កាលពីព្រេងនាយ មានបុរសពោះម៉ាយអ្នកមានស្តុកស្តម្ភម្នាក់ រស់នៅជាមួយកូនស្រីទាំងបីរបស់គាត់។ កូនស្រីច្បងទាំងពីរនាក់មានចរិតទំនើងចូលចិត្តចំអកចំ អន់ឱ្យអ្នកណាដែលមិនមានលទ្ធភាពស្លៀកពាក់បានស្អាតៗដូចពួកគេ។
ដោយសារឳពុកជាអ្នកជំនួញមានលុយកាក់ច្រើន និងស្រលាញ់ទំយើរកូនដោយគិតថាកូនៗកម្សត់កំព្រាគ្មានម្តាយថែទាំ ពួកគេបានក្លាយជាមនុស្សឱ្យតម្លៃលើសម្ភារៈនិងនិយមតែនឹងការចំណាយទិញសំលៀកបំពាក់ អល្លង្ការ មួកស្អាតៗនានា មិនគិតសន្សំសំចៃអ្វីឡើយ។
លើកលែងតែកូនស្រីពៅឈ្មោះ Beauty ជានារីជំទង់ស្ងប់ស្ងាត់ ចូលចិត្តអានច្រើននិងពិចារណាអំពីដំណើរទំនងនានាលើពិភពលោកបង្កប់បានជាចំណេះដឹងនិងឬកពារយ៉ាងប្រសើរ។
ទោះបីជាយ៉ាងណានាងតែងត្រូវបានរិះគន់ដោយបងៗថា៖
“ គ្មាននរណាចង់បានឯងទៅជាកូនក្រមុំរបស់គេទេ! ឯងនឹងនៅចាំទូសៀវភៅនិងបន្ទប់ចង្ក្រានរបស់ឯង ពេញមួយជីវិតនេះទៅចុះ”
ពួកគេសើចទៀតថា “ មើលសក់ មើលទៅរបៀបតុងតែងរបស់ឯង មិនខុសអ្វីគឺដូចជាក្មេងស្រីអ្នកបំរើ!”
Beauty មិនដឹងពីមូលហេតុដែលបងៗតែងនិយាយរករឿងនាងទេ ប៉ុន្តែនាងក៏មិនបាននិយាយតបតអ្វីដែរ។
ថ្ងៃមួយ ពុកនាងបានទទួលដំណឹងអាក្រក់យ៉ាងខ្លាំងមួយគឺ កាប៉ាល់ទំនិញដែលគាត់បានចំណាយប្រាក់ទាំងអស់ក្នុងផ្ទះនិងខ្ចីបុលមន្ត្រី យកទៅទិញព្រំនិងគ្រឿងមានតម្លៃផ្ទុកចេញជួញដូរសមុទ្រមើលខុសត្រូវដោយមេការនិង បានបញ្ជូនទៅជាមួយនូវទាសកររាប់សិប មនុស្សជំនិតនានា អ្នកធ្វើការជំនួញឱ្យដើរសមុទ្រ ធ្វើពាណិជ្ជកម្មបានជំពើបនឹងព្យុះធំបំផុតមិនធ្លាប់មាន ហើយចុងក្រោយកប៉ាល់បានលិចលង់។ អ្វីគ្រប់យ៉ាងដែលផ្ទុកនៅលើវា ជាញើសឈាមពេញមួយជីវិតរបស់គាត់ ត្រូវ បានបាត់បង់សូន្យទៅ ភ្លាមៗ រួមទាំងមិនមានលទ្ធភាពសងបំណុលរដ្ឋផង ធ្វើឱ្យភាពក្រីក្រឈានមកដល់មាត់ទ្វារវិមាន។
គ្រួសារនេះមិនអាចបន្តស្នាក់នៅក្នុងផ្ទះដ៏ធំរបស់ពួកគេបានទៀតទេ។ ផ្ទះ ក្តី តុនិងកៅអីល្អ ៗ និងរបស់របរ ទាំងអស់ត្រូវបានដាក់លក់សងបំណុល។
ពួកគេត្រូវបង្ខំចិត្ត ចាកចេញពីទីក្រុង ចរយាត្រាគ្មានគោលដៅ ទៅរកស្នាក់នៅកន្លែងដែលផុតពីអ្នកផងធ្លាប់បានស្គាល់គ្នានឹងពួកគេ។
ចុងក្រោយដោយសារអាកាសធាតុរងារនិងគ្មានរទេះសេះពួកគេត្រូវបង្ខំចិត្តចូលស្នាក់សំចត ក្នុងកូនខ្ទមតូចមួយនៅកណ្តាលទ្រូងព្រៃ។
ការរស់នៅក្នុងខ្ទមកណ្តាល ព្រៃ គ្មាឡកំដៅ មិនមែនជាអ្វីពួកគេធ្លាប់សាកទេ។ វាជាពេលវេលាដ៏លំបាកបំផុតមួយ គ្មានកន្លែងគ្រប់ ការចម្អិនអាហារនិងគេងនៅកន្លែងតែមួយ រងារគ្មានភួយគ្រប់និងគ្មានគ្រែរាបស្មើ។
រាល់ថ្ងៃ Beauty តែងតែបោសសំអាតនិងចេញរកផ្លែឈើអ្វីក្តីមកចំអែតបាន តែបងទាំងពីរអង្គុយយំត្អូញខឹងព្រោះឃ្លាននិងគ្មានអ្នកបម្រើ។
ដោយសារឳពុកឈឺ និង ខូចចិត្ត នាងBeauty បានខិតខំធ្វើការងារទាំងអស់មិនហ៊ានមាត់អ្វីទេ។ ទោះយ៉ាងណាប៉ុន្មានថ្ងៃក្រោយមក ដំណឹងល្អបានត្រូវនាំសារមកដល់កណ្តាលព្រៃ។ មនុស្សជំនិតម្នាក់បានមករកពួកគេឃើញ ដោយប្រកាសថាកប៉ាល់របស់ឳពុកបានមកដល់ច្រាំងមិនបានខូចបង់ទេ។
ឳពុកឮហើយសប្បាយចិត្តជាខ្លាំងនិយាយទៅកាន់អ្នកទាំងបីថា
“ កូនស្រីអើយ ខ្ញុំនឹងទៅទីក្រុងរង់ចាំទទួលមេការនិងកាប៉ាល់ទំនិញយើង! ប្រាប់ខ្ញុំមកចុះ ពីអំណោយល្អបែបណាដេលកូនៗចង់បាន ជំនួសឱ្យសេចក្តីរងារស្រេកឃ្លានគ្រានេះ អ្វីក៏ពុកនឹងរកមកឱ្យអ្នកដែរ”
បងស្រីច្បងឮហើយស្រែកថា៖
“កូន យកសំលៀកបំពាក់ថ្លៃជាងគេពីហាងឥណ្ឌាដែលមានសូត្រល្អដូចម្ចាស់ក្សត្រីមកប្រើជិះរទេះសេះហែរវិលចូលទីក្រុង” ។
ឮហើយបងស្រីកណ្តាលបានច្រណែនខ្លាំងក៏និយាយឡើងដែរថា៖
“ ខ្ញុំចង់បានម្កុដពេជ្រមួយស្អាតជាងគេធ្វើឡើងដោយជាងវិចិត្រ!»
ពុកងក់ក្បាលដោយងាកមករកកូនពីសួរនាង៖
«ហើយអ្នកវិញBeauty »
កូនពៅរូបនេះបានគិតថា ពុកនាងចាស់ហើយនាងមិនចង់ចំណាយមិនចង់ឱ្យគាត់ពិបាកធ្ងន់យកវាមកឱ្យនាងនូវអ្វីទាំងអស់។ ម្ល៉ោះហើយនាងនិយាយឡើងថា៖
“ អ្វីដែលខ្ញុំចង់បាន ផ្កាកុលាបតែមួយទងគត់ណាពុក”
“ ស្តាប់មើលចុះ មនុស្សលាក់ពុត ជឿនាងទេ?” បងស្រីច្បងបាននិយាយចំអក។
“ ឆ្កួតអី!” បងស្រីកណ្តាលបាននិយាយបន្ទរបន្ទាប់មកពួកគេទាំងពីរសើចខ្លាំងៗដើរចេញចោលនាងដែលរៀបចំខោអាវក្រាស់ពាក់ឱ្យឳពុក។
ឪពុកនាងវិញមិនបាននិយាយចំអកឬឆ្ងល់អ្វីទេ គាត់ឆ្លើយថា៖
“ ប្រសិនបើនោះជាអ្វីដែលកូនចង់បាន ពុកនឹងរកមកឱ្យមិនខាន”
គាត់បានវិលទៅទីក្រុង និងកំពង់ផែហើយរៀបរយគ្រប់យ៉ាង ព្រមទាំងទិញបានអ្វីៗផ្ញើកូនស្រីច្បងទាំងទ្វេផងដែរ។ ពេលកំពុងធ្វើដំណើរជិតទៅដល់ព្រៃគាត់បានប្រាប់មនុស្សជំនិតថា សម្រាកសិនទៅខ្ញុំចេញក្បែរៗរកអ្វីម្យ៉ាងសម្រាប់កូនពៅខ្ញុំ។
គាត់ចាកចេញបានបន្តិច បម្រុងរកសួរអ្នកភូមិរឿងផ្កាកុលាបសម្រាប់កូនស្រីពៅ ដែលកាលនៅផ្សារគ្មានលក់ទាល់តែសោះ ភ្លាមៗនោះមេឃប្រែទៅជាខ្មៅអួរអ័ព្ទចម្លែក។
“ អូ ព្យុះកំពុងមកដល់ហើយកូនខ្ញុំអើយ!”
មួយសន្ទុះក្រោយមកមានភ្លៀងធ្លាក់យ៉ាងខ្លាំង ពីលើមេឃ។ ដោយសើមនិងអស់កម្លាំងពេកគាត់រកមើលទីសម្ងួតកាយនិងសុំគេសម្រាក។ ពុកបានឃើញពន្លឺភ្លឹបភ្លែតៗពីចម្ងាយ។ គាត់បព្យាយាមដើរឆ្ពោះទៅប្រភពនៃពន្លឺដោយសង្ឃឹមថា មុខតែមានកន្លែងខ្លះទំនេរដែលគាត់អាចសុំទម្រេតកក់ក្តៅនៅពេលយប់នេះសិន។
នៅពេលគាត់ទៅមុខបានបន្តិចក៏បានឃើញវិមានដ៏ធំមួយ ដែលមានទៀនបំភ្លឺនៅសឹងគ្រប់សសរគោមនិងបង្អួច។ វាចម្លែកណាស់ ដែលគ្រប់យ៉ាងស្ងប់ឈឹង។
ប៉ុន្តែខ្លោងទ្វារសួនច្បារបើកចំហចោល។
ដូច្នេះដោយប្រយ័ត្នប្រយែងបុរសជាឳពុកបានដើរចូលមក។
“ សួស្តី?មានអ្នកយាមទេ” គាត់បានពោលស្រែកសួរ ច្រើនដងបន្ទាប់ពី គ្មានចម្លើយ។
នៅចំពោះមុខ គឺជាប្រសាទដ៏ធំមួយ ចំហរជញ្ជាំងនិងមានតុវែងមួយពេញដោយអាហារនិងទឹក។ ដោយត្រេកអរគាត់សួរទៀតថា “ សួស្តី?” ម្តងហើយម្តងទៀត នៅតែគ្មានចម្លើយ។
មិនបង្អង់អ្នកជំនួញជាពុកក្មេងស្រីទាំងបីបានទៅអង្គុយនៅមុខឡភ្លើងធំមួយ កណ្តាលប្រាសាទដើម្បីកំដៅខ្លួន សម្ងួតខ្លួនហើយគាត់រង់ចាំម្ចាស់គេមក។ ប៉ុន្តែនៅតែគ្មាននរណាម្នាក់មកបង្ហាញខ្លួនទេ។
ចាំយូរពេក ខោអាវក៏ស្ងួតដែរ។ គាត់មើលទៅព្រិលធ្លាក់នៅខាងក្រៅដោយនិយាយឡើងថា៖
“ ខ្ញុំស្មានដឹងថា វាមិនអីនោះទេ ប្រសិនបើខ្ញុំស្នាក់នៅមួយយប់” ។
គាត់បានក្រោករំពៃយ៉ាងរហ័សចេញពីកន្លែងវាលនោះនឹងបានរកឃើញទីតាំងមួយនៅកាច់ជ្រុងកក់ក្តៅហើយក៏ដេកលក់យ៉ាងលឿនព្រោះហត់នឿ។
នៅព្រឹកបន្ទាប់គាត់ដឹងខ្លួនឡើង កូរពោះខ្លាំងអនេកព្រោះថាព្រឹកហើយ។ បុរសបានរត់មកដល់តុវែងកាលពីយប់មិញ បានឃើញ លើកនេះមានអាហារពេលព្រឹកពេញប្រៀបទៀត។ ជាថ្មីម្តងទៀតគាត់មានអារម្មណ៍ថាគ្រប់យ៉ាងចម្លែកបំផុត!
«គ្មាននរណានៅក្បែរនេះពិតមែនឬ អាហារនេះមកពីណាទៅ?!»
គាត់គិតចុះឡើង នៅតែមិនដាច់ចិត្តហូបក៏សម្រេចចិត្តថា“ ខ្ញុំគិតថាខ្ញុំគួរតែចាកចេញទៅផ្ទះវិញល្អជាងព្រោះមិនឃើញម្ចាស់គេសោះ” ។
នៅតាមផ្លូវគាត់បានឆ្លងកាត់សួនច្បារធំមួយស្រស់បំព្រង។ ផ្កាកុលាបជាច្រើនបានរំឮកគាត់ឡើងវិញអំពីអ្វីដែលកូនពៅបានផ្តាំ។
គាត់បានសម្រេចចិត្តថា ៖
“ ខ្ញុំនឹងកាច់យកតែមួយទងទេ!»
គិត ហើយគាត់បានជ្រើសរើសយកផ្កាកុលាបស្អាតមួយ ហើយកាច់វា ថ្នមៗ។
ភ្លាមៗនោះសព្ទសំលេងថ្ងូរគ្រហឹមគួរឱ្យព្រឺខ្លាចមួយលាន់ឡើងពីក្រោយគាត់។
មនុស្សណាម្នាក់សមជាបិសាចទេសំឡេងនេះ គឺជាសំលេងគ្រហឹមគ្រោតគ្រាតថា៖
“ អ្នកឯងបានលួចយកផ្កាកុលាបរបស់យើង!”
ឳពុកចំណាស់បះជើងដួលព្រោះភ័យ គាត់សម្លឹងជុំវិញខ្លួនឃើញថា នៅពីមុខគាត់គឺជាបិសាចដ៏ធំនិងគួរឱ្យខ្លាចមួយបង្ហាញកាយយ៉ាងកំណាច់ណាស់។
គាត់លើកដៃរារាំងការពារខ្លួនទាំងភ័យហើយស្រែកអង្វរ៖
«ខ្ញុំ … ខ្ញុំសុំទោស!ខ្ញុំមិនបានដឹងថា ផ្កាទាំងនេះមានម្ចាស់ទេ ទីនេះពេញមួយយប់គ្មានអ្នកណាឡើយ។
បិសាចដែលមានរូបរាងជាមនុស្សអាក្រក់មើលហើយធំជង្គ្រោង មានកែវភ្នែកកាចសាហាវ ទឹកមុខជ្រីវជ្រួញ រោមក្រាស់ឃ្មឹក បានស្រែកសន្ធាប់ឡើងថា៖ “ហួសពេលគេចវ៉េសហើយ អ្នកឯងនឹងស្លាប់!”
អ្នកជាឳពុកបានលុតជង្គង់ចុះហើយបានអង្វរឡើង៖
“ កុំសម្លាប់ខ្ញុំអី! ខ្ញុំរើសតែផ្កាកុលាបមួយទងសោះ ជូនដល់កូនស្រីពៅខ្ញុំប៉ុណ្ណោះ”
«អញ្ចឹងតើអ្នកមានកូនស្រីពិតមែនឬ?” មនុស្សរូបរាងចម្លែកបាននិយាយបញ្ជាក់។
តាចាស់ឆ្លើយភ្លាមដោយរញីរញ័រថា៖
«បាទ នេះជាផ្កាដែលនាងប្រាថ្នាចង់បានទាន!»
មនុស្សរូបរាងបិសាចគ្រហឹម៖
«យើងនឹងលើកលែងជីវិតតាឯងវិញបាន ប្រសិនបើ ម្នាក់ក្នុងចំណោមកូនស្រីតាឯងនឹងយល់ព្រមមក ស្នាក់នៅទីនេះ ក្នុងវិមាននេះ ហើយតាឯងនឹងមានសេរីភាព។ »
ពេលគាត់ស្រលាំងកាំងគ្មានពាក្យស្តី បិសាចសន្ធាប់ថា៖
«ទៅវិញចុះ ហើយបញ្ជូនកូនស្រីមកជំនួស បើមិនអញ្ចឹងទេ បីខែទៀតមិនឃើញអ្នកឯងវិលត្រឡប់មកវិញ យើងនឹងទៅរកអ្នកឯងដាក់ទោសមួយគ្រួសារអ្នកឯងដល់ជីវិត”
នៅពេលដែលនិយាយចប់ក៏ផ្លុំភឹង ឳពុកវិលខ្ញាល់ក្នុងផ្សែងខ្មួលមុនពេលឃើញខ្លួនឯងមកដល់ផ្ទះជាមួយផ្កាក្នុងដៃ។ Beautyចេញមួយទទួលឳពុកដោយអំណរ ហើយទទួលយកផ្កាទៅថែរក្សាទុក។
ពីរបីថ្ងៃរំលងក្រោយមក នាងពៅបានសង្កេតឃើញថា ពុកខ្លួនមិនពិសារអាហារ និងគេងមិនលក់ ដើរចុះឡើង ដកដង្ហើមធំ ភ្នែកស្រពាប់ស្រពោនណាស់។ នាងដឹងច្បាស់ថា អាចមានអ្វី ខុពីប្រក្រតីកើរមានលើគ្រួសារខ្លួនហើយចំណែកបងៗដឹងតែពីសប្បាយនឹងខោអាវការសោយសុខ។
“ ពុកឈឺឬមានរឿងអ្វី?»
នាងបានទៅជួបគាត់ម្នាក់ឯងហើយនិយាយសួរដេញដោល។ ឳពុកបាននិយាយតបវិញថា៖
“ គ្មានអ្វីទេកូន” ។
ប៉ុន្តែនាងដឹងថា គាត់លាក់បាំងការពិតមិនឱ្យកូនស្រីដឹងនាំខ្វល់ខ្វាយជាមួយ។
«បើលោកពុកមិនចែករំលែកបញ្ហាជាមួយកូនស្រី កូននឹងមិនហូបអ្វីដូចគ្នា!»
នៅទីបំផុតឳពុកក៏មិនអាចលាក់កំបាំងម្នាក់ឯងទៀតបានពិតមែន។ អ្នកជំនួញបានរឿងរ៉ាវអកុសលនៅវិមានបិសាច ដល់កូនស្រីពៅរបស់គាត់ និងនូវអ្វីដែលសត្វសាហាវបានដាក់កំហិត។
កូននឹងទៅ! Beauty និយាយ “ រឿងទាំងអស់នេះកើតឡើងដោយសារតែខ្ញុំសុំឱ្យពុកយកផ្កាកុលាបមក ខ្ញុំនឹងទៅកាន់ទៅទីនោះទទួលទោសជំនួសពុក”
“ ទេៗៗៗៗ ពុកមិនអនុញ្ញាតដាច់ខាត!»
ថាហើយគាតបង្អន់សំឡេងលួងលោមនាងដែលកំពុងតែយំសោកថា ៖
“ កូនអើយ ពុកនេះចាស់ហើយ ខ្ញុំមិនមានអាយុរស់នៅឯណាបានវែងឆ្ងាយទៀតទេនឹងសោកស្តាយអ្វី? កូនស្រីនៅក្មេងខ្ចី នឹងមានអនាគតល្អ មិនគួរទឡៅកន្លែងបែបនោះឡើយ!»
តែនាងមិនបានប្តូរគំនិតទេនាងបានស្រែកឡើងថា អ្ហេ៎បិសាចម្ចាស់ផ្កា អ្នកនៅឯណា ខ្ញុំជាកូនរបស់បុរសចំណាស់ដែលកាច់ផ្កាអ្នកឯង។
“ អញ្ចឹង នាងជាកូនស្រីរបស់អ្នកកាច់ផ្កានោះមែនទេ?”
បិសាចបង្ហាញខ្លួនខ្ទរខ្ទារហើយនិយាយសួរដោយសម្លឹងមើលសម្រស់របស់នាងBeauty ។ ចំណែកនាងពៅវិញឃើញបិសាចហើយតក់ស្លុតដែរតែនាងខំធ្វើរឹងមាំដើម្បីការពារជីវិតសង្ខារឳពុកជរា។ នាងឆ្លើយតបហាក់កា្លហានថា៖
«ចា៎ គឺខ្ញុំនឹងហើយ! បានជាគាត់សុខចិត្តល្មើសលើសួនកម្មសិទ្ធិតរបស់អ្នក! ខ្ញុំស្បថព្រមទៅនៅទីនោះជំនួសយកសេរីភាពពុកខ្ញុំមកវិញ! កុំភ្លេចសម្បថរបស់អ្នក!»
“បាន!” បិសាចស្រែកឡើងហើយស្រូបទាញនាងយកទៅបាត់ឈឹងពីផ្ទះ។
ច្រើនថ្ងៃបានកន្លងផុតទៅ ហើយគ្មាននរណាម្នាក់ដឹងដមណឹងពីកូនស្រីពៅអ្នកជំនួញទេ។
នាងត្រូវបានបិសាចនាំមកដល់មហាវិមានមួយ ដែលធំខ្លាំងនិងស្ងាត់សូន្យសុងមានតែនាងហើយនឹងគេ។
គ្មានអ្នកណាសម្រាប់Beautyអាចនឹងនិយាយសារសព្ទទុក្ខាជាមួយនៅទីនេហឡើយ។
ជារៀងរាល់យប់ នៅម៉ោងប្រាំបួនបិសាចតែងបង្ហាញខ្លួន នឹងមករកអាហារពេលល្ងាចលើតុដ៏វែងរបស់គេ។
អាហារនោះគឹលេចឡើងមកស្រាប់ដូចជាមន្តអាគម ។
ដំបូងឡើង បិសាចអង្គុយមើលនាងយំនឹកផ្ទះមិនចង់ហូបអាហារ តែនាងមិននិយាយត្អូញត្អែរអ្វីទេ។ យ៉ាងណាមិញវាមិនមែនជាការងាយស្រួលឡើយក្នុងការធ្វើជាអ្នកទោស បើទោះបីជាបិសាចមើលទៅមិនធ្វើអ្វីនាងហើយ នៅវិមាននេះមានគ្រប់យ៉ាងប្រណីតភាពក៏ដោយ។
បិសាចបានសំណូមពរឱ្យនាងញញឹមតែនាងមិនអាចធ្វើព្រោះទុក្ខា។ ពេលមួយទៀត បិសាចគបានធ្វើអត្ថាធិប្បាយស្នេហាមកលើនាង តាមរយៈភាសាកែវភ្នែក។
បន្ទាប់ពីនោះមកបិសាចតែងតែមកយកចិត្តទុកដាក់នឹងសួរនាំ និយាយលេងជាមួយនាងរាល់ថ្ងៃហើយថ្ងៃមួយនាងបានភ្លេចទុក្ខព្រួយសៅហ្មង ស្លុងនិយាយលេងរឿងនានាដែលនាងបានអាន ឬនិយាយលេងសើចនឹងបីសាចវិញ។
មិនយូរប៉ុន្មាន Beauty បានត្រូវមិត្តបីសាចរបស់នាងនាំមកដល់ផ្នែកមួយនៃវិមាន ដែលសម្ងាត់ហើយនាងមិនធ្លាប់បានឃើញពីមុនមក។
នៅលើទ្វារមួយមានសញ្ញាមួយដាក់ថា“ បន្ទប់សម្រាប់ព្រះនាងBeauty ” ។ ទ្វារបានបើកឯកឯង។ នៅខាងក្នុងបន្ទប់មានធ្នើរដាក់សៀវភៅ ច្រើនសន្ធឹកគរដល់ពិដាន មានព្យាណូនិងទូសំលៀកបំពាក់ស្អាតៗត្រូវល្មមនឹងទំហំរាងកាយរបស់នាង។
គ្មានអ្វីឱ្យនាងសប្បាយនឹងលោតរាំស្មើពេលនេះឡើយ។
នាងស្រែកអរគុណហើយឱបបីសាចពេញខ្លួន។
លុះអាហារពេលល្ងាចបិសាចហូបដោយរីករាយជាមួយនាងមុនពេលបិសាច បានសម្រេចចិត្តក្នុងការនិយាយសារភាពឡើងថា៖
“Beautyដ៏មាន សម្រស់អើយ ខ្ញុំស្រឡាញ់អ្នកណាស់ តើអ្នកនឹងរៀបការជាមួយខ្ញុំទេ?”
នាងពៅហាក់ភ្ញាក់ផ្អើលចំពោះសំណូមពរនេះ នាងបាននិយាយតបថា៖
«បិសាចដ៏ល្អ ស្លូតបូត អ្នកគឺជាមិត្តល្អបំផុតរបស់ខ្ញុំ! តែសូមយល់ផងចុះខ្ញុំមិនចង់ឱ្យអ្នករៀបការជាមួយខ្ញុំទេ”
ទោះយ៉ាងណា បិសាចរក្សាការតាមសួរនាងដូច្នេះរហូតតទៅជាបន្ត បន្ទាប់នៅសឹងរាល់គ្រាដែលទាំងពីរប្រាណបានរួមអាហារពេលល្ងាច។ រាល់ពេលBeauty ក៏ឆ្លើយដូចគ្នាដដេលៗជាដដែល។ នៅយប់មួយបីសាចនិយាយផ្សេងវិញថា៖
«Beautyបើអ្នកមិនរៀបការជាមួយខ្ញុំ តើខ្ញុំអាចធ្វើអ្វីដើម្បីឱ្យអ្នកសប្បាយចិត្ត?”
នាងអរណាស់ ឆ្លើយតបថា៖
«គឺពេលណាដែលខ្ញុំបាន ទៅជួបលោកពុកខ្ញុំ។ ខ្ញុំនឹកគាត់ខ្លាំងណាស់។”
បន្ទាប់មក បិសាច បានបង្ហាញចេញនូវវត្ថុវេទមន្តពីរ គឺកញ្ចក់វេទមន្ត១ និងចិញ្ចៀនវេទមន្ត១។ បិសាចដាក់វាក្នុងដៃនាងដោយនិយាយថា៖
« ប្រសិនបើអ្នកចង់ឃើញពុករបស់អ្នក គ្រាន់តែសួរកញ្ចក់វេទមន្ត វានឹងបង្ហាញស្ថានភាពរបស់គាត់ដល់អ្នកមិនខាន។ ប្រសិនបើអ្នកត្រៀមខ្លួនត្រលប់ទៅផ្ទះវិញ សូមបង្វិលចិញ្ចៀនវេទមន្តនៅលើម្រាមដៃរបស់អ្នកបីដង ហើយសុំឱ្យនាំអ្នកទៅទីនោះ។ នៅពេលដល់ពេលត្រូវត្រលប់មករាជវាំងវិញសូមបង្វិលចិញ្ចៀនបីដងទៀត ហើយសុំឱ្យវិលត្រឡប់មកទីនេហវិញ។ ប៉ុន្តែកុំនៅលើសពីមួយសប្តាហ៍!»
«ហេតុអ្វី?!»
« ខ្ញុំនឹងស្លាប់ដោយសារទុក្ខព្រួយ!”
បិសាចឆ្លើយដោយស្រពាប់ស្រពោនបង្ហាញការនឹករឮកចំពោះនាង។
Beauty បានងក់ក្បាលយល់ព្រមនឹងលក្ខខ័ណ្ឌទៅតែត្រឹមមួយសប្តាហ៍នេះ ។ ពេលនោះនាងប្រញាប់បង្វិលចិញ្ចៀនបីជុំហើយសុំឱ្យជូននាងវិលត្រលប់មកផ្ទះវិញ។
មួយប៉ព្រិចភ្នែក នាងបានឃើញខ្លួនឯងវិលមកដល់និងស្ថិតក្នុងបន្ទប់ឯផ្ទះវិញហើយ។ នៅទីនោះនាងលែងសប្បាយចិត្តកើតហើយព្រោះពុកនាងកំពុងនៅលើគ្រែ ហើយមើលទៅឈឺធ្ងន់ណាស់។
ពេលឃើញនាងបានវិលត្រឡប់មកវិញដោយសុវត្ថិភាព សេចក្តីអំណរបានញាំងឱ្យ ពុកនាងក្រឡេកមើលមកទាំងអរភើតហើយឈប់ ឈឺជំងឺផងទាំងអស់។
Beauty បាននៅក្បែរគ្រែអ្នកមានគុណ ហើយនិយាយរៀបរាប់បណ្តារឿងទាំងអស់ល្អៗដែលខ្លួនបានទៅរស់នៅ កក់ក្តៅនិងហូបឆ្អែតមានសៀវភៅល្អៗអាននិងមានគ្រប់យ៉ាងដូចជារាជនីនៅទីនោះ។
ពេលឮនាងប្រាប់គាត់ថា នាងមានសៀវភៅទាំងអស់ដែលនាងអាចអានបាន មានភ្លេងលេងនិងរ៉ូបស្អាតៗដែលត្រូវពាក់មិនចេះអស់និងថាបិសាចនោះមានវេទមន្តអាចមានអ្វីៗគ្រប់យ៉ាងឱ្យនាង ថែមទាំង មិននិយាយឬធ្វើអ្វីអាក្រក់ទាំងអស់ ។
ពេលនោះ ពុកនាងក៏បានប្រាប់អំពីរឿងរ៉ាវក្នុងផ្ទះដែរថា បងស្រីពីរនាក់របស់នាង បានរៀបការចេញទៅជាមួយពួកបុរសអ្នកមាន ចោល ឱពុកខ្លួនរស់នៅឯកា ។ កូនច្បងបានរៀបការជាមួយបុរសសង្ហាម្នាក់ដោយឥតប្រយោជន៍ដែល មិនបានចេះគិតអ្វី ចាយតែមរតក៌ចំណែក បងស្រីកណ្តាល បានរៀបការជាមួយបុរសម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃប៉ុន្តែចិត្តកំណាញ់ធ្វើមិនល្អដាក់មនុស្សម្នាទេ។
នៅពេលដែលឳបុកបានប្រើអ្នកបម្រើឱ្យទៅតាមបងៗមកពួកគេសម្គាល់ឃើញប្អូនស្រីពៅ មកដល់ផ្ទះជាមួយការ ស្លៀកពាក់ប្រនីតដូចស្តេចស្រីនិងនិយាយអំពីម្ចាស់វិមានដែលសែនល្អចំពោះនាង ពួកគេបានច្រណែន និងមានឧបាយមួយ។
ពេលឮBeautyប្រាប់ពួកគេថា នាងត្រូវស្នាក់នៅមិនលើសពីមួយសប្តាហ៍បងប្អូនស្រីទាំង២បានរៀបចំផែនការ។
ពួកគេ ធ្វើពុតជាចូលចិត្តប្អូនហើយនិយាយពាក្យល្អ ៗ ដែលពួកគេមិនធ្លាប់ប្រើ ពីមុនមកសោះ។ នៅពេលនាងប្រាប់ពួកគេថា នាងត្រូវទៅឆាប់ៗពួកគេបានយំសោកនិយាយថានាងមិនត្រូវចាកចេញទេ។ នៅសល់ពេលច្រើនណាស់ ដែលពួកគេចង់ឃើញនិងនៅស្និទ្ធជុំជាមួយនាង ហើយហេតុអ្វីបានជាពីរបីថ្ងៃពន្យារមិនបាន? ដូច្នេះBeauty បានលង់ជឿហើយបន្ត ស្នាក់នៅ។
នៅយប់មួយ នាងស្រាប់តែមានសុបិនបិសាចម្ចាស់វិមានផ្កាថា កំពុងដេកឈឺហើយជិតស្លាប់។ នៅពេលដែល Beauty ភ្ញាក់ដឹងខ្លួនឡើង នាងបានសុំកញ្ចក់វេទមន្តដើម្បីបង្ហាញនាងពីស្ថានភាពពិតនៅវិមាននោះ។
ភ្លាមៗ នៅក្នុងកញ្ចក់បង្ហាញសភាពបិសាច ដេកស្តឹកម្នាក់ឯងឯកោនៅក្នុងសួនផ្កាកុលាបមើលទៅហាក់ឈឺធ្ងន់ណាស់ដូចមនុស្សដែលហៀបនឹងស្លាប់។
ក្នុងពេលនោះ នាងមិនបានគិតអ្វីទាំងអស់ គ្រាន់តែបង្វិលចិញ្ចៀនវេទមន្តបីដងនិយាយឡើងថា៖
“ នាំខ្ញុំត្រលប់ទៅវិមានបិសាចវិញ!”
មួយសន្ទុះនាងបានមកដល់ទ្វារវិមានហើយរត់សំដៅបិសាចដែលកំពុងដេកក្បែរសួន។ នាងអង្គុយក្បែរបិសាចដែលនៅដកដង្ហើមបានផ្តឹកៗ។
«អ្នកមកវិញហើយ!” បិសាចនិយាយខ្សាវៗដោយមានអំណរក្នុងគ្រាប់ភ្នែក។
“ខ្ញុំសុំទោសដែលខ្ញុំមកយឺត!” នាងបាននិយាយទាំងយំអាណិត។
“ ខ្ញុំមិនអាចទ្រាំបានទេចំពោះរឿងដែលថា អ្នកមិនត្រលប់មករកខ្ញុំវិញ! វាយឺតពេលហើយសម្រាប់ខ្ញុំឥឡូវនេះ” ។ ភ្នែករបស់បីសាច ត្រូវបានបិទបន្តិចម្តងៗខ្សោះខ្សោយ។
“ ទេ!” Beautyបានស្រែកយំទ្រហ៊ោឡើងថា “កុំចាកចេញពីខ្ញុំ!”
ពេលនោះនាងដឹងក្នុងចិត្តថា អ្វីទៅជាការពិតក្នុងបេះដូងខ្លួនឯង នាងមិនចង់ព្រាត់បិសាចនេះទេ ។
“ខ្ញុំស្រលាញ់អ្នក!” នាងបានស្រែកឡើងហើយយំផង “សូមត្រលប់មកវិញមក! បើអ្នកគ្រាន់តែត្រឡប់មកវិញកាលណា ខ្ញុំនឹងរៀបការក្លាយជាប្រពន្ធរបស់អ្នក”
ទឹកភ្នែកបានហូរចុះពីថ្ពាល់របស់នាងហើយស្រក់ទៅលើបិសាចដែលនាងឱប នៅពេលនោះបិសាចបានបើកភ្នែកមកវិញសន្សឹមៗ សម្លឹងនាង។ នាងអរណាស់ហើយញញឹម ខណៈដែលរាងកាយគេបន្តិចម្តងៗប្រែផ្លាស់ប្តូរមកជាព្រះអង្គម្ចាស់សង្ហាមួយអង្គ។
Beautyលែងដៃ ភ្លាមព្រោះមិនដឹងថាមានអ្វីកើតឡើងទេ។
នាងថយក្រោយដោយភ័យ។
“ អូ មនុស្សជាទីស្រលាញ់អើយ!”
យុវក្សត្រានោះនិយាយឡើង ហើយប្រាប់នាងពីរឿងពិតរបស់ទ្រង់ថា ជាច្រើនឆ្នាំមកហើយ ទេពអប្សរអាក្រក់មួយបានមកដាក់បណ្តាសារលើទ្រង់ឱ្យរាជវាំងនេះគ្រប់នាម្មឺន និងទាសករក្លាយជាថ្មនិងរូបចម្លាក់ប៉ានពែងសម្ភារៈចំណែកឯងទ្រង់បានក្លាយជាបិសាចអាក្រក់មើល ។លុះណាតែមាននារីណាម្នាក់ពេញដោយបេះដូងបរិសុទ្ធ ព្រមមករៀបការនិងស្រលាញ់បិសាចអស់ពីបេះដូងពិតមែន ទើបរួចខ្លួនពីបណ្តាសារនោះវិញ។
ដូច្នេះហើយរាជវាំងនេះបានអ៊ូរអរទៅដោយមនុស្សម្នា ជានគររុងរឿងមួយដូចកាលពីដើម ឡើងវិញ។ Beautyនិងក្សត្រាក៏បានអភិសេកអ៊ឹកអាធឹកនិងបន្តរស់នៅដោយសប្បាយរីករាយជារៀងរហូត។