សូរិយារៀបអស្តង្គតទៅ ពន្លឺព្រិចៗក៏រសាយបាត់ទៅបន្តិចម្តងៗ ធ្វើឱ្យផ្ទៃវេហាងងឹតទៅម្តងបន្តិចៗ។ ពន្លឺព្រះចន្ទក៏រំលេចខ្លួនឡើង ភ្លឺចែងចាំងនាពេលរាត្រីក៏បំភ្លឺឡើង សំឡេងសត្វក៏រំពងឡើង ធ្វើឱ្យមនុស្ស ទាំងពួង ទន់ព្រះនេត្រាទោះបីចង់បើកក៏បើកមិនរួច កំហឹង អាម្មណ៍មួហ្មង សៅហ្មងទាំងឡាយក៏រលាយតាមព្រះវាយោ ។ ខ្យល់ត្រជាក់បក់ផាត់ប៉ះសាច់ធ្វើឱ្យត្រជាក់ស្រេប រហូតធ្វើឱ្យមនុស្សស្រីម្នាក់គេងលក់លង់ លក់រហូតដាស់មិនដឹងខ្លួន ?
ផាំងៗៗៗៗ! ! !
ម៉ោង១:១៣:00នាទីទាបភ្លឺ! ! ! (សំឡេងម៉ោងរោទ៍ឮទីងៗៗៗៗ)
ដៃធំៗជាមួយម្រាមដៃសុទ្ធតែស្នាម និងឈាមក្រហមក្រមៅ រីឯកែវភ្នែកពោលពេញដោយក្តីឈឺចាប់ និងទឹកភ្នែកហូរមកជាប់នឹងថ្ពាល់ ។ ដៃដ៏កម្សត់ទាំងគូរចាប់កាន់រូបថតនារីម្នាក់ ដែលនារីក្នុងរូបនេះចោមពុងនិងស្លៀកក្បិន ដៃម្ខាងកាន់ក្អមកៀកនឹងត្រកៀក ចំណែកដៃម្ខាងទៀតទ្របាតក្អម សក់រលោងរលាស់ ចំណែកឯកែវភ្នែកភ្លឺថ្លាដូចត្បូងពេជ្រ រន្ធប្រស្រីភ្នែកពណ៌ត្នោត….!
«លោកម្ចាស់ឃុន! ដល់ពេវេលាហើយទាន! »
«តោះទៅ » (សំឡេងខ្សាវៗចេញពីបបូរមាត់ដែលប្រេះហាក់ដូចមិនទាន់បានឆីទឹកពេញមួយថ្ងៃ និងនឿយហត់ដូចមិនទាន់បានឆីបាយនំចំណី)។
ពេលនោះមានអ្នកបម្រើស្រីបួនប្រាំអ្នកហែរអមពីក្រោយ ដោយដៃរបស់ពួកគេកាន់នូវគ្រឿងដង្វាយជាច្រើន ដែលមានដូចជា ភួងផ្កាម្លិះមួយភួង ទឹកមួយផ្តិល នំអន្សម ផ្លែឈើ និងឈាមស្រស់មួយផ្តិល។
លោកម្ចាស់ឃុនចាប់ផ្តើមលើកដៃស្តាំថ្មមៗចាប់បើកគន្លឹះសម្ងាត់មួយ រួចហើយទ្វាក៏ចាប់ផ្តើមបើក ពន្លឺភ្លឺទៀន គោម ចង្កៀង ក៏ចាប់ផ្តើមមានពន្លឺឡើង ភាយក្លិនផ្កាពិដោរសាយភាញពេញបន្ទប់ បើយើងក្រឡេកមើលពីចំហៀងឡើងលើយើងសង្កេតឃើញមានរចនាក្បាច់ក្បូរលើជញ្ជាំងដ៏ល្អប្រណិតកម្ររកបាន តែនៅកៀនជញ្ជាំងនោះមានឈើមួយធំល្មមរាងជ្រុង ដែលមានក្បាច់រចនាលាយឡំគ្នាជាមួយនឹងក្បាច់លោត ក្បាច់លាន …. ហើយកម្ពស់យើងនោះពុំសូវខ្ពស់ប៉ុន្មានប្រហែលមួយម៉ែត្រ រីឯបណ្តោយមានប្រវែង ពីរម៉ែត្រ ឈើទាំងអស់ត្រូវហ៊ុមព័ទ្ធជិត ដោយពីលើមានផ្កាជាច្រើនដាក់ពេញ។
មឈូស?
«ពួកឯងឆាប់នាំគ្នាក្រៀកយកអ្នកនាងតូចឯងមក”
លោកម្ចាស់ឃុននិយាយដោយដៃចង្អុលទៅម្ខាង។ អ្នកបម្រើប្រុសម្នាក់ចាប់ផ្តើមបើកគន្លឹះសម្ងាត់នោះមក មឈូសក៏បើកលោតចេញមកជាបន្ទះក្តាររាបស្មើលើដី ។ អ្នកបម្រើស្រីពីរអ្នកបានរៀបចំអាងងូតទឹកដែលធ្វើពីឈើខ្លឹមរួមជាមួយរចនាបទ ឆ្លាក់ ដាំ ដាប់ ជាច្រើន។ បន្ទាប់មកអ្នកបម្រើប្រុសពីរនាក់បានដងទឹកចាក់បំពេញអាង ។
«ឆាប់យកផ្កាម្លិះមកនិងទានមក!»
អ្នកបម្រើស្រីម្នាក់បានយកផ្កាម្លិះឱ្យលោកម្ចាស់ឃុន រួចលោកម្ចាស់ឃុនក៏ចាក់ផ្កាម្លិះចូលក្នុងទឹក រួចហើយឱ្យអ្នកបម្រើស្រីជួយអុជទានជុំវិញអាងទឹក។ ពេលនោះ លោកម្ចាស់ឃុនបានយកផ្តិលដែលធ្វើពីស្ពាន់មានក្បាច់ក្បូរយ៉ាងរចនាពិសិដ្ឋមកដងទឹករួចងូតឱ្យសាកសពនៅលើក្តារដែលសេកស្លាំងគ្មានឈាមមួយដំណក់ បន្ទាប់ពីសម្អាតខ្លួនប្រាណរួចហើយ ប្តូរសម្លៀកបំពាក់ឱ្យសាកសពទាំងនោះសមរម្យ ថែមទាំងនិយាយថា៖
«សំណែនមនុស្សស្រីក្រមុំម្ចាស់បងអាចរកឱ្យបានហើយ ចាំបន្តិចសិនទៅណាម្ចាស់ប្អូន»
ពេលនោះខ្ញុំឃើញគ្រប់រូបភាព រួចខ្ញុំបានយកដៃរបស់ខ្ញុំខ្ទប់មាត់ដើម្បីកុំឱ្យខ្លួនឯងស្រែក ស្រាប់តែពេលនោះជើងខ្ញុំថយថារត់ទៅបន្ទប់វិញ ស្រាប់តែជើងរបស់ខ្ញុំរត់ប៉ះនឹងចង្កៀងប្រេងកាតធ្លាក់បែក
«នរណា? នរណាគេនឹង? ពួកឯងឆាប់ទៅមើលទៅ»
សំឡេងលោកម្ចាស់ឃុនសង្កត់យ៉ាងខ្លាំងៗ។ ខ្ញុំភ័យណាស់ក៏ខ្លាចលោកម្ចាស់ឃើញ ព្រោះវាថ្ងៃធ្វើការទី១របស់ខ្ញុំផង ដោយសារឥទ្ធិពលនៃភាពភ័យខ្លាចខ្ញុំក៏រត់យ៉ាងលឿនដល់ក្នុងបន្ទប់ រួចយកភួយដណ្តប់ឡើងជិតក្បាល។
ខ្ញុំឈ្មោះ លីណា គឺ ឆន លីណា! ជានិសិ្សតដែលទើបចប់ខាងផ្នែករបាំប្រពៃណីនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប៉ុន្តែខ្ញុំមិនទាន់មានការងាធ្វើនៅឡើយទេ។ នេះមិនមែនជាសម័យអង្គរជាសម័យលង្វែកទេ វាជាសម័យបច្ចុប្បន្នហើយ។ ខ្ញុំជាអ្នកបម្រីថ្មីរបស់លោកម្ចាស់ឃុន ដែលត្រូវមករស់នៅទីនេះ ដោយសារតែបញ្ហាជីវភាពមានភាពយ៉ាប់យ៉ឺនទើបខ្ញុំត្រូវបង្ខំចិត្តមកធ្វើការនៅទីនេះ។ ប្រាប់ទៅចុះព្រោះតែប្រាក់ខែនៅទីនេះច្រើន មិនមែនតិចទេណាមួយខែ បាន១០០០ដុល្លាឯណោះ អ្នកណាមិនចង់ធ្វើ អាចនិយាយថាវានឹងធ្វើឱ្យគ្រួសារខ្ញុំប្រសើរឡើង។ ការនិយាយស្តីការស្លៀកពាក់គឺបែបបុរាណខ្លាំងណាស់ សូម្បីតែម្ហូបក៏ដូចគ្នាដែរ។
ព្រឹកបន្ទាប់…
ថ្ងៃនេះជាថ្ងៃធ្វើការទី២របស់ខ្ញុំហើយ ប៉ុន្តែខ្ញុំមិនទាន់ធ្វើការបានភ្លាមៗនោះទេ ដោយសារតែខ្ញុំត្រូវរៀនពីរបៀបរស់នៅ ការនិយាយស្តី ការធ្វើម្ហូបបុរាណ របៀបបត់ផ្កាឈូក ក្រងផ្កាម្លិះជាដើមរយៈពេលមួយអាទិត្យសិន។ ខ្ញុំក៏ចេញពីបន្ទប់ចេញមករួមជាមួយសម្លៀកបំពាក់បុរាណជាមួយអាវចោមពុងនិងក្បិនថែមទាំងបួងសក់ទៅលើពាក់ភួងផ្កាម្លិះទៀត មើលទៅដូចអ្នកបម្រីៗពិតនៅក្នុងកុនអ៊ីចឹង ហាហា…!
«ម៉ែអន!» ខ្ញុំហៅស្រ្តីចំណាស់ដែលធ្វើការនៅទីនេះជិត៥០សិនឆ្នាំហើយគឺតាំងពីលោកម្ចាស់ឃុនមិនទាន់កើតម្ល៉េះ។
«មកនេះម៏! ចាំម៉ែអនបង្រៀនឯងពីរបៀបរៀបផ្កា បត់ផ្កានិងក្រងផ្កាមិះ។ យ៉ាងម៉េចដែរយប់មិញដេកលក់ទេ?» ម៉ែអនសួរបណ្ដើរដៃបត់ផ្កាឈូកបណ្ដើរ។
«ចា៎! ម៉ែអន លក់ស្រួលណាស់» (មាត់ប្រាប់ថាលក់ស្រួលណាស់តែតាមពិតខ្ញុំគេងមិនសូវលក់ទេព្រោះទិដ្ឋភាពយប់មិញដក់ក្នុងខួរក្បាលខ្ញុំណាស់)
ខ្ញុំឆ្ងល់ណាស់ខ្លាំងថាហេតុអីសម័យនេះហើយបែបជាក្នុងភូមិគ្រឹះនេះមករស់នៅបែបសម័យបុរាណទៅវិញ? ថែមទាំងមានមឈូសមានខ្មោចស្រីទៀត ខ្ញុំចង់សួរម៉ែអនពីព្រឹត្តិការណ៍យប់មិញណាស់ តែបើសួរទៅច្បាស់ជាគាត់ដឹងថាខ្ញុំដឹងរឿងនេះហើយទោះសួរក៏គ្មានចម្លើយអីដែរ អូយ!ឈប់គិតហើយព្រឺសម្បុរណាស់!
តែពេលនោះខ្ញុំកំពុងបត់ផ្កាឈូក ភ្នែកខ្ញុំក៏ទៅចាប់ភ្លឹករបស់ម្យ៉ាងព្យួរលើជញ្ជាំង ខ្ញុំលេបទឹកមាត់ក្អឹកថាឈប់គិតហើយបែបជាមកឃើញរូបម្ចាស់ខ្មោចស្រីក្នុងរូបថតនោះទៅវិញ។ ពេលនោះខ្ញុំសួរទៅម៉ែអនភ្លាម
«ម៉ែអនតើអ្នកនៅក្នុងរូបថតនោះជាអ្នកណា?» ខ្ញុំចង្អុលទៅរូបព្យូរលើជញ្ជាំងជិតរូបលោកម្ចាស់ឃុន
«គឺជាអ្នកនាងតូចត្រូវជាប្អូនបង្កើតលោកម្ចាស់ឃុន»
«ចុះពេលនេះអ្នកនាងតូចទៅណាបាត់ហើយម៉ែអន? »
ខ្ញុំដឹងចម្លើយហើយគ្រាន់តែចង់សួរបញ្ជាក់ឱ្យច្បាស់ តែគ្មានចម្លើយពីម៉ែអនទេ។ ទឹកមុខម៉ែអនប្រែជាស្រអាប់នឹងរលីងរលោងចង់ស្រក់ទឹកភ្នែកមក ប្រហែលម៉ែអននឹងអ្នកនាងតូចជិតស្និទ្ធនឹងគ្នាណាស់មើលទៅ។ មួយស្របក់ក្រោយមកទើបម៉ែអនបន្លឺថា៖
«អ្នកនាងតូចទៅបាត់រហូតហើយ»
ទឹកភ្នែកជាច្រើនតំណក់ហូរកាត់ថ្ពាស់ដ៏ជ្រីជ្រួញរបស់ស្រ្តីចំណាស់នេះ។ ដោយហេតុខ្ញុំមិនចង់ឃើញគាត់កើតទុក្ខបែបនេះក៏បង្វែរអាម្មណ៍ទៅសួរគាត់វិញ៖
«ម៉ែអន! ខ្ញុំក្រងផ្កានេះយ៉ាងមេចដែរទទួលយកបានអត់?»
ម៉ែអនបានយកដៃឆ្វេងដ៏ជ្រីវជ្រួញរបស់គាត់រួមជាមួយសរសៃប៉ោងៗជូតទឹកភ្នែកចេញ ហើយក៏បន្តថា៖
«ឯងនេះក្រងបានស្អាតណាស់បង្រៀនទៅឆាប់ចេះណាស់»
ក្រោយពីការងារទាំងនេះចប់ ហើយអាហារលោកម្ចាស់ឃុនត្រូវបានធ្វើរួចរាល់ ម៉ែអនក៏បានអនុញ្ញាតឱ្យខ្ញុំដើរលេងតែមុននឹងគាត់ឱ្យខ្ញុំដើរទៅលេងគាត់ហាមប្រាមកុំឱ្យទៅនៅព្រៃខាងក្រោយផ្ទះព្រោះគាត់ប្រាប់ថាខាងក្រោយជាព្រៃស្តុកសម្បូរសត្វព្រៃ ពិស បើមានអ្នកណាធ្វើអីទៅស្រែកក៏គ្មានអ្នកឮដែរ។
ជំហានខ្លីៗរបស់ខ្ញុំបានបោះដំណើរទៅមុខព្រោះតែស្លៀកក្បិនគឺពិបាកដើរណាស់។ នៅទីនេះបរិយាកាសល្អណាស់ទោះបីគ្មានម៉ាស៊ីនត្រជាក់ក៏ពុំមានអាម្មណ៍ថាក្តៅស្អុះដែរ។ ជួនកាលមានខ្យល់បក់មករវិចៗប៉ះសាច់ធ្វើឱ្យព្រឺរោមកង្កែបអស់ហើយ អា៎! ច្រឡំទេព្រឺរោមគីង្គក់ទេតើ។ ភ្នែកខ្ញុំកំពុងគយគន់ទេសភាពយ៉ាងល្អឯកនៅភូមិគ្រឹះនេះស្រាប់តែភ្នែកទាំងគូរបស់ខ្ញុំគ្រលៀសយ៉ាងលឿនទៅខាងក្រោយផ្ទះក៏ឃើញអក្សរធំៗមួយផ្ទាំងថា៖
«ព្រៃខ្មោចចងក»
វឹប! ! ខ្ញុំលេបទឹកមាត់ក្អឹក អ៊ីយ៉ាស់សូម្បីតែឈ្មោះព្រៃសោះសូម្បីតែឮក៏គួរឱ្យខ្លាចដែរ។ ខ្ញុំក៏នឹកដល់សម្តីម៉ែអនថាព្រៃនេះសម្បូរសត្វព្រៃពិស ហើយបើមានអ្នកណាធ្វើអីស្រែកក៏មិនឮដែរ។ ខ្ញុំជាមនុស្សខ្លាចខ្លាំងណាស់ខ្លាចទាំងមនុស្សខ្លាចទាំងខ្មោច ប៉ុន្តែនៅសុខៗខ្ញុំក៏មានអាម្មណ៍ចង់ចូលទៅមើលក្នុងព្រៃនោះ ក៏គិតថាគ្រាន់តែចូលមើលវាមិនអីទេបើមានគិតអាក្រក់ក៏តាមនឹងចុះ និយាយលេងទេខ្ញុំណាទៅចិត្តងាយខ្លួនងាយនោះ។ ជើងឆ្វេងរបស់ខ្ញុំស្រាប់តែបោះទៅមុខមួយជំហាន បន្ទាប់មកជើងស្តាំក៏បន្តទៀត
«លីណា!» រំពេចនោះខ្ញុំងាកទៅក្រោយភ្លាមយ៉ាងស្លន់ស្លោ បេះដូងលោតញាប់ៗរួចខ្ញុំឱនលុតជង្គង់ក្នុងនាមអ្នកបម្រើទៅកាន់ម្ចាស់ប្រុស៖
«ចា៎! លោកម្ចាស់ឃុន»
«នេះម៉ែអនមិនបានប្រាប់ឯងទេអីថាកុំឱ្យទៅព្រៃខាងក្រោយព្រោះវាមានសត្វពិសសាហាវ បើឯងស្លាប់បាត់អ្នកណាមកបម្រើយើងជំនួសឯង» លោកម្ចាស់ឃុននិយាយទាំងកំហឹង
«សូមខមាទោសផងទានប្រុស! ខ្ញុំមិនមានចេតនាទៅព្រៃក្រោយទេ» ខ្ញុំនិយាយទាំងឱនមុខចុះ
«បើឯងគ្មានចេតនាទៅព្រៃខាងក្រោយ អ៊ីអ៊ីចឹងឯងចង់ទៅណា?»
«គឺ…គឺ…គឺខ្ញុំម្ចាស់…»
«នៅគឺៗនឹងហើយ ឆាប់និយាយភ្លាមមើលថាឯងចង់ទៅណា?»
«គឺខ្ញុំម្ចាស់ចង់ទៅបត់ជើងតូច» ខ្ញុំមិនចង់កុហកលោកម្ចាស់ទេតែវាជាចាំបាច់ពិតមែន បើនិយាយតាមត្រង់ខ្ញុំនឹងអាចត្រូវលោកម្ចាស់ដេញចេញមិនខាន
«បើចង់ទៅបត់ជើងគឺទៅខាងកើតនៅម្តុំខ្ទមនោះមិនមែននៅព្រៃខាងក្រោយផ្ទះទេ»
«ចា៎! ទានប្រុស»
«អ៊ីអ៊ីចឹងយើងទៅសម្រាកវិញហើយ បើមានការងារអីធ្វើក៏ទៅធ្វើទៅ»
លោកម្ចាស់ដើរទៅដោយមិនបាច់ចង់ឮការឆ្លើយតបរបស់ខ្ញុំ មិនបានប៉ុន្មានជំហានផងលោកម្ចាស់ក៏ដើរមកវិញហើយពោលថា៖
«អ! យើងភ្លេចប្រាប់មួយទៀតថាបើមិនចង់ស្លាប់អត់អំពើនៅក្នុងព្រៃនោះទេកុំចូលទៅក្នុងព្រៃនឹង ប្រយ័ត្នគ្មានអ្នករកលុយឱ្យម៉ែឪទៅ» ហើយលោកម្ចាស់ក៏ដើរទៅផ្ទះធំទៅ
អូយ! ! ! ព្រលឹងហោះស៊ីព្រលិតហើយ សំណាងហើយដែលលោកម្ចាស់មិនជ្រាបពីការពិត បើមិនអ៊ីចឹងទេស៊ីអំបិលប្រហុកហើយនាងអើយ។ ខ្ញុំក៏ងើបមកវិញរួចក៏បោសគូទខោយ៉ាងញាប់ដៃរួចក៏ដើរទៅផ្ទះបាយដើម្បីមករៀនបន្ថែមទៀត។
«ចាក់អើម៉ែអន!»
«អូយយ៉ាស ! កាដុមឆែកកង្កែបឆា ត្រីប្រឡាក់មាន់ស្ងោរ…នេះសំណាងហើយដែលកាំបិតមិននៅជាប់ដៃបើមិនអ៊ីចឹងត្រូវរយះក្បាលជាពីរហើយនាង»
ម៉ែអននិយាយបណ្ដើរធ្វើកាយវិការបណ្ដើរព្រមទាំងយកកាំបិតមកលលេងជាមួយក្បាលខ្ញុំទៀត
«ម៉ែអន ! ខ្ញុំធ្វើលេងទេតើខ្ញុំមិនដឹងថាម៉ែចេះភ្ញាក់ឯណា»
ខ្ញុំនិយាយទាំងសើចលលេងជាមួយគាត់។ ម៉ែអនក៏បន្ត៖
«អឺៗៗ! បានហើយ ឆាប់ទៅរៀបចំបាយទឹកឱ្យលោកម្ចាស់ទៅ រួចហើយលើកឱ្យលោកម្ចាស់ផងទោះបីលោកមិនពិសារក៏ទុកនៅនឹងសិនទៅ»
«ចា៎! ម៉ែអន»
ខ្ញុំក៏រៀបចំដួសបាយដាក់ក្នុងចានស្ពាន់ដែលដាប់ចម្លាក់ក្បាច់ខ្មែរនិងរូបគំនូរយ៉ាងស្រស់ត្រកាល រួចហើយក៏លើកបាយនិងម្ហូបដាក់ថាសពណ៌មាសអមជាមួយនឹងទឹកអប់ផ្កាម្លិះមួយផ្តិល។ ពេលនោះខ្ញុំថានឹងរៀបលើកថាសទៅហើយក៏ភ្នែកខ្ញុំនឹងប្រទះឃើញម៉ែនអនកំពុងតែរៀបទៀន ផ្កាភ្ញីនិងគ្រឿងសក្ការៈជាច្រើនទៀត។ ខ្ញុំក៏នឹកគិតក្នុងចិត្តថា
«យី! ថ្ងៃនេះមិនមែនជាថ្ងៃសីលឯណា តែបើជាថ្ងៃសីលមែនល្ងាចទៅហើយនឹងតើម៉ែនអនយកគ្រឿងសក្ការៈបូជានោះទៅណា?» ដោយសារតែការចង់ដឹងចង់ឮរបស់ខ្ញុំ ខ្ញុំក៏សម្រេចចិត្តសួរគាត់៖
«ម៉ែអនយកគ្រឿងសក្ការៈបូជានោះទៅណាក្បាលល្ងាចហើយនឹង»
«អឺ! វាជាទំនៀមទម្លាប់បុរាណគឺយកបូជាចំពោះអរុកអាក្សអ្នកតាដែលយើងបានសុំសេចក្តីសុខសេចក្តីសប្បាយ» និយាយបណ្ដើរហើយម៉ែអនងើបមុខខ្ញុំបន្តិចរួចក៏បន្តរៀបចំទៀត
«ម៉ែនអន ឥឡូវល្ងាចហើយនឹងចុះយកទៅសែនពេលណាទៅ?» ខ្ញុំសួរទាំងនៅមន្ទិលសង្ស័យនិងសញ្ញាសួរពេញក្នុងក្បាល
«ឯងកុំសួរច្រើនពេកមើលឆាប់លើកបាយទឹកឱ្យលោកម្ចាស់ឱ្យលឿនទៅ បើនៅតែចង់ចេះដឹងអ៊ីចឹងប្រយ័ត្នលោកម្ចាស់ដេញក្បាលចេញហើយអត់លុយឱ្យអ្នកផ្ទះទៅ ធ្វើការងាររបស់ឯងឱ្យល្អទៅប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ»
«ចា៎! ម៉ែអន» ខ្ញុំតបដោយសម្តីរាបស្មើ១៨០ដឺក្រេជាមួយទឹកមុខក្រៀមក្រំព្រោះមុននឹងទើបតែលោកម្ចាស់ថាឱ្យខ្ញុំរឿងប្រយ័ត្នដេញចេញអត់ការងារធ្វើមកដល់ឡូវម៉ែអនក៏និយាយអ៊ីចឹងម្នាក់ទៀត។
ឈប់គិត ខ្ញុំក៏ចាប់លើកថាសបាយម្ហូបយ៉ាងរហ័សដើម្បីបំពេញការងារខ្ញុំឱ្យល្អ ខ្ញុំក៏ស្រូតដើរឱ្យលឿនដើម្បីឆាប់បានលោកម្ចាស់ពិសារបាយ ពេលនោះខ្ញុំដើរជិតដល់កន្លែងលោកម្ចាស់អង្គុយហើយស្រាប់តែ
«ព្រូស» ជើងខ្ញុំចំពប់នឹងដុំថ្មមួយដុំយ៉ាងធំធ្វើឱ្យមុខខ្ញុំផ្កាប់នឹងដីហើយបាយសម្លក៏កំពប់អស់ ខ្ញុំក៏បន្លឺសំឡេងតិចៗថា៖
«អូយ» និយាយមិនទាន់រួចផុតពីមាត់ផងស្រាប់តែខ្ញុំឃើញជើងពីរធំៗនៅនឹងមុខខំ ពេលនោះខ្ញុំងើបមុខយ៉ាងសន្សឹមៗហើយក៏ឧទានយ៉ាងល្វើយៗ
«លោកម្ចាស់» ខ្ញុំរហ័សងើបរួចក៏លុតជង្គង់តាមរបៀបអ្នកបម្រើរួចចង់និយាយអ្វីមួយ តែពេលនោះលោកម្ចាស់ក៏និយាយកាត់មុនថា
«នេះឯងធ្វើការងារយ៉ាងរបៀបមេច? សូម្បីតែការងារតូចមួយឯងធ្វើមិនកើតផង ឯងចង់ឱ្យយើងដេញឯងចេញមែន?»
«សូមទានប្រុសមេត្តាប្រោសប្រណី ខ្ញុំម្ចាស់គ្មានចេតនាទេ ខ្ញុំម្ចាស់មិនបានប្រុងប្រយ័ត្នទើបធ្វើឱ្យរឿងនេះកើតឡើង» ខ្ញុំនិយាយបណ្ដើរលើកដៃសំពះបណ្ដើរហើយទឹកភ្នែកខ្ញុំរមៀលហូរមកដូចជាទឹកធ្លាក់ពីជ្រោះ
«ការងារតូចមួយក៏ត្រូវប្រយ័ត្នដែរបើមិនចង់ឱ្យយើងរើសអ្នកបម្រើថ្មីមកជំនួសឯង»
«អគុណទានប្រុសដែលប្រោសប្រណីនាងខ្ញុំម្ចាស់ ខ្ញុំម្ចាស់សូមសន្យាថានឹងប្រុងប្រយ័ត្នលើកក្រោយៗទៀត” ខ្ញុំនិយាយមិនទាន់នឹងចប់ផងស្រាប់តែអ្នកបម្រើប្រុស២ ៣នាក់ចេញមក
«ឆាប់ចាប់នាងភ្លាមទៅ!» លោកម្ចាស់ឃុននិយាយរួចដៃចង្អុលមកខ្ញុំ
ពេលនោះកម្លាំងដៃដ៏ខ្លាំងបានចាប់ដៃខ្ញុំទាំងសងខាងយ៉ាងខ្លាំងទោះខ្ញុំរើបម្រាស់យ៉ាងណាក៏មិនរួច
«លោកម្ចាស់! ម៉េចក៏ចាប់ខ្ញុំ ខ្ញុំធ្វើអ្វីខុសទៅទាន? សូមមេត្តាប្រោសប្រណីកូនចាបកូនព្រាបដូចខ្ញុំផងទាន» និយាយបណ្ដើរខ្ញុំខំប្រឹងរមួលកដៃចេញពីបុរសទាំងពីរនាក់នោះបណ្ដើរ ទឹកភ្នែករបស់ខ្ញុំរមៀលមកដូចជាភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយខ្ញុំរឹតតែរន្ធត់ជាមួយហេតុការណ៍ទាំងនេះ
«ការងារតូចមួយឯងធ្វើមិនកើតផងបើមិនប្រដៅឯងខ្លះមេ្តចនឹងថ្ងៃក្រោយឯងចេះប្រយ័ត្នទៅ»
«អាភឿន ! ឆាប់យករំពាត់ផ្តៅមកឱ្យយើង»
«នេះទានម្ចាស់» អាភឿនហុចរំពាត់ផ្តៅឱ្យលោកម្ចាស់ហើយដើរចេញយ៉ាងឱនលំទោន
«យើងត្រូវតែដាក់ទោសឯងឱ្យណាណីម្តង» ថាហើយលើកម្ចាស់ក៏យករំពាត់ផ្តៅវាយខ្នងរបស់ខ្ញុំឮសូរខ្វាច់ៗ។ យ៉ាងម៉េច? ដាក់ទណ្ឌកម្មដូចសម័យមុន? នេះ២០២១ហើយណា ទោះនេះជាផ្ទះបុរាណតែខ្ញុំជាមនុស្សមិនមែនសត្វទេ ខ្ញុំមានសិទ្ធិ…
«អួយ!» ខ្ញុំចេះតែថាក៏បានត្រឹមស្រែកពេលគេវាយ។ បើចេញផុតពេលណាខ្ញុំប្តឹងឱ្យអស់សក់ក្បាលម្តងចាំមើលទៅលោកឃុន។
«ទានម្ចាស់ ! ខ្ញុំម្ចាស់សុំអង្វរកុំដាក់ទណ្ឌកម្មខ្ញុំម្ចាស់ខ្ញុំរៀងហើយ អូយៗៗ» ទោះខ្ញុំអង្វរលោកម្ចាស់ឃុនយ៉ាងណាក៏លោកម្ចាស់នៅតែវាយយ៉ាងពេញទំហឹងដោយកម្រោល សំឡេងរំពាត់នៅលើខ្នងខ្ញុំខ្វាច់ៗហាក់ដោយគ្មានការសណ្តោសប្រណីដូចវាយសត្វធាតុ វាយមិនដល់៥រំពាត់ពេលនោះស្រាប់តែ
«ព្រូស! »
ខ្ញុំបានបើកភ្នែកយ៉ាងសន្សឹមៗរួចហើយខ្ញុំក៏ក្រឡេកទៅខាងស្តាំដៃក៏ឃើញម៉ែអនអង្គុយនៅក្បែរខ្ញុំ ដោយទឹកមុខរាងស្រពោនបន្តិច
«តើខ្ញុំនៅទីណា? ម្តេចក៏ខ្ញុំមកនៅទីនេះទៅកើត?» ខ្ញុំសួរទាំងមន្ទិលសង្ស័យមិនដែលសុខៗខ្ញុំមកដល់ទីនេះបានដោយរបៀបណា? ព្រោះពេលនោះខ្ញុំត្រូវគេវាយសន្លប់បាត់ទៅហើយ។
«គឺនៅបន្ទប់ឯង មុននេះឯងសន្លប់» ម៉ែអនឆ្លើយតបមកខ្ញុំទាំងមុខមិនសូវជារីកប៉ុន្មានទេ
ខ្ញុំក៏ឆាប់ងាករកមើលប្រភពសំឡេង ច្បាស់ណាស់ប្រភពសំឡេងនោះនៅខាងឆ្វេងដៃខ្ញុំហើយខ្ញុំក៏ឧទានយ៉ាងតិចៗថា៖
«លោកម្ចាស់ឃុន!» ខ្ញុំចាប់ផ្ដើមខ្លាចគាត់ហើយភ្លាមនោះខ្ញុំក៏ឆាប់ក្រោកទាំងឈឺពេញខ្នង មិនទាន់ទាំងក្រោករួចផងលោកម្ចាស់ឃុនក៏ប្រាប់ខ្ញុំថា
«មិនបាច់ក្រោកទេ ឱ្យយើងសុំទោសផងដែលមុននឹងយើងមិនអាចគ្រប់គ្រងអាម្មណ៍ជ្រុលដៃទៅវាយឯងយើងគ្មានចេតនាទេវាគ្រាន់តែជាអាម្មណ៍ខឹងមួយឆាវ» លោកម្ចាស់និយាយដូចខ្លួនមានកំហុស
«អគុណលោកម្ចាស់ដែលសណ្តោសប្រណីដល់នាងខ្ញុំដោយមិនបណ្តេញនាងខ្ញុំចេញ លោកម្ចាស់មានឋានៈខ្ពង់ខ្ពស់មិនគួរមកសុំទោសអ្នកបម្រើដូចជានាងខ្ញុំទេ»
«យើងខុសយើងសុំទោស ម៉ែអនដាំបបរឱ្យនាងនិងលាបថ្នាំឱ្យនាងផង យើងចេញទៅវិញហើយ»
«ចា៎! ទានប្រុស!» ម៉ែអននិយាយទាំងឱនលំទោនរួចហើយលោកម្ចាស់ក៏ចេញទៅជាមួយអ្នកបម្រើបាត់ទៅ
«ឆាប់បែរខ្នងមកចាំម៉ែលាបថ្នាំឱ្យ» ម៉ែអននិយាយបណ្ដើរថែមទាំងយកថ្នាំបណ្ដើរ
«ចា៎! ម៉ែអន» ទោះខ្ញុំមិនបានយកដៃទៅស្ទាបខ្នងខ្ញុំក៏ដឹងថាខ្នងខ្ញុំមានស្នាមរំពាត់និងមានរលាត់ស្បែកចេញឈាមខ្លះដែរ រួចហើយខ្ញុំក៏បែរខ្នងឱ្យម៉ែអនលាបថ្នាំឱ្យ
«អូយ!»
«ទ្រាំបន្តិចទៅលាបហើយឥឡូវហើយណាលីណា» ម៉ែអននិយាយលួងលោមខ្ញុំ
ពេលនេះខ្ញុំសុខចិត្តខាំមាត់សង្កត់ធ្មេញសង្កត់ចិត្តនឹងមុខរបួសនេះណាស់
«ម៉ែអន ? ម្តេចគ្រាន់តែខ្ញុំធ្វើឱ្យបាយសម្លកំពប់បែបនេះសោះ ហេតុអីលោកម្ចាស់វាយខ្ញុំខ្លាំងមេស?»
ម៉ែអនក៏ដកដៃឈប់លាបថ្នាំឱ្យខ្ញុំមួយភ្លេតរួចក៏និយាយបណ្ដើរហើយក៏លាបបណ្ដើរ
«កាលដែលលោកម្ចាស់វាយឯងខ្លាំងយ៉ាងនេះគឺដោយសារកំហឹងមួយឆាវដូចដែលលោកគាត់ជម្រាបមុននឹងអ៊ីចឹង ព្រោះតែពេលដែលឯងលើកបាយម្ហូបឱ្យលោកចំពេលដែលលោកមិនមានអាម្មណ៍ល្អគឺពេលលោកកំពុងកាន់រូបថតរបស់អ្នកនាងតូចនិងកំពុងនឹករម្លឹកដល់អ្នកនាងតូចយ៉ាងខ្លាំង»
«ម៉ែអន សុំសួរមួយបានទេ?»
«សួរអីក៏សួរមកតែឆ្លើយបានឬមិនបានចាំមើលសិន»
«អ្នកនាងតូចស្លាប់បានប៉ុន្មានឆ្នាំហើយ?»
«២៣ឆ្នាំហើយ»
«២៣ឆ្នាំ?» ខ្ញុំភ្លាត់សំឡេងព្រោះតែភាពភ្ញាក់ផ្អើលដោយអ្នកនាងតូចស្លាប់ទៅយូរបែបនេះហើយតែលោកម្ចាស់នៅតែនឹករលឹករាល់ថ្ងៃនិងសភាពសាកសពនៅល្អបែបនេះ?
«នឹងហើយ២៣ឆ្នាំហើយ យើងលាបថ្នាំឱ្យឯងហើយៗនោះបបរលើតុឆាប់ឆីទៅអាលចូលសម្រាក យប់ហើយ ស្អែកនឹងមានកម្លាំងធ្វើការមិនត្រូវយកលេសឈឺមកឈប់ទេ»
«ចា៎! ម៉ែអន» ម៉ែអនក៏ចេញពីបន្ទប់ទៅដែលធ្វើឱ្យខ្ញុំបន្សល់នូវសញ្ញាសួរពេញក្បាល
ខ្ញុំក៏លើកបបររួចហើយដាក់ចូលក្នុងមាត់រួចទំពាយ៉ាងឆ្ងាញ់ ដៃចេះតែដាក់បបរចូលក្នុងមាត់តែខួរក្បាលខ្ញុំនៅតែវិលវល់គិតអំពីរឿងបន្ទប់សម្ងាត់ដាក់មឈូស រឿងព្រៃខ្មោចចងក និងសាកសពអ្នកនាងតូចដែលស្លាប់ទៅ២៣ឆ្នាំទៅហើយហេតុអីមានសភាពដូចសាកសពដែលទើបនឹងស្លាប់ ខ្ញុំកំពុងតែគិតពេលនោះខ្ញុំក៏ឮសម្រែកស្រែកដង្ហើយហៅល្វើយៗ ជួយ! ជួយខ្ញុំផង…
ស្ងាត់! ស្ងាត់ឱ្យជ្រាបគ្មានឮសំឡេងអីទៀតទេ។ មួយសន្ទុះក្រោយមកទើបខ្ញុំឮសំឡេងមនុស្សស្រីជាច្រើននាក់ឮតែ ជួយផង! ជួយខ្ញុំផង ! ជួយយកខ្ញុំចេញពីនេះទៅ ! ឮសំឡេងទាំងនោះខ្ញុំចាប់ផ្ដើមភ័យណាស់រួចក៏យកភួយដណ្តប់ពីចុងជើងដល់ចុងសក់ ខ្ញុំលែងគិតពីខ្នងឈឺអីទៀតហើយ ប៉ុន្តែសំឡេងនៅតែបន្តតែមាត់ខ្ញុំចេះតែសូត្រ ព្រះពុទ្ធព្រះធម៌ព្រះសង្ឈជួយកូនចៅផង។
សំឡេងនៅតែបន្តពេញទំហឹងក្នុងត្រចៀកខ្ញុំ ខ្ញុំក៏បានផ្ទៀងត្រចៀកគឺ …គឺខ្ញុំឮប្រភពសំឡេងនោះចេញពីព្រៃខាងក្រោយ ពេលនោះជើងខ្ញុំសាកតែដើរទៅមុខ ខ្ញុំព្យាយាមទប់ជើងខ្លួនឯងខ្លាំងណាស់ប៉ុន្តែវានៅតែបន្តទៅមុខរហូត រហូតដល់ខ្ញុំទៅដល់កន្លែងមួយគឺ”ព្រៃ..ខ្មោចចងក”
ប៉ុន្តែជើងខ្ញុំនៅតែមិនឈប់ដើរប្រៀបដូចមានអីចាប់ឱ្យដើរអ៊ីចឹងមាត់ខ្ញុំទោះចង់ស្រែកក៏ដូចមានអីមកខ្ទប់ដែរគឺខ្ញុំមិនអាចសូម្បីតែហាមាត់រហូតខ្ញុំចូលទៅដល់ព្រៃធំមួយ រំពេចនោះជើងខ្ញុំក៏លែងដើរទៅមុខហើយខ្ញុំក៏លែងមានអាម្មណ៍ថានរណាខ្ទប់មាត់ខ្ញុំក៏ចាប់ផ្ដើមសង្កេតទៅឃើញថាខ្ញុំអាចឃើញព្រៃនៅទីនេះព្រាលៗព្រោះតែខែនេះជាខែភ្លឺហើយព្រៃនេះជាព្រៃស្តុកដូចដែលមែនអននិយាយមែនខ្ញុំកំពុងតែមើលៗក៏ឃើញដើមកកោះមួយដ៏ធំមិនដឹងជាមានអាយុកាលប៉ុន្មានឆ្នាំហើយ ភ្លាមនោះភ្នែកទាំងសងខាងខ្លួនខ្ញុំលែងកម្រើកទៀត ព្រោះតែខ្ញុំឃើញទិដ្ឋភាពមួយមិននឹកស្មានគឺខ្ញុំឃើញស្រីៗសុទ្ធតែចងកនៅក្រោមដើមកកោះនោះ ខ្ញុំភ័យស្លន់ស្លោណាស់ទើបមិនបានរាប់ថាមានស្រីប៉ុន្មាននាក់ទេដែលចងកនៅក្រោមដើមកកោះនោះ។
ខ្ញុំក៏ងាកទៅមើលចំហៀងទៀតគឺឃើញស្រី្តម្នាក់ឈរបែរខ្នងគឺស្លៀកពាក់ដូចជាខ្ញុំណាស់ហើយគេក៏បែរមករកខ្ញុំដោយសភាពជាខ្មោចតៃហោងគឺភ្នែកនាងបើកធំៗសក់សំពីងសំពោង ហើយក៏មានសភាពរឹតរួមជាមួយឈាមហូរចេញពីក ភ្លាមៗនោះខ្ញុំក៏ដួលអុកគូទមួយទំហឹងនឹងលើកដៃសំពះដោយនិយាយថា៖
«កុំធ្វើបាបខ្ញុំអី ខ្ញុំគ្មានចេតនាចូលមកទីនេះទេ» ខ្ញុំឱនមុខចុះមិនហ៊ានមើលមុខខ្មោចនោះទេ
«ជួយពួកយើងចេញពីទីនេះផង» នាងនិយាយអមជាមួយទឹកភ្នែករលីងរលោង
«ខ្ញុំជួយនាងដោយយ៉ាងមេចទៅ? សូម្បីតែពេលនេះខ្ញុំមិនអាចជួយខ្លួនឯងឱ្យគេចផុតពីនាងផងនឹង» ខ្ញុំពិតជាក្លាហានខ្លាំងណាស់ដោយហ៊ានសូម្បីតែនិយាយជាមួយខ្មោច
«នាងទៅស្លាប់ទៅជួយពួកយើងបានហើយ»
«វឹប!» ខ្ញុំស្ទុះងើបយ៉ាងលឿនទើបដឹងថាខ្ញុំយល់សប្តិហើយខ្ញុំបែកញើសឡើងប៉ុនៗគ្រាប់ពោត តែខ្លួនខ្ញុំទៅប្រឡាក់នឹងដីនិងមានអាម្មណ៍ថាចុកគូទណាស់ រួចខ្ញុំក៏យកដៃឱបក្បាលជង្គង់គិតពីរឿងយល់សប្តិ។ កំពុងតែគិតៗក៏ខ្ញុំឃើញពន្លឺចង្កៀងនៅឯក្រោមផ្ទះខ្ញុំក៏ចុះទៅមើលលបៗក៏ដឹងថាទ្វាគន្លឹះសម្ងាត់បានបើករួចទៅហើយខ្ញុំក្រឡេកមើលនាឡិកាដែលព្យូរនឹងជញ្ជាំងគឺបានចង្អុលម៉ោង១:២០នាទីហើយ ខ្ញុំទៅឃើញទិដ្ឋភាពដូចដែលឃើញថ្ងៃដំបូងតែក្រឡេកទៅប៉ះនឹងគ្រឿងសក្ការៈបូជាគឺជាគ្រឿងសក្ការៈបូជាដែលម៉ែអនរៀបទុកពីក្បាលល្ងាចទេតាស ប៉ុន្តែខ្ញុំមិនបានឃើញដង្វាយឈាមទេ
«ថ្ងៃស្អែកជាថ្ងៃសីលពេញបូណ៌មីហើយម្ចាស់អូន សំណែនស្រីក្រមុំនឹងត្រូវបានសែននៅថ្ងៃស្អែកហើយប្អូននឹងទៅបានសុខហើយគ្រប់យ៉ាងក៏ត្រូវដោះស្រាយ»
«សំណែនស្រីក្រមុំ?» ខ្ញុំឧទានតិចៗព្រោះខ្លាចមាននរណាមើលឃើញខ្ញុំ
«មែនហើយ! នាងជាសំណែនទី២៣ដែលជាអ្នកអាចដោះបណ្តាសារភូមិគ្រឹះនេះ ប្អូនដឹងទេថានាងស្លូតបូតខ្លាំងណាស់ថ្ងៃមិញម្ចាស់បងបានវាយនាងរហូតដល់សន្លប់បងមិនគួរណាប្រើអាម្មណ៍ឆេវឆាវមួយពេលទេបងអាណិតនាងណាស់មិនដឹងថាពេលនេះនាងយ៉ាងមេចយ៉ាងម៉ាទេ»
«ពុទ្ធោ! ! ខ្ញុំក្លាយ ជាសំណែនឱ្យខ្មោចម្ចាស់ស្រីនោះមែនទេព្រោះតែប្រាក់ខែមួយពាន់ពីរពាន់ខ្ញុំត្រូវលះបង់ជីវិតបែបនោះមែនទេ?»
ខ្ញុំមិននឹកស្មានថាមានរឿងអ៊ីចឹងកើតមកលើខ្ញុំទេ ភ្លាមៗខ្ញុំក៏ទន់ជង្គង់ដួលលើដីដោយដៃខ្ញុំប៉ះចង្កៀងបានធ្វើឱ្យចង្កៀងធ្លាក់បែក
«អ្នកណា? អ្នកណាគេ? ឯងឆាប់ចេញទៅមើលភ្លាម!» លោកម្ចាស់ឃុនបានបញ្ជាឱ្យពួកបម្រើប្រុសចេញមកមើលប្រភពសំឡេង
ខ្ញុំខំប្រឹងរត់ខ្លាំងណាស់ តែដោយសារតែអាម្មណ៍ស្លន់ស្លោមិនដឹងជារត់ទៅណាឱ្យប្រាកដ រំពេចនោះគឺខ្ញុំដឹងខ្លួនឯងច្បាស់ខ្លាំងណាស់គឺខ្ញុំកំពុងតែនៅក្រោមដើមកកោះឯព្រៃខាងក្រោយផ្ទះ ខ្ញុំឃើញសុទ្ធតែខ្មោចស្រីគឺខ្ញុំចាប់ផ្ដើមរាប់ខ្មោចស្រីទាំងនោះគឺមាន២២នាក់ អ៊ីចឹងមានន័យថាខ្ញុំជាអ្នកដែលត្រូវចងទី២៣ ខ្មោចទាំងនោះគឺសុទ្ធសឹងតែមានអាយុប្រហាក់ប្រហែលខ្ញុំ និងស្លៀកពាក់ជាអ្នកបម្រើទាំងអស់។ ពេលនោះមានខ្មោចស្រីម្នាក់ក៏បែរមករកខ្ញុំសួរថា៖
«តើនាងចង់ដឹងការពិតរឿងទាំងនោះដែរទេ?» ខ្មោចស្រីទាំង២១ក៏នៅពីក្រោយខ្មោចស្រីដែលសួរខ្ញុំដែរ
«ខ្ញុំលែងចង់ដឹងឮអីទៀតហើយសូមយកខ្ញុំចេញពីទីនេះផងខ្ញុំលែងចង់បានលុយទៀតហើយខ្ញុំគ្រាន់តែចង់មានជីវិតត្រឡប់មើលថែម៉ែដែលឈឺនៅផ្ទះនិងចង់រស់នៅជាមួយប្អូនៗខ្ញុំវិញទេ?»
ទឹកភ្នែកជាច្រើនដំណក់រមៀលចេញពីភ្នែកខ្ញុំ ហើយខ្ញុំនិយាយទាំងលត់ជង្គង់នៅមុខខ្មោចទាំងនោះ
«នាងប្រាកដដែរទេថានាងឈប់ចង់បានលុយហើយ? ចុះបើកាលដែលប្តូរជីវិតនាងទៅនឹងកាលដែលធ្វើឱ្យជីវភាពគ្រួសារនាងធូរធារតើនាងហ៊ានទេ?»
ខ្ញុំស្លុតវង្វេងវង្វាន់ ក៏មិនដឹងតបថាម៉េចស្រាប់តែខ្មោចស្រីនោះបន្ថែម៖
«នាងស្ងាត់បែបនេះមានន័យថានាងហ៊ានមែនទេ ? នាងដឹងទេនាងជាសំណែនចុងក្រោយហើយដែលអាចធ្វើឱ្យវិញ្ញាណអ្នកនាងតូចនិងពួកយើងទៅទីបរមសុខលែងវិលវល់ហើយភូមិគ្រឹះនេះក៏លែងត្រូវបណ្តាសារដែរ ម្យ៉ាងទៀតគ្រួសារនាងនឹងមានជីវភាពធូរធារព្រោះតែលោកម្ចាស់ឃុននឹងផ្តល់មាសប្រាក់កែវកងនិងទ្រព្យសម្បិត្តជាច្រើន»
«បើខ្ញុំក្លាយជាសំណែនគ្រប់គ្នានឹងមានក្តីសុខមែនទេ?»
«មែន! នាងដឹងទេអ្នកដែលចូលមកទីនេះហើយគឺមិនអាចចេញមកវិញទេ ហើយពួកយើងទាំង២២នាក់នេះចូលមកទីនេះក្នុងគោលបំណងតែមួយគឺដើម្បីតែលុយរួមទាំងនាងផងដែរ ប៉ុន្តែការលះបង់ដោយការថ្វាយខ្លួនជាសំណែននេះមិនខាតបង់អ្វីឡើយក៏ព្រោះតែពេលនេះជីវភាពគ្រួសាររបស់យើងបានធូរធារខ្លាំងណាស់ យើងធ្វើគ្រប់យ៉ាងចង់ឃើញមនុស្សដែលយើងមានក្តីសុខ»
ខ្មោចស្រីម្នាក់ទៀតនិយាយឡើងដោយទឹកមុខស្រពោន។ ទឹកភ្នែកខ្ញុំហូរមកស្រស្រាក់ព្រោះខ្ញុំចង់ខ្លាំងណាស់គឺចង់ឃើញមនុស្សដែលខ្ញុំស្រឡាញ់មានក្តីសុខមានផ្ទះនៅដែលសមរម្យឃើញម៉ែនិងប្អូនៗមានម្ហូបញុំាឆ្ងាញ់ៗ
«ខ្ញុំគឺជាសំណែនទី១មកដល់ពេលនេះខ្ញុំរង់ចាំ២៣ឆ្នាំហើយដែលនៅក្នុងព្រៃនោះគឺដើម្បីរង់ចាំនាងមកជួយខ្ញុំនិងអ្នកគ្រប់គ្នា ប៉ុន្តែខ្ញុំមិនហត់ទេដែលរង់ចាំនាងព្រោះការលះបង់របស់ខ្ញុំបានឃើញមនុស្សខ្ញុំស្រឡាញ់មានក្តីសុខ»
«ចុះធ្វើយ៉ាងមេចទើបខ្ញុំជួយអ្នកទាំងអស់គ្នាបាន?»
«ពេលនាងទៅវិញនាងគ្រាន់តែថ្វាយខ្លួនជាដង្វាយឱ្យលោកម្ចាស់ទៅ»
«មូលហេតុអីបានភូមិគ្រឹះនេះត្រូវបណ្តាសារ?»
«ពួកយើងមិនដឹងទេដឹងត្រឹមតែថានាងជាដង្វាយចុងក្រោយដែលត្រូវថ្វាយដែលលែងឱ្យពួកយើងទៅចាប់ជាតិបានហើយភូមិគ្រឹះទាំងមូលក៏លែងត្រូវបណ្តាសារដែរ»
ខ្មោចស្រីនៅខាងក្រោយគេក៏និយាយមកកាន់ខ្ញុំ៖
«លីណាៗៗ!»
ខ្ញុំក៏បើកភ្នែកទៅគឺកំពុងឃើញលោកម្ចាស់ឃុនកំពុងតែដាស់ខ្ញុំ
«ខ្ញុំម្ចាស់នៅទីណាទានប្រុស?»
«គឺមុននេះឯងសន្លប់»
«សន្លប់?» ខ្ញុំជាមនុស្សទន់ខ្សោយណាស់គឺឆាប់សន្លប់ ខ្ញុំឆាប់ភ័យឆាប់ស្លុតតាំងពីពុកគ្រោះថ្នាក់ចរាចរណ៍មក តែឆ្ងល់ថាខ្ញុំឃើញខ្មោចស្រីទាំងនោះម៉េចខ្ញុំមិនសន្លប់ទៅ
«មែនហើយគឺសន្លប់នៅក្រោមផ្ទះ»
«បើខ្ញុំលះបង់ខ្លួនខ្ញុំក្លាយជាសំណែនស្រីក្រមុំគ្រប់យ៉ាងនឹងល្អមែនទេ ទាំងគ្រួសារខ្ញុំ លោកម្ចាស់ផ្ទាល់ ម៉ែអននិងខ្មោចស្រីក្រមុំទាំង២២មែនទេ?»
ខ្ញុំសួរទៅលោកម្ចាស់ដោយមើលមុខលោកម្ចាស់ហើយលោកម្ចាស់ក៏ទម្លាក់ទឹកមុខសោះថែមមួយកម្រិតរួចក៏តបមកខ្ញុំ៖
«មែនហើយអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើង»
«តើលោកម្ចាស់ឱ្យខ្ញុំម្ចាស់ជឿចិត្តយ៉ាងមេចបើខ្ញុំស្លាប់បាត់មេចទើបខ្ញុំដឹងថាលោក ម្ចាស់បានប្រគល់ទ្រព្យសម្បិត្តឱ្យទៅគ្រួសារខ្ញុំ?»
«អាពាង! ទៅយកកិច្ចសន្យាមក»
«បាទទានប្រុស!» អាពាងក៏ចូលក្នុងផ្ទះបាត់
«លោកម្ចាស់! ម៉េចក៏លោកមិនសួរខ្ញុំម្ចាស់ថាខ្ញុំដឹងរឿងមកពីណាអ៊ីចឹង?» លោកម្ចាស់សើចចុងមាត់រួចក៏តបថា៖
«វាជាចេតនាទេដែលយើងឱ្យឯងឃើញបន្ទប់សម្ងាត់និងក្តារមឈូស»
«ចេតនា?» ខ្ញុំដំឡើងសំឡេងបន្តិច
«មែនហើយគឺចេតនា ហើយយើងក៏មិនឆ្ងល់ដែរថានាងដឹងរឿងមកពីណាគឺនាងដឹងពីខ្មោចក្រមុំទាំង២២ព្រោះវិញ្ញាណនាងនៅវិលវល់»
«នេះទានប្រុសកិច្ចសន្យា» អាពាងហុចកិច្ចសន្យាហើយក៏ដើរចេញទៅ
«នាងផ្តិតមេដៃទៅអ៊ីចឹងហើយនាងអាចទុកចិត្តយើងបានហើយពេលនាងធ្វើការនាងចប់យើងនឹងប្រគល់លុយ១០ម៉ឺនដុល្លា» លោកម្ចាស់បានហុចកិច្ចសន្យាមកឱ្យខ្ញុំរួចខ្ញុំក៏ទទួលយកនិងអានដោយប្រុងប្រយ័ត្ន
«ឯងសម្រេចចិត្តសិនទៅហើយចាំព្រឹកមកប្រាប់យើងបើឯងយល់ព្រមយើងនឹងធ្វើពិធីដង្វាយម៉ោង៥:០០ល្ងាច»
លោកម្ចាស់ក៏ដើរចេញហើយអ្នកបម្រើប្រុសក៏ដើរតាមពីក្រោយរួចទុកឱ្យខ្ញុំនៅកណ្តោចកណ្តែងម្នាក់ឯង។ ខ្ញុំប្រឹងស្រវាងើបហើយដើរទៅបន្ទប់ទាំងមីងមាំង ដៃស្តាំខ្ញុំចាប់បើកទ្វាទាំងគ្មានអាម្មណ៍ក្នុងខ្លួន រួចក៏ទយគូទលើគ្រែ ភ្នែកទាំងគូសម្លឹងមើលក្រដាសកិច្ចសន្យា ខ្ញុំពិតជាគ្មានជម្រើសទេហើយការលះបង់របស់ខ្ញុំនឹងធ្វើឱ្យមនុស្សដែលខ្ញុំស្រឡាញ់មានជីវភាពធូរធារជាមួយលុយយ៉ាងច្រើន ហើយវិញ្ញាណទាំងអស់ក៏លែងវិលវល់និងភូមិគ្រឹះនេះក៏រួចបណ្តាសារ។
សំឡេងមាន់រងាវគឺម៉ោង៥ហើយ ហើយខ្ញុំគឺមិនទាន់បានគេងទេ ខ្ញុំក៏ប្រញាប់យកទឹកលុបរួចក៏ឆ្លុះកញ្ជក់សភាពខ្ញុំគឺដូចមនុស្សឆ្កួតអ៊ីចឹង សក់ខ្ញុំរញ៉េរញ៉ៃ ភ្នែកខ្ញុំក៏ស្លក់ហើយខ្មៅដូចផេនដាអ៊ីចឹងហាហា
«តុកៗៗ» (សំឡេងគោះទ្វា)
«ចូលមក»
ពេលនោះអ្នកបម្រើស្រី៤ ៥នាក់បានចូលក្នុងបន្ទប់ខ្ញុំថែមទាំងមានសម្លៀកបំពាក់គ្រឿងម្សៅទៀតផង រួចខ្ញុំសួរយ៉ាងឆ្ងល់
«តើពួកបងចូលមានការអីមែនថែមទាំងមានសម្លៀកបំពាក់មកជាមួយដែរ?»
«លោកម្ចាស់បញ្ជាឱ្យពួកបងមកបន្តិចទៀតដឹងហើយ ពួកបងនាំឯងទៅងូតទឹកសិន» អ្នកបម្រើស្រីម្នាក់ក្នុងចំណោមប្រាំអ្នកនិយាយមកកាន់ខ្ញុំ រួចក៏កាន់ដៃខ្ញុំទៅកន្លែងងូតទឹក ។
នៅទីនោះខ្ញុំឃើញមានអាងហែលទឹកមួយដែលធ្វើអំពីឈើម្យ៉ាងយ៉ាងប្រណិតបើតាមខ្ញុំចាំមិនខុសគឺឈឺធ្នុងដែលដាប់ដាក់ដោយក្បួនរចនាបទម្យ៉ាងដូចជារៀបរាប់ពីព្រឹត្តិការណ៍នាសម័យណាមួយ ហើយបើខ្ញុំធ្លាប់រៀនប្រវត្តិសាស្ត្រពិតប្រាកដណាស់ជាព្រឹត្តិការណ៍សម័យលង្វែកដែលព្រះបាទចន្ទរាជាជាអ្នកឡើងសោយរាជ្យ រួមទាំងក្បាច់ចម្លាក់ផ្សេងទៀតតែក្បាច់ចម្លាក់ដែលខ្ញុំចាប់អាម្មណ៍ជាងគេគឺចម្លាក់ផ្កាក្រវ៉ាន់ដែលជាផ្កាតំណាងឱ្យប្រទេសកម្ពុជា។
នៅក្នុងអាងនោះមានទឹកបំពេញហើយស្រាប់ដោយអប់ជាមួយផ្កាម្លិះជាច្រើន ភ្លាមនោះគេក៏ឱ្យខ្ញុំចូលក្នុងអាងទឹករួចពួកគាត់ងូតទឹកឱ្យខ្ញុំថែមទាំងខាត់ស្បែកជាមួយរមៀតពន្លៃទៀតផង ខ្ញុំមានអាម្មណ៍ថាធូរស្រាលនិងស្រស់ថ្លាណាស់។ បន្ទាប់មកពួកគាត់ក៏នាំទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដោយបំពាក់នូវគ្រឿងអលង្ការយ៉ាងល្អប្រណិត និងស្លៀកពាក់ដូចជាកូនក្រមុំដែលការនាពេលបច្ចុប្បន្នយើងអ៊ីចឹង។
ក្រោយស្លៀកពាក់រួចខ្ញុំក៏ត្រូវបានអ្នកបម្រើហែលហមដូចលោកស្រីម្ចាស់ ខ្ញុំមានអាម្មណ៍ថាថ្ងៃនេះផ្ទះត្រូវបានរៀបចំហើយបាយសីជាច្រើនថ្នាក់ ពេលខ្ញុំចុះមកក្រោមខ្ញុំក៏ឃើញម៉ែអនមុនគេ
«ស្អាតខ្លាំងម្លេះកូនលីណា!» ម៉ែអនចាំដៃខ្ញុំហើយទាញខ្ញុំឱ្យទៅអង្គុយកន្លែងមួយយ៉ាងសមរម្យ
«ស្អាតមែនហ៎ម៉ែនអន?» ខ្ញុំសួរដោយមិនភ្លេចញញឹមញញែមទេ
«មែនតាស! ម៉ែមិននិយាយលេងទេ»
«អរ! ម៉ែអន តើថ្ងៃនេះលោកម្ចាស់រៀបចំពិធីអីដែរ?»
ម៉ែអនទម្លាប់ទឹកមុខនិងនិយាយតិចៗថា
«វិធីសែនសំណែន»
«ម៉ែអន តែនេះខ្ញុំមិនទាន់បានផ្តិតមេដាយយល់ព្រមទេណា»
«នាងបានផ្តិតហើយទេតើ» សំឡេងលោកម្ចាស់ចេញពីក្នុងផ្ទះរួចដើរសំដៅមកខ្ញុំថែមទាំងក្នុងដៃមានក្រដាសកិច្ចសន្យាទៀតផង
«ខ្ញុំមិនទាន់បានផ្តិតទេលោកម្ចាស់»
«នាងសាកមើលខ្លួនឯងមើល!» លោកម្ចាស់បានហុចកិច្ចសន្យាមកឱ្យខ្ញុំ
គឺខ្ញុំបានឃើញមានស្នាមមេដៃខ្ញុំផ្តិតហើយរួចមែនតែខ្ញុំពិតជាមិនដឹងមែនថាខ្ញុំបានផ្តិតទាំងពីពេលណា តែខ្ញុំក៏មិនប្រកែកដែលរព្រោះខ្ញុំសម្រេចចិត្តច្បាស់ហើយមុននិងក្រោយខ្ញុំក៏គង់តែផ្តិត។
«ថ្ងៃនេះយើងរៀបចំពិធីទាំងអស់សម្រាប់នាង» លោកម្ចាស់បានទះដៃបីដងពេលនោះអ្នកបម្រើប្រុសស្រីជាច្រើនលើកបាយទឹកមកយ៉ាងច្រើនលោកក៏បន្តថា
«នេះឆីទៅសម្រាប់នាងទាំងអស់»
«លោកម្ចាស់និងម៉ែអនខ្ញុំសុំអ្នកទាំងពីរហូបបាយជាមួយខ្ញុំបានទេ»
«នាងលះបង់សម្រាប់យើងច្រើនណាស់ហេតុអីរឿងតូចតាចមួយយើងធ្វើសម្រាប់នាងមិនបាន» លោកម្ចាស់និយាយរួចក៏អង្គុយថែមទាំងពមបាយមួយម៉ាត់យ៉ាងមានក្តីសុខ
ខ្ញុំក៏មិនក្រែងចិត្តលោកម្ចាស់ដែរព្រោះខ្ញុំចង់សាកភ្លក្សម្ហូបសម័យមុនគឺថាឆ្ងាញ់ខ្លាំងណាស់ ខ្ញុំញុំាយ៉ាងឆ្អែតបន្ទាប់មកពេលនោះលោកម្ចាស់ក៏ទះដៃបីដងហើយអ្នកបម្រើប្រុសស្រីក៏លើកចានឆ្នាំងចេញទៅ។
ភ្លាមនោះក៏មានការសូត្រមន្ត ក្រុងពាលីដែរ រួចហើយការចាប់ផ្ដើមសម្តែងសិល្បៈក៏ចាប់ផ្ដើមខ្ញុំធ្លាប់តែឈរលើកឆាកហាត់រាំរបាំតែពេលនេះខ្ញុំបែបមកអង្គុយមើលវិញ អ្នករាំរបាំជំនាន់មុនគឺមានភាពរស់រវើកណាស់មើលយ៉ាងណាក៏មិនជិនណាយ ខ្ញុំស្ទើរតែភ្លេចថាបន្តិចទៀតខ្ញុំត្រូវស្លាប់ដែរ។ របាំក៏ត្រូវបានបញ្ចប់ខ្ញុំក៏មិនភ្លេចងាកមើលម៉ោងដែរពេលនេះគឺម៉ោង៤:៥៥នាទីល្ងាចហើយ ពេលនេះក៏មានអ្នកបម្រើប្រុសនាំខ្ញុំទៅកណ្តាលហ្វូងមនុស្សហើយបានឱ្យខ្ញុំលត់ជង្គង់ចុះដើម្បីថ្វាយខ្លួនជាដង្វាយ
«លោកម្ចាស់មុននឹងខ្ញុំស្លាប់ទៅ តើលោកអាចឆ្លើយនឹងខ្ញុំបានទេថាហេតុអ្វីភូមិគ្រឹះនេះជាប់បណ្តាសារហើយហេតុអ្វី២៣ឆ្នាំហើយសាកសពអ្នកនាងតូចមានសភាពដូចាជាមនុស្សទើបស្លាប់អ៊ីចឹង?»
ខ្ញុំក៏ងាកមើលម៉ោងឃើញថាម៉ោង៤:៥៩ហើយ
«…..» គ្មានចម្លើយ
ខ្ញុំដឹងតែម្យ៉ាងគឺពេលនេះលោកម្ចាស់បានកាន់កាំបិតមួយយ៉ាងធំសំដៅមករកខ្ញុំ ហើយលោកក៏បានយកកាំបិតមកអាកខ្ញុំដោយមានផ្តិលស្ពាន់មួយសម្រាប់ត្រងឈាមដែលពេលនោះខ្ញុំដឹងថាខ្ញុំបានដាច់សរសៃបំពង់កហើយបិទភ្នែកយ៉ាងសន្សឹមៗទៅ៕