ភាពជាអ្នកដឹកនាំត្រូវការចរិតលក្ខណៈដ៏ពិសេស

ការឆ្លុះបញ្ចាំងមួយដ៏លេចធ្លោ ក្នុងចំណោមភាពជាអ្នកដឹកនាំនោះគឺលទ្ធភាពពិសេស ដែលអាច ជំរុញ បំផុស បំប៉នអំណាចខាងក្នុងតាមរយៈជំនាញទន់ ។

នៅលើហ្វេសប៊ុកផ្លូវការ​កាលពីយប់មិញ អ្នកនិពន្ធ ម៉ីសន សុធារី បានសរសេរថា មេដឹកនាំជាទូទៅ រមែងជាបុរសឬស្ត្រីដ៏មានមន្តស្នេហ៍ មិនចាំបាច់មានរូបសម្រស់ និងមានភាពវាងវៃដោយ​មិនចាំបាច់បង្ហាញសញ្ញាប័ត្រ។ ពួកគេប្រើចរិតលក្ខណៈដ៏ពិសេស ក្នុងការ​ប្រមូលផ្តុំកងទ័ពឡើងសមរភូមិដោយមិនខ្លាច​អ្វីទាំងអស់ ។

អ្នកនិពន្ធ ម៉ីសន សុធារី

អ្នកស្រីបន្ថែមថា ចូរកុំគិតថា មេដឹកនាំត្រូវតែមានថានៈខ្ពស់ជាង! ជួនកាលអ្នកមាន​ថានៈទាបជាងខ្ញុំក្នុងរចនាសម្ព័នផ្លូវការ បានក្លាយជាអ្នកជំរុញទឹកចិត្ត​ និងដឹកនាំគោលដៅធំៗដែលអាចឱ្យខ្ញុំជឿតាម ហើយទីបំផុតទៅខ្ញុំក៏ទទួលបាន #ជោគជ័យ ។
នឹងក្លាយជាមេដឹកនាំពិតប្រាកដម្នាក់ៗ សូមពិចារណាលើចំណុចទាំងនេះដែលពិតជាមានប្រយោជន៍ហួសស្មានក្នុងបទពិសោធន៍ការងារ​ម្ភៃឆ្នាំរបស់ខ្ញុំ៖

#ក្រមសីលធម៌វិជ្ជាជីវៈ
ការគោរពត្រូវការដាំដុះដោយការគោរព។ គោរពអតិថិជន មិត្តអ្នកអាន​របស់យើង ឱ្យតម្លៃខ្ពស់លើទំនុកចិត្ត ការកុហក បន្លំជាថ្នាំពុល។
#សុបិនតែកុំរវើរវាយ
ភាពប្រាកដនិយមមានឥទ្ធិពលខ្លាំងណាស់ក្នុងការ​ធ្វើឱ្យក្តីសុបិនរបស់យើងសម្រេចឬមិនដែលក្លាយជាការពិត។ កុំស្តាប់ទ្រឹស្តីហើយក្រពុលមុខបញ្ចាំស្រែចម្ការទៅធ្វើតាមគេ ។​ ទ្រឹស្តីនានាបត់បែន​តាមដំណើរនៃស្ថានភាពដែលយើងកំពុងជួប ។
#មិនសន្យាងាយ
យើងទាំងអស់គ្នាចង់ធ្វើបានការងារនិមួយៗឱ្យល្អប្រសើរនៅពេលបន្ទាប់ៗជានិច្ច! កុំស្តាប់សន្យាឬកុំពូកែត្រឹមតែសន្យា យើងធ្វើការជាមួយគ្នា ទទួលយក​ភាពខុសគ្នា ពង្រឹងគុណតម្លៃ ប្រឹងអស់ពីលទ្ធភាព នោះហើយជាពាក្យសន្យាពិត។
#ទទួលខុសត្រូវ
ប្រជាធិបតេយ្យមិនត្រឹមតែអំពីសេរីភាពនៃការធ្វើនិងនិយាយទេ តែ​ជាលទ្ធិនៃ #ទំនួលខុសត្រូវ។ កុំយកភាពអនាធិបតយ្យមកបង្កើតប្រជាធិបតេយ្យ ព្រោះវាគ្រាន់តែជាល្បែងនយោបាយតែប៉ុណ្ណោះ។ ល្បែងនេះបើប្រលាក់ដៃបញ្ញវន្ត ក៏កខ្វក់ជាងភក់លើបាតជើងស្មូមយាចកទៅទៀត។
#និយាយមិនបង្វែង
និយាយឱ្យបានដំណោះស្រាយ​កុំនិយាយព្រោះតែល្អស្តាប់។ កុំនិយាយព្រោះត្រូវនិយាយ​តែនិយាយព្រោះវាអាចជួយឱ្យអ្វីមួយប្រសើរឡើង។
#មានតុល្យភាព
ជីវិតល្អ ត្រូវមានច្រកចេញ ផែនការល្អមួយ​ត្រូវមានជម្រើសសាគួរ មនុស្ស​ល្អម្នាក់ ត្រូវការ​ស្តាប់គំនិតច្រើន។
#សុទិដ្ឋិនិយម
មានតែសុទិដ្ឋិនិយមប៉ុណ្ណោះ អាចជួយយើងឱ្យក្លាយជាមេដឹកនាំម្នាក់បាន។ ចំណុចប៉ុន្មានខាងលើ នឹងរលាយខ្សុលបាន​ប្រសិនអ្នកមានទាំងអស់ ប៉ុន្តែជាមនុស្ស​អគតិ។ រក្សាសុខភាព​ផ្លូវចិត្ត ព្រោះនេះជាសក្តានុពលកំពូល នៃជីវិតមនុស្សយើងម្នាក់ៗ ។