ក្មេងស្រីឈ្មោះ ចន្ទនា…
ខ្ញុំគឺចន្ទនា ភេទស្រី អាយុ ១៩ ឆ្នាំ មានមុខមាត់មិនសូវស្អាត កម្ពស់ក៏មិនសូវបាន តែបានសំឡេងយោងបន្តិច។ អ្នកណាក៏ដោយឱ្យតែបានឮសំឡេងរបស់ខ្ញុំដឹងតែលង់ហើយ ទោះបីមិនបានឃើញមុខក៏ដោយចុះ។ ឆ្នាំនេះខ្ញុំបានប្រឡងជាប់បាក់ឌុប ហើយក៏ទើបតែចាប់ផ្ដើមសាកល្បងធ្វើការងារមួយជាជាងថតរូបនៅក្រុមហ៊ុនថត pre-wedding មួយកន្លែង។ ការពិតខ្ញុំគ្មានចេះជំនាញហ្នឹងសូម្បីតែបន្តិច ព្រោះតែមានមិត្តភក្តិណែនាំ ហើយដោយសារគិតថាវាជាការងារងាយៗ ទោះមិនមានជំនាញក៏អាចធ្វើបាន ចឹងហើយទើបខ្ញុំសម្រេចចិត្តចូលទៅ។
«ម៉េចក៏រំភើបម្ល៉េះ គ្រាន់តែមើលអ្នកផ្សេងថតសោះអីក៏សប្បាយចិត្តដែរ?»
«វីរ៉ាមិនយល់ទេព្រោះមិនមែនជាចិត្តរបស់ខ្ញុំ»
វីរ៉ា ជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនហើយក៏ជាមិត្តតែម្នាក់របស់ខ្ញុំកាលរៀននៅវិទ្យាល័យ។ គ្រួសាររបស់គេរស់នៅក្រុងសៀមរាប។ តែខ្ញុំឯណេះមានស្រុកកំណើតនៅស្រុកស្រែជនបទ តែក្នុងខេត្តតែមួយ។ ដោយសារតែនៅក្នុងភូមិមិនមានវិទ្យាល័យ ទើបខ្ញុំបានផ្ទេរឈ្មោះមករៀននៅទីក្រុង។ គ្រួសាររបស់ខ្ញុំមានជីវភាពមធ្យមល្មមអាចឱ្យខ្ញុំ និង ប្អូនប្រុសម្នាក់បន្តរៀនបាន។កាលមករៀននៅទីក្រុងដំបូងបានវីរ៉ាជាមិត្តរួមតុជាមួយ ទើបរាប់អានគ្នាដល់ឥឡូវ។ ហើយគេក៏យល់ពីខ្ញុំបានច្រើនគួរសមដែរ។
បើនិយាយពីក្រុមហ៊ុនប៉ារបស់វីរ៉ាមិនធំប៉ុន្មានទេ។ ពួកយើងធ្វើការជាក្រុមដោយមានសមាជិកមិនដល់១០នាក់ផង។ ក្នុងនោះមានអ្នកឌីសាញនិងកាត់តរូបភាព៣នាក់ ស្រី២ប្រុស១ អ្នកថតគឺប៉ារបស់វីរ៉ា វីរ៉ា បងទិគុណ និងខ្ញុំដែលទើបនឹងចូលថ្មីដែរ។ អរ! ភ្លេចប្រាប់ទៅថាម៉ាក់របស់វីរ៉ាក៏ជាអ្នកឌីសាញរូបភាពម្នាក់។ ពួកគាត់មានកូនប្រុស២នាក់គឺវីរ៉ាមិត្តខ្ញុំ ហើយនឹងបងប្រុសរបស់គេម្នាក់ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតជំនាញថតរូបនៅប្រទេសថៃ។ ខ្ញុំដឹងតែប៉ុណ្ណឹង ព្រោះវីរ៉ាធ្លាប់និយាយប្រាប់កាលនៅរៀន។ ឯវីរ៉ា ក្រៅពីជួយការងារគ្រួសារ គេក៏កំពុងបន្តរៀនថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងទីផ្សារផងដែរ។ ខុសពីខ្ញុំ ត្រូវធ្វើការរកលុយសិន សឹមរៀនបន្តតាមក្រោយ ព្រោះពុកម៉ែខ្ញុំមិនមានលទ្ធភាពឱ្យខ្ញុំរៀនបន្តបានទេ។ ពួកគាត់ជាអ្នកដាំបន្លែបង្ការយកលុយឱ្យខ្ញុំបានរៀនសូត្រចប់ថ្នាក់ទី១២។ នេះគឺជាសំណាងដ៏ធំរបស់ខ្ញុំណាស់ទៅហើយ។ ដូច្នេះខ្ញុំត្រូវចេះរកលុយដោយខ្លួនឯងម្ដង។
ខ្ញុំស្នាក់នៅក្នុងបន្ទប់ជួលតូចមួយ តម្លៃ៣០ដុល្លាក្នុងមួយខែក្បែរសាលាសុវណ្ណភូមិ។ មានគ្រែនិងពូកចំណាស់បន្តិចមិនសូវធំមួយសម្រាប់គេង ទូផ្ដៅតូចមួយដាក់សៀវភៅនិងសម្ភារ:សិក្សា ហើយក៏មានតុប្លាស្ទិចមួយសម្រាប់សរសេរមេរៀន។ វាគឺជាសម្ភារ:កាលរៀននៅវិទ្យាល័យទាំងអស់។ ពេលនេះចូលធ្វើការហើយ ខ្ញុំមិនទាន់មានកុំព្យូទ័រផ្ទាល់ខ្លួននៅឡើយទេ តែខ្ញុំក៏ចេះពីរបៀបប្រើខ្លះៗកាលរៀននៅសាលា។ ដល់ពេលទៅកន្លែងធ្វើការទើបបានប្រើវានៅទីនោះ។ និយាយរួមចូលធ្វើការនេះជាចំណុចចាប់ផ្ដើមថ្មីបំផុតសម្រាប់ខ្ញុំ។ ពេលនេះទើបខ្ញុំដឹងថាមេរៀននៅសាលា និងមេរៀននៅកន្លែងការងារជាក់ស្ដែងមិនដូចគ្នាសោះ។ នេះជាអ្វីដែលខ្ញុំកំពុងតែគិតដោយសម្លឹងមើលទៅកាមេរ៉ាដែលកាន់ដោយអ្នកផ្សេងដែលមិនមែនជាខ្ញុំ។ វីរ៉ានេះក៏ពូកែមើលទឹកមុខរបស់ខ្ញុំណាស់ដែរ។ គ្រាន់តែឃើញ គេក៏ដឹងថាខ្ញុំកំពុងតែគិតពីអ្វីទៅហើយ។
ការងារថ្ងៃដំបូង…
បើគ្រាន់តែក្រឡេកមើលអ្នកដែលកំពុងតែថត ខ្ញុំគិតថាងាយៗខ្លាំងណាស់ ព្រោះគ្រាន់តែកាន់កាមេរ៉ាហើយក៏ថតប៉ុណ្ណឹង! តែការពិត…
«ចន្ទនា?» ចាស៎?
«រវល់ធ្វើអីនៀក?» ឆាប់មកនេះឱ្យលឿន! គាត់ស្រែកហៅឮៗហើយរបៀបចង់ខឹងអីបន្តិចដែរ។
«អ្នកណាហៅហ្នឹង?» ខ្ញុំកំពុងគិតក្នុងចិត្តព្រោះអីរវល់តែឈរគិត និង និយាយលេងជាមួយវីរ៉ា។
អរ! គាត់ឈ្មោះទិគុណ។ បងទិគុណជាអ្នកថតរូបដ៏ស្ទាត់ជំនាញម្នាក់នៅក្នុងក្រុមនេះ។
«ចាស៎! ឱ្យខ្ញុំសុំទោសបងដែលឈរនៅឆ្ងាយពេក…»
«ដឹងហើយ មិនបាច់ប្រាប់ក៏ដឹងដែរ! គាត់និយាយរាងគំហកដាក់ខ្ញុំ ហើយបន្តមកទៀត
«ប្អូនមកធ្វើការថ្មីអ៊ីចឹង ត្រូវមើលពីរបៀបការងារឱ្យបានច្រើន កុំរវល់តែឈរនិយាយគ្នាលេងបែបនេះ!»
គាត់ថាឱ្យខ្ញុំម៉ាំងៗនៅចំពោះមុខអ្នករាល់គ្នា។ ទាំងក្រុមការងារនិងម្ចាស់កម្មវិធី គ្រប់គ្នាសម្លឹងមកខ្ញុំមិនដាក់ភ្នែក។ នេះគឺជាលើកទីមួយក្នុងឆាកជីវិតដែលត្រូវគេស្ដីឱ្យនឹងមុខចំពោះមនុស្សច្រើននាក់យ៉ាងនេះ។ ខ្ញុំពិតជាពិបាកក្នុងការទប់ទឹកភ្នែកខ្លាំងណាស់។ ហើយវាក៏ហូរមកពិតមែននៅចំពោះមុខគ្រប់គ្នាតែម្ដង។ តែខ្ញុំមិនបានយំទេ ទឹកភ្នែកវាហូរមកដោយខ្លួនឯងទេតើ។
ស្ងាត់ជ្រៀប! គ្នានអ្នកណាស្ដីអីមួយម៉ាត់។ បងទិគុណក៏បន្លឺសំឡេងសារជាថ្មីហាក់យល់ចិត្តអ្នកដែលកំពុងហូរទឹកភ្នែក៖ បានហើយចន្ទនា! បងចង់ឃើញសមត្ថភាពឯងឥឡូវនេះ។ ថ្ងៃនេះបងឱ្យឯងជួយថតបង។ អូខេ?
«គឺខ្ញុំ… ខ្ញុំ…អាចថតបាន ជឿជាក់លើខ្ញុំចុះ ឱ្យកាមេរ៉ាមក» ខ្ញុំខំប្រឹងលេបទឹកភ្នែកទៅវិញ ហើយឆ្លើយតបយ៉ាងក្លាហានទៅគាត់។ ដឹងអីគ្រាន់តែចាប់កាន់កាមេរ៉ាភ្លាម…ឌុក!
«យ៉ាងម៉េចនេះចន្ទនា? គ្រាន់តែកាន់កាមេរ៉ាក៏មិនចេះដែរមែន?»
«សុំទោសបង ខ្ញុំនឹងប្រយ័ត្នជាងនេះ!»
«ហ៊ើយ…មិនបាច់ទេកុំឱ្យខាតពេលវេលា ពេលនេះឯងគ្រាន់តែមើលរបៀបនៃការថតក៏បាន តែលើកក្រោយណា៎ត្រូវតែបង្ហាញឱ្យបងឃើញ។ ភ្នែកហ្នឹងមើលការថតរបស់បងឱ្យច្បាស់!» គាត់និយាយប្រាប់ខ្ញុំបណ្ដើរ ដៃចាប់កាន់កាមេរ៉ាថតបណ្ដើរ។ មានអារម្មណ៍ថាសម្ដីរបស់គាត់កាចៗបន្តិច តែគាត់ចិត្តល្អទេ បើឮតាមវីរ៉ាប្រាប់។
«ដើរមកខាងមុខបន្តិច! អូខេល្អ កូនកំលោះនិងកូនក្រមុំបែរមុខរកគ្នា ញញឹមតិចៗរកគ្នាផង! អស្ចារ្យៗណាស់។» បងទិគុណបញ្ជាទៅកាន់ម្ចាស់ pre-wedding ពេលកំពុងថតប្រកបដោយភាពច្បាស់លាស់។ ក្រឡេកទៅមើលទៅគូស្នេហ៍មួយគូនេះវិញពិតជាសក្តិសមនឹងគ្នាណាស់។ ការថតរូបរបស់យើងគឺតម្រូវតាមចិត្តរបស់អតិថិជន។ បើអតិថិជនចង់ទៅថតកន្លែងណា ក៏យើងតម្រូវទៅតាមនោះ។ យើងក៏មានជាស្ទូឌីយោសម្រាប់ថតផងដែរ អាស្រ័យលើចិត្តអតិថិជន បើពួកគាត់មិនចង់ចេញក្រៅទៅណាឆ្ងាយ គឺអាចថតនៅមួយកន្លែងក៏បាន។ តែថ្ងៃនេះពួកយើងមកថតនៅម្ដុំប្រាសាទអង្គរវត្ត។ ប្រាសាទអង្គរវត្តជាទីកន្លែងដ៏ស្រស់ត្រកាលមួយនៅក្រុងសៀមរាប សក្ដិសមជាមួយនឹងគូស្នេហ៏ថ្មីថ្មោងដែលមានបំណងចង់មកថត pre-wedding ក៏ដូចជារូបថតអនុស្សាវរីយ៍ផ្សេងៗ។
«យ៉ាងម៉េចដែរចន្ទនា?»
«មិនអីទេ!»
«លើកទីមួយគឺចឹងឯងណា៎ មានត្រូវមាត់ខ្លះអីអ៊ីចឹង! បើយើងទ្រាំបានម្ដង យូរៗទៅគង់តែស៊ាំដោយខ្លួនឯង» មិនត្រឹមតែនិយាយទេ វីរ៉ាថែមទាំងទះស្មារបស់ខ្ញុំតិចៗ។
«ខ្ញុំដឹងហើយវីរ៉ា បើតាមមេរៀនដែលបានរៀននៅវិទ្យាល័យ គេឱ្យមនុស្សគ្រប់រូបត្រូវចេះអត់ធ្មត់ដើម្បីទទួលបានអ្វីមួយដែលគេប្រាថ្នា។» ខ្ញុំនឹងប្រឹងប្រែងចាប់យកជំនាញនេះឱ្យបានណាវីរ៉ា។ ខ្ញុំនឹងធ្វើឱ្យបងទិគុណនិងគ្រប់គ្នានៅទីនេះមានមោទនភាពដែលមានខ្ញុំជាកូនក្រុមម្នាក់។
វីរ៉ាញញឹមដោយការជឿជាក់មកលើខ្ញុំ៖ ល្អណាស់មិត្តសម្លាញ់ តទៅគ្នានឹងចាំមើលឯង ហើយក៏ជួយឯងឱ្យសម្រេចដល់គោលដៅនេះដែរ។ ឯងជឿគ្នាអត់?
«ប្រាកដជាជឿលើឯងហើយ ព្រោះឯងជាអ្នកប្រាប់ខ្ញុំ»
ពួកយើងសើចសប្បាយវិញដោយក្ដីសង្ឃឹម។ ថតអស់រយៈពេលមួយថ្ងៃពេញទើប ពួកយើងបញ្ចប់បេសកកម្ម ហើយក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួន។
នៅក្រុមហ៊ុន…
ព្រឹកនេះខ្ញុំពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ និង ស្លៀកខោខាប៊ូយពណ៌ខ្មៅដែរ។ និយាយរួមខ្មៅមួយឈុតតែម្ដង ទាំងសម្បុរទាំងសម្លៀកបំពាក់របស់ខ្ញុំ។ នេះជាឯកសណ្ឋានដែលខ្ញុំស្លៀកទៅធ្វើការដូចធម្មតា ហើយក៏ជាឯកសណ្ឋានរបស់ក្រុមហ៊ុនផងដែរ។
«ចន្ទនា! ថ្ងៃនេះបងនឹងបង្រៀនឯងអំពីកាមេរ៉ានិងរបៀបថតខ្លះៗណា៎។»
«ពិតមែនហីបងទិគុណ? ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានបងបង្រៀនដូច្នេះ» ខ្ញុំសួរទៅបងទិគុណបញ្ជាក់តែដឹងចម្លើយរួចហើយ ទាំងក្នុងចិត្តក៏ភ័យដែរព្រោះខ្លាចគាត់ស្ដីឱ្យច្រើន។
បងទិគុណក៏និយាយបន្ត៖ ហ្នឹងហើយធ្វើជាអ្នកថតរូបត្រូវដឹងពីរបៀបថត ទោះបីជាចន្ទមិនទាន់ចេះថតក៏មិនអី ប៉ុន្តែចន្ទត្រូវដឹងពីវាឱ្យច្បាស់។ ការថតមិនពិបានមែន តែសំខាន់បើយើងមិនស្គាល់ពីអ្វីដែលខ្លួនឯងកំពុងតែធ្វើទេ នោះយើងពិបាកនឹងឈរជើងលើវិស័យនេះណាស់។ មិនចាំបាច់តែវិស័យថតរូបទេ វិស័យផ្សេងៗទៀតក៏ដូចគ្នា វាមានលក្ខណៈពិសេសរៀងៗខ្លួន។
«ដឹងទេចន្ទនាថាបងបានចួបអ្វីខ្លះ ទម្រាំបងចេះពីការថតរូបនេះ?»
«ចួបអីខ្លះទៅបង?» ខ្ញុំសួរគាត់ទាំងឆ្ងល់មែនទែន។
«ចួបទាំងភាពសប្បាយរីករាយ ទាំងការបាក់ទឹកចិត្ត អស់សង្ឈឹម ហើយក៏បានស្គាល់ពីរសជាតិនៃការតស៊ូរហូតបានសម្រេចគោលដៅ។ បងសូមសសើរចន្ទនាដែលដាក់ចិត្តដាក់កាយមកធ្វើជាជាងថតរូប។ មានដឹងអត់ថាជាងថតរូបភាគច្រើនមិនសូវមានមនុស្សស្រីមកធ្វើទេ។»
«មកពីគេចូលចិត្តធ្វើការងារនៅកន្លែងមានម៉ាស៊ីនត្រជាក់ច្រើនជាង។ តែខ្ញុំរស់នៅជាមួយពិភពម៉ាស៊ីនហ្នឹងមិនបានទេ។ មិនមែនខ្លាចភាពត្រជាក់ តែស្អប់ក្លិនរបស់វា» និយាយមកដល់ត្រឹមនេះ បងទិគុណក៏សើចអស់មួយទំហឹងតែម្ដង។
«មនុស្សស្អី ម៉ាស៊ីនត្រជាក់សោះក៏ពុលដែរ?»
«យីបង! ខ្ញុំស្អប់វាខ្លាំងណាស់ ចូលចិត្តខ្យល់ធម្មជាតិជាជាងខ្យល់គីមី។ ចឹងហើយបានខ្ញុំចូលចិត្តធ្វើការខាងក្រៅច្រើនជាងអង្គុយតែមួយកន្លែង។ មិនខ្វល់ទេ ទោះមានគេថាមនុស្សស្រីដើរច្រើនមិនល្អ ក៏ខ្ញុំមិនទាំងឈឺក្បាលផង។ សំខាន់ខ្ញុំធ្វើរឿងត្រឹមត្រូវ ហើយវាក៏ជាក្ដីសុខរបស់ខ្ញុំដែរ។»
«ល្អហើយអ៊ីចឹង!»
ចន្ទនាស្ដាប់បងឱ្យច្បាស់ណា៎៖ ក្នុងការថតរូបយើងអាចប្រើកាមេរ៉ានិងកែវ (Lens) ប្រភេទណាក៏បានអាស្រ័យលើអ្នកដែលថតរូបនោះចូលចិត្ត។ ចំពោះការថតរូប pre-weddingរបស់ក្រុមហ៊ុនយើង គឺប្រើកែវដែលមានផ្ទៃទូលាយ (Wide angle lens) កែវសម្រាប់ថតទីជិត (Telephoto lens) កែវថតទូទៅហើយព្រាលផ្នែកខាងក្រោយ (Prime lens)។ ឱ្យតែយើងចេះប្រើកាមេរ៉ា ជាជំហានដំបូងនៃការឈានចូលវិស័យថតរូប។ បន្ទាប់មកត្រូវស្គាល់ពីគោលដៅរបស់យើង តើយើងចង់ថតអី ចង់បានអី?
«ដូចការដែលយើងថត Pre-wedding នោះគោលដៅរបស់យើងគឺផ្ដោតទៅលើកូនកំលោះក្រមុំមែនអត់បង? »
«ពិតមែនហើយចន្ទនាគោលដៅរបស់យើងគឺថតរូបគូស្នេហ៍គ្រប់រូប។ តែវាមិនមែនត្រឹមតែអំពីការថតរូបរបស់ពួកគេនោះទេ គឺត្រូវដឹងថាតើអារម្មណ៍បែបណាដែលយើងចង់ឱ្យអ្នកទស្សនារូបដែលយើងថតរួចទទួលបាន។ បើយើងចង់បង្ហាញពីក្ដីស្រលាញ់ តើយើងបង្ហាញក្ដីស្រលាញ់នៅក្នុងរូបថតនោះយ៉ាងម៉េច?»
«ដោយការដាក់មនោសញ្ចេតនាមែនទេ?»
«អរ!នេះចន្ទនាក៏ពូកែដែរតើ ចាប់បានអ្វីដែលបងនិយាយលឿនមែនទែន។»
ខ្ញុំញញឹមព្រោះមិនទាន់ដឹងត្រូវតបបែបណានោះទេ។
«ដូចចន្ទនានិយាយអ៊ីចឹង គឺត្រូវដាក់អ្វីដែលខ្លួនឯងចង់ឱ្យគេដឹងទៅក្នុងនោះ។ រូបភាពដែលល្អជារូបដែលគេមើលហើយយល់ពីអ្វីដែលយើងចង់បង្ហាញ។»
«ខ្ញុំយល់ពីចំណុចនេះហើយបង ចុះរូបបែបណាទើបហៅថាស្អាត?»
បងទិគុណសើចហើយបន្លឺទៀត៖ ស្អាតឬអត់អាស្រ័យលើអ្នកមើលទេតើ។ បើយើងមើលទៅស្អាត វាប្រាកដជាស្អាតហើយ។ បើអ្នកដទៃមើលទៅមិនស្អាតគឺវាមិនស្អាតសម្រាប់គេ សំខាន់យើងដឹងពីអ្វីដែលយើងចង់បាន។ មួយទៀតណា៎ ទាក់ទងនឹងពន្លឺនិងប្លង់នៃការថតក៏រឹតតែសំខាន់។ ពេលយើងស្គាល់ពីវាច្បាស់ហើយ ទើបយើងងាយស្រួលក្នុងការថតយករូបដែលយើងចង់បាន។
«ច្បាស់ដូចថ្ងៃចឹងបង អរគុណច្រើនណាស់សម្រាប់ការពន្យល់យ៉ាងក្បោះក្បាយ។ ខ្ញុំគិតថាមេរៀនគឺស្រួលចាប់យកទេ តែដែលពិបាកនោះគឺនៅពេលអនុវត្តផ្ទាល់។»
«ត្រឹមត្រូវហើយ វាត្រូវការពេលវេលា។ ដូច្នេះចន្ទត្រូវយកវាទៅអនុវត្តសិនបានដឹងថាលទ្ធផលយ៉ាងម៉េច។»
ចាស៎បង!
ចៃដន្យ…
ពាក្យចាស់លោកពោលថា “បើមិនទាន់ដល់ត្រើយកុំអាលបោះបង់”។ ទោះជាថ្ងៃនេះខ្ញុំមិនទាន់អាចថតរូបបានល្អ តែថ្ងៃក្រោយខ្ញុំអាចក្លាយជាអ្នកអាជីពមួយរូបក៏ថាបាន។ ថ្ងៃនេះជាថ្ងៃសម្រាក ខ្ញុំក៏មករៀនថតម្នាក់ឯងជាមួយនឹងទូរស័ព្ទដៃម៉ាក iPhone របស់ខ្ញុំ។ វាមិនសូវថ្មីប៉ុន្មានទេ ព្រោះខ្ញុំប្រើវាតាំងពីថ្នាក់ទី១០ មកម្ល៉េះ។ ទេសភាពតាមដងផ្លូវទៅប្រាសាទអង្គរវត្តពិតជាធ្វើឱ្យខ្ញុំចង់ឈ្លក់វង្វេងម្ដងៗ។ ថ្វីត្បិតតែខ្ញុំបានរស់នៅទីនេះយូរគ្រាន់ក៏ពិតមែន ប៉ុន្តែខ្ញុំកម្របានដើរលេងណាស់ ព្រោះរវល់តែខំរៀន ខ្លាចប្រឡងមិនជាប់នាំខ្មាសអ្នកស្រុកអ្នកភូមិរបស់ខ្ញុំ។ ដោយសារខ្ញុំចូលចិត្តធម្មជាតិ ជាពិសេសព្រៃឈើ និង ប្រាង្គប្រាសាទអីបែបនេះ។ ជិះកង់បណ្ដើរ ស្ដាប់សំឡេងខ្យល់បណ្ដើរ ហើយក៏ឆ្លៀតថតរូបបណ្ដើរដែរ។ ពេលព្រឹកបែបនេះសម្បូរមនុស្សម្នាជិះកង់ហាត់ប្រាណច្រើនមែនទែន។ សុទ្ធតែកង់ចាយអ៊ិន ឯខ្ញុំជិះកង់បារាំងធម្មតា ជាកង់ដែលខ្ញុំតែងជិះពេលទៅរៀនហើយក៏ជិះទៅធ្វើការរាល់ថ្ងៃហ្នឹង។ ប្រហែលជាចម្លែកមែនទេ ដែលខ្ញុំនៅតែជិះកង់ទៅធ្វើការ? មនុស្សម្នាតាមដងផ្លូវនាំគ្នាសម្លឹងមើលសកម្មភាពរបស់ខ្ញុំ។ ប្រហែលជាពួកគេឆ្ងល់ដែលខ្ញុំជិះថតជិះថតមិនឈប់? ឬក៏ពួកគេយល់ច្រឡំថាខ្ញុំលួចថតរូបពួកគេ? ខ្ញុំមិនសូវខ្វល់ច្រើនពីភ្នែករបស់អ្នកដទៃប៉ុន្មានទេ។ អ្វីដែលសំខាន់ពេលនេះគឺខ្ញុំត្រូវរៀនថតឱ្យចេះ ឱ្យដឹងថារូបយ៉ាងម៉េចទើបហៅថាល្អ។
«ចាំមើលណា៎ពេលថតបានច្រើនហើយ ខ្ញុំនឹងយករូបទាំងនេះទៅឱ្យបងទិគុណនិងវីរ៉ាដាក់ពិន្ទុឱ្យម្ដង» ខ្ញុំគិតក្នុងចិត្តរួមទាំងមើលរូបថតដែលថតបាន។ ស្រាប់តែឃើញរូបមនុស្សម្នាក់ជាប់នៅក្នុងកញ្ចក់ទូរស័ព្ទរបស់ខ្ញុំ។ ខ្ញុំពង្រីករូបមើលចុះមើលឡើងម្ដងហើយម្ដងទៀតមិនអស់ចិត្តទាល់តែសោះ។ កន្លែងដែលខ្ញុំថតគ្មានមនុស្សផង ហេតុអីក៏ជាប់រូបមនុស្សនៅក្នុងនេះ?
អូយគុណព្រះជួយ…(ខ្ញុំស្រែកខ្លាំងៗព្រោះមានដៃមួយមកប៉ះស្មាខ្ញុំពីក្រោយ)។
«ម៉េចក៏លួចថតរូបគេផ្ដេសផ្ដាសអ៊ីចឹង?» សំឡេងគ្រលរលាយភាពស្រួយតិចៗបានបន្លឺឡើងយ៉ាងស្រាលនៅពីក្រោយខ្នងរបស់ខ្ញុំ។
«ខ្ញុំថតតែទេសភាពតើ មិនបានថតរូបអ្នកណាទេ?» ខ្ញុំឆ្លើយទាំងបិទភ្នែកលែងហ៊ានងាកក្រោយ។ អារម្មណ៍ពេលនេះវិញឡើងលើចុងឈើអស់ហើយ។ ហ៊ីៗៗ…
ស្រាប់តែដៃនោះបានមកកញ្ឆក់យកទូស័ព្ទពីដៃរបស់ខ្ញុំ៖ ថាមិនបានលួចថត ចុះនេះរូបអ្នកណា?
នៅពេលដែលទូរស័ព្ទបានរបូតចេញពីដៃ ទើបខ្ញុំភ្ញាក់ខ្លួនតិចៗថាគេជាមនុស្ស មិនមែនអ្វីផ្សេងទេ។ រួចហើយខ្ញុំក៏ងាកមកមើលមុខម្នាក់នោះ។ ពិតមែនហើយ គេជាម្ចាស់រូបដែលខ្ញុំបានថតពីត្រង់ណាក៏មិនដឹង សុខៗក៏ឃើញនៅក្នុងទូរស័ព្ទរបស់ខ្ញុំ។ រូបរាងសង្ហាគួរសម រាងខ្ពស់ស្គម ស្បែកស មើលទៅចាស់ជាងខ្ញុំប្រហែល២ទៅ៣ឆ្នាំ។ នេះខ្ញុំមើលគេឡើងភ្លឹកទៅហើយ។
«ខ្ញុំមិនដឹងពិតមែនថាខ្ញុំថតរូបនេះពីកន្លែងណា?» ឱ្យទូរស័ព្ទមកខ្ញុំវិញ!
«មាត់មិនចេះនិយាយសុំទោសឬយ៉ាងម៉េច? បើចង់បានទូរស័ព្ទវិញ ត្រូវសុំទោសខ្ញុំសិន» គេនិយាយមុខមាំដាក់ខ្ញុំ។
ហ៊ើយ! ពិបាកមែនទែនដែលមកឱ្យខ្ញុំសុំទោសទាំងមិនបានខុសអីទាល់តែសោះ។ ខ្ញុំមិនបានខុសទេគឺបងប្រុសជាអ្នកខុសព្រោះបងមកឈរនៅកន្លែងដែលខ្ញុំកំពុងថត។ អ្នកដែលត្រូវសុំទោសគឺបងទៅវិញទេ។ មិនត្រឹមតែធ្វើឱ្យខ្ញុំខាតពេលទេ ថែមទាំងធ្វើឱ្យខាតរូបថតរបស់ខ្ញុំទៀតផង។ រឿងនេះចង់ម៉េចវិញ?
«នែប្អូន! នេះនៅក្មេងសោះមិនគួរប្រកែកអីច្រើនបែបនេះទេ។ នេះបើខ្ញុំប្ដឹងពីបទលួចថតរូបដោយគ្មានការអនុញ្ញាតវិញ ប្អូនអាចទៅនៅគេងញ៉ាំបាយសបានណា៎។ ហើយបើប្អូនចង់ប្ដឹងបងពីបទរំខានការថតរូបវិញ ដូចជាគ្មានច្បាប់ណាចងក្រងបែបហ្នឹងសោះ។»
ស្ដាប់គេនិយាយរួចហើយមានអារម្មណ៍ថាក៏ត្រូវម្យ៉ាងដែរ បើខ្ញុំនៅរឹងទទឹងទៀតច្បាស់ជាមិនបានទៅផ្ទះទេ។ ណាមួយក៏ដល់ម៉ោងឃ្លានបាយហើយដែរ ខ្ញុំក៏សម្រេចចិត្តចាញ់គេតែម្ដងទៅ។
«ណ្ហើយចុះ មិនមែនខ្ញុំខ្លាចបានញ៉ាំបាយសនោះទេ តែខ្ញុំខ្លាចខាតពេលវេលាបើរវល់តែចាំពាក្យសុំទោស។ ឱ្យខ្ញុំសុំទោសផងចុះចំពោះរូបថត ចាំខ្ញុំលុបមិនឱ្យមានសល់ស្លាកស្នាមសូម្បីតែប៉ុនក្រចកនៅក្នុងទូរស័ព្ទ។»
«ទុកដេកមើលពេលនឹកក៏បាន…ខ្ញុំមិនកំណាញ់ទេ» គេនិយាយព្រមទាំងហុចទូរស័ព្ទមកឱ្យខ្ញុំវិញទាំងញញឹមបែបប្រុសព្រាន។
«គួរឱ្យស្អប់មែនទែន» ខ្ញុំគិតក្នុងចិត្តរួចហើយក៏ទាញកង់របស់ខ្ញុំជិះមកផ្ទះវិញយ៉ាងលឿនដោយមិនងាកក្រោយ។ មិនដឹងថាគេនៅឈរទីនោះទៀតឬអត់ទេ សំខាន់ខ្ញុំពិតជាស្អប់មុខគេមែនទែន។
បុគ្គលិកថ្មី…
«ឯងថតបានខ្មោចមែនចន្ទនា? សុំមើលរូបបន្តិចមកថាខ្មោចរូបរាងយ៉ាងម៉េច?» វីរ៉ាសួរខ្ញុំបន្ទាប់ពីខ្ញុំបានប្រាប់រឿងរ៉ាវកាលពីអាទិត្យមុនទៅគេ។
«ខ្មោចឆៅទេដឹង» ខ្ញុំប្រាប់វីរ៉ាមុខស្មើ រហូតគេគិតថាខ្ញុំនិយាយពិតមែន។ គេបើកភ្នែកធំៗសម្លឹងខ្ញុំ។ ដោយខ្លាចគេយល់ច្រឡំកាន់តែខ្លាំង ខ្ញុំក៏បកស្រាយមកវិញ៖ គ្នានិយាយលេងតើ គេជាមនុស្សមិនមែនខ្មោចទេ។
«ចុះម៉េចមិនប្រាប់ពីដំបូងមក! ខំតែត្រៀមចិត្តថាបានមើលរូបរាងរបស់ខ្មោចហើយតើ» និយាយផងសើចផងរដឹក។ នៅជាមួយវីរ៉ាមិនខ្វះរឿងសើចនោះទេ សំខាន់ឱ្យតែមានពេលស្ដាប់។
«នុះ! បងទិគុណមកហើយ! ខ្ញុំមានរូបថតមួយចំនួនឱ្យបងជួយមើលណា៎ វីរ៉ាដូចគ្នាជួយដាក់ពិន្ទុផងល្មមបានប៉ុន្មានភាគរយ?» ខ្ញុំនិយាយទាំងសប្បាយចិត្ត។
«មានអីល្អតើ ចេះរៀនថតដោយខ្លួនឯងបែបនេះប្រាកដជាឆាប់ចេះមិនខាន។»
«សូមឱ្យដូចពាក្យបងទិគុណនិយាយចុះ!»
បន្ទាប់ពីមើលរូបទាំងអស់រួចហើយវីរ៉ាក៏និយាយ៖ ដោយសាររូបទាំងនេះជាធម្មជាតិ គ្មានរូបភាពមនុស្ស ខ្ញុំគិតថា បើដាក់ជារូបផ្នែកខាងក្រោយ មានអារម្មណ៍ថាជារូបភាពបង្ហាញពីភាពស្រស់ថ្លានៃធម្មជាតិ។ បើមានមនុស្សឈរនៅទីនោះផង ប្រាកដជាទទួលអារម្មណ៍មួយទៀត។ គិតចឹងអត់បងទិគុណ?
«គឺអីចេះណា៎ ចន្ទនាចេះមើលប្លង់តិចៗហើយ។ ដូចវីរ៉ាផ្ដល់យោបល់មិញក៏ត្រឹមត្រូវដែរ រូបភាពទាំងនេះយកមកធ្វើជាផ្ទៃខាងក្រោយ គឺត្រូវជាមួយភាពស្រគត់ស្រគំ ភាពស្ងប់ស្ងាត់ តែបង្កប់ដោយអារម្មណ៍ជ្រាលជ្រៅ។ ពូកែដល់ហើយចន្ទនា!» គាត់និយាយទាំងញញឹមយ៉ាងមានទំនុកចិត្តមកលើខ្ញុំ។
“អរគុណខ្លាំងណាស់អ្នកទាំងអស់គ្នាសម្រាប់ការទុកចិត្តមកលើរូបខ្ញុំ។”
«ចម្លែកម្ល៉េះ! បងទិគុណនិងវីរ៉ា មិនស្លៀកឯកសណ្ឋានធ្វើការ?»
«ថ្ងៃនេះមានពិធីជប់លៀងតូចមួយ មិនទាន់ដឹងទេឬយ៉ាងម៉េច?» បងទិគុណសួរខ្ញុំ។
មិនទាន់ឆ្លើយផង វីរ៉ាក៏ឆ្លើយជំនួសខ្ញុំ៖ អូ៎! ភ្លេចប្រាប់ចន្ទនាឱ្យឈឹងថាយើងមានកម្មវិធីបន្តិចទៀតនេះ។
«ពិធីជប់លៀងឱ្យអ្នកណា? ខួបកំណើតអ្នកណាមែន?»
«តិចទៀតនឹងមានអ្នកចាត់ការថ្មីហើយ» បងទិគុណឆ្លើយ។
«ចន្ទនាខ្វល់រឿងសម្លៀកបំពាក់មែន? មិនបាច់បារម្ភទេ ពួកយើងទាំងអស់គ្នាប្រៀបដូចគ្រួសារតែមួយ ស្លៀកពាក់បែបនេះក៏ល្អហើយ» វីរ៉ាប្រាប់បន្ថែមហាក់ដឹងថាខ្ញុំកំពុងគិតអី។
«ខ្ញុំមានទៅគិតរឿងហ្នឹងឯណាវីរ៉ា! ចុះពេលណាកម្មវិធីចាប់ផ្ដើម?»
«គឺឥឡូវហ្នឹង តោះពួកយើងទៅចួបជុំគ្នា» វីរ៉ាបបួលព្រមទាំងអូសដៃខ្ញុំទៅជាមួយ។
កម្មវិធីបានចាប់ផ្ដើម បុគ្គលិកទាំងអស់និងគ្រួសាររបស់វីរ៉ាក៏មកជុំគ្នា រួមទាំងមនុស្សចម្លែកនោះដែរ។ កន្លែងជប់លៀងនៅផ្ទះរបស់គ្រួសារវីរ៉ាក្បែរក្រុមហ៊ុនតែម្ដង។ ផ្ទះគេឡើងដូចវីឡាលម្ហែអ៊ីចឹង។ មានអាងហែលទឹក សួនច្បារបន្លែនិងផ្កា កំពុងរីកយ៉ាងស្គុសស្គាយ។ មិនចាំបាច់រកសណ្ឋាគារឯណាសម្រាប់ជប់លៀងទេ ផ្ទះនេះគ្រប់គ្រាន់ណាស់ទៅហើយ។ ដល់ពេលវេលា ប៉ារបស់វីរ៉ាក៏ចាប់ផ្ដើមនិយាយមុនគេ។
ប៉ាវីរ៉ា៖ អរគុណច្រើនមែនទែនអ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងពិធីជប់លៀងថ្ងៃនេះ។ ការពិតកម្មវិធីថ្ងៃនេះមានគោលបំណងពីរ។ ដូចអ្នកទាំងអស់គ្នាមួយចំនួនក៏បានដឹងខ្លះហើយថាខ្ញុំរួមជាមួយភរិយាមានកូនប្រុសពីរនាក់។ កូនប្រុសពៅគឺវីរ៉ាដែលនៅជាមួយពួកខ្ញុំរាល់ថ្ងៃនេះ។ ចំណែកឯកូនប្រុសច្បងវិញទើបតែរៀនចប់អនុបណ្ឌិតផ្នែកថតរូប ហើយក៏ទើបត្រឡប់មកពីប្រទេសថៃកាលពីសប្ដាហ៍មុន។ ពេលនេះគេនឹងមកជួយជំនួសការងារគ្រប់យ៉ាងរបស់ខ្ញុំ។ ខ្ញុំចាស់ហើយ វាដល់ពេលដែលកូនប្រុសត្រូវមកជួយប៉ាម៉ាក់ខ្លះ។
«គ្រប់គ្នាទះដៃអបអរសាទរ ប៉ុន្តែចំពោះខ្ញុំវិញគាំងអស់ហើយ!» គ្រាន់តែក្រឡេកឃើញម្នាក់នោះភ្លាម ខ្ញុំមិនដឹងគួរធ្វើបែបណា ក្នុងចិត្តស្រឡាំងកាំងអស់ហើយ។
«ម៉េចក៏អាយុវែងអីយ៉ាងនេះ? ចៃដន្យម្ល៉េះហ្ន៎?»
បុរសម្នាក់ដែលធ្លាប់មានរូបរាងនៅក្នុងទូរស័ព្ទរបស់ខ្ញុំកាលពីថ្ងៃមុន ធ្លាប់ទាមទារការសុំទោសពីខ្ញុំព្រោះតែរូបថតមួយសន្លឹក ហើយក៏ជាមនុស្សម្នាក់ដែលខ្ញុំទើបតែនិយាយដើមប្រាប់វីរ៉ាមុននេះបន្តិច។ ហេតុអីពេលនេះ គេអាចមានរូបរាងនៅចំពោះមុខខ្ញុំទៅកើត?
«សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំឈ្មោះវីរៈ ជាកូនប្រុសរបស់លោកប៉ាអ្នកម៉ាក់ ហើយក៏ជាបងប្រុសរបស់រីរ៉ាដែរ។ អរគុណដល់អ្នកមានគុណទាំងពីរដែលបានបង្កើត រួមទាំងផ្ដល់ឱកាសឱ្យកូនម្នាក់នេះបានសម្រេចនូវក្ដីស្រមៃ។ គឺរៀនជំនាញថតរូប ហើយក៏ចូលមកជួយការងាររបស់លោកអ្នកមានគុណផងដែរ។ សង្ឃឹមថាពួកយើងនឹងមានឱកាសរៀនសូត្រពីគ្នាបានច្រើន នៅពេលដែលចូលធ្វើការ។ សូមអរគុណបាទ!»
គ្រប់គ្នាទះដៃអបអរសាទរម្ដងទៀត ហើយប៉ារបស់វីរ៉ាក៏និយាយបន្ត៖ ល្អណាស់កូនប្រុស។ ឥឡូវដល់វេនអ្នកទាំងអស់គ្នាណែនាំខ្លួនម្ដងហើយ។ តោះចាប់ផ្ដើមពីចន្ទនាមុនគេ។
«មិនបានទេ គេប្រាកដជាចំណាំខ្ញុំបានដូចគ្នាហើយមើលទៅ» ខ្ញុំកំពុងតែគិតក្នុងចិត្ត។
«ចន្ទនាមិនស្រួលខ្លួនមែនទេ?» វីរ៉ាសួរខ្ញុំព្រមទាំងយកដៃស្ទាបថ្ងាសរបស់ខ្ញុំព្រោះវាកំពុងតែបែកញើសប្រៀបដូចជាបានឃើញខ្មោចអ៊ីចឹង។
«អត់ទេវីរ៉ា!» ខ្ញុំនិយាយដោយភ្នែកសម្លឹងមើលទៅបុរសម្នាក់នោះ ហើយខ្ញុំក៏មើលឃើញថាគេកំពុងតែមើលមកខ្ញុំទាំងទឹកមុខងឿងឆ្ងល់ដូចគ្នាដែរ តែគេនៅរក្សាស្នាមញញឹមជានិច្ចដូចកាលចួបលើកដំបូង។ ដោយខ្លាចគ្រប់គ្នាគិតថាខ្ញុំមិនប្រក្រតី ខ្ញុំមិនបាននិយាយអ្វីច្រើនទេ គ្រាន់តែណែនាំខ្លួនបន្តិចប៉ុណ្ណោះ។
បទចម្រៀងកំពុងតែបន្លឺឡើងយ៉ាងរណ្ដំជាមួយនឹងសំឡេងសើចសប្បាយរីករាយរបស់ក្រុមការងារទាំងអស់។ ក្នុងនោះក៏មានសំឡេងមួយទៀតមកលាយឡំគ្នាផងដែរ។
«ពិតជាមាននិស្ស័យមែនទែនដែលបានចួបគ្នាម្ដងទៀត!»
ខ្ញុំក៏ងាកមើលទៅតាមសំឡេងនោះ។ មិនដឹងគួរនិយាយអ្វីមុនព្រោះរកនឹកមិនទាន់ឃើញ ខ្ញុំបានត្រឹមតែញញឹមទាំងមិនសមទៅកាន់ម្ចាស់សំឡេង។
«មិនដឹងថាជាកម្មអ្វីរបស់ខ្ញុំទេ…ដែលត្រូវមកធ្វើការជាមួយមនុស្សដែលមិនគិតថាចង់ឃើញសូម្បីតែស្រមោល» ខ្ញុំរអ៊ូតិចៗតែគេល្មមអាចស្ដាប់បាន។
«និយាយផ្ទុយពីចិត្តដឹង? មានបានទុករូបរបស់បងក្នុងទូរស័ព្ទឬអត់?»
«រឿងអីត្រូវទុករូបនោះទៅ? ខ្ញុំលុបចោលអស់ហើយ!»
«ថ្ងៃមុននោះទើបរៀនថតរូបមែន?» គេនិយាយស្មើៗ។
«ម៉េចក៏ដឹង?»
«មើលតែកាយវិការនិងរូបភាពដែលថតបានក៏ដឹងដែរ មិនបាច់ប្រាប់ទេ។»
«មើលកាយវិការ?» នេះបងលួចមើលពេលដែលខ្ញុំកំពុងថត?
«មិនបានលួចទេ តែឃើញដោយចៃដន្យ!» អ្នកថតអីបើគ្រាន់តែកាន់កាមេរ៉ាទូរស័ព្ទក៏មិនចេះដែរ?
ពេលដែលខ្ញុំហាមាត់ប្រុងតែឆ្លើយបកទៅវិញ គាត់ក៏និយាយបន្ថែមទៀត៖ មិនបាច់សួរថាហេតុអីបានដឹងទេ បើយើងមិនរៀនគឺប្រាកដជាគ្មានថ្ងៃដឹង។
«ចុះបើខ្ញុំរៀនហើយនៅតែមិនចេះទៀត?»
«របស់អីក៏ដោយវាត្រូវការពេលវេលាដើម្បីសម្របខ្លួន» គាត់និយាយមកដល់ត្រឹមនេះ វីរ៉ាក៏មកដល់។
«នាំគ្នាជជែកពីរឿងអីហ្នឹង? មើលទៅអ្នកទាំងពីរដូចជាស្និទ្ធស្នាលដល់ហើយ» វីរ៉ានិយាយទាំងធ្វើភ្នែកក្រឡាប់ចុះឡើងមើលមកយើងទាំងពីរនាក់។
«គ្មានអីទេវីរ៉ា!» នេះមែន? ជាមិត្តភក្ដិស្លាប់រស់របស់ឯងដែលតែងប្រាប់បងនោះ?
«នេះវីរ៉ាប្រាប់រឿងអីខ្លះទៅបងប្រុស?»
«មែនហើយបងវីរៈនេះជាមិត្តរបស់ខ្ញុំ… (និយាយទាំងញញឹមចម្លែក) ហើយក៏ជាមិត្ត១០០ឆ្នាំនោះអី មែនអត់ចន្ទនា?»
មានអារម្មណ៍ថាមិនយល់ពីអ្វីដែលវីរ៉ានិយាយសោះ ខ្ញុំបានត្រឹមញញឹមបង្ហាញការយល់ស្របតែមិនបានឆ្លើយទេ។
«តទៅនេះ ពឹងបងប្រុសជួយណែនាំចន្ទនាផង ព្រោះនេះជាការងារដែលគេទើបសាកល្បងប្រឡូក។»
«មិនអីនោះទេវីរ៉ា ពេលធ្វើការយូរៗទៅ ចន្ទនាគង់តែចេះដោយខ្លួនឯង! ត្រូវអត់» បងវីរៈឆ្លើយដោយងាកមើលមុខខ្ញុំ។
«មិនខុសទេ ខ្ញុំនឹងធ្វើឱ្យបាន!» ខ្ញុំនិយាយដោយភាពជឿជាក់។
ថ្ងៃថ្មី…
បន្ទាប់ពីថ្ងៃចាស់កន្លងផុត ថ្ងៃថ្មីក៏ចូលមកជំនួស។ ខ្ញុំធ្លាប់ឮពាក្យអប់រំលើបណ្ដាញសង្គមច្រើនសរសេរថា “ថ្ងៃថ្មីជីវិតក៏កាន់តែថ្មី”។ ខ្ញុំយល់ស្របនឹងអត្ថន័យចំ តែមិនចំពោះន័យធៀបនោះទេ។ ថ្ងៃថ្មី ជីវិតខ្ញុំក៏ថ្មីមែន ប៉ុន្តែវាថ្មីរហូតដល់ខ្ញុំសឹងតែទទួលយកវាមិនបាន។ ចាំបានទេ? ខ្ញុំធ្លាប់និយាយថាមេរៀននៅសាលាខុសពីនៅកន្លែងធ្វើការ។ នៅសាលារៀន ទោះប្រឡងធ្លាក់ អាចប្រឡងសងវិញបាន។ គ្រូមិនចេះតែងាយដកសិស្សចេញពីសាលាទេ។ ផ្ទុយពីសាលា នៅកន្លែងការងារជាក់ស្ដែង បើយើងមិនចេះ គេមានតែដកយើងចេញ គ្មានប្រឡងសងអីទេ។ បើមិនចង់ធ្វើ ក៏អាចលាឈប់ដោយខ្លួនឯងបាន។ របស់ខ្លះបានមកងាយ តែក៏ពិបាកថែរក្សា ព្រោះវាឆាប់កើតឡើងពេក។ ដូចខ្ញុំពេលនេះអ៊ីចឹង កំពុងតែមានអារម្មណ៍ថាហត់នឿយនឹងជីវិត។ ដឹងថាមូលហេតុអីអត់?
ចាប់តាំងពីប្រធានថ្មីមកដឹកនាំការងារ ខ្ញុំនេះត្រូវមាត់មិនលោះថ្ងៃទេ។ គេស្ដីឱ្យថាធ្វើការមិនបានល្អ ទោះបីពេលខ្លះ ខ្ញុំខ្លួនឯងខំសង្ឃឹមយ៉ាងមុតមាំថាវា the best for me ហើយក៏ដោយ។
«រូបថតនេះមានបានដាក់អារម្មណ៍ចូលខ្លះទេ ចន្ទនា?» ជាសំណួររបស់បងវីរៈនៅពេលដែលគាត់កំពុងឆែកមើលរូបថតនៅអេក្រង់កុំព្យូទ័រ។ រូបភាពស្អាត តែសួរថាស្អាតយកទៅធ្វើអី? ឃើញរូបនេះអត់? គាត់កំពុងបង្ហាញរូបភាពផ្សេងទៀតមួយសន្លឹកឱ្យខ្ញុំមើល។
«មើលឃើញចាស!»
«គិតយ៉ាងម៉េចចំពោះរូបនេះ?»
វាជារូបដែលកូនកំលោះម្នាក់កំពុងចាប់ទាញដៃកូនក្រមុំម្នាក់ពីការជំពប់ជើងដួល។ មិនងាយថតបានរូបភាពបែបធម្មជាតិបែបនេះទេ។
ខ្ញុំមិនទាន់ឆ្លើយផងគាត់ក៏បន្តទៀត៖ រូបនេះថតដោយគ្មានការត្រៀមខ្លួនអីទេ។ វាកើតចេញពីអារម្មណ៍រំភើបម្យ៉ាង នៅពេលដែលបានឃើញសកម្មភាពអ៊ីចឹង។ បងយល់ថាចន្ទនានៅក្មេង មិនសូវមានមនោសញ្ចេតនានៅក្នុងរូបថត។ ប៉ុន្តែ បងសុំឱ្យចន្ទនាប្រឹងជាងនេះបន្តទៀតណា៎ ហើយត្រូវចេះអត់ធ្មត់។ អ្នកដែលឈរជើងបានយូរ គេមិនមែននៅតែមួយកន្លែងនោះទេ។ គេប្រឹងណាស់ ខំណាស់ ទើបអាចជោគជ័យបាន។ បងមានតែពាក្យប៉ុណ្ណឹងសម្រាប់ដាស់តឿន ព្រោះក្រៅពីយើងខ្លួនឯងព្យាយាមជួយខ្លួនឯងគឺគ្មានដំណោះស្រាយផ្សេងឡើយ។
ខ្ញុំបានយកពាក្យទាំងនោះមកគិត ទាំងឈ្លោះជាមួយខ្លួនឯង។ តើការថតរូបសក្តិសមនឹងឯងឬអត់ចន្ទនា? ពេលចង់បានអ្វីមួយចាំបាច់ត្រូវមានភាពសក្តិសមដែរមែន?
«វីរ៉ា គ្នាលែងចង់ថតរូបទៀតហើយ!»
«កុំនិយាយលេងសើចណាចន្ទនា! ការងារនេះគឺសក្តិសមនឹងឯងបំផុតហើយ។»
«ខ្ញុំថាវាមានអ្វីម្យ៉ាងមិនត្រូវណា៎វីរ៉ា» ខ្ញុំខលវីដេអូជាមួយគេ ហើយនិយាយអារម្មណ៍ពិតចេញមក។
«ឯងមានបញ្ហាអីប្រាប់គ្នាមក គ្នានឹងជួយឯងជានិច្ចដូចប្រាប់ហើយយើងជាមិត្ត១០០ឆ្នាំណា។» ឬក៏ឯងមានបញ្ហាជាមួយបងវីរៈ?
«មិនមែនទេវីរ៉ា! បងវីរៈមិនទាក់ទងអីជាមួយចិត្តរបស់ខ្ញុំទេ។»
«ចុះរឿងអីវិញទៅ? កុំប្រាប់ថាចន្ទនានឹងមានគ្រួសារហើយចង់ឈប់? ឬក៏ចន្ទលួចគិតអីមិនល្អជាមួយបងប្រុសវីរៈ ហើយក៏ចង់ចាកចេញដោយមិនចង់ឱ្យគាត់ដឹង?
មិនមែនទាំងអស់ហ្នឹងវីរ៉ា ឯងស្ដាប់គ្នាសិនណា៎៖ បញ្ហាគឺខ្ញុំធ្វើការទាំងមិនសប្បាយចិត្ត។ គ្នាគិតថាខ្លួនឯងមិនសក្តិសមជាមួយការថតរូបទេ។
«សួរខ្លួនឯងនៅចន្ទនាថាឯងមិនសប្បាយចិត្តព្រោះតែសមិទ្ធផលរបស់ឯងឬក៏ដោយសារការបដិសេធរបស់អ្នកដទៃ?»
ខ្ញុំសញ្ជឹងគិតបន្តិចព្រោះសម្ដីវីរ៉ាហាក់ជួយដាស់សតិរបស់ខ្ញុំ។
«គិតសិនទៅចន្ទនា កុំប្រញ៉ាប់សម្រេចចិត្តពេលដែលយើងកំពុងវិលវល់អ៊ីចឹង។ ចាំពេលអារម្មណ៍ប្រសើរឡើងចាំសម្រេចម្ដងទៀតក៏មិនហួសពេលដែរ។ សំណាងល្អណា៎ លាសិនហើយគ្នាមានម៉ោងរៀន។»
«អរគុណណា៎វីរ៉ា! Bye bye»
បេះដូងប្រាប់ថា បើទ្រាំមិនបានទេក៏សម្រាកសិនទៅ។ តែខួរក្បាលប្រាប់ថាត្រូវតែប្រឹងប្រែងបន្តទៀតទើបបាន ទោះជាអ្នកមិនចួបបញ្ហាមួយនេះក៏អ្នកគង់តែចួបបញ្ហាផ្សេងៗជាច្រើនទៀតកំពុងរង់ចាំ។ ដូចពាក្យដែលគេតែងនិយាយថា «ជីវិតជាបញ្ហា»។ ដូច្នេះបើឯងមិនប្រឈមមុខនៅថ្ងៃនេះទេ ថ្ងៃក្រោយឯងក៏ត្រូវតែប្រឈមមុខនឹងរឿងផ្សេងដដែល។
នេះជាគំនិតរបស់ខួរក្បាលនិងបេះដូងរបស់ខ្ញុំ។ តើត្រូវធ្វើតាមមួយណាល្អទៅ?
សម្រាកតាមបេះដូងបន្តិចក៏ល្អដែរ រួចហើយយើងអាចមានកម្លាំងដើម្បីទប់ទល់ជាមួយឧបសគ្គថ្មីទៀត។ កំពុងតែគិតស្រាប់តែទូរសព្ទរោទ៍។ ម៉ែតេមកទេតើ។ នេះខ្ញុំរវល់ខ្លាំងពេកដល់ថ្នាក់ភ្លេចទូរសព្ទទៅលេងអ្នកផ្ទះ? បានតែពួកគាត់តេមកហ្នឹងឯង ទើបបានដឹងសុខទុក្ខពីពួកគាត់។
«អាឡូម៉ែ!»
«អើកូនរវល់អត់ ម៉ែតេទៅលេង គ្មានការងារអីទេ» គាត់តែងសួរបែបនេះរហូត ព្រោះគិតថាខ្ញុំរវល់ទើបមិនដែលតេទៅលេងគាត់។
«កូនអត់រវល់ទេម៉ែ ទើបហូបបាយរួចមិញ។»
«ចុះម៉ែពុកនិងប្អូនសុខសប្បាយជាទេ ពិសាបាយហើយឬនៅ?»
«អើ មានអីសុខធម្មតាទេ រឿងបាយទឹករួចអស់ហើយ។ គិតតែពីកូនឯងទៅខំហូបបាយឱ្យបានច្រើនផងកូន ប្រយ័ត្នស្គមណា!»
«ដឹងហើយម៉ែ មិនបាច់ភ័យពីកូនទេ!»
«ល្អហើយកូន នែ! ដឹងអត់ថ្ងៃមុនពុកម៉ែដួលម៉ូតូ…»
«ចាស?» ឮភ្លាមចង់ស្រក់ទឹកភ្នែក តែខ្ញុំខំទប់ចិត្ត និងតបទៅគាត់វិញ
«ចុះម៉ែនិងពុកម៉េចហើយកើតអីធ្ងន់អត់?»
«អត់កើតអីច្រើនទេ គ្រាន់តែរអិលដួលបន្តិច ហើយក៏របួសតិចតួចប៉ុណ្ណោះ។ មិនបាច់បារម្មណ៍ទេ ខំតែធ្វើការទៅ។ ហើយបើមានពេលក៏មកលេងផ្ទះផង!»
«ចាសដឹងហើយ តែបើមានសុខភាពមិនស្រួលកុំភ្លេចប្រាប់អាអូនឱ្យទិញថ្នាំលេបណាម៉ែ កុំខំទៅខ្លួនឯងទាំងឈឺ!»
«អើ ដឹងហើយ! ប៉ុណ្ណឹងបានហើយកូន ឆាប់ចូលដេកទៅ ម៉ែបិទហើយណា!» និយាយភ្លាមក៏បិទភ្លាមរកខ្ញុំលាឱ្យស្រួលបួលក៏មិនបាន។ ពេលនេះទើបដឹងកាន់តែច្បាស់ថា គ្រួសារជាកម្លាំងចិត្តដ៏មានប្រសិទ្ធភាពបំផុត។ មិនថាប៉ុន្មានដងទេ ឱ្យតែបានស្ដាប់សម្ដីពួកគាត់ ដឹងតែមានកម្លាំងឡើងវិញ។ ខ្ញុំបិទទូរស័ព្ទហើយក៏ចូលគេងតែម្ដង។
មេឃប្ដូរពណ៌…
ព្រឹកនេះមានអារម្មណ៍ធម្មតាវិញហើយ។ ក្រោយភ្លៀងមេឃក៏បើកថ្ងៃធម្មតាវិញ។ នៅតាមផ្លូវឆ្ពោះទៅកន្លែងធ្វើការ មានមនុស្សម្នាធ្វើដំណើរច្រើនជាងសព្វមួយដង។ អុះ! នេះខ្ញុំប្រាកដជាយឺតមិនខានថ្ងៃនេះ។ ក្រោកយឺតផង ហើយស្ទះចរាចណ៍ទៀត។ មិនដឹងទេត្រូវមាត់ទៀតក៏មិនអី បើត្រូវយូរទៅស៊ាំមិនខាន។ វានឹងក្លាយជារឿងធម្មតាសម្រាប់ជីវិតរបស់ខ្ញុំ។
ទៅដល់ភា្លមមិនទាន់ដាក់កាបូបស្រួលបួលផង បងទិគុណដែលជាអ្នកថតរូបដូចខ្ញុំសួរភ្លាម៖ ម៉េចមកយឺតម៉្លេះចន្ទ? គ្រប់គ្នាទម្លាប់ហៅខ្ញុំបែបនេះ។
«គឺផ្លូវស្ទះពេកណាបង ខុសពីរាល់ដង» ខ្ញុំតប។
«អឺ បងមានទៅថាអី តែថាវីរៈគេប្រាប់ថាពេលមកដល់ភ្លាម ឱ្យឯងទៅចួបគាត់ជាបន្ទាន់ណា។
«បន្ទាន់ទៀត?»
«មែនហើយ ទៅៗនៅចាំអីទៀត?» ចឹងខ្ញុំទៅចួបគាត់សិន។
តុកតុក! «បងវីរៈគឺខ្ញុំចន្ទនា!»
«ចូលមក!» សំឡេងរបស់គាត់។
«ខ្ញុំធ្វើអីខុសទៀតមែន ទើបហៅមកប្រញ៉ាប់បែបនេះ?»
«មែនហើយគឺមកយឺត៥នាទីហើយមិនបានសុំការអនុញាតពីខ្ញុំទៀត!»
គឺ…
«មិនបាច់ដោះសារទេ ចាប់ពីពេលនេះទៅចន្ទនាអាចថតរូបដោយមិនចាំបាច់មានអ្នកជួយបាន។
«ហេតុអី??»
« ខ្ញុំឃើញថាចន្ទនារីកចម្រើនច្រើនជាងមុនបណ្ដើរៗហើយ។ ស្អែកនេះយើងមានថត pre-wedding ឱ្យគូស្នេហ៍មួយគូទៀត។ បងទិគុណសុំច្បាប់ ចឹងហើយចន្ទនាត្រូវទៅថតជាមួយខ្ញុំ។ ឮច្បាស់ហើយឬនៅ?»
« ចាស៎…ច្បាស់ហើយ អស់អីហើយមែនទេ?»
« អស់ហើយទៅធ្វើការវិញចុះ!» ចាស៎!
ឆន្ទៈជាថ្មី…
នឹកឃើញអ្វីដែលវីរ៉ាធ្លាប់បានប្រាប់ពិតជាត្រូវមែន។ ពេលដែលខ្ញុំមានអារម្មណ៍ល្អជាមួយខ្លួនឯង នោះភាពល្អនឹងដើរចូលមកក្នុងជីវិតរបស់ខ្ញុំដោយឯកឯង។
ឃើញទេឱ្យតែមានឆន្ទៈ ជីវិតនឹងបង្ហាញផ្លូវឱ្យយើង។ ខ្ញុំជិះកង់រាល់ដងទៅកន្លែងការងារទេ កុំច្រឡំថាខ្ញុំបើកម៉ូតូ ព្រោះមិនទាន់មានលុយទិញឡើយ។ ពេលទៅថតម្ដងៗជិះឡានរបស់ក្រុមហ៊ុន ទើបខ្ញុំមិនសូវមានសម្ពាធដោយសារអត់ម៉ូតូជិះ។ ពេលខ្លះវីរ៉ាមកយក ប៉ុន្តែប៉ុន្មានថ្ងៃនេះគេមានម៉ោងរៀនច្រើនទើបយើងមិនសូវបានចួបគ្នា។ ងាកមកគិតរឿងការងារថ្ងៃនេះវិញ ពួកយើងទៅថតនៅរមណីយដ្ឋានភ្នំគូលែន។ ក្នុងឡានមានគ្រួសារកូនកំលោះក្រមុំ៤នាក់ ក្រុមការងារ៤នាក់ដែររួមទាំងខ្ញុំ។ ស្ដាយណាស់វីរ៉ាជាប់ប្រឡងថ្ងៃនេះមិនបានមកជាមួយ កុំអីដឹងតែសប្បាយជជែកគ្នាមិនខាន ហាហា។ តែមិនអីទេ រៀនរស់ដោយគ្មានគេខ្លះក៏ល្អ ប្រហែលមកពីយើងមិនដែលទៅណាអត់គ្នាទើបចេះតែនឹកអីចឹង។
អង្គុយក្នុងឡានគិតផងញញឹមម្នាក់ឯងផងទើបធ្វើឱ្យអ្នកអង្គុយក្បែរសើចខ្ញុំ។
«ញញឹមបានដល់ហើយណ៎!»
«មែនចា៎! ព្រោះទេសភាពគួរឱ្យចង់ញញឹមស្វាគមន៍» ពេលនេះខ្ញុំអាចទម្លាប់ហ៊ានប្រឈមមុខជាមួយគាត់បានហើយ លែងខ្លាច ហើយក៏…លែងចេះអៀនទៀត។ ពេលនេះណាខ្ញុំមានអារម្មណ៍ថាខ្លួនឯងគួរឱ្យស្រលាញ់បំផុត ដូច្នេះខ្ញុំមិនឱ្យឥទ្ធិពលរបស់នរណាម្នាក់មកធ្វើបាបខ្ញុំបានទៀតនោះទេ។
ទៅដល់គោលដៅភ្លាម ពួកយើងក៏នាំគ្នារៀបចំការថត។ ឥឡូវខ្ញុំដូចជាតារាម្នាក់ព្រោះមានកែវភ្នែកមួយគូសម្លឹងមកមិនឈប់សោះ។ មិនបាននិយាយពីគូស្នេហ៍នោះទេ គឺនិយាយពីម្នាក់ដែលឈរកៀកនឹងខ្ញុំបង្កើយ។
«អេ! ហើយបងឯងមកឈរកៀកខ្ញុំខ្លាំងម្ល៉េះ?»
«ចង់មកប្រាប់ឱ្យជិតនោះអី» គេឆ្លើយ។ ពេលថតភ្នែកត្រូវសម្លឹងទិសដៅដែលត្រូវថត ធ្វើបែបនេះ…។
«ហ៊ឺ នេះកំពុងបង្ហាត់ខ្ញុំ? ក្រែងថាខ្ញុំអាចថតដោយគ្មានអ្នកជួយនោះអី?» ខ្ញុំរអ៊ូតិចៗ។
«ដឹងហើយថាយើងចេះថត តែបងចង់ប្រាប់បន្ថែម។ ម៉េច មិនសុខចិត្តមែន?»
«បានហើយខ្ញុំយល់ហើយ បងឯងអាចថយចេញបាន!» ខ្ញុំបណ្ដេញគាត់ចេញទាំងក្នុងចិត្តក៏ត្រេកអរខ្លះដែរ។ លួចញញឹមតែម្នាក់ឯង នេះជាទម្លាប់របស់ខ្ញុំ។
ងាកមើលទៅមើលអ្នកឯទៀត ខ្ញុំសឹងតែភ្ញាក់ជ្រុះកាមេរ៉ាពីដៃ។
«ម៉េចគេនាំគ្នាសម្លឹងមកកាន់យើងទាំងពីរអ៊ីចឹង?»
«កាលណាបានថតចន្ទនា?» ជាសំឡេងរបស់ក្រុមការងារម្នាក់ទៀតដែលកំពុងឈរកាន់ផ្ទាំងបញ្ចាំងពន្លឺ។
«ថតឥឡូវហើយបង!» ខ្ញុំតបទៅគាត់វិញបង្វែរបរិយាកាសទាំងសើចញឹមៗ។
ថតបន្តជាច្រើនប្លង់រួចរាល់ហើយ ពួកយើងក៏វិលមកផ្ទះវិញនៅពេលល្ងាច។ ដោយសារល្ងាចដែរហើយ ណាមួយឡានក៏បរកាត់មុខផ្ទះជួលរបស់ខ្ញុំ ទើបខ្ញុំសុំចុះចូលផ្ទះតែម្ដងទៅ។
បើគិតរឿងបេះដូងខ្លះបានទេ?…
មិនមែនមិនដែលគិតពីបេះដូងទេ តែព្រោះគ្មានអ្វីឱ្យត្រូវគិត។ ខ្ញុំឆ្លើយទៅនឹងសំណួររបស់វីរ៉ាខាងលើ។
«មិនដឹងយ៉ាងម៉េចទេ សុខៗម៉េចក៏សួរសំណួរបែបនេះ?» ខ្ញុំសួរបកទៅគេវិញ។ គ្នាឃើញឯងរវល់តែជាមួយកាមេរ៉ា ថតរូបពីមួយថ្ងៃទៅមួយថ្ងៃ អត់ដែលគិតកសាងគ្រួសារខ្លះទេ?
«គិតតើ គ្រួសាររបស់ខ្ញុំគាត់សុខសប្បាយធម្មតាគ្មានកើតអីផង» ខ្ញុំតបទៅវិញមុខស្មើ។
«នែ! កុំមកធ្វើពើនោះ ដឹងអត់មានគេលួចនឹកយើងណា!»
«អ្នកណាគេ?” ខ្ញុំសួរទៅគេវិញទាំងក្នុងចិត្តលួចគិតដល់បងវីរៈ ជាមនុស្សតែម្នាក់គត់ដែលខ្ញុំយល់ថាមានអារម្មណ៍ល្អៗជាមួយ។ ទោះបីជាគាត់ស្ដីបន្ទោសនិងនិយាយគំរោះគំរើយដាក់ខ្ញុំជានិច្ចក៏ដោយ។
ខ្ញុំកំពុងគិតសុខៗ វីរ៉ាក៏និយាយបន្ត៖ គឺ…. អរចុះអ្នកដែលចន្ទចួបថ្ងៃមុននោះ ភ្លេចគេហើយមែនទេ? «ម្នាក់នោះ? ម៉េចនឹងអាចភ្លេចបានទៅ បើយើងចួបគ្នារាល់ថ្ងៃហ្នឹង!»
«យល់សប្តិដឹង មើលក្តៅខ្លួនអត់ ឬញ៉ាំអីខុស?»
«អេ! គ្មានយល់សប្តិស្អីទេ ចង់ដឹងទេថាគេជានរណាទេ?»
«អត់ចង់ដឹងទេ ព្រោះឮថាចន្ទចាប់អារម្មណ៍គេ»… វីរ៉ាឆ្លើយទាំងមុខស្ងួត។
«ម៉េចចឹង?!» គឺបងវីរៈនោះអី!
មើលទៅវីរ៉ាបើកភ្នែកធំៗ ហើយក៏និយាយទៀត៖ កុំប្រាប់ឱ្យសោះថាខ្លួនឯងលួចស្រលាញ់បងប្រុសខ្ញុំ?
«មែនទេដឹង?» ខ្ញុំក្លាហានណាស់ហ៊ានសារភាពប្រាប់ប្អូនប្រុសរបស់គេ។ ដោយធ្លាប់ឮថាបើស្រលាញ់នរណាត្រូវប្រាប់គេឱ្យដឹងទើបមិនស្ដាយក្រោយ។ ខ្ញុំគិតថាវីរ៉ាអាចយកទៅប្រាប់បងប្រុសរបស់គេមិនខាន។ លួចសើចក្នុងចិត្តតែម្នាក់ឯង។
ស្រាប់តែវីរ៉ាតបវិញ៖ បើចឹងត្រៀមចិត្តឱ្យហើយទៅ។ សម្ដីនេះធ្វើឱ្យខ្ញុំស្រងាកចិត្តមកវិញមួយពព្រេចភ្នែក។
«ហេតុអ្វីវីរ៉ា?
«ពេលវេលានឹងប្រាប់ចន្ទដោយខ្លួនឯង» រួចហើយគេក៏បិទទូរសព្ទភ្លាមៗដោយមិនលាមួយមាត់។ ពាក្យនេះទៀតហើយមែន? ពេលវេលា? ហេតុអីគ្រប់យ៉ាងត្រូវការពេលវេលារហូតអ៊ីចឹង? មិនអីទេ ចាំពេលចួបរីរ៉ា ខ្ញុំនឹងសួរគេឱ្យច្បាស់ម្ដង។
ប៉ុន្មានថ្ងៃក្រោយមក៖ មកទទួលគ្នាបានអត់វីរ៉ា? ខ្ញុំខលទៅគេ ព្រោះកង់របស់ខ្ញុំបែកកង់ជិះមិនកើតទេ ទើបត្រូវរកជំនួយ។
«រវល់ហើយ មិនអាចទៅបានទេ!» លើកទីមួយហើយដែលគេបដិសេធនឹងខ្ញុំ។
«ហេតុអី?»
«គ្មានហេតុផល»
«តែចង់ដឹង!» ខ្ញុំមិនចុះញ៉ម។
«ព្រោះតែបេះដូងនោះអី?» គេឆ្លើយបែបឌឺៗមិចមិនដឹង។
«មានអីមែន? ឈឺបេះដូងហ៎?» «Yes» គេឆ្លើយទៀត។
«មិនដែលមានសង្សាផង ម៉េចបានឈឺបេះដូង?»
«បើចន្ទជាបេះដូងរបស់ខ្ញុំ នោះចន្ទប្រាកដជាយល់។»
នៅតែមិនយល់ដដែល ឥឡូវខ្ញុំគ្មានអីជិះទៅកន្លែងធ្វើការទេ។ មួយមាត់ចុងក្រោយ៖ មកឬអត់?
«អត់! »ហើយបិទមុនទៀត។
«គេកើតអីចេះណ៎?»
បន្ទាប់មក ខ្ញុំក៏ដាក់ទូរស័ព្ទចុះ ហើយធ្វើដំណើរទៅកន្លែងធ្វើការដោយថ្មើរជើង។
ការណាត់ចួបលើកដំបូង
ចាប់តាំងពីថ្ងៃដែលវីរ៉ាបានបដិសេដខ្ញុំពីលើកមុន ពួកយើងមិនដែលទាក់ទងរកគ្នាទៀតទេ។ កន្លងផុតមកជាច្រើនថ្ងៃ ខ្ញុំក្លាយជាមនុស្សម្នាក់ដែលចេះជួយខ្លួនឯង មានភាពជឿជាក់ និង ជាពិសេសចំពោះការថតរូបវិញក៏ស្ទាត់ជំនាញច្បាស់ល្អណាស់។
អ្នកទាំងអស់គ្នាមិនឆ្ងល់ទេថាហេតុអីបានរឿងរបស់ខ្ញុំមានពាក់ព័ន្ធនឹងវីរ៉ា? ពេលវេលានឹងប្រាប់គ្រប់យ៉ាង មែនអត់?
ដូចខ្ញុំធ្លាប់ប្រាប់អ្នកទាំងអស់គ្នាថា វីរ៉ាជាមនុស្សតែម្នាក់ដែលខ្ញុំស្និទ្ធស្នាលជាមួយតាំងពីមករៀននៅទីក្រុងនេះ។ មិនថាកិច្ចការសាលា ការធ្វើដំណើរ គេតែងជួយជ្រោមជ្រែងដល់ខ្ញុំរហូត។ ជាពិសេស រឿងដែលសំខាន់បំផុតគឺអាជីពរបស់ខ្ញុំសព្វថ្ងៃនេះ ក៏គេជាអ្នកបង្ហាញផ្លូវដែរ។ ពេលនោះ គេដូចជាខ្នងបង្អែករបស់ខ្ញុំម្នាក់អីចឹង ក្រៅពីក្រុមគ្រួសាររបស់ខ្ញុំ។ តែពេលគ្មានគេជួយទៀត ខ្ញុំក៏អាចមើលឃើញពីចំណុចពិសេសរបស់ខ្លួនឯងច្រើន។ ឥឡូវ គេរៀនជិតចប់សកលវិទ្យាល័យហើយ។ ៣ ឆ្នាំពិតជាលឿនខ្លាំងណាស់ បើកបិទភ្នែកតែមួយព្រិចក៏រំលងអស់ជាច្រើនថ្ងៃ។ ពេលនេះ ការងាររបស់ខ្ញុំមិនសូវមមាញឹកប៉ុន្មានទេ ព្រោះមិនសូវមានអ្នកជិតដល់គូឱ្យថតរូប ហាហា។ ខ្ញុំតែប៉ុណ្ណឹង ទោះពិបាកចិត្តក៏អាចសើចបាន គ្មានបញ្ហា។ តែពេលនេះ គិតយ៉ាងម៉េចទៅ? គ្មានអ្នកណាដឹងទេថានេះជាលើកដំបូងក្នុងជីវិតដែលមានបុរសពីរនាក់មកសុំណាត់ចួបក្នុងពេលទន្ទឹមគ្នា។ អីក៏សាហាវយ៉ាងនេះ ឆែតរបស់ខ្ញុំលោតនៅនាទីដូចគ្នា និង សំណួរដូចគ្នា។
«តើយើងអាចណាត់និយាយគ្នាបន្តិចបានអត់?»
មិនដឹងគួរឆ្លើយទៅអ្នកណាមុនឡើយ។ ខ្ញុំក៏សរសេរឈ្មោះពួកគេដាក់កូនក្រដាស បត់តូចៗពីរសន្លឹក ហើយក៏បិទភ្នែកចាប់យកថាអ្នកណាខ្ញុំត្រូវតបមុន។
ស្រាប់តែចាប់បានបងរីរៈ…
«ចង់ចួបមានការអ្វីមែនបងរីរៈ?»
«បាទមាន សំខាន់ទៀតផង!» ចួបស្អែកព្រឹកបានអត់? ចាំបងទៅទទួលណា៎!
យល់ព្រមចាស៎!
«ចឹងចាំចួបគ្នា គេងលក់សុបិន្តល្អ!»
«ចាស៎ ដូចគ្នា!»
សួស្ដីវីរ៉ា មានការអ្វីមែន?
«គឺមានណា៎!» ចាំចួបចាំនិយាយតែម្ដង ស្អែកពេលល្ងាច។ ចាំគ្នាទៅទទួល។
«អីចឹងក៏បាន!» Good night!
«អូខេ bye bye» ខ្ញុំតបសាររបស់គេ។
ខ្ញុំមិនចង់គិតអ្វីផ្ដេសផ្ដាសទេ ចឹងហើយ ស្អែកនេះ គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ។
ពេលវេលាដែលធ្លាប់រង់ចាំ…
ប្រហែលត្រូវសប្បាយចិត្តដែលក្ដីស្រមៃជិតបានក្លាយជាការពិតបណ្ដើរៗគ្នា។ ខ្ញុំបានជោគជ័យលើការងារមួយផ្នែក តែនៅមួយផ្នែកទៀតដែលពិបាកពន្យល់។ គឺរឿងបេះដូងនោះអី។ ព្រឹកនេះមកចួបបងវីរៈ។ ខ្ញុំគិតថាប្រាកដជាមានអ្នកឆ្ងល់ថាមនុស្សដូចគាត់ ទាំងមានរូបសម្បត្តិ អត្តចរិត និង អាជីពទៀត តែបែរជាមិនទាន់មានកំណាន់ចិត្តទៅវិញ? គាត់ប្រាប់ខ្ញុំថា ធ្លាប់មាន ហើយច្រើនទៀតផង តែក៏បានបែកគ្នាព្រោះមិនមានចំណុចត្រូវគ្នាដែលអាចបន្តបាន។ គាត់ថាខ្ញុំមានអ្វីដែលគាត់មិនដែលមិនដូចអ្នកឯទៀត។ ទាំងការរស់នៅ អត្តចរិត ភាពអត់ធ្មត់ និង សេចក្ដីក្លាហាន។ ប៉ុន្មានខែដំបូងដែលបានស្គាល់ខ្ញុំ គាត់មានអារម្មណ៍ល្អៗលើខ្ញុំដែរ តែពេលនោះគាត់មិនទាន់បែកគ្នាដាច់ស្រេចទេ។ ចឹងហើយទើបតែពេលនេះ…
«បងមានរឿងចង់ប្រាប់ចន្ទឱ្យដឹង» ជាសម្ដីគាត់។
«និយាយមកបង ខ្ញុំក៏មានរឿងចង់ប្រាប់បងដូចគ្នា!» «ចឹងចន្ទនិយាយមុនក៏បាន!»
«អត់ទេ បងនិយាយមុនទៅ» ខ្ញុំប្រកែក។
បន្ទាប់មកគាត់ក៏ចាប់ផ្ដើមនិយាយ៖ ចន្ទនិងវីរ៉ា ត្រឹមតែជាមិត្តនឹងគ្នាមែនអត់?
ខ្ញុំតប៖ គឺដូចបងឃើញស្រាប់ហើយ យើងមិនមានអីលើសពីនេះទេ។
«តែបងធ្លាប់ឮអ្នកខ្លះនិយាយថា…»
«ថាម៉េច?»
«ថាកុំឱ្យគិតអ្វីផ្ដេសផ្ដាសជាមួយចន្ទ!»
«បងវីរៈគួរតែនិយាយដោយបើកចំហក៏បានណា៎ ព្រោះខ្ញុំពិតជាមិនទាន់យល់ពីអ្វីដែលបងនិយាយនេះទេ។»
«ស្ដាប់ឱ្យច្បាស់ណាចន្ទ បងគិតថា… តើយើងអាច…គឺថាបើបងប្រាប់ថាបងមានអារម្មណ៍ល្អជាមួយចន្ទ តើចន្ទគិតយ៉ាងម៉េចដែរ?»
«ខ្ញុំក៏មិនដែលគិតអាក្រក់លើបងដែរ មានអីឯណា!»
បេះដូងរបស់ខ្ញុំសឹងលោតចេញក្រៅបាត់ទៅហើយពេលឮពាក្យនេះ។ ការពិតខ្ញុំត្រូវត្រេកអរ ហើយសារភាពទៅគាត់វិញថាខ្ញុំក៏ចាប់អារម្មណ៍គាត់ដែរ តាំងពីចួបលើកដំបូងទៀតផង។
តែអ្វីម្យ៉ាងឱ្យខ្ញុំនិយាយពាក្យផ្សេងទៅវិញ៖ គឺថាដូចជាលឿនពេកហើយសម្រាប់ខ្ញុំ។ អ្វីដែលខ្ញុំចង់ប្រាប់បងគឺថាខ្ញុំស្រលាញ់បងក្នុងភាពជាបងប្រុសម្នាក់។ ខ្ញុំក៏ធ្លាប់មានអារម្មណ៍ល្អៗជាមួយបងដែរ។ តែពេលនេះ…ឱ្យខ្ញុំសុំពេលគិតពិចារណាឱ្យច្បាស់លាស់សិន។
«បានមិនអីទេ តែកុំឱ្យបងចាំយូរពេកទៅបានហើយ»
«ចា៎! ខ្ញុំឆ្លើយជាមួយការញញឹមមិនសម»។
ក្រោយចួបបងវីរៈ ល្ងាចនេះខ្ញុំក៏ចួបជាមួយវីរ៉ាដែរ។ គេមិនដឹងមានអ្វីប្រាប់ខ្ញុំទេ សង្ស័យដឹងកំហុសដែលមិននិយាយរកខ្ញុំទេដឹង? គិតតែក្នុងចិត្តម្នាក់ឯង។
វីរ៉ា៖ ចន្ទ! យើងជាមិត្តនឹងគ្នាយូរប៉ុណ្ណាហើយ?
«សួរធ្វើអី?» គឺយើងស្គាល់គ្នាតាំងពីថ្នាក់ទី១១រហូតដល់សព្វថ្ងៃនេះ។ សួរចង់ឈប់រាប់រកគ្នាមែន?
«មែនហ្នឹង! ចង់ឈប់ធ្វើជាមិត្តហើយធ្វើជាម្ចាស់ជីវិតល្អទេ?»
«ឆ្កួតមែនវីរ៉ា? បើនិយាយរឿងដល់រឿងស្នេហា ឯងក៏ដឹងថាខ្ញុំគិតយ៉ាងម៉េច»
«ឯងគិតយ៉ាងម៉េចមិនសំខាន់ៗពេលនេះខ្ញុំស្រលាញ់ឯងហើយ» គេនិយាយមកយ៉ាងស្រួល ឯខ្ញុំវិញភ្នែកស្លើអស់ហើយ!
ខ្ញុំមិនដឹងគួរតបយ៉ាងម៉េចក៏តបតិចៗវិញ៖ ឯងគិតច្បាស់ហើយមែន ដែលនិយាយវាចេញមក?
«ច្បាស់ហើយ! ដឹងទេកាលខ្ញុំមិនមកចួបឬរវីរវល់ជាមួយឯង ព្រោះតែខ្ញុំចង់បំភ្លេចអារម្មណ៍មួយនេះចោល។ តែវាខុសពីការរំពឹងទុក ខ្ញុំនៅតែគិតបែបនោះដដែល។ នឹកឯង បារម្មណ៍ ខ្វល់ ហើយក៏លួចច្រណែនឯងជាមួយបងវីរៈ តាំងពីដឹងថាឯហចាប់អារម្មណ៍លើគាត់។ មានដឹងខ្លួនអត់ហាស? ឯងមិនដែលមានអារម្មណ៍អីជាមួយខ្ញុំទេ?» គេសួរមកដោយអន្ទះសារចង់បានចម្លើយ។
«ខ្ញុំមិនអាចឆ្លើយឥឡូវបានទេ!»
«ព្រោះតែឯងមានអ្នកផ្សេង?»
«ពីមុនមែន តែពេលនេះមិនប្រាកដ។ ខ្ញុំមិនអាចផ្ដល់ចម្លើយដែលស្រពេចស្រពិលទៅឯងបានទេ។ ដូចេ្នះ ទាន់ពេលខ្ញុំមិនទាន់សម្រេចចិត្ត ឯងគួរយកពេលទៅគិតម្ដងទៀតបាន។»
និយាយចប់ខ្ញុំក៏បបួលគេទៅផ្ទះរៀងខ្លួនវិញ។
ជ្រើសយកមួយណា?
ខ្ញុំដឹងថាស្នេហាជារបស់ដែលគ្មានរូបរាង។ គ្មាននរណាម្នាក់អាចដឹងថាវាមានរូបរាងបែបណានោះទេ។ ដឹងត្រឹមថាពេលដែលវាចូលក្នងជីវិតរបស់អ្នកណាហើយ វាអាចផ្ដល់ផលពីរស្របពេលជាមួយគ្នា។ មួយគឺស្នាមញញឹមម្យ៉ាងដែលអ្នកធ្លាប់ចួបទើបបានយល់។ មួយទៀតគឺការខកចិត្ត និងភាពសោកសៅនៅពេលដែលស្នេហានោះមិនសមបំណង។
ងាកមកខ្ញុំវិញ គឺខ្ញុំមិនដែលធ្លាប់គិតថាធ្វើឱ្យនរណាម្នាក់ឈឺចាប់ដោយសារខ្ញុំក្នុងរឿងស្នេហានោះទេ។ គ្រប់គ្នាមានជម្រើស គេគួរតែជ្រើសផ្លូវដែលសាកសមសម្រាប់ខ្លួនឯង។ មិនអាចសម្រេចចិត្តតាមអារម្មណ៍មួយឆាវ ឬក៏តាមនរណាម្នាក់ដែរ។
ឥឡូវខ្ញុំកំពុងតែប្រៀបធៀបគ្នារវាងមនុស្សដែលយើងធ្លាប់ស្រលាញ់និងមនុស្សដែលមានអារម្មណ៍មិនច្បាស់លាស់ជាមួយ។ ខ្ញុំគិតថាវាគ្រាន់តែជាការអាណិតប៉ុណ្ណោះ។
បងវីរៈជាមនុស្សដែលខ្ញុំធ្លាប់ប្រាថ្នាចង់បានមកជាគូជីវិត។ តែខ្ញុំមានហេតុផលដែលស្រលាញ់គាត់។ មែនហើយ សម្រស់ជារឿងដំបូងដែលខ្ញុំគិត។ ទីពីរ គឺការឈឺឆ្អាលក្នុងរឿងការងារ។ ហើយចុងក្រោយ…គឺការសង្ឃឹមរបស់ខ្ញុំ។ ខ្ញុំតែងសង្ឃឹមថាថ្ងៃណាមួយគាត់ក៏ស្រលាញ់ខ្ញុំដូចគ្នា ទោះបីខ្ញុំគ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់ក៏ដោយ។ ទាំងអស់ជាហេតុផលនៅពីក្រោយក្ដីស្រលាញ់មួយនេះ។ ធ្លាប់ឮថាបើស្រលាញ់គ្នាមានហេតុផល នោះវាមិនមែនស្នេហាពិតប្រាកដទេ។ វាគ្រាន់តែជាអារម្មណ៍ល្អៗដែលយើងមានឱ្យគ្នាប៉ុណ្ណោះ។ ស្នេហាមិនអាចបង្កើតនៅពេលមានអារម្មណ៍មិនច្បាស់នោះទេ។ ទោះយើងដឹងថាស្រលាញ់ក៏ដោយ តែយើងក៏មិនគួរបំភ្លេចពីភាពសក្តិសមរវាងគ្នាសោះឡើយ។ មិនមែននិយាយពីទ្រព្យសម្បត្តិ ឋានៈ តួនាទី ឬពណ៌សម្បុរអីនោះទេ។
ចំណែកជាមួយវីរ៉ា យើងជាមិត្តនឹងគ្នា។ ធ្លាប់ឮថាមិត្តស្រលាញ់មិត្តខ្លួនឯងដែរ? ទោះបីជាខ្ញុំគិតគេត្រឹមជាមិត្ត តែពេលខ្លះខ្ញុំក៏ខ្វល់ខ្វាយពីគេលើសពីមិត្ត។ ឆ្កួតទេដឹងខ្ញុំ?
ខ្ញុំមានអារម្មណ៍ថាពិបាកក្នុងការបដិសេធ ទោះបីចិត្តខ្ញុំគិតថាវាល្អដែលយើងត្រឹមជាមិត្ត ប៉ុន្តែបើម្នាក់មានអារម្មណ៍លើសពីមិត្តហើយ នោះមិត្តភាពនឹងបាត់បង់បន្តិចម្ដងៗនៅពេលណាមួយ។ ខ្ញុំខ្លាខណាស់ ខ្លាចថាថ្ងៃនោះអាចកើតឡើងមកលើខ្ញុំនិងវីរ៉ា។
ជាខ្លួនឯង
មនុស្សម្នាក់ៗតែងគិតថាស្នេហាជារឿងសំខាន់ក្នុងជីវិត។ ពួកគេគិតថាជីវិតមានស្នេហាជាជីវិតដ៏ស្រស់បំព្រង ដូចផ្កាកុលាបកំពុងរីកយ៉ាងស្គុសស្គាយ។ ខ្ញុំក៏ធ្លាប់គិតដូច្នោះដែរ តែវាហាក់ដូចជាគ្មានន័យអ្វីនៅក្នុងខួរក្បាលមួយនេះទៀតសោះ។ ឥឡូវនេះ ខ្ញុំកំពុងតែមានជម្រើសក្នុងរឿងស្នេហាហើយ។ តើខ្ញុំជ្រើសយកអ្នកណា?
ខ្ញុំគិតថាខ្លួនឯងនៅក្មេងពេកហើយក្នុងការសម្រេចចិត្តបែបនេះ។ តែឆ្លងកាត់នូវបទពិសោធជាច្រើនកន្លងមក ខ្ញុំបែរជាមានក្ដីសុខចម្លែកទោះមិនស្ថិតក្នុងទំនាក់ទំនងស្នេហាអីក៏ដោយ។
គិតហើយខ្ញុំក៏សរសេរសារខ្លីមួយទៅអ្នកដែលកំពុងរង់ចាំការសម្រេចចិត្តរបស់ខ្ញុំ។
«ទៅកាន់បងប្រុសជាទីស្រលាញ់!
ចាប់តាំងពីបានស្គាល់បងអស់រយៈពេលប៉ុន្មានឆ្នាំនេះ ប្អូនរៀនបានរឿងច្រើនមែនទែន ទាំងបទពិសោធន៍ជីវិត ការតស៊ូ និងជាពិសេសបងបានបង្ហាញខ្ញុំឱ្យយល់កាន់តែច្បាស់ថារូបថតដែលថតចេញពីកាមេរ៉ាមួយសន្លឹកៗ ពិតជាមានអត្ថន័យជ្រាលជ្រៅប៉ុណ្ណា។ ខ្ញុំបានរៀនសូត្រពីវាបន្ថែម ហើយក៏ក្លាយជាមនុស្សពូកែក្នុងការថតរូប។ អរគុណពេលវេលាល្អៗកន្លងមក ដែលយើងមានចំពោះគ្នា។ ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ដែលបានស្គាល់មនុស្សដូចបង។ ថ្ងៃនេះខ្ញុំចង់ប្រាប់បងថា កុំគិតខ្ញុំជាមនុស្សសំខាន់សម្រាប់បងអី។ មិនមែនបងមិនល្អ ក៏មិនមែនខ្ញុំគិតខ្លួនឯងមិនសមនឹងបងនោះទេ។ ប៉ុន្តែ ខ្ញុំចង់ទុកចន្លោះសម្រាប់បង ក៏ដូចជាខ្ញុំខ្លួនឯងឱ្យយល់ពីជីវិតច្បាស់ជាងនេះ។ កុំយកស្នេហាធ្វើជាត្រីមុខ ដើម្បីកសាងសុភមង្គលឱ្យសោះ។ ការពិតជីវិតមានរឿងពិសេសច្រើនទៀតដែលយើងត្រូវរៀនសូត្រពីវា។ សង្ឃឹមថាបងអានសារនេះដោយញញឹម និងរីករាយបំផុត ហើយជូនពរបងបានចួបស្នេហាពិតប្រាកដមួយក្នុងជីវិត។
ពីប្អូនស្រី ចន្ទនារបស់បង»
«ជូនចំពោះមិត្តភក្តិជាទីរាប់អាន!
ខ្ញុំដឹងថាឯងកំពុងតែរង់ចាំចម្លើយដ៏ច្បាស់លាស់មួយចេញពីមាត់របស់ខ្ញុំ។ ហើយខ្ញុំក៏មិនអាចតបទៅឯងជាមួយចម្លើយដែលស្រពេចស្រពិលដូចគ្នា។ ខ្ញុំចង់ប្រាប់ឯងថា ខ្ញុំស្រលាញ់ឯងខ្លាំងណាស់ ក្នុងនាមជាមិត្តល្អម្នាក់។ កន្លងមកឯងជួយខ្ញុំច្រើនមែនទែន។ ទាំងរកការងារ និងជួយទំនុកបម្រុងរឿងជីវិតរបស់ខ្ញុំរហូត។ ចង់សារភាពថា បើកុំតែឯងខ្ញុំប្រហែលជារកមិនឃើញពីតម្លៃរបស់អ្វីៗដែលនៅជុំវិញខ្លួនឡើយ។ ឯងបាននាំខ្ញុំមករស់នៅជាមួយជីវិតរស់រវើក គឺការថតរូបនោះអី។ ខ្ញុំធ្លាប់មិនយល់ពីវា ធ្លាប់បាក់ទឹកចិត្តជាមួយវា តែពេលនេះខ្ញុំមិនអាចរស់នៅដោយគ្មានវាបានឡើយ។ ឯងធ្លាប់ប្រាប់ថាពេលវេលាជាអ្នកប្រាប់យើងគ្រប់យ៉ាង។ ឯងពូកែខ្លាំងណាស់ដឹងទេសំឡាញ់។ ពូកែទាំងការគិត និងមានទ្រឹស្ដីល្អៗក្នុងឆាកជីវិត។ ខ្ញុំមិនចង់បាត់បង់ភាពជាមិត្តដ៏ស្អិតរមួតមួយនេះទេ។ តើយើងល្អនឹងគ្នាដូចដើមបានអត់? ពេលនេះខ្ញុំជ្រើសយកខ្លួនឯង កុំច្រឡំថាខ្ញុំរើសអ្នកផ្សេងក្រៅពីឯងអី។
ពីមិត្តឆ្កួតៗរបស់ឯង ចន្ទ»
ជីវិតថ្មីម្ដងទៀត
ព្រះអាទិត្យនៅតែបញ្ចេញរស្មីយ៉ាងភ្លឺត្រចះត្រចង់ ប្រៀបបាននឹងលទ្ធផលនៃការសម្រេចចិត្តយ៉ាងដាច់ធម្មមេត្តារបស់ខ្ញុំ។ បន្ទាប់ពីអានសាររបស់ខ្ញុំហើយ៖
«ចន្ទនា! បងសូមសរសើរចំពោះចម្លើយដ៏ស្មោះត្រង់ចេញពីមាត់របស់ចន្ទនា។ បងមិនគួរគិតបែបនោះចំពោះចន្ទទាំងដែលបងកំពុងតែមិនច្បាស់លាស់ជាមួយសង្សារចាស់របស់បងដូចគ្នា។ ថ្ងៃមុនបងខូចចិត្តខ្លាំងណាស់ដែលបានចម្លើយបែបនោះពីចន្ទ។ តែបងក៏ទទួលបាននៅឱកាសជាថ្មីម្ដងទៀតពីសង្សារចាស់ដែលទើបនឹងបែកគ្នា។ គេប្រាប់ថាគេនៅតែនឹកនៅតែមិនអាចបំភ្លេចបង។ ពេលនោះទើបបងដឹងថា ស្នេហាក៏ត្រូវការពេលវេលាដែរ។ ចឹងហើយ បងក៏យល់ព្រមចាប់ផ្ដើមសារជាថ្មីជាមួយគេ។»
«ពិតមែនហ្ន៎បង! ខ្ញុំសូមជូនពរបងឱ្យជោគជ័យជាមួយអនាគតរបស់បងណា៎! ខ្ញុំនឹងរង់ចាំដំណឹងល្អឆាប់ៗ។»
បន្ទាប់ពីច្បាស់លាស់អំពីទំនាក់ទំនងរបស់ពួកយើង។ ទាំងបីនាក់បានដើរផ្លូវរៀងខ្លួន។ ប៉ុន្តែយើងនៅតែរក្សាទំនាក់ទំនងល្អចំពោះគ្នាទៅវិញទៅមកដដែល។ ពេលនេះបងវីរៈបានសុំត្រូវគ្នាជាមួយសង្សាចាស់គាត់វិញហើយ។ ឮថានឹងគិតគូររៀបការឆាប់ៗទៀតផង។ ចំណែកវីរ៉ាវិញ បន្ទាប់ពីរៀនចប់មហាវិទ្យាល័យនៅស្រុកខ្មែរ គេក៏ទៅរៀនបន្តនៅសហរដ្ឋអាមេរិច។
«ខ្ញុំមិនបន្ទោសចន្ទនាដែលមិនបានស្រលាញ់ខ្ញុំនោះទេ ហើយខ្ញុំក៏មិនគួរអាត្មានិយមចង់បានក្ដីស្រលាញ់តែម្ខាងនោះដែរ។ គ្នាចង់ប្រាប់ថាគ្នានឹងមិនឈប់ស្រលាញ់ឯងនោះឡើយ តែគ្នាក៏មិនទាមទារឱ្យឯងស្រលាញ់គ្នាបែបនោះដែរ។ សូមឱ្យតែឯងនៅតែរក្សាទំនាក់ទំនងរបស់យើងដូចមុន។» នេះជាសម្ដីរបស់វីរ៉ាមុនពេលគេឡើងយន្តហោះទៅស្រុកក្រៅ។
«ប្រាកដណាស់វីរ៉ា! គ្នានឹងនៅតែរក្សាអារម្មណ៍ល្អៗទាំងអស់ពេលនេះ។ សំណាងល្អណា៎សំឡាញ់។»
ចុះខ្ញុំវិញ? ហេហេខ្ញុំកំពុងតែសាកភ្លក់នូវរសជាតិរៀនផងធ្វើការផង។ ខ្ញុំនៅតែបន្តធ្វើការនៅកន្លែងដដែល ចួបក្រុមការងារដដែល។ មានតែមួយដែលថ្មីនោះគឺដូចបានប្រាប់ចឹង។ ខ្ញុំចាប់ផ្ដើមចូលរៀននៅសកលវិទ្យាល័យហើយ ផ្នែកទីផ្សារដែលគេហៅថា Digital Marketing។ វាស្រដៀងទៅនឹងមុខជំនាញរបស់វីរ៉ា។ តែមិនមែនរៀនតាមគេទេណា។
ពេលនេះខ្ញុំមានម៉ូតូជិះហើយៗ ក៏ឧស្សាហ៍ទៅលេងផ្ទះដែរ។ ខ្ញុំទិញកុំព្យូទ័រមួយ ហើយក៏ស្នាក់នៅបន្ទប់ដដែល។ ហាហា មិនបានប្ដូរទៅណាទេ។ ជីវិតក៏ប្លែកមួយកម្រិតជាមួយនឹងរសជាតិថ្មី។ តែទោះជាយ៉ាងណាក៏អរគុណដល់រឿងគ្រប់យ៉ាងដែលបានកើតឡើងក្នុងជីវិតមួយនេះ។ ចង់ប្រាប់ថាក្នុងជីវិតនីមួយៗសុទ្ធតែបង្កប់ដោយគុណតម្លៃជ្រាលជ្រៅ ប្រៀបដូចជាការថតរូប។ ទោះបីវាគ្រាន់តែជាសន្លឹកគ្មានវិញ្ញាណ តែវាមានខ្លឹមសារបង្កប់នៅក្នុងនោះ។ ដូច្នេះត្រូវរស់នៅជាមួយខ្លួនឯងឱ្យបានច្រើន ហើយត្រូវកុំភ្លេចឱ្យសោះថាថ្ងៃថ្មីតែងមានជានិច្ចណា៎ចន្ទនា។
ចប់