រឿង៖ ផ្កាលីលី

នាងចាកចេញទៅ ជាមួយអារម្មណ៍រំភើបសប្បាយរីករាយដែលបានត្រូវគ្នាជាមួយសង្សារ

វិញ។ ជំហាននាងនីមួយៗបៀបបានដូចជាកាំបិតចាក់បេះដូងបុរសម្នាក់ នាងចាត់ទុកគេត្រឹមតែជាបងប្រុសតែគេវិញ ទិនករ ចាត់ទុកនាងជាមនុស្សសំខាន់ក្នុងបេះដូង។ ប្រុសកំលោះញញិមមើលលីលី ដើរកាន់ដៃជាមួយសង្សារនាងហើយ ក៏និយាយផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងមុននឹងត្រលប់ទៅផ្ទះវិញ។ 

    កំលោះ ITទាញម៉ូតូមកទាំងអារម្មណ៍គេហេងហាងណាស់ គេហាក់ឈឺចាប់ទៅនឹងការបាត់បង់ដោយពុំបានត្រៀមមុន។ លីលីជានារីតែម្នាក់សម្រាប់នាយ ដែលបានលាក់ក្នុងដួងចិត្តនឹងចិញ្ចឹមដោយបេះដូងស្មោះសយូណាស់មកហើយ។ រួចគេធ្លាប់សង្ឃឹមថាថ្ងៃណាមួយ អ្នកកំលោះនឹងអាចបេះយកផ្កាលីលីមកថ្នាក់ថ្នម តែក្តីសង្ឃឹមទាំងប៉ុន្មានត្រូវរលាយដូចអំបិលត្រូវទឹក ពេលនាងមកប្រាប់ថាត្រូវគ្នាជាមួយសង្សារវិញ ថែមទាំងសង្សារនាងបានអរគុណចំពោះរូបគេដែលបានជួយមើលថែនាងកន្លងមក។ 

    ទិនករប្រាប់ខ្លួនឯងម្តងហើយម្តងទៀតថា រវាងនាងនិងគេ បានត្រឹមជាមិត្តរួមការងារឬជាបងប្អូនយល់ចិត្តប៉ុណ្ណោះ គ្មានអ្វីលើសហ្នឹងទៀតឡើយ។

    “ទិនករមកញ៉ាំបាយសិនមកកូន” ទិនករផ្អាកដំណើរងាកមកមើលអ្នកមានគុណ ក្នុងចិត្តពិតជាឈឺចាប់នឹងរឿងស្នេហាតែចំពោះមុខអ្នកមានគុណត្រូវសម្តែងធ្វើជាញញិមសប្បាយចិត្តដើម្បីកុំឱ្យពួកគាត់បារម្ភ

    “ខ្ញុំសុំទៅងូតទឹកសិនម៉ាក់ចាំមកញ៉ាំបាយវិញ”

    “ទៅចុះកូន”

    អ្នកកំលោះឡើងទៅបន្ទប់ខ្លួន។ ដំណក់ទឹកតូចៗលាងជម្រះភាពសោកសៅក្នុងចិត្តនាយ

ឱ្យបំភ្លេចទុក្ខសោកបានមួយពេល ទិនករចុចបិទទឹកផ្កាឈូកយកកន្សែងមករុំខ្លួនដើរចេញទៅ

យកសម្លៀកបំពាក់។ ខោសាមញ្ញនិងអាវដៃវែងបំពេញភាពសង្ហាឱ្យគេរឹតតែលេចធ្លោខ្លាំង ស្នាមញញិមមានកន្លងមកថយចុះមួយកម្រិតទុកកន្លែងឱ្យការខូចចិត្តមកសុំជម្រកក្នុងបេះដូងអ្នកកំលោះ។ ទិករឈរមុខកញ្ចក់មើលមុខខ្លួនឯង សួរសំណួរជាច្រើន

    “ខូចចិត្តធ្វើស្អី ក្រែងឯងជាព្រះអាទិត្យផ្តល់រស្មីដល់មនុស្សគ្រប់គ្នាមិនអ៊ីចឹង?” 

    ប្រយោគខ្លីៗ សង្ឃឹមថាជួយស្រោចស្រង់ទុក្ខបានមួយគ្រាជ្រាបចូលដល់ខាងក្នុងខួរក្បាល បើនៅតែបែបនេះទៀតគេនឹងប្រឈមមុខជាមួយនាងបានយ៉ាងម៉េច? ទៅធ្វើការមុខនឹងបានចួបនាង។ ទិនករត្រូវតែរឹងមាំ អង់អាចដូចជាព្រះអាទិត្យលេចហើយត្រូវតែរះម្តងទៀត រស់នៅឯកាម្នាក់ឯងយូរហើយ បើបន្តទៀតក៏មិនថ្វីដែរ។

    អរុណរស្មី ជាប្រទីបបំភ្លឺបានពាសពេញពិភពលោក។ រស្មីចប៉ះផ្ទៃមុខញញិមក្លែងក្លាយ គេ

យកដៃមកបាំងបោះជំហានជើងដើរចូលក្រុមហ៊ុន។ នារីស្រស់សោភា ទម្លាក់សក់ចុះ បបូរមាត់

ពណ៌ផ្កាឈូកស្រាល នេត្រាខ្មៅក្រិបសម្លឹងកំលោះយើងពីចម្ងាយ។ ទិនករញញិមតបបន្តិច ទើបដើរហួសនាងទៅបន្ទប់ធ្វើការ។ លីលីមុខស្រពោនជ្រួញចិញ្ចើមតាមសម្លឹងមិត្តសម្លាញ់ពីក្រោយខ្នង៖

    «គាត់កើតអីគាត់? ម៉េចក៏មិននិយាយអ្វីមួយម៉ាត់?»​ ស្រស់ស្រីដើរទៅដល់តុខ្លួនដែលនៅទល់មុខគ្នាជាមួយតុធ្វើការទិនករ។ គេមិនអស់ចិត្តទើបសួរ៖

    “បងគេចមុខខ្ញុំធ្វើអី?”

    “អត់ទេ! មានឯណា?” កំលោះបដិសេធ នរណាទៅយល់ស្របជាមួយចម្លើយគេទៅ បើរាល់ដងនាយញញិមស្រស់រួសរាយដាក់លីលីសឹងអី

    “តែបងអត់និយាយរកខ្ញុំទេ អម្បាញ់មិញនេះ”

    “លីលី”

    “ចាស!” ចម្លើយនាងឆ្លើយតបទៅ បុរសម្នាក់ធ្វើឱ្យទិនករងើបមុខឡើង។ លោកប្រធានក្រុមហ៊ុនដើរមកជាមួយឯកសារនៅនឹងដៃ

    “អ្នកទាំងអស់គ្នាស្តាប់ខ្ញុំ” លោកប្រធានវណ្ណៈទះដៃឱ្យបុគ្គលិកទាំងអស់មើលគាត់ 

    “នេះជាលីលី ថ្ងៃនេះនាងមិនបានមកក្នុងនាមជាបុគ្គលិកហាត់ការដូចមុនទៀតទេ តែលីលីមកក្នុងនាមជាប្អូនស្រីរបស់ខ្ញុំ” សម្តីលោកប្រធានក្រុមហ៊ុនពោលចប់ភ្លាម គ្រប់គ្នាស្ងាត់មាត់ឈឹង ជាពិសេសទិនករតែម្តង

    កំលោះយើងចេះតែមានចម្ងល់ជាប់មកជាមួយរហូតនឹងលីលី ហេតុអ្វីនាងនៅក្នុងភូមិគ្រឹះ

ជិះឡានទំនើបតែមកធ្វើការក្នុងក្រុមហ៊ុនក្នុងនាមជាបុគ្គលិកធម្មតា? ចម្លើយចេញមកច្បាស់ជះចំ

កណ្តាលមុខកំលោះ IT។ សមាសភាពពិតរបស់នាងជាប្អូនប្រធានក្រុមហ៊ុនសោះ ទិនករសើចឱ្យ

ខ្លួនឯងក្នុងចិត្តខ្លាំងៗ ត្រឹមសម្បិត្តបុគ្គលិកធម្មតាម្នាក់ប្រាថ្នាសុទ្ធតែផ្កាលើវេហាស៍។ និយាយថាលីលីកុហកមិនបានទេ នាងគ្រាន់តែមិនប្រាប់ប្រវត្តិខ្លួនទេតើ លីលីផ្ការីកក្នុងសួនថ្លៃ ធ្វើម៉េចឱ្យបុរសឯកាម្នាក់នេះបេះបានទៅ? 

    ច្រើនខែកន្លងទៅ កំលោះទិនករលែងបានឃើញលីលីទៀតដោយសារតែនាងសុំបងប្រុសខ្លួនទៅធ្វើការនៅឯខេត្តគេចពីមនុស្សម្នាក់ដែលនាងហាក់ច្បាស់ក្នុងចិត្តថាគេបានលួចស្រឡាញ់នាង។ លីលីមិនយល់អារម្មណ៍ខ្លួនឯង ហេតុអ្វីត្រូវគេចពីទិនករ? ឱ្យតែឃើញមុខអ្នកកំលោះម្តងណានាងតែងតែឃើញកំហុសខ្លួនឯងជានិច្ចនាងខុសដែលបានប្រើទង្វើដាក់អ្នកកំលោះដូចនាងកំពុងស្រឡាញ់គេ ជាហេតុឱ្យទិនករត្រូវខូចចិត្តព្រោះតែគិតថាលីលីស្រឡាញ់ខ្លួនចុងក្រោយ នាងទុកអ្នកកំលោះត្រឹមតែជាបងប្រុស។

    នៅពីមុខបន្ទប់ការិយាល័យ កំលោះយើងឈរកាន់ក្រដាសមួយសន្លឹកទាំងមុខស្មុគ

ស្មាញ។ ទម្រាំដាច់ចិត្តយកវាមកជាមួយទិនករគិតហើយគិតទៀត ដ្បិតថាក្រុមហ៊ុននេះជាក្រុមហ៊ុនផ្តល់ការងារឱ្យគេធ្វើជាង១ឆ្នាំតាំងពីរៀនចប់មកដល់ឥឡូវ។ ទិនករចង់លាឈប់ដើម្បីបើកអជីវកម្មខ្លួនឯង ដើមទុនទាំងអស់បានមកពីប្រាក់ខែធ្វើការឱ្យលោកប្រធានវណ្ណៈទើបអ្នកកំលោះនៅអាល័យជាមួយក្រុមហ៊ុននេះ។ គិតដាច់ស្រេច ទិនករលើកដៃមាំគោះទ្វារបន្ទប់លោកប្រធាន ក្រោយបានសំឡេងអនុញ្ញាតឱ្យចូលកំលោះយើងរុញទ្វារចូលទៅ មុខគេមាំបញ្ជាក់ពីភាពប្រាកដប្រាជាថានឹងឈានជើងចេញពីការងារមួយនេះ។ និយាយពីបទពិសោធន៍ទិនករមានរាប់ឆ្នាំឯណោះ គេបានចូលធ្វើការស្ម័គ្រចិត្តពេលនៅជានិស្សិតឆ្នាំទី២គ្រាន់តែគ្មានក្រុមហ៊ុនឈរជើងច្បាស់លាស់ដូចធ្វើការឱ្យក្រុមហ៊ុនលោកប្រធានវណ្ណៈ

    “ជម្រាបសួរលោកប្រធាន” លោកប្រធានវណ្ណៈទម្លាក់ប៊ិកចុះមើលមុខបុគ្គលិក ជាទម្លាប់គ្មានបុគ្គលិកណាជម្រាបសួរឡើយ ពេលមានការងារជាមួយប្រធានក្រុមហ៊ុន។ ទង្វើទិនករធ្វើដូចនាយទើបតែចូលធ្វើការលើកដំបូង

    “ទិនករកើតអី? បានមកជម្រាបសួរខ្ញុំ?”

    “បាទ!ខ្ញុំមានរឿងសំខាន់មួយចង់ជម្រាបលោកប្រធាន”

    “រឿងអី?” ទិនករអង្គុយចុះ គេរុញលិខិតសុំឈប់ដាក់មុខលោកប្រធានវណ្ណៈ

    “ខ្ញុំសូមលាឈប់” លោកប្រធានវណ្ណៈភ្ញាក់ផ្អើលណាស់ អ្នក

កំលោះជាបុគ្គលិកល្អ មានទំនាក់ទំនងជាមួយក្រុមការងារក៏ល្អ មិនដែលមានប្រវត្តិឈ្លោះទាស់

ទែងឬធ្វើការអត់ល្អឡើយ ហេតុអ្វីត្រូវមកសុំលាឈប់បែបនេះ? 

    “មានបញ្ហាអ្វី? អន់ចិត្តរឿងអីឬទើបមកសុំឈប់បែបនេះ?”

    “អត់ទេលោកប្រធាន ខ្ញុំចង់ឈប់ដើម្បីទៅចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនវិញ រឿងនេះខ្ញុំដេកគិត១ខែហើយទម្រាំដាច់ចិត្តមកដាក់ពាក្យសុំឈប់” 

    “ទិនករគិតច្បាស់ហើយមែនទេ ថាចង់ចាប់ផ្តើមធ្វើការឱ្យខ្លួនឯង វាមិនងាយស្រួល

ទេណា”

    “បាទខ្ញុំគិតច្បាស់ហើយ” លោកប្រធានវណ្ណៈងក់ក្បាលយល់ស្រប លទ្ធផលយ៉ាងណាក៏ជាការខិតខំរបស់គេ បើអ្នកកំលោះសម្រេចចិត្តបើកអាជីវកម្មខ្លួនឯងទៅហើយលោកគ្មានសិទ្ធអ្វីទៅឃាត់គេឡើយទោះទិនករជាបុគ្គលិកក្រុមហ៊ុនគាត់ក៏ដោយ

    “ខ្ញុំពិតជាសោកស្តាយនូវការបាត់បង់បុគ្គលិកឆ្នើមដូចជាទិនករ ប៉ុន្តែខ្ញុំសប្បាយពេល

ឃើញទិនករចេះមានគំនិតបែបនេះ ពេលមានបញ្ហាអ្វីអាចមកពិភាក្សាជាមួយខ្ញុំបានគ្រប់ពេល

ជូនពរសំណាងល្អ”

    “អរគុណលោកប្រធាន”

    ទិនករលើកដៃសំពះលោកប្រធានវណ្ណៈ គាត់បានផ្តល់រង្វាន់លើកទឹកចិត្តបន្ថែមលើប្រាក់ខែចុងក្រោយឱ្យទិនករ ព្រោះគេជាបុគ្គលិកឆ្នើមត្រូវតែទទួលបានបែបនេះ។ ពេលបានលាឈប់ពីលោកប្រធានវណ្ណៈរួច ទិនករលាគ្រប់គ្នានិងយករបស់របខ្លះត្រលប់ទៅផ្ទះវិញជាមួយអារម្មណ៍សប្បាយចិត្តនៃការចាប់ផ្តើមជីវិតថ្មី។

    ម៉ូតូឡានបើកបរពេញផ្លូវ ទៅវិញទៅមកមានទាំងតូចទាំងធំ។ ភ្លើងស្តុបលោតដល់ពណ៌បៃតង កំលោះយើងបើកម៉ូតូទៅមុខបន្តទៀត មកដល់ផ្លូវកែងមួយស្រាប់តែ គ្រាំង…

មនុស្សលាន់មាត់ស្រែកអមជាមួយសំឡេងឡានបុកម៉ូតូ។ រាងកាយកំលោះម្នាក់ហោះចេញពីម៉ូតូពណ៌ខ្មៅទៅដេកក្នុងថ្លុកឈាម។ ឡានដឹកទំនិញមានតៃកុងជាមនុស្សស្រវឹង គេបម្រុងបើករត់គេចតែមិនរហ័សដូចមនុស្សនៅម្តុំនោះបានចាប់ទាញតៃកុងទុកឱ្យប៉ូលិស។

    “ហ៊ើយ!  គួរឱ្យអាណិតណាស់!”

    “មុខមាត់ស្អាតបាតណាស់ មិនដឹងកូនអ្នកណាអ្នកណីទេបងអើយ!”

    “មើលអាអូនខលរកឡានពេទ្យឱ្យលឿន” សំឡេងពីមាត់មួយទៅមាត់មួយបន្លឺបន្តគ្នា

    ទិនករក្នុងសភាពជិតដាច់ខ្យល់ ដេកដកចង្កាមាន់បែកក្បាលដោយសារតែឡានដឹកទំនិញ

បុក។ ឈាមក្រហមស្រោចលើមុខអ្នកកំលោះពិបាកមើលណាស់ គ្រប់គ្នាព្យាយាមជួយគេតាមលទ្ធភាព អ្នកខ្លះបានក្រវីក្បាលដាក់ជាមួយពាក្យសម្តីថា មិនរស់ឡើយ។ ប៉ូលិសបានមកដល់មុនឡានពេទ្យបន្តិច ហើយក៏មានអ្នកសារព័ត៌មានមកថតផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម។ បន្តិចក្រោយមកឡានពេទ្យមក ប្រញាប់លើកកំលោះយើងដាក់លើគ្រែ ដោយមានដាក់បំពង់អុកស៊ីសែនជំនួយដល់ការដកដង្ហើម។ 

    ប៉ូលិសបានរកឃើញទូរស័ព្ទទិនករជ្រុះនៅលើដី ក៏ខលទៅប្រាប់ប៉ាម៉ាក់អ្នកកំលោះថាកូនគាត់ចួបគ្រោះថ្នាក់ចរាចរណ៍ឥឡូវកំពុងតែបញ្ចូនទៅបន្ទប់សង្គ្រោះបន្ទាន់។ ចិត្តជាឪពុកម្តាយស្រឡាញ់កូនស្មើជីវិត គ្រាន់តែបានដំណឹងនេះភ្លាម ពួកគាត់ទន់ជង្គង់ធ្វើអ្វីលែងកើត។ ពួកគាត់ទាំង២ជិះកង់បីទៅមន្ទីរពេទ្យ មកតាមផ្លូវគិតតែបន់ឱ្យកូនប្រុសរបស់គាត់ កុំកើតអីឱ្យសោះ

    “ដុកទ័រកូនខ្ញុំយ៉ាងម៉េចហើយ?” ប៉ាទិនករសួរទៅដុកទ័រ

    “សភាពរបស់គេពិបាកសង្គ្រោះណាស់ ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់លទ្ធភាពដើម្បីជួយជីវិតរបស់គេ”

    “ជួយកូនខ្ញុំផងលោកដុកទ័រ”

    “បាទ”

    ដុកទ័រឆ្លើយតែប៉ុណ្ណឹងគាត់ចូលក្នុងបាត់ទៅ។ ១ម៉ោង ២ម៉ោង កន្លងផុតទៅនៅតែគ្មានចម្លើយពីស្ថានភាពទិនករទៀត។ រឿងរ៉ាវឡានបុកអ្នកកំលោះល្បីសុះសាយពេញប្រទេស លីលីនៅខេត្តក៏ទទួលបានដំណឹង។ នាងសឹងថាជ្រុះទូរស័ព្ទពីដៃពេលដែលស្គាល់ច្បាស់ថាម្នាក់នោះគឺជាទិនករ ចិត្តនាងកញ្ជ្រោលដោយឈឺចាប់ ទឹកភ្នែកមួយដំណក់បែរជាស្រក់ចុះ ឯបបូរមាត់គាំងទ្រឹង ទ្រូងចង្អៀត រកតែដកដង្ហើមមិនរួច។

     នៅមន្ទីពេទ្យវិញ ដុកទ័រចេញមកវិញជាមួយទឹកមុខអស់សង្ឃឹម ចំណែកទិនករនៅតែមានពេទ្យដទៃសង្គ្រោះគេនៅឡើយ។ ប៉ាទិនករស្ទុះទៅសួរដុកទ័រពីស្ថានភាពកូនប្រុស

    “ដុកទ័រកូនខ្ញុំផុតគ្រោះថ្នាក់ហើយមែនទេ?” ទឹកមុខដុកទ័រ បញ្ជាក់ច្បាស់ថាទិនករពេលនេះគេបែបម៉េច​

    “ហ៊ឹម…ពួកយើងព្យាយាមអស់ពីលទ្ធភាពហើយ សូមអ្នកទាំងពីរត្រៀមចិត្តផង!” ទឹកភ្នែកអ្នកមានគុណ ស្រក់ចុះលើផែនថ្ពាល់ ក្រោយទទួលដំណឹងឱ្យត្រៀមចិត្តសម្រាប់ការបាត់បង់កូនប្រុសជាទីស្រឡាញ់

    “លោកដុកទ័រកុហក” ម៉ាក់ទិនករយំផង និយាយផងគាត់សឹងតែទន់ជង្គង់សន្លប់បាត់ស្មារតី គាត់មានកូនប្រុសតែម្នាក់បើបាត់គេពីលើលោកនេះទៅឱ្យគាត់រស់យ៉ាងម៉េចបាន? តើរស់ដើម្បីអ្នកណា?

    “ខ្ញុំសុំទោស” ដុកទ័រដើរចេញពីនោះបាត់ ទុកឱ្យមនុស្សចំណាស់២នាក់អង្គុយយំលើកៅអីរងចាំ។ ជីវិតមានន័យអ្វី? បើកែវភ្នែកគាត់បាត់បង់ទៅហើយ។

    អ្នកទាំងពីរត្រូវគ្រូពេទ្យធំហៅទៅជំនុំក្នុងបន្ទប់ដើម្បីពិភាក្សាពីអាការៈកូនប្រុស។ គេច្បាស់ថាមានសង្ឃឹមតិចណាស់ មិនច្បាស់ថាពេលណាគេនឹងដឹងខ្លួនឡើយ ឬក៏ប្រហែលលែងដឹងខ្លួនរៀងរហូត មានតែរំពឹងទៅលើបុណ្យកុសល ឬអភូតហេតុដែលអាចនឹងកើតឡើងលើជីវិតរបស់គេប៉ុណ្ណោះ។ ពួកគាត់យំហើយយំទៀតទោះមានពេទ្យស្រីមកព្យាយាមលួងលោមគាត់យ៉ាងណាក៏គ្មានប្រយោជន៍។ 

    គ្រប់គ្នាសុទ្ធតែបានដឹងពីដំណឹងអកុសលដែលទិនករបានចួប។ អំឡុងពេលដែលគេគេងស្ងៀមមិនដឹងខ្លួនមិត្តភក្តិបងប្អូនជាច្រើនបានមកមើលថែគេ និយាយលេង ដើម្បីអន្ទងហៅព្រលឹងគេត្រលប់មកវិញ។ ដល់ទៅជាងពីរសប្តាហ៍ទើបគេអាចដឹងខ្លួនមកវិញ។ ប៉ាម៉ាក់បងប្អូនសប្បាយចិត្តណាស់ តែទិនករខ្លួនឯង បែរជាគ្មានភាពក្លាហានក្នុងការទទួលយករឿងនេះទាល់តែសោះ។

    “ប៉ាម៉ាក់!” មនុស្សប្រុសដេករង់ចាំសេចក្តីស្លាប់​ប្រឹងបញ្ចេញសំឡេងហៅអ្នកមានគុណ

    “ទិនករ!”

    “ប៉ាម៉ាក់យំធ្វើអី?” គេឈឺចាប់ក្នុងខ្លួនតែមិននិយាយ

    “អត់អីទេកូន”

    “ខ្ញុំអត់ជឿទេ ហើយនេះមានរឿងអ្វីកើតឡើងហេតុអ្វីខ្ញុំមកគេងក្នុងមន្ទីរពេទ្យអ៊ីចឹង?” គេប្រឹងនិយាយទាំងសំឡេងខ្សោយ របៀបមនុស្សជិតដាច់ខ្យល់ មុននឹងក្រោយគេគង់តែដឹងថាគេជិតស្លាប់ហើយ!

    “កូនគ្រោះថ្នាក់ចរាចរណ៍ពេលចេញពីកន្លែងធ្វើការ”

    “នេះជាស្អី?”

    “ទិនករកុំមើល” ប៉ាទិនករឃាត់លែងទាន់​ កំលោះយើងទាញសំបុត្របញ្ជាក់ពីស្ថានភាពរបស់គេដែលទុកចោលនៅលើតុក្បែរដៃ។ ទឹកភ្នែកស្រក់ចុះយឺតៗអាណិតខ្លួនឯង មិនគួរណាអាយុខ្លីអ៊ីចឹង។ ទិនករយំដោយអត់ដឹងខ្លួនគេសឹងមិនជឿថាជីវិតគេសល់តែប៉ុន្មានថ្ងៃទៀតបានចួបយមបាល

    “ទិនករកូន កុំយំអី” ជីវិតត្រូវមានកើតចាស់ឈឺស្លាប់ តែពេលនេះគេនៅក្មេងពេក មិនទាន់

បានសងគុណឪពុកម្តាយផង

    “ប៉ាម៉ាក់ប្រាប់ខ្ញុំថាវាមិនពិតទេ”

    “ទប់អារម្មណ៍កូន វាជារឿងពិត”

    “អត់ទេ”

    ទិនករប្រែជាកន្ត្រាក់ដៃជើង ម៉ាក់ទិនករឃើញសភាពកូនប្រៀបដូចមនុស្សវិកលចរិតគាត់រត់ទៅហៅលោកដុកទ័រឱ្យមកជួយមើល។ ដុកទ័រពិនិត្យអាការគេរួច គាត់បានចាក់ថ្នាំឱ្យអ្នកកំលោះស្ងប់អារម្មណ៍ ទីបំផុតគេព្រមទទួលស្គាល់ថាជីវិតនេះវាខ្លីមែន ប៉ុន្តែទិនករនៅតែមិនមាត់គេនៅគេងស្ងៀមស្ងាត់សម្លឹងតាមមាត់បង្អួចមើលទៅជើងមេឃ

    “ប៉ាម៉ាក់ខ្ញុំសុំទោសដែលមិនអាចរស់នៅសងគុណលោកទាំង២បាន”

    “កុំនិយាយបែបហ្នឹងអីកូន កន្លងមកកូនជាកូនល្អស្រាប់ហើយ”

    “ប៉ាឯងនិយាយត្រូវ”

    “ប៉ាម៉ាក់ហា! កូនចង់បរិច្ចាគអវយវៈ ដល់អ្នកត្រូវការជំនួយ” ទិនករសម្រេចចិត្តច្បាស់ហើយ ថាគេចង់បរិច្ចាគបេះដូងនិងអ្វីផ្សេងៗទៀតដែលអាចផ្តល់ជំនួយបាន

    “តែ…” ម៉ាក់ទិនករប្រកែកគាត់ចង់ឱ្យកូនទៅ ក្នុងសភាពពេញលក្ខណៈ

    “ធ្វើតាមចិត្តគេទៅម៉ាក់វា ការលះបង់របស់កូនយើងអាចឱ្យឪពុកម្តាយដទៃមិនកើតទុក្ខដូចជាពួកយើងឥឡូវនេះ”

    “ម៉ាក់យល់ព្រម”

    ម៉ាក់ទិនករនិយាយទាំងយំអាណិតកូនខ្លោចចិត្ត។ យ៉ាងហោចណាស់កូនគាត់បានជួយជីវិតអ្នកទៃបានមុនលាចាកលោកនាពេលដ៏ខ្លី។

    ដុកទ័របានប្រកាសដល់អ្នកត្រូវការជំនួយ ថាពួកគេមានសង្ឃឹមរស់ហើយដោយមានអ្នកបរិច្ចាគអវយវៈដែលពួកគេត្រូវការ។ គ្រាន់តែឮដំណឹងនេះភ្លាម លីលីសឹងសន្លប់បាត់ស្មារតីនាងយំហើយ យំទៀត ហេតុអ្វីមនុស្សដែលនាងមិនធ្លាប់គិតថានឹងលង់ស្រឡាញ់គេ ក្លាយជាបែបនេះ? សល់ពេលតិចណាស់មែនទេ? ហើយគេនឹងចេញចោលនាងទៅជារាងរហូតដោយសល់តែធាតុក្នុងចេតិយ?

    តុកៗ សំឡេងគោះទ្វារឮពីខាងក្រៅមក ប៉ាទិនករដើរទៅបើកទ្វារឱ្យភ្ញៀវ។ នារីម្នាក់ឈរកាន់បាច់ផ្កាដែលទិនករចូលចិត្ត រួមទាំងផ្លែឈើដើរចូលមកទៅមើលទិនករ។ ទឹកមុខនាងបង្ហាញពីភាពសោកសៅមិនចាញ់អ្នកក្នុងបន្ទប់នេះប៉ុន្មានឡើយ នាងលើកដៃសំពះចាស់ទុំ

    “លីលី!” ទិនករឧទាន! នាងនៅដដែលគ្មានផ្លាស់ប្តូរត្រង់ណា   

    “បងទិនករ”

    “លីលីមកទីនេះធ្វើអី?”

    “ខ្ញុំមករកបងវិញហើយ បងកុំទៅណាអីបានទេ?” នាងដឹងថាមិនអាចឃាត់បាន តែនាងចង់ឃាត់ឱ្យគេនៅ

    “លីលីទៅវិញទៅ កុំមករកបងប្រយ័ត្នគីមហុងប្រចណ្ឌ”

    “ពួកយើងបែកគ្នាយូរហើយ” ទិនករចិត្តទន់អាណិតលីលី ឯប៉ាម៉ាក់ទិនករស្តាប់សម្តីកូនៗឆ្លងឆ្លើយគ្នាពួកគាត់ដឹងហើយថារឿងនោះវារបៀបម៉េច

    “តែទោះយ៉ាងណាក៏លីលីមិនគួរណាមកទីនេះឡើយ”

    “សុំអង្វរ ខ្ញុំចង់មើលថែបងជាលើកចុងក្រោយបានទេ?” ទិនករងាកមុខចេញ មិនចង់ឃើញទឹកភ្នែកមនុស្សស្រីដែលខ្លួនស្រឡាញ់ស្រក់ចំពោះមុខគេ

    “បងជិតស្លាប់ លីលីកុំមករវល់ជាមួយបង”

    “បងដេញខ្ញុំបែបណា ក៏ខ្ញុំនៅតែមើលថែបង”

    គ្មានការឆ្លើយតបពីម្ខាងទៀត អ្នកកំលោះទាញខ្នើយមកគេងបែរខ្នងដាក់លីលី។ លីលីនៅស្ងៀម ដឹងថាផ្លូវចិត្តរបស់ទិនករពេលនេះទន់ខ្សោយណាស់ គេត្រូវការអ្នកលើកទឹកចិត្ត និយាយល្អៗជាមួយគេដើម្បីបានស្ង់បចិត្តពេលស្លាប់។

    ព្រះអាទិត្យរៀបលិច ចែងចាំងរស្មីគួរឱ្យស្រងេះស្រងោចពន់ពេក បក្សីហោះត្រសងគ្នាទៅ

លំនៅវិញ។ ពពកផ្លាស់ប្តូរទីកន្លែង ដូចជាព្រះចន្ទបម្រុងនឹងមកជំនួសព្រះអាទិត្យ។ ព្រះទិនករដែលលិចបាត់តែងតែរះម្តងទៀតនៅថ្ងៃបន្ទាប់​ ប៉ុន្តែកំលោះទិនករកំពុងអង្គុយគេងលើគ្រែរុញមើលព្រះអាទិត្យ ពេលគេចាកចេញនឹងទៅជារៀងរហូតលែងវិលត្រលប់មកម្តងទៀត

    “បើនឹកបងសូមអូនមើលព្រះអាទិត្យ” ទិនករបង្ហើបសំឡេងដាក់លីលី

    “ហេតុអ្វីស្នេហាយើងកំសត់ម្ល៉េះ?”

    “ហ៊ឹម!កុំយំអី សន្យានឹងបងមកលីលីអូនត្រូវរស់នៅក្នុងជីវិតមួយដែលស្រស់បំព្រង កុំរស់នៅជាមួយទុក្ខឱ្យសោះត្រូវចាំថាបងទៅបានសុខហើយឮទេ?”

    “បងទិនករកុំនិយាយបែបនេះអី” លីលីបន្ទន់ជង្គង់អង្គុយក្បែរ ទិនករ នាងលើកដៃរបស់គេមកក្តោបថ្ពាល់នាង

    “ចាំជាតិក្រោយយើងចួបគ្នាម្តងទៀត” ទិនករញញិមដាក់លីលី គេអត់អាណិតខ្លួនឯង តែបែរមកអាណិតអ្នកមានគុណនិងមនុស្សស្រីចំពោះមុខគេ

    “អូនស្រឡាញ់បង”

    គេប្រឹងញញឹមដោយមិនស្មានថា ទីបំផុតគេបានឮពាក្យនេះ ការពិតមិត្តភាពរបស់គេពិតជាអាចដើរហួសគំនូសព្រំដែន តើស្នេហ៍យឺតពេលមួយនេះ មកពីគេកំសាកមិនហ៊ានសារភាព ឬមកពីគេខ្លាចបាត់បង់នាង មិនចង់ឱ្យនាងឈឺចាប់?

    តែយ៉ាងណាគេអស់ចិត្តហើយ ព្រោះយ៉ាងហោចណាស់ មុនស្លាប់គេបានដឹងថាការពិតគេមិនមែនដើរតួរងទេ តែគេជាតួឯកក្នុងបេះដូងនាងរហូតមក។

    “សន្យាណា មើលថែខ្លួនឯងឱ្យបានល្អ ទំនេរឆៀងចូលមើលប៉ាម៉ាក់បងផង ពួកគាត់មានតែកូនប្រុសម្នាក់ទេ” លីលីចង់យំណាស់ តែនាងមិនអាចធ្វើបាន នាងប្រឹងប្រាប់គេថានាងជាមនុស្សរឹងមាំ នាងរឹងមាំក៏ដើម្បីគេ។ នាងមិនចង់ឱ្យទិនករបានឃើញទឹកភ្នែកនាងឡើយ

    “អូនសន្យា!”

    “មួយទៀត! នៅមុខផ្នូរបង អូនកុំភ្លេចដាំផ្កាលីលីឱ្យច្រើនផងណា ឮទេ? ព្រោះបងស្រលាញ់ផ្កានេះណាស់ ក៏ដូចជាបងស្រលាញ់អូនដែរ…”

    នាងលែងឃាត់ទឹកភ្នែកបានទៀតហើយ អំណាចក្តីស្រលាញ់ដែលបានលាក់ទុកក្នុងចិត្តបែរជាច្រានគ្រាប់ទឹកលានដំណក់ចេញពីកែវភ្នែកសោកសៅរបស់នាង។ ទិនករប្រឹងញញឹមនៅដង្ហើមចុងក្រោយដើម្បីបញ្ជាក់ពីក្តីស្រលាញ់មិនរាថយ

    ទិនករបិទភ្នែកស្រូបយកបរិយាកាសលើដំបូលមន្ទីរពេទ្យ។ អ្នកកំលោះបានសុំឱ្យលីលីជួយនាំគេមកមើលទេសភាពនាថ្ងៃលិច និងទីក្រុងទាំងមូលមុនគេលែងមានឱកាសបានឃើញគ្រប់យ៉ាងទៀត។ គ្រូពេទ្យបញ្ជាក់ច្បាស់ណាស់ឈាមដក់ក្នុងខួរក្បាលច្បាស់មិនអាចឱ្យគេរស់បានយូឡើយ។

    ព្រះអាទិត្យលិចបាត់ទៅ នាំមកនូវពន្លឺព្រះចន្ទមកបំភ្លឺម្តងទៀត។ ប៉ុន្មានម៉ោងកន្លងផុតទៅ ព្រះអាទិត្យរះម្តងទៀតស្របពេលមនុស្សម្នាក់ដែលមានឈ្មោះថាទិនករ បានលាចាកលោកទៅជាមួយស្នាមញញិម ព្រោះគេបានបរិច្ចាគអវយវៈ ដល់មនុស្សដទៃទៀតឱ្យមានជីវិតបានឃើញផែនដីបន្តទៀត។

ចប់