ពេលវេលាចេះតែកន្លងទៅ ទេវី និង ខ្ញុំ ក៏បញ្ចប់ឆ្នាំសិក្សាថ្នាក់ទី១២ ពួកយើងសម្រេចចិត្តថា នឹងទៅជប់លៀងឆ្លងនៅផ្ទះនីតានាខេត្តមណ្ឌលគិរី ព្រោះទីនោះមានទេសភាពគួរជាទីមនោរម្យ ខ្ញុំម្នីម្នាប្រាប់អ្នកផ្ទះ ហើយរៀបចំវ៉ាលីមកស្នាក់នៅមណ្ឌលគិរីបួនប្រាំថ្ងៃ។
យើងធ្វើដំណើរបានពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រស់ស្រូបអាហារថ្ងៃត្រង់នៅអាហារដ្ឋានមួយ បន្ទាប់មកបន្ដដំណើរទៅមុខទៀតដោយហេវហត់ ទេវីហាក់មិនស្រួលខ្លួនសោះ ខ្ញុំនិងនីតាបារម្ភណាស់ ក៏ឈប់ឡានឱ្យទេវីចុះ នាងក្អួតដោយអាការ:ពុលឡាន ដែលខ្ញុំសង្កេតឃើញថា អ្នកស្រុកទីនោះសម្លឹងមកយើងមិនដាក់ភ្នែក ហាក់ដូចមានអ្វីចម្លែក មួយសន្ទុះបងប្រុសចិត្តល្អម្នាក់យកប្រេងខ្យល់មកជួយរឹតទេវី ហើយនាំទេវីមកអង្គុយលើគ្រែឈើក្រោមផ្ទះគាត់។
ស្រ្តីមានវ័យប្រហែល ៦៥ឆ្នាំ ស្លៀកសារ៉ុងតាមបែបអ្នកជនបទ លើកទឹកមកទទួលយើង ហើយនិយាយរាក់ទាក់តាមធម្មតា ភ្លាមៗនោះគាត់សម្លឹងមកខ្ញុំពីក្បាលដល់ចុងជើងមិនដាក់ភ្នែក មុននឹងនិយាយថា
« មីនាងខាងនេះ កុំដើរព្រៃជ្រៅ ឬទៅណាមកណាតែឯងឱ្យសោះ រាសីនាងដាក់ណាស់ បើមិនរំដោះគ្រោះចេញទេ អាចមានគេមកយក »
ខ្ញុំឮបែបនេះហាក់ភ័យណាស់ ក៏សួរគាត់ទាំងញ័រមាត់
« ខ្ញុំគួរធ្វើម៉េចទៅអ៊ុំ បើក្មួយមិនដែលឮពីរឿងអបិយជំនឿបែបនេះផង »
« ក្មួយទៅវត្តស្រោចទឹក ឬធ្វើពិធីរំដោះគ្រោះណាមួយទៅ បើពុំដូច្នោះទេ នឹងជួបមហន្តរាយដល់អាយុជីវិតជាក់ជាពុំខាន »
និយាយចប់គាត់លូកដៃចូលស្បោងក្រណាត់មួយដកយកខ្សែករូបព្រះមកដាក់លើដៃខ្ញុំ
« ក្មួយពាក់ខ្សែកនេះអោយជាប់កុំដោះចេញណាក្មួយដរាបណាក្មួយពាក់ខ្សែកពួកអមនុស្សធ្វើអីក្មួយមិនបានទេ »
ខ្ញុំសំពះអរគុណហើយទទួលយកមកទុក។
គាត់បន្តទៀតថា ធ្លាប់មានមនុស្សជួបគ្រោះកំបុតក្បាលនេះដែរតែបើបានកាត់គ្រោះមុននិងរួចជីវិតខ្ញុំសម្លឹងទៅគាត់ទាំងអារម្មណ៍ភ័យព្រួយ តែមិត្តខ្ញុំទាំងពីរបង្ហាញអាការ:មិនជឿពីអ្វីដែលគាត់និយាយ។ នីតាកេះខ្ញុំជាសញ្ញាអោយយើងប្រញាប់បន្តដំណើរ យើងទាំងបីលើកដៃជម្រាបលាគាត់ព្រោះមេឃស្រទុំហើយ។យើងឡើងឡានទៅមុខទៀតបន្តខ្ញុំគិតបារម្ភពីរឿងអ៊ុំស្រីនោះ ទេវីឃើញខ្ញុំស្រងូតស្រងាត់ ក៏និយាយកាត់
« កក្កដា កុំទៅគិតច្រើនពេក មនុស្សចាស់គាត់មានជំនឿជឿលើរឿងខ្មោចព្រាយអីតែបែបហ្នឹង ហើយសំខាន់ ខ្ញុំនិងនីតានៅក្បែរឯងរហូត »
កក្កដាលឺបែបនេះ ហាក់ធូរចិត្តព្រោះមានមិត្តសំណព្វនៅក្បែរគ្រប់ពេលបែបនេះ។
មកដល់ខេត្តមណ្ឌលគិរីជាទីស្នេហា ទិដ្ឋភាពនៃចំការទំពាំងបាយផ្លែឈើហូបផ្លែ និងផ្កាឈូករត័្នដ៏ស្រស់បំព្រង បានរំលេចនូវភាពស្រស់ស្អាត កក្កដានិងទេវីសំពះសួរម្តាយ និងគ្រួសារនីតា ហើយញុំាសាច់អាំងជុំគ្នា ដែលបង្កើតបានជាបរិយាកាសដ៏រីករាយ។
យប់នេះយើងសម្រេចចិត្តថាគេងនៅបន្ទប់នីតា ទេវីនិយាយរឿងកំប្លែងដែលនាំឱ្យយើងសើចកក្អឹកបំបាត់រាល់ទុក្ខកង្វល់ទាំងឡាយរហូតដល់គេងលក់។ បិទភ្នែកតែបន្តិចខ្ញុំឃើញក្មេងស្រីសក់វែងម្នាក់ឱបជង្គង់យំដង្ហក់ ដង្ហើយហៅឈ្មោះខ្ញុំដដែលៗ ខ្ញុំព្យាយាមរត់ស្រែកឱ្យគេជួយក្នុងវាលដែលពទ្ធ័ជុំវិញទៅដោយព្រៃស្តុក ខ្ញុំរត់យ៉ាងលឿនតែត្រូវរអិលបុកនិងថ្មមួយក្មេងស្រីនោះដើរសំដៅមកខ្ញុំយឺតៗហើយអោនបង្ហាញមុខដែលពោពេញទៅដោយឈាម ខ្ញុំស្រែកឡើង ”ជួយផងៗ” មិត្តខ្ញុំទាំងពីរកេះខ្ញុំឱ្យភ្ញាក់ ខ្ញុំបើកភ្នែកមកបែកញើសជោកខ្លួនបេះដូងលោតញាប់ខ្លាំងណាស់។
« ឯងយល់សប្តិអាក្រក់មែនទេ? »
នីតាសួរនាំដោយការព្រួយបារម្ភ ខ្ញុំងក់ក្បាលតិចៗ ពួកគេព្យាយាមបន្លប់ខ្ញុំមិនឱ្យភ័យហើយសន្យាថានិងជូនដើរលេងគ្រប់កន្លែង។
នាវេលាព្រឹកនេះ យើងទាំងបីទៅកម្សាន្តនៅលើភ្នំងូតទឹកជ្រោះស្រស់ថ្លា និងជួបសំណេះសំណាលជាមួយបងៗជនជាតិភាគតិច យើងស្លៀកសំលៀកបំពាក់តាមបែបជនជាតិភាគតិចយ៉ាងស្រស់ស្អាត។
ល្ងាចបន្តិច អ្នកស្រុកប្រារព្ធពិធីជប់លៀងនាំគ្នារាំច្រៀងលេងនៅក្បែរវត្តមួយ។ រំពេចនោះខ្ញុំឃើញស្ត្រីសក់វែងហួសចង្កេះស្លៀករ៉ូបសដើរចូលទៅក្នុងចេតិយបាត់ស្រមោលឈឹង ខ្ញុំព្យាយាមតាមរកមើលតែមិនឃើញសោះ ខ្ញុំភ័យយ៉ាងខ្លាំងស្ទុះទៅប្រាប់នីតា
« នីតា យើងចង់ផ្ទះវិញ គឺខ្ញុំឃើញខ្មោច…នីតាខ្ញុំខ្លាចណាស់ …ហិហិខ្ញុំខ្លាចណាស់ »
« វាយ៉ាងម៉េចឯង កក្កដា យើងទើបចាប់ផ្តើមទេណា យើងនៅមិនទាន់សប្បាយអស់ចិត្តនៅឡើយ យូៗមកផ្ទះម្តងវ៉ើយ »
« មែនហើយកក្កដានៅទីនេះសិនទៅ ឯងកុំស្រមើស្រមៃទាំងថ្ងៃមើល៎ លើលោកនេះវាគ្មានទេខ្មោចព្រាយស្អីនោះ »
តែយើងបានឃើញផ្ទាល់ភ្នែកគឺនៅចេតិយត្រង់នោះ តែគ្មានអ្នកណាម្នាក់ជឿនាងសោះ។
នេះគ្មានអ្នកណាជឿយើងទេហេស!
វាមិនដែលខ្មោចណាមកលងទាំងកណ្តាលថ្ងៃត្រង់ទេកក្កដា!
ខ្ញុំហាក់អន់ចិត្តនឹងមិត្តជាខ្លាំង ដែលមិនជឿចិត្តគ្នា ទាំងយើងជាមិត្តនិងគ្នារាប់ឆ្នាំ ក៏ឡើងម៉ូតូត្រឡប់ទៅផ្ទះនីតាតែម្នាក់ឯង។
ពេលមកដល់បានពាក់កណ្តាលផ្លូវ ខ្ញុំឃើញពូម្នាក់ជិះម៉ូតូយឺតៗហើយតាមពីក្រោយម៉ូតូខ្ញុំដៃខ្ញុំទាំងគូរញ័រទទ្រើកព្រោះទីនេះជាព្រៃស្ងាត់ជ្រងំគ្មានផ្ទះអ្នកស្រុកឡើយបើគេមានបំណងអាក្រក់ឬមានអំពើឃាតកម្មអ្វីប្រាកដជាស្លាប់គ្មានអ្នកជួយទេ។
ខ្ញុំបើកម៉ូតូយ៉ាងលឿនមួយសន្ទះធំ ហើយក៏នៅតែឃើញពូនោះតាមមកពីក្រោយ ហើយសម្លក់ថ្លែមកខ្ញុំ ដោយកែវភ្នែកគួរឱ្យខ្លាច
ខ្ញុំមិនបង្អង់យូរបើកម៉ូតូយ៉ាងលឿនតាមដែលអាចធ្វើទៅបាន តែដោយបើកលឿនពេក ក៏ត្រូវទៅបុកដើមឈើមួយដួលយ៉ាងដំណំ។
ខ្ញុំស្រវេស្រវាក្រោកឈរទាំងឈឺស្ទើរស្លាប់ចំណែកខ្លួនប្រឡាក់សុទ្ធតែភក់និងមានរបួសពេញខ្លួន តែអ្វីដែលចម្លែកគឺម៉ូតូដែលជិះមកពីក្រោយមិញបាត់ស្រមោលឈឹងធ្វើឱ្យខ្ញុំចម្លែកចិត្តជាខ្លាំង យីមុននេះឃើញនៅទីនេះតើខ្ញុំហាក់មិនស្រួលចិត្តសោះម្តុំនេះស្ងាត់ឈឹង ខ្ញុំប្រញាប់ទាញទូរសព្ទតេទៅទេវី សំណាងណាស់ដែលមានសេវាខ្ញុំរៀបរាប់ប្រាប់ទេវីតាមដំណើររឿងសំឡេងរបស់នាងបង្ហាញថានាងកំពុងស្រវឹងតែនាងសន្យាថានឹងមកទទួលខ្ញុំ។
« តើថ្ងៃនេះជាថ្ងៃស៊យស្អីរបស់ខ្ញុំទៅ ឃើញខ្មោច វង្វេងព្រៃ ហើយនៅមកដួលម៉ូតូទៀត »
ខ្ញុំរអ៊ូតិចៗ ខ្ញុំដើរទៅមុខបន្តិចទើបដឹងថានៅទីនេះមានសាលារៀនទៀតខ្ញុំកក់ក្តៅចិត្តបន្តិចព្រោះឃើញក្មេងស្រីវ័យប្រហែល១៥ឆ្នាំអង្គុយយោលទោងក្នុងសាលា នាងតូចនោះញញឹមមកកាន់ខ្ញុំយ៉ាងស្រទន់តែហាក់បង្កប់នូវអាថ៏កំបាំងអ្វីម្យ៉ាង ខ្ញុំដើរយឺតៗទាំងឈឺចូលក្នុងរបងសាលាដើម្បីលាងជើងព្រោះខ្លួនប្រឡាក់ភក់ជោកនៅក្បែរថ្នាក់រៀនមានពាងទឹកមួយវាបង្កការងាយស្រួលសម្រាប់ខ្ញុំក្នុងការសម្អាតជើង ខ្ញុំសម្លឹងទៅនាឡិកាម៉ោង ៥:៤៦នាទី
« ហាក់អូនថ្មើហ្នឹងហើយមិនទាន់ទៅផ្ទះទេអី »
« ចាប៉ាម៉ាក់មិនទាន់មកយកផង បងនៅហ្នឹងហើយបានពីរនាក់ »
ក្មេងនោះញញឹមយ៉ាងចម្លែកហើយនិយាយមួយៗមកកាន់ខ្ញុំ
« បងហ្ហាបងអែងកុំទៅ ណាៗនៅហ្នឹងហើយខ្ញុំអថ្សុកណាស់ »
ខ្ញុំបន្តនិយាយលេងនិងក្មេងនោះអស់មួយសន្ទុះធំដោយគិតក្នុងចិត្ត យីឪពុកម្តាយម៉េចក៏បណ្តោយឱ្យកូននៅសាលាយូរបែបនេះ។
« បងដួលម៉ូតូ តិចទៀតមិត្តបងមកយកហើយ អូនមានលេខប៉ាម៉ាក់ទេ! ចាំបងតេរក »
ក្មេងនោះទម្លាក់ទឹកមុខ ហើយមិននិយាយស្តីអ្វីមួយម៉ាត់។ ខ្ញុំព្យាយាមតេរកទេវីម្តងទៀត តែថាទៅក្នុងសាលានេះគ្មានសេវាសោះអង្គុយតែបន្តិចសោះ នេះម៉ោង ៦:៤៣នាទី ហើយទេវីមិនទាន់មក ហើយក្មេងក៏មិនទាន់ទៅផ្ទះ ខ្ញុំចាប់ផ្តើមមិនស្រួលចិត្តហើយ ចំហាយត្រជាក់ចាប់ផ្តើមបក់មកប៉ះខ្លួនខ្ញុំធ្វើអោយខ្ញុំព្រឺខ្លួនជាខ្លាំង
« ម៉េចក៏ប៉ាម៉ាក់មិនមកយកចឹងយប់ហើយណា »
រាល់ពេលដែលខ្ញុំសួរនាំនាងពីឪពុកម្តាយ នាងតែងបង្ហាញពីទឹកមុខក្រៀមក្រំបង្កប់ដោយភាពសោកសៅ។
ពេលមិត្តបងមកយកបង នឹងទៅចោលខ្ញុំហើយមែនទេ!
ផ្ទះអូននៅទីណាចាំបង ជូនទៅ
« បងខ្ញុំខ្លាចណាស់ ខ្ញុំទៅណាមិនបានទេ បងមកនៅជាមួយខ្ញុំមកណាខ្ញុំសុំអង្វរ »
ខ្ញុំរន្ធត់ឥតឧបមាក្រោយស្តាប់សម្តីចម្លែកៗរបស់ក្មេងនេះ ខ្ញុំក្រឡេកទៅក្រោមទើបដឹងថាក្មេងនោះគ្មានជើងទេ ខ្ញុំព្យាយាមក្រោកតែក្រោកមិនរួចសោះហាក់មានអ្វីចាប់ខ្លួនខ្ញុំ។ មួយរំពេចនោះ សាលាទាំងមូលរុំពទ្ធ័ដោយព្រៃ និងស្លែពាសពេញជញ្ជាំង ក្មេងស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ប្រែក្លាយជាគួរឱ្យខ្លាចនាងបើកភ្នែកក្រលោតសម្លឹងមកខ្ញុំមិនដាក់ភ្នែក មុខនាងរលួយហើយមានឈាម បំពង់ករបស់នាងត្រូវបានដាច់មានឈាមហូរពាសពេញរាងកាយ។ នាងចាប់ដៃខ្ញុំជាប់ហើយនិយាយល្វើយៗ
« បងត្រូវនៅជាមួយខ្ញុំ បងទៅណាមិនបានទេ បើស្លាប់យើងស្លាប់ជាមួយគ្នា ខ្ញុំស្លាប់វេទនាណាស់បងដឹងទេ ពួកវាអាករខ្ញុំហើយញាត់ក្នុងបន្ទប់ទឹក ខ្ញុំស្រែកឱ្យគេជួយតែគ្មានអ្នកណាមកជួយខ្ញុំទេ »
នាងយំដោយក្ដីវេទនាហើយនិយាយដដែលៗ ក្មេងនោះច្របាច់ដៃខ្ញុំខ្លាំងៗស្ទើរតែកម្រើកមិនរួច
«លែងទៅៗ ជួយផងមានអ្នកណានៅក្បែរនេះទេជួយផង»
ខ្ញុំស្រែកខ្លាំងៗតាមដែលអាចធ្វើទៅបាន ខ្ញុំគិតអ្វីមិនចេញទេតែព្យាយាមតាំងស្មារតី ក៏នឹកឃើញថាក្នុងកាតាបមានខ្សែកព្រះដែលអ៊ុំចម្លែកនោះបានឲមកខ្ញុំប្រញាប់ប្រញាលយកមកពាក់ទាំងត្រដាបត្រដួប។ ក្មេងនោះស្រែកឡើង
«អា…. ក្តៅណាស់ៗ»
ខ្ញុំស្ទុះរត់យ៉ាងលឿនទាំងជើងត្រូវរបួសរហូតផុតពីសាលានោះ។ខ្ញុំបន្តដើរអស់ពេលយ៉ាងយូរតែទោះដើរយូរយ៉ាងណាក៏ស្ថិតនៅតែកន្លែងដដែលខ្ញុំសម្លឹងមើលម៉ោង១១:១៣នាទី។ខ្យល់ត្រជាក់មួយវិបបក់មក ខ្ញុំបើកភ្នែកឡើងស្រាប់តែឃើញថាខ្ញុំនៅក្នុងបន្ទប់ទឹកសាលា ក្លិនឆ្អាបឈាមនិងក្លិនរលួយស្អុយនៃសាកសពធ្វើឲខ្ញុំស្ទើរតែក្អួតមកព្រោះ មានស្នាមឈាមដាមលើឥដ្ឋនិងនិងជញ្ជាំងបន្ទប់ទឹក ក្មេងនោះឱបជង្គង់យំហើយចេះតែស្រែកថា «ពួកវាអាកខ្ញុំនៅទីនេះ បងមកនៅទីនេះមកបាន២នាក់ខ្ញុំអថ្សុកណាស់»ខ្ញុំស្ដាប់សំឡេងក្មេងនោះយំយែកទាំងអួលដើមក។សម្រែកនៃការឈឺចាប់របស់នាងនិងរូបរាងអាក្រាតកាយរបស់សាកសពដែលត្រូវបានគេអាកសម្លាប់ក្នុងថ្លុកឈាមបានធ្វើឱ្យខួរក្បាលខ្ញុំវិលវល់ខ្លាំងណាស់ហើយគ្រប់យ៉ាងក៏ប្រែជាងងឹតសូន្យទៅ។
ព្រះអាទិត្យថ្មីរះលើដែនដីមណ្ឌលគិរី បញ្ចេញពន្លឺរស្មីខ្ញុំបើកភ្នែកមកឃើញទេវីនិងនីតា សម្លឹងមកខ្ញុំដែលកែវភ្នែកពោពេញដោយការព្រួយបារម្ភ។ កក្កដាក្រោកហើយ!
កក្កដាឯងប្រាប់យើងបានទេ ថាមានរឿងអ្វីខ្លះ(នីតា)
« ថ្ងៃក្រោយឈប់ធ្វើបែបនេះទៀត យើងនិងអ្នកភូមិរកឯងគ្មានបានដេកពួនទេ ឯងកើតឆ្កួតស្អីទើបជិះវង្វេងពេញព្រៃបែបនេះ » (ទេវី)
កក្កដារៀបរាប់តាមដំណើររឿងទាំងញ័រទ្រូងពីសាលារៀនដែលគួរឱ្យខ្លាចនោះ អ៊ុំប្រុសម្នាក់និយាយកាត់៖
« សាលាហួសព្រៃស្មោងមែនក្មួយ? »
ខ្ញុំងក់ក្បាលញាប់បង្ហាញថាសាលានោះហើយ គាត់ក៏និយាយបន្តទៀត ការពិតទៅកាលពី ៧ឆ្នាំមុន សាលានេះដំណើរការធម្មតាទេ តែល្ងាចមួយ វិតារង់ចាំម៉ែមកយក ហើយសិស្សផ្សេងៗទៀតទៅផ្ទះអស់ ណាមួយថ្ងៃនោះជាចូលឆ្នាំ មិនសូវមានសិស្សមករៀនទេ តែដោយចាំយូរពេក គ្មានអ្នកមកយកសោះ ជួនអីពេលនោះមានពួកក្មេងជក់ថ្នាំមួយក្រុម ដើរឆ្លងកាត់ទីនោះក៏អូសនាងទៅរំលោភទាំងក្រុម ហើយអាកសម្លាប់ចោលក្នុងបន្ទប់សាលានោះទៅ។
នាងព្យាយាមស្រែកឱ្យគេជួយ តែគ្មានអ្នកឮសោះ ទំរាំរកឃើញសាកសពវីតា សាកសពនាងហើមរលួយស្អុយពេញសាលា។ ក្រោយមកក៏មានសាលាផ្សេងទៀតបើកបន្តបន្ទាប់នៅក្នុងភូមិ សិស្សនាំគ្នារៀនសាលាក្នុងភូមិព្រោះវាមានសុវត្ថិភាព និងងាយស្រួលធ្វើដំណើរ ក្រោយមកគេក៏បិទលែងដំណើរការសាលានោះទៅ។
ខ្ញុំស្តាប់ហើយអួលដើមកនិយាយអ្វីលែងចេញ ក្មេងដែលខ្ញុំនិយាយលេងជាមួយយ៉ាងស្និតស្នាលជាខ្មោចនេះ វាស្រស់ៗពេកហើយ។ ហេតុអ្វីក្មេងស្លូតត្រង់ម្នាក់ បែរជាត្រូវទទួលរងនូវរឿងអយុត្តិធម៏ និងព្រៃផ្សៃបែបនេះ។ ខ្ញុំស្ទើតែសន្លប់ម្តងទៀត ព្រោះគ្រប់យ៉ាងវាស្រស់ៗពេកហើយ ខ្ញុំស្បថខ្ញុំមិនហ៊ានមកទីនេះម្តងទៀតឡើយ ព្រោះស្នាមញញឹម និងសំឡេងក្មេងនោះនៅដក់ជាប់នឹងភ្នែកខ្ញុំនៅឡើយ។
ក្រោយស្តាប់តាមដំណើររឿង ទេវី និង នីតា សុំទោសខ្ញុំដែលបណ្តោយឱ្យឆ្លងកាត់រឿងអាក្រក់បែបនេះ។ ខ្ញុំអភ័យទោសឱ្យមិត្តយើងឱបគ្នាយ៉ាងស្និទ្ធិ ខ្ញុំសម្រាកបានបន្តិចក៏ត្រលប់ទៅភ្នំពេញវិញទាំងប្រញាប់ ហើយទៅវត្តឧទ្ទិសកុសលផលបុណ្យដល់វីតាឱ្យបានចាប់កំណើតកុំឱ្យនៅរងទុក្ខវេទនាបែបនេះទៀត។
ពេលវេលាកន្លងទៅ ៥ឆ្នាំហើយ ខ្ញុំក៏បានរៀបការ និងលោកគ្រូបង្រៀនម្នាក់ហើយរស់នៅយ៉ាងមានក្តីសុខ យប់មិញនេះដែរ ដែលខ្ញុំយល់សប្តិឃើញវីតា ប៉ុន្មានថ្ងៃក្រោយខ្ញុំទៅមន្ទីរពេទ្យទើបដឹងថាខ្លួនមានផ្ទៃពោះ ខ្ញុំគិតថាកូនដែលចាប់កំណើតនេះ ប្រហែលជាវីតាហើយ បើកូននេះកើតមក ខ្ញុំនឹងដាក់ឈ្មោះគេថា វីតា កក្កដាអង្អែលពោះហើយញញឹម…
ចប់