វគ្គ១៖កុមារភាព
ព្រះអាទិត្យបានបញ្ចេញរស្មីនាខែចេត្រយ៉ាងឈួលងំ មានពណ៌ក្រហមឆ្អៅ ប្រៀបដូចទឹកក្ដៅដែលកំពុងពុះនៅលើចង្រ្កាន។ វាបានជះកម្ដៅចុះមកក្រោមត្រង់ ឆ្ពោះចំខ្លួនខ្ញុំ បណ្ដាលឱ្យរាងកាយរបស់ខ្ញុំទាំងមូលជ្រាបចេញនូវសារធាតុរាវលាន់ឮច្រោកៗ រួចធ្លាយមកប៉ះនឹងអាវដ៏កញ្ចាស់ដែលខ្ញុំពាក់នៅលើខ្លួន បង្កើតឱ្យមានក្លិនផ្អួរធុំម្ហេះៗ។ ទោះបីជាអរុណខំប្រឹងជះកម្ដៅមកប្រឆាំងនឹងរូបកាយរបស់ខ្ញុំយ៉ាងណាក៏ដោយ ក៏មិនឈ្នះនូវវ័យកុមារភាពដែលចង់សប្បាយរីករាយរបស់ខ្ញុំដែរ។
សំឡេងស្រែកហៅប្រកបដោយកំហឹងបានរត់ចូលមកប៉ះនឹងស្លឹកត្រចៀករបស់ខ្ញុំ ខណៈដែលខ្ញុំកំពុងតែជីកដីឥដ្ឋមកលាយជាមួយទឹករួចសូនធ្វើរូបផ្សេងៗទៅតាមការនឹកឃើញរបស់ខ្ញុំ។ ខ្ញុំមិនចាប់អារម្មណ៍នឹងសំឡេងនោះទេ ព្រោះខ្ញុំកំពុងតែលង់លេងជាមួយមិត្ដភិក្ដផ្ទុះសំណើចសើចក្អាកក្អាយយ៉ាងទ្រហឹង។ ខ្ញុំវក់លេងល្បែងកម្សាន្ដទាំងនោះរហូតដល់ភ្លេចបាយភ្លេចទឹក បណ្ដាលឱ្យខ្ញុំក្លាយជាក្មេងម្នាក់ដែលមានមាឌតូចល្អិត ខ្មៅ មិនសមនឹងអាយុទាល់តែសោះ។ ទោះជាមានការហាមឃាត់ពីម្ដាយយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែលួចរត់ លួចគេចមកលេងសូនដីឥដ្ឋជាមួយមិត្ដរបស់ខ្ញុំដែរ។ មិនថាមេឃកំពុងតែបើកថ្ងៃក្ដៅហេងប៉ុណ្ណាទេ ក៏មិនអាចបន្ទន់ចិត្ដខ្ញុំឱ្យឈប់ប្រមូលគ្នីគ្នាលេងបែបនេះបានដែរ។ ដោយសារតែភាពចង់សប្បាយរបស់ខ្ញុំនេះហើយ វាធ្វើឱ្យខ្ញុំមិនខ្វល់ មិនស្ដាប់នរណាទាំងអស់។
លុះមួយសន្ទុះក្រោយមក សំឡេងស្ដីបន្ទោសទាំងកំហឹងនោះវាបានធ្វើឱ្យខ្ញុំឮកាន់តែច្បាស់ឡើងៗនៅពីក្រោយខ្នងខ្ញុំ។ បន្ទាប់មកស៊ែមមិត្ដខ្ញុំក៏បានឃើញស្រ្ដីវ័យចំណាស់ម្នាក់កាន់រំពាត់មួយតូចល្មមសំដៅមកខ្ញុំ៖
– អាធីៗ! ម្ដាយអ្ហែងមកហើយ។
ខ្ញុំក្រឡេកទៅរកគាត់ភ្លាម រួចក្រោកឈររត់យ៉ាងរហ័សព័ទ្ធជុំវិញដំបូក។ ឯម្ដាយខ្ញុំស្ដីឱ្យផងកាន់រំពាត់តាមវាយខ្ញុំផង។
– លោកកូនឯងនេះពិតជាកូនល្អណាស់! ម៉ែហៅឱ្យមកហូបបាយបួនដប់ដងហើយមិនខ្ចីឮទេ។ (គាត់និយាយបញ្ជោះខ្ញុំ)។
– តែកូនមិនឃ្លានទេ!
– ចុះម្ដ៉េចបានជាឯងមិនឆ្លើយមួយម៉ាត់មក! អ្ហែងនេះ! មួយថ្ងៃៗលេងភ្លេចបាយភ្លេចទឹកអស់ហើយ។
– តែកូនមិនមែនលេងនៅទីនេះរហូតឯណា។
– តែអ្ហែងគួរតែរកទឹករកបាយស៊ីខ្លះដែរ មិនមែនវក់តែលេងបែបនេះទេ!
– បើកូនឃ្លានកូនទៅហូបហើយ មិនចាំបាច់ម៉ែមកក៏បានដែរ ។
ពេលម្ដាយខ្ញុំឮសម្ដីខ្ញុំនិយាយតបទៅគាត់មិនដាច់ពីមាត់បែបនេះ ធ្វើឱ្យគាត់ខឹងនឹងខ្ញុំយ៉ាងខ្លាំង៖
– អ្ហែងមើលថ្ងៃទៅមើល ថ្ងៃបើកឡើងចង់ផ្ទុះខួរទៅហើយ តែអ្ហែងនៅតែទ្រាំលេងហាលក្ដៅ នែ៎! ចាំមើលឱ្យតែឯងឈឺអញមិនមើលទេ!
– ម៉ែរអ៊ូច្រើនម្ល៉េះ កូនមិនមែនកូនង៉ាឯណា កូនអាយុ៨ឆ្នាំហើយទេតើ។
– យី! អាកូននេះ! មើលវានិយាយចុះ។
និយាយរួច ជើងរបស់គាត់មិនបង្អង់ក៏ឈានទៅមុខប្រុងលើករំពាត់វាយខ្ញុំ តែសំណាងខ្ញុំងើបឈរ រួចរត់គេចទាន់ ហេតុតែខ្ញុំជាក្មេងមិនស្គាល់គុណទោស ល្អអាក្រក់ ខ្ញុំរត់ផងនិយាយបញ្ឃឺគាត់ផង៖
– ហាសហាយ! ដេញមកៗ។
ថាហើយខ្ញុំក៏ឆ្លៀតបែរខ្នងលាតអណ្ដាតដាក់គាត់ទៀត ធ្វើឱ្យកំហឹងរបស់គាត់ខឹងកាន់តែខ្លាំងឡើងៗ៖
– អាកូនចង្រៃ! ចាំមើលតែអញចាប់បានវាយឱ្យបាក់ជើងតែម្ដង!
– ហាសហាយ! ចាប់ទៅឱ្យតែម៉ែចាប់កូនបាន កូននឹងនៅស្ងៀមឱ្យម៉ែវាយ។
ពេលនោះ ខ្ញុំកំពុងតែរត់ៗស្រាប់តែបុកដុំថ្មចំពប់ជើងដួលបណ្ដាលឱ្យខ្ញុំផ្កាប់មុខទៅនឹងដី ឆែបច្រមុះចេញឈាមយ៉ាងច្រើន។ ចំណែកម្ដាយខ្ញុំឃើញបែបនោះហើយ គាត់ភ័យយ៉ាងខ្លាំង ក៏លើកបីខ្ញុំសំដៅទៅផ្ទះ គាត់យំផង ស្រែកហៅឪពុកខ្ញុំផង។ ឪពុកខ្ញុំគ្រាន់តែក្រឡេកឃើញបែបនោះ គាត់ក៏ស្ទុះរត់សំដៅមក។ ខណៈពេលដែលកំពុងរត់នោះ គាត់បានប្រឡេះឡេវអាវរួចដោះអាវចេញ ដើម្បីយកមកជូតឈាមដែលកំពុងហូរឱ្យស្រឡះ គាត់ជូតបណ្ដើរស្ដីឱ្យខ្ញុំបណ្ដើរ៖
– ទៅត្រូវនឹងអ្វីបានជាក្លាយទៅជាបែបនេះ?
ម្ដាយខ្ញុំមិនបង្អង់ក៏តបទៅឪពុកខ្ញុំថា៖
– មកពីធីរត់លឿនពេក មិនមើលមុខមើលក្រោយទើបចំពប់ដុំថ្មដួលផ្ដាប់មុខ ហើយខ្ញុំចាប់គេមិនទាន់។
ឪពុកខ្ញុំនិយាយបន្ដ៖
– នេះហើយ លទ្ធផលមិនស្ដាប់ម៉ែឪ រត់មិនមើលមុខក្រោយ ឱ្យវារាង!
ហេតុតែខ្ញុំនៅក្មេងមិនដឹងអ្វី ក៏កាន់តែខឹងនឹងឪពុកខ្ញុំបន្ថែម រួចនិយាយថា៖
– កូនហូរឈាមប៉ុហ្នឹងហើយ ពុកនៅបន្ទោសឱ្យទៀត ចុះទម្រាំបាក់ជើងទាំងសងខាង មិនដឹងជាពុកស្ដីបន្ទោសកូនខ្លាំងប៉ុណ្ណាទេ។
ពូសម្បត្ដិជាឪពុកខ្ញុំក៏តបទៅវិញភ្លាម៖
– នេះវាសមមុខឯងហើយដែលជាក្មេងឈ្លើយ ព្រហើនបែបនេះ។
– បានហើយឪវា ឈប់បន្ទោសកូនទៀតទៅ។ ហើយកូនឈឺខ្លាំងទេ?
– មិនអីទេ ឈឺប៉ុហ្នឹងៗ កូនអាចទ្រាំបាន។
ឪពុករបស់ខ្ញុំតបដោយសំឡេងធម្មតាវិញ៖
– រួចរាល់ហើយ ឯងទៅសម្រាកសិនទៅ ថ្ងៃមុខថ្ងៃក្រោយត្រូវប្រយ័ត្នផង។
និយាយរួចខ្ញុំក៏ទៅដេកក្នុងអង្រឹងនៅឯក្រោមផ្ទះ ទឹកមុខរបស់ខ្ញុំហាក់បីដូចជាធុញថប់នឹងការស្ដីបន្ទោសរបស់ឪពុកណាស់។
មិនរាងចាល…
ដុំថ្មធ្លាក់ពីលើភ្នំចូលក្នុងជ្រោះ ហូរកាត់គ្មានស្រណោះ បោះពួយទៅតាមខ្សែទឹក សុខចិត្ដធ្លាក់ចុះមិនលែងដៃ រឹងមាំគ្មានថ្ងៃនឹងប្រេះឡើយ។ ប្រៀបនឹងចិត្ដខ្ញុំរឹងដូចជាថ្ម ចិត្ដចង់លម្អសម្រាប់តែខ្លួនឯង អាណិតចិត្ដម៉ែពេលឃើញកូនខុស ម៉ែខំបណ្ដុះឱ្យកូនដើរត្រូវវិញ ពេលខ្លះម៉ែខឹងម៉ែស្រែកមិនចេញ ចំណែកខ្ញុំវិញគិតខ្លីថាម៉ែបិតសិទ្ធ។
ភាពរឹងក្បាលរបស់ខ្ញុំធ្វើឱ្យឪពុកម្ដាយខ្ញុំពិបាកចិត្ដយ៉ាងខ្លាំង ចាប់តាំងពីរបួសច្រមុះរបស់ខ្ញុំជាលែងឈឺមក ខ្ញុំនៅតែមិនបោះបង់ចោលនូវសកម្មភាពចាស់ៗដែលធ្លាប់បានធ្វើពីមុនដដែល ពេលមកពីសាលាដល់ផ្ទះមិនទាន់ទេ ទម្លាក់កាតាបចុះ ដោះសម្លៀកបំពាក់ទុកយ៉ាងប្រញាប់ រួចចុះដើរសំដៅទៅផ្ទះស៊ែមដោយមិនរវល់នឹងបាយទឹកបន្ដិចឡើយ។ ចំណែកម្ដាយខ្ញុំឃើញខ្ញុំប្រុងនឹងចេញពីផ្ទះយ៉ាងប្រញាប់បែបនេះ គាត់ក៏សួរ៖
«ធី! កូនទៅណា?»
«ខ្ញុំចង់ទៅលេងជាមួយស៊ែមនៅឯចុងភូមិ»។
«ឯងទៅទីនោះរហូត ល្មមឈប់ទៅហើយ គិតមកហូបបាយទឹកសិនទៅ។ នែ៎! ទៅទីនោះឆ្ងាយណាស់ ហើយក្ដៅខ្លាំងណាស់ បើកូននៅតែទៅលេងទៀតម៉ែខ្លាចកូនឈឺណា៎!»។
«ត្រូវហើយ នៅទីនោះមានមនុស្សច្រើនណាស់ តែចំពោះកូនគិតថាមានមនុស្សច្រើនកាលណាសប្បាយលេងកាលហ្នឹង»។
«ទេកូន! អាមនុស្សច្រើនហ្នឹងហើយ វាធ្វើឱ្យយើងពិបាក បើកាលណាគេមិនចូលចិត្ដកូនគេប្រមូលគ្នាវាយកូន។ នែ៎ មិនត្រឹមតែប៉ុណ្ណោះទេ ជួនកាលរបស់ដែលកូនលេងអាចនឹងមាន ពពួកវីរុស មេរោគនៅជាប់ក៏ថាបាន ព្រោះឯងនេះលេងមិនដឹងស្អីទេ ដឹងតែពីសប្បាយមួយមុខប៉ុណ្ណោះ»។
«ម៉ែចេះតែស្មានៗហើយ វាមិនដល់ថ្នាក់ហ្នឹងទេ»។
«យី! នរណាមើលឃើញ ជំងឺអាសន្នរោគឥឡូវឆ្លងសាហាវណាស់»។
«កូនមិនងាយឆ្លងទេម៉ែ ព្រោះរាងកាយរបស់កូនរឹងមាំណាស់»។
«ឯងនេះ! លើកណាក៏និយាយបែបហ្នឹងដែរ។ ឥឡូវហូបបាយឱ្យរួចសិនទៅ ហើយចាំទៅលេង មើលខ្លួនឯងទៅមើល ស្គមណាស់រាល់ថ្ងៃនេះ»។
«អត់ទេ! ពួកហ្នឹងចាំកូន កូនទៅសិនហើយម៉ែ ល្ងាចកូនមកវិញហើយ»។
«ធីៗ! »
ម្ដាយខ្ញុំមុខស្រពោន ព្រោះតែចិត្ដរបស់ខ្ញុំចចេសក្បាលរឹង ម្ដាយនិយាយហាមឃាត់ ខ្ញុំបែរតមាត់មិនដាច់មួយម៉ាត់។ ឯពុកនៅឆ្ងាយឃ្លាតកាយរកប្រាក់ រៀបចំទុកដាក់ផ្គត់ផ្គង់ជីវិត។
ខ្ញុំលេងបានមួយសន្ទុះក្រោយមក មានអារម្មណ៍ថាអស់កម្លាំង ឈឺក្បាល និងវិលមុខជាខ្លាំង ធ្វើឱ្យខ្ញុំស្រវាំងភ្នែកមើលនរណាមិនឃើញសោះ ស៊ែមឃើញបែបនោះក៏ខំហៅខ្ញុំទាំងភិតភ័យ៖
– អាធីៗ!…ឯងយ៉ាងម៉េចទៅហើយ?
ខ្ញុំយកដៃប៉ះក្បាលធ្វើភ្នែកព្រឹមៗ រួចនិយាយទៅកាន់ស៊ែមថា៖
– ស៊ែម គ្នាវិលមុខខ្លាំងណាស់ ហើយឈឺក្បាលខ្ទោកៗតែម្ដង។
និយាយរួចខ្ញុំក៏សន្លប់ស្ងាត់មាត់ឈឹង ស៊ែម និងមិត្ដដទៃទៀតស្លន់ស្លោជាខ្លាំង បន្ទាប់មកស៊ែមក៏រត់ទៅផ្ទះខ្ញុំដើម្បីប្រាប់ម្ដាយរបស់ខ្ញុំ៖
– មីងរតនៈៗ ធីសន្លប់ស្ដឹងមិនដឹងជាវាកើតអ្វីទេ។
ម្ដាយខ្ញុំនៅពេលដែលបានឮបែបនោះហើយ ក៏រត់ទៅយ៉ាងលឿន ក្នុងចិត្ដព្រួយបារម្ភពីខ្ញុំដែលជាកូនយ៉ាងខ្លាំង ទើបបណ្ដាលឱ្យទឹកភ្នែករបស់គាត់ស្រក់ហូរនៅពេលដែលបានឮដំណឹងមួយនេះ។
– ធីៗ… កូនយ៉ាងម៉េចហើយ ងើបឡើងកូន!…
ម្ដាយខ្ញុំបានលើកខ្ញុំបីយកទៅមន្ទីរពេទ្យយ៉ាងប្រញាប់បំផុត ព្រោះខ្លាចមិនទាន់ពេលវេលា។ នៅពេលល្ងាចឪពុកខ្ញុំក៏មកពីកាប់អុសវិញក៏ម្នីម្នាសំដៅទៅមន្ទីរពេទ្យដើម្បីមើលខ្ញុំ គាត់បានបន្ទោសម្ដាយខ្ញុំយ៉ាងខ្លាំងដែលបណ្ដោយឱ្យខ្ញុំទៅជាបែបនេះ៖
– ឯងចិញ្ចឹមកូនយ៉ាងម៉េចទើបបណ្ដោយឱ្យកូនក្លាយជាបែបនេះ?
– ពុកវាឯងដឹងហើយថាកូនយើងមានចរិតបែបណានោះ ខ្ញុំហាមវាមិនឱ្យទៅទីហ្នឹងទេ តែវានៅតែចចេសរឹងចង់ទៅ។
– តែម៉ែវាឯងមិនគួរបណ្ដោយធីឱ្យបែបនេះទេ!
និយាយរួច អ្នកគ្រូពេទ្យក៏ចេញមកពីបន្ទប់សង្រ្គោះ ម្ដាយខ្ញុំក៏ក្រោកទៅចាប់ដៃអ្នកគ្រូពេទ្យរួចសួរ៖
– អ្នកគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចហើយ?
– ចាស! គេមានជំងឺរោគនៅក្នុងក្រពះពោះវៀនដែលស្ថិតក្នុងដំណាក់កាលធ្ងន់ ហើយជំងឺនោះបណ្ដាលមកពីកូនអ្នកមិនចេះអនាម័យខ្លួនប្រាណ ទើបមេរោគមានឱកាសយ៉ាងច្រើនចូលទៅក្នុងក្រពះពោះវៀនធំ វាយលុកនូវរបបអាហារទាំងស្រុងរាល់ពេលដែលកូនអ្នកបរិភោគ។ ទាំងនេះហើយទើបធ្វើឱ្យកូនអ្នកមានរាងកាយមិនធំលូតលាស់។ ឥឡូវនេះសុខភាពរបស់គេខ្សោយណាស់ ស្គមសល់តែសំបកខ្លួនទេ។កូនអ្នកត្រូវគេងបែបនេះរយៈពេល៧ថ្ងៃ។
ឪពុកខ្ញុំក៏សួរអ្នកគ្រូពេទ្យបន្ថែម៖
– តើអាចប្រឈមនឹងការគ្រោះថ្នាក់ដល់ជីវិតទេអ្នកគ្រូពេទ្យ?
– ចាស! បើករណីដាក់ខ្យល់អុកស៊ីសែនបែបនេះអស់រយៈពេល៧ថ្ងៃនៅតែមិនដឹងខ្លួនទេ អ្នកទាំងពីរត្រូវតែធ្វើចិត្ដ។
ម្ដាយខ្ញុំទន់ដៃជើងយ៉ាងខ្លាំង នៅពេលដែលអ្នកគ្រូពេទ្យនិយាយបែបនេះ គាត់ឆ្លើយទាំងសំឡេងញ័រ៖
– ចាស! អរគុណអ្នកគ្រូពេទ្យ។
– ចាស មិនអីទេ អ្នកទាំងពីរអាចចូលទៅមើលអ្នកជំងឺបានហើយ។ ខ្ញុំជម្រាបលាសិនហើយ។
– បាទៗ! អរគុណអ្នកគ្រូពេទ្យម្ដងទៀត។
សុបិនចម្លែក…
បាយមិននឹកទឹកមិនឃ្លាន ម្ដាយខ្ញុំអង្គុយកាន់ដៃរបស់ខ្ញុំ រង់ចាំខ្ញុំដឹងខ្លួនហាមាត់និយាយតមាត់ជាមួយគាត់វិញ។ ទឹកភ្នែកម្ដាយខ្ញុំបានរសាត់ចេញពីកែវភ្នែកស្រក់លើផែនថ្ពាល់ ហូរកាត់ជ្រែកចុះមកក្រោមដក់នឹងកាយ មិនដឹងពេលណាខ្ញុំវាចាមកគាត់វិញទេ។
ក្នុងអំឡុងពេលខ្ញុំសន្លប់ ព្រលឹងរបស់ខ្ញុំដើរចូលទៅក្នុងហេតុការណ៍មួយដែលធ្វើឱ្យខ្ញុំហាក់បីដូចជាចូលក្នុងភពថ្មីផ្សេងទៀត។ ខ្ញុំបានដើរចូលក្នុងអគារមួយយ៉ាងស្ងាត់ជ្រងំ ដែលជាហេតុធ្វើឱ្យខ្ញុំភិតភ័យជាខ្លាំង។ ខ្ញុំខំរត់ឆ្លេឆ្លារកច្រកចេញ មានតែច្រកមួយប៉ុណ្ណោះដែលខ្ញុំអាចចេញបាន លុះដើរៗខ្ញុំក្រឡេកទៅមើលមនុស្សនៅជុំវិញខ្លួនខ្ញុំ មិនឃើញម្ដាយឪពុករបស់ខ្ញុំទេ ខ្ញុំស្លន់ស្លោណាស់។ លុះងាកក្រោយក៏ឃើញមីងលនដែលជាម្ដាយរបស់ស៊ែមដែលត្រូវជាមិត្ដភក្ដិខ្ញុំ ខ្ញុំញញឹមហើយក៏រត់ទៅកាន់ដៃគាត់នោះ រួចនិយាយទៅកាន់គាត់ថា៖
– មីងលនៗ មីងមានឃើញម្ដាយខ្ញុំទេ?
ស្រ្ដីនោះក៏តបមកកាន់ខ្ញុំ៖
– ឯងជានរណា? យើងមិនដែលស្គាល់ឯងផងធ្វើម៉េចយើងស្គាល់ម្ដាយឯង?
– ខ្ញុំធីមិត្ដរបស់កូនមីងនោះអី។
– កូនស្អីយើងមិនទាន់មានកូនទេ! ឯងច្រឡំមនុស្សហើយ។
និយាយរួចស្រ្ដីនោះក៏ទាញដៃខ្ញុំចេញ ហើយក៏ដើរចេញទៅយ៉ាងរហ័ស។
– មីងៗ… ឈប់សិន។
ខ្ញុំក៏ដើរទៅមុខបន្ដទៀត កំពុងតែដើរក៏ស្រាប់តែឃើញស៊ែមកំពុងតែលេងដេញចាប់ជាមួយក្មេងដទៃ បន្ទាប់មក ខ្ញុំក៏រត់ទៅចាប់ស្មារបស់គេ តែក្មេងម្នាក់នោះមិនស្គាល់ខ្ញុំទេ ដែលជាហេតុធ្វើឱ្យក្មេងនោះចោទខ្ញុំថាជាអ្នករករឿង៖
– ស៊ែម ឱ្យគ្នាសុំលេងជាមួយដែរ។
– អ្ហះ! ថាម៉េច? សុំលេងដែរ? ឯងជានរណាហ្នឹង?(ស៊ែមនិយាយទាំងកំពុងឆ្ងល់) មកចាប់ស្មារបស់ឯងចង់មានរឿងឬ?
– ស៊ែម ឯងភ្លេចគ្នាហើយមែនទេ?
– យី!… អានេះនិយាយមិនដឹងរឿងសោះ!
– ខ្ញុំធី ជាមិត្ដនឹងឯងធ្លាប់លេងជាមួយគ្នាពីមុននោះ។ ហេតុអ្វីឯងឆាប់ភ្លេចម្ល៉េះ?
ក្មេងនោះបានយកដៃមករុញខ្ញុំបណ្ដាលឱ្យដួលអុកគូទនៅនឹងដី៖
– ធីធួយស្អី!… អញមិនស្គាល់អ្ហែងទេ!
និយាយរួចក្រុមក្មេងនោះបានផ្ដុំគ្នាវាយទាត់ធាក់ខ្ញុំខ្លាំងៗ។ ខណៈនោះមានបុរសម្នាក់មកឃាត់ក្រុមក្មេងនោះ ហើយលើកខ្ញុំឡើង បុរសនោះសួរទៅកាន់ក្មេងៗថា៖
– ហេតុអ្វីបានជាប្រួតគ្នាធ្វើបាបគេម្នាក់ឯងបែបនេះ?
ស៊ែមតបទៅកាន់បុរសនោះភ្លាមថា៖
– វាជាអ្នកបង្ករឿងដល់ខ្ញុំមុនទេពូ។
បុរសនោះក៏សួរមកកាន់ខ្ញុំ៖
– តើគេនិយាយពិតទេក្មួយ?
ខ្ញុំឮសំឡេងសួរនោះហើយ ធ្វើឱ្យខ្ញុំស្គាល់ភ្លាមថាជាសំឡេងឪពុករបស់ខ្ញុំ បន្ទាប់មកខ្ញុំលើកដៃរបស់ខ្ញុំដែលកំពុងរងកុំឲ្យក្រុមក្មេងនោះវាយត្រូវមុខចេញ ហើយក្រឡេកភ្នែកមើលម្ដងបន្ដិចៗ រួចក៏ឃើញច្បាស់ថាបុរសនោះជាឪពុករបស់ខ្ញុំ។ ខ្ញុំមិនបានតបនឹងសំណួរដែលគាត់បានសួរមុនហ្នឹងទេ ព្រោះខ្ញុំកំពុងតែសប្បាយនៅពេលដែលខ្ញុំបានឃើញឪពុករបស់ខ្ញុំ។ ខណៈនោះខ្ញុំក៏លាន់មាត់ថា៖
– ពុក!… ខ្ញុំរកពុកពេញមួយថ្ងៃហើយ។ ពុកបាត់ទៅណាយូរម្ល៉េះ?
– នរណាជាឪពុករបស់ឯង? (គាត់សួរសម្ដីថ្នមៗប្រកបទៅដោយការឆ្ងល់ក្នុងចិត្ដ)
– ខ្ញុំគឺធី ជាកូនរបស់ពុកនោះ។
– អ្ហះ! ថាម៉េច? ជាកូនរបស់ខ្ញុំ! ទេ! កូនរបស់ខ្ញុំមិនទាន់កើតទេ គេកំពុងនៅក្នុងផ្ទៃម្ដាយគេនៅឡើយទេតើ។
ខ្ញុំឮបែបនេះហើយក៏ឆ្ងល់ពីខ្លួនឯងយ៉ាងខ្លាំង ព្រោះអ្នកដែលខ្ញុំស្គាល់ក៏មិនស្គាល់រូបខ្ញុំដែរ ខ្ញុំប្រែទឹកមុខជាស្រពោន ភ្នែករបស់ខ្ញុំស្រទន់ ចេញទឹកភ្នែករលីងរលោង បណ្ដាលឱ្យបុរសនោះអាណិតខ្ញុំរួចក៏សួរ៖
– តើឪពុកម្ដាយឯងនៅឯណា?
ខ្ញុំក៏មិនតបនឹងសំណួររបស់បុរសនោះជាលើកទីពីរ ខណៈនោះខ្ញុំនិយាយអ្វីមិនចេញឡើយ គិតតែពីយំ ព្រោះនឹកម៉ែពុកពេក។ បង្អង់យូរបន្ដិច ខ្ញុំលើកដៃសំពះគាត់ ហើយនិយាយទាំងខ្សឹកខ្សួលសុំគាត់ស្នាក់អាស្រ័យនៅជាមួយ៖
– លោកពូ! ឱ្យខ្ញុំស្នាក់នៅជាមួយផង ទម្រាំតែខ្ញុំរកម្ដាយឪពុកខ្ញុំឃើញ។
– មិនអីទេ! ឯងក្រោកសិនមក ។
ភ្លាមៗនោះគាត់ក៏ឮពោះរបស់ខ្ញុំកូរ «គ្រូកៗ»
– ឯងឃ្លានហើយមែនទេ?
– បាទលោកពូ! ពោះរបស់ខ្ញុំអត់មានអាហារពេញមួយថ្ងៃហើយ។
– តោះ! ទៅហូបបាយនៅផ្ទះរបស់ពូសិន។
– បាទលោកពូ! ខ្ញុំអរគុណលោកពូច្រើនហើយ។
បុរសនោះក៏ដឹកដៃខ្ញុំដើរសំដៅទៅផ្ទះរបស់គាត់យ៉ាងរហ័ស។ លុះដល់ផ្ទះគាត់ភ្លាម ខ្ញុំក្រឡេកទៅឃើញស្រី្ដម្នាក់កំពុងតែរៀបចំបាយម្ហូប ខ្ញុំស្គាល់យ៉ាងច្បាស់ថាជាម្ដាយរបស់ខ្ញុំ ភ្លាមនោះខ្ញុំក៏ឈប់កាន់ដៃគាត់ រួចរត់យ៉ាងលឿនទៅរកស្រ្ដីនោះ៖
– ម៉ែៗ! … (ខ្ញុំចូលទៅឱបចង្កេះនាងយ៉ាងណែន)
ពេលស្រ្ដីនោះបានឮសំឡេងខ្ញុំហៅបែបនេះហើយ នាងក៏បែរមុខមកចំខ្ញុំ ហើយក៏បង្ហាញពីទឹកមុខឆ្ងល់ជាខ្លាំង បន្ទាប់មកនាងក៏សួរមកខ្ញុំថា៖
– តើឯងហៅនរណាអម្បាញ់មិញ?
– ហៅម៉ែហ្នឹងហើយ។ ម៉ែគឺជាម៉ែរបស់កូន។
នាងក៏សម្លឹងមើលទៅមុខប្ដីខ្លួនដែលនៅឯមាត់ទ្វារ ក្នុងបំណងឱ្យប្ដីរបស់នាងជួយគិត។ បន្ទាប់មកនាងតបមកខ្ញុំថា៖
– ទេ! កូនរបស់ខ្ញុំនៅក្នុងផ្ទៃខ្ញុំនៅឡើយទេ គេមិនទាន់កើតទេ។
– ខ្ញុំគឺធី ជាកូនម៉ែ ម៉ែភ្លេចកូនហើយមែនទេ? ម៉ែតែងតែហាមកូនកុំឱ្យទៅដើរលេងហាលក្ដៅនោះអ្ហ៎ ម៉ែតែងខឹងកូនពេលកូននិយាយឌឺដាក់ម៉ែអ្ហ៎! តើម៉ែនៅចាំបានទេ?
– ក្មួយច្រឡំមនុស្សហើយខ្ញុំមិនមែនជាម្ដាយរបស់ឯងទេ។ ហេតុអ្វីបានជាឯងវង្វេងម្ដាយបែបនេះ?
នៅពេលដែលខ្ញុំឮប្រយោគដែលនាងបានតបមកខ្ញុំបែបនេះហើយ អារម្មណ៍សប្បាយរីករាយដែលខ្ញុំមានមុននេះបន្ដិចបានរសាត់ទៅយ៉ាងឆ្ងាយផុតពីខ្លួនរបស់ខ្ញុំ ភាពសោកសៅក៏បានចូលមកដល់ ដែលកំពុងតែរីកយ៉ាងធំនៅក្នុងដួងចិត្ដខ្ញុំ បន្ទាប់មកសំឡេងលាយឡំនឹងទឹកភ្នែករបស់ខ្ញុំក៏បន្លឺឡើងទាំងញ័រថ្នមៗថា៖
– ខ្ញុំមិនអាចឆ្លើយនឹងសំណួរអ្នកមីងបានទេ ព្រោះពេលនេះខ្ញុំវង្វេងអស់ហើយ ហើយក៏ពិបាកនឹងឆ្លើយទៅអ្នកមីងដែរ ហើយក៏មិនដឹងថាឆ្លើយបែបណាទេ សូម្បីតែខ្ញុំផ្ទាល់ក៏ខ្ញុំឆ្ងល់នឹងខ្លួនឯងដែរ។ ខ្ញុំមានអារម្មណ៍ថាតែលតោល រងាឯកាណាស់ ពីមុនខ្ញុំធ្លាប់តែមានម្ដាយ មានឪពុកនៅចាំស្ដីប្រដៅខ្ញុំ មានមិត្ដសម្រាប់លេងជាមួយគ្នា តែពេលនេះវិញ ខ្ញុំគ្មានអ្នកទាំងនោះទៀតទេ គ្មានអ្នកណាមួយស្គាល់ខ្ញុំទេ គ្មានអ្នករាប់អានទេ មនុស្សជុំវិញខ្លួនខ្ញុំសុទ្ធតែអ្នកដទៃ។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងខុស ជាពិសេសខុសទៅលើឪពុកម្ដាយខ្ញុំ ខ្ញុំតែងមិនយល់ពីគាត់ តែងមិនស្ដាប់សម្ដីគាត់ តែងនិយាយកុហកគាត់ តែងប្រើពាក្យធ្ងន់ៗផ្គើនឱ្យគាត់ តើខ្ញុំជាកូនម្នាក់ដែលអាក្រក់ណាស់មែនទេ? ហ៊ឹម!! ពិតមែនហើយ ខ្ញុំមិនដែលធ្វើឱ្យគាត់ទាំងពីរសប្បាយចិត្ដម្ដងណាទេ ផ្ទុយទៅវិញ មានតែនាំសេចក្ដីទុក្ខដល់គាត់។ ខ្ញុំមានអារម្មណ៍ថាស្ដាយ ដែលខ្ញុំមិនបានឮគាត់ហៅខ្ញុំថាជាកូនដោយផ្ទាល់ម្ដងទៀត ខ្ញុំមានអារម្មណ៍ថាស្ដាយ ដែលខ្ញុំគ្មានឱកាសក្នុងការកែកំហុសទាំងនេះ ប្រសិនជាអាច ខ្ញុំចង់ទាញវេលាឱ្យថយក្រោយ ដើម្បីឱ្យខ្ញុំមានឱកាសបានធ្វើទង្វើល្អៗដាក់ឪពុកម្ដាយខ្ញុំ ខ្ញុំចង់ឃើញលោកទាំងពីរសប្បាយរីករាយពោរពេញទៅដោយស្នាមញញឹម។
បន្ទាប់ពីអ្នកមីងឈរស្ដាប់ខ្ញុំរៀបរាប់រឿងរបស់ខ្ញុំរួចមក អ្នកមីងក៏ស្រក់ទឹកភ្នែកចុះម្ដងបន្ដិចៗ ព្រោះរឿងរបស់ខ្ញុំហាក់បីដូចជាកម្សត់ពេក អ្នកមីងឱនអង្គុយចុះ រួចយកដៃរបស់នាងមកអង្អែលក្បាលខ្ញុំថ្នមៗ រីឯបុរសដែលជាប្ដីអ្នកមីងដែលកំពុងឈរនៅឯមាត់ទ្វារក៏ដើរចូលមករកខ្ញុំ ហើយគាត់និយាយលួងខ្ញុំថា៖
– បានហើយក្មួយ ជូតទឹកភ្នែកឱ្យស្អាតទៅ មើលទៅឯងឃ្លានណាស់ហើយ ទៅហូបបាយសិន ពេលហូបហើយមានកម្លាំងចាំទៅរកម្ដាយឪពុកឯងបន្ដទៀត ចាំពូជួយរកណា៎!
– បាទលោកពូ!
ខ្ញុំក៏ដើរទៅហូបបាយជាមួយអ្នកទាំងពីរ។ នៅគ្រានោះបើទោះជាខ្ញុំឃ្លានខ្លាំងយ៉ាងណាក៏ដោយក៏ខ្ញុំហូបមិនបានច្រើនដែរ ហើយមានអារម្មណ៍ថាបាយម្ហូបទាំងនោះគ្មានឱជារសទាល់តែសោះ។ ខ្ញុំហូបយឺតៗ ដោយចិត្ដកំពុងតែនឹកដល់លោកពុកអ្នកម្ដាយ បន្ទាប់មកអ្នកមីងជាប្រពន្ធលោកពូក៏បានសួរមកកាន់ខ្ញុំថា៖
– តើឯងឈ្មោះអ្វី? ហើយអាយុប៉ុន្មានហើយ?
បាទ! អ្នកមីង ខ្ញុំឈ្មោះសម្បត្ដិ រតនៈធី មានអាយុ៨ឆ្នាំហើយ។ មិត្ដខ្ញុំភាគច្រើនគេហៅខ្ញុំតែ អាធីៗទេ។
– ចុះអ្នកមីងនិងលោកពូឈ្មោះអ្វីដែរ?
– មីងឈ្មោះរតនៈ ឯប្ដីមីងឈ្មោះសម្បត្ដិ។
ខ្ញុំឮហើយក៏គិតក្នុងចិត្ដថា« យី! ហេតុអ្វីបានជាគាប់ជួនម្ល៉េះ ឈ្មោះគាត់ទាំងពីរដូចនឹងឈ្មោះឪពុកម្ដាយអញទៀត!» ។ស្របពេលនោះ បុរសជាប្ដីបានស្ដាប់ខ្ញុំនឹងអ្នកមីងនិយាយគ្នារួចមក ធ្វើឱ្យគាត់ឆ្ងល់ទៅលើឈ្មោះខ្ញុំ រួចក៏ចោទជាសំណួរមកខ្ញុំថា៖
– ហេតុអ្វីបានជាឈ្មោះឯងមានឈ្មោះយើងនឹងប្រពន្ទយើងផ្សំជាមួយដែរ? តើនរណាជាអ្នកដាក់ឈ្មោះឱ្យឯង?
– បាទលោកពូ! ម៉ែរបស់ខ្ញុំប្រាប់ខ្ញុំថាគាត់ជាអ្នកដាក់ឈ្មោះឱ្យខ្ញុំ គឺគាត់ផ្សំឈ្មោះគាត់ជាមួយនឹងឈ្មោះខ្ញុំផ្ទាល់ រួចយកឈ្មោះឪពុកខ្ញុំជាត្រកូល ទើបបានជាចេញឈ្មោះរបស់ខ្ញុំបែបនេះតែម្ដងទៅ។
– ចុះឪពុកម្ដាយឯងឈ្មោះអ្វី?
– បាទលោកពូ! គឺឈ្មោះដូចគ្នានឹងឈ្មោះលោកពូអ្នកមីងដែរហ្នឹង។
ពូសម្បត្ដិសួរដេញដោលមកខ្ញុំបន្ថែមថា៖
– មានន័យថា ម្ដាយឯងឈ្មោះរតនៈ ឯពុកឯងឈ្មោះសម្បត្ដិមែនទេ?
– បាទលោកពូ! ហ្នឹងហើយ។
ពីរនាក់ប្ដីប្រពន្ធក៏មើលមុខគ្នាទៅវិញទៅមកដោយការភ្ញាក់ផ្អើល ព្រោះឪពុកម្ដាយរបស់ខ្ញុំមានឈ្មោះដូចនឹងឈ្មោះរបស់គាត់ដែរ។
វគ្គ៤៖ស្មានមិនដល់
ថ្ងៃស្អែកកន្លងផុតទៅថ្ងៃនេះក៏ចូលមកដល់ មីងរតនៈកំពុងតែធ្វើម្ហូបសុខៗស្រាប់តែឈឺពោះ ធ្វើឲ្យនាងដឹងថាខ្លួនជិតឆ្លងទន្លេ៖
– អូយៗ!… ឯងខ្ញុំឈឺពោះណាស់ ប្រហែលជាកូនរបស់យើងជិតសម្រាលហើយ។
ពូសម្បត្ដិជាប្ដីឮដូច្នេះហើយ ក៏ប្រញាប់រត់ទៅផ្ទះបាយភ្លាម៖
– អូ ប្រហែលហើយឯង។ ហើយឈឺខ្លាំងទេ?
– ខ្លាំងដែរឯង។
ពូសម្បត្ដិបានស្រែកហៅខ្ញុំដែលកំពុងតែឲ្យចំណីមាន់នៅឯក្រោយផ្ទះមកជួយ៖
– ធីៗ!…
– បាទលោកពូ!
– អូសម៉ូតូចេញមក យកមីងឯងទៅពេទ្យឥឡូវនេះ!
– បាទលោកពូបាទ!
បន្ទាប់ពីចូលដល់ពេទ្យបានមួយសន្ទុះមកក៏ឮសំឡេងក្មេងយំង៉ាៗ ពូសម្បត្ដិសប្បាយរីករាយយ៉ាងខ្លាំង ហើយបង្ហាញពីអារម្មណ៍ត្រេកអរនៅមុខខ្ញុំ ភ្លាមនោះពូសម្បត្ដិក៏ចាប់លើកបីខ្ញុំឡើង ឱបខ្ញុំយ៉ាងណែនរួចបង្វិលខ្ញុំមួយជុំហើយក៏ដាក់ខ្ញុំចុះវិញ បន្ទាប់មកនិយាយដោយសំឡេងលាន់ល្មម ដែលពោរពេញទៅដោយអារម្មណ៍ត្រេកអររំភើបមកកាន់ខ្ញុំថា៖
– ទីបំផុតយើងមានកូនហៅនឹងគេហើយអាធីអ្ហើយ! យើងរងចាំថ្ងៃនេះយូរហើយ!
ខ្ញុំសួរបន្តទៅពូថា៖ តើពូស្រឡាញ់កូនខ្លាំងប៉ុណ្ណា?
– យី!… អាក្មួយឡប់នេះ! ស្រឡាញ់ស្មើកែវភ្នែករបស់យើងអ្ហាះ! ចេះសួរបែបនេះទៅកើត។
គាត់ថែមទាំងនិយាយបន្ដទៀតថា៖
– គ្មាននរណាមិនស្រឡាញ់កូនខ្លួនឯងនោះទេ។
ខ្ញុំក៏សួរដេញដោលបន្ថែមក្នុងបំណងចង់ដឹងអារម្មណ៍ឪពុកទៅលើកូន៖
– បើបែបហ្នឹងមែន តើពូហ៊ានផ្ដល់អ្វីៗគ្រប់បែបយ៉ាងឱ្យកូនទេ?
– ហាសហាយ! សំណួររបស់ឯងនេះនៅស្ទើរណាស់។ នែ៎ ឯងមិនទាន់យល់ពីក្ដីស្រឡាញ់រវាងឪពុកម្ដាយទៅលើកូនទេ។ ឯងដឹងទេ! ពាក្យថា «ស្រឡាញ់ស្មើកែវភ្នែក» គឺហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីឱ្យកូនបានរីករាយ បើទោះជាកូននោះក្លាយទៅជាមនុស្សបែបណាក៏ដោយ ក៏មិនស្អប់ឬបោះបង់ចោលកូនដែរ ផ្ទុយទៅវិញមានតែខំព្យាយាមប្រៀនប្រដៅ បង្ហាត់បង្ហាញកូន ឱ្យកូនដើរលើផ្លូវល្អវិញ។
ការដែលពូសម្បត្ដិនិយាយពន្យល់ខ្ញុំដ៏វែងអន្លាយបែបនេះ ធ្វើឱ្យខ្ញុំភ្នកគិតក្នុងចិត្ដទៅលើម្ដាយឪពុករបស់ខ្ញុំរហូតដល់ធ្វើឱ្យពូសម្បត្ដិហៅមិនឮថា« មកដល់ពេលនេះ ទើបខ្ញុំបានដឹងច្បាស់ថានាមជាម្ដាយឪពុកបើទោះជាកូនស្ថិតក្នុងដំណាក់កាលណាក៏ដោយ ក៏លោកទាំងពីរមិនបោះបង់យើងចោលដែរ »។
– ធី…ធី!
គាត់ក៏យកដៃរុញក្បាលខ្ញុំ៖
– នែ៎! អាធី!
ខ្ញុំឆ្លើយមកទាំងអារម្មណ៍កំពុងតែភ្ញាក់៖
– បាទពូបាទ!… អូយ! លោកពូ ពូរុញក្បាលខ្ញុំខ្លាំងម្ល៉េះ?
ពូសម្បត្ដិតបមកខ្ញុំ៖
– ព្រោះយើងហៅឯងច្រើនដងហើយតែឯងមិនឮ! ហើយឯងគិតដល់ណាហើយ?
– អូ! ខ្ញុំស្ដាប់ពូនិយាយជក់ពេកហ្នឹងណា៎ ទើបភ្លឹកបន្ដិច។
បន្ទាប់មក អ្នកគ្រូពេទ្យក៏ចេញមកពីបន្ទប់សម្រាលដើរសំដៅមកពូសម្បត្ដិ រួចក៏សួរ៖
– លោកជាស្វាមីរបស់ម្ដាយទារកឬ?
– បាទអ្នកគ្រូពេទ្យ! ខ្ញុំត្រូវជាស្វាមីម្ដាយទារក។
– ចាស! លោកអាចចូលមើលបាន ជួយអបអរសាទរផងណា លោកបានកូនប្រុសម្នាក់ហើយ។
– បាទៗ! អរគុណអ្នកគ្រូពេទ្យច្រើនហើយ!
ពូសម្បត្ដិជាប្ដីម្នាក់ដែលយល់ចិត្ដប្រពន្ធ ចេះមើលថែថ្នាក់ថ្នមប្រពន្ធ មិនដែលឱ្យនាងពិបាកក្នុងពេលដែលនាងកំពុងតែខ្សោយកម្លាំងនោះទេ ដូច្នេះហើយខណៈដែលប្រពន្ធគាត់សរសៃខ្ចីបែបនេះ គាត់ត្រូវនៅរ៉ាប់រងបម្រើនូវតម្រូវការរបស់ប្រពន្ធគាត់ជាប់ជានិច្ច ព្រោះគាត់ខ្លាចប្រពន្ធរបស់គាត់ពិបាកប្រសិនជាគាត់ទៅណាឆ្ងាយពីខ្លួននាង លុះដល់ពេលបាយថ្ងៃត្រង់គាត់បានពឹងខ្ញុំឱ្យទៅទិញម្ហូបនៅមុខមន្ទីរពេទ្យសម្រាប់ប្រពន្ធគាត់។ លោកពូក៏ហៅខ្ញុំ៖
– ធី! ឯងទៅទិញម្ហូបនៅខាងមុខនេះបន្ដិចមក ពូឃ្លាចេញទៅមិនបានទេ ព្រោះខ្លាចមីងឯងត្រូវការឱ្យពូជួយ។
– បាទលោកពូ តើគួរទិញសម្លអ្វីដែរពូ?
គាត់បង្អង់យកពេលគិតបន្ដិច ហើយក៏ឆ្លើយតបមកខ្ញុំថា៖
– យកសម្លខមក ព្រោះមីងឯងសរសៃខ្ចីបែបនេះហូបសម្លហ្នឹងទៅឆាប់មានកម្លាំង។
– បាទលោកពូ!
– នេះលុយ។
– ខ្ញុំទៅសិនហើយណាពូ បន្ដិចទៀតខ្ញុំមកវិញហើយ។
– អឺហ្នឹងហើយ!
ខ្ញុំខំដើរសួរអស់ពីរបីកន្លែងហើយ តែគ្មាននរណាលក់សម្លនេះសោះ រហូតដើរដល់ឆ្ងាយពីនេះបន្ដិចទើបមាន។ លុះទិញបានហើយ ខ្ញុំក៏ប្រញាប់ប្រញាល់រត់មកវិញ ព្រោះខ្លាចអ្នកមីងឃ្លានខ្លាំង ហើយណាមួយក៏ទាល់ថ្ងៃដែរហើយ។ ឯពូសម្បត្ដិដែលនៅអង្គុយមើលថែប្រពន្ធឆ្ងល់ក្នុងចិត្ដថា៖« ហេតុអ្វីបានជាខ្ញុំទៅយូរម្ល៉េះ? នៅជិតបង្កើយសោះហ្នឹង!» ឆ្ងល់ហើយគាត់ក៏មកតាមនៅមុខមន្ទីរពេទ្យ ហើយខ្ញុំក៏ប្រុងនឹងឆ្លងផ្លូវទៅមន្ទីរពេទ្យវិញល្មម។ ភ្លាមនោះគាត់ក៏បានឃើញខ្ញុំរត់ឆ្លងផ្លូវដោយមិនមើលឆ្វេងស្ដាំទាល់តែសោះ។ លុះគាត់ក្រឡេកទៅខាងស្ដាំដៃរបស់ខ្ញុំ ស្រាប់តែឃើញឡានតាក់ស៊ីមួយគ្រឿងបើកមកត្រង់ សំដៅរកខ្ញុំយ៉ាងលឿន ដោយខ្ញុំកំពុងតែដើរដល់ចំកណ្ដាលផ្លូវ។ ពូសម្បត្ដិក៏ស្ទុះមករុញខ្ញុំឲ្យថយក្រោយវិញ អុកគូទទៅនឹងដី ហើយរងខ្លួនគាត់ជំនួសវិញ ទើបបណ្ដាលឱ្យខ្លួនប្រាណរបស់គាត់នៅយ៉ាងចំពីមុខឡានតែម្ដង។ ពូសម្បត្ដិត្រូវរងរបួសយ៉ាងធ្ងន់នៅលើថ្លុកឈាមក្រហមឆ្អៅ ស្ដូកស្ដឹងកម្រើកមិនរួច សល់តែដង្ហើមតិចៗ។ ខ្ញុំឃើញបែបនោះហើយ ក៏ប្រញាប់ក្រោកឡើងទៅលើកពូសម្បត្ដិ៖
– ពូៗ! ពូក្រោកឡើងពូ!
លុះយូរបន្ដិចលោកពូបានបើកភ្នែកមើលមកខ្ញុំព្រឹមៗ រួចលើកដៃរបស់គាត់ដែលប្រឡាក់ទៅដោយឈាមថ្នមៗ ឈោងមកប៉ះនឹងថ្ពាល់របស់ខ្ញុំ រួចនិយាយតិចៗមកកាន់ខ្ញុំថា៖
– ធី សូមឯងជួយប្រាប់មីងរបស់ឯងផងថា «ពូលាហើយ»។
ខ្ញុំតបដោយបដិសេធនឹងសំណូមពររបស់គាត់លាយឡំនឹងទឹកភ្នែកប្រកបទៅដោយចិត្ដរន្ធជាខ្លាំង ព្រោះអារម្មណ៍បែបនេះខ្ញុំមិនដែលជួបពីមុននោះទេ៖
– ទេៗ! ពូ បើពូទៅតើនរណាចិញ្ចឹមកូនពូ ពូក៏ឃើញហើយថាកូនពូគួរឱ្យស្រឡាញ់ប៉ុណ្ណា ហើយថ្ងៃមុខគេក៏ត្រូវការឪពុកហៅនឹងគេដែរ។ ពូមិនអាចទៅណាបានទេ។
ពូសម្បត្ដិមិនស្ដាប់ការនិយាយរបស់ខ្ញុំទេ ព្រោះគាត់ស្ថិតក្នុងសភាពខ្សោយខ្លាំងណាស់ គាត់ដឹងខ្លួនឯងច្បាស់ថាត្រូវស្លាប់ក្នុងពេលបន្ដិចទៀតនេះ។ គាត់ក៏នៅតែបន្ដនិយាយពាក្យផ្ដាំផ្ញើទៅប្រពន្ធតាមរយៈខ្ញុំដដែល៖
– ផ្ដាំប្រាប់មីងឯងផងថា «ឱ្យពូសុំទោស ពូមិនបានការ»។
– ពូកុំនិយាយបែបនេះអី ពូគឺជាប្ដីដែលល្អបំផុតសម្រាប់អ្នកមីង មើលថែអ្នកមីងគ្រប់ពេលវេលា ហើយពូក៏ជាអ្នកមានគុណដល់ខ្ញុំដែរ កន្លងមកពូបានជួយខ្ញុំច្រើនណាស់ ខ្ញុំមិនទាន់បានសងគុណពូផង ពូមិនអាចទៅណាឆ្ងាយបានទេ។
– ឯងពិតជាក្មេងល្អណាស់ បើពូនៅមានជីវិតពូនឹងចិញ្ចឹមកូនពូឱ្យបានល្អ ចេះជួយអ្នកដទៃ និងចេះដឹងគុណដូចជាឯងដែរ។
ឈាមរបស់ពូសម្បត្ដិក៏ហូរចេញមកកាន់តែច្រើនឡើងៗ ធ្វើឱ្យគាត់កាន់តែខ្សោយទៅៗ និយាយឮខ្សាវៗថា៖
– ធី! ឯងចាំស្ដាប់ពូណា៎ នេះជាបណ្ដាំផ្ញើចុងក្រោយរបស់ពូហើយ ប្រាប់ទៅមីងឯងផងថា កូនប្រុសយើងដាក់ឈ្មោះថា « ធី » ហើយកុំភ្លេចបញ្ចូលឈ្មោះម្ដាយផ្សំគ្នាផងគឺ « រតនៈធី » ចំណែកឯត្រកូលរបស់គេគឺសម្បត្ដិ ជាឈ្មោះរបស់ពូ ដាក់បែបនេះគឺដើម្បីឱ្យកូនបានស្គាល់ និងនៅចាំឈ្មោះឪពុកម្ដាយវាមិនភ្លេច។ គាត់ហើបមាត់និយាយហបៗស្ទើរតែស្ដាប់មិនបាន គឺដាក់ថា ខេះៗ!(សំឡេងក្អករបស់គាត់)ដាក់ថា «សម្បត្ដិ រតនៈធី»។ លោកនិយាយរួចក៏ដាច់ដង្ហើមស្លាប់នៅទីនោះតែម្ដង ធ្វើឱ្យខ្ញុំស្លុតចិត្ដយ៉ាងខ្លាំង ព្រោះបានមើលឃើញពីទឹកចិត្ដរបស់ឪពុកម្ដាយដែលមានចំពោះកូន ទោះជាដល់ដង្ហើមចុងក្រោយក៏មិនភ្លេចពីកូនឡើយ។
– ទេពូ! ពូក្រោកឡើង ពូមើលសម្លខខ្ញុំទិញមកបានហើយ ពូក្រោកឡើងមកប្រញាប់យកសម្លទៅឲ្យមីងទាំងអស់គ្នា។
វគ្គ៥៖ រងចាំកូន
អស់រយៈពេល៧ថ្ងៃដែលខ្ញុំគេងស្ដូកស្ដឹងនៅក្នុងមន្ទីរពេទ្យរហូត ក្រឡេកទៅឪពុកម្ដាយរបស់ខ្ញុំវិញ ឃើញគាត់កំពុងតែអង្គុយស្ងៀមនៅក្បែរខ្ញុំដោយទឹកមុខក្រៀមស្រពោន ព្រួយបារម្ភពីខ្ញុំឥតឧបមា រហូតដល់ភ្លេចបាយភ្លេចទឹក រាងកាយរបស់លោកហាក់បីដូចជាមនុស្សឈឺរ៉ាំរ៉ៃ។ អង្គុយស្ងៀមបែបនេះបានមួយសន្ទុះក្រោយមក មីងរតនៈម្ដាយខ្ញុំផ្ទាល់បាននិយាយឡើងទាំងអួលដើមកថា៖
– ធីសន្លប់យូរណាស់មកហើយ ឥឡូវគ្រប់៧ថ្ងៃហើយនៅតែមិនទាន់ឃើញធីដឹងខ្លួនទៀត។ ពុកវា! ខ្ញុំបារម្ភណាស់ គឺបារម្ភខ្លាចកូន…។
ពូសម្បត្ដិដែលជាឪពុកខ្ញុំមិនបង្អង់ ក៏និយាយកាត់ទៅម្ដាយខ្ញុំភ្លាម៖
– ម៉ែវាឯងកុំចេះតែនិយាយដូច្នេះ គ្រូពេទ្យប្រាប់រួចហើយ ថាគេអាចនឹងដឹងខ្លួនឡើងវិញ។
– តែឥឡូវមិនទាន់ឃើញគេកម្រើកអ្វីសោះពុកវា។
– ចាំមើលបន្ដិចទៀតទៅមើល! ដរាបណាមិនទាន់ហួស៧ថ្ងៃ ដរាបនោះយើងនៅតែសង្ឃឹមជានិច្ច។
ម្ដាយខ្ញុំយកដៃប៉ះថ្ពាល់ខ្ញុំថ្នមៗ ហើយនិយាយមកកាន់ខ្ញុំថា៖
– ធីកូន ធីឆាប់ដឹងខ្លួនវិញមក កូនមិនអាណិតម៉ែទេឬ? ដឹងទេ ម៉ែបារម្ភពីកូនណាស់។
រំពេចនោះ ម្ដាយខ្ញុំក៏ឃើញម្រាមដៃស្ដាំរបស់ខ្ញុំកម្រើក គាត់ត្រេកអរហើយញញឹមឡើងវិញ រួចលាន់មាត់ថា៖
– ពុកវាៗ! មើលនែ៎ដៃកូនរបស់យើងកម្រើកហើយ!
– មែនហើយម៉ែវា ធីជិតដឹងខ្លួនវិញហើយ។
ទឹកមុខរបស់អ្នកទាំងពីររីកស្រស់បស់ ដែលប្រៀបដូចជាបុប្ផាទើបតែត្រូវទឹកថ្មីៗនៅក្នុងថូ។ បន្ទាប់មក មាត់របស់ខ្ញុំក៏កម្រើកហៅឈ្មោះពូសម្បត្ដិខ្សឹបៗដែលជាឈ្មោះបុរសនៅក្នុងសុបិន «លោកពូៗ» រួចបើកភ្នែកបន្ដិចម្ដងៗ ក៏ឃើញឪពុកម្ដាយរបស់ខ្ញុំកំពុងតែអង្គុយមើលមកខ្លួនខ្ញុំដោយសេចក្ដីរីករាយ ខ្ញុំក៏សួរទៅអ្នកទាំងពីរថា៖
– ខ្ញុំកំពុងនៅទីណា?
ម្ដាយខ្ញុំតបមកខ្ញុំយ៉ាងរហ័សថា៖
– កូនកំពុងនៅមន្ទីរពេទ្យ កូននៅទីនេះយូរណស់មកហើយ។
ដំបូងខ្ញុំគិតថាខ្លួនខ្ញុំកំពុងតែសុបិន ប៉ុន្ដែនៅពេលដែលម្ដាយខ្ញុំនិយាយប្រាប់ពីដំណើរដែលនាំឱ្យខ្ញុំមកសម្រាកនៅទីនេះជាច្រើនថ្ងៃរួច ខ្ញុំបានដឹងយ៉ាងច្បាស់ថានេះមិនមែនជាការសុបិនទេ។ ខ្ញុំក៏យកដៃស្ដាំរបស់ខ្ញុំចាប់ដៃអ្នកទាំងពីរមកកាន់នៅលើទ្រូងរបស់ខ្ញុំ រួចនិយាយទៅកាន់គាត់ថា៖
– នេះកូនមិនមែនស្ថិតនៅក្នុងសុបិនទេមែនទេ?
ម្ដាយខ្ញុំតបមកខ្ញុំ៖
– ត្រូវហើយ កូនមិនមែនសុបិនទេ វាជាការពិត។
– នេះកូនរកអ្នកទាំងពីរឃើញហើយមែនទេ?
ឪពុកខ្ញុំក៏បានតបមកខ្ញុំថា៖
– ទេ ពុកនិងម្ដាយឯងនៅទីនេះរហូតទេតើ! មិនបានទៅណាចោលកូនទេ។
ខ្ញុំក៏យំនៅនឹងមុខលោកទាំងពីរ ដោយដឹងខ្លួនឯងជាក្មេងមិនល្អ ចចេស រឹងរួស មិនស្ដាប់បង្គាប់ម្ដាយឪពុក។ បន្ទាប់មកខ្ញុំពោលពាក្យទាំងទឹកភ្នែកថា៖
– ពុកម៉ែ! ឱ្យកូនសុំទោសដែលកូនជាកូនមិនល្អ មិនស្ដាប់បង្គាប់អ្នកទាំងពីរ ហើយថែមទាំងធ្វើខ្លួនឱ្យអ្នកទាំងពីរព្រួយបារម្ភទៀត។
ម្ដាយខ្ញុំក៏ឆ្លើយមកខ្ញុំដោយសេចក្ដីស្រឡាញ់ថា៖
– មិនអីទេកូន កាលដែលកូនមិនកើតអ្វី វាជាលាភសំណាងណាស់ទៅហើយសម្រាប់គ្រួសារយើង។
គាត់និយាយរួច ខ្ញុំក៏តបទៅវិញថា៖
– ចាប់ពីពេលនេះទៅ កូនឈប់ដើរលេងរហូតដល់សន្សំជំងឺមកឱ្យអ្នកទាំងពីរពិបាកចិត្ដទៀតហើយ។ កូនធានា! ថាកូននឹងអនាម័យខ្លួនឱ្យបានល្អ កូនលែងក្អេងក្អាងទៀតហើយថា ពពួកវីរុសទាំងនោះមិនហ៊ានមកជិតកូន។
នៅពេលដែលឪពុកខ្ញុំបានឮសម្ដីខ្ញុំនិយាយបែបនេះភ្លាម ឪពុកខ្ញុំឆ្លើយតបមកខ្ញុំដោយសេចក្ដីរីករាយ៖
– ល្អហើយកូន មេរោគវានៅគ្រប់ទិសទី ប៉ុន្ដែបើយើងចេះអនាម័យខ្លួនប្រាណឱ្យបានស្អាតល្អ មេរោគទាំងនោះមិនហ៊ានមកបៀតបៀនខ្លួនយើងឡើយ។
– បាទពុក! ទីបំផុតកូនយល់ហើយ ថាឪពុកម្ដាយគ្រប់រូបមិនបានបិតសិទ្ធិសេរីភាពកូនៗទេ តែផ្ទុយទៅវិញមានតែបារម្ភខ្លាចកូនមានបញ្ហាអ្វីតែប៉ុណ្ណោះ។
ម្ដាយខ្ញុំឮខ្ញុំនិយាយដូច្នេះហើយ គាត់រំភើបចិត្ដជាខ្លាំង ហើយក៏ផ្ដេចខ្លួនគាត់មករកខ្ញុំថ្នមៗ រួចយកដៃឱបខ្ញុំប្រកបទៅដោយអារម្មណ៍រីករាយបំផុតនៅក្នុងជីវិតរបស់គាត់។ ចាប់ពីពេលនេះទៅគ្រួសាររបស់ខ្ញុំរស់នៅយ៉ាងសុខដុមរមនា គ្មានជំងឺឈឺថ្កាត់អ្វីទេ។ ចំណែកខ្ញុំវិញបានក្លាយជាក្មេងមួយដែលល្អម្នាក់នៅក្នុងភូមិ លែងជាក្មេងមិនល្អដូចពីមុនទៀតហើយ បណ្ដាលឱ្យអ្នកផងសរសើរមិនដាច់ពីមាត់ថា « ខ្ញុំចេះរក្សាអនាម័យបានល្អណាស់ »។ តាំងពីពេលនោះមកខ្ញុំបានណែនាំឲ្យមិត្ដភក្ដិរបស់ខ្ញុំ ក៏ដូចជាក្មេងៗនៅក្នុងភូមិឱ្យចេះរក្សានូវអនាម័យដើម្បីបង្ការខ្លួនពីជំងឺអាសន្នរោគផ្សេងៗ។