រឿង៖ ស្នេហ៍មិត្ត

ថ្ងៃនេះជាថ្ងៃបើកបវេសនកាលថ្មី ខ្ញុំនិងមិត្តភក្តិស្រីប៉ុន្មាននាក់ទៀតកំពុងតែឈរនិយាយគ្នានៅមាត់បង្អួច រង់ចាំយ៉ាងអន្ទះសារព្រោះចង់ដឹងថាគ្រូបន្ទុកថ្នាក់របស់យើងជានរណា? 

រំពេចនោះដែរពួកយើងស្រាប់តែឃើញមនុស្សប្រុសប្លែកមុខម្នាក់ ក្នុងឈុតជាឯកសណ្ឋានដូចពួកយើងដែរ រួចគេក៏បានដើរចូលទៅក្នុងទីចាត់ការសាលា។ គេនោះមានសម្បុរស ភ្នែកលឹប​ សក់ស្លូតត្រង់ មុខដូចកូនកាត់ចិន ខ្ញុំក៏បានសួរទៅកាន់មិត្តភក្តិខ្ញុំម្នាក់ៈ

“នីកាតើឯងមានដឹងដែរឬអត់ថាគេម្នាក់ចូលថ្មីនោះរៀនថ្នាក់ណា? បើតាមខ្ញុំគិតមើលទៅគេប្រហែលជារៀនថ្នាក់ទី១២ដូចយើងដែរហើយ។”

    “អូ! ប្រហែលហើយមើលទៅ! ហើយឯងសួរគ្នាមើលតែគ្នានឹងដឹងអ៊ីចឹង។” នីកា

“ស្មានតែឯងដឹងនឹងណា បើមិនដឹងក៏មិនអីដែរគ្នាគ្រាន់តែសួរលេងទេតើព្រោះគ្នា

ឃើញឯងសម្លឹងមើលគេមិនដាក់ភ្នែកសោះ!” 

    ខ្ញុំនិយាយទាំងញញឹមដើម្បីចំអន់មិត្តក្បាលខូចម្នាក់នោះ ព្រោះតែមានប្រុសស្អាតប្លែកៗមុខគឺមិនដែលរំលងភ្នែកគេម្តងណាទេ ទាស់ត្រង់ថា ម្នាក់នេះខ្ញុំបានឃើញមុន។

“កញ្ញារ៉ាទីជើងល្អ ដូចជាពន្លើសពេកទេដឹង?​ យ៉ាប់ណាស់ត្រូវពីរបីដៃរបស់យើងឥឡូវនឹងឯង” នាងល្អិតប្រឹងធ្វើម្ញិម្ញក់ណាស់ បើមិនស្គាល់គេច្បាស់ស្មានថាពួកយើងរាប់អានគ្នាបានយូយ៉ាងនេះ។ 

“គ្នាគ្រាន់តែប្រាប់ទេណា ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងនៃសិស្សថ្នាក់ទី១២ផងអ៊ីចឹងហើយបានគ្នាជួយរំឭកខ្លាចឯងភ្លេចរៀនគិតតែពីគេ តិចខឹងខ្ញុំទៅ?”

“ទេ​គ្នាមិនមានបំណងខឹងឯងឯណា​ គ្រាន់តែប៉ងយូរហើយ ហេគ្នានិយាយលេងតើមិត្តសម្លាញ់ចិត្តនីកា។”និយាយទាំងញញឹម

“ចុម​!ខ្ញុំខំតែភ័យ​ស្មានតែខឹងគ្នាមែនទែនទេតើ! និយាយអ៊ីចឹងគ្នាចូលទៅក្នុងថ្នាក់រៀនមុនហើយណា បាយ! បាយ!”

ខ្ញុក…លើកដៃលាហើយដូចខ្លួនឯងនឹងឡើងយន្តហោះ គ្រាន់តែដើរចូលថ្នាក់សោះ។ ខ្ញុំធ្វើមុខជ្រេញនីការហួសចិត្តនឹងគេពេក ហើយក៏បែរសម្លឹងទៅឃើញប្រុសម្នាក់នោះដើរចេញពីការិយាល័យជាមួយលោកគ្រូ។ ខ្ញុំថាមិនចង់មើលគេទេ តែភ្នែកមិនស្តាប់បញ្ជារ ស្តាប់មិនឮគេនិយាយអីផង ម៉េចក៏ភ្លឹកនឹងគេខ្លាំងម្លេះ? បើនីកាវាឃើញច្បាស់ថាខ្ញុំលួចស្រលាញ់គេទៅហើយ?

តាមថា…ខ្ញុំដូចជាចូលចិត្តគេមែនតើ មិនមែនទេ មិនមែនមកពីរូបរាងសង្ហារបស់គេទេ តែ…គឺមកពីចរិតម៉ឺងម៉ាត់ នឹងស្នាមញញឹមដ៏ស្រស់របស់គេទេតើ។ ហ៊ឹម….រវល់តែគិតរឿងគេម្នាក់ឯង លួចញញឹមនៅនឹង​ ចង់ភ្លេចម៉ោងចូលរៀនបាត់ទៅហើយខ្ញុំនេះពិតជាយ៉ាប់មែន។ អ! ​ថ្ងៃនេះដូចជាមិនបានឮកណ្តឹងរោទ៍«ប្រហែលជាដាច់ភ្លើងហើយមើលទៅ”រួចក៏បានទះកំភ្លៀងខ្លួនឯងមួយដៃ”យីវៃខ្លួនឯងសោះឈឺដែរ«ញញឹម»តាមពិតរវល់តែភ្លឹកខ្លួនឯងសោះទៅបន្ទោសថាដាច់ភ្លើង រួចក៏បានដើរចូលទៅក្នុងថ្នាក់។

តុខ្ញុំជាប់បង្អួច អង្គុយមិនបានប៉ុន្មានផង ក៏ឮសម្រឹបជើងអ្នកណាធ្ងន់ៗមកក្បែរ ដូចប្រហែលៗ? គ្មានខុសសោះ ថាលោកគ្រូ លោកគ្រូមែន។ គាត់បានចូលក្នុងថ្នាក់ដោយមិនស្មានថា មានគេម្នាក់នោះមកជាមួយ។

សិស្សនៅក្នុងថ្នាក់ទាំងអស់ព្រមទាំងខ្ញុំផងដែរក៏បានក្រោកឈរគោរពលោកគ្រូដោយក្តីគោរព រួចហើយលោកគ្រូក៏និយាយដោយមានទឹកមុខលាយឡំនឹងភាពស្រស់ស្រាយព្រមទាំងផ្តល់ក្តីស្រលាញ់ទៀតផងថាៈ

“លោកគ្រួពិតជារីរាយណាស់ដែលបានចួបមុខកូនៗ” លោកគ្រួញញឹមសម្លឹងមើលសិស្សគ្រប់គ្នា គាត់និយាយរូចខ្ញុំក៏ចាប់ផ្តើមគិតភ្លាម……

     “ច្បាស់ណាស់ម្នាក់ប្រុសនេះប្រាកដជារៀនថ្នាក់ជាមួយខ្ញុំ…” តែមិនមែនសប្បាយចិត្តទេ ខ្ញុំហាក់ភ័យចម្លែកទៅវិញ ទើបអង្គុយបន់ថា កុំអីលោក កុំអីលោកអើយ…

    ខ្ញុំធ្លាប់ឃើញច្រើនដែរហើយថា ពេលមានសិស្សថ្មីហើយគេមកណែនាំអីបែបនេះ គាប់ជួនក៏កើតឡើងរវាងទំនាក់ទំនងតួស្រីតួប្រុស តែថា…ខ្ញុំនឹងគេឬជាតួឯកស្រីប្រុស?

កំពុងតែគិតរញ៉េរញ៉ៃម្នាក់ឯងវែងឆ្ងាយហួសមេឃហួសដី ខ្ញុំបានឮលោកគ្រូពោលឡើង៖

“កូនៗទាំងអស់គ្នានេះគឺជាចាន់រិទ្ធដែលជាសិស្សថ្មីទើបនឹងផ្ទេរមកពីសាលាផ្សេង ដូច្នេះកូនៗទាំងអស់គ្នាជួយណែនាំផងណា រៀនថ្នាក់ជាមួយគ្នាត្រូវតែចេះស្រលាញ់គ្នាដូចបងប្អូនរបស់យើងអ៊ីចឹងដែរ លោកគ្រូហាមណាសូមកូនៗកុំឈ្លោះប្រកែកគ្នាឱ្យសោះ តើឮដែរទេកូនៗ?”

“បាទ/ចាស៎​​ លោកគ្រូ” មិត្តរួមថ្នាក់ឆ្លើយ

រយៈពេលបួនម៉ោងក្រោយ វេលាម៉ោង១១គេឯងមួយចំនួននោះរៀបចំអីវ៉ាន់រៀងៗខ្លូនដើម្បីទៅផ្ទះ ចំណែកខ្ញុំវិញទៅរៀនម៉ោងសិក្សារបន្ថែមដោយមិនបានហូបបាយថ្ងៃត្រង់មួយមាត់។ ណាស់ហើយអត់បាយប៉ុណ្ណឹងក៏មិនស្លាប់ដែរ ទៅដល់ផ្ទះចាំហូបក៏វាមិនថ្វីដែរ។ទៅដល់ថ្នាក់រៀនគួរខ្ញុំអង្គុយតុម្នាក់ឯងតាមទម្លាប់ ព្រោះនីកាមិត្តជើងល្អរបស់ខ្ញុំ ពេលខ្លះក៏បានរៀនពេលខ្លះក៏អត់ ហើយបើមកក៏គេមានអ្នកអង្គុយក្បែរដែរ លើកលែងតែខ្ញុំប៉ុណ្ណោះ។​​ អង្គុយម្នាក់ឯងអ៊ីចឹង តិចប្រុសម្នាក់នោះមកសុំអង្គុយដែរទៅ?

ខ្ញុំនិយាយក្នុងចិត្ត តែស្រាប់តែសើចឮខ្លាំងធ្វើឱ្យអ្នកគ្រប់គ្នាមើលមុខខ្ញុំស្លឺ។ ខ្ញុំអៀនពួកគេហើយឱនមុខចុះ ទម្រាំតែផុតម៉ោងរៀន ខ្ញុំគ្មានបាននិយាយអីមួយម៉ាត់។ ម្យ៉ាងខ្មាស់គេផង ឯពោះចង្រៃនេះវាកូមិនឈប់ទៀត គ្មានបានសួរគ្រូទេ អង្គុយស្តាប់ដូចអ្នកណាអ៊ីចឹង អត់ចេះអីបន្តិច។ 

​ខ្ញុំពិតជាឃ្លានបាយខ្លាំងណាស់សឹងតែទ្រាំលែងបាន ទៅដល់ផ្ទះភ្លាមខ្ញុំស្ទុះស្ទារប្តូរសម្លៀកបំពាក់នៅក្នុងបន្ទប់រួចក៏ទៅហូបបាយដល់ដំណាក់កាលមួយដែលគេហៅថាទ្រាំលែងបានហើយហូបរូចបានចាប់កាន់ទូរស័ព្ទប្រហែលកន្លះម៉ោង ហើយបានទៅមើលមេរៀនបន្ថែម។ ខ្ញុំល្មោភហូបណាស់ អ៊ីចឹងហើយទើបដល់ម៉ោងមិនទាន់ឃ្លានសឹងដាច់ក្រពះខុសគេខុសឯង អ្នកដែលបានមើលមាត់ខ្ញុំហូប ទោះមិនបានពាល់ក៏ឆ្អែលជំនួសដែរ គ្រប់គ្នាសឹងតែដាក់ងារខ្ញុំថា យាយជ្រូក។

    កន្លងទៅមួយសប្តាហ៍ក្រោយមកបុរសង្ហាររាយមន្តស្នេហ៍ម្នាក់នោះដែលមានឈ្មោះថាចាន់រិទ្ធអីគេនោះប្លែកៗម៉េចមិនដឹង សុខៗតាមមើលមុខខ្ញុំចម្លែក ហើយនៅមិននៅបែរទៅសួរមិត្តរួមថ្នាក់ថា៖ 

    “ម៉េចបានរ៉ាទីដូចមិនសូវចង់និយាយស្តីរកខ្ញុំអ៊ីចឹង?”

    ខ្ញុំសឹងឈ្លក់បាយពេលឮពួកគេនិយាយប្រាប់។ ខ្ញុំទេ ដែលថាហាក់បញ្ចេញកែវភ្នែក ឬទឹកមុខអៀនអន់ ឬអាចថាជ្រួលជ្រើមពេលឃើញគេដំបូង ដេកនឹកមិនដល់សោះតែម្តងដែលគេបែរជាសួរសំណួរនេះទៅកើតនោះ។

    ខ្ញុំចង់ញញឹមបន្តិចអីបន្តិច នឹកគិតដល់ថាខ្លួនឯងតិចក្លាយជាតួឯកស្រីមែនទែនទៅ?

    “មិនមែនរ៉ាទីឯងទេ!”

    ខ្ញុំធ្លាក់ថ្លើមក្តុកងាកសម្លឹងមើលមហាមិត្តដើរមកអង្គុយក្បែរធ្វើមុខស្អុយ។ ពិតមែនហើយខ្ញុំភ្លេចទៅថា ថ្នាក់រៀនយើងមានសិស្សស្រីឈ្មោះរ៉ាទីដល់ទៅពីរនាក់ ម្នាក់គឺខ្ញុំ ឯម្នាក់ទៀតដែលគេនិយាយគឺមិនមែនខ្ញុំ។ រ៉ាទីជាមនុស្សម្នាក់ដែលមិនសូវចេះនិយាយស្តីអ្វីច្រើននោះទេ ទាល់តែនាងមានការអីបាននាងនិយាយ នាងមកសាលាគឺនាងខិតខំរៀនជាខ្លាំង តាំងពីថ្នាក់ទី៧ដល់ថ្នាក់ទី១២គឺនាងតែងតែទទួលបានចំណាត់ថ្នាក់លេខ១ឬលេខ២ជារៀងរាល់ខែរៀងរាល់ឆ្នាំ បើនិយាយពីរឿងមិត្តភក្តិវិញគឺនាងស្និទ្ធិតែម្នាក់ទេនោះគឺនីកា នាងជាមិត្តនីកា តែហាក់មិនស្និទ្ធិនឹងខ្ញុំដែលជាមិត្តនីកាទេ។

ពិតហើយ រ៉ាទីគេនោះជាស្រីស្អាត ហើយរៀនពូកែ ខុសឆ្ងាយពីរ៉ាទីខ្ញុំប៉ិនខាងញ៉ាំចំណែកឯបុរសសង្ហារដែលមានឈ្មោះថាចាន់រិទ្ធយើងវិញ គេជាប្រុសសង្ហា ហើយក៏ជាមនុស្សម្នាក់ចូលចិត្តរៀនមិនចេះលេងGameដូចមិត្តប្រុសៗក្នុងថ្នាក់ហើយក៏មិនសូវចេះមាត់ចេះកអ្វីច្រើនដែរ ចូលចិត្តភាពស្ងៀមស្ងាត់ រៀងរាល់ពេលទំនេរគេតែងតែអង្គុយនៅលើបង់ក្រោមម្លប់ឈើយ៉ាងត្រជាក់ដើម្បីមើលមេរៀននឹងអនុវត្តលំហាត់ផ្សេងៗ គេមិនដែលទុកពេលទំនេរចោលឥតប្រយោជន៍នោះទេ។

ខ្ញុំញញឹមលេងសើចនឹងពួកគេដែលនៅបន្តយករ៉ាទីគេ នឹងប្រុសនោះជាប្រធានបទ។ មិនប៉ុន្មាននីកាក៏ក្រោកដើរចេញពេលឃើញរ៉ាទីមកហៅ។ ខ្ញុំតាមសម្លឹងមើលទៅពួកគេមិនដាក់ភ្នែក ចិត្តរវើរវាយរបស់ខ្ញុំចេះតែគិតច្របល់ឡើងមិនឈប់។

រ៉ាទីជាមិត្តសម្លាញ់ស្និទ្ធិស្នាលរបស់នីកា ឯខ្ញុំក៏ជាមិត្តនីកា ខ្ញុំចាត់ទុកគេជាមិត្តសម្លាញ់តែម្នាក់ តែម៉េចក៏រ៉ាទីគេ នឹងរ៉ាទីខ្ញុំមិនអាចជាមិត្តសម្លាញ់នឹងគ្នា?

មិនចម្លែកទេមែនអត់ដែលថាខ្ញុំម៉េចក៏អង្គុយតុផ្សេងពីនីកា? ពួកគេមើលមកឃើញខ្ញុំស្និទ្ធិនឹងគ្នាណាស់ អាចថាពេលខ្លះទៅណាខ្វះគ្នាមិនបាន តែអត់ទេ គេខ្វះខ្ញុំបាន តែគេមិនអាចខ្វះរ៉ាទីស្រីស្អាតនោះទេ។

ខ្ញុំក៏រកមិនឃើញថាហេតុអីដូចគ្នា ឬមួយមកពីខ្ញុំជាមនុស្សដាច់ឆ្ងាយពីគេដែលចូលចិត្តម្នាក់ឯងៗ មិនសូវបានកំដរនីកា? មែនតើ មានតែរ៉ាទីទេដែលនៅក្បែរនីកាគ្រប់ពេល នីកាចង់ទៅណា ចង់បានអី គេកំដរទៅជានិច្ច ឯខ្ញុំ ពេលខ្លះរកពេលសម្រាកមិនបានផង ម្លោះហើយ ទើបខ្ញុំមិនអាចជាមិត្តម្នាក់ដែលនីកាខ្វះមិនបាន។

ពេលខ្លះខ្ញុំអន់ចិត្តតែពេលខ្លះខ្ញុំគិតថា បើយើងមិនបានផ្តល់ក្តីស្រលាញ់ឱ្យគេផង ចាំបាច់ទាមទារពីគេច្រើនធ្វើអី? បើគេនៅក្បែរអ្នកណាមានក្តីសុខ ឬសប្បាយចិត្ត ក៏បណ្តោយទៅ យើងធ្វើមិនបាន មកពីយើងទេតើ។

ធ្មិចបើកៗឆមាសក៏ជិតមកដល់ហើយ ខ្ញុំនឹងនីកា កាន់តែឆ្ងាយទៅៗ ព្រោះគេមានឱកាសដើរជាមួយរ៉ាទី នឹងម្នាក់ប្រុសនោះ តែខ្ញុំដែលឃើញគេចេះតែអៀន ម៉េចនឹងអាចដើរចូលគេបាន ហើយម្យ៉ាងគេក៏មិនបានហៅខ្ញុំផង។ 

ខ្ញុំចូលទៅអង្គុយអានសៀវភៅនៅបណ្ណាល័យ ព្រោះមិនចង់ឮរឿងជាច្រើនដែលស្តាប់ទៅហើយរំខានត្រចៀក។ មិនស្មានថា នីកា នឹងរ៉ាទីក៏មកដល់ដែរ។

“ហី! មកលាក់ខ្លួនអីម្នាក់ឯងនៅនឹង? ចឹងតើបានជាមិនឃើញក្នុងថ្នាក់”

រ៉ាទីដើរទៅអង្គុយឆ្ងាយពីខ្ញុំ។ ខ្ញុំងាកមើលមុខនីកាប្រុងថាហៅនាងឱ្យអង្គុយជាមួយដើម្បីពិភាក្សារឿងខ្លះ តែមិនស្មានថានាងស្រាប់តែនិយាយឡើង៖

“គ្នាទៅអង្គុយខាងនោះហើយណា!”

ខ្ញុំគ្រាន់តែងក់ក្បាលហើយអង្គុយអានសៀវភៅបន្តធ្វើដូចគ្មានប៉ះពាល់អារម្មណ៍អ្វី។ នីកាដើរទៅអង្គុយជាមួយរ៉ាទី ពេលនោះចាន់រិទ្ធក៏បានដើរមកដល់។ គេអត់មានបានធ្វើអីខ្ញុំទេ តែម៉េចក៏បេះដូងវាចេះតែលោតខ្លាំងទៅៗ ឯញើសក៏ចាប់ផ្តើមហូរសស្រាក់ដូចបន្ទប់គ្មានខ្យល់ចេញចូលសោះ។ 

ដំបូងខ្ញុំគិតថាចង់ដើរចេញដោយមិនរំខានពួកគេសាសងគ្នា តែដឹងអីចិត្តចង់ដឹងរឿងគេក៏អនុញ្ញាតឱ្យខ្ញុំអង្គុយស្តាប់ដោយយកសៀវភៅបាំងមុខជិតមិនចង់ឱ្យគេឃើញ។

“ទៅហូបអីជាមួយគ្នាដែរអត់រ៉ាទី?”

គេច្បាស់ចាប់អារម្មណ៍ពីគ្នាពិតហើយ តែអ្វីដែលធ្វើឱ្យខ្ញុំហឹងស្លឹកត្រចៀកព្រោះមិនស្មានថាមនុស្សស្រីមិនចេះមាត់កដូចរ៉ាទីគេនោះស្រាប់តែសួរទៅចាន់រិទ្ធថា៖

“បបួលរ៉ាទីម្នាក់ណាទៅចាន់រិទ្ធ?”

“គឺរ៉ាទីស្រីស្អាត!”

ព្រោះខ្ញុំរវល់យកសៀវភៅបាំងមុខទើបមិនដឹងថាពេលនោះពួកគេមានទឹកមុខបែបណា? នីកាដែលបានឮមានងាកមកមើលខ្ញុំដែរអត់? ហើយចាន់រិទ្ធនោះពេលចូលមកមានបានឃើញខ្ញុំទេ? ឬម្នាក់ៗប្រឹងនិយាយដើម្បីគ្រាន់តែចង់ប្រាប់ថា ខ្ញុំមិនមែនជាស្រីស្អាត?

ខ្ញុំនៅស្ងៀមទ្រឹងដូចរូបចម្លាក់ ហើយក៏ឮសូរសម្រឹបជើងពួកគេដើរទៅទើបបណ្តោយឱ្យដៃដែលអស់កម្លាំងខ្លួនឯងទម្លាក់សៀវភៅចេញពីមុខម្តងបន្តិចៗ ខ្ញុំនឹកមិនដល់ថាបានឮពាក្យបែបនេះ ទឹកភ្នែកមួយដំណក់វាស្រក់មកដោយមិនដឹងខ្លួន។

ការពិតតួឯកស្រីដែលនឹងត្រូវជាគូរនឹងប្រុសសង្ហាដែលទើបមកដល់ គឺរ៉ាទី តែជារ៉ាទីគេ មិនមែនខ្ញុំ។ ដំណើររឿងសោះកក្រោះរបស់ពួកគេប្រែក្លាយជាផ្អែមល្ហែម តែស្នេហាមិត្តដែលខ្ញុំមានទៅឱ្យនីកា ក៏ហាក់ត្រូវបញ្ចប់…

ខ្ញុំមិនខ្វល់ពីអ្នកណា គិតតែពីខំប្រឹងរៀនដើម្បីប្រឡងបានពិន្ទុល្អ ខ្ញុំមិនស្អាត តែខ្ញុំមិនបណ្តោយឱ្យចិត្តនឹងចរិយាខ្លួនឯងកខ្វក់ឡើយ៕