ទម្រាំពីរនាក់ខ្ញុំមកដល់កំពង់ស្ពឺ ម៉ោង ៨យប់ល្មម តន្រ្តីអកកេះលាន់ទ្រហឹងពេញភូមិរកនិយាយស្តាប់គ្នាមិនចង់បាន។ ខ្ញុំនិងអានុតដើរពីក្រោយអាហុង ដែលជាប្អូនប្រុសម្ចាស់ដើមការ ដល់ផ្ទះឈើធំមួយនៅរំលងបួនដប់ផ្ទះពីផ្ទះការ។ មើលពីចម្ងាយ ផ្ទះនេះមានអំពូលមិនសូវភ្លឺមួយបំភ្លឺនៅខាងក្រៅ និងងងឹតឈឹងនៅខាងក្នុង ដើរចូលដល់មុខផ្ទះៗនេះមានរានទេព្តាបញ្ឈរជាច្រើនខ្លះធ្វើរួច ខ្លះនៅមិនទាន់លាបពណ៌។
អាហុងមិត្តខ្ញុំ កាលរៀនវិទ្យាល័យនិយាយបណ្តើរ ដៃរាវរកកូនសោបើកទ្វារផ្ទះបណ្តើរ
“ផ្ទះនេះទុកចោលតាំងពីកុងអញគាត់ទើបខូច តាំងពីពេលនោះមក គ្មានអ្នកនៅ គ្មានអ្នកធ្វើរានទេព្តាលក់តពីគាត់ទេ ពួកឯងប្តូរខោអាវហើយ យប់នេះដេកនៅផ្ទះនេះមួយយប់សិនទៅ ចាំព្រឹកចាំទៅភ្នំពេញជាមួយគ្នា”
គ្រាន់តែឮថាផ្ទះនេះមានមនុស្សទើបស្លាប់ ហើយគេទុកចោល វាក្លាយជាទីដ៏ព្រឺព្រួចរបស់អានុត មនុស្សពូកែខ្លាចនៅក្បែរខ្ញុំនេះ
“អើ! ដឹងតែដេកហើយអាណាទៅទាំងយប់ទេ”
“អ៊ីចឹង ពីរនាក់ឯងទៅតាមក្រោយ អញទៅរោងការមើលការខុសត្រូវវិញ ហើយនោះភួយខ្នើយដេកនៅក្រៅហ្នឹងហើយ”
ខ្ញុំរេភ្នែកមើលសព្វពេញផ្ទះ។ ផ្ទះនេះទោះគ្មានអ្នកនៅតែគ្រប់យ៉ាងថែរក្សាបានស្អាតតុ ទូរ ទូរទស្សន៍ឈើច្រត់មួយនិងគ្រឿងសង្ហារឹមពីឈើប្រណីតៗ មានទូរឈើមួយឈរកណ្ដាលផ្ទះ កំពុងទ្រជើងធូបពីរកំប៉ុង ជាប់ច្រកចូលទៅផ្ទះបាយ របស់របរទាំងនេះរៀបចំមានសណ្ដាប់ធ្នាប់ និងមិនមានធូលីលើរនាបបន្តិចឡើយ។
អាហុងចុះចេញទៅ ពួកយើងចាប់ផ្តើមប្តូរខោអាវហើយដើរពិនិត្យពេញផ្ទះ។ ផ្ទះនេះមានតែបន្ទប់មួយ ដែលជាប់សោបើកអត់ចេញ យើងក៏ដើរហួសដល់ផ្ទះបាយខាងក្រោយ។ សំឡេងតន្រ្តីពីផ្ទះការនៅតែឮខ្លាំងៗ បន្តិចមកឮសំឡេងមនុស្សច្រើនសូត្រធម៌ញាប់ស្រុះគ្នាកាន់តែផ្ទៀងស្តាប់ឮកាន់តែច្បាស់។
“យី! គេធ្វើអីសូត្រធម៌ទាំងយប់ថ្មើរនេះ” អានុតរអ៊ូ
“ស្អីគេ! អ្ហែងឮដែរមែន?”
“អើ! ឮតើ អកកេះខ្លាំងប៉ុណ្ណឹងហើយនៅឮទៀត”
“ដឹងស្អីវាទេអាហុងទុកឯងចោលហើយទៅបាត់ ! អាចង្រៃរវល់ស្អីវា ឯងខំស្កាត់ពីភ្នំពេញមក”
ពួកយើងចុះមកទាញទ្វារខ្ទប់វិញ។ ខ្ញុំដើរញាប់ជើងអានុតដើរផងរត់ផងពីក្រោយ មកដល់រោងការអាហុងនាំយើងចូលតុហើយណែនាំមិត្តរៀននៅសាកលជាមួយវា។
“អានេះវាទុកឯងចោលមកផឹកជាមួយមិត្តសាកលវាសោះ” ខ្ញុំគិតក្នុងចិត្ត
ផឹកត្រឹមតែមួយកំប៉ុង ត្រឹមម៉ោង១០ យើងសុំអាហុងត្រលប់មកវិញ វានៅជល់កែវបន្ត ហើយប្រាប់ឱ្យយើងដេកនៅផ្ទះជីតាវាសិន វាអត់បានទៅដេកជាមួយទេ។
អានុតដើរបណ្តើរកេះខ្ញុំនិយាយបណ្តើរ
“បើអាហុងអត់មក យើងមិនដេកតែពីរនាក់?”
“បើមិន២នាក់មានអ្នកណាទៀត?”
“តែអញចង់ទៅភ្នំពេញវិញ ព្រឹកជាប់ប្រជុំខ្លាចទៅអត់ទាន់”
ខ្ញុំឡើងដល់កាំជណ្តើរលើទាញទ្វារបើកឆួលក្លិនធូបវឹបពេញច្រមុះ សំឡេងសូត្រធម៌ក៏បន្លឺរងំ ប្រណាំងនឹងតន្រ្តីការ អានុតកេះខ្ញុំធ្វើឱ្យខ្ញុំភ្ញាក់កន្រ្ទាក់ខ្លួនដាក់វាមួយដៃផូស។
ពីរនាក់ខ្ញុំដើរមើលសព្វក្នុងផ្ទះម្ដងទៀត ដល់ខាងក្រោយខាងស្តាំចង្រ្កានបាយ ខាងឆ្វេងបន្ទប់ទឹក។ អានុតដើរត្រុតៗពីក្រោយខ្ញុំដល់ផ្ទះបាយ…
“មើលផ្ទះនេះស្អាតមិនសមអាហុងទុកចោលទេអ្ហា៎”
“…”
ស្ងាត់គ្មានសំឡេងឆ្លើយតប
ខ្ញុំងាករេជុំវិញខ្លួនរកអានុត។ បាត់ឈឹង បាត់ស្រមោលអានុត
“អានុត!!! អា…នុត” ខ្ញុំស្រែកហៅច្បាស់ៗមួយៗ
“ស្អីគេ អញនៅនេះ”
ខ្ញុំចេញពីផ្ទះបាយដើរទៅមុខវិញតាមសំឡេងនុត។
“អ្ហែងមកមុខតាំងថ្មើរណាហាស”
“អញនៅហ្នឹងតើ មានបានដើរទៅក្រោយតាមទេ” អានុតឆ្លើយធ្វើហី
“ហាក !! អ៊ីចឹងអ្នកណាដើរពីក្រោយអញមិញ”
“ទេ គ្មានទេ មានតែ២នាក់អញមិនដឹងទេ”
ខ្ញុំមើលជុំវិញបរិវេណក្នុងផ្ទះនេះដោយប្រុងប្រយ័ត្នជាងមុន ក្រោមពន្លឺអំពូលម៉ែត្រមិនសូវច្បាស់។ មានរូបថតមួយសន្លឹកព្យួរជាប់ជញ្ជាំង អានុតដើរទន្ទឹមខ្ញុំ ចូលទៅជិតមើល។ រូបថតបុរសចំណាស់ម្នាក់អាយុប្រហែល ៧០ប្លាយ សក់ស ពាក់អាវសពានា សឆៀងស្មាម្ខាងដូចអាចារ្យទឹកមុខស្មើ កែវភ្នែកសម្លឹងមកយើងមុត។ ខ្យល់ល្ហើយវឹបដូចមាត់អ្នករត់កាត់ពីក្រោយខ្នង ធ្វើឱ្យខ្ញុំព្រឺដល់ឆ្អឹងខ្នងមួយរំពេច ខ្ញុំរហ័សងាកក្រោយតាមសំឡេងខ្ពាកដូចវត្ថុធ្ងន់ជ្រុះខ្ទររនាប អានុតធ្វើមុខស្លើតស្លក់ ខ្ញុំយកដៃឈ្លីមុខខ្លួនឯង។
“ឯងធ្វើជ្រុះ? ឆាប់កើបផេះចូលកំប៉ុងជើងធូបនេះវិញ” ខ្ញុំតបទៅអានុតដែលនៅរញីរញ័រ។
ស្លាប់ហើយមិនកើតទេ កំពុងមានអារម្មណ៍មិនស្រួលផង ថែមធ្វើជើងធូបគេធ្លាក់បែបនេះទៀត ខ្ញុំចត់មាត់តិចៗជាមួយមនុស្សមានប្រវត្តិខុសគេដូចជាខ្ញុំ កាលនោះចាស់ៗតែងថាខ្ញុំមានក្រយៅខ្មោចលង។ ជីតាខ្ញុំបែរជាថាខ្ញុំមានសំណាង អាចឃើញអ្វីដែលមនុស្សធម្មតាមិនអាចមើលឃើញ តែខ្ញុំមិនសប្បាយចិត្តនិងមិនចង់បានបែបនេះទេ។
អានុតកើបញាប់ដៃ លើកដាក់នៅលើទូឈើចំកណ្តាលផ្ទះ។ ពួកយើងដេកនៅមាត់ទ្វារ។
“ប៉ុប! ប៉ុប!” សំឡេងឈើស្រួចដោលលើរនាបប៉ុបៗដូចមនុស្សកំពុងច្រត់ឈើច្រត់ដើរ។
ខ្ញុំនៅក្នុងភួយថ្មឹងចាំស្តាប់ តែសំឡេងខ្លាំងឡើងៗរនាបកាន់តែខ្ទរ ដូចមានសម្រិបជើងធ្វើចលនាពីក្រោយមករកកន្លែងដេកពួកយើង។ ខ្ញុំក្តាប់ភួយជាប់ស្ទុះក្រោកអង្គុយវ៉ឹង…ស្ងាត់គ្មានអ្វីទាំងអស់
អានុតដកដង្ហើមគឃូសលាត់ភួយក្រោកតាម
“យើងទៅភ្នំពេញវិញឥឡូវទៅ” អានុតនិយាយដង្ហើមសឹងមិនដល់គ្នា
“ពាក់កណ្តាលអធ្រាត្រហើយ ទ្រាំដេកតិចទៅភ្លឺឥឡូវហើយ”
ខ្ញុំនិយាយធូរទេ តែបេះដូងលោតចង់ចេញពីទ្រូងព្រឺក្បាលខ្ញាកៗ។
ពួកយើងប្រាសខ្លួនដេកស្មើគ្នា។ សំឡេងតន្រ្តីការត្រូវបានបញ្ចប់ នៅឡើយតែម្ដងៗ មានសំឡេងសូត្រធម៌ខ្លាំងៗ ក្លិនធូបក្លិនទៀនពេញច្រមុះដូចគេកំពុងសូត្រមន្តលើផ្ទះនេះណាស់។ ខ្ញុំនៅតែសម្ងំក្នុងភួយរួញជើងក្រវៀនៗចូលគ្នា មិនហ៊ានកម្រើក បើកញើកជោកដូចគេចាក់ទឹក។
បន្ទប់មកមានសំឡេងមនុស្សអ៊ូអរចេចចាចសម្បើមណាស់ សំឡេងច្រាវៗ ចានឆ្នាំងទង្គិចគ្នានៅផ្ទះបាយខាងក្រោយ បន្ទិចមកក្លិនក្រអូបបាយឆ្អិន សម្លភាយឈ្ងុយ។ ខ្ញុំស្រូបខ្យល់ពេញពោះ ស្ទុះអង្គុយវ៉ឹងធ្វើឱ្យអានុតស្ទុះស្ទាតាមម្ដងទៀត។ស្ថានភាពនេះមិនអាចសម្ងំស្ងៀមទាល់ភ្លឺបានទេ រូបភាពខ្មោចព្រាយក្នុងខ្សែភាពយន្ដ និងអ្វីៗចម្លែកៗដែលខ្ញុំធ្លាប់ឃើញពីក្មេងដណ្ដើមគ្មានផុសពេញការចងចាំរបស់ខ្ញុំ តែខ្ញុំនៅរក្សាស្មារតីនឹងនជាងអានុតរាវរកទូរសព្ទជិតខ្លួនខលទៅអាហុង ឱ្យវាមកដេកបានជាគ្នា។
“អាឡូ អាហុង មកផ្ទះកុងអ្ហែងបន្ទិចមក” ខ្ញុំនិយាយសំឡេងខ្លាំងៗ
“ហ៊ឹះ…អត់ទៅទេ…” សំឡេងស្រវឹងជោករបស់អាហុងធ្វើឱ្យខ្ញុំក្តៅស្លឹកត្រចៀក បាត់ខ្លាចមួយខណៈ
“អ្ហែងមកក៏មិនមក” សំឡេងម៉ាត់ៗរបស់ខ្ញុំធ្វើឱ្យអានុតងាកមើលមុខខ្ញុំ
“ទឺត!ទឺត!ទឺត!!!” ខ្សែទូរសព្ទអាហុងត្រូវបានកាត់ផ្តាច់
ខ្ញុំមើលម៉ោងលើអេក្រង់ទូរសព្ទម៉ោង១:០០ រំលងអធ្រាត្រ។
“អាឆាយយើងទៅភ្នំពេញវិញទៅ អញមិនស្រណុកខ្លួនទេម្តងក្លិនធូកម្តងក្លិនម្ហូប” ខ្ញុំមិនតបអានុតបន្ត
“ដូចមានអារម្មណ៍ថាមិននៅតែ២នាក់យ៉ាងម៉េចទេ ដូចមានជនទីបីនៅក្នុងផ្ទះនេះកំពុងឃ្លាំមើលគ្រប់សកម្មភាពពួកយើង”
អានុតនិយាយទាំងភ្នែកសក្បុស ងាកមើលឆ្វេងស្ដាំដូចមាន់ព្រៃ
“ មិនមែនជនទីបីអីទេ គឺពេញមួយផ្ទះតែម្ដង” ខ្ញុំតបទៅអានុត
ចុះមកដល់ដីភ្លាម ទ្វារផ្ទះវៃផ្ទប់ផាំងស្វ័យប្រវត្តិ ខ្ញុំមើលមុខអានុតរត់ឡើងម៉ូតូភ្លាម។
តាមផ្លូវស្ងាត់ណាស់មានតែម៉ូតូយើងជិះមួយផ្លូវម្នាក់ឯង ផ្ទះអ្នកស្រុកតាមផ្លូវបិទភ្លើងលាក់ខ្លួនក្រោកសន្សើមត្រជាក់ តែមេឃមិនសូវងងឹតត្បិតមានចន្ទមួយចំហៀងជួយបំភ្លឺខ្លះៗ ខ្យល់ត្រសៀកៗព្រឺដល់ឆ្អឹងខ្នង រងាសឹងដាច់ពោះវៀន។ អានុតរងាងឺៗញ័រថ្គាមពីក្រោយខ្នងខ្ញុំ
ជិះបានមួយស្របក់ធំសំឡេងក្រាកៗលាន់ឡើង៖
“ អាច្រវ៉ាក់មកលាន់អីពេលហ្នឹង” ខ្ញុំរអ៊ូ
“ទៅមុខមិនដល់ថយក្រោយមិនកើតទេអាឆាយ ជិះទាំងបែបហ្នឹងទៅ” អានុតនិយាយញ័រៗ
ឃើញមានភ្លើងអំពូលពណ៌សជះមកផ្លូវនៅខាងមុខមិនឆ្ងាយពីយើង ទោះវាភ្លឺមិនសូវខ្លាំងតែវាច្បាស់ក្នុងភាពងងឹតលើផ្លូវនេះ។ ខ្ញុំមានសង្ឃឹម ជិះទៅដល់ជាផ្ទះជាងជុសជួលកង់ម៉ូតូ
“ត្រូវម៉ាច់ អានុតមានផ្ទះគេធ្វើម៉ូតូឱ្យគេមើលច្រវ៉ាក់ម៉ូតូយើង” ខ្ញុំនិយាយទាំងអរផើតតែមិនទាន់ស្រណុកចិត្ត
ខ្ញុំឈប់នៅផ្ទះជាងឱ្យគេមើលឱ្យ អានុតទិញទឹកសុទ្ធពីរដបមកទុកផឹកតាមផ្លូវ។ ចេញពីផ្ទះជាង មិនដល់១០០ម៉ែត្រផងសំឡេងច្រវ៉ាក់លាន់ខ្លាំងទៅៗ ខ្ញុំបង្អន់ម៉ូតូងាកក្រោយចង់ត្រឡប់ឱ្យជាងមើលម្តងទៀតតែ…តែងងឹតឈឹងគ្មាន…គ្មានផ្ទះជាងធ្វើម៉ូតូទៀតទេ មានតែព្រៃខ្ពស់ទាបដុះតាមផ្លូវគ្មានផ្ទះអ្នកស្រុកមួយ ខ្ញុំព្រឺក្បាលខ្ញាកៗញ័រដៃទប់ចង្កូតមិនចង់កើត។អានុតលើកថង់កំពុងយួរទឹកទើបពីទិញគឺ…គឺគ្មានទឹកទេ ដបមានទឹកត្រជាក់ក្លាយជាស្បោងគគ្រិចច្រកដបទទេរពីរដបអានុតប្រលែងដៃបោះចោលខ្ពាក ខិតខ្លួនមកឱបខ្ញុំជាប់។
ភ្លើងម៉ូតូពណ៌លឿងស្រាលរបស់ខ្ញុំទម្លុះស្បៃអន្ធការ តាមផ្លូវចាំងឱ្យឃើញសត្វអ្វីម្យ៉ាងនៅកណ្តាលផ្លូវ គឺដូចសត្វកណ្តុរ ជិះកាន់តែជិតវាកាន់តែរីកខ្លួនធំទៅៗ ខ្ញុំរេចង្កូតគេចសឹងមិនទាន់។ រំពេចនោះមានឡានពេទ្យមួយគ្រឿងបើកយឺតៗ តាមទិសស្របជាមួយម៉ូតូខ្ញុំ។ ឡានបើកដល់ស្របគ្នា ពេទ្យអង្គុយខាងមុខអើតក្បាលមកមើលពួកយើង
“អាពីរនាក់នេះជិះម៉ូតូភ្លើៗ ប៊ិះបុកគល់ឈើងាប់”
ខ្ញុំងាកទៅមើលតាមសំឡេងគឺ…ពេទ្យដែលនិយាយថាឱ្យពួកយើង គាត់…គាត់គ្មានភ្នែកទេ ឡានចេះតែបន្តល្បឿនទៅមុខរហូតរលាយបាត់ក្នុងទីងងឹត។ ខ្ញុំស្រៀវខ្លួនញ័រដៃញ័រជើងគ្រប់គ្រងមិនបានរេចង្កួត អានុតចេះតែឱបខ្ញុំពីក្រោយជាប់ ញ័រមាត់តតាក់។
“ទីត!!!ទីត!!!”
ខ្ញុំភ្ញាក់សឹងតែលោតចោលម៉ូតូ ស៊ីផ្លេឡាននៅខាងក្រោយខ្ញុំអេបកៀន ជ្រុលស្ទើរតែធ្លាក់ផ្លូវវក់វីមិនដឹងទិស។
“អាឆាយមានមនុស្សនៅខាងមុខ ”
“ យើងមានសង្ឃឹមហើយ”
ខ្ញុំថ្លោះមុខ ឃើញមនុស្សម្នាអ៊ូអរឈូឆរនៅខាងមុខ ជិះកាន់តែជិតដល់ម៉ូតូចង់រលត់ “តឹកៗ…” ម៉ូតូរលត់ឈប់ស្ងៀម។ មើលឆ្វេងស្តាំគឺឃើញផ្ទះឈើធំមួយមានមនុស្សកុះករពេញលើផ្ទះកំពុងធ្វើវិធីអ្វីមួយទាំងកណ្ដាលយប់។ ផ្ទះនេះមានរានទេព្តាបញ្ឈរដាក់លក់មុខផ្ទះត្រៀបត្រា។
“ផ្ទះនេះ…ផ្ទះកុងអាហុង” អានុតឆោឡោភ្ញាក់ផ្អើល
“ជិះទៅវិញទៅមកកន្លែងដដែលម៉េចនឹងកើត? តែមានមនុស្សច្រើនហើយតើ យើងចូលទៅសាកសិនមើល”
ខ្ញុំចុះពីលើម៉ូតូរុញបណ្តើរចូល អានុតនៅអេះអុះរេរង់។ ពួកយើងឡើងមកដល់ខាងលើមានព្រះសង្ឃកំពុងសូត្រធម៌រងំ ចាស់ៗស្តាប់យ៉ាងស្ងៀមស្ងាត់និងមានរូបថតតាចាស់ម្នាក់ផ្អែកមុខជើងធូក មើលទៅដូចប្រហែលៗ…។ ចាស់ៗស្តាប់ធម៌មិនរវល់នឹងវត្តមានយើងទាំងពីរនាក់ឡើយ។ ខ្ញុំដើរឱនៗចូលទៅអង្គុយខាងក្រោយគេ។ ខ្ញុំដឹងថាអានុតមិត្តខ្ញុំពូកែភ័យ ពូកែឆោឡោវាខ្លាច វាឧស្សាហ៍មើលមុខខ្ញុំដោយមិនស្រណុកចិត្ត។ ខ្ញុំរំពៃរកមើលអាហុងតែមិនឃើញវាសោះ រំពេចនោះខ្ញុំភ្ញាក់ព្រើតដូចគេកន្ទ្រាក់ ដោយសារនៅសុខៗចាស់ៗផ្តើមសូត្រស្រុះគ្នាខ្លាំងទៅៗសឹងបែកត្រចៀក។
“ថ្លង់ណាស់ចេញក្រៅសិនហី” ខ្ញុំនិយាយល្មមអានុតស្តាប់ឮ
អានុតងក់ក្បាល ខ្ញុំក្រោកដើរឱនៗគោរពចាស់ៗកំពុងអង្គុយដើរជិតដល់មាត់ទ្វារ
“ផាំង!”
ខ្ញុំភ្ញាក់ក្រញ៉ាងទ្វារបិទផាំងនៅចំពោះមុខទាំងមិនទាន់បានចុះទៅ ស្ងាត់ឈឹងសំឡេងសូត្រធម៌ស្ងាត់ច្រៀប។ អានុត មុខសស្លាំងសម្លឹងមើលខ្ញុំកំពុងញាប់ញ័រ…
“ពួកឯងចង់ទៅណា” សំឡេងមនុស្សចាស់លាន់មកដោយគ្មានប្រភព។ ខ្ញុំនៅស្ងៀមទាំងបែកញើសជោកថ្ងាសងាកក្រោយបាត់អស់…បាត់ព្រះសង្ឃបាត់ចាស់ៗនៅលើផ្ទះមានតែខ្ញុំពីរនាក់អានុតកំពុងភ្នែកនៅកញ្ចឹងក
សំឡេងនៅបន្លឺជាថ្មីខ្ទរពេញផ្ទះ ដោយមិនដឹងមកពីទិសណា
“ដាក់កន្លែងដើមវិញ…ដាក់កន្លែងដើមវិញ…” សំឡេងអូសបន្លាយវែងខ្សាវៗនិយាយដដែលៗស្តាប់គួរឱ្យព្រឺរោម។
ខ្ញុំសម្លឹងអានុតដោយងឿងឆ្ងល់ញាប់ញ័រភិតភ័យមិនចាញ់វា តែខ្ញុំធ្វើរឹងពឹងកុំឱ្យវាកាន់តែភ័យព្រោះវាមកនេះបានអាងខ្ញុំ បើខ្ញុំឆោឡោទៀតអ្នកណាពឹងអ្នកណាបាន?
ខ្ញុំបន្លឺតិចៗ
“កន្លែងដើមអី? ”
“អញចង់ទៅភ្នំពេញវិញអាឆាយ”
ដៃអានុតត្រជាក់ស្រេងដូចទឹកកកចាប់ដៃខ្ញុំអង្រួន
“យើង…យើងយកអីគេ យើងដាក់អីកន្លែងដើម…អានុត…អត់ទេយើងទៅទៅភ្នំពេញវិញឥឡូវ”
ខ្ញុំរហ័សអង្រួនទ្វារឈើមាំណែន
“ជួយ…ជួយផង បើកទ្វារ”
“ខ្ពាក!!!”
ខ្ញុំបញ្ឈប់ងាកក្រោយតាមសំឡេងជ្រុះគឺ…កំប៉ុងជើងធូបលើទូឈើកណ្តាលផ្ទះជ្រុះដោយឯកឯងខ្ញុំថយក្រោយរហូតទល់ខ្នងនិងទ្វារ អានុតចូលកាន់តែកៀកខ្ញុំ។ខ្ញុំដកដង្ហើមស្រូបពេញពោះ បន្ធូរមកវិញខ្សាក…
“ មុននេះដូចឃើញឯងធ្វើជ្រុះម្តង? មែនអត់?” អានុតញ័រមាត់
“គឺ…គឺ អញ”
“គឺអីឯងធ្វើអី” ខ្ញុំជ្រួញចិញ្ចើម
អានុតរដិបរដុប
“ពេលនោះឈរមើលរូបថតជាមួយអ្ហែង មើលកាន់តែយូរតាហ្នឹងញាក់ចិញ្ចើមដាក់អញ…អញភ័យបែរខ្នងរត់បែរមកប៉ះទូមួយទំហឹងវាជ្រុះមក អញអត់ដឹងទេអញរើសដោតវិញមិនសល់ជើងធូបមួយសរសៃ អញដាក់កន្លែងដើមវិញហើយ”
ខ្ញុំតាំងស្មារតីដើរយឺតៗទៅមុខទូ ឱនរើសកំប៉ុងជើងធូកទើបពីជ្រុះអំបាញ់មិញឡើងទាំងញ័រដៃទទ្រើត ខ្ញុំនិយាយតិចៗ
“លោកតា កូនចៅគ្មានចេតនាទេ ខ្ញុំមកល្អខ្ញុំគ្រាន់មកសុំទីនេះមួយយប់ អាហុងក៏វាយល់ព្រម ឥឡូវខ្ញុំដាក់វិញហើយ គឺកូនចៅសូមទៅផ្ទះវិញហើយ”
ខ្ញុំមានអារម្មណ៍ថា ជីតារបស់ខ្ញុំនៅក្បែរៗខ្ញុំ ខ្ញុំក្រោកឡើងលើកដាក់លើទូរ បែរក្រោយតាមសំឡេងងឺតក្រោយខ្នង ទ្វារបើកងឺតដោយខ្លួនឯង
អានុតអរផើត
“អាឆាយ ទ្វារបើកហើយទៅភ្នំពេញវិញ”
ខ្ញុំឮសំឡេងជីតាខ្ញុំតិច
“ទៅណាមកណា ស្នាក់នៅផ្ទះគេត្រូវសុំម្ចាស់ផ្ទះគេផង”។
រាល់បញ្ហាឱ្យតែយើងធ្វើចិត្តឱ្យនឹងនកុំចាញ់ប្រៀបលើវា ប្រឈមមុខដោយការតាំងចិត្ត មិនត្រូវភ័យខ្លាចឬមិនផ្អើលឈូឆរខ្ញុំជឿថាយើងនឹងអាចដោះស្រាយវាចេញមិនខាន៕