អត្ថបទនេះ នឹងឆ្លើយតបសំណួររបស់បណ្តាអ្នកនិយមអានសៀវភៅ ដែលលើកឡើងថា ហេតុអ្វីបានជាសំណេរខ្លះ ពេលអានមិនចូលស្លុង បានន័យថា ចង់តែមើលរំលង មិនមានអារម្មណ៍ដូចជាខ្លួនឯងកំពុងស្ថិតនៅក្នុងព្រឹត្តិការណ៍ផ្ទាល់សោះតើមកពីអ្នកអានមិនពូកែអានដាក់អារម្មណ៍ ឬមកពីអ្នកសរសេរស្ទើរ?
អ្នកនិពន្ធ ម៉ីសន សុធារី ម្ចាស់ប្រលោមលោកស្ទូឌីយោលេខ៧ ដែលមាននាមប៉ាកាថា សុភាប្រុស នឹងដែលមានឈ្មោះថា ភាគនិទានដែលអានកាលណា ដូចបានស្ថិតចូលទៅនៅក្នុងព្រឹត្តិការណ៍ផ្ទាល់ ថែមទំាងក្លាយជាតួអង្គដោយខ្លួនឯង ដាច់បាយភ្លេចទឹក បានបង្ហើបឱ្យដឹងលើចំណុចនេះថា ទីមួយអ្នកសរសេរត្រូវកសាងបុគ្គលិកលក្ខណៈតួអង្គដែលអ្នកអានយល់ស្រប។
ប្រសិនយើងតែងឱ្យតួនោះកាចពេកអាក្រក់ពេកល្អពេកអ្នកអានមិនយល់ស្របនិងមិនធ្លាប់ទទួលអារម្មណ៍ថាមានមនុស្សបែបនេះ កាយវិការបែបនេះទំនងជាកើតមានក្នុងជីវិតពិត «ភាពមិនព្រម» នោះហើយដែលគាត់មិនអាចចូលទៅនៅក្នុងតួអង្គណាមួយទំាងអស់ តើគាត់នឹងចូលទៅក្នុងព្រឹត្តិការណ៍យ៉ាងណាបាន។
ពេលខ្លះជាសិល្បៈទាក់ទាញ យើងបានបង្កើ់តតួអង្គអច្ឆរិយៈមួយឡើងមក ដូចជាកំពូលនាយប៉ូលិសម្នាក់ដែលពូកែចំណាប់ចំនួន សេតវិទូ។ យើងចង់ឱ្យអ្នកអានចូលចិត្តគាត់ ក៏សរសើរថាគាត់ល្អគ្រប់សព្វបែបយ៉ាង ប៉ុន្តែមិនបានបង្ហាញ សកម្មភាពដែលជាសក្ខីនៃសមត្ថភាពនោះសោះ បានត្រឹមសរសេរថា កំពូលប៉ូលិសសង្ហាឬ ប្រាជ្ញាមុះមុតឬ ស្មារតីវាងវៃ។ល។ តើឱ្យអ្នកអានជឿបានឬចូលទៅទាក់ចិត្តដិតអារម្មណ៍របៀបណា ប្រសិនវោហាសាស្ត្រសនិងកម្មភាពនៃតួអង្គនោះ មិនបានបង្ហាញចេញមកអស្ចារ្យ ដល់អ្នកចំហរមាត់ និងពិតជាមានវោហាសាស្ត្រ ឃ្លាសន្ទនាសមជាប៉ូលិសជំនាញ គួរឱ្យអ្នកអានដកចិត្តមិនរួចពិតមែន?
ក្រៅពីបានទទួលនៅចរិតលក្ខណៈមួយទំនងសមរម្យ អ្នកនិពន្ធតោងចេះបង្កើ់តឈុតឆាកដែលរំញោចអារម្មណ៍នៅក្នុងឃ្លោងឃ្លាពណ៌នារបស់ខ្លួន។ អ្នកនិពន្ធជាច្រើនរៀនយល់ច្បាស់ពីបច្ចេកទេសនេះ ប៉ុន្តែបញ្ចូលមិនបានពេញលេញដោយសារអ្នកនិពន្ធខ្លះមានទេពកោសល្យប្រើមិនបានត្រូវ ព្រោះខ្វះបច្ចេកទេសសរសេរមកជួយ ទាំងនេះជាបទពិសោធន៍ទម្រាំប្រលោមលោកនិមួយៗចេញមកបង្ហាញឈុតឆាកពិតៗដូចរឿងចិនកាប់់ដាវដែលគេសមាធិយកកម្លាំងធាតុសោះ យើងប្រើតែអំណានក៏ឃើញរូបរាងឥសីអ៊ូតាំងកំពុងបិទភ្នែកដូចនៅនឹងមុខពិតៗ។
ការបញ្ចូលអារម្មណ៍អ្នកអានមកក្នុងសំណេរផ្អែកបន្ថែមលើរបៀបសរសេរពីដែលគាំំទ្រគ្នាទៅវិញទៅមកគឺ មួយការបញ្ចេញអារម្មណ៍ «សំឡេងនាងស្រែកយៃ! មុតស្រួចដូចសន្ធឹកដាវមេឃាដែលបំបុកមកចំទ្រូង បញ្ឆៀងបេះដូងប្រុសកម្លោះ ធ្វើឱ្យចាងអ៊ូជីស្រឡាំងកាំង មិនអាចសម្រេចចិត្តធ្វើយ៉ាងណាទាន់នៅនឹងមុខភាពខូចចិត្តព្រមទំាងសេចក្តីភ្ញាក់ផ្អើលហួសនឹងថ្លែង។»
ទាំងទឹកចិត្តចាង អ៊ូជីនិងរូបរាងដែលចូវ ជឹរឺបានស្តាប់បញ្ជាគ្រូលើកដាវមកចាក់ប្រល័យនាយវាជាអារម្មណ៍បូកជាមួយសកម្មភាពដែលញាំងឱ្យឈុតឆាកអណ្តែតមកពេញបេះដូងអ្នកអាន ហើយអ្នកអានបានធ្លាក់ជ្រៅទៅក្នុងស្ថានការណ៍នោះ។ អ្នកអានដែលស្រលាញ់តួប្រុសយ៉ាងមុតមាំ ក៏កំពុងត្រូវមួយដាវរបួសបេះដូងដូចគ្នា។ នេះហើយ ជោគជ័យរបស់អ្នកនិពន្ធម្នាក់៕