រឿង៖ ៤៨ម៉ោងបំបែកក្តីឃាតកម្ម ភាគទី៣

វគ្គ «នុស្សាវរីយ៍ឈឺចាប់»

នៅតាមផ្លូវត្រលប់មកពីចួបលោកឈឹងគិនវិញ ឆាយលីស្រាប់តែបានទទួលទូរសព្ទពីប៉ូលិសដែលប្រចាំការនៅមន្ទីរពេទ្យថារាជ មុនិ បានដឹងខ្លួនវិញហើយ។ នាយក៏ប្រញាប់ស្រូតមកមន្ទីរពេទ្យ ទុកឱ្យឡង់ឌីត្រលប់ទៅកាន់អធិការដ្ឋានមុន។

មកដល់មន្ទីរពេទ្យភ្លាម អ្វីដែលធ្វើឱ្យលោកអធិការកំលោះភ្ញាក់ផ្អើលនោះគឺមិនមែនជាការដឹងខ្លួនរបស់មុនិឡើយ តែគឺវត្តមានរបស់អ្នកស្រីសុជាតា នៅទីនេះទៅវិញ។ នាងកំពុងដើរចុះដើរឡើងទាំងទឹកមុខក្រៀមក្រំនៅមុខបន្ទប់របស់មុនិ ដែលមានប៉ូលិសម្នាក់នៅយាមនឹងទ្វារ។

“សូមគោរពទាន!” នគរបាលដែលផ្ដល់ដំណឹងទៅឱ្យឆាយលីមុននេះក្រោកឈរគំនាប់ពេលដែលឃើញនរៈយើងទៅដល់។

អ្នកស្រីសុជាតា ដែលមុននេះមិនបានជាចាប់ភ្លឹកចំពោះវត្តមានរបស់ឆាយលី ស្រាប់តែងាកខ្វាច់មករកគេ។ ស្នាមញញឹមស្រាលនៅលើមុខរបស់នាង នៅតែមានភាពទាក់ទាញឱ្យបេះដូងប៉ូលិសប្រុសម្នាក់នេះលោតកញ្ជ្រោលបាន ទោះបីជាដឹងថានាងជាស្ត្រីមេម៉ាយទើបតែស្លាប់ប្ដីហើយក៏ដោយ។ តែទោះបីជាយ៉ាងណា ក្ដីរំភើបត្រូវរក្សាទុកក្នុងទ្រូង ចំណែកភាពម៉ឺងម៉ាត់និងអាកប្បកិរិយាខាងក្រៅរបស់គេនៅតែបង្ហាញចេញពីឥទ្ធិពលនិងអំណាច មកកំដរភាពស្រស់សង្ហារបស់គេដដែល។

“អ្នកស្រី សុជាតា! មកមើលរាជ មុនិ?”

“ចាស! តែបងប៉ូលិសខាងនេះគាត់មិនឱ្យខ្ញុំចូល!” នាងនិយាយព្រមទាំងដៀងកន្ទុយភ្នែកទៅរកប៉ូលិសដែលនៅចាំយាម។

“អូ៎! គឺជាបញ្ជារបស់ខ្ញុំទេ ដែលធ្វើទៅនេះព្រោះដើម្បីរក្សាសុវត្ថិភាពរបស់គេផង និងជាការអនុវត្តតាមច្បាប់ផង!”

នាងញញឹមទៀតហើយ។ តែលើកនេះជាការញញឹមដែលបង្ហាញជំនួសនូវពាក្យអរគុណនិងការយល់ចិត្តដល់នាយប៉ូលិសកំសត់…

“បើបានជាមកដល់ហើយ អ៊ីចឹងចូលទៅក្នុងតែម្ដងទៅ!” ឆាយលីដើរនាំផ្លូវនាងចូលទៅក្នុងបន្ទប់អ្នកជំងឺ។

“បងជាតា! បងជាតា! ទីបំផុតបងមកហើយអ្ហេស?”

រាជ មុនិ ស្រែកហៅឈ្មោះនាង ក្រោយពេលឃើញវត្តមានរបស់សុជាតាចូលទៅដល់។ មើលទៅគេទាំងពីរនាក់ហាក់ដូចជាស្និទ្ធស្នាលនឹងគ្នាណាស់ ហើយមុនិក៏ដូចជាមានអារម្មណ៍ល្អចំពោះជាតាខ្លាំងណាស់ដែរ គ្រាន់តែក្នុងកម្រិតជាអ្វី រូបភាពបែបណា គ្មាននរណាដឹងច្បាស់ឡើយ។

សុជាតាដាក់កន្ត្រកផ្លែឈើដែលខ្លួនបានទិញមកជាមួយទៅលើតុក្បែរគ្រែ។ បបូរមាត់ពណ៌ស៊ីជម្ពូរបស់នាងសើចស្រាលដាក់អ្នកជំងឺ។

“ដឹងខ្លួនហើយអ្ហេស?”

“ហ៊ឹម!” មុនិងក់ក្បាលតប។

“ក្នុងខ្លួនយ៉ាងម៉េចហើយ?”

“ខ្ញុំដូចជាបានធូរច្រើនហើយ!”

ប្រហែលជាឃើញមុខរបស់សុជាតារាងស្រពាប់ស្រពោននិងស្លេកស្លាំងបន្តិច ទើបគេនឹកដល់រឿងរ៉ាវកាលពីល្ងាចមិញ៖

“បងជាតា! សពលោកប្រធាន…?”

ប្រហែលជានាងគ្មានចម្លើយ ទើបនាងងាកមកមើលឆាយលី។ អធិការរងដែលមុននេះហាក់ត្រូវបានគេបំភ្លេចចោល ក៏តបជំនួសអ្នកមេម៉ាយវ័យក្មេង៖

“ពេលនេះប៉ូលិសកំពុងធ្វើកោសល្យវិច័យ បើសិនជាគ្មានភស្ដុតាងអ្វីថ្មីទេ សពនឹងបញ្ជូនឱ្យគ្រួសារវិញនៅព្រឹកស្អែកនេះហើយ!”

មុនិភ្លឹកស្រមៃដល់សភាពស្ដូកស្ដឹងនៅក្នុងបន្ទប់ការិយាល័យរបស់លោកប្រណិត និងការសួរចម្លើយរបស់ប៉ូលិសមុនពេលដែលខ្លួននាយសន្លប់ ហើយត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យ។

“ចុះមានចំណាំភិនភាគ ឬក៏អ្វីមួយដែលអាចកត់សម្គាល់បានដែរទេ? ឧទាហរណ៍ជាមនុស្សប្រុស ឬស្រី? សក់ក្បាល? ឬក៏សម្លៀកបំពាក់អីបែបហ្នឹងណា៎!”

សំឡេងសុភ័ក្ររំពងក្នុងខួរក្បាលរបស់គេឡើងវិញ។ គេប្រឹងធ្មេចភ្នែកហាក់ដូចជាកំពុងរកនឹករូបភាពនៅក្នុងហេតុការ តែអង្គចងចាំរបស់គេនៅពុំទាន់ដំណើរការដូចដើមបែរជាធ្វើឱ្យក្បាលទៅជាធ្ងន់ពាប់ គិតអ្វីមិនចេញ។

“សុំទោសបងជាតា! ខ្ញុំមិនអាចជួយលោកប្រធានបាន!”

“កុំបន្ទោសខ្លួនឯងអី! សុខភាពឯងមិនទាន់ស្រួលបួលមែនទែនទេ! ខំប្រឹងសម្រាកសិនទៅ!”

“ខ្ញុំចាំបានកាលថ្ងៃសុក្រអាទិត្យមុន ខ្ញុំធ្លាប់បានឃើញលោកប្រធាន និងបងនន់ធ្លាប់ឈ្លោះប្រកែកគ្នា!”

ដំណឹងនេះពិតជាគួរឱ្យចាប់អារម្មណ៍ណាស់សម្រាប់ឆាយលី តែមើលទៅទឹកមុខរបស់សុជាតាដូចជាគ្មានអ្វីប្រែប្រួលសោះ ក្រៅកែវភ្នែកទាំងគូដែលនៅស្ងៀមធ្មឹងសម្លឹងឥតព្រិចទៅអ្នកដែលអង្គុយនៅលើគ្រែ។ មុនិស្ទាក់ស្ទើរក្នុងការនិយាយបន្តទៅទៀត ក្រោយពីឃើញឥរិយាបថរបស់សុជាតា តែដោយសារខ្លួនជ្រុលមាត់និយាយទៅហើយ ទោះបីមិនចង់ក៏ឆាយលីមិនអាចទុកឱ្យវាក្លាយជាប្រស្នាសម្រាប់នាយដោះស្រាយដោយគ្មានតម្រុយបន្តិចសោះនោះដែរ។

កាលពីព្រឹកមីងស៊ីណាតប្រាប់ថាធ្លាប់បានឃើញលោកប្រណិតនិងឆារ៉ានន់ប្រហែលជាមានទំនាក់ទំនងជាមួយគ្នា ដល់ពេលល្ងាចនាយបែរជាបានដំណឹងថាអ្នកទាំងពីរធ្លាប់មានទំនាស់ជាមួយគ្នាទៅវិញ។ តើវាមិនគួរឱ្យសង្ស័យទៀតមែនទេ?

“និយាយប្រាប់ប៉ូលិសពីអ្វីដែលប្អូនដឹងមក!” អធិការសង្ហាកំពុងអន្ទះសារង់ចាំស្ដាប់។

មុនិដៀងភ្នែកទៅមើលសុជាតាម្ដងទៀត ឃើញនាងឱបដៃ គេចមុខសម្លឹងមើលទៅក្រៅបង្អួច ទើបគេចាប់ផ្ដើមរៀបរាប់រឿងរ៉ាវដែលគេបានឃើញនៅប៉ុន្មានថ្ងៃមុនពេលកើតហេតុ។

“ល្ងាចនោះខ្ញុំនៅធ្វើការថែមម៉ោងដល់ម៉ោង៦ជាង ដោយសារថ្ងៃនោះខ្ញុំមានអារម្មណ៍ថាមានសម្ពាធពីការងារពេក ខ្ញុំក៏បិទភ្លើងអស់ទុកតែភ្លើងអំពូលតូចមួយនៅតុធ្វើការរបស់ខ្ញុំ! ពេលនោះខ្ញុំស្រាប់តែបានឮសូរស្នូរស្បែកជើងកែងមកឈប់នៅមាត់ទ្វាររបស់លោកប្រណិត តែខ្ញុំពុំបានអើតមើលថាជានរណាទេ! ក្រោយមកទើបខ្ញុំដឹងថាជាបងឆារ៉ានន់!”

“ឈប់សិន! មុននេះប្អូនថាប្អូនពុំបានមើលថានរណាជាអ្នកដើរចូលទៅក្នុងបន្ទប់របស់លោកប្រណិតទេ ហេតុអ្វីក៏ប្អូនសន្និដ្ឋានថាជាឆារ៉ានន់?”

“ខ្ញុំនៅបន្តធ្វើការ រហូតបន្តិចក្រោយមកខ្ញុំស្រាប់តែឮសូរសំឡេងលោកប្រណិតស្រែកឡើងខ្លាំងថា «ហេតុអ្វី? ហេតុអ្វីកុហកខ្ញុំ?» ទើបខ្ញុំមានអារម្មណ៍មិនសូវស្រួល ក៏ដើរចេញទៅឈរនៅមាត់ទ្វារ ហើយខ្ញុំក៏បានឮមាត់មនុស្សស្រីតបថា «សុំទោសៗ» ពីរម៉ាត់ប៉ុណ្ណឹងហើយក៏ស្ងាត់ទៅ! ខ្ញុំនៅចាំសំឡេងតូចឆ្មាររបស់គាត់បានច្បាស់ណាស់ មិនតែប៉ុណ្ណោះ…”

“មិនតែប៉ុណ្ណោះយ៉ាងម៉េច?”

“សំឡេងស្បែកជើងរបស់គាត់គឺមានសូរខុសពីគេ ហើយវាមិនមែនជាលើកទីមួយទេដែលគាត់ចូលទៅក្នុងបន្ទប់ធ្វើការរបស់លោកប្រធានពេលថ្មើរនោះ!”

“ចុះនៅថ្ងៃដែលកើតហេតុប្អូនមានឮសូរស្បែកជើងរបស់គេនោះដែរទេ?”

រាជ មុនិ បែរទៅមើលបងស្រីដែលគេហៅពេញៗមាត់ម្ដងទៀត មុននឹងបែរមកគ្រវីក្បាលតិចៗ៖

“ខ្ញុំស្ដាប់មិនបានទេ ព្រោះពេលនោះក្នុងបន្ទប់ដែលខ្ញុំធ្វើការឮសូរសន្ធឹកម៉ាស៊ីនត្រជាក់ផង និងទឹកស្រក់តក់ៗផងមិនឈប់…ខួរក្បាលរបស់ខ្ញុំមានបញ្ហាមិនអាចបែងចែកសូរសំឡេងច្រើន ដែលកើតឡើង ដំណាលគ្នាបានទេ! តែលោកប៉ូលិស… អ្វីដែលខ្ញុំនិយាយទៅនេះ មិនមែនបានន័យថាបងនន់គឺ… គឺជា…!”

ឆាយលីងក់ក្បាលប្រាប់ថាគេដឹងថាមុនិចង់និយាយពីអ្វីហើយ៖

“កុំភ័យ! រឿងនេះប៉ូលិសចេះបែងចែកហើយ! បើប្អូនរកនឹកឃើញអ្វីថ្មីបន្ថែមទៀត ប្អូនអាចរាយការណ៍បន្ថែមបានគ្រប់ពេល យើងមានប៉ូលិសនៅយាមខាងមុខជាប់ជានិច្ច ដូច្នេះមិនបាច់បារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្អូនទេ!”

បុគ្គលិកក្មេងម្នាក់នេះនៅតែសម្លឹងខ្នងរបស់សុជាតា ទាំងទឹកមុខស្រពាប់ស្រពោន។ មាណវីលើកដៃដែលមានពាក់នាឡិកាមកមើលបន្តិច រួចបែរមកប្រាប់៖

“ខ្ញុំដល់ម៉ោងទៅធ្វើការហើយ!”

“នេះអ្នកស្រីនៅទៅធ្វើការទៀត?”

នាងញញឹមបន្តិច រួចឆ្លៀតផ្ដាំទៅមុនិ៖

“បងស្រីទៅហើយ! ខំញ៉ាំឱ្យបានច្រើនឆាប់មានកម្លាំងណា៎!”

“បងក៏ដូចគ្នា កុំពិបាកចិត្តពេក!”

“បងដឹងហើយ!” តបនឹងមុនិរួច នាងក៏បែរមកលាឆាយលីម្ដង “ខ្ញុំលាទៅមុនហើយ!”

នាងមិននៅរង់ចាំស្ដាប់គេឆ្លើយតបឡើយ ហើយក៏បោះជំហានស្រាលៗដូចចេះសម្រាលខ្លួនចេញពីមាត់ទ្វារបាត់ទៅ។

ឆាយលីរៀបនឹងចាកចេញទៅហើយ នាយស្រាប់តែប្រទះទៅឃើញនំខេកមួយជ្រុងដែលនៅលើតុជិតកន្ត្រកផ្លែឈើដែលសុជាតាយកមកមុននេះ។ គេសួរទៅមុនិ៖

“នំខេកនេះ?”

“អូ៎! នំនេះគឺមីងស៊ីណាតយកមកផ្ញើ! គាត់ថាកាលម្សិលមិញខួបកំណើតកូនប្រុសរបស់គាត់ ហើយដឹងថាខ្ញុំចូលចិត្តញ៉ាំក៏យកមកផ្ញើតែម្ដងទៅ!”

“មីងស៊ីណាតមកដល់ទីនេះ?”

“គាត់មកកាលពីព្រឹកមិញ តែប៉ូលិសនៅខាងក្រៅមិនឱ្យគាត់ចូល ទើបគាត់ផ្ញើនំនេះទុកឱ្យខ្ញុំ!”

ឆាយលីចេញពីមន្ទីរពេទ្យ បើកឡានចេញដល់ក្រៅរបងមន្ទីរពេទ្យស្រាប់តែឃើញសុជាតានៅឈរនឹងចិញ្ចើមផ្លូវ គេក៏អែបឡានទៅរកនាង។ ឆាយលីទម្លាក់កញ្ចក់ឡាន ហើយសួរទៅនាង៖

“នៅចាំអ្នកណាដែរ?”

“ខ្ញុំនៅចាំ Pass app!”

“បើមិនប្រកាន់ទេ ចាំខ្ញុំជូនទៅ!”

“ខ្ញុំច្បាស់ជាមិនប្រកាន់ហើយ តែដូចជាមិនសូវសមទេក្រែងលោកត្រូវទៅប៉ុស្តិ៍ប៉ូលិសអ្ហី?”

“មិនអីទេ! ចួនជាខ្ញុំមានការខ្លះចង់សួរផង!”

នៅតាមផ្លូវទៅស្ថានីយ៍វិទ្យុ សុជាតាអង្គុយយ៉ាងស្ងៀមស្ងាត់ តែក្នុងចិត្តបែរជាអន្ទះសារង់ចាំសំណួរពីនាយប៉ូលិសសង្ហា។

“ធ្លាប់ស្គាល់អ្នកនាងឆារ៉ានន់ទេ?”

“លេខាថ្មីនៅក្នុងរោងចក្រស្វាមីខ្ញុំហ្នឹងមែន?”

ឆាយលីមិនឆ្លើយ ភ្នែកគេផ្ដោតសម្លឹងទៅខាងមុខ តែត្រចៀករបស់គេប្រុងស្ដាប់មិនឱ្យរំលងមួយពាក្យណាឡើយ។ មេម៉ាយស្រគត់ស្រគុំម្នាក់នេះឱនមុខចុះបន្តិចរួចបន្ត៖

“ដើមឡើយខ្ញុំមិនដែលចាប់អារម្មណ៍ជាមួយការងារនៅក្នុងរោងចក្រនេះទេ តែក្រោយមកខ្ញុំដឹងថានៅទីនោះទើបទទួលបានបុគ្គលិកស្រីម្នាក់ មានសម្រស់ស្អាត ក្មេង ព្រមទាំងពូកែធ្វើការងារទៀតផង! ថ្ងៃមួយខ្ញុំបានទទួលទូរសព្ទពីក្រុមហ៊ុនថា មុនិ បានធ្វើឱ្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាពក្នុងរោងចក្រត្រូវបានខូច ហើយបងប្រណិតកំពុងតែស្ដីឱ្យមុនិជាខ្លាំង ទើបខ្ញុំប្រញាប់ទៅជួយសម្រុះសម្រួល! ថ្ងៃនោះហើយដែលខ្ញុំបានចួបនឹងនាង! នាងពិតជាស្រស់ស្អាតដូចគេល្បីមែន មិនត្រឹមតែស្អាតទេ ថែមទាំងសុភាពរាបសាគួរឱ្យស្រលាញ់ទៀតផង!”

បបូរមាត់ពណ៌ក្រហមស្រាលរបស់នាងភ្ញោចឡើងបន្តិច មុននឹងសំឡេងឆាយលីពោលកាត់៖

“អ្នកស្រីយល់យ៉ាងណាដែលរវាងទំនាក់ទំនងរបស់លោកប្រណិត និងលេខាថ្មីរបស់គាត់?”

“ខ្ញុំយល់យ៉ាងណា? សំខាន់ដែរអ្ហេស?”

នាងសួរបកទៅវិញ ធ្វើឱ្យនាយប៉ូលិសរាងស្រងាកចិត្តព្រោះមិនបានអ្វីដែលជាចម្លើយ។ នាងនៅតែដដែល ស្ងាត់ស្ងៀម មិនសូវមាត់ក តែសម្ដីមួយម៉ាត់ៗរបស់នាងបែរជាអាចធ្វើឱ្យនាយប៉ូលិសរូបនេះគាំង រកអ្វីមកតបភ្លាមៗសឹងតែពុំទាន់។ នាយធ្លាប់ជាប៉ូលិសដែលម៉ឺងម៉ាត់ មិនដែលចុះចាញ់ក្នុងការងារ តែបែរជាត្រូវចុះចាញ់មន្តនៃដួងនេត្រារបស់នាង តាំងពីថ្ងៃដែលបានស្គាល់គ្នាដំបូងរហូតមកដល់ពេលនេះ។

ឆាយលីនៅចាំបានទិដ្ឋភាព កាលពី៤ឆ្នាំមុន ក្រោយពេលដែលគេប្រលងចេញធ្វើជាប៉ូលិសមិនយូរប៉ុន្មាន។ ថ្ងៃនោះគឺជាថ្ងៃដែលឆាយលីត្រូវបានថ្នាក់លើបញ្ជាឱ្យចុះបេសកកម្មទៅដោះស្រាយបញ្ហាអំពើហិង្សាក្នុងគ្រួសារ។ គាប់ចួនពេលនោះក្រៅពីប៉ូលិស នៅមានក្រុមការងារមួយក្រុមទៀតដែលទៅពីខាងមជ្ឈមណ្ឌលគាំពារស្ត្រីក៏បានចុះទៅចូលរួមក្នុងការងារនោះផងដែរ។

“សុំទោស!”

មនុស្សប្រុសស្រីទាំងពីរនាក់បន្លឺសម្ដីព្រមគ្នា ក្រោយពីដើរថយរហូតប៉ះខ្នងគ្នា។ កែវភ្នែកស្លូតបូត និងស្មោះត្រង់ ដិតជាប់នៅលើរង្វង់ភ័ក្ត្ររបស់តូចតន់ លីន សុជាតា។ ស្នាមញញឹមដូចព្រួញកាមទេពបាញ់ទម្លុះបេះដូងនាយនគរបាល កែវ ឆាយលី តាំងពីថ្ងៃនោះមក…

“សុំទោស!​ ខ្ញុំមិនដឹងទេ!” សុជាតាឆ្លើយបន្ថែម កាត់ចង្វាក់នៃការស្រមៃរបស់អធិការកម្សត់។

សភាពនៅក្នុងឡានទាំងមូលប្រែជាស្ងប់ស្ងាត់។ នរៈដឹងប្រាកដណាស់ថានាងប្រាកដជាបានដឹងពីទំនាក់ទំនងរបស់ស្វាមីនាងនិងលេខាថ្មី គ្រាន់តែនាងពុំចង់ឆ្លើយ ចំណែកឯខ្លួនក៏ពុំទាន់មានភស្ដុតាងថ្មីដាក់បន្ទុកទៅលើសំណួរដើម្បីបង្ខំឱ្យនាងត្រូវឆ្លើយដែរ។

ឡានបានមកឈប់នៅពីមុខស្ថានីយ៍វិទ្យុរបស់សុជាតា ស្របគ្នានឹងសំណួរចុងក្រោយរបស់គេចំពោះនាង៖

“ប្រាកដហើយថានឹងមកធ្វើការនៅថ្ងៃនេះ?”

សុជាតាសើចស្រាលដាក់គេ៖

“ខ្ញុំមិនអីទេ! សពរបស់បងប្រណិតមិនទាន់បញ្ជូនមកផង នៅផ្ទះក៏គ្មានអ្វីធ្វើ មានតែនាំឱ្យនឹកឃើញអនុស្សាវរីយ៍ដែលធ្វើឱ្យចិត្តមិនស្ងប់តែប៉ុណ្ណោះ! ពេលបានមកធ្វើការបែបនេះប្រហែលជាអាចជួយឱ្យខ្ញុំបំភ្លេចរឿងមិនសប្បាយចិត្តបានមួយពេលដែរ!”

ឮនាងនិយាយដូច្នោះ ឆាយលីក៏គ្មានអ្វីត្រូវបារម្ភជំនួសនាងទៀតដែរ។

គេបើកឡានចេញមកវិញទាំងអារម្មណ៍អណ្ដែតអណ្ដូង គិតពីនេះបន្តិចពីនោះបន្តិច កាន់តែធ្វើឱ្យចិត្តស្មុគស្មាញ ជំពាក់វាក់វិនព្រោះកំណត់មុខសញ្ញានៃក្ដីឃាតកម្មនេះពុំទាន់បាន។ នាយនឹកដល់អនុស្សាវរីយ៍ដែលធ្លាប់មានជាមួយនាងកាលពីពេលមុនជាមួយគ្នា…

តាមពិតទៅក្រោយពេលបញ្ចប់ការងាររឿងក្ដីអំពើហិង្សានៅថ្ងៃនោះមក ឆាយលីនិងសុជាតាធ្លាប់បានទាក់ទងគ្នា រហូតឈានទៅដល់ទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាទៀតផង។ ប៉ុន្តែភាពផ្អែមល្ហែមប្រែជាមិនអាចបន្តបានយូរ …

“យើងបែកគ្នាទៅ!” សុជាតានិយាយទាំងកែវភ្នែកស្មើធេងរបស់នាង។

“ហេតុអី?” នាយប៉ូលិសសួរតបទៅវិញ។

“ទាំងបងនិងអូនសុទ្ធតែរវល់ដូចគ្នា! បន្តិចទៀតបងត្រូវទៅរៀនបន្តនៅវៀតណាមពីរឆ្នាំទៀត អូនម៉េចនឹងដឹងថាពីរឆ្នាំនេះស្នេហាយើងកាន់តែប្រែប្រួលទៅជាយ៉ាងណា? អូនដឹង បងមានមហិច្ឆតាខ្ពស់ ចង់ក្លាយជាអធិការប៉ូលិស តែអូនគ្មានទេ! អូនគ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់ ដែលត្រូវការការយល់ចិត្តពីដៃគូ និងមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្នាតែប៉ុណ្ណោះ!”

សម្ដីមួយម៉ាត់ៗរបស់នាងបុកទម្លុះព្រួញកាមទេពដែលធ្លាប់មានក្នុងបេះដូងគេ ឱ្យរបើករបាញធ្លុះធ្លាយស្ទើរស្រក់ឈាម។ ដោយសារយុវភាពឈាមរាវ ទោសៈ និងមហិច្ឆតាដែលគេធ្លាប់មាន ធ្វើឱ្យគេយល់ព្រមតាមសំណើដ៏ឈឺចាប់របស់នាង។

នឹកឡើងពេលណាគេសែនស្ដាយ…បើថ្ងៃនោះគេចាស់ទុំជាងនេះ នឹងនរជាងនេះ ម៉្លេះគេនឹងមិនអនុញ្ញាតឱ្យនាងចាកចេញជាដាច់ខាត…គេនឹងព្យាយាមឃាត់នាងទុកឱ្យអស់ពីលទ្ធភាព។ ប៉ុន្តែពេលនេះ អ្វីៗគ្រប់យ៉ាងហាក់ដូចជាយឺតពេលអស់ទៅហើយ មិនថាតាមរយៈទង្វើឬពាក្យសម្ដី…នាងនៅតែមិនលើកលែងចំពោះការចាកចេញពីគ្នានៅថ្ងៃនោះ។

វគ្គ «តម្រុយថ្មី»

“អ្វីដែលខ្ញុំស៊ើបបានគឺមានតែប៉ុណ្ណឹងឯង!” សុភ័ក្រនិយាយចប់លើកពែងកាហ្វេមកក្រេប ដើម្បីបន្ថែមថាមពលទៅឱ្យរាងកាយដែលបានចំណាយអស់ពេញមួយថ្ងៃមកហើយ។

“ហើយសម្រេចចុងក្រោយមក តើឯងទទួលបានតម្រុយអ្វីថ្មីដែរទេ?” ឆាយលីសួរទាំងក្រពុលមុខ ព្រោះស្ដាប់តាមការរៀបរាប់របស់សុភ័ក្រមុននេះ ទិន្នន័យដែលទទួលបានគ្មានចំណុចណាមួយដែលអាចយកមកប្រើធ្វើជាតម្រុយអ្វីថ្មីសោះ។

“អឺ…ដូចជាគ្មានអ្វីដែលគួរឱ្យសង្ស័យទេ!”

ឡង់ឌីដែលអង្គុយនៅចាំស្ដាប់ចងចិញ្ចើមជាប់ ហើយសួរទៅឆាយលី៖

“បើគ្មានតម្រុយអីថ្មីអ៊ីចឹង គិតយ៉ាងម៉េចវិញទៅបង?”

ឆាយលីធ្មេចភ្នែកផ្អែកនឹងកៅអី ងើយមុខសម្រាកបន្តិច។ គេបោះរបាយការណ៍ដែលនៅក្នុងដៃទៅលើតុ ភ្លាមនោះធ្វើឱ្យរូបថតដែលនៅក្នុងសឺមីជ្រុះចេញមកក្រៅ។ សុភ័ក្រជ្រួញចិញ្ចើមឆ្ងល់នឹងរូបថតដែលជ្រុះនោះ ព្រោះមុននេះគេពុំបានឮនរណាម្នាក់រំឭកឡើងពីវាទេ។

រំពេចនោះគេស្រាប់តែបើកភ្នែកធំៗ៖

“នេះជានរណា?”

ឆាយលីក្រលេកមើលមួយភ្នែក ឃើញថាជារូបថតមនុស្សប្រុសបីនាក់ដែលពួកគេបានថតចេញពីរូបរបស់លោកឈឹងគិន។ សុភ័ក្រផ្ដោតសម្លឹងមើលទៅលើរូបមនុស្សប្រុសម្នាក់ដែលមានមាឌល្អិតជាងគេ ឈរនៅចំកណ្ដាលមនុស្សប្រុសពីរនាក់គឺលោកប្រណិតនិងលោកឈឹងគិន។

“គេឈ្មោះ ឆានុន ជាមិត្តភក្ដិជិតស្និទ្ធរបស់ពួកគាត់!” ឡង់ឌីតប។

“ខ្ញុំនឹកឃើញហើយ! នៅផ្ទះរបស់ឆារ៉ានន់ក៏មានរូបថតមនុស្សប្រុសម្នាក់ដូចនៅក្នុងរូបនេះដែរ!”

ឡង់ឌីនិងឆាយលីមើលមុខគ្នា។

“ឯងប្រាកដទេថាជាមនុស្សប្រុសម្នាក់នេះ?”

“ខ្ញុំប្រាកដណាស់ ខ្ញុំបានទាំងសួរនាងទៀតផងថាត្រូវជាអ្វីនឹងនាង? ពេលនោះនាងក៏បានប្រាប់ថាជាបងប្អូន!”

“បងប្អូន?” ឆាយលីឧទានបញ្ជាក់។

“តែពួកយើងបានសួរលោក ម៉េង ឈឹងគិន រួចហើយ គាត់ប្រាប់មិត្តភក្តិរបស់គាត់ឈ្មោះឆានុននេះគ្មានបងប្អូនទេ! គេជាកូនប្រុសទោលតែម្នាក់គត់នៅក្នុងគ្រួសារ!” ឡង់ឌីបន្ថែម។

“អ៊ីចឹងមានន័យថាក្នុងចំណោមពីរនាក់នេះមានម្នាក់កំពុងនិយាយកុហក?” សុភ័ក្រចោទជាសំណួរឡើង។

ឆាយលីក្រោកឈរ រួចយកដៃទៅទ្រចង្កា ដើរចុះឡើងតិច រីឯសហការីទាំងពីរនាក់កំពុងនាំគ្នាជួយរកនឹកថាតើនៅក្នុងនេះមានអ្វីដែលជាអាថ៌កំបាំង? តើនរណាជាមនុស្ស? នរណាជាខ្មោច?

“មនុស្សពិតប្រាកដមិនខ្លាចខ្មោចទេ!”

កែវ ឆាយលី សម្រាប់តែបន្លុយពាក្យប្រស្នាមួយម៉ាត់ ធ្វើឱ្យសុភ័ក្រនិងឡង់ឌីធ្វើមុខឡិងឡង់ដាក់គ្នា។

“បងលីចង់មានន័យយ៉ាងម៉េច?”

“ខ្ញុំមានការងារឱ្យពួកឯងទៅធ្វើ!”

“ឥឡូវនេះ?” សុភ័ក្រសួរបញ្ជាក់។

ឆាយលីងក់ក្បាល៖

“បើចង់ចាប់ខ្មោច ត្រូវតែចេញទៅចាប់នៅពេលយប់!”

—​

មេឃចាប់ផ្ដើមចុះងងឹត បន្ទាប់ពីព្រះអាទិត្យលិចបន្តិចម្ដងៗទៅជ្រកក្រោមជើងប្រឹថពី។ ក្រោយពេលដែលជំនិតទាំងពីរចេញបេសកកម្មបាត់ លោកអធិការកំលោះអង្គុយសំងំនៅក្នុងបន្ទប់អានរបាយការណ៍តែ​​ម្នាក់​​ឯងយ៉ាងស្មុគស្មាញ។ រឿងក្ដីឃាតកម្មមួយនេះហាក់ដូចជាជំពាក់មុខ សូម្បីនៅកន្លែងកើតហេតុនិងភស្ដុតាង គ្រប់យ៉ាងហាក់ដូចជារៀបរយពេក។

ជាថ្មីម្ដងទៀត ឆាយលីដាក់សំណុំឯកសារចុះទៅលើតុ រួចដើរទៅឆុងកាហ្វេមួយកែវទៀតដែលជាកែវទី៣ក្នុងថ្ងៃនេះដើម្បីផ្សើមបំពង់ក និងជួយឱ្យស្វាងគំនិតជាងមុន។

ដៃខាងស្ដាំដែលកំពុងកាន់ស្លាបព្រាកូរកាហ្វេស្រាប់តែឈប់ទ្រឹង ភ្នែកសម្លឹងមើលទៅនាឡិកាព្យួរជញ្ជាំង។ នរៈសង្ហាស្រាប់តែនឹកឃើញដល់សុជាតា ដែលពេលនេះប្រហែលជាកំពុងធ្វើការនៅក្នុងបន្ទប់ផ្សាយសំឡេង ទាំងដែលរឿងក្ដីស្វាមីនៅមិនទាន់រកមុខឃាតករឃើញនៅឡើយ។

“ខ្ញុំគ្រាន់តែសង្ឃឹមថារឿងគ្រប់យ៉ាងមិនពាក់ព័ន្ធជាមួយនាងទៅចុះ លីន សុជាតា!”

“មែនហើយម៉ោង៦ល្ងាច… ជាម៉ោងដែលនាងកំពុងធ្វើការទេតើ!”

គេប្រញាប់ត្រលប់មកក្នុងបន្ទប់របស់គេវិញ ហើយបើករាវរកប៉ុស្តិ៍វិទ្យុដែលនាងធ្វើការ។

“វិលមកចួបគ្នាសាជាថ្មីជាមួយនាងខ្ញុំ លីន សុជាតា ក្នុងកម្មវិធី ជជែកពីវិបត្តិផ្លូវចិត្ត! ថ្ងៃនេះប្រធានបទរបស់យើងនឹងជជែកអំពី «ពាក្យសន្យា» …តែជាកិច្ចចាប់ផ្ដើមនៃកម្មវិធី នាងខ្ញុំសូមនាំអារម្មណ៍មិត្តអ្នកស្ដាប់ទាំងអស់ រីករាយជាមួយបទចម្រៀងមួយបទរបស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា ក្រោមចំណងជើងថា «រង់ចាំសន្យា»…”

សូរសព្ទចម្រៀងលាន់រងំ មកប៉ះនឹងសោតារបស់ប៉ូលិសកំលោះ។ ដើមឡើយសំឡេងថ្នមបំពេរគួរតែអាចធ្វើឱ្យនាយបានស្បើយពីសម្ពាធក្នុងការងារ តែអារម្មណ៍រវើរវាយមួយស្រាប់តែលេចឡើងដោយគ្មានគេហៅរក មកកាត់ផ្ដាច់ចង្វាក់មនោសញ្ចេតនា។

“មនុស្សពីរនាក់ស្រឡាញ់គ្នា ធ្លាប់រស់នៅជាមួយគ្នាគួរណាស់តែមានមនោសញ្ចេតនាជាមួយគ្នាខ្លះ! តែរវាងនាងនិងលោកប្រណិត មានរឿងអ្វីខ្លះកើតឡើង? លីន សុជាតា ហេតុអ្វីខ្ញុំហាក់មើលចិត្តនាងមិនធ្លុះសោះ?”

រវល់តែនឹកគិតទៅដល់បញ្ហានៅក្នុងគ្រួសារនេះ ចម្រៀងមួយបទក៏បានកន្លងផុតទៅយ៉ាងរហ័ស។ សំឡេងផ្អែមស្រទន់របស់សុជាតា បានត្រលប់មកម្ដងទៀត…

“ចា៎! តើពាក្យសន្យាមានអត្ថន័យធំធេងបែបណាទៅ? ហេតុអ្វីបានជាមនុស្សប្រុសចូលចិត្តសន្យា? ហើយចុះមនុស្សស្រី ហេតុអ្វីក៏ចូលចិត្តចាំពាក្យសន្យាម៉្លេះ? តើមានមនុស្សប៉ុន្មាននាក់ដែលសន្យាហើយ អាចគោរពពាក្យដែលគេនិយាយចេញពីអណ្ដាតអត់ឆ្អឹងរបស់គេបាន?… យ៉ាងណាក៏ដោយ នាងខ្ញុំក៏មិនហ៊ានអារកាត់អ្វីទេ ទុកនាទីនេះឱ្យមិត្តអ្នកស្ដាប់បានពិចារណា និងសម្រេចចិត្តដោយខ្លួនឯងចុះ! ឥឡូវនេះយើងមកចួបជាមួយមិត្តអ្នកស្ដាប់ដំបូងគេនៅក្នុងយប់នេះ! អាឡូជម្រាបសួរ!”

“អាឡូ! ជម្រាបសួរបង!” សំឡេងស្រួយស្រែសពីខ្សែម្ខាងទៀតឆ្លើយតបនឹងនាង។

“ចាស! ថ្ងៃនេះកម្មវិធីយើងមានប្រធានបទទាក់ទងនឹង «ពាក្យសន្យា» តើប្អូនស្រីមានអ្វីចង់លើកឡើងជាមតិយោបល់ដែរទេ?”

“…”

“ឃើញថាទ្រនិចនាឡិកាចេះតែរំកិលទៅមុខ ចំណែកកម្មវិធីជជែកពិភាក្សាពីបញ្ហាផ្លូវចិត្តរបស់យើងក៏ជិតឈានមកដល់ទីបញ្ចប់ហើយដែរ! តែមុននឹងបញ្ចប់នាងខ្ញុំសុំអនុញ្ញាតទទួលទូរសព្ទមួយខ្សែចុងក្រោយសិន! អាឡូជម្រាបសួរ!”

ស្ងាត់! គ្មានសម្លេងឆ្លើយតបពីខ្សែម្ខាងទៀត។

“អាឡូជម្រាបសួរ! …បើគ្មានការឆ្លើយទេនាងខ្ញុំសុំដាក់ទូរសព្ទចុះហើយណា៎!” សុជាតាបញ្ជាក់។

“មនុស្សដែលដើរតែសន្យា តែមិនអាចរក្សាពាក្យសន្យាខ្លួនឯងបាន វាសមតែស្លាប់! …”

សំឡេងមនុស្សស្រីម្នាក់ស្រែកឡើងទាំងអារម្មណ៍ចងកំហឹង ធ្វើឱ្យទាំងពិធីការិនីវិទ្យុនិងអធិការរងកែវ ឆាយលីភ្ញាក់ព្រើត។ សុជាតាប្រញាប់ចុចបិទទូរស័ព្ទប្រិយមិត្តដែលតេចូលអម្បាញ់មិញ មុននឹងអាចឮពាក្យសម្ដីអសុរស និងគ្រោតគ្រាតច្រើនជាងនេះ។

នាយប៉ូលិសមានអារម្មណ៍ថាសំឡេងនេះខ្លួនហាក់ដូចជាធ្លាប់បានឮពីមុនមកយូរហើយ ប៉ុន្តែរកនឹកយ៉ាងណាក៏នឹកមិនឃើញ ចួនជាសុជាតានិយាយកាត់ចង្វាក់ផង ធ្វើឱ្យនាយលែងគិតដល់សំឡេងចម្លែកមួយនោះ…

“នាងខ្ញុំសូមអភ័យទោសមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងជំនួសប្រិយមិត្តមុននេះ! ធម្មតាទេ ពាក្យសន្យាតែងត្រូវបានមនុស្សសម័យថ្មីយកមកប្រើច្រើនដើម្បីបង្កើតការជឿទុកចិត្តចំពោះគ្នា ប្រសិនមនុស្សណាម្នាក់ដែលចេះតែសន្យា តែមិនអាចរក្សាពាក្យសន្យាបាន នោះនឹងធ្វើឱ្យអ្នកដទៃលែងមានទំនុកចិត្តលើគេទៀតហើយ! តែត្រូវចាំថាទោះបីជានរណាមិនអាចរក្សាពាក្យសន្យាចំពោះយើងក៏ដោយ យើងក៏គ្មានសិទ្ធិធ្វើបាបអ្នកនោះ ឬសម្លាប់នរណាម្នាក់ទេ ព្រោះវាជាទង្វើខុសនឹងច្បាប់! ថ្វីបើការមិនរក្សាពាក្យសន្យានឹងធ្វើឱ្យយើងឈឺចាប់ ថ្វីបើពាក្យសន្យាគ្រាន់តែនិយាយឡើងព្រោះអារម្មណ៍មួយពេលរបស់គេ តែយើងដាច់ខាតកុំធ្វើបាបខ្លួនឯង កុំព្រោះតែភាពខកចិត្តរបស់យើងធ្វើឱ្យយើងក្លាយជាឃាតកៈ…វាពិតជាមិនសក្តិសមនឹងតម្លៃនោះទេ!…នាងខ្ញុំសង្ឃឹមថាមិត្តអ្នកស្ដាប់ទាំងអស់គ្នារៀនទទួលស្គាល់ការពិត​ លើកលែងចំពោះអតីតកាល និងរៀនរស់ជាមួយបច្ចុប្បន្នកាលរបស់ខ្លួន! កម្មវិធីរបស់យើងបានមកដល់ទីបញ្ចប់ នាងខ្ញុំលីន សុជាតា សូមអរគុណ សូមជម្រាបលា!”

តុកៗ!

សំឡេងគោះទ្វារបានបន្លឺ ស្របពេលដែលសំឡេងរបស់សុជាតាបានបញ្ចប់។ ឆាយលីឈោងដៃទៅបិទវិទ្យុចោល រួចដើរទៅបើកទ្វារ។

“សូមគោរពទាន!” នាយប៉ូលិសមួយរូបឈរនៅមាត់ទ្វារបន្ទប់របស់ឆាយលី។

“អ៎! សុខគង់! ចូលមកក្នុងសិនមក!”

ឆាយលីដើរនាំមុខនាយប៉ូលិសរូបនោះចូលទៅអង្គុយលើសាឡុង។

“យ៉ាងម៉េចហើយទិន្នន័យដែលខ្ញុំឱ្យរក?” ឆាយលីផ្ដើមសំណួរទៅកាន់គេ។

សុខគង់ ប៉ូលិសទទួលបន្ទុកផ្នែកព័ត៌មានវិទ្យាហុចសឺមីឯកសារមួយទៅឱ្យគេ ព្រមទាំងបញ្ជាក់៖

“យើងបានធ្វើការផ្ទៀងផ្ទាត់ការតេចេញចូលពីកំណត់ត្រាទូរសព្ទរបស់អ្នកស្លាប់ឃើញថា នៅល្ងាចកើតហេតុមុនពេលស្លាប់ ជនរងគ្រោះបានមានទំនាក់ទំនាក់ទំនងជាមួយមនុស្សពីរនាក់ ទី១គឺលេខតេចេញទៅភរិយារបស់អ្នកស្លាប់!”

“អ្នកស្រីសុជាតា?”

សុខគង់ងក់ក្បាល ហើយពោលបន្ត៖

“ត្រូវហើយ! ចំណែកលេខតេចេញចុងក្រោយគឺទៅកាន់ឈ្មោះ ឆារ៉ានន់!”

“ឆារ៉ានន់?” ឆាយលីផ្ទួនសម្ដី។

“មិនខុសទេ!”

“រួចចុះនៅក្នុងមានទិន្នន័យផ្សេងពីក្នុងបណ្ដាញទំនាក់ទំនងផ្សេងទៀត តើមានអ្វីគួរឱ្យសង្ស័យទេ?”

“មាន! លោកប្រណិតនេះជាមនុស្សដែលមានបម្រុងប្រយ័ត្នខ្ពស់ណាស់! បើគ្រាន់តែឆែកមើលប្រអប់សាររបស់គាត់ធម្មតាប្រហែលជាមិនអាចរកអ្វីឃើញទេ តែខ្ញុំបានសាកល្បង restore សារចាស់ៗដែលត្រូវបានលុបចេញមួយចំនួន ហើយក៏បានប្រទះនឹងសារមួយដែលគួរឱ្យសង្ស័យ ខ្ញុំបាន print វាយកមកឱ្យដែរ!”

ឆាយលីប្រញាប់បើកឯកសារអាន។ សារដែលសុខគង់បាននិយាយមុននេះគឺជាសាររវាងលោកប្រណិត និងម្ចាស់គណនីឈ្មោះលីកា ឆារ៉ានន់ កាលពីថ្ងៃសុក្រអាទិត្យមុន។ អ្វីដែលនាយប៉ូលិសយើងរកឃើញនោះគឺរូបសំបុត្រណាត់ចួបជាមួយពេទ្យវះកាត់ និងអត្តសញ្ញាណបណ្ណមួយសន្លឹករបស់ឆារ៉ានន់ដែលត្រូវបានថតហើយផ្ញើចេញពីក្នុងគណនីរបស់លោកប្រណិត ក៏ជាអ្វីដែលធ្វើឱ្យឆាយលីឃើញហើយសឹងថាហើបគូទផុតពីកៅអីដូចគ្នា។

អធិការរងចុចទូរសព្ទញាប់ស្មេរ ហើយលើកទៅដាក់ជិតត្រចៀក៖

“សុភ័ក្រ ជួយប្រាប់ទៅឡង់ឌី ផែនការត្រូវផ្លាស់ប្ដូរ​​! ខ្ញុំចង់ឱ្យឯងធ្វើការបញ្ជាក់រឿងមួយ…”

វគ្គ «នៅពីក្រោយភាពស្រស់ស្អាត»

នៅក្នុងបន្ទប់តូច៤ជ្រុងបិទជិត ឆារ៉ានន់កំពុងអង្គុយឱនមុខជ្រប់ ដៃគេទាំងពីរកេះក្រចកសឹងតែរបើកចេញឈាម។ អារម្មណ៍របស់គេពេលនេះខ្មាសអៀន ព្រួយបារម្ភ ភ័យខ្លាច បានចូលមកសន្ធប់ពេញផ្ទៃបន្ទប់ទាំងមូល ថែមទាំងគ្របដណ្ដប់ពេញរាងកាយបុរសដែលគ្រងសម្លៀកបំពាក់មនុស្សស្រីឱ្យតឹងថប់ ស្ទើរតែដកដង្ហើមពុំរួច។

ទ្វារបន្ទប់របើក សុភ័ក្រនិងឡង់ឌីដើរចូលមក។ ឆារ៉ានន់បែរទៅមើលពួកគេបន្តិច ទើបរៀបចំសម្រួលឥរិយាបថរបស់ខ្លួនឱ្យរៀបរយឡើងវិញ។ សុភ័ក្រដាក់គូទអង្គុយ រួចសម្លឹងមុខឆារ៉ានន់មួយសន្ទុះ ល្មមតែធ្វើឱ្យនាងអៀនលែងហ៊ានប្រឈមមុខនឹងកែវភ្នែករបស់គេ។

“ខ្ញុំគួរហៅថា​…?” សុភ័ក្រសួរក្នុងន័យសុំយោបល់ពីឆារ៉ានន់។

“ឆារ៉ានន់!”

“បាន! អ្នកនាងឆារ៉ានន់! ពួកយើងសង្ស័យអ្នកនាងមានជាប់ពាក់ព័ន្ធនឹងរឿងក្ដីឃាតកម្មទៅលើប្រធានរោងចក្រ លោកសួង ប្រណិត! តើអ្នកនាងមានអ្វីចង់បកស្រាយទេ?”

“ខ្ញុំគ្មានអ្វីត្រូវបកស្រាយទេ!” ឆារ៉ានន់និយាយទាំងមិនមើលមុខប៉ូលិស។

“អ៊ីចឹងបានន័យថាអ្នកនាងព្រមសារភាពថាអ្នកនាងជាឃាតកសម្លាប់លោកប្រណិត?” សុភ័ក្រព្យាយាមពន្យុះឱ្យនាងខឹង ព្រមសារភាពរឿងរ៉ាវទាំងអស់ចេញមក។

“ណែ៎លោកប៉ូលិស! សូមមេត្តានិយាយឱ្យស្រួលបួល លោកមានភស្តុតាងអីមកហ៊ានចោទថាខ្ញុំជាឃាតក?”

ឡង់ឌីហុចឯកសារដែលមានអត្តសញ្ញាណប័ណ្ណរបស់នាង សំបុត្រណាត់ជាមួយមន្ទីរពេទ្យខាងប្រទេសថៃដើម្បីធ្វើការវះកាត់ប្ដូរភេទ ទៅឱ្យឆារ៉ានន់។

“ចុះអ្នកនាងមានអីបកស្រាយចំពោះរឿងនេះ?” ឡង់ឌីសួរ។

ឆារ៉ានន់អល់អែក ស្ទាក់ស្ទើរជាខ្លាំងក្នុងការនិយាយ ព្រោះថាអាថ៌កំបាំងមួយនេះ គ្មាននរណាម្នាក់បានដឹងទាល់តែសោះ ក្រៅពី… លោកប្រណិត។

“បើអ្នកនាងមិនប្រាប់ទេ យើងមានតែត្រូវឃាត់ខ្លួនអ្នកនាងបន្តយើងមានតែត្រូវឃុំខ្លួនអ្នកនាងជាបណ្ដោះអាសន្នសិនហើយ! អ្នកនាងប្រាកដជាមិនចង់នៅក្នុងបន្ទប់ដែលមានសត្វកណ្ដុរនិងកន្លាតតូចៗរត់ទៅរត់មកទេ មែនទេ?” អស់ពីពន្យុះ សុភ័ក្រថែមយុទ្ធសាស្ត្របន្លាចមួយទៀតក្រែងបានផល។

ដូចការរំពឹងទុក គ្រាន់តែឮរឿងកណ្ដុរនិងកន្លាតឆារ៉ានន់ខ្លាចឡើងព្រឺសម្បុរ ទើបនាងប្រញាប់ឆ្លើយនឹងសំណួរដែលឡង់ឌីសួរមុននេះ៖

“ខ្ញុំមិនមែនជាឃាតកៈទេ!.. មែន! ឈ្មោះពិតរបស់ខ្ញុំគឺលីកា ឆានុន! ខ្ញុំជាមនុស្សប្រុស ជាមនុស្សប្រុសដែលស្រលាញ់ភេទដូចគ្នា ហើយក៏ធ្លាប់ត្រូវជាមិត្តជិតស្និទ្ធរបស់ប្រណិតនិងឈឹងគិនផងដែរ!”

ឡង់ឌីកត់ត្រាពាក្យពេចន៍ដែលឆារ៉ានុននិយាយចូលទៅក្នុងកូនសៀវភៅកំណត់ត្រារបស់នាងញាប់ដៃស្មេ។ សុភ័ក្រប្រុងប្រៀបស្ដាប់គ្រប់សម្ដីរបស់គេមិនឱ្យរំលងមួយម៉ាត់ណាឡើយ។

“នៅឆ្នាំនោះ ក្រោយពេលដែលពួកយើងបានជោគជ័យលើការផលិតមីធម្មជាតិ ខ្ញុំបានដឹងខ្លួនឯងថាបានលង់ស្រលាញ់ប្រណិតទៅហើយ! តែខ្ញុំមិនហ៊ានសារភាពប្រាប់គេ ព្រោះគិតថាគេស្រលាញ់មនុស្សស្រី ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តដាក់អាហារូបករណ៍ទៅរៀនបន្តនៅប្រទេសក្រៅដើម្បីគេចមុខពីគេ ព្រោះខ្ញុំគិតថាពេលដែលនៅឆ្ងាយគ្នាយូរទៅ ខ្ញុំនឹងណាយចិត្តពីគេ! នរណាទៅដឹង ខ្ញុំមិនត្រឹមតែមិនភ្លេចគេ តែពាក្យសន្យាដែលពួកយើងធ្លាប់បានសន្យាជាមួយគ្នា បែរជាចងរឹតឱ្យបេះដូងរបស់ខ្ញុំរឹតតែនឹកដល់គេលើសដើម រហូតថ្ងៃមួយខ្ញុំសម្រេចចិត្តថាខ្ញុំត្រូវតែវះកាត់ដើម្បីប្ដូរភេទខ្លួនឯង…!”

“មានអ្នកណាដឹងរឿងនេះដែរទេ?” សុភ័ក្រសួរ។

ឆារ៉ានន់គ្រវីក្បាលយឺតៗ៖

“ឈឹងគិនប្រហែលជាដឹងថាខ្ញុំលួចស្រលាញ់ប្រណិត តែគេមិនដឹងថាខ្ញុំសម្រេចចិត្តប្ដូរភេទទេ! អ្នកដទៃអាចនឹងមើលមកពួកយើងដែលចង់ប្ដូរភេទខ្លួនឯងថាជាមនុស្សគ្មានបានការ តែគ្មាននរណាម្នាក់ក្រៅពីពួកយើងដឹងទេថាទម្រាំនឹងធ្វើការវះកាត់ប្ដូរភេទបានពួកយើងត្រូវឆ្លងកាត់ការលំបាកអ្វីខ្លះ!”

ទឹកភ្នែកមួយតំណក់ដំបូងស្រក់ចុះពីកែវភ្នែកដ៏នឿយហត់របស់នាង។ ភាពខ្សឹកខ្សួលរបស់នាងធ្វើឱ្យឈឹងគិនដែលនៅខាងក្រៅបន្ទប់ ក្រៀមក្រំទៅតាម។ តាមពិតក្រៅពីសុភ័ក្រនិងឡង់ឌី នៅមានឆាយលីនិងមិត្តជិតស្និទ្ធរបស់ឆារ៉ានន់ម្នាក់ទៀតដែលនៅរង់ចាំស្ដាប់ចម្លើយរបស់នាង។

“ខ្ញុំត្រូវចំណាយពេល៣ឆ្នាំសម្រាប់រៀនបន្ត និងប្រឹងប្រែងធ្វើការបន្ថែមដើម្បីសន្សំប្រាក់ទុកធ្វើការវះកាត់! ក្រោយពេលសន្សំប្រាក់បានសមរម្យហើយខ្ញុំត្រូវធ្វើការព្យាបាលអរម៉ូន និងរៀនពីបច្ចេកទេសផ្លាស់ប្ដូរសំឡេងខ្លួនឯងបន្តិចម្ដងៗអស់រយៈពេលជិតបួនឆ្នាំ…”

“អ៊ីចឹងតើបានជានាងនិយាយបានល្អដូចជាមនុស្សស្រីយ៉ាងនេះ សូម្បីតែខ្ញុំក៏ស្ដាប់មិនដឹង!” ឡង់ឌីនិយាយកាត់។

ជនសង្ស័យមិនតប គ្រាន់តែសម្លឹងទៅរកប៉ូលិសស្រីដែលបាននិយាយមុននេះ រួចដាក់មុខចុះបន្តិចទាំងខ្មាសអៀន។ សុភ័ក្រដែលអង្គុយចាំស្ដាប់យូរហើយ ស្រាប់តែដកដង្ហើមធំបន្តិចហើយពោលឡើង៖

“ពួកខ្ញុំមិនមែនហៅនាងមកអង្គុយចាំស្ដាប់នាងរៀបរាប់ពីដំណើរជីវិតរបស់នាងទេ គឺខ្ញុំគ្រាន់តែចង់ដឹងថាក្រោយពេលដែលនាងមកធ្វើការនៅទីនេះហើយមានអ្វីកើតឡើង? តើនាងជាឃាតកៈសម្លាប់លោកប្រណិតមែនឬមិនមែន?”

សភាពទល់គំនិតរត់រសឹបនៅក្នុងខួរក្បាលរបស់ឆារ៉ានន់។ នាងដូចជាកំពុងរកនឹកហេតុការណ៍គ្រប់យ៉ាងឡើងវិញដើម្បីមកស្រាយបន្ទុកដែលប៉ូលិសកំពុងចោទប្រកាន់លើនាងពេលនេះ។

“ខ្ញុំពិតជាគ្មានពាក់ព័ន្ធនឹងការស្លាប់របស់ប្រណិតពិតមែន?”

“កុហក!” សុភ័ក្រដំឡើងសំឡេងកាត់។

“លោកប៉ូលិសមានភស្តុតាងអីថាខ្ញុំកុហក?”

“បាន! បើនាងមិនសារភាព ទុកឱ្យខ្ញុំជាអ្នករៀបរាប់ដំណើររឿងទាំងអស់ប្រាប់នាង! ក្រោយពេលដែលនាងបានធ្វើការព្យាបាលអរម៉ូនរួចហើយ នាងក៏មិនទាន់ដាច់ចិត្តធ្វើការវះកាត់ប្ដូរភេទតែម្ដងដែរ ព្រោះនាងខ្លាចថាក្រោយពេលដែលវះកាត់ហើយ ពេលនាងត្រលប់មករកលោកប្រណិតវិញ គេដឹងថានាងជាលីកា ឆានុន មិត្តជិតស្និទ្ធរបស់គេ ពេលនោះគេលែងស្រលាញ់នាង ហើយនាងនឹងមិនអាចទទួលយកបានព្រោះចុងក្រោយប្រាក់ក៏បង់ ថង់ក៏ដាច! លុះពេលមកដល់ នាងក៏ដឹងថាគេបានរៀបការមានភរិយាហើយ តែនាងក៏នៅតែក្លែងបន្លំខ្លួនដើម្បីបាននៅធ្វើការក្បែរគេ ហើយមានស្នេហាលួចលាក់ជាមួយគេ! ចុងក្រោយពេលដែលលោកប្រណិតដឹងការពិតថានាងមិនមែនជាមនុស្សស្រីពិតប្រាកដ ហើយឈ្លោះគ្នាជាមួយនាង នាងក៏សម្រេចចិត្តសម្លាប់គេចោលដើម្បីបិទបាំងការពិត និងលុបលាងភាពអាម៉ាស់របស់ខ្លួន! ថាទៅមើល ខ្ញុំនិយាយត្រូវទេ?”

ឆារ៉ានន់ព្រេចភ្នែកសម្រក់ទឹកនេត្រា ដៃទាំងពីរប្រឹងក្ដាប់ទប់អារម្មណ៍ដែលកញ្រ្ជោលបាចសាចឱ្យនៅស្ទះក្នុងទ្រូង។ នាងគ្រវីក្បាលស្រែកខ្លាំង ប្រឆាំងនឹងពាក្យពេចន៍ដែលសុភ័ក្រនិយាយឡើងដោយគ្មានភស្តុតាង៖

“មិនពិត! មិនពិតទេ!”

“យើងមានសាក្សីនៅនឹងកន្លែង បានស្ដាប់ឮអ្នកទាំងពីរឈ្លោះប្រកែកគ្នាកាលពីល្ងាចថ្ងៃសុក្រអាទិត្យ​មុន! តើមានអ្វីចង់បកស្រាយ?”

“ខ្ញុំសួរលោកប៉ូលិសដូចឆោត! អ៊ីចឹងឱ្យតែមនុស្សឈ្លោះគ្នាបានន័យគេសុទ្ធតែអាចក្លាយជាឃាតកៈសម្លាប់មនុស្សហើយមែនទេ?”

សុភ័ក្រហាក់ទ័លនឹងសំណួររបស់ឆារ៉ានន់ តែគេនៅតែបន្តឈ្លេចសួរ៖

“អ្នកនាងមានតួនាទីឆ្លើយនឹងសំណួរប៉ូលិស មិនមែនសួរផ្ចាញ់មកវិញបែបហ្នឹងទេអ្នកនាងលីកា ឆារ៉ានន់!”

“បាន អ៊ីចឹងខ្ញុំប្រាប់លោកទៅចុះ! អ្វីដែលលោកនិយាយមុនហ្នឹងត្រូវបានតែពាក់កណ្ដាលប៉ុណ្ណោះ! ដើមឡើយខ្ញុំពិតជាត្រលប់មកវិញដើម្បីចង់ដឹងចិត្តរបស់គេមែន តែក្រោយពីខ្ញុំដឹងថាគេបានរៀបការជាមួយអ្នកស្រីសុជាតារួចមក ខ្ញុំក៏សម្រេចចិត្តថានឹងត្រលប់ទៅរស់នៅប្រទេសកូរ៉េវិញ តែមិននឹកស្មានថា…គេស្រាប់តែបង្ហាញអារម្មណ៍ល្អៗដាក់ខ្ញុំ! ខ្ញុំធ្លាប់បានបដិសេធចំពោះគេ ប៉ុន្តែពេលដែលបាននៅក្បែរគេម្ដងៗបេះដូង និងក្ដីស្រលាញ់ដែលធ្លាប់មានឱ្យគេបានធ្វើឱ្យខ្ញុំក្បត់នឹងសម្បជញ្ញៈខ្លួនឯង!”

ឈឹងគិនយកដៃទៅអង្អែលចង្កាខ្លួនឯងទាំងទឹកមុខស្រពាប់ស្រពោន ភ្នែកសម្លឹងមិនដាក់ពីអេក្រង់កុំព្យូទ័រដែលភ្ជាប់ទៅនឹងកាមេរ៉ាសុវត្ថិភាពនៅខាងក្នុង ព្រមទាំងពោលតិចៗជាមួយឆាយលី៖

“ខ្ញុំជឿជាក់ថាឆានុនគេមិនអាចជាឃាតកៈទេ!”

“ទោះបីភស្ដុតាងដែលយើងមានក្នុងដៃមិនអាចដាក់បន្ទុកទៅលើនាងបាន តែដរាបណានាងមិនអាចបកស្រាយរឿងរ៉ាវទាំងអស់ឱ្យច្បាស់លាស់បានទេ យើងពិតជាមិនអាចដោះការសង្ស័យចេញពីនាងបានឡើយ!” ឆាយលីតបទៅគេវិញ។

នៅក្នុងបន្ទប់ លីកា ឆារ៉ានន់កំពុងរៀបរាប់រឿងដែលបានកើតឡើងបន្តទៀត…

“ក្រោយមកយើងទាំងពីរនាក់ចាប់ផ្ដើមទាក់ទងគ្នា! ពួកយើងពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដែលបាននៅក្បែរគ្នា តែក្រៅពីឱបនិងថើប យើងគ្មានទំនាក់ទំនងជ្រាលជ្រៅជាមួយគ្នាទេ ព្រោះគាត់ប្រាប់ថាគាត់ស្រលាញ់ខ្ញុំ គាត់សន្យាមិនធ្វើអ្វីផ្ដេសផ្ដាសឡើយប្រសិនបើមិនទាន់បានរៀបការជាមួយខ្ញុំ!”

“រៀបការជាមួយគ្នា?” ឡង់ឌីសួរដោយភ្ញាក់ផ្អើល។

“មែនហើយ!” ឆារ៉ានន់ញញឹមស្រាលពេលដែលនាងនិយាយដល់រឿងនេះ តែក្រោយពេលដែលដឹងថាគ្រប់យ៉ាងសម្រាប់នាងវាគ្រាន់តែជាការស្រមៃប៉ុណ្ណោះ វាលែងអាចក្លាយទៅជាការពិតបាន នាងក៏បន្តខ្សឹកខ្សួលតទៅទៀត។

“អ៊ីចឹងបានន័យថាគាត់ចង់លែងលះជាមួយអ្នកស្រីសុជាតា?” សុភ័ក្រសួរ។

នាងងក់ក្បាលតិចៗ៖

“ចាស! គេបានប្រាប់ខ្ញុំថាគេរស់នៅជាមួយអ្នកស្រីសុជាតាគ្មានក្ដីសុខទេ រូបភាពដែលគ្រប់គ្នាបានឃើញគេពេលនៅជាមួយគ្នានឹងភរិយារបស់គេ សុទ្ធតែជាការសម្ដែងតែប៉ុណ្ណោះ! គេប្រាប់ថា គេបានចួបគ្រូហុងស៊ុយម្នាក់ ហើយគ្រូហុងស៊ុយនោះប្រាប់ថា រហូតដល់ចុងឆ្នាំគេមិនអាចធ្វើការសម្រេចចិត្តរឿងធំៗ រឹតតែមិនអាចធ្វើការសន្យាហើយមិនគោរពពាក្យសម្ដីរបស់ខ្លួនជាដាច់ខាត បើមិនដូច្នោះទេ គេអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត! ខ្ញុំគិតថាទម្រាំដល់ពេលនោះ ការវះកាត់ប្ដូរភេទរបស់ខ្ញុំក៏រួចរាល់ល្មម ហេតុដូច្នេះហើយខ្ញុំគ្មានចង់បានអ្វីទៀតទេ ហើយក៏សុខចិត្តបន្តមានស្នេហាលួចលាក់ជាមួយប្រណិតបន្តទៀត! មិនស្មានថា… ពេលនោះមិនទាន់មកដល់ផង… គេបែរជាដឹងថាខ្ញុំគឺជាឆានុន! ថ្ងៃសុក្រនោះ គេបានតេហៅខ្ញុំមក ហើយខឹងនឹងខ្ញុំជាខ្លាំង គេថាគេនឹងបញ្ឈប់ការងាររបស់ខ្ញុំ ទោះបីជាខ្ញុំអង្វយ៉ាងណាក៏គេមិនស្ដាប់ដែរ! តែខ្ញុំនៅតែចចេសមកធ្វើការ ព្រោះគិតថាមិនប៉ុន្មានថ្ងៃទៀត ខ្ញុំក៏ត្រូវដល់ពេលធ្វើការវះកាត់ដែរ ពេលនោះខ្ញុំប្រហែលជាលែងបានត្រលប់មកទីនេះម្ដងទៀតហើយ! នរណាទៅដឹងថា…ហ៊ឹក…គេស្រាប់តែ…ស្រាប់តែទៅចោលខ្ញុំដូច្នេះសោះ!”

ឡង់ឌីហុចក្រដាសទៅឱ្យគេជូតទឹកភ្នែក។ សុភ័ក្រឃើញថាការអូសបន្លាយពេលបន្តទៅទៀតមិនមែនជាការល្អនោះទេ ទើបគេសួរមួយសំណួរចុងក្រោយ៖

“ចុះនៅល្ងាចថ្ងៃកើតហេតុនាងនៅឯណា?”

“ខ្ញុំធ្លាប់បានប្រាប់លោកហើយមិនអ៊ីចឹងថាថ្ងៃនោះ ក្រោយពេលចេញពីធ្វើការ ខ្ញុំនៅផ្ទះរហូតមិនបានចេញទៅណាទេ!” ឆារ៉ានន់ហាក់ដូចជាអស់ភាពអត់ធ្មត់ជាមួយនឹងការសួររបស់ប៉ូលិសទើបបញ្ចេញពាក្យសម្ដីឆ្គាំឆ្គងបែបនេះ។

“នាងនិយាយកុហក!” ឆាយលីស្រាប់តែបើកទ្វារចូលមក ធ្វើឱ្យឆារ៉ានន់ភ្ញាក់ផ្អើលនឹងវត្តមានរបស់គេនៅចំពោះមុខម្ដងទៀត។

“ខ្ញុំបានទៅសាកសួរអ្នកជិតខាងរបស់អ្នកនាងរួចហើយ! នៅល្ងាចថ្ងៃកើតហេតុនោះ នៅម៉ោងប្រហែលជា៦ នាងបានចាកចេញពីបន្ទប់ជួលរបស់នាងទាំងប្រញាប់ប្រញាល់! បើធៀបពេលវេលាទៅនឹងកំណត់ត្រាក្នុងទូរសព្ទដៃ គឺនាងបានចាកចេញក្រោយពេលដែលនាងបានទទួលទូរសព្ទពីលោកប្រណិត! លុះត្រាតែអ្នកនាងមានភស្ដុតាងមកបញ្ជាក់ថាអ្នកនាងធ្លាប់មានវត្តមាននៅកន្លែងណាមួយ ចន្លោះម៉ោងដែលនាងចាកចេញពីផ្ទះ រហូតដល់ពេលដែលប្រទះឃើញសាកសពលោកប្រណិត!”

កែវភ្នែកស្រពាប់ស្រពោននិងបង្កប់ទៅដោយទុក្ខសោកហាក់ផុសឡើងយ៉ាងត្រដែតនៅលើផ្ទៃមុខរបស់បុរសដែលត្រៀមទទួលការវះកាត់កែភេទទៅជាស្ត្រី។ ប្រហែលជាគិតថាលើលោកនេះគ្មានទេអាថ៌កំបាំង ទើបចុងក្រោយគេក៏ដាច់ចិត្តទម្លាយរឿងរ៉ាវសម្ងាត់ចុងក្រោយ៖

“ពេលនោះគេបានតេមកប្រាប់ខ្ញុំថា គេបានសម្រេចចិត្តលែងលះជាមួយអ្នកស្រីសុជាតាហើយ ថែមទាំងបានសន្យាជាមួយខ្ញុំទៀតថានឹងព្រមឡើងយន្តហោះទៅជាមួយខ្ញុំដើម្បីកំដរខ្ញុំធ្វើការវះកាត់! មិនតែប៉ុណ្ណោះគេប្រាប់ថានឹងមកញ៉ាំបាយពេលល្ងាចជាមួយគ្នានៅបន្ទប់របស់ខ្ញុំទៀតផង!”

ប្រៀបដូចជារន្ទះបាញ់ចំកណ្ដាលក្បាលប៉ូលិសទាំងបីនាក់អ៊ីចឹង។ ពេលនេះទឹកមុខម្នាក់ៗប្រែទៅជាខ្មៅអែ។

មែនហើយ! ប្រសិនបើលោកប្រណិតពិតជាបានសម្រេចចិត្តថានឹងនាំនាងទៅធ្វើការវះកាត់ បានន័យថាគេក៏ស្រលាញ់នាង រឹតតែលែងខឹងនឹងនាងដែរ! តើមានហេតុផលអ្វីដែលនាងដាច់ចិត្តទៅសម្លាប់មនុស្សដែលនាងស្រលាញ់ ហើយហ៊ានទទួលយកគ្រប់យ៉ាងនូវអ្វីដែលនាងលះបង់ដើម្បីគេនោះ?

“ពេលនោះខ្ញុំសប្បាយចិត្តខ្លាំងណាស់! ខ្ញុំចាកចេញពីបន្ទប់យ៉ាងប្រញាប់ប្រញាល់ដើម្បីទៅ Mart ដែលនៅជិតផ្ទះនោះទិញបន្លែនិងសាច់បន្តិចបន្តួច ព្រមទាំងស្រាក្រហមដើម្បីជប់លៀង! ខ្ញុំដឹងថានៅទីនោះមានកាមេរ៉ាសុវត្ថិភាព លោកអាចទៅសុំគេពិនិត្យបាន!”

“រឿងនេះប៉ូលិសដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ! តែហេតុអ្វីក៏អ្នកនាងមិនព្រមប្រាប់រឿងនេះតាំងពីដំបូង?” សុភ័ក្រសួរ។

“ខ្ញុំគ្រាន់តែគិតដល់អារម្មណ៍របស់សុជាតា! ថ្វីបើខ្ញុំមិនមែនកើតមកជាមនុស្សស្រី តែខ្ញុំជឿថាមនុស្សស្រីទាំងអស់ប្រហែលជាគ្មាននរណាម្នាក់ចង់ឱ្យគេគ្រប់គ្នាហៅខ្លួនឯងថាជា​ «ស្ត្រីមេម៉ាយ» នោះទេ! ក្រៅពីអាណិតនាង ខ្ញុំនៅថែមទាំងបន្ទោសខ្លួនឯងទៀត មិនគួរណាដោយសារអារម្មណ៍មិនដាច់ស្រេចរបស់ខ្ញុំខ្លួនឯង បែរជាចុងក្រោយធ្វើឱ្យមានសោកនាដកម្មនេះកើតឡើងទាល់តែសោះ!”

ពេលនេះសុភ័ក្រដែលធ្លាប់តែសម្ដីរអិលចាក់ទឹកមិនលេច បែរជាត្រូវគាំងដោយសារចម្លើយរបស់នាង។ ឡង់ឌីបែរមុខចេញទៅម្ខាងទាំងអារម្មណ៍ក្ដុកក្ដួល ព្រោះបានពាល់ត្រូវនូវការលះបង់ដ៏ធំធេងរបស់មនុស្សម្នាក់នេះដើម្បីស្នេហា ថ្វើបើស្ដាប់ទៅវាជាស្នេហាដ៏សែនអាត្មានិយមមួយក៏ដោយ។ ចំណែកឯឆាយលីរិះគិតឡើងវិញដោយប្រុងប្រយ័ត្នចំពោះពាក្យសម្ដីសារភាពរបស់ឆារ៉ានន់។

“ចុះពេលដែលបានទទួលទូរសព្ទចុងក្រោយពីលោកប្រណិត តើអ្នកនាងចាប់អារម្មណ៍ថាមានអ្វីប្លែកគួរឱ្យកត់សម្គាល់ដែរទេ?”