រឿង៖ អ្នកគ្រូមេសា

ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១០
“បាយក្រហមហ្នឹងស្អីគេ?”
ខ្ញុំលាន់មាត់មើលទៅចានបាយដែលពុកទិញឱ្យពីម្សិល។ ចានក្រហមត្រូវដាក់បាយក្រហមទៀតហើយ មីងម្នាក់គាត់ដួសបាយលាយឡំជាមួយសណ្តែកលឿងៗដាក់ចានខ្ញុំ គាត់ញញិមស្រស់ណាស់ អ៊ីចឹងបានក្មេងៗចូលចិត្តគាត់។
បន្ទាប់ពីយកបាយពីគាត់ហើយខ្ញុំដើរមកជិតមីងម្នាក់ទៀត គាត់សម្បុរស្រអែម សក់ខ្មៅវែងតែឥឡូវគាត់បួងឡើងលើជាមួយក្រមា គាត់ឃើញខ្ញុំគាត់ដួសត្រីស្អីក្រហមៗនោះដាក់ចានឱ្យច្រើនជាងគេ មិនបាច់ឆ្ងល់ទេថាហេតុអ្វីនោះព្រោះគាត់ជាអ៊ំរបស់ខ្ញុំហ្នឹងណា។
ក្មេងៗជាច្រើននាក់តាំងពីថ្នាក់ទី១ដល់ថ្នាក់ទី៦ មកតម្រង់ជួរគ្នាយកបាយពីអ្នកដាំ។ សាលារៀនយើងជាសាលាចាស់ល្មមមួយ មានថ្នាក់ចំនួន១០ចែកជាពីរអគារ បន្ទប់រៀន៦ ទីចាត់ការ១ បន្ទប់ដាក់សម្ភារ៣ ខ្ញុំអត់ដឹងថា៣បន្ទប់នោះជាបន្ទប់ដាក់សម្ភារទាំងអស់ទេ តែថាគ្មាននរណាទៅរៀនថ្នាក់ហ្នឹងឡើយ។
មិត្តខ្ញុំដើរមកជិតហើយអូសដៃខ្ញុំចេញទៅកន្លែងទំនេរល្មមញ៉ាំបាយជុំគ្នា ជាមួយមិត្តរួមថ្នាក់ទី១របស់ពួកយើង បើនិយាយរឿងអាយុខ្ញុំក្មេងជាងគេទើបតែ៥ឆ្នាំទេបានចូលរៀនហើយ។ សុធិគេមានអាយុបងខ្ញុំជាង១ឆ្នាំតែជាមិត្តម្នាក់ប៉ុណ្ណោះមកពីភូមិជាមួយខ្ញុំ។
“ធិស្អីគេក្រហមៗហ្នឹង?” សុធិសើចខ្លាំងៗចង់អួលបាយ
“នែ! មូលីអាហ្នឹងគេហៅត្រីខ យីកើតមក៥ឆ្នាំហើយអត់ស្គាល់ត្រីខទៀត?”
រវល់តែរៀបរាប់ភ្លេចប្រាប់ឈ្មោះ សួស្តីខ្ញុំឈ្មោះមូលី អាយុ៥ឆ្នាំគត់ចាសបើលើសក៏អត់ដឹងដែរ ជាសិស្សថ្នាក់ទី១ ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់ខ្ញុំ។
“ច្រើនម្ល៉េះ?” សុធិអត់មាត់គិតតែញ៉ាំៗព្រោះជិតដល់ម៉ោងតម្រង់ជួរ ឆ្ងល់ណាស់តើវាឆ្ងាញ់ដល់ថ្នាក់ណាហេតុអ្វីក្មេងនិងបងៗចូលចិត្តញ៉ាំម្ល៉េះ?
សម្រាប់ខ្ញុំធម្មតា “ម៉ឺង!” គ្រូនាយកវាយជួងប្រាប់សិស្សគ្រប់គ្នាឱ្យទៅគោរពទង់ជាតិមុខទីចាត់ការ “ធ្វើម៉េចទៅញ៉ាំបាយអត់ទាន់អស់ផង?” ខ្ញុំក្រឡេកមើលសុធិ បាត់ស្រមោល!សុធិទៅបាត់ វិធីតែម្យ៉ាងខ្ញុំយកបាយនោះទៅចាក់ចោលនៅក្បែរជញ្ជាំងទីចាត់ការតែម្តង ដំបូងគិតស្មានថាមានតែនាងម៉ូលីដែលល្ងង់ចាក់បាយឆ្ងាញ់ចោលមានឯណាក្មេងៗជាច្រើននាក់ចាក់ចោលព្រោងព្រាត ម្នាក់ៗនៅតូចពេកទើបញ៉ាំអត់អស់។
លោកគ្រូនាយកមានមាឌធំទាបបន្តិច គាត់កាចណាស់ សំឡេងគាត់និយាយខ្លាំងមិត្តទី១របស់ខ្ញុំឡើងរឹងខ្លួនដូចទឹកកក ដើម្បីកុំឱ្យលោកគ្រូចាប់បានថាយើងឈរអត់ត្រង់ខ្លាចស៊ីរំពាត់ជាបង្អែមក្រោយបាយ។
ខ្ញុំឈរក្រោយគេ អត់ចូលចិត្តឈរមុខទេខ្លាចសំឡេងគ្រូណាស់ កន្លះម៉ោងសម្រាប់ជំនួបលើកដំបូងយូរណាស់ដូច៣ថ្ងៃ លោកគ្រូនាយកនិយាយច្រើនឡើងហូរដូចទឹក តែបើសួរថាខ្ញុំចាំអត់ចម្លើយគឺអត់ចាំ អត់មានចាំអីតិច!ហាសហា។ ខ្ញុំកេះសុធិនៅខាងមុខ
“សុធិឯងចុកជើងអត់?” សុធិងាកមក
“ចុកណាស់”
“ម៉េចលោកគ្រូនិយាយច្រើនម្ល៉េះ គាត់ជាអ្នកសារព័ត៌មានដែលពួកយើងធ្លាប់ឃើញតាម ទូរទស្សន៍ទេដឹង?”
“យើងអត់ដឹងទេ” ខ្ញុំវាយសុធិឱ្យគេមើលទៅខាងមុខវិញ លោកគ្រូម្នាក់វ័យប្រហែលពូខ្ញុំគាត់ដើរកាន់រំពាត់មក ជើងខ្ញុំតម្រង់ចូលគ្នាឡើងត្រង់ភ្លឹងមុខស្មើមើលលោកគ្រូនាយកនិយាយ
“កូនៗបំបែកគ្នាទៅតាមថ្នាក់!” សម្តីលោកគ្រូនាយកចុងក្រោយ ខ្ញុំស្តាប់រួចបើកភ្នែកធំៗឆ្ងល់ណាស់ខ្ញុំនិងអ្នកផ្សេងទៀតក្លាយជាកូនគាត់ពីពេលណា? ឬមួយពុកម៉ែពួកយើងជាមិត្តលោកគ្រូនាយក?
“យេៗ” ខ្ញុំចេះតែច្រៀងទៅធុញពេកអ្នកគ្រូស្អាតបង្រៀនពួកយើងពីសុជីវធម៌ក្នុងការសំពះចាស់ទុំ សម្តីអ្នកគ្រូពីរោះជាងលោកគ្រូនាយកឆ្ងាយណាស់ស្តាប់ឡើងភ្លឹក។ ពួកយើងត្រូវចេះសំពះចាស់ទុំពេលឃើញគាត់ឬចួបគាត់ដោយចៃដន្យ មិនត្រឹមតែចាស់ទុំឱ្យតែមនុស្សមានអាយុច្រើនទើបគេហៅថាក្មេងល្អ នេះជាប្រយោគអ្នកគ្រូប្រាប់ពួកយើងសម្រាប់ថ្ងៃចូលរៀនដំបូង។ ខ្ញុំស្រាប់តែស្ងាបឡើងអ្នកគ្រូឃើញគាត់ចង្អុលឱ្យឡើងឈរ
“ម៉ូលីកុំគេងក្នុងថ្នាក់កូន” ខ្ញុំអត់បានគេងទេអ្នកគ្រូគ្រាន់តែស្ងាបទេតើ
“អ្នកគ្រូៗ” ខ្ញុំក្មេងណាស់អត់ដឹងថាត្រូវនិយាយយ៉ាងម៉េចទេ ចង់យំតិចតែខ្លាចខ្មាសគេម៉ែផ្តាំតាំងពីផ្ទះហាមយំនៅសាលា បើមិនអ៊ីចឹងទេថ្ងៃស្អែកមករៀនគាត់អត់ឱ្យលុយទិញនំញ៉ាំឡើយ។
“អង្គុយចុះកូនអត់អីទេណា!” អ្នកគ្រូដើរមកជិតខ្ញុំគាត់លួងដោយសម្តីផ្អើម បន្ទាប់មកគាត់ដើរទៅក្តារខៀនវិញ
“កូនៗត្រូវសំពះតាមអ្នកគ្រូណា”
“ចាស\បាទអ្នកគ្រូ!” ពួកយើងលើកដៃសំពះតាមអ្នកគ្រូស្អាត តាមពិតអ្នកគ្រូគាត់បានប្រាប់ឈ្មោះរួចហើយតែខ្ញុំភ្លេច!
ក្រៅពីរៀនសំពះអ្នកគ្រូស្អាតនាំពួកយើងលេងល្បែងកម្សាន្តដូចជាទាយរូប និងប្រកួតច្រៀង។ សំឡេងផ្អើលអស់គោក្របីរបស់សុធិចេះក្មេងៗស្តាប់កើត បើខ្ញុំគេធ្វើអីធ្វើទៅអង្គុយចាំតែដល់ម៉ោងអាលនឹងទៅផ្ទះវិញ។
៣អាទិត្យកន្លងផុតទៅ…
ភាពជាកុមារបស់ខ្ញុំពាក្យថាកើតទុក្ខយំកើតឡើងបានមិនដល់មួយម៉ោងទេ នឹងបាត់ទៅវិញវាពោរពេញដោយភាពរីករាយគ្រប់ពេល។ រៀនថ្នាក់ជាមួយអ្នកគ្រូស្អាតខ្ញុំឆាប់ចេះឆាប់ចាំមិនឱ្យពុកម៉ែពិបាកទេ។ តែក្រោយៗមកថ្នាក់ទី១ តែងតែបាត់វត្តមានអ្នកគ្រូស្អាតម្តងម្កាលញឹកញាប់ ហើយមានគ្រូផ្សេងចូលមកបង្រៀន ខ្ញុំឆ្ងល់ខ្លាំងណាស់អ្នកគ្រូទៅណាហេតុអ្វីគាត់អត់មកបង្រៀនពួកយើងរាល់ថ្ងៃអ៊ីចឹង។
ទាំងខ្ញុំនិងក្មេងៗដទៃទៀតនឹកអ្នកគ្រូចង់ឃើញអ្នកគ្រូស្អាតមកបង្រៀនរាល់ថ្ងៃ មានពេលមួយនោះដោយសារតែឆ្ងល់ពេកពួកយើងនាំគ្នារត់ទៅសួរលោកគ្រូនាយក ចម្លើយដែលទទួលបានមកវិញអ្នកគ្រូស្អាតមានបញ្ហាគ្រួសារតិចតួច។ ខ្ញុំអត់ដឹងថាផ្ទះអ្នកគ្រូទៅទីណាទេចង់ទៅណាស់ចង់ទៅចួបមុខគាត់។
ថ្ងៃមួយពុកមកទទួលឃើញខ្ញុំអង្គុយមុខស្អុយគាត់មកលើកដាក់ម៉ូតូឱ្យជិះពីក្រោយ ខ្យល់បក់ខ្លាំងសក់ខ្ញុំប៉ើងដូចខ្មោចបេះបិទ
“ម៉ូលីកើតអីហ្នឹងកូន?” ខ្ញុំឱបចង្កេះពុកជាប់ខ្លាចធ្លាក់បោកក្បាល ចាក់ម្ជុរធំដូចក្នុងរឿងកុនឈឺ!
“ពុក! អ្នកគ្រូស្អាតអត់មកបង្រៀនកូនទៀតហើយ”
“អ្នកគ្រូប្រហែលគាត់រវល់ហើយទើបមិនបានមកបង្រៀន ចាំពុកអ្នកបង្រៀនបន្ថែមឱ្យ”
“ពុកស្គាល់ផ្ទះអ្នកគ្រូអត់?” ហ្នឹងហើយអ្នកគ្រូហៅខ្ញុំកូនៗ ទំនងពុកឬម៉ែជាមិត្តអ្នកគ្រូហើយទំនង ហាសហា!
“ពុកអត់ស្គាល់ទេកូន”
“ហាក! ក្រែងពុកជាមិត្តអ្នកគ្រូឬម៉ែ?” ខ្ញុំឮសំឡេងពុកសើចយ៉ាងខ្លាំង មានអីគួរឱ្យសើចទៅ? ពុកហ៎ម៉េចសើចអ៊ីចឹង ខ្ញុំនិយាយអ្វីខុសមែន?
“ម៉ូលីម៉េចបាននិយាយអ៊ីចឹងកូន? ពុកនិងម៉ែមិនមែនជាមិត្តអ្នកគ្រូកូនទេ” អ្វីហ្នឹងពុក? ចុះអ្នកគ្រូហៅខ្ញុំថាកូនៗ ដោយសារអ្វីទៅ
“អ្នកគ្រូនិងលោកគ្រូនាយកហៅកូនថា កូនៗដូចពុកម៉ែដែរខ្ញុំគិតថាពួកគាត់ជាមិត្តពុកនិងម៉ែហើយទើបហៅខ្ញុំអ៊ីចឹង” ម្តងនេះពុកនៅតែសើចគ្រាន់តែបន្ថយសំឡេងបន្តិច
“ព្រោះគ្រូជាឪពុកម្តាយទីពីរសម្រាប់សិស្ស លោកទូន្មានប្រដៅសិស្សឱ្យដើរផ្លូវល្អ ផ្ដល់ចំណេះដឹងដល់សិស្ស”
ពុកឈប់និយាយព្រោះដល់ផ្ទះហើយ ដូចរាល់ដងអ៊ីចឹងខ្ញុំតែងតែទៅងូតទឹកខ្លួនឯងរាល់ពេលពុកម៉ែរវល់ខ្លាំងដកឃ្លាមិនបាន។ ពេញមួយថ្ងៃខ្ញុំអង្គុយគិតពីអ្នកគ្រូ តើគាត់មានបញ្ហាអ្វីទើបមិនមកបង្រៀនពួកយើងដូចរាល់ដង? ខ្ញុំចង់ទៅផ្ទះអ្នកគ្រូដើម្បីស៊ើបមើលថាអ្នកគ្រូមានរឿងអី? តែខ្ញុំមិនដឹងថាផ្ទះអ្នកគ្រូនៅឯណាហើយសុធិក៏មិនដឹងទៀត។
ស្រាប់តែអង្គុយលេងបាយឡុកបាយឡមុខផ្ទះពីរអ្នកសុធិ ឃើញបងថាំងជិះកង់កាត់មុខផ្ទះខ្ញុំ រំពេចនោះខួរក្បាលរម្លឹកមកដល់ភ្លាម បងថាំងធំជាងខ្ញុំពីរបីឆ្នាំគាត់រៀនថ្នាក់ធំប្រាកដជាស្គាល់ផ្ទះអ្នកគ្រូហើយ ចាំមើលណាស្អែកទៅរកបងថាំងដល់ថ្នាក់ដើម្បីសួររកផ្ទះអ្នកគ្រូស្អាត។ ពួកយើងនឹកអ្នកគ្រូ នឹកសំឡេងច្រៀងអ្នកគ្រូចង់ឱ្យអ្នកគ្រូមកបង្រៀនពួកយើងដូចរាល់ដងទៀត។
ថ្ងៃស្អែក…
ខ្ញុំរត់លេងម្តុំថ្នាក់បងថាំងជាមួយគ្នាៗថ្នាក់ទី១របស់ពួកយើង។ ចៃដន្យថ្ងៃនេះលោកគ្រូនាយកប្រាប់ពួកយើងថាគ្មានគ្រូមកបង្រៀនជំនួសអ្នកគ្រូស្អាតឡើយ ពួកយើងអាចចេញទៅផ្ទះបាន។ ដោយសារតែចេញមុនម៉ោងហើយគ្មានឪពុកម្តាយដឹង ទើបកូនសិស្សថ្នាក់ទី១ទាំងអស់ត្រូវដើរទៅផ្ទះជាក្រុម បើមិនដូច្នេះទេត្រូវអង្គុយចាំបងៗដែលរៀនថ្នាក់ធំៗចាំទៅផ្ទះជាមួយគាត់។
សុធិនិងក្មេង៣នាក់ទៀត អះអាងថាផ្ទះអ្នកគ្រូនៅជិតសាលាទេដើរតែ១០នាទីគឺដល់ហើយ ខ្ញុំងក់ក្បាលជឿសុធិ និយាយរួមទៅក្មេងតូចៗដូចជាខ្ញុំអ៊ីចឹងគេនិយាយអ្វីក៏ជឿដែរដូចរឿងពូឥណ្ឌាលក់មុង
“នេះផ្ទះអ្នកគ្រូ” សុធិចង្អុល
“ធ្លុះដំបូលហើយ?”
ខ្ញុំឆ្ងល់ណាស់ហេតុអ្វីផ្ទះអ្នកគ្រូធ្លុះដំបូលបែបនេះ? ផ្ទះអ្នកគ្រូជាផ្ទះឈើតូចល្មមមួយប្រក់ស្លឹកត្នោតជញ្ជាំងឈើ ប៉ុន្តែវាបានធ្លុះកន្លែងខ្លះ។
ពួកយើងដើរចូលទៅដោយមានគ្នា៨នាក់ ព្រោះអ្នកខ្លះគេមិនបានមកទេ។ សំឡេងលាងចានលាន់ចេញពីខាងលើផ្ទះមក ខ្ញុំឡើងទៅលើផ្ទះឃើញលោកយាយជរាម្នាក់គេងលើកន្ទេលដោយស្ងៀមស្ងាត់ទំនងគាត់ឈឺហើយ នៅក្បែរគាត់មានផ្លែឈើមួយចាន ថង់ថ្នាំនិងចានបបរ។
ផ្ទះអ្នកគ្រូសឹងតែរកកន្លែងណាល្អមើលមិនបាន សុទ្ធតែធ្លុះធ្លាយទាំងជញ្ចាំងនិងរនាប តើគ្មាននរណាជួយគាត់ទេឬ? ខ្ញុំនិងក្មេងៗឯទៀតខ្លាចផុងធ្លាក់ពីលើផ្ទះអ្នកគ្រូណាស់ តែដោយចង់ដឹងពេកទើបហ៊ានប្រថុយដើរកាត់លោកយាយជរាទៅរកសំឡេងលាងចាន។ អ្នកគ្រូស្ថិតក្នុងសម្លៀកបំពាក់នៅផ្ទះ សក់ចងឡើងលើមុខមាត់ស្រពោនខុសពីគាត់ទៅបង្រៀនខ្ញុំដាច់
“ម៉ូលី!”
ព្រោះខ្ញុំឈរមុខគេទើបអ្នកគ្រូហៅខ្ញុំទៅ ពួកយើងជាកូនអ្នកស្រែទោះមានអាយុត្រឹមតែប្រាំឬប្រាំមួយឆ្នាំក៏ដោយក៏ចេះរឿងកិច្ចការផ្ទះដែរ។ ពួកយើងដាក់កាតាបចុះទៅជួយលាងចាននិងឆ្នាំងអ្នកគ្រូ
“អ្នកគ្រូចាំពួកខ្ញុំជួយ!”
ពួកយើងបានជួយគ្នាម្នាក់តិចៗរហូតដល់ហើយ អ្នកគ្រូស្ងាត់ខ្ញុំគ្រាន់តែដឹងថាអ្នកគ្រូរលីងរលោងទឹកភ្នែកមើលពួកយើងតែគាត់ព្យាយាមឃាត់មិនឱ្យស្រក់ចុះមក។
បន្ទាប់ពីលាងហើយៗ ខ្ញុំនិងអ្នកឯទៀតនាំគ្នាចុះមកខាងក្រោម ខ្លាចដើរផុងធ្លាក់ចុះមកក្រោម អ្នកគ្រូចាប់ផ្តើមនិយាយឱ្យពួកយើងស្តាប់ក្រោយសុធិសួរពីលោកយាយជរា
“អ្នកគ្រូគាត់ជាអ្នកណា?”
“គាត់ជាម្តាយអ្នកគ្រូ! អ្នកគ្រូគ្មានឪពុកទេហើយប៉ុន្មានថ្ងៃដែលអ្នកគ្រូមិនបានទៅបង្រៀនកូនៗ ដោយសារតែជាប់មើលថែម្តាយព្រោះតែអ្នកគ្រូមានតែពីរនាក់ម្តាយកូនទេ”
អ្នកគ្រូឈប់និយាយ ក្នុងចំណោមពួកយើងមានម្នាក់អាយុច្រើនជាងគេម្នាក់នោះអាយុ៨ឆ្នាំហើយ គេទើបតែរៀនថ្នាក់ទី១ទេ
“អ្នកគ្រូចុះផ្ទះ? ហេតុអ្វីអ្នកគ្រូអត់យកលុយប្រាក់ខែទៅជួសជុល?” ម្នាក់អាយុ៨ឆ្នាំ ជាក្មេងស្រីគាត់សុភាពនិងយល់ដឹងច្រើនភាពជាមនុស្សធំថាត្រូវលំបាកអ្វីខ្លះ
“លុយនោះទុកទិញថ្នាំឱ្យម្តាយអ្នកគ្រូហ្នឹងណា និយាយអ៊ីចឹងកូនៗមកផ្ទះអ្នកគ្រូធ្វើអី អត់មានលោកគ្រូទៅបង្រៀនជំនួសអ្នកគ្រូទេអី?”
ពួកយើងស្ងាត់ព្រោះដឹងថាក្មេងទុកឱ្យអ្នកមានអាយុច្រើនជាអ្នកនិយាយចុះ។ តាមសម្តីអ្នកគ្រូនិយាយ ផ្ទះអ្នកគ្រូធ្លុះធ្លាយបែបនេះយូរគួរសមហើយ គាត់គ្មានលុយសម្រាប់ជួសជុលឡើយ សាច់ញាតិក៏គ្មានមានតែពីរនាក់ម្តាយកូន លុយប្រាក់ខែល្មមសម្រាប់ចំណាយលើការហូបចុកនិងទិញថ្នាំឱ្យម្តាយគាត់។
ខ្ញុំអាណិតអ្នកគ្រូស្អាតណាស់ ទោះត្រូវលំបាករស់នៅក្នុងផ្ទះសឹងតែរលំនេះក៏ដោយក៏គាត់មិនបោះបង់ម្តាយគាត់ដែរ អ្នកគ្រូមិនត្រឹមតែជាកូនល្អតែជាម្តាយល្អទីពីរសម្រាប់កូនសិស្ស គាត់អត់កាចឡើយសម្តីគាត់ផ្អែម បង្រៀនក្មេងៗដោយសម្តីទន់ភ្លន់ ពាក្យប្រដៅនិយាយដោយថ្មមៗអត់ស្រែកដាក់អត់មានរំពាត់ឡើយ សិស្សទាំងអស់ចូលចិត្តគាត់ណាស់។
ពួកយើងចំណាយពេលអង្គុយក្រោមផ្ទះស្តាប់អ្នកគ្រូជិតដល់ម៉ោងចេញលេងនៅសាលាទើបត្រលប់មកផ្ទះវិញពាំនាំជាមួយអារម្មណ៍មិនល្អ អាណិតអ្នកគ្រូណាស់។ ខ្ញុំនិងសុធិដើរមកតែពីរនាក់ពួកយើងអត់និយាយរកគ្នាដ្បិតកំពុងតែរកវិធីជួយអ្នកគ្រូតាមលទ្ធភាពក្មេងថ្នាក់ទី១។ នៅសុខៗខ្ញុំនឹកឃើញគំនិតមួយវាល្អណាស់ ទោះពួកយើងក្មេងពិតមែនតែវិធីនេះបើមានការសហការណ៍ប្រាកដជាធ្វើទៅបាន ខ្ញុំឱនទៅប្រាប់សុធិហើយពួកយើងញញិមដាក់គ្នារួចសន្យាថាស្អែកនឹងចាប់ផ្តើមប្រាប់ផែនការនេះទៅអ្នកផ្សេង។ ពីរនាក់យើងចិត្តក្តៅណាស់ចង់ធ្វើអ្វីត្រូវតែធ្វើ កាន់រហ័សកាន់តែល្អ។
មកដល់ផ្ទះខ្ញុំបោះកាតាបហើយរត់ទៅមើលឈើដែលពុកទុកចោលនៅខាងក្រោយផ្ទះ ពុកមកដល់ល្មមជាមួយម៉ែដោយមានត្រីតូចនិងព្រលឹតតៀមទៅលក់ឯផ្សារ
“ម៉ូលីកូន ឆាប់មកផ្ទះម្ល៉េះ?” ម៉ែដាក់ព្រលឹតក្នុងពាងផងនិយាយផង
“ម៉ែខ្ញុំមានរឿងមួយចង់សុំ”
“មានរឿងកូន?”
ពុកសួរហើយខ្ញុំរត់ទៅប្រាប់គាត់ពីគម្រោងរបស់ខ្ញុំនិងសុធិធ្វើឱ្យពុកនិងម៉ែសម្លឹងមុខដកដង្ហើមធំ ខ្ញុំភ័យណាស់ខ្លាចគាត់អត់យល់ព្រមតែចុងក្រោយពុកសន្យាថានឹងទៅជួយ។ ខ្ញុំបានទៅលក់បន្លែនិងត្រីជាមួយម៉ែនៅឯផ្សារ។
៣ថ្ងៃកន្លងផុតទៅ…
ខ្ញុំនិងក្មេងដែលជាសិស្សថ្នាក់ទី១ទាំងអស់ អង្គុយលើឈើងាប់មួយដើមមុខផ្ទះអ្នកគ្រូសម្លឹងទៅផ្ទះដែលមានឪពុកម្តាយពួកយើងនិងលោកគ្រូអ្នកគ្រូពីសាលាមកជួយជួសជុល។ ផែនការពួកយើងបានសម្រេចហើយ មុនដំបូងខ្ញុំនិងសុធិមានភារកិច្ចសុំឪពុកម្តាយឱ្យជួយទៅជុសជុលផ្ទះអ្នកគ្រូ និងប្រាប់ក្មេងៗដទៃទៀតឱ្យធ្វើដូចយើង គ្រប់គ្នាធ្វើតាមដោយទឹកចិត្តស្រឡាញ់អ្នកគ្រូស្អាត។
ឪពុកម្តាយនិងអ្នកគ្រូលោកគ្រូឃើញពួកយើងធ្វើអ៊ីចឹង ពួកគាត់សប្បាយចិត្តណាស់ហើយបានប្រមូលលុយគ្នានិងជួយជាកម្លាំងមកជួសជុលផ្ទះអ្នកគ្រូ។ សប្បាយចិត្តណាស់អ្នកគ្រូបានផ្ទះមាំជាងមុនហើយ គាត់មិនពិបាករស់នៅដោយភាពភ័យខ្លាចទៀតទេ។ អ្នកគ្រូបានមកបង្រៀនវិញជារាងរាល់ថ្ងៃ ព្រោះមានលោកគ្រូពេទ្យម្នាក់បានឱ្យម្តាយអ្នកគ្រូទៅព្យាបាលឥតគិតថ្លៃនៅមន្ទីពេទ្យឯស្រុក ដល់ជាសះស្បើយ។១៥ឆ្នាំក្រោយមក…
នេះវាអស់ជាច្រើនឆ្នាំហើយដែលខ្ញុំខានមកទីនេះម្តងទៀត ពេលវេលាលឿនណាស់ កាលមុនខ្ញុំត្រឹមតែជាក្មេងម្នាក់អាយុ៥ឆ្នាំប៉ុណ្ណោះ។ សាលាបឋមគ្រប់ថ្នាក់ត្រូវបានបិទទ្វារព្រោះតែដល់ពេលវ៉ាកងធំ ខ្ញុំពីរនាក់សុធិពួកយើងបានសម្រេចចិត្តមកទីនេះ។
តាំងពីរៀនចប់ទី១២ ខ្ញុំនិងសុធិសុទ្ធតែបានផ្លាស់ប្តូរទៅរស់នៅទីក្រុងភ្នំពេញ នឹងបានលែងមកសាលាបឋមរហូតដល់ពេលនេះ។ សាលាចាស់នៅមានសភាពថ្មីនៅឡើយ អគារត្រូវបានសាងសង់ថ្មីមើលទៅដូចទើបបង្កើតសាលា បើមិនបានរបងនោះទេយើងអត់មើលដឹងថាសាលានេះសាងសង់យូរមកហើយ។ ខ្ញុំបិទសៀវភៅកំណត់ហេតុយកមកតាមរួចងាកទៅសុធិ
“ទៅផ្ទះអ្នកគ្រូ”
“តុះ! ពួកយើងខានបានចួបគាត់៤ឆ្នាំហើយ”
រឿងអាចនឹងកន្លងផុតទៅជាយូរតែក្នុងចិត្តខ្ញុំចងចាំជានិច្ច។
“សង្ឃឹមថាអ្នកគ្រូមិនផ្លាស់ប្តូរផ្ទះដូចពួកយើងចុះ” សុធិញញិមស្ងូត គេដើរទៅបើកទ្វារឡាននាំខ្ញុំទៅផ្ទះអ្នកគ្រូ។
ពួកយើងនៅតែជាមិត្តល្អនឹងគ្នា រហូតហើយបានរៀនចប់នៅសាកលតែមួយជាមួយគ្នា។ ពុកម៉ែបានបើកហាងរកស៊ីនៅឯភ្នំពេញធ្វើឱ្យជីវភាពល្អជាងមុនឆ្ងាយ ខ្ញុំបានសុំពុកម៉ែមកលេងអ្នកគ្រូជាមួយសុធិ ពួកយើងរៀនចប់ហើយមានការងារនឹងប្រាក់ខែសមល្មម ចង់យកលទ្ធផលទាំងនេះមកជូនអ្នកគ្រូស្អាតមើល តាមពិតគាត់ឈ្មោះ មេសា។ អ្នកគ្រូមេសាជាអ្នកគ្រូគំរូប្រចាំសាលា គាត់ជាគ្រូល្អជាកូនល្អអ្នកណាក៏ស្រឡាញ់រាប់អានគាត់។
ឡានមកឈប់ពីមុខផ្ទះ ទេ!វាលែងជាផ្ទះទៀតហើយសភាពចាស់ណាស់ក្លាយជាដីភូមិគេទុកចោល នេះមានរឿងអី? អ្នកគ្រូដូរផ្ទះឬ? ខ្ញុំសម្លឹងមុខសុធិចង់ឱ្យគេជួយស្រាយចម្ងល់។ ខ្ញុំចុះពីលើឡានឃើញក្មេងប្រុសម្នាក់អាយុប្រហែលជា១០ឆ្នាំ ក៏ឆ្លៀតសួរគេពីអ្នកគ្រូមេសា
“អូនឈប់សិន!”
“បាទបង?” ក្មេងប្រុសនោះឆ្លើយយ៉ាងសុភាព
“ម្ចាស់ដីភូមិនេះទៅណាហើយ? បងជាសិស្សអ្នកគ្រូមេសា ចង់ចួបគាត់បន្តិច”
គេសម្លឹងមុខខ្ញុំនិងសុធិឆ្លាស់គ្នាទៅវិញទៅមក គេដកដង្ហើមធំដូចមនុស្សចាស់រត់ទៅផ្ទះវិញមួយរំពេច
“អាអូនហ្នឹងកើតស្អី?” សុធិជ្រែងហោប៉ៅតាមទម្លាប់ ខ្ញុំមិនទាន់ទាំងតបផងក្មេងប្រុសអម្បាញ់មិញរត់មកវិញ គេសួរខ្ញុំថា
“បងស្រីឈ្មោះម៉ូលីមែនទេ?”
“ចាសគឺបង”
“អ្នកគ្រូផ្ញើទុកឱ្យ តាមពិតគាត់ស្លាប់៦ខែហើយដោយរោគចំហបេះដូង ផ្ទះនេះត្រូវបានទុកចោលរហូតមក មុននឹងគាត់ស្លាប់គាត់បានផ្តាំពុកខ្ញុំថាបើមានសិស្សណាមករកគាត់គឺត្រូវឱ្យប្រអប់នេះគាត់បានទាយថាបងម៉ូលីនឹងមករកគាត់មុនគេ”
អាអូនោះរត់ទៅវិញ គេជឿខ្ញុំច្បាស់ណាស់ថាជាសិស្សអត់សង្ស័យ។ មិនពិតទេរឿងដែលក្មេងប្រុសនេះនិយាយមិនមែនជារឿងពិតទេ! ដំណក់ទឹកតូចៗស្រក់ចុះមកអត់តៀមខ្លួន ហេតុអ្វីទៅ? អ្នកគ្រូមានជំងឺនេះតាំងពីពេលណាមក?
“ធិប្រាប់មក! អ្នកគ្រូអត់បានស្លាប់ទេមែនទេ? អ្នកគ្រូបានដូរផ្ទះហើយក្មេងនោះកុហកពួកយើង”
សុធិទាញប្រអប់នោះទៅបើកមើលដោយមិនខ្វល់ពីអារម្មណ៍ខ្ញុំនៅពេលនេះ
“ម៉ូលីកាត់ចិត្តទៅអ្នកគ្រូស្លាប់ហើយ” គេលើកធាតុអ្នកគ្រូមកជាមួយសំបុត្រមរណៈភាពអ្នកគ្រូ
“មិនពិត”
“ត្រូវតែជឿយើងដឹងពីរថ្ងៃហើយ តែយើងចង់មកឱ្យច្បាស់ ឥឡូវឃើញច្បាស់ផ្ទាល់ភ្នែកនេះជាធាតុអ្នកគ្រូហើយនេះសំបុត្រ ប៉ុណ្ណឹងឯងរកស្អីទៀតអ្នកគ្រូទៅបានសុខហើយ”
ហិៗ អ្នកគ្រូខ្ញុំសុំទោស ខ្ញុំមកយឺតមិនបានឃើញមុខអ្នកគ្រូជាលើកចុងក្រោយទេ។
សុធិបើកឡានត្រលប់ទៅភ្នំពេញវិញ ឯខ្ញុំនៅហេងហាងយំរហូតហេតុអ្វីទេវតាចិត្តអាក្រក់ម្ល៉េះ? អ្នកគ្រូមេសាខុសអីបានឱ្យគាត់ស្លាប់បែបនេះ។ សំបុត្រអ្នកគ្រូទុកឱ្យពួកយើង គាត់បានផ្តាំឱ្យសិស្សជំនាន់ខ្ញុំទាំងអស់គ្នាជួយសម្រេចបំណងប្រាថ្នាចុងក្រោយរបស់គាត់ផងគឺ សាងសង់អគារសិក្សាថ្មីមួយទៀត គាត់ឱ្យពួកយើងលក់ដីភូមិគាត់ដើម្បីយកលុយទាំងអស់ទៅបរិច្ចាគសម្រាប់ព្យាបាលអ្នកជំងឺចំហបេះដូងដែលគ្មានលុយព្យាបាល។ ខ្ញុំជូតទឹកភ្នែកចេញ អ្នកគ្រូខ្ញុំសន្យាថានឹងធ្វើតាមបណ្តាំអ្នកគ្រូ សូមឱ្យអ្នកគ្រូបានទៅកាន់សុខគតិភពផងចុះ៕