រឿង៖ បណ្តាសាកូនស្រី

«អូយ! អូយ!»

សំឡេងឈឺចាប់បានបន្លឺឡើងយ៉ាងគ្រលួចកាត់ស្បៃរាត្រីនៅក្នុងមន្ទីរពេទ្យមួយ។​ មិនយូរប៉ុន្មានសំឡេង ទារិកាមួយបានបន្លឺឡើង​ ង៉ា! ង៉ា! បានបង្កើតស្នាមញញឹមមកលើផ្ទៃមុខស្ងួតស្ងប់របស់បុរសជាឪពុក។ បុរសវ័យ៣០ប្លាយរូបនេះបានបីកូនខ្លួនមកឱ្យដោយក្ដីមេត្តា រួចហើយគេលើកកូនមកដាក់ជិតប្រពន្ធដែលកំពុងអស់កម្លាំង ហើយហៅភរិយាឱ្យមើលកូនស្រីតូច៖

-អូន! មើលៗកូនស្រីយើងមុខដូចអូនណាស់!

-ចា៎! តែម្រាមដៃម្រាមជើងវែងៗដូចបង។ (អ្នកម្ដាយថ្មោងថ្មីស្រដីដោយស្នាមញញឹមលាយនឹងទឹកភ្នែករំភើប។)

ពួកគេមើលមកទារកទើបកើតដោយក្ដីស្រលាញ់ និងមានសុភមង្គល។

…………………….

ប្រាំមួយឆ្នាំកន្លងផុតទៅ!

ក្រុមគ្រួសារដែលយើងធ្លាប់បានឃើញកំពុងរស់នៅដោយសេចក្ដីសុខ ពួកគេមិនធ្លាប់មានជម្លោះធ្ងន់ធ្ងរកើតឡើងទេ។ បើទោះបីជាពេលខ្លះពួកគេមានការទាស់មាត់ទាស់ពាក្យគ្នាក៏ដោយ តែក៏ត្រូវមកនិយាយគ្នាតាមសម្រួល ដោយពួកគេតែងតែគិតថា ចានក្នុងរាវលែងអីនឹងប៉ះគ្នាតែសំខាន់គឺពួកគេចេះអត់ឱនឱ្យគ្នា។ ក៏ប៉ុន្តែថ្ងៃនេះយើងបែរជាឮសំឡេងប្រកែកប្រទូស្ដរាយគ្នាយ៉ាងតឹងសរសៃកចេញពីផ្ទះរបស់ពួកគេ៖

-តែអូនក៏ដឹងដែរ ធីតា! យើងត្រូវតែធ្វើវា យើងត្រូវបង្ខំចិត្ត! (ពិសិដ្ឋនិយាយដោយសំឡេងខ្លាំងៗ)

-បងចង់ឱ្យអូនបោះបង់កូនចោលបែបនេះហ្អេស? អូនធ្វើមិនបានដាច់ខាត! (ធីតាតបដោយស្រក់ទឹកភ្នែកសស្រាក់)

-តែយើងមិនបានធ្វើបាបគេទេ គឺយើងធ្វើដើម្បីគេ អូនក៏ដឹងដែរ។ នេះគេអាយុជាង៦ឆ្នាំហើយពេលវេលាក៏ជិតមកដល់ដែរ តើឱ្យបងធ្វើយ៉ាងម៉េច?(ពិសិដ្ឋ)

នារីជាម្ដាយខណៈឮសម្ដីស្វាមីកាលណានាងកាន់តែយំខ្លាំងជាងមុន រហូតនាងមិនអាចបញ្ចេញសូរស័ព្ទអ្វីបន្តទៀតឡើយបាន​ត្រឹមតែអង្គុយខ្សឹកខ្សួល។

បុរសជាប្ដីក៏ដាក់អង្គុយចុះទាំងអាការៈល្ហិតល្ហៃ ហើយលាដៃទៅក្រសោបកាយភរិយា៖

-យើងត្រូវតែកាត់ចិត្តដើម្បីគេណាអូន! រឿងរ៉ាវកន្លងមកធ្វើឱ្យបងខ្លាចរអាបងខ្លាច…..ខ្លាចការពារជីវិតកូនយើងមិនបាន បងមិនចង់ឱ្យវាកើតមកលើកូនស្រីយើងទេអូន។ (ពិសិដ្ឋ)

គេទាំងពីរក៏យំឱបគ្នាគួរឱ្យអាណិត តែក៏ត្រូវកាត់ផ្ដាច់ដោយសារសំឡេងដ៏ស្រួយស្រេះមួយ

-ប៉ា! ម៉ាក់!

គ្រាន់តែឮសំឡេងកូនជាទីស្រលាញ់ពួកគេក៏ជូតទឹកភ្នែកហើយព្យាយាម ញញឹមដាក់បណ្ដូលចិត្តតែក៏មិនអាចគេចពីក្រសែភ្នែករបស់ក្មេងស្រីក៏ឆ្លាតម្នាក់នេះបានដែរ៖

-ប៉ាប៉ា! ម៉ាក់ម៉ាក់! ម៉េចបានយំ?

-អត់អីទេគឺដីហើរចូលភ្នែកប៉ាម៉ាក់ទេកូន! (ពិសិដ្ឋ)

-អូ! អ៊ីចឹងចាំកូនផ្លុំឱ្យប៉ាម៉ាក់។

 ថារួចស្រីតូចក៏ឱនទៅផ្លុំឱ្យឪពុកម្ដាយធ្វើឱ្យគេទាំងពីរអ្នកទប់អារម្មណ៍មិនបានក៏ធ្លាយទឹកភ្នែកខ្ជាយ ហើយស្រវាឱបកូនពេញរង្វង់ដៃ។ 

………………….

ថ្ងៃនេះជាថ្ងៃអាទិត្យ ធីតាកំពុងធ្វើម្ហូបនៅឯចង្រ្កានបាយ ឯពិសិដ្ឋជាប្ដីកំពុងស្រោចទឹកផ្កានៅមុខផ្ទះ។ ស្រ្តីជាភរិយា កំពុងធ្វើម្ហូបញាប់ដៃ ស្រាប់តែឮសំឡេងស្វាមី ស្រែកសួរពីមាត់ទ្វារ៖

-បានម្ហូបអីហ្នឹងអូនសម្លាញ់! ឈ្ងុយណាស់! (ពិសិដ្ឋ)

-គឺម្ជូរគ្រឿងហ្នឹងណាបង!(ធីតា)

-អូ!មែនហើយឯណាកូនវីយ៉ា? (ពិសិដ្ឋ)

ពិសិដ្ឋសួរទៅប្រពន្ធទាំងងាកមើលឆ្វេងស្ដាំក្នុងផ្ទះបាយ តែធីតាវិញស្រាប់តែបើកភ្នែកធំហើយសួរទៅស្វាមីទាំងតក់ស្លុត៖

-ក្រែង…ក្រែង! កូនយ៉ានៅជាមួយបងហ្អី? តាំងពីព្រឹកគេអត់នៅជាមួយអូនទេ! (ធីតា)

-ថាម៉េច? (ពិសិដ្ឋឧទានទាំងភ្ញាក់ផ្អើលមើលមុខប្រពន្ធ) តែ…បងគិតថាគេនៅជាមួយអូន! (ពិសិដ្ឋឧទានទាំងតក់ស្លុត ធ្វើឱ្យធីតារឹតតែតក់ស្លុត។ នាងនិងស្វាមីក៏រូតរះទៅរកកូនទាំងស្រែកបណ្ដើរ៖

-កូនយ៉ា! កូនយ៉ា! កូននៅឯណា?

ប្រពន្ធគេបានរត់ទៅរកបន្ទប់គ្រាន់តែបើកទ្វារពួកគេស្រាប់ហាមាត់ផ្លុងព្រោះវីយ៉ាកំពុងឡើងលើបង្អួចហើយងាកមកមើលគេទាំងពីរនាក់ទាំងញញឹម ត្រជាក់ល្អូករួចក៏ទម្លាក់ខ្លួនចុះពីលើបង្អួចចុះទៅក្រោម។

ធីតាស្រែកទាំងរន្ធត់៖

-វីយ៉ា កូន! កូន កុំ…….កុំ…………

-ធីតា! ធីតា! អូនយ៉ាងម៉េចហ្នឹង!

 សំឡេងពិសិដ្ឋដាស់ប្រពន្ធខ្លួនទាំងមុខភិតភ័យ។

 ពេលនាងបើកភ្នែកមកក៏ប្រទះនឹងបុរសជាស្វាមី និងកូនស្រីជាទីស្រលាញ់នៅក្បែរបង្កើយ។ តាមពិតអម្បាញ់មិញនាងបានយល់សប្តិអាក្រក់សោះ។ នាងស្រាប់តែស្ទុះមកឱបកូនទាំងនៅភ័យរន្ធត់នៅឡើយ។ ស្រីតូចក៏ពោលលួងលោមម្ដាយ៖

-ម៉ាក់! ម៉ាក់កើតអីហ្នឹង?(វីយ៉ា)

-អត់អីទេកូន! ម៉ាក់គ្រាន់តែយល់សបិ្តអាក្រក់ប៉ុណ្ណោះ!(ធីតា)

-ម៉ាក់ឈប់ភ័យទៅណា ខ្ញុំនិងប៉ានៅជិតម៉ាក់ហើយ។ (វីយ៉ា)

ឮបែបនេះធីតារិតតែយំទ្វេឡើង។

……………………….

ស្អែកឡើង៖

-ប៉ាម៉ាក់ យប់មិញកូនយល់សបិ្ត!(វីយ៉ា)

-ហ្អា! កូនយល់សបិ្តឃើញអី! (ធីតាភ្លាត់មាត់ទាំងញ័ររន្ធត់)

-កូនយល់សបិ្តឃើញមានមីងម្នាក់មកហៅកូនទៅនៅជាមួយ។(វីយ៉ា)

-ថាម៉េច! (ធីតាតក់ស្លុត)

ធីតាទម្លាក់អំបោស បោសផ្ទះចុះរត់មកឱបកូនហើយឧទានៈ

-បង! (ធីតាស្រែកទៅកាន់ស្វាមីទាំងក្រសែភ្នែកភិតភ័យ)

-មិនអីទេអូន! ប្រហែលមិនអីទេ! (ពិសិដ្ឋលួងលោមភរិយាទាំងរន្ធត់ក្នុងចិត្ត)

-អ៊ំវីនៗមកយកកូនវីយ៉ាទៅបញ្ចុកបាយផងអ៊ំ (បុរសស្រែកហៅអ៊ំមេផ្ទះដែលទើបមកពីស្រុក)

-ចាស៎ អ្នកប្រុស! ម៉ោះកូនយ៉ា (អ៊ំវីនចំណាស់ក៏ដឹកដៃស្រីតូចទៅផ្ទះបាយ)

-បងធ្វើម៉េចទៅ! យប់មិញអូនក៏យល់សប្តិដែរ! បងឬក៏បណ្ដាសារ…. បណ្ដាសារបានមកដល់ហើយបង! (ធីតាស្រក់ទឹកភ្នែកស្រែកឡូឡាដូចមនុស្សវក់ស្មារតី)

-អូនកុំភ័យ យើងត្រូវរកវិធីដោះស្រាយ កន្លងមកបងខំធ្វើបុណ្យណាស់! បងជឿថាបុណ្យនឹងជួយកូនយើង។(ពិសិដ្ឋ)

-តើវាជាស្អីទៅបង តើហេតុអីក៏កូនស្រីគ្រួសារបងត្រូវទទួលទោសបែបនេះ? អូនមិនយល់ទេ? តើគ្រួសារបងបានធ្វើបាបនរណាខ្លះ? (ធីតាចោទសួរទាំងទឹកភ្នែក)

-បងក៏មិនដឹងដែរ បងគ្រាន់តែដឹងថាឱ្យតែកូនស្រីដែលជាប់សាច់ឈាមនឹងបងគឺសុទ្ធតែត្រូវស្លាប់នៅអាយុ៧ឆ្នាំទាំងអស់។(ពិសិដ្ឋនិយាយទាំងស្រងូតស្រងាត់)

-ដូចជាឆ្នាំមុនអ៊ីចឹង ក្មួយបងក៏ស្លាប់ដោយសារស្លាក់ឆ្អឹងត្រីនៅអាយុ៧ឆ្នាំដែរ។ អូនដូចជាខ្លាចណាស់! (ធីតា)

-បងចាំថាកាលបងនៅក្មេង​ប្អូនស្រីបង្កើតបង បានក្ដៅខ្លួនតែមួយយប់តែប៉ុណ្ណោះ គឺនៅយប់ខួបកំណើតអាយុ៧ឆ្នាំ ហើយក៏ត្រូវដាច់ខ្យល់ស្លាប់។ (ពិសិដ្ឋរំឭករឿងឈឺចាប់) ហើយប្អូនជីដូនមួយបង គឺសុទ្ធតែស្លាប់នៅអាយុ៧ឆ្នាំដោយគ្រាន់ជម្ងឺក្ដៅខ្លួ​នធម្មតាតែប៉ុណ្ណោះ។  ដូចកាលពីឆ្នាំមុន កូនស្រីប្អូនប្រុសបងក៏ត្រូវស្លាប់នៅអាយុ៧ឆ្នាំដែរ ដោយគ្រាន់តែក្ដៅខ្លួនមិនដល់មួយយប់ផង។ ហេតុនេះហើយទើបបងចង់ឱ្យយើងសម្រេចចិត្តយកគេទៅឱ្យអ្នកដទៃចិញ្ចឹមហ្នឹងក្រែងវាសនាគេមានអាចរួចផុតពីបណ្ដាសារនេះ។

-តែអូន…….

ធីតាយំស្រែកទាំងអណ្ដឺតអណ្ដក ចិត្តជាម្ដាយនរណាមិនគ្រាំគ្រាបើត្រូវបែកពីកូនជាទីស្រលាញ់បែបនេះ។ តែពេលនេះស្រាប់តែធីតានាងក៏ប្ដូរឥរិយាបថស្របពេលមីងមេផ្ទះនាំវីយ៉ាមកដល់ នាងស្រាប់តែបើកភ្នែកធំៗសម្លក់ទៅកាន់ពិសិដ្ឋយ៉ាងចងអាឃាត។

-ហ៊ឺស! ឯងស្មានថាសាច់ឈាមឯងនឹងអាចរួចផុតពីកណ្ដាប់ដៃយើងមែនទេ! ឯងស្មានថាឯងយកវាទៅឆ្ងាយ កូនឯងនឹងមិនមកសងបំណុលកម្មរបស់គ្រួសារឯងមែនទេ! ឯងយល់ខុសហើយទោះបីឯងយកកូនឯងទៅឆ្ងាយ ក៏ឈាមដែលរត់នៅ​ក្នុងខ្លួនវាជាឈាមរបស់ពួកឯងដល់ពេលវេលា ពួកឯងនឹងត្រូវមកសងកម្ម។ អំពើអាក្រក់ដែលឯងបានធ្វើនឹងតាមផ្ដន្ទាពួកឯងគ្រប់ភពគ្រប់ជាតិ ហាសហាស!!!! (ធីតា)

ធីតាស្រាប់តែសើចកងរំពងពេញផ្ទះ ក្រោមក្រសែភ្នែកតក់ស្លុតរបស់ពិសិដ្ឋ និងមីងម៉ែដោះ សើចមួយសន្ទុះនាងស្រាប់តែដួលព្រួសសន្លប់បាត់ស្មារតី។ ពិសិដ្ឋប្រញាប់រត់ទៅលើកទាំងបន្លឺសំឡេង៖

-ធីតា! ធីតាអូនយ៉ាងម៉េចហើយ?(ពិសិដ្ឋ)

-អ្នកស្រីប្រហែលជាត្រូវគេចូលហើយអ្នកប្រុស! (អ៊ំវីន)

-មីងធ្វើយ៉ាងម៉េចទៅ! (ពិសិដ្ឋស្រាប់តែយំដូចមនុស្សស្រីដៃម្ខាងឱបប្រពន្ធ ដៃម្ខាងឱបកូនជាទីស្រលាញ់) ។ មីងជួយប្រពន្ធខ្ញុំផង។

…………………..

ស្អែកឡើងពិសិដ្ឋ ធីតា កូនស្រី និងអ៊ុំវីនក៏រៀបចំអីវ៉ាន់ឡើងឡានយ៉ាងប្រញាប់ប្រញាល់។ ពិសិដ្ឋបម្រុងនឹងចេញឡានទៅហើយ ស្រាប់តែអ៊ំវីនស្រែកឃាត់៖

-អ្នកប្រុសឈប់សិន! ចាំអ៊ំបន្តិច!(អ៊ំវីន)

និយាយចប់ គាត់ក៏ចុះពីលើឡានហើយប្រញាប់រត់ទៅកាច់មែកទទឹម នៅមុខផ្ទះមួយមែកមកបម្រុងនឹងបែរខ្នងចូលឡានគាត់ក៏ក្រឡេកភ្នែកចូលផ្ទះគាត់ស្រាប់តែបើកភ្នែកធំៗ។​ ព្រោះគាត់បានឃើញខ្មោចស្រីម្នាក់ដែលមានផ្ទៃមុខរលេះរលួយគួរឱ្យខ្លាច ឈាមហូរកក្លាក់តាំងពីក្បាលដល់ចុងជើង។ ខ្មោចនោះកំពុងសម្លឹងមក រកគាត់ដោយខឹងសម្បារ និងលើកដៃលូកមកវែងទៅៗ សំដៅអ៊ំវីន។ អ៊ំវីនក៏យកដៃបិទមាត់ទាំងភ័យរន្ធត់រួចប្រញាប់រត់ឡើងឡានយ៉ាងត្រហេបត្រហប ហើយស្រែកប្រាប់ពិសិដ្ឋឱ្យចេញឡានយ៉ាងប្រញ៉ាប់ប្រញាល់៖

-តុះ! អ្នកប្រុសឆាប់ឡើង! (អ៊ំវីន)

ថារួចគាត់ក៏ដាក់មែកទទឹមនៅពីមុខឡាន ពិសិដ្ឋក៏បើកឡានចេញទៅទាំងងឿងឆ្ងល់។

-អ៊ំកើតអីហ្នឹង(ធីតាសួរអ៊ំវីន)

-អត់ទេ! តែ…តែមិញគេសម្លឹងមើលមកយើង! (អ៊ំវីន)

-ថាម៉េច! (ធីតាភ្លាត់មាត់ទាំងងាកមើលឆ្វេងស្ដាំ)ចុះពេលនេះ….

-កុំភ័យអ្នកស្រី ចាស់ៗថាដើមទទឹមនេះអាចបណ្ដេញខ្មោចព្រាយមិនឱ្យធ្វើដំណើរមកតាមយើងបានទេ។ (អ៊ំវីន)

-ម៉ាក់ៗ កូនស្រេកទឹកណាស់( កូនតូចក៏ស្រែកឡើង)

-ចាស៎ចាំម៉ាក់យកឱ្យវីយ៉ាណា៎!(ធីតា)

-អ្នកស្រីកុំ! (អ៊ំវីន)

អ៊ំវីនស្រែកឃាត់ព្រមទាំងយកដៃខ្ទប់មាត់ម្ចាស់ស្រី៖

-យ៉ាងម៉េចអ៊ំ!

-ចាស់ៗថាពេលនរណាកំពុងមានរឿងនិងពួកអមនុស្សពេលធ្វើដំណើរទៅណាមកណាគេមិនឱ្យហៅឈ្មោះគេទេ ព្រោះអាចជាយាន នាំផ្លូវគេមករកយើងឃើញ។ ម្យ៉ាងពេលនេះយើងកំពុងរត់គេចពីគេ កុំហៅឈ្មោះនាងតូចឱ្យសោះ។(អ៊ំវីន)

ពេលនោះមិនដឹងជាមានខ្យល់មកពីណាស្រាប់តែបក់មកត្រជាក់ស្រិបធ្វើឱ្យអ្នកទាំងបួនព្រឺឆ្អឹងខ្នងខ្ញាក។ ធីតានាងតក់ស្លុតជាងគេ នាងងាកមើលមុខអ៊ំវីន តែគាត់ក៏លួងលោមកុំឱ្យនាងភ័យពេក។

-មិនអីទេ!អ្នកស្រីកុំភ័យពេក! (អ៊ំវីន)

នាងតូចវីយ៉ាស្រាប់តែឧទានឡើងព្រមទាំងងាកទៅក្រោយ៖

-ម៉ាក់ មីងម្នាក់នោះឡើងឡានយើងតាំងពីអង្កាល់ម៉ាក់?(វីយ៉ា)

សម្ដីមួយឃ្លានេះបានធ្វើឱ្យពួកគេរន្ធត់យ៉ាងខ្លាំង!

-កូននិយាយអីហ្នឹងគ្មានអ្នកណាទេកូន(ពិសិដ្ឋនិយាយកម្លា)

-អត់ទេប៉ានោះមីងអង្គុយនៅក្រោយជាមួយអ៊ំហ្ន៎! (វីយ៉ា)

ធីតាកាន់តែស្លន់ស្លោរ ក៏ងាកម្ដងបន្តិចៗ ទៅក្រោយស្របពេលអ៊ំក៏ងាកមើលនៅមើលក្បែរខ្លួនដែរ។ លោកអើយខ្មោចស្រីនៅជិតបង្កើយកំពុងញញឹមយ៉ាងកាចសាហាវ មើលមកគេទាំងបួន។ ខ្មោចនោះញញឹមខ្លាំងឡើងៗ រហូតរយះមាត់ដល់គុម្ពត្រចៀក។ ធីតាស្រែកវាសឡើងឱបកូនផ្ទប់នឹងទ្រូង ពិសិដ្ឋតាំងស្មារតីក្នុងការបើកបរ ឯអ៊ំវីនហេតុតែគាត់ចាស់ទុំជាងគេ គាត់ក៏មានស្មារតីរឹងពឹងជាងគេដែរ។ គាត់ក៏លើកមែកទទឹមមកហើយសូត្រធម៌តាមដែលគាត់ចេះចាំរួចគ្រវីមែកទទឹមទៅត្រូវនឹងវិញ្ញាណខ្មោចស្រីនោះឱ្យរលាយបាត់បន្សល់តែសំឡេងដែលលាន់ឡើងក្នុងរថយន្ត៖

-ពួកឯងកុំសង្ឃឹមថា អាចគេចផុតពីយើង! កម្មដែលឯងធ្លាប់ធ្វើដាក់យើង នឹងធ្វើឱ្យវិញ្ញាណយើងរឹងមាំ និងចងកម្មចងពារឯងហាសហាសហា …

ធីតាឱបកូនយំទាំងភ័យខ្លាច ពិសិដ្ឋក៏ក្ដោបដៃភរិយាលួងលោមចិត្ត។

បន្ទាប់ពីការជិះរថយន្តតាំងពីព្រឹករហូតដល់យប់មកពួកគេក៏មកដល់ខេត្តរតនៈគីរីទាំងកណ្ដលអាធាត្រ។ គ្រាន់តែមកដល់ផ្ទះអ៊ុំវីនភ្លាម អ្នកមីងរបស់អ៊ុំវីនដែលមានវ័យចំណាស់ ណាស់ទៅហើយនោះបានចេញមកទាំងរញីរញ័រ។

-មកដល់ហើយហ្អេស! មកឆាប់ចូលផ្ទះសិនទៅ! (លោកយាយវ៉ាន់ដែលជាមីងរបស់អ៊ំវីនបានស្រែកហៅទាំងសំឡេងស្អកៗ)

ពួកគេដើរចូលផ្ទះ ធុនមធ្យមនេះដែលមានដាំប្រទាលផ្សេងៗ ជាច្រើនជុំវិញផ្ទះ ពួកគេក៏អង្គុយជុំគ្នានៅតុមួយ។

-លោកយាយ សូមលោកយាយជួយកូនខ្ញុំផងចុះ! មិនថាលះបង់អ្វី ក៏ពួកយើងសុខចិត្តដែរ។ (ពិសិដ្ឋ)

-មិនបាច់រៀបរាប់ទេ! ឃ្វីនបានប្រាប់យើងអស់ហើយ យើងក៏បានប្រមើលមើលដែរ ខ្មោចស្រីនោះមានកំហឹងចងអាឃាតខ្លាំងណាស់ គេមិនងាយលើកលែងឱ្យពួកឯងទេ! (យាយវ៉ាន់)

-តើពួកខ្ញុំបានទៅធ្វើអ្វីគេដែរទៅលោកយាយ! (ពិសិដ្ឋ)

-រឿងនេះទាល់តែពួកឯងជាអ្នករកដោយខ្លួនឯង ព្រោះគ្រួសារឯងជាអ្នកធ្វើកម្ម។ ថ្ងៃស្អែកនេះពួកឯងត្រូវទៅជួបនឹងលោកគ្រូរបស់យើងឈ្មោះលោកយាយ ខ្មៅនៅលើភ្នំដោះក្រមុំ នេះជាយ័នសម្រាប់ការពារខ្លួន យកទុកតាមខ្លួនហើយត្រូវចាំមុននឹងទៅដល់អាស្រមពួកឯងកុំហៅឈ្មោះកូនឯងឱ្យសោះ។ (យាយវ៉ាន់ប្រាប់បណ្ដើរ ព្រមទាំងហុចយ័នទៅអ្នកទាំងបួនម្នាក់មួយៗ)

-ចុះលោកយាយមិនទៅជាមួយពួកខ្ញុំទេហ្អេស (ពិសិដ្ឋ)

-យើងមិនអាចទៅបានទេ! យើងនៅទប់ទល់និងខ្មោចស្រីនោះដើម្បីបំបាំងពួកឯងកុំឱ្យគេឃើញ។ (យាយវ៉ាន់)

…………………….

          ម៉ោងប្រាំទាបភ្លឺ

          គ្ដាំង! ប្រាវ!

សំឡេងអ្វីម៉្យាងបានដាស់ពួកគេឱ្យភ្ញាក់ពីដំណេកយ៉ាងស៊ើងម៉ើង។ ពួកគេទាំងបួនមើលមុខគ្នា​យ៉ាង​ចម្លែកចិត្តហើយក៏សម្រេចចិត្តដើរមកក្រៅមើលស្រាប់តែឃើញ ខ្មោចស្រីនោះប្រើអណ្ដាតយ៉ាងវែងកំពុងរឹតក​លោកយាយវ៉ាន់ ហើយចំណែកដៃវាកំពុងរូងយកថ្លើមប្រមាត់របស់លោកយាយចេញមកក្រៅយ៉ាងគួរឱ្យខ្លាច។ លោកយាយបានប្រមូល​កម្លាំងចុងក្រោយ ប្រឹងនិយាយទាំងត្រដរខ្យល់៖

-ឆាប់ទៅ! ទៅរកលោកយាយខ្មៅ យកយ័ន្តនោះបៀមក្នុងមាត់គ្រប់ៗគ្នា ហើយកុំនិយាយអីឱ្យសោះ។

និយាយចប់គាត់ក៏ផុត​ដង្ហើមទៅ ខ្មោចស្រីនោះបានក្រលេកមកក្នុងផ្ទះ តែនាងមិនអាចមើលពួកគេឃើញទេ ដោយអំណាចយ័ន្តអាគម។ ពួកគេក៏រូតធ្វើដំណើរទាំងមេឃមិនទាន់ភ្លឺរហូតដល់ម៉ោង៩:០០ព្រឹក ទើបពួកគេមកដល់អាស្រមលោកយាយ​ខ្មៅ។ គ្រាន់តែឃើញពួកគេ លោកយាយក៏ស្រែកហៅដោយសំឡេងញ័រៗ

-ឆាប់ចូលឱ្យលឿនមក!

          ពួកគេក៏ប្រញាប់ឡើងទៅ ឯពិសិដ្ឋបានបីកូនស្រីអាយុ៦ឆ្នាំដែលកំពុងក្ដៅសន្ធំសន្ធៃ។ គ្រាន់តែចូលទៅដល់​ក្នុងខ្ទម លោកយាយក៏និយាយ៖

-ឆាប់ដាក់នាងតូចចុះមក! …..ហ៊ឺ…(លោកយាយដកដង្ហើមធំ)នាងតូចនេះជិតដល់ពេលវេលាហើយ!

-លោកយាយនៅសល់តែប៉ុន្មានម៉ោងទៀត គេគ្រប់៧ឆ្នាំហើយ លោកយាយសូមជួយកូនរបស់ខ្ញុំផងទៅ។ (ពិសិដ្ឋ)

-វីធីជួយមានតែមួយទេ គឺទៅរំលត់កំហឹងខ្មោចស្រីម្នាក់នោះ! (លោកយាយខ្មៅ)

-តើត្រូវរំលត់ដោយវិធីណាទៅលោកយាយ? (ធីតា)

-គឺត្រូវដឹងដើមហេតុ ពួក​ឯងត្រូវមានម្នាក់ចូលទៅមើលពីហេតុការណ៍នោះ និងសុំអង្វរគេឱ្យលើកលែងទោស! (លោកយាយខ្មៅ)

-ទុកឱ្យខ្ញុំលោកយាយ! (ពិសិដ្ឋ)

-មានតែចៅស្រីទេដែលអាចទៅបាន! ព្រោះនាងមានជោគជតាត្រូវនិងខ្មោចស្រីនោះ ហើយយាយជឿថាចិត្តជាម្ដាយរបស់គេ នឹងនាំមកនូវភាពរឹងមាំដល់នាងជាមិនខាន។ ឯចៅមានរាសីខ្ពស់​ត្រូវនៅ​ការពារកូន! (លោកយាយខ្មៅ)

-ចាលោកយាយ ចៅព្រមធ្វើគ្រប់យ៉ាងឱ្យតែចៅអាចជួយកូនស្រីបាន! (ធីតានិយាយដោយក្ដីព្រួយបារម្ភ)

          ពិធីបញ្ជូនព្រលឹងក៏ចាប់ផ្ដើម លោកយាយបានឱ្យធីតាដេកចុះក្បែរកូនតូចរួចហើយក៏ចាប់លាជមួយក្ដាប់បាច​ទៅលើនាង ព្រមទាំងសូត្របាលីញាប់មាត់។ ធីតាស្រាប់តែញ័រញាក់ខ្លួនរំពេច ហើយអ្វីៗក៏ងងឹតសូន្យសុង។

          ……………………..

 នាងបើកភ្នែកមកវិញនៅពីមុខផ្ទះវីឡា​របៀបសម័យបារាំងមួយខ្នង។ ធីតានាងពិភាល់យ៉ាងខ្លាំងក៏ដើរចូលទៅក្នុងផ្ទះ។ ផ្ទះបានរៀបចំយ៉ាងល្អប្រណិត មានជណ្ដើរពីរ គ្រាន់តែមើលពីទំហំ និងការរៀបចំក៏ដឹងថានេះប្រាកដជាផ្ទះរបស់ឧកញ៉ា ឬអ្នកមានឋានៈនៅសម័យនោះ​ជាក់ជាមិនខាន។

ធីតាបានមកប្រាកដខ្លួននៅមុខបន្ទប់មួយតូចមួយនៅពីក្រោយផ្ទះធំ សំឡេងស្រែកបានលាន់ចេញពីក្នុងបន្ទប់មួយ។ អ្វីៗហាក់ដូចជាខ្សែភាពយន្តនៅចំពោះមុខធីតា៖

-លោកឧកញ៉ាកុំ! លោកឧកញ៉ាអាណិតខ្ញុំផង!

-នៅឱ្យស្ងៀមបើមិនចង់ងាប់!

ធីតាបានឃើញបុរសអាយុខ្ទង់៦០ប្លាយម្នាក់កំពុងប្រើកម្លាំងបាយចាប់បង្ខំក្រមុំតូចទន់ខ្សោយម្នាក់។ ទោះបីស្រីតូចព្យាយាមរើបម្រះយ៉ាងណា ក៏នាងមិនអាចគេចផុតពីក្រញាំតានោះបានដែរ។ ទីបំផុតនារីដ៏ស្រស់ស្អាតវ័យ១៦ឆ្នាំម្នាក់ ត្រូវបានបំផ្លាញដោយឧកញ៉ាកញ្ចាស់ចិត្តអប្រិយម្នាក់នោះយ៉ាងគួរឱ្យសោកស្ដាយជា       ទីបំផុត។

-ឯងនៅឱ្យស្ងៀមបើចង់សុខ បើរឿងនេះបែកការណ៍ចេញទៅក្រៅនាងឯង និងម៉ែនាងឯងងាប់ជាមិន   ខាន។ (ខ្លាកំណាចដំឡើងសំឡេងគំរាមបុប្ផាកម្សត់)

និយាយរួចខ្លាកំណាចតណ្ហាបានដើរចេញទៅដោយបន្សល់ទុកនូវនារីកម្សត់យំស្ដាយស្រណោះខ្លួនប្រាណដ៏មានតម្លៃ​របស់នាង។ តាំងពីថ្ងៃនោះមកកញ្ចាស់ឧកញ៉ានោះតែងតែលួចលាក់ប្រពន្ធខ្លួនមកញាំញីនាង រំដួលដែលជាស្រីបម្រើស្ទើ​ររាល់ថ្ងៃ។ នារីកម្សត់បានត្រឹមខាំមាត់សង្កត់ចិត្ត ព្រោះសម័យនោះពងមាន់ម៉េចអាចជល់និងថ្មបានទៅ។ រហូតដល់ថ្ងៃមួយ៖

-អ៊ួក! អ៊ួក!

សំឡេងក្អួតចង្អោរបានលាន់ឮនៅក្រោយផ្ទះ

-រំដួលឯងកើតអីហ្នឹង ប៉ុន្មានថ្ងៃនេះឯងចេះតែក្អួតដូចអ្នកចាញ់កូនអ៊ីចឹង?

-ម៉ែ(រំដួលនិយាយទាំងទឹកភ្នែក)ម៉ែ!ខ្ញុំមានកូនហើយ!

-ថាម៉េច​ឯងមានកូន ហើយមានកូនជាមួយនរណា (ម្ដាយរំដួលទម្លាក់សំឡេងតិចៗ)

-ម៉ែ! លោក!…..លោក! ម្ចាស់……..ហ៊ឺៗៗម៉ែ

-ថាម៉េច?(ស្រី្តជាម្ដាយសែនតក់ស្លុត គាត់ស្រក់ទឹកភ្នែកនឹងឱបកូនក្នុងរង្វង់ដៃ)

-ម៉ែ! ឱ្យខ្ញុំសុំទោស!

-រំដួល! មាននរណាដឹងទេ! មាននរណាដឹងពីរឿងឯងមានកូនទេ!

-នៅទេម៉ែ!

-ថាម៉េចអូនរំដួលមានកូន! (សំឡេងកំលោះសង្ហាម្នាក់បានប្រាកដឡើងពីក្រោយខ្នង)

-បងចក្រា      (នួននាងបានលាន់មាត់ទាំងទឹកភ្នែកជោកថ្ពាល់)

…………………….

នៅក្នុងផ្ទះធំរបស់លោកឧកញ៉ា

          -លោកម្ចាស់ខ្ញុំបានស្រលាញ់គ្នានឹងអូនរំដួលហើយបានជ្រុលជ្រួសនឹងនាងរហូតមានកូនហើយសូមលោកម្ចាស់និង លោកជំទាវមេត្តាអនុញ្ញាតិឱ្យខ្ញុំនិងរំដួលបានចេញទៅរស់នៅជាមួយគ្នាផងចុះ។

 កំលោះចក្រាកំពុងក្រាបសំពះ​ចៅហ្វាយ​ដើម្បីនាំរំដួលទៅនៅធ្វើស្រែចម្ការវិញ។

          លោកជំទាវកាលណាឬរឿងនេះហើយក៏មិនថាអីទេ ក៏យល់ព្រមឱ្យពួកគេទៅរស់នៅជាមួយគ្នា។

          ឯលោកឧកញ៉ាហាក់បានធូរទ្រូងព្រោះបើរំដួលមានផ្ទៃពោះដោយអត់ប្ដី លោកជំទាវច្បាស់ជាសង្ស័យខ្លួនជាក់​ជាមិនខាន។​ ឧកញ៉ានេះខ្លាចប្រពន្ធណាស់ ព្រោះលោកជំទាវជាកូនលោកធំ សំណាងហើយដែលនាងរំដួលមានចក្រាម្នាក់ទៀត។ ទីបំផុតរំដួល និងចក្រាក៏បានចាកចេញពីគេហដ្ឋានដ៏ធំស្កឹមស្កៃតែរូបរាង តែខាងក្នុងគ្រាន់តែជាអន្លុងទឹកភ្នែកនោះ ​ទៅរស់នៅកាប់គាស់ដីធ្វើស្រែចម្ការ នៅក្នុងភូមិឃ្លាតឆ្ងាយពីផ្ទះឧកញ្ញ៉ានោះទៅ។ មិនយូរប៉ុន្មានរំដួលក៏បានប្រសូតកូនស្រីគួរឱ្យស្រ​ឡាញ់ម្នាក់ចេញមក។ ឯចក្រាក៏បានបំពេញតួនាទីជាឪពុក និងប្ដីយ៉ាងល្អ។ គេហាក់ស្រលាញ់កូនស្រីតូចនោះណាស់​គេបានចាត់ទុកកូននោះជាកូនបង្កើតពិតៗ។

……………………

ប្រាំពីរឆ្នាំក្រោយមក …

កូនស្រីតូចរបស់រំដួលក៏ចម្រើនវ័យធំធាត់ដោយសុខភាពល្អ និងវៃឆ្លាត។ ថ្ងៃមួយឧកញ្ញ៉ារិទ្ធថា បានចូលភូមិទៅទារបំណុលគេ មិនដឹងហេតុភេទអីមកបណ្ដាលចិត្តលោកទើប ថ្ងៃនេះគាត់ហាក់ចង់ទៅលេង នៅមាត់បឹង​ ខាងចុងភូមិដាច់ស្រយាលនោះ។ ហេតុនេះគាត់និងពួកបរិវាក៏នាំគ្នាទៅមាត់បឹងដែលពោរពេញដោយផ្កា​ឈូកនោះហើយក៏បានឃើញផ្ទះរបស់រំដួល ក៏ឃើញរំដួលកំពុងលាងចាន។ ឧកញ្ញ៉ាអប្រិយកាលណាបានឃើញរំដួល​ដោយចៃដន្យដូចនេះ លោកហាក់កម្រើកចិត្ត នឹកដល់រាងកាយដែលខ្លួនធ្លាប់បានញាំញី។ ឯស្រស់ស្រីគ្រាន់តែក្រឡេក​ឃើញបុរសចំណាស់ក៏លេចនូវទឹកមុខស្លក់ស្លុតយ៉ាងខ្លាំងរហូតដល់ជ្រុះចានបែកខ្ចាយ។ បុរសកំណាចបានសម្លឹងរាង​កាយរំដួលដែលសើមដោយសារទឹកលាងចាននោះយ៉ាងគឃ្លើន។ គេនិយាយទាំងដើរទៅជិតលាយស្នូរសំណើចដើរមក៖

-រំដួល ខានឃើញយូរឯងដូចជាស្អាតប្លែកជាងមុន!

-លោកម្ចាស់!………..

កញ្ច្រោងតណ្ហាក៏លូកដៃទៅរាវប៉ះនារីកម្យត់ ធ្វើឱ្យនាងភិតភ័យយ៉ាងខ្លាំង!

-លោក…….លោកឧកញ្ញ៉ាកុំអី!ទុកឱ្យខ្ញុំរស់និងប្ដីបានសុខផង! ខ្ញុំសូមអង្វរ!

-ប្ដីហ្អេស! ឯងហៅគេថាប្ដីពីរោះណាស់ន៎! ហាសហាសហា តែតាមថាទៅយើងក៏ជាប្ដីរបស់នាងដែរតើ! ប្តីគេប៉ះពាល់ប្រពន្ធមានអីមិនសម !

ឧកញ្ញ៉ានោះស្រាប់តែចាប់ឱបនាងនិងរុញនាងចូលក្នុងផ្ទះ នាងរើបំរះយ៉ាងណាក៏មិនរួច។ ពេលនោះ    ចក្រាក៏កាន់ដៃកូនស្រីមកពីចម្ការល្មមក៏ឃើញក្នុងផ្ទះខ្លួនមានគ្នីគ្នាឧកញ្ញ៉ា។ មាណពដឹងភ្លាមថាមានរឿងមិនល្អកើតឡើង។ គេបានរត់ចូលទៅទាំងស្រែក​៖

-រំដួល! ពួកឯងធ្វើអីរំដួល!

តែគេមិនអាចចូលទៅបានឡើយព្រោះពួកវាបានចាប់នាយជាប់ និងព្រួតគ្នាវាយដំនាយយ៉ាងដំណំក្រោមស្នូរសម្រែករបស់កូនស្រី។ ឯលោកឧញ្ញ៉ាក៏ដើរចេញមកទាំងជូតមាត់ហើយបន្លឺស្នូរសំណើច!

-អូ ចក្រា!

-ឯងធ្វើអីប្រពន្ធយើង!

ចក្រានិយាយទាំងខឹងសម្បារ

-ហាសហានាងជាស្រីយើងទេ យើងស៊ីនាងមុនឯង។ ឯងគ្រាន់តែស៊ីសំណល់យើងប៉ុណ្ណោះ យូរៗយើងមកស៊ីរបស់យើងមានអីខុស? (ឧកញ៉ា)

ស្របពេលនោះរំដួលដើរចេញមកស្ទើរវារទឹកភ្នែកយំរហាម។ នាងបានរត់មករកចក្រាដែលជោកជាំដោយឈាមនោះ

-បង!

-ម៉ែ     (កូនស្រីស្រែកហៅនាងទាំងភិតភ័យ)

-អូ! កូនប៉ុណ្ណេះទៅហើយ មើលទៅក្មេងនេះធំឡើងក៏មិនចាញ់នាងដែរមើលទៅ

ឧកញ្ញ៉ាចិត្តបាបនោះបានយកដៃទៅប៉ះថ្ពាល់កូនតូចទាំងខ្សែភ្នែកមានល្បិច រំដួលឃើញដូចនោះក៏ភ័យសស្លើតសស្លក់ ព្រោះកាលនោះម្ដាយនាងក៏បានយកនាង និងម្ដាយទៅបំរើតាំងពីនាងនៅតូចដែរ គឺគេយកក្មេងស្រីទៅចិញ្ចឹមក្នុងស្រោមមុខមានមេត្តាដើម្បីតែធំឡើងធ្វើកញ្ជះតណ្ហារបស់គេនេះហើយ។ រំដួលលើកដៃសំពះអង្វរ៖

-អត់ទេលោកម្ចាស់! លោកដោះលែងគ្រួសារខ្ញុំទៅ លើកលែងកូនស្រីខ្ញុំទៅ!

-យើងយកគេទៅចិញ្ចឹមក៏មិនបានធ្វើបាបគេដែរ គឺមានតែឱ្យវារស់ស្រួស ពេលធំឡើងនឹងបាន……ហាសហាសហា

-អត់ទេ! ព្រោះ…….ព្រោះនាងជាកូនស្រីបង្កើតរបស់លោក! លោកមិនអាច………

រំដួលនិយាយទាំងភ័យរន្ធត់

-ថាម៉េច! កូនស្រីយើង! នេះ……..

លោកឧកញ្ញ៉ាស្រាប់តែមានសេចក្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំង គាត់មិននឹកស្មានថាខ្លួនអាច  នឹងមានកូនស្រីតូចបែបនេះសោះ។ ព្រោះគាត់មិនមានកូនស្រីសូម្បីម្នាក់ជាមួយភរិយា លោកតែងប្រាថ្នាចង់បានកូនស្រីតែគាត់មានត្រឹមតែកូនប្រុសប៉ុណ្ណោះ។

-ហាសៗហា នេះយើងអាចមានកូនស្រីគួរឱ្យស្រលាញ់បែបនេះហ្អេស អស្ចារ្យណាស់

ហាសហាសហា

លោកឧកញ្ញ៉ាបន្លឺទាំងត្រេកអរ។ គាត់ស្រាប់តែលើកកូនស្រីតូចបីប្រលែងហាក់ដូចជាឪពុកម្នាក់។

-ឆាប់លែងកូនស្រីយើងទៅ!

ចក្រាដែលខំប្រឹងប្រមូលកម្លាំងលាយចិត្ត ក៏ក្រោកឈរទាំងទ្រេតទ្រោតចង្អុលមុខបុរសចំណាស់។

-ហាសៗ! នាងជាកូនយើងទេ!

-ពុកៗ!

ក្មេងតូចបានស្រែកហៅចក្រាទាំងតក់ស្លុត

-ពុកទើបជាពុកឯង    (ឧកញ្ញ៉ាក៏សម្លុតទៅក្មេងស្រី) តស់ពួកឯង! នាំកូនស្រីយើងទៅផ្ទះវិញ។

ឧកញ្ញ៉ាបម្រុងដើរទៅ

-លោកម្ចាស់! ឱ្យកូននីមកខ្ញុំវិញមក ខ្ញុំសុំអង្វរ (រំដួលលូនទៅឱបជើងឧកញ្ញ៉ាចិត្តមារ)

-មិនបានវាជាកូនយើង នាងត្រូវតែនៅជាមួយយើង

-មិនបាន!

ចក្រាក៏ស្ទុះងើបរត់ទៅតាមឧកញ្ញ៉ាដែលអូសដៃកូនស្រីកម្សត់ទៅ

-ពួកឯងចាត់ការវាភ្លាម!

គ្រាន់តែចប់បញ្ជា បរិវារក៏បានទៅព្រួតវាយចក្រាតែម្ដង។ ឯចក្រាក៏ស្រវាបានចបនៅក្បែរនោះបំរុង នឹងកាប់វិញ ស្រាប់តែគ្នាវាម្នាក់ព្រលែងកំបិតចំកបុរសកម្សត់ស្ទើធ្លាក់ចេញពីស្មាដាច់ខ្យល់ស្លាប់មួយរំពេច ទាំងភ្នែកនៅបើកក្រឡោតសម្លឹងទៅឧកញ៉ាកំណាច។

រំដួលស្រែកឡើងផុតសំឡេង

-បងចក្រា!………..។

ឯកុមារីគ្រាន់តែឃើញបុរសដែលខ្លួនហៅថាឪពុកត្រូវបានគេសម្លាប់ទាំងភ្នែកនៅបើក នាងក៏ស្ទុះវឹងចេញពីដៃបិតាបង្កើត មករកឪពុកខ្លួន។

-ពុក! ពុក!

 តែឧកញ្ញ៉ានោះក៏ភិតភ័យប្រញាប់មកប្រទាញកូនស្រីចេញ៖

-មកទៅជាមួយពុក! ពុកនឹងឱ្យឯងនៅបានស្រួល!(ឧកញ៉ា)

-លែង! លែងខ្ញុំ! តាឯងមិនមែនជាពុកខ្ញុំទេ តាឯងសម្លាប់ពុកខ្ញុំ!(ក្មេងតូច)

កុមារីរើកញ្រ្ជោលចេញពីដៃតាឧកញ្ញ៉ា នាងក៏ខាំដៃអស់តានោះ ក្រិប

-អូយ

-កូនស្រី! (ឯរំដួលក៏ស្ទុះមករកកូនស្រី)

-ម៉ែ! ពុក

តែនាងរត់មិនទាន់ដល់ផង លោកឧកញ្ញ៉ាក៏មកចាប់ដៃអូសទៅទៀតដោយសារនាងរើកញ្រ្ជោលខ្លាំងពេក លោកឧកញ្ញ៉ាក៏របូត ដៃ។ ក្មេងតូចស្រាប់តែរអិលជើងដួលព្រួសឯក្បាលក៏បោកទៅដុំថ្មមួយដុំផាំងចំពីក្រោយ។ រំដួលស្រែកវ៉ាស៖

-កូននី! …….

រំដួលរត់មកលើកកូនស្រីឱបជាប់នឹងទ្រូងទើបនាងដឹងថាកូនកម្សត់បានស្លាប់បាត់បង់ជីវិតទៅហើយ នាងយំនាងស្រែកចង្អុលទៅឧកញ្ញ៉ាចិត្តបាប៖

-ឯង! ឯងសម្លាប់កូនយើង!

គ្រាន់តែឮបែបនេះលោកឧកញ្ញ៉ាស្រាប់តែស្រក់ទឹកភ្នែកច្រោក និងលូកដៃបម្រុងប៉ះសាកសពក្មេងតូច។

-កូនស្រី…!

ឧកញ្ញ៉ានិយាយទាំងរន្ធត់ចិត្ត តែរំដួលបានយកដៃកៀសចេញយ៉ាងរហ័សមិនឱ្យលោកប៉ះសូម្បីតែចុងក្រចកកូន។

-ឯងចេញទៅ! ឯងកាចសាហាវណាស់! ឯង!…..​ឯង ឯងជាអ្នកសម្លាប់ប្ដី សម្លាប់កូនយើង!

-រំដួលយើងគ្មានចេតនាទេ!

-ចេញទៅ!

រំដួលស្ទុះមករុញឧកញ្ញ៉ាហើយឱបកូនយំង៉ក់ៗ។ តើអ្នកណានឹងអាចធ្វើចិត្តបាន ត្រឹមតែមួយប៉ព្រិចភ្នែកទាំងប្ដី ទាំងកូនត្រូវស្លាប់ព្រមគ្នាធ្វើឱ្យនាងសោយសោកដូចនាងបដាចារ។ ឆ្លៀតឱកាសដែលឧកញ្ញ៉ានិងគ្នីគ្នារវល់ស្លុងអារម្មណ៍ រំដួលក៏កញ្ឆក់កាំបិតមកចាក់ទ្រូងខាងឆ្វេងខ្លួនឯងក្រិបគ្មាននរណាហាមទាន់។

-រំដួល!……

លោកឧកញ្ញ៉ាហាក់សោកស្ដាយកំហុសបានរត់មករករំដួលតែហួសពេលទៅហើយ។ មុននឹងនាងដាច់ខ្យល់នាងបានប្រមូលកម្លាំងនិយាយទៅកាន់មនុស្សចិត្តអាក្រក់ទាំងនោះ ទាំងខ្សែភ្នែកនាងចងអាឃាត។

-ដោយក្ដីឈឺចាប់របស់យើង! ដោយបាបដែលឯងបានធ្វើមកកាន់យើង និងគ្រួសារយើង!​ យើងសូមដាក់បណ្ដាសារឯង និងគ្រួសារឯងឱ្យជួបតែក្ដីវិនាស សូមឱ្យពូជពង្សឈាមជ័ររបស់ឯងមិនថាសាច់ជិត ឬសាច់ឆ្ងាយ ពេលដែលមានកូនស្រីសូមឱ្យស្លាប់នៅអាយុ៧ឆ្នាំ។ សូមឱ្យកម្លាំងចងអាឃាតយើងតាមចងកម្មពារឯងមិនឱ្យមានក្ដីសុខគ្រប់ៗជាតិ។ សូមឱ្យបាបកម្មឯងតាមផ្ដន្ទាសាច់ឈាមគ្រួសារឯងគ្រប់ជំនាន់ គ្រប់ៗជាតិកុំឱ្យមានក្ដីសុខ។

រំដួលទន្ទេញពាក្យដដែលៗរហូតលុះត្រាតែនាងដាច់ខ្យល់ទាំងនៅបើកភ្នែកក្រឡោត។

មកដល់ត្រឹមនេះធីតាដែលកំពុងឈរមើលហេតុការណ៍នោះមានសេចក្ដីរន្ធត់ជាខ្លាំងនាងយកដៃខ្ទប់មាត់ទាំងមានអារម្មណ៍ថា បេះដូងនាងខ្ទេចខ្ទាំយ៉ាងខ្លាំង។ ស្រាប់តែមានខ្យល់មួយយ៉ាងខ្លាំងបក់វឹបៗមកផ្សែងពណ៌សបានបាំងបិទជិតឈឹងពេលមេឃស្រឡះមកវិញ ធីតាក៏ឃើញខ្លួនកំពុងនៅក្នុងផ្ទះឈើបុរាណរបស់ឧកញ្ញ៉ានោះទៅវិញ នាងក៏បានឃើញភរិយារបស់ឧកញ្ញ៉ាកំណាចកំពុងសម្រាលកូន។

-យ៉ាងម៉េចហើយយាយម៉ប លោកជំទាវយ៉ាងម៉េចហើយ (ឧញ្ញ៉ាស្រែកសួរពីក្រៅបន្ទប់ទាំងអន្ទះសារ)

-ង៉ា! ង៉ា! កើតហើយៗលោកម្ចាស់ជាកូនស្រី!

គ្រាន់តែឮកូនស្រីលោកឧញ្ញ៉ាស្រាប់តែរំភើប តែស្របពេលនោះសម្លេងរំដួលក៏លាន់ឡើងមកពេញត្រចៀកគាត់។

«បើលោកមានសាច់ឈាមជាកូនស្រី គេនឹងត្រូវស្លាប់នៅអាយុ៧ឆ្នាំ!!​»

 លោកឧកញ្ញ៉ាស្រាប់តែព្រឺក្បាលសំពោងគាត់ហាក់ដូច ជាឮសំឡេងនាងមកខ្សឹបក្បែរត្រចៀកគាត់        អ៊ីចឹង។

តាមពិតធីតាបានមើលឃើញខ្មោចនាងរំដួលទំលាក់សក់វែងអន្លាយកំពុងឈរក្បែរលោកឧកញ្ញ៉ា និងលូកដៃទៅរកកូនង៉ែតពិតមែន។ ខ្មោចនាងរំដួលលៀនអណ្ដាតដ៏វែងរហូតទៅប៉ះថ្ពាល់ក្មេងតូច នាងសម្លឹងទៅកូននោះទាំងក្ដីក្រេវក្រោធ។ ធីតាយកដៃខ្ទប់មាត់ភ័យស្ទើសន្លប់សំណាងហើយ ដែលនាងនឹកឃើញថា នាងគ្រាន់តែជាព្រលឹងមកដើម្បីមើលអតីតកាលប៉ុណ្ណោះ។

ផ្សែងពណ៌ស បានហោះមកបាំងធីតា ហើយក៏រសាត់ហួសទៅ ធ្វើឱ្យធីតាបានឃើញពីពេលដែលកូនស្រីលោកឧកញ្ញ៉ា គឺនាងតូចវីនាថ បានចម្រើនវ័យជាលំដាប់។ ថ្ងៃនេះគេឃើញ អ្នកបម្រើក្នុងគេហដ្ឋានលោកឧញ្ញ៉ា  រិទ្ធថា និងលោកជំទាវកំពុងញាប់ដៃញាប់ជើងយ៉ាងខ្លាំង។ លោកឧកញ្ញ៉ាកំពុងឈរមើលកូនស្រីតូចរបស់ខ្លួនរត់ លេងនិងអ្នកបម្រើយ៉ាងក្អាកក្អាយទាំងអារម្មណ៍កង្វល់។

-លោកបង! លោកបងកំពុងគិតអីហ្នឹង មើលទៅមុខលោកបងហាក់ដូចជាកង្វល់ខ្លាំងម្លេស? (លោកជំទាវ)

-លោកជំទាវពេលឃើញកូននាថមានសេចក្ដីរីករាយយ៉ាងនេះ បងសែនសប្បាយចិត្ត។

-មែនហើយលោកបង! គេជាក្មេងគួរឱ្យស្រលាញ់ណាស់ បងៗគេក៏ស្រលាញ់គេណាស់ដែរ។

-ស្អែកជាថ្ងៃខួបលើកទី៧របស់គេហើយ ធ្មេចបើកៗពិតជាលឿនណាស់បងសង្ឃឹមថា គេនិងរីករាយបែបនេះរហូត និងមិន………….

ឧកញ្ញ៉ាបញ្ចប់ឃ្លាត្រឹមនេះធ្វើឱ្យលោកជំទាវឆ្ងល់

-មិនអ្វីទៅ..លោកបង!

-មិនមានអ្វីទេ អូន!

ពេលនោះស្រាប់តែមានខ្យល់ត្រជាក់មករហូតធ្វើឱ្យឧកញ្ញ៉ាព្រឺឆ្អឹងខ្នង លោកក៏ងាកមករកប្រពន្ធស្រាប់តែបែជាប្រទះភ្នែកនិងមុខរលេះរលួយភ្នែកលៀនត្លែររបស់រំដួល។

-ឯង! ឯង ថ្ងៃឈឺចាប់របស់ឯងជិតមកដល់ហើយ ហាសៗៗៗៗ!

-រំដួល!​ អត់ទេ

-លោកបង! លោកបងកើតអីហ្នឹង! ម៉េចបងហៅឈ្មោះរំដួលអ៊ីចឹង? (លោកជំទាវ)

លោកជំទាវអង្រួនស្វាមី ខណៈពេលដែលគាត់កំពុងលិចលង់ក្នុងពិភពតក់ស្លុត។

-អ៎! លោកជំទាវ (លោកឧញ្ញ៉ាភ្ញាក់ស្មារតីមកវិញ) អត់អីទេអូន! តស់ចូលទៅក្នុងវិញ មេឃកាន់តែល្ងាចហើយ។ មើល សាន សយ នាំកូននាថចូលផ្ទះទៅ! មើលទៅមេឃជិតភ្លៀងហើយ។

-ចាស៎! លោកម្ចាស់ (សាន សយ)

យប់នេះលោកឧកញ្ញ៉ាដូចជារសាប់រសល់ដេកមិនលក់សោះ។ លោកចេះតែប្រែចុះប្រែឡើងមិនឈប់ ចិត្តបារម្ភពីកូនស្រីសម្លាញ់។គាត់ក៏ក្រោកមកឈរនៅមុខផ្ទះ សម្លឹងទៅក្រៅដែលងងឹតសូន្យសុង។ លោកស្រាប់តែឃើញស្រមោលស្ទង់ៗដើរទៅខាងក្រោយផ្ទះ លោកកើតចិត្តឆ្ងល់យ៉ាងខ្លាំងក៏ដើរទៅតាម។ លោកចេះតែដើរតាមស្រមោលនោះរហូតដល់ព្រៃឬស្សីក្រោយផ្ទះ ក៏ឃើញកូនស្រីខ្លួនកំពុងមានមនុស្សម្នាក់យកកាំបិតចាក់ចិញ្រ្ចាំយ៉ាងសុះសាច់ និងខ្ទាតដៃខ្ទាតជើងចេញឆ្ងាយពីខ្លួនយ៉ាងអាណោចអាធម៌។ មនុស្សម្នាក់នោះក៏បែរក្បាលមកយឺតៗដោយមិនបានបែរខ្លួនទេ តែក្បាលរបស់គេបែរជាបង្វិលបានតាមចិត្ត ។ គ្រាន់តែបែរមុខមកចំលោក លោកដឹងភ្លាមថានោះគឺជា………

-រំដួល! រំដួល កុំ កុំ

លោកស្រែកយ៉ាងខ្លាំងខណៈដែលរំដួលបានលើកកាំបិតបំរុងកាប់ផ្ដាច់ក្បាលកូនស្រី

-កុំ! កុំ! កុំធ្វើអីកូននាថ ខ្ញុំសូមអង្វរ !

លោកឧកញ្ញ៉ាស្រែករហូតដល់ភ្ញាក់ដឹងខ្លួន

-លោកបងយ៉ាងម៉េចហ្នឹង ? (លោកជំទាវ)

លោកឧកញ្ញ៉ាក៏សម្លឹងមើលឆ្វេងស្ដាំទើបដឹងថាអំបាញ់មិញគឺលោកយល់សប្តិតែប៉ុណ្ណោះ។

-អត់អីទេជំទាវអូន សុំទោសដែលរំខាន។

ពេលនោះស្រាប់តែសំឡេងជើងអ្នកបម្រើរត់មក ព្រូ ហើយគោះទ្វារតុក! តុក

-អ្នកណាមានការអី (ឧកញ្ញ៉ា)

-ចាសលោកម្ចាស់ លោកជំទាវ អ្នកនាងតូច………..

គ្រាន់តែឮសម្ដីអ្នកបម្រើគាត់ក៏នឹកដល់យល់សបិ្តហើយ ស្ទុះទៅយ៉ាងរហ័ស។ មកដល់បន្ទប់ស្រីតូច៖

-យ៉ាងម៉េចកូននាថកើតអី!

-អត់ដឹងទេលោកម្ចាស់! យប់មិញអ្នកនាងមិនអីផង ទើបជិតភ្លឺនេះអ្នកនាងថាស្រេកទឹក ពេលខ្ញុំឡើងយកទឹកឱ្យអ្នកនាង ទើបដឹងថាអ្នកនាងក្ដៅខ្លួនខ្លាំងណាស់។

-គ្រូពេទ្យ….ឆាប់ហៅគ្រូពេទ្យ!

ថ្ងៃថ្មីបានមកដល់អ្នកផ្ទះ លោកឧកញ្ញ៉ាហាក់ដូចជាមិនមាននរណាម្នាក់បានគេងសោះតាំងពីម៉ោងបីទាបភ្លឺមក។ ពេលនេះគ្រប់គ្នាកំពុងមានក្ដីវិយោគយ៉ាងខ្លាំង អង្គុយជុំវិញ គ្រែក្មេងតូចដែលដេកលក់ល្ហិតល្ហៃ។

-លោកគ្រូពេទ្យកូនខ្ញុំកើតអី!

-អ្នកនាងតូចគ្រាន់តែគ្រុនក្ដៅធម្មតាប៉ុណ្ណោះ លោកឧកញ្ញ៉ា និងលោកជំទាវកុំបារម្ភអី!

រំពេចនោះស្រាប់តែមានខ្យល់បក់បោកមកយ៉ាងខ្លាំង ក្មេងស្រីវិនាថស្រាប់តែស្ទុះងើបឡើងហាក់ដូចជានាងគ្មានឈឺអ្វីបន្តិច ប៉ុន្តែមុខនាងស្រាប់តែក្លាយជាខ្មៅអែរ ភ្នែកបើកធំក្រឡោតសម្លក់ទៅបិតា ហើយចាប់ផ្ដើមសើចឮៗគួរឱ្យខ្លាច។

-ហាស់ ហាស់ ដល់ពេលហើយ ដល់ពេលវេលាដែលឯង នឹងបានដឹងពីក្ដីឈឺចាប់របស់យើងហើយ ហាស់ៗ!

-រំដួល (ឧកញ្ញ៉ាឧទាន)

-លោកបង! តើមានរឿងអ្វី ខ្ញុំឮលោកបងហៅរំដួលរហូតតើបងបានធ្វើអី្វដែលខ្ញុំមិនដឹងមែនទេ? ទើបបានជាកូនស្រីយើងក្លាយជាបែបនេះ!

ជំទាវវីល័យសួរទៅប្ដីទាំងតក់ស្លុត ខណៈដែលស្វាមីកំពុងរន្ធត់ដូចគ្នា)

-គឺវា! គឺវា! គឺវា សម្លាប់ប្ដី សម្លាប់កូនយើង! យើងនឹងឱ្យឯងបានសងការឈឺចាប់នេះ(ខ្មោចរំដួល)

-រំដួលខ្ញុំដឹងកំហុសហើយ កូននាថមិនដឹងអីទេ នាងកុំធ្វើបាបគេអី!

-ចុះកូនស្រីយើងធ្វើអីខុស? (រំដួលស្រែកទាំងកំហឹង)

-ខ្ញុំសុំទោស!

-សុំទោសហ្អេស! ចុះពេលយើងលន់តួអង្វរឯង ឯងមានក្ដីអាណិតអាសូរ យើងដែរទេ? សុំទោសហើយតើកូនយើងរស់វិញទេ? បាបកម្មដែលឯងធ្វើ នឹងតាមចងកម្ម ចងពារឯងជារៀងរហូត គ្រប់ៗជាតិ គ្រប់ពូជតំណរបស់ឯង ហាស់ៗៗ បណ្ដាសារចាប់ផ្ដើមហើយហាស់ៗ។

ក្មេងតូចក៏រត់ទៅកញ្ឆក់ កាំបិតដែលទុកលើតុមកចាក់ចំដើមទ្រូងខ្លួនឯង ចាក់ហើយចាក់ទៀត ឈាមហូរស្ទើរក្លាយជាអូ ក្រោមសំឡេងស្រែករន្ធត់ របស់អ្នកទាំងអស់គ្នា។

ធីតាស្រាប់តែនឹកភ្នក់ដល់កូនស្រីខ្លួន ក៏មានអាការក្ដៅខ្លួនដែរនាងពិតជាញាប់ញ័រជាខ្លាំង ខ្លាចរូបភាពនេះកើតឡើងលើរូបកូនខ្លួន។ នាងទ្រាំមិនបានក៏ស្រែកឡើង។

-បានហើយ ឈប់ទៅរំដួល!

នាងបានបើកភ្នែកតិចៗសម្លឹងមើលរូបភាពជុំវិញខ្លួន ក៏ឃើញថាខ្លួននៅក្នុងខ្ទមស្លឹកលើភ្នំដោះក្រមុំ។ លោកយាយខ្មៅ ពិសិដ្ឋ និងអ៊ំវីន ក៏ជួយលើកនាងឡើង។

          -បង! កូនយ៉ា!​កូនយ៉ាងម៉េចហើយ (ធីតា)

          -កូនមិនអីទេ! គ្រាន់តែក្ដៅខ្លួន (ពិសិដ្ឋ)

-អូនបានឃើញអីខ្លះ?          (ពិសិដ្ឋ)

 ធីតាក៏ងាកទៅលុតជង្គង់ដាក់លោកយាយខ្មៅ៖

          -លោកយាយជួយកូនខ្ញុំផង!

          -តើរឿងវាយ៉ាងម៉េច ចៅរៀបរាប់ប្រាប់យាយមក!

-គឺវាជាបាបកម្មរបស់ដូនតាបងពិសិដ្ឋ!

ធីតារៀបរាប់រឿងដែលនាងបានឃើញប្រាប់អ្នកទាំងអស់គ្នា។

-អ៊ីចឹងតើទើបយាយប្រមើលប្រមីលរឿងហេតុមិនឃើញ។​ ដោយសារព្រលឹងនាងរំដួលចងអាឃាតខ្លាំងពេក (លោកយាយខ្មៅ)

-លោកយាយសូមជួយកូនពួកខ្ញុំផង មិនថានឹងត្រូវធ្វើអីក៏ពួកខ្ញុំស៊ូលះបង់ដែរ!(ពិសិដ្ឋ)

-នៅសល់ពីរម៉ោងទៀត នាងតូចឈានចូលអាយុប្រាំពីរឆ្នាំហើយ ឥឡូវមានតែវិធីមួយទេ គឺត្រូវទៅអង្វរនាង។នេះចៅទាំងពីរយកអំបោះនេះទៅ យាយនិងបញ្ជូនចៅទាំងពីរទៅអង្វរនាងជាមួយនឹងយាយ។ ឯវីនឯងនៅមើលនាងតូចធ្វើយ៉ាងណាការពារទៀននេះកុំឱ្យរលត់ឱ្យសោះ។

          -ចាស លោកយាយ( អ៊ំវីន)

          និយាយចប់លោកយាយបានឱ្យពួកគេទាំងពីអង្គុយចុះដោយក្ដោបអំបោះនៅដៃហើយគាត់ចាប់ផ្ដើមសូត្រធម៌បីដង។ គាត់បម្រុងនឹងសូត្របន្តទៀត ស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងអ៊ំវីនខំយក ក្រដាសកេសបាំងភ្លើងកុំឱ្យរលត់។

          លោកយាយក៏ឧទានឡើង៖

          -យឺតពេលហើយ!

គេទាំងបីក៏រត់មកខាងក្រៅខ្ទមក៏ឃើញនាងរំដួលដែលមានមុខរលេះរលួយ ដង្កូវចោះយ៉ាងគួរ​ឱ្យរអើម នៅទ្រូងខាងឆ្វេងត្រង់បេះដូងមានប្រហោងអាចមើលធ្លុះទៅម្ខាង ចំណែកបេះដូងបែរជាស្ថិតនៅលើដៃទៅវិញ។ ធីតាហាក់សម និងទិដ្ឋភាពនេះទៅហើយ ម៉្យាងទៀតដើម្បីកូន នាងក៏ក្លាហានយ៉ាងមិនគួរឱ្យជឿ។

          -រំដួល! ខ្ញុំសូមអង្វរនាងលើកលែងឱ្យកូនស្រីខ្ញុំទៅ! គេមិនដឹងអីទេ? (ធីតា)

-មែនហើយរឿងអតីតកាលកន្លងទៅយូរឆ្នាំទៅហើយ នាងគួរបំភេ្លចចោលទៅ(ពិសិដ្ឋ)

-ហ៊ឺស បំភ្លេច? ឯងចង់ឱ្យយើងបំភ្លេចអំពើសាហាវយង់ឃ្នងដែលដូនតាឯងបានធ្វើមកលើយើងអ៊ីចឹងហ្អេស!(រំដួល)

-រំដួល នាងបានសងសឹកមនុស្ស ដែលបំផ្លាញគ្រួសារនាងរួចហើយ តើនាងចងបានអីទៀត!(ពិសិដ្ឋ)

-ឈប់មាត់( រំដួលបានពន្លូតដៃយ៉ាងវែងមកច្របាច់កពិសិដ្ឋ ហើយបោកផ្ទប់ទៅនឹងដី) ពួកឯងគឺជាសាច់ឈាមអាពួកតិរិច្ឆានទាំងនោះពួក​ឯងសមតែស្លាប់។

មិនត្រឹមតែនិយាយ រំដួលបានយកក្រចកដៃចាក់ចូលពោះពិសិដ្ឋជ្រឹប ធ្វើឱ្យពិសិដ្ឋ ស្រែកទួញដោយក្ដីឈឺផ្សារ។ ភ្លាមនោះលោកយាយខ្មៅក៏មកពីក្រោយខ្នង៖

-បានហើយរំដួល គួររំងាប់អារម្មណ៍នេះទៅ! នាងកាន់តែធ្វើបាបគេ នាងកាន់តែមានបាប ពាររំងាប់ដោយការមិនចងពារ បញ្ឈប់ត្រឹមនេះទៅ!

-ទេ !ទេ! យាយឯងកុំមកចេះ នេះជារឿងរបស់យើង ឆាប់ចេញទៅ!(រំដួល)

-បាបកម្ម! បាបកម្ម !(លោកយាយខ្មៅ)

យាយខ្មៅបិទភ្នែកគ្រវីក្បាល ឯរំដួលក៏រំកិលខ្លួនទៅរកទ្វារខ្ទម លូកដៃទៅចាប់ទាញ ស្រីតូចវីយ៉ាដែលកំពុងដេក ចេញមកក្រៅធ្វើឯងនាងដឹងខ្លួន ក៏ស្រែកតិចៗ៖

-ម៉ាក់ៗ!

រំដួលបម្រុងប្រើក្រចកដៃវែងចាក់ទ្រូង ក្មេងតូចស្របពេលធីតាស្រែកអង្វរ៖

          -កុំរំដួល! នាងក៏ធ្លាប់ជាម្ដាយគេដែរ គួរយល់ហើយថាចិត្តយើង ឈឺបែបណាដោះលែងគេទៅ រំដួលកុំសាងកម្មបន្ត!

          -ទេ! ទេ! ហាសៗៗ យើងត្រូវការឱ្យពួកឯងវិនាសហិនហោច ឈឺចាប់គ្រប់ដំណរ ហាសហាស….

-ម៉ែ!………….

នាងតូចវីយ៉ាក៏បើកភ្នែកមកស្រែកតិចៗ ទាំងភ្នែកសំលឹងទៅខ្មោចនាងរំដួល ធ្វើឱ្យដៃនាងត្រូវអាក់ខណៈពេលជិតទម្លុះសាច់ក្មេងតូច។ នាងហាក់ភ័នភាំងនឹកឃើញដល់កូនរបស់ខ្លួនគ្រប់បែបយ៉ាង ស្របពេលនោះក៏មានសំឡេងមួយបន្លឺពីក្រោយនាងមក!

          -រំដួល! អូនឈប់ទៅ

          -បងចក្រា!

          រំដួលឧទានទាំងញាប់ញ័រ ផ្ទៃមុខប្រែក្លាយជាសភាពធម្មតាវិញបន្សល់ត្រឹមតែទឹកមុខស្លេកស្លក់!

          -រំដួលអូនឈប់សាងកម្មពារទៅ! រឿងបានកន្លងទៅយូរឆ្នាំហើយ អូនបំភ្លេចចោលទៅ!(ចក្រា)

          -ម៉េចក៏បង!?(រំដួល)

          -គឺបងនៅបារម្ភពីអូន បងតែងតាមអូនគ្រប់ទីកន្លែង តែដោយសារបងគ្មានមហិទ្ធរិទ្ធប្រៀប និងកម្លាំងចងអាឃាតរបស់អូន ទើបបងមិនអាចប្រាស្រ័យទាក់ទងជាមួយអូនបាន។ ពេលនេះបានលោកយាយខ្មៅជួយផ្សាយចិត្តមេត្តាផ្ដល់ថាមពលឱ្យបងទើបបងអាចមកជួបនឹងអូនបាន។ តស់! រំដួលយើងទៅជាមួយគ្នាទៅណា  ( ចក្រាលូកដៃមករករំដួល)

          -តែដូនតាវាជាអ្នកសម្លាប់បង សម្លាប់កូនស្រីយើង។ (រំដួល)

          -តែពួកនោះវាបានទទួលបាបកម្មអស់ហើយ ពួកគេទាំងនេះមិនដឹងអីទេម្យ៉ាងទៀតកូននីបានទៅចាប់កំណើតហើយ! (ចក្រា)

          -បងថាម៉េច! បងដឹងកូននីនៅឯណាហ្អេស! (រំដួល)

          -គឺក្មេងស្រីដែលកំពុងនៅក្នុងដៃអូននោះហើយ! បើអូនមិនជឿអូនមើលស្នាមដៅពណ៌ក្រហមនៅដើមដៃខាងឆ្វេងនោះទៅ!(ចក្រា)

          រំដួលស្លក់ទឹកមុខងាកមកមើលមុខវីយ៉ាបើកមើលស្នាមដៅ គឺពិតមែនស្នាមដៅពណ៌ក្រហមនោះធ្លាប់នៅលើខ្លួនប្រាណកូនស្រីនាង។

          -កូននី!

          -ម៉ែ!

          ភាពរំជួលចិត្តបានកើតឡើងមកខ្យល់បក់កាន់តែខ្លាំងប្រៀបបានទៅនឹងព្យុះចិត្តរបស់រំដួលដែលកំពុងស្រែកយំ។

          -អូនឃើញទេពេលនេះ កូននីនៅបានសុខហើយ តើអូននៅចង់បំផ្លាញក្ដីសុខកូនទៀតមែនទេ? (ចក្រា)

          ធីតា និងពិសិដ្ឋលុតជង្គង់លើកដៃសំពះ៖

          -រំដួលឱ្យខ្ញុំទោសជំនួសដូនតាខ្ញុំផង សូមនាងអហោសិកម្មឱ្យពួកយើងផង ខ្ញុំសុខចិត្តទៅបួសឱ្យនាង    រយៈពេល៥ឆ្នាំ ដើម្បីបញ្ជូនកុសល្យឱ្យនាង និងប្ដីនាងទៅចាប់កំណើត។ (ពិសិដ្ឋ)

          -មែនហើយរំដួលខ្ញុំសន្យានឹងធ្វើបុណ្យឱ្យនាងឱ្យច្រើន !(ធីតា)

          ខ្យល់ក៏ស្ងប់ ហើយរំដួលក៏លូកដៃទៅចាប់ដៃចក្រាហើយញញឹមនិងងាកមករកគ្រប់គ្នា ភាពស្លូតបូត បានវិលមករករំដួលវិញ។

          -ខ្ញុំអហោសិកម្មឱ្យអ្នករាល់គ្នា ធីតាខ្ញុំជឿជាក់ថានាងនឹងការពារកូននីបានល្អ នាងជាម្ដាយម្នាក់ដែល    មហិមាណាស់ ដែលសុខចិត្តផ្សងគ្រោះថ្នាក់ដើម្បីកូន។ ពិសិដ្ឋចាប់ពីពេលនេះតទៅគ្រួសារយើងលែងជាប់ពាក់ព័ន្ធកម្មពារ និងគ្នាទៀតហើយ ខ្ញុំសង្ឃឹមថាលោកមិនភ្លេចសន្យានោះទេ។ (រំដួល)

          -បាទ! ខ្ញុំសន្យា ខ្ញុំបា្រកដជាបួសឱ្យនាង សូមពួកនាងទៅកាន់សុខគតិភពចុះ!(ពិសិដ្ឋ)

          -សូមពួកចៅទៅឱ្យបានសុខ (លោកយាយបានសូត្រធម៌ដល់ពួកគេ ពួកគេក៏កាន់ដៃគ្នាដើរចេញទៅទាំងមុខមានស្នាមញញឹម ហើយក៏រលាយជាកម្ទេចផ្កាហើរឡើងទៅលើមេឃបាត់ទៅ។)

          ទីបំផុតអ្វីៗគ្រប់យ៉ាងត្រូវបានបញ្ចាប់ វីយ៉ាក៏បានឆ្លងថ្ងៃកំណើតប្រាំពីរឆ្នាំយ៉ាងសប្បាយរីករាយ និងមានសុខភាពល្អ។ ឯពិសិដ្ឋក៏បានបំពេញពាក្យសន្យាទៅសាងផ្នួសបញ្ជូនកុសល្យដល់វិញ្ញាក្ខណ្ឌរំដួលនិងចក្រារយៈពេលប្រាំវស្សា។ ឯធីតាតែងធ្វើបុណ្យដាក់បាត្ររៀងរាល់ថ្ងៃឧទ្ទិសកុសល្យជូនពួកគេទាំងពីរ។

រយៈពេលប្រាំឆ្នាំកន្លងផុត ពិសិដ្ឋបានលាចាកសិក្ខាបទមករួមរស់ និងភរិយាជាមួយ និងកូន យ៉ាងមានក្ដីសុខសប្បាយ។

«ពាររំងាប់ដោយការមិនចងពារ» ភាពចងគំនុំ ការសងសឹកតែងផ្ដល់មកវិញដោយភាពឈឺចាប់ឥតស្រាកស្រាន្ត៕

ចប់