អ្នកនិពន្ធ ម៉ីសន សុធារី បានចាត់ទុកថា អ្នកអានរបស់ខ្លួនជាក្រុមមនុស្សពិសេស ដែលរើសសៀវភៅអាន និងពូកែទាំងសរសេរមិនចាញ់អ្នកនិពន្ធឡើយ។
អ្នកនិពន្ធសៀវភៅ ពេលវេលា បានសរសេរពីព័ណ៌នាបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីយប់មិញ ដោយបន្ថែមថា គេមិនអាចជម្រុញទឹកចិត្តមិត្តអ្នកអាន ឬអ្នកគាំទ្រ ដោយគិតឬបង្ហាញថា អ្នកនិពន្ធម្នាក់នេះអស្ចារ្យប៉ុនណានោះទេ តែយើងអាចជម្រុញទឹកចិត្តអ្នកអាន ដោយធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ថា ខ្លួនគេអស្ចារ្យប៉ុនណាពីមួយថ្ងៃទៅមួយថ្ងៃ។
« សម្រាប់ខ្ញុំ មិត្តអ្នកអានរបស់ខ្ញុំ មានសមត្ថភាពខ្ពស់ !មានចំណូលចិត្តស្របនិន្នាការវិវត្ត និងមានទំនួលខុសត្រូវចំពោះខ្លួនឯងរាល់ពេលទទួលយកខ្លឹមសារណាមួយចូលទៅក្នុងជីវិតរស់នៅតាមរយៈសៀវភៅដែលគេលើកមកអាន!»
ដូចគ្នានេះដែរ ក្នុងជំនួបជាមួយហ្វេនក្លឹបកាលពីខែមុន លោកស្រីបានប្រាប់ក្រោយការសាកសួររបស់កាសែត Post Khmer ថា សៀវភៅនិមួយៗមានក្រុមគោលដៅពិតរបស់ខ្លួន។ « ខ្ញុំមិនគិតថា អ្នកអានកម្រិតពួកគាត់មានច្រើននៅឡើយទេនៅកម្ពុជា! និយាយពិតទៅ ពួកគាត់ជាអ្នកជាតិនិយម ស្រលាញ់វប្បធម៌ ស្រលាញ់ធម្មជាតិ ចិត្តទូលាយ និងមានអំណត់! ខ្ញុំសរសេររឿងមួយប្រើពេលពេញមួយឆ្នាំ អ្នកអានដែលមិនអំណត់ គាត់ម៉េចនឹងអាចមកចូលចិត្តរង់ចាំខ្ញុំ?(សើច) ពិសេសហ្វេនពេជ្រ បណ្ឌិត គាត់យល់សាច់រឿងជ្រៅៗមានភាពឈ្លាសវៃ និងមានភាពប្រាកដនិយមមិនរវើរវាយទេ! មនុស្សដូចពួកគាត់មិនងាយក្នុងការធ្វើឱ្យស្លុងជក់ជាមួយសំណេរបានងាយទេប្អូន!»