ខ្ញុំនៅតែ Unique ក្នុងពិភពលោកដ៏ធំធេងមួយនេះ!

អ្នកនិពន្ធ ម៉ីសន សុធារី តែងតំកល់ភាពខុសគ្នានៃមនុស្ស​ម្នាក់ជា ចំណុចខ្លាំង ដោយសរសេរថា ខ្ញុំនៅតែ Unique ក្នុងពិភពលោកដ៏ធំធេងមួយនេះ!

ជាមួយគ្នានោះ អ្នកនិពន្ធបានសរសេរទៀតថា «គ្រប់គុណសម្បត្តិទាំងអស់នៃជីវិតរស់នៅរបស់ខ្ញុំ ជ្រកក្រោមភាពសាមញ្ញ និង ទំនុកចិត្ត!គ្រប់គុណវិបត្តិដែលខ្ញុំឆ្លងកាត់ ទុកថាជាមេរៀន និងជាកំហុសរបស់ខ្ញុំខ្លួនឯង!គ្មានអ្នកណាត្រូវបានបន្ទោសទេ ពីព្រោះថា ជីវិតខ្ញុំ ខ្ញុំនឹងកំណត់និយមន័យឱ្យ!មិនថាអ្នកនោះជាអ្នកណា គង់គ្មានឥទ្ធិពលអ្វីមកលើបុគ្គលិកលក្ខណៈរបស់ខ្ញុំឡើយ!»
«មនុស្យយើងមានមុខមាត់ខុសគ្នា ចិត្ត​គំនិត​ខុសគ្នា ប្រើជីវិតក្នុងរបៀបខុសគ្នា តែមាន​បំណង​ជារួមមិនខុសគ្នា​ គឺ ត្រូវការ​ឱ្យជីវិតនេះមានតម្លៃ ទទួលបានសេចក្តីស្រឡាញ់ មាន​ទំនាក់ទំនងនឹងគេឯង មាន​ការរីកចម្រើន​លូតលាស់ និងបាន​រួមចំណែកលើអ្វីមួយល្អ។ ក្នុងនោះយើងតែង​ឱ្យតម្លៃលើតម្រូវការណាមួយ ​ច្រើនជាងតម្រូវការផ្សេងទៀត។​ ឧទាហរណ៍ ខ្លះយកនេះ​ ខ្លះស្រវានោះ ​​ខ្លះលះបង់របស់ល្អបំផុតទៅ​ស្រវាចាប់របស់ថោកបំផុត ព្រោះមិនច្បាស់លាស់បំណង​ខ្លួន ហើយចុងក្រោយ​បានប៉ះពាល់ដល់ការសម្រេចចិត្ត ក៏ដូចជាលទ្ធផល​ជីវិត ទាំងស្រុងអាច​ស្តាយក្រោយឈានដល់មាន​វិប្បដិសារី។
អ្នកមាន​​ខ្លះឡូឡាឌឺដងថា របស់ដែលលុយទិញមិនបាន ព្រោះលុយមានមិនគ្រប់!អ្នកក្រីក្រត្អូញ​ត្អែរថា ខ្លួនមិនមានបាន ព្រោះមិនចេះ​ធ្វើអាក្រក់!
គំនិតជាគ្រឿងដឹកនាំជីវិត! គិត​បែបណា ទទួលបានអារម្មណ៍បែបនោះ!
ប្រសិនបើតម្រូវការកំពូលរបស់យើង ត្រូវបានរើសកំណត់ច្បាស់ យើងអាចមិនបន្ទោស មិនប្រៀបធៀប មិនចំណុះ និងមិនស្តាយក្រោយទេ។`»


រៀនកំណត់អំពី​អ្វីទៅជា​តម្រូវការកំពូលពិតៗរបស់យើង ហើយចាប់ផ្តើមគិតអំពីរបៀបអាចទទួលបានវា។ធ្វើដូច្នេះ កម្រិតទំនុកចិត្តមិនចេះរីងស្ងួតឡើយ។

«តាំងពីក្មេងមក ខ្ញុំកំណត់ថា ខ្ញុំនឹងរស់នៅជាមួយមនុស្ស​ដែលខ្ញុំស្រលាញ់ ​ហើយខ្ញុំជ្រើសស្រលាញ់មនុស្សសាមញ្ញម្នាក់ !ខ្ញុំញាំកាហ្វេជាមួយមនុស្ស​ដែលមិនបាច់ឆែកថានៈរបស់គេ​ទេ ឱ្យតែ​មានអារម្មណ៍កក់ក្តៅ ក្អាកក្អាយបាន​ មិនមានសម្ពាធ​មិនប្រកាន់មិនលាក់គំនួចច្រើន។ខ្ញុំជ្រើសរើសប្រើពេលទំនេរជាមួយមនុស្ស​ខ្ញុំទុកចិត្ត​ មិនបាច់មានបុណ្យសក្តិធំ ឬមានលុយច្រើនដែរ ឱ្យតែជួបហើយ​សប្បាយចិត្ត។ ខ្ញុំមានភាពសាមញ្ញដែលគ្មានអ្នកណាដូច​ វាជាកម្មសិទ្ធិរបស់ខ្ញុំ ខ្ញុំទៅទីណា មិនបាច់ដូចគេ តែក៏មិនថ្កោលទោសគេ ក៏មិនទាមទារឱ្យគេដូចខ្ញុំ!»
«ខ្ញុំអាន​សៀវភៅ ខ្ញុំជក់ញៀនការ​សរសេររឿង បើ​អ្នកមិនចូលចិត្ត​អាន ចូលចិត្ត​រាំវិញ​ ក៏វា​ជារឿងរបស់អ្នក អត់អីត្រូវយកមកគិត លើកលែងតែអ្នកសួរយោបល់ខ្ញុំ ខ្ញុំអាចសាកល្បងឆ្លើយ បើអ្នករកខ្ញុំឱ្យជួយ ខ្ញុំព្យាយាម​តាមដែល​អាចធ្វើទៅបាន។
រស់នៅជាខ្លួនយើងឡើង!​សប្បាយចិត្ត​ឡើង!ស្តាយពេលវេលា!»

ចុចអានសំណេរដើម