាំងចាប់កំណើតសាជាថ្មី។

ពេលមកដល់ជំនាន់ខ្ញុំ បែរជាមានគេយកខ្មោចមកកប់ចោលនៅទីនេះវិញ ព្រោះដោយសារតែនៅក្នុងភូមិអត់មានវត្តសម្រាប់បូជាខ្មោចឱ្យត្រឹមត្រូវតាមប្រពៃណីអ្វីនោះទេ។ មានដែរតែនៅឆ្ងាយប្រហែលជាង៥គីឡូដីឯណោះ អ៊ីចឹងហើយទើបបានជាគេខ្ជិលដឹកទៅធ្វើបុណ្យនៅឯវត្ត។

ខ្ញុំអង្គុយទល់ចង្កាមើលអ៊ំចនធ្វើការងាររបស់គាត់យ៉ាងជក់ចិត្ត ស្រាប់តែគាត់បន្លឺឡើង៖

” ថ្ងៃហ្នឹងឯងទំនេរអត់អាធួន? អ៊ំគិតចង់រកគ្នាជួយលើកខ្មោចទៅបញ្ចុះ! “

គ្រាន់តែឮបុរសចំណាស់គាត់បបួលខ្ញុំយកខ្មោចទៅកប់ក្នុងព្រៃរន្ធត់នោះភ្លាម។ ស្រាប់តែខ្ញុំងងឹតមុខឈឹង។ ព្រោះថាតាំងពីកើតមក ខ្ញុំមិនធ្លាប់បានចូលទៅក្នុងព្រៃនោះសូម្បីតែម្ដង។ ខ្ញុំធ្លាប់តែឮគេនិយាយថា នៅទីនោះមានខ្មោចលងសម្បើមណាស់។ ចួនកាលគេឮសំឡេងដូចមនុស្សមួយក្រុមជជែកគ្នា តែគេរកមិនឃើញម្ចាស់សំឡេងនោះសោះ។ អ៊ំចនគាត់និយាយមកខ្ញុំបន្ត ៖

” អ៊ំឮថាឯងកំពុងត្រូវការលុយកាក់ក៏ចេះតែបបួលធ្វើជាមួយទៅ  ព្រោះអីខ្មោចហ្នឹងគេហ៊ានឱ្យថ្លៃអ៊ំមួយដល់ទៅជាង១លានរៀល គិតទៅវាច្រើនគួរសមអីដែរ ”  ខ្ញុំក៏តបថា

” តែខ្ញុំខ្លាចខ្មោចលងណាស់អ៊ំ​! ” អ៊ំចនបង្អាក់ការងារគាត់ ហើយបែរមុខសម្លឹងដាក់ខ្ញុំរួចនិយាយ ៖

” មានបណ្ដោងព្រះពាក់នឹងកហើយ ទៅខ្លាចខ្មោចស្អីទៀត អ្ហា! “

គាត់និយាយចប់ ក៏ប្រមូលដែកគោលដាក់ចូលទៅក្នុងធុងកាបោនៅជិតដៃ ដែលប្រឡាក់ស៊ីម៉ង់ត៍រឹងកំប្រឹសលាន់សូរប្រួកៗ…. ។ បុរសចំណាស់និយាយដាក់ខ្ញុំបន្តទៀត ៖

” កម្លាំងអ៊ំមិនដូចកាលពីនៅក្មេង ខំអីក៏មិនហៅឯងឱ្យទៅជាមួយទេនាំតែពិបាកចែកលុយគ្នា “

ពេលឮអ៊ំចននិយាយអ៊ីចឹង ស្រាប់តែភាពលោភលន់និងភាពចង់មានចង់បានឆាប់ក៏កើតឡើងភ្លាម ដល់ថ្នាក់ភ្លេចអស់នូវរឿងខ្មោចលង។ ក្នុងចិត្តគិតថាធ្វើយ៉ាងណាឱ្យតែឆាប់បានលុយយកទៅទិញម៉ូតូធំជិះបង្អួតស្រីៗក្នុងភូមិ។ បានឱកាសល្អខ្ញុំក៏ចាប់ផ្ដើមមានគំនិតអាក្រក់មួយ ទារថ្លៃឱ្យលើសពីតម្លៃដែលគាត់ឱ្យមុននោះភ្លែត ៖

” អ៊ំឯងអាយុជាង៥០សិបឆ្នាំផ្លាយហើយ នៅធ្វើជាអ្នកស៊ីឈ្នួលកប់ខ្មោចឱ្យគេពេលណាទៀត? ខ្ញុំយល់ដល់អ៊ំមនុស្សចាស់! ឥឡូវអ៊ំចនឯងហ៊ានឱ្យខ្ញុំ៧០ម៉ឺនដែរអត់ ? បើថាហ៊ានចាំខ្ញុំជាអ្នករាប់រងទាំងអស់ អ៊ំឯងមិនបាច់ធ្វើស្អីទេ ចាំតែមើលខ្ញុំធ្វើក៏បានលុយ៣០ម៉ឺនចាយលេងដែរ “

ពេលខ្ញុំនិយាយចប់ ស្រាប់តែអ៊ំចនប្រកែកទាំងសម្ដីធ្ងន់ផូង ៖

” រណ្ដៅអញជីកទុកដល់ទៅ៤.៥កន្លែងឯណោះ មានស្អីត្រូវជីកទៀត? ទៅដល់គ្រាន់តែកាយបន្តិចបន្តួចទៅក៏វាបានដែរ! “

”  អ៊ីចឹងអ៊ំឯងឱ្យខ្ញុំ៦០ម៉ឺនមក ទើបខ្ញុំព្រមទៅជាមួយទេ! “

ដោយសារតែអ៊ំចនគាត់ជាមនុស្សមិនចេះសាញច្រើន ហើយពិតជាចង់រកអ្នកជួយបណ្ដោះដៃគ្រាន់បានធូរកម្លាំងទើបបានជាគាត់យល់ព្រមតាមខ្ញុំដោយមិនស្ទាក់ស្ទើរអ្វីបន្តិចសោះ។

សំឡេងស្មូតយ៉ាងគ្រលួចបន្លឺឡើងកាន់តែគៀកម្ដងបន្តិចៗ ខណៈពេលខ្ញុំកំពុងធ្វើដំណើរតាមរយៈរទេះគោសំដៅទៅផ្ទះបុណ្យ ដើម្បីត្រៀមដង្ហែរខ្មោចនៅម៉ោង៤ល្ងាចនេះ ។  ពេលពួកខ្ញុំទៅដល់ផ្ទះបុណ្យភ្លាម ស្រាប់តែឃើញសាច់ញាតិបងប្អូនពូធី ២.៣គ្រួសារ ។ ខ្លះកាន់ចានបាយ។ ខ្លះកាន់ចានសម្លរ ឈរមួយកន្លែងហាក់ដូចជារងចាំអ្វីមួយក៏មិនដឹង ។

បានមួយសន្ទុះស្រាប់តែឃើញបុរសចំណាស់មួយផ្សេងទៀតពាក់អាវស និងមានក្រមាពាក់ឈៀង ទំនងជាអាចារ្យខ្មោចដើរទៅនិយាយដាក់ មីងធូ។ បន្ទាប់ពីនិយាយខ្សឹបខ្សាវគ្នាចប់ មនុស្ស២.៣គ្រួសារនោះ បានដើរទៅបញ្ចុកបាយចូលក្នុងមាត់ខ្មោចដែលស្លាប់រឹងដូចគល់ឈើ។

លើក្បាលដំណេកសាកសពនោះ ខ្ញុំឃើញមានភ្លើងទានដែលកំពុងតែឆេះបំភ្លឺឡើង នៅក្បែរទង់ព្រលឹងមួយដែលមានសរសេរអក្សរបាលីដោតចូលទៅក្នុងអង្ករមួយក្អម។

លុះដល់ពេលគេវិធីបញ្ចុកបាយសពរួច បុរសអាវសបានប្រើខ្ញុំនិងអ៊ំចន ឱ្យមកលើកខ្មោចដែលស្លាប់រឹងដូចគល់ឈើនោះ ដាក់ចូលក្នុងក្ដាមឈូសមួយដែលអ៊ំចនគាត់បានធ្វើកាលពីព្រឹកមិញ។ ខណៈពេលខ្ញុំដើទៅជិតដល់ ស្រាប់តែខ្ញុំព្រឺសម្បុរខ្ញាក ព្រោះឃើញខ្មោចនោះស្លាប់បើកភ្នែក។ ដៃសំពះដាក់លើដើមទ្រូង អមជាមួយផ្កាឈូក និងធូបប៉ុន្មានសសៃទៀត។ ចំណែកមាត់ខ្មោចវិញចំហធ្លុង មើលឃើញបាយសម្លដែលសាច់ញាតិខ្មោចនោះបញ្ចុក ហើយខ្ញុំក៏បានឃើញកញ្ចប់អ្វីម៉្យាងពណ៍ខ្មៅដ៏ចម្លែកមួយ ដែលទំហំប្រហែល៣ធ្នាប់ដៃនៅក្នុងនោះទៀតផង។

ពិធីដង្ហែខ្មោចយកទៅកប់បានឈានចូលមកដល់។ ភ្លេងខ្នងខែក(ភ្លេងដង្ហែរខ្មោច) ចាប់ផ្ដើមរន្ថើនចេញពីក្បាលមេក្រូឆាងមាងឮយ៉ាងគួឱ្យខ្លាច ធ្វើឱ្យខ្ញុំដែលអង្គុយលើរទេះគោអែបក្ដារមឈូស ចេះតែមានអារម្មណ៍ថាខ្មោចពូធីងើបឡើងអង្គុយផ្ងក់ ដូចជាក្នុងរឿងខ្មោចដើមចេកជ្វា នៅត្រង់ឈុតឆ្មាខ្មៅលោតកន្លងសពនោះឯង។

ពេលដង្ហែខ្មោចចេញមកដល់កន្លែងស្ងាត់មួយ ស្រាប់តែខ្ញុំចាប់អារម្មណ៍ងាកមើលក្រោយ ភ្លាមនោះស្រាប់តែបាត់មនុស្សអស់រលីង គ្មានឃើញមនុស្សណាម្នាក់ជិះម៉ូតូឬអមដំណើរ ដូចជាការដង្ហែខ្មោចគេដទៃនោះសោះ។ នៅពីក្រោយខ្នងខ្ញុំ ឃើញមានតែក្ដារមឈូសមួយគត់ដែលកំពុងតែលោតត្រុកៗតាមចង្វាក់កង់រទេះគោ ដែលអ៊ំចនកំពុងបរកាត់វាលស្រែសំដៅទៅកាន់ព្រៃកប់ខ្មោចនៅខាងមុខ។  

មេឃផ្ដើមធ្លាក់ខ្យល់ត្រជាក់ ធ្វើឱ្យភ្លេងខ្នងខែកស្ដាប់ពេលនេះទៅ ហាក់ដូចជាមានអំណាចអ្វីម្យ៉ាងធ្វើឱ្យខ្ញុំព្រឺក្បាលកាន់តែខ្លាំង។ សំឡេងរទេះគោរឹកៗ ចេះតែបន្តទៅមុខរហូត ជិតដល់គុម្ពឫស្សីមួយនៅចំពីមុខផ្លូវចូលក្នុងព្រៃ។ ពេលជិតទៅដល់ ស្រាប់តែមានខ្យល់មួយយ៉ាងធំបក់មកស្ទើរតែផើត

ភ្លេងដង្ហែរខ្មោចបានបិទឈឹប។ ធ្វើឱ្យបរិយាកាសជុំវិញនេះស្ងាត់យ៉ាងគួរឱ្យខ្លាច។ ខ្ញុំហៀបនឹងកេះអ៊ំចំណាស់ពីក្រោយ

ដើមឫស្សីមួយគុម្ពជាប់ប្រឡាយទឹកអែបផ្លូវទៅក្នុងព្រៃបាននោះបានកាត់ចង្វាក់ខ្ញុំ។ ដោយទ្រាំនឹងភាពខ្លាចបានខ្ញុំក៏សួរទៅអ៊ំចនភ្លែត ៖

” អ៊ំ បាត់សាច់ញាតិខ្មោចពូធីទៅណាអស់ហើយ? “

គ្រាន់តែខ្ញុំនិយាយចប់ ស្រាប់តែបុរសចំណាស់បង្វិលក្បាលមកក្រោយ ដោយគ្មានកម្រើកខ្លួនអ្វីបន្តិច ធ្វើឱ្យខ្ញុំស្លុតគាំងនៅមួយកន្លែង។ ចង់រត់ក៏មិនរួច ចង់ស្រែកក៏មិនចេញ។  ហើយអ្វីដែលធ្វើឱ្យរន្ធត់ខ្លាំងនោះ គឺមុខរបស់គាត់អត់មានច្រមុះទេ។ មានតែគ្រាប់ភ្នែកមួយគូដែលលានចេញមកក្រៅ។ ពេលនោះស្រាប់តែគាត់ក៏និយាយមកឡងៗ ដូចគេនៅក្នុងបន្ទប់ដែលបិទជិតឈឹង ៖

” ឆាប់សងរបស់ឱ្យយើងវិញមក….  “

” ខ្មោច …ជួយផងខ្មោចលង “

ខ្ញុំបិទភ្នែកស្រែកមួយទំហឹងស្ទើរបែកបំពង់ក។ ដៃអ្វីមួយទន់ៗបានចាប់អង្រួនស្មាខ្ញុំ អមជាមួយនឹងសំឡេងស្អកស្អាដែលឧស្សាហ៍ឮរាល់ថ្ងៃ។

” អាធួន ! អាធួន ហែងកើតស្អី ? ម៉េចក៏ស្រែកខ្លាំងសម្បើមម្ល៉េះ? “

ខ្ញុំផ្ទៀងត្រចៀកស្ដាប់សំឡេងនោះទាំងខ្លួនកំពុងញ័រដូចកូនសត្វ។ បុរសចំណាស់និយាយបន្ត ៖

” អាធួនហែងយល់សប្ដិមែន? “

ខ្ញុំបើកភ្នែកសន្សឹមៗសម្លឹងមុខអ៊ំចនមួយសន្ទុះទើបខ្ញុំងាកមើលទៅក្រោយវិញម្ដង។ តែម្ដងនេះខ្ញុំបានឃើញមនុស្សជាង១០ម៉ូតូ ដែលកំពុងជិះដង្ហែខ្មោចមកជាមួយ រៀបនឹងត្រឡប់ទៅផ្ទះរាងៗខ្លួនវិញ។ នេះបញ្ជាក់ថា អ្វីគ្រប់យ៉ាងដែលខ្ញុំឃើញមុននោះវាពិតជាការយល់សប្ដិដូចអ៊ំចនសួរមែន។ ខ្ញុំឆ្លើយទៅបុរសចំណាស់នោះវិញ ៖

” បាទអ៊ំ! មុននេះខ្ញុំស្រវាំងភ្នែកក៏ចេះតែមើលឃើញអ្វីផ្ទេសផ្ដាស! ប្រហែលជាយប់មិញខ្ញុំដាក់ជ្រុលពេកហើយមើលទៅ  ” ខ្ញុំឆ្លើយតបអ៊ំចនទាំងដកដង្ហើមខ្លីៗញាប់ៗ។

” អើបើថាមិនអីទេ ចឹងកុំនៅត្រេងត្រាងច្រើន! ឆាប់រុញក្ដារមឈូសចេញមក យើងត្រូវលីខ្មោចទៅកប់ឱ្យលឿនបន្តិចកុំឱ្យមេឃយប់ទាន់ “

ដោយសារតែផ្លូវចូលទៅកន្លែងកប់ខ្មោចសំបូរដើមឈើដុះស៊ុបទ្រុបខ្លាំងពេក ទើបបានជាពួកយើងត្រូវបង្ខំចិត្តទុករទេះគោចោលនៅមាត់ផ្លូវក្បែរប្រឡាយទឹក។ ខណៈពេលដើរចូលទៅក្នុងព្រៃដ៏ស្ងប់ស្ងាត់កាត់ផ្ទៃមេឃងងឹតព្រាលៗ ខ្ញុំចេះតែមានអារម្មណ៍ថាធ្ងន់ៗ ដូចមាននរណាម្នាក់ កំពុងអង្គុយយោលជើងនៅលើក្ដារមឈូស ប៉ុន្តែនៅពេលដែលខ្ញុំដៀងភ្នែកមើលទៅលើ គឺអត់មានអ្វីក្រៅតែពីដើមឈើដុះអមសងខាងនៃផ្លូវឡើយ ។

ខ្ញុំព្យាយាមទប់អារម្មណ៍ខ្លាចនៅក្នុងចិត្ត ដោយគិតផ្ទុយមកវិញថា ខ្មោចនៅដោយខ្មោច មនុស្សនៅដោយមនុស្ស ធ្វើម៉េចវិញ្ញាណពូធីអាចមកទាមទារមាស៥ជីដែលខ្ញុំលួចនោះកើត?

ខ្ញុំគិតបណ្ដើរលីក្ដារមឈូសបណ្ដើរ ភ្លាមនោះស្រាប់តែដំណើរធ្ងន់ៗរបស់អ៊ំចនត្រូវបានឈប់ងក់ ធ្វើឱ្យខ្ញុំដើរតាមពីក្រោយគាត់ភ្ញាក់របូតមាត់និយាយចេញមកក្រៅ ៖

” អត់ទេពូ ខ្ញុំមិនបានលួចទេ! “

” ស្អីគេអាធួន! នេះអារម្មណ៍ឯងហោះទៅដល់ណា បានជាមិនដឹងថាដល់កន្លែងបញ្ចុះសព​? ” ខ្ញុំឆ្លើយបន្លប់ទៅគាត់វិញទាំងធ្វើភ្នែកឡេមឡឺមបែបមនុស្សមានខ្លួន ៖

” អត់មានអីទេអ៊ំ ! មេឃងងឹតៗចូលមកក្នុងព្រៃសំបូរដោយផ្នូរខ្មោចបែបនេះ ខ្ញុំដូចជាមានអារម្មណ៍ថាចម្លែកៗ ” និយាយគ្នាសុខៗ ស្រាប់តែអ៊ំចនគាត់ប្ដូរប្រធានបទនិយាយធ្វើឱ្យខ្ញុំកាន់តែបុកពោះ ៖

” អាធួន! អ៊ំដូចជាមានអារម្មណ៍ថាបាត់របស់ម្យ៉ាង? “

” អ៊ំបាត់អី? ” ខ្ញុំធ្វើជាមិនដឹងរឿងអ្វីទាំងអស់ ហើយសួរបញ្ច្រាសទៅគាត់វិញ ។

” អ៊ំដូចជាមានអារម្មណ៍ថាភ្លេចថង់ខ្មៅនៅលើរទេះគោ! “

ថង់ខ្មៅ…? ខ្ញុំនឹកក្នុងចិត្តរួចក៏សួរគាត់បន្ត ៖

” ថង់ខ្មៅនោះដាក់អ្វីទៅអ៊ំ? “

ខ្ញុំដកដង្ហើមទាំងភ័យកាន់តែខ្លាំងព្រោះខ្លាចអ៊ំចនដឹងរឿង។ បុរសចំណាស់នោះមិនទាន់បានឆ្លើយតបមកវិញផង ស្រាប់តែគាត់បង្គាប់ខ្ញុំឱ្យទម្លាក់ក្ដារមឈូសទៅលើដីទួលមួយកន្លែង ដែលមានស្មៅដុះរុយៗ ទើបគាត់ចាប់ផ្ដើមនិយាយតាមក្រោយទាំងហត់គឃូស ៖

” ថង់ខ្មៅនោះអ៊ំដាក់គ្រឿងសក្ការៈ ឯងចេញទៅយកឱ្យអ៊ំបន្តិច  “

គ្រាន់តែឮបុរសចំណាស់និយាយបែបនេះភ្លាម ខ្ញុំក៏ប្រញាប់ដើរបកមកក្រោយវិញទាំងស្រាលខ្លួនដូចសំឡី។ នេះសំណាងហើយ ដែលគាត់មិនដឹងថាខ្ញុំបានលួចកញ្ចប់ខ្សែកមាស៥ជី ដែលមីងធូយកទៅ​​ញុក​​ក្នុងមាត់ខ្មោចប្ដីរបស់គាត់ បើមិនអ៊ីចឹងទេ ប្រាកដជាត្រូវប្រកែកគ្នាដោយសារតែរបស់មានតម្លៃនោះជាមិនខានឡើយ ។

ខ្ញុំដើរបណ្ដើរគិតបណ្ដើរ។ ភ្លាមនោះស្រាប់តែមានបុរសចម្លែកម្នាក់ស្ពាយម៉ូទ័រមួយដែលខ្ញុំធ្លាប់បានឃើញកន្លងមក ហើយដៃគាត់ម្ខាងកាន់ចង្គៀងសម្រាប់បំភ្លឺផ្លូវ ចំណែកឯដៃម្ខាងទៀត កាន់ខ្សែពួរមួយចង្វាយ អូសយ៉ាងរណេងរណោងដើរកាត់មុខខ្ញុំនៅក្នុងដំណើរយឺតៗដល់ថ្នាក់ធ្វើឱ្យខ្ញុំចម្លែកចិត្តដល់ថ្នាក់ភ្លេចរបស់មួយដែលអ៊ំគាត់ប្រើឱ្យទៅយ៉ាងមុននោះឈឹង។

” នេះប្រហែលជារកស៊ីឈើខុសច្បាប់ហើយមើលទៅ បានជាមកកាប់ឈើទាំងយប់បែបនេះ! “

ខ្ញុំនិយាយខ្សឹបៗនៅក្នុងបំពង់កបានបន្តិច រួចក៏សម្រេចចិត្តដើរតាមបុរសនោះពីក្រោយយឺតៗ ដើម្បីចង់ដឹងថា តើបុរសនោះគឺជានរណា? ពេលខ្ញុំដើចូលក្នុងព្រៃកាន់តែស្ងាត់ ស្រាប់តែបាត់ស្រមោលបុរស បាត់ពីក្រសែភ្នែកភ្លាមមួយរំពេច។ ខ្ញុំបញ្ចាំងភ្លើងមើលឆ្វេងមើលស្ដាំ នៅទីបំផុតគ្មានឃើញអ្វីដដែល​។ ខ្ញុំបែកញើសជោកខ្លួន។ បុរសនេះមើលពីក្រោយទៅដូចប្រហែលៗ ឬមួយជាព្រលឹងខ្មោចពូធី? នឹកក្នុងចិត្តភ្លាម ខ្ញុំក៏បែរខ្នងបម្រុងដើរទៅកន្លែងកប់ខ្មោចដើម្បីរកជំនួយពីអ៊ំចន។ គ្រាន់តែខ្ញុំងាកក្រោយខ្វាច់ ស្រាប់តែឃើញក្បាលគាត់ទម្លាក់ចុះក្រោម ចំណែកជើងនៅលើដើមឈើ។ កំពុងសើចហូរទឹកមាត់កក្លាក់ធ្វើឱ្យខ្ញុំអស់ជំហរដួលអុកគូទមកក្រោយ ហើយស្រែកមួយទំហឹង រហូតភ្ញាក់ពីការស្រមៃភ្លាមមួយរំពេច។

” ចៅឯងមិនទាន់ ភ្លេចរឿងមាស៥ជីនោះទៀត “

តាទួតខ្ញុំគាត់លាន់មាត់ ខណៈពេលដែលខ្ញុំដេកលេងនៅក្រោមដើមស្ដៅទាំងកណ្ដាលថ្ងៃត្រង់។ ខ្ញុំតបទៅគាត់វិញ ៖

” ដ្បិតថារឿងនោះរំលងផុតទៅជាង៣ខែក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍វិញ្ញាណខ្មោចពូធីនៅវិលវល់ក្បែរខ្ញុំនៅឡើយទេ “

” ចុះក្រែងថាមាសនោះឯងយកទៅដាក់កន្លែងគេវិញហើយ? “

” ត្រូវហើយតា ខ្ញុំពិតជាយកទៅសងគេវិញមែន ប៉ុន្តែវានៅតែលងបន្លាចខ្ញុំរាល់យប់ ខ្ញុំមិនស្រណុកចិត្តសោះ “

” បើអ៊ីចឹងចាំតានាំទៅស្រោចទឹករំដោះគ្រោះចេញម្ដង “

” អត់ទេតា! ខ្ញុំចង់បួសដើម្បីលាងបាបនិងឧទ្ទិសកុសលផលបុណ្យជូនដល់ព្រលឹងខ្មោចពូធី “

ចប់