សំឡេងភ្លេងការប្រគុំឮសូររណ្ដំពេញភូមិ អ្នកភូមិអ្នកស្រុក មូរមីរូតរះចូលរួមក្នុងកម្មវិធីមង្គលការមួយនេះ ព្រោះនេះមេឃក៏រាងងងឹត ស្បៃរាត្រីក៏ចាប់ផ្ដើមដណ្ដប់ស្បៃអន្ធកាលបន្ដិចហើយ ប៉ុន្ដែពន្លឺភ្លើងអំពូលដាក់រៀបអមផ្លូវបំភ្លឺ ភ្លឺចាំងចិញ្ចាចដល់មាត់រោង ពេញកន្លែងរៀបរោងការភ្លឺច្បាស់ដូចពេលថ្ងៃ….
“អូហ៍អ្នកដា អញ្ជើញមកដល់ហើយឬ?” សំឡេងលាន់ឮចេញពីស្ត្រីចំណាស់ក្នុងឈុតស្រស់ស្អាត ផាត់មុខឡើងវ័យក្មេងស្រស់ ឈរមុខក្លោងទ្វាររោងការ ឈរញញឹមញញែមមុខស្រស់ រាក់ទាក់ទៅកាន់អ្នកនៅខាងមុខ
“ចាស៎ៗ នេះអ្នកផល ស្រស់ស្អាតតែម្ដងថ្ងៃនេះ! ខ្ញុំមើលមិនដឹងថាអ្នកណាជាកូនក្រមុំទេនេះ? ហិហិ” មីងដា ឃើញមីងផលតែងខ្លួនស្រស់ស្អាតបែបនេះ ក៏និយាយបង្អាប់លេងៗ
“អ្នកនេះ…បង្អាប់ខ្ញុំទៀតហើយ! ពិតណាស់ នេះជាពិធីមង្គលការកូនប្រុសរបស់ខ្ញុំតែម្នាក់បែបនេះ រឿងអ្វីដែលខ្ញុំមិនសុំធ្វើខ្លួនឯងឱ្យស្រស់ស្អាតនោះ? មែនទេអ្នក”
“ត្រឹមត្រូវណាស់អ្នក”
“អរគុណហើយអ្នក អ៊ីចឹងនេះអ្នក អញ្ជើញមកតែម្នាក់ឯង? ឬនៅចាំជុំតុជាមួយអ្នកផ្សេងដែលឬ?”
“អ៊ឹម…គឺប៉ាវាគាត់ជាប់រវល់នៅផ្ទះ ទើបខ្ញុំមកតែម្នាក់ឯងបែបនេះ…សូមទោសផងណា៎អ្នក។ ហើយនេះ កូនក្រមុំ កូនកំលោះ មិនទាន់ត្រលប់មកពីតែងខ្លួនទេឬ? បានជាឃើញមានតែអ្នកនៅរង់ចាំទទួលភ្ញៀវតែម្នាក់ឯងបែបនេះនោះ? ពិតជាមិនសំណាងមែន មកចំពេលកូនក្រមុំកូនកំលោះរវល់បែបនេះនោះ។ ណ្ហើយនេះខ្ញុំ បានត្រឹមតែឃើញរូបថតកូនក្រមុំដាក់តាំងមុខរោងប៉ុណ្ណោះនេះ”
“សូមទោសផងអ្នក…នេះកូនៗទាំងពីរទើបតែចូលទៅតែងរៀបចំតែងខ្លួន ស្លៀកឈុតថ្មីអំបាញ់មិញ មុនពេលអ្នកមកដល់តែបន្ដិចហ្នឹង”
“តែនេះមើលតាមស៊ុមរូបថតនេះ…កូនប្រសារស្រីរបស់អ្នក ពិតជាស្រស់ស្អាតមែន…អ៊ីចឹងតើទើបបានជា កូនប្រុសរបស់អ្នក អាយុម៉ានេះទើបយល់ព្រមរៀបការនោះ…ហាហា អ្នកទាំងពីរនាក់ពិតជាសាកសមនិងគ្នាមែន”
“អ្នកសសើរពេកហើយ…តាមពិតនេះមកពីគូរព្រេងរបស់កូនខ្ញុំមិនទាន់មកដល់តើអ្នក ទើបគេមិនយកនោះ…នរណាមិនចង់ចូលរោងការនោះ ត្រឹមត្រូវទេអ្នក?”
“ហាហា ត្រូវណាស់អ្នកផល… ប៉ុន្ដែក្មេងៗឥលូវមិនសូវប្រញាប់រឿងរៀបការទេ មិនដូចពីជំនាន់ពួកយើងឡើយ។ អាយុតំណាលកូនប្រុសអ្នក បើជំនាន់យើង ម្នាក់ៗមានកូនធំៗ ចូលរៀនសាលាហើយអស់ទៀតក៏មានដែរ។ អូហ៍? សូមទោសផង ខ្ញុំមិនមានន័យអ្វីអាក្រក់នោះទេ”
“អូហ៍…មិនអីទេអ្នក! អូហ៍នុះ…តុខាងនោះ ខ្វះម្នាក់ពេញគ្រប់តែម្ដង…អ្នកសូមអញ្ជើញមកអង្គុយតុខាងនោះតែម្ដងទៅ ល្អដែរឬទេ?”
“ចាស៎..អរគុណហើយអ្នក”
បន្ទាប់ពីមីងផល បាននាំមីងដាចូលតុអង្គុយរង់ចាំបរិភោគអាហាររួចហើយ គាត់ក៏ប្រញាប់ឱ្យចុងភៅលើកម្ហូបរៀបចំដាក់លើតុ។ ឃើញមានម្ហូបមកដល់ រៀបចំពេញលើតុហើយនោះ ទើបគាត់ញញឹម សុំលាមីងដា ត្រលប់មកខាងមុខរោងទទួលភ្ញៀវបន្ដ…
“អ្នកម៉ាក់”
“អូហ៍? ហើយនេះកូនកានោះ ម៉េចមិនទាន់មកជាមួយកូនបែបនេះ? ឬមួយតែងខ្លួនមិនទាន់ហើយទេឬ?”
“គឺ…គឺ…” អ្នកកំលោះនិយាយរាងស្ទាក់ស្ទើរ អេះអុញដូចមិនចង់ប្រាប់រឿងអ្វីម្យ៉ាងដល់ម្ដាយរបស់ខ្លួន។ ឃើញទឹកមុខកូនប្រុសសំណព្វចិត្តរបស់ខ្លួនបែបនេះ មីងផល ប្រែទឹកមុខ…រឿងប្រផ្នូលអាក្រក់ដែលខ្លួនមិនចង់គិត ក៏ផុសឡើងក្នុងខួរក្បាលរបស់គាត់។ គាត់សំឡឹងមើលទៅមុខអ្នកខាងមុខដោយទឹកមុខមិនពេញចិត្ត រួចនិយាយសំឡេងធ្ងន់ៗឡើងថា៖
“នាងកើតថី មែនទេកូនសក្ដិ?” មីងផល បោះសម្ដីទាំងមិនពេញចិត្ត…គាត់ពិតជាមិនពេញចិត្តកូនប្រសារស្រីម្នាក់នេះទេ
“គឺ…គឺ…អូនកា នាង…នាងសុំ…សុំនៅចាំនៅក្នុងបន្ទប់់ណា៎ម៉ាក់! នាងសុំមិនមកទទួលភ្ញៀវទេ ព្រោះនាងមិនសូវស្រួលខ្លួន” សក្ដិនិយាយទាំងទឹកមុខស្មើរធេង ហាក់បីវាមិនមែនជារឿងធំដុំអ្វីសោះ…គេប្រហែលស្រលាញ់នាងពេកហើយ
ឃើញទង្វើរបស់កូនប្រុសខ្លួនបែបនេះ មីងផល កាន់តែខឹងមួរម៉ៅខ្លាំងឡើង
“ថាម៉េចហ្នឹង នាងមិនស្រួលខ្លួន ចង់នៅក្នុងបន្ទប់សម្រាកសិន មិនចេញទទួលភ្ញៀវបែបនេះឬ? ទោះបីនាងឈឺធ្ងន់ មិនស្រួលខ្លួនយ៉ាងណា នាងត្រូវតែខំប្រឹងទ្រាំដែរ…ហើយនេះនាងធ្វើបែបនេះបានយ៉ាងម៉េចទៅ? កូនសក្ដិ នេះជាថ្ងៃមង្គលការរបស់កូនណា? កូនគិតចង់ឱ្យនៅដេកនៅក្នុងបន្ទប់របស់ខ្លួនឯងបែបនេះឬ?”
“អ្នកម៉ាក់ អូនកាឈឺពិតមែន”
“កូនជឿសម្ដីរបស់នាងដែរមែនឬ? ហេតុអ្វីកូនប្រុសម៉ាក់ជឿសម្ដីនាងនិយាយគ្រប់ពាក្យ ប៉ុន្ដែមិនជឿសម្ដីម៉ាក់ទូន្មានបែបហ្នឹងនោះ? កាលពីតូច កូនមានបានចាំសម្ដីម៉ាក់ផ្ដាំប្រាប់ កូនអ្វីខ្លះពីមនុស្សស្រីដែរឬទេ? ម៉ាក់និយាយប្រាប់ម្ដងទៀត មនុស្សស្រីកាន់តែស្អាត ល្បិចកាន់តែជ្រៅ មិនខុសពីផ្កាកុលាបដែលស្រស់ឆើតឆាយ បន្លារឹតមុតស្រួចនោះទេ…”
“អូនកា គេមិនមែនជាមនុស្សស្រីដែលម៉ាក់កំពុងនិយាយនោះទេ! ខ្ញុំស្គាល់នាងច្បាស់ ម៉ាក់ នាងជាមនុស្សចិត្តល្អ សុភាពរាបសារ និងមិនចូលចិត្តរករឿងច្រើនដូចស្រីដទៃនោះឡើយ” សក្ដិប្រញាប់បដិសេធ ការពារមនុស្សស្រីដែលខ្លួនស្រលាញ់
“កូន នេះម៉ាក់មិនដឹងថា ត្រូវនិយាយយ៉ាងណាឱ្យល្អនោះឡើយ…ស្រីដែលកូនរើស ហេតុអ្វីម៉ាក់មិនឃើញចំណុចល្អរបស់នាងដូចដែលកូននិយាយបែបនេះនោះ? បើនាងជាស្រីល្អបែបនោះ ហេតុអ្វីនាងឱ្យកូនចុះអេតាស៊ីវិលជាមួយនាង មុនថ្ងៃចូលរោងការនោះ? ហេតុអ្វីបានជានាងមិនដែលនិយាយប្រវត្តិ គ្រួសារនាងប្រាប់កូននោះ? ហេតុអ្វីបានជាគ្រប់ពេលដែលកូនឈ្លោះជាមួយម៉ាក់ ព្រោះតែនាងនោះ? កូន មើលមិនដឹងពិតមែនឬ?”
“អ្នកម៉ាក់”
“ម៉ាក់ ចាស់ហើយ កូនក៏ធំ អាយុក៏ច្រើន និងមានចំណេះដឹងជ្រៅជ្រះ រកស៊ីមានទ្រព្យសម្បត្តិ មុខមាត់ខ្ពស់ផងដែរ តែនេះ ហេតុអ្វីបានជាកូនមើលមិនដឹងពីល្បិចមនុស្សស្រីធុនបែបនេះនោះ? ហេតុអ្វីបានជាកូនម៉ាក់ ធ្វើខ្លួនដូចជាមនុស្សត្រូវស្នេហ៍ បាត់នាងមិនបាន ហើយមកស្រលាញ់យកចិត្តនាង ចង់បាននាងធ្វើភរិយារបស់ខ្លួននោះ? ខ្វះស្រីណាស់មែនទេ កូន?”
“អ្នកម៉ាក់ ឈប់ពោលពាក្យមិនល្អដាក់អូនកាទៀតបានទេ…កូនសុំណ៎ាម៉ាក់? នេះជាថ្ងៃមង្គលការរបស់កូន ហើយម៉ាក់ មនុស្សយើងម្នាក់ៗមានហេតុផលផ្ទាល់ខ្លួន និងមានរឿងអាថ៌កំបាំងសម្ងាត់លាក់ក្នុងខ្លួនរបស់គេផងដែរ…ចំណែករឿងចុះអេតាស៊ីវិលមុននោះ គឺជាគំនិតរបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះនោះទេ គ្មាននរណាបង្ខំខ្ញុំឡើយ…ម៉ាក់ កុំបន្ទោសអូនកាអី នាងមិនដឹងរឿងនោះទេ! ខ្ញុំខ្លួនឯងប៉ុណ្ណោះ ដែលជាអ្នកសុំនាងចុះអេតាស៊ីវិលមុនយើងចូលរោងការ។ ម៉ាក់ក៏ដឹងដែរពីស្ថានភាពជំងឺរបស់កូន ត្រូវទេម៉ាក់?”
“កូនសក្ដិ ធ្វើបែបនេះបានយ៉ាងម៉េច? នេះមាននរណាគេធ្វើដូចកូនបែបនេះនោះ…ណ្ហើយ! គ្រប់ពេលម៉ាក់និយាយពីនាងអាក្រក់ កូនតែងតែរកហេតុផលជំនួសនាងរហូត កូនមានដឹងខ្លួនឯងខ្លះទេ? មនុស្សស្រីខ្ចាត់ព្រាត់ដូចជានាង ពិតជាមិនសាកសមជាមួយកូនប្រុសរបស់ម៉ាក់នោះទេ”
“អ្នកម៉ាក់ ទោះបីអូនកាមិនល្អឥតខ្ចោះក្នុងកែវភ្នែកម៉ាក់ តែកូនស្រលាញ់នា..” សក្ដិ និយាយមិនទាន់ចប់ប្រយោគស្រួលបួលផង ស្រាប់តែផ្ទៃមុខរបស់គេ ប្រែប្រួលសស្លេកមួយរំពេច! សក្ដិ យកដៃក្ដាប់ខ្ជាប់នៅផ្នែកខាងឆ្វេងរបស់ខ្លួនឯងយ៉ាងខ្លាំង ហាក់ដូចបេះដូងមួយនេះ មានអាការៈចុកឈឺចាប់ខ្លាំងមែនទែន។
មីងផលឃើញអាការៈកូនប្រុសខ្លួនបែបនេះ ទឹកមុខរបស់គាត់ភិតភ័យ ព្រួយបារម្ភយ៉ាងខ្លួន ក៏ម្នីម្នារបើកកាបូបដែលខ្លួនកំពុងយួរជាប់ដៃរបស់ខ្លួនឯងនោះ ស្រវារកកំប៉ុងថ្នាំរបស់កូនប្រុសគាត់។
បន្ទាប់ពីរកឃើញហើយ គាត់ក៏ប្រញាប់ហុចទៅឱ្យសាមីខ្លួន រួចស្ទុះទៅស្រវាយកទឹកសុទ្ធដែលដាក់នៅលើនោះ ប្រគល់ទៅសក្ដិ។ មួយសន្ទុះក្រោយមក ប្រសិទ្ធិភាពថ្នាំដំណើរការ ទឹកមុខសក្ដិក៏ប្រែមកស្រស់បស់ធម្មតាវិញ។ ឃើញកូនប្រុសបែបនេះ គាត់ក៏មានអារម្មណ៍ធូរស្បើយល្អប្រសើរឡើងវិញមកផងដែរ
“សក្ដិ នេះកូនលែងអីហើយមែនទេ? ហេតុអ្វីជំងឺបេះដូងរបស់កូន ឆាប់រើឡើងបែបនេះនោះ?” មីងផល និយាយទាំងអួលដើមក ពេលនឹកដល់រឿងនេះ…ពិតណាស់ ក្នុងជីវិតរបស់គាត់ កូនប្រុស…សក្ដិគឺជាខ្យល់ដង្ហើមជីវិតរបស់ខ្លួន។ គ្រប់យ៉ាង គាត់ព្រមលះបង់ ធ្វើបានទាំងអស់ដើម្បីរូបគេ។
“ម៉ាក់ មិនមែនព្រោះតែម៉ាក់ឡើយ។ នេះប្រហែលជាមកពីខ្ញុំល្វើយនឿយហត់ខ្លាំងពេក ទើបមានរឿងបែបនេះកើតឡើងនោះ! ម៉ាក់កុំគិតច្រើនពីវា! កូនប្រុសម៉ាក់ម្នាក់នេះ មានសុខភាពល្អគ្រប់យ៉ាងហើយតើ…ម៉ាក់កុំបារម្ភខ្លាំងពេកអី! ម្យ៉ាងទៀត ម៉ាក់ក៏ដឹងដែលថា ប៉ុន្មានថ្ងៃទៀតខាងមុខនោះ កូនក៏អាចចូលបន្ទប់វះកាត់ផ្លាស់ប្ដូរបេះដូងមួយនេះបានដែរ! មិនអ៊ីចឹងឬអ្នកម៉ាក់?”
“អ៊្ហឹម ត្រឹមត្រូវហើយ…តែនេះ កូនប្រាកដហើយឬ ដែលឱ្យមិត្តភក្ដិរបស់កូនជាអ្នកទទួលបន្ទុកក្នុងរឿងវះកាត់នេះនោះ? ម៉ាក់ ស្គាល់គ្រូពេទ្យពូកែម្នាក់ ជំនាញខាងវះកាត់ប្ដូរបេះដូងមួយនេះ ម៉ាក់គិតថាកូន គួរតែទុកចិត្តលើពេទ្យជំនាញរបស់ម៉ាក់វិញល្អទេ?”
“ម៉ាក់ចង់សំដៅលើពូសណ្ដោសមែនទេ?” សក្ដិធ្លាក់ទឹកមុខពេលគេនិយាយពីឈ្មោះ«សណ្ដោស»
“សណ្ដោស ជាគ្រូពេទ្យជំនាញផ្នែកបេះដូង បញ្ចប់មកពីប្រទេសបារាំង ហើយមានបទពិសោធន៍ច្រើន និងគេក៏ជាមិត្តជិតស្និទ្ធរបស់ប៉ាកូននិងម៉ាក់ដែរ…ម៉ាក់ គិតថារឿងវះកាត់ប្ដូរបេះដូង គួរតែជាគាត់ជាគ្រូពេទ្យទទួលបន្ទុកសម្រាប់កូនវិញ”
“មិនអីទេ អ្នកម៉ាក់! ខ្ញុំជឿទុកចិត្តមិត្តភក្ដិល្អរបស់ខ្ញុំ! គុណ ក៏ជាវេជ្ជបណ្ឌិតជំនាញផ្នែកបេះដូងនេះ បញ្ចប់មកពីប្រទេសបារាំងផងដែរ។”
“តែនេះ ម៉ាក់គិតថា គេទើបតែរៀនបញ្ចប់បែបនេះ ជំនាញអាចមិនសូវស្ទាត់ និងមានបទពិសោធន៍ច្រើនដូចគ្រូពេទ្យដែលម៉ាក់ស្គាល់ទេដឹងកូនប្រុស? កូនអាចសាកគិតម្ដងទៀត ថាវាមិនសូវល្អទេដឹងកូនប្រុស ព្រោះនេះជារឿងអាយុជីវិតរបស់កូនណា? ម៉ាក់បានត្រៀមកក់បន្ទប់វីអាយភី នៅមន្ទីរពេទ្យល្បីឈ្មោះមួយកន្លែងរួចហើយ សូម្បីតែគាត់លះបង់ពេលវេលាផ្ទាល់ខ្លួនឯង ត្រលប់មកស្រុកយើងវិញធ្វើការនៅមន្ទីរពេទ្យខាងនោះ នៅរង់ចាំតែដំណឹងខាងយើងនោះទេ…ហេតុអ្វីបានជាកូនមិនទុកចិត្តលើសណ្ដោសនោះ?”
“អ្នកម៉ាក់ គិតច្រើនពេកហើយ នេះមិនមែនជាលើកទី១របស់ខ្ញុំឯណាម៉ាក់” សក្ដិចង្អុលទៅកាន់ផ្នែកខាងឆ្វេងរបស់ខ្លួន រួចនិយាយលួងទៅម្ដាយរបស់ខ្លួនបន្ដទៀតថា៖ “ខ្ញុំធ្លាប់ឆ្លងកាត់វាម្ដងរួចហើយ…បើមានបញ្ហាអ្វីនោះ មិនមែនជាបញ្ហារបស់ក្រុមគ្រូពេទ្យនោះទេ តែប្រហែលវាជាពេលវេលាដែលខ្ញុំត្រូវអស់ដង្ហើមហើយ…កូនសូមទោសណ៎ាម៉ាក់”
“កូន កុំនិយាយពាក្យបែបនេះ! ម៉ាក់មិនព្រមទទួលស្ដាប់នោះទេ! នេះជាថ្ងៃមង្គល ថ្ងៃជ័យសិរីរបស់កូន កូនកុំទៅគិតនិយាយរឿងពាក្យអពមង្គលចង្រៃយ៍ទាំងនោះអី”
ឮសំឡេងរបស់អ្នកម្ខាងទៀតបែបនេះ សក្ដិ លើកដៃគាត់មកច្របាច់ថ្មមៗ រួចសម្លឹងទៅកែវភ្នែកទាំងគូ និយាយទាំងម៉ឺងម៉ត់ឡើងថា
“ម៉ាក់ ប្រសិនកូនមិននៅលើលោកនេះទៀត ម៉ាក់យល់ព្រមជាមួយនិងពូសណ្ដោសទៅ”
“នេះកូនចង់និយាយពីអ្វី?”
“ម៉ាក់ កុំសម្លឹងមើលមកខ្ញុំបែបនេះនោះ កុំគិតថាខ្ញុំមិនដឹងថាពូសណ្ដោសមានអារម្មណ៍គិតបែបណាជាមួយនិងម៉ាក់…តាមពិត កូនមិនស្អប់ខ្ពើមឬរើសអើងអ្វីជាមួយគាត់នោះទេ គាត់ជាបុរសល្អ ហើយកូនជឿថាគាត់អាចមើលថែរក្សាម៉ាក់ឱ្យល្អបាន ជំនួសលោកប៉ា…ម៉ាក់ កូនទុកចិត្តគាត់”
សក្ដិ ដឹងថា ពូសណ្ដោសមានចិត្តលួចស្រលាញ់ម៉ាក់របស់ខ្លួន គ្រាន់តែគាត់មិនហ៊ានប្រាប់ សារភាពទៅកាន់ម៉ាក់របស់គេតែប៉ុណ្ណោះ….គេមិនបដិសេធពីការប្ដូរឋានៈពីពូទៅជាប៉ារបស់គេឡើយ គេក៏ចង់ឱ្យមានមនុស្សនៅកំដរជាមួយម៉ាក់របស់ខ្លួនដែរ គ្រាន់តែពេលខ្លះ ម្នាក់ៗហាក់បីលាក់បាំង មិនហ៊ានព្រមទទួលស្គាល់ការពិតរបស់ខ្លួនឯងតែប៉ុណ្ណោះ។
“កូន កំពុងនិយាយពីអ្វី? ម៉ាក់ និងសណ្ដោសគ្រាន់តែជាមិត្តនិងគ្នាតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះនោះឡើយ…កូនឈប់យល់ច្រឡំទៀតទៅ…ម៉ាក់ស្រលាញ់ប៉ាកូនតែម្នាក់គត់”
“អ្នកម៉ាក់…រឿងប៉ានោះ កូនដឹងថាមូលហេតុអ្វីបានជាប៉ាត្រូវស្លាប់….” សំឡេងសក្ដិពោលឡើងទាំងអួលដើមក ពេលខ្លះគេមិនចង់រំលឹកពីរឿងរបស់ប៉ាខ្លួនឯងទេ…គេចង់កប់រឿងអតីតកាលទាំងនោះឱ្យបាត់ពីក្នុងជីវិតរបស់ខ្លួនគេ
“បងមេត្ដា…រឿងប៉ារបស់កូន? នេះកូនដឹងពីរឿងអ្វី?” គ្រាន់តែឮបែបនេះ មីងផលប្រែប្រួលស្លុតភ័យខ្លាចជាខ្លាំង ហាក់បីវាជារឿងអាក្រក់មួយដែលគាត់មិនចង់ឱ្យអ្នកផ្សេងដទៃទៀតបានដឹងឡើយ ជាពិសេសកូនប្រុសរបស់គាត់…
“អ្នកម៉ាក់…ប៉ាស្លាប់ព្រោះខ្ញុំមែនទេ?”
“កូនសក្ដិ…”
“អ្នកម៉ាក់ ពិតទេ?”
“សក្ដិ…ឈប់និយាយពីរឿងនេះទៅ…ប៉ាកូនបានទៅសុខគតិភពហើយ…” មីងផល ក្រៀមក្រំអួលដើមក និយាយស្ទើរតែមិនចេញទៅមុខទៀត…គាត់ប្រឹងខាំមាត់ ទប់អារម្មណ៍រំជួលខ្លួនឯង រួចនិយាយបង្វែររឿងផ្សេង ប្រាប់ទៅអ្នកម្ខាងទៀតថា៖
“បានហើយកូន ភ្ញៀវក៏មកច្រើនពេញមុខរោងដែរ…បើនាងមិនមកទៅហើយ មានតែម្ដាយនិងកូនប្រុស ចាំទទួលភ្ញៀវក៏បានដែរ…កុំទុកឱ្យភ្ញៀវនៅមុខរោង រង់ចាំយូរពេក”
គាត់និយាយរួច ក៏ប្រញាប់រូតដំណើរទៅទទួលភ្ញៀវនៅខាងមុខរោង គេចវេសពីកែវភ្នែកដែលកំពុងសម្លឹងចង់បានចម្លើយពីមាត់របស់គាត់
“បាទ ម៉ាក់” សក្ដិ បានតែងក់ក្បាល ព្រមទទួលពាក្យរបស់អ្នកម៉ាក់ខ្លួន។ ទឹកមុខស្រពាប់ស្រពោន ក្រៀមក្រំ និងកាយវិការលាក់បាំងរបស់គាត់ គឺជាចម្លើយដែលបញ្ជាក់ពីសំនួររបស់ខ្លួនហើយ…គេពិតជាមិនចង់ឱ្យវាកើតឡើងទៅជាបែបនេះឡើយ។
រីឯក្នុងចិត្តរបស់មីងផលវិញ គាត់គិតតែម្នាក់ឡើងថា៖
“ដរាបណាគាត់នៅមានដង្ហើម គ្មាននរណាម្នាក់អាចឆក់យកជីវិតកូនប្រុសគាត់ចេញពីរូបគាត់បានឡើយ សូម្បីទេវតា ព្រះពីណា គាត់ក៏នឹងរារាំង ការពារដង្ហើមរបស់គេ ហ៊ានលះបង់គ្រប់យ៉ាងប្រឆាំងនឹងពួកទាំងនោះ…កូនសក្ដិត្រូវតែមានជីវិត មានដង្ហើម រស់រាន និងមានសុភមង្គលដូចកូនប្រុសគេដទៃទៀត! កូនសក្ដិរបស់ម៉ាក់ត្រូវតែរស់…បងមេត្តាហ៊ានលះបង់ជីវិតរបស់ខ្លួនដើម្បីគេ ហេតុអ្វីគាត់មិនអាចដែរនោះ?”
…
នៅក្នុងបន្ទប់គេងរៀបចំយ៉ាងស្រស់ស្អាត ជាមួយកម្រងផ្កាស្រស់ចម្រុះពណ៌ តុបតែងយ៉ាងទាក់ទាញ គ្រែពូកយ៉ាងធំក្រាលដោយកម្រាលពណ៌សក្បុសដូចព្រិល នៅពីលើរោយដោយស្រទាប់ផ្កាកុលាបពណ៌ក្រហម ផ្គុំធ្វើជារូបបេះដូងយ៉ាងគួរឱ្យស្រលាញ់…
“បង…” សំឡេងនារីក្នុងឈុតអាពាហ៍ពិពាហ៍ និយាយយ៉ាងរំអួយទៅកាន់ខ្សែទូរស័ព្ទម្ខាងទៀត
“ប៊េប(Babe) នេះអូនមកនិយាយទូរស័ព្ទជាមួយបងបានយ៉ាងម៉េចទៅ? ថ្ងៃនេះជាថ្ងៃមង្គលការរបស់អូន មិនអ៊ីចឹងឬ?” សំឡេងអ្នកកំលោះពីម្ខាងទៀត សួរយ៉ាងងឿងឆ្ងល់ពីអ្នកម្ខាង
“ហាន់(នី) នេះបងមិននឹកអូនម្នាក់នេះទៀតទេឬ?” នាងសួររំអុក ធ្វើម្ចិកម្ច៉ក់ឱ្យអ្នកម្ខាងទៀតចាប់អារម្មណ៍…សម្ដីកាយវិការរបស់នាង ហាក់បីមិនខ្វល់ថាទង្វើរបស់ខ្លួន និងសម្លៀកបំពាក់ដែលខ្លួនកំពុងពាក់ វាបព្រ្ចាសផ្ទុយគ្នាទាំងស្រុងតែម្ដង
“ប៊េប រឿងអីបងមិននឹកដល់អូននោះ? តែទោះយ៉ាងណា ប៊េប ក៏ត្រូវទ្រាំបន្ដទៀតដែរ…ដើម្បីផែនការធំរបស់យើងទាំងពីរនោះអី?”
“ហាន់ បងមិនខ្វល់ពីអូនទេ? បងគិតតែរឿងផែនការនោះតែប៉ុណ្ណោះ…អូន…”
“ប៊េប រឿងអីដែលបងមិនខ្វល់បារម្ភពីអូននោះ? តែទោះបីយ៉ាងណា ក៏ប៊េប ដឹងដែលមែនទេ បើផែនការនេះបានសម្រេច យើងទាំងពីរក៏អាចសាងក្ដីសុខ បន្ដរស់នៅស្រុកបារាំងជាមួយគ្នាទៀតនោះអី”
“ហាន់…”
“ប៊េប ទ្រាំបន្ដិចទៀតទៅ! រឿងរ៉ាវទាំងប៉ុន្មាននឹងត្រូវបញ្ចប់យ៉ាងរលូន…គ្រប់យ៉ាងយើងទាំងពីរនាក់នឹងអាចនៅសោយសុខរស់នៅលើគំនរប្រាក់ទាំងនោះបាន…នេះអូនមិនស្រមៃដល់ពេលដើរស៊បភីង ទិញកាបូបប្រ៊េននៅក្រុងប៉ារីសទៀតទេឬ?”
“ហ៊មហ្នឹងហើយបង…ព្រោះតែកាបូបប្រ៊េនៗទាំងនោះហើយ ទើបខ្ញុំទ្រាំធ្វើជាមនុស្សល្អក្នុងកែវភ្នែកអាប្រុសល្ងង់ម្នាក់នោះ”
“ប៊េប លំបាកដល់អូនហើយ”
“ហាន់…តែនេះបងមិនបារម្ភពីសុវត្ថិភាពរបស់អូនទេឬ? បងមិនគិតថា អូននឹងក្លាយជារបស់គេទេឬ? ហើយគេនឹងដឹងថាអូនមិនមែនជាស្រីព្រហ្មចារី ល្អឥតខ្ចោះដែលអូនធ្លាប់ប្រាប់នោះ?”
“ប៊េប នេះអូនគិតថាបងមិនគិតពីរឿងទាំងនោះទេឬ? ប៊េប…បើប្រុសផ្សេង អ្នកដទៃទៀតនោះ បងអាចបារម្ភខ្លះ ព្រោះស្រីស្រស់ស្អាត សាច់សក្បុសដូចប៊េប ប្រុសណាមិនស្រក់ទឹកមាត់ចង់…នោះ! តែអាសក្ដិវិញ ប៊េបកុំបារម្ភអី វាគ្មានថ្ងៃបានប៉ះពាល់ដល់អូននោះឡើយ ហើយកុំបារម្ភរឿងយើងទាំងពីរបែកការនោះ មនុស្សល្ងង់ដូចក្របីដូចវា គ្មានថ្ងៃបានដឹងនោះឡើយ! មែនទេ ប៊េប?”
“ហ្នឹងហើយ ហាន់! ហាន់ និយាយត្រូវ នេះលើកទីមួយហើយដែលខ្ញុំប្រទះចួបមនុស្សប្រុសអី ល្ងង់ភ្លីភ្លឺជាងក្របីទៅទៀត! នេះសាកគិតទៅមើល នរណាគេដែលព្រមចុះអេតាស៊ីវិល រៀបការមុន បែកចែកទ្រព្យសម្បត្តិដែលខ្លួនរកបានមួយភាគធំ ឱ្យប្រពន្ធខ្លួនឯងបានយ៉ាងងាយស្រួលនោះ? ហាន់ ដឹងទេ? នេះគ្រាន់តែអូនសម្ដែងធ្វើជាបារម្ភពីសុខភាពរបស់វា ហើយធ្វើជាទុក្ខកម្សត់ ភ័យព្រួយរឿងយាយកញ្ចាស់ម្នាក់នោះមិនព្រមទទួលអូនធ្វើជាកូនប្រសារ វាហ៊ានដល់ថ្នាក់ខឹងជំទាស់ជាមួយយាយកញ្ចាស់នោះយ៉ាងខ្លាំងបែកផ្ទះ នេះបើហាន់ បានឃើញ ច្បាស់ជាសប្បាយភ្នែកជាមិនខាន! មិនខុសពីក្នុងរឿងកុនឡើយ ហាហា! ហើយរឿងនេះក៏ដូចគ្នា អូនគ្រាន់តែយកលេសធ្វើជារមួយក្រពើ ពិបាកដើរបន្ដិច សុំសម្រាកនៅបន្ទប់ ព្រោះធុញនឹងពួកយាយៗទាំងនោះ…សួរណែនាំ មើលសម្លឹងអូនពីជើងដល់ក្បាល…ធុញណាស់! ឱ្យយាយកញ្ចាស់នោះ និងកូនប្រុសវា ទទួលភ្ញៀវតែពីរនាក់ម៉ែកូនតែម្ដងទៅ…ឱ្យវាទាំងពីរនាក់ហ្នឹង ខ្មាស់គេ លក់មុខយ៉ាងម៉េចវិញ?”
“អ្ហ៊ឹមហ្នឹងហើយ វាល្ងង់បែបនេះ ទើបបានជាបងរៀបចំគម្រោងការបែបនេះតែម្ដងទៅ! គិតមើលទៅ ២ឆ្នាំដែលយើងហត់ ជាមួយគំនរទ្រព្យសម្បត្តិទាំងនោះ វាពិតជាសមតម្លៃណាស់មែនទេ ប៊េប?”
“ហ្នឹងហើយ ហាន់”
“ហាហា”
“ហាហា…តែប្រាកដហើយឬ ថាគ្រប់យ៉ាងនឹងរៀបរយនោះ?”
“កុំភ័យប៊េប…យ៉ាងយូរមួយសប្ដាហ៍ ប៊េប នឹងលែងបានឃើញមុខវាទៀតហើយ!”
“ពិតមែនឬ ហាន់?”
“បងកុហកប៊េបធ្វើអី…សង្ស័យ១សប្ដាហ៍ហ្នឹងយូរពេកផងសម្រាប់វា ហាហា”
“អ្ហាហ៍ ម៉េចអ៊ីចឹងហាន់? អូនឃើញ វាមានសុខភាពល្អដូចមនុស្សទូទៅទេតើ? នេះមិនឮពីមាត់បង ប្រាប់អូនដោយផ្ទាល់ថាវាជិតស្លាប់នោះ អូនមិនជឿទេ!”
“ហាហា…មនុស្សកើតរោគជំងឺបេះដូងវាបែបនេះហើយ…សុខភាពល្អមាំមួននៅសុខៗ នរណាអាចដឹងថានឹងដាច់ខ្យល់ស្លាប់នៅពេលណានោះ? ហាហា”
“ឬមួយមកពីថ្នាំដែលបងឱ្យអូនមែនទេ?”
“ប៊េប របស់បង ពិតជាឆ្លាតមែន”
“ហាន់ បងពិតជាពូកែមែន! បើបែបនេះមែន វាពិតជាល្អខ្លាំងណាស់! អូននឹកបងណាស់ ហាន់!”
“ប៊េប បងក៏នឹកអូនដែរ”
«ខ្សឺត!ខ្សឺត!ខ្សឺត» សំឡេងថើបចេញពីខ្សែម្ខាងទៀត
នាងបិទទូរស័ព្ទដៃរបស់ខ្លួនឯងមិនទាន់ចប់ឱ្យបានស្រួលបួលផង ស្រាប់តែទឹកមុខរបស់នាងឡើងភ័យសស្លេកពេលបានឮសំឡេងដែលចេញពីខាងក្រៅនៅមុខទ្វារបន្ទប់
«ប្រាវ!» សំឡេងជ្រុះកែវទឹកពីដៃរបស់សក្ដិ
“បងសក្ដិ!” កណ្ណិកា ភ្លាត់សំឡេងពេលឃើញ សក្ដិ កំពុងឈរនៅមុខបន្ទប់ សម្លឹងមើលមុខនាងទាំងក្ដីខ្លោចផ្សា ចុកឈឺចាប់បំផុតនៅពេលនេះ
“…”
“បង…បងសក្ដិ មិនដូចដែលអ្វីដែលបងបានឮនោះទេ? អូន…អូនអាចបកស្រាយប្រាប់បងបាន…”
កណ្ណិកា អង្រួនដៃសក្ដិ ដែលកំពុងឈរសម្លឹងមើលមុខនាងដូចគល់ឈើ អរម្មណ៍នៅលើផ្ទៃមុខរបស់គេពេលនេះ គឺគ្មានអ្វីទាំងអស់…គ្មានការខឹង គ្មានការស្អប់អ្វីឡើយ…គេធ្វើខ្លួនឯងដូចជាមនុស្សស្លាប់
“បងសក្ដិ”
«ប្រូស» សំឡេងរាងកាយរបស់អ្នកកំលោះ ដួលសន្លប់លើកម្រាលផ្ទៃឥដ្ឋផ្ទះ
“បងសក្ដិ! នេះបងកើតថីហ្នឹង…បងសក្ដិ? ជួយផង! មានអ្នកណានៅទេ ជួយខ្ញុំផង…ប…បងសក្ដិ គាត់…គាត់សន្លប់ហើយ” កណ្ណិកា យំស្រែកដង្ហោយរកមនុស្សជួយ
“កូនសក្ដិ” មីងផល រន្ធត់ចិត្តយ៉ាងខ្លាំងពេលឃើញកូនប្រុសខ្លួនឯង សន្លប់លើដីបែបនេះ
“អ្នកម៉ាក់…អ្នកម៉ាក់ជួយបងសក្ដិផង! ហ៊ូហ៊ូ!”
ឮសំឡេងកណ្ណិកា និយាយមករកខ្លួនបែបនេះ សូម្បីកន្ទុយភ្នែក មីងផលក៏មិនខ្ចីងាកក្រឡេកទៅកាន់នាងដែរ ព្រោះក្នុងចិត្តរបស់គាត់ ដឹងច្បាស់ថាកូនប្រុសខ្លួនក្លាយទៅជាបែបនេះ ប្រហែលនាងជាអ្នកនាំហេតុហើយ
“រ៉ុម! ប្រញាប់យកសក្ដិទៅមន្ទីរពេទ្យឱ្យលឿនឡើង!”
“បាទលោកស្រី”
បន្ទាប់ពីឮសម្ដីរបស់មីងផលរួច អ៊ំប្រុសចំណាស់ក្នុងវ័យជាងសែសិបឆ្នាំប្លាយ ឈ្មោះ រ៉ុម ប្រញាប់រត់ស្ទុះទៅរកលោកប្រុសតូចរបស់ខ្លួន លើកបីតម្រង់ទៅកាន់ឡានដែលចតនៅក្នុងរោងនៅមុខផ្ទះ
សំឡេងម៉ាស៊ីនឡានបញ្ឆេះ បរទៅមុខយ៉ាងលឿន…
“កូនប្រុសម៉ាក់ កូនត្រូវតែដឹងខ្លួនភ្ញាក់ឡើង! កូនច្បាស់ជាមិនអីឡើយ!”
…
នៅមន្ទីរពេទ្យ មុខបន្ទប់សង្គ្រោះបន្ទាន់
ពន្លឺភ្លើងនៅលើទ្វារបន្ទប់សង្គ្រោះបន្ទាន់បានរលត់ ស្រមោលមនុស្សប្រុសក្នុងឈុតពណ៌ស បានលេចចេញពីក្លោងទ្វារបន្ទប់ ដោយទឹកមុខតានតឹង
“សណ្ដោស នេះកូនប្រុសខ្ញុំយ៉ាងម៉េចហើយ?” មីងផលសម្លឹងមើលទៅអ្នកខាងមុខ តែបើមើលតាមទឹកមុខរបស់គេ គាត់អាចទាយបានដឹងខ្លះៗមកហើយថា វាជាដំណឹងអាក្រក់ច្រើនជារឿងល្អ
“ផល្លី ខ្ញុំ…ខ្ញុំ…ខ្ញុំប្រឹងអស់ពីសមត្ថភាពហើយ”
“មិនអាចទេ…កូនរបស់ខ្ញុំ គេរឹងមាំណាស់! បេះដូង…បេះដូងដែលត្រូវវះកាត់ប្ដូរ ហេតុអ្វី? ហេតុអ្វី សណ្ដោស?”
មីងផល អង្រួនដៃសួររកហេតុផលពីសណ្ដោស តំណក់ទឹកភ្នែកដែលខ្លួនខំទប់ ហូរធ្លាក់ចុះជោគពេញលើផែនថ្ពាល់របស់ខ្លួន…ម្សៅក្រែមដែលផាត់លាបលើផ្ទៃមុខ បានរលុបប្រតាកពេញមុខរបស់គាត់។
វេជ្ជបណ្ឌិតសណ្ដោស ឃើញផល្លីស្ថិតក្នុងសភាពបែបនេះ គាត់ពិតជាពិបាកចិត្តនឹងទទួលយកការពិតមួយនេះណាស់ នាងជាមនុស្សរឹងមាំ តស៊ូប្រឹងប្រែងក្នុងជីវិតរស់នៅខ្លួនឯង ពីភាពក្រីក្រក្លាយជាស្ត្រីដំបូងក្នុងប្រទេសមួយនេះដែលមានលេចមុខដាក់ក្នុងក្របទស្សនាវដ្ដីជំនួញធុរកិច្ចអន្តរជាតិល្បីល្បាញមួយ
“ផល្លី…” សណ្ដោស មិនដឹងត្រូវប្រើពាក្យលួងលោមអ្វី និយាយទៅកាន់នាងនៅពេលនេះទេ
“សណ្ដោស ប្រាប់ខ្ញុំបានទេ កូនខ្ញុំពិតជាមិនអាចមានសង្ឃឹមទេឬ?”
“ផល្លី ការពិតបើក្មួយសក្ដិ អាចរកបេះដូងថ្មីមកប្ដូរបានក្នុងរយៈពេល២៤ម៉ោងនេះ អត្រាដែលវះកាត់ជោគជ័យ គេអាចមានសង្ឃឹមរស់បានច្រើន…តែខ្ញុំគិតថា វាមិនអាចទៅរួចទេ! ផល្លី សូមទោសផង ខ្ញុំពិតជាមិនអាចជួយនាងបានទេលើកនេះ”
“បេះដូងថ្មី? ហេតុអ្វីសណ្ដោស? បេះដូងដែលបម្រុងនឹងត្រូវវះកាត់ប្ដូរនោះ បាត់ទៅណា សណ្ដោស? ហេតុអ្វី? ប្រាប់ខ្ញុំបានទេ សណ្ដោស!”
“គឺ…គឺបេះដូងដែលថានឹងបម្រុងវះកាត់ប្ដូរជំនួសឱ្យគេនោះ គឺ…គឺបានស្លាប់បាត់ទៅហើយ”
“បានស្លាប់ទៅហើយ? នេះមានន័យយ៉ាងម៉េច?”
“សូមទោសផង ផល្លី…ខ្ញុំទើបតែពិនិត្យឃើញថា មុនពេលដែលក្រុមការងារពេទ្យរបស់ខ្ញុំបម្រុងយកបេះដូងមួយនោះមកធ្វើការផ្លាស់ប្ដូរ ខ្ញុំទើបតែប្រទះឃើញមានបញ្ហានៅក្នុងបេះដូងមួយនោះ…មានគេចាក់ថ្នាំបំពុលសម្លាប់បេះដូងមួយនោះឱ្យស្លាប់។ ផល្លីទុកចិត្តចុះ ក្រុមគណៈកម្មាធិការមន្ទីរពេទ្យនិងខ្ញុំផងដែរ នឹងស្វែងរកជនឧក្រិដ្ឋម្នាក់នោះឱ្យតែឃើញ តែពេលនេះ ខ្ញុំពិតជាសូមទោសពីរឿងរបស់ក្មួយសក្ដិណាស់”
បន្ទាប់បានស្ដាប់ចម្លើយបកស្រាយពីសណ្ដោស មីងផលឈរសម្លឹងទៅមើលមុខបន្ទប់របស់សក្ដិដែលក្រុមគិលានុបដ្ឋាយិកា កំពុងរៀបចំផ្លាស់ប្ដូរសម្លៀកបំពាក់របស់គេ និងប្រដាប់ប្រដារសម្ភារៈពេទ្យ ត្រៀមផ្លាស់អ្នកជំងឺទៅកាន់បន្ទប់សម្រាកព្យាបាលមួយផ្សេងទៀត
សក្ដិ ដេកសម្រាកលើគ្រែពេទ្យ ទឹកមុខរបស់គេសស្លេកស្លាំងដូចមនុស្សស្លាប់ ច្រមុះមាត់បំពាក់ដាក់ឧបករណ៍ដាក់បំពង់ជំនួយដង្ហើមអុកស៊ីហ្ស៊ែន ម្ជុលស៊េរ៉ូមចាក់ពេញដៃព្យួរប្លោកភ្ជាប់ពេញនៅក្បែរនោះ…
“កូនសក្ដិ កូនឈឺណាស់មែនទេ? តែទោះបីយ៉ាងណាកូនត្រូវតែរស់! ត្រូវតែរឹងមាំឡើងណា កូនប្រុស”
“ផល្លី កាត់ចិត្តទៅ បន្ដិចទៀតគេនឹងលែងស្គាល់ពីការឈឺចាប់ទាំងអស់នោះទៀតហើយ” សណ្ដោសនិយាយលួងលោមទៅកាន់នាង
“ពិតមែនហើយ បន្ដិចទៀតកូនប្រុសរបស់ខ្ញុំនឹងលែងក្លាយជាមនុស្សបែបនេះទៀតហើយ…គេរឹងមាំដូចប៉ារបស់គេអ៊ីចឹង! បងមេត្តា ច្បាស់ជានៅតាមមើលថែរក្សាជាក់ជាមិនខាន នេះប្រហែលជាដល់ពេលរបស់ខ្ញុំវិញម្ដងហើយ…សណ្ដោស ថាខ្ញុំអាចសុំឱ្យលោក ជួយរឿងមួយបានទេ?”
“ផល្លី ចង់ឱ្យខ្ញុំជួយរឿងអ្វីនោះ? ប្រសិនជាខ្ញុំមានលទ្ធភាពអាចជួយដល់ផល្លីបាន ខ្ញុំនឹងប្រឹងប្រែងជួយឱ្យអស់ពីសមត្ថភាព”
“គឺខ្ញុំចង់…” មីងផល និយាយដល់ត្រឹមនេះ គាត់ក៏លួចខ្សឹបប្រាប់ទៅកាន់សណ្ដោស។ សណ្ដោសក្រោយពីបានស្ដាប់សម្ដីរបស់មីងផលរួច គាត់បើកភ្លែកធំ ហើយស្ទុះក្រោកឈរអង្រួននាងឱ្យភ្ញាក់ដឹងពីអ្វីដែលគាត់បាននិយាយចេញមកនោះ
“ផល្លី នេះមានដឹងថាខ្លួនឯងកំពុងគិតឆ្គួតអ្វីនោះទេ? ខ្ញុំមិនគាំទ្រឱ្យផល្លីធ្វើបែបនេះឡើយ”
“សណ្ដោស ខ្ញុំសុំអង្វរណ៎ា”
“ផល្លី”
“សណ្ដោស លោកដឹងថាខ្ញុំជាមនុស្សបែបណាហើយមែនទេ? ខ្ញុំពិតជាសម្រេចចិត្តរួចហើយ សណ្ដោសអាចជួយបំពេញបំណងឱ្យខ្ញុំទៅណា? នេះជារឿងទីពីរហើយ ដែលខ្ញុំសុំពឹងឱ្យសណ្ដោសជួយនោះ…សណ្ដោយបំពេញបំណងឱ្យខ្ញុំបានទេ?”
“ផល្លី…ហេតុអ្វីចាំបាច់ត្រូវធ្វើបែបនេះនោះ?”
“ព្រោះកូនសក្ដិជាដង្ហើមអាយុជីវិតរបស់ខ្ញុំ”
“ផល្លី…ខ្ញុំយល់ព្រម”
សណ្ដោស ឱបនារីដែលទន់ខ្សោយនៅពីមុខខ្លួនរបស់គេជាលើកចុងក្រោយ…នាងជាមនុស្សស្រីដំបូងដែលធ្វើឱ្យគេចេះស្រលាញ់(ក្រាស់)…គេសួរខ្លួនឯងថា ប្រសិនជាថ្ងៃនោះ គេក្លាហានហ៊ានសារភាពក្ដីស្រលាញ់ដែលខ្លួនមានចំពោះនាង តើនាងនិងគេ អាចស្ថិតក្នុងស្ថានភាពបែបនេះដែរឬទេ? ហេតុអ្វីគេជាមនុស្សកំសាកមិនហ៊ាននិយាយពាក្យទាំងអស់នោះចេញមកនោះ…ប៉ុន្ដែគ្រប់យ៉ាង វាមិនអាចផ្លាស់ប្ដូរបានឡើយ នាងក្លាយជាភរិយារបស់មិត្តសម្លាញ់របស់ខ្លួន និងក៏ក្លាយជាម្ដាយរបស់គេដែរ…មេត្តា ឯងពិតជាសំណាងណាស់!
…
មួយសប្ដាហ៍ក្រោយមក…
“សួស្ដីក្មួយសក្ដិ យ៉ាងម៉េចហើយ សក្ដិ សុំាជាមួយបេះដូងថ្មីនេះដែរឬទេ?” លោកវេជ្ជបណ្ឌិត សណ្ដោស សាកសួរសក្ដិ បន្ទាប់បានមើលរបាយការណ៍ពិនិត្យសុខភាពរបស់គេរួចហើយ គ្រប់យ៉ាងឃើញថាមានសភាពល្អប្រសើរច្រើនណាស់ នេះប្រសិនមិនមានអ្វីប្រែប្រួលខុសប្រក្រតីកើតឡើងអ្វីនោះទេ សក្ដិ អាចចាកចេញពីមន្ទីរពេទ្យបាននៅខែក្រោយហើយ
“បាទលោកពូសណ្ដោស ខ្ញុំគិតថាសុខភាពរបស់ខ្ញុំមានសភាពល្អប្រសើរច្រើនឡើងហើយ”
“បើបែបនេះនោះ ល្អហើយ” ឮបែបនេះ សណ្ដោស មានប្រែទឹកមុខរីករាយ ញញឹមញញែមឡើងចម្លែក តែសក្ដិគិតថា លោកពូសណ្ដោស ទឹកមុខគាត់ក្រៀមក្រំខូចចិត្តទៅវិញ
“លោកពូសណ្ដោស…”
“បាទ? នេះក្មួយសក្ដិ មានបញ្ហាត្រង់ណាឬ?”
“ទេលោកពូ ខ្ញុំគ្រាន់តែចង់សួរសំនួរខ្លះបានទេ?”
“សួរអ្វីទៅក្មួយ?”
“ពូ…ហេតុអ្វី ខ្ញុំដេកសម្រាកមន្ទីរពេទ្យនេះយូរថ្ងៃណាស់ហើយ ម៉េចក៏មិនទាន់ឃើញអ្នកម៉ាក់របស់ខ្ញុំបែបនេះអ៊ីចឹង? ឬគាត់នៅខឹងនឹងខ្ញុំទៀត ថាមែនទេ?”
ឮសំនួរនេះភ្លាម ប៊ិកដែលជាប់និងដៃសណ្ដោស ក៏ជ្រុះធ្លាក់ទៅលើដី សណ្ដោសប្រែទឹកមុខខូចចិត្តមួយរំពេច គេប្រឹងធ្វើទឹកមុខសម្រួលអារម្មណ៍របស់ខ្លួនឯង រួចខាំមាត់ប្រឹងឆ្លើយទៅកាន់សក្ដិវិញថា៖
“គ…គាត់រវល់ជាប់ធុរកិច្ចជំនួញនៅក្រៅប្រទេស ក្មួយកុំគិតច្រើនពេក ប្រឹងសម្រាកព្យាបាលឱ្យសុខភាពបានល្អទៅ! គាត់ដឹង ច្បាស់ជាសប្បាយចិត្តជាក់ជាមិនខាន”
“ប៉ុន្ដែលោកពូ ហេតុអ្វីគាត់មិនព្រមវីដេអូខលមកលេងខ្ញុំខ្លះ?”
“ប្រហែលជានៅទីនោះ មិនមានសេវាអ៊ីនធើណិតទេដឹង? ក្មួយក៏ដឹងថា ម៉ាក់របស់ក្មួយជាមនុស្សវក់នឹងការងារខ្លាំងប៉ុណ្ណានោះ”
“នេះពូមានន័យថា សម្រាប់គាត់គឺខ្ញុំមិនសំខាន់ដូចការងារនោះទេឬ?”
“…”
“ម៉ាក់ប្រហែលនៅខឹងនិងខ្ញុំទៀតហើយ ទើបគាត់មិនព្រមមកមើលខ្ញុំនោះ! ពូសណ្ដោស ខ្ញុំខុសមែនទេ ដែលជ្រើសរើសមនុស្សខុសនោះ? ខ្ញុំល្ងង់ដូចក្របីដូចនាងថាមែនហើយ ដែលមិនដឹងថានរណាម្នាក់ស្រលាញ់ខ្ញុំប្រាកដនោះ ខ្ញុំពិតជាខូចចិត្តណាស់ ពេលធ្វើឱ្យម៉ាក់របស់ខ្ញុំខូចចិត្ត ខកបំណងចំពោះខ្ញុំបែបនេះ”
“បើដឹងបែបនេះនោះគឺល្អហើយ ផល្លី…ម៉ាក់របស់ក្មួយដឹងច្បាស់ជាសប្បាយចិត្តជាក់ជាមិនខាន។ ក្មួយ រឿងដែលហួសហើយឱ្យវាកន្លងផុតទៅចុះ កុំគិតពីវាទៀតអី…សំខាន់ប្រឹងថែទាំសុខភាពរបស់ខ្លួនឯងឱ្យបានល្អណា…ជាសះស្បើយឆាប់ៗ អាលនឹងបានក្រោកឈររឹងមាំឡើងវិញ។ ក្មួយធ្វើបែបនេះក៏ដើម្បីខ្លួនឯង ហើយក៏ដើម្បីម៉ាក់របស់ក្មួយផងដែរ! ក្មួយ យល់ទេ?”
“បាទលោកពូ ខ្ញុំដឹងហើយ”
“បើបែបនេះ ពូសុំខ្លួនទៅធ្វើការងាររបស់ខ្លួនឯងបន្ដទៀតហើយ ជូនពរឱ្យក្មួយ ឆាប់ជាសះស្បើយរឹងមាំដូចពីមុនណ៎ា”
“បាទ អរគុណលោកពូ”
សក្ដិសម្លឹងទៅកាន់ផែនខ្នងរបស់អ្នកម្ខាងទៀត គេមានអារម្មណ៍ថាសម្ដីរបស់ពូសណ្ដោសជាពាក្យកុហក គេមិនមែនជាមនុស្សក្មេងដែលមិនអាចដឹងថាពាក្យណាពិតឬមិនពិតឡើយ គ្រាន់តែគេមិនយល់ហេតុអ្វីគាត់ចាំបាច់ត្រូវមកកុហកខ្លួននោះ?
…
៣ខែក្រោយមក…
នៅមុខចេតិយ ដែលដាក់តំកល់ធាតុចំនួនពីរកោដិ និងដាក់តាំងរូបថតមនុស្សស្រីប្រុសមួយគូ អ្នកកំលោះម្នាក់ឈរក្នុងដៃកាន់បាច់ផ្កាស្រស់មួយបាច់ ឈរសម្លឹងទៅកាន់ពួកគេទាំងពីរ តំណក់ទឹកភ្នែកហូរស្រក់ចុះមកតក់ៗដោយមិនខ្លាចខ្មាសអៀនពីនរណាឡើយ…ម្នាក់នោះគឺជាសក្ដិ
“អ្នកម៉ាក់ លោកប៉ា…កូនសូមទោស”
សក្ដិ ជូតសម្អាតធូលីដីដែលជាប់ប្រឡាក់នៅលើរូបថតលោកទាំងពីរ រួចគេយកមកដាក់ឱបជាប់ទ្រូងរបស់ខ្លួនឯង
“អ្នកម៉ាក់ លោកប៉ា លោកទាំងពីរដឹងទេថា ខ្ញុំធ្លាប់បន្ទោសទេវតា ហេតុអ្វីផ្ដល់ជីវិតខ្ញុំឱ្យរស់រានមានជីវិតរួចហើយ ហេតុអ្វីគាត់ដាក់ទារុណកម្មជាមួយបេះដូងទន់ខ្សោយមួយនេះទៅវិញ? ប៉ុន្ដែពេលនេះ ខ្ញុំដឹងច្បាស់ណាស់ ខ្ញុំជាមនុស្សដែលសំណាងបំផុតដែលកើតមកជាកូនលោកទាំងពីរ…កូនពិតជាស្រលាញ់អ្នកម៉ាក់ លោកប៉ាខ្លាំងណាស់។ អ្នកម៉ាក់ កូនសន្យានឹងមើលថែរក្សាបេះដូងមួយនេះឱ្យបានល្អ…កូននឹងធ្វើជាមនុស្សរឹងមាំ រីករាយគ្រប់ពេលវេលា កូននឹងធ្វើវាបាន។ អ្នកម៉ាក់ លោកប៉ា តោះយើងត្រលប់ទៅផ្ទះរបស់យើងវិញ…”
និយាយរួច គេក៏យកកោដិធាតុរបស់អ្នកទាំងពីរ ដាក់ក្នុងឡាន រួចបរឡានចេញពីទីនោះទៅ៕
ចប់
កែសម្រួល តាកែវ, ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១