រឿង៖ សម្លសុភមង្គល

កសាងគ្រួសារមួយ ហើយធ្វើឱ្យគ្រួសារនោះរស់នៅមានក្ដីសុខ និងមានសុភមង្គល វាពិតជារឿងដែលពិតបាកនឹងធ្វើទៅរួចណាស់តើមែនទេ?

ជីវិតគ្រួសារគឺមិនខុសគ្នាអ្វីទៅនឹងសម្លមួយឆ្នាំងនោះទេ! បើលាយគ្រឿងត្រូវសម្លគឺឆ្ងាញ់ តែបើលាយគ្រឿងខុសវិញ…ច្បាស់ណាស់សម្លនោះនឹងរកកោះត្រើយភាពឆ្ងាញ់នៃរសមិនឃើញឡើយ។

ជីវិតគ្រួសារខ្ញុំក៏មិនខុសគ្នាអ្វីទៅនឹងរសនៃសម្លមួយឆ្នាំង ដែលអ្នកស្លមិនស្គាល់គ្រឿងទេស មិនស្គាល់រូបមន្ត មិនស្គាល់របៀបលាយផ្សំគ្រឿង និងមិនឈ្លាសក្នុងការស្លនោះទេ។ វាល្ហល្វេវខ្លាំងណាស់…! រកកោះរកត្រើយ រកទីពឹងថាត្រង់នេះនឹងមានរសឆ្ងាញ់ក៏ទេ ថាត្រង់នេះនឹងមានរសគួរសមក៏មិនឃើញ…ហ៊ឹម…!

តែខ្ញុំនៅចាំថ្ងៃមួយ ថ្ងៃដែលគ្រួសារខ្ញុំស្លសម្លមួយឆ្នាំរួមគ្នា។ នៅតែចាំភាពឆ្ងាញ់នៃរសក្នុងសម្លមួយឆ្នាំងនោះមិនដែលភ្លេចម្ដងណាឡើយ ហើយខ្ញុំក៏នៅតែចាំសូរសំឡេងសំណើចដែលប្រកបដោយសុភមង្គលនិងមានន័យបំផុតក្នុងជីវិតគ្រួសារខ្ញុំក្នុងពេលនោះដែរ។ បើទោះវាបានកន្លងហួសទៅ និងបានក្លាយទៅជាស្រមោលនៃសុភមង្គលអតីតកាលទៅហើយក្ដី ក៏ចិត្តខ្ញុំនៅតែចាំ នៅតែនឹករឭកថ្ងៃនោះជានិច្ចមិនដែលភ្លេច។

ដើម្បីទុកជាការចងចាំ ហើយក៏ជាអនុស្សវរីយ៍មួយដ៏មានន័យបំផុតក្នុងជីវិតខ្ញុំជាមួយនឹងគ្រួសារផងនោះ ខ្ញុំបានដាក់ឈ្មោះសំឡេងសំណើចនោះថាជា«សំណើចនៃសុភមង្គល»។

សំណើចសុភមង្គល…

«ថ្ងៃនេះម៉ាក់ស្លឆ្ងាញ់ណាស់!»

ខ្ញុំនិយាយឡើយបន្ទាប់ពីភ្លក្សម្ហូបម៉ាក់បានបីមាត់។

«សម្លថ្ងៃនេះឆ្ងាញ់មិនមែនមកពីម៉ាក់ពូកែស្លទេ តែមកពីប៉ាកូននិងកូនជួយម៉ាក់ហ្នឹងណា៎!» ម៉ាក់តបមកខ្ញុំ ដំណាលគ្នានឹងការឆ្លើយតប ខ្ញុំឃើញផ្ទៃមុខម៉ាក់ឆ្លាក់រំលេចឡើងនូវស្នាមញញិមមួយដ៏បរិសុទ្ធស្អាតដែលហាក់បញ្ជាក់ថាគាត់កំពុងតែទទួលបាននូវសុភមង្គលមួយដែលបានមកពីពាក្យថាគ្រួសារ។

«អ៊ីចឹងសម្លកកូរត្រូវប្ដូរឈ្មោះថាសម្លសុភមង្គលក្នុងថ្ងៃនេះហើយ ក៏ព្រោះតែសម្លមួយឆ្នាំងនេះ!»

ប៉ាបន្លឺឡើងក្រោយពេលស្ដាប់ខ្ញុំនិងម៉ាក់និយាយចប់។ ប៉ាបញ្ចប់ប្រយោគ ពួកយើងក៏ផ្ទុះសំណើចដំណាលគ្នាយ៉ាងកក្អឹក ដែលជាសំណើចប្រកបដោយសុភមង្គល។ សំឡេងនៃសំណើចសុភមង្គលមានកម្រិតរៀងទាបបន្តិច ម៉ាក់ក៏បន្ទរទាំងអាការៈអៀនប្រៀន

«ណ្ហើយឆាប់ញ៉ាំទៅ កុំឱ្យសម្លត្រជាក់!»

អាហារពេលល្ងាចនៅក្នុងថ្ងៃនោះពិតជាឆ្ងាញ់ណាស់ ឆ្ងាញ់លើសពីអាហារដែលខ្ញុំធ្លាប់ញ៉ាំរាល់ដង ហើយក៏មានរសឆ្ងាញ់ខុសប្លែកពីអាហារនៅក្នុងហាងល្បីៗមួយចំនួនផងដែរ។

ខ្ញុំធ្លាប់ឮចុងភៅម្នាក់និយាយពីរបៀបធ្វើម្ហូប ហើយគាត់បានបញ្ជាក់ថាអាហារដែលឆ្ងាញ់ គឺជាអាហារដែលធ្វើដោយការយកចិត្តទុកដាក់ និងប្រកបដោយក្ដីស្រលាញ់។

តាមមើលទៅអាហារក្នុងថ្ងៃនោះ ប្រហែលដូចម៉ាក់ថាអ៊ីចឹង (សម្លថ្ងៃនេះឆ្ងាញ់មិនមែនមកពីម៉ាក់ពូកែស្លទេ តែមកពីប៉ាកូននិងកូនជួយម៉ាក់ហ្នឹងណា៎!) ហើយជាម្ហូបដែលម៉ាក់ប៉ាធ្វើដោយផ្ចិតផ្ចង់ និងបានដាក់ក្ដីស្រលាញ់ដ៏បរិសុទ្ធចូលទៅក្នុងសម្លមួយឆ្នាំងនោះហើយមើលទៅ ទើបបានជាមានរសជាតិឆ្ងាញ់ប្លែក ធ្វើឱ្យខ្ញុំមិនអាចបំភ្លេចបានបែបនេះ។

ក្នុងនាមជាកូនគ្មានអ្វីមានក្ដីសុខជាងពេលដែលបានឃើញឪពុកម្ដាយរបស់ខ្លួនរស់នៅចុះសម្រុងនឹងគ្នា ហើយមើលឃើនូវស្នាមញញិមរបស់ពួកគាត់រាល់ថ្ងៃ និងបានឃើញនូវសកម្មភាពពួកគាត់យល់ចិត្តគ្នា និងស្រលាញ់ថ្នមចិត្តគ្នាទៅវិញទៅមកប្រកបដោយភាពផ្អែមល្ហែមបែបនេះនោះទេ។

ឃើញពួកគាត់ស្រលាញ់យល់ចិត្តគ្នា ខ្ញុំក៏សប្បាយចិត្ត ឯការសិក្សារបស់ខ្ញុំក៏ទទួលបានលទ្ធផលល្អ ព្រោះតែគ្មានរឿងអ្វីមករំខានចិត្ត និងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្រ។ ហើយប៉ាចេញចូលផ្ទះក៏ប្រកបដោយស្នាមញញិម បើទោះជាគាត់ធ្វើការហត់នឿយក្ដី ក៏គាត់មិនដែលមួម៉ៅ រអ៊ូរទាំដាក់ម៉ាក់ដូចលើកមុនៗដែរ។

«វតី? ប៉ាទៅធ្វើការហើយណា!»

«ចាសប៉ា! ពេលបើកឡាន កុំភ្លេចដាក់ខ្សែក្រវាត់ផងណា៎!»

«បាទព្រះនាងតូច!»

ប៉ាឆ្លើយតបយ៉ាងពីរោះភ្ជាប់មកជាមួយនឹងស្នាមញញិមដ៏ស្រស់បំព្រង ហើយម៉ាក់ក៏កំពុងដើរកាន់អាវធំមកឱ្យប៉ាតាមពីក្រោយ។ ថ្ងៃនោះខ្ញុំលួចញញិមព្រោះតែអៀននឹងប៉ាឆ្លើយផង និងឃើញសកម្មភាពស្និទ្ធស្នាលបែបផ្អែមល្ហែមរបស់គាត់និងម៉ាក់ផង។ គឺញញិមដោយចិត្តសោមនស្សជាពន់ពេក ញញិមដោយគ្មានគ្រឿងសៅហ្មងចិត្តអ្វីទាំងឡាយមកជាប់ជំពាក់។

សុភមង្គលអំពិលអំពែក??????᪥…

សុភមង្គលប្រៀបដូចជាភ្លើងអំពិលអំពែក ភ្លឺរលត់ៗមិនចេះចប់មិនចេះហើយ។

ភ្លើងអំពិលអំពែកថ្វីត្បិតថាឆាប់ភ្លឺឆាប់រលត់មែន តែវាបានរក្សានូវតុល្យភាពនៃសភាពភ្លឺរលត់ៗនោះដោយវេលាស្មើរៗគ្នា។

តែគ្រួសារខ្ញុំវិញពន្លឺនៃសុភមង្គល ហាក់នៅសែនឆ្ងាយៗហួសពីការគិត។ ហើយពេលវេលាដែលត្រូវមកបំភ្លឺក្នុងជីវិតគ្រួសារខ្ញុំ ក៏ហាក់អូសបន្លាយយ៉ាងវែងអន្លាយ ដែលរកតែក្ដីសង្ឃឹមមួយស្ទើរតែគ្មាន។ ពេលខ្លះក្នុងមួយឆ្នាំខ្ញុំមិនបានឃើញនូវពន្លឺនេះម្ដងក៏មាន…។

ពេលវេលាកន្លងទៅបានមួយខែ ម៉ាក់ប៉ាខ្ញុំក៏ចាប់ផ្ដើមមានទំនាស់នឹងគ្នាដូចមុន។ ប៉ានៅតែមានចិត្តប្រចណ្ឌនឹងម៉ាក់ដោយការធ្វើខ្លួនបែបស៊ីវិល័យរបស់ម៉ាក់។ រាល់យប់ខ្ញុំតែងតែឮពួកគាត់ឈ្លោះប្រកែកគ្នាជាប្រចាំ។ ពេលខ្លះសូម្បីតែពេលញ៉ាំបាយ ក៏ពួកគាត់ឈ្លោះប្រកែកគ្នាដែរ…។

ពួកគាត់ឈ្លោះប្រកែកគ្នារហូតៗទាល់តែធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់ចូលចានបាយ…។

«វតីម៉ាក់កូនទៅណា?»

«ម៉ាក់ឮថាទៅធ្វើក្រចក ទៅញ៉ាំការគេនៅហាងល្ងាចនេះ។»

«យ៉ាប់មែន! ប្រញាប់ប៉ុណ្ណាទៅ? បានគ្រាន់តែធ្វើបាយម្ហូបទុកឱ្យគេស៊ីសិនក៏មិនបាន!»

«ខ្ញុំដាំបាយឆ្អិនហើយតើប៉ា តែមិនទាន់ធ្វើម្ហូប ព្រោះម៉ាក់ថាចាំគាត់មកវិញ គាត់ទិញម្ហូបយកមកស្ល។»

«អ៊ើចាំទៅ! ចាំម៉ាក់ហែងមកវិញប៉ាក៏លែងឃ្លានបាយដែរ! មកវិញទម្រាំនឹងស្លឆ្អិនថ្មើរណាបានៗញ៉ាំ? ហើយចុះថ្ងៃនេះហែងអត់ទៅរៀនគួរទេបាននៅលេងទូរស័ព្ទចឹង?»

«ម៉ាក់ឱ្យនៅចាំផ្ទះនិងមើលអាអូន ខ្ញុំក៏សុំច្បាប់គ្រូមួយថ្ងៃ។»

«មិនដឹងជាការងារស្អី? ថ្មើរៗនេះមិនទាន់ធ្វើបាយធ្វើទឹកឱ្យកូនស៊ី គ្រាន់តែនៅតែផ្ទះ ដាំតែបាយស្លសម្លមួយឆ្នាំងសោះ!»

មកពីធ្វើការវិញប៉ាមុខមិនស្រឡះសោះ មិនដឹងថាមានរឿងអ្វី? មិនដឹងថាគាត់ត្រូវមាត់មេ ឬអ្វីផ្សេងនោះទេ តែមើលទៅហាក់ដូចជាខឹងនឹងម៉ាក់ខ្លាំងណាស់។ យប់នេះប៉ានិងម៉ាក់ប្រាកដជាឈ្លោះគ្នាទៀតហើយ…ហ៊ឹម…!

ប៉ាចៀនសាច់ជ្រូកឆ្អិនដួសបាយញ៉ាំ ម៉ាក់ក៏មកដល់ល្មម។

«បងចៀនសាច់បាត់ហើយ? ខ្ញុំថាមកវិញស្លសម្លសម្លក់ញ៉ាំ។»

ម៉ាក់និយាយបណ្ដើរ ដើរទៅយកចានដួសបាយបណ្ដើរ ទាំងសភាពធម្មតាមិនដឹងថាប៉ាកំពុងតែខឹងនឹងគាត់។

«បើចាំឯងមកវិញនិងទម្រាំតែស្លឆ្អិន ខ្ញុំនេះវាលែងឃ្លានបាយហើយ! ហើយកូនៗក៏ប្រហែលជាវាសន្លប់អស់គ្មានសល់ម្នាក់ទេ!»

ប៉ានិយាយម៉ាត់ៗដាក់ម់ាក់ទាំងអាការៈមិនពេញចិត្តនិងធ្វើមុខមាំដាក់ម៉ាក់យ៉ាងខ្លាំងដើម្បីស្ដែងឱ្យម៉ាក់ដឹងពីបំណងខឹងសម្បារបស់ខ្លួន។

«ខ្ញុំរវល់!… តែខ្ញុំឱ្យមីអូនដាំបាយហើយៗ ហើយថាមកវិញនឹងស្លញ៉ាំ។ គ្រាន់តែរឿងបាយទឹកយឺតយ៉ាវមួយពេលសោះក៏ធ្វើឱ្យមានបញ្ហាដែរ!»

ម៉ាក់តបមាត់ធំៗដាក់ប៉ាវិញទាំងទើសចិត្ត និងកំហឹង។

«រវល់? រវល់នឹងអារឿងលម្អខ្លួនហ្នឹងរវល់របស់ឯង? រវល់លម្អខ្លួនរហូតភ្លេចបាយភ្លេចទឹកប្ដីនិងកូនអ៊ីចឹងអ្ហែរ?»

«បើគ្រាន់តែអារឿងយឺតយ៉ាវបាយទឹកមួយពេល និងគ្រាន់តែអារឿងធ្វើខ្លួនបន្តិចបន្តួចរបស់ខ្ញុំវាធ្វើឱ្យឯងពិបាកខ្លាំង អ៊ីចឹងលែងលះគ្នាតែទៅកុំឱ្យវាពិបាកជាងនេះទៅទៀត!»

ឮម៉ាក់និយាយបែបនេះ ប៉ាក៏ផ្អាកទំពារបាយ និងមិនមាត់អ្វីទាំងអស់ ហើយងើបមុខសម្លក់ម៉ាក់ដោយកែវភ្នែកដ៏គួរឱ្យភ័យខ្លាចដោយអំណាចនៃអាការៈក្រោធខឹង និងគំនុំគុំគួន។ ឯម៉ាក់ឃើញសភាពប៉ាបែបនេះក៏មិនហ៊ាននិយាយទាំងអស់ បានត្រឹមតែបង្គាប់ខ្ញុំឱ្យញ៉ាំបាយ

«ញ៉ាំបាយលឿនៗទៅវតី នៅជ្រំសម្លក់ៗនៅនឹងហើយ! បាយមួយចាននឹងថ្មើរណាអស់?»

ម៉ាក់ទំនងជាឃើញទឹកភ្នែកខ្ញុំរលីងរលោងដែលកំពុងតែហាររមៀលកាត់ថ្ពាល់ស្រក់ចូលចានបាយហើយមើលទៅ បានជាគាត់តឿនខ្ញុំបែបនេះ។

ហ៊ឹម…! ម៉ាក់ប៉ាឈ្លោះប្រកែកគ្នាខ្ញុំបានត្រឹមតែអង្គុយស្ងៀមឈ្ងោកមុខសម្រក់ទឹកភ្នែកដាក់ចានបាយ ស្ដាប់ពួកគាត់ឈ្លោះគ្នាទាំងទើសចិត្តនិងអួលដើមក…។

ជាកូនតើមានអារម្មណ៍បែបណានៅពេលដែលកំពុងតែញ៉ាំបាយ ហើយឪពុកម្ដាយឈ្លោះគ្នាបែបនេះ? តើនៅមានអារម្មណ៍លេបបាយចូលទៀតទេ? បើទោះជាកំពុងតែឃ្លានខ្លាំង ហើយមុខម្ហូបឆ្ងាញ់ត្រៀបត្រាមាននៅលើតុ សុទ្ធសឹងតែជាមុខម្ហូបដែលខ្លួនចូលចិត្ត? ខ្ញុំជឿជាក់ថាអារម្មណ៍របស់មិត្តអ្នកអាន បើស្ថិតក្នុងសភាពបែបនេះ ក៏នឹងមិនខុសពីអារម្មណ៍របស់ខ្ញុំប៉ុន្មានដែរ។ ទោះម្ហូបឆ្ងាញ់ បាយផ្អែម ក៏នឹងប្រែទៅជារសល្វីជូរចត់អស់ដែរ!

_______

ថ្ងៃមួយពេលខ្ញុំមកពីរៀនវិញ ទិដ្ឋភាពដ៏មហាសែនសោកសៅនិងដ៏មហាសែនអាក្រក់មួយដែលខ្ញុំតែងតែខ្លាចវាកើតឡើងនៅក្នុងគ្រួសារខ្ញុំ វាក៏បានកំពុងតែកើតឡើង។ សូរសម្រែកស្រែកទ្រហោយំមិនដាច់នៃមនុស្សចាស់និងកូនក្មេង និងសំឡេងស្រែកសម្លុត គំរាមកំហែងនៃសកម្មភាពហិង្សា បានឮលាន់កងរំពងពាសពេញបរិវេនទាំងមូលខាងក្នុងផ្ទះ និងរត់ជ្រួតជ្រាបចូលពាសពេញផ្ទៃនៃសោត នឹងសសៃប្រសាទរបស់ខ្ញុំ បណ្ដាលឱ្យឮយ៉ាងច្បាស់ៗពីសម្រែកទាំងនោះ។ គ្រាន់តែឮសំឡេងទាំងនោះទ្រូងខ្ញុំបុកខ្លាំងណាស់ បុកលោតញាប់រន្ថាន់ ឯចលនាបេះដូងក៏លោតដោលយ៉ាងខ្លាំងៗ ស្ទើរតែប្រេះទ្រូងធ្លាយបេះដូងផ្ទុះចេញខាងមកក្រៅ។ កាន់តែស្លុតរន្ធត់ចិត្តពេលបោះភ្នែកឃើញប៉ាកំពុងប្រើសកម្មភាពហិង្សាទៅលើម៉ាក់ យ៉ាងសាហាវឃោរឃៅ និងព្រៃផ្សៃបំផុត។

«ម៉ាក់..?! ប៉ា…?!»

ខ្ញុំមិនចាប់អារម្មណ៍ពីអ្វីទាំងអស់ក្រៅពីសកម្មភាពហិង្សាដែលកំពុងតែកើតមាននៅចំពោះមុខ សូម្បីតែម៉ូតូក៏ខ្ញុំផ្ដួលចោលទាំងមិនដឹងខ្លួន។  ខ្ញុំរត់ទៅសំដៅម៉ាក់និងប៉ាមិនបានប៉ុន្មានជំហានផង ដៃជើងខ្ញុំក៏ប្រែជាទន់ដើរទៅមុខលែងរួច។

«អញដឹងថាសព្វថ្ងៃនេះនាងឯងមិនស្រលាញ់អញទេ! នាងឯងធ្វើខ្លួនឱ្យល្អឆើត ក៏ព្រោះតែនាងឯងចង់ក្បត់ផិតអញ!»

ប៉ានិយាយប្រកបដោយចិត្តចងកំហឹងគំនុំគុំគួន និងខាំធ្មេញក្រើតៗដាក់ម៉ាក់។ ដោយអំណាចឥទ្ធិពលនៃភ្លើងប្រចណ្ឌប៉ាបានប្រើអំពើហិង្សាលើរាងកាយម៉ាក់យ៉ាងសាហាវព្រៃផ្សៃឥតឈប់ឈរ។

«អញក្បត់ផិតអាណា? អញទាក់ទងអាណា? គ្រាន់តែអញធ្វើខ្លួនខុសដែរ?» ម៉ាក់តបទៅប៉ាទាំងទឹកភ្នែកហូររហាមភ្ជាប់នឹងសំឡេងយំសសឹកមិនដាច់ ព្រមជាមួយនឹងរាងកាយឈឺចាប់ផ្សាដោយសារទណ្ឌកម្មរបស់ប៉ា ឯមុខម៉ាក់ក៏ជាំជោកទៅដោយទឹកភ្នែកនិងឈាមហូរលាយចូលគ្នាស្រក់ដាបនៅលើផ្ទៃឥដ្ឋការ៉ូ។

«បើនាងឯងមិនមានបំណងក្បត់ផិតអញ មិនទាក់ទងគេ នាងឯងមិនមែនធ្វើខ្លួនឱ្យល្អឆើតនិងជិះឡានមួយតែពីនាក់ឱ្យគេដើរនិយាយដើមបែបនេះទេ ហើយឆ្លៀតបញ្ជោះអញឱ្យលែងគ្នាទៀត! បែបនេះឬដែលមិនហៅថាល្បិចស្រីក្បត់ផិតប្ដី? ពីមុនគេនិយាយប្រាប់អញៗមិនជឿទេ អញគ្រាន់តែសង្ស័យ ចាប់តាំងពីពេលដែលនាងឯងបញ្ជោះអញឱ្យលែងគ្នាមក អញកាន់តែសង្ស័យនាងឯងខ្លាំងណាស់ ហើយអញតែងតែឆ្ងល់ថាម៉េចបាននាងឯងធ្វើខ្លួនខ្លាំងម៉្លេះ? ពេលនេះច្បាស់ហើយ! នាងឯងធ្វើខ្លួនក៏ព្រោះតែនាងឯងមានល្បិចក្បត់ផិតអញ! នាងឯងលួចមានសាហាយ!»

«អញលួចមានសាហាយជាមួយអាណា? ហែងដឹងមកពីណា? អាណាអ្នកនិយាយ?»

ទិដ្ឋភាពបែបនេះធ្វើឱ្យខ្ញុំភ្លឹករកនឹកអ្វីមិនចេញ បានត្រឹមតែសម្របខ្លួនផ្អែកខ្នងនៅស្ងៀមនឹងទ្វារ ដោយសភាពទន់ដៃជើងរកឈានជំហានទៅមុខមិនរួច និងនឹកខ្លោចចិត្ត ស្វិតស្រពោនតឹងណែនអស់ទាំងទ្រូង

បានត្រឹមតែតែសម្រក់ទឹកភ្នែកផ្អែកនឹងមាត់ទ្វារនៅធ្មឹងមួយកន្លែងប្រកបដោយក្ដីឈឺចាប់ផ្សា រកកលតែនឹងសន្លប់បាត់ស្មារតី។

ម៉ាក់បោះភ្នែកឃើញសភាពខ្ញុំបែបនេះក៏ស្រែកហៅឈ្មោះខ្ញុំយ៉ាងខ្លាំងៗដោយក្ដីភិតភ័យ។

«វតី?…វតីកូន? កូនយ៉ាងម៉េចហើយវតីកូនម៉ាក់?» ម៉ាក់ភ័យផងយំផងស្ទើរតែបាត់ស្មារតី។ សភាពម៉ាក់ដូចជាសត្វអកញីព្រាត់កូន។ ឯប៉ាក្រឡេកឃើញខ្ញុំបែបនេះក៏បញ្ឈប់សកម្មភាពហិង្សាលើម៉ាក់ ម៉ាក់ក៏ស្ទុះមកត្រកងឱបក្រសោបខ្ញុំទាំងឈាមដាបជោកខ្លួន។ ឯប្អូនៗខ្ញុំក៏បានត្រឹមតែអង្គុយស្រែកទ្រហោយំទ្រហឹងពេញផ្ទះ ដោយក្ដីភិតភ័យខ្លាចចំពោះទង្វើហិង្សារបស់ប៉ាធ្វើទៅលើម៉ាក់ និងដោយសេចក្ដីអាណិតម៉ាក់។

_______

ភ្ញាក់ដឹងខ្លួន ខ្លួនប្រាណខ្ញុំកំពុងតែត្រូវបានស្វាគមន៍ដោយគ្រែពេទ្យ។ ក្រឡេកមើលជុំវិញក៏ឃើញតែម៉ា អ៊ំស្រីយ៉ាវដា និងប្អូនៗខ្ញុំតែប៉ុនណោះដែលអង្គុយក្នុងបន្ទប់សម្រាកព្យាបាលជំងឺ។

ចោលភ្នែកទៅគ្រែមួយទៀតក្បែរខ្ញុំ រាងកាយមួយដែលកំពុងតែបញ្ជ្រៀតចូលដោយទឹកមួយតក់ៗនៃទឹកសឺរ៉ូម និងកជាប់ដោយប្រដាប់ប៉ុងស្មង់ ក៏ឃើញថាគួឱ្យសង្វេគ

និងស្លុតរន្ធត់ចិត្តយ៉ាងក្រៃលែង។

«ពុទ្ធោម៉ាក់ខ្ញុំ! ម៉ាក់? ម៉ាក់? ម៉ាក់?» ខ្ញុំស្ទុះក្រោកចាកគ្រែពេទ្យទៅរកគ្រែម៉ាក់ទាំងដៃជាប់សឺរ៉ូម

តែត្រូវអ៊ំស្រីយ៉ាវដាចាប់ជាប់ ។

«អ៊ំស្រីម៉ាក់ខ្ញុំយ៉ាងម៉េចហើយ? អ៊ំស្រីម៉ាក់ខ្ញុំ…? ម៉ាក់…?» អ៊ំស្រីយ៉ាវដានៅតែចាប់ខ្ញុំជាប់មិនព្រមលែង។ ខ្ញុំបានត្រឹមតែចាប់ដៃគាត់អង្រួនសួរដោយអន្ទះសារចង់ដឹងពីសភាពម៉ាក់ស្ទើរតែសន្លប់បាត់ស្មារតីម្ដងទៀតទៅហើយ ទាំងទំនប់ទឹកភ្នែកកំពុងតែបែកធ្លាយ និងហូរមកយ៉ាងខ្មួលខ្មាញ់ជាទីបំផុត។

«វតី…? វតីនៅឱ្យស្ងៀមនិងតាំងអារម្មណ៍ឱ្យមាំ ហើយដកដង្ហើមមួយៗឱ្យវែងៗណាចាំអ៊ំប្រាប់។ ម៉ាក់ក្មួយមិនអីទេ! ពេលនេះម៉ាក់ក្មួយកំពុងតែសម្រាក កុំរំខានគាត់អី! ក្មួយគួរសំងំសម្រាកយកកម្លាំងទៅ។»

«ម៉ាក់ចៅមិនអីទេ! ចៅសម្រាកយកកម្លាំងចុះ។» ម៉ាបន្តពីក្រោយអ៊ំស្រីយ៉ាវដា។

ស្ដាប់អ៊ំស្រីយ៉ាវដា និងម៉ានិយាយចប់ខ្ញុំហាក់ធូរចិត្ត ស្រាលខ្លួន ស្រឡះអារម្មណ៍ លែងធប់តឹងណែនស្ទះក្នុងទ្រូងដូចមុន និងមិនមាត់អ្វីទាំងអស់ បានត្រឹមតែធ្វើតាមបង្គាប់ ផ្ដេកខ្លួនទៅលើគ្រែពេទ្យវិញទាំងទឹកភ្នែកហូរនិងសំឡេងត្រអើកមិនដាច់។

ដោយអំណាចនៃកំសួលសំឡេងស្រែកយំហៅម៉ាក់ ម៉ាក់ក៏ភ្ងាក់ដឹងខ្លួន

«ម៉ាក់មិនអីទេ! កូនកុំរើប្រយ័ត្នរបូតម្ជុលសឺរ៉ូម!»

ម៉ាក់…ឈឺបែបនេះហើយម៉ាក់នៅតែញញិម ញញិមផ្ដល់ទំនុកចិត្តដល់កូន។ សភាពខ្លួនបែបនេះហើយម៉ាក់នៅតែបានរម្ភពីកូន បារម្ភពីកូនទាំងដែលខ្លួនកម្រើកខ្លួនស្ទើរតែមិនរួច ឱម៉ាក់! ចិត្តម៉ាក់ក្រាលគ្របទៅដោយព្រហ្មវិហារធម៌ច្រើនលើសលប់ពេកហើយចំពោះកូនៗ!

ស្ដាប់ម៉ាក់និយាយចប់ និងសម្រួលអារម្មណ៍បានស្រួលបន្តិចខ្ញុំក៏សួរអ៊ំស្រីយ៉ាវដាបន្ត

«អ៊ំ? ចុះប៉ា? ប៉ាខ្ញុំយ៉ាងម៉េចហើយ? គាត់ទៅណាម៉េចអត់ឃើញគាត់មកមើលខ្ញុំ និងម៉ាក់?»

«ប៉ាក្មួយ ? គាត់មិនអីទេ គាត់នៅចាំផ្ទះ គាត់ឱ្យអ៊ំ និងម៉ាក់មកមើលក្មួយ និងម៉ាក់ក្មួយ។  ឆាប់សំងំសម្រាកទៅ បន្តិចទៀតត្រូវញ៉ាំបាយហើយ។» អ៊ំស្រីយ៉ាវដានិយាយចប់ត្រឹមនេះទូរស័ព្ទម៉ាក៏រោទ៍ឡើង។

«អាឡូ ? ចា៎ៗខ្ញុំ! ចា៎ធ្វើទៅតាមហ្នឹងទៅ បន្តិចទៀតខ្ញុំទៅដល់ឥឡូវហើយ។ ចា៎ជម្រាបលា!»

ម៉ាដាក់ទូរសព្ទចុះដើរមកជិតខ្ញុំហើយនិយាយ។

«ចៅសម្រាក និងនៅជាមួយយ៉ាវដាអ៊ំស្រីឯងចុះណា ម៉ាមានការប្រញាប់ទៅក្រៅបន្តិច! ហើយបើចៅត្រូវការអ្វី ចៅប្រាប់អ៊ំស្រីចៅចុះ ម៉ាទៅសិនហើយ។ កញ្ចនា ម៉ាក់រវល់បន្តិច បើត្រូវការអ្វីកូនប្រាប់យ៉ាវដាទៅ។ ម៉ាក់ទៅហើយ!»

តាមពិតម៉ាក់ ម៉ា និងអ៊ំស្រីយ៉ាវដា ប្ដឹងប៉ា? ពួកគាត់ប្ដឹងប៉ាពីបទប្រើអំពើហិង្សា និងរំលោភបំពានលើសិទ្ធិស្រ្ដី។ អ៊ំស្រីយ៉ាវដាកុហកខ្ញុំ កុហកថាប៉ានៅផ្ទះ។ តាមពិតប៉ាកំពុងតែក្លាយជាជនជាប់ទោស និងកំពុងតែស្ថិតក្នុងទីឃុំឃាំងនៃដែនសមត្ថកិច្ច។ ប៉ាត្រូវម៉ាក់ និងម៉ា ប្ដឹងឱ្យជាប់ពន្ធនាគារ តែដោយការឆ្លើយសារភាព និងព្រមទទួលស្គាល់ទោសកំហុស ប៉ូលិសក៏សម្រាលទោសឱ្យគាត់…។

ម៉ាក់ប្ដឹងលែងលះគ្នាជាមួយប៉ា? ឱ!គ្រួសាងខ្ញុំអើយហេតុអីក៏អាចមានថ្ងៃនេះទៅកើត…?

_______

ធម្មតានៃធម្មជាតិ…?

មួយសប្ដាហ៍ក្រោយម៉ាក់ក៏ចេញពីមន្ទីរពេទ្យ។ មិនយូរប៉ុន្មានចុងចោទនិងដើមចោទ ក៏ដល់ពេលត្រូវតុលាការកោះហៅ។

ខ្ញុំពិតជាពិបាកធ្វើចិត្តខ្លាំងណាស់ ពេលឃើញម៉ាក់និងប៉ាត្រូវប្រឈមមុខគ្នាចំពោះមុខច្បាប់បែបនេះ។

អារម្មណ៍ជាកូនស្ទើរតែប្រេះទ្រូងស្លាប់ភ្លាមៗនៅនឹងកន្លែងទៅហើយ នៅពេលឃើញទិដ្ឋភាពបែបនេះ។

ក្រោយពីដឹងដំណឹងថាម៉ាក់ប្ដឹងលែងលះគ្នាជាមួយប៉ា ក្នុងទ្រូងខ្ញុំតឹងណាស់ តឹងណែនស្ទើរតែបែកធ្លាយមកក្រៅទៅហើយ…។

ខ្ញុំតែងចោទសំណួរសួរខ្លួនឯងមិនឈប់ឈរថា

តើខ្ញុំនឹងលែងមានប៉ានៅក្បែរ លែងទទួលបានភាពកក់ក្ដៅដែលបានមកពីការគ្រួសារ ការរស់នៅជុំគ្រួសារ និងលែងទទួលបានភាពរីករាយពីគ្រួសារដូចមុនទៀតហើយតើមែនទេ?

តើខ្ញុំនិងប្អូនៗនឹងត្រូវក្លាយជាកូនកំព្រាក្នុងពេលនេះហើយតើមែនទេ? តើមាត់ទ្វារនៃពិភពកូនកំព្រារកំពុងតែបើកទ្វារចាំទទួលស្វាគមន៍ពួកខ្ញុំយ៉ាងរួសរាយរាក់ទាក់ ទាំងដែលពួកខ្ញុំកំពុងតែបៀមទុកជាប់ទ្រូងបែបនេះតើមែនទេ?

តើអនាគតខ្ញុំនិងប្អូនៗនឹងទៅជាយ៉ាងណាក្រោយពីម៉ាក់ប៉ាលែងលះគ្នា? ខ្ញុំនឹងប្អូនៗអាចមានឱកាសរៀនសូត្រតទៅមុខទៀតទេ? តើថ្ងៃមុខអ្នកណានឹងក្លាយជាជំហរគ្រួសារខ្ញុំ? ម៉ាក់ឬក៏ប៉ា? បើជាម៉ាក់ ម៉ាក់ជាស្រ្តីទន់ខ្សោយនឹងធ្វើជាជំហរគ្រួសារក៏ច្បាស់ជាលំបាក។ ជាប៉ា? បើជាប៉ាក៏ទេ ព្រោះប៉ានិងម៉ាក់លែងលះគ្នា មិនអាចនៅជុំគ្រួសារបានដូចមុន…។ នេះឬជាកាដូដ៏ធំដែលម៉ាក់ប៉ាធ្វើវាដើម្បីSurpriseដល់ខ្ញុំ?

ចិត្តជាកូន បើទោះជាឪពុកម្ដាយឈ្លោះប្រកែកគ្នារាល់ថ្ងៃ ក៏គង់នឹងប្រសើរជាងការលែងលះគ្នាដែរ! មនោសញ្ចេតនាដែលកប់ជ្រៅនៅក្នុងក្រឳបេះដូងទៅក្នុងពាក្យមួយឃ្លាយ៉ាងខ្លីគឺ «គ្រួសារ» ក្នុងនាមជាកូនសុខចិត្តទ្រាំឈឺចាប់ ខ្លោចចិត្តស្អិតទ្រូង ដោយទ្រាំឃើញឪពុកម្ដាយខ្លួនឈ្លោះប្រកែកគ្នារាល់ថ្ងៃ ក៏មិនប្រាថ្នាដើម្បីនឹងចង់ឃើញការចែកផ្លូវដើររវាងឪពុកនិងម្ដាយខ្លួនបែបនេះដែរ…។

តែអ្វីៗគ្រប់យ៉ាងទាំងរូបធម៌ និងនាមធម៌ គឺស្ថិតនៅក្រោមអំណាចនៃសភាពមិនទៀងទាត់ ប្រែប្រួលរកទីបំផុតគ្មាន! ដែលប្រព្រឹត្តទៅតាមដំណើរធម្មតានៃធម្មជាតិ។ ចួបហើយក៏បែក បែកហើយក៏នឹករឭក នឹករឭកហើយក៏ចងចាំ ចងចាំហើយក៏ឈឺចាប់ ឈឺចាប់ហើយក៏ស្រក់ទឹកភ្នែក…! រឿងទាំងនេះវាជាដំណើរធម្មតានៃធម្មជាតិ ចុះហេតុអីក៏វាបែរជារឿងមិនធម្មតាសម្រាប់ខ្ញុំទៅវិញ?

សាលាជំនុំជម្រះក្ដី

ចូលដល់ក្នុងសាលាជំនុំជម្រះក្ដី តុលាការក៏សួរម៉ាក់ពីបញ្ហាបណ្ដឹងប្ដឹងលែងលះជាមួយប៉ា។

មកដល់ចំណុចនេះបេះដូងខ្ញុំលោតខ្លាំងណាស់…លោតស្ទើរតែដាច់ទងបេះដូងធ្លាយទ្រូងចេញមកក្រៅទៅហើយ។ ឱ!ម៉ាក់ប៉ា តើម៉ាក់និងប៉ាមានដែលធ្លាប់គិតពីអារម្មណ៍ខ្ញុំខ្លះទេ? តើការលែងលះគ្នារបស់ម៉ាក់ប៉ានេះជាហេតុបញ្ចប់នូវជម្លោះ ជាហេតុនៃសេចក្ដីសុខ និងសុភមង្គលក្នុងគ្រួសារយើងតើមែនទេ?

បើជាហេតុដូចនេះមែនម៉ាក់ប៉ាធ្វើចុះកូនក៏ឯកភាព និងគាំទ្រ! តែនេះបេះដូងខ្ញុំលោតដោលទ្រូងខ្លាំងណាស់ លោតញាប់រន្ថាន់មិនឈប់ឈរទាល់តែសោះ! វាហាក់លោតបញ្ជាក់យ៉ាងច្បាស់ៗថាការណ៍នេះ នឹងគ្មានទេការបញ្ចប់ជម្លោះរវាងម៉ាក់និងប៉ា គ្មានទេសេចក្ដីសុខនិងសុភមង្គលក្នុងគ្រួសារយើង! ផ្ទុយមកវិញមានតែគំនុំគំគួន ចងអាឃាតព្យាបាទគ្នា មិនចេះចប់មិនចេះហើយ។

ផ្លូវដែលម៉ាក់ប៉ាកំពុងតែឈានជើងដើរនេះ ជាផ្លូវកាត់ផ្ដាច់នៃក្ដីសង្ឃឹម ភាពរីករាយ សេចក្ដីសុខ និងសុភមង្គលពួកយើងហើយ! អ្វីដែលម៉ាក់ប៉ាកំពុងតែធ្វើនេះគឺវាហាក់ដូចជាកូនសោបើកទ្វារនៃសេចក្ដីទុក្ខ ជាមាគ៌ាចងនូវចំណងកម្មពៀរអ៊ីចឹង។  លើសពីនេះម៉ាក់ប៉ាគឺកំពុងតែរុញច្រានពួកខ្ញុំឱ្យចូលទៅកាន់ជ្រោះនៃពិភពកូនកំព្រារហើយ! ម្ដេចក៏ម៉ាក់និងប៉ាមិនដឹងបែបនេះ? ឬក៏ម៉ាក់ប៉ាមិនដែលយកចិត្តទុកដាក់ចំពោះពួកខ្ញុំទេ? ឬម៉ាក់ប៉ាយល់តែអារម្មណ៍និងចិត្តខ្លួនឯង?

«នាងខ្ញុំឈ្មោះ កែវ កញ្ចនា សុំប្ដឹងលែងលះគ្នាជាមួយបុគ្គលឈ្មោះ សុខ សុធនវឌ្ឍី…!»

«វតីក្មួយ…? កញ្ចនា…? វតីកូន…! វតីកូនឯងសន្លប់ទៀតហើយ!»

ដោយអំណាចនៃសេចក្ដីភិតភ័យអ៊ំស្រីយ៉ាវដាក៏ភ្លាត់មាត់ស្រែកហៅម៉ាក់យ៉ាងខ្លាំងៗ ធ្វើឱ្យអង្គជំនុំជម្រះក្ដីទាំងមូលប្រកបដោយភាពហួសចិត្ត និងងឿងឆ្ងល់ជាខ្លាំងព្រោះតែសម្រែករបស់អ៊ំយាវដាដែលបានបន្លឺឡើង។

គ្រាន់តែឮសំឡេងមិនទាន់ទាំងដឹងថាសំឡេងនោះមានសេចក្ដីយ៉ាងណាផង ក្នុងអង្គជុំនំជម្រះក្តីទាំងមូល ក៏បោះភ្នែកធំៗ សំដៅមកកន្លែងខ្ញុំនិងអ៊ំយាវដាភ្លាមៗទាំងសេចក្ដីក្រោធខឹង និងហួសចិត្តជាប៉ុនប្រមាណ ដោយគិតថាមិនគោររព មិនឱ្យតម្លៃទៅលើអង្គជុំនំជម្រះក្ដី និងចៅក្រមនៃមន្ត្រីតុលាការ ឬមន្ត្រីជម្រះក្ដី។

ឮភ្លាមម៉ាក់និងប៉ាក៏មិនខ្វល់ពីអ្វីទាំងអស់ សូម្បីតែអង្គជុំនំជម្រះក្ដីទាំងមូល។

ម៉ាក់និងប៉ាស្ទុះមកត្រកងបីខ្ញុំដោយអារម្មណ៍ភិតភ័យជាខ្លាំង។ ប៉ាត្រកងបីខ្ញុំដើម្បីយកទៅសង្រោះនៅឯមន្ទីរពេទ្យ…។ ខ្ញុំឃើញសភាពពួកគាត់យកចិត្តទុកដាក់នឹងខ្ញុំបែបនេះ ខ្ញុំក៏ចាប់ដៃពួកគាត់ជាប់ហើយនិយាយទាំងសំឡេងឮខ្សាវៗស្ទើរតែចង់ផុតដង្ហើមម្ដងៗ

«ម៉ាក់..? ប៉ា…? កូនចង់ញ៉ាំសម្លសុភមង្គលម្ដងទៀត…! កូនចង់ស្ដាប់ឮសូរសំឡេងសំណើចគ្រួសារយើងទៀត គឺដូចលើកមុនអ៊ីចឹង គឺជាសំណើចនៃសុភមង្គល ហើយកូនចង់ស្ដាប់ និងចង់ឱ្យប៉ាហៅកូនថាព្រះនាងតូចដូចមុនទៀត លើសពីនេះ កូនចង់ឃើញម៉ាក់និងប៉ាមានស្នាមញញិមលើផ្ទៃមុខ ជាស្នាមញញិមប្រកបដោយសុភមង្គល ដែលបានមកពីពាក្យថាគ្រួសារ និងចង់ឱ្យម៉ាក់ប៉ារួមរស់នៅជាមួយគ្នាដូចមុន កូនចង់រស់នៅក្បែរម៉ាក់និងប៉ាទាំងពីរនាក់ កូនមិនចង់ឃើញគ្រួសារយើងបែបបាក់គ្នា ព្រោះតែរឿងបន្តិចបន្តួចបែបនេះទេ។ ទោះជាមានរឿងធំយ៉ាងណាក៏ដោយម៉ាក់និងប៉ាក៏មិនត្រូវលែងដៃគ្នាដែរ ម៉ាក់ប៉ាថ្ពក់ដៃសន្យានឹងកូនមក ថាម៉ាក់ប៉ានឹងធ្វើវាឱ្យបានដើម្បីពួកកូនៗ និងដើម្បីគ្រួសារយើង។»

__________

បន្ទប់សង្គ្រោះបន្ទាន់

សុធនវឌ្ឍី: «លោកគ្រូទេព្យ?…»

លោកសុធនវឌ្ឍី បោះភ្នែកឃើញវេជ្ជបណ្ឌិតក៏លាន់មាត់ហៅ។ ឯអ្នកស្រីកញ្ចនាគ្រាន់តែឮសំឡេង លោកសុធនវឌ្ឍីថាគ្រូពេទ្យ ក៏ងាកមើលភ្លាមស្ទុះវឹងរត់សំដៅទៅរកលោកវេជ្ជបណ្ឌិត

 អ្នកស្រីកញ្ចនា: «លោកគ្រូទេព្យ? កូនខ្ញុំយ៉ាងម៉េចហើយ?»

លោកវេជ្ជបណ្ឌិត: «អ្នកស្រីជាម្ដាយរបស់ក្មេងស្រីឈ្មោះ សុខ សុវណ្ណាកន្យាវតី តើមែនទេ?»

អ្នកស្រីកញ្ចនា: «ចា៎ៗ! គឺខ្ញុំៗ! កូនខ្ញុំយ៉ាងម៉េចហើយលោកគ្រូពេទ្យ?»

លោកវេជ្ជបណ្ឌិត: «កូនរបស់អ្នកស្រីមិនអីទេ! គឺនាងគ្រាន់តែមានស្មារតីខ្សោយ និងបញ្ហាខ្សោយបេះដូងបន្តិចបន្តួចតែប៉ុណ្ណោះ! បញ្ហាដែលបណ្ដាលឱ្យនាងសន្លប់ជាញឹកញាប់បែបនេះគឺបណ្ដាលមកពីនាងជួបព្រឹត្តិការណ៍ រំភើប ភ័យតក់ស្លុត រន្ធត់ញាប់ញ័រខ្លាំង ដែលធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាចចំពោះហេតុការណ៍ទាំងនោះ ឬត្រេកអរខ្លាំងហួសកម្រិត ធ្វើឱ្យប្រព័ន្ធឈាមរត់មិនស្មើគ្នា ប្របូកច្របល់ និងឈាមរត់បុកខ្លាំងទៅបេះដូង ធ្វើឱ្យចង្វាក់បេះដូងលោតញាប់ខុសពីធម្មតា និងចលនាបេះដូងលោតលឿនហួសប្រក្រតី។ ជំងឺប្រភេទនេះក៏អាចបណ្ដាលឱ្យស្លាប់បានដែរ។ គឺបើនាងមានការភិតភ័យខ្លាំងជាអតិបរមា និងមានតម្រេកត្រេកអរខ្លាំងក្លាហួសកម្រិត នោះបេះដូងនាងនឹងលោតញាប់ បញ្ជូនឈាមទៅសព្វសារពាង្គកាយលឿនខ្លាំងជ្រុល នឹងអាចបណ្ដាលឱ្យដាច់សរសៃឈាមខួរក្បាល ហើយអាចបណ្ដាលបាត់បង់ស្មារតីសតិអារម្មណ៍ និងមានបញ្ហាប្រឈមខ្ពស់ដែលអាចធ្វើឱ្យពិការផ្នែកណាមួយនៃសារពាង្គកាយបានទៀតផង ហើយជាពិសេសគឺមានហានិភ័យខ្ពស់ទៅលើបញ្ហាគាំបេះដូង ដែលបណ្ដាលឱ្យស្លាប់ភ្លាមផងដែរ។

មធ្យោបាយដ៏ល្អបំផុតគឺ ធ្វើយ៉ាងណាកុំឱ្យនាង ភិតភ័យ រន្ធត់ តក់ស្លុតញាប់ញ័រ និងមានតម្រេកត្រេកអរខ្លាំងលើសកម្រិត។ ដើម្បីបញ្ចៀសនូវហេតុទាំងអស់នេះបាន កុំឱ្យនាងឃើញនូវព្រឹត្តិការណ៍ ភ័យ រន្ធត់ តក់ស្លុត រំភើបញាប់ញ័រ ជាពិសេសគឺគ្រោះថ្នាក់ និងអំពើហិង្សា ហើយមួយទៀតគឺ នាងមានជំងឺខ្លាចឈាម។»

គ្រាន់តែលោកវេជ្ជបណ្ឌិតរៀបរាប់ពីបញ្ហាសុខភាព និងបញ្ហាប្រឈមរបស់កូនស្រីខ្លួន លោកសុធនវឌ្ឍី និងអ្នកស្រីកញ្ចនា ហាក់រន្ធត់តក់ស្លុតចិត្តនិងអស់សង្ឃឹមយ៉ាងខ្លាំង។ ចំពោះអ្នកស្រីកញ្ចនាវិញ ស្ទើរតែស្រក់ឈាមមកតាមសាច់មុខដ៏ភ្លឺសរលោងរបស់ខ្លួនទៅហើយ ក៏ព្រោះតែបានស្ដាប់នូវការរៀបរាប់របស់លោកវេជ្ជបណ្ឌិត។ ដោយចិត្តព្រួយបារម្ភចំពោះកូន និងស្ដាយពេលវេលាខ្លាចកាន់តែខើចទៅៗនៃការរស់នៅរបស់កូនខ្លួនអ្នកស្រីក៏សួរទៅលោកវេជ្ជបណ្ឌិត

«លោកគ្រូពេទ្យតើខ្ញុំអាចចូលទៅក្នុងបានទេ?»

«បាទបាន!»

«ចា៎អរគុណលោកគ្រូពេទ្យ!»

ក្រោយពេលលោកវេជ្ជបណ្ឌិតអនុញ្ញាត្តអ្នកស្រីកញ្ចនាដើរសំដៅទៅបើកទ្វារចូលទាំងចិត្តតក់ក្រហល់ជាពន់ពេក។ ក្រោយរុញទម្លុះទ្វារចូលហើយឃើញសភាពកូនស្រីខ្លួនដែលកំពុងតែដេកស្ដូកស្ដឹង និងបំពង់ខ្យល់ដង្ហើមកំពុងតែត្រូវបានភ្ជាប់ជាមួយនឹងប្រដាប់ជំនួយខ្យល់ដង្ហើម នៅក្នុងបន្ទប់គ្រែដេករបស់អ្នកជំងឺ។ ឃើញសភាពបែបនេះអ្នកស្រីកញ្ចនាក៏កាន់តែទប់ទឹកភ្នែកខ្លួនមិនជាប់ដោយសម្លឹងឃើញសភាពកូនខ្លួនស្ទើរចាកចោលខ្លួននិងគ្រួសារទាំងស្រស់ៗបែបនេះ។

ឯលោកសុធនវឌ្ឍីក៏ស្លុតរន្ធត់ចិត្តជាពន់ពេក ពេលឃើញប្រពន្ធខ្លួនកំពុងតែសោកសោកសង្រោកង្រេងចិត្ត អាឡោះអាល័យ ក្រៀមក្រំនិងស្ងៀមស្ងាត់បែបនេះ ក៏បណ្ដាលចិត្តលោកឱ្យនឹករឮកទៅដល់អតីតកាលដែលគ្រួសារលោកធ្លាប់តែរីករាយ សើចសប្បាយយ៉ាងមានក្ដីសុខនិងសុភមង្គល។ ហើយក៏នឹកស្ដាយកំហុសឆ្គងរបស់ខ្លួនដែលមិនបានថ្នាក់ថ្នមចិត្តប្រពន្ធកូនខ្លួនឱ្យរស់នៅមានក្ដីសុខដូចអ្វីដែលលោកបានសន្យាជាមួយនឹងអ្នកស្រីកញ្ចនានាគ្រាដែលស្រលាញ់គ្នាដំបូងថា «កញ្ចនាបងសន្យានឹងមើលថែអូននិងកូនឱ្យមានក្ដីសុខ ផ្ដល់ភាពកក់ក្ដៅឱ្យអូននិងកូន និងធ្វើជាប្ដីល្អនិងជាឪពុកល្អរបស់កូនៗយើង…ទោះមានឬក្រក៏បងមិនខ្វល់ សំខាន់មានអូននៅក្បែរចាំជួយជាកម្លាំងចិត្តបងគឺគ្រប់គ្រាន់ហើយ…!»។

នឹកឃើញរឿងទាំងនោះ ធ្វើឱ្យលោកនឹកខ្មាសខ្លួនឯង ខ្មាសប្រពន្ធខ្លួន ខ្មាសនូវរាល់ពាក្យពេចន៍សន្យាដែលបានសន្យាជាមួយនឹងអ្នកស្រីកញ្ចនា និងខ្មាសនូវរាល់ទង្វើខុសឆ្គងទាំងអំបាលម៉ាណដែលខ្លួនធ្លាប់បានធ្វើដាក់ប្រពន្ធកូនខ្លួនកន្លងមក។

លោកក៏ដើរមួយៗឆ្ពោះទៅរកអ្នកស្រីកញ្ចនាហើយនិយាយ

«ឱ្យបងសូមទោស ដែលបងមិនបានមើលថែអូននិងកូនៗឱ្យល្អ! បងសូមទោសនូវរាល់រឿងកន្លងដែលបងបានធ្វើខុសទៅលើអូន! បងសូមទោសរឿងគ្រប់យ៉ាង!»

ត្រង់នេះហាក់ធ្វើឱ្យទំនុកចិត្ត និងជំនឿជាក់របស់អ្នកស្រីកញ្ចនាដែលបានស្លាប់បាត់បង់ទៅហើយយ៉ាងយូរទៅក្នុងភពនៃសេចក្ដីទុក្ខសោកដែលបានមកពីពាក្យសន្យានៃសុភមង្គលក្លែងក្លាយនោះ ក៏ហាក់នឹងកំពុងតែរស់រៀនមានជីវិតសាជាថ្មីឡើងវិញម្តងទៀតត្រឹមតែមួយប៉ប្រិចភ្នែកដោយការភ្ញាក់រឮកដឹងខ្លួនឡើងរបស់លោកសុធនវឌ្ឍី។ អ្នកស្រីកញ្ចនាក៏យំផ្អែកខ្លួនផ្អិបមុខជាប់នឹងដើមទ្រូងបុរសដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅនិងទំនុកចិត្តឱ្យខ្លួនកាលពីមុនសាជាថ្មីម្ដងទៀត។ បន្តិចក្រោយមកវតីក៏ភ្ញាក់ដឹងខ្លួន

«ប៉ា..? ម៉ាក់..?»

វតីហៅម៉ាក់ប៉ានាងទាំងសំឡេងខ្សាវៗ។

«អូនកូនភ្ញាក់ដឹងខ្លួនហើយ»

លោកសុធនវឌ្ឍីនិយាយប្រាប់ទៅអ្នកស្រីកញ្ចនា

«កូនយ៉ាងម៉េចហើយវតិកូន?» អ្នកស្រីកញ្ចនានិយាយទាំងខ្សឹកខ្សួលអួលដើមក និងដោយក្ដីអាណិតចំពោះកូនស្រីខ្លួន។ ក្នុងខណៈនោះលោកសុធនវឌ្ឍក៏ថ្លែងនូវពាក្យសូមទោសចំពោះកូនខ្លូននិងអ្នកស្រីកញ្ចនា

«វតីឱ្យប៉ាសូមទោស! ឱ្យប៉ាសូមទោសរឿងកន្លងដែលប៉ាមិនបានមើលថែអូនឱ្យល្អ និងសូមទោសដែលឱ្យកូនទទួលរងនូវរឿងទាំងនេះ!»

«ឱ្យតែប៉ានិងម៉ាក់ត្រូវរូវគ្នាដូចមុនកូនសប្បាយចិត្តហើយ។ កូនមិនចង់ឃើញប៉ានិងម៉ាក់ទាស់ទែងគ្នារហូតដល់ចែកផ្លូវគ្នានោះទេ សុំត្រឹមរស់នៅជុំគ្នាយ៉ាងមានក្ដីសុខដូចពេលមុនគឺគ្រប់គ្រាន់ហើយសម្រាប់អូន។»

វតីនិយាយទាំងទឹកភ្នែករលីងរលោងភ្ជាប់មកជាមួយនឹងស្មានញញិម ធ្វើឱ្យម៉ាក់ប៉ានាងរំជួលចិត្តជាខ្លាំង។ ស្ដាប់វតីនិយាយចប់ លោកសុធនវឌ្ឍីក៏បន្ត

«រឿងទាំងអស់គឺមកពីប៉ាជាអ្នកផ្ដើមឡើង! ប៉ាល្ងង់ជឿពាក្យញ៉ុះញ៉ង់ ជឿពាក្យចាក់រុក ពាក្យអុចអាលរបស់គេ ក៏ធ្វើឱ្យមានចិត្តប្រចណ្ឌនឹងម៉ាក់កូន។ កញ្ចនាឱ្យបងសូមទោស បងស្យាថានឹងឈប់ធ្វើអំពើលីលា ឆ្កួតថោកទាបបែបនេះទៀតហើយ!

ពេលនេះទើបបងបានយល់នឹងដឹងច្បាស់ថា សុភមង្គលគឺពិតជាសម្រាប់សម្រាប់គ្រួសារយើង និងសម្រាប់សង្គមគ្រួសារជាទូទៅ។ គ្រួសារមួយបើគ្មានការយល់ចិត្តគ្នា ការអធ្យាស្រ័យគ្នាទៅបិញទៅមកប្រកបដោយសុទិដ្ឋិនិយមនោះទេ គ្រួសារនោះក៏គ្នាឡើយសុភមង្គល ដោយហោចសូម្បីតែសេចក្ដីសុខ និងភាបសប្បាយរីករាយក៏នឹងសូនបង់វិនាសអស់ដែរ បើយើងមិនចេះយោគយល់ អធ្យាស្រ័យ និងមិនចេះស្ដាប់ហេតុផលគ្នានោះ។ បើគ្មានការយោគយល់អធ្យាស្រ័យ សេចក្ដីសុខក៏មិនមាន បើគ្មានសេចក្ដីសុខ ភាពសប្បាយរីករាយក៏នឹកមិកើតឡើង បើគ្មានភាពរីករាយហើយ សុភមង្គលក៏មិនមាន បើសុភមង្គលមិនមានហើយ សេចក្ដីរុងរឿងរីកចម្រើន វឌ្ឍនភាព ឧត្តមភាព និងសេចក្ដីថ្លៃថ្នូរ ក៏នឹងមិនកើតឡើងដូចគ្នា ក៏ព្រោះតែក្នុងគ្រួសារមិនចេះយោគយល់ អធ្យាស្រ័យ និងមិនចេះស្ដាប់ហេតុផលគ្នានឹងគ្នា។ តែផ្ទុយមកវិញ បើក្នុងគ្រួសារចេះយោគយល់ អាធ្យាស្រ័យ អត់ឱន និងចេះស្ដាប់ហេតុផលគ្នាហើយ ភាពរីករាយ សេចក្ដីសុខ សុភមង្គល វឌ្ឍនភាន ឧត្តមភាព និងសេចក្ដីថ្ងៃថ្នូរ ក៏នឹងកើតឡើងតាមលំដាប់លំដោយគ្នាដោយជាក់ប្រាកដ…។»

«បងកុំបន្ទោសខ្លួនឯង ខ្ញុំក៏មានចំណែកខុសដែរ ដែលគិតតែពីភាពហឺហា ធ្វើខ្លួនស៊ីវីល័យទាន់សម័យ ដោយមិនយល់ពីតម្លៃគ្រួសារ។»

ស្ដាប់ម៉ាក់និងប៉ានាងរៀបរាប់ពីកំហុសឆ្គង និងពីការយល់ឃើញពីតម្លៃនៃគ្រួសារហើយ វតីក៏និយាយទៅកាន់ម៉ាក់ប៉ានាងទាំងចិត្តរំជើបរំជួលដោយភាពរីករាយ

«ថ្ងៃនេះកូនសប្បាយចិត្តណាស់ ដែលម៉ាក់និងប៉ាបានយល់ពីតម្លៃគ្នាទៅវិញទៅមកនិងយល់ពីតម្លៃគ្រួសារ។ ថ្ងៃនេះជាថ្ងៃដែលកូនរំភើបសប្បាយរីករាយចិត្តជាគេបំផុតហើយ គឺលើសពីថ្ងៃដែលគ្រួសារយើងស្លសម្លមួយឆ្នាំងរួមគ្នាទៅទៀត។»

និយាយចប់ពួកគេក៏ឱបគ្នាទាំងព្រមដោយទទួលអារម្មណ៍ជាសុខនិងសុភមង្គលទាំងនៅក្នុងមន្ទីរពេទ្យ ៕»

 សម្លកកូរមួយឆ្នាំងផ្សំឡើងពីគ្រឿងគ្រប់មុខ ទាំងគ្រឿងស្អុយ ឆ្អាប ល្វីង ហឹរ ប្រៃ ភ្លាវ ផ្អែម…គ្រឿងទាំងនោះក៏និមិត្តធ្វើឱ្យសម្លមួយឆ្នាំងមានរសឆ្ងាញ់ប្លែកជាទីគាប់ចិត្តនៃជនទាំងឡាយ។

ជីវិតគ្រួសារក៏មិនខុសគ្នាអ្វីទៅនឹងសម្លមួយឆ្នាំងនោះទេ! បើលាយគ្រឿងត្រូវសម្លគឺឆ្ងាញ់ តែបើលាយគ្រឿងខុសវិញ…ច្បាស់ណាស់សម្លនោះនឹងរកកោះត្រើយភាពឆ្ងាញ់នៃរសមិនឃើញឡើយ។

ឯជីវិតគ្រួសារក៏ដូចគ្នា បើផ្សំគ្រឿងត្រូវ នោះគ្រួសារនឹងយល់់តែភាពសប្បាយរីករាយ ទទួលអារម្មណ៍ជាសុខ រស់នៅមានសុភមង្គលទាំងផ្លូវកាយនិងផ្លូវចិត្ត និងធ្វើឱ្យគ្រួសារកាន់តែមានវឌ្ឍនភាពប្រកបដោយសេចក្ដីថ្លៃថ្នូរ និងឧត្តមភាព។ តែបើមេគ្រួសារទាំងពីរមិនស្គាល់រូបមន្ត មិនស្គាល់គ្រឿងផ្សំ និងមិនចេះលាយផ្សំគ្រឿងដើម្បិស្វែងរករសនៃសេចក្ដីសុខសុភមង្គលក្នុងគ្រួសារហើយ គឺជីវិតគ្រួសារនោះក៏មិនខុសគ្នាអ្វីទៅនឹងសម្លមួយឆ្នាំងដែលស្លគ្មានបែបផែនច្បាស់លាស់ គ្មានរបៀបរៀបរយ គ្មានរូបមន្ត និងគ្មានបច្ចេកទេសក្នុងការស្លនោះដែរ។ ហើយចុងបំផុតនៃសម្លមួយឆ្នាំងនោះគឺ រកភាពឆ្ងាញ់នៃរសមិនឃើញឡើយ ។

   តាមពិតទៅមន្ទីរពេទ្យគឺជាកន្លែងដែលគួរឱ្យខ្លាចភ័យតក់ស្លុត និងរន្ធត់ណាស់សម្រាប់មនុស្សជាទូទៅដែលគ្រាន់តែឮពាក្យថា«មន្ទីរពេទ្យ ឬចូលមន្ទីរពេទ្យ» ព្រោះកន្លែងនេះគឺជាទីសមរភូមិនៃចម្រាំងច្បាំងយកជ្នះចាញ់នៃមជ្ជុរាជគឺសេចក្ដីស្លាប់ និងការបន្តជីវិតរស់នៅរបស់សត្វលោក។ តែផ្ទុយមកវិញមិនថាកន្លែងណា ហើយស្ថិតក្នុងសភាពលក្ខណៈបែបណានោះទេ ពោលគឺបើយើងយល់ពីតម្លៃនៃការរស់នៅ និងមានចិត្តស្ងប់ មិនថាទីតាំងឬទីកន្លែងដែលយើងកំពុងតែឈរនោះ ស្ថិតក្នុងសភាពគ្រោះថ្នាក់កម្រិតណានោះទេ គឺសុទ្ធសឹងតែអាចបង្កើតក្ដីសុខ និងសុភមង្គលក្នុងចិត្តឱ្យខ្លួនឯងបានគ្រប់ស្ថានភាព និងគ្រប់ទីកន្លែងទាំងអស់យ៉ាងប្រាកដ៕