លក្ខណៈផ្ទាល់ខ្លួនពិតជាសំខាន់ណាស់ សឹងនៅគ្រប់ទិដ្ឋភាពអាជីព។ រឹតតែសំខាន់ទៅទៀត ពេលយើងក្លាយជាអ្នកនិពន្ធ។ ដើម្បីសរសេររឿងប្រឌិតបានល្អ រឿងនីមួយៗ គួរតែមានលក្ខណៈសម្បត្តិធានាភាពមិនច្រំដែល មិនមានអារម្មណ៍ថា ធ្លាប់បានអានរួច និងមិនប្រើការស្រាវជ្រាវដដែល ឬហួសសម័យកាលមកចងក្រង។
អ្នកនិពន្ធ ម៉ីសន សុធារី តែងយកចិត្តទុកដាក់លើរចនាសម្ព័ន្ធរឿង ហើយគាត់ទម្លាប់ដំឡើងប្រលោមលោកថ្មីនីមួយៗ ដោយយកចិត្តទុកដាក់ លើភាពខុសប្លែក និងសួរយោបល់មនុស្សច្រើនគ្នា។ ពិសេសគាត់តែងកែប្រែការនិយាយ និងសកម្មភាពថ្មីៗជានិច្ចពីខ្សែរឿងមួយទៅកាន់រឿងមួយទៀត។
«យើងអាចបង្កើតការភ្ជាប់អារម្មណ៍ ជក់ចិត្ត ពីវគ្គមួយទៅផ្នែកមួយទៀតធ្វើឲ្យយើងអានមានអារម្មណ៍ថា នៅក្នុងសាច់រឿងជាមួយតួអង្គ មិនថាពេលពួកគេលំបាកឬជោគជ័យ! អ្នកនិពន្ធជាច្រើនអនុវត្តិតាមវិធីទុកឲ្យចំណុចកំពូលខ្លាំងបំផុតនៅមាតិកាជំពូកក្រោយគេ គេហៅថាឆាកធំ កៀកនឹងទីបញ្ចប់តែនៅក្នុងបេះដូងមេគង្គ ខ្ញុំអត់បញ្ចប់ដោយឆាកធំទេ នេះជាវិធីសាស្ត្ររបស់ខ្ញុំហើយវាមិនដែលខុសច្បាប់ឡើយ(សើច)!» អ្នកស្រីពន្យល់ក្រុម។
អ្នកនិពន្ធរូបនេះក៏បាននិយាយផងដែរថា ការសរសេរប្រលោមលោកមិនមែនទៅប្រណាំងជាមួយអ្នកអានមិនឲ្យគេស្មានត្រូវ ហើយគិតថាជោគជ័យនោះទេ អ្នកអានមិនមែនល្ងឹតល្ងង់ឡើយ។ គេអានកាន់តែច្រើនចំណេះកាន់តែកើន។
«មានបញ្ហាអីបើគាត់ទាយត្រូវ? កាន់តែសប្បាយចិត្តជាមួយគ្នា! សំខាន់មិនមែនគាត់មកអានរឿងព្រោះទាយមិនដែលត្រូវនោះទេ ភាគច្រើនពួកគាត់ចូលចិត្តភាពភ្ញាក់ផ្អើល និងសមចិត្ត! សមចិត្តនៅទីនេះ មិនមែនមានន័យថា តួជួបគ្នា ឬ HappyEnding ជានិច្ចទេ តែត្រូវមានហេតុផលសំអាងត្រឹមត្រូវ!».
និពន្ធល្អ មិនប្រជែងជាមួយអ្នកអានខ្លួនទេ គាត់ត្រូវការយល់ចិត្តពួកគេឲ្យបានច្បាស់លាស់ តាមរយៈរបៀបដែលពួកគេអានសៀវភៅ។
«ខ្ញុំគិតថា ហ្វេនរបស់ខ្ញុំ មានចំណេះដឹងនិងគតិលោកខ្ពស់ៗ! ពួកគាត់ជាមនុស្សដែលធ្វើឲ្យខ្ញុំរៀនបានច្រើន!» អ្នកនិពន្ធ ម៉ីសន សុធារី៕
អត្ថបទ៖លីណា