រឿង៖ ពិធីជប់លៀង

រាជធានីភ្នំពេញ

មុខព្រះបរមរាជវាំងព្រះអាទិត្យកំពុងចាប់ផ្តើមលិចបន្សល់ពន្លឺខ្លះៗធ្វើឱ្យផ្ទៃទឹកទន្លេនិងពពកក្រហមច្រាលនៅលើដើមឈើមានសត្វស្រែកចេចចាចចំណែកឯលើផ្លូវមានព្រាបរាប់សិបផ្តុំគ្នាដើរទាំងហ្វូងចឹកចំណីតាមដងមាត់ទន្លេ។

មនុស្សម្នាមកម្តុំមុខវាំងមកដើម្បីអង្គុយសម្រាកកម្សាន្តល​ម្ហែប្រាណបន្ធូរបន្ថយអារម្មណ៍តានតឹងពីការងារ។

ចំណែកខ្ញុំមកទីនេះដើម្បីរម្លឹកមេរៀនមួយកំភ្លូសនេះ។ ខ្ញុំឈ្មោះភពអាយុ២២ឆ្នាំជានិស្សិតពេទ្យឆ្នាំទី៤ហើយនៅសល់តែមួយសប្តាហ៍ទៀតខ្ញុំត្រូវប្រឡងបំណាច់ឆ្នាំហើយ។ ជាទម្លាប់ខ្ញុំតែងតែមករម្លឹកមេរៀនកន្លែងមនោរម្យបែបនេះណាស់។ រាល់ថ្ងៃខ្ញុំបានប្រាក់ឧបត្ថម្ភពីម៉ែឪរបស់ខ្ញុំមកពីខេត្តមិនពិបាកធ្វើអីហត់ទេរស់រានសុខស្រួលគឺដេកស៊ីតែម្តង​ តែក៏មិនដល់ថ្នាក់ភ្លើតភ្លើនរហូតធ្វេសប្រហែសក្នុងការរៀនសូត្រនោះដែរ ហេតុនេះធ្វើឱ្យខ្ញុំពូកែជាងចំណោមសិស្សដទៃទៀតហើយនឹងក្លាយជាពេទ្យម្នាក់សម្រាប់បម្រើជាតិក៏ដូចជាសមនឹងកិត្តិនាមរបស់ឪពុកម្តាយខ្ញុំផងដែរ។ ដូចជាហូរហែណាស់ហើយយូរៗម្តងខ្ញុំងើយមុខឡើងលើដោយធ្វើមាត់ជីបអូចៗផងដែរជាទម្លាប់ខ្ញុំរាល់ពេលទន្ទេញមេរៀន។ 

ភ្លាមពេលខ្ញុំទម្លាក់មុខមកវិញ ខ្ញុំស្រាប់តែភ្ញាក់នឹងបុរសចំណាស់ម្នាក់ដែលទើបនឹងមកអង្គុយបង់ក្បែរនេះ ខ្ញុំមើលគាត់ហើយមើលទៀតមិនដាក់ភ្នែក ចម្លែកណាស់ គាត់ស្លៀកក្បិនអាវសដូចជាមិនមែនមនុស្សសម័យកាលនេះទេ គាត់ឆ្លងភពទេដឹង?

ចិត្តខ្ញុំនឹកភា្លមទៅដល់ដំណាលរឿងដែលខ្លួនឯងធ្លាប់មើលដូចមនុស្សឆ្លងភពអីជាដើម។ ខ្ញុំខំផ្ទៀងសម្លឹងជុំវិញខ្លួនខ្លាចក្រែងមានគេថតកុន តែហាក់គ្មានឃើញអ្វីដូចរំពឹងសោះ ឯមនុស្សដែលអង្គុយជុំវិញក៏គ្មានឃើញអ្នកណាសម្លឹងមកតាចម្លែក ឬគាត់ធ្លាប់មកម្តុំនេះហើយស្លៀកពាក់បុរាណអ៊ីចឹងធ្លាប់ទៅហើយ? 

ខ្ញុំសម្លឹងគាត់ជាថ្មី គាត់មានពុកមាត់រិចៗអាយុប្រមាណ៤០ក្រាស់ ប្រហែលមួយនាទីក្រោយបុរសចំណាស់ម្នាក់នោះបានមកក្បែរខ្ញុំហើយគាត់ឱនមកពោលប្រាប់៖

“ចៅដឹងទេកាលពី៤០ឆ្នាំមុនតាក៏មកអង្គុយបង់នេះដើម្បីរម្លឹកមេរៀនដែរ!” ខ្ញុំជ្រួញចិញ្ចើមមិនយល់ សែសិបឆ្នាំមុនជំនាន់អី? ពេញនិយមនឹងការអង្គុយអានសៀវភៅដូចនេះដែរអ្ហែស? សែសិបឆ្នាំមុនគាត់ប្រហែលទើបប្រាំបីប្រាំបួនឆ្នាំទេដឹង?

ខ្ញុំងាកមើលសៀវភៅវិញធម្មតាមិនតបទៅគាត់យ៉ាងណាទេ ព្រោះមិនដឹងនិយាយអី។

“មិនអីទេ!” លោកតានិយាយខ្លីក្រោយពេលឃើញខ្ញុំស្ងាត់ដូចមាត់គេចុកបាត់។ គាត់អង្គុយចុះក្បែរខ្ញុំរួចគាត់បាននិយាយវែកញែកបូបាច់ពីវេជ្ជសាស្ត្រធ្វើឱ្យខ្ញុំស្តាប់ចំហរមាត់ធ្លុង ទាំងដែលរឿងទាំងនោះខ្ញុំហាក់មិនធ្លាប់បានចួបសោះ តែបើតាមដឹងត្រួសៗទៅវាដូចជាការព្យាបាលតាមបែបបុរាណម៉េចមិនដឹង គាត់មកចំដូចដឹងខ្ញុំនឹងរៀនពេទ្យអ៊ីចឹង ហើយខ្ញុំក៏បានសាសងសន្ទនាជាមួយគាត់វិញឡើងមួយសន្ទុះធំដែរ។ ហើយពេលនោះគាត់ស្រាប់តែនិយាយប្តូររឿងភ្លាម…

“ចៅចូលចិត្តភ្លេងរបាំបុរាណដែរទេ?”

ខ្ញុំគាំងភ្លាមខ្ញុំមិនសូវចូលចិត្តភ្លេងរបាំបុរាណស្អីនោះទេតែខ្ញុំខ្លាចក្រែងចិត្តចគាត់ខ្ញុំងក់ក្បាលផ្ងក់ៗឆ្លើយញឹមៗ៖

“បាទខ្ញុំចូលចិត្តខ្លាំងណាស់!”

“ត្រូវហើយ!តាគិតថាចៅប្រាកដជាចូលចិត្ត” លោកតាតបទាំងសើចក្អឹកៗ។ 

“ចៅគិតយ៉ាងណាបើតាអញ្ចើញចៅទៅចូលរួមពិធីជប់លៀងមួយនៅផ្ទះរបស់តានៅថ្ងៃស្អែកនេះហើយពួកយើងមានការប្រគុំភ្លេងចួបជុំគ្នានោះ?”

ខ្ញុំរៀបឆ្លើយនឹងគាត់ហើយស្រាប់តែគាត់ប្រះខ្លួនងើបពីបង់ហើយបានហុចសំបុត្រពណ៌សបិតដោយទឹកទៀនមួយដែលដកចេញពីត្រង់ណាមកមិនដឹង រួចហុចឱ្យមកខ្ញុំ

“សង្ឃឹមថានឹងមានវត្តមានរបស់ចៅទៅចូលរួម គ្រួសាររបស់យើងប្រាកដជាសប្បាយរីករាយមិនខាន!”

ខ្ញុំមើលមុខគាត់ទាក់ទើរក្នុងចិត្ត វាមិនដែលមនុស្សមិនស្គាល់គ្នាផង ត្រឹមនិយាយត្រូវរ៉ូវគ្នាពីរឿងព្យាបាលប៉ុណ្ណឹងមកហៅឯទៅជប់លៀង? តានេះធ្វើខួបអីចង់យកចំណងដៃទេដឹង? ខ្ញុំអេះក្បាលតិចៗសម្លឹងគាត់មិនដាក់ភ្នែក តាបោះសំបុត្រអញ្ជើញដាក់លើបង់ហើយនិយាយតិចៗ៖

“តាសង្ឃឹមថាចៅនឹងទៅ!”

គាត់និយាយផងសើចក្អឹកៗផងរួចដើរចេញទៅបាត់។ ខ្ញុំមិនទាន់បាននិយាយមួយម៉ាត់ថាខ្ញុំព្រមឬមិនព្រមផង តែពេលនោះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាគិតរវើរវាយម៉េចមិនដឹងគ្រាន់តែបានប៉ះសំបុត្រអញ្ជើញនោះ។ តែម្យ៉ាងខ្ញុំគិតថាមិនអីទេមើលទៅគាត់រួសរាយគួរឱ្យចូលចិត្តណាស់ ខ្ញុំនឹងទៅចូលរួម តែ…វាហាក់ចម្លែកត្រង់ថា ម៉េចក៏ក្នុងសំបុត្រមិនសរសេរអ្វីសោះ? 

ទូត!ទូត!

ទូរសព្ទទាក់ទងបានតែគ្មានអ្នកទទួលសោះ ខ្ញុំសម្រេចថាទៅពិធីជប់លៀងរបស់តាចម្លែកនោះ តែក្នុងសំបុត្រគ្មានប្លង់ គ្មានអាសយដ្ឋាន មានតែលេខទូរសព្ទមួយខ្សែរតេហើយមិនទទួលទៀត។ រួចគ្មានអីត្រូវនិយាយលោកតានោះលេងសើចនឹងខ្ញុំពិតមែន។

ទីត!ទីត!

សំឡេងស៊ីផ្លេឡានពណ៌ខ្មៅរលោងស្រិលបានបន្លឺមុខបន្ទប់ខ្ញុំ។ ត្រូវហើយឡាននោះប្រាកដជាមកទទួលខ្ញុំមិនខានទេ តែ…គាត់ស្គាល់កន្លែងខ្ញុំនៅដោយរបៀបណា បើពេលនិយាយគ្នាខ្ញុំអត់បានប្រាប់ផងនឹង? ខ្ញុំស្រវាំងភ្នែកមួយភ្លែត ក៏ឃើញខ្លួនឯងដើរតម្រង់ឡានមួយគ្រឿងនោះទាំងសប្បាយចិត្ត លោកតាមើលទៅបុរាណៗតែមានណាឡានឡើងថ្មីស្រឡាងលោកអើយ។ ខ្ញុំប្រញាប់ឡើងឡាន។

“ព្រះ” ខ្ញុំខ្ញុំភ្លាត់មាត់ព្រោះនឹកមិនដល់ថា អ្នកបើកឡានក៏ស្លៀកពាក់បុរាណដូចលោកតាចម្លែកនោះដែរទេ។

ឡានចាប់ផ្តើមចេញដំណើរ។ ខ្យល់តាមបង្អូចបក់មកផើយៗត្រជាក់ស្រួលណាស់ខែភ្លឺដូចយប់១៥កើត ត្រូវហើយ! ព្រោះថ្ងៃនេះជាយប់១៥កើត។ បន្តដំណើរមកដូចជាយូរដែរតែ…អ្នកបើកឡានដូចជាមិនមានសួរនាំខ្ញុំមួយម៉ាត់ណាសោះ ធ្វើដូចជាខ្ញុំជាភ្ញៀវមិនត្រូវបានគេអញ្ជើញ អ៊ីចឹង។ 

ណ្ហើយ…! ឡានបន្តដំណើរហូតផុតតំបន់ក្រុង។ ភ្លើងបំភ្លឺតាមផ្លូវក៏គ្មានឡើយដែរតែផ្លូវនៅតែអាចមើលឃើញព្រោះពន្លឺព្រះចន្ទចោលមក។

“នេះផ្ទះលោកតាចំណាស់នោះទៅដល់ណាទៅ? គាត់បោកខ្ញុំទេដឹង? “

ខ្ញុំនិយាយខ្សាវៗម្នាក់ឯង។

“ទេ…បើគាត់បោកខ្ញុំគាត់ឱ្យអ្នកបើកឡានមកយកខ្ញុំធ្វើអី?” ខ្ញុំដកដង្ហើមធំមួយរួចឈប់គិត។ វាដូចជាឆ្ងាយក្រុងដែរហើយ ផ្លូវស្ងាត់ជ្រងំ មើលមិនឃើញអ្វីក្រៅពីវាលស្រែ។

“មានផ្ទះ!” ខ្ញុំភ្ញាក់ផ្អើល។ ជិះឆ្ងាយដែរហើយទើបមកឃើញផ្ទះមួយខ្នងនេះ តែវានៅដាច់ពីគេឆ្ងាយមែនទែន ហើយមានតែមួយខ្នងនឹងទៀត ជុំវិញផ្ទះនេះងងឹងសូន្យសុងរកមើលអ្វីមិនធ្លុះសោះ ស្រាប់តែសំឡេងស្អកៗមួយតបមកខ្ញុំ៖

“ប្រហែលគេទើបមកសាងសង់ផ្ទះតំបន់នេះហើយ”

ខ្ញុំងាកភ្លែតមើលទៅកញ្ចក់ខាងមុខ គាត់ស្តាប់ឮពាក្យក្នុងចិត្តខ្ញុំ? តែខ្ញុំបែរជាធម្មតាស្រាប់ទៅហើយ៖

“អ៎! បាទ!” ខ្ញុំតបគាត់ដោយងក់ក្បាលតិចៗ ហើយក៏បន្តសួរគាត់មួយសំណួរបន្ថែម៖

“នេះយើងជិតដល់ហើយនៅបង”

ស្ងាត់…ស្ងាត់ជ្រងំម្តងទៀតបុរសបុរាណនោះមិនតបខ្ញុំជំនួសមកដោយសំឡេងខ្យល់បក់ចូលតាមបង្អួចវូរៗ…ត្រជាក់ស្រេប។ បន្តិចក្រោយខ្ញុំឃើញមានផ្ទះកាន់តែច្រើនធ្វើឱ្យខ្ញុំកាន់តែភ្ញាក់ផ្អើលជាយក្រុងពេលនេះមិនស្ងាត់ដូចពីមុនទេ។ ខ្ញុំឃើញមានផ្ទះធំមួយនៅចុងគេ។ នោះជាផ្ទះរបស់លោកតានោះហើយ។ ឡានបានមកដល់របងផ្ទះដ៏ធំស្កឹមស្កៃសាងសង់ឡើងពីឈើទាំងអស់រចនាបទខ្មែរសុទ្ធសាធមានដើមឈើធំតូចជាច្រើនតែផ្ទះទាំងមូលបំភ្លឺដោយពន្លឺទៀននិងចន្លុះទៅវិញ។

ខ្ញុំចុះពីលើឡានៗក៏ទៅហួសខ្ញុំបាត់ ធ្វើឱ្យខ្ញុំចម្លែកចិត្តណាស់ដែរ។ គ្រាន់តែមកជិតរបងទ្វារភ្លាមរបងទ្វារចាប់ផ្តើមបើកក្រាក។

“យី!ផ្ទះលោកតាទំនើបតើ!” ខ្ញុំពោលរួចដើរចូលក្នុងផ្ទះបណ្តើរ។ គ្រាន់តែឈានជើងចូលភ្លាមសំឡេងពិណពាទ្យប្រគំយ៉ាងគ្រលួចរំពងអឺងកងសំឡេងមនុស្សម្នាចេញពីក្នុងផ្ទះមកដូចជាអ៊ូអរខ្លាំងណាស់។ ខ្ញុំបានឃើញដើមពោធិ៍ធំមួយបែកខ្លួនជាពីរធ្វើឱ្យខ្ញុំមើលមិនចង់ដាក់ភ្នែក។ ខ្ញុំបានឡើងជណ្តើររួចបានចូលទៅខាងក្នុងធ្វើឱ្យខ្ញុំស្រឡាំងកាំងមួយរំពេចព្រោះអ្នកនៅក្នុងកម្មវិធីទាំងអស់មានស្រីចាស់ប្រុសក្មេងសុទ្ធតែស្លៀកពាក់តាមបែបបុរាណទាំងអស់។ លោកតាចំណាស់បានមកទទួលរាក់ទាក់ខ្ញុំ។

“អញ្ជើញមកហើយហីចៅ? មោះ! មកអង្គុយក្បែរនេះម៏!” លោកតាបានដើនាំខ្ញុំទៅកន្លែងដែលមានមនុស្សម្នាកំពុងអង្គុយយ៉ាងស្ងៀមស្ងាត់ភ្នែកចោលទៅអ្នករបាំពត់ពែនអែនអនយ៉ាងទន់ភ្លន់តាមភ្លេងឥតដាក់ភ្នែកឡើយ។ ខ្ញុំអង្គុយស្មៀមដូចគេដូចឯង។ បន្ទាប់ពីរបាំមួយបានបញ្ចប់របាំមួយអ្វីផ្សេងទៀតបានចូលមកដល់។ មិនមានអ្នកណានិយាយជាមួយខ្ញុំមួយម៉ាត់ណាឡើយ។ កុំថាឡើយនិយាយ សូម្បីតែទឹកមួយកែវទទួលភ្ញៀវគ្មានផង។ បើកុំតែខ្ញុំខ្លាចបាត់បង់ភាពថ្លៃថ្នូររបស់ខ្ញុំ កុំអីមិននៅអង្គុយទីកន្លែងដែលបុរាណដ៏គួរឱ្យធុញទ្រាន់មួយនេះទេ កោតចិត្តណាស់ដែលខ្ញុំអាចមកទីនេះបាន។ 

នេះជាពិធីជប់លៀងយ៉ាងម៉េចទៅលោកអើយ។ លោកតាក៏មិនដឹងគាត់ទៅណាហើយដែរ ទុកឱ្យខ្ញុំអង្គុយឡិងឡង់ម្នាក់ឯង អស់ទៅពេលជាយូររបាំបានបញ្ចប់។ មនុស្សម្នាបានប្រះខ្លួនក្រោករួចធ្វើដូចជាលាគ្នាត្រលប់ទៅវិញ។

“នេះពួកគេទៅផ្ទះហើយមែនទេ?” 

ខ្ញុំភ្លាត់មាត់និយាយម្នាក់ឯង។ លោកតាបានលេចមុខម្តងទៀត ខ្ញុំបានដើរឱនៗទៅរកលោកតាហើយសួរគាត់៖

“លោកតា! កម្មវិធីគេចប់ហើយមែនទេលោកតា?”

“ចប់ហើយចៅ” លោកតាឆ្លើយមកខ្ញុំយ៉ាងខ្លីធ្វើឱ្យខ្ញុំជ្រួញចញ្ចើម។

“ចៅមកយឺតពេលបន្តិចទើបមកមិនទាន់គេ “លោកតាបន្ថែម

“អ៊ីចឹងខ្ញុំសុំទៅផ្ទះដែរហើយលោកតា” ខ្ញុំនិយាយតបគាត់

“ទៅចុះអរគុណសម្រាប់វត្តមានរបស់ចៅ!”

លោកតាតបខ្ញុំយ៉ាងភ្លាវខ្ញុំស្មានថាគាត់នឹងឃាត់ខ្ញុំឱ្យទៅនៅហូបអីសិនកម្មវិធីជប់លៀងស្អីមិនមានស្អីបន្តិចសោះក្រៅពីមកឱ្យអង្គុយមើលរបាំទាំងនេះពិតជាឆ្កួតមែន។ ខ្ញុំបានលាលោកតារួចដើរចុះទៅក្រោមទាំងមុខជូរគ្រប់គ្នាដែលបានមកចូលរួចក៏បាត់អស់ទៅណាមិនដឹងប្រហែលគេទៅផ្ទះអស់ហើយមិនដែលម៉ែអាណាទៅអីម្តងទាំងអស់គ្នាអ៊ីចឹងទេ។ មិនខ្វល់ច្រើនខ្ចិលខ្វល់ ដើរឱ្យតែលឿនប្រញាប់បានទៅដល់ក្រៅ។ ដើរដល់ក្រៅរបងភ្លាមឡានដដែលដែលជូនខ្ញុំមកបានលេចចេញមកពីណាមិនដឹងមកពីមុខខ្ញុំ។ ខ្ញុំឡើងឡានរួចយកទូរសព្ទចេញពីហោប៉ៅមកមើលម៉ោង…

១២:៣៤

ស្អីគេមកតែមួយភ្លែតសោះម៉ោង១២ហើយ? ខ្ញុំប្រុងឆាតទៅមិត្តភក្តិតែម្តុំនេះគ្មានសេវាឱ្យប្រើការបានសោះ។ ខ្ញុំដាក់ទូរសព្ទចូលក្នុងហោប៉ៅវិញរួចផ្តេកខ្លួនទៅនឹងកៅអីឡាន។ ខ្យល់ត្រជាក់ៗធ្វើឱ្យខ្ញុំស្រាប់តែលង់លក់បាត់…

ហឹក!!..ខ្ញុំដង្ហក់ខ្យល់បើកភ្នែកឡើងទាំងសក្បុស

ខ្ញ…ខ្ញុំមិនបាននៅលើឡានទៀតទេខ្ញុំកំពុងនៅក្នុងព្រៃតែម្នាក់ឯង? ក្បែរខ្លួនខ្ញុំមានសុទ្ធតែផ្នូរខ្មោចទាំងអស់ជុំវិញហុំព័ទ្ធទៅដោយដើមឈើតូចធំមានទាំងគុម្ពឬស្សីស៊ុបទ្រុប។ ដៃជើងខ្ញុំចាប់ផ្តើមញ័រទទ្រើកដោយភាពតក់ស្លុតបេះដូងចាប់ផ្តើមលោតញាប់ទៅៗខណ:ញើសចាប់ផ្តើមហូរស្រោចមកតាមជើងសក់។

“មិនអាចបែបនេះទេ! មិនអាចបែបនេះទេ!”

ខ្ញុំយកដៃជ្រោងសក់ក្បាលខ្លួនឯងដោយភាពរន្ធត់និងស្លុតចិត្តបំផុត។ តើខ្ញុំមកទីនេះបានដោយយ៉ាងម៉េច? ខ្ញុំហូរទឹកភ្នែកដោយភាពតក់ស្លុតពេក ខ្ញុំស្ទើរតែស្រែកយំហ៊ូទៅហើយតែយំក៏យំមិនចេញដែរ។

ខ្ញុំខំប្រះខ្លួនងើបឡើងទាំងច្រងាប់ច្រងិលឈរទ្រេតទ្រោតរួចងាកមើលជុំវិញខ្លួនម្តងទៀតដោយដង្ហើមមិនចង់ដល់គ្នា។ ខ្ញុំភ័យយ៉ាងខ្លាំងហើយប្រញាប់រត់តម្រង់ទៅមុខទាំងត្រហេបត្រហបគ្មានទិសដៅ។ រត់ផងងាកមើលឆ្វេងផងស្តាំផងក្រោយផងស្រាប់តែ…

ព្រូស…ជើងខ្ញុំទាក់នឹងវល្លិដួលខ្ពោកទៅនឹងដី។ ខ្ញុំប្រឹងងើបឡើងទាំងត្រដាបត្រដួសស្រាប់តែខ្ញុំឃើញផ្នូរដ៏ធំមួយនៅពីមុខខ្ញុំ ផ្លេកបន្ទោរបាញ់ព្រាក ធ្វើឱ្យខ្ញុំមើលឃើញច្បាស់ថា ផ្នូរមួយនេះធំចម្លែកជាងគេ ឯនៅចំហៀងផ្នូរមានដើមឈើធំមួយដែលបែកខ្លួនជាពីរ ធ្វើឱ្យខ្ញុំនឹកឃើញកាលខ្ញុំដើរចូលទៅផ្ទះលោកតានោះផ្ទះគាត់ក៏មានឈើធំបែកជាពីរនេះនៅចំហៀងផ្ទះគាត់ដែរគឺវាជាដើមពោធិ៍នោះ។ 

ឬមួយផ្ទះដែលខ្ញុំឃើញនោះជាផ្នូរមួយនេះ? គ្រាន់តែគិតដល់ត្រឹមនេះខ្ញុំចាប់ផ្តើមងើបឡើងរួចរត់…រត់យកតែមែនទែនមិនដឹងថារត់ទៅណាទេ។ រត់បានឆ្ងាយបន្តិចស្រាប់តែមានផ្លូវកៅស៊ូនៅពីមុខខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់ព្រោះបានមកដល់ថ្នល់វិញហើយ។ ខ្ញុំអរស្ទើរគាំងបេះដូងតែម្តង។ បន្តិចក្រោយមកមានឡានបើកមកកាត់ផ្លូវនេះធ្វើឱ្យខ្ញុំមានសង្ឃឹមឡើងវិញ។ឡានបានឈប់បន្ទាប់ពីខ្ញុំបក់ដៃហៅ។ ម្ចាស់ឡានពិតជាចិត្តល្អណាស់គាត់បានឱ្យខ្ញុំបន្តរដំណើជាមួយគាត់។ ខ្ញុំបិទភ្នែកដកដង្ហើមចេញយ៉ាងវែងដើម្បីបន្ធូរអារម្មណ៍ពីរឿងដែលបានកើតឡើងអម្បញ់មិញនេះ។ ដូចជាធ្ងន់ក្បាលរួចក៏លង់លក់ទៅ…

វឹប!..ផូង!..

ខ្ញុំភ្ញាក់ព្រើតព្រោះសំឡេងរន្ទះបាញ់មួយគ្រាប់ហឹងពេញត្រចៀក។ ខ្ញុំភ្ញាក់ឡើងមកវិញទាំងស្រពេចស្រពិល។

វឹប!..

ឡានបានឈប់តែមិនឃើញម្ចាស់ឡានទេ។ គាត់បានបាត់ហើយ ខ្ញុំអើតក្បាលមើលតាមបង្អួចកញ្ចក់ឡានទើបខ្ញុំដឹងថាខ្ញុំកំពុងនៅមុខផ្ទះលោកតាចម្លែកនោះ។ ហឹក!!…ខ្ញុំដង្ហក់ខ្យល់បើកភ្នែកឡើងទាំងសក្បុស។ ខ្ញុំមិនច្បាស់ថាខ្លួនឯងកំពុងធ្វើអីទេប៉ុន្មានម៉ោងនេះ ចាប់តាំងពីខ្ញុំបានកាន់សំបុត្រអញ្ជើញមួយនឹងមក នៅមុខខ្ញុំពេលនេះ

គឺលោកតាចម្លែក ហើយគាត់កំពុងបើកឡាននេះឯង…