រសៀលថ្ងៃជ្រេ ពូជាតិ និង មីងស្តួច នាំគ្នាទៅបង់សំណាញ់នៅស្រះមួយដែលមានរបងព័ទ្ធជុំវិញ។ នៅបឹងនោះមានព្រលឹតដុះជុំវិញ គ្មាននរណាហ៊ានចូលទៅបង់ត្រីឬចាប់ត្រី ដកព្រលឹតឡើយ ព្រោះម្ចាស់ស្រះកាចណាស់។ ប៉ុន្តែដោយសារគ្រួសារពូជាតិ និងមីងស្តួចក្រីក្រខ្លាំងពេក មានកូនរហូតដល់ទៅបួននាក់និងមានម្នាក់ទៀតនៅក្នុងពោះទើបគាត់សម្រេចនឹងប្រពន្ធថាប្រថុយមួយចាន។
ពួកគាត់រស់នៅក្នុងខ្ទមតូចមួយនៅក្នុងភូមិចាស់។ នៅពេលប្តីប្រពន្ធទាំងពីរកំពុងតែវីវក់ សប្បាយចាប់ត្រី ដកព្រលឹត បន្តិចក្រោយមកស្រាប់តែមានសំឡេងស្រ្តីចំណាស់ម្នាក់ស្រែកឡូឡា និង ជេរប្រទេចបណ្តាសាយ៉ាងខ្លាំង។ សំឡេងនោះជាសំឡេងយាយសយដែលជាម្ចាស់ស្រះ ។
យាយសយរស់នៅក្នុងផ្ទះតែម្នាក់ឯង ដាច់ពីគេគ្មានសាច់ញាតិទេ។ គាត់ជាមនុស្សដែលចិត្តអាក្រក់ ឃោឃៅគ្មានមេត្តាដាក់អ្នកណាឡើយ។ គាត់បានស្រែកទាំងកំហឹងទៅកាន់ប្តីប្រពន្ធទាំងពីរ «ពួកអ្ហែងហ៊ានណាស់មកប៉ះពាល់កន្លែងអញ ពួកអ្ហែងអាចចូលបាន ជាសំណាង តែអាចគ្មានសំណាងបានចេញទៅវិញ»។
យាយសយខឹងខ្លាំងណាស់ ពេលដែលមានមនុស្សមកបៀតបៀនកន្លែងគាត់ដូច្នោះ។ នរណាៗក៏ដឹងថាគាត់ជាមនុស្សយ៉ាងណា។ គ្មាននរណាហ៊ានបំពានគាត់ទេសូម្បីតែមេភូមិនៅទីនោះ។
មីងស្តួច និងប្តីភ័យខ្លាំងណាស់ កាលបើបានឮយាយសយនិយាយដូចនោះ ពួកគាត់ព្យាយាមអង្វរយាយសយ។
«ខ្ញុំសុំម្តងទៅណាយាយ មេត្តាម្តងទៅ លើកក្រោយពួកយើងមិនធ្វើអ៊ីចឹងទៀតទេ ប្រពន្ធរបស់ខ្ញុំកំពុងតែទម្ងន់ លើកលែងម្តងទៅណាយាយ»
ពេលនោះមុខប្រពន្ធរបស់គាត់ស្លេកស្លាំងខ្លាំងណាស់ គាត់មិនហ៊ានមើលមុខយាយសយទេ។ មីងស្តួចនិយាយទាំងភ័យ
«យាយសយ ឱ្យខ្ញុំសុំម្តងទៅ ខ្ញុំធានាថាគ្មានលើកក្រោយទេ។»
«អ៊ីចឹងក៏បាន អញឱ្យពួកឯងចេញ តែមិនធានាជីវិត ពួកឯងហ៊ានបំពានកន្លែងអញក៏គួរតែដឹងហើយថានឹងទទួលលទ្ធផលយ៉ាងណា»
[…] យាយសយគិតមួយសន្ទុះ រួចគាត់បន្ត
«មិនថ្វីទេ ចេញទៅចុះ ហា៎ហា…យើងអនុញ្ញាត!»
ពេលបានឮដូច្នោះប្តីប្រពន្ធទាំងពីរអរខ្លាំងណាស់ក៏ប្រញាប់អរគុណ។ ហើយប្រញាប់ដើរចេញមកយ៉ាងលឿនតម្រង់ទៅផ្ទះ ។ ពេលដើរដល់ពាក់កណ្តាលផ្លូវមីងស្តួចចុកពោះខ្លាំង។ ពូជាតិក៏បាននាំប្រពន្ធអង្គុយសម្រាកសិន (ពីបឹងយាយសយមកផ្ទះ រយៈចម្ងាយប្រមាណជា៣០នាទី ដោយថ្មើរជើង)។
ពូជាតិលើកប្រពន្ធឱ្យអង្គុយលើគល់ឈើធំមួយទាំងក្តីព្រួយបារម្ភ។ […] រួចសម្លឹងមុខប្រពន្ធ កែវភែ្នកទាំងគូរបស់គាត់ ពេញទៅដោយទុក្ខព្រួយ អាណិតប្រពន្ធស្ទើរដាច់ដង្ហើម ប្រសិនបើប្រពន្ធមានបញ្ហាអ្វីគាត់ប្រហែលឆ្កួតហើយ។ ណាមួយស្ទើរពេញមួយជីវិតទៅហើយដែលគាត់បាននាំប្រពន្ធឱ្យមកលំបាកជាមួយ។ ក្រលំបាករកតែអង្ករច្រកឆ្នាំងស្ទើរមិនគ្រប់ ណាមួយនៅមានកូនច្រើនទៀត។ តើគួរធ្វើយ៉ាងណាទើបប្រពន្ធកូនបានរស់ស្រួល? […] គិតដល់ត្រឹមនឹងគាត់ក៏ដកដង្ហើមធំ។
មីងស្តួចកាលបើបានឃើញទឹកមុខប្តីដូច្នេះ គាត់ក៏បាននិយាយលើកទឹកចិត្តប្តី
«ឳវា! កុំពិបាកចិត្តខ្លាំងពេកមិនថ្វីទេ ខ្ញុំមិនកើតអ្វីទេ ហើយចាំស្អែកចាំគិតទៀត តោះយើងបន្តដំណើរទៅមុខទៀត កុំខ្វល់ច្រើនពេកធ្វើម្តេចបើជីវិតយើងវេទនាបែបនេះហើយ»
ពូជាតិព្យាយាមញញឹមទាំងទឹកភ្នែករួចយកដៃអង្អែលក្បាលប្រពន្ធថ្នមៗ
«តោះម៉ែវាទៅផ្ទះ បងមិនថ្វីទេ» ហើយគាត់ក៏លើកប្រពន្ធឡើងដើម្បីបន្តដំណើរបន្តទៀត។
លុះពេលមកដល់ផ្ទះរំលងបានបួនទៅប្រាំថ្ងៃ។ ពូជាតិធ្លាក់ខ្លួនឈឺ កើតទៅជាឆ្កួតវង្វេងស្មារតីមិនដឹងអ្វី និយាយមិនដឹងរឿង។ ហើយគាត់ដើរទៅពេញវាល តាមព្រៃ ប្រឡាយ បឹងនិងស្ទឹងជាដើម។ គាត់តែងតែនិយាយថា(អញៗ ខ្លាចណាស់ កុំៗ នោះៗវាមកហើយ វាមកហើយ មកយកយើងហើយ ឆាប់រត់ លឿនៗ វាចង់មកចាប់អញហើយ)។
រៀងរាល់ថ្ងៃគាត់តែងតែដើរ ឬរត់បាត់ៗពីផ្ទះ ហើយនិយាយទៅពេញតែវាលមិនដឹងរឿង។ មីងស្តួចចេះតែប្លែកថាហេតុអ្វីបានជាប្តីប្លែកម៉្លេះមួយរយៈនេះ។ ចាប់តាំងពីមកពីបឹងយាយសយវិញ។ រហូតដល់ មីងស្តួចសម្រេចចិត្តដាក់ច្រវ៉ាក់ជើងប្តីរបស់គាត់ (អស់រយៈពេលកន្លះខែ)។
ក្នុងអំឡុងពេលនោះ មីងស្តួចក៏បានទៅតាមគ្រូពេទ្យឱ្យមកពិនិត្យនិងចាក់ថ្នាំដែរ តែនៅមិនអាចជួយអ្វីបានសោះ។ គ្រូពេទ្យបានត្រឹមតែនិយាយថាគាត់វិកលចរិត បើអាចទៅរួចយកគាត់ទៅមន្ទីរពេទ្យជំនាញខាងរោគចិត្តទៅ ព្រោះគាត់គ្មានជំនាញខាងហ្នឹងទេ។ និយាយរួចគ្រូពេទ្យក៏បានឱ្យថ្នាំទៅតាមវិជ្ជាពេទ្យ។ ណាមួយគ្រួសារពូជាតិតោកយ៉ាកផង ទើបគ្រូពេទ្យមិនសូវខ្វល់។ រីឯមីងស្តួចកាលបើបានឮដូច្នោះ បេះដូងស្ទើរគាំង ដោយគាត់មិននឹកស្មានថាប្តីប្រែទៅជាបែបនោះលឿនយ៉ាងនេះ។
មីងស្តួចសម្លឹងមើលមុខប្តីរបស់គាត់ទាំងក្តីបារម្ភ ទាំងភ្នែករលីងរលោង។ នឹកថាមិនដឹងបានប្រាក់មកពីណាទៅព្យាបាលប្តី។ គាត់បានដើរទៅខ្ចីប្រាក់អ្នកស្រុកអ្នកភូមិដើម្បីនាំប្តីទៅពេទ្យ ប៉ុន្តែគ្មាននរណាហ៊ានឱ្យខ្ចីសោះ ព្រោះពួកគេគិតថាមីងស្តួចគ្មានប្រាក់សងទេ ក្រោយមកគាត់ក៏សម្រេចចិត្តយកប្តីទៅរកគ្រូខ្មែរម្តង ដោយគិតថាបើទៅគ្រូខ្មែរអាចមិនសូវអស់ប្រាក់ច្រើន។ មីងស្តួចបាននាំកូនប្រុសរបស់គាត់ទៅរកគ្រូ ហើយលោកគ្រូក៏បានគន់គូរទៅតាមជើងលេខ ហើយឆ្លើយទៅតាមជើងលេខ
«ពូជាតិឆ្កួតព្រោះត្រូវរបស់គេ (ត្រូវមន្តអាគម) គេដាក់ផ្តាច់ជីវិត បំណងរបស់គេគឺចង់សម្លាប់មួយគ្រួសារ»
តែដោយសារលេខរបស់ជាតិទាបជាងគេក្នុងគ្រួសារ។ ទើបបានបណ្តាលឱ្យគាត់ត្រូវឈឺតែម្នាក់ឯងដូច្នេះ។ បើឆ្លងផុតថ្ងៃ ៨កើតនេះ គាត់នឹងរស់ តែបើឆ្លងមិនផុតទេ គាត់នឹងត្រូវអស់ជីវិតហើយ។ ទោះយ៉ាងណាមីងស្តួចនិងកូនៗ ត្រូវតាមមើលកុំឱ្យផុតពីក្រសែភ្នែកឱ្យសោះ។ ប្រសិនបើប្រហែស គាត់រត់បាត់ត្រូវចាំចាប់គាត់នៅទិសបូព៌ អាចជាគាត់នឹងដឹងខ្លួនមួយពេល ហើយដើរទៅរកផ្ទះបងប្អូននៅទីនោះ។ ប្រសិនបើរកមិនឃើញទេ ត្រូវតែត្រៀមចិត្ត។ ព្រោះជើងលេខឆ្លើយថា គាត់នឹងត្រូវស្លាប់។
«បើអាចទៅរួចយកគាត់មកព្យាបាលនៅទីនេះ តែលោកគ្រូសុំយកប្រាក់មុន ព្រោះឥឡូវតាត្រូវចំណាយប្រាក់ច្រើនណាស់»
«លោកគ្រូ ជួយទាញប្តីខ្ញុំមកវិញផង ខ្ញុំស្រឡាញ់ប្តីខ្ញុំណាស់ ព្រោះគាត់ជាមនុស្សល្អណាស់ពីមុន។ គាត់មិនដែលចេះដើរលេងផឹកស៊ីចោលប្រពន្ធកូនទេ ខំរកស៊ីមិនដែលដកដៃ ខ្ញុំនឹកអាណិតប្តីហួសប្រមាណមិនដឹងត្រូវជួយប្តីយ៉ាងណា ក្រប្រាក់ក៏គ្មាន បាយក៏គ្មានហូប ហើយកំពុងមានទម្ងន់ជិតគ្រប់ខែទៀត»
គិតដល់ត្រឹមនោះទឹកភ្នែកក៏ស្រក់ចុះមក រកពាក្យអ្វីមកថ្លែងពុំបាន។
«បាទ! លោកគ្រូនឹងជួយតាមតែអាចជួយទៅបាន ប៉ុន្តែគ្រូសុំបង្គាប់ប្រាក់ ៩០ម៉ឺនរៀលមុនសិន»
«យី! លោកតាចៅក្រខ្លាំងណាស់។ ចៅគ្មានប្រាក់ទេ ឥឡូវនេះចៅមានតែមួយម៉ឺនរៀលទេ»
«បើអ៊ីចឹងចៅទៅរកគ្រូផ្សេងចុះ មកមើលឱ្យប្តីស្អី ប្រាក់មួយម៉ឺន នរណាមើល ខោមិនខោ អាវមិនអាវនរណាចង់មើល សម័យនេះគេចាយមាសប្រាក់ មិនមែនចាយក្រដាសទេមេនាង បើគ្មានប្រាក់ខំមកមើលធ្វើអ្វី? នាំតែខាតពេលឥតប្រយោជន៍»
មីងស្តួចនិយាយទាំងអួលដើមក «លោកគ្រូតើអាចទេបើសិនខ្ញុំសុំជំពាក់សិន ចាំពេលប្តីខ្ញុំជាចាំខ្ញុំរកប្រាក់មកសងលោកគ្រូ»
«ទេៗមិនបានទេ បើគ្មានប្រាក់ទេទៅវិញចុះ មិនដឹងស្អីទេខាតពេលវេលារកស៊ីអស់ អ្នកណាជួយកើតបើក្រយ៉ាងៗហ្នឹង រកតែបាយស៊ីមិនបានផង»
«ចាស៎អ៊ីចឹង! ខ្ញុំនិងកូនលាសិនហើយ»
ឱ! ប្តីម្ចាស់ជីវិតអូនអើយ! តើឱ្យអូនទៅរកប្រាក់នៅទីណា? តើមានកន្លែងណាដែលអូនអាចទៅបាន? ឥឡូវនេះអូនវង្វេងគ្រប់ទិសអស់ទៅហើយ បងដឹងទេថាអូនបារម្ភខ្លាំងយ៉ាងណា? សង្ឃឹមថាបងនឹងឆាប់ជាណា មួយជីវិតនេះយើងលំបាកពេកហើយ ឪពុកម្តាយក៏ស្លាប់តាំងពីយើងនៅក្មេងៗមិនដឹងអ្វី ដើររស់នៅតែជាមួយគេលំបាកវេទនាណាស់ហើយ មិនគួរណាមកបែបនេះទេ។
ដល់ពេលយើងជួបគ្នាស្រឡាញ់គ្នា ក៏សន្យាចាប់ដៃគ្នាសាងគ្រួសារ សន្យាថានៅជាមួយគ្នាពូនជាកូនជាចៅ និងស្លាប់ទៅថ្ងៃជាមួយគ្នា។ អូនសង្ឃឹមថាបងនឹងមិនភ្លេចពាក្យសន្យា ដែលបងឱ្យមកអូន ហើយអូនក៏សង្ឃឹមថាបងនឹងត្រឡប់មកដូចដើមវិញនៅថ្ងៃមួយ។ ខ្ញុំសូមបួងសួងដល់វត្តុស័ក្តិសិទ្ធិដែលមាននៅលើផែនដីនេះជួយប្តីខ្ញុំម្ចាស់ឱ្យឆ្លងផុតផងចុះ។ និយាយរួចមីងស្តួចក៏ព្យាយាមជូតទឹកភ្នែក ហើយហៅកូនៗឱ្យមកជុំគ្នា។
«កូនៗយើងចាំជួយការពារពុកទាំងអស់គ្នាណា៎ ព្រោះឥឡូវគាត់ឈឺហើយ បើកូនមិនចង់បាត់បង់គាត់ កូនត្រូវតែជួយម៉ែ ត្រូវធ្វើយ៉ាងណាកុំឱ្យពុកកូនផុតពីក្រសែភ្នែក»
ពេលវេលាចេះតែរំកិលម្តងបន្តិចៗ មិនយូរប៉ុន្មានថ្ងៃ៨កើត ក៏បានមកដល់។ មីងស្តួចនិងកូនៗព្យាយាមខ្លាំងណាស់ដើម្បីការពារប្តី ធ្វើយ៉ាងណាឱ្យតែប្តីបានរួចជីវិត។ មីងស្តួច មិនហ៊ានដើរទៅណាទេនៅមើលថែតែប្តីគ្រប់នាទី រហូតដល់ម៉ោង១២ថ្ងៃត្រង់ត្រូវនឹងថ្ងៃ៨កើត។
មីងស្តួចឈឺពោះចូលបង្គន់។ គាត់បានហៅកូនៗឱ្យមកមើលមួយភ្លែត។ លុះពេលមីងស្តួចចូលបង្គន់បាត់។ ពួកក្មេងៗក៏រត់លេងបាត់អស់ នេះដោយសារតែក្មេងៗមិនទាន់ដឹងយល់សាច់ការអ្វី។ ពួកវាភ្លេចខ្លួនរត់ទៅលេង នៅតាមផ្លូវក្បែរផ្ទះអស់។ លុះពេលមីងស្តួចត្រឡប់មកវិញ ស្រាប់តែបាត់កូនៗស្ងាត់អស់។ គាត់ក៏ងាកទៅមើលប្តីនៅលើផ្ទះបាត់ចេញពីច្រវ៉ាក់ទៀត។ មីងស្តួចក៏ស្រែកឆោឡោ យំស្រែករកប្តី…។
រហូតដល់អ្នកជិតខាងនាំគ្នារត់មកមើល ថាមានរឿងអ្វីកើតឡើង។ ពេលនោះគាត់ក៏បានស្រែកសួរ អ៊ំ ពូ មីងដែលនៅក្បែរនោះ។
«តើមានអ្នកណាឃើញប្តីរបស់ខ្ញុំទេ? គាត់ដើរទៅណា? ខ្ញុំចូលបន្ទប់ទឹកមិនដល់ដប់នាទីផង។»
គាត់បានបាត់ចេញពីច្រវ៉ាក់ដែលខ្ញុំនិងកូន បានចាក់នៅសសរលើផ្ទះ។ ហេតុអ្វីច្រវ៉ាក់ធំម្លឹងៗគាត់របូតចេញទៅបាន? ខ្ញុំខំមើលថែគាត់ អត់បាយ អត់ទឹក មិនហ៊ានដេកមិនពួន មិនហ៊ានចេញទៅណា អស់រយៈពេលកន្លះខែមកនេះ។ លោកអើយ!ជួយប្តីខ្ញុំផង …ហ៊ីៗ….។
សំឡេងស្រែកល្វើយៗ បានឮទៅដល់អ្នកភូមិផ្អើលនាំគ្នារត់មកមើលមីងស្តួច។ ពេលនោះ នាយអនដែលត្រូវជាមិត្តរបស់ពូជាតិក៏បានរត់មកដល់ ហើយសួរនាំថាមានរឿងអ្វី។ ក្រោយពីមីងស្តួចបានរៀបរាប់ដំណើរដើមទងរួចមក។ នាយអននិងអ្នកភូមិក៏បានព្យាយាមនិយាយលួងលោមមីងស្តួចនិងជួយដើររកពូជាតិ។
«បានហើយឈប់យំទៅ ចាំពួកយើងជួយតាមរកប្តីស្តួចឯង កុំបារម្ភខ្លាំងពេកជាតិមិនកើតអ្វីទេ! តោះៗពួកយើងជួយរកប្តីមីងស្តួចយកតែបុណ្យទៅចុះ តោះៗ»
ក្រោមកម្លាំងនៃវាយោបក់បោក បង្កើតបានជាភ្លៀងផ្គរ។ សំឡេងអ្នកភូមិកងរំពងពេញព្រៃ បួនប្រាំថ្ងៃកន្លងមកនេះ មីងស្តួចនិងអ្នកភូមិតាមរកពូជាតិមិនឃើញសោះ។ គ្រប់គ្នាតាមរកគ្រប់ទីកន្លែងនៅតែមិនឃើញ។ តាមបឹង ប្រឡាយ ស្ទឹង ព្រៃភ្នំ ជ្រោះអូរ ក៏នៅតែមិនឃើញ នៅតាមស្រុកភូមិក៏នៅតែរកមិនឃើញ ពេលជួបក្មេងៗគង្វាលគោ ក្មេងៗប្រាប់ថាឃើញតែមិនដឹងថាដើរទៅខាងណា ព្រោះក្មេងម្នាក់ថាទៅខាងលិច ហើយម្នាក់ទៀតថាឃើញដើរទៅខាងត្បូង មីងស្តួចក៏បានដើររកទៅតាមដំណឹងក្មេងៗ និងអ្នកដែលធ្លាប់ជួបពូជាតិ តែទោះជារកយ៉ាងណាក៏នៅតែមិនឃើញ ណាមួយដោយសារពោះរបស់គាត់ជិតគ្រប់ខែផងនោះ ទើបគាត់មិនអាចដើរបាន ឆ្ងាយ។
ប៉ុន្តែអ្វីដែលគួរឱ្យប្លែកនោះ គឺមីងស្តួចភ្លេចពាក្យដែលគ្រូអាគមនិយាយថា (បើបាត់ប្តីត្រូវឱ្យទៅតាមរកនៅទិសបូព៌ ផ្ទះបងប្អូន) ហេតុអ្វីបានមិនព្រមទៅប្រាប់ឬទៅសួរផ្ទះបងប្អូនរបស់គាត់? ឬគាត់គិតថាវាមិនអាចទៅរួចដែលពូជាតិនឹងទៅទីនោះ។ គាត់តាមរកសួរគេដែលធ្លាប់បានឃើញប្តី គេម្នាក់ៗនិយាយថាឃើញដែលតែឃើញតែមួយភ្លែត ពុំបានចាប់អារម្មណ៍ព្រោះមិននឹកស្មានថាគាត់ឆ្កួត ធ្លាប់តែឃើញគាត់ដើរជាធម្មតានៅតាមភូមិជិតខាង។
ជីវិតមនុស្សពិតជាមិនទៀងមែន ថ្ងៃមុនសប្បាយថ្ងៃនេះកើតទុក្ខ ហើយថ្ងៃស្អែកនឹងទៅជាយ៉ាងណាក៏យើងមិនដឹង។ អ្វីដែលត្រូវកើតវានឹងកើត ទោះបីយើងព្យាយាមយ៉ាងណាក៏ដោយ។ មិនយូរប៉ុន្មានមីងស្តួចក៏បានដឹងដំណឹងរបស់ប្តី ប្តីលង់ទឹកស្លាប់ស្អុយរលួយត្រឹមរយៈពេលបីថ្ងៃ ក្រោយពីបានដឹងដំណឹងហើយមីងស្តួចទន់ជង្គង់ដើរលែងរួច ទឹកភ្នែកក៏បន្តស្រក់មកគ្មានប្រណីសោះ គាត់បន់ស្រន់កុំឱ្យក្លាយជាការពិត។ តែអ្វីដែលគាត់មិនចង់គិត វាក៏អាចទៅរួចទៅហើយ។ ពេលគាត់ទៅដល់ឃើញសភាពប្តីគឺហួសថ្លែង៖ ត្រីស៊ីពោះ និងមុខជ្រុះគ្រាប់ភ្នែកអស់ មើលស្ទើរមិនស្គាល់ រូបរាងក៏ហើម។ តែគាត់អាចចំណាំបានថាប្តីពាក់ សម្លៀកបំពាក់បែបណា ហើយមានរូបរាងយ៉ាងណា។
តាមការសនិ្នដ្ឋានគឺទំនងជាពូជាតិស្រេកទឹកខ្លាំងពេក ក៏ចុះទៅផឹកទឹកនៅក្នុងស្ទឹងធំនោះ។ ព្រោះមើលទៅកន្លែងកើតហេតុនៃសាកសពគឺខ្ពស់ខ្លាំងណាស់ តែមានទឹកត្រឹមជង្គង់តែប៉ុណ្ណោះ បែរជាពូជាតិអាចលង់ទឹកស្លាប់បានទៅវិញ។ ប្រហែលជាគាត់ហេវហត់អស់កម្លាំងខ្លាំងពេកបានជាធ្វើឱ្យគាត់រអិលធ្លាក់ទៅ។
ស្ថានភាពសពមានសភាពផ្កាប់មុខនិងដោតក្បាលចុះក្រោម បានជាត្រីស៊ីអស់ផ្នែកខាងមុខដូចនេះ ហើយលើខ្លួនគ្មានស្នាមវាយឬកាប់ចាក់អ្វីនោះទេ។ មីងស្តួច សោកស្តាយនិងស្រណោះប្តីយ៉ាងខ្លាំង ស្រែកយំននៀលដី អាណិតប្តីមិនដឹងថាប្តីវេទនានិងស្រេកឃ្លានយ៉ាងណាមុនពេលស្លាប់។ គាត់សម្លឹងសពប្តីទាំងមិនអស់ចិត្ត។ គាត់ខំស្រែកហៅប្តីឱ្យក្រោកឡើងទាំងទឹកភ្នែកជោកផែនថ្ពាល់។
ក្រោយពីពេទ្យពិនិត្យរួចមក មីងស្តួចក៏បម្រុងយកសពប្តីទៅផ្ទះដើម្បីធ្វើបុណ្យ តែដោយសារសពមានសភាពស្អុយរលួយខ្លាំងពេក អ្នកភូមិប្រាប់ឱ្យមីងស្តួចសម្រេចឱ្យគេដុតសពប្តីនៅក្នុងព្រៃ ហើយយកតែធាតុត្រឡប់មកផ្ទះ។ ក្រោយពីបានដុតសពរួចរាល់ហើយលោកអាចារ្យក៏ឱ្យមីងស្តួចយកឆ្អឹងពូជាតិទៅធ្វើបុណ្យនៅផ្ទះ។
បន្ទាប់ពីដំណឹងនៃការស្លាប់របស់ពូជាតិបានលេចឮទៅដល់ស្ទើរគ្រប់តំបន់ហើយ មិនយូរប៉ុន្មានអ៊ំស៊ីលាន ក៏បានដឹងដំណឹង។ អ៊ំស៊ីលានត្រូវជាបងបង្កើតរបស់មីងស្តួច គាត់បានដឹងដំណឹងពីការស្លាប់របស់ពូជាតិដែលត្រូវជាប្អូនថ្លៃ។ អ៊ំស៊ី លាន មានឋានៈគ្រួសារមធ្យមនិយាយរួមគាត់ធូរធារគ្រាន់បើដែរ គាត់ស្ទើរមិនជឿថាប្អូនថ្លៃដ៏សែនល្អរបស់គាត់ត្រូវស្លាប់ចោលប្រពន្ធកូនដូច្នោះ គាត់បានមកចូលរួមបុណ្យសពហើយគាត់ក៏បានសួរនាំពីដំណើររឿងនៃការស្លាប់របស់ប្អូនថ្លៃ។
«នែ! ស្តួច ប្តីឯងកើតអ្វីបានស្លាប់? កាលពីរ បីថ្ងៃមុនឃើញវារត់មករកអញហើយមកសុំបាយអញស៊ីទាំង កណ្តាលភ្លៀង វាប្រាប់ថាឃ្លានណាស់ កាលនោះអញឮ វានិយាយជាមួយអញហើយហៅអញថា អ្នកៗ ទាំងកណ្តាលយប់រំលងអធ្រាត្រម៉ោង១២ ហើយកូនអញ អាប្រុស ស្មានតែចោរវាខំទាញកាបិតចុះទៅដី តែដល់ពេលមើលមុខទៅគឺអាជាតិសោះ អញស្មានតែចោរ អញខំស្រែកហៅគេឯងទាំងកណ្តាលយប់ឱ្យជួយ អាជាតិសុំបាយអញស៊ីអស់មួយឆ្នាំងធំ ហើយអញឱ្យត្រីអាំងវាស៊ី តែវាមិនស៊ី វាថាអត់ស៊ីទេ វាស៊ីបាយជាមួយអំបិលគ្រួសឆ្ងាញ់ណាស់ វាផឹកទឹកអស់មួយធុងធំ អញថាវើយអានេះផឹកទឹកម្លឹងៗតិចឈ្លក់ស្លាប់ទៅ។
ហើយមកផ្ទះអញទាំងយប់ចុះប្រពន្ធកូនអ្ហែងបានអ្វីស៊ី បើប្រពន្ធកំពុងតែពោះធំផង។ អញមិនថាអ្វីទេបើអ្ហែងមកផ្ទះអញ តែចុះប្រពន្ធកូនទៅជាយ៉ាងណា? ឆាប់ទៅផ្ទះវិញទៅភ្លៀងខ្លាំងហើយ។ ផ្ទះអ្ហែងរហែកលើក្រោមអ៊ីចឹងបានអ្វីជ្រក។ នៅយប់នោះមានភ្លៀងខ្លាំងណាស់ខោអាវអាជាតិទទឹកជោក ខ្លួនវារងាញាក់ភ្នែកបើកភ្លឹសៗមើលមកអញ មិនដឹងជាវាចង់និយាយឬប្រាប់អ្វីទេ បានជាវាសម្លឹងមើលមិនដាក់ភ្នែកសោះ។
វានៅរហូតដល់ម៉ោងបួនជិតភ្លឺ បានវាចេញទៅ អញស្មានតែវាមិនបានកើតអ្វី ព្រោះអញនិយាយជាមួយវាដឹងរឿងគ្រប់យ៉ាង។ អញគ្មានដឹងថាវាឆ្កួតទេ អញឆ្ងល់ម៉េចវាមិនទៅប្រាប់អញសោះ បើអញដឹង អញប្រហែលមិនប្រាប់ឱ្យវាឆាប់មកផ្ទះវិញទេ អញនឹងចាប់វាទុកហើយ យ៉ាងហោចណាស់ វានាំកូនៗឬឱ្យនរណាមកប្រាប់អញបន្តិចមក ជិតសោះ មានអីឆ្ងាយ! នៅតែមួយភូមិពីរគ្នាសោះ! គួរឱ្យខឹងមែនតើ ពីត្រង់នេះទៅត្រង់នោះ វាទៅមិនដល់ផ្ទះអញ។
បើទៅមិនដល់ ម៉េចវាមិនព្រមរកនរណាឬផ្តាំផ្ញើតាមគេមកប្រាប់អញ។ អញនឹកអាណិតវាស្ទើរសន្លប់ ពេលបានឮដំណឹងថាអាជាតិស្លាប់ អញនឹកហួសចិត្តខ្លាំងណាស់ មិនគួរសោះ។ កើតអ្វី មានបញ្ហាអ្វីម៉េចអញមិនដឹងរឿងអ្វីសោះ? បើអញរវល់តែទៅធ្វើស្រែនៅស្រែណូយ មិនបាននៅផ្ទះ យ៉ាងហោចក៏កូនអញនៅផ្ទះដែរ។ ម៉េចមិនទៅប្រាប់កូនៗអញ ព្រោះក្មេងៗវានៅតែផ្ទះហ្នឹងទេតើ។ អញនឹកហួសចិត្ត ប្តីឈឺទាំងមូលមិនព្រមផ្តល់ដំណឹងឱ្យអញ ឱ្យបានដឹង។ តាមពិតអញមានប្រាក់ទេតើ ម៉េចមិនទៅរកអញ? បងប្អូនបង្កើតមិនមករក ទៅរកគេអ្នកដទៃធ្វើម៉េចបានគេជួយ»
អ៊ំស៊ីលាន ដកដង្ហើមធំលាយទឹកភ្នែកនឹកអាណិតជាតិ និងហួសចិត្តអំពីប្អូនមិនព្រមផ្តល់ដំណឹង។
បន្តិចក្រោយមកមីងស្តួចក៏ដកដង្ហើមធំ ហើយតបទៅបងស្រីទាំងទឹកភ្នែក និយាយសំឡេងខ្សាវៗ៖
«ចា៎ បង! តាមពិតពេលនោះខ្ញុំមិនសូវស្រួលខ្លួនផង ដើរមិនរួចពោះក៏ជិតគ្រប់ខែ បាយក៏គ្មានឱ្យកូនៗស៊ី ក្នុងខ្លួនក៏គ្មានប្រាក់សូម្បីមួយរយរៀល បារម្ភតែពីប្តីរកនឹកអ្វីមិនឃើញ ធ្វើអ្វីក៏មិនត្រូវ ប៉ុន្តែខ្ញុំបានប្រាប់អាអនដែលនៅដើមភូមិនៅជិតផ្ទះមេភូមិ ឱ្យប្រាប់បងដែរ តែវាថាមិនបានទៅដល់ផ្ទះអាបងឯងទេ ទើបវាប្រាប់អ្នកភូមិឱ្យប្រាប់អាបងបន្តទៀត ហើយខ្ញុំក៏បានឱ្យកូនទៅជាមួយបងថ្លៃទៅប្រាប់បងឱ្យជួយរកផងដែរ តែវាថាអ៊ំវា រវល់ផឹកនៅកណ្តាលភូមិមកមិនដល់ផ្ទះបងទេ វាថាណាមួយផ្ទះបងនៅដាច់ឆ្ងាយពីគេចុងភូមិវាទៅម្នាក់វា វាមិនហ៊ានទៅ ខ្ញុំសោកស្តាយខ្លាំងណាស់កាលបើបានឮបងប្រាប់បែបនេះ កាលដែលជាតិឈឺ ខ្ញុំក៏មិនបានទៅប្រាប់បង និយាយរួមខ្ញុំបារម្ភបងជាតិរហូតស្ទើរឆ្កួតទៅតាមគាត់»
«អើ! ល្អអ៊ីចឹងហើយបានអញមិនដឹងអ្វីសោះ ពិតជាសោកស្តាយខ្លាំងណាស់ បើសិនអញហាម និងឱ្យវាដេកផ្ទះអញមួយយប់សិន ប្រហែលគ្មានរឿងអ្វីកើតឡើង ហើយវាក៏មិនត្រូវស្លាប់ដែរមើលទៅ»
មីងស្តួចមើលមុខបងស្រីទាំងទឹកភ្នែកហូរ តែគាត់ក៏ប្រឹងតបទាំងទឹកភ្នែកបន្តថា៖
«ពុំមែនជាកំហុសបងទេ ខ្ញុំទេជាអ្នកខុសដែលទៅមិនដល់ផ្ទះបង ខ្ញុំដើរទៅដល់ពាក់កណ្តាលផ្លូវក៏មានអារម្មណ៍អស់កម្លាំងហើយឈឺពោះក៏ត្រឡប់មកផ្ទះវិញ បើពេលនោះខ្ញុំបន្តដើរទៅប្រាប់បងតែបន្តិច ម៉្លោះសមខ្ញុំមិនបាត់បង់ប្តីបែបនេះទេ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ពេលដែលដឹងថាគាត់បានទៅរកអាបងឯងមុនពេលដែលគាត់ស្លាប់ដូច្នេះ»
ក្រោយពីមីងស្តួចនិងបងស្រីរៀបរាប់រឿងចប់សព្វគ្រប់ហើយ អ្នកភូមិក៏បានព្យាយាមនិយាយ
«បានហើយឡើងលើផ្ទះទៅ ទោះយ៉ាងណាក៏គាត់ស្លាប់បាត់ទៅហើយ កាត់ចិត្តទៅអ្នកមីងនិងអ៊ំស្រី ហើយតើមីងបានប្រាប់បងប្អូនអស់ហើយឬនៅ?»
«បងប្អូនជិតៗគាត់ដឹងអស់ហើយ នៅតែឆ្ងាយៗគ្មាននរណាទៅ» និយាយចប់ មីងស្តួចក៏បម្រុងយកធាតុពូជាតិទៅទុកនៅក្នុងតង់ដែលគេសង់សម្រាប់ដាក់សព។
តាំងពីដើមមកពេលបូជាសពរួចហើយ ធាតុខោ្មចតៃហោងអ៊ីចឹង អាចារ្យមិនឱ្យដាក់លើផ្ទះទេ។ អាចារ្យឱ្យយកធាតុពូជាតិទៅដាក់នៅក្រោមតង់ដែលគេចងសម្រាប់ឱ្យអ្នកមកបុណ្យសពនិងមើលសព។ តែអ៊ំលាភដែលត្រូវជាបងស្រីបង្កើតរបស់ពូជាតិមិនព្រម អ៊ំលាភជាមនុស្សប្រមឹកផឹកស្រាជេរកូនចៅរាល់ៗថ្ងៃ។ គាត់មិនដែលខ្វល់រឿងរកស៊ីអ្វីទេ ឱ្យតែបានផឹកគាត់សប្បាយចិត្តហើយ ណាមួយគាត់រាងស្រវឹងប្រឿងៗផង។ គាត់លើកហេតុផលថា
«ជាតិស្លាប់យ៉ាងវេទនានៅក្នុងព្រៃតាមស្ទឹងវេទនាហើយ គួរណាស់តែយកធាតុប្អូនរបស់គាត់ដាក់លើផ្ទះទើបត្រឹមត្រូវ»
គាត់រករឿង ត្រូវធ្វើយ៉ាងណាឱ្យដាក់ធាតុប្អូនគាត់លើផ្ទះឱ្យទាល់តែបាន មិនថាលោកអាចារ្យប្រាប់ ឬណែនាំយ៉ាងណាក៏មិនខ្វល់។ ក្រោយពីការប្រកែកគ្នា បន្តិចក្រោយមក អ៊ំលាភក៏ចាប់ទាញធាតុប្អូនគាត់ចេញពីដៃរបស់មីងស្តួចឡើងទៅទុកលើផ្ទះ។ ក្រោយពីបានដូចនោះហើយ អ៊ំលាភសើចសប្បាយ ហើយកាន់ដបស្រាចុះទៅដីបាត់។ រីឯមីងស្តួច ក៏បានទាញធាតុទៅដាក់នៅខាងក្រោមវិញដែរ។ ប៉ុន្តែពុំអាចជួយអ្វីបាន ព្រោះមិនថាសពឬខ្មោច ឱ្យតែយកឬទៅទុកនៅទីណាព្រលឹងតែងតែនៅជាប់ជំពាក់ទីនោះ។
កាលបើបានដូចនោះហើយ ព្រលឹងពូជាតិមិនព្រមទៅណាសោះឡើយ គាត់នៅឈរឱបសសរផ្ទះមិនព្រមទៅ ដាច់ខាត។ ទោះបីបើលោកអាចារ្យប្រើមុនអាគមដេញយ៉ាងណាក៏មិនព្រម អាចារ្យខំព្យាយាមជួយគ្រប់មធ្យោបាយដែរ ប៉ុន្តែក៏មិនអាចសុំឬដេញឱ្យព្រលឹងពូជាតិចុះបាន ទើបលោកអាចារ្យសុំឱ្យមីងស្តួចសម្រេចចិត្តដុតផ្ទះចោល ដើម្បីឱ្យពូជាតិទៅរកកន្លែងចាប់កំណើតថ្មី។ ក្រោយពីដុតផ្ទះរួចហើយ មីងស្តួចក៏គ្មានកន្លែងនៅ គាត់នៅបណ្តោះអាសន្នក្រោមតង់រហែក។ តាមទំនៀមគេនិយាយថាខ្មោចកាលបើបានស្លាប់ហើយ លុះត្រាតែគ្រប់រយៈពេលបីថ្ងៃទើបដឹងថាខ្លួនស្លាប់។
លុះពេលយប់ពាក់កណ្តាលអធ្រាត្រ ឆ្កែចាប់ផ្តើមលូទ្រហឹង។ តាមទម្លាប់ឆ្កែដែលមើលឃើញព្រលឹងឬអ្វីដែលយើងមើលមិនឃើញ។ ពេលយប់ដ៏ងងឹត ឮតែសំឡេងឆ្កែលូលាយជាមួយសម្រែកនៃព្រលឹងព្រមជាមួយខ្យល់បក់វីវក់ទៅតាមកម្លាំងនៃវាយោ។ ព្រលឹងពូជាតិដើរមកលេងផ្ទះគេគ្រប់គ្នា ហើយស្រែកជួយផងៗ… ចែកអាហារអញស៊ីផង អញឃ្លានណាស់។ «អាលីង អាលីង អ្ហែងទៅណា?» មានស្គាល់ផ្ទះយាយសយទេ អញចង់ទៅលេងគាត់។
«អាលីង…វើយអាលីង ឆាប់ចេញមកអ្ហែងខ្ចីខោអញ ឆាប់សងអញវិញមក ព្រោះឥឡូវអញអត់មានខោស្លៀកទេ»
សំឡេងស្រែកនិងគោះទ្វារកាន់តែឮឡើងៗ នាយលីងភ័យរាគនោមដាក់ក្បាលនាយអនដេកនៅក្រោមផ្ទះ។ នាយលីងនិងនាយអនជាបងប្អូននឹងគ្នា។ ពួកគេរស់នៅតែពីរនាក់បងប្អូនទេ ហើយគ្រួសារក៏មិនសូវធូរធារប៉ុន្មានដែរ។ ពូជាតិត្រូវជាសម្លាញ់យ៉ាងជិតស្និទ្ធរបស់ពួកគេ ពួកគេរស់នៅរត់លេងជាមួយគ្នាតាំងពីតូចៗមកម្ល៉េះ រហូតមកដល់ពេលនេះពួកគេអាយុក៏មិនខុសគ្នាប៉ុន្មានដែរ គឺខ្ទង់សាម ប៉ុន្តែពួកគេមិនទាន់មានប្រពន្ធកូននៅឡើយទេ និយាយរួមដោយសារតែជីវភាពគ្រួសារទើបបានជាពួកគេមិនទាន់មានគ្រួសារ។ តាមពិតនាយលីងខ្លាចពូជាតិខ្លាំងណាស់ តែក៏ព្យាយាមតបព្រោះពូជាតិក៏មិនបានបង្ហាញមុខដ៏គួរឱ្យខ្លាចរបស់គាត់ដែរ។ ពូជាតិមកលេងតាមលក្ខណៈជាមិត្តមិនសូវបាននិយាយគ្នារយៈពេលប៉ុន្មានខែកន្លងមកនេះ។ នាយលីងក៏ព្យាយាមតបតាមទឹកមុខនិងសំឡេងញ័រៗនៃរបៀបអ្នកខ្លាចខ្មោច។
«អឺ! ចាំអញឱ្យវិញ…តែ…ឥឡូវអញដេកហើយចាំស្អែកចាំអញឱ្យ។» អូ…ហូលោកព្រះអញខ្លាចវាចង់ដាច់ខ្យល់ងាប់ហើយសើ្មណាបានវាទៅ កាលនោះអញគិតថាខ្ចីខោវាតែមួយថ្ងៃទេ ព្រោះខោអញសើម តែមកពីអញភ្លេចទេ ចាំព្រឹកយកទៅសងវិញ។
«ហា៎…និយាយថាម៉េចអាលីង អ្ហែងចង់មកលេងផ្ទះអញមែន? ប៉ុន្តែអញខ្វាក់ភ្នែកមើលមិនឃើញទេ។ អាណាយកគ្រាប់ភ្នែកអញ អ្ហែងយកមែនអាលីង?» ហេតុអ្វីម្នាក់ៗខ្លាចយើងយ៉ាងនេះ? យប់ងងឹតណាស់ហេតុអ្វីម្នាក់ៗដូចមិនចូលចិត្តរាប់អានគ្នាដូចពីមុនអ៊ីចឹង ឬមួយអញជាខ្មោចមែន? ពូជាតិចាប់ផ្តើមយំព្រោះគិតថាគេស្អប់ខ្លួន។
«ទេៗ អត់ទេ» យីអានេះមិនត្រឹមតែខ្វាក់ទេថែមទាំងថ្លង់ទៀត។
«ហេ! អាលីងម៉េចក្លិនស្អីនឹងឆ្អេះៗ ឈ្ងៀមៗ ស្អុយៗយ៉ាងនេះ អានេះសង្ស័យអត់ងូតទឹកប៉ុន្មានឆ្នាំហើយទេមើលទៅ អញខ្ពើមអ្ហែងណាស់»
«អើ! បើមិនស្អុយឆ្អេះយ៉ាងម៉េច បើអញអាចម៍ផង នោមផងនោះ» មិនដឹងដល់ពេលណាបានវាទៅវិញទេ បើមិនទៅទេអញច្បាស់ណាស់ថាងាប់មុនអាយុ។
«ហេ! អាលីង ម៉េចសំឡេងញ័រៗដូចមនុស្សមើលឃើញខ្មោចអ៊ីចឹង អ្ហែងខ្លាចអញធ្វើមើលតែអញនោះខ្មោច»
«យី! អានេះបើអ្ហែងមិនមែនខ្មោច នោះមានតែអញនឹងខ្មោចមែនអាជាតិ» និយាយមកដូចមិនសមជាខ្មោចសោះ លើលោកនេះមានខ្មោចប៉ុន្មានទៀតដូចអ្ហែងអ៊ីចឹង។
«យី! អាត្រឹមត្រូវអ្ហែងនិយាយដូចឆ្កួត អាណាថាអញខ្មោច»
«យី! អានេះខ្មោចហើយ ថាមិនមែនខ្មោចទៀត»
បន្តិចក្រោយមកអាអនក៏បានស្រែកសួរអាលីងទាំងញ័រៗ។
«ហេ! អាលីង អ្ហែងលេចនោមហើយមានកាកទៀត អញស្អុយណាស់វើយ អញកំពុងខ្លាចផង» មកស្អុយអ៊ីចឹង ឥឡូវលែងខ្លាចខ្មោចស្អីទៀតហើយ វានិយាយជាមួយខ្មោចដឹងរឿងទៀត។ «អ្ហែងឆាប់ឱ្យខោទៅវាវិញទៅ ហើយចុះខោស្អីហ៎ បានជាវាស្រឡាញ់យ៉ាងនេះ»
«អេ! អាអន អ្ហែងកុំទាន់ទៅ នៅហ្នឹងហើយបានពីរនាក់អញអាចង្រៃ អ្ហែងអត់ដឹងថាអញខ្លាចទេឬ? អូ! កាលអាជាតិនៅរស់ធ្លាប់បានខ្ចីខោលីអូវា ស្មានតែវាភ្លេចព្រោះអញស្ទើរមិនទាំងចាំផង» អាម៉េចបានវាស្គាល់និងចាំបានច្បាស់យ៉ាងនេះនៅពេលដែលវាស្លាប់។ «អញដូចជាច្រណែននឹងខ្មោចដែរហើយ»
«យី! អាលីង អានេះនៅមិននៅមកច្រណែនជាមួយខ្មោច ហើយចុះអ្ហែងនឹងមានបំណងចង់ងាប់ក្លាយជាខ្មោចដែរមែន?» អានេះវាខ្លាចខ្មោចឡើងក្លាយជាឡប់សតិអស់ទៅហើយ ងាប់ហើយអញមើលទៅជាតិនេះមិនរស់ទេ។
«ហេ! អាអន អត់នឹកអញទេឬ? បានចង់ឱ្យតែអញទៅវិញអញ្ចឹង គ្នានឹកអ្ហែងណាស់ ខានឃើញមុខអ្ហែងយូរនឹកណាស់ ឱ្យគ្នាសុំឱបបន្តិចមក គ្នាមកល្អទេតើសម្លាញ់ អានេះធ្វើមើលតែមិនដែលស្គាល់គ្នា មកៗអា សម្លាញ់ ហើយចុះចូលទៅធ្វើស្អីនៅក្រោមគ្រែនោះ ម្តេចបានគ្រែញ័រអ៊ីចឹង?»
«អញៗ…គ្មានធ្វើស្អីទេអាជាតិ អញកំពុងរើសអេតចាយ»
«យី!…ចុះអ្ហែងរើសអេតចាយស្អីកណ្តាលម៉ោង១២អធ្រាត្រអ៊ីចឹងហា៎» សំឡេងញ័រៗដូចកូនមាន់ធ្លាក់ទឹក ខ្លួនស្អុយជាងខ្មោចទៀត តោះទៅលេងផ្ទះយាយសយជាមួយអញ។
«ទេៗអញអត់ទៅទេ អញខ្លាចខ្មោចណាស់»
«យី! អានេះនៅសុខៗមកសរសើរថាអញសង្ហារវិញ»
«ឱព្រះអើយ! ចប់បាត់ អញថាខ្លាចខ្មោច វាថាវាសង្ហា» សមហើយដែលវាស្លាប់កុំរស់នៅនាំតែចង្អៀតផែនដី។
«អើ មិនអីទេ! អ៊ីចឹងអញទៅផ្ទះសិនហើយ ពុំទាន់បានជួបប្រពន្ធកូនទេ តាំងពីមកពីផ្ទះបងថ្លៃ»
«អើ! ឆាប់ទៅវិញទៅ ហើយមិនបាច់ត្រឡប់មកទៀតទេវើយអាជាតិ» អូយ! ជិតដាច់ខ្យល់ទៅហើយ បើតែយ៉ាងៗនេះមើលទៅរស់បានប៉ុន្មានថ្ងៃទៀត វើយអាលីងឆាប់យកខោឱ្យទៅមីងស្តួចវិញទៅ ព្រោះបើទុកទៀតច្បាស់ណាស់ថានឹងជំពាក់វាដល់ជាតិមុខទៀត។
«អញយកទៅឱ្យមីងស្តួចហើយព្រឹកនេះកុំឱ្យអាជាតិមករកអញទៀត» តាមពិតទៅវាមកល្អទេតើ វាគ្មានធ្វើស្អីផងចេះតែនាំគ្នាខ្លាចវាទៅរួច។
លុះពេលព្រលឹមឡើង អាជា ដែលត្រូវជាកូនច្បងរបស់ខ្មោចពូជាតិ ក៏បានរត់ទៅលេងផ្ទះពូអន និងពូលីង។ អាជាក៏ស្រែកសួរ ហេ! ពូលីង ពូអន ទៅណាអស់ហើយម៉េចគ្មាននរណាឆ្លើយអ៊ីចឹង។ ហូ! ទៅមើលក្រោមផ្ទះគាត់ល្អជាង។ ហេ! ម៉េចមិនឃើញមាននរណានៅ ឡើងមើលលើផ្ទះម្តងមើល៍។ ចុមយក្ស ចុះអាណាមកធ្វើស្អីផ្ទះពូអននិងពូលីងអ៊ីចឹងបានស្អុយយ៉ាងៗនេះ។ «យី! ពូឡើងធ្វើស្អីលើនោះ ហើយសក់ក្បាលកើតស្អីបានឈរឡើងលើធ្វើមើលតែឃើញខ្មោចអ៊ីចឹងពូ?»
«យី! អានេះពូខ្លាចជិតងាប់ហើយមកនិយាយលេងទៅកើត»
បានហើយឈប់និយាយជាមួយពូហើយ ទៅរកពូអនវិញ។ «ចុមលោកព្រះ! ពូអន កំពុងធ្វើស្អីក្រោមគ្រែនោះញ័រៗដូចមាន់ជល់ចាញ់អ៊ីចឹង ក្បាលសុទ្ធតែសម្បុកពីងពាង»
«យី! អានេះដូចឳ កូនមិនខុស ឳមកយប់ កូនមកទាំងព្រឹក ពូខ្លាចខ្មោចចង់ដាច់ខ្យល់ មកសួរដូចឆោតអ៊ីចឹងវិញ បានហើយទៅណាក៏ប្រញាប់ទៅៗ»
«អូខេៗ ខ្ញុំទៅក៏បានតែពូ…ហា…»
«អើ ឆាប់ទៅវិញទៅ»។ […] នាយអនសញ្ចឹងគិត៖ តាមពិតទៅ ជាតិពិតជាគួរឱ្យអាណិតណាស់ គ្នាស្លាប់ទៅទាំងអត់ឃ្លាន ត្រូវទៅចោលប្រពន្ធកូនទាំងវ័យមិនទាន់៥០ផង មិនដឹងជាគ្នាសោកស្តាយយ៉ាងណាទេពេលដែលដឹងខ្លួន តាមពិតទៅយើងមិនគួរនាំគ្នាខ្លាចវាសោះ ព្រោះកាលពីនៅរស់វាមិនដែលធ្វើអាក្រក់ដាក់នរណាផងហ្នឹង។
[…] យប់ទីពីរក៏ឈានមកដល់ ខ្មោចពូជាតិនៅតែដើរទៅលេងផ្ទះមិត្តរបស់គាត់ដូចដើម ម្តងនេះគាត់ទៅរកអាក្អូនដែលត្រូវជាមិត្តម្នាក់ទៀតរបស់គាត់នៅចុងភូមិ។ អាក្អូនមានជីវិភាពធូរធារល្មមមួយរស់ៗ។ តែអាក្អូនជាមនុស្សមិនសូវមានទំនួលខុសត្រូវទេ។ សម្រែកល្វើយហៅ«អាក្អូនៗ វើយអាក្អូនអ្ហែង» បើកទ្វារឱ្យអញចូលផង អញចង់សួរអ្ហែងថាមានឃើញប្រពន្ធនិងកូនអញទេ។ ហើយអ្ហែងជួយសងស្បែកជើងអញវិញផង។ ដឹងហើយតើ ថាអញរហាមហើយនៅតែមកលួចស្បែកជើងអញទៀត។ ចាំយកទៅឱ្យប្រពន្ធអញវិញផង។ ហើយចូលទៅធ្វើស្អីនៅក្នុងជៀលនោះ មានអ្វីលាក់អញឬអត់នោះ? «មានស្អីស៊ីចែកគ្នាស៊ីផង កំពុងឃ្លានផងអ្ហែងមើលនែ ក្បាលអញធំដូចត្រីអណ្តែង អត់ចំណីអ៊ីចឹង»
«អត់…អត់មានស៊ីឬ…ធ្វើស្អីទេ អញចូលមកដេកលេងទេតើ»
«ហើយចុះជៀលហ្នឹងដាក់ទឹកឬបានមានទឹកហូរ អាក្អូន?»
«អត់…អត់..ទេអញ…ខ្លាចៗ…ខ្មោចអាជាតិ»
-យី! យ៉ាងម៉េចឈ្មោះវាដូចឈ្មោះគ្នាយ៉ាងនេះ» បើកទ្វារមកបន្តិចមកគ្នាអត់ហ៊ាននៅខាងក្រៅទេ ព្រោះស្ងាត់ហើយងងឹតទៀត។
ពុទ្ធោព្រះអើយ! ជួយអាក្អូនផង អាជាតិវាមកលេង ឱព្រះអើយ! ខ្ញុំមិនទាន់ចង់ស្លាប់ទេ កូនក៏គ្មាន ប្រពន្ធក៏គ្មាន រសជាតិស្នេហ៍ដំបូងក៏មិនទាន់ស្គាល់។
«ស្អីមិនទាន់ស្គាល់រសជាតិស្នេហ៍ដំបូង» ក្បាលឡើងស្កូវហើយថាមិនទាន់ជួបស្នេហ៍ដំបូងទៀត ហើយចុះកាពៀងចុងភូមិដែលផើមនោះ អាណាធ្វើឱ្យផើម? កាលនោះ អញជូនអ្ហែងទៅជួបគេនោះ ម៉េចមិនចាំទេឬ? ស្នេហ៍ដំបូងស្អីទៀត កូនជិតកើតហើយនៅមករកស្នេហ៍ដំបូងស្អីទៀតអាកន្តឿ»
«អាជាតិអ្ហែងនិយាយនោះមានទុកមុខមាត់ឱ្យអញខ្លះទេ» នាយអនព្យាយាមនិយាយខ្សឹបថា៖ តិចដប់ជើងឥឡូវហើយ ប្រពន្ធកូនមិនចាំទេ តែបើរឿងអញវាចាំបានល្អណាស់ ទាំងរឿងស្បែកជើង និងរឿងស្រីចាំបានច្បាស់ណាស់ ពេលងាប់ទៅស្អីក៏ពូកែចាំហើយដឹងគ្រប់រឿងម្ល៉េះ អញមិនដឹងប្រពន្ធហែងនៅឯណាទេ ខ្មោចស្អីចេះដឹងរឿងគេម្ល៉េះ កាលនោះអញគ្រាន់តែទាក់ទងមីកាពៀងលេងៗទេ មិនទាន់បានស្រឡាញ់ទេ រឿងហ្នឹងគ្រាន់តែជាការជ្រុលជ្រួសមួយពេលទេ គេឱ្យដៃអញទេតើ។ បើទោះបីជានាយអនខំនិយាយខ្សឹបៗយ៉ាងណាក៏ព្រលឹងពូជាតិនៅតែស្តាប់ឮ៖ «ល្អណាស់បើលើលោកនេះមានមនុស្សប្រុសដូចអ្ហែងបួនដប់ម្ភៃអ្នកទៀត អញនឹងកាច់កឱ្យងាប់ទាំងអស់ អ្ហែងដឹងទេ អ្ហែងធ្វើនេះដូចធ្វើបាបមនុស្សសោ្មះដូចជាអញអ៊ីចឹង»
«ងាប់អញហើយ» បានហើយអាស្មោះ អ៊ីចឹងតើបានភ្លើងនៅតែឆេះកាល។
«ប៉ុណ្ណឹងបានហើយចាំយកស្បែកជើងឱ្យអញផង គ្មានស្អីពាក់ទេ អ្ហែងមើល ជើងអញរលួយអស់ហើយ ដើរជាន់បន្លាត្នោតឈឺចង់ងាប់ទៅហើយ មើលចុះឈាមរហាម»
ក្រោយពីដើរទៅលេងសួរសុខទុក្ខគេឯងរួចមក ពូជាតិក៏បានត្រឡប់មកផ្ទះ។ ពេលព្រឹក គាត់ចេះតែឆ្ងល់ថាអ្វីបានជាផ្ទះគាត់មានមនុស្សច្រើនយ៉ាងនេះ? មើលទៅពួកគេទំនងជាសប្បាយណាស់ លុះពេលគាត់ដើរទៅជិតគាត់ក៏ស្រែកសួរគេ ប៉ុន្តែគ្មាននរណាស្តាប់ឮម្នាក់សោះ។ តើមាននរណាគេកើតអ្វីឬបានជាមានមនុស្សយំ? ហើយចុះហេតុអ្វីបានប្រពន្ធគាត់យំ? គាត់ព្យាយាមសួរហើយសួរទៀតតែគ្មាននរណាឆ្លើយ។ គាត់ក៏ដើរមើលជុំវិញរោងហើយនឹកថាយីហើយចុះនរណាស្លាប់? គាត់គិតហើយគិតទៀត។ ទឹកមុខម្នាក់ៗមិនស្រស់សោះ គាត់ដើរមើលហើយមើលទៀតតែមិនដឹងថាជានរណាស្លាប់ ឬមាននរណាកើតអ្វី? ហើយចុះហេតុអ្វីប្រពន្ធនិងបងស្រីរបស់ខ្ញុំយំខ្លាំងម្ល៉េះ? នរណាកើតស្អី ម្តេចគ្មានអ្នកសួរនាំខ្ញុំសោះ។ បន្ទាប់ពីញាតិមិត្តត្រឡប់ទៅផ្ទះអស់។ ព្រលឹងពូជាតិក៏ចូលទៅដេកជិតប្រពន្ធដូចសព្វមួយដង។
ក្នុងរាត្រីដ៏ត្រជាក់ក្រោមជំនោរនៃខែប្រាំង។ មនុស្សម្នាដេកលង់លក់ក្នុងដំណេក ហើយពេលវេលាចេះតែរំកិលបន្តិចម្តងៗ។ ដល់ថ្ងៃកំណត់បីថ្ងៃនៃខ្មោចពូជាតិដឹងរឿងរ៉ាវថាខ្លួនឯងបានស្លាប់។ ខ្មោចពូជាតិកាលបើបានដឹងថាខ្លួនឯងស្លាប់ហើយ ក៏យំសោកបោកខ្លួន នឹកស្តាយស្រណោះប្រពន្ធកូន មិនដឹងបានអ្វីបរិភោគ។ ស្តាយអ្វីៗគ្រប់យ៉ាងដែលគាត់មិនទាន់បានធ្វើ។ និយាយដល់ត្រង់នេះ ព្រលឹងពូជាតិបានត្រឹមឈរសម្លឹងមើលមុខប្រពន្ធនិងកូនៗទាំងទឹកភ្នែក។ ដោយមិនអាចជួយអ្វីប្រពន្ធបានក្រៅពីឈរមើលទាំងអួលដើមក។ ខ្ញុំស្លាប់ហើយមែនទេ?ហេតុអ្វីបានខ្ញុំចិត្តដាច់? បានត្រឹមត្រឡប់ឈរឱបសរសរ ហើយយំមើលប្រពន្ធខ្លួនឯងរងទុកយ៉ាងនេះ មើលទៅនាងដងទឹកទាំងទឹកភ្នែកជោគថ្ពាល់។ ដងទឹកដាំបាយនិងពុះអុសទុកលក់ទាំងកណ្តាលយប់អធ្រាត្រ មនុស្សម្នាកំពុងលង់លក់នឹងដំណេកយ៉ាងស្កប់ស្កល់។ ចំណែកប្រពន្ធខ្ញុំបែរជាខំប្រឹងយ៉ាងនេះដើម្បីកូន។ អូនហត់ខ្លាំងហើយ ដែលកាប់ អុសចងបាច់ទាំងពោះធំ ដើម្បីទិញអង្ករនិងដើម្បីទុកចិញ្ចឹមកូនៗម្នាក់ឯងបែបនេះ។ ប្រសិនបើបងនៅមានជីវិត ម្ល៉ោះប្រហែលប្រពន្ធមិនវេទនាដល់ថ្នាក់ហ្នឹងទេ។ ពេលឃើញប្រពន្ធវេទនាយ៉ាងនេះ បេះដូងបងស្ទើររហែកបែកជាពីរហើយ។ មើលចុះដៃរបស់អូនបែកអស់ហើយ។
«ឈប់ៗអូនចាំបងជួយ។»
ព្រលឹងពូជាតិព្យាយាមស្រែកឱ្យប្រពន្ធឈប់ ប៉ុន្តែសំឡេងរបស់គាត់គ្រាន់តែជាសំឡេងខ្យល់ដែលបក់ប៉ះត្រចៀកតែប៉ុណ្ណោះ។ ទឹកភ្នែកស្រក់ដោយមិនដឹងខ្លួនសម្លឹងប្រពន្ធមិនព្រមដាក់ភ្នែកទាល់តែសោះ។ […]ពុទ្ធោៗ…ប្រពន្ធជាទីស្រឡាញ់ស្មើជីវិតប្តីអើយ…តើយើងបានសាងអ្វីពីជាតិមុនបានជាជាតិនេះយើងអភ័ព្វម្ល៉េះ។ បានស្រឡាញ់គ្នានិងបានក្លាយជាប្តីប្រពន្ធហើយរស់នៅជាមួយគ្នាមិនបានប៉ុន្មាន បងក៏ត្រូវចាកចោលអូននិងកូន។ បើមានជាតិក្រោយពិតបងសុំជួបអូននិងកូនៗម្តងទៀត។ បងសុំសងអូនវិញនៅជាតិក្រោយទៀតណាប្រពន្ធសម្លាញ់។ ក្នុងជាតិនេះបងពិតជាខុស ខុសដែលមិនបានមើលថែអូនឱ្យបានល្អ។ និយាយដល់ត្រឹមនេះនឹកភ្នែកដែលពោរពេញទៅដោយក្តីព្រួយបារម្ភក៏ធ្លាក់ចុះមកក្រោមកែវភ្នែកសម្លឹងប្រពន្ធ។
[…] បងជាតិ ប្រសិនបើបងនៅរស់ម្ល៉េះសមអូននិងកូនមិនវេទនាយ៉ាងនេះទេ។ តើសើ្មនេះបងនៅទីណា? បងដឹងទេថាអូនហត់នឿយយ៉ាងណា? កូនយើងជិតគ្រប់ខែហើយតើអូនត្រូវធ្វើយ៉ាងណាបន្តទៀត អូនហត់ណាស់ អូននឹកបងណាស់ សូមឱ្យជាតិក្រោយយើងបានក្លាយជាប្តីប្រពន្ធនឹងគ្នាទៀតណា។ អូនសូមសច្ចាថាអូននឹងមិនយកអ្នកណាទៀតជាដាច់ខាតរហូតដល់អស់ជីវិត។
ក្រោយពីបានស្តាប់ប្រពន្ធរៀបរាប់ទាំងទឹកភ្នែក ព្រលឹងពូជាតិកាន់តែអាណិតប្រពន្ធទ្វេដង។ សំឡេងទុក្ខសោករបស់មីងស្តួចបានធ្វើឱ្យខ្មោចពូជាតិនឹកឃើញដល់យាយសយ។ គាត់ចាប់ផើ្តមខឹងនឹងយាយសយភ្លាមហើយក៏តម្រង់ទៅរកយាយសយយ៉ាងលឿន។ មេឃកំពុងបន្តធ្លាក់ភ្លៀងយ៉ាងខ្លាំង ប្រៀបបាននឹងកំហឹងនៃទឹកភ្នែករាប់លានតំណក់កំពុងស្រក់ចុះ។ […]អូ! យាយសយ អញនឹងទៅសម្លាប់យាយកញ្ចាស់ឯង។
«យាយសយៗជួយខ្ញុំផង ជួយផង ខ្ញុំឃ្លានខ្លាំងណាស់ ហេតុអ្វីយាយឯងដាច់ចិត្តធ្វើបាបខ្ញុំយ៉ាងនេះ ឆាប់ចេញមក»
យី! អាណាហ៊ានមកហៅអញទាំងយប់អាធ្រាត្រអ៊ីចឹង ហែងមិនដឹងទេហ៎ ថាអញជានរណា? «អ្ហែងមកពីណាហ៊ានម្ល៉េះ ពេលអញចុះទៅដឹងតែត្រូវរបស់អញហើយ»
«គឺ “អាជាតិ”យ៉ាងម៉េចដែរយាយសយ នៅចាំបានទេ ថ្ងៃនេះអញមកសងសឹកវិញហើយ យាយធ្លាប់បានធ្វើអ្វីខ្លះ មានចាំបានទេ?»
«អូ…អាជាតិ ក្រែងអ្ហែងស្លាប់ហើយនោះអើ ម៉េច…ម៉េច… មកទីនេះបានទៀត អញអត់បានធ្វើអ្វីទេ? ដោះលែងអញទៅអញចាស់ហើយ អញសុំទោស»
«ទេ…អត់ទេគ្មានពាក្យសុំទោសទេ» យាយឯងមានចាំបានទេថាធ្លាប់បានធ្វើអ្វីខ្លះ? កាលនោះអញសុំទោស និងសុំអង្វរយាយឯង តើអញទទួលបានអ្វីមកវិញ? ថ្ងៃនេះអញនឹងសម្លាប់យាយឯងឱ្យបាន អញនឹងឱ្យយាយឯងស្លាប់យ៉ាងវេទនាបំផុត។
ពេលនោះខ្មោចពូជាតិបើកគ្រាប់ភ្នែកធំៗលានធ្លាក់ដល់កែងជើង រួចសម្លឹងទៅយាយសយទាំងកំហឹង។ «កញ្ចាស់សយ» ថ្ងៃនេះជាថ្ងៃចុងក្រោយហើយ មានអ្វីចង់និយាយទេ បើគ្មានទេចាំស្តាប់ឱ្យច្បាស់ គ្រាប់ភ្នែកយាយឯង យកដោតចង្កាក់ មាត់និងអណ្តាតពូកែជេរបោះឱ្យឆ្កែស៊ី ច្រមុះបោះឱ្យដង្កូវរុក ត្រចៀកដាក់ឱ្យជន្លេនលូន ខួរក្បាលដែលឥតប្រយាជន៍ធ្វើស៊ុប ដៃនិងជើងប្រលេះធ្វើភ្លា ពោះវៀនឆាក្តៅនិងខ្លួនបោះឱ្យត្រីស៊ី។
យាយសយតបទាំងសំឡេងញ័រ តែគាត់ក៏នៅមិនទាន់ដឹងកំហុសរួចគាត់និយាយ «កាលនោះឯងតើជាអ្នកខុសមិនមែនអញទេ ឯងចូលមកកន្លែងអញធ្វើអ្វី? ឯងជាចោរតើ សមហើយដែលត្រូវស្លាប់ នេះសំណាងហើយដែលសម្លាប់ប្រពន្ធកូនឯងមិនបាននោះ បើសម្លាប់បានអញមិនទុកទេ»
«យាយនេះខ្លាំងដៃណាស់ទេតើ អញនឹងសងវិញយ៉ាងសាកសម អ៊ីចឹងអញកាត់ដៃ ជើងមុនចុះ ឱ្យយាយឯងរងទុកម្តងបន្តិចៗ ហាស…ហ៎ា»
«កុំ…កុំៗ អាខ្មោចឆ្កួត អូយ!ជួយៗ…ជួយផងៗ បានហើយៗៗៗ អញខ្លាចហើយ អូយៗជួយផង…ហ៊ីៗ…»
[…] កន្លងទៅបីបួនថ្ងៃទើបអ្នកភូមិដើរកាត់ឃើញយាយសយដេកស្តូកស្តឹងនៅលើគ្រែ។ អ្នកភូមិនាំគ្នាចូលមកមើល ទើបបានដឹងថាយាយសយត្រូវបានខ្មោចពូជាតិបន្លាច ពួកគេនាំគ្នាហៅយាយសយអស់មួយពេលធំ ទើបយាយសយដឹងខ្លួនហើយរៀបរាប់រឿងគ្រប់យ៉ាងដល់ពួកគេ។
សំឡេងអ្នកកម្លោះម្នាក់បន្លឺឡើង ហើយម្នាក់នោះមិនមែននរណាក្រៅពីនាយអនទេ៖ សមមុខចុះយាយឯងដែលត្រូវដូចនេះ មិនដែលធ្វើល្អដាក់ នរណាម្នាក់ឡើយ ចិត្តអាក្រក់រកលេខដាក់គ្មាន មួយជីវិតនេះយាយឯងធ្វើតែអំពើអាក្រក់ ឥឡូវយ៉ាងម៉េចដែលសំណាងហើយដែលខ្មោចអាជាតិគ្រាន់តែលងបន្លាចលេងៗចុះបើវាធ្វើមែនទែន យាយឯងប្រហែលស្លាប់គ្មាននរណាដឹងទេ កូនក៏គ្មាន ចៅក៏គ្មានចិត្តអាក្រក់ហួស ចាស់ហើយនៅមិនព្រមលះបង់ទៀត នេះអាជាតិ ប្រសិនខ្ញុំវិញប្រហែលកាច់កយាយឯងស្លាប់បាត់ហើយសើ្មនេះ។ យាយសយព្យាយាមនិយាយទាំងសំឡេងខ្សាវៗញ័រៗ តាមរបៀបមនុស្សចាស់ឈឺ យាយឈប់ធ្វើអ៊ីចឹងទៀតហើយ «ឱ្យយាយសុំទោសៗ យាយអរគុណហើយដែលនាំគ្នាមកមើលយាយហើយមិនប្រកាន់ខឹង យាយសុំខមាលទោសចៅៗទាំងអស់ ដែលយាយធ្លាប់ធ្វើបាបពីមុនមក ឱ្យយាយសុំទោសពិតមែន អាជាតិមិនគួរណាមកស្លាប់ចោលប្រពន្ធកូនទាំងវ័យក្មេងសោះ សមហើយដែលយាយមកត្រូវពិកាបែបនេះអស់មួយជីវិត»
បន្ទាប់ពីយាយសយដឹងកំហុស គាត់ក៏បានសុំទោសនិងបានផ្តល់ជំនួយខ្លះៗចំពោះប្រពន្ធពូជាតិផងដែរ ដោយសារមីងស្តួចគាត់ក៏ជាមនុស្សល្អផងនោះគាត់មិនប្រកាន់ខឹងយាយសយទៀតដែរ។
[…] អ្នកណាក៏ធ្លាប់ខុសដែរ ឱ្យតែយើងចេះកែគឺល្អណាស់។ ក្រោយពីរឿងរ៉ាវត្រូវបានចប់សព្វគ្រប់៖
នាយលីងក៏បានយកខោទៅឱ្យប្រពន្ធពូជាតិនិងឧទ្ទិសទៅឱ្យកុំឱ្យមានកម្មជំពាក់គ្នាតទៀត។ ចំណែកឯអាក្អូនក៏ឈប់ប្រព្រឹត្តអំពើអាក្រក់ទាំងឡាយនិងបានទៅទទួលខុសត្រូវមីកាពៀងចុងភូមិ និងរស់នៅជាមួយគ្នារៀង រហូត។ ហើយអ្នកភូមិនិងអ្នកផ្សេងៗទៀតក៏ទទួលបានភាពស្ងប់សុខផងដែរ។ លុះដល់គំរប់ថ្ងៃ ដោយហេតុថាពូជាតិ មិនដែលប្រព្រឹត្តអាក្រក់ចំពោះនរណា គាត់ក៏ទទួលបានកំណើតនៅឋានមួយដ៏ល្អ។
ពេលវេលាកន្លងទៅមីងស្តួចកាលបើកូនធំៗអស់ ចេះរកស៊ីគ្រួសាររបស់គាត់ក៏បានធូរស្រាលជាងមុន ហើយរស់នៅយ៉ាងសុខសាន្តជាមួយកូនៗនិងចៅៗ៕
ចប់