រឿង៖ ម្កុដសមុទ្រខាងត្បូង

មានរឿងតំណាលថា ពីបុរាណកាលយូរយារមក សមុទ្រខាងត្បូងតំបន់ហៃណាន់ គឺជាគ្រឹះនៃទ្វារទឹកដែលថាស្ដេចនាគនៅសមុទ្រខាងត្បូង ត្រូវបានគេចាត់ទុកជាអ្នកមានភារៈចែកចាយទឹកភ្លៀង ក៏ដូចជាតំណាងឱ្យអំណាចនៃការរស់រានមានជីវិតរបស់កសិករចិន។

ព្រោះតែយ៉ាងនេះហើយ នៅក្នុងផ្នត់គំនិតជនជាតិឡាំងនៃវប្បធម៌ចិនដើម​កកើតទឹកដី គេតែងតែយកទម្រង់ផ្សេងៗគ្នានៃរូបសំណាកស្ដេចនាគរាជសមុទ្រខាងត្បូង មកធ្វើជាអទិទេពទទួលការគោរពបូជាសុំទឹកភ្លៀង សុំអាកាសធាតុល្អសម្រួលដល់ការងារដាំស្រូវ ធ្វើស្រែចម្ការ ចិញ្ចឹមជីវិតចាប់ពីជំនាន់មួយរហូតដល់ជំនាន់មួយទៀត ។

ស្ដេចនាគខាងត្បូងស្ថិតនៅក្នុងចំណោមស្ដេចនាគ​នៃមហា​សមុទ្រធំទាំងបួន ដែលគ្រប់គ្រងសត្វទាំងអស់នៅក្នុងសមុទ្រ និងទទួលបញ្ជាពីព្រះឥន្ទ្រាធិរាជក្នុងការស្រោចស្រពដីគោក។

ថាមពលឈី ឬ​វត្តមានភុជង្គនាគនៅក្នុងវប្បធម៌ចិន មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ រហូតក្រោយៗមក​ស្តេចអង្គណាក៏គិតថា ខ្លួនគេជាអម្បូរនៃនាគាដែរ។

វប្បធម៌និងជំនៅយ៉ាងជ្រៅនៅចិនបានបង្ហាញភស្តុតាងក្រោយៗមកទៀត​ដែល​បាន​រកឃើញផ្លាកសញ្ញាត្បូងពេជ្រមានរាងទ្រនាប់ក្បាលនាគ ជីកបានពីរណ្តៅនៃបរិវេណ​វប្បធម៌ហុងសានប្រមាណជាជាងបួនពាន់ឆ្នាំមុនគ្រិស្ដសករាជ រក្សា​ទុកមកជាវត្ថុបុរាណ ចម្លាក់នាគទាក់ទងនឹង​ជំនឿដែលតែងប្រើព្រះនាមនៃ ស្ដេចនាគរាជមកពីដែនសមុទ្រទាំងបួនផ្សារភ្ជាប់ទៅក្នុងបុរាណនិទានជាច្រើនរបស់ ពួកគេ។

ដ្បិតតែនាគ​ទាំងបួន មានព័ណ៌សម្បុររាងកាយខុសៗគ្នាក្នុងរូបគំនូរ​អាស្រ័យ​តាមវិចិត្រករនិងអ្នកមាន​ជំនឿ ព្រមទាំងស្ថិតនៅក្នុងទិសដៅផ្ទុយគ្នាទាំងបួននៃព្រំដែនធម្មជាតិរបស់ប្រទេសចិន រួមមានសមុទ្រខាងកើត សមុទ្រខាងត្បូង សមុទ្រខាងលិច និងសមុទ្រខាងជើង ក៏ស្ដេចនាគ​ទាំងនោះ តែងមាន​វត្តមាន​លេចឡើងនៅក្នុងប្រលោមលោកបុរាណសូម្បីក្នុង ការឆ្ពោះទៅទិសខាងលិច របស់ព្រះគ្រូថាំងចេង។

នាគនីមួយៗមានឈ្មោះត្រឹមត្រូវរបស់ពួកគេ មានរាជ្យអម្បូររបស់ពួកគេជា​នាមត្រកូលនឹងមោទនភាពជាមួយនឹងមហិទ្ធិឫទ្ធិផ្សេងៗអាចសម្តែងឡើងដាច់ដោយឡែកពីគ្នា។

និយាយអំពីសមុទ្រខាងត្បូង ដែលគ្រងរាជដោយរាជាមួយអង្គព្រះនាម​យ៉ាំងឡុង ជារជ្ជកាល ព្រះចៅអធិរាជយ៉ាំងមានស្រីស្នំ ចំនួនមួយរយម្ភៃនាក់ និងមានរាជបុត្រាសែសិបបួនអង្គ រាជធីតានាគជាង៥០អង្គ។

នៅក្នុងចំណោមនោះមានតែរាជ​បុត្រាបីអង្គប៉ុណ្ណោះដែលទ្រង់ចាប់ព្រះទ័យជាងគេនៅក្នុងការមានសក្តានុពលនឹងក្លាយទៅជា អ្នកស្នងរាជ្យបន្តនៅដែនសមុទ្រខាងត្បូង។

ពេលដែលពួកគេចម្រើនវ័យ ស្ដេចនាគ​ខាងត្បូងតែងតែចំណាយពេល​កៀកកិត​ពន្យល់ប្រាប់អំពីវិធីសាស្ត្រនៅក្នុងការគ្រប់គ្រងដែនសមុទ្រ គ្រប់គ្រងស្រោចស្រពលោកិយ៍ គ្រប់គ្រងលើមច្ឆាជាតិគ្រប់ប្រភេទ គ្រប់គ្រងធម្មជាតិក្រោមសមុទ្រនិងលើផែនដី មិនឱ្យមានការបះបោរ ឬមហន្តរាយ​ទឹកជំនន់ណាមួយ​កើតមាន​បាន​។

រាជបុត្រាទាំងបី គឺព្រះអង្គយ៉ាំងឈី ព្រះអង្គ យ៉ាំងឡាយហួង និងព្រះអង្គយ៉ាំងស៊ុនស៊ី។ ព្រះអង្គម្ចាស់ទាំងបី មានម្តាយទីទៃពីគ្នា ប៉ុន្តែមានចិត្តមូលជាមួយគ្នា នៅក្នុងការខិតខំព្យាយាមសិក្សាសព្វវិជ្ជាការពី មជ្ឈដ្ឋានគ្រូបង្រៀនទាំងឡាយដែលឪពុកខ្លួនបានរៀបចំទុកឱ្យ។

វេលា​ថ្ងៃមួយ​ទេសកាល​ជាមានហេតុភេទដ៏ចម្លែកបានកើតឡើង នាំមក​នូវ​សំឡេងពញ្ញាក់ធ្វើឱ្យរាជបុត្រា​ដែលកំពុងតែស្មិងស្មាធិ៍ហ្វឹកហាត់វិជ្ជាបានបើកភ្នែកឡើងដឹងបើកព្រះនេត្រឡើងដឹងខ្លួនទាំងអស់អង្គ មិនអាចរៀនផ្ចង់បន្តបានទៀត ​ទើបរួសរាន់រលាស់កន្ទុយ​ចាកចេញពីថាន​ទៅពិនិត្យ​ប្រភព។

មនុស្សស្រីម្នាក់ដ៏ស្អាតផូរផង់ម្នាក់បានធ្លាក់មកពីលើផ្ទៃទឹកខាងលើ ។

រាជបុត្រា​ទាំងបី ទជាមួយនឹងហេតុភាពយ៉ាង​ចម្លែកពួកគេមានតែប្រើកន្ទុយដ៏មានឫទ្ធានុភាពនិងខ្លួនប្រាណដ៏រឹងមាំ បណ្ដែតចរន្តទឹកឆ្ពោះទៅរកគោលដៅ ដែល​ស្ត្រីដ៏ស្រស់ស្អាតរសាត់អណ្ដែតត្របាញ់ចុះមកខាងក្រោម។

ដោយនាងលែងដឹងព្រះកាយទៅហើយ ក្នុងចំណោមពួកគេ ទោះជាអ្នកណាម្នាក់ក៏មិនអាចឈានទៅប៉ះពាល់ដើម្បីជួយទប់នាងមិនឱ្យធ្លាប់លិចបន្ត​ទៅបាតសមុទ្រដែលពេញដោយសម្ពាធទាប​បាននោះដែរ។ ចំហាយខ្លួនប្រាណនាង បីដូចជាចោមព័ទ្ធទៅដោយអគ្គីក្រៅរាប់រយអង្សាធ្វើឱ្យអ្នកទាំងអស់ណាដែលចង់ចូលទៅជិត ស្រាប់តែរលាក​ក្តៅក្រហល់ក្រហាយ ត្រូវឃ្លាតចេញមក​ឆ្ងាយជាបន្ទាន់សិន។

ទោះយ៉ាងណា ប្រសិនជាអង្គបុត្រា​នៅតែបណ្ដោយឱ្យនាងធ្លាក់ចុះជ្រៅទៀត នាងប្រាកដជាបាត់បង់ជន្មា​ដោយសារកម្លាំងសម្ពាធ​ដែលមនុស្ស​មិនអាចទ្រាំទ្របានយូរឡើយ​នៅក្នុងផ្ទៃសាគរដ៏ជ្រៅនេះ ម្ល៉ោះហើយកូនស្ដេចនាគទាំងបីព្រះអង្គ ក៏បានមូលមតិគ្នាបង្កើតជារលកកម្លាំងរុញច្រានផ្ទៃទឹក ឱ្យរារាំងទប់ពីក្រោយ​ រក្សារាងកាយរបស់នារីដែនដីកណ្តាលនៅទើរទ្រឹងកណ្តាលជលសាស្ត្រនោះ។

 មិនយូរប៉ុន្មានទេ នាងបានបើកភ្នែកដឹងខ្លួនឡើងបន្តិចម្តងៗ។

ដោយសារនេះគឺជាក្រោមទឹក នាងនៅតែ​មិនអាចដកដង្ហើមបានទេ ព្រះរាជបុត្រា​ក៏ចាប់ផ្តើមរួមរួម​បន្ថែមកម្លាំងជំរុញឱ្យផ្ទៃទឹក រុញច្រាននាងអណ្តែតឡើងវិញ​ទៅដល់ផ្ទៃខាងលើសមុទ្រ ដែលអាចមើលឃើញមេឃធំល្វឹងល្វើយ បាន។

នៅពេលដឹងថា​រាងកាយអណ្ដែតខ្លួន ដូចជាមានកម្លាំងគាំទ្រដ៏មហាអស្ចារ្យនៅខាងក្រោម នារីដ៏ស្រស់ផូរផង់បើកភ្នែកឡើង ហើយផ្សងថា ៖

«អូ តើខ្ញុំកំពុងធ្លាក់ចុះទៅក្នុងទឹកមែនទេ? ហេតុអ្វីបានជាការធ្លាក់នេះយឺតយ៉ាវម្ល៉េះ?»

 ស្រាប់តែពេលនោះរាជបុត្រានាគ​ទាំងបី បានសម្ដែងខ្លួនឡើងពី ចម្ងាយហេតុតែពួកគេមិនអាចចូលទៅជិតនាងបាន។ ពួកគេបានត្រឹមតែបង្ហាញខ្លួនជាបីជ្រុង ប៉ុន្តែហត្ថា​នៅតែជាប់មមាញឹកក្នុងការសម្ដែងរិទ្ធទ្រទ្រង់រាងកាយមនុស្សស្រី។

រាជបុត្រាចំណោមទាំងបីអង្គនោះ បានស្រែកសួរនាងថា៖

«តើនាងជាកូនរបស់ស្ដេចភ្លើងឬអ្វី បានជាខ្ញុំមិនអាចចូលជិតបាន?»

កុលនារីនោះក៏ចាប់អារម្មណ៍ដឹងថា មានព្រះអង្គម្ចាស់បីអង្គកំពុងតែបំពេញយុទ្ធសិល្ប៍ទ្ររាងកាយសង្គ្រោះនាង ដោយបង្កើតជាកម្លាំងខ្សែទឹក ផុសចេញពីបាតដៃរបស់ពួកគេ។

 ម្ល៉ោះហើយ នាងបានសម្ដែងនូវអំណរគុណដោយក្រោកឡើងប្រណមហើយឆ្លើយថា៖

«ឱអ្នកមានគុណ នាង​ខ្ញុំជារាជបុត្រី​នៃព្រះរាជា​នគរខន្ឌមារាម ចំងាយ​ប្រមាណ៣០០យោជន៍ពីដែននេះ ។ យើងខ្ញុំបានធ្វើដំណើរតាម​ផ្ទៃទឹក ឆ្ពោះទៅរករតនៈសម្បត្ដិម្យ៉ាង ដើម្បីមកបូកត្រួសទ្រូងនគររបស់ខ្ញុំ។

រាជបុត្រាទីពីរក៏ដណ្តឹងសួរឡើងថា៖

«តើរតនៈសម្បត្តិអ្វីទៅដែលនាំព្រះនាងកើតចិត្ត​ប្រាថ្នាស្វែងរករហូតមក សឹងដល់មរណៈក្នុងដែនសាគរនេះបាន? យើងទាំងបីក៏ជារាជកុមារនៃស្តេចនាគ ​កាន់កាប់សមុទ្រខាងត្បូង! ប្រសិន យើងនេះដឹងការណ៍ ​អាចថានឹងជួយជាគ្នា​រុករកសម្រាប់ព្រះនាង​បាន»

ព្រះធីតាសណ្តាប់ចប់ យល់ពីប្រវត្តិអ្នកកំពុង​សង្គ្រោះទ្រង់​​ទើបតបតថា៖

«ព្រះពរ ! នោះជាមកុដមួយតាំង​នៅសមុទ្រខាងត្បូងនេះ!»

រាជបុត្រា​បែរព្រះភក្រ្តទតអារម្មណ៍​គ្នាចុះឡើង ព្រោះទ្រង់​ជ្រាបថា ម្កុដនេះគឺជាគ្រឿងដ៏សំខាន់នៃវរបិតាខ្លួន។

បុត្រពៅបានតបមកភ្លាម៖

«ម្កុដនេះ​ជាគ្រឿងកំពូលឥស្សរៈនៃរាជវង្សរបស់យើង បិតា​និងបុព្វការីបានតស៊ូរក្សាមកជា​ច្រើនជំនាន់ហើយ ហេតុអ្វីអាចក្លាយទៅជាគ្រឿងប៉ុនប៉ងយ៉ាងលោភលន់ដូច្នេះ?»

ព្រះធីតា​ហាក់យល់ការណ៍​ថា​អ្នកសង្គ្រោះ​កំពុងនឹកអន់ព្រះទ័យទើបទ្រង់ពន្យល់តបមិនវាងវែងឆ្ងាយឡើយ៖

«ពីព្រោះប្រទេសរបស់ខ្ញុំ រងនូវសោកនាដកម្មរាំងស្ងួតជាច្រើនតំណមកហើយ ! អ្នកស្រុករស់នៅដោយលំបាកលំបិន អត់ឃ្លាន អាសន្នរោគ​កាច់ ​និង​ស្លាប់ជារៀងរាល់ឆ្នាំព្រោះតែភាពរាំងស្ងួត គ្មានភ្លៀង រំពឹងតែលើដងទន្លេតូចមួយមិនមានទឹកភ្លៀងថ្មីដើម្បីបំពេញចេះតែរីងហួតទៅបន្តិចម្តងបន្តិចម្ដង ការធ្វើស្រែក៏មិនបានផលល្អ ដីចាប់ប្រេះក្រហែងខូចអសារ​! មិនយូរទេ ប៉ុន្មានឆ្នាំខាងមុខ ទន្លេនោះនឹងរីងស្ងួតសល់តែបាត សត្វលោកនឹងវិនាស​និរាសរហោដ្ឋាន !​បិតា​មិនមាន​បុត្រា​គ្រាន់ទីពឹង បានជានាង​ខ្ញុំស្ម័គ្រ​ធ្វើដំណើរដ៏វែងអន្លាយមកកាន់សមុទ្រមួយនេះ ស្វះរកខ្ចី​ម្កុដយកទៅ​សង្គ្រោះផែនដី! មិនយូរប៉ុន្មាន ក៏អកុសល បានជួបនិងសត្វ​កន្ធាយយក្សមួយធំ​ប៉ុន​កូនកោះ វាបានសម្តែង​មហិទ្ធិឫទ្ធិមកពន្លិចសំពៅរបស់ខ្ញុំ !​»

បុត្រាទាំងបីជ្រាបសព្ទការណ៍ហើយ​ក៏កើតចិត្តអាណិតអាសូរពន់ពេក​ទើបរាជបុត្រកណ្តាល​ស្រដីសួរទៀតថា៖

«​​ ដូច្នេះមិនស័ក្តសមកនឹងលំនាំនៃធម្មជាតិរៀងមកសោះ! ព្រះធីតា​អាចមានសទ្ធាប្រាប់ត្រង់បានទេជាហេតុផលអីបានជា ប្រទេសរបស់ព្រះនាងគ្មានភ្លៀងសូម្បីមួយមេ​ណា? តើប្រទេសរបស់ព្រះនាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ដេចនាគសមុទ្រណាមួយ? »

«ឪពុករបស់ខ្ញុំបានតំណាលថា កាលដើមឡើយប្រទេសរបស់ខ្ញុំឋិតនៅក្រោមការគ្រប់គ្រងនៃស្ដេចនាគរាជសមុទ្រខាងត្បូង ប៉ុន្តែដោយសារតែមានជម្លោះមួយចំនួន ខ្ញុំមិនដឹងនោះទេបានជាស្ដេចនាគសមុទ្រខាងត្បូងបានសម្រេចចិត្តឈប់ផ្គត់ផ្គង់ទឹកដល់ពួកយើង ហើយបានដាក់ពួកយើងឱ្យនៅឯកោមិនមានការទ្រទ្រង់ពីអ្នកណាទាំងអស់»

បុត្រា​ទាំងបីឮហើយកាលណាក៏ងាកមើលមុខគ្នា ព្រោះឆ្ងល់ពេកពន់។ រឿងហេតុជំលោះនឹងការបោះបង់នេះ មិនដែលឮអ្នកណាម្នាក់ក្នុងរាជនគរ​រំលឹកប្រាប់សូម្បីតែម្តង​ ។

ភ្លាមនោះព្រះនាង​ ក៏ប្រាប់បន្តថា៖

«នៅលើខ្លួនខ្ញុំនេះ មានអាវទិព្វ​ដែលជាអាវុធប្រចាំរាជបល្លង័! ខ្ញុំអាច​គ្រងដើម្បីការពារព្រះកាយពីមនុស្សសត្វទាំងឡាយក្នុងការយាយីព្រោះមិនអាចប៉ះបានពេល ជាអាវដែលមានធាតុអគ្គី មិនថាធ្លាក់ទៅក្នុងទឹកឬមួយក៏ទៅដល់ឋានណានៅតែ​គ្មាននរណាម្នាក់អាចយកឈ្នះភាពក្តៅនេះបានឡើយ រហូតទាល់តែអ្នកនោះពិតជាមនុស្សមានចិត្តស្មោះ ទើបអាចឈានមកនៅក្នុងការប៉ះពាល់ខ្ញុំបាន»

 រាជបុរសទាំងបីបានឮការណ៍នេះចប់ហើយមានម្នាក់ក្នុងចំណោមឆ្លើយតបដោយដាច់អហង្ការថា៖

«តើព្រះនាងគិតថា ពួកយើងមិនមានចិត្តស្មោះឬអ្វី ដែល​ពួកយើងកំពុងតែព្យាយាមជួយនាងនេះ ! ឱ បើសិនលោតែ​យើងលែងដៃ តែម្នាក់ក្តី ព្រះ​នាងអាចនឹងធ្លាក់ចូលទៅក្នុងបាតសាគរហើយនឹងស្លាប់មុនសង្គ្រោះ​ជាតិនាងបានផង តើពួកយើងមិនស្មោះត្រង់ ត្រង់ណា? ហេតុអ្វីបានជាយើងមិនអាចប៉ះពាល់អាវនេះបាន?»

ភាគីព្រះធីតា​គ្រានោះទូ​លតបវិញថា៖

«ឱព្រះរាជបុត្រា​! ភាពស្មោះត្រង់នៅលើលោកនេះមានចំនួនបី ទីមួយគឺស្មោះត្រង់ដោយកាយវាចាចិត្ត ទីពីរស្មោះត្រង់ដោយមិនគិតលាក់កំណួច ទីបីស្មោះ ត្រង់ ដោយមិនខ្វល់អំពីផលប្រយោជន៍ផ្ទាល់ខ្លួន»

 ឮដូច្នេះបុត្រាផ្សេងទៀតក៏បានសួរមកវិញថា៖

«តើពួកយើងមានមិនស្មោះត្រង់ណាមួយក្នុងចំណោមទាំងបីចំណុចនេះ?»

សណ្តាប់ហើយ​ព្រះនាងក៏បានឆ្លើយឡើងវិញថា៖

«តើទ្រង់ទាំងបី មានបំណងចង់ជួយយើងដោយសារឃើញយើងមានរូបសម្រស់ ឬមួយក៏យើងជាមនុស្សស្រីឬមួយក៏មកពីយើងជាអ្វីផ្សេង?»

រាជបុត្រា​មើលមុខគ្នាហើយឈ្ងោកព្រះភក្ត្រ​គិត​មិនហ៊ាននិយាយអ្វីឬមួយសួរថាយ៉ាងណា​ទៀតនោះទេ ។

តាមពិតទ្រង់ទទួលស្គាល់ថា ឯកអង្គ​ពិតជាលង់ស្នេហ៍ជាមួយនឹងសម្រស់របស់នារីដ៏ស្រស់ស្អាតម្នាក់នេះ ហើយ​នាងគឺជាកូនស្ដេចនៃនគរមួយដែលត្រូវបានបោះបង់ចោលដោយបិតារបស់ខ្លួន តើពួកគេមានអតីតកាលនិងហេតុភេទបែបម្ដេចខ្លះ បានជាមានសេចក្ដីក្លាហានហ៊ានធ្វើដំណើរមកកាន់សមុទ្រខាងត្បូងដើម្បីស្វែងរកមកុដនោះទៅជួយរាជនគររបស់ព្រះនាង?

បុត្រាម្នាក់ក្នុងចំណោមនោះបានសួរវិញថា៖

«ប្រសិនបើយើងឱ្យនាងរៀបការជាមួយអ្នកណាម្នាក់នៅក្នុងចំណោមបងប្អូនយើងបីនាក់ តែព្រះ​នាងត្រូវយល់ព្រមថា​​នឹង​រស់នៅទីនេះ ហើយយើងនឹងឱ្យខ្ចីមកុដសមុទ្រ ទៅប្រោះព្រំផែនដីរបស់នាងក្នុងមួយឆ្នាំចំនួនបីខែ ព្រះ​នាងយល់យ៉ាងណាដែរ?»

រាជធីតា​នោះបានបន្ទូល​ឆ្លើយឡើងថា៖

«ប្រសិនបើនោះគឺជាជំនួយដោយស្មោះ ប្រាកដណាស់មិនមានថ្នូរអ្វីជាលក្ខខណ្ឌ មកជាមួយឡើយ! បើទោះបីជាខ្ញុំមិនរៀបការជាមួយអ្នក ក៏អ្នកនឹងជួយដល់នគររបស់ខ្ញុំទៀងទាត់បីខែនៅក្នុងមួយឆ្នាំៗ »

អ្នកទាំងបីមើលមុខគ្នាហើយក៏សួរនាងវិញថា៖

«តើនៅលើផែនដីគោក​ តើមានអ្នកណាធ្វើអ្វីមួយដែលមិនទាមទារសំណងដែរឬទេ?»

នាងឆ្លើយតបវិញថា៖

«ប្រាកដជាមាន ឧទាហរណ៍ដូចជាម្តាយដែលបង្កើតយើងចេញមកដោយមិនទាមទារសំណងថា យើងត្រូវតែបង្កើតលោកវិញនោះទេ ពុកយើងក៏ដូច្នោះ​មិនធ្លាប់គិតថា យើង​នឹងធ្វើអ្វីមួយសម្រាប់ពួកគាត់ត្រឡប់វិញនោះឡើយ គាត់គ្រាន់តែចង់ឃើញយើងមានអនាគតល្អតែប៉ុណ្ណោះ សេចក្ដីស្នេហារបស់ម្តាយឪពុកចំពោះកូនគឺជាសេចក្ដីស្នេហាដែលគ្មានលក្ខខណ្ឌនោះទេ »

រាជបុត្រា​ងក់ព្រះកេស​ហើយរាជបុត្រពៅ​សួរដោយស្រពោន៖

«ប៉ុន្តែក្រៅពីឪពុកម្តាយ​និងកូន តើយើងនឹងទៅរកសេចក្ដីស្នេហាបែបនេះពីណាមកទៅ»

ព្រះនាងបានឆ្លើយថា៖

«រាជឪពុកខ្ញុំ មានបន្ទូលតមមណាលថា ក្នុងគុហាគជ់មួយក្រោមសមុទ្រខាងត្បូង មានកន្លែងមួយដែលតាំងនូវម្កុដសក្ត័សិទ្ធ អាចប្រើជាកំពូលមហិទ្ធិឫទ្ធិបញ្ជាផ្ទៃទឹក បង្កើតជាទ័ពមច្ឆា នៅក្នុងទឹក គ្រប់គ្រងលើអាណាចក្រទឹកហើយក៏ជាម្កុដមួយដែលស្ដេចនាគនៃសមុទ្រទាំងបួនតែងតែប្រជែងគ្នាចង់បានប៉ុន្តែរហូតដល់ពេលនេះគ្មានអ្នកណាម្នាក់អាចយកវាបាននៅឡើយទេ!»

បុត្រា​ច្បង​គ្រវីព្រះកេស​បដិសេធថា៖

«សបញ្ជាក់ថា​រាជបិតា​ព្រះនាងជ្រាបរឿងមិនត្រូវនោះឡើយ! ឪពុករបស់យើងខ្ញុំជាព្រះវរបិតាគ្រប់គ្រងដែនសមុទ្រខាងត្បូង មានទាហានធ្វើសឹកជាមច្ឆាគ្រប់ប្រភេទ មិនដែលមាននរណាហ៊ានបះបោរប្រឆាំងនឹងបញ្ជារបស់ទ្រង់រីឯ ម្កុដសមុទ្រខាងត្បូង នៅលើព្រះកេសនៃព្រះអង្គជារៀងរាល់ថ្ងៃ »

រាជ​នារីនោះក៏ឆ្លើយវិញថា៖

«ដូច្នេះ តើអ្នកហ៊ានទូលសួរព្រះបិតារបស់អ្នកដែរទេថាពិតជា​នៅមានម្កុដមួយទៀតដ៏អច្ឆរិយៈនៅសំចតឥតម្ចាស់ក្នុងគុហា​គជ់?»

បុត្រាទាំងបីព្រះកាយ​សម្រេចព្រះទ័យ​ ខ្ជាក់ចេញពីមាត់របស់ពួកគេ នូវគ្រាប់គជ់ពណ៌ខុសៗ គ្នាចំនួនបីហើយហុចទៅឱ្យព្រះធីតាភ្លាម។

« នោះតើជាអ្វី?»ព្រះនាង​សួរ។

រាជបុត្រកណ្តាល​តបឆ្លើយ៖

«នេះគឺជាគជ់សម្រាប់ចុះក្នុងជម្រៅបំផុត​នៃដែនទឹក ទីឋាន​ដែលមាន​តែ​អម្បូរនាគរបស់ពួកយើងអាចចុះទៅដល់! ចូរព្រះនាងបៀម​គជ់ទាំងនេះជាប់នៅក្នុងបំពង់ក យើងអាចឱ្យព្រះនាងខ្ចីក្នុងរយៈពេលខ្លីដើម្បីយាងព្រះធីតា​ទៅជួបនឹង​រាជ​បិតានៃយើង! »

រាជបុត្រច្បងបញ្ជាក់បន្ថែមថា៖

«ដោយសារគជ់នេះ ព្រះ​នាងគង់អាចដកដង្ហើមក្នុងទឹក និងអាចបណ្ដែតខ្លួនចុះឡើងក្នុងផ្ទៃទឹកដូចជា បណ្តា​រាស្ត្រនៅឯនគរសមុទ្រខាងត្បូងដែរទីបំផុត​ទ្រង់ ថែមទាំង​អាចយាងចូលដល់ជម្រៅបំផុត​នៃដែនសាគរ​ដែលមានតែរាជវង្សនាគ​ទើបអាចចុះដល់»

ព្រះនាង​ទទួលយកមកលេបទាំងអំណរគុណ​។

 « ចុះអ្នកទាំងបីដែលឱ្យគជ់នេះមកខ្ញុំហើយតើបានអ្វីសម្រាប់បណ្ដែតខ្លួនទៀត?»

បុត្រពៅឆ្លើយតបភ្លាម៖

«ពួកយើងអាចរស់នៅដូច្នេះក្នុងរយៈពេលប្រាំពីរថ្ងៃ! លោហិតយើងជាខ្សែគជ់ ដែលអាចជំនួស​បានមួយគ្រាដែរ បើសិនជានាងមិនគោរពសម្ដីហើយមិនខ្ជាក់វាសងមកឱ្យយើងទេ ពួកយើងនឹងក្លាយទៅជារាស្ត្រធម្មតា​នៅវង្វេងក្រៅរាជនគរ​មិនមានលទ្ធភាព បន្តចុះទៅដែនសីម៉ា​រាជវាំង​សមុទ្រខាងត្បូងឡើយ»

ព្រះរាជធីតា​ឆ្លើយតបថា៖

«ដោយសារអ្នកមានចិត្តស្មោះនៅក្នុងការប្រគល់វាមកឱ្យខ្ញុំ ដើម្បីដឹងរឿងពិតប្រាកដជូនដល់ហ្លួងរាជបិតារបស់អ្នក ដូច្នេះអ្នកពិតជាបានពរពីព្រះ ហើយគជ់ទាំងនេះនឹងក្លាយទៅជាកម្មសិទ្ធិរបស់អ្នកវិញនៅមុនរយៈពេលកំណត់មកដល់!»

ថាហើយ រាជបុត្រាក៏ប្រើថាមពលជញ្ជូនខ្សែទឹកបណ្ដែតព្រះនាងលឿនស្លេវ​ចុះទៅដល់ដែននគររបស់ខ្លួន។

នៅចំពោះមុខព្រះវររាជបិតានៃអង្គបុត្រាទាំង៣​ រាជធីតា​ពិតជាបានឃើញមកុដដ៏ស្រស់ស្អាតមួយនៅលើព្រះកេសរបស់ព្រះអង្គ។

ឃើញភ្លាមកាលណាព្រះនាងក៏បានទូលពិតថា៖

« ព្រះមហារាជនៃសមុទ្រខាងត្បូង! ខ្ញុំម្ចាស់បារម្ភក្រែងតែម្កុដមួយ​នាព្រះកេសទ្រង់ មិនមែនជារបស់ពិតនោះឡើយ»

 ព្រះបិតាដែលប្រកបទៅដោយព្រះភក្ត្រសួតស្ងប់បានរាយការណ៍ប្រាប់ព្រះ​នាងវិញថា៖

«ម្នាលធីតាដែនគោក! ពិតណាស់ថា ជាច្រើនសិបឆ្នាំមកនេះយើងតែងតែប្រាថ្នាចង់បានម្កុដពិតយកមកគ្រងលើព្រះកេស ប៉ុន្តែយើងគ្មាននិស្ស័យនៅក្នុងការបង្កើតបាន ជាមហិទ្ធិរិទ្ធណាមួយដណ្តើមយកម្កុដនោះចេញពីក្នុងល្អាងគជ់ឡើយ»

រាជបុត្រាទាំងបីឮហើយក៏មើលមុខគ្នាទើបនឹងទទួលស្គាល់ថាអ្វីដែលនាងបានរៀបរាប់កាលពីនៅលើផ្ទៃទឹកសុទ្ធតែជាការពិតទាំងអស់។

 ម្កុដមែនទែនដែលអាចគ្រប់គ្រងលើអាណាចក្រសមុទ្រទាំងបួនពិតជាឋិតនៅក្នុងជ្រលងគជ់មួយនោះដដែលរហូតដល់យុគនេះ​នៅតែ​មិនមានអម្បូរនាគាណាអាច​ទៅដល់នឹង​ទទួលមកជាកម្មសិទ្ធិបាន។

ព្រះ​នាងបានឆ្លើយតបវិញថា៖

«នេះមានន័យថា រាជា​ក៏មិនមាន​សង្ឃឹមផងទេ អំពីម្ចាស់បងទាំងបីអង្គនេះ​ថាអាចមានចិត្តស្មោះគ្រប់គ្រាន់ដើម្បីទៅ​សូមផ្សងយកម្កុដចេញពីល្អាងគជ់នោះបាន?»

ស្ដេចនាគបានងក់ព្រះកេសហើយឆ្លើយថា ៖

«យើងនេះជាមនុស្សមានសេចក្ដីស្នេហាច្រើន មានប្រពន្ធជាមនុស្សានិងនាគីរាប់រយអង្គ! ទតឃើញហើយថា​យើងមានរាជបុត្រាជាច្រើន! តាំងពីបានគ្រងរាជ យើងរស់នៅជាមួយនឹងទំនាស់បញ្ហាមិនចេះចប់! មានឆ្នាំមួយនោះ យើងបានប្រើល្បិចផ្សេងៗ បំផ្លាញ​នគរ​មួយ​ដែលមានក្សត្រជាមនុស្ស​ស្មោះត្រង់ សល់ពីអម្បូរដែលមាន​បេះដូងជាពេជ្រ! យើងច្រណែនថាពួកគេមាន​ចិត្តល្អបរិសុទ្ធ​ដូចត្បូង ក៏ប្រកាសថា ​ម្នាលត្រកូលអ្នកស្មោះ​ តើអ្នកចាំបាច់អី​ចង់បានទឹកភ្លៀងអំពីយើង​ទៅ បើអ្នកយល់ថា មាន​ភាពស្មោះត្រង់ក៏គ្រប់គ្រាន់ទៅហើយ តើអ្នកមិនដោះបញ្ហា​រាំងស្ងួតដោយប្រើបេះដូងពេជ្រ​របស់អ្នកទៅ! ដូច្នេះ ព្រះរាជានោះ បានស្បថឡើង​ថា ថា ប្រសិន​បើ​យើងមិនដែលជឿលើអំពើស្មោះត្រង់ដរាបទៅ នឹងមិនអាច​ប៉ះទទួលបាននូវ ម្កុដសមុទ្រខាងត្បូងមកគ្រងរាជ្យលើមហាសមុទ្រទាំងបួនជាដាច់ខាត! »

ថាហើយស្តេចងាកមកសួរនាងបន្ថែម៖

«ដែលព្រះនាងយាងមកដល់ឆ្ងាយបែបនេះ​មុខតែ​មានវិធីក្នុងការជួយយើងដើម្បីដោះប្រស្នាជីវិតដ៏ស្មុគស្មាញនេះដែរ?»

«ក្រាបទូលក្សត្រានៃមហាសមុទ្រខាងត្បូង! ខ្ញុំម្ចាស់នឹងអាចជួយព្រះអង្គបាន ដរាបណាព្រះអង្គព្រមសណ្តាប់នូវហេតុផល​សិន! ក្សត្រនៃអម្បូរដែលមាន​បេះដូងជាពេជ្រ តាមពិតជាបិតាខ្ញុំម្ចាស់ ! ច្រើនឆ្នាំមកហើយ ដោយសារបណ្តាសារអ្នក អ្នកស្រុកត្រូវរងទុក្ខខ្លោចផ្សារ​គ្មានទឹកធ្វើកសិកម្ម ខ្វះស្បៀង ហូបមិនច្អែត រងជំងឺ​តំកាត់ ! ប្រសិនពេលនេះក្សត្រព្រម​សន្យាថាឱ្យខ្ញុំខ្ចីមកុដនេះទៅបង្អុរ ​ជារៀងរាល់ឆ្នាំដើម្បីចិញ្ចឹមអ្នកស្រុកភូមិនៃរាជនគររបស់ខ្ញុំព្រមទាំង បំពេញទឹកឱ្យដងទន្លេបឹងបួរនានាមិនចេះរីងស្ងួតមួយរដូវហើយមួយរដូវទៀតផ្លាស់វេនជារាងតទៅខ្ញុំម្ចាស់នឹង​រកវិធី​សុំដោះសម្តី​ឱ្យទ្រង់កាន់កាប់ម្កុដនោះបាន!»

«ប៉ុន្តែ​ព្រះធីតានៃខ្ញុំ! »រាជបុត្រច្បងសួរកាត់«តើកាលដែលយើងមាន​ប្រាថ្នា​ទាំងសងខាង​ដូច្នេះ អាចចាត់ទុកថាជាការមិនស្មោះត្រង់ដែរឬទេ?»

ព្រះនាង​តបទូលវិញ៖

«ម្នាលរាជបុត្រច្បង! ពិតណាស់ ដើម្បីយកមកុដនៅសមុទ្រខាងត្បូងមកគ្រប់គ្រងបាននោះតោង​ ដឹងដែរពីភាពស្មោះត្រង់នឹងការចង់បានដែលអ្នកកំពុងនិយាយ! ការនេះមិនរាប់សំដៅទៅលើការចង់បានដើម្បីយកទៅសង្គ្រោះលើមនុស្សជាច្រើននៃរាជនគរទាំងមូលឬនៅក្នុងពិភពលោកទាំងមូលនោះទេ ! ប្រសិនបើបំណងប្រាថ្នានោះគឺដើម្បីផលប្រយោជន៍របស់អ្នកម្នាក់ឯងឬក៏ក្រុមណាមួយជាគ្រួសាររបស់អ្នកនោះទើប​អាចចាត់ទុកថា ជាភាពមិនស្មោះត្រង់ចំពោះភពផែនដី ប៉ុន្តែផ្ទុយទៅវិញ បើសិនជាការចង់បាននោះគឺជាប្រយោជន៍នៃនគរទឹកដី ប្រជានុរាស្ត្រ ម្កុដនៅសមុទ្រខាងត្បូងនោះប្រាកដណាស់ជាយល់ព្រមជាមួយខ្ញុំ ហើយជឿថាវាគឺជាបំណងដ៏ស្មោះត្រង់មួយ»

ពេលនោះហើយ ព្រះរាជានាគ​ដែលសញ្ជឹងពិចារណាអស់ពេលមួយស្របក់​ទ្រង់កាត់សេចក្តីឡើងថា ៖

«យើងមានគំនិតហើយ! ច្រើនពាន់ឆ្នាំមកនេះ មិនដែលមាន​នាគណាមួយ ដែល​អាចទៅយកបាន​តំណែង​ជាមេលើសមុទ្រទាំងបួនឡើយ! ពួកយើងទទួលស្គាល់ថា ​យើងមិនមាន​ចិត្តស្មោះត្រង់ មិនទាន់​លះបង់កំណាញ់បានដូចៗគ្នា! គ្រានេះយើងសូមយល់ស្របថា អាចឱ្យនាងសាកល្បងទៅកាន់ល្អាងគជ់នោះដើម្បីប្រាថ្នាសុំយកម្កុដចេញមក​តែនាង​ត្រូវទទួលខសន្យាសំខាន់មួយនេះ គឺ​ទទួលរាជបុត្រា​ណាមួយរបស់យើង​ជាស្វាមី​អភិសេកជួយគ្រប់គ្រងទឹកដីជាមួយព្រះទ័យជាដុំពេជ្រនេះនឹងអាលឱ្យម្កុដនាគសមុទ្រខាងត្បូងនៅតែជាកម្មសិទ្ធិការពារព្រះនគរដរាបទៅ!»

 ​ ពួកគេក៏បានជូនដំណើរព្រះនាងទៅដល់ល្អាងគជ់ដូចបំណងប្រាថ្នា។ នៅទីនោះនាងបានបួងសួងថាបើសិនជាខ្ញុំពិតជាមនុស្សមានចិត្តស្មោះត្រង់ចំពោះមនុស្សលោកនេះសូមឱ្យខ្ញុំអាចចូលទៅយកកាន់ម្កុដ​នោះចេញមកបានតាមបំណង ។

ព្រះធីតា​ថាចប់ហើយកាលណា​ ទ្វារនៃល្អាងគជ់នោះក៏របើកឡើងឯកឯង ហើយនាងបានបណ្ដែតខ្លួនចូលទៅថែមទាំងបានទទួលយកម្កុដ​បុរាណ​នោះចេញមកវិញក្រោមភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៃនគរនាគទាំងមូល។

ស្ដេចនាគខាងត្បូង​ពិតជារំភើបសប្បាយចិត្តខ្លាំងហិចហើរទៅកាន់ទៅក្បែរដើម្បីទទួល ម្កុដមកពិនិត្យ ប៉ុន្តែនៅពេលដែលម្រាមដៃរបស់ទ្រង់ប៉ះទៅនឹងវត្ថុនោះកាលណាអ្វីម៉្យាងមុតដូចជាត្រូវនិងម្ជុលរាប់រយ មិនអាចឱ្យទ្រង់ប៉ះពាល់វត្ថុនោះបានដាច់ខាតធ្វើឱ្យស្ដេចនាគត្រូវថមថយមកវិញទាំងក្រេវក្រោធអស់សង្ឃឹម។

ហេតុអ្វី ខ្ញុំមិនអាចប៉ះវាបាន ?

ព្រះនាងបានលានគរនាគ ដោយខ្ជាក់សងនូវគជ់ទាំងបីនៃរាជបុត្រា​ ជាមួយ​សន្យាសង្គ្រោះនគររួចកាលណា​នឹង​វិលមកវិញមិនលើសពេល​៧ថ្ងៃ។ ពោលហើយ ធីតា​បាន​​វិលមករាជនគរ​នៃមនុស្ស​ស្មោះ​ធ្វើការ​បន់ផ្សងសុំពរពីម្កុដ ឱ្យកើតជាភ្លៀងនៅពាសពេញ បំពេញ​វារីនានានៃ​នគរខ្សត់ទឹកទាំងអស់នៅលើលោក។ ដរាបណានាង​បន់ច្រើនដងនៅតែមិនបានសម្រេចមួយមេ​ណាធ្លាក់មកសោះ រឿងហេតុនេះបានកន្លងទៅជាច្រើនថ្ងៃ នាងអង្គុយ​អស់សង្ឃឹមក្នុងសួន​ផ្កាក៏​បានឮសំឡេងស្តេចនាគលាន់មករំឮកពីក្នុងសមុទ្រថា នាង​បានសន្យាថានឹង​រៀបការ​ជាមនុស្ស​នគរនាគ​ដូច្នេះចូរនាង​ពាក់ម្កុដ​រួចសឹមធ្វើការ​បួងសួង​តាមរបៀបនាគ។

មិនយូរប៉ុន្មាន​នាង​បាន​ធ្វើតាម​នោះ ឃើញថា ភ្លៀងពិតជាស្រោចមក​ពិតមែន។

ការណ៍​នេះ​ធ្វើឱ្យមានភាពត្រេកអរពាសពេញ​រំជួយនគរ កសិករមានទឹកសម្រាប់ធ្វើស្រែចម្ការនិងមានទឹកគ្រប់គ្រាន់ដើម្បីបរិភោគ លាងសម្អាត និងជម្រះ​ភាពសៅហ្មងផងទាំងពួងបាន។

ថ្ងៃមួយ មានការភ្ញាក់ផ្អើលនៅមាត់សមុទ្រនៅដៃសមុទ្រដោយឃើញមាន ស្រកានាគជាច្រើនរសាត់អណ្ដែតមកទើរលើ ឆ្នេរ។

អ្នកស្រុកបានផ្អើលតគ្នារហូតដល់បានដំណឹង​ដល់ ព្រះបរមរាជវាំង ហើយរាជ្យធីតាត្រូវបានបិតានាំទៅទត។ នាងបានមើលស្គាល់ថានេះគឺជាស្រការបស់បុត្រាម្នាក់នៅក្នុងចំណោមបុត្រាទាំងបីដែលធ្លាប់ជួយនាងការនៅសមុទ្រខាងត្បូងដូច្នោះហើយនាងក៏បាននិយាយនិងបិតាថាខ្ញុំអាចទាយដឹងថារាជបុត្រាម្នាក់នោះកំពុងតែមានទុក្ខដោយសារតែគេចាកចេញពីនគរ​ទឹកមកស្វះស្វែង​រកខ្ញុំ ។

ព្រះបិតាក៏និយាយឡើងថា ប្រសិនបើគេពិតជាមនុស្សមានចិត្តស្មោះត្រង់ យើងនឹងប្រកាស​ថា​ព្រម​ព្រៀង​លើករាជ​បុត្រីរបស់យើងឱ្យទៅជាភរិយារបស់គេ ហើយនឹងទៅរស់នៅដែនទឹករបស់គេជួយទ្រទ្រង់សមុទ្រខាងត្បូងនិងម្កុដសមុទ្រខាងត្បូងបង្អុរភ្លៀងដោយយុត្ថិធម៌ដល់បណ្តានគរទាំងអស់លើភពផែនដីនេះ។

គ្រាន់តែព្រះបិតាប្រកាសចប់កាលណាសមុទ្រចាប់ផ្តើមរំជួយ លេចឡើងនូវរាជបុត្រាទីបីដែលប្រកបទៅដោយទឹកមុខក្រៀមស្រពោន។

ព្រះនាងក៏សួរថា ៖

«ហើយអ្នកអើយ បើអ្នកមកដល់នគររបស់ខ្ញុំហើយហេតុអ្វីបានជាសំងំនៅ នេះរហូតដល់អ្នកក្លាយទៅជាក្រៀមក្រោះជ្រុះស្រការដោយអន្លើ?»

បុត្រានោះក៏បានឆ្លើយឡើងថា ៖

«ខ្ញុំពិតជាមានសេចក្ដីស្នេហាជ្រាលជ្រៅលើរាជធីតា ចាប់តាំងពីថ្ងៃដែលខ្ញុំបានឃើញព្រះនាងនៅឯឋានភុជង្គនាគមក! ដូច្នេះហើយនេះគឺជាចិត្តស្មោះត្រង់របស់ខ្ញុំ ក៏មិនមែនដើម្បីទទួលបាននូវរាជសម្បត្តិប៉ុន្តែខ្ញុំពិតជាចង់បានព្រះនាងទៅជាភរិយានៃខ្ញុំពិតប្រាកដចាប់ពីពេលនោះ ហេតុតែខ្ញុំមិនចង់ឱ្យព្រះនាងមានការលំបាកនៅក្នុងការបដិសេធខ្ញុំ ដូច្នេះហើយខ្ញុំក៏បានត្រឹមឃើញព្រះនគរពីចម្ងាយក៏អស់ចិត្ត។»

ព្រះធីតា​តបវិញថា៖

« រាជបុត្រា​ពិតជាមានសមានចិត្តស្មោះចំពោះខ្ញុំ ដូច្នេះហើយខ្ញុំគិតថា អ្នកគួរតែត្រឡប់ទៅនគរវិញនាំមកនូវបណ្ណការនានាដើម្បីថ្ងៃមង្គលរបស់យើង!»

ចាប់ពីពេលនោះមក អាណាចក្រទឹកទាំងបួន បានទទួលនូវពរពីព្រះ ទទួលបានរាជនីបេះដូងពេជ្រមកគ្រងម្កុដសមុទ្រខាងត្បូង ជារាជនី ដ៏ស្មោះសមួយរូបផ្តល់សុខសាន្តជាដរាបដល់ភពផែនដីគោកផ្តល់ទឹកស្រោចស្រព តាម​កាលរដូវ​មិនចេះ​ល្អៀងឡើយ៕