ទាំងជំនាញរឹង និងជំនាញទន់មានសារៈសំខាន់ខ្លាំងដូចគ្នា ក្នុងការពិចារណា ជួល ឬតំឡើងតួនាទីបុគ្គលម្នាក់ៗឡើងទៅជាអ្នកដឹកនាំ ។ អ្នកនិពន្ធ ម៉ីសន សុធារី បានចែករំលែកថា ក្រៅពីជំនាញរឹង យើងត្រូវការជំនាញទន់ ដើម្បីឱ្យគ្រប់គ្នាអាចលេចធ្លោបាន។
«ជំនាញទន់ជាអ្វីដែលបុគ្គលមានលើសពីជំនាញបែប បច្ចេកទេស និងមិនអាចវាស់វែង ផ្តោតលើការស្គាល់និងប្រលូកក្នុងសង្គម ភាពជាអ្នកពូកែទំនាក់ទំនង និងជំនាញដោះស្រាយបញ្ហា ជំនាញបង្កើតគំនិតថ្មី។ល។»
អ្នកស្រីពន្យល់នៅក្នុងកម្មវិធីជំនួបក្រុងសៀមរាបជាមួយហ្វេនក្លឹបថា ជំនាញរឹងប្អូនៗបានទទួលតាមរយៈការ បណ្តុះបណ្តាល និង អំឡុងពេលនៃការស្មគ្រ័ចិត្ត ហាត់ការឬបម្រើការក្នុងអាជីពរីឯ ជំនាញទន់គឺជារបៀបដែលយើងអាចធ្វើការជាមួយអ្នកដទៃ និងដោយឯករាជ្យ។
«ចាំណ៎ាប្អូន! ជំនាញទន់មានមូលដ្ឋានសំខាន់ផ្អែកលើបុគ្គលិកលក្ខណៈរបស់មនុស្ស ហើយគ្រប់គ្នានៅតែមានពេលជានិច្ចក្នុងការកែលម្អបុគ្គលិកលក្ខណៈរបស់ខ្លួនឯងបាន! ខ្ញុំធ្លាប់ធ្វើខុសច្រើន គេចសាលា ពេលចេញធ្វើការចង់បានតែផ្លូវកាត់ គ្រប់គ្នាមាន Dark Side ដែលជាផ្នែកសំខាន់មួយនៃការបិទបាំងកំហុសរបស់ខ្លួនឯង តែមានវិធីមើលឃើញចង្អុលកំហុសអ្នកដទៃ ជាផ្នែកមួយបង្អាក់Soft skills និង ចំណេះ Emphasisរបស់យើង »។
អ្នកនិពន្ធបានលើកឡើងផងដែរថា Angelina Bennet ចិត្តវិទូល្បីបាននិយាយថា “ផ្នែកងងឹត DARK SIDE គឺជាអ្វីដែលមនុស្សគ្រប់គ្នាមាន ជាផ្នែកមួយនៃបុគ្គលិកលក្ខណៈដែលមានឥទ្ធិពលលើជំនាញទន់ពេលយើងចេញប្រលូកក្នុងសង្គម»។
អ្នកនិពន្ធម៉ីសនសុធារីបន្តថា គ្រប់គ្នាវិធីកែលម្អជំនាញទន់ អភិវឌ្ឍន៍អាជីពដោយធ្វើរបៀបមួយចំនួននេះ៖
បើកចិត្តទូលាយ យោគយល់និងបញ្ចប់គំនិតបន្ទោសមើលបំណាំ។ ក្នុងចំណោមបុគ្គលដែលចូលចិត្តបន្ទោសគេយករួចខ្លួន មិនដែលបានទទួលសុភមង្គលឬជោគជ័យផ្នែកវិជ្ជាជីវៈឡើយ។ ដុសខាត់ មធ្យោបាយទំនាក់ទំនងដោយបញ្ឈប់ការកេងចំណេញលើមិត្តភាព ទម្លាប់មានទៅមានមក ទម្លាប់ដឹងគុណ និងយោគយល់បំភ្លេចចោល។
«ដល់ពេលប្អូនចេញធ្វើការ Softskills ភាគច្រើនសង្កត់ធ្ងន់លើការងារជាក្រុមដែលយើងត្រូវអត់ធ្មត់ បង្កើតទំនាក់ទំនងវិជ្ជមាន ដើរចេញពីcomfort Zone ហ៊ានទទួលស្គាល់បញ្ហានិងដោះស្រាយវា។ ជីវិតនេះ ប្អូនត្រូវត្រៀមខ្លួនដើម្បីរៀនជានិច្ច កុំធ្មេចភ្នែករង់ចាំជោគជ័យឬ កុំចង់ដើរផ្លួវកាត់ បន្លំប្រកូវ។ ធ្វើការមិនត្រូវគិតលើសខ្វះព្រោះធ្វើច្រើនយើងចេះច្រើន។ ជំនាញទន់ធ្វើឱ្យមនុស្សចិត្តចង្អៀតក្លាយជាចិត្ត ទូលាយនិងហ៊ានប្រឈមចំពោះមតិកែលម្អ ប្រការនេះយើងអាចដឹងដោយខ្លួនឯងនិងឃើញថាយើងកាន់តែរឹងមាំ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ!»