រឿង៖ សន្យា១០០ឆ្នាំ

នៅលើតុប្រធានក្រុមហ៊ុនបច្ចេកវិទ្យា ឯកទេសខាងផលិតហ្គេមទូរសព្ទដៃដែលកំពុងពេញនិយមសម្រាប់ស្រទាប់យុវវ័យ សម័យ គេឃើញមានស៊ុមរូបថតមួយសន្លឹក ដាក់តាំងលើតុការងាររបស់ខ្លួន ដែលជារូបយុវវជនកំលោះ វ័យក្មេងម្នាក់ដែលដៃរបស់គេកាន់កាម៉េរ៉ាថតរូបមួយ សម្លឹងទៅកាន់ភាគីម្ខាងទៀត ពេញដោយស្នាមញញឹមស្រស់ថ្លា…
ឃើញម្ចាស់រូបជាមួយស្នាមញញឹមដ៏ស្រស់ផូរផង់ក្នុងរូបថតនេះហើយ ថាមពលវិជ្ជមានរបស់គេ អាចឱ្យយើងរំសាយក្ដីទុក្ខកង្វល់ អារម្មណ៍ល្អពីក្នុងចិត្តរបស់ខ្លួនឯងបាន…តើគេម្នាក់ក្នុងរូបថតនោះជានរណា?
កាលពី៧ឆ្នាំមុន…
ឆ្នាំ២០១៥
ក្រឹប! ក្រឹប! ក្រឹប! សំឡេងកាម៉េរ៉ាចុចបន្លឺឡើង
យុវជនកំលោះ មុខសម៉ដ្ដខៃ ស្គមស្ដើង ក្នុងអាយុ២១ឆ្នាំ ស្ពាយកាបូបដាក់កាម៉េរ៉ានៅនឹងករបស់ខ្លួន តម្រង់ទៅថតអ្នកដែលកំពុងអង្គុយរៀនតែម្នាក់ឯងនៅក្រោមបណ្ណាល័យ…ពន្លឺនិងសំឡេងកាម៉េរ៉ា ដាស់រំខានឱ្យអ្នកម្ខាងទៀត ងើបចេញពីការរៀនសូត្ររបស់ខ្លួន
កំលោះមុខមាត់សង្ហារ វ័យ២៣ឆ្នាំ មុខមាត់កូនកាត់ចិន មានរាងខ្ពស់មាឌក្រាស់ ពេញដោយសាច់ដុំ លេចបង្ហាញតាមអាវរឹបរាងរបស់ខ្លួន អ្វីដែលភាពទាក់ទាញរបស់គេ គឺគេមានចង្កាខ្លា មានដុះពុកមាត់ខ្មៅរឹមៗ ធ្វើឱ្យគេកាន់តែម៉ែនលី(Manly)ខ្លាំងឡើង…
អ្នកកំលោះ ងើយមុខឡើង ចងចិញ្ចើមឡើង សម្លឹងទៅកាន់អ្នកម្ខាងទៀត ដែលកំពុងញញឹមដ៏ស្រស់មកកាន់ខ្លួន ហាក់បីមិនខ្វល់ពីការខឹង មិនពេញចិត្តរបស់អ្នកម្ខាងទៀតឡើយ…
“វាយុ…”
“វាត្យា នេះឯងជួយបង្ហាញមុខញញឹមដ៏សង្ហាររបស់ឯងបន្តិចមិនបានឬ? នេះមកធ្វើមុខក្រញូវ ធ្វើដូចមិនទាន់បានដោះទុក្ខពីព្រឹក ឯងមិនដឹងទេឬ អ្នកដែលឧស្សាហ៍ធ្វើមុខក្រញូវបែបនេះ វានឹងអាចឱ្យឯងឆាប់ចាស់ មានស្នាមជ្រួញនៅទីនេះបាន!”
វាយុ មាត់មិនត្រឹមនិយាយតែប៉ុណ្ណោះទេ គេក៏រហ័សយកដៃរបស់ខ្លួន មកប៉ះពាល់មុខរបស់អ្នកម្ខាងទៀតដែរ។ វាត្យា ក៏ប្រញាប់យកដៃខ្លួន ចាប់ឃាត់ដៃអ្នកម្ខាងទៀត…កម្លាំងដ៏ខ្លាំងរបស់គេ ធ្វើឱ្យវាយុ ភ្លេចតាំងជំហរខ្លួនមិននឹង ក៏ដួលរលំមកទ្រោបនៅអ្នកកំលោះដែលកំពុងអង្គុយរៀន…មុខអ្នកទាំងពីរខិតជិតនឹងគ្នា សូរចង្វាក់បេះដូង ខ្យល់ដកដង្ហើមរបស់អ្នកទាំងពីរលោតដកស្របគ្នា ម្នាក់ៗសម្លឹងបាញ់ខ្សែភ្នែកទៅកាន់គ្នា មិនខុសពីក្នុងរឿងភាគកុនកូរ៉េឡើយ។
“វាយុ ហើយកាលណាឯងងើប…ធ្ងន់ណាស់វ៉ើយ!”
វាយុ ក៏ស្ទុះងើបចេញពីរាងកាយរបស់ វាត្យា
“សូមទោស! ខ្ញុំមិនប្រយ័ត្ន!”
“អ៊ឹម…ហើយនេះ ឯងទំនេរណាស់ឬ បានជាមានពេលមកថតរូបគ្នាទៀតហើយនេះ?”
វាត្យា និយាយរអ៊ូដាក់អ្នកម្ខាងទៀត ព្រោះវាត្យា ជានិស្សិតឆ្នាំទី៤នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ ចំណែក វាយុ ជានិស្សិតឆ្នាំទី៤នៃមហាវិទ្យាល័យសិល្បៈ អ្វីដែលសំខាន់ឆ្នាំបញ្ចប់ដូចជាពួកគេ ម្នាក់ៗសុទ្ធតែរវល់ជាមួយការសិក្សា សារណាឬគម្រោងបញ្ចប់របស់ខ្លួន ម្យ៉ាងទៀត ចម្ងាយពីមហាវិទ្យាល័យរបស់គេទាំងពីរក៏នៅមិនជិតគ្នាដែរ…ប្រហែលជាង៥គីឡូម៉ែត្រពីគ្នា ប៉ុន្ដែ វាត្យា តែងតែឃើញមានវត្តមានរបស់ វាយុ មកក្រវែលជុំវិញខ្លួនគេរហូត…តែសួរថា គេធុញនិងវាយុទេ? ចម្លែកណាស់ គេមិនដែលមានអារម្មណ៍ធុញ ឬរំខានពីវត្តមានរបស់អ្នកម្ខាងទៀតឡើយ វាអាចជាទម្លាប់ទៅហើយ ឬមកពីអារម្មណ៍ពិសេសអ្វីផ្សេងទៀត…ព្រោះមានតែ វាយុតែម្នាក់ប៉ុណ្ណោះ ដែលមានសិទ្ធិអាចធ្វើបែបនេះដាក់មកកាន់គេបាន
“គឺនេះមកពីខាងដេប៉ាតឺម៉ង់របស់ខ្ញុំ មិនសូវមានការងាររវល់ដូចជាឯងនោះអី…សំខាន់គ្នាមិនមកអត់ប្រយោជន៍ឯណា…ខ្ញុំមកថតរូបទាំងនេះ ក៏ជាគម្រោងបញ្ចប់ឆ្នាំរបស់ខ្លួនឯងដែរ”
“អូហ៍? ហើយថតតែរូបខ្ញុំទេឬ?”
“ក៏ព្រោះតែឯងជាមូស(muse)របស់គ្នា”
“…”
“ត្យា នៅមុខសាលាយើង ទើបតែមានហាងការ៉េមដែលបើកថ្មី ឯងចង់សាកទៅញុំាជាមួយគ្នាទេ គ្នាសល់គូប៉ុងហ្វ្រី”
“ខ្ជិលណាស់! ខ្ញុំចង់បញ្ចប់អានសៀវភៅប៉ុន្មាននេះឱ្យចប់សិន…សូមទោសឯងផង ខ្ញុំមិនអាចកំដរឯងទៅញុំាជាមួយបានទេ ឯងសាកទៅបបួលអ្នកផ្សេងទៅ យ៉ាងម៉េចដែរ?”
“ទេ! ខ្ញុំចង់ទៅញុំាជាមួយឯង អ៊ីចឹងចាំខ្ញុំចាំឯងអានវាចប់ក៏បាន អានចប់រួច ចាំទៅជាមួយគ្នាក៏បាន ឯងយល់ព្រមទេ?”
“អ៊ឹម! បើឯងចង់ធ្វើបែបនេះហើយ គឺសម្រេចអ៊ីចឹងចុះ”
ឮបែបនេះ វាយុអូសកៅអី មកដាក់អង្គុយនៅក្បែរនោះ សម្លឹងមើល រង់ចាំវាត្យា បញ្ចប់ការអានសៀវរបស់គេ…១០នាទី ៣០នាទី…១ម៉ោងជាងហើយ វាត្យាដូចមិនទាន់បញ្ឈប់ការអានរបស់ខ្លួនទៀត វាយុ ក៏ចាប់ផ្ដើមទន់ត្របកភ្នែក ដេកលេងក្រាបលើតុ ហើយគេដេកលក់ដោយមិនដឹងខ្លួន…
និយាយពីវាត្យាវិញ គេលើកសៀវភៅចុងក្រោយរបស់ខ្លួន បើកសន្លឹកទំព័រចុងក្រោយ អានចប់ គេក៏បិទសៀវភៅខ្លួន រួចក្រឡេកទៅមើលអ្នកជាប់ខ្លួន ម្នាក់នោះដេកហៀរទឹកមាត់ដូចកូនក្មេងបាត់ទៅហើយ…
វាត្យា យកដៃរបស់ខ្លួនវែកសក់ដែលធ្លាក់បាំងមុខរបស់អ្នកម្ខាងទៀត រួចគេញញឹមឡើងពេលឃើញមុខវាយុ ដែលកំពុងដេកហៀរទឹកមាត់ដោយមិនដឹងខ្លួនបែបនោះ…គេនឹកដល់រឿងកាលពីក្មេងៗរបស់គេទាំងពីរ កិច្ចសន្យាដែលគេបានសន្យាជាមួយគ្នា…ថ្ងៃដែលគេទាំងពីរចួបគ្នាលើកដំបូង…
អតីតកាល…
“ឆាប់ឱ្យរបស់លេងមកឱ្យខ្ញុំវិញ”
សំឡេងក្មេងតូចស្ដើងជាងគេ អាយុប្រហែល១២ឆ្នាំ កំពុងរត់ដេញ តាមតោងទាមទារទៅក្រុមពួកក្មេងៗមួយក្រុម ដែលកំពុងកាន់កូនកាម៉េរ៉ាជ័រមួយគ្រឿងលេង ដោយមិនខ្វល់ពីសម្រែកស្រែកប្រាប់ពីក្មេងម្នាក់នោះឡើយ
“ហាហា នរណាគេយករបស់ឯង មែនទេ អាដុន?”
“មែនហើយ អាទី របស់លេងឯង ម៉េចមកអាចនៅជាមួយពួកយើងនោះ ហាហា”
“ពួកឯងទាំងពីរលេងហើយ ទុកឱ្យគ្នាលេងផង”
“តែ..តែកាម៉េរ៉ាមួយនោះ គឺ..គឺជា..របស់..របស់ម៉ាក់ខ្ញុំទិញឱ្យ…ហ៊ូហ៊ូ” ក្មេងតូច យំ ហូរទឹកភ្នែកឡើង
“ថីអ្ហា…ប៉ុណ្ណឹងក៏យំចេញទៅរួចដែរ” អាទី ស្រែកសម្លុត
“កាម៉េ…កាម៉េរ៉ាខ្ញុំ…សង…សងកាម៉េរ៉ាខ្ញុំវិញមក…ហ៊ូហ៊ូ”
“មិនសង ទោះបីឯងយំដល់ស្លាប់ទៀត ក៏មិនខ្ចីសង” អាដុន បន្ទរបន្ថែម
“មែនហើយ” អាធី ក្មេងទី៣ ហៃអ៊ឺបន្ត
“កាម៉េរ៉ា….” សំឡេងស្រែកយំខ្លាំងឡើង រត់ស្ទុះទៅប្រវាយប្រតប់ ឆក់យកពីដៃរបស់ក្រុមក្មេងទាំងអស់នោះ តែព្រោះតែខ្លួនឯងតូចជាងគេពេក ក្មេងកម្សត់ក៏ចាញ់គេ ដេកដួលក្រាបប្រឡាក់ដី…
គេគិតតែពីយំ ព្រោះតែអស់សង្ឃឹមថា ខ្លួនលែងបានកាម៉េរ៉ាដែលជាវត្ថុចុងក្រោយម៉ាក់គេបន្សល់ទុកឱ្យខ្លួនហើយ ស្រាប់តែសំឡេងក្មេងប្រុសម្នាក់ទៀត រាងខ្ពស់ធំ អាយុ១៤ឆ្នាំ ស្រែកកាត់ឡើង
“អេហ៍…ពួកឯងឆាប់ប្រគល់របស់ឱ្យម្ចាស់ដើមគេវិញ?”
“ថីអ្ហា? មិនឱ្យចង់យ៉ាងម៉េច?” ក្មេងកាងមួយក្នុងក្រុមគេទាំងបី ស្រែកតវ៉ាឡើងព្រមៗគ្នា
“របស់ឯងមែន? ហើយឯងជាអី បានជាមកប្រាប់យើងថាឱ្យ យើងត្រូវតែឱ្យនោះ?”
អាដុន មេធំនៃក្រុមក្មេងនោះ និយាយបន្ថែម
“គឺនេះមកពីយើង ជាម្ចាស់នៅទីនេះ…ឱ្យឬមិនឱ្យ មិនមែនឯងជាអ្នកសម្រេចទេ..ឆឺស”
ក្មេងប្លែកមុខថ្មី ខាកស្តោះទឹកមាត់ខ្លួនឯងនៅនឹងដី រួចមូលដៃអាវវែងរបស់ខ្លួនឡើង សម្លឹងទៅកាន់ក្រុមក្មេងទាំងបីនាក់ចង់ស៊ីសាច់ហុតឈាមគ្នា…មួយសន្ទុះ ឆាកប្រយុទ្ធ បីទល់និងមួយ ក៏ចាប់ផ្ដើមឡើង…
៥នាទីក្រោយ…
ក្មេងបីនាក់នោះ ដេករមួលខ្លួននៅនិងដី…
“នេះជារបស់ឯងមែនទេ?” ក្មេងម្នាក់នោះរើសកាម៉េរ៉ាពីដី រួចហុចប្រគល់ឱ្យទៅកាន់ក្មេងតូចស្ដើង យំឡើងក្រហមភ្នែក
“បាទ…ជារបស់ខ្ញុំ”
“លើកក្រោយ បើវាសំខាន់នោះ ថែវាឱ្យប្រយ័ត្នផង”
“អរគុណហើយ”
“អ៊ឹម” គេរៀបនឹងដើរចេញ ស្រាប់តែក្មេងប្រុសម្នាក់នោះ ទាញដៃរបស់គេឱ្យឈប់ រួចសួរគេថា៖
“ខ្ញុំឈ្មោះវាយុ…វាយុមានន័យថាខ្យល់ ឯងឈ្មោះអ្វីដែរ?”
“ខ្ញុំ…ខ្ញុំឈ្មោះវាត្យា…វាត្យាមានន័យថាព្យុះ”
“អូហ៍…ឈ្មោះយើងទាំងពីរគឺចេញពីប្រភពតែមួយ តែឯងខ្លាំងជាងខ្ញុំ…ហេតុអ្វីម៉ាក់ខ្ញុំមិនដាក់ឈ្មោះដូចឯងដែរទៅ?”
“…” វាត្យា សម្លឹងមើលក្មេងប្រុសល្ងង់ម្នាក់នោះដោយហួសចិត្ត អារម្មណ៍ល្អចម្លែកផុសលេចឡើងក្នុងខ្លួនរបស់គេ
“វាត្យា យើងធ្វើជាមិត្តនឹងគ្នាបានទេ?”
“រាប់អានធ្វើជាមិត្តឬ?”
“អ៊ឹម…ខ្ញុំចង់បានឯងជាមិត្ត…ជាមិត្ត១០០ឆ្នាំរបស់គ្នា ថាបានទេ?”
“ឯងដឹងទេ ថាមិត្ត១០០ឆ្នាំជាអ្វីនោះ?”
“ប្រាកដជាដឹង គឺជាមិត្តរហូតទៅនោះអី”
“ហាហា…អូខេ សង្ឃឹមថាឯងមិនស្ដាយក្រោយទេណ៎ា ថាឯងនឹងធ្វើជាមិត្ត១០០ឆ្នាំរបស់ខ្ញុំនោះ?”
“ប្រាកដណាស់”
វាយុ ញញឹមឡើងស្រស់ទៅកាន់អ្នកម្ខាងទៀត…ស្នាមញញឹមរបស់ក្មេងប្រុសម្នាក់នេះ ប្រៀបដូចពន្លឺព្រះអាទិត្យដែលទើបរះបញ្ចេញរស្មីពេលព្រឹកព្រលឹម ធ្វើឱ្យជីវិតដែលពេញដោយស្បៃងងឹតអន្ធកាលរបស់ខ្លួន ចាប់ផ្ដើមស្វែងរកឃើញពន្លឺ មានអត្ថន័យក្នុងជីវិតជាថ្មីម្ដងទៀត។
“អ៊ីចឹង យើងទាំងពីរនាក់ថ្ពក់ដៃសន្យាគ្នា…វាត្យានឹងសន្យាថានឹងមើលថែការពារ នៅក្បែរវាយុជារៀងរហូត ហើយវាយុនឹងធ្វើជាមិត្ត១០០ឆ្នាំរបស់វាត្យារហូតទៅ…យល់ព្រមទេ?”
“បាទ យល់ព្រម!”
គេទាំងពីរនាក់ ក៏បានថ្ពក់ដៃគ្នា…កិច្ចសន្យាអ្នកទាំងពីរក៏ចាប់ផ្ដើមឡើង…វាយុតែងតែនៅក្បែរវាត្យា វាត្យាវិញតែងតែធ្វើជាស្រមោលរបស់វាយុផងដែរ។

វាត្យា ក្រឡេកមើលទ្រនិចនាឡិការដែលពាក់ជាប់និងដៃរបស់ខ្លួន ទ្រនិចពេលនេះចង្អុលប្រាប់ម៉ោង ៥កន្លះរសៀលល្ងាច ទៅហើយ…នេះគេបញ្ចប់អានសៀវភៅទាំងអស់នេះ ជិត២ម៉ោងផងឬ?
វាត្យាលេចចេញស្នាមញញឹមតិចៗ អស់សំណើចនឹងខ្លួនឯង សម្លឹងមើលទៅរូបភាពល្ងង់របស់អ្នកម្ខាងទៀត…ម៉េចវាយុមិនប្រាប់គេឬដាស់ឱ្យខ្លួនអានសិន ហេតុអ្វីបានជាត្រូវពិបាកមកត្រូវដេកក្រាបរង់ចាំខ្លួនបែបនេះ? នេះវាយុ មិនចង់ទៅញុំាការ៉េមនៅហាងថ្មីមួយនោះទេឬ?
ដៃដែលកំពុងអង្អែលសក់របស់អ្នកម្ខាងទៀតបានបញ្ឈប់ នៅពេលឃើញវាយុ សន្សឹមៗបើកភ្នែកភ្ញាក់ឡើង…
“អ្ហាហ៍? វាត្យា..នេះអានចប់ហើយឬ? អូហ៍..ស៊ីត! នេះម៉ោងប៉ុន្មានហើយនេះ? នេះឯងឃើញគ្នាដេកអ៊ីចឹង ម្ដេចមិនព្រមដាស់ខ្ញុំឱ្យភ្ញាក់នោះ?”
“អ៊ឹម..មិនអីទេ បើឯងចង់បន្ដដេកទៀត ក៏ខ្ញុំអាចនៅកំដរឯងបន្ដទៀតបាន”
“ឆ្កួត! នរណាចង់ដេកដូចជ្រូកបែបនេះនោះ”
“ហាហា…ហើយឥឡូវឃ្លានទេ?”
“អ៊ឹមឃ្លានហើយ”
“អ៊ីចឹង ឯងចង់ទៅញុំាការ៉េមមុនឬក៏ញុំាអីផ្សេងទេ?”
“អឺម…អ៊ីចឹងទៅញុំាប្រហិតបំពង ពងទាកូននិងពងមាន់អាំងនៅក្រោយសាលារបស់យើងសិនល្អទេ? ហើយចាំទៅសាកការ៉េមនៅតាមក្រោយវិញ”
“អូខេ សម្រេចទៅតាមឯងចង់ទៅចុះ!”
នៅហាងលក់ប្រហិតបំពង…
វាត្យា និងវាយុ បានចូលមមកដល់ហាង គេក៏រកតុអង្គុយ រួចធ្វើការកុម្ម៉ង់របស់ដែលខ្លួនចង់ញុំា ប្រហែល១៥នាទី របស់ដែលខ្លួនកុម្ម៉ង់ក៏បានមកដល់រៀបដាក់ទៅលើតុ វាត្យានិងវាយុ ក៏រៀបចំញុំា៖
“នេះទឹកជ្រលក់របស់ឯង អំបិល៣ភាគ ក្រូចឆ្មា២ភាគ ម្ទេស៤ភាគ ស្ករ១ភាគ…ហឹរដែលឯងត្រូវការ…ខ្ញុំធ្វើឱ្យឯងរួចហើយ” វាយុ លើកចានទឹកជ្រលក់ប្រគល់ឱ្យទៅវាត្យា
“អរគុណហើយ…ហើយនេះសម្រាប់ឯង ទឹកជ្រលក់ជូរផ្អែម ដែលឯងចូលចិត្តញុំាខុសគេ”
ដៃម្ខាងទទួលទឹកជ្រលក់ពីវាយោ ដៃម្ខាងទៀត គេប្រគល់ទឹកជ្រលក់ខ្លួនទៅឱ្យគេវិញ
“អ៊ឹម..អរគុណដូចគ្នា…ហើយឯងត្រូវការ(ពងទា)កូនទេ គ្នាញុំាតែពងលឿងទេ” វាយុញញឹម រួចដួសពងលឿងចេញពីពងទាកូនដាក់ចានខ្លួនរួច សល់ប៉ុន្មានគេយកទៅដាក់ចានវាត្យាវិញ
“អូខេ អ៊ីចឹងចាំខ្ញុំទុកពងលឿងឱ្យឯងញុំាវិញ” វាត្យាតបទៅកាន់គេវិញ
កាយវិការ និងកិច្ចសន្ទនារបស់អ្នកទាំងពីរ ធ្វើឱ្យនារីពីរនាក់ដែលអង្គុយនៅក្បែរនោះ ទ្រាំមិនបានក៏បន្លឺសំឡេងខ្សឹបខ្សៀវ
“នែ៎..នេះឯងឃើញប្រុសពីរនាក់អង្គុយតុមុខយើងទេ? ហ៊ើយ…ស្តាយរបស់ដល់ហើយ គិតទៅជីវិតនារី ស្រីដូចយើង អភ័ព្វដល់ហើយ ប្រុសសង្ហារៗ បែរជាមកស្រឡាញ់ប្រុសៗគ្នាឯងអស់ ឥឡូវនេះ ប្រុសៗសល់តែប្រុសមុខអាក្រក់ៗទុកឱ្យរើសតែប៉ុណ្ណោះ…កើតជាស្រីពិតជាអភ័ព្វមែន”
“ហើយនេះឯងនិយាយអី? គ្នាមិនយល់ទេ? គ្រាន់តែគេពីរនាក់មកញុំាអីជាមួយគ្នាសោះ នេះឯងគិតថាពួកគេទាំងពីរហ្នឹងជាហ្គេយ៍ឬ?”
“ហើយនេះឯងមើលមិនដឹងទេឬ? កាយវិការ ទង្វើ និងពាក្យសម្ដីរបស់អ្នកទាំងពីរនោះ នរណាជឿថាត្រឹមតែជាមិត្តធម្មតាៗនោះ…ហើយឯងនេះដែលឃើញពួកប្រុសៗ មិត្តភក្ដិធ្វើឬកពារ យកចិត្តទុកដាក់គ្នាបែបនេះដែរឬ? ជឿជាក់លើគ្នាទៅ រ៉ាដាចាប់ហ្គេយ៍របស់គ្នា ស្វែងរកមិនងាយខុសទេ ចាប់បានត្រូវ១០០លើ១០០…ពីរនាក់ហ្នឹងច្បាស់ជាលើសពីមិត្តភាពហើយ”
“ហ៊ម…ល្មមៗបានហើយ ឯង! ទុកមាត់របស់ឯង ញុំាប្រហិតក្នុងចានឱ្យអស់ទៅ ប្រយ័ត្នក្រែងមិនបានញុំា…ហើយនេះរៀននិយាយឮសូរតិចៗផង ខ្សឹបខ្សៀវតើ តែឯងនេះបែបខ្សឹបដាក់មេក្រូហើយ ប្រយ័ត្នគេឮ…គេខឹងណ៎ា! យើងគ្រាន់តែប្រាប់”
“អូហ៍…គ្នាភ្លេចថា គ្នាកើតមកយកកន្លើតយក្សមកជាមួយ!…តែមើលយូរៗទៅ តាមឯកសណ្ឋាន និងស្លាកសម្គាល់ឡូហ្គូសាលាដែលជាប់អាវនោះ នេះពីរនាក់ហ្នឹងគេរៀននៅសាលាជាមួយឯងតើ? នេះឯងស្គាល់គេដែរឬ? ច្បាស់ជាស្គាល់ឬដឹងថាគេជាសង្សារនឹងគ្នាហើយ”
“ហី! យើងឆ្ងល់ណាស់ សង្សារឬមិនសង្សារ រឿងស្អីឯងដែរ? សិទ្ធិគេតើ គេចង់ធ្វើអីធ្វើទៅ និយាយពីគេ មានយកចិត្តគេដាក់ចិត្តខ្លួនឯងដែរអត់នឹង? ឯងនេះល្មមៗបានហើយ”
“ហើយឯងកាន់ជើង…”
“ហក៎…នេះប្រហិតរបស់ឯងចូលចិត្ត ឆាប់ញុំា បិទមាត់ឯងទៅ! គេសម្លឹងមើលមករកយើងហើយ”
“អឹម” នាងឱនមុខចុះ ងក់ក្បាល រួចយកប្រហិតដាក់ចូលមាត់ខ្លួនយ៉ាងញាប់
និយាយពីវាត្យានិងវាយុវិញ ម្នាក់ៗបានឮកិច្ចសន្ទនារបស់នារីទាំងពីរោនាក់នោះ ប៉ុន្ដែវាត្យាធ្វើខ្លួនដូចធម្មតា ហាក់មិនឮអ្វីសោះ គេមិនខ្វល់ឬមានប្រតិកម្មអ្វីឡើយ ខុសប្លែកអ្វីតែវាយុ គេហាក់មានអារម្មណ៍ប្លែកៗបន្ទាប់បានឮសម្ដីទាំងអស់នោះ។
វាយុ មិនដែលគិតថាខ្លួនឯង គិតបែបនេះជាមួយវាត្យាឡើយ តែពេលគេឮសម្តីបែបនេះ ពេលគេគិតម្តងៗ បេះដូងខ្លួនគេលោតញាប់ៗ ខុសចង្វាក់ខុសពីធម្មតា ទឹកមុខរបស់គេប្រែឡើងក្រហមដូចប៉េងប៉ោះ…
“វាយុ នេះឯងមិនស្រួលខ្លួនមែនទេ? បានជាសុខៗស្រាប់តែមុខឯងឡើងក្រហមដូចផ្លែប៉េងប៉ោះទុំបែបនេះនោះ ឬមួយនេះឯងគ្រុនក្តៅខ្លួនហើយមែនទេ?” វាត្យា សួរដោយព្រួយបារម្ភពីគេ
“ទេ…ខ្ញុំ…ខ្ញុំគ្មានអ្វីមិនស្រួលត្រង់ណាទេ…សង្ស័យមកទីនេះ ប្រហែលជាខ្យល់អាកាសក្តៅស្អុះស្អាប់ពេកទេដឹង?” វាយុ ឆ្លើយដោះសារ
“បើបែបនេះមែន មិនអីទេអ៊ីចឹង…ហក៎នេះ! ប្រហិតដែលឯងចូលចិត្ត” វាត្យា យកចង្កាក់ប្រហិតសាច់គោអាំងដែលជាចំណីវាយុចូលចិត្តញុំា ដាក់នៅចានរបស់គេ
ឃើញបែបនេះ វាយុ មានចិត្តចង់ប្រកែកខ្លះ តែបំពង់ក របស់គេ ដូចមានអ្វីស្លាក់ជាប់ និយាយប្រកែកបដិសេធទង្វើរបស់វាត្យាមិនកើត
“អរគុណហើយ” វាយុ ស្ទាក់ស្ទើរបន្ដិច រួចនិយាយបន្ដទៀតថា
“វាត្យា នេះឯងគិតថា…យើងទាំងពីរ…”
“យ៉ាងម៉េចអ្ហាហ៍?”
“អូហ៍? មិនអីទេ? ខ្ញុំសង្ស័យគ្រុនក្តៅខ្លួនមែនទែនហើយ ទើបរាងរវើរវាយខ្លួនឯងបែបនេះនោះ?”
ឮបែបនេះ វាត្យាយកដៃស្ទាបថ្ងាសរបស់វាយុ រួចយកដៃគេនោះមកដាក់លើថ្ងាសខ្លួនឯង វាស់សីតុណ្ហភាព
“សីតុណ្ហភាពក្នុងខ្លួនឯងធម្មតាទេ…ឯងមិនអីទេ កុំគិតច្រើនពេក បារម្ភអី!”
“អឺម…ខ្ញុំដឹងហើយ” វាយុនិយាយឱនមុខចុះ ញុំាប្រហិតរបស់ខ្លួន
“បានហើយឆាប់ញុំឱ្យអស់ទៅ…នេះឯងមិនចង់ទៅបន្ដសាកការ៉េមនៅហាងថ្មីមួយនោះទៀតទេឬ?”
វាត្យា សួរបញ្ជាក់ទៅកាន់គេ
“អ៊ឹម…ឯងក៏ដូចគ្នា កុំរវល់តែមើលខ្ញុំញុំានោះ ឯងក៏ឆាប់ញុំារបស់នៅក្នុងចានខ្លួនឱ្យអស់សិនទៅ”
“អូខេ!”
បន្ទាប់ពីពួកអ្នកទាំងពីរញុំាប្រហិតចៀន ពងទាកូន និងអាហារដែលខ្លួនកុម្ម៉ងរួចហើយ អ្នកទាំងពីរក៏បន្ដដំណើរចូលទៅសាកហាងការ៉េមដែលបើកថ្មីនៅមុខសាលាមួយនោះ តែអ្វីដែលធ្វើឱ្យវាយុ មិនសប្បាយចិត្ត ខ្វាយខ្វល់នៅក្នុងអារម្មណ៍ខ្លួនព្រោះតែកិច្ចសន្ទនារបស់សិស្សស្រីទាំងពីរនាក់នោះ…
វាយុមិនយល់ថា ខ្លួននេះមានអារម្មណ៍យ៉ាងណាចំពោះវាត្យាទេ? ហើយគេក៏មិនដឹងថា វាត្យាវិញគិតយ៉ាងណាចំពោះខ្លួនឯងដែរ? គេពិបាកយល់អារម្មណ៍មួយនេះណាស់ អារម្មណ៍ថា វាត្យា ជាផ្នែកមួយក្នុងជីវិតរបស់ខ្លួន ឬនេះគេបានបាក់ចិត្តស្រលាញ់លើវាត្យាហើយ?
“ទេ មិនអាចទេ មែនទេ? វាត្យា គ្រាន់តែត្រឹមជាមូសរបស់គេប៉ុណ្ណោះ…តែពិតជាមិនលើសពីនេះមែនឬ?” វាយុសួរខ្លួនឯង
“តែហេតុអ្វី បែរជាគេឮពាក្យសម្ដីទាំងនោះហើយ គេមិនខឹង មិនប្រកែកនឹងគេសោះ! នេះ..គេកើតថីហ្នឹង ខ្លួនឯងចង់បានអ្វីឱ្យប្រាកដនោះ? ឬមិនខុសពីម្នាក់ស្រីនោះនិយាយថា គេស្រលាញ់វាត្យាហើយ? តើខ្ញុំពិតជាស្រលាញ់គេមែនឬ?…ខ្ញុំឆ្កួតហើយ”
“វាយុ នេះឯងកើតថីហ្នឹង? មើលទៅអារម្មណ៍របស់ឯង មិននៅនឹងខ្លួនឯងសោះ…នេះមានរឿងអីមែនទេ?”
“អត់អីទេ…គឹឯងគិតច្រើនតែខ្លួនឯងតែប៉ុណ្ណោះ…ញុំាការ៉េមទៅ”
“មិនអីបានយ៉ាងម៉េច? នេះការ៉េមរបស់ឯង ឯងកូរឡើងវល់រលាយអស់ហើយ..ឯងមានរឿងអ្វីក្នុងចិត្ត មិនហ៊ាននិយាយប្រាប់ខ្ញុំមែនទេ?”
“…”
“នេះឯងមិនទុកចិត្តខ្ញុំទេមែនឬ?”
“មិនមែនអ៊ីចឹងទេ តែ…”
“មិនបាច់តែស្ករអីច្រើនពេកទេ! វាយុ ប្រាប់ខ្ញុំមក ឯងកើតថី?”
“គឺគ្នា..គ្នាកំពុងគិតអំពីសម្ពន្ធភាពរវាងយើងទាំងពីរនាក់ ជាអ្វីឱ្យពិតប្រាកដ?”
“សម្ពន្ធភាពរវាងយើងទាំងពីរ?”
“គឺ…គឺ ខ្ញុំកំពុងគិតថា រវាងយើងទាំងពីរនេះ មានសម្ពន្ធភាពចម្លែកខុសពីគេ…បែប…បែបលើសពីព្រំដែនមិត្តភាពហើយ”
“លើសពីព្រំដែនមិត្តភាព? នេះឯងចង់និយាយអ្វីឱ្យប្រាកដវាយុ?”
“វាត្យា…ខ្ញុំគិតថា…ខ្ញុំគិតថា…ខ្ញុំ…ខ្ញុំស្រលាញ់ឯង”
វាយុ និយាយរួច គេប្រញាប់ឱនមុខក្រាបចុះនឹងតុ មិនហ៊ានសម្លឹងមើលទៅកាន់អ្នកម្ខាងទៀត គេចវេសពីក្រសែភ្នែករបស់ភាគីម្ខាងទៀតទេ ព្រោះគេមិនដឹងថាចម្លើយដែលផ្តល់ឱ្យពីខាងនោះ វានឹងធ្វើឱ្យជីវិតរបស់ខ្លួនប្រែប្រួលយ៉ាងណា…គេខ្លាច…ខ្លាចបាត់បង់គេ បាត់បង់សម្ពន្ធភាពមួយនេះ…ជីវិតគេនឹងប្រែក្លាយជាយ៉ាងណា?
សំឡេងស្ងប់ស្ងាត់ មិនមាត់មិនកពីអ្នកម្ខាងទៀត…ពីមួយវិនាទីទៅមួយវិនាទី ពេលវេលារំកិលទៅមុខយឺតដូចខ្យងវារ…វារឹតតែធ្វើឱ្យចិត្តរបស់វាយុ រង្គោះរង្គើឡើង…វាត្យា គេស្អប់ខ្លួនទេដឹង?
“ខ្ញុំសូម…សូមទោស” វាយុ បន្លឺសំឡេងតិចៗ ប្រាប់ទៅកាន់គេ
“ឯងសូមទោសខ្ញុំរឿងអី?” វាត្យា សួរបញ្ជាក់ សំឡេងគេរាបស្មើ មិនសំដែងការខឹងឬរំភើបអ្វីសោះ…គេដូចជារឿងធម្មតាសម្រាប់គេ
“គឺ…គឺរឿង..” វាយុ អួលដើមក និយាយមិនចេញ គេចង់និយាយថា…គេសូមទោស…សូមទោសដែលប្រាប់ថាខ្លួនស្រលាញ់គេ…សូមទោសដែលធ្វើឱ្យសម្ពន្ធភាពមួយនេះល្អក់កករ…សូមទោសគ្រប់យ៉ាង ប៉ុន្តែគេនិយាយមិនកើត ព្រោះអារម្មណ៍មួយទៀត ប្រាប់ថា គេពិតជាស្រលាញ់អ្នកម្ខាងទៀត…ហើយវាជារឿងមួយដែលត្រូវប្រាប់ឱ្យអ្នកនោះ គេបានដឹង
“វាយុ ឯងភ្លេចកិច្ចសន្យារបស់យើងទាំងពីរ ដែលបានធ្វើឡើងកាលឯងមានអាយុ១២ឆ្នាំហើយឬ?”
“កិច្ចសន្យា?”
“មនុស្សល្ងង់…កិច្ចសន្យាដែលឯងយល់ព្រមធ្វើជាមិត្ត១០០ឆ្នាំរបស់គ្នានោះអី? ឯងពិតជាភ្លេចមែនឬ?”
“…”
“វាយុ ខ្ញុំស្រលាញ់ឯង…ស្រលាញ់ឯងយូរទៀតផង”
ឮសម្តីបែបនេះចេញពីមាត់វាត្យា វាយុបើកភ្នែកធំ ភ្ញាក់ផ្អើលស្ទើរតែមិនចង់ជឿនឹងត្រចៀកខ្លួនឯង ព្រោះគេមិនដែលគិតថា អ្នកម្ខាងទៀតពោលពាក្យបែបនេះ បានយ៉ាងងាយស្រួលដូច្នោះ…
“តែគ្នាជាប្រុសណា..វ៉ើយ!” វាយុ ឧទានខ្លាំងៗឡើង
“អ្ហឺ…គ្នាដឹង! ហើយឯងភ្លេចថា ខ្ញុំជាប្រុសដែរ វ៉ើយ!” វាត្យា ក៏ឆ្លើយតបទៅកាន់គេភ្លាមៗទៅវិញដែរ
“ហើយនេះម៉េចឯង មិនព្រមសារភាពប្រាប់ខ្ញុំមុននោះ?” វាយុ សួរបន្ដទៀត
“ឯងគិតថា ប្រសិនជាខ្ញុំប្រាប់ឯងមុននោះ ឯងនឹងមានប្រតិកម្មបែបណានោះ? មនុស្សដូចជាឯង ច្បាស់ជាគេចមុខខ្ញុំជាមិនខាន…ត្រូវទេ វាយុ?”
វាត្យា ផ្ដល់ចម្លើយទៅកាន់អ្នកម្ខាងទៀត មិនបង្អង់យូរ
“តែ..”
វាយុចង់ប្រកែកបន្ដ តែសម្ដីរបស់គេនិយាយមិនទាន់ចប់អស់អត្ថន័យផង វាត្យាចាប់ទាញក-អាវវាយុ អូសឆ្លងពីតុម្ខាងទៀត ចូលមកជិតគេ រួចគេយកបបូរមាត់ខ្លួនទៅផ្អឹបនឹងបបូរមាត់អ្នកម្ខាងទៀត…
វាយុស្រឡាំងកាំងនឹងទង្វើរបស់វាត្យា ដែលគេធ្វើវាឡើងរហ័សពេក…គេមិនដែលគិតការថើបលើកដំបូងរបស់ខ្លួនត្រូវបានលួចឆក់យ៉ាងទាន់ហន់បែបនេះសោះ តែអ្វីដែលគេមិនអាចភ្លេចបានពីអារម្មណ៍មួយនេះបាន វាគឺជាការថើបដ៏ផ្អែមល្ហែមបំផុត (សង្ស័យនេះមកពីរសជាតិការ៉េមជាប់មាត់របស់អ្នកម្ខាងទៀតហើយ..ហិហិ) រហូតដល់គេវង្វេង ឃើញគ្រប់យ៉ាងជុំវិញខ្លួនសុទ្ធតែពណ៌ស៊ីជម្ពូ…
“វាយុ ឯងឈាមច្រមុះហើយ”
វាត្យាហូតដកក្រដាសជូតមាត់នៅលើតុ យកមកជូតឈាមច្រមុះឱ្យទៅវាយុ
“អរគុណ..” វាយុ មុខឡើងក្រហម អៀនប្រៀនឡើងចំពោះកាយវិការរបស់អ្នកម្ខាងទៀត
វាត្យាទាញដៃរបស់វាយុយកមកកាន់…រួចអង្អែលច្របាច់ថ្មមៗ
“ខ្ញុំទេដែលជាអ្នកត្រូវមកអរគុណឯង”
ឮពាក្យពោលចេញពីមាត់របស់វាត្យាសម្ដីបែបនេះ វាយុ ញញឹមយ៉ាងស្រស់ផូរផង់ អស់ចេញពីបេះដូងខ្លួនទៅកាន់អ្នកម្ខាងទៀត…ស្នាមញញឹមបរិសុទ្ធចេញពីវាយុ ធ្វើឱ្យវាត្យា ស្រឡាំងកាំង ចង់រក្សាពេលវេលាមួយនេះឱ្យសិ្ថតស្ថេរ ព្រោះនេះជាលើកទីមួយហើយដែលខ្លួនគេបានឃើញការញញឹមដ៏ស្រស់ស្រាយ បែបពិតៗពីវាយុ…
វាយុ ក៏ដូចគ្នា ស្នាមញញឹមដ៏ស្រស់ស្រាយមានតម្លៃដែលចេញពីមុខអ្នកដែលតែងតែធ្វើមុខក្រញូវ វាពិតជាស្រស់ស្អាតណាស់។
វាត្យា ដកទូរសព្ទដៃរបស់ខ្លួន ខណៈពេលដែល វាយុក៏ទាញយកកាម៉េរ៉ាដែលនៅព្យួរជាប់ករបស់ខ្លួន លើកថតមកកាន់រូបគេផងដែរ។
ម្នាក់ៗពេលនេះ ក្នុងចិត្តរបស់គេ គឺគិតតែរឿងមួយតែប៉ុណ្ណោះ គឺចង់រក្សា ថតផ្ដិតទុកពេលវេលាមួយនេះទុកជានិរន្ដន៍ព្រោះនាពេលខាងមុខ គេមិនដឹងថារវាងគេទាំងពីរនឹងប្រែប្រួលផ្លាស់ប្ដូរនឹងអាចក្លាយទៅជាយ៉ាងណា… គេដឹងថា ស្នេហាដែលខ្លួនគេសាងនៅពេលនេះ គឺជាស្នេហាខុសធម្មជាតិ ស្នេហាដែលអ្នកដទៃគេហាមឃាត់ ស្អប់ខ្ពើមមួយ មិនផ្ដល់ឱ្យតម្លៃ…
ប៉ុន្ដែអ្វីដែលអ្នកទាំងពីរគិតពេលនេះ គឺគេសុំត្រឹមតែសេចក្ដីសុខសម្រាប់ពេលវេលាមួយនេះសិន…សុភមង្គលដែលជាសាក្ខីភាពស្នេហាដ៏បរិសុទ្ធរវាងអ្នកទាំងពីរ៕