សំឡេងគោះកញ្ចក់ឡាន តឹក តឹក៖
“ទិញស្វាយអត់ពូ!” ក្មេងម្នាក់កំពុងតែឈរ យួរទឹកអំពៅនិងស្វាយរណែងរណោងនៅដៃ ហើយគិតតែពីគោះកញ្ចក់ឡាន ដើម្បីហៅអ្នកនៅក្នុងឡានជួយទិញស្វាយរបស់គេ។ ក្មេងនោះក៏ដើរទៅចំហៀងឡានខាងឆ្វេងម្តង “មីង! មីង! ជួយទិញស្វាយខ្ញុំផងមីង!” ក្មេងនោះគិតតែពីគោះកញ្ចក់ឡាន។ ស្រាប់តែមាននារីម្នាក់ងើបក្បាលឡើង បែរមុខទៅនឹងកញ្ចក់ឡាន សក់សំពីងសំពោង រង្វង់ភ្នែកខ្មៅៗ ដូចមនុស្សអត់បានដេកពីយប់អ៊ីចឹង។ ក្មេងនោះគ្រាន់តែឃើញនារីនោះភ្លាម ស្រែកហើយរត់ទៅបាត់៖ “ម៉ែអើយ! ខ្មោចលង! ខ្មោចលង!”។ សំឡេងក្មេងនោះ បានឮចូលក្នុងឡាន ដោយសារតែកញ្ចក់បិទអត់ជិត ធ្វើឱ្យអ្នកនៅក្នុងឡាន ស្ទុះស្ទាផ្អើលក្រោកឡើង។ ហើយពួកគេបែរមើលមុខគ្នាទៅវិញទៅមក ហើយក៏ភ្ញាក់ម្ដងទៀត។ពួកគេនៅក្នុងឡាន សម្លឹងមើលទីធ្លាជុំវិញយ៉ាងធំល្វឹងល្វើយមិនដឹងថានៅទីណាទេ រួចពួកគេក៏ដេកទៅវិញដូចជាមនុស្សអត់ងងុយពីយប់ខ្លាំងណាស់។ ភ្នែកម្នាក់ៗខ្មៅអស់ហើយ អត់បានដេកបានពួន ហើយធុំក្លិនស្រាពេញឡាន។ សំឡេងនារីម្នាក់នៅក្នុងឡាននិយាយ ដែលអង្គុយនៅក្រោយតៃកុងឡាន ភ្ញាក់ឡើង បើកភ្នែកព្រិចៗ សម្លឹងតាមបង្អួចឡានឃើញមាត់សមុទ្រពីចម្ងាយ ថ្ងៃចាំងទឹកសមុទ្រព្រិចៗ ជះមកភ្នែករបស់នាង៖
“គន្ធា សិទ្ធិ អេឡិច នីស័កភ្ញាក់ឡើង!” នារីម្នាក់នោះបានស្រែកដាស់គ្រប់គ្នានៅក្នុងឡាន។ នារីនេះមានឈ្មោះថាវិជ្ជនី ហើយអ្នកនៅក្នុងឡានដទៃទៀតជាមិត្តភក្តិរបស់នាង អ្នកនៅខាងមុខមានឈ្មោះថានីស័ក ជាតៃកុងឡាន ចំណែកជាប់នឹងតៃកុងឡានមានឈ្មោះថាសិទ្ធិ។ ហើយអ្នកដែលនៅក្បែរដែលថាឈ្មោះវិជ្ជនីនោះមានស្រីពីរនាក់ទៀត គឺស៊ីណានិងគន្ធា។ ចំណែកអ្នកនៅក្រោយគេបង្អស់ដែលដេកដោះអាវសាច់សខ្ចីជាកូនកាត់មានឈ្មោះថា អេឡិច ដែលជាកូនខ្មែរតែបានទៅរស់នៅនិងរៀនតនៅប្រទេសអាមេរិក។ ពួកគេទាំងអស់គ្នាជាមិត្តនៅវិទ្យាល័យពីតូចជាមួយគ្នា។ ខែនេះជាខែវិស្សមកាលធំ របស់សិស្សសាកលវិទ្យាល័យ ហើយពួកគេជាកូនអ្នកភ្នំពេញហើយក៏បានបបួលគ្នាមកដើរលេងនៅមាត់សមុទ្រដើម្បីសម្រាកលំហែកាយ។
“ស៊ីណា! ស៊ីណាភ្ញាក់ឡើង” នីស័កភ្ញាក់ដឹងខ្លួនដោយសារតែវិជ្ជនីដាស់
“មានរឿងអីមានរឿងអី?” ស៊ីណាស្រែកសួរ
“មានរឿងអីយប់មិញបានជាមកដេកក្នុងឡានគ្រប់គ្នាចឹង អួយចង់ក្អួតធុំក្លិនស្រាពេញឡានអញម៉េស!” នីស័ក
“យប់មិញខ្មោចលងពួកយើងមែន!” សិទ្ធិ
“គ្មានទេ! ចេះតែថាហើយគ្មានខ្មោចណាទេ ពួកហ្អែងផឹកស្រវឹងហើយថាចង់មើលថ្ងៃរះនៅមាត់សមុទ្រនោះ!” នីស័ក
“តែដូចមិនមែនចឹងទេ ដូចពួកយើងត្រូវខ្មោចលងនៅផ្ទះសំណាក់យប់មិញ?” សិទ្ធិយកដៃអេះក្បាល
“ទៅរកអីស៊ីងូតទឹកចេញសិនទៅ! អញឃ្លានណាស់ឡើងស្អិតខ្លួនហើយ ធុំក្លិនស្រាឡើងពេញខ្លួន” គន្ធា
“អីវ៉ាន់អញនៅផ្ទះសំណាក់!” ស៊ីណា
“The same I don’t have money (ដូចគ្នាទេ! ខ្ញុំគ្មានលុយជាប់ខ្លួនសូម្បីមួយរយ). I forgot money in my bag at homestay (ខ្ញុំបានភ្លេចវ៉ាលីរបស់ខ្ញុំនៅផ្ទះសំណាក់នោះ)” អេឡិច
“អើ បើជិះមកដល់ណាដល់ណីហើយមិនដឹងផ្ទះយើងដេកយប់មិញនៅណាទេ!” នីស័កនិយាយបន្ត “ភ័យអីហាស លុយអញមាន ខ្ចីចាយសិនទៅចាំហ្អែងដកលុយពីកុងទៀតទៅ” នីស័ក “មកឥឡូវអញនាំហ្អែងទៅផ្សាររួចហើយចាំទៅកក់ផ្ទះសំណាក់គេឱ្យហើយកុំឱ្យដូចយប់មិញពិបាកជិះដើររកណាស់” នីស័ក
“អើ! ចឹងអ្ហែងបើកឡានទៅ ដើរលេងឱ្យសប្បាយឈប់គិតរឿងយប់មិញទាំងអស់គ្នា ហាសហា!” សិទ្ធិ
“តស់ៗ! ទៅចេញដំណើរទៅ” ស៊ីណា
នីស័កក៏បើកឡាន ទៅរកផ្សារដើម្បីរកអីញ៉ាំ និងទិញខោអាវទុកស្លៀក។ ក្រោយពីរួចរាល់អស់ហើយពួកគេបានជិះទៅកក់ផ្ទះសំណាក់ ដើម្បីងាយស្រួលកុំឱ្យជិះដើររកពេលយប់ទៀត។ ក្រោយពីរៀបចំខ្លួនរួច ពួកគេបានរៀបចំធ្វើដំណើរទៅលេងមាត់សមុទ្រដើម្បីងូតទឹកលេង។ គ្រាន់ទៅដល់ភ្លាម បើកទ្វារឡានសឹងមិនទាន់ នាំគ្នារត់ចុះទៅលេងទឹកគ្រប់គ្នា។ នៅសល់តែវិជ្ជនីនិងអេឡិចរៀបចំអីវ៉ាន់ ដាក់មកខាងក្រោម និងជួលតូបអង្គុយលេងងាយស្រួលញ៉ាំនៅជិតទឹកសមុទ្រ។ ពិតជាសប្បាយខ្លាំងណាស់ម្នាក់ៗ លេងតាំងពីម៉ោង៩ ដល់ម៉ោង៣ល្ងាច មិនចង់ឈប់លេង។ ចំណែកនីស័កថតវីដេអូរហូត ដាក់វាចូលក្នុងថង់កុំឱ្យទូរស័ព្ទចូលទឹក។ ចំណែកវិជ្ជនីកាន់កាមេរ៉ាថតពីលើគោកទៅ អត់ចុះលេងទឹកទេ ទោះបីហៅយ៉ាងណាក៏ដោយ។ មិនដឹងយ៉ាងម៉េចគន្ធាចេះតែទៅឆ្ងាយទៅៗមិនដឹងខ្លួន គន្ធាខំបកដៃហៅនឹងស្រែកឱ្យគេជួយយ៉ាងម៉េចក៏ ពួកគេធ្វើមិនដឹង។ ពួកគេគិតថាគន្ធាលេងសើច នីស័កធ្វើជាហែលតាម ហើយចាប់ដៃគន្ធាទាញមក តែទាញមិនបាន។ នីស័កទ្រាំមិនបានស្រែកឱ្យគន្ធា៖
“ហើយវាយ៉ាងម៉េច លេងឆ្ងាយជាងគេម៉េស តិចលង់ទឹក” នីស័ក
ចំណែកគន្ធាមុខឡើងស្លេក អត់មាត់ អត់ក ដើរតាមនីស័កមកលើគោកវិញ ឈប់លេងទឹក។ ចំណែកនីស័កមិនសូវខ្វល់ ទៅលេងទឹកធម្មតាជាមួយអេឡិច ស៊ីណា និងសិទ្ធិ។ គន្ធាបានដើរឡើងគោកវិញ ក៏បាននិយាយប្រាប់វិជ្ជនី៖
“មិញមិនដឹងអ្នកណាទេទាញខ្ញុំទេ! ឱ្យដើរទៅឆ្ងាយទៅៗ អ្ហែងមើល៍!” គន្ធា
“មកពីឯងទៅកន្លែងទឹកជ្រៅបានអ៊ីចឹងហើយ ទឹករលកបក់ទៅវិញទៅមក តែទប់ខ្លួនអត់ជាប់ចឹងបានទៅតាមទឹកហ្នឹងណា៎!” វិជ្ជនីពន្យល់ប្រាប់
“អត់ទេ! ខ្ញុំមានអារម្មណ៍មានអ្នកទាញជើងខ្ញុំ” គន្ធា
“ទៅកុំគិតច្រើនទៅប្ដូរខោអាវទៅ ណេះ! កន្សែង” វិជ្ជនី
“អឺ អរគុណ” គន្ធា
នីស័ក និងអ្នកដទៃលេងយ៉ាងសប្បាយ ចោលភ្នែកទៅឃើញកោះមួយពីចម្ងាយ មានដើមឈើដុះឡើងណែនណាប់ ពេញលើកោះទាក់ភ្នែកនីស័កចង់ទៅលេង។ នីស័កនិយាយគ្នាជាមួយ ស៊ីណានិងសិទ្ធរួច ពួកគេក៏ឡើងទៅគោក ដើម្បីជួលទូកគេជិះទៅលេង ខ្លាចមកវិញយប់ជ្រៅ។
“ឡើងលឿនម៉េស មិនព្រមទៅលេងទៀតសិនទៅ មិនទាន់យប់ឯណា” វិជ្ជនី
“ចង់នាំគ្នាទៅលេងកោះនោះ មិនដែលបានទៅលេងកោះសោះ មើលពីចម្ងាយស្អាតណាស់” នីស័ក
“មែនហើយវិជ្ជនីអ្ហែងទៅអត់ ពួកឯងទៅផ្លាស់ខោអាវ! ហើយរកជួលទូកគេហ្មងឆាប់បានទៅដល់” ស៊ីណា
“ដូចអត់ចង់ទៅលេងទេ បើពួកឯងទៅៗចាំខ្ញុំចាំនៅទីនេះ ឆាប់មកវិញណា៎!” វិជ្ជនី
“អត់ទេ អត់ទុកវិជ្ជនីឯងចោលទេ ទៅទាំងអស់គ្នា ទុកអ្ហែងចោលម៉េចកើតហាស!” សិទ្ធិ
“វិជ្ជនីទៅៗ! អង្គុយធម្មតាទៅជួយមើលអីវ៉ាន់ ក៏បានដែរ” នីស័កសើច
“ចឹងទៅផ្លាស់ខោអាវទៅ ខ្ញុំក៏ទៅដែរ ឆាប់ឡើងកុំឱ្យយប់” វិជ្ជនី
និយាយរួច ពួកគេទាញខោអាវនិងកន្សែងទៅផ្លាស់ក្នុងបន្ទប់ទឹក ដណ្តើមគេចូល។ គន្ធាត្រលប់មកវិញជ្រួសគ្នាបន្តិច៖
“ពួកគេដូចប្រញាប់ប្រញាល់ម៉េស! ទៅណាទៀតហើយហ្នឹង! វិជ្ជនី” គន្ធា
“អរ! ពួកគេចង់ទៅលេងកោះ” វិជ្ជនី
“អីគេ មែន! ចុះអ្ហែងទៅអត់?” គន្ធា
“ពួកហ្នឹងបង្ខំឱ្យទៅ” វិជ្ជនី
“តស់! រៀបចំហើយនៅ វិជ្ជនីជួយលើកអីវ៉ាន់គ្នាមកទៅខាងនោះ មានគេជួលទូកជិះនៅ!” នីស័ក
“នៅទេ! ជួយលើកគ្នាតិចមក លើកទៅអត់អស់ទេ” វិជ្ជនី
“ម៉ោះ! ចាំខ្ញុំជួយលើក” សិទ្ធិ
“ម៉ោះ! I help you (ខ្ញុំជួយ)” អេឡិច
ពួកគេបានដើរទៅដល់កន្លែងទូកជួល ព្រះអាទិត្យកំពុងរំកិលរៀបនឹងលិចទៅហើយម៉ោងជិត៤ល្ងាច។ ទៅដល់ទូកជួល ពួកគេបាននិយាយតថ្លៃលេងសើចជាមួយម្ចាស់ទូកត្រូវគ្នាណាស់ និយាយរួចក៏នាំគ្នាឡើងលើទូក។
“ឯណាអាសិទ្ធិវាទៅណា” នីស័ក
“អើបាត់វាទៅណា” ស៊ីណា
“នោះវាកំពុងទិញអីគេនោះ” គន្ធា
“ទិញអីមកហាស! យួរច្រើនថង់ម៉េស!” គន្ធា
“មានអីក្រៅពីរបស់ស៊ីផឹក ហាសហា” សិទ្ធិ
“អើ ដឹងពេលដឹងវេលាណាស់ ល្អអាកូនពូជ!” នីស័ក
“សរសើអញណាស់ ឯណាលុយអញចេញរហូត” សិទ្ធិ “អាឡិចហ្អែងផឹកអត់” សិទ្ធិ
“Yes, I drink (បាទ! ផឹកតា៎)” អេឡិច
“និយាយផឹកៗទៅហា អាសម្លាញ់” សិទ្ធិ
“អើ… អញផឹក” អេឡិច
“យី! អានេះនិយាយចឹងមក” សិទ្ធិ
“ហើយកាលណាពូចេញទូក យូរម៉េស” សិទ្ធិ
“ចេញក្បាលអ្ហែងអី ចាំអ្ហែងឡើងមកហ្នឹង! នៅប្រាជ្ញហ្នឹងហើយអាឡប់ មិនឡើងទូក!” ស៊ីណា
“អើមែន! អញអត់ទាន់ឡើងទូកផង ចាំមើលពួកអ្ហែង អាណាមានចិត្តចាំយករបស់ពីដៃអញហ្នឹងណា៎!” សិទ្ធិ
“ម៉ោះ! ហុចមក អញខ្ពើមណាស់ឡើងមក” នីស័ក “ពូចេញទូកទៅ អស់គ្នាហើយ” នីស័ក
“ពួកយើងទៅលេងតែមួយភ្លែតបានហើយ ឆាប់មកវិញកុំឱ្យយប់ពេក” វិជ្ជនី
“ដឹងហើយវិជ្ជនីកុំភ័យ! ខ្លាចអីលើកោះមានផ្ទះសំណាក់តា៎! បើជ្រុលតែយប់ដេកនៅហ្នឹងហ្មង!” សិទ្ធិ
“កុំឱ្យយប់ពេក” វិជ្ជនី
ទូកបានចេញដំណើរទៅកោះ ដែលពួកគេចង់ទៅ គន្ធាហៅវិជ្ជនីថតរូបតែវិជ្ជនីមិនព្រមថតជាមួយទេ។ ដៃឡើងញ័រអស់ហើយ មុខឡើងស្លេក អត់មាត់អត់កស្ងាត់ឈឹង។
“វិជ្ជនីអ្ហែងមិញហ្នឹង!” គន្ធា
“អត់អីទេ អ្ហែងថតតែឯងទៅ” នី
ចំណែកអេឡិច សិទ្ធិ ស័ក ស៊ីណា ផឹកស៊ីលើទូកយ៉ាងសប្បាយច្រៀងរាំពេញលើទូក។
“ហេឡូ! ជួបគ្នាម្តងទៀតក្នុងឡាយ ពួកយើងទាំងអស់គ្នានេះកំពុងជិះទូលទៅលេងកោះ នោះកោះនោះស្អាតខ្លាំងណាស់។ អ្នកណាចង់ទៅអត់ កន្លះម៉ោងទៀតដល់ហើយ មានអ្នកណាចង់ញ៉ាំអីអត់ នេះរបស់ឆ្ងាញ់មានស្រា មានរបស់ក្លែម។ នោះមើលវារាំ លើទូកនោះ ម៉េចហើយវិជ្ជនីមកលេងជាមួយគេ” នីស័ក
“អត់ទេ អត់ទេ ស័ក” វិជ្ជនី
“មក! មក! ខ្ញុំដឹងថាខ្លាចទឹក ខ្លាចធ្វើអី បងប្អូនគ្នាខ្លាចទឹក មិនចង់មកទេ តែក៏មិនអាចចង់ទុកគ្នាចោលនៅម្នាក់ឯងដែរ។ អត់អីទេអង្គុយឱ្យស្ញៀមទៅ មក! មកគន្ធា មកលេងនៅនេះ!” នីស័ក
“ចាស! ចាំមួយភ្លែត selfie (ថតរូប)សិន ហាសហា ស្អាតខ្លាំងណាស់ ” គន្ធា
“ហេឡូ តិចទៀតទៅដល់ខ្ញុំឡាយឱ្យមើលតទៀត បាយ បាយ” ស័ក
“មកអាស័កដាក់មួយ អាស័កហ្អែងយកឱ្យពូ ២ ៣កំប៉ុងទៅ នេះសាច់ក្លែម!” សិទ្ធិ
“ពូ! ហូបទៅកាត់សាយហាសហា” នីស័ក
“ហាសហា! អូអរគុណក្មួយ” ពូម្ចាស់ទូក
មិនយូរប៉ុន្មាន ពួកគេបានទៅដល់ នាំគ្នាចុះពីលើទូក វិជ្ជនីចុះមកតិចៗ ភ្នែកព្រិតៗ ខ្លាចទឹកមិនចង់មើល។ នីស័កទាញដៃចុះមកក្រោម គ្រាន់តែដល់គោកភ្លាមវិជ្ជនីរត់ទៅលើស្មៅបាត់ហេតុតែខ្លាច គ្រប់គ្នានាំគ្នាសើចវិជ្ជនីលាន់ៗ៖
“ចុម! វិជ្ជនីខ្លាចទឹកដល់ថ្នាក់ហ្នឹងហាសហា” សិទ្ធិ
ពួកគេបានឱ្យពូម្ចាស់ទូក នាំពួកគេដើរជុំវិញកោះ។ កោះនោះធំណាស់ តែចម្លែកត្រង់មួយជំហៀងដែលគេចតទូកជាផ្ទះស្នាក់របស់ភ្ញៀវដែលចង់មកសម្រាកកម្សាន្ត ធ្វើឡើងដោយបងម្នាក់ជាកូនអ្នកភូមិ។ ពូម្ចាស់ទូកចេះតែនាំពួកគេ ដើរជុំវិញលើកោះនោះតែដើរមិនសព្វទេ។ ចៃដន្យឃើញមនុស្សម្នាក់ កំពុងតែរៀបចំកន្លែងឱ្យភ្ញៀវសម្រាក នៅលើផ្ទះឈើមួយ។ មើលពីចំហៀងទៅឃើញ ពូម្ចាស់ទូកស្គាល់ក៏ហៅចុះមកខាងក្រោម៖
“ចិត្រ ចិត្រហា ធ្វើអីហ្នឹងក្មួយ” ពូម្ចាស់ទូក
“បាទ បាទពូ កំពុងតែរៀបចំកន្លែងសម្រាប់ភ្ញៀវមកលេង” វិចិត្រដើរចុះមក “បានភ្ញៀវច្រើនម៉េសពូ” វិចិត្រនិយាយ
គ្រប់គ្នាមើលមុខគ្នាសើចញឹមៗដាក់វិចិត្រ៖
“អរ ក្មេងៗមកពីភ្នំពេញចង់មកលេងកោះហ្នឹងណា” ពូម្ចាស់ទូក
“មកលេងសមុទ្ររាល់ដង តែមិនសូវបានមកលេងកោះទេ តែកោះនេះស្អាតណាស់” គន្ធានិយាយ
“ហាសហា អរគុណ! ដើរមើលអស់ហើយនៅ?” ចិត្រ
“នៅទេ! បើអាចនាំពួកខ្ញុំដើរជុំវិញហ្នឹងឱ្យស្គាល់បានអត់” គន្ធា
“ស្អីទេ ឃើញប្រុសស្អាតមិនបានគន្ធា” សិទ្ធិនិយាយខ្សឹបឈរនៅជិតស៊ីណា
“អើ ” ស៊ីណា
“អត់អីទេ! ចាំខ្ញុំនាំដើរឱ្យស្គាល់ក៏បានដែរ កោះនេះធំណាស់” វិចិត្រសើច
“មកនីស័ក វិជ្ជនី អេឡិចនៅអង្គុយធ្វើអីនឹងមក គេនាំយើងដើរឱ្យស្គាល់ណា នៅបន្លាចទឹកវិជ្ជនីនឹងហើយ។ ហើយអេឡិចដូចស្រវឹងរកកន្លែងដេកទៅអ្ហែង” គន្ធា
“ទៅឥឡូវហើយ” នីស័កស្រែកពីចម្ងាយ
“ចេះចាត់ចែងណាស់ណ៎” ស៊ីណាធ្វើជានិយាយឌឺ
“ហើយនាំគ្នាទៅណា! អេឡិចហ្អែងស្រវឹងដេកហ្នឹងសិនទៅ ចាំពួកអញនាំគ្នាដើរមួយភ្លែត ត្រលប់មករកអ្ហែងវិញ” នីស័ក
“OK (យល់ព្រម)” អេឡិច
“បងសុំកន្លែងឱ្យមិត្តខ្ញុំបានសម្រាកមួយភ្លែតសិនបានអត់” នីស័ក
“មានអី ឡើងលើទៅសម្រាកនៅលើទៅ” វិចិត្រ
“ម៉ោះអញគ្រាហ៍អ្ហែង អាសិទ្ធិអត់ចិត្តម៉េសហាស ជួយអញផង” នីស័ក
“ចុះហ្អែងមិនហៅអញ” សិទ្ធិនាំអាឡិចយកទៅដេកខាងលើផ្ទះ នៅក្នុងផ្ទះនោះឡើងត្រជាក់ព្រឺឆ្អឹងខ្នង បះរោមតិចៗគួរឱ្យខ្លាច។
“អើ ហ្អែងដេកហ្នឹងទៅ” នីស័ក
អាឡិចក៏ដេកលើកន្ទេល ដែលក្រាលនៅទីនោះ នីស័កនិងសិទ្ធិ បានដើរចុះមកខាងក្រោមវិញ។
“មិចហើយអេឡិច នីស័ក” វិជ្ជនី
“មានអីវាដេកបាត់ហើយ មកពីវាផឹកច្រើនពេក” នីស័ក
“មកនិយាយគ្នាហ្នឹងហើយ តស់ប្រញាប់ទៅ! គាត់ខំចាំពួកយើង” គន្ធា
“ចាស ចាស! ដឹងហើយ” ស៊ីណាឆ្លើយ
“ពូហា ពូនៅចាំខ្ញុំហ្នឹងហើយ ពេលដើរមើលរួច ខ្ញុំត្រលប់មកវិញ ទៅគោកវិញ” នីស័ក
“បាទ ក្មួយដើរឱ្យសប្បាយទៅពូចាំ” ពូម្ចាស់ទូក
“ម៉ោះ! ឥឡូវខ្ញុំនាំឱ្យស្គាល់” វិចិត្រ
“សុំណែនាំខ្លួនតិចមក” គន្ធា
“ហាសហា បាទមិនអីទេ ខ្ញុំឈ្មោះវិចិត្រ ខ្ញុំមករស់នៅទីនេះតាំងពីឆ្នាំ១៩៩៤។ កាលខ្ញុំអាយុបាន៤ឆ្នាំ គ្រួសាររបស់ខ្ញុំបាទមករស់នៅទីនេះ ដោយសារតែឪពុកខ្ញុំគាត់ជាអ្នកនេសាទ គាត់មិនដែលមកផ្ទះ តែងតែនៅឆ្ងាយពីគ្រួសារ។ ម្តាយខ្ញុំក៏សម្រេចមករស់នៅទីនេះជាមួយនឹងគាត់ ដើម្បីមើលថែដាំបាយទឹកឱ្យពុករបស់ខ្ញុំហូប” វិចិត្រ
“ចឹងឥឡូវ១៩ឆ្នាំហើយមែនអត់ មកដល់ឥឡូវឆ្នាំ២០០៩ តំណាលពួកយើង” គន្ធា
“អរតំណាលចឹងមិនបាច់ហៅខ្ញុំបងទេ ហៅឈ្មោះខ្ញុំទៅ” វិចិត្រ
“រស់នៅបានយូរតា៎! តាំងពី៩៤ ឥឡូវ២០០៩ហើយ” គន្ធា
និយាយបណ្ដើរវិចិត្រចេះតែនាំដើរ និយាយពីនេះពីនោះ ដូចជាស្និទ្ធិស្នាលនឹងគ្នាណាស់។ ចំណែកនីស័កទាញកាមេរ៉ាមកថតតាមផ្លូវនៅពេលដើរ ពេលដែលដើរកាត់ព្រៃគួរឱ្យខ្លាច នាំគ្នានៅជិតៗគ្នា។ ស្រាប់តែវិជ្ជនីលាន់មាត់៖
“មិនបាច់ដើរឆ្ងាយទេ ម៉ោង៥ជិត៦ល្ងាចឥឡូវហើយ ប្រញាប់ទៅវិញទៅ” វិជ្ជនី
“មិនអីទេបើប្រញាប់ទៅវិញ ដើរត្រឹមហ្នឹងបានហើយ ខ្លាចទៅមុខទៀតដើរកន្លះម៉ោងឯនោះ ដើរដល់ផ្ទះខ្ញុំ ជាមួយអ្នកភូមិនៅទីនោះ” វិចិត្រ
គន្ធាចិត្តចង់នៅបន្តមិនចង់ព្រមទៅគោកវិញប្រមាណទេ តែក្រោយពីវិជ្ជនីនិយាយប្រាប់រៀបរាប់ខ្លាចយប់ជ្រៅ ណាមួយត្រលប់ទៅគោកវិញ ទៅលេងកន្លែងណាផ្សេងទៀត។ ឡានទុកចោលជាមួយអីវ៉ាន់នៅលើទូកគ្រប់គ្នាយល់ព្រម ដើរត្រលប់ទៅរកទូកវិញ។ ចិត្រនាំផ្លូវត្រលប់មកទូកវិញ ម៉ោង៥ជាងទៅហើយនាំគ្នាដើរប្រញាប់ត្រលប់ទៅទូកវិញខ្លាចយប់ជ្រៅ។ ចៃដន្យមេឃស្រទុំរកភ្លៀង ងងឹតអែនៅលើមេឃជុំវិញកោះនោះ។ ភ្លៀងរលឹមតក់ៗ ពួកគេនាំគ្នារត់មកដល់ផ្ទះ ដែលអេឡិចដេក។ និយាយពីអេឡិចងើបឡើងងងឹតស្លុប មើលអ្វីមិនចង់ឃើញដើរចេញមកខាងក្រៅ ឃើញគេដុតទៀតនៅជិតកាំជណ្តើរ។ ភ្លឺផ្លុងៗខ្លាចរលត់អេឡិចយកដៃទៅបាំង អេឡិចបានស្រែកហៅគ្រប់គ្នា៖
“អាស័ក អាសិទ្ធិ ពួកអ្ហែងនៅឯណា” អេឡិចនិយាយរៀននិយាយខ្មែរវិញ ងាកមើលឆ្វេង មើលស្តាំ
ស្ងាត់ជ្រាបគ្មានតប ក្រឡេកទៅមើលលើផ្ទៃទឹកឃើញភ្លើងអីទេពីចម្ងាយភ្លឺៗ។ ឮសំឡេងគេអ៊ុំទូកខ្វាយៗ ស្រមោលមនុស្ស៣នាក់ បានជះទៅលើទូក។ មានម្នាក់នៅខាងក្រោយកាច់ចង្កូតទូក និងមានអ្នកអ៊ុំទូក២នាក់ ហើយមានស្រមោលក្មេងម្នាក់ ដូចជាចងជាប់នឹងឈរមួយដើមក្បែរគោមភ្លើង។ ដោយគោមភ្លើងនៅដំបូលទូក។ ទូកដូចជាសំដៅចេញពីកោះម្ខាងទៀត មករកកោះដែលអេឡិចកំពុងតែឈរមើលពីលើផ្ទះ ដែលកំពុងកាន់ទៀនចាំអង្កេតមើល។ មើលយូរទៅៗ មានអារម្មណ៍ថាទូកកាន់តែខិតមកៗពីចម្ងាយ។ ស្រាប់តែឃើញមនុស្សចាស់ម្នាក់ចាប់ដៃក្មេងនោះ ដើរសំដៅទៅយកគោមភ្លើងមកជិតខ្លួន អត់ឃើញក្បាលសោះ។ ឮសំឡេងលោតទឹកគ្រាំ ក្រឡេកទៅមើលទឹកអត់មានអ្វីទេ តែមើលទៅទូកអត់ឃើញមនុស្សសោះ។ តែទូកចេះតែរំកិលមកៗ ស្រាប់តែអ្នកណាមិនដឹងទេ ចាប់ដៃអេឡិចពីក្រោយ។ អេឡិចភ្ញាក់ឡើងបែកញើសពេញខ្លួន។ ងើបឡើង ឃើញមិត្តភក្តិខ្លួនអង្គុយជិតនោះកំពុងនិយាយគ្នា។
“អេឡិចអ្ហែងភ្ញាក់ហើយអី!” នីស័ក
“ហ៊ឺ! ពួកអ្ហែងមកពីណា?” អេឡិច
“មានមកពីណា! ដើរមើលជុំវិញកោះមិញហ្នឹង តែមេឃវាភ្លៀង” នីស័ក
“ចុះពួកយើង អត់ទៅផ្ទះវិញទេឬ?” អេឡិច
“ទៅមិចកើត បើភ្លៀង ទៅមានតែលិចទូក” នីស័ក
“អញមានអារម្មណ៍ថា កោះនេះអត់សូវល្អទេ!” អេឡិច
“ខ្លាចអីហាស យើងមានអ្នកម្ចាស់កោះនាំយើងដើរតា” នីស័ក
“មានរឿងអីនីស័ក អេឡិចដូចភ័យម្ល៉េះ” វិជ្ជនី
“វាខ្លាចនឹងណា” នីស័ក
“កុំគិតច្រើនអេឡិច បើគិតច្រើនរិតតែធ្វើឱ្យ យើងខ្លាចទេ ចាំមើលមេឃរាំង ម៉ោងមិនទាន់៦ទេ យើងនឹងត្រលប់ទៅវិញ” វិជ្ជនី
“អឹម…” អេឡិច
គន្ធាតែងតែសួរវិចិត្រពីនេះពីនោះ ចំណែកស៊ីណានិងសិទ្ធិគិតតែសម្លឹងមើលអ្នកទាំងពីរ។ នីស័កដើរចេញទៅខាងក្រៅ មើលហើយគិតក្នុងចិត្ត៖
“មេឃនេះដូចជាមិនរាំងទេ មើល៍ទៅ!” នីស័ក
“មើលអីហាស!” សិទ្ធិ
“មានមើលអី អញខ្លាចតែមិនរាំងទេមេឃនេះ ចុះអាប់ខ្លាំងណាស់ អេឡិចនិងវិជ្ជនីគ្នាខ្លាច មិនចង់នៅលើកោះនេះ” នីស័ក
“អើធ្វើមិចអាណាចង់នៅ! ឡានអ្ហែងទុកចោលនៅកន្លែងមីងដែលរកទូកឱ្យយើង ហើយអីវ៉ាន់នៅលើឡានទាំងអស់។ ពួកយើងចេះយកខោអាវមកខ្លះៗនៅលើទូក” សិទ្ធិ
“អើពួកអ្ហែង! មើលដូចជារាំងហើយតា៎នេះ!” នីស័ក “មកពួកយើងរៀបចំត្រលប់ទៅវិញ” នីស័ក
“បើមិនកើតទេ សម្រាកនៅទីនេះសិនក៏បាន បើខ្លាចតាមផ្លូវភ្លៀង” វិចិត្រ
“មែនហ្នឹង! នៅសម្រាកលើកោះសិនក៏បានដែរ” គន្ធា
“ត្រលប់ទៅវិញទៅ ឱទេវតាអើយ! ចាំដល់លើគោកចាំភ្លៀងក៏បានដែរ ឱ្យកូនចៅសុខសប្បាយតាមផ្លូវផង” វិជ្ជនី
“បើចង់ទៅក៏ខ្ញុំមិនឃាត់ដែរ! ចាំខ្ញុំជួយជូនដំណើរនាំទៅរកទូក” វិចិត្រ
ពួកគេនាំគ្នាចុះពីលើផ្ទះ ដើរសំដៅទៅរកពូម្ចាស់ទូកពេលទៅដល់ មើលផ្លូវមិនចង់ឃើញទេ។
“ពូ! ដឹកខ្ញុំទៅវិញ មេឃរាំងហើយពូ!” នីស័ក
“ទៅអត់កើតទេក្មួយ ដេកហ្នឹងមួយយប់ទៅ! តែភ្លៀងចឹងដឹងតែមានព្យុះហើយ ទៅអត់កើតទេ” ពូម្ចាស់ទូក
“ចឹងយើងធ្វើម៉េចទៅចឹង” វិជ្ជនី
“នៅដេកហ្នឹងមួយយប់ទៅ ចាំស្អែកចាំត្រលប់ទៅវិញ” វិចិត្រ
“ដេកហ្នឹងមួយយប់ទៅ! យកអីវ៉ាន់ក្មួយទៅផ្លាស់ទៅ កុំឱ្យឈឺឃើញមេឃចុះអាប់ទេ ជិះតាមផ្លូវតែមើលអត់ឃើញ បុកថ្មណាក្មួយ” ពូម្ចាស់ទូក
“ទៅវិជ្ជនីដេកហ្នឹងមួយយប់ទៅ! អាសិទ្ធិយកអីវ៉ាន់ចុះមក” នីស័ក
សិទ្ធិនិងនីស័កឡើងទៅលើទូក យកអីវ៉ាន់ចុះមក។ អេឡិចនិងវិជ្ជនីចង់ត្រលប់ទៅគោកវិញ។
“កុំខ្លាចវិជ្ជនី” នីស័ក “ពូ! ចាំព្រលឹមឡើង ខ្ញុំត្រលប់ទៅគោកវិញណាពូ!” នីស័ក
នីស័កកាន់អីវ៉ាន់ដៃមួយចំហៀង មួយចំហៀងទៀតគ្រាហ៍វិជ្ជនី។ វិជ្ជនីដើរបណ្តើរជូតទឹកភ្នែកបណ្តើរ ខ្លាច ថ្ងៃមុនធ្លាប់ជួបរឿងនៅផ្ទះសំណាក់ឥឡូវមកនៅលើកោះទៀត ដឹងមានរឿងអីចំពោះពួកគេទៀតទេ។ ពួកគេបានដើរមកដល់ផ្ទះ ដែលអេឡិចដេកពេលស្រវឹង រួចនាំគ្នាលើកអីវ៉ាន់ឡើងលើផ្ទះ។
“គ្រប់គ្នានៅទីនោះហើយ ខ្ញុំទៅរកម្ហូបឱ្យអ្នកទាំងអស់គ្នាញ៉ាំ” វិចិត្រ
“យប់ហើយ ទៅរកម្ហូបនៅឯណា” គន្ធា
“ពេលដែលខ្ញុំនាំពួកយើងទៅ ដើរកាត់ផ្ទះមួយនៅខាងនោះ នឹងហើយផ្ទះបាយសម្រាប់ធ្វើម្ហូបទទួលភ្ញៀវ” វិចិត្រ
“ខ្ញុំសុំទៅដែរ បានពីរនាក់” គន្ធា
“បាទមានអី” វិចិត្រ
អ្នកទាំងពីរបានចុះពីលើផ្ទះ ដៃកាន់ទៀនដើរសំដៅទៅរកផ្ទះបាយ។ ទៅដល់ចិត្រគេបង្កាត់ភ្លើងធ្វើម្ហូប មានត្រី បន្លែគ្របទុកនៅទីនោះ។ គន្ធាជួយចិតបន្លែ ជួយធ្វើនេះធ្វើនោះ និយាយលេងជាមួយវិចិត្រសួរនេះសួរនោះ។ និយាយពីមួយក្រុមនៅក្នុងផ្ទះវិញ ម្នាក់ៗអង្គុយមើលមុខគ្នាទៅវិញទៅមក។ វិជ្ជនីខ្លួនឡើងញ័ររងាពេក ស័កបបួលសិទ្ធិដើររើសមែកឈើមកបង្កាត់ភ្លើងកម្តៅខ្លួន នៅខាងក្រោមផ្ទះ។ អ្នកទាំងពីរចុះទៅក្រោម បញ្ចាំងពិលទូរស័ព្ទ ដើររើសមែកឈើស្ងួតៗ ហើយក៏យកភ្លើងទៀន ដុតមែកឈើនោះបានភក់ភ្លើង ដើម្បីកម្តៅខ្លួន។
“វិជ្ជនី ស៊ីណា អេឡិច ចុះមកក្រោមមកកម្ដៅខ្លួន” នីស័ក
អ្នកទាំងបី ចុះមកខាងក្រោមអង្គុយឆ្អើរភ្លើង រង់ចាំចិត្រគន្ធាយកម្ហូបមកញ៉ាំ។ ក្រោយពីធ្វើម្ហូបរួច ចិត្រនិងគន្ធាបានកាន់ម្ហូបម្នាក់កាន់ពីរចាន គ្របឡើងស្អាតមិនចង់ឱ្យមិត្តខ្លួនឃើញ។ គ្រាន់តែយកទៅដល់ភ្លាម នីស័កសើច៖
“អីក៏ត្រឹមត្រូវម្ល៉េះ គ្របអីឡើងស្អាតហ្នឹង គ្នាកំពុងតែឃ្លានផងអ្វី” នីស័ក
“ដឹងតែបានហូបហើយ” គន្ធាយកដៃបើកគ្របចានចេញ “ឆាត្រកួនជាមួយត្រីបំពងហាស ហាស” គន្ធាសើច “ស្នាដៃប្រុសស្អាតចិត្រ” “កុំខឹងណានិយាយលេងទេបងចិត្រ” គន្ធា
“រវល់តែលេងហ្នឹងហើយ! ឃ្លានសឹងងាប់ហើយ” សិទ្ធិ
វិជ្ជនីមុខឡើងស្រពោន អេឡិចអង្គុយដោះអាវឆ្អើរភ្លើង ភ្នែកបិទបើកៗ ដូចជាងងុយដេកមិចមិនដឹង។ ចំណែកស៊ីណាក៏អស់កម្លាំង ដើរឈឺជើង ហើយត្រូវទឹកភ្លៀងទៀត។ វិចិត្រនិងគន្ធាបានយកម្ហូបឱ្យពួកគេញ៉ាំ ដោយចែកចង្កឹះម្នាក់មួយគូរៗ ហើយនីស័កនិងគន្ធាជាអ្នកកាន់ចាននៅកណ្តាលភក់ភ្លើង។
“មានបាយកាន់ឆ្ងាញ់” នីស័ក
“មិនមានបាយទេ មានតែម្ហូប ធ្វើសម្រាប់ទទួលជនជាតិបរទេសតែប៉ុណ្ណោះ” វិចិត្រ
“មិនអីអត់បាយ ក៏ឆ្ងាញ់ដែរ” នីស័ក
ម្នាក់ៗ ញ៉ាំដូចជាគ្មានព្រលឹងជាប់ខ្លួន ជាពិសេសស៊ីណាជាមួយអេឡិច មិនដឹងគេយ៉ាងម៉េច។ ស្រាប់តែវិជ្ជនីសន្លប់ដេកនៅលើដី មិនដឹងថាមានអ្វីកើតឡើង។ ស័កបានត្រកងវិជ្ជនីរួចអង្រួនខ្លួន៖
“វិជ្ជនី! វិជ្ជនី! ភ្ញាក់ឡើង មានរឿងអី” នីស័ក
វិចិត្របានរត់ទៅក្បង់ទឹក មកដាក់លើមុខវិជ្ជនី។ វិជ្ជនីបើកភ្នែកព្រិច៖
“រងាណាស់ រងាណាស់ ជួយដណ្តប់ភួយឱ្យខ្ញុំផង” វិជ្ជនី
“ដឹងខ្លួនហើយ” នីស័កបានយកអាវក្រៅរុំលើខ្លួនវិជ្ជនី។ ក្រោយពីញ៉ាំអីរួច នីស័កក៏បានឱ្យអេឡិច ស៊ីណា គន្ធា ឡើងដេកខាងលើផ្ទះ។ ចំណែកនីស័ក និងសិទ្ធិអង្គុយមើលវិជ្ជនីនៅខាងមុខភ្នក់ភ្លើងកម្ដៅខ្លួន។ រីឯវិចិត្រក៏បានដេកក្នុងអង្រឹងខាងក្រោមផ្ទះ ក្បែរនោះផងដែរ។ ភ្ញាក់ពីព្រលឹមឡើង នីស័កនៅតែត្រកងវិជ្ជនី។ ចំណែកវិជ្ជនីបបូរមាត់ឡើងស្លេក ខ្លួនឡើងញ័រអស់ហើយ។
“ទឹក! ទឹក! ស្រែកទឹកណាស់” វិជ្ជនី
នីស័កដាក់វិជ្ជនីផ្អែកទៅនឹងថ្ម រួចដើរទៅយកទឹកឱ្យវិជ្ជនីផឹក។ អេឡិច ស៊ីណានិងគន្ធា ភ្ញាក់ពីដេក ចុះពីលើផ្ទះ មកខាងក្រោម ដើម្បីរៀបចំខ្លួនត្រលប់ទៅគោកវិញ។ ចំណែកវិចិត្របានរៀបចំអាហារពេលព្រឹកសម្រាប់ពួកគេ។ អាការៈវិជ្ជនីដូចជាមិនទាន់ធូរស្រាលប៉ុន្មានឡើយ កាន់តែធ្វើទុកខ្លាំងឡើងៗ។ ភ្នែកវិជ្ជនីឡើងពណ៌ក្រហមគួរឱ្យខ្លាច ចង់ចាកចេញទៅគោកវិញក៏ពិបាក។ ក្រោយពីញ៉ាំអាហាររួច ពួកគេបានជជែកគ្នា ដើម្បីរកវិធីព្យាបាលវិជ្ជនីឱ្យជាសិន។ វិចិត្របានឱ្យពួកគេទៅផ្ទះរបស់អ្នកភូមិខ្លួន ដែលនៅចំហៀងកោះមួយទៀត។ ដើម្បីឱ្យឪពុកម្តាយខ្លួនព្យាបាលវិជ្ជនី។ ក្រោយពីនិយាយគ្នារួច ពួកគេក៏សម្រេចចិត្តតាមវិចិត្រ ធ្វើដំណើរទៅផ្ទះរបស់វិចិត្រ។ គន្ធា ស៊ីណា អេឡិច សិទ្ធិបានរៀបចំអីវ៉ាន់របស់ពួកគេ ស្ពាយតាមខ្លួន។ ចំណែកនីស័កបានអៀវវិជ្ជនីដើរកាត់ព្រៃដើម្បីទៅភូមិវិចិត្ររស់នៅ។ ពេលទៅដល់ភូមិ ស្ងាត់ឱ្យជ្រាប មានផ្ទះ៥ ៦ខ្នង សង់ឆ្ងាយពីគ្នាប្រហែល៤ ទៅ៥ម៉ែត្រ សង់ពីឈើ។ មានចិញ្ចឹមមាន់ ទា និងដំណាំបន្លែផ្សេងៗនៅខាងក្រោយផ្ទះ។ វិចិត្របាននាំពួកគេ ដើរសំដៅទៅផ្ទះរបស់ខ្លួនរស់នៅ។ ពេលដើរតាមផ្លូវ មនុស្សពីរបីនាក់ អើតតាមចន្លោះទ្វារ មើលក្រុមនីស័កដើរ។ ទៅដល់ផ្ទះវិចិត្រនៅខាងក្នុងផ្ទះមានតែម្តាយវិចិត្រប៉ុណ្ណោះរស់នៅ ។ ម្តាយវិចិត្រកំពុងតែចម្អិនម្ហូបនៅចង្រ្កាន្តបាយ៖
“ម៉ែ! កូនត្រលប់មកវិញហើយម៉ែ” វិចិត្រ
“វិចិត្រ កូនមកវិញហើយ! អត់នៅមើលផ្ទះសំណាក់ទេអីកូន” ម៉ែវិចិត្រ “ហើយចុះនាំនរណាគេមកហ្នឹងចិត្រ!”
“បាទម៉ែ! ពួកគេមកពីភ្នំពេញម៉ែ ម្សិលមិញត្រូវត្រលប់ទៅវិញតែមេឃភ្លៀង ត្រលប់ទៅវិញអត់កើត ហើយណាមួយមិត្តភក្តិរបស់គេម្នាក់ឈឺធ្ងន់ ខ្ញុំត្រូវឱ្យម៉ែជួយព្យាបាលគេផង” វិចិត្រ
“ជម្រាបសួរមីង” ក្រុមនីស័ក
“ចាស! ក្មួយចូលមកក្នុង អង្គុយលេងសិនមក” ម៉ែវិចិត្រ
“បាទ ចាស អរគុណមីង” ពួកគេ
“ហើយវិចិត្រថាក្មួយមួយណាឈឺធ្ងន់” ម៉ែវិចិត្រ
“បាទមីងគឺមិត្តភក្តិខ្ញុំម្នាក់នេះ មិនដឹងឈឺអ្វីទេមីង” នីស័ក
“មើលមីងសុំមើលមុខបន្តិច” ម៉ែវិចិត្រ
ក្រោយពីម្តាយវិចិត្រមើលអាការៈរបស់វិជ្ជនីហើយ គាត់បានដើរទៅចង្រ្កាន្តបាយ ដើម្បីប្រាប់ទៅវិចិត្រ។
“យ៉ាងម៉េចហើយម៉ែ តើគេឈឺអ្វី?” វិចិត្រ
“កូនស្រីម្នាក់ហ្នឹង! ត្រូវបានដើរជាន់ពែរបស់អ្នកភូមិដែលបានដាក់សែនឱ្យព្រាយបិសាចហើយ កូនទាល់តែឱ្យយាយសួនជាអ្នកធ្វើពីធីឱ្យណាកូន” ម៉ែវិចិត្រ
“យាយសួនណាម៉ែ” វិចិត្រ
“យាយសួនដែលមើលថែកូនតាំងពីតូចនោះ” ម៉ែវិចិត្រ
“អរ! ស្គាល់ហើយម៉ែ ចឹងចាំខ្ញុំទៅប្រាប់ពួកគេនឹងនាំពួកគេទៅផ្ទះយាយ” វិចិត្រ
វិចិត្របានដើរមកប្រាប់ពួកគេពីអាការៈវិជ្ជនី ដែលកំពុងឈឺ៖
“វិជ្ជនីគឺត្រូវខ្មោចអាណាថាធ្វើ ប្រហែលជាម្សិលមិញដើរជាន់សំណែនរបស់គេសែនចោល” វិចិត្រ
“វិជ្ជនីត្រូវអំពើ” ស៊ីណានិយាយជាមួយគន្ធា សិទ្ធិនិងអេឡិច
“តែចាំខ្ញុំនាំអ្នកទាំងអស់គ្នា ទៅជួបយាយរបស់ខ្ញុំ ដើម្បីឱ្យគាត់ធ្វើពីធីរំដោះនេះ” វិចិត្រ
“ចឹងនាំពួកគេទៅឥឡូវហ្មងទៅវិចិត្រ!” នីស័ក
“នៅហូបបាយសិនទៅ! ក្មួយចាំទៅ!” ម៉ែវិចិត្រ
“បាទ មីង អរគុណ” គន្ធា “នៅស៊ីបាយសិនទៅចាំទៅ អញឃ្លានណាស់” គន្ធា
“ហូបបាយសិនទៅស័ក កុំឱ្យឈឺទាំងពួកយើងទៀត” សិទ្ធិ
ម្តាយវិចិត្របានរៀបចំបាយឱ្យពួកគេញ៉ាំ។ ចំណែកវិជ្ជនីមិនញ៉ាំអ្វីទាំងអស់គិតតែពីដេក ក្នុងខ្លួនអស់កម្លាំងភ្នែកក្រហម។ ក្រោយពីញ៉ាំបាយរួច វិចិត្របាននាំពួកគេទៅផ្ទះយាយសួន ដែលជាយាយរបស់វិចិត្រ។ គាត់ចេះដោះអំពើ អាប ធ្មប់ គាត់រស់នៅចុងភូមិប្រហែលជាមួយគីឡូម៉ែត្រ។ រស់នៅតែផ្ទះម្នាក់ឯងក្នុងខ្ទមតូចមួយ នរណាក៏ខ្លាចគាត់ដែលដោយសារតែគាត់ចេះមន្តអាគមខាងអំពើធ្មប់។ ពេលទៅដល់ផ្ទះលោកយាយ វិចិត្របានដើរចូលទៅក្នុងផ្ទះលោកយាយ៖
“លោកយាយជម្រាបសួរ នៅចាំខ្ញុំទេលោកយាយ” វិចិត្រ
“អ្នកណាគេហាស! យាយមិនចាំទេ” យាយសួន
“ខ្ញុំវិចិត្រណាលោកយាយ ក្មេងដែលលោកយាយមើលថែពីតូចនោះលោកយាយ” វិចិត្រ
“អើ! ចៅចិត្រទេអី! មិនដែលមកលេងយាយសោះ ថ្ងៃនេះចេះមកលេងយាយ មានការអ្វីអាចៅ” យាយសួន
“បាទលោកយាយ! ខ្ញុំមានមិត្តភក្តិមួយក្រុមមកលេងកោះយើងនេះ តែម៉ែគាត់និយាយថាមិត្តខ្ញុំម្នាក់ត្រូវអំពើគេ ដោយសារដើរជាន់ពែគេលោកយាយ” វិចិត្រ
“អើ ខុស ខុស ធ្ងន់ណាស់ ប្រមាថម្ចាស់ដីកោះ នាំក្មេងនោះមកជួបយាយមក ចាំយាយជួយ” យាយសួន
“បាទ បាទលោកយាយ” ចិត្រ
វិចិត្រក៏បានដើរចេញពីផ្ទះលោកយាយ ដើម្បីប្រាប់ដំណឹងក្រុមនីស័កនាំវិជ្ជនីចូលទៅក្នុង ដើម្បីឱ្យលោកយាយព្យាបាល។ នីស័កក៏បានគ្រាហ៍វិជ្ជនីចូលទៅក្នុង ចំណែកមិត្តដទៃទៀត អង្គុយលើគ្រែចាំនៅខាងក្រៅផ្ទះ។ នីស័កនាំវិជ្ជនីចូលទៅក្នុងភ្លាម មានអារម្មណ៍ខ្លាចៗចូលទៅងងឹតស្លុប បានពន្លឺព្រះអាទិត្យ មើលឃើញលោកយាយស្បែកជ្រីជ្រួយ ស្លៀកក្បិនស និងអាវស សក់វិញឡើងក្រដាញ់រួញជាប់គ្នា។ មិនតែប៉ុណ្ណោះមានអាសនៈទៀន ធូប ដុតឡើងហុយត្រុប។ ចូលទៅដល់ភ្លាម នីស័កលើកវិជ្ជនីដាក់លើគ្រែ តែខ្លួនវិជ្ជនីញាក់ដូចកូនសត្វត្រូវទឹកភ្លៀង។ នីស័កបានថ្វាយបង្គំលោកយាយបីដង ហើយបាននិយាយរៀបរាប់ថាមកពីណាពីណី។ លោកយាយក៏បានឱ្យវិចិត្រនិងនីស័កត្រូវទៅខាងក្រៅសិន ទុកឱ្យលោកយាយគុណគូរមើល។ វិចិត្រ និងនីស័កក៏បានដើរចេញមកខាងក្រៅ៖
“យ៉ាងម៉េចហើយអាស័ក អញបារម្ភពីវិជ្ជនីណាស់” សិទ្ធិ
“មែនហើយស័កខ្ញុំក៏បារម្ភដែរ” គន្ធា
“ខ្ញុំក៏មិនដឹងយ៉ាងម៉េចដែរ ទុកឱ្យលោកយាយព្យាបាលសិន” នីស័ក
“កុំបារម្ភអីអ្នកទាំងអស់គ្នា កុំភ័យលោកយាយគាត់ពូកែណាស់” វិចិត្រ
“ពេលណាយើង ត្រលប់ទៅវិញ” អេឡិច
“មែនហើយនីស័ក!” ស៊ីណា
“ចាំវិជ្ជនីជា យើងនឹងត្រលប់ទៅវិញហើយ” នីស័កដកដង្ហើមធំ
មួយសន្ទុះធំលោកយាយក៏បានដើរចេញមកក្រៅ ហើយបានកាន់អង្ករបាច់ទៅខាងក្រៅ៖
“យ៉ាងមិចហើយលោកយាយមិត្តភក្តិខ្ញុំ” ចិត្រ
“ម្ចាស់កោះខឹងក្មេងម្នាក់នេះណាស់ លុះត្រាតែធ្វើពីធីខមាទោសឱ្យម្ចាស់ដីកោះបានៗ ចៅត្រូវសែនមាន់ឆ្កាងនិងធ្វើពីធីនៅថ្ងៃពេញបូរមីណាចៅ” លោកយាយ
“ហាស! ធ្វើពិធីខមាទោសទៀត” គន្ធា
“ចៅត្រូវរកមាន់ រកអ្នកភូមិឱ្យមកជួយ រៀបចំ បើចង់ឱ្យមិត្តចៅឯងជា” លោកយាយ
“បាទ! បាទលោកយាយ! ខ្ញុំនឹងទៅរកឱ្យ” វិចិត្រ
“វិចិត្រជួយមិត្តភក្តិខ្ញុំផងណា វិចិត្រខ្វះលុយអី ពួកខ្ញុំមាន” សិទ្ធិ
“មែនហើយវិចិត្រជួយវិជ្ជនី មិត្តខ្ញុំផង” គន្ធា
“មិចបាច់ភ័យទេចៅៗ! មានយាយនៅទីនេះហើយ ហើយថ្ងៃពេញបូរមីនៅថ្ងៃខានស្អែកនេះហើយណាចៅ” លោកយាយក៏បានដើរចូលទៅខាងក្នុងខ្ទមវិញ
“បាទលោកយាយ” វិចិត្រ “ឥឡូវល្ងាចទៅហើយមានអ្នកណាទៅជាមួយខ្ញុំ ដើម្បីយកម្ហូបអាហារមកញ៉ាំទេនិងខ្ញុំប្រាប់ម្តាយខ្ញុំពីបញ្ហានេះផង” វិចិត្រ
“ខ្ញុំអាចទៅជាមួយបានវិចិត្រ” គន្ធា
“ឥឡូវអ្នកណាទៅជាមួយគន្ធាម្នាក់ទៀតទៅ ទុកឱ្យខ្ញុំនៅមើលវិជ្ជនីក៏បាន” នីស័ក
“ឥឡូវខ្ញុំគិតចេះវិញ អេឡិចជាមួយគន្ធាទៅជាមួយវិចិត្រទៅ ដើម្បីទៅយកម្ហូប។ ទុកឱ្យខ្ញុំស៊ីណានិងនីស័កនៅទីនេះ ហើយចាំថ្ងៃស្អែកពួកខ្ញុំទៅម្តង ដើម្បីរកមាន់និងអញ្ជើញអ្នកភូមិមកទីនេះគិតយ៉ាងម៉េចដែរ” សិទ្ធិ
“ចឹងក៏បានដែរ! ចឹងគន្ធាទៅជាមួយអេឡិចនិងវិចិត្រទៅឆាប់ត្រលប់មកវិញផង” នីស័ក
“អេឡិច! ហ្អែងទៅជាមួយគេយកអីមកញ៉ាំនៅក្នុងភូមិ” នីស័ក
“បាទ! បាទ!” អេឡិច
វិចិត្រ គន្ធា និងអេឡិចក៏បានធ្វើដំណើរចាកចេញពីខ្ទមលោកយាយ។ បានទៅដល់ផ្ទះខ្លួនភ្លាម វិចិត្របានប្រាប់ដំណឹងទៅម្តាយហើយឱ្យគាត់ជួយរកអ្នកភូមិ ដើម្បីជួយរៀបចំរំដោះអំពើបណ្តាសារបស់ម្ចាស់កោះ។ និយាយពីស៊ីណា នីស័ក និងសិទ្ធិអង្គុយរង់ចាំពួកគេត្រលប់មកវិញយ៉ាងតក់ក្រហល នីស័កដើរចុះឡើងមួយសន្ទុះធំ។ ក្រឡេកទៅក៏ឃើញអេឡិចដើរជាមួយ គន្ធានិងវិចិត្រមានយួរម្ហូបនឹងដៃ នីស័កលែងមានក្តីបារម្ភ។ ម៉ោង៧កន្លះទៅហើយទូរស័ព្ទមួយៗ ក៏អស់ថ្មទៀតមិនអាចចុចពិលបញ្ចាំងភ្លឺបានទេ មានតែពន្លឺព្រះខែទេ ដែលអាចឱ្យពួកគេមើលឃើញអ្វីៗបាន។ ពួកគេបានរើសមែកឈើ ដើម្បីបង្កាត់ភ្លើងកម្ដៅខ្លួន ដោយសារតែពេលយប់ឡើងត្រជាក់ពិបាកទ្រាំរស់នៅ។ ក្រោយពីបង្កាត់ភ្លើងរួច ក៏បានរៀបចំញ៉ាំបាយនៅលើគ្រែមុខផ្ទះលោកយាយ វិចិត្រក៏បានអញ្ជើញលោកយាយពិសាបាយតែលោកយាយមិនហូបទេ គាត់ពិសាតែពេលព្រឹកប៉ុណ្ណោះ។ ព្រលឹមឡើងគាត់ទៅក្នុងភូមិ ដើម្បីពិសាអាហារ ដោយសារអ្នកភូមិចូលចិត្តគាត់គ្រប់គ្នាទោះបីគាត់កាចក៏ដោយ។ ចំណែកវិជ្ជនីញ័រញាក់ខ្លួនមិនអាចញ៉ាំអ្វីបានទេ លោកយាយបានដួសទឹកហើយកូរឱ្យវិជ្ជនីផឹក បានធូរមួយពេលៗដែរ។ ក្រោយពីញ៉ាំអីរួចហើយពួកគេក៏រកកន្លែងសម្រាក ដោយស៊ីណា គន្ធា អេឡិចដេកលើគ្រែ។ ចំណែកសិទ្ធិ នីស័ក និងវិចិត្រយកកន្ទេលលោកយាយមកក្រាលនៅលើដីខ្សាច់មុខគ្រែដើម្បីសម្រាកនៅទីនោះ។ ដេកបានមួយសន្ទុះឮសំឡេង ចចេចចចាចចេញពីខ្ទមលោកយាយ ឡើងគួរឱ្យខ្លាច។ ធ្វើឱ្យនីស័កនិងវិចិត្រភ្ញាក់ព្រឺតងើបពីដេកឡើងសំដៅចូលទៅក្នុងខ្ទមលោកយាយឃើញវិជ្ជនីកំពុងប្រកាច់ពេញលើគ្រែ។ នីស័ក និងវិចិត្រចូលទៅចាប់វិជ្ជនីកំពុងប្រកាច់លើគ្រែ។ លោកយាយបានសូត្រធម៌ ហើយយករូបព្រះរុញលើខ្លួនវិជ្ជនីចុះឡើងៗ មួយសន្ទុះក្រោយវិជ្ជនីក៏សន្លប់បាត់ទៅ៖
“វិជ្ជនី! វិជ្ជនីយ៉ាងម៉េចហើយ!” នីស័ក
“មិនអីទេចៅ! មិត្តចៅគ្រាន់តែសន្លប់ប៉ុណ្ណោះ លោកម្ចាស់ដីកោះ គេមកទារដង្វាយហើយចៅបើមិនអ៊ីចឹងទេមិត្តចៅនឹងស្លាប់!” លោកយាយ
“ចឹងលោកយាយជួយមិត្តខ្ញុំផង” នីស័ក
“កុំភ័យនីស័ក! លោកយាយនឹងជួយមិត្តរបស់ឯង” វិចិត្រ
“ចឹងចៅទៅសម្រាកទៅថ្ងៃស្អែក ចាំទៅអញ្ជើញអ្នកភូមិនិងយកសំណែនមាន់ឆ្កាងណាចៅចិត្រ” លោកយាយ
“បាទលោកយាយ” វិចិត្រ
និយាយចប់វិចិត្រនិងនីស័ក ដើរទៅសម្រាកភ្នែកនីស័កសម្លឹងមើលវិជ្ជនីគួរឱ្យអាណិត។ ព្រលឹមស្រាងៗ នីស័កបានក្រាកចូលទៅក្នុងខ្ទមរបស់លោកយាយឃើញវិជ្ជនី មិនដឹងបាត់លោកយាយមិនដឹងទៅណា។ នីស័កចាប់លើកវិជ្ជនី ហើយក៏បានដួសទឹកឱ្យវិជ្ជនីផឹក។ គ្រប់គ្នាដទៃទៀត បានងើបឡើង ដេកលក់មិនដឹងខ្លួន មិនដឹងថាមានអ្វីកើតឡើងយប់មិញ។ ម្នាក់ៗបានដើរទៅលប់មុខ រួចក៏មកអង្គុយលើគ្រែ៖
“អឺ! នីស័កបាត់ទៅណា” សិទ្ធិ
“មែនតា៎! វិចិត្រមានឃើញនីស័កអត់” គន្ធា
“នីស័ក! គេនៅក្នុងផ្ទះនោះ” វិចិត្រ
“អេឡិចម៉េចហើយហាស! ធ្វើមុខអាក្រក់ម៉េសហ្នឹង! ហ្អែងធ្លាប់តែនៅកន្លែងស្រួល ឥឡូវពិបាកមានអារម្មណ៍ម៉េចដែលហាស” សិទ្ធិ
“អញធុញណាស់! អញចង់ត្រលប់ទៅអាមេរិកវិញ នឹកប៉ាម៉ាក់អញណាស់ នៅនេះអត់ភ្លើងប្រើអីក៏អត់កើត ទូរសព្ទនិងកាម៉េរាអស់ថ្មរលីង” អេឡិច
“ទ្រាំទៅធ្វើមិច បើដើរលេងសប្បាយអ្នកណាទៅដឹងមានរឿងបែបនេះ” ស៊ីណា
“មិចហើយគ្នាយើង កុំអស់សង្ឃឹមថ្ងៃស្អែកវិជ្ជនីនឹងជាហើយ។ ហើយថ្ងៃស្អែកនេះជាថ្ងៃសែនឱ្យម្ចាស់ដីកោះ” នីស័ក
“សង្ឃឹមចឹងចុះនីស័ក” គន្ធា
លោកយាយមិនដឹងមកពីណាទេ បាត់មួយសន្ទុះ ក៏បានដើរមកដល់៖
“ចៅៗ! ក្រោកហើយនៅ ចិត្រចៅឯងទៅប្រាប់អ្នកភូមិ ឱ្យមកទីនេះនៅថ្ងៃស្អែក នឹងយកគ្រឿងដើម្បីសែនព្រេនផងណាចៅ” លោកយាយ
“បាទ! លោកយាយ” វិចិត្រិ
លោកយាយក៏បានដើរចូលទៅខាងក្នុងខ្ទម។ និយាយពីក្រុមនីស័កវិញ ពួកគេក៏បបួលគ្នា ទៅផ្ទះអ្នកភូមិវិចិត្រ ដើម្បីរៀបចំធ្វើពិធីនៅថ្ងៃស្អែក។ ពួកគេក៏បានទៅទាំងអស់គ្នា ទុកវិជ្ជនីចោលជាមួយលោកយាយ។ ពួកគេដើរទៅដល់ផ្ទះអ្នកភូមិ ដោយនឿយហត់នឹងអស់សង្ឃឹម តែវិចិត្រចេះតែនាំនិយាយឱ្យគ្រប់គ្នាសើចសប្បាយកុំឱ្យបារម្ភច្រើន ទៅដល់ភ្លាមពួកគេបានទៅក្នុងផ្ទះវិចិត្រ៖
“ជម្រាបសួរពូមីង” ក្រុមនីស័ក
“ចាសក្មួយ អង្គុយសិនមក” ម៉ែវិចិត្រ
“ហើយឮថាមិត្តភក្តិរបស់ក្មួយឈឺ” ពុកវិចិត្រ
“បាទពុកមិត្តគេនឹងឈ្មោះវិជ្ជនី ឥឡូវកំពុងនៅក្នុងខ្ទមលោកយាយសួនណាពុក” វិចិត្រ
“អើ ឮម៉ែកូននិយាយ ហើយបានធូរឬនៅ” ពុកវិចិត្រ
“នៅទេលោកពូ ថ្ងៃស្អែកនេះហើយដើម្បីរៀបចំ សំណែនឱ្យម្ចាស់កោះលោកពូ” នីស័ក “ចឹងរំខានពូមីងជួយអញ្ជើញចាស់ទុំទៅថ្ងៃស្អែកផង និងជួយរកមាន់ទៀនធូបឱ្យខ្ញុំផង ខ្វះប៉ុន្មានអីប្រាប់ពួកខ្ញុំពូមីង ឱ្យតែមិត្តខ្ញុំជា” នីស័ក
“មែនហើយពូមីង បើបានមិត្តខ្ញុំជា ពួកខ្ញុំមិនភ្លេចគុណពូមីងនិងវិចិត្រទេ” សិទ្ធិ
“ចាស! មិនអីទេក្មួយចឹងហូបបាយថ្ងៃសិនទៅល្ងាចចាំត្រលប់ទៅវិញ” ម៉ែវិចិត្រ
“បាទ! ចាសអរគុណពូមីង” មិត្តនីស័ក
ក្រោយពីសំណេះសំណាលនិងបរិភោគអាហារថ្ងៃត្រង់រួច អង្គុយជជែកគ្នាឡើងយូរល្ងាចទៅហើយពួកគេត្រូវត្រលប់ទៅវិញ។ ក្រោយមកពួកគេក៏បានលាពុកម៉ែវិចិត្រ ត្រលប់ទៅខ្ទមលោកយាយវិញ ដើម្បីទៅមើលវិជ្ជនីផង។ ពេលដែលត្រលប់ទៅ ថ្ងៃរៀបអស្តង្គតទៅហើយ ចំណែកមេឃក៏បានចុះងងឹតបន្តិចម្តងៗ ចៃដន្យអីដើរបានពាក់កណ្តាលផ្លូវមេឃរលឹមតក់ៗ ប៉ះខ្លួនរបស់ពួកគេ។ ដោយហេតុខ្លាចមេឃភ្លៀងខ្លាំងពួកគេព្យាយាមរត់ ដើម្បីឱ្យឆាប់ដល់កុំឱ្យភ្លៀងទាន់។ រត់ៗមិនដឹងថាហេតុអ្វី មកដល់កន្លែងឈរ ពេលដែលទឹកភ្លៀងស្រក់លើខ្លួនរបស់ពួកគេ ដោយមិនចាប់អារម្មណ៍គ្រប់គ្នា ពួកគេក៏បានរត់ទៅមុខបន្តទៀតជាលើកទី២ទៅហើយ។ នីស័កក៏ឈប់មួយកន្លែង៖
“ម៉េចយើងមកដល់កន្លែងដដែលចឹងហាស!” នីស័ក
“មានឯណានីស័ក យើងមិនទាន់ដល់ហ្នឹងណា” គន្ធា
“មែនហើយដូចមិនស្រួលទេអាស័ក” សិទ្ធិ
“ខ្ញុំក៏គិតអ៊ីចឹងដែរ” ស៊ីណា
“តើយើងត្រូវធ្វើយ៉ាងមិចទៅ?” អេឡិច
“កុំភ័យអី គ្រាន់តែគេបំភាន់ភ្នែកយើងទេ” វិចិត្រ
វិចិត្រលើកដៃសំពះនៅលើថ្ងាស លុតជង្គង់ឱនទៅដី មិនដឹងនិយាយអ្វីខ្លះ។ ពេលដែលងើបឈរឡើងវិញសម្លឹងមើលទៅខាងមុខឃើញខ្ទម លោកយាយឡើងច្បាស់ក្រឡែក តែមេឃរាងចុះអាប់បន្តិច។ ពួកគេរត់សំដៅយ៉ាងលឿនរត់មួយទំហឹង ពេលដល់ខ្ទមភ្លាម មេឃចាប់ផ្តើមធ្លាក់ភ្លៀងមករ៉ូដូចចាក់ទឹក។ ពួកគេសម្លឹងមើលទៅមុខវិចិត្រយ៉ាងចម្លែក៖
“មានរឿងអីមើលមុខខ្ញុំហ្នឹង!” វិចិត្រ
“វិចិត្រឯងសូត្រអីខ្លះ? បានអាចរកខ្ទមលោកយាយឃើញ” សិទ្ធិ
“ម្ចាស់ដីកោះតែងតែបំភាន់ភ្នែកអ្នកភូមិរហូតហ្នឹង!
ហើយដោយខ្ញុំជាកូនមេភូមិ ឪពុកធ្លាប់ប្រាប់បាលីដល់ខ្ញុំ ដើម្បីស្វែងរកផ្លូវឱ្យឃើញវិញពេលយើងវង្វេង” វិចិត្រ
“អរ! អ៊ីចឹងទេអី” គន្ធា
ពួកគេក៏បានចូលទៅខ្ទម ឃើញលោកយាយកំពុងសមាធិក ចំណែកវិជ្ជនីនៅសន្លប់លើគ្រែ។ ដោយខ្លាចរំខានលោកយាយ ពួកគេក៏បានដើរចេញមកខាងក្រៅវិញ។ អង្គុយនៅលើគ្រែសម្លឹងទៅមើលមេឃកំពុងភ្លៀង។ ព្រលឹមឡើង ម្នាក់ៗទន្ទឹងរង់ចាំអ្នកភូមិមកចូលរួមរៀបចំពិធីសែនព្រេន យ៉ាងតក់ក្រហលអង្គុយសម្លឹងឆ្វេងស្តាំយ៉ាងអស់សង្ឃឹម៖
“ម៉េចហើយទេ! ចិត្រមិនទាន់ឃើញអ្នកភូមិមកអ៊ីចឹង” នីស័ក
“បើមិនស្រួលទេ យើងទៅក្នុងភូមិម្តងទៀតម៉ងទៅ” សិទ្ធិ
“កុំទាន់អាល់តក់ក្រហល មិនទាន់យប់ឯណា” វិចិត្រ
“មែនហើយនីស័ក! មិនទាន់យប់ទេ ប្រហែលគាត់ជាប់រវល់អីហើយ” គន្ធា
“នុះ! គាត់ដើរមកហើយតា៎!” ស៊ីណា
“មកហើយនីស័កកុំបារម្ភ” អេឡិច
ម្តាយវិចិត្របានដើរមក ព្រមទាំងមានផ្លែឈើ ទៀនធូបនិងមាន់ខ្មៅពីរក្បាល ជាមួយមនុស្សចាស់៥នាក់ មកជាមួយ ហើយពួកគាត់សុទ្ធតែស្លៀកសទាំងអស់៖
“ម៉ោះៗ! ទុកឱ្យខ្ញុំជួយមីង” គន្ធា
“ចាស! អរគុណ” ម៉ែវិចិត្រ
“មើលស៊ីណាអត់ចិត្តសោះ” សិទ្ធិ
“ចុះយើងនឹងមិនទៅជួយយក” ស៊ីណា
“គន្ធាជួយយកហើយ” សិទ្ធិ
“ចឹងក៏និយាយដែរ” ស៊ីណា
“លោកយាយជម្រាបសួរ! អញ្ជើញអង្គុយលើគ្រែសិនមក” វិចិត្រ
“អេឡិចចុះមកឱ្យលោកយាយអង្គុយ” នីស័ក
“ចិត្រឯណាយាយកូន” ម៉ែវិចិត្រ
“គាត់នៅក្នុងម៉ែ” វិចិត្រ
ម្តាយវិចិត្រក៏ដើរចូលទៅខាងក្នុងខ្ទម៖
“ជម្រាបសួរម៉ែ” ម៉ែវិចិត្រ
“អើ! អង្គុយសិនមក” លោកយាយ
“យ៉ាងម៉េចហើយម៉ែ! កូនហ្នឹងរៀងធូរឬនៅ” ម៉ែវិចិត្រ
“មិនទាន់ធូរទេកូនអើយ! យប់ហ្នឹងហើយ! បើមិនជាមានតែស្លាប់ តែកូននេះបានគ្រូបាធ្យាយជួយដែលទបានរស់ដល់ថ្ងៃនេះណា៎កូន!” លោកយាយ
“ចឹងកូនលាម៉ែទៅក្រៅសិន មើលរៀបឱ្យចាស់ទុំនិងក្មេងៗ ហូបអីសិន” ម៉ែវិចិត្រ
“ហើយចាស់ៗក្នុងភូមិមកប៉ុន្មាននាក់?” លោកយាយ
“មក៥នាក់ម៉ែ មានយាយនួន យាយភាសន៍ យាយមិត និងយាយសាន្តណាម៉ែ” ម៉ែវិចិត្រ
“អើ! អញ្ជើញមកល្អហើយ ពួកវាសុទ្ធតែចេះដូចអញ” លោកយាយ
“ចឹងកូនទៅក្រៅហើយ” ម៉ែវិចិត្រ
“អើ! មើលរៀបចំម្ហូបអាហារឱ្យពួកវាទៅ” លោកយាយ
“ចាស! ម៉ែ” ម៉ែវិចិត្រ
ម្តាយវិចិត្រចេញមកក្រៅ ហើយបានរៀបចំម្ហូបអាហារឱ្យចាស់ៗ និងក្រុមនីស័ក។ ដោយចាស់ៗមួយវង់នៅលើគ្រែ ចំណែកក្រុមនីស័កមួយវង់ក្រាលកន្ទេលនៅលើដីខ្សាច់។ ក្រោយពីរៀបចំហូបអីរួចហើយ ពួកគេនាំគ្នាសម្រាក។ នីស័កបានដើរទៅ ភ្នែកសម្លឹងឃើញទូកមួយមានមនុស្សប្រុសបក់ដៃហៅ ពីចម្ងាយបំណងឱ្យឡើងជិះទូក។ នីស័កដើរសំដៅទៅរកទូកនោះ ពេលដើរទៅដល់សម្លឹងមើលក្នុងទូក សុទ្ធតែមនុស្សងាប់ពេញទូក សុទ្ធតែឈាម ឃើញបែបនេះបែកញើសភ័យស្លន់ស្លោរត់ត្រលប់មកខ្ទមវិញ។ រត់ៗដោយមិនបានមើលមុខក្រោយក៏បានដួលជំពប់ជើងលើដីខ្សាច់ ស្រាប់តែមានបុរសម្នាក់សម្បុរខ្មៅ មាឌធំ ស្លៀកក្បិនស ដោះអាវពាំងផ្លូវ ចង្អុលទៅនីស័កថាយើងថា៖ “យើងនឹងយកជីវិតឯង” ដោយងើបមិនរួចមានតែខិតគូទទៅក្រោយបន្តិចៗ ដើម្បីរកផ្លូវរត់។ តែបុរសម្នាក់នោះ បានទាញកាំបិតពីចង្កេះចាក់ទៅនីស័ក។ នីស័កភ្ញាក់ខ្លួនឡើង បែកញើសក្បាលជោគ មុខឡើងស្លេកភិតភ័យ សម្លឹងមើលទៅមិត្តភក្តិខ្លួន គេអង្គុយមើលមុខនីស័កគ្រប់គ្នា។ ហើយលោកយាយម្នាក់បានយកខ្សាច់មកវាសលើខ្លួននីស័ក ហើយបោះទៅលើដីខ្សាច់វិញ៖
“កុំគិតច្រើនណាចៅ គ្រាន់តែយល់សប្តិទេ” យាយនួន
“មានរឿងអីអាស័ក បែកញើសម៉េសហាស!” សិទ្ធិ
“អញយល់សប្តិអាក្រក់!” នីស័ក
“យល់សប្តិឃើញអី” គន្ធា
នីស័កគិតមួយសន្ទុះ៖
“គ្មានអីទេ! ហើយម៉ោងប៉ុន្មានហើយ” នីស័ក
“ម៉ោង៥ល្ងាចហើយ អាស័ក! ហ្អែងដេកយូរជាងគេ” សិទ្ធិ
“ចុះអាឡិចនិងស៊ីណាពួកវាទៅណាហើយ” នីស័ក
“នោះពួកវា កំពុងឈរលេងមើលកោះនោះ” គន្ធា
“អាឡិច ស៊ីណា ធ្វើអីហ្នឹង!” នីស័ក
“ចាស នីស័ក មកនេះមក មើលថ្ងៃលិចនោះស្អាតណាស់” ស៊ីណា
ពួកគេនាំគ្នាដើរសំដៅ ទៅតាមស៊ីណាចង្អុល ឃើញថ្ងៃលិចស្អាតខ្លាំងណាស់ លិចបន្តិចម្តងៗ ក៏លិចបាត់ទៅ នៅកោះម្ខាងទៀត។
“តើថ្ងៃណាពួកយើង ទើបអាចត្រលប់ទៅផ្ទះយើងវិញ?” អេឡិច
“ថ្ងៃស្អែកនេះហើយអាឡិច” សិទ្ធិ
“ចុះបើស្អែកវិជ្ជនី នៅមិនទាន់ជា តើយើងត្រូវនៅប៉ុន្មានថ្ងៃទៀត?” អេឡិច
“ម៉េចអាឡិច បើអ្ហែងចង់ទៅផ្ទះមុន អ្ហែងត្រលប់មុនទៅ” ស៊ីណា
“ស៊ីណាអ្ហែងម៉េចនិយាយចឹង” អេឡិច
“អើអ្នកណាចង់នៅកន្លែងនេះ អ្ហែងមានសួរអញអត់ អញចង់នៅកន្លែងនេះមែនអាឡិច” ស៊ីណា
“កុំឈ្លោះគ្នាអី” គន្ធា
“បើចឹងទេ ថ្ងៃស្អែកវិជ្ជនីមិនទាន់ជា ពួកឯងត្រលប់ទៅភ្នំពេញវិញទៅ ចាំខ្ញុំប្រាប់វិចិត្រ ហើយខ្ញុំនៅទីនេះមើលវិជ្ជនី” នីស័ក
“អាស័កអ្ហែងឆ្កួតទេអី ហ្អែងឱ្យពួកអញទៅយ៉ាងម៉េច ទុកពីរនាក់ឯងចោលនៅទីនេះ វាមិនអាចទេអាស័ក” សិទ្ធិ
“កុំគិតអីឆ្កួតអាស័ក អញមិនអាចទៅចោលពីរនាក់អ្ហែងបានទេ” ស៊ីណា
“អាស័ក អញសុំទោសអញមិនអាចទៅចោលអ្ហែងបានទេ” អេឡិច
“ត្រូវរឹងមាំ កុំឈ្លោះគ្នា បើស្លាប់ត្រូវស្លាប់ទាំងអស់គ្នា” គន្ធា
ពួកគេបានឱបគ្នាយំ ចំណែកវិចិត្រឈរមើលពីខ្ទមក៏ស្រក់ទឹកភ្នែកដែរ។ ក្រោយពីជូតទឹកភ្នែកអីរួច ពួកគេបានដើរកាន់ដៃគ្នា ត្រលប់មកខ្ទមវិញ។ លោកយាយបានចេញពីខ្ទម ចាត់ចែងពួកគេរៀបចំ ដើម្បីសែនព្រេនឱ្យម្ចាស់កោះ។ យកមាន់ខ្មៅទៅដោតនឹងឈើ យកទៀនទៅតម្រៀបតាមកោះ។ យប់នេះជាយប់ខែពេញបូរមី ជាថ្ងៃដែលព្រះចន្ទមូលក្រឡង់ និងជាថ្ងៃដែលពួកព្រាយ បិសាច មានរិទ្ធិអំណាចខ្លាំង។ ពួកគេបានរៀបចំយកទៀនទៅដោតកន្លែងណា ដែលសំខាន់លោកយាយប្រាប់។ នឹងបានដោតជារង្វង់មូល ដើម្បីឱ្យវិជ្ជនីដេកក្នុងនោះ ដើម្បីកុំឱ្យខ្មោចព្រាយ បិសាចប៉ះពាល់ខ្លួនវិជ្ជនីបាន។ ម៉ោង៧ល្ងាច ពិធីក៏បានរៀបចំរួចជាស្រេច វិចិត្រក៏បានលើកវិជ្ជនីជាមួយសិទ្ធិយកដាក់ក្នុងរង្វង់ទៀន។ ចំណែកលោកយាយក៏បានមកសមាធិកនៅមុខរង្វង់ទៀននោះ ចំណែកចាស់ៗដទៃទៀត បានអង្គុយជុំវិញរង្វង់ទៀននោះផងដែរ។ ក្រុមនីស័កនៅខាងក្រោយយាយសួន។ ពួកគេបានត្រៀមចាំដើរដុតទៀន នៅពេលដែលព្រះចន្ទពេញបូរមី។ នៅមុខលោកយាយដែលកំពុងសមាធិកមានមាន់ឆ្កាងពីរក្បាល ផ្លែឈើ ទៀនធូប អង្ករសណ្តែក និងសំណែនមួយកន្ទោងដាក់ក្នុងស្លឹកចេក។ ព្រះចន្ទបានបង្ហាញរូបរាងភ្លឺចាំងចែង មូលក្រឡង់ស្អាតខ្លាំងណាស់។ លោកយាយបានបញ្ជាឱ្យពួកចៅៗ ដើរអុបទៀនគ្រប់ទីកន្លែងដែលបានដោត។ លោកយាយចាប់ផ្តើមសូត្របាលីជាមួយ លោកយាយផ្សេងៗទៀត។ មិនគួរឱ្យជឿ បានតែមួយភ្លែត ពពកបានបាំងព្រះចន្ទងងឹតស្លុបវិញ។ គ្រាន់តែមានអព្ហូតហេតុនេះភ្លាម លោកយាយបានឱ្យក្រុមនីស័ក ដើរពន្លត់ទៀនវិញ មិនអាចបំភ្លឺតទៅទៀតបានទេ។ គ្រប់គ្នាឆ្លេឆ្លាក្រោកពន្លត់ទៀន តែខ្យល់បក់មកមួយវឹង រលត់ទៀនអស់។ លោកយាយបានចាប់អង្ករមួយក្តាប់យកមកសូត្រ ហើយបានវាសទៅលើវិជ្ជនី ខ្យល់ចាប់ផ្តើមស្ងប់ទៅវិញ។ ពន្លឺព្រះចន្ទបានបង្ហាញម្តងទៀត គ្រប់គ្នាក៏បានដើរដុតទៀនម្តងទៀត។ លោកយាយបានចាប់ផ្តើមធ្វើពីធីជិតសមុទ្រតែម្តង ចាប់ផ្តើមសូត្ររំដោះគ្រោះចេញពីវិជ្ជនី។ គ្រប់គ្នាលើកដៃសំពះបួងសួង សូត្រតាមលោកយាយជាមួយយាយៗដទៃទៀត។ អេឡិចចោលភ្នែកទៅឃើញទូកមួយអណ្តែតមកបន្តិចម្តងៗ ព្រមទាំងមានគោមភ្លើងនៅលើទូកសំឡេងឮឃ្លូងៗ ដូចមានអ្នកអ៊ុំទូកអ៊ីចឹង តែគ្មានឃើញមនុស្សទេ។ អេឡិចមានអារម្មណ៍ក្នុងចិត្តដូចធ្លាប់ឃើញទូកនឹងនៅកន្លែងណា។ គ្រប់គ្នាបិទភ្នែកអស់ហើយ លោកយាយនិយាយ៖
“នរណាក៏បានដែរចៅ យកសំណែននេះយកទៅដាក់លើទូកទៅ គេមកទទួលយកហើយមិត្តចៅនឹងលែងអី” លោកយាយ
គ្រប់គ្នាបើកភ្នែកមើលមុខគ្នាសម្លឹងទៅ ឃើញទូកដូចលោកយាយនិយាយមែន តែអេឡិចឃើញមុន តែគេមិននិយាយ៖
“ឥឡូវនរណាយកសំណែននេះទៅដាក់លើទូក” គន្ធា
“អាស័ក” គ្រប់គ្នានិយាយ
“ទៅមិនអីទេ តាំងចិត្តឱ្យស្ងប់ទុកខ្ញុំយកទៅក៏បានដែរ” នីស័ក
នីស័កងើបឡើងកាន់សំណែនដែលសែនក្នុងស្លឹកចេកនោះ យកទៅទម្លាក់ក្នុងទូក តែដើរមិនហ៊ានបើកភ្នែកទេខ្លាច។ ក្រោយពីទម្លាក់រួច ទូកនោះបានរំកិលចេញពីកោះបន្តិចម្តងៗ រហូតឆ្ងាយទៅៗមេឃចុះអាប់មើលលែងឃើញ។ នីស័កក៏ដើរមកកន្លែងអង្គុយវិញ៖
“គេព្រមទទួលហើយចៅ អ៊ីចឹងមិត្តចៅលែងអីហើយ” លោកយាយ
“បាទលោកយាយ ចៅអរគុណលោកយាយណាស់” នីស័ក
“អរគុណណាស់លោកយាយ” ក្រុមនីស័ក
“គ្រប់គ្នាកុំទាន់អាលទៅណា! មានព្រលឹងខ្មោចមករំខាន” លោកយាយ
“ចៅជួយអង្ករនេះទៅ ចាក់លើខ្លួនមិត្តចៅទៅ គេចូលក្នុងរង្វង់ភ្លើងនេះមិនកើតទេ” លោកយាយ
នីស័កបានយកអង្ករនេះទៅចាក់លើខ្លួនវិជ្ជនី សម្រែកវិជ្ជនីស្រែកឡើងក្រឡូងគួរឱ្យខ្លាចហើយក៏សន្លប់បាត់ទៅ។
“ចៅៗអាចយកនាងបានហើយ គេព្រមទទួលយកសំណែនដែលយើងបានដាក់ថ្វាយហើយចៅអាចយកមិត្តចៅទៅសម្រាកបាន។ ចំណែកយាយៗនិងម៉ែអាចិត្រអាចទៅសម្រាកបានហើយ” លោកយាយ
លោកយាយ និងយាយៗដទៃទៀត ព្រមទាំងម្តាយវិចិត្របានក្រោកឡើងហើយ ដើរទៅអង្គុយលើគ្រែ សម្លឹងមកមើលក្រុមនីស័ក។ ចំណែកក្រុមនីស័កឱបវិជ្ជនីយំគ្រប់គ្នា អាណិតវិជ្ជនីផងនិងហត់នឿយអស់កម្លាំងជាច្រើនថ្ងៃដែលបានជួបរឿងទាំងអស់នេះ។ លោកយាយៗគាត់បានចូលទៅខ្ទមទៅជជែកជាមួយលោកយាយសួន និយាយពីនេះពីនោះ។ ក្រុមនីស័កបានលើកវិជ្ជនីមកដាក់លើកន្ទេលហើយក៏នាំគ្នាសម្រាក។ មេឃភ្លឺមិនទាន់ស្រួលផង វិជ្ជនីបានក្រោកឡើងឈរមើលទៅមាត់សមុទ្រម្នាក់ឯង អ្នកដទៃទៀតនៅសម្រាកនៅឡើយ។ ទឹកមុខវិជ្ជនីប្រែជាស្រស់ថ្លាជាងមុន ឈរឱបដៃជាមួយខ្យល់ត្រជាក់បក់មកម្តងៗ។ នីស័ក និងសិទ្ធិងើបឡើងដើរសំដៅមករកវិជ្ជនី ហើយមើលមុខវិជ្ជនីសើច។ វិជ្ជនីអស់សំណើចក្នុងចិត្តក៏សើចដែរ។ ចំណែកគន្ធា ស៊ីណា និងអេឡិបានដើរលបៗរួចនាំគ្នាលើកនីស័កបោះចូលក្នុងទឹកព្រូង សើមជោកទាំងព្រឹក។ វិចិត្រឈរមើលសើចពីចម្ងាយ គន្ធាដើរទៅជិតក៏ទាញដៃមកលេង ជះទឹកដាក់គ្នាយ៉ាងសប្បាយ។ ក្រោយពីលេងសប្បាយរួច គ្រប់គ្នាក៏បានផ្លាស់សំលៀកបំពាក់ ថ្វាយបង្គំលោកយាយគ្រប់គ្នា ត្រលប់មកភ្នំពេញវិញ។ ក្រោយពីលាលោកយាយរួច ពួកគេបានចូលអុបធូបក្នុងខ្ទមលោកយាយ ហើយបានឱ្យវិចិត្រនាំពួកគេ ដើម្បីត្រលប់ទៅរកទូកវិញ។ ពេលទៅដល់ភូមិវិចិត្រ ពួកគេបានចូលលាពុកនិងម្តាយវិចិត្រ និងព្រមទាំងចាស់ៗនៅក្នុងភូមិផងដែរ។ វិចិត្រនាំពួកគេទៅកន្លែងទូក របស់ពួកគេវិញ។ ពេលដើរតាមផ្លូវត្រលប់ទៅរកទូកវិញ ម្នាក់ៗដើរមើលក្រោមគ្រប់ៗគ្នា មិនហ៊ានដើរផ្តេសផ្តាសទៀតទេ។ គ្រប់គ្នាបានឃើញសំណែនគេទុកចោលនៅតាមផ្លូវគេដើរ ម្នាក់ៗភ្ញាក់ព្រឺតគ្រប់គ្នាគួរឱ្យខ្លាច។ ពេលដែលដើរហួសផុត នីស័កងាកក្រោយឃើញខ្មោចកំពុងតែស៊ីសំណែននោះ។ នីស័កឃើញបែបនេះងាកមុខចេញយ៉ាងលឿន ពេលដើរទៅដល់មុខគេគ្រប់គ្នា ។ ទៅដល់ទូកបានងាកឆ្វេងស្តាំរកពូអ្នកបើកទូកតែមិនដឹងបាត់ទៅណា។ ចំណែកក្នុងទូកសុទ្ធតែទឹក ដោយរកទូកដទៃគ្មាន វិចិត្រសម្រេចចិត្តបើកទូកនេះ ជូនក្រុមនីស័កត្រលប់ទៅគោកវិញ។ គ្រប់គ្នាបានឡើងលើទូក នីស័កបានហុចបោយបាចទឹកទៅឱ្យអេឡិច និងសិទ្ធិ។ វិចិត្របានបញ្ឆេះម៉ាស៊ីន ២ ៣ដងបានឆេះ៖
“វិចិត្រចេះបើកទូកដែរ” គន្ធា
“គេកូនអ្នកកោះប៉ុនណាណី គ្រាន់តែទូកនឹងអត់ចេះបើក!” ស៊ីណា
“ចេះបើកតាំងអាយុ១០ឆ្នាំនោះ ហាសហា” វិចិត្រ
វិចិត្របានបញ្ឆេះម៉ាស៊ីនទុករួច ក៏បានអាយ៉ែក្បាលទូករួចចេញដំណើរ៖
“ខ្ញុំលាហើយជួយថែរក្សាពួកខ្ញុំផងលោកម្ចាស់ដីកោះ” នីស័ក
អេឡិច និងសិទ្ធចេះតែបាចទឹកទូកទៅ នីស័កឃើញវិជ្ជនីអង្គុយស្រងូតស្រងាត់ អត់មាត់អត់ក ក៏បានដើរទៅជិត៖
“ម៉េចហើយស្រងូតស្រងាត់ម៉េស!” នីស័ក
“គ្មានអីទេ! គ្រាន់តែមិនសូវសប្បាយចិត្ត” វិជ្ជនី
“អត់សប្បាយចិត្តរឿងអី?” នីស័ក “កុំគិតច្រើន គិតថាវាយល់សប្តិទៅ ហើយបើកភ្នែកមកវិញវារលាយអស់ហើយ” នីស័កបានលូកដៃប៉ះទឹក ហើយយកមកផ្ទាត់ដាក់មុខវិជ្ជនី
“កុំលេងអ៊ីចឹងមើល ប្រយ័ត្នធ្លាក់ទឹក” វិជ្ជនី
“អេឈប់ញ៉ែគ្នាទៅ មកបាច់ទឹកទូកជំនួសអញអាស័ក” សិទ្ធិ
“ស្អីទេអញ អាណាញ៉ែគ្នា” នីស័ក
“វិជ្ជនីអើយកុំជឿអាស័កពេក” អេឡិច
“ចេះស្អីដែលទេអញបញ្ជូនទៅអាមេរិកវិញឥឡូវហើយ” នីស័ក
គ្រប់គ្នាសើច មិនដឹងយ៉ាងមិចដល់ពាក់កណ្តាលផ្លូវហើយ ម៉ាស៊ីនទូករលត់នៅកណ្តាលផ្លូវ៖
“កើតអីនឹងវិចិត្រ” គន្ធា
“មិនដឹងយ៉ាងម៉េចដែរ ទាញដេរហើយតែនៅតែអត់ឆេះ” វិចិត្រ
“មើលសាំងសិនមើល” នីស័ក
“អើស្ងួតឈឹង ចឹងបានរលត់អាស័ក” សិទ្ធិ
“ចឹងធ្វើមិច” វិជ្ជនី
“មានតែនាំគ្នាជួយអ៊ុំទៅ ឱ្យតែបានដល់គោក” ចិត្រ
“អ្នកណាចេះអ៊ុំទូក” គន្ធា
“អញអត់ចេះទេ” អេឡិច
“មិនប្រាប់ក៏ដឹងដែរ ហ្អែងនោះគ្មានចេះអីក្រៅពីស៊ីទេ” គន្ធា
“ទៅចែកគ្នាអ៊ុំ ម៉ាដៃម៉ាជើងទៅ” នីស័ក
“នីស័ក មានទូកគេនោះ ហៅគេឱ្យមកជិតជួយយើងមក” វិជ្ជនី
គ្រប់គ្នាខំស្រែកហៅ បក់ដៃជួយផងៗ តែគ្មានអ្នកឮ ដោយសារសំឡេងធុងបាសរំខានព្រមទាំងលើកកែវស្រាមកឈាដាក់ក្រុមនីស័កទៀត។
“អាឡប់ អញខំហៅវាឱ្យជួយបែបជាលើកដៃលាអញវិញ” សិទ្ធិ
“ទៅចឹងនាំគ្នាជួយគ្នាអ៊ុំគ្នាទៅ ទុកខ្ញុំអ្នកកាច់ចង្កូតទូក” វិចិត្រ
គ្រប់គ្នាបានយកបន្ទះរនៀបទូកយកមកអ៊ុំដោយសារតែច្រវ៉ាវាមានតែមួយ វិចិត្រចេះតែកាច់ក្បាលទូក ចំណែកក្រុមនីស័កចេះតែអ៊ុំឱ្យតែទៅមុខ។ អ៊ុំជិត៣ម៉ោង បានទៅដល់គោក បើប្រើម៉ាស៊ីនតែកន្លះម៉ោងទេ។ ពេលទៅដល់គ្រប់គ្នាបានលើកដៃសំពះអរគុណវិចិត្រ ព្រមទាំងឱបវិចិត្រមិនអស់អាល័យជាមួយវិចិត្រជាមនុស្សមិនដែលស្គាល់គ្នា ដែលបានជួយក្រុមនីស័កអស់ពីចិត្ត។ នីស័កក៏បានជូនលុយទៅវិចិត្រ តែវិចិត្រមិនទទួល៖
“ទទួលទៅវិចិត្រលុយប៉ុណ្ណឹងតិចទេ តែទឹកចិត្តវិចិត្រឯងខ្ញុំចាំមិនភ្លេចទេ ទទួលទៅយកចាយទៅ ទិញមាន់ យកទៅចិញ្ចឹមឱ្យច្រើនផងខ្ញុំមកលើកក្រោយចាំខ្ញុំទៅលេង” នីស័ក
វិចិត្រព្រមទទួលយកចុះពីទូក ចូលទៅវិញសាំងចាក់ទូក ហើយក៏ប្រឆេះម៉ាស៊ីនទូកត្រលប់ទៅកោះវិញ។ ក្រុមនីស័កលើកដៃគ្នាពីចម្ងាយលុះត្រាតែលែងឃើញវិចិត្រទម្លាក់ដៃចុះ។ ពួកគេបានត្រលប់មកយកឡានវិញដែលទុកអស់រយៈពេល៤ថ្ងៃ ផ្ញើម្ចាស់តូប។ ម្ចាស់តូបប្រាប់ពួកគេពីរឿងពីម្ចាស់ទូកដឹកពួកគេទៅកោះនោះ គឺគាត់បានស្លាប់បាត់ហើយ គឺថ្ងៃទីពីរដែលពួកគេចេញដំណើទៅដល់កោះ សពរបស់គាត់បានអណ្តែតមកច្រាំង ដោយមិនដឹងពីមូលហេតុនៃការស្លាប់របស់គាត់។ គ្រប់គ្នាឮបែបនេះបានយកដៃសំពះបួងសួងទៅគាត់ ឱ្យជួយថែរក្សាពួកគេ និងទៅកាន់សុគតិភព។ ក្រោយពីរៀបចំអីរួចរាល់ ពួកគេសំដៅទៅរកឡានរួចជិះទៅផ្ទះសំណាក់។ ក្រោយពីងូតទឹក រៀបចំខ្លួននិងអីវ៉ាន់រួច គិតលុយជាមួយម្ចាស់ផ្ទះសំណាក់ហើយ ពួកគេបានបើកឡានត្រលប់មកភ្នំពេញវិញ៕