រឿង៖ កូនក្រមុំស្តេចបិសាច

នៅលើផ្ទៃទន្លេអានផៃដែលស្ងប់នឹងគ្មានរលកសូម្បីតែបន្តិចនោះយើងឃើញមានទូកតូចមួយដែលមិនមានអ្នកចែវសោះឡើយ តែហាក់បីដូចជាចម្លែកដែរព្រោះទូកនេះអាចរំកិលទៅមុខបានយឺតៗ តាមបណ្តោយខ្សែទឹកវែងឆ្ងាយដាច់កន្ទុយភ្នែកនោះដោយខ្លួនឯង។

នៅតាមកៀនៗច្រាំងនៃទន្លេដ៏សែនឆ្ងាយវែងអន្លាយនេះមានសុទ្ធតែជួរភ្នំខ្ពស់ៗ សឹងតែបាំងបាត់មេឃ ដ្បិតអីទូកតូចកំសត់នេះវាបានរសាត់អណ្តែតចេញឆ្ងាយពីភូមិរបស់អ្នកស្រុកមកយូគួរសមដែរហើយ។ ថ្វីបើទូកនេះហាក់បីដូចជាកណ្ដោចកណ្ដែងម្នាក់ឯងនៅលើផ្ទៃទឹកនេះប៉ុន្តែការតុបតែងទូកមួយនេះបញ្ជាក់បានយ៉ាងច្បាស់ថាវាមិនមែនជាទូករបស់អ្នកដំណើរធម្មតានោះទេព្រោះវាត្រូវបានតុបតែងហាក់បីដូចជាគ្រែស្នែងសម្រាប់ដឹកកូនក្រមុំទៅកាន់ផ្ទះរបស់កូនកម្លោះទៅវិញ។

នៅលើទូកមានចងបូរផ្កាក្រហមនិងក្រណាត់ក្រហមជាច្រើន អ្វីដែលបង្ហាញថាវាជាទូកដឹកកូនក្រមុំពិតប្រាកដនោះគឺព្រោះតែនៅកន្លែងអង្គុយនោះយើងឃើញមានរាងតូចម្នាក់កំពុងតែអង្គុយស្មិងស្មាធិ៍ហាក់ដូចជាធ្វើសមាធិ សក់គេបួងយ៉ាងស្អាតមានរបៀបរបប តែមិនមានដោតគ្រឿងអលង្ការស្កេកស្កះពេញសក់ក្បាលឡើយគឺមានតែខ្សែចងសក់ពណ៌សមួយខ្សែដែលលើកចងបួងសក់មួយដុំតូចនៅលើក្បាលតែប៉ុណ្ណោះ គេស្លៀកពាក់ពណ៌សដោយមើលសឹងតែមិនឃើញពណ៌ក្រហមដែលមានតែបន្តិចជាប់នឹងអាវរបស់គេ។

ស៊ាន សៀវចាន់ ជាគ្រូបង្ក្រាបបិសាចដ៏ល្បីល្បាញអ្នកណាក៏ដឹងដែរថាគេពូកែខាងមន្តអាគមអូមអាមនេះប៉ុណ្ណា កេរ្ដិ៍ឈ្មោះរបស់គេល្បីខ្ទ័រពេញផ្ទៃប្រទេសរហូតដល់មានពាក្យគេនិយមនិយាយតៗគ្នាថា សូម្បីតែក្របីឬមនុស្សដែលស្លាប់ទៅហើយគ្រាន់តែឮឈ្មោះលោកគ្រូចាន់ភ្លាមក៏បែរជាមិនហ៊ានស្លាប់ទៅវិញគឺរស់ឡើងមកភ្លាមៗ ក្មេងៗនិយមយកឈ្មោះរបស់លោកទៅបន្លាចគ្នាលេងព្រោះពួកគេសំអាងថាទោះជាបិសាចខ្លាំងពូកែប៉ុណ្ណាក៏គង់តែកោតខ្លាចលោកគ្រូមិនលែងសូម្បីតែខ្មោចដង្កូវ។

ថ្ងៃនេះគាប់ជួនលោកគ្រូកំពុងតែដើរត្រេចដើម្បីប្រមាញ់បិសាចនោះក៏ពើបប្រទះនឹងទូកដែលគេបណ្តែតកូនក្រមុំរបស់អ្នកស្រុកម្នាក់ដែលកំពុងតែខ្សឹកខ្យួលយំនៅលើទូក ទើបគាត់កាក់ស្រីតូចដែលនៅលើទូកសួរ បានដឹងសេចក្ដីថានៅក្នុងភូមិដាច់ស្រយាលនេះគេមានទំនៀមទម្លាប់មួយដែលគួរឱ្យខ្ពើមជាទីបំផុតនោះគឺក្នុងមួយឆ្នាំម្ដងគេត្រូវតែបញ្ជូនកូនក្រមុំម្នាក់ឱ្យទៅស្ដេចបិសាចសម្រាប់ធ្វើជាកូនក្រមុំរបស់ស្ដេចបិសាចនោះតែមួយរាត្រីរួចស្លាប់ឬរស់មិនដឹងយ៉ាងណាព្រោះពួកគេតែងតែបាត់ខ្លួនបន្ទាប់ពីបានបញ្ជូនទៅហើយគឺគ្មានកូនក្រមុំម្នាក់ណាបានត្រឡប់មកវិញឡើយ ដោយអាណិតក្មេងស្រីក៏ដូចជាចង់បង្ក្រាបបិសាចគម្រក់នោះទើបសៀវចាន់សម្រេចចិត្តឱ្យនាងតូចត្រឡប់ទៅកាន់ភូមិវិញចុះទុកឱ្យខ្លួនជាអ្នកធ្វើដំណើរ ដើរតួជាកូនក្រមុំរបស់ស្ដេចបិសាចជំនួសវិញ។

ទូកចេះតែអណ្ដែតតាំងពីព្រឹកព្រហាមរហូតដល់យប់អាធ្រាតក៏អណ្ដែតមកដល់រូងភ្នំមួយដែលងងឹតមើលអ្វីសឹងតែមិនឃើញ នៅពេលទូកចូលទៅដល់ក្នុងរូងភ្នំនេះភ្លាមប្រចៀវមួយហ្វូងផ្អើលហោះចេញព្រៀតព្រមទាំងស្រែក កេក កាក បញ្ចេញសំឡេងគួរឱ្យព្រឺឆ្អឹងខ្នងជាទីបំផុត ប្រហែលជាមួយសន្ទុះធំទើបទូកតូចនេះអណ្ដែតមកដល់ច្រាំងមួយដែលមានដីខ្សាច់សក្បុះយ៉ាងវែងអន្លាយតទៅមុខ សៀវចាន់ដើរតាមផ្លូវដីខ្សាច់សនោះប្រហែលមួយសន្ទុះធំទៀត បើតាមគេស្មានពេលនេះប្រហែលជាពេលព្រឹកទៅហើយក៏មិនដឹង អ្នកតាំងសិល្ប៍រាប់ឆ្នាំមានរូបរាងរឹងមាំ កម្លាំងធាតុដូចភ្នំទឹកកក តែហេតុអីក៏ចម្លែកម្លេះចូលមកដល់ទីនេះគេក៏រសេះរសោះដៃជើង គ្រាន់តែដើរមួយយប់ក៏អស់កម្លាំងរលីង ហាក់ដូចជាមនុស្សធម្មតាគ្មានកម្លាំងអ្វី សៀវចាន់មានអារម្មណ៍ដល់ភាពមិនប្រក្រតីតែទម្រាំតែគេដឹងវាក៏ហួសពេលព្រោះអីគេដឹងខ្លួននៅពេលដែលគេដួលសន្លប់ទៅលើខ្សាច់បាត់មាត់បាត់កទៅហើយ។

សៀវចាន់កម្រើកខ្លួនយឺតៗមានអារម្មណ៍ថាខ្នងរបស់គេហាក់ដូចជាកំពុងដេកនៅលើអ្វីទន់ៗមិនដូចជាដីខ្សាច់ទាល់តែសោះ គេបើកភ្នែកព្រឹមៗទើបដឹងថាពេលនេះខ្លួនកំពុងតែដេកនៅលើគ្រែថ្មដ៏ធំមួយនៅក្នុងបន្ទប់តែវាហាក់ទន់ចម្លែក ដែលតុបតែងឡើងយ៉ាងគួរឱ្យខ្លាច គេងើបចេញពីគ្រែថ្នមៗហើយព្យាយាមដើរឱ្យសព្វបន្ទប់នេះដោយចម្ងល់ពេញក្បាល ហេតុអីគេមកដល់ទីនេះបាន? អ្នកណាលើកគេមក? តែភ្លាមនោះសំឡេងគ្រលរធំមួយក៏បន្លឺឡើងនៅពីក្រោយខ្នងរបស់គេ៖

«អូនដឹងខ្លួនហើយឬ? »

សំឡេងធំគ្រលរមួយបន្លឺឡើងលាន់ឮសឹងតែខ្ទរបន្ទប់នេះទាំងមូលទៅហើយសំឡេងនេះដាស់គ្រប់សរសៃរសសូងរបស់លោកគ្រូចាន់ដែលលង់ទៅក្នុងទស្សនីយភាពរបស់បន្ទប់មុននេះឱ្យភ្ញាក់ស្មារតីមកវិញ។

គេបែរក្រោយយ៉ាងរហ័សនិងព្យាយាមសម្លឹងចូលជ្រៅទៅក្នុងកន្លែងងងឹតៗនៃជ្រុងបន្ទប់ដែលបន្លឺសំឡេងមុននេះ។ «ហី តាឡុង(ស្ដេចនាគខ្មៅ) សូមលោកកុំប្រើសម្ដីដាក់យើងបែបនេះអី» សៀវចាន់និយាយព្រមទាំងលើកដៃទុកចាំជាស្រេចប្រុងប្រៀបក្នុងការប្រយុទ្ធគ្នាជាមួយស្ដេចបិសាចកំណាចនេះ។

«អីយ៉ា!!ហេតុអ្វីក៏អូនអាចទាយបានថាជាបងលឿនម្លេះ? បងមិនទាន់ទាំងបញ្ចេញរូបរាងឱ្យអូនឃើញផង!»

ស្របគ្នាជាមួយនឹងសំឡេងគ្រលរធំនោះនិយាយចប់ក៏មាននាគធំមួយក្បាលដែលមានពណ៌ខ្មៅស្រិលសឹងតែដូចនិល មានភ្នែកពណ៌ក្រហមឈាម កាចសាហាវ ស្រការលើបរលោង ក្រចកដៃក្រចកជើងក៏មុតស្រួចបញ្ជាក់ពីអំណាចគួរឱ្យខ្លាចរអា នេះបើសិនជាកូនក្រមុំរបស់អ្នកស្រុកធម្មតាច្បាស់ណាស់ប្រាកដជាដាច់ខ្យល់ស្លាប់ត្រឹមឃើញតែរូបរាងរបស់សត្វនាគសាហាវនេះ។

ស្ដេចនាគរាជនេះវារំកិលខ្លួនចេញបន្តិចស្រាប់តែប្រែក្រឡាមកជារូបរាងរបស់មនុស្សប្រុសសង្ហារមាឌធំមាំម្នាក់ ដែលមានកម្ពស់ខ្ពស់ស្រឡះ ស្រឡះដល់ថ្នាក់លោកគ្រូចាន់ដែលជាមនុស្សប្រុសពេញរូបរាងនៅត្រឹមចង្ការបស់គេតែប៉ុណ្ណោះ ស្ដេចបិសាចនេះមានសក់ពណ៌សដុំៗនៅផ្នែកខាងមុខនៃសក់របស់គេបន្តិច តែបើទោះបីជាប្រែមកជារូបរាងមនុស្សក៏ដោយក៏ស្ដេចនាគនេះនៅតែភាយចំហាយគួរឱ្យខ្លាចភាយមកដែរ។

គេដើរមកក្រវែលជិតលោកគ្រូចាន់បន្តិចទើបឈប់នៅនឹងមុខលោកគ្រូ ហើយនិយាយដោយសំឡេងនឹករលឹកខុសដាច់ពីសំឡេងធំគ្រលររបស់នាគមុននេះ៖

«អូនស្គមច្រើនណាស់!»

ស្ដេចបិសាចដែលគេល្បីតៗគ្នាថាកំណាចគ្មានអ្នកណាប្រៀបបាន ពេលនេះកំពុងតែឈរសម្លឹងមុខលោកគ្រូចាន់ដោយកែវភ្នែកនឹករលឹក កែវភ្នែកមុតស្រួចខ្មៅងិលនោះហើយដែលអាចសណ្ដំឱ្យមនុស្សលង់ជឿហើយធ្វើអ្វីបានតាមតែចិត្តកំណាចរបស់ទ្រង់ ប៉ុន្តែស្ដេចបិសាចនាគរាជនេះបែរជាកំពុងតែមានទឹកភ្នែកដក់ពេញប្រឡង់ភ្នែកទៅវិញហើយការណ៍នេះដែរវាធ្វើឱ្យលោកគ្រូចាន់ចម្លែកចិត្តជាខ្លាំង។

«ហី តាឡុង លោកកុំបាច់ប្រឹងរកលេសវែងឆ្ងាយជាមួយយើងអី យើងមិនចាញ់ល្បិចទ្រង់ទេ»

«ហាហាហា…ស៊ាន សៀវចាន់ អូនគិតថាខ្លួនឯងជាអ្នកណា? នេះអូនចង់ប្រើកណ្ដាប់ដៃតូចៗគួរឱ្យស្រលាញ់បែបនេះមកកំចាត់ស្ដេចបិសាចពាន់ឆ្នាំដូចជាបងមែនទេ? »

បិសាចរូបសង្ហារអោនមុខទៅជិតលោកគ្រូចាន់បន្តិចព្រមទាំងយកដៃធំៗរបស់គេទៅប៉ះដៃតូចៗស្អាតរបស់លោកគ្រូកម្ចាត់បិសាចរូបស្រស់នោះទៀតផង តែអ្នកម្ខាងទៀតក៏ប្រញ៉ាប់ដកដៃចេញយ៉ាងរហ័ស។

«ហី តាឡុង លោកកុំវែងឆ្ងាយអី» លោកគ្រូចាន់បែរមុខទៅម្ខាងគេចមុខពីបិសាចមុខសង្ហារដែលកំពុងតែញញឹមមកកាន់លោកគ្រូព្រោះស្នាមញញឹមសង្ហារៗបែបនោះវាធ្វើឱ្យបេះដូងដែលតែងតែនៅនឹងរាល់ពេលបែរជាលោតដុកដាក់ៗខុសចង្វាក់អីបែបនេះ ស្ដេចបិសាចនេះហាក់ដូចជាមានចំណែកនៅក្នុងបេះដូងរបស់លោកគ្រូយ៉ាងចម្លែកត្រឹមឃើញមុខគេអារម្មណ៍ប្រហែលៗ ការចងចាំស្រពេចស្រពិលវាក៏ផុសព្រោងព្រាតពេញទាំងក្បាល តែទោះព្យាយាមនឹកយ៉ាងណាក៏នឹកមិនឃើញ។

«អ្នកណាឱ្យអូនហៅបងបែបនេះ? »

បិសាចកម្លោះដើរទៅដាក់បង្គុយនៅលើពូកដែលលោកគ្រូចាន់ងើបចេញមុននេះ ហើយក៏ផ្ដេកខ្នងគេងនៅលើពូកធ្វើមិនដឹង។

«លោកជាបិសាចនាគរាជពាន់ឆ្នាំ លោកនៅលើផែនដីនេះយូហើយ កុំធ្វើពុតជាមិនដឹងពីរហ័ស្សនាមរបស់ខ្លួនឯងអីអ្នកណាៗក៏គេហៅលោកបែបនេះគ្រប់គ្នា»

លោកគ្រូចាន់បន្លំលូកដៃយកយន្ត័កំចាត់បិសាចចេញពីក្នុងអាវមកកាន់នៅក្រោយខ្នងតិចៗ ហើយដើរយឺតៗសម្ដៅទៅកាន់បិសាចដែលកំពុងតែគេងហាក់ដូចមិនមានការប្រុងប្រយត្ន័ណាបន្តិចសោះនោះ។

«តែអូនមិនមែនជាគេគ្រប់គ្នា អូនមានតំណែងពិសេសនៅក្នុងបេះដូងរបស់បង»

បិសាចសង្ហារងាកមុខមកនិយាយជាមួយគ្រូចាន់ដែលកំពុងតែដើរយឺតៗមកកាន់គេនៅលើគ្រែ។

«កុំប្រើភាសាបែបនោះជាមួយយើង»

សៀវចាន់ប្រុងប្រៀបរួចហើយក៏បោះយន្ត័នោះសំដៅទៅកាន់ក្បាលរបស់បិសាចកញ្ចាស់ដើម្បីឱ្យគេជាប់គាំង តែមើលទៅយន្ត័នេះហាក់ដូចជាគ្មានប្រសិទ្ធភាពសោះព្រោះគ្រាន់តែប៉ះទៅលើថ្ងាសរលោងស្រិលនោះបន្តិចវាក៏ធ្លាក់ចុះមកវិញហើយបិសាចនោះក៏នៅតែដដែល ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងចំពោះគេទាល់តែសោះ។

«ហៅបងដូចដែលអូនធ្លាប់ហៅមក» ស្ដេចបិសាចធ្វើជាមើលរំលងនូវការចង់វាយប្រហាររបស់អ្នកម្ខាងទៀតមកលើខ្លួនដោយប្រឹងនិយាយបន្លប់ទៅរឿងវិញផ្សេង។

«ទេ យើងមិនដែលធ្លាប់ជួបគ្នាជាមួយលោក មិនដែលស្គាល់គ្នាពីមុនមកលោកកុំនិយាយអ្វីសាំញ៉ាំច្រើនពេក»

លោកគ្រូចាន់ដកយកកាំបិតចង្កូមតោរបស់ខ្លួនដែលជាកាំបិតតូចមួយ កាំបិតនេះគឺជាកាំបិតដែលធ្វើឡើងពីចង្កូមរបស់ស្ដេចតោដែលវាបានប្រគល់ចង្កូមរបស់វាមកឱ្យលោកគ្រូ ចង្កូមតោនេះមានបារមីខ្លាំងណាស់បើចាក់ត្រូវបិសាចណាមួយហើយបិសាចនោះនឹងរលាយវិញ្ញាណបាត់បង់រាងកាយភ្លាមមួយរំពេច។

«ថាម៉េច? អូនភ្លេចអស់ហើយមែនទេ? អូនភ្លេចពាក្យសន្យារបស់ខ្លួនហើយមែនទេ? សន្យាដែលថាអូននឹងត្រឡប់មករកបងវិញ? អូនភ្លេចអតីតកាលរបស់យើង? ពាក្យសន្យារបស់អូនគឺជាក្ដីសង្ឃឹមសម្រាប់ជីវិតបង អូនគឺជាកម្លាំងចិត្តរបស់បង បើសិនជាគ្មានអូនទេពិភពលោកមួយនេះបងបំផ្លាញចោលយូហើយ ឥឡូវនេះអូនត្រឡប់មកវិញហើយនៅធ្វើជាក្មេងល្អរបស់បងដូចមុនណា»

ស្ដេចបិសាចប្រឹងងើបមកឈរនិយាយទល់មុខនឹងលោកគ្រូចាន់ ហើយនិយាយខ្លាំងៗតែសំឡេងនោះក៏រាងស្រទន់ លាយឡំជាមួយអារម្មណ៍តូចចិត្ត។

ជ្រុច…

កាំបិតចង្កូមតោរបស់លោកគ្រូចាន់ទៅដោតជាប់នឹងបេះដូងរបស់ស្ដេចបិសាចនាគរាជដែលគេល្បីតៗគ្នាថាមិនចេះចាស់ មិនចេះឈឺនិងមិនចេះស្លាប់។

បិសាចសង្ហារងើបមុខមើលលោកគ្រូរាងស្អាតបន្តិច គែមមាត់របស់គេមានស្នាមញញឹមតិចៗ រួចក៏ហើបមាត់បម្រុងនឹងនិយាយតែក៏និយាយមិនចេញព្រោះពេលដែលគ្រាន់តែបង្ហើបមាត់បន្តិចភ្លាម ឈាមក៏ព្រួតគ្នាហូរចេញមកតាមមាត់របស់គេយ៉ាងកក្លាក់ បើទោះបីជាមាត់ហូរឈាម ទ្រូងហូរឈាមខ្លាំងប៉ុណ្ណាក៏ដោយក៏ស្ដេចបិសាចព្យាយាមនិយាយបាននូវពាក្យពីរ បីម៉ាត់ចុងក្រោយមុនពេលគេដួលទៅកៀនជើងគ្រែនោះ៖

«ហៅបងថាអ៊ិប៉…ដូចដែលអូនចូលចិត្តហៅ កាលពីមុន…..»

ស្តេចបិសាចព្យាយាមនិយាយម្តងទៀត៖

«ហៅបងថាអ៊ិប៉…ដូចដែលអូនចូលចិត្តហៅ កាលពីមុន…..»

ស្ដេចបិសាចពោលតិចៗ ទាំងដែលខ្លួនកំពុងតែក្អួតឈាម ឈាមគ្រប់ទីកន្លែងនៅក្នុងខ្លួនរបស់បិសាចពាន់ឆ្នាំនេះ បុកចេញមកតំណាលគ្នាតាមមាត់តែម្ដង ឈាមក្ដៅដែលហូរចេញតាមមាត់នោះហូរធ្លាក់ទៅលើផ្ទៃនៃបន្ទប់ភ្លាម តំបន់ដែលត្រូវឈាមរបស់ស្ដេចបិសាចធ្លាក់លើនោះក៏ប្រេះបែកចេញពីគ្នា ធ្លាក់ឈាមនោះទៅផ្នែកខាងក្រោមទៀតហើយក៏បន្តបែកទៀត រហូតដល់បាតដីក៏ឈាមនោះនៅតែមិននៅនឹង ហេតុការណ៍នេះធ្វើឱ្យលោកគ្រូចាន់ឆ្ងល់ជាខ្លាំង ថាហេតុអ្វីបានជាឈាមរបស់គេបែបនេះ?

ឈាមរបស់ស្ដេចបិសាចនេះត្រូវបានគេតំណាលតៗគ្នាថាមានឥទ្ធិពលសាហាវណាស់ គ្មានអ្វីនៅលើផែនដីដែលហ៊ានឱ្យតំណក់ឈាមរបស់ទ្រង់ស្រក់លើឡើយ។ ត្រឹមឈាមមួយតំណក់របស់ស្ដេចបិសាចបើសិនជាវាស្រក់ទៅលើសមុទ្រវិញ សមុទ្រនោះនឹងប្រែក្លាយទៅជាល្វីង ជូរចត់ ត្រី ក្ដាម និងសត្វសមុទ្រផ្សេងៗច្បាស់ជាស្លាប់អស់ ប្រសិនបើឈាមដ៏មានតម្លៃនេះស្រក់ទៅលើដីវិញនោះ ដីនោះនឹងប្រែក្លាយជាស្ងួតប្រះបែក គ្មានជីជាតិ ដាំអ្វីក៏មិនដុះឡើយ ហេតុនេះហើយទើបបានជាគ្រប់ទេវតា គ្រប់ព្រាយបិសាច គ្រប់រុក្ខទេវតាទាំងអស់តែងតែមិនចង់ឱ្យឈាមដ៏មានឥទ្ធិពល កាចសាហាវនេះធ្លាក់មកត្រូវលើខ្លួនឡើយ។

គ្រឹប…

ស្ដេចបិសាចដ៏មានអំណាចខ្ពង់ខ្ពស់ លុតជង្គង់ចុះនៅចំពោះមុខលោកគ្រូចាន់ដែលជាគ្រូចាប់បិសាច ជាមនុស្សធម្មតាម្នាក់ គេសម្លឹងមុខអ្នកដែលឈរចំពោះមុខ រួចក៏ញញឹមតិចៗហើយចាប់ដៃស្រឡូនៗស្អាតរបស់លោកគ្រូចាន់ដែលកំពុងតែកាន់កាំបិតចង្កូមតោដោតជាប់នឹងទ្រូងរបស់គេនោះ គេក្ដោបដៃស្អាតនោះដោយដៃមាំធំៗទាំងពីររបស់ខ្លួនហើយក៏រុញកាំបិតនោះចូលទៅក្នុងទ្រូងខ្លួនឯងឱ្យកាន់តែជ្រៅ។

«ហឹក…»

ឈាមស្ដេចបិសាចចេញពីក្នុងទ្រូងតាមស្នាមកាំបិតដែលចាក់នោះជុំវិញខ្លួនទ្រង់ទាំងអស់ធ្វើឱ្យដីនៅម្ដុំនោះបាក់ធ្លាក់ចុះទៅក្រោមយឺតៗ ទ្រង់រុញអ្នកដែលឈរនៅចំពោះមុខចេញតាមទៅដោយកាំបិតចង្កូមតោដែលនៅនឹងដៃគេនោះផង។

លោកគ្រូចាន់ដួលផ្ងាកក្រោយទាំងដៃនៅកាន់កាំបិតជាប់ គាត់សម្លឹងមើលទៅស្ដេចបិសាចដែលពេលនេះមានឈាមស្រោចខ្លួន កំពុងញញឹមមកកាន់គាត់ ដីនៅម្ដុំដែលស្ដេចបិសាចលុតជង្គង់ចុះនោះបាក់ទៅយឺតៗឯខ្លួនប្រាណរបស់ទ្រង់ក៏រលាយក្លាយជាកម្ទេចតូចៗពណ៌ខ្មៅ បន្តិចម្ដងៗទៅក្នុងខ្យល់។

«អួយ!!!»

លោកគ្រូចាន់យកដៃមកក្ដោបដើមទ្រូងខាងឆ្វេងតិចៗ គាត់មានអារម្មណ៍ថាបេះដូងរបស់គាត់ហាក់ដូចជាលោតខុសចង្វាក់ វាលោតម្ដងតិច ម្ដងខ្លាំង ឈាមដែលច្របាច់ចេញពីបេះដូងមួយដួងនេះ វាហាក់ដូចជាម្ជុលតូចៗរាប់ពាន់ម្ជុលដែលរត់ពេញសរសៃរឈាមរបស់លោកគ្រូ ឈឺចាប់រកនឹងបរិយាយមិនត្រូវ តើវាមានរឿងអ្វីកើតឡើង? ហេតុអ្វីក៏លោកគ្រូឈឺចាប់ខ្លាំងបែបនេះ? ឈឺចាប់ស្ទើរតែស្លាប់ទៅហើយ។

ទឹកភ្នែករបស់បុរសដែលគ្រប់គ្នាគោរពកោតខ្លាចនោះក៏ហូរមកច្រោក មិនដឹងថាមកពីមូលហេតុអ្វី? លោកគ្រូឈឺក្នុងបេះដូងហាក់ដូចជាចំណែកសំខាន់មួយនៃជីវិតបានបាត់បង់ដូច្នេះដែរ។

«តើខ្ញុំកើតអី? » លោកគ្រូសួរខ្លួនឯងព្រមទាំងងើបឈរតិចៗផង។

«អ៊ិប៉…»

សំឡេងមួយដែលស្រដៀងគ្នានឹងសំឡេងរបស់លោកគ្រូបានបន្លឺឡើងពីក្រោយខ្នងរបស់គាត់ តែនៅពេលដែលគាត់ងាកទៅមើលក៏មិនឃើញអ្វីសោះ។

«អ៊ិប៉…ចាំអូនណា» សំឡេងដដែលនេះឮឡើងៗមិនច្បាស់នៅពាសពេញបន្ទប់ ទោះបីជាលោកគ្រូប្រឹងសម្លឹងទៅទិសខាងណាក៏មិនឃើញប្រភពសំឡេងទាល់តែសោះ។

«អ៊ិប៉…»

«ចាំអូនណា!»

«អូននឹងត្រឡប់មករកបងវិញនៅរដូវផ្ការីកលើកក្រោយ»

«ចាំអូននៅទន្លេអានផៃណា!» សំឡេងនោះលាន់ពេលទាំងបន្ទប់រហូតដល់មនុស្សដែលមានសតិរឹងមាំរហូតមកត្រូវបង្ខំចិត្តលើកដៃខ្ទប់ត្រចៀកដើម្បីហាមមិនឱ្យឮសំឡេងនោះតទៅទៀត។

«ឈប់ទៅ» គាត់និយាយខ្សិបៗម្នាក់ឯង បេះដូងឈឺចាប់សឹងតែដាច់ខ្យល់ស្លាប់ ឯអារម្មណ៍ក៏មិនអាចប្រមូលផ្ដុំបាន វិលវុលសឹងតែក្លាយជាមនុស្សឆ្កួតទៅហើយ។

«ខ្ញុំមិនដឹងថាលោកត្រូវជាអ្វីនឹងខ្ញុំទេ តែការចាកចេញរបស់លោកវាបន្សល់ចន្លោះមួយនៅក្នុងបេះដូងខ្ញុំ តើមានរឿងអ្វីកើតឡើង? លោកត្រឡប់មកនិយាយពន្យល់ខ្ញុំបន្តិចមក កុំទៅទាំងបែបនេះអី»

ទីបំផុតគាត់ក៏ព្រមទទួលស្គាល់ការពិត ទទួលស្គាល់ថាបាត់អ្នកដែលទើបតែជួបគ្នាមិនដល់មួយថ្ងៃសោះ ទៅនោះធ្វើឱ្យគាត់ឈឺចាប់យ៉ាងនេះ វាច្បាស់ជាមានរឿងអ្វីមិនខាន ច្បាស់ជាមានអ្វីនៅពីក្រោយអតីតរវាងពួកគេទាំងពីរអ្នក។

«ត្រឡប់មកវិញមក»

បន្ទាប់ពីដំណឹងដែលថាស្ដេចបិសាចរាប់ពាន់ឆ្នាំត្រូវបានលោកគ្រូចាន់ចាក់សម្លាប់ឱ្យស្លាប់បាត់បង់ជីវិតភ្លាមនោះ មិនដល់មួយថ្ងៃផងលោកគ្រូចាន់ក៏មានកេរ្ដិ៍ឈ្មោះល្បីរន្ធឺជាងមុនទៅទៀត គ្រប់ច្រកល្ហកក្នុងប្រទេសដ៏ធំល្វឹងល្វើយនេះគ្មានច្រកមួយណាដែលមិនស្គាល់លោកគ្រូ ស៊ាន សៀវចាន់ដែលមានសេចក្ដីក្លាហានអាចបង្ក្រាបស្ដេចបិសាចពាន់ឆ្នាំបានឡើយ។

មនុស្សទូទាំងផ្ទៃប្រទេសនាំគ្នាជប់លៀងសប្បាយអរគ្រាន់តែដឹងថាស្ដេចបិសាចបានស្លាប់ទៅភ្លាម ទាំងដែលកន្លងមកស្ដេចបិសាចមិនដែលបានធ្វើអ្វីឱ្យប៉ះពាល់ដល់ពួកគេបន្តិចណាសោះ។ ទោះបីជាស្ដេចបិសាចបានស្លាប់ទៅហើយ កេរ្ដិ៍ឈ្មោះក៏កាន់តែល្បីមួយកម្រិតទៀតក៏ដោយ ក៏លោកគ្រូចាន់មិនបានសប្បាយចិត្តជាមួយគេឯងនៅក្នុងប្រទេសក៏ដូចជាទីក្រុងនានាឡើយ ជារៀងរាល់យប់លោកគ្រូតែងតែយល់សប្ដិអាក្រក់ កម្លាំងធាតុក៏ចុះខ្សោយជារៀងរាល់ថ្ងៃព្រោះតែអារម្មណ៍រវ៉ើរវាយមិនអាចតាំងសមាធិបាន ហើយនៅទីបំផុតគាត់ក៏សម្រេចចិត្តចាកចេញទៅភ្នំ លាំងប៉ ដើម្បីស្វែងរកព្រឹទ្ធិចារ្យ ហ្វុងអ៊ូ ដើម្បីពិភាក្សាអំពីបញ្ហារបស់គេនេះ ដំណើរផ្លូវពីកន្លែងដែលលោកគ្រូចាន់ស្នាក់នៅទៅកាន់ភ្នំ លាំងប៉ នេះមិនជិតទេ គឺបើលោកគ្រូធ្វើដំណើរដោយជើងយ៉ាងហោចណាស់ក៏ត្រូវប្រើពេល១ខែទើបទៅដល់ ព្រោះថាផ្លូវធ្វើដំណើរទៅកាន់ភ្នំនេះគឺពិបាកខ្លាំងរហូតដល់ថ្នាក់មិនអាចយកអ្វីធ្វើជាយាន្ដជំនិះបាន គឺមានតែដើរតែម្យ៉ាងប៉ុណ្ណោះ។

ក្នុងអំឡុងពេលធ្វើដំណើរមួយខែពេញនេះនៅតាមផ្លូវទៅកាន់ភ្នំ លាំងប៉ លោកគ្រូចាន់ចាប់បានបិសាចមិនតិចជាង មួយពាន់ ក្បាលនោះទេ។

ត្រូវហើយមួយពាន់ក្បាល បិសាចចេញមកច្រើន ហើយអ្វីដែលសំខាន់បិសាចអស់នេះក៏ព្រហើនហ៊ានចេញមកនៅជិតនឹងកន្លែងដែលសំបូរទៅដោយព្រឹទ្ធិចារ្យតាំងសិល្ប៍ពូកែៗ និងបណ្ដុំជម្រករបស់គ្រូចាប់បិសាចល្បីៗទៀតផង តើមានបុព្វហេតុអ្វីកើតឡើងមែនទេ? បានជាតំបន់ដែលមិនដែលធ្លាប់មានសូម្បីតែដានជើងរបស់បិសាច ប្រែក្លាយទៅជាតំបន់ដែលមានបិសាចច្រើនរាប់មិនអស់បែបនេះ?

«លោកគ្រូ!»

សៀវចាន់ លុតជង្គង់ចុះនៅចំពោះមុខព្រឹទ្ធិចារ្យចាស់ម្នាក់ដែលមានពុកចង្ការវែងៗ ហើយសក់ក្បាលក៏គ្មានសូម្បីតែមួយសរសៃនៅលើក្បាល ព្រឹទ្ធិចារ្យដែលមានចិញ្ចឹមស មុខមាត់កាច ម្នាក់នេះហើយជាព្រឹទ្ធិចារ្យ ហ្វុងអ៊ូ ដែលជាគ្រូសិល្ប៍ដ៏ល្បីល្បាញម្នាក់ មួយជីវិតរបស់គាត់នេះគឺគាត់ទទួលសិស្សតែម្នាក់ប៉ុណ្ណោះគឺជាសៀវចាន់នេះឯង។

«ខ្យល់អីបកឯងឱ្យមកដល់ទីនេះ? »

គាត់សម្លឹងមុខសិស្សសំណព្វដែលបែកគ្នាសឹងតែ២០ឆ្នាំជាងទៅហើយ ដោយខ្សែភ្នែកនឹករលឹកគាត់មិនស្មានថាមួយជីវិតនេះបានជួបគេម្ដងទៀតទាល់តែសោះ។

«លោកគ្រូ តើលោកគ្រូមានជ្រាបទេហេតុអ្វីបានជាមួយរយៈនេះមានបិសាចច្រើនម្លេះ? »

ព្រឹទ្ធិចារ្យ ហ្វុងអ៊ូ ដកដង្ហើមធំបន្តិច គាត់ចាក់តែដាក់ពែងថ្នមៗ រួចទើបបន្លឺវាចាថា៖

«សៀវចាន់អើយ បិសាចក៏ដូចជាមនុស្សយើងដែរ គេក៏ចង់សប្បាយ ឯងប្រាកដជាដឹងពីនិស្ស័យរបស់ពួកបិសាចអស់នោះហើយមែនទេ? »

និស្ស័យរបស់បិសាច? និស្ស័យរបស់បិសាចយ៉ាងម៉េចទៅ? គេធ្លាប់និយាយថា បិសាចជាពពួកដែលគ្មានជីវិតពិតប្រាកដនោះទេ វាដើរចូលខ្លួនអ្នកនេះ សណ្ឋិតនៅក្នុងខ្លួនរបស់អ្នកនោះ វាបង្កជាចលាចល បង្កជាគ្រោះថ្នាក់សព្វបែបយ៉ាងដល់មនុស្សលោក ហើយពួកវាតែងចាត់ទុករឿងអស់នោះជាការសប្បាយ។

«លោកគ្រូ តើមានវិធីបង្គ្រាបបិសាចអស់នេះឱ្យត្រឡប់ទៅកន្លែងដើមវិញទេ? »

ទោះបីជាលោកគ្រូចាន់មានថ្វីដៃខាងចាប់បិសាចយ៉ាងណាក៏ដោយក៏លោកគ្រូម្នាក់ឯងមិនអាចកម្ចាត់បិសាចទាំងអស់នេះបានដែរ កុំថាឡើយលោកគ្រូចាន់ម្នាក់ បើទោះបីជាមានលោកគ្រូចាន់១០០នាក់ទៀតក៏មិនអាចចាប់បិសាចទាំងអស់នេះបានដែរ តើទៅចាប់ម្ដេចនឹងអស់? បើបិសាចរាប់សិបកោដ្ឋក្បាលយ៉ាងនេះ?

«ឯងដឹងទេថាហេតុអ្វីបានជាផែនដីមនុស្សយើងអាចរស់រានសុខសាន្តដោយគ្មានបិសាចអុកឡុកអស់កាលជាយូមកនេះ? »

«សិស្សនៅខ្ចីចំណេះ រឿងបែបនេះមិនសូវដឹងទេលោកគ្រូ»

«គឺដោយសារតែពួកបិសាចទាំងអស់នេះខ្លាចឬទ្ធិអំណាចរបស់ស្ដេចបិសាច ហី តាឡុង ដែលជាស្ដេចបិសាចនាគរាជ ថ្វីដ្បិតតែទ្រង់មានឈ្មោះជាបិសាចប៉ុន្តែ តាឡុងទ្រង់មិនដែលបៀតបៀនឬក៏អុកឡុកឋានមនុស្សលោកឡើយ»

«លោកគ្រូ ហេតុអ្វីបានជាបិសាចនេះមានឈ្មោះជាបិសាចតែមាននិស្ស័យខុសគេបែបនេះ? »

«គឺព្រោះទ្រង់ជាប់ពាក្យសន្យាជាមួយនឹងមនុស្សដែលទ្រង់ស្រលាញ់ថា ទ្រង់នឹងបង្ក្រាបបិសាចទាំងអស់នោះមិនឱ្យមកអុកឡុកភពមនុស្សរបស់យើងទៀត»

«មនុស្សដែលទ្រង់ស្រលាញ់? »

សៀវចាន់ជ្រួញចិញ្ចើមផ្ទួនពាក្យលោកគ្រូរបស់គេផ្ទួនៗ ដោយអាការៈកាន់តែចង់ដឹងចង់ឮ។

«កាលពី ៥០០ឆ្នាំមុន នៅពេលដែលបិសាចអុកឡុកឋានកណ្ដាលយើងនេះ ព្រះឥន្រ្ទទ្រង់បានបញ្ជូនកូនសិស្សរបស់ទ្រង់ម្នាក់ដែលមានឈ្មោះថា ស៊ាន សៀវ ឱ្យមកកម្ចាត់បិសាចអស់នោះ តែ ស៊ាន សៀវនេះបែរជាមកចងសម្ព័ន្ធភាពមេត្រីជាមួយនឹងស្ដេចបិសាច ហី តាឡុងទៅវិញ។ បន្ទាប់ពីជ្រាបរឿងនេះហើយព្រះឥន្ទទ្រង់ខ្ញាល់ជាខ្លាំង ព្រមទាំងយកលេសថាទ្រង់នឹងសម្លាប់ ស៊ាន សៀវ ចោលប្រសិនបើក្នុងរយៈពេលមួយធូប ស៊ាន សៀវមិនអាចកម្ចាត់បិសាចឱ្យអស់ពីភពមនុស្សបាន ស្ដេចបិសាចទ្រង់សម្រេចចិត្តប្រមូលផ្ដុំបិសាចរបស់ទ្រង់ទាំងអស់ទៅដាក់ក្នុងពិភពថ្មីមួយទៀតដែលទ្រង់បង្កើតឡើងដោយឋាមពលរបស់ទ្រង់ផ្ទាល់ បើទោះបីជាបែបនេះក៏ដោយក៏ព្រះឥន្ទទ្រង់នៅតែមិនអស់ចិត្តទ្រង់យាងមកឋានមនុស្សដោយអង្គឯង នៅពេលមកដល់ទន្លេអានផៃទ្រង់ក៏ឈរដាក់ទំនាយដល់ ស៊ានសៀវ និងតាឡុងដែលកំពុងតែកៀកកើយគ្នាថា បើដរាបណាមានព្រះអាទិត្យនិងព្រះចន្ទ័ សូមឱ្យពួកឯងទាំងពីរនាក់គ្មានថ្ងៃបាននៅជាមួយគ្នាដោយសុខស្រួលបាន បើម្នាក់កើតជាធាតុភ្លើងសូមឱ្យម្នាក់ទៀតកើតជាធាតុទឹក បើម្នាក់កើតជាត្រីសូមឱ្យម្នាក់ទៀតកើតជាម្រឹគ ពួកឯងនឹងគ្មានថ្ងៃបានជួបជុំគ្នាជាដាច់ខាត នៅពេលនោះស្ដេចបិសាចខឹងខ្លាំងណាស់ ទ្រង់ចង់ធ្វើសង្គ្រាមជាមួយនឹងព្រះឥន្ទទៀតផង ប៉ុន្តែដោយសារខ្លាចមានអន្តរាយដល់ឋានទេវតា អន្តរាយដល់ឋានបិសាចក៏ដូចជាអន្តរាយដល់ឋានមនុស្ស ស៊ាន សៀវដែលជាសិស្សជំនិតរបស់ព្រះឥន្ទបានចូលខ្លួនទៅបញ្ចប់សង្គ្រាម ដោយគេស្នើខ្លួនមកចាប់ជាតិធ្វើជាមនុស្សនិងស្មគ្រ័ចិត្តកម្ចាត់បិសាចរហូតដល់អស់ជីវិត ស៊ាន សៀវធ្វើការស្ម័គ្រចិត្តនេះដោយមិនឱ្យស្ដេចបិសាចដឹងរឿងឡើយ ដោយគេបានសន្យានឹងទ្រង់ថាដរាបណាទ្រង់នៅតែអាចក្ដោបក្ដាប់កូនចៅបិសាចរបស់ទ្រង់បាននោះគេនឹងមកជួបទ្រង់វិញនៅក្នុងរដូវផ្ការីក នៅទន្លេអានផៃ ហេតុនេះហើយទើបអ្នកស្រុកនៅម្ដុំនោះឱ្យតែដល់រដូវផ្ការីកពួកគេតែងចាប់កូនក្រមុំបណ្ដែតតាមទឹកទៅឱ្យស្ដេចបិសាចជំនួសឱ្យស៊ាន សៀវ។»

«លោកគ្រូ…តើ…តើមានវិធីអាចជប់ព្រលឹងរបស់ស្ដេចបិសាចមកវិញបានទេ? »

សៀវចាន់សួរទាំងស្ទាក់ស្ទើរព្រោះបើដូចអ្វីដែលលោកគ្រូនិយាយមែននោះ វិធីតែមួយដែលអាចកម្ចាត់បិសាចអស់នេះបានគឺមានតែនាំស្ដេចបិសាចត្រឡប់មកវិញប៉ុណ្ណោះ។ «ចាន់អើយ! នៅលើលោកនេះគ្មានអ្នកណាម្នាក់មានឥទ្ធិពលដល់ថ្នាក់ទៅអន្ទោងព្រលឹងរបស់ស្ដេចបិសាចឱ្យយាងមកមានជីវិតបានវិញទេ វិធីតែមួយដែលធ្វើឱ្យទ្រង់យាងមកចាប់កំណើតវិញបាននោះគឺមានតែទ្រង់ផ្ទាល់ចង់មកចាប់កំណើតដោយខ្លួនឯងតែប៉ុណ្ណោះ បើឯងចង់ឱ្យទ្រង់យាងមកចាប់កំណើតវិញគឺមានតែដកព្រលឹងឯងទៅតាមយកព្រលឹងរបស់ទ្រង់មកពីឋាននរកវិញតែប៉ុណ្ណោះ»

ថាហើយលោកព្រឹទ្ធិចារ្យ ហ្វុងអ៊ូ ក៏ងើបចេញដើរទៅបាត់ទៅព្រោះគាត់មិនជឿថាកូនសិស្សគាត់នឹងប្រថុយជីវិតរបស់ខ្លួនដោយការដកព្រលឹងទៅតាមព្រលឹងរបស់ស្ដេចបិសាចដែលនៅឯឋាននរកនោះឡើយ។

ព្រលឹងរបស់ស្ដេចបិសាចសង្ហារកំពុងតែឈរសម្លឹងមើលទៅរាងកាយនាគរាជខ្មៅជង្គ្រងរបស់ទ្រង់ដែលកំពុងតែដេកនៅជិតនោះ របួសនៅលើរាងកាយក៏ជាអស់គ្មានសល់ ឈាមគ្រប់តំណក់របស់ទ្រង់រត់ចូលមកក្នុងខ្លួនវិញគ្រប់តំណក់មិនសល់សូម្បីតែដាម គ្មានធូលីឬកម្ទេចកម្ទីរណាហ៊ានមកជាប់តោងទាមនឹងខ្លួនប្រាណរបស់ទ្រង់ឡើយបើទោះបីជាពេលនេះរាងកាយនាគរាជរបស់ទ្រង់កំពុងតែដួលដេកនៅលើដីក៏ដោយ គ្រប់សភាវៈទាំងអស់នៅលើផែនដីនេះមិនថាមានជីវិតឬមួយក៏អត់ជីវិតក៏ដោយក៏ពួកគេតែងគោរព កោតខ្លាច ស្ដេចបិសាចសឹងគ្រប់ៗគ្នាដ្បិតអីទ្រង់មានទាំងសច្ចៈនិងសភាវៈគតិចេះគិត ចេះគ្រប់គ្រងអារម្មណ៍បើទោះបីជាមានឈ្មោះជាបិសាចក៏ដោយ។

តាឡុង ឈរសម្លឹងមើលទៅរាងកាយនាគរាជដែលដេកជ្រងោៗធំសឹងតែប៉ុនភ្នំនោះដោយខ្សែភ្នែកគុំគួន ទ្រង់យាជើងទាត់រាងកាយនាគខ្លួនឯងមួយទំហឹងរួចនិយាយ៖

«មកពីឯងមានរូបរាង្គអាក្រក់បែបនេះបានជាចាន់ៗមិនស្រលាញ់»

ថាហើយទ្រង់ក៏ទាត់ថែមមួយជើងទៀត អ្វីគ្រប់យ៉ាង មនុស្ស ទេវតា បិសាចគ្រប់គ្នា គ្មានអ្នកណាម្នាក់ចង់នៅជិតទ្រង់ឡើយ សូម្បីតែមនុស្សដែលខ្លួនស្រលាញ់។ ឈ្មោះជាស្ដេចបិសាច តែទ្រង់មិនដែលប្រើអំណាចនេះឱ្យសមនឹងឈ្មោះឡើយ កូនចៅបិសាចទាំងអស់ទ្រង់ក៏បញ្ជាហាមឃាត់មិនឱ្យមករញ៉េរញ៉ៃ ហ៊ានមិនឱ្យអុកឡុកភពផែនដី ទ្រង់រស់នៅយ៉ាងស្ងៀមស្ងាត់សំងំចាំគេ រៀងរាល់រដូវផ្ការីកទ្រង់ក៏ទៅឈរចាំគេនៅទីនោះ នៅទន្លេអានផៃ នៅកន្លែងដែលគេសន្យាថានឹងមករកទ្រង់វិញ តែបើទោះបីជាទ្រង់ឈរចាំរហូតតាំងពីពេលផ្ការីករហូតដល់ផ្កាជ្រុះអស់ហើយក៏ដោយក៏មិនសូម្បីតែឃើញស្រមោលរបស់គេត្រឡប់មករកទ្រង់វិញឡើយ។

មនុស្សតែម្នាក់ដែលទ្រង់គិតថាគេស្រលាញ់ទ្រង់ មនុស្សដែលធ្វើឱ្យទ្រង់មានអារម្មណ៍ពិសេស មនុស្សតែម្នាក់ដែលហ៊ាននៅជិត ហ៊ានប៉ះ ព្រមឱ្យទ្រង់ឱប ហើយគេម្នាក់នោះដូចគ្នា ជាមនុស្សដែលក្បត់សន្យានិងជាមនុស្សដែលចាក់ទ្រង់មួយកាំបិតចំកណ្ដាលបេះដូង។ ស្ដេចបិសាចយកដៃទៅក្ដោបត្រង់ទ្រូងខាងឆ្វេងដែលពេលនេះវាជាសះស្បើយស្អាតដូចដើមហើយ ប៉ុន្តែបេះដូងរបស់ទ្រង់បែរជានៅតែឈឺហើយក៏ឈឺខ្លាំងជាងមុនរាប់រយដង ទឹកភ្នែកដ៏សែនមានតម្លៃស្រក់ចេញពីភ្នែករបស់ទ្រង់រមៀលកាត់ថ្ពាល់រលោងស្អាតនោះ ហើយនៅពេលដែលវាធ្លាក់ដល់ដីតំណក់ទឹកភ្នែកនោះក៏ប្រែក្លាយទៅជាថ្ម មែនហើយតំណក់ទឹកភ្នែករបស់ស្ដេចបិសាចពេលធ្លាក់ដល់ដីវាក្លាយជាថ្ម ហេតុនេះហើយបានជានៅតាមមាត់ទន្លេអានផៃសុទ្ធតែភ្នំខ្ពស់ៗព្រោះភ្នំទាំងអស់នេះវាកើតចេញមកពីទឹកភ្នែកនឹករលឹករបស់ស្ដេចបិសាចដែលហូរស្រក់ចុះមកនៅពេលដែលទ្រង់រងចាំ ស៊ាន សៀវនេះឯង។

«ហេតុអីអូនក្បត់សន្យា? »

ទ្រង់ពោលខ្សឹបៗល្មមស្ដាប់ឮម្នាក់ឯងហើយក៏ងើបឈរឡើង ដើរសំដៅទៅកាន់ឋាននរកដោយទឹកមុខមាំ កែវភ្នែកក៏ឡើងក្រហមដូចកែវភ្នែកនាគរាជ ទ្រង់ងាកសម្លឹងមើលរាងកាយនាគធំនោះបន្តិចទើបដើរទៅបាត់ដោយមិនស្ដាយស្រណោះ។

«ស្ដេចបិសាចយាងមកដល់ទីនេះ តើទូលបង្គំធ្វើអីឱ្យទ្រង់មិនស្រួលព្រះទ័យមែនដែរទេ? »

ថ្វីដ្បិតតែនៅឋានមនុស្សលោកមនុស្សគ្រប់គ្នា ស្អប់និងខ្លាចស្ដេចបិសាចនេះកម្រិតណាក៏ដោយ ក៏ប៉ុន្តែនៅក្នុងពិភពបិសាចនិងពិភពទេវតាគឺគ្មានអ្នកណាម្នាក់ដែលមិនគោរពកោតខ្លាចទ្រង់ឡើយ។(ស្ដេចបិសាចសង្ហាររបស់អូន)

«យើងមកប្រគល់វិញ្ញាណឱ្យទៅឯង» ទ្រង់និយាយព្រមទាំងសម្លឹងមុខយមរាជដែលកំពុងតែអង្គុយកត់ឈ្មោះរបស់ព្រលឹងដែលឈរតម្រង់ជួរគ្នាវែងអន្លាយនេះ។

«តាឡុង ទ្រង់កុំលែងសើចនឹងជីវិតទូលបង្គំពេកអី»

ស្ដេចយមរាជនិយាយទាំងទឹកមុខចង់យំនៅសុខៗមកឱ្យគេកត់ឈ្មោះស្ដេចបិសាចយ៉ាងម៉េច? ទ្រង់ចង់ឱ្យគេយកវិញ្ញាណទ្រង់ មិនបានទេត្រឹមឃើញតែរាងកាយក៏គួរឱ្យខ្លាចណាស់ទៅហើយចុះទម្រាំវិញ្ញាណទ្រង់ទៀតនោះ? អូខេបានសុំអត់ទទួលទេ។ តាឡុង ឈរសម្លឹងមុខស្ដេចយមរាជនៅត្រង់នោះដដែលមិនដើរចេញហើយក៏មិនទៅណា ភ្នែករបស់ទ្រង់ចាប់ផ្ដើមក្រហមកាន់តែខ្លាំងបន្តិចម្ដងៗរហូតដល់ប្រស្រីភ្នែកលែងមានពណ៌សទៀត។

«បើឯងមិនទទួលវិញ្ញាណយើងទេ យើងនឹងកម្ទេចឋាននរកនេះចោលឱ្យខ្ទេច»

ស្នែងនាគរាជរបស់ទ្រង់ចាប់ផ្ដើមដុះចេញមកពីកន្លែងដែលមានសក់សនោះឯស្លាបនាគរាជក៏ចេញមកបណ្ដើរៗដែរ ដូចគ្នាជាមួយកន្ទុយសំឡេងដែលទ្រង់និយាយចេញមកក៏កាន់តែគ្រលរធំទៅៗ។ ស្ដេចយមរាជសម្លឹងបិសាចនៅចំពោះមុខមួយសន្ទុះទើបងើបមកលុតជង្គង់ចុះនៅចំពោះមុខទ្រង់៖ «ទូលបង្គំសុខចិត្តឱ្យទ្រង់បំផ្លាញឋាននរកចោល ក៏មិនព្រមទទួលវិញ្ញាណរបស់ទ្រង់ដែរ» នៅពេលដែលស្ដេចយមរាជនិយាយចប់សឹងតែមិនទាន់ រាងកាយរបស់ស្ដេចបិសាចរូបសង្ហារមុននេះក៏បាត់ៗទៅហើយជំនួសមកវិញដោយរូបរាងនាគរាជធំប៉ុនភ្នំ ស្ដេចនាគនេះហោះព្រួសភ្លើង បុកបំបែកបំបាក់ សឹងតែធ្វើឱ្យឋាននរកទាំងមូលខ្ទេចខ្ទីអស់។

«តាឡុង!»

សំឡេងប្រហែលៗហៅទ្រង់ តែទ្រង់មិនចាប់អារម្មណ៍នៅតែបន្តបញ្ចេញកំហឹងតាមចិត្ត។

«តាឡុង!!»

«អិប៉!»

ភ្នែករបស់សត្វនាគរាជកាចសាហាវដែលមានពណ៌ក្រហមមុននេះ ប្រែក្លាយទៅជាពណ៌ខ្មៅភ្លាមៗ ទ្រង់ប្រែក្លាយមកជារូបរាងមនុស្សហើយឈរនៅលើថ្មខ្ពស់មួយសម្លឹងមើលមកប្រភពសំឡេង ដែលហៅទ្រង់មុននេះបន្តិចទើបហោះចេញទៅបាត់។ វិញ្ញាណរបស់សៀវចាន់ប្រឹងដើរតាមរកស្ដេចបិសាចសឹងតែវក់វីមិនដឹងទ្រង់ទៅពួននៅឯណា នៅទីបំផុតសៀវចាន់ក៏មកអង្គុយនៅក្រោមដើមផ្លែប៉េសនៅជិតមាត់ទន្លេអានផៃ ដើម្បីឱ្យបាត់ហត់អាលនឹងបានបន្តដំណើររកគេទៀត តែមិនស្មានថាបានជួបស្ដេចបិសាចនៅទីនេះសោះ មើលសភាពរបស់ទ្រង់នៅពេលនេះចុះ មិនសមជាស្ដេចបិសាចអីបន្តិចសោះទ្រង់កំពុងតែឈរគប់ដុំថ្មចូលទៅក្នុងទឹកទន្លេអានផៃលែង បើមិនដឹងថាជាស្ដេចបិសាចប្រាកដជាលង់ស្រលាញ់បាត់ទៅហើយព្រោះអីមើលចុះសង្ហារគ្មានទាស់អីបែបនេះ។

«ទ្រង់កុំបង្កចលាចលអី» សៀវចាន់ និយាយទៅកាន់ស្ដេចបិសាចទាំងឈរនៅក្រោយខ្នងទ្រង់ផង។

«អូនមិនមែនហៅបងបែបនេះទេកាលពីមុន» ស្ដេចបិសាចបែរមុខមករកលោកគ្រូចាន់តិចៗ ព្រមទាំងនិយាយដោយសំឡេងស្រទន់ៗផង។

«ឈប់និយាយអត់បានការទៅ លោកមិនឃើញពិភពមនុស្សចលាចលព្រោះតែដំណឹងស្លាប់ក្លែងក្លាយរបស់លោកទេហេ? ឆាប់ប្រមូលកូនចៅបិសាចឆ្កួតៗរបស់លោកចេញពីផែនដីឱ្យអស់ទៅ»

«ហេតុអីបងត្រូវខ្វល់ពីមនុស្សអស់នេះដែរ? ពួកគេដែលខ្វល់ពីបងទេ? គ្មានអ្នកណាដែលខ្វល់ពីបងទេ សូម្បីតែអូន ពេលពួកគេឈឺចាប់អូនក៏មកអង្វរបងឱ្យជួយ ចុះពេលបងឈឺចាប់ ពេលបងខូចចិត្តអូននៅទីណា?»

ស្ដេចបិសាចតម្លើងសំឡេងដាក់លោកគ្រូចាន់ព្រមទាំងដើរមកជិតលោកគ្រូយឺតៗផង រហូតដល់ទ្រង់ឈរនៅទល់មុខនឹងលោកគ្រូហើយក៏

ក្រឹប…

ស្ដេចបិសាចស្រវាឱបលោកគ្រូចាន់ដោយចិត្តនឹករលឹង ទីបំផុតការរងចាំជាង១០០០ឆ្នាំរបស់ទ្រង់ក៏បានសម្រេច ទ្រង់បានឱបគេវិញហើយ បេះដូងដែលខានមានសេចក្ដីសុខបែបនេះអស់រយៈពេលជិតមួយសតវត្សវាក៏លោតឡើងវិញដោយមានក្ដីសុខ។

«បងនឹកអូនណាស់»

ទ្រង់ពោលខ្សឹបៗដាក់ត្រចៀកអ្នកម្ខាងទៀតទើបសង្កេតឃើញថា៖ «ឈប់សិនហេតុអីអូនដកព្រលឹងមក?»

ថាចប់ទ្រង់ក៏ប្រើយុទ្ធសិល្ប៍អន្ទោងឱ្យព្រាយបិសាចលើកយករូបកាយរបស់លោកគ្រូចាន់មកឱ្យទ្រង់និងបញ្ជូលវិញ្ញាណលោកគ្រូឱ្យចូលទៅក្នុងរាងកាយវិញ។

«ដកព្រលឹងបែបនេះគ្រោះថ្នាក់ណាស់»

ស្ដេចបិសាចក្ដោបស្មាលោកគ្រូចាន់តិចៗដោយក្ដីស្រលាញ់ជាទីបំផុត សូម្បីតែកែវភ្នែកទ្រង់ក៏ពោរពេញដោយក្ដីស្រលាញ់ដែរ។ ស្ដេចបិសាចដកដៃពីស្មារលោកគ្រូចាន់ ហើយទ្រង់ចាប់ផ្ដើមប្រើថាមពលរបស់ទ្រង់ទាំងអស់ដើម្បីប្រមូលយកបិសាចដែលមាននៅលើផែនដីទាំងប៉ុន្មានឱ្យយកមកដាក់នៅចំពោះមុខទ្រង់ទាំងអស់ បិសាចគរលើគ្នាសឹងតែផុតមេឃប្រមូលផ្ដុំគ្នាពពាក់ពពូននៅចំពោះមុខស្ដេចរបស់ពួកគេដោយទឹកមុខភ័យខ្លាច ម្នាក់ៗមានទឹកមុខចង់យំគ្រប់ៗគ្នា ។

«ព្រះអង្គកុំអី!!»

សំឡេងអង្វរលាន់ឮរំពងតែវាមិនបានបន្ទន់ចិត្តរបស់ស្ដេចនាគរាជនេះឡើយ ទ្រង់ប្រើយុទ្ធសិល្ប៍ទាំងអស់របស់ខ្លួនដែលមានពេលនេះប្រមូលយកសារធាតុបិសាចពីក្នុងខ្លួនបិសាចអស់នោះចូលមកក្នុងខ្លួនរបស់ទ្រង់ទាំងអស់ បិសាចគ្រប់គ្នាដែលមុននេះស្មានតែទ្រង់ប្រមូលពួកគេមកកម្ទេចកាន់តែភ្ញាក់ផ្អើលខ្លាំងជាងមុនទៅទៀត នេះស្ដេចរបស់ពួកគេកំពុងជួយគេឬ?

«ព្រះអង្គកុំធ្វើបែបនេះអី ចំហាយបិសាចក្នុងខ្លួនទ្រង់កាន់តែច្រើនកម្លាំងធាតុទ្រង់នឹងកាន់តែចុះខ្សោយ កុំចំណាយកម្លាំងមកលើកម្ទេចជីវិតដូចជាពួកទូលបង្គំអី កម្ទេចពួកទូលបង្គំចោលទៅ»

កូនចៅបិសាចអស់នោះអង្វរស្ដេចបិសាចពួកគេខ្លះក៏ព្យាយាមរត់ចេញតែរត់មិនរួចមានតែនៅទ្រាំឱ្យមនុស្សល្អរបស់ពួកគេស្រូបយកសារធាតុបិសាចចេញពីខ្លួនទាំងបង្ខំចិត្ត។

នៅពេលដែលកំពុងតែប្រមូលចំហាយបិសាចចូលមកក្នុងខ្លួនរបស់ខ្លួនឯងដើម្បីឱ្យពពួកបិសាចអស់នោះបានក្លាយជាព្រលឹងបរិសុទ្ធអាចទៅចាប់ជាតិបាន ឈាមមួយតំណក់ក៏ហូរចេញពីមាត់របស់ស្ដេចបិសាច។ នៅទីបំផុតចំហាយបិសាចរាប់កោដ្ឋត្រូវបានប្រមូលចូលមកក្នុងខ្លួនតាឡុងអស់ ហើយទ្រង់ក៏ព្រួសឈាមចេញយ៉ាងច្រើនមុនពេលបញ្ចប់ពិធីនេះ។

រាងកាយរបស់ទ្រង់ពេលនេះខ្សោយខ្លាំងណាស់សូម្បីតែឈរក៏ឈរមិននឹងដែរគឺទាល់តែលោកគ្រូចាន់ជួយគ្រាហ៍ទើបបាន។ ទ្រង់សម្លឹងមើលមុខអ្នកដែលកំពុងគ្រាហ៍ទ្រង់ មុខរបស់គេកំពុងតែញញឹម ស្នាមញញឹមនេះស្អាតខ្លាំងណាស់ មើលចុះគេកំពុងសប្បាយចិត្តនៅពេលឃើញដួងព្រលឹងរាប់កោដ្ឋកំពុងហោះទៅចាប់ជាតិ ទ្រង់យល់ថាការចំណាយកម្លាំងរបស់ទ្រង់បែបនេះក៏មិនឥតប្រយោជន៍ដែរ។

«ស៊ាន សៀវ អាសិស្សក្បត់»

សំឡេងស្រែកប្រកបដោយកំហឹងលាន់ឮខ្ទរមេឃ សំឡេងមាំ ធ្ងន់ និងច្បាស់ៗ បញ្ជាក់ពីរិទ្ធិអំណាចរបស់អ្នកដែលកំពុងនិយាយថាជាអ្នកណា។ មួយប៉ព្រិចភ្នែកក្រោយមករូបរាងរបស់បុរសមាឌដំបងមានសក់ខ្មៅស្អាតវែងដល់ចង្កេះ ក៏លេចចេញមកពីលើមេឃ ព្រះអង្គមានពាក់ម្គុដពណ៌មាសឆ្អិនឆ្អៅនៅលើព្រះកេស អមជាមួយខោអាវសូត្រពណ៌មាសភ្លឺចិញ្ចេញចិញ្ចាច។

សៀវចាន់សម្លឹងមើលទៅអ្នកដែលកំពុងឈរនៅលើពពកដោយចម្ងល់ពេញក្បាល តើបុរសម្នាក់នេះជាអ្នកណា ហេតុអ្វីក៏គេមើលទៅមានអំណាចខ្លាំងបែបនេះ? ហើយតើស៊ាន សៀវនោះជាអ្នកណា? ឬថា តាឡុងមានឈ្មោះមួយផ្សេងទៀតជាស៊ាន សៀវ?

ស្ដេចបិសាចឃើញសត្រូវនៅចំពោះមុខទើបងើបឈរត្រង់ខ្លួនវិញ ហើយក៏ទាញអ្នកដែលគ្រាហ៍ខ្លួនមុននេះឱ្យមកឈរនៅពីក្រោយខ្នងធំមាំរបស់ទ្រង់វិញ។

«អ្នកណា?» សៀវចាន់ លួចសួរអ្នកដែលកំពុងឈរនៅមុខខ្លួនតិចៗ ព្រោះពេលនេះគេមានចម្ងល់ពេញបន្ទុកទៅហើយ ចម្ងល់នោះវាជិតផ្ទុះចេញមកហើយបើគ្មានអ្នកណាប្រាប់គេទេ។

«មនុស្សឡប់សតិ ដែលចូលចិត្តធ្វើឱ្យគេគ្រប់គ្នាមិនសប្បាយចិត្ត»

ពាក្យដែលស្ដេចបិសាចនិយាយប្រាប់ទៅសៀវចាន់នេះក៏មិនបានខុសអីទេ គឺវាបែបនឹងមែន ខ្លួនឯងជាព្រះឥន្ទជាស្ដេចនៃទេវតាទាំងពួង តែមិនដែលព្យាយាមការពារមនុស្សលោក មួយថ្ងៃៗដើរទៅលិច ទៅកើត ទៅតាមបំបែកបំបាក់អ្នកនេះ ទៅតាមបំបែកបំបាក់អ្នកនោះ ឃើញមុខពេលណាចង់តែលេបចូលក្នុងពោះឱ្យបាត់។

«តាឡុង ខានជួបគ្នាយូហើយ»

ព្រះឥន្ទយាងចុះមកឈរនៅផ្ទៃម្ខាងទៀតនៃទន្លេអានផៃ គឺនៅម្ខាងម្នាក់ជាមួយស្ដេចបិសាចដោយមានទន្លេនេះជាបន្ទាត់កណ្ដាល។

«យើងមិនដែលចង់ជួបឯងទេ»

ស្ដេចបិសាចព្យាយាម យកមនុស្សធម្មតាដែលមានខ្លួនតូចតែមួយមកឈរនៅពីក្រោយខ្នងរបស់ខ្លួន ទ្រង់ព្យាយាមលាក់មនុស្សម្នាក់នេះមិនឱ្យអារោគចិត្តដែលនៅម្ខាងទន្លេឃើញ។

«ខានជួបគ្នាយូឯងនៅតែដដែល សណ្ដានបិសាចរបស់ឯងពិតជាកែមិនឡើងមែន»

«ស៊ូ ស៊ីងឡាង ឯងនេះចំជាទេវតាដែលល្ងង់ជាងគេបំផុតតាមដែលយើងធ្លាប់ជួប ឯងឡប់មែនទេ? បានជាឱ្យយើងកែសណ្ដានបិសាចយើងចេញ? យើងជាស្ដេចបិសាចមានសណ្ដានបិសាចជារឿងធម្មតាតែឯងវិញជាទេវតា ហេតុនេះហើយកុំសូវបង្ហាញសណ្ដានបិសាចរបស់ឯងចេញមកពេកអី»

ស្ដេចបិសាចពោលទៅវិញដោយមិនខ្លាចញញើតអ្វីបន្តិចណាឡើយ កែវភ្នែករបស់ទ្រង់ឡើងក្រហម ស្នែងនិងកន្ទុយក៏ចាប់ផ្ដើមចេញមកបណ្ដើរៗតំណាលគ្នា ត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធជាមួយស្ដេចទេវតានៅចំពោះមុខ។

«ស៊ូ ស៊ីងឡាង? តាឡុងហេតុអីលោកប្រើពាក្យបែបនេះទៅកាន់ព្រះឥន្ទ»

សៀវចាន់ហួសចិត្តនឹងសព្វនាម ក៏ដូចជាការប្រើប្រាស់ភាសារបស់អ្នកម្ខាងទៀតសឹងតែធ្លាក់ថ្លើមហេតុអីក៏គេហ៊ានខ្លាំងម្លេះ?

«ហើយចុះអូនហេតុអីហ៊ានប្រើពាក្យបែបនេះដាក់ស្ដេចបិសាចដែរ? »

តាឡុងនិយាយសុទ្ធតែពាក្យពិត ស្ដេចទេវតាឬព្រះឥន្ទទៅវាយ៉ាងម៉េច? វាអស្ចារ្យអីមកពីណា?

«ស៊ាន សៀវឆាប់លុតជង្គង់ចុះហើយទទួលកំហុសរបស់ឯងភ្លាម»

ព្រះឥន្ទងាកទៅសម្លឹងសៀវចាន់ដែលកំពុងឈរពួននៅពីក្រោយស្ដេចបិសាចនោះដោយខ្សែភ្នែកកាច កាចរហូតដល់ថ្នាក់អ្នកម្ខាងទៀតត្រូវប្រញ៉ាប់លុតជង្គង់ចុះតាមបញ្ជា។ ព្រះឥន្ទហៅគេថាស៊ាន សៀវអញ្ចឹងឬ? គេជាអតីតគូរស្នេហ៍របស់ស្ដេចបិសាច? គេជាមនុស្សដែលស្ដេចបិសាចរងចាំមែនទេ?

«អូនលុតជង្គង់ចុះធ្វើអី? »

គ្រាន់តែចប់សម្ដីរបស់ស្ដេចបិសាចភ្លាមដីនៅកន្លែងដែលលោកគ្រូចាន់ប្រុងលុតជង្គង់ចុះមុននេះក៏បែរជាដុះឡើងខ្ពស់ភ្លាមៗមិនអាចឱ្យលោកគ្រូចាន់លុតជង្គង់ចុះបាន។

«ធ្វើខុសហើយឯងត្រូវតែទទួលកំហុស»

ថាចប់ព្រះឥន្ទក៏លាដៃម្ខាងរបស់ទ្រង់ចេញមកខាងមុខតម្រង់ទិសមករកសៀវចាន់ ហើយអ្នកដែលត្រូវព្រះហស្ថរបស់ស្ដេចទេវតាតម្រង់មកនោះក៏ហោះឡើងភ្លាមមួយរំពេច ជើងផុតពីដីដៃទាំងពីរក៏ក្ដោបកជាប់ហាក់ដូចជាត្រូវអ្នកណាច្របាច់កឡើង។

«រវាងពួកឯងទាំងពីរនាក់ ត្រូវតែមានម្នាក់ស្លាប់ ម្នាក់រស់ មិនអាចរស់នៅមានសុភមង្គលបានទេ»

ស្ដេចទេវតាពោលតិចៗព្រមទាំងបន្ថែមកម្លាំងដៃច្របាច់កជីវិតតូចមួយរបស់មនុស្សធម្មតានៅក្នុងដៃថែមទៀត។

ខិស ខិស…លោកគ្រូចាន់ខ្អកខ្លាំងៗ គាត់មានអារម្មណ៍ថាប្រសិនបើស្ដេចទេវតាចង់សម្លាប់គាត់មែននោះព្រះអង្គគ្រាន់តែបន្ថែមកម្លាំងបន្តិចក៏លោកគ្រូស្លាប់បាត់ទៅហើយតែនេះហាក់ដូចជាមិនមែនបែបនោះ ស្ដេចទេវតាហាក់ដូចជាចង់ពន្យាពេលសម្លាប់លោកគ្រូ។

«អាចង្រៃយ៍ឯងគិតថាឯងជាអ្នកណា? បានមកឈរគំរាម មកឈរដាក់ទំនាយយើងបែបនេះ? »

ស្ដេចបិសាចសម្លឹងមើលទៅរាងកាយរបស់លោកគ្រូចាន់ដែលស្ទើរតែដាច់ខ្យល់ហើយនោះបន្តិចទើបទ្រង់ហោះទាំងរូបកាយមនុស្សទៅច្រាំងម្ខាងទៀតនៃទន្លេអានផៃហើយក៏ប្រញ៉ាប់ហោះទៅប្រយុទ្ធគ្នាជាមួយព្រះឥន្ទ តែនៅពេលហោះទៅជិតដល់ រូបរាងកាយរបស់ស្ដេចទេវតាដែលជាមនុស្សមុននេះក៏ប្រែក្លាយទៅជាស្ដេចនាគរាជពណ៌សមួយយ៉ាងធំមកប្រយុទ្ធជាមួយទ្រង់ទៅវិញ។

ស្ដេចបិសាចសម្លឹងទៅច្រាំងម្ខាងទៀតក៏ឃើញថាលោកគ្រូចាន់បានធ្លាក់ចុះទៅលើដីវិញហើយទើបទ្រង់បានធូរចិត្តបន្តិច ហើយក៏ឈរញញឹមសម្លឹងមើលនាគរាជពណ៌សនៅចំពោះមុខដោយគ្មានខ្លាចរអា។

«ឯងគិតថាឯងអាចយកវិញ្ញាណរបស់យើងបានមែនទេ? »

ស្ដេចបិសាចនិយាយដោយសំឡេងត្រជាក់មិនខ្ចីខ្លាចមិនខ្ចីប្រែក្រឡាទៅជានាគរាជដូចអ្នកនៅចំពោះមុខ។ «យើងយកព្រលឹងឯងមិនបានតែយើងយកព្រលឹងមនុស្សដែលឯងស្រលាញ់បាន»

នាគរាជសមុននេះប្រែមកជារូបរាងមនុស្សវិញហើយនៅលើដៃម្ខាងមានកាន់ដួងកែវវិញ្ញាណរបស់លោកគ្រូចាន់នៅដៃម្ខាងផង។

«ស៊ីងឡាង អាទេវតាថោកទាប មកប្រយុទ្ធគ្នាជាមួយយើងមួយស្មើមកកុំលែងល្បិចបែបនេះអី»

ស្ដេចបិសាចទៅជាភ័យភ្លាមមួយរំពេច ប្រសិនបើព្រះឥន្ទគម្រក់នោះច្របាច់តែបន្តិចដួងព្រលឹងរបស់មនុស្សដែលទ្រង់រងចាំរាប់ពាន់ឆ្នាំនោះនឹងរលាយខ្ទេចមិនអាចចាប់ជាតិបាន និងគ្មានរូបរាងនៅលើលោកនេះតទៅទៀត ទ្រង់គ្មានអំណាចគ្រប់គ្រងលើរឿងអស់នេះទេ។

«ហាហាហា តាឡុងឯងក៏ចេះខ្លាចដែរ? »

ព្រះឥន្ទជ្រលរដៃបម្រុងនឹងច្របាច់ដួងព្រលឹងនោះទើបអ្នកម្ខាងទៀតប្រញ៉ាប់ក្ដាប់ដៃណែន ភ្នែកមិនហ៊ានដកចេញពីដួងព្រលឹងតូចនោះឡើយ។

«លុតជង្គង់ចុះ» ស៊ីងឡាង ងាកមកនិយាយជាមួយស្ដេចបិសាចដោយសំឡេងម៉ើងម៉ាត់ ទឹកមុខមាំធម្មតាវិញ ហើយបន្ទាប់មកទៀតព្រឹត្តិការណ៍ដែលមិនស្មានដល់ក៏កើតឡើង គឺ

គ្រឹប…

ស្ដេចបិសាចដ៏មានអំណាចលុតជង្គង់ចុះនៅចំពោះមុខព្រះឥន្ទដោយសារតែអ្នកម្ខាងទៀតចាប់បាននូវចំណុចខ្សោយរបស់ទ្រង់ទៅហើយ ពពួកព្រៃព្រឹក្សា អ្នកតាព្រៃភ្នំ ទឹកស្ទឹង និងរុក្ខទេវតានាំគ្នាយំអាណិតស្ដេចគ្រប់ៗគ្នា ពួកគេទាំងអស់នេះគ្មានអ្នកណាម្នាក់ដែលមិនបានដឹងពីទំហំចិត្តដែលស្ដេចបិសាចនឹករលឹកលោកគ្រូចាន់ឡើយ ពួកគេគឺជាភស្តុតាងដែលបញ្ជាក់បានថាកន្លងមកនេះស្ដេចបិសាចរងទុក្ខសោកយ៉ាងណាខ្លះ ពួកគេដឹងថាស្ដេចបិសាចមានកំហឹងគុំគួនចង់សម្លាប់ព្រះឥន្ទប៉ុណ្ណា ក៏ប៉ុន្តែទ្រង់មិនធ្វើព្រោះអីទ្រង់គោរពដល់ពាក្យសន្យាដែលទ្រង់បានសន្យាជាមួយមនុស្សជាទីស្រលាញ់ថាមិនបង្កចលាចលដល់ផែនដី តែមើលពេលនេះចុះស្ដេចបិសាចដ៏ខ្ពង់ខ្ពស់កំពុងតែលុតជង្គង់ចុះ មែនហើយជង្គង់ដ៏មានតម្លៃនោះលុតចុះទៅលើដីព្រោះតែមនុស្សដែលទ្រង់ស្រលាញ់ ដើម្បីគេអ្វីក៏ទ្រង់ហ៊ានធ្វើដែរ។

«បញ្ជូនថាមពលនៅក្នុងខ្លួនឯងទាំងអស់មកឱ្យយើង»

«ឯងប្រគល់ដួងវិញ្ញាណរបស់សៀវចាន់ឱ្យមកយើងវិញសិនមក»

ស្ដេចបិសាចលាដៃទៅមុខតិចៗ អ្នកណាមិនដឹងថាសម្ដីរបស់ទ្រង់មានតម្លៃប៉ុណ្ណាអ្នកណានៅក្នុងលោកនេះដែរមិនដឹងថាស្ដេចបិសាចទ្រង់គោរពសម្ដីយ៉ាងណានោះ?

«ចាំយើងប្រគល់ថាមពលយើងទាំងអស់ឱ្យទៅឯង»

ទ្រង់ញញឹមតិចៗយ៉ាងជឿជាក់ តាមពិតទៅព្រះឥន្ទចង្រៃយ៍នេះតាមចងកម្មនឹងទ្រង់យូឆ្នាំបែបនេះព្រោះចង់បានថាមពលរបស់ទ្រង់ទេឬ? គំនិតកំបែលហែលពេកហើយ បើចង់បានក៏យកទៅទ្រង់ក៏មិនចង់បានអាថាមពលបិសាចឆ្កួតឡប់អស់នេះដែរ។

«មិនបាន…ប្រគល់ថាមពលរបស់ឯងមកឱ្យយើងសិន»

«បាន!»

ចប់សម្ដីសឹងតែមិនទាន់រាងកាយរបស់ស្ដេចបិសាចក៏ហោះឡើងទៅលើអាកាស ផ្ទៃមេឃទាំងមូលប្រែទៅជាខ្មៅងងឹតឈឹង នៅជុំវិញខ្លួនរបស់តាឡុងពោពេញទៅដោយផ្សែងខ្មៅ ក្រាស់ឃ្មឹក តើទ្រង់កំពុងតែធ្វើអ្វីនឹង? ទ្រង់កំពុងតែប្រមូលផ្ដុំកម្លាំងទាំងអស់របស់ខ្លួនដែលនៅសល់ មើលចុះសូម្បីតែព្រះធរណីក៏រង្គើ ផ្ទៃមេឃខ្មៅងងឹត ផ្លេកបន្ទោរភ្លេកៗ កែវភ្នែករបស់ទ្រង់ឡើងក្រហមទៀតហើយ។

«ស៊ូ ស៊ីងឡាង»

សម្រែកហៅឈ្មោះរបស់ព្រះឥន្ទ បន្លឺឡើងពីលើផ្ទៃអាកាស តាឡុង ទ្រង់សម្លឹងមើលមកក្រោមបន្តិចហើយក៏បញ្ជូនថាមពលទាំងអស់របស់ខ្លួនមកកាន់ខ្លួនរបស់ព្រះឥន្ទភ្លាមៗ ប៉ុន្តែដោយសារតែថាមពលកំណាចនេះគ្មានរាងកាយណានៅលើផែនដីដែលរឹងមាំគ្រប់គ្រាន់សម្រាប់ទទួលវាបានឡើយ លើកលែងតែរាងរបស់ស្ដេចបិសាចតែប៉ុណ្ណោះ ហេតុនេះហើយទើបនៅពេលដែលតាឡុងបញ្ជូនកម្លាំងរបស់គេឱ្យមកទ្រង់នោះព្រះឥន្ទ ទ្រង់គ្មានអារម្មណ៍ថាចម្រើនកម្លាំងណាបន្តិចសោះឡើយគឺបែរជាមានអារម្មណ៍ដូចត្រូវគេស្រូបកម្លាំងធាតុច្រើនជាង ដោយយល់ថាមិនអាចទ្រាំទ្របានយូ ស៊ូ ស៊ីងឡាងក៏ច្របាច់បំបែកដួងកែវវិញ្ញាណរបស់សៀវចានចោលហើយក៏ហោះគេចខ្លួនបាត់ទៅ។

ផ្ទៃមេឃប្រែមកស្រឡះវិញហើយ រាងកាយរបស់ស្ដេចបិសាចក៏ធ្លាក់ចុះមកលើដីវិញដែរ ទ្រង់សម្លឹងមើលកម្ទេចដួងវិញ្ញាណភ្លឺៗដែលទើបតែត្រូវព្រះឥន្ទបំផ្លាញចោលមុននោះដោយខ្សែភ្នែកអស់សង្ឃឹម ស្ដេចបិសាចហោះសំដៅមកកាន់រាងកាយដែលដេកសន្លប់នៅម្ខាងច្រាំងនៃទន្លេអានផៃ ទ្រង់ដើរយឺតៗទៅកាន់រាងកាយតូចនោះបន្ទាប់មកក៏ដាក់បង្គុយចុះ លើកដៃរបស់ទ្រង់ដែលញ័រៗទៅប៉ះផ្ទៃមុខស្លេកនោះតិចៗ៖

«មិនពិតទេ»

ទ្រង់ពោលតិចៗទាំងបបូរមាត់ញ័រៗ ទឹកភ្នែករបស់ទ្រង់រៀបនឹងហូរស្រក់ចុះមកទៀតហើយ ឱស្ដេចបិសាចអើយកុំព្រះកន្សែងទៀតអីតើទ្រង់ចង់ឱ្យផែនដីនេះគពេញដោយថ្មនៃទឹកភ្នែករបស់ទ្រង់ឬ?

«ហេតុអ្វី? ហេតុអ្វីក៏នៅតែបែបនេះ? »

តាឡុងត្រកងរាងតូចនោះនៅជាប់នឹងដៃ ទ្រង់ស្រែកយំខ្លាំងៗសួរទៅព្រហ្មលិខិត ហេតុអីកំណត់ឱ្យគេមកជួបនឹងទ្រង់ហើយបែជាមិនឱ្យនៅជាមួយគ្នាបែបនេះ? ហេតុអីក៏ឱ្យមនុស្សល្អមានអាយុខ្លីបែបនេះ?

«ចាន់…ចាន់ចាន់ របស់បង ហឹកៗ…ហ៊ឺ…ហេតុអ្វីក៏បែបនេះ? …ហឹក…បងមិនទាន់ប្រាប់អូនពីរឿងរបស់យើងអស់ផង…ហឹក…បងរងចាំអូនយូណាស់ហេតុអី? ហេតុអីក៏អូនមកដល់ហើយឆាប់ចាកចេញទៅវិញបែបនេះ? …ហ៊ឺហ៊ឺ…ដឹងខ្លួនឡើងមកវិញភ្លាម…ហ៊ឺ…ឆាប់ដឹងខ្លួនមក»

សំឡេងទ្រហូរយំរបស់ស្ដេចនាគដែលមានអំណាចកប់ពពក មានថាមពលអស្ចារ្យ តែមើលចុះពេលនេះទ្រង់កំពុងតែយំបោកកាយឱបសពរបស់មនុស្សដែលខ្លួនស្រលាញ់ ស្រលាញ់ស្មើកែវភ្នែក ស្រលាញ់ស្មើនឹងជីវិតរបស់ទ្រង់ តែហេតុអ្វីទៅ? ហេតុអ្វីក៏មិនឱ្យទ្រង់មានជីវិតមួយដែលរីករាយដូចគេឯង? ហេតុអីក៏តែងតែយកមនុស្សដែលទ្រង់ស្រលាញ់ទៅជារឿយៗបែបនេះ?

«បើកភ្នែកមក…ហឹក…បើកភ្នែកមកបងសុំអង្វរអូន…ហ៊ឺហ៊ឺ…កុំទៅ…កុំទៅចោលបងបែបនេះអី….បង…បងឆ្កួតស្លាប់មិនខានទេបើគ្មានអូន»

តាឡុងទ្រង់ស្រែកយំឱបរាងតូចជាប់នឹងទ្រូង ទឹកភ្នែករបស់ទ្រង់ស្រក់ចុះមកប្រណាំងនឹងទឹកភ្លៀងដែលកំពុងតែស្រក់ ព្រះភិរុណដែលលបមើលដំណើរប្រយុទ្ធគ្នារវាងស្ដេចបិសាចនិងស្ដេចទេវតាមុននេះមិនអាចហាមទឹកភ្នែករបស់ខ្លួនបានទេ ស្នេហារវាងអ្នកបង្ក្រាបបិសាចនិងស្ដេចបិសាចមួយគូរនេះកំសត់ពេកហើយ។ នៅពេលនេះមេឃលែងភ្លៀងទៀតហើយ ផ្ទៃមេឃទៅជាស្រឡះ នៅឡើយតែអ្នកដែលកំពុងតែអង្គុយផ្ទាល់ដី រូបរាងស្រមេកស្រមក ឱបអ្នកនៅក្នុងរង្វង់ដៃជាប់នឹងបេះបេះដូង បបូរមាត់ទ្រង់កំពុងតែបង្ហើបម្ហបៗពោលនូវពាក្យដដែលៗខ្សឹបៗ៖

«កុំទៅ…ហ៊ឺហ៊ឺ…កុំទៅចោលបងទៀតអី…បង…បងស្លាប់មិនខានទេចាន់…ហឹក…កុំទៅអី…ត្រឡប់មករកបងវិញ…ហ៊ឺហ៊ឺ…បងកំពុងយំអូនឃើញទេ? …បងជិតក្លាយជាស្ដេចបិសាចឆ្កួតហើយ…ហ៊ឺហ៊ឺ»

សំឡេងយំរបស់ទ្រង់លាន់ឮពេញទាំងព្រៃឮដល់ឋានទេវតា និងឋាននរក ទាំងពួកអសុរកាយ ទាំងទេវតា របស់មានជីវិតនៅលើផែនដីនេះកំពុងតែយំអាណិតពួកទ្រង់ហើយ ពួកគេម្នាក់ៗសួរនូវសំណួរដដែលៗដូចគ្នាថា ហេតុអ្វីទេវតាធ្វើបាបគូស្នេហ៍មួយគូនេះម្លេះ?

ខឹស ខឹស…

កំពុងតែយំសុខៗស្ដេចបិសាចក៏ក្អកហើយព្រូសឈាមចេញមកយ៉ាងច្រើន ឈាមរបស់ទ្រង់អណ្ដែតត្រាពេញតែខ្សែទឹកនៃទន្លេអានផៃ។

«បងជិតស្លាប់មែនទែនហើយ…អូន…ចាំបង…ចាំបងបន្តិចណា…ហ៊ឺហ៊ឺ»

ស្ដេចបិសាចនៅតែឱបរាងកាយតូចនោះមិនលែងទ្រង់ខ្លាចណាស់ ខ្លាចថាបើទ្រង់ព្រលែងដៃទៅរាងតូចនេះនឹងរលាយបាត់ពីផែនដីនេះជារៀងរហូតទៅ។

«តាឡុង…»

សំឡេងខ្សាវៗប្រហែលៗនៅជិតត្រចៀកធ្វើឱ្យស្ដេចបិសាចឈប់យំមួយភ្លេតដើម្បីឱ្យប្រាកដចិត្តថាទ្រង់មិនបានឆ្កួត គឺទ្រង់ពិតជាឮសំឡេងអ្នកដែលដេកស្លាប់មុននេះហៅទ្រង់ពិតមែន។

«បងឱបអូនណែនស្ទើរដាច់ខ្យល់ស្លាប់ហើយ»

ច្បាស់មែនទែនហើយម្ដងនេះ ស្ដេចបិសាចប្រាកដចិត្តថាទ្រង់មិនបានយំរហូតដល់ឆ្កួតទេ គឺអ្នកនៅក្នុងរង្វង់ដៃពិតជាហៅទ្រង់ពិតមែន។

តែហេតុអ្វីទៅ? ហេតុអ្វីក៏អ្នកដែលត្រូវព្រះឥន្ទបំផ្លាញដួងវិញ្ញាណហើយនោះបែរជាត្រឡប់មកមានជីវិតវិញបាន? តើមានអភូតហេតុអ្វីមែនទេ?

ទោះបីជាសំនួរនៅព្រោងព្រាតពេញក្បាលក៏ដោយ ក៏ពេលនេះស្ដេចបិសាចប្រញ៉ាប់ព្រលែងដៃពីរាងស្ដើងនេះហើយសម្លឹងមើលគេព្រមទាំងញញឹមទាំងទឹកភ្នែក៖

«សូមទោស» ថាហើយទ្រង់ក៏ស្រវាឱបគេជាប់ក្នុងទ្រូង

នេះមានរឿងអ្វីមែនទេ? ឬមួយក៏ទ្រង់កំពុងតែយល់សប្ដិទេ? ឬមួយក៏មានបិសាចឯណាកាឡាខ្លួនមកចូលក្នុងរាងកាយចាន់ៗរបស់ទ្រង់? ភ្លាមនោះសំឡេងធំមួយបន្លឺចេញពីក្រោមដីមក៖

«តាឡុង បើទោះបីជាទ្រង់បំផ្លាញឋាននរករបស់ទូលបង្គំខ្ទេចអស់ក៏ដោយ ក៏ទូលបង្គំមិនដាច់ចិត្តឃើញទ្រង់យំរហូតដល់ថ្នាក់ក្លាយជាបិសាចឆ្កួតដែរ ព្រលឹងលោកគ្រូចាន់នេះទូលបង្គំជូនជាអំណោយដល់ទ្រង់ចុះ»

វិញ្ញាណរបស់លោកគ្រូចាន់មិនបានត្រូវបំផ្លាយ? នេះមានន័យថាព្រះឥន្ទទ្រង់នៅមានចិត្តអាណិតដល់សិស្សរបស់ទ្រង់ដោយចង់ឱ្យឱកាសគេម្ដងទៀតមែនទេ?

«ទូលបង្គំថែមទាំងប្រគល់ការចងចាំឱ្យដល់អគ្គមហេសីទ្រង់ទៀតផង សង្ឃឹមថានៅថ្ងៃអនាគតទ្រង់មិនទៅប្រគល់វិញ្ញាណឱ្យទូលបង្គំទៀតទេណា»

សំឡេងដែលបន្លឺចេញពីក្រោមដីនោះធ្វើឱ្យស្ដេចបិសាចញញឹមតិចៗព្រមទាំងគិតនៅក្នុងចិត្តថា បើវាគង់តែប្រគល់វិញ្ញាណចាន់ៗឱ្យគេដដែលហេតុអីមិនប្រគល់យូណាស់? នេះទុកឱ្យគេយំដល់ក្អួតឈាមបានឱ្យវិញចំជាគ្មានសុជីវធម៌មែន។

«អូនចាំបានវិញហើយមែនទេ? »

ស្ដេចបិសាចសួរទៅកាន់អ្នកដែលអង្គុយទល់មុខទាំងក្រសោបដៃស្អាតៗនោះតិចៗផង តែទ្រង់នៅតែមិនហ៊ានសម្លឹងមុខរបស់លោកគ្រូចាន់ចំដដែល។

«នៅទេ»

ចម្លើយដែលទទួលបានធ្វើឱ្យស្ដេចបិសាចងើបមុខសម្លឹងមុខលោកគ្រូចាន់ខ្វាច់ ទ្រង់ញញឹមចុងមាត់ហើយក៏ងើបឈរឡើងចាប់បីលោកគ្រូចាន់ដើរចេញទៅ។

«ទៅណា?»

អ្នកដែលត្រូវបីសួរទាំងមិនសូវយល់និងធ្វើភ្នែកម៉ង់ៗសម្លឹងមើលមុខតាឡុងដែលកំពុងបីខ្លួនដោយសភាពអង់អាចទាំងដែលទ្រង់ទើបតែក្អួតឈាមមុននេះសោះ។ ស្ដេចបិសាចឈប់ដើរបន្តិចហើយទ្រង់អោនមុខមកជិតអ្នកដែលទ្រង់កំពុងឱបក្រសោប យកច្រមុះទៅជល់នឹងច្រមុះតូចស្អាតនោះតិចៗទើបនិយាយ៖

«ទៅរម្លឹកការចងចាំ»