រឿង៖ ខ្មោចស្រីរបាំ

គ្រប់គ្នាជឿមិនជឿគ្មានអ្នកណាអាចបង្ខំបានទេ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំជឿទាំងស្រុងថា អ្វីដែលយើងមើលមិនឃើញ គឺនៅតែវិលវល់ជាមួយរបស់ដែលគេស្រលាញ់នោះមិនទៅណាជាដាច់ខាត។ កុំបះពាល់របស់ដែលយើងមិនស្គាល់ប្រវត្តិ។

~~~~~~~~~~~~~~

ខ្ញុំឈ្មោះ សាកណា ជាបុគ្គលិកសណ្ឋាគារ ផ្នែករៀបចំបន្ទប់ជូនភ្ញៀវ ហើយខ្ញុំទើបតែមករស់នៅភ្នំពេញនេះ បានប្រហែល ១ខែជាងតែប៉ុណ្ណោះ។ ដោយសារតែជីវភាពគ្រួសារមិនសូវធូធារ ទើបខ្ញុំសម្រេចចិត្តមករស់នៅទីក្រុងភ្នំពេញតែម្នាក់ឯង ដើម្បីរកការងារធ្វើបណ្តើរ យកប្រាក់បង់ថ្លៃសាលាបណ្តើរ និងផ្ញើរឱ្យម៉ែខ្លះទុកគ្រាន់គាត់ប្រើការ។

នេះជាការងារទីមួយ ហើយសម្រាប់ខ្ញុំ ទោះបីជាវាហត់ប៉ុន្តែខ្ញុំក៏ចូលចិត្ត ណាមួយបានប្រាក់បន្ថែមលើកទឹកចិត្តគួរសមដែរ ព្រោះទើបតែមកធ្វើការបានមួយខែជាង និងត្រឹមតែជាបុគ្គលិកហាត់ការនៅឡើយ មានភ្ញៀវចូលចិត្តការងាររបស់ខ្ញុំ ព្រមទាំងឱ្យធីបមកខ្ញុំច្រើនៗទៀតផង។ 

ខ្ញុំធ្វើការងារនោះនៅវេនយប់ ព្រោះថាពេលថ្ងៃខ្ញុំត្រូវទៅរៀន។

បន្ទាប់ពីចេញពីសាលាភ្លាម ខ្ញុំក៏សំដៅទៅកន្លែងធ្វើការយកតែម្តង ព្រោះខ្ជិលជិះចុះជិះឡើង នាំតែអស់សាំងច្រើន ណាមួយថ្ងៃនេះមានភ្ញៀវ Check-out​ ច្រើនគួរសមដែរ ខ្លាចធ្វើមិនទាន់ភ្ញៀវចូលថ្មី នាំតែត្រូវមាត់ប្រធានផ្នែក វីវរគេបញ្ឍប់មិនចប់ទៅហើយ។

បន្ទាប់ពីជិះមកដល់កន្លែងធ្វើការ និងយកម៉ូតូផ្ញើរួចហើយ ខ្ញុំក៏ដើរចូលតាមខ្លោងទ្វារសម្រាប់បុគ្គលិកចេញចូល រួចក៏ចូលទៅផ្លាស់ឯកសណ្ឋាននៅ Locker របស់បុគ្គលិកនីមួយៗ។ បងលីណា ដែលជាប្រធានផ្នែករបស់ខ្ញុំ បានហុចសោរបន្ទប់នីមួយៗ ដែលខ្ញុំត្រូវទៅសម្អាត ព្រមទាំងនិយាយថា៖

«សាកណា! ថ្ងៃនេះភ្ញៀវចេញនៅជាន់ទី៤ អ៊ីចឹង ថ្ងៃនេះឯងប្រហែល ជាត្រូវសម្អាតបន្ទប់ នៅជាន់ទី៤នោះ ទាំងអស់ហើយណា៎»

«ប៉ុន្តែច្រើនណាស់បង ខ្ញុំធ្វើទាន់ដែរអត់? ចុះបងចរិយា គាត់អត់បានមកធ្វើការ មែន ទេបង?»

«នាងសុំច្បាប់ ទៅមើលឪពុកឈឺ ការងារនេះបងសង្ឃឹមលើឯងហើយណា ធ្វើច្រើនចេះច្រើន អ៊ីចឹងបងទៅមុនហើយ»

«ច៎ាបង»

ខ្ញុំក៏មិនដឹងជាបដិសេធ ជាមួយគាត់ថាម៉េច ទោះបីជាវាច្រើនជាងខ្ញុំធ្វើរាល់ដងក៏ដោយ បើមេ បញ្ជាហើយមានតែធ្វើតាម។ ខ្ញុំបានឡើងមកជាន់ទី៤ រាល់ដងខ្ញុំមិនដែលបាន ឡើងមកម្តងទេ តាំងតែពីចូលធ្វើការមក ព្រោះថាគ្មានភារកិច្ចជាន់នេះ គឺជាកាតព្វកិច្ច របស់បងចរិយា តែគាត់មិនបានមកធ្វើការ ទើបខ្ញុំជាអ្នកជំនួស អត់មានប្រាប់គ្នាអីមួយម៉ាត់សោះ បងចរិយា លេងមួយទំហឹងតែម្តង ១០បន្ទប់ ភ្ញៀវចេញទាំងអស់ ស្លាប់ខ្ញុំមិនខាននោះទេ។ 

ខ្ញុំបានចាក់សោរបន្ទប់មុនដំបូងគេ ដែលនៅជិតកាំជណ្តើរ រួចក៏ចាប់ផ្តើមសម្អាត។ ក្នុងបន្ទប់នេះ ធំក្លិនបារីឡើងហួង សង្ស័យតែភ្ញៀវដែលស្នាក់នៅបន្ទប់នេះ ចូលចិត្តជក់បារីហើយមើលទៅ បានជាធំក្លិនខ្លាំងយ៉ាងនេះ។ ខ្ញុំសឹងតែឈ្លក់ស្លាប់ដោយសារតែក្លិនរបស់វា ខ្ញុំរអ៊ូតិចៗ៖

«ភ្ញៀវដែលស្នាក់នេះ អីក៏កខ្វក់ខ្លាំងយ៉ាងនេះ លើកទីមួយហើយដែលមកប៉ះបន្ទប់អ៊ីចឹង ការងារនេះពិតជាមិនស្រួលមែន»

បន្ទាប់ពីរៀបចំបន្ទប់នេះរួច ខ្ញុំក៏បន្តទៅបន្ទប់បន្ទាប់ៗទៀត ទំរាំតែដល់បន្ទប់ចុងក្រោយ ខ្ញុំចង់ ខ្សោះអស់ខ្យល់ពីក្នុងខ្លួន។

«នៅសល់មួយបន្ទប់ទៀត រួចរាល់ហើយ»

ខ្ញុំសម្លឹងមើលនាឡិកាដៃ ដែលបញ្ជាក់ថាវាជិតដល់ម៉ោង១ហើយ រួចខ្ញុំក៏ចាក់សោរចូលទៅសម្អាតបន្ទប់នោះទាំងរហិតរហៃ សឹងតែគ្មានកម្លាំង។ ៩បន្ទប់មុនសុទ្ធ តែប្រភេទដូចៗគ្នា និងបន្ទប់ដើមគេនោះទាំងអស់ គឺស្មោគគ្រោកព្រមទាំងរញ៉ែរញ៉ៃ និងមានក្លិនស្អុយជាខ្លាំង ចម្លែកតែបន្ទប់មួយនេះ មិនមានក្លិនអ្វីទាំងអស់ ហើយបរិវេនបន្ទប់វិញមានរបៀបរាបរយល្អទៀត ប្រហែលជាភ្ញៀវមុនគេជាមនុស្សមានរបៀបទេដឹង បើតាមមើលទៅដូចជា មិនមានមនុស្សសម្រាកទេ ប៉ុន្តែបងលីណាថាមានភ្ញៀវស្នាក់នៅ។

ខ្ញុំចាប់ផ្តើមប្តូររបស់របរក្នុងបន្ទប់ចេញ ហើយដាក់របស់ថ្មីចូល ដូចបន្ទប់មុនៗដែរ តែភ្នែករបស់ខ្ញុំ បានរេក្រឡេកទៅ ឃើញមានរបស់អ្វីមួយចាំងៗ នៅកៀនតុជាប់ក្បាលគ្រែ ខ្ញុំក៏ឱនទៅជិតដើម្បីមើល រួចក៏រើសវាយកមក។

របស់នោះដូចជារបស់ពីសម័យបុរាណយ៉ាងម៉េចមិនដឹងទេ តែមើលទៅ ដូចជារៀងចាស់បន្តិចហើយ ប្រហែលជាគេលែងត្រូវការហើយទេដឹង មើលទៅក៏គ្មានតម្លៃអីដែរ។ ប៉ុន្តែក្រោយមក ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ថាត្រជាក់ៗយ៉ាងម៉េចមិនដឹងទេ ស្រៀវៗខ្នងភ្លាមៗ ខុសប្លែកពីពេលមុនចូលមកនេះ ចំណែកម៉ាស៊ីនត្រជាក់ក៏អត់មានបានបើកនោះដែរ ចុះហេតុអ្វីសុខៗស្រាប់តែត្រជាក់។ ដូចជាមិនស្រួលទេ ខ្ញុំក៏ប្រញាប់ប្រញាល់ចាក់សោរបន្ទប់នោះបិទចេញមកវិញ។

មុនដំបូងខ្ញុំគិតថា នឹងយករបស់ដែលរើសបានពីបន្ទប់ដែលខ្ញុំបានសម្អាតនៅជាន់ទី៤នោះ ឱ្យបងលីណា ប៉ុន្តែដោយសារតែហត់ពេក ក៏ប្រញាប់ត្រឡប់មកផ្ទះសំរាក ធ្វើឱ្យខ្ញុំភ្លេចប្រាប់បងលីណាឱ្យឈឹង ចំណែកឯរបស់មួយនោះវិញវាក៏នៅក្នុងហោប៉ៅខោខ្ញុំរហូតមក ដល់ផ្ទះ។ 

បន្ទាប់ពីបានមកដល់ផ្ទះភ្លាមខ្ញុំស្ទុះស្ទារចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន នឹងអាលបានសម្រាក ប៉ុន្តែរំពេចនោះដែរខ្ញុំបានឮសំឡេងភ្លេងបុរាណលាន់ឮល្វើយៗ ពីណាមក ក៏មិនដឹង ខ្ញុំក៏ឆ្ងល់ក្នុងចិត្ត…

«អ្នកណាគេមកចាក់ភ្លេងបុរាណ អីថ្មើរនេះ ម៉ោង២ ម៉ោង៣ ឥឡូវហើយ ឬក៏មាន អ្នក ហាត់របាំអីនៅម្តុំនេះទេដឹង»

ខ្ញុំមិនសូវចាប់អារម្មណ៍ទៀតក៏លេងខ្វល់ ហើយក៏បន្តមុជទឹក ប៉ុន្តែភ្លេងនោះ នៅតែឮឥត ឈប់សោះ។ ខ្ញុំព្រមទាំងបាន ឮសំឡេងសម្រឹបជើងមនុស្សដើរ នៅមុខបន្ទប់របស់ខ្ញុំ ទៀតផង។ ពេលនោះខ្ញុំចាប់ផ្តើមឆ្ងល់ក្នុងចិត្តបន្តិចដែរ តើអ្នកណាគេ មកដើរចុះ ដើរឡើង អីម្តុំនេះ យប់ថ្មើរនេះទៅហើយ។ ចំណែកខ្ញុំក៏មិនបានទៅបើកទ្វារមើលនោះដែរ ព្រោះថាវាអស់កម្លាំងខ្លាំងមែនទែនតែម្តង ប៉ុន្តែអាសំឡេងភ្លេងបុរាណនោះ នៅតែឮកាន់តែខ្លាំងងំក្នុងត្រចៀកខ្ញុំរហូត តែទោះយ៉ាងណាវាមិនបានបញ្ឃប់ខ្ញុំមិនឱ្យហក់ឡើងលើគ្រែគេងរបស់ខ្ញុំបានឡើយ។

ដដែល នៅពេលដែលខ្ញុំគេងលើគ្រែ សំឡេងភ្លេងនោះកាន់តែឮខ្លាំងឡើងៗ ហាក់ដូចជា មិនចង់ឱ្យខ្ញុំបានគេងលក់ស្រួលទាល់​តែ​សោះ នៅក្នុងចិត្តខ្ញុំពេលនេះពិតជាខឹង ខ្លាំងណាស់ ព្រោះមនុស្សកំពុងតែហត់ហើយនៅមកចាក់ភ្លេងរាំតម្លង់អីថ្មើរនេះទៀត អត់មាន អាណិត ចិត្តអ្នកជិតខាងខ្លះទេឬយ៉ាងម៉េច។ ខ្ញុំពិតជាទ្រាំលេងបាន តែមិនដឹងជាធ្វើយ៉ាងម៉េច ខំយកខ្នើយមកខ្ទប់ត្រចៀកហើយ នៅតែមិនបាត់ ចំណែកអាភ្លេងនោះក៏កាន់តែបន្តឮឡើងៗ វាហាក់បីដូចជានៅមុខបន្ទប់របស់ខ្ញុំអ៊ីចឹង។ នៅមានសំឡេងកងជើង ទង្គិចគ្នាចុះឡើងៗ នៅមុខបន្ទប់ខ្ញុំទៀតផង ពេលនោះចិត្តខ្ញុំចង់ឆេះទៅហើយ អ្នកណា អីក៏អត់សុជីវធម៌យ៉ាងនេះ មករាំនៅមុខបន្ទប់របស់ខ្ញុំ។ ពេលនោះ ខ្ញុំក៏តាំងចិត្តថានឹងចេញ ទៅថាឱ្យអ្នកដែលឈររាំនៅមុខបន្ទប់ខ្ញុំ ព្រមទាំងចាក់ភ្លេងខ្លាំងៗរំខានខ្ញុំថ្នាក់នេះ។

ខ្ញុំបានដើរទៅកាន់ទ្វារបន្ទប់ រួច បើកទ្វារទាំងក្នុងចិត្តត្រៀមថានឹងស្តីឱ្យណាណីម្តង។ ខ្ញុំលូកដៃទៅបើកទ្វារបន្ទប់តាមចិត្តដែលកំពុងតែមួរម៉ៅ។ បន្ទាប់មកខ្ញុំក៏បាន ឃើញមនុស្សស្រីម្នាក់ស្លៀកសំលៀកបំពាក់ជាអ្នករបាំ ដូចជា អ្នករាំរបាំអប្សរា សក់វែង អូសដី ចំណែកដងខ្លួនវិញឡើងស តាមខ្ញុំចាំដូចជាអ្នករាំជំនាន់សម័យ បុរាណដែល គេលាបមុខ លាបខ្លួន ឱ្យសៗអីបែបនោះ។ ខ្ញុំលែងខ្វល់ ហើយ ក៏បាន ដើរចេញប្រាប់ទៅនារីម្នាក់នោះ៖

«ខ្ញុំត្រូវការសម្រាក ព្រោះស្អែកខ្ញុំត្រូវទៅរៀនទៀត បងអាចទៅហាត់រាំនៅកន្លែងផ្សេងបានទេ»

«….»

នាងមិនបានឆ្លើយតបអ្វីជាមួយខ្ញុំនោះទេ ព្រមទាំងមិនខ្ចីងាកមករកខ្ញុំថែមទៀតផង ខ្ញុំបានហៅនាងជាច្រើនដង ក៏នាងនៅតែធ្វើមិនដឹងមិនឮ នាងនៅតែបន្តរាំម្នាក់ឯង កាច់ចុះ កាច់ឡើង នាងមិនបានខ្វល់ថាខ្ញុំនិយាយអ្វីឡើយ ចំណែកខ្ញុំកាន់តែក្តៅចិត្តខ្លាំងឡើងរួចក៏ដើរ សំដៅទៅពីក្រោយខ្នងនាង ដើម្បីនិយាយជាមួយនាងឱ្យដឹងគ្នាម្តង។ បន្ទាប់មកខ្ញុំ បានលូកដៃទៅ កេះស្មារបស់នារីរបាំនោះតិចៗ ដើម្បីឱ្យនាងបែរមកនិយាយជាមួយខ្ញុំ ពេល នោះស្រាប់តែនាងបែរខ្លួនមកយឺតៗ ហើយលាយលំជាមួយភ្លេងបុរាណនោះទៀត ខ្ញុំឯណេះភ្ញាក់ក្រញាង ព្រមទាំងព្រឺឆ្អឹងខ្នងតិចៗដែរ គិតថានឹងមិនខ្វល់ព្រោះថាកំពុងតែក្តៅចិត្តខ្លាំង….. ប៉ុន្តែ ព្រះអើយ! ខ្ញុំបានឃើញ មុខរបស់នាងពេញទំហឹង មុខរបស់នាងឡើងរលួយ ភ្នែក សុទ្ធតែឈាម មានដង្កូវចោះគួរឱ្យខ្ពើម​ បន្ទាប់មកនាងបានសម្លឹងខ្ញុំឡើងថ្មែ ដូចជាស្អប់ ខ្ញុំតាំងពីជាតិណាមកអ៊ីចឹង នាង សម្លក់ខ្ញុំរហូតធ្វើឱ្យគ្រាប់ភ្នែកនាងម្ខាងធ្លាក់ជ្រុះចុះមកក្រោម ខ្ញុំឯណេះភ័យញ័រខ្លួនច្របប់ រួចនាងក៏បានបន្លឺសំឡេងអន្លាយៗ ស្តាប់ហើយព្រឺក្បាល មិនតែប៉ុនណោះ នាងព្រមទាំងលូក ដៃមករក ច្របាច់ក របស់ខ្ញុំថែមទៀតផង រួចនាងនិយាយដោយសំឡេងយ៉ាងគ្រលួចថា…

«សង…របស់…យើង…វិញ…ភ្លាម»

ខ្ញុំស្រែកឡើងភ្លាត់សំឡេង បែកញើសជោកខ្លួន បេះដូងលោតញ៉ាប់ខុសចង្វាក់ សឹងតែ ធ្លាយចេញមកក្រៅ តាមពិតជាការយល់សប្តិ ហើយវាជាការយល់សប្តិដ៏អាក្រក់ដែលខ្ញុំមិនដែលឃើញ។ តាំងតែពីខ្ញុំមកនៅទីនេះមកមិនដែលយល់សប្តិអីគួរឱ្យខ្លាចបែបនេះទេ។ នាង ចង់ឱ្យខ្ញុំសងអ្វី?​ខ្ញុំបានទៅពាក់ព័ន្ធអីជាមួយនាងពីពេលណា? ខ្ញុំប្រញាប់ប្រញាល់ រៀបចំខ្លួន ដើម្បីទៅសាលា ចាត់ទុកថាវាជាការយល់សប្តិអាក្រក់មួយទៅចុះ ប្រហែលជាដោយសារ តែម្សិលមិញ មកពីហត់ការងារពេកហើយ។

មកដល់សាលា គ្រប់គ្នានាំគ្នាមើលមុខខ្ញុំរហូត តាំងពីខ្លោងទ្វារមកដល់ថ្នាក់រៀន ថ្ងៃនេះពួក គេកើតអ្វីទៅ។ មានមិត្តខ្ញុំម្នាក់គេបានចូលមកនិយាយជាមួយខ្ញុំជាមួយសំនួរចម្លែកៗ៖

«សាកណា ឯងនាំអ្នកណាមកជាមួយនឹង?»

«ខ្ញុំមកតែម្នាក់ឯងទេតើ»

«តែគ្នាឃើញមានមនុស្សស្រីម្នាក់តាមឯងរហូតតាំងពីចូលមក នាងឈរចាំ នៅខាងក្រៅ បន្ទប់ ឯណោះ»

ពេលនោះខ្ញុំក៏អើតក្បាលចេញទៅតាមចង្អុរដៃ ដែលមិត្តខ្ញុំបានបង្ហាញប្រាប់ ប៉ុន្តែខ្ញុំមិនបាន ឃើញអ្វីឡើយ រួចក៏ងាកមកថាឱ្យមិត្តវិញ…

«មានឯណា! ឯងស្រវាំងភ្នែកទេដឹង»

«អឺ! ប្រហែលជាអ៊ីចឹងហើយដឹង!»

មួយសន្ទុះក្រោយ ខ្ញុំក៏បានឮមិត្តរបស់ខ្ញុំស្រែក….

«អា!!!!!»

ខ្ញុំប្រញាប់ស្ទុះទៅរកនាង ហើយសួរនាងភ្លាម ថាកើតអ្វី​តែនាងស្រាប់តែនិយាយចម្លែកៗ។

«ខ្ម….ខ្មោ….ខ្មោច»

«ឯងនិយាយអីនឹងហាស?»

«យើងនិយាយការពិត នាងគួរឱ្យខ្លាចណាស់ យើងខ្លាចណាស់»

ខ្លួនរបស់មិត្តខ្ញុំញ័រចំប្រប់ដូចបានឃើញរបស់ដែលមិនគួរមើលឃើញនោះពិតមែន ភ្នែកនាង បិតរហូត មិនហ៊ានបើកឡើយ។ 

«ឯងស្រវាំងភ្នែកទេដឹង គ្មានអីទេណា»

«តែ..វា..គឺ..ខ្ញុំបានឃើញពិតមែនណា»

«នៅឯណាម៉េចក៏ខ្ញុំមិនឃើញ»

«គឺ..ន..នៅ…ក្រ..ក្រោយ..ឯង… អា!!!!»

នាងបានរត់ចេញពីខ្ញុំទៅបាត់ តែត្រូវមិត្តខ្ញុំម្នាក់ទៀតចាប់ទាន់ ខ្ញុំពិតជាភ័យ និងអាការៈនាង ខ្លាំងណាស់ ហេតុអ្វីបានជានៅសុខៗ នាងទៅជាបែបនេះ បន្ទាប់មកនាង ក៏សន្លប់បាត់ មាត់ឈឹង។ 

~~~~~~~~~~~~~~~

នៅកន្លែងធ្វើការខ្ញុំតែងគិតពីសម្តីរបស់មិត្តខ្ញុំកាលពីថ្ងៃមិញ ហេតុអីនាងនិយាយស្តី អីប្លែកៗ សុខៗក៏ទៅជាភ័យស្លន់ស្លោរ សន្លប់បាត់មាត់ឈឹង ព្រមទាំងនិយាយថាឃើញ ខ្មោចនៅពី ក្រោយខ្នងខ្ញុំទៀត។ ភ្លាមនោះ ខ្ញុំស្រាប់តែឮសំឡេងភ្លេងបុរាណនោះទៀតហើយ ហេតុអ្វីបានជាក្នុងសណ្ឋាគារចាក់ភ្លេងឮយ៉ាងនេះ រាល់ដងដូចមិនដែលចាក់ទេ មានតែឱ្យអ្នកគោះ រនាថគោះតិចៗ តែនេះជាភ្លេងសុទ្ធសាធ ភ្លេងដែលខ្ញុំធ្លាប់ ឮកាលពីយប់មិញ ពេលនោះខ្ញុំ ក៏បានដើរទៅសួរបងៗ ដែលធ្វើការនៅកន្លែងទទួលភ្ញៀវ។

«បងហា! ម៉េ្តចក៏ថ្ងៃនេះចាក់ភ្លេងរបាំប្រពៃណីឮខ្លាំងម្ល៉េះ អត់រំខានភ្ញៀវទេហ៎»

ពេលនោះពួកគាត់ចាប់ផ្តើមនាំគ្នាមើលមុខគ្នាចុះឡើង ដូចជាឆ្ងល់និងសម្តីរបស់ខ្ញុំខ្លាំងណាស់ ហាក់ដូចខ្ញុំទៅកំប្លែងលេងជាមួយគាត់អ៊ីចឹង រួចគាត់ក៏និយាយ

«មានឯណាអូន ពួកបងមិនឮផងហ្នឹង»

«ម៉េចអ៊ីចឹង ខ្ញុំឮសឹងបែកត្រចៀកហើយបង»

«អូនឯងច្រឡំទេដឹង មិនជឿសួរអ្នកផ្សេងក៏បានណា»

ខ្ញុំចាប់ផ្តើមឆ្ងល់ រួចក៏ដើរចេញពីពួកគាត់ទៅ ប៉ុន្តែខ្ញុំពិតជាបានឮច្បាស់ណាស់ ហេតុអីពួក គាត់មិនឮ ឬក៏….។ 

»»»»»»»»»»»»»»»»»                                                   

«កុំ..! កុំ…! កុំចូលមក ហ៊ឺ…..កុំធ្វើបាបខ្ញុំអី!!! ខ្ញុំខ្លាចហើយ!!!»

«បើមិនចង់ងាប់….នាងឆាប់សងរបស់ឱ្យយើងវិញភ្លាម…»

«អា! អត់ទេ​…កុំ…»

ខ្ញុំភ្ញាក់មកទាំងបែកញើសជោកខ្លួន គឺយល់សប្តិអាក្រក់ដដែលនោះទៀតហើយ តែលើកនេះ ពិតជាសាហាជាងលើកមុនទៅទៀត។ នាងខ្វេះគ្រាប់ភ្នែករបស់នាងចេញមកក្រៅ ចំណែកឯខ្លួនប្រាណនាងវិញឡើងរលួយ រួចយកក្រចកវែងៗរបស់នាងមកបះលើមុខរបស់ខ្ញុំ បន្ទាប់មក ក៏ចង់ ច្របាច់កខ្ញុំ ដូចជានាងខឹងគុំគួនជាមួយខ្ញុំតាំងពីជាតិណាមកអ៊ីចឹង។ គ្រាន់តែនឹក ឃើញដល់យល់សប្តិមួយនេះ បេះដូងខ្ញុំលោតញាប់សឹងតែធ្លាយចេញមកក្រៅ ដកដង្ហើមសឹង មិនដល់គ្នា តើនេះវាមានរឿងអីកើតឡើងមកលើខ្ញុំទៅ តើខ្ញុំទៅយករបស់ស្អីពីនាងពីពេលណា ទើបបានជានាងចេះតែមកចង់ទាររបស់នោះពីខ្ញុំ។

មួយរយៈកន្លងមកនេះ ខ្ញុំនៅមិនសុខទេ ចេះតែឮសំឡេងភ្លេងបុរាណនោះរហូត ទោះជាខ្ញុំទៅដល់ កន្លែងណាក៏ដោយ ខ្ញុំសួរគេមានឮភ្លេងហ្នឹងអត់? គ្រប់គ្នាសុទ្ធតែឆ្លើយថាអត់ទេ។ នៅសាលាក៏អ៊ីចឹង ម្នាក់ៗមិនចង់នៅក្បែរខ្ញុំទេ សូម្បីតែមិត្តរបស់ខ្ញុំ នាងធ្លាប់សន្លប់ ដោយ សារ តែឃើញអ្វីក៏មិនដឹង បន្ទាប់ពីថ្ងៃនោះមកនាងមិនដែលមើលមុខខ្ញុំចំទេ។ មានម្តងនោះ ពេលដែលនាងសម្លឹងមើលមកខ្ញុំ នាងធ្វើខ្លួនដូចជាឃើញអ្វីអ៊ីចឹង រួចធ្វើខ្លួនខ្លាចៗ បន្ទាប់មក ក៏រត់ចេញពីខ្ញុំទៅបាត់។ ខ្ញុំក៏មិនថាអ្វីនាងដែរ ប្រហែលជានាងមានហេតុផលអ្វីម្យ៉ាងហើយ ឬក៏នាងឃើញអ្វីដែលមិនគួរឱ្យឃើញនោះពិតមែន? កំពុងតែអង្គុយគិតតែម្នាក់ឯង ស្រាប់ តែមាន មិត្តភក្តិប្រុសម្នាក់ គេឈ្មោះ ឆវ័ន គេម្នាក់នេះជាមិត្តរួមថ្នាក់របស់ខ្ញុំ ប៉ុន្តែខ្ញុំមិនសូវ ជាបាននិយាយលេងអ្វីជាមួយគេទេ គេក៏ស្រាប់ដើរមកក្បែរខ្ញុំ ហើយអង្គុយជិតខ្ញុំ រួចនិយាយ ពាក្យប្លែកៗខ្ញុំស្តាប់សឹងមិនយល់៖

«ទឹកមុខនាងបញ្ជាក់ថាត្រូវខ្មោចលងហើយ»

«ថា…ថាម៉េច?» ខ្ញុំប្រតិកម្មភ្លាមៗនៅពេលដែលគេនិយាយលេងសើចដល់ពាក្យទាំងអស់នេះ

«មិនតែប៉ុនណោះខ្មោចនោះនៅតាមនាងរហូតទៀតផង ប្រហែលជា គេចង់បានអ្វីពីនាង ហើយមើលទៅ»

«កុំនិយាយលេងសើចណា ខ្ញុំមិនចូលចិត្តទេ» ខ្ញុំរៀបតែងើបចេញពីគេ ស្រាប់តែគេបន្តឃ្លាធ្វើឱ្យខ្ញុំទុចដំណើរ។

«បើនាងមិនជឿក៏តាមចិត្ត តារបស់ខ្ញុំជាគ្រូអាគម បើនាងចង់ដឹងខ្ញុំនឹងជូននាងទៅជួបគាត់ ទាន់អ្វីៗគ្រប់យ៉ាងមិនទាន់ហួសពេល នេះលេខទូរស័ព្ទខ្ញុំ ខលមកខ្ញុំពេល ដែលនាងជឿអ្វី ដែលខ្ញុំបាននិយាយ»

ឆវន័និយាយចប់ប្រយោគភ្លាម គេក៏បានងើបដើរចេញពីខ្ញុំទៅបាត់ ទុកឱ្យខ្ញុំនៅ ងឿងឆ្ងល់ នូវសម្តីគ្រប់ម៉ាត់របស់គេអម្បាញ់មិញ។ គេចង់មានន័យយ៉ាងម៉េចពាក្យថា ទាន់អ្វីៗគ្រប់យ៉ាង មិនទាន់ហួសពេលនោះ? ខ្ញុំបានសម្លឹងមើលលេខរបស់គេដែលបានឱ្យមកខ្ញុំមុននេះបន្តិច រួចក៏ ដាក់វាក្នុងហោប៉ៅអាវ។ តើគួរជឿសម្តីឆវ័នដែរទេ មនុស្សមិនដែល និយាយរកគ្នាផង នៅសុខៗមកប្រាប់ខ្ញុំរឿងអ្វីប្លែកៗបែបនេះ តើខ្ញុំគួរជឿគេដែរឬទេ។

ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែយល់សប្តិឃើញនារីរបាំម្នាក់នោះរហូត នាងតែងតែ បង្ហាញ រូប អាក្រក់ៗគ្រប់ពេលដែលខ្ញុំយល់សប្តិឃើញនាង ពេលខ្លះ កាច់ដៃកាច់ជើង នៅចំពោះមុខខ្ញុំ ពេលខ្លះខ្វេះគ្រាប់ភ្នែកចេញមកក្រៅ ហើយពេលខ្លះទៀត យកសក់ដ៏វែងរបស់ នាង មកទាក់ករបស់ខ្ញុំ ហើយមានលើកមួយនោះ នាងយកក្រចកដែលស្រួចវែងរបស់នាង មក ចង្អុរមុខខ្ញុំ បន្ទាប់មក ប្រុងនឹងខ្វេះមាត់របស់ខ្ញុំថែមទៀត នឹកឃើញម្តងៗ ព្រឺក្បាលណាស់។ ខ្ញុំមិនដែលដេកបានលក់ស្រួលនោះទេ ពេលខ្លះមិនចង់ដេកទៀតផង ព្រោះហ៊ានតែខ្ញុំបិទភ្នែក គឺច្បាស់ជាយល់សប្តិឃើញខ្មោចស្រីរបាំម្នាក់នោះមិនខាន។ 

មកដល់កន្លែងធ្វើការគ្រប់គ្នានិយាយថា ខ្ញុំមួយរយៈនេះភ្នែកខ្មៅឡើងស្លក់ ពួកគេថែមទាំងនិយាយទៀតថា ខ្ញុំចេញពីធ្វើការទៅដើរលេងបន្តឯណាឯណី។ ខ្ជិលប្រកែកជាមួយពួកគេ បើទៅប្រាប់គេ ថាមកពីដេកមិនលក់ ព្រោះយល់សប្តិ ឃើញតែខ្មោច ច្បាស់ជាថា ខ្ញុំនេះ និយាយ យកតែរួចខ្លួន។ ជាងមួយអាទិត្យហើយ ដែលខ្ញុំរស់នៅក្នុងសភាពបែបនេះ ភ័យខ្លាច តក់ស្លុត ឮសំឡេងចម្លែកៗ។ គ្រានេះខ្ញុំពិតជាមិនដឹងថាគួរធ្វើបែបណាទេ បើប្រាប់ម៉ែ ច្បាស់ជា ម៉ែបារម្ភ ហៅខ្ញុំទៅផ្ទះវិញមិនខាន ខ្ញុំមិនចង់បាត់បងការងារក្នុងពេលនេះដែរ តើខ្ញុំគួរធ្វើបែបណាទៅ។ 

~ទីង!ទីង~

ទូរស័ព្ទរបស់ខ្ញុំលោតសាររបស់អ្នកណាមកក៏មិនដឹង ជាលេខដែលខ្ញុំមិនដែលស្គាល់ ខ្ញុំយកទូរស័ព្ទមកចុច មើលអត្ថន័យនៅក្នុងសារនោះតើគេថាយ៉ាងម៉េច៖

«បើនាងនៅតែពន្យាពេលទៀត សូម្បីតែជីវិតក៏លោកតាខ្ញុំ ការពារនាងលែងបានដែរ»

«ឯងជាអ្នកណា»

«ខ្ញុំគឺឆវ័ន»

«ហេតុអីបានស្គាល់លេខខ្ញុំ»

«មិនសំខាន់ទេ តែជីវិតនាងសំខាន់ជាង ខ្មោចនោះរិតតែខឹងនឹងនាងខ្លាំងហើយ»

ខ្ញុំមិនបានតបសាររបស់ឆវ័នទៀតឡើយ ព្រោះកំពុងតែគិត មួយរយៈនេះខ្ញុំពិតជាយល់សប្តិ មានគេមកទារបស់ពីខ្ញុំពិតមែន តើខ្ញុំពិតជាយករបស់អីពីខ្មោចនោះមែនឬ? ខ្ញុំពិតជាចាំមិន បានពិតមែន។ ប៉ុន្តែហេតុអីបានជាគេដឹង? 

ដោយសារតែខ្ញុំពិតជាទ្រាំលេងបានទៀតហើយក្នុងសភាពមួយនេះ ដេកក៏មិនកើត មួយថ្ងៃៗ ឮតែសំឡេងភ្លេងបុរាណនោះ ជាប់ក្នុងត្រចៀកឥតឈប់ឈរ ពេលខ្លះដូចមាន មនុស្សដើរតាម ពីក្រោយ ហើយត្រជាក់ៗព្រឺដល់ក្បាល ទាំងពេលខ្លះ នៅក្រោមថ្ងៃក្តៅសោះ ក៏មានអារម្មណ៍ថាត្រជាក់ស្រេងគួរឱ្យខ្លាចដែរ ហេតុនេះហើយ ខ្ញុំក៏សម្រេចចិត្ត ខលទៅឆវ័នតែម្តង។

«អាឡូឆវ័ន ខ្ញុំសាកណា»

«ជឿខ្ញុំហើយមែនទេ»

«គឺ!! មិនទាន់ជឿទេ តែគ្រាន់តែចង់ដឹង ថាវាដូចដែលឯងនិយាយដែរអត់»

«អ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតទាំងអស់»

«អ៊ីចឹងអាទិត្យនេះពួកយើងទៅជួបលោកតាឯងបានទេ»

«ខ្ញុំទៅយកនាង»

«ច៎ា»

ឆវ័នក៏ដាក់ទូរស័ព្ទចុះ តែភ្លាមនោះខ្ញុំក៏នឹកឃើញថា ហេតុអីបានគេស្គាល់ផ្ទះរបស់ខ្ញុំ បើខ្ញុំមិន ដែលប្រាប់គេផង? នេះខ្ញុំគិតត្រូវឬខុសដែលជឿសម្តីគេម្នាក់នេះ។ បន្ទាប់មកខ្ញុំក៏បានដាក់ ច្បាប់នៅកន្លែងធ្វើការប៉ុន្មានថ្ងៃ ដើម្បីឱ្យដឹងការពិតថាឆវ័ននិយាយជាការពិតឬអត់ តើខ្មោចស្រីរបាំងម្នាក់នោះជាអ្នកណា ហើយនាងចង់បានអីពីខ្ញុំ។

ថ្ងៃអាទិត្យក៏បានមកដល់ ឆវ័នបាននាំខ្ញុំទៅខេត្តកំពង់ចាម ដែលជាផ្ទះរបស់លោកតាគេ ពួកយើងទាំងពីរមិនបាននិយាយអ្វីឡើយ ប៉ុន្តែដោយហេតុតែខ្ញុំឆ្ងល់ ខ្ញុំក៏ចាប់ផ្តើមសួរគេមុន៖

«ហេតុអីឯងចង់ជួយខ្ញុំ»

«ជួយមនុស្សត្រូវគិតថាចង់មិនចង់ដែរ?»

«ប៉ុន្តែពួកយើងមិនដែលនិយាយគ្នាផង ម៉េចបានស្គាល់លេខខ្ញុំ ហើយផ្ទះខ្ញុំទៀត»

«ខ្ញុំសួរមិត្តរបស់នាង ព្រោះខ្ញុំគិតថានាងប្រាកដជាមិនជឿសម្តីខ្ញុំទេ ខ្ញុំមិនចូលចិត្តឃើញ មនុស្សជិតស្លាប់ហើយមិនជួយនោះទេ»

«នេះ!!នេះ!! ខ្ញុំជិតស្លាប់ហើយមែនទេ»

«បើនាងនៅតែបន្តទុកយូរជាងនេះទៀត ខ្មោចស្រីម្នាក់នោះនឹងសម្លាប់នាងចោលមិនខាន»

ខ្ញុំសម្រេចចិត្តនិយាយរឿងដែលខ្ញុំយល់សប្តិឃើញនោះប្រាប់ទៅគេទាំងអស់​សង្ឃឹមថាគេនឹងជឿសម្តីខ្ញុំទៅចុះ៖

«ដំបូងវាជាការយល់សប្តិដាស់សតិនាងឱ្យដឹង ដើម្បីឱ្យនាងយករបស់នោះទៅសងគេវិញ ប៉ុន្តែ ដោយសារនាងមិនព្រមយកទៅសងគេវិញ ទើបគេបង្ហាញខ្លួនឱ្យនាងឃើញគ្រប់រូបភាពទាំងអស់ ហើយនោះវាជាការពិតដែលនឹងកើតឡើងឆាប់ៗ បើនាងនៅតែរឹងទទឹង»

ខ្ញុំលែងមាត់ ប៉ុន្តែខ្លួនប្រាណទៅជាញ័រខ្លួនដូចកូនចាបត្រូវទឹក តើខ្ញុំបានយកអ្វីពីខ្មោច នោះទៅ ហេតុអ្វីបានជាគេមកចងកម្មពារអ្វីជាមួយខ្ញុំ?

«នាងសាកគិតមើលថាមានបានយកអ្វីប្លែកៗចេញពីណាដែរទេ»

«គឺ… អត់មានទេ មនុស្សខ្ញុំមិនចេះយករបស់អ្នកណាផ្តេសផ្តាសទេ តើខ្ញុំទៅយក របស់ខ្មោច បាន យ៉ាងម៉េចទៅ…ខ្ញុំទើបតែឡើងមកនៅភ្នំពេញបានជាង៣ខែប៉ុនណោះ មិនសូវស្គាល់កន្លែងណាទេ»

 «នាងអាចសាករកនឹកម្តងទៀតទៅ អាចថានាងភ្លេចក៏ថាបាន»

ខ្ញុំនៅតែក្រវីក្បាលប្រាប់ឆវ័នថាខ្ញុំពិតជាមិនបានយករបស់ស្អីនោះពិតមែន ប៉ុន្តែឆវ័ន នៅតែ ព្យាយាមឱ្យខ្ញុំរកនឹក។ មិនយូរប៉ុន្មានពួកយើងក៏បានមកដល់ផ្ទះលោកតារបស់គេ នៅតាម ផ្លូវទៅផ្ទះគាត់មើលទៅគួរឱ្យខ្លាចខ្លាំងណាស់ ស្ងាត់ហើយថែមទាំងចូលទៅឡើងជ្រៅទៀត មើលទៅមិនសូវជាមានផ្ទះនៅជិតៗគ្នានោះទេ។

បន្តិចក្រោយមក ខ្ញុំក៏បានមកដល់ផ្ទះ ចំណាស់ បែបបុរាណមួយខ្នង មើលទៅផ្ទះនេះហាក់ដូចជាមានអាយុកាលយូរណាស់មកហើយ បើតាមក្បាច់ក្បូររចនា របស់ផ្ទះមួយខ្នងនេះ មើលយូរៗទៅពិតជាគួរឱ្យខ្លាច។ ឆវ័នបាន នាំខ្ញុំឡើង ទៅខាងលើផ្ទះ ដើម្បីជួបលោកតារបស់គេ​ ប៉ុន្តែខ្ញុំមិនទាន់បានជួបគាត់នៅឡើយទេ ទាល់តែល្ងាច ទើបគាត់ មកផ្ទះ ព្រោះព្រឹកនេះ គាត់ប្រាប់ថា គាត់ទៅលើករាសី នឹងបណ្តេញ វត្ថុចង្រៃ ចេញពីផ្ទះអ្នកភូមិ។  លោកតាផ្តាំឱ្យឆវ័នប្រាប់ខ្ញុំទៀតថា ខ្ញុំមិនបាច់ភ័យទេ ពេលដែលបានមក ដល់ផ្ទះរបស់គាត់ ប៉ុន្តែលោកក៏ បានផ្តាំប៉ុន្តែទៀតថាមិនឱ្យខ្ញុំដើរទៅណាឬចុះទៅខាងក្រោមផ្ទះតែម្នាក់ឯងទេ ត្រូវចាំគាត់នៅខាងលើផ្ទះ រហូតដល់គាត់ត្រលប់មកវិញ។

ផ្ទះគាត់មានតាំងពីវត្ថុដែលសល់ពីសម័យ ណាមកក៏មិនដឹង ចំណែករូបដែលភ្ជួរលើជញ្ជាំង សុទ្ធតែរូបសម័យបុរាណៗទាំងអស់ មានតាំងពីរូបក្នុងសម័យសង្គមរាស្រ្តនិយមថែមទៀត។ លោកតារបស់ឆវ័ន ចូលចិត្តរូប ទាំងនេះណាស់ហើយ។ កំពុងតែស្លុងជាមួយបរិវេណជុំវិញផ្ទះលោកតារបស់ឆវ័ន កន្ទុយភ្នែករបស់ខ្ញុំបានក្រឡេកទៅប្រទះឃើញ ទីអាសនៈរបស់លោកតាឆវ័ន។ ពេលដែលបានឃើញហើយ ខ្លួនប្រាណរបស់ខ្ញុំស្រាប់តែបះរោមព្រឺៗខ្ញាកៗតែម្តង មានរបស់របរ ជាច្រើនមិនដឹងជាអ្វីខ្លះនោះទេ គួរឱ្យខ្លាចណាស់ ខ្ញុំក៏ដើរចេញពីកន្លែងនោះទៅ។

រហូតដល់ម៉ោងជិតប្រាំល្ងាច នៅតែមិនទាន់ឃើញលោកតាត្រលប់មកវិញទៀត រំពេចនោះ ទូរស័ព្ទខ្ញុំក៏រោទិ៍ឡើង បង្ហាញឱ្យឃើញលេខលើអេក្រង់ជារបស់ម៉ែខ្ញុំ ខ្ញុំក៏បាន ដើរទៅ ឆ្ងាយពីឆវ័ន ដើម្បីនិយាយជាមួយម៉ែ តែនៅម្តុំនេះដូចជាគ្មានសេវាអ្វីបន្តិចសោះ។ ខ្ញុំក៏ដើរចុះមកក្រោមតែម្នាក់ឯងដើម្បីរកសេវានិយាយ ជាមួយម៉ែដោយមិនបានប្រាប់ឆវ័នឡើយថា ខ្ញុំចុះមកក្រោម។

គ្រាន់តែមកដល់ខាងក្រោមភ្លាម ទូរសព្ទក៏មានសេវា ហើយខ្ញុំក៏បាននិយាយជាមួយម៉ែមួយសន្ទុះ។ ខ្ញុំមិនបានប្រាប់រឿងដែលកំពុងតែកើតឡើងនេះដល់គាត់ឱ្យដឹងឡើយ ព្រោះមិនចង់ឱ្យគាត់បារម្ភច្រើន។ បន្ទាប់ពីនិយាយជាមួយម៉ែចប់ ខ្ញុំក៏ដាក់ទូរស័ព្ទចុះ រួចរៀបថានឹងដើរឡើងមកខាងលើផ្ទះវិញ ចៃដន្យអ្វី មិនដឹងជាមានខ្យល់មកពីណាទេ ស្រាប់តែបក់កាត់ខ្ញុំមួយទំហឹង យ៉ាងត្រជាក់ស្រេង ធ្វើឱ្យខ្ញុំព្រឺរោមឡើងមកខ្ញាកៗ អមជាមួយសំឡេងឆ្កែលូយ៉ាងគ្រលួចបានបន្លឺឡើង លាយឡំនឹងសំឡេងភ្លេងបុរាណនោះទៀត  គឺខ្មោចស្រីនោះមករកខ្ញុំទៀតហើយ។ បេះដូងខ្ញុំចាប់ផ្តើមលោតញ៉ាប់ ដៃក៏ចាប់ផ្តើមត្រជាក់ ព្រឺដល់ឆ្អឹងខ្នង រួចក៏រត់សំដៅឡើងមកខាងលើផ្ទះវិញ ប៉ុន្តែក៏ត្រូវអ្វីម្យ៉ាង មកទាក់ជើងរបស់ខ្ញុំឱ្យដួលធ្លាក់ចុះមកក្រោមវិញ ពេលនោះខ្ញុំភ័យណាស់ ខ្ញុំក៏ប្រញាប់ស្រែកឱ្យឆវ័នជួយ

«ជួយផង ជួយផងឆវ័ន នាងខ្មោចនោះមករកខ្ញុំហើយ ខ្ញុំខ្លាចណាស់ ជួយខ្ញុំផង»

រហ័សដូចចិត្ត ឆវ័នបានរត់ចុះមកជួយគ្រាខ្ញុំយ៉ាងលឿន ប៉ុន្តែខ្ញុំក្រោកឡើងមិនរួចនោះទេ ត្រូវនាងខ្មោចនោះប្រើកម្លាំងសង្កត់ខ្ញុំជាប់។ នាងពិតជាមានកម្លាំងខ្លាំងណាស់ ឆវ័នមិនអាចជួយអ្វីខ្ញុំបានឡើយ។ ខ្មោចស្រីនោះក៏បានបង្ហាញមុខមាត់រលេះរលួយរបស់វា នៅចំពោះ មុខពួកយើង ព្រមទាំងលូកដៃមករកច្របាច់កយើងទាំងពីរ ប៉ុន្តែរំពេចនោះ ដៃនាងខ្មោចនោះ ក៏ប្រលែងចេញពីកខ្ញុំនិងឆវ័នភ្លាម លាយជាមួយនឹងសម្រែកដ៏ឈឺចាប់ ដូចជាមានមនុស្ស កំពុងតែសូត្យមន្តគាថាកំចាត់នាង។ ទោះយ៉ាងណាខ្មោចស្រីនោះពិតជាមានរិទ្ធអំណាចខ្លាំងខ្លា នាងមិនទៅណាទេ នាងនៅតែសម្លឹងសម្លក់មកយើងទាំងពីរ ភ្លាមនោះស្រាប់តែលោកតាបង្ហាញខ្លួនរួច ដើរចូលមក៖

«តាប្រាប់ហើយថាកុំឱ្យចុះទៅណាឱ្យសោះ»

«សុំទោសលោកតា» ឆវ័ននិយាយ

លោកតាក៏បាននិយាយជាមួយខ្មោចស្រីនោះ ប៉ុន្តែនាងខ្មោចនេះ ដូចជាមិនចង់និយាយ ស្រួល ជាមួយលោកតារបស់ឆវ័នទេ នាងស្រែកគំហកមកពួកយើងខ្លាំងៗ៖

«មិនមែនជារឿងរបស់តាឯងទេ ឆាប់ចេញទៅ»

«តើនាងចង់បានអីពីក្មេងនេះ»

«មីក្មេងនោះវាយករបស់យើង យើងព្រមានវាច្រើនដងហើយ វានៅមិនព្រមយកមក សងយើង វិញ អ៊ីចឹងយើងមានតែសម្លាប់វា ហាហា»

បន្ទាប់ពីនិយាយចប់ ខ្មោចស្រីនោះយំព្រមទាំងហូរទឹកភ្នែកចុះមកសុទ្ធតែឈាម រហូតសឹងតែជ្រុះគ្រាប់ភ្នែកចុះមកក្រោម សំឡេងយំរបស់នាងលាយឡំនិងភ្លេងបុរាណដ៏គ្រលួចនោះ រឹតតែធ្វើឱ្យខ្ញុំបះរោមព្រឺកាន់តែខ្លាំង រួចនាងក៏ចាប់ផ្តើមរាំកាច់ខ្លួននៅចំពោះមុខពួកយើង។

លោកតាបានងាកមករកខ្ញុំ ទាំងដែលខ្ញុំពេលនេះ កំពុងតែស្លេកមុខស្លេកមាត់ និយាយមិន ចេញ រួចគាត់បន្តនិយាយជាមួយខ្ញុំទៀតថា៖

«ចៅឯងបានយករបស់ជាទីស្រលាញ់របស់គេទៅ ម្ចាស់គេមិនសុខចិត្តបានជាគេមកតាមទារ យករបស់នោះ ចៅឯងយករបស់មួយនោះមកឱ្យតា តានឹងធ្វើពីធីដើម្បី សុំខមាទោស សងគេវិញ នោះគេនឹងដោះលេងចៅហើយ»

«ប៉ុន្តែលោកតា…ខ្ញុំ…ខ្ញុំ…ពិតជានឹកមិនឃើញទេថាវាជារបស់អីពិតមែនណាលោកតា»

«រកនឹកមើលទៅ ធ្លាប់រើសបានរបស់អី នៅកន្លែងណាដែរទេ»

ខ្ញុំក៏ព្យាយាមរកនឹក តែនឹកយ៉ាងណាក៏នឹកមិនឃើញ ខួរក្បាលខ្ញុំពេលនេះទទេរស្អាតព្រោះតែភាពភ័យខ្លាច។ ចំណែកឯលោកតា នៅសូត្រធម៌មន្តគាថ៌ារបសើគាត់ មាត់ជីបអូចៗ ហាក់ ដូចជាសណ្តំ ចិត្តខ្មោចនោះដើម្បីពន្យាពេលអ៊ីចឹង ឯឆវ័ន ក៏បន្តនិយាយមកខ្ញុំ

«នាងឆាប់រកនឹកមើលទៅសាកណា លោកតាកំពុងតែប្រើមន្តអាគមន៍ សណ្តំចិត្តខ្មោចនោះ ហើយ យើងគ្មានពេលយូរនោះទេ ឱ្យលឿនឡើងទៅ ឆាប់រកនឹកមើល៍ បើសិនជាមិនយករបស់នោះសងខ្មោចស្រីនោះទេយើងទាំងអស់គ្នាច្បាស់ជាស្លាប់»

ខ្ញុំក៏តាំងស្មារតីហើយចាប់ផ្តើមរកនឹកមើលរឿងគ្រប់យ៉ាងឡើងវិញទាំងអស់ ខ្ញុំទៅដល់ណា ធ្វើអ្វីជួបអ្វី គឺនឹកមកវិញទាំងអស់ ប៉ុន្តែនៅតែនឹកមិនឃើញថាខ្ញុំធ្លាប់យករបស់អ្វីពីអ្នកណា ចៃដន្យភ្លាមនោះភ្នែករបស់ខ្ញុំក៏បានក្រឡេកទៅខ្មោចនារីរបាំនោះមានកងជើងតែមួយចំហៀងទេ នេះបានន័យថា ប្រហែលជារបស់មួយនោះហើយ។

«ឆវ័ន! ខ្ញុំរកនឹកឃើញហើយឆវ័ន»

ខ្ញុំស្រែកឡើងយ៉ាងខ្លាំងដោយអារម្មណ៍ត្រេកអរពែក តែបែរជាធ្វើឱ្យដាស់សតិអារម្មណ៍ របស់ ខ្មោចនោះត្រលប់មកវិញ​ ធ្វើឱ្យនាងងាក មកសម្លក់ខ្ញុំថ្មែរួចហោះមកច្របាច់កខ្ញុំភ្លាមៗ លោកតាក៏ខំរត់ ឡើងទៅយកគ្រឿងសក្ការៈផ្សេងៗដើម្បីយកមកធ្វើពិធី ខ្ញុំ ឯណេះប៉ិស តែនិង ដាច់ខ្យល់ស្លាប់។

«របស់នោះជារបស់អី​ នៅឯណាទៅសាកណា» 

«វា…ខឹកខឹក…វា…ជាកងជើងមួយចំហៀងទៀត…ដែលដូចនឹងខ្មោចនេះពាក់ តែខ្ញុំមិនដឹងថា នៅទីណានោះទេ លោកសាករកមើលក្នុងសម្ពាយខោអាវខ្ញុំទៅ លឿនឡើងឆវ័ន…ខឹកខឹក… ជួយខ្ញុំផង… ខឹកៗ»

លោកតាត្រលប់មកវិញជាមួយនិងវត្ថុជាច្រើនសម្រាប់ធ្វើពិធី រួចគាត់ក៏បានសូត្រអ្វីមិនដឹង បន្ទាប់មកខ្មោចនោះក៏បានស្រែកទ្រហោយំ ដោយសម្រែកឈឺចាប់ យ៉ាងគួរឱ្យខ្លាច រួចក៏លែង ដៃ ចេញពីខ្ញុំ ធ្វើឱ្យខ្ញុំដួលទៅដីយ៉ាងដំណំ ។

«ខ្មោចនេះសាហាវណាស់ ចៅឯងត្រូវតែរកវត្ថុនោះមកសងគេវិញ ទើបតាអាចជួយបាន កំហឹងនាងកាន់តែខ្លាំង ព្រោះថារបស់នោះជារបស់ដែលនាងស្រលាញ់ខ្លាំងណាស់»

ខ្ញុំក៏ម្នីម្នារស្ទុះស្ទារទៅជួយរករបស់នោះជាមួយឆវ័ន។

«ឆវ័ន! យ៉ាង…យ៉ាងម៉េចហើយ ឃើញ….ឃើញដែរទេ» ខ្ញុំសួរទៅឆវ័នដោយសឹង តែដក ដង្ហើមមិនដល់គ្នា
«មិនទាន់ឃើញទេ នាងមិនបានទុកក្នុងនេះទេដឹង រកនឹកមើលទៅថាទុកនៅឯណា ឬក៏នៅ បន្ទប់របស់នាង»
«ខ្ញុំពិតជាមិនចាំថានៅទីណាមែន ហ៊ឺៗ ធ្វើយ៉ាងម៉េចទៅឆវ័ន ខ្ញុំហ្នឹងស្លាប់ដែរទេ ខ្ញុំខ្លាចណាស់»
«ធ្វើចិត្តឱ្យត្រជាក់ គិតមួយៗ លោកតាអាចជួយពន្យាពេលបានខ្លះដែរ ឆាប់រកនឹកទៅ»
ខ្ញុំយំផង ភ័យផង ទឹកភ្នែកហូរចុះមកឥតដាច់ ខ្ញុំព្យាយាមរកនឹកបណ្តើរៗ តែនៅតែ រកមិនឃើញ ទាល់តែសោះ ខ្ញុំពិតជាមិនរស់ទេ។ ប៉ុន្តែរំពេចនោះដៃរបស់ច្ញុំ ដែលកំពុងតែលូករាវ ចូលក្នុងសម្ពាយការបូបនោះ ក៏ស្រាប់តែចំបះរបស់អ្វីមួយរឹងៗ រួចខ្ញុំក៏ប្រញាប់ទាញវាចេញមក ។
«ខ្ញុំរកឃើញហើយឆវ័ន ខ្ញុំរកឃើញហើយ» 

ខ្ញុំនិយាយទាំងអរត្រហេបត្រហប ឆវ័នក៏ចូល មកក្បែរខ្ញុំ គេក៏សប្បាយចិត្តដូចជាខ្ញុំដែរ រួចគេបានប្រាប់ខ្ញុំឱ្យយករបស់នេះទៅឱ្យលោកតាដើម្បី ធ្វើពិធីសុំខមាទោស។ ដោយសារ តែអរផងភ័យផង ខ្ញុំមិនបានប្រយត្ន័ ធ្វើឱ្យកងជើងនោះ រមាលចុះទៅក្រោម ពេលនោះខ្ញុំកាន់តែភ័យឡើងទ្វេរដង ដៃញ័រច្របប់ បេះដូងសឹងតែឈប់លោត រួចនិយាយ ទាំងញ័រមាត់តតាក់៖
«ឆ…ឆវ័ន កង…កងជើង..កងជើង ជ្រុះចុះទៅក្រោមហើយ ធ្វើ…ធ្វើ…យ៉ាងម៉េចទៅ​ ធ្វើយ៉ាង ម៉េចទៅ…ហ៊ឺៗ»
«ថាម៉េច? កុំភ័យៗតោះយើងប្រញាប់ទៅរកជាមួយគ្នា»

ខ្ញុំនិងឆវ័ននាំគ្នារកមើលនៅខាងក្រោមផ្ទះរបស់លោកតា បញ្ចាំងពិលគ្រប់កន្លុកកន្លៀត នៅតែ រកមិនឃើញកងជើងមួយនោះទាល់តែសោះ។ ពេលនេះខ្ញុំសឹងតែលេងមានសង្ឃឹមថា ខ្មោចស្រីនោះនឹងទុកជីវិតឱ្យខ្ញុំទៀតហើយ។ ខ្ញុំបានដួលចុះអង្គុយលើដី រួចក៏អោបជង្គង់យំហូៗ។ ងាកមកមើល លោកតាឯណោះវិញ ខំប្រឹងតតាំងជាមួយខ្មោចស្រីនោះ សឹងតែអស់ កម្លាំង ពីខ្លួន ព្រោះតែខ្ញុំជាអ្នកបង្ករឡើងទាំងអស់ ខ្ញុំមិនចង់ឱ្យអ្នកណាមកពិបាកជាមួយខ្ញុំទៀតទេ ខ្ញុំក៏សម្រេចចិត្តថានឹងទៅ រកខ្មោចនោះឱ្យវាសម្លាប់ចោលតែម្តងទៅបើវាចង់សម្លាប់ខ្ញុំខ្លាំង។ គិតរួចខ្ញុំក៏ក្រោកឡើង ឈរខាំមាត់ទាំងមុខមាំលាយជាមួយទឹកភ្នែកជាប់ថ្ពាល់នៅឡើយ ប្រុងតែនឹងដើរចេញទៅរកខ្មោចនោះហើយ ស្រាប់តែឆវ័ន ចាប់ដៃខ្ញុំជាប់។

«នាងប្រុងធ្វើអីហ្នឹង កុំទាល់អាលអស់សង្ឃឹម យើងនៅមានពេលខ្លះទៀត លឿនឡើង ឆាប់ជួយរកគ្នាទៅ កុំធ្វើអីឆ្កួតៗឱ្យសោះ ដរាបណាមានខ្ញុំនិងលោកតានៅទីនេះ នាងច្បាស់ជាមិនអីទេ»

«ប៉ុន្តែ…ខ្ញុំគិតថាយើងរកមិនឃើញនោះទេ វាជិតហួសពេលហើយ ខ្ញុំក៏មិនចង់ធ្វើបាប លោកតាដែរ មើលគាត់ទៅ ខ្ញុំ….ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ»

ខ្ញុំគិតតែពីយំ រំពេចនោះស្រាប់តែ ឆវ័នស្រែកឡើងដោយក្តីត្រេកអរ។
«ខ្ញុំរកឃើញហើយសាកណា…យើងរកឃើញហើយ…តោះយកទៅឱ្យលោកតា»
ចំណែកឯខ្មោចស្រីនោះវាដូចជាដឹងហើយស្គាល់របស់វាខ្លាំងណាស់ ទាំងដែលវា មិនទាន់ទាំងបានឃើញផង វាស្រែករករបស់នោះ ឮកាន់តែខ្លាំងឡើងៗ ឡើងគ្រលួចព្រឺដល់ឆ្អឹងខ្នង។

«ឱ្យវាមកយើងវិញភ្លាម…ពួកឯងត្រូវតែស្លាប់ទាំងអស់»
ខ្ញុំបានប្រញាប់ហុចវាទៅឱ្យលោកតា រួចគាត់ក៏ចាប់ផ្តើមពីធីសង របស់និងសុំខមាទោស ទៅខ្មោចស្រីនោះ។
មួយសន្ទុះក្រោយមក ខ្ញុំឃើញកងជើងនោះ នៅនិងជើងរបស់នាង ពិតជាមិនគួរឱ្យជឿនិងភ្នែក ខ្ញុំពិតមែន ខ្ញុំវិះតែនឹងស្លាប់តៃហោងដោយសារតែកងជើងមួយនេះ។ បន្ទាប់មកខ្មោចនោះបាន ប្រែខ្លួនទៅ ជានារីម្នាក់ដ៏ស្អាតម្នាក់ ពិតជាស្អាតខ្លាំងណាស់ ជាមួយនឹងឈុតរបាំរបស់នាង ព្រមទាំងញញឹមមករកយើង ហើយក៏រលាយជាចេញទៅបាត់។ 

»»»»»»»»»»»»»»»»»

រឿងរ៉ាវកើតឡើងយ៉ាងរហ័សសឹងតែធ្វើឱ្យខ្ញុំស្លាប់។ វាដូចជាយល់សប្តិ នៅលើលោកនេះពិតជាមានរឿងរន្ធត់បែបនេះពិតមែន។

និយាយពីខ្មោចនារីរបាំម្នាក់នោះ តាមពិតនាងធ្លាប់ជានារីរបាំ ក្នុងអតីតសណ្ឋាគារដែលខ្ញុំកំពុងតែធ្វើការនេះ។ នាងមានឈ្មោះថា បុស្បា នាងធ្វើការជានារីរបាំតាំងតែពីក្មេង ព្រោះតែស្រលាញ់ផ្នែកសិល្បៈ ប៉ុន្តែនៅថ្ងៃមួយ នាងបានទៅសម្តែងរបាំ នៅអតីតសណ្ឋាគារដែលខ្ញុំកំពុងធ្វើការនាពេលបច្ចុប្បន្ននេះ។

ដោយសារតែទំរាំសម្តែងចប់ វាយប់ជ្រៅពេកទៅហើយ ទើបអតីតម្ចាស់សណ្ឋាគារនោះ បើកបន្ទប់ចុងក្រោយគេ នៅជាន់ទី៤ឱ្យនាងសម្រាកមួយយប់សិន។ ប៉ុន្តែជាអកុសល មនុស្សព្រៃផ្សៃដែលជាអតីតម្ចាស់សណ្ឋាគារនោះ វាមិនមានគំនិតល្អដូចដែលគ្រប់គ្នាគិតទេ។ វាបានលួចបន្លំចូលទៅក្នុងបន្ទប់ ដែលវាឱ្យនាងសម្រាក ព្រមទាំងរំលោភនាងដោយការបង្ខំយ៉ាងអាក្រក់ក្រៃលែង។

ដោយសារនាងមិនអាចទ្រាំទ្រជាមួយការប្រមាថមើលងាយបែបនេះ នាងក៏សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយខាំអណ្តាត។ វាបានយកសពរបស់បុស្បា ទៅកប់ចោល នៅកន្លែងមួយ ក្រោយ សណ្ឋាគារនោះ។ វាបានបំផ្លាញរបស់របរទាំងអស់ដែលជារបស់បុស្បា ដើម្បីបញ្ជាក់ថាបុស្បាបានចាកចេញពីសណ្ឋាគារទៅហើយ តែវាប្រហែលជាភ្លេចថានៅមានកងជើងមួយ ចំហៀងទៀត ដែលនាងបានធ្វើឱ្យជ្រុះ។ នាងបានប្រាប់ទៀតថា នាងមិនអាចធ្វើអ្វីវាមិនបាននោះទេ ព្រោះវាមានគ្រូអាគមន៍ ខ្លាំងមហាសាលជួយការពារ ហេតុនេះនាងបានសូមឱ្យខ្ញុំនិងឆវ័នជួយរកយុត្តិធម៌ឱ្យនាងផង នាងពិតជាគួរឱ្យអាណិតណាស់ ច្រើនឆ្នាំមកហើយដែលនាងមិនអាចចាប់ជាតិបាន ដោយសារតែគ្មានអ្នកណាដឹងថាសពរបស់នាងនៅឯណា

ខ្ញុំ និងឆវ័ន លាលោកតាហើយអរគុណគាត់  លោកតាបានប្រគល់ ខ្សែកព្រះមួយអង្គមកឱ្យខ្ញុំទុកការពារខ្លួនទៀតផង។
ឆវ័ននិងខ្ញុំ បានទៅប្តឹងប៉ូលីស រួចប្រាប់ពីទីតាំងដែរបុស្បាបានប្រាប់ខ្ញុំ ប៉ូលីសក៏បានរកឃើញសាកសពនាងពិតមែន ប៉ុន្តែវាយូរឆ្នាំពេកហើយ ទើបសាកសពរបស់នាងនៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។

ចំណែកឯអតីតថៅកែសណ្ឋាគារនោះ ប៉ូលីសបាននិយាយថា គេបានស្លាប់កាលពីប៉ុន្មានឆ្នាំមុននេះមកហើយដែរ ដោយគ្រោះថ្នាក់ចរាចរណ៍ ហេតុនេះសមាជិកគ្រួសារដែលនៅរស់ ត្រូវបានសងជំងឺចិត្តដល់គ្រួសារបុស្បាជំនួសវិញ។

«មនុស្សប្រភេទវានេះមិនសមរស់នាំធ្ងន់ផែនដីទេ គួរតែស្លាប់យូរណាស់មកហើយ»
«តែពេលនេះគេក៏បានស្លាប់ហើយដែរ បុស្បាប្រហែលជាអហោសិកម្មឱ្យគេហើយ?»
«ប្រហែលជាអ៊ីចឹងហើយ ខ្ញុំក៏លែងមានគ្រោះកម្មអីទៀតហើយមែនទេឆវ័ន»

«សប្បាយចិត្តវិញហើយមែនទេ»
«អ្នកណាថាអស់»
«ហ្អាស!ឆវ័នឯងនិយាយអីហ្នឹងខ្ញុំភ័យណាស់ណាឆ្កួតទេអី»
«និយាយលេងទេ នាងអស់អីហើយសប្បាយចិត្តចុះ»«មនុស្សឆ្កួត»
ខ្ញុំ និងឆវ័ន បានមកវត្តយកចង្ហាន់ប្រគេនលោក ដើម្បីឧទ្ទឹសកុសលផលបុណ្យឱ្យទៅបុស្បា ដើម្បីនាងឆាប់បានចាប់ជាតិក្នុងជីវិតមួយដែលល្អ។ 

ប៉ុន្តែមុននេះខ្ញុំប៉ិសតែនឹងស្លាប់ដោយសារនាងដែរ ចង់បានរបស់វិញមិនមកប្រាប់ឱ្យស្រួលទេ ហិហិ៕

ចប់