នៅក្នុងក្រុង សេអ៊ូល ប្រទេសកូរ៉េ គឺធំល្វឹងល្វើយខ្លាំងណាស់ ប៉ុន្តែវាប្រែជាតូចចង្អៀតសម្រាប់អ្នកនិពន្ធដែលត្រូវការភាពស្ងប់ស្ងាត់ វានឹងក្លាយជារញ៉េរញ៉ៃរំខានសតិខ្លាំងបំផុត។
ឡានក្រុងដឹកអ្នកដំណើរពី សេអ៊ូល ទៅកាន់ ប៊ូសាន កំពុងតែរត់នៅលើផ្លូវថ្នល់កៅស៊ូរលោងស្អាតយ៉ាងលឿន ក្នុងអាកាសធាតុក្ដៅនារដូវក្ដៅ ក្នុងប្រទេសកូរ៉េ ។ វ៉ាអាន គេជាអ្នកនិពន្ធសៀវភៅប្រលោមលោកល្បីបំផុតប្រចាំឆ្នាំ ដែលទើបនឹងប្រឡងបានពានមាសពីកម្មវិធីប្រឡងក្នុងប្រទេស ហើយក៏កំពុងតែតែងនិពន្ធត្រៀមស្នាដៃទៅប្រកួតបន្តទៅប្រទេសចិន ប៉ុន្តែគេត្រូវរំខានដោយភាពអ៊ូអរដែលនៅជុំវិញខ្លួនកាលនៅក្រុង សេអ៊ូល ទើបសម្រេចចិត្តផ្លាស់ប្តូរលំនៅដ្ឋានមករស់នៅ ប៊ូសាន វិញដើម្បីរកភាពស្ងប់ស្ងាត់ឱ្យខួរក្បាល តាក់តែងនិពន្ធប្រលោមលោកឱ្យបានល្អបំផុត។
_ ផ្ទះជួលក្នុងតំបន់ស្ងាត់មួយ វ៉ាអាន លើកវ៉ាលីចុះពីលើឡានក្រុងភ្លាម ស្រាប់តែមានកែវភ្នែកជាច្រើនគូរសម្លឹងមើលទៅមុខមាត់ រូបរាង របស់គេព្រោះតែរូបរាងសង្ហារកំពុងស្ពាយកាបូបមួយនៅនឹងដៃផងនោះ មើលទៅឡូយសង្ហារមិនសមជាអ្នកនិពន្ធនោះទេ សមជាតារាច្រើនជាង។ វ៉ាអាន មិនបានខ្វល់ខ្វាយនឹងភ្នែកញាតិជិតខាងសម្លឹងមើលមកគេនោះឡើយ ព្រោះគេកំពុងតែជក់ចិត្តសម្លឹងមើលផ្ទះជួលដែលខ្លួនបានឃើញតាមប្រព័ន្ធផ្សព្វផ្សាយសង្គម គឺមានភាពស្ងប់ស្ងាត់ណាស់ តែពេលបានមកឃើញពិត គឺរឹតតែស្ងាត់ថែមមួយកម្រិតទៀត។
ក្រាក វ៉ាអាន បើកទ្វាររបងចូលទៅក្នុងផ្ទះតូចល្មមនោះ ដែលវាមានពីរជាន់ ហើយបន្ទប់សម្រាកប្រហែលជានៅជាន់ខាងលើ គេចាប់សម្លឹងមើលជុំវិញផ្ទះដោយកែវភ្នែកទាំងគូរយ៉ាងយកចិត្តទុកដាក់ ជើងមាំៗឈានជំហានមួយៗតិចៗ ហាក់ដូចជាមានអារម្មណ៍ញញើតនឹងបរិយាកាសស្ងាត់ចម្លែកខ្លាំងពេក។ “ហ្អា…ស្ងាត់មែន ស្ងាត់ឡើងព្រឺសម្បុរ” វ៉ាអាន រអ៊ូរង៉ូវតែម្នាក់ឯងជាមួយនឹងភាពស្ងប់ស្ងាត់តាមបរិវេណផ្ទះ។ នាយសង្ហារបន្តចូលទៅក្នុងផ្ទះទៀត ពេលចូលទៅដល់សភាពក្នុងផ្ទះក៏ល្អរៀបរយ មិនរញ៉េរញ៉ៃនិងស្អាតគ្មានសូម្បីតែធូលីដីឱ្យឆួលក្លិន។
“ស្ងប់ក្រៅស្អាតក្នុង ជាឋានសួគ៌របស់អ្នកនិពន្ធពិតមែនហើយ” វ៉ាអាន ញញឹមសប្បាយចិត្តជាមួយនឹងអ្វីដែលគេបានចួបនៅក្នុងថ្ងៃនេះ គឺភាពស្ងប់ស្ងាត់ បរិវេណផ្ទះដែលមិនអ៊ូអរ ជាពិសេសគឺខាងក្នុងផ្ទះស្អាតមានផាសុកភាព ដែលផ្ដល់ផលល្អដល់សុខភាពនឹងការងាររបស់គេ។
ម៉ោង១២យប់
វ៉ាអាន ស្លៀកកន្សែងប្របេះៗដើរចេញពីក្នុងបន្ទប់ទឹក ទាំងដៃកំពុងតែជូតសក់សើមៗឱ្យស្ងួត។ វ៉ាអាន មានទម្លាប់គេងពីក្បាលព្រលប់ ហើយក្រោកឡើងងូតទឹកនៅម៉ោង១២យប់រាល់ថ្ងៃ ព្រោះដើម្បីយកពេលវេលាស្ងាត់និពន្ធបញ្ចូលអារម្មណ៍ឱ្យបានល្អ ជាមួយនឹងសាច់រឿងរបស់គេ។
វ៉ូស វ៉ូស វ៉ូ…
សំឡេងឆ្កែលូបន្លឺឡើងគ្រលួច ស្ដាប់ហើយព្រឺរោមខ្ញាកៗ គេមានអារម្មណ៍ថាផ្អើលស្រៀវឆ្អឹងខ្នងតែម្ដង ដោយសារកាលនៅ សេអ៊ូល មិនដែលបានឮនោះទេ។
“អាឆ្កែចម្កួត លូធ្វើអីកណ្ដាលយប់អ៊ីចឹង?” នាយសង្ហារជេរឆ្កែតិចៗម្នាក់ឯងក្នុងបន្ទប់ស្ងាត់ជ្រងំគ្មានសំឡេងរំខានអ្វីទាំងអស់។ វ៉ាអាន ទាញអាវយឺតពណ៌សមួយនឹងខោជើងខ្លីយកមកស្លៀកពាក់ បន្ទាប់មកក៏អង្គុយចុះលើកៅអីលើកប៊ិកលើកសៀវភៅមក ហើយដកដង្ហើមប្រមូលសមាធិនិពន្ធរឿងប្រលោមលោក ដើម្បីការប្រកួតដែលជិតនឹងមកដល់នាពេលខាងមុខ។ សំឡេងឆ្កែលូបានស្ងាត់ទោះបីជាម៉ោងមិនទាន់ផុត១២ក៏ដោយ ធ្វើឱ្យនាយសង្ហារញញឹមជាប់ដោយអារម្មណ៍ស្រស់ថ្លា នឹងគិតចេញសាច់រឿងមកយ៉ាងច្រើនមិនគួរឱ្យជឿ ប៉ុន្តែនៅពេលកំពុងតែសរសេរៗបានបន្តិច ក៏មានសំឡេងក្មេងស្រីយំល្ហៀងៗកាត់តាមប្រឡោះណាមកក៏មិនដឹងចូលក្នុងត្រចៀកគេ…
“ហិហិហី…ហិហិហី…”
ងឺត…ង៉ត…ងឺត…ង៉ត…
មានទាំងសំឡេងក្មេងស្រីយំ មានទាំងសំឡេងកៅអីងឺតង៉តៗស្ដាប់ហើយព្រឺរោមខ្ញាកៗម្ដងទៀត ធ្វើឱ្យអារម្មណ៍ដែលល្អៗដើម្បីតែងនិពន្ធត្រូវរត់ចេញពីខ្លួននាយកំលោះបាត់អស់ នាយសង្ហារទម្លាក់ប៊ិកទម្លាក់សៀវភៅចុះក្រោកឈរបិទភ្លើងអំពូលធំដែលភ្លឺចាចនោះឱ្យងងឹត ហើយបើកកូនអំពូលតូចក្បែរក្បាលដំណេកវិញ គេឈប់និពន្ធអីទៀតហើយចូលដេកវិញល្អជាង តែមិនទាន់អាចដេកបានទេ ព្រោះបង្អួចនៅបើកចំហរ ទើបគេត្រូវដើរលបៗទៅបិទបង្អួចសិន។ វ៉ាអាន ឈានជើងលើរនាបក្ដារយឺតៗហាក់ដូចជាខ្លាចមិនហ៊ានចូលក្បែរបង្អួចសោះ ទោះបីជាពេលនេះគេធំពេញវ័យតែគេក៏ខ្លាចខ្មោចដែរ។ រនាបឮសំឡេង
ង៉តៗ…
តាមជំហានជើងដើរយឺតៗរបស់គេ នាយដកដង្ហើមញាប់ៗលេបទឹកមាត់ក្អឹកៗ កែវភ្នែកក្រឡេកក្រឡាប់ ហាក់ដូចជាសង្កេតមើលជុំវិញដោយប្រុងប្រយ័ត្នជាទីបំផុតមុននឹងលូកដៃទៅដល់បង្អួចរួចទាញបិទ។
ក្រឹប
“ហូ…” នាយបន្ធូរខ្យល់ចេញពីក្នុងពោះមកក្រៅវិញឱ្យបានធូរស្រាលបន្តិច មុននេះខំប្រឹងទប់សឹងតែណែនទ្រូងស្លាប់ទៅហើយ។ បិទបង្អួចរួចហើយក៏បែរខ្នងដើរមករកគ្រែវិញដើម្បីដេកតែ…
តុ តុ តុ
សំឡេងគោះទ្វារពីក្រៅបន្ទប់មក ធ្វើឱ្យគេត្រូវបើកភ្នែកធំៗឈរស្រឡាំងកាំងមិនកម្រើក ទ្វារបន្ទប់មានអ្នកគោះ ទាំងដែលបន្ទប់នៅជាន់លើ ហេតុអ្វីទ្វាររបងគ្មានអ្នកចុចកណ្ដឹង? យប់ម៉ោង១២ហើយអ្នកណាមករកគេ? គេទើបតែផ្លាស់មកនៅតើអ្នកណាចង់ចួបទាំងកណ្តាលយប់?
រវល់តែគិតច្រើនមិនបើកទ្វារ សំឡេងគោះក៏ឮជាថ្មីម្ដងទៀត។
តុ តុ តុ
នាយសង្ហារខំប្រឹងដើរទាំងប្រមូលអារម្មណ៍ឱ្យមូលសារជាថ្មីដើម្បីបើកទ្វារ គេក៏ចង់ដឹងដែរថាអ្នកគោះទ្វារបន្ទប់ទាំងកណ្តាលយប់នេះជាអ្នកណា។
ក្រាក…
ទ្វារបន្ទប់របស់ វ៉ាអាន បានបើកគេក៏បានឃើញតាចាស់ម្នាក់មុខមាត់ស្លេកស្លាំងដូចជាគ្មានឈាម សាច់ឡើងជ្រីវជ្រួញអស់ កំពុងតែឈរហុចប៊ិកមួយដើមឱ្យគេ។
“លោកតាជាអ្នកណា?” នាយកំលោះមិនទាន់ទទួលប៊ិកទេតែសួរនាំគាត់សិន គេរកតែគិតក៏មិនចេញថាមនុស្សចាស់របៀបនេះចូលមកដល់ក្នុងផ្ទះរបស់គេដោយរបៀបណា បើមិនចុចកណ្ដឹងផ្ទះផង ហើយបើអ៊ីចឹងគាត់ផ្លោះរបងឬ?តើអាចទៅរួចដែរទេ?
“ខ្ញុំ…ជា…អ្នក…ជិត…ខាង” គាត់និយាយបង្អូសសំឡេងវែងៗស្រាលៗ បែកខ្ទរៗ ស្ដាប់ហើយចង់ព្រឺសម្បុរខ្ញាកៗ។
“ហើយលោកតាចូលមកផ្ទះខ្ញុំតាមណា ម៉េចក៏គ្មានសំឡេងកណ្តឹងផ្ទះរោទ៍ លោកតាជាចោរទេដឹង??” វ៉ាអាន ចាប់ផ្តើមលែងខ្លាចទៅជាក្ដៅក្រហាយទើបសម្លុតសួរនាំគាត់ គេក៏មិនចូលចិត្តមនុស្សណាលួចចូលផ្ទះគេដោយគ្មានការអនុញ្ញាតនោះដែរ ទោះបីជាចាស់តែបើធ្វើបែបនេះក៏មិនទុកដែរ។
“កុំ…សួរ…យកប៊ិកនេះទៅ…” គាត់មិនឆ្លើយតបតែហុចប៊ិកនោះមកទៀត ទើបនាយកំលោះប្រុងវាសចោលតែចៃដន្យវាក៏ជ្រុះក្ដុកទៅលើឥដ្ឋមុន ទើបធ្វើឱ្យគេត្រូវតាមមើលបន្តិច ពេលងាកមកវិញក៏បាត់លោកតានោះទៅហើយ។
“បាត់ទៅណាហើយអ៊ីចេះ?” នាយខំប្រឹងសម្លឹងតាមរកតាចាស់ម្នាក់នោះតែរកមិនឃើញ បែរជាមកឮសំឡេងចម្លែកវិញ។
ហិ ហិ ហិ
សំឡេងក្មេងស្រីសើចបែបគួរឱ្យខ្លាចញញើត បណ្ដាលឱ្យគេខ្លាចរអាខ្លាំងណាស់ ក៏ឆាប់បិទទ្វារវិញចូលដេកតែម្ដង។
យប់ម៉ោង១២រាត្រីទី២
វ៉ាអាន កំពុងតែឈ្ងោកសរសេរប្រលោមលោកយ៉ាងយកចិត្តទុកដាក់ គេកំពុងតែមានអារម្មណ៍ល្អផង ស្រាប់តែមានសំឡេងគោះទ្វារទៀតហើយ។
តុ តុ
“ម៉ោង ១២!!” មុនពេលទៅបើកទ្វារអ្នកកំលោះមើលម៉ោងសិន ក៏ឃើញថាម៉ោង ១២ ទៀតហើយ។
តុ តុ
សំឡេងគោះទ្វារឮម្ដងទៀតដដែល ធ្វើឱ្យគេក៏តាំងចិត្តតាំងអារម្មណ៍ក្រោកឡើង ដើរទៅក្បែរទ្វារមុននឹងនិយាយ។
“អ្នកណាហ្នឹង?” គេមិនស្រួលអារម្មណ៍សោះ រាងកាយដូចជាត្រជាក់ស្រេងតែម្តង ហើយក៏កាន់តែត្រជាក់ខ្លាំងលើសដើមពេលឮចម្លើយអ្នកម្ខាងទៀតតប។
“ខ្ញុំយកប៊ិកមកឱ្យ” លោកតានោះមិនត្រឹមតែនិយាយទេ គាត់ក៏បានបើកទ្វារបង្ហាញរូបរាងពេលនិយាយចប់ផងដែរ។
ក្រាក…
“ប៊ិក!!” គាត់ហុចប៊ិកឱ្យគេ ប៉ុន្តែគេមិនទទួលឡើយ គេក៏បានស្ដីឱ្យគាត់វិញ។
“លោកតាចូលក្នុងផ្ទះខ្ញុំតាមណា?អ្នកណាអនុញ្ញាត…ខ្ញុំប្ដឹងប៉ូលិសសិន” គេមិនលេងសើចទេ គាត់ចូលមកពីរដងហើយ ប្រាកដជាបំណងមិនល្អទេ ទើបគេក៏ងាកខ្លួនទៅរកទូរសព្ទដើម្បីប្ដឹង តែគ្រាន់តែងាកមុខមួយពព្រិចភ្នែកប៉ុណ្ណោះ ពេលបែរមកវិញបាត់គាត់ទៀតហើយ។
“លោកតា!” គេឆ្ងល់ណាស់បាត់លឿនម្លេះ?គេមិនយល់សោះ គាត់ដូចជាខ្មោចមិនមែនមនុស្សយ៉ាងអ៊ីចឹង។
“ហ្អើយ…ខាតពេល” គេខ្ជិលគិតច្រើននាំតែខ្លាចអត់ប្រយោជន៍ បើខ្មោចមែនប្រហែលជាមិនរត់ទេ ទាល់តែជាចោរបានរត់ ព្រោះខ្លាចគេប្ដឹងនោះអី។
ផឹប
“ហ្អើយ…” អ្នកនិពន្ធកំលោះអង្គុយលើកៅអីតែងនិពន្ធរបស់ខ្លួនវិញ ដើម្បីនិពន្ធដូចរាល់ដងដែលធ្លាប់ធ្វើ នឹងប្រើប្រាស់ប៊ិកដដែលផងដែរ ប៉ុន្តែរំពេចនោះស្រាប់តែ…
“ហិហិ…” សំឡេងក្មេងស្រីយំ យំយ៉ាងកម្សត់ ឆ្លងចេញមកពីក្រៅបង្អួច។
“ក្មេង…យំ??” គេតាំងសតិឡើង រួចព្យាយាមបើកបង្អួចដើម្បីរកមើលម្ចាស់សំឡេង។
ក្រាក…
ស្ងាត់គ្មានសំឡេងមនុស្សអីទាំងអស់ គ្រប់យ៉ាងគឺស្ងាត់បែបជាពេលរាត្រី ប៉ុន្តែភ្លាមនោះពេលគេងាកមើលនាឡិកា ក៏បានឃើញថាវាដើរដល់ម៉ោង ១ ផុតម៉ោង ១២ ហើយ ធ្វើឱ្យគេក៏ត្រូវប្រញាប់អង្គុយនិពន្ធវិញ ខ្លាចហួសម៉ោងខាតពេលវេលាទទេ តែចៃដន្យអីគេស្រវ៉ាប៊ិកខ្លួនឯងខុស ទៅទាញបានប៊ិកដែលលោកតានោះឱ្យ ពេលយកមកសរសេរ ប៊ិកនោះក៏ស្រាប់តែហូរចេញមកសុទ្ធតែឈាម។
“ហ៊ើយ…”
ក្ដុក
គេបោះប៊ិកនោះចោលទៅលើក្ដារព្រោះតែខ្លាច ប៉ុន្តែពេលប៊ិកធ្លាក់ដល់ក្ដារវាក៏ក្លាយទៅជាប៊ិកធម្មតាមួយទៅវិញ ធ្វើឱ្យគេដកដង្ហើមបន្ធូរអារម្មណ៍ ព្រោះនឹកគិតថាខ្លួនស្រវាំងភ្នែកប៉ុណ្ណោះ។
“ពុទ្ធោអើយ…” ទីបំផុតអារម្មណ៍និពន្ធក៏អស់ មានតែត្រូវចូលដេកទៀតហើយ។
ម៉ោង ១២ យប់រាត្រីទី៣
រាត្រីយប់ជ្រៅម៉ោង ១២ សម្រាប់អ្នកដទៃគឺគេខ្លាចណាស់ នាំគ្នាចូលគេងស្ងាត់ជ្រងំ ខុសប្លែកតែអ្នកនិពន្ធដូចជា វ៉ាអាន ដែលកំពុងតែអង្គុយនិពន្ធងុកៗម្នាក់ឯង។
ក្ដុក
សំឡេងប៊ិកជ្រុះទៅលើរនាបផ្ទះមួយនេះ នាំឱ្យអ្នកនិពន្ធដែលកំពុងតែសរសេរនោះ ត្រូវងាកមុខមកតាមមើល ក៏ប្រទះឃើញថាវាជ្រុះក្បែរជើង ទើបប្រញាប់ចូលទៅរើសវាយកមក ប៉ុន្តែមិនទាន់បានលូកដៃទៅដល់ផង ប៊ិកនោះក៏បាត់ស្រមោលឈឹង។
“អេហ៍…មុននេះឃើញនៅត្រង់នេះសោះ” គេចាប់ផ្ដើមស្លេកមុខពេលបាត់ប៊ិក ប៉ុន្តែមិនមែនខ្លាចគ្មានអីសរសេរនោះទេ ព្រោះថាប៊ិកនេះជាប៊ិកចម្លែក ប៊ិកដែលលោកតានោះយកមកឱ្យ បើសិនជាវាចេះបាត់ខ្លួនបែបនេះ គេខ្លាចថាវាជារបស់ជាប់អាថ៍កំបាំង។
ឈឹប
កំពុងតែបាត់ប៊ិកផង ភ័យផង ស្រាប់តែភ្លើងក្នុងបន្ទប់រលត់ទៀត មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមានសំឡេងលោកតាម្នាក់ស្រែកឡើងខ្ទរពេញត្រចៀករបស់គេទៀតផង។
“ជួយផង…ជួយផង…” សំឡេងចាស់រញ័រ បែកខ្ទរសាយៗគួរឱ្យខ្លាច ផ្សុំជាមួយភាពងងឹតទៀត ធ្វើឱ្យអ្នកស្ដាប់ខ្លាចឡើងទាល់តែត្រូវលើកដៃខ្ទប់ត្រចៀក។
“ទេ…ខ្ញុំមិនឮអីទាំងអស់!!”
“ហិហិ…” ផុតពីសំឡេងតាចាស់ ក៏មានសំឡេងក្មេងស្រីម្នាក់ឮចេញមក ធ្វើឱ្យអ្នកស្ដាប់កាន់តែខ្លាច និងរហ័សបើកទ្វារបង្អួចខ្លួនចំហរ ព្រោះចង់ស្រែកឱ្យគេជួយ ប៉ុន្តែពេលបើកទ្វារបង្អួចនោះភ្លាម អ្វីដែលគេបានចួបប្រទះគឺលោកតាម្នាក់នោះ។
“ហ៊ើយ…” អ្នកកំលោះស្រែកអស់សំឡេង ថយខ្លួនចេញទៅឆ្ងាយពីបង្អួច ព្រោះពេលនេះលែងជាបង្អួចហើយ ប៉ុន្តែក្លាយជានៅក្នុងបរិវេណបន្ទប់មួយទៀតទៅវិញ បន្ទប់ដែលពោរពេញទៅដោយឈាម និងមានក្លិនស្អុយឆួលមកដូចជាសាកសព។
“ឯង…ជួយផង…” លោកតាម្នាក់នោះដដែលគាត់បង្ហាញរូបរាងឱ្យគេឃើញ ប៉ុន្តែអ្វីដែលខុសប្រក្រតីនោះគឺមុខមាត់គាត់។ ពេលនេះលែងស្អាតដូចមនុស្សហើយ គឺកំពុងតែប្រឡាក់ពោរពេញទៅដោយឈាម ជោកជាំទៅដោយស្នាមចាក់ទម្លុះស្បែកគួរឱ្យខ្លាចញញើត។
“ចេញទៅ…” វ៉ាអាន លើកដៃបិទភ្នែកដេញលោកតានោះចេញ ស្របពេលគាត់លោមុខប្រឡាក់ឈាមរបស់គាត់ទៅក្បែរគេ ល្មមពេលនាឡិកាលោតផុតម៉ោង ១២។
តឹង
នាឡិកាលោតម៉ោង ១ ត្រឹម ភ្លើងក៏ភ្លឺឡើងមកវិញ លោកតានោះក៏បាត់ ប៉ុន្តែអ្នកដែលកំពុងតែខ្លាចនោះ ពេលនេះនៅមិនទាន់បើកភ្នែកនៅឡើយទេ។ ទាល់តែគេមានអារម្មណ៍ដឹងទៅដល់ពន្លឺភ្លើងក្នុងបន្ទប់ ទើបគេបើកភ្នែកឡើងមកវិញ ហើយក៏ប្រញាប់ប្រញាល់ឡើងដេកសូត្រធម៌ព្រះគម្ពីរ ដើម្បីដេញអារម្មណ៍ខ្លាចចេញពីខ្លួន គេមិនដឹងទេថាគាត់ជាអ្វីឱ្យប្រាកដ ប៉ុន្តែពេលនេះច្បាស់ហើយ គាត់គឺជាខ្មោច។
ភ្លឺឡើង
សំឡេងចេចចាចៗរបស់មនុស្សម្នានៅខាងក្រៅធ្វើឱ្យអ្នកនិពន្ធប្រលោមលោកកំលោះត្រូវភ្ញាក់ឡើង។ នាយសង្ហារឆាប់ចេញទៅក្រៅដើម្បីចង់ដឹងថាមនុស្សម្នានៅតំបន់នេះពួកគេយ៉ាងម៉េចខ្លះ យប់មិញក៏មានលោកតាចាស់ម្នាក់ចូលទៅគោះទ្វារបន្ទប់ទាំងកណ្តាលយប់ម៉ោង១២ ហើយព្រឹកឡើងក៏ចេចចាចៗទាំងព្រឹកទៀតមើលទៅមិនមែនស្ងប់ស្ងាត់ដូចដែលគិតទុកនោះទេ។
ពេលបើកទ្វារចេញមកក៏ត្រូវស្រឡាំងគាំងជាមួយនឹងអ្វីដែលបានឃើញ នោះគឺស្នាមឈាមប្រឡាក់ពេញផ្លូវដើរចូលផ្ទះ តាំងពីមុខបន្ទប់ កាំជណ្ដើរដើរឡើង រហូតចេញទៅដល់ថ្នល់ក្រៅមុខផ្ទះ។ ស្នាមនោះដានធំដូចមានមនុស្សអូសសាកសពដែលប្រឡាក់ស្រោចឈាមពេញខ្លួនចេញពីក្នុងផ្ទះរបស់គេមកខាងក្រៅ ឬក៏ចេញពីក្រៅចូលទៅក្នុងផ្ទះរបស់គេ ធ្វើឱ្យគេតាមសម្លឹងមើលនឹងដើរតាមតាំងពីមុខបន្ទប់មករហូតដល់មុខផ្ទះបោះបង់ចោលមួយ ស្នាមនោះក៏កាច់ចូលទៅក្នុងបរិវេណផ្ទះនោះ។ មនុស្សម្នាគ្រប់គ្នាគ្មានអ្នកណានិយាយស្ដីអ្វីទាំងអស់ ក្រោយពីជជែកគ្នាទាល់តែម្ចាស់គេភ្ញាក់ដឹងខ្លួនចុះមកហើយ ពួកគាត់ក៏បំបែកគ្នាចូលផ្ទះរៀងៗខ្លួន មិនសូម្បីតែបើកបង្អួចឱ្យចំហរផង។
នាយសង្ហារនៅឈរធ្មឹងសម្លឹងមើលដានឈាមមួយនោះនៅមុខផ្ទះបោះបង់ចោលនោះ គេខ្លាចតែចង់ដឹង គេចង់ដឹងថាតាចាស់យប់មិញនេះជាអ្នកណា?មកពីណា? ហើយដានឈាមនោះកើតឡើងបានយ៉ាងម៉េច ហេតុអ្វីយប់មិញនេះគេមើលមិនឃើញ? គិតហើយក៏ស្រាយរបងផ្ទះបោះបង់ចោលនោះចេញ នឹងឈានជើងដើរចូលទៅក្នុងបរិវេណផ្ទះនោះ។
ស្របពេលកំពុងតែឱបភាពភ័យខ្លាចដើរចូលទៅក្នុងផ្ទះអាថ៍កំបាំងមួយនោះ មេឃពេលព្រឹកដែលមិនទាន់មានថ្ងៃរះច្បាស់ ក៏ក្លាយទៅជាងងឹតចង់ភ្លៀងវិញ ផ្គរលាន់ឮរំពង ព្រមជាមួយខ្យល់បក់ប៉ើងស្លឹកឈើងាប់ហោះកាត់មុខគេរាយប៉ាយ ផ្លេកបន្ទោរឆាច់ៗ គួរឱ្យខ្លាចរអា ប៉ុន្តែដោយការចង់ដឹង គេក៏នៅតែដើរចូលមិនឈប់ ទាល់តែផុតទ្វាររបងហើយរបងក៏បិទខ្លួនឯង÷
ក្រិប…
នាយសង្ហារនៅតែខ្លាចតែក៏នៅតែចង់ដឹង គេសង្ស័យស្នាមឈាមនោះ គេចង់ដឹងរាល់អាថ៌កំបាំងទាំងអស់ដែលបានកើតឡើងមកលើគេ គេចង់ដឹងឱ្យបានពិតមែនថាអ្នកណាធ្វើឱ្យមានឈាមនោះ ហើយប្រាកដជាមានទាក់ទងជាមួយនឹងផ្ទះមួយនេះមិនខាន ដូច្នេះត្រូវតែចូលទៅមើល។
ក្រាក…
ទ្វារផ្ទះត្រូវបានបើកឡើងស្របពេលជើងមាំៗដើរចូលទៅមិនឈប់ កែវភ្នែកក៏សម្លឹងមើលសភាពរបស់ផ្ទះ។ ផ្ទះនេះធំល្មមប៉ុនផ្ទះរបស់គេដែរ តែពីងពាងរុំពេញ សភាពក្នុងផ្ទះនៅល្អ គ្រាន់តែឆួលក្លិនធូលីដី ចំណែកឯស្នាមឈាមក៏នៅតែមានដានអូសចេញក៏មិនដឹង ចូលក៏មិនដឹងតាំងពីមុខរហូតកាត់កាំជណ្តើរឡើងទៅលើ។
វ៉ូ…វ៉ូ…
ខ្យល់បក់នាំស្លឹកឈើងាប់ៗចូលមកក្នុងផ្ទះកាត់ស្នាមឈាមនោះ ព្រោះគេមិនបានបិទទ្វារ ធ្វើឱ្យចិត្តខ្លាចក៏កើតមានឡើងកាន់តែខ្លាំង គេមិនហ៊ានបន្តឡើងទៅលើទៀតនោះទេទើបសម្រេចចិត្តបកក្រោយមករកទ្វារវិញដើម្បីរត់ចេញក្រៅតែ…
ក្រិប…
ទ្វារផ្ទះបានបិទដោយខ្លួនឯងឃុំគេនៅក្នុងផ្ទះគេមិនឱ្យចេញបានស្របពេលសំឡេងក្មេងស្រីចម្លែកនោះក៏ចេញមកជាថ្មី តែលើកនេះគឺឮខ្ទរពេញផ្ទះតែម្ដងមិនមែនល្វើយៗដូចដែលគេស្ដាប់ឮយប់មិញទេ។
“ហិ ហិ ហាសហា…ហ៊ឺ…”
សំឡេងក្មេងស្រីគួរឱ្យខ្លាចលាន់ឮចេញមកពីជាន់ខាងលើ ល្មមនឹងអាចឱ្យ វ៉ាអាន ប្រញាប់ប្រញាល់រកផ្លូវរត់គេចឱ្យកាន់តែឆាប់បំផុត។ នាយសង្ហារខំប្រឹងព្យាយាមរត់ទៅរកទ្វារចូលខាងក្រោយទាំងត្រហេបត្រហប ប៉ុន្តែរំពេចនោះស្រាប់តែមានគ្រាប់ភ្នែកជ្រុះក្ដុកៗសុទ្ធតែឈាមក្រហមរងាលពីពិដានផ្ទះមកលើគេ។
“ហ៎ា…ហា៎…” វ៉ាអាន ស្រែកដោយភាពភ័យខ្លាចនឹងរត់ទៅគោះទ្វារក្រោយនោះផាំងៗ។
ផាំងៗ…
“របើកទៅខ្ញុំសូមអង្វរ…” វ៉ាអាន គោះទ្វារនោះយ៉ាងខ្លាំង ខ្លាំងរហូតទាល់តែឈឺដៃក៏ឈប់គោះ ស្របពេលគេនៅស្ងៀមក៏មានសំឡេងមួយល្វើយៗចេញពីក្រោយខ្នងនាយមក។
“ជួយ…ផង…” តាចាស់មុខមាត់មានដង្កូវចោះធ្លុះគ្រាប់ភ្នែកចេញឈាមហូររហាម ស្រែកល្វើយៗមករកគេ នឹងព្យាយាមដើរយឺតៗចូលមកទៀតធ្វើឱ្យគេភ័យស្លន់ស្លោរត់ឡើងជណ្ដើរឡើងទៅជាន់ខាងលើផ្ទះ។
ពេលមកដល់ជាន់ខាងលើហើយគ្រប់យ៉ាងស្រាប់តែងងឹតស្លុង មានតែពន្លឺប្រឹមៗចេញពីបន្ទប់មួយមក។ វ៉ាអាន ខ្លាចតែចង់ដឹងក៏ដើរមួយៗទៅរកបន្ទប់នោះ ហើយដាក់ត្រចៀកផ្ទៀងស្ដាប់សំឡេងដែលឮចេញមកពីក្នុងបន្ទប់នោះ។
“ហ៊ឺ…ហ៊ឺ…” សំឡេងក្មេងស្រីយំលាន់ល្វើយៗមកពីខាងក្នុង បង្កើតការសង្ស័យយ៉ាងខ្លាំង ទើបធ្វើឱ្យនាយកំលោះព្យាយាមបើកទ្វារបន្ទប់នោះដើម្បីចូលទៅមើលខាងក្នុង ចង់ដឹងថាម្ចាស់សំឡេងនោះជាខ្មោចឬជាមនុស្ស។
ក្រាក…
ទ្វារបន្ទប់នោះត្រូវបានបើក បង្ហាញឱ្យឃើញរូបរាងក្មេងស្រីម្នាក់អាយុប្រមាណជាជាង 16 ឆ្នាំកំពុងតែអង្គុយយំឱបសាកសពលោកតារបស់នាង។ ក្លិនស្អុយឆួលច្រមុះដោយសារសាកសពនោះស្អុយរលួយមើលមិនយល់ ប៉ុន្តែនាងនៅតែអាចឱបបាន ប្រហែលជានាងមានបញ្ហាសតិហើយ។
ឡានប៉ូលិសជិះមកចតនៅមុខផ្ទះបោះបង់មួយនោះ ស្របពេលមានប៉ូលិសខ្លះនៅសួរនាំចម្លើយពី វ៉ាអាន ហើយខ្លះទៀតក៏ចូលទៅខ្ចប់សពរបស់លោកតាម្នាក់នោះយកទៅធ្វើកោសល្យវិច្ច័យ រីឯនាងតូចម្នាក់នោះត្រូវបានពេទ្យលួងលោមហើយបណ្ដើរឱ្យទៅមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត។ មនុស្សម្នាជាច្រើនចូលមកចោមរោមមើលហេតុការណ៍នឹងអ្នកខ្លះទៀតផ្ដល់ព័ត៌មានបន្ថែមអំពីរឿងរ៉ាវតាមដែលពួកគាត់បានដឹង ព្រោះពួកគាត់រស់នៅទីនេះយូរហើយ ទើបរឿងក្ដីនេះក៏មានដំណើរដើមទងបានយ៉ាងរលូន។
<<ដំណើរដើមទងរបស់ក្ដី>>
“លោកតាពួកគេបោកប្រាស់ខ្ញុំ ហ៊ឺ…ហ៊ឺ…” សំឡេងក្មេងស្រីសិស្សសាលាត្អូញត្អែរប្រាប់លោកតាចំណាស់របស់នាង ទាំងទឹកភ្នែកហូររហាម នាងត្រូវបានសាលាបន្លំពិន្ទុសិស្សឆ្នើមដែលនឹងទទួលបានអាហារូបករណ៍ទៅរៀនបន្តទៅក្រៅប្រទេស។
“កុំយំអីចៅ កុំយំអី”
លោកតាចំណាស់ធ្វើអ្វីមិនបានក្រៅពីអង្អែលសក់ចៅស្រីថ្នមៗលួងលោមឱ្យនាងបាត់យំ ឈប់សោកស្ដាយចំពោះរឿងអយុត្តិធម៌មួយនេះ។ នាងតូចឮលោកតានិយាយបែបនេះក៏ស្រាប់តែខឹងភ្លាម÷
“លោកតាមិនយល់ទេ ហ៊ឹកៗ” នាងយំហើយរត់ទៅរកបន្ទប់របស់នាងនៅខាងលើវិញ ពេលចូលទៅដល់នាងក៏ចូលទៅសំងំយំតែម្នាក់ឯង។ លោកតាចំណាស់ព្យាយាមលួងលោមចៅស្រីគ្រប់វិធី ប៉ុន្តែសភាពរបស់នាងគួរឱ្យខ្លាចទៅៗ នាងចូលចិត្តយំស្រែកឮៗ ទាញប៊ិកទាញសៀវភៅមកសរសេរមកគូររូបផ្ដេសផ្ដាស ហើយមិនព្រមញ៉ាំបាយទឹកទាល់តែសោះ។
_ ១៥ថ្ងៃកន្លងផុតទៅ
នាងតូចកើតឆ្កួតក្នុងរយៈពេលដ៏ខ្លី ដោយសារសម្ពាធផ្លូវចិត្តនឹងការឈឺចាប់ដែលនាងទទួលបាន ក្រោយរងរឿងអយុត្តិធម៌មកពីសាលានោះ។ នាងបានមើលព័ត៌មានផ្សាយពីក្មេងម្នាក់ ដែលប្រើលុយសូកប៉ាន់គ្រូដើម្បីបន្លំពិន្ទុយកពានសិស្សឆ្នើម ដែលវាគួរតែជារបស់នាង ដោយសារតែទូរទស្សន៍ផ្សាយរាល់ថ្ងៃ ផ្សាយគ្រប់ប៉ុស្តិ៍ ផ្សាយគ្រប់ពេលវេលា ធ្វើឱ្យនាងឆ្កួតចិត្តយ៉ាងគួរឱ្យអាណិតបំផុត។ ថ្ងៃមួយលោកតារបស់នាងកាន់អាហារមួយថាស យកទៅឱ្យនាងនៅក្នុងបន្ទប់ ប៉ុន្តែគ្រាន់តែគាត់បើកទ្វារចូលទៅភ្លាមនាងក៏បញ្ចេញអាការៈចម្លែកដោយការភ័យខ្លាចយ៉ាងខ្លាំង គាត់ក៏ដាក់ថាសនោះទុកហើយបិទទ្វារសិន គួរឱ្យអាណោចអាធ័មនាងវង្វេងស្មារតីយកប៊ិកដែលមានចុងស្រួចចាក់ចំសៀតផ្ការបស់លោកតាទាល់តែធ្លុះបាញ់ឈាមឆ្វាចពេញបន្ទប់។
អា៎…ឌឹប
រាងកាយចំណាស់ដេកស្លាប់ក្នុងថ្លុកឈាមពេញខ្លួន រីឯនាងជាចៅស្រីដែលកើតឆ្កួតទៅហើយនោះ ក៏ចាប់អូសយកសាកសពលោកតាទៅធ្វើឱ្យដានឈាមពេញបន្ទប់របស់ខ្លួន។ នាងនៅចំណាំលោកតាទាំងខូចសតិ ទើបនៅអង្គុយយំឱបសាកសពលោកតាដែលនាងបានសម្លាប់ហើយយំរាល់ថ្ងៃ រាល់យប់ រហូតទាល់តែមាន វ៉ាអាន ចូលមកដល់។
ក្ដីត្រូវបានបញ្ចប់ដោយការព្យាបាលនាងឱ្យជាឡើងវិញ នឹងសើរើរឿងការបន្លំពិន្ទុរបស់សាលា ហើយចាប់គ្រូដែលធ្វើខុសវិន័យទាំងនោះដាក់គុកអស់។ រីឯ វ៉ាអាន ក៏ត្រឡប់មករស់នៅ សេអ៊ូល វិញ គេខ្លាចហើយភូមិឋានថ្មីក្រៅពីកន្លែងដែលធ្លាប់រស់នៅ គេស្បថបានថាឈប់ផ្លាស់លំនៅដោយមិនស៊ើបប្រវត្តិកន្លែងបែបនេះទៀតហើយ៕
ចប់