រឿង៖ កញ្ញាPositive

Positive នេះមិនមែនមានន័យថា Positive កូវីដ-19 ទេណា កុំច្រឡំ!

ជីវិតមនុស្ស រឿងអីដែលថាអាចចៀសពីពិបាកចិត្តរួចនោះ? គ្រប់គ្នាមានរូបមានទុក្ខ មានសប្បាយក៏មានឈឺចាប់ដូចគ្នាដែរ ប៉ុន្តែអ្នកដែលចំណាំនិយាយថា «សេដៗ» ញយៗនោះហ៊ានពោលពាក្យមួយម៉ាត់យ៉ាងខ្លីថាជីវិតខ្លួន negative ដែរឬអត់?

«លីន!»

កំពុងតែរើវរវាយតែឯងតាមទម្លាប់ ស្រាប់តែគាត់ហៅខ្ញុំលាន់សឹងបែកការិយាល័យ។ ខ្ញុំងាកទាំងមិងមាំង ដកកាសត្រចៀកចេញហើយផ្ទៀងស្ដាប់៖

«ទៅនិយាយជាមួយគាត់បន្តិចទៅ!»

ហេតុអ្វីបានខ្ញុំ?

ខ្ញុំទម្លាក់កាសចោលហើយរន្ថើនសួរខ្លួនឯងភ្លាម ក្រោយឮសំឡេងដែលសោះកក្រោះហាក់ដូចជាហត់ចិត្តខ្លាំងណាស់គ្រាន់តែនិយាយជាមួយអ្នកធ្វើការជាមួយគ្នាសោះ។

ត្រូវហើយ គាត់ឈ្មោះយុទ្ធ! គឺជាអ្នកដែលពិបាកនិយាយស្ដាប់គ្នាបំផុតប្រចាំផ្នែកឌីសាញនៅក្រុមហ៊ុនយើង​។

ខ្ញុំទើបតែចាប់ភ្លឹក! គ្រប់គ្នាដែលស្គាល់ខ្ញុំ មិនថាមិត្តភក្តិ មិនថាអ្នកធ្វើការងារ តែងនិយាយថា “ខ្ញុំនេះវិជ្ជមានជានិច្ច! មិនដែលឃើញចេះអស់សង្ឃឹម!”។ ហើយដោយសារតែសុទិដ្ឋិហ្នឹងហើយ ទើបបងរ៉ាពឹងខ្ញុំឱ្យទៅនិយាយជាមួយបងយុទ្ធទាំងរូបរាងគ្មានកម្លាំង សំឡេងខ្សោយ។

ខ្ញុំយល់ ខ្ញុំយល់ណាស់! គ្រាន់តែឃើញគាត់គ្រវីក្បាលញាប់ មុខខ្មៅអ៊ែរ ច្បាស់ណាស់ថាគាត់បានព្យាយាមអស់ពីសមត្ថភាពជាមួយបងយុទ្ធហើយ​។

កាលបើមានរឿងទាក់ទងឈ្មោះបងយុទ្ធកាលណា ខ្ញុំក៏នឹកដល់រឿងមួយដែលអ្នករាល់គ្នានឹកឃើញខ្ញុំភ្លាមពេលមានបញ្ហាទាល់ច្រកម្ដងៗ ជាក់ស្ដែងរឿងអម្បាញ់មិញនេះ។​

ខ្ញុំចេះតែនឹកឆ្ងល់ហើយចំណាំទុកញយដង លុះរឿងលើកនេះទៀត ទើបធ្វើឱ្យខ្ញុំនឹកភ្នកភ្លែតថា ហេតុអីបានជាគ្រប់គ្នាគិតថាខ្ញុំវិជ្ជមានយ៉ាងនេះ? គេមើលមកខ្ញុំពិតជាមានថាមពលវិជ្ជមានដល់ម្ល៉ឹង? អ្នករាល់គ្នាសុទ្ធតែជាអ្នករួសរាយ ពូកែវោហារ ហើយខ្ញុំកំណាញ់សម្ដីសឹងអី រាល់ថ្ងៃធ្វើការពាក់តែកាសសោះ ចុះហេតុអីពេលជួបមនុស្សពិបាកគេទុកចិត្តឱ្យខ្ញុំ​ចេញមុខ?

«មានរឿងអីទៀតហើយបង?»

ឃ្លាដំបូងបំផុតដែលខ្ញុំសួរទៅបងរ៉ា ដោយទឹកមុខស្ងប់ ស្មើធេងដូចសមុទ្រគ្មានខ្យល់ បន្ទាប់ខួរក្បាលដ៏មមាញឹកត្របាញ់គិតគូអស់ច្រើនសន្ធឹក គ្រាន់តែទៅនិយាយជាមួយបងយុទ្ធសោះ។

គាត់ដកដង្ហើមធំតបមកវិញថា គ្មានរឿងអីថ្មីឡើយ ក្រៅពីទំនាក់ទំនងដ៏សែនតឹងតែងជាមួយមិត្តរួមអាជីពខាងលើ ដែលមានវ័យច្រើនជាងគេក្នុងក្រុមទាំងមូល ហើយថែមបទពិសោធកាន់ឆ្នាំក្នុងផ្នែកនេះផង។

«ជួយទៅពន្យល់គាត់ផង ភ្ញៀវគេប្រញាប់»

បងរ៉ាផ្ដាំហើយ ក៏ទៅធ្វើការហី លែងខ្វល់ទៀតហើយ។

ខ្ញុំឃើញហើយក៏គ្មានយោបល់ លុះដល់ម៉ោងបាយ ពេលគាត់ត្រលប់មកវិញទើបខ្ញុំចូលខ្លួនទៅនិយាយជាគាត់មួយៗ

«លើកនេះមិនមែន Client ឱ្យយើងកែឡើងវិញទេបង! គេយក file ដើមដំបូង​ តែខាងយើងធ្វើបាត់ អ៊ីចឹងមានតែបងយុទ្ធធ្វើឡើងវិញហើយ ព្រោះពួកខ្ញុំអត់មានទេបង»

«ម៉េចបានខ្ញុំត្រូវធ្វើវា?»

គាត់តបម៉ាត់ៗទឹកមុខមាំសម្លឹងមើលមកខ្ញុំវិញ

«ខ្ញុំបានឱ្យវាទៅវណ្ណារ៉ាពេលធ្វើរួចហើយតើ! ហេតុអីបានពេលធ្វើបាត់មកបង្ខំខ្ញុំឱ្យធ្វើឡើងវិញឱ្យភ្ញៀវ?»

បងយុទ្ធពោលច្បាស់ៗដាច់ណាត់បែបនេះ។ ខ្ញុំមានតែធ្វើចិត្តត្រជាក់និយាយតាមសម្រួល

«តែបងជាអ្នកធ្វើ មានតែបងទើបមាន file ហ្នឹង! បើឥឡូវបងក៏បាត់ដែរ បានជាពួកខ្ញុំសុំបងឱ្យធ្វើម្ដងទៀតហ្នឹងបង!»

«ចុះខ្ញុំបានឱ្យទៅហើយតើ តែអាលីនឯងមិនចេះទុកឱ្យល្អ! មកបង្ខំឱ្យខ្ញុំធ្វើម្តងទៀតយ៉ាងម៉េច ខ្ញុំមិនធ្វើទេ!»

គាត់តបទាំងខឹង ព្រមទាំងមិនចោលក្រសែភ្នែកដែលមិនធ្លាប់ព្យាយាមចុះសម្រុងជាមួយនរណាសោះឡើយ

«មិនមែនខ្ញុំជាអ្នកធ្វើបាត់ទេបង គឺបងរ៉ា!»

 ខ្ញុំមិនបានធ្វើ ទោះចិត្តត្រជាក់យ៉ាងណាក៏ដោយ ក៏ត្រូវបញ្ជាក់សខ្មៅជាមួយគាត់ដែរ។ ខ្ញុំនិយាយមួយៗទៅបងយុទ្ធទៀត

«មកពីគាត់ប្រហែស មិនប្រយ័ត្នហ្នឹងហើយទើបមកសួររកពីបងឱ្យភ្ញៀវវិញ កុំឱ្យមានរឿង!»

«ដល់មានរឿង មកបង្ខំខ្ញុំឱ្យធ្វើថ្មី? ការងារខ្ញុំច្រើនណាស់ណាលីន មិនទំនេរតាមតែវណ្ណារ៉ាទារឱ្យធ្វើនេះធ្វើនោះទេ!»​

 ខ្ញុំសើចស្មើដាក់គាត់ភ្លាម

«បើបងមាន file នោះ វាចប់រឿងហើយបង!»

«លីនឯងចង់បន្ទោសថាមកពីខ្ញុំធ្វើហើយលុបចោលមែន បានមានរឿង?»

ខ្ញុំសើចឃឹក

«មានណាបង! ខ្ញុំចង់និយាយថាមកពីយើងអត់បានផ្ញើទុកលើអ៊ីនធឺណេត ដាក់តែ USB ដល់ពេលបង format ចោលទាំងអស់គ្នាទៀត រឿងក៏ទៅជាអ៊ីចឹងទៅ! នរណាទៅចង់ធ្វើឡើងវិញនោះបង?»

គាត់សើចហ៊ឹស កាលបើឃើញខ្ញុំសើចធ្វើដូចគ្មានរឿងធំដុំទាំងដែលបងយុទ្ធជជែកតឹងសរសៃកតែម្នាក់ឯង​។

«កាលនុ៎ង USB នៅនឹងដៃស្រាប់ ក៏ខ្ជិលប្រើតេឡេក្រាមទៅនាំតែយូរ!»

 ខ្ញុំសើចស្ញាញធ្វើដូចជាយល់ពីស្ថានភាពណាស់ ទាំងដែលខ្លួនឯងទើបតែដឹងរឿងច្បាស់មុននេះបន្តិចសោះ។ ខ្ញុំក៏មិនដឹងថាទម្លាប់ហ្នឹងចាប់ផ្ដើមទាំងពីពេលណា ដែលខ្ញុំមើលរឿងរ៉ាវទាំងអស់ទៅជាស្រាលៗធម្មតាៗ និយាយមួយ​ៗតាមដែលខ្លួនឯងដោះបានប៉ុនណាយកប៉ុននឹង។

ពេលបងសុវណ្ណារ៉ាប្រាប់ខ្ញុំភ្លាម ខ្ញុំគិតតែម្យ៉ាងប៉ុណ្ណោះថា គ្រាន់តែរឿងតូចអ៊ីចឹងសោះហេតុអី្វក៏នាំគ្នាធ្វើឱ្យធំ? បងយុទ្ធអស់ពីសើចក៏តបថា៖

«ចាំមើលបងទៅរកមើលសិន ក្រែងលោមិនទាន់ format ពីធុងសំរាមក្នុងកុំព្យូទ័រ! បើនៅចាំបងផ្ញើឱ្យវិញ»

«ចាស អរគុណបង!»

 ឃើញអត់ប្រាប់ហើយថារឿងមិនធំទេ!

 ខ្ញុំដើរមកវិញទាំងរអ៊ូតិចៗម្នាក់ឯងបែបនេះ ហើយទាញកាសដាក់ត្រចៀកបន្ត រួចអង្គុយធ្វើការម៉ង់ៗបន្តទៀត ទុកឱ្យប្រុសៗពីរបីនាក់ក្នុងការិយាល័យជជែកគ្នាគេទៀតចុះ។

ទីង!

សំឡេងសារទូរសព្ទខ្ញុំលោតឡើង! ធម្មតាវាស្ងាត់ណាស់ មិនដែលមានមិត្តភក្តិឧស្សាហ៍ទាក់ទងមកទេ។

ដា?

មានអីបន្ទាន់បានជាឈែតមកបែបហ្នឹង? ខ្ញុំក៏រួសរាន់តបទៅវិញតាមទម្លាប់ដែលយកចិត្តទុកដាក់នឹងគេឯងគ្រប់គ្នា ពិសេសមិត្តភក្តិ ទាស់តែម្យ៉ាងគឺខ្ញុំមិនប្រាប់គេនោះទាល់តែសោះ!

«ឯងពិបាកចិត្តណាស់អើយ! ដូចហែងដឹងអ៊ីចឹង អញពិបាកប្រាប់ឱ្យយល់ណាស់ រឿងជាន់រឿង អ្នកផ្ទះផងអីផង…ឯងប្រាប់គេ កេមិនជឿទៀតហាស!»

សារសំឡេងនាងផ្ញើមកបន្លឺមកកាន់ខ្ញុំដោយសំឡេងហត់នឿយ បណ្ដាលឱ្យខ្ញុំនឹកដល់ពេលប៉ុន្មានឆ្នាំមុនដែលងងឹតសុងគ្មានពន្លឺ។ ស្ថានភាពគេធ្វើឱ្យខ្ញុំនឹកដល់ខ្លួនឯង កាលនោះមិនខុសគ្នាសោះ!

ប៉ុន្តែពេលនេះ ខ្ញុំផ្ញើសារសំឡេងតបនាងវិញហូរហែមិនឈប់ដោយក្នុងខ្លួនស្រាលស្ញើក។ ខ្ញុំកំពុងដើរតួជាទីប្រឹក្សា ព្យាយាមរកពាក្យល្អៗជួយជាកម្លាំងចិត្ត កំពុងបង្ហាញថាខ្ញុំយល់ពីសភាពនាង ហើយប្រាប់នាងថាវានៅមានផ្លូវ ខណៈដែលខ្ញុំមើលទៅមិនយកចិត្តទុកដាក់ និយាយឱ្យតែបានតាមអារម្មណ៍ដែលស្ដាប់ហើយយល់។

តាមពិតខ្ញុំមានពាក្យជាច្រើនទៀតដែលចង់បើកចំហ បង្ហាញទៅនាងត្រង់ថែមទៀតលើសពីសារ​សំឡេង​។ ខ្ញុំចង់ខលទៅណាស់ តែបើនិយាយតទល់ខ្ញុំច្បាស់ជាភ្លេចអស់អ្វីដែលចង់និយាយមិនខាន ម្យ៉ាងអារម្មណ៍ពិតនៅពេលនេះ គឺខ្ញុំអាណិតនាង មិនចង់ឱ្យនាងជួបរឿងទាំងអស់ហ្នឹងឡើយ តែខ្ញុំចង់គេចវេះ មិនចង់ប្រឈមមុខនឹងអារម្មណ៍អស់ទាំងនោះទៀតឡើយ ទើបខ្ញុំមិនចង់យកចិត្តទុកដាក់នឹងវា។

ខ្ញុំព្យាយាមបំភ្លេច មិនចងចាំសំណល់អារម្មណ៍ទាំងអម្បាលម៉ាននោះទេ។ ស្ដាប់ទៅវាដូចជាយើងជាអ្នកមានបទពិសោធម្នាក់ ដែលអាចគ្រប់គ្រងនិងឱ្យយោបល់ទៅគេបានថែមទៀត ប៉ុន្តែតាមពិត ខ្ញុំជិនឆ្អន់នឹង«បញ្ហា» ខ្ញុំមិនចង់ឃើញអ្នកជុំវិញចាប់ផ្តើមមានបញ្ហាម្ដងម្នាក់ៗ ហើយពួកគេជួបបញ្ហាធ្ងន់ពេលដែលជីវិតខ្ញុំប្រសើរជាងមុន។ មិនតិចដងទេដែលខ្ញុំធ្លាប់លួចគិតបែបនេះពេលផ្លូវចិត្តទន់ខ្សោយ តែក៏ដោយសារភាពគ្មានជំនួយ ការបំបាក់ទឹកចិត្ត ការមិនព្យាយាមយល់ពីស្ថានភាពអ្នកក្បែរខ្លួនយើង ទើបខ្ញុំមិនឱ្យមនុស្សដែលខ្ញុំស្គាល់ជួបរឿងទាំងនេះចេញពីខ្លួនខ្ញុំឡើយ។

«ចាំចប់ម៉ោង ចួបគ្នាហាងកាហ្វេ កន្លែងចាស់!»

 ខ្ញុំប្រាប់នាងតាមឈែត ហើយទាញសោម៉ូតូទៅវឹងក្រោយចប់ម៉ោងភ្លាម។

មកដល់ភ្លែត នាងសួរខ្ញុំរន្ថើន៖

«អាស្រីមានហៅការអត់?»

ខ្ញុំគ្រវីជាសញ្ញាថា អត់? ដាដកដ្ហើមធំហើយត្អូញត្អែរ៖

«ឯងខំទុកវាជិតស្និទ្ធ ស្អីក៏នឹកឃើញវាមុនគេដែរពេលនៅរៀន ដល់ឥឡូវគេធ្វើហីៗ ហុចធៀបឱ្យទាំងទើសទាល់…គិតទៅពួកម៉ាក….អាលីនអើយនិយាយមិនចេញទេអ្ហា៎!»

ខ្ញុំសើចធ្វើហ៊ឹសៗ

«ដាអើយ! ធ្វើម៉េចទេបើគេទុកអ្នកថ្មីសំខាន់ជាងទៅហើយ យើងបង្ខំគេឱ្យដូចយើងមិនកើតទេ»

«និយាយជាមួយឯង គិតស្រួលៗរហូត! ម៉្យាងដែរ…តែគ្នាវាអន់ចិត្ត»

«អន់ចិត្ត អន់ថ្លើមអី ឯងណេះធ្លាប់អស់ហើយ រឿងអីក៏ដោយសង្ឃឹមពេក រំពឹងពេក ចុងក្រោយឈឺតែឯង! នាំឯងរំឭករឿងចាស់ទៀតហើយ!»

«នាំមកនិយាយរឿងសេដហ្នឹងហើយ បើមិនឱ្យសេដអានេះវ៉ីយ!»

ហាសហាខ្ញុំសើចគិល ដូចមិនខ្វល់នឹងទុក្ខព្រួយដែលដា ខំរៀបរាប់ទាំងក្នុងនិងក្រៅទូរសព្ទសោះ។ តែនាងក៏សើចដែរ ហើយយើងក៏គិតបំបែកគ្នាទៅផ្ទះវិញក្រោយអង្គុយផ្ញើខ្លួននៅហាងកាហ្វេអស់យ៉ាងយូរ។

 ដារៀបចំចេញទៅហើយ តែខ្ញុំយកលេសការងារ ដំអក់មិនព្រមទៅ

«ឯងកើតអី ដូចអត់ចង់ទៅផ្ទះសោះថ្មើរណេះហើយ?»

ខ្ញុំសើចញឹមៗគ្រវីក្បាលថាគ្មានរឿងអីទេគ្រាន់តែមិនចង់ទៅឥឡូវ។

នាងរអ៊ូបូញមាត់៖

«ធ្វើការ៨ម៉ោងហើយនៅអង្គុយថែមទៀត អត់ហត់ទេហី?»

ថាហើយក៏ចេញទៅវឹង ព្រោះដឹងថាឃាត់ខ្ញុំមិនឱ្យនៅក៏មិនបាន។

ខ្ញុំមិនមែនមនុស្សយន្តទេ តែខ្ញុំមិនជាមិនចង់ត្រលប់ទៅវិញឆាប់បែបនេះទេ ទោះជាយប់ថ្មើរនេះទៅហើយ។ ខ្ញុំទម្លាក់មុខចុះប្រឹងញញឹមហើយដកដង្ហើមធំ។ ខ្ញុំកូរភេសជ្ជៈនៅក្នុងកែវវិលជុំ សម្លឹងមុខគិតក្រោយទើបដាច់ចិត្តចេញទៅផ្ទះ។

«ដល់ហើយ!»

ខ្ញុំផ្ញើសារប្រាប់ដា ហើយបោះទូរសព្ទចោល ទម្លាក់ខ្លួនទៅលើពូក។

វាពិតជាសុខស្រួលណាស់ដែលយើងអាចទម្លាក់ចោលអ្វីៗទាំងអស់ចោល ហើយគេងដោយស្ងប់សុខ គ្មានការងារ គ្មានទំនួលខុសត្រូវ គ្មានភារកិច្ច គ្មាននរណាមករំខាន។ ប៉ុន្តែមិនមែនសុទ្ធតែគ្រប់គ្នាអាចគេងលក់ស្រួលនៅពេលយប់ឡើយ។ មេឃងងឹតតែមួយ រស់នៅលើផែនដីជាមួយគ្នា តែមានភ្នែករាប់រយគូដែលមិនអាចគេងលក់ បញ្ហាធ្វើឱ្យពួកគេ សូម្បីតែវេលាមួយដែលអាចគេចផុតពីក្តីកង្វល់ដោយមិនប៉ះពាល់អ្នកណា ក៏ធ្វើមិនបាន។

«លីនមកញ៉ាំបាយ!»

ខ្ញុំក៏មុជទឹកផ្លាស់ខោអាវ កុំឱ្យម៉ាក់ចាំបាយយូរ។

«ចុះប៉ា?»

«ហូបរួចហើយ នៅក្នុងបន្ទប់!»

ស្ថានភាពរាល់ថ្ងៃគឺបែបនេះ។ មួយផ្ទះមានតែមនុស្សបីនាក់ទេ តែមិនអាចហូបបាយជុំគ្នាបាន។ ផ្ទះខ្ញុំបន្តរស់នៅរបៀបនេះយូរណាស់មកហើយ រាល់ថ្ងៃក៏កាន់តែយ៉ាប់ឡើងៗបែបនេះឯង។ បើថ្ងៃនេះម៉ាក់ញ៉ាំបាយជាមួយខ្ញុំ ស្អែកប៉ាជាអ្នកចាំផ្លូវខ្ញុំមកពីធ្វើការវិញម្តង។ ម្តាយដោយម្តាយ កូនដោយកូន ហើយឪពុកដោយឪពុក ខ្ញុំជាកូនក៏មិនដឹងថាគ្រួសារទៅជាបែបនេះចាប់តាំងពីពេលណា។ ខ្ញុំគ្រាន់តែចាំថាម៉ាក់និងប៉ាឆ្ងាយគ្នាតាំងពីខ្ញុំនៅរៀនវិទ្យាល័យ។

មានម្តងគ្រាន់តែប្រលងចប់ ត្រូវរៀនជំនាញអីបន្ត អ្នកផ្ទះខ្ញុំជជែកគ្នាមិនមើលមុខគ្នាអស់៣ថ្ងៃ។ ហើយកាលដែលខ្ញុំសម្រេចចិត្តទៅរៀនឌីសាញ តាមចិត្តខ្លួនឯង ផ្ទះទាំងមូលដូចជាទីលានសង្រ្គាមត្រជាក់អ៊ីចឹង។ ខ្ញុំចេះតែគិតថា រឿងដែលមនុស្សជាង១៧លាននាក់ទៀតងាយស្រួលសោះ ហេតុអីក៏ខ្ញុំពិបាកគ្រប់ជំហាន? បើសិនខ្ញុំប្រលងធ្លាក់ សមណាមានរឿងផ្អើលមេឃរំជួយដី តែឥឡូវនេះខ្ញុំប្រលងជាប់តើ!

ខ្ញុំញ៉ាំបាយបណ្ដើរលួចមើលម៉ាក់ម្តងម្កាល។ ថ្ងៃនេះគាត់ស្ងាត់ណាស់ ស្ងាត់ជាងរាល់ដង។ ទោះម៉ាក់និងប៉ាមើលទៅដូចមិនស្រលាញ់គ្នា តែម៉ាក់តែងនាំខ្ញុំជជែកពីនេះពីនោះឱ្យតែដល់ផ្ទះ ទោះខ្ញុំទម្លាប់ស្ងៀមស្ងាត់រុយទុំមិនបក់ក៏ដោយ។

ខ្ញុំទំពាបាយ ចង់ប្រាប់គាត់ថាសម្លសាបក៏ទាក់ទើរ ស្រាប់តែម៉ាក់សួរថា៖

«លីន! តាមម៉ាក់ឬតាមប៉ា?»

ដៃខ្ញុំញ័រ! ស្លាបព្រាសឹងជ្រុះរបូតពីដៃ។

ម៉ាក់តាមសម្លឹងជាប់ តែខ្ញុំឱនមុខមិនមើលគាត់វិញទេ។

ខ្ញុំក៏ទំពាម្ហូប ធ្វើមិនឮបន្តទៀត។

 ថ្ងៃនេះវាបានមកដល់ហើយ! ខ្លួនខ្ញុំដូចខ្ទាតគ្នាជាបំណែក ព្រោះខ្ញុំយល់ពីន័យម៉ាក់។ គាត់មិនត្រូវគ្នាអស់រាប់ឆ្នាំ ទីបំផុតក៏សម្រេចចិត្តបែកផ្លូវពេលដែលខ្ញុំធំមានលំនឹងត្រឹមត្រូវ។ ម៉ាក់និងប៉ារស់នៅមិនចុះសម្រុងច្រើនឆ្នាំ ខ្ញុំឃើញពួកគាត់ឈ្លោះគ្នាតាំងពីនៅជំទង់ៗធ្លាប់ហើយ ក៏មិនមែនមិនធ្លាប់គិតថា បើគាត់បែកគ្នាប្រហែលជាម្នាក់ៗស្រួលចិត្តជាង តែសំណួរមួយនេះវាធ្វើឱ្យខ្ញុំយល់ថាលឿនពេក រហ័សពេកហើយ​។

ខ្ញុំគ្មានកម្លាំងលេបបាយទេ វាដូចដុំគ្រួសដែលខ្ញុំខំលេបហើយសង្កត់វាឱ្យទៅបាត់ក្នុងពោះអ៊ីចឹង។ វាជាសំណួរដែលខ្ញុំស្អប់ជាងគេតាំងពីតូចរហូតដល់ធំប៉ុននេះទៅហើយ ពិសេសរាល់ពេលដែលឃើញគេចំណាំញ៉ោះក្មេងៗលេង។ វាជាសំណួរដែលធ្វើឱ្យក្មេងដូចជាខ្ញុំខឹងក្តៅមុខដល់អ្នកសួរ ហើយងងឹតឈឹងគ្មានទិសដៅ។

ខ្ញុំមិនចង់រើស!

ពីតូចរហូតដល់ធំ ទោះជីវិតខ្ញុំពិបាក ប្រឈមបញ្ហាគ្រប់ជំពូក ទាំងមិត្តភក្តិដែលមិនធ្លាប់ទុកយើងក្នុងក្រសែភ្នែក កន្លែងធ្វើការដែលមានតែមនុស្សសួនតួ រឿងរ៉ាវតិចតូចដែលត្រូវតែប្តូរជាមួយញើសឈាមទើបខ្ញុំអាចមានលំនឹង សូម្បីតែជម្លោះរ៉ាំរ៉ៃនៅផ្ទះយ៉ាងណាក៏ដោយ ក៏ខ្ញុំអាចរ៉ាប់រងបាន។

ប៉ុន្តែពេលនេះខ្ញុំហត់ណាស់! ខ្ញុំដូចជាកញ្ចក់ស្រាំមួយដែលធ្លាក់បែក ហើយគ្មានសល់សូម្បីអំបែងតូចណា។ ខ្ញុំចង់ស្ទុះទៅគោះទ្វារបន្ទប់ប៉ា ប្រាប់ថាខ្ញុំមិនរើស! ប៉ានិងម៉ាក់រស់នៅបែបនេះបន្តទៀតក៏បាន ខ្ញុំមិនប្រកាន់ទេ! ហេតុអីចាំបាច់ចង់លែងគ្នា?

តែខ្ញុំមិនធ្វើ! មិនមែនខ្ញុំធ្វើមិនបានទេ​ តែខ្ញុំដឹងពីម៉ាក់និងប៉ាច្បាស់ណាស់ ខ្ញុំឃាត់គាត់មិនបានទេ។

«ធំប៉ុននឹងដែរ គ្មានសមត្ថភាពធ្វើឱ្យម៉ែឪត្រូវគ្នាបានទេ?»

ប្រយោគដំបូងដែលខ្ញុំទទួលបានពីអ៊ំជិតខាង ក្រោយពេលសាលក្រមលែងលះប៉ានិងម៉ាក់ចេញមក។

គាត់ជាអ្នកក្បែរផ្ទះជាង២០ឆ្នាំដែលមានទំនាក់ទំនងល្អនឹងប៉ាណាស់។ គាត់ចូលចិត្តប៉ាដែលពូកែជជែកគ្នាសប្បាយៗជាមួយអ្នកផង ហើយគាត់មិនសូវនិយាយជាមួយម៉ាក់ប៉ុន្មានទេ។

ខ្ញុំឈរសម្លឹងគាត់មួយសន្ទុះសិនដោយហួសចិត្ត មុននឹងគិតថាគួរផ្ញើប្រយោគពិឃាតឱ្យគាត់ក្អួតឈាមខ្លះដែរអត់? ប្រតិកម្មគាត់ត្រង់ៗហើយរហ័សណាស់គ្រាន់តែដឹងថាខ្ញុំសម្រេចចិត្តនៅផ្ទះចាស់ជាមួយម៉ាក់ ហើយប៉ារើទៅផ្ទះថ្មីដែលគាត់ទិញចូលគ្នាជាមួយម៉ាក់កាលមុន។

«ហើយឱ្យខ្ញុំធ្វើម៉េចអ៊ំបើគាត់ខ្លាំងរាងខ្លួន?»

ខ្ញុំថាតែប៉ុនហ្នឹង ព្រោះមិនចង់និយាយឱ្យច្រើនជាងនឹងទៀត។

ស្មានតែខ្ញុំមិនចង់? តែខ្ញុំគ្មានសំឡេងទេ! នៅក្នុងផ្ទះនេះខ្ញុំឮតែសំឡេងម៉ាក់និងប៉ាឈ្លោះគ្នាប៉ុណ្ណោះ។ ខ្ញុំគ្មានប្អូនដើម្បីជួយគិត ជួយនិយាយទេ ចង់ឱ្យខ្ញុំធ្វើយ៉ាងម៉េចទៀត? ម្យ៉ាងខ្ញុំមើលដឹង ថាម៉ាក់និងប៉ារៀបការនឹងគ្នាដោយមិនស្រលាញ់គ្នាទេ ប៉ាស្រលាញ់កូន តែមិនស្រលាញ់ម្តាយ។

សួរថារឿងនេះនរណាចង់ឱ្យកើតលើខ្លួនឯង? តែយើងរើសកំណើត រើសឪពុកម្ដាយបានអត់?

ខ្ញុំគិតថាខ្ញុំរឹងមាំហើយសម្រាប់រឿងនេះ តែអត់ទេ ខ្ញុំស្មុគស្មាញ ខ្ញុំពិបាកចិត្តណាស់តែខ្ញុំក៏និយាយមិនចេញ។ ខ្ញុំមិនទម្លាប់បង្ហាញចេញឡើយ ខ្ញុំលាក់ទុក ខ្ញុំក៏មិនដឹងថាត្រូវនិយាយប្រាប់គេដោយរបៀបណាដែរ។​ ខ្ញុំសម្លឹងមើលប៊ូតុងពណ៌ខៀវៗនៅលើឈែតក្នុងទូរសព្ទ ដែលមិត្តភក្តិទាំងអស់កំពុងអនឡាញ ខ្ញុំអូសទៅអូសមក ពិតជាវិលវល់ទាក់ទើរមិនដឹងថាគួរប្រាប់អ្នកណាបាន?

អារម្មណ៍មើលស្រាល ក្រសែភ្នែកមាក់ងាយវាយតម្លៃ សូម្បីពីសំណាក់សាច់ញាតិប៉ាដែលមានជីវភាពគ្រាន់បើ មកលើម៉ាក់ សម្ដីមិនពីរោះស្ដាប់ដែលខាងម៉ាក់និយាយដាក់ប៉ា ក៏ខ្ញុំជួបហើយ។ ថាមពលអវិជ្ជមានទាំងប៉ុន្មានខ្ញុំបានប្រើវាឱ្យទៅជាសុដ្ឋិនិយមសម្រាប់ខ្លួនខ្ញុំរួចហើយដែរ តែជីវិតនៅតែចង់ដាក់ចំណោទមួយជាន់ហើយមួយជាន់ទៀត លំហាត់មួយខ្ពស់ជាងមួយដល់ខ្ញុំរហូត ខ្ញុំពិតជាអស់កម្លាំងណាស់ ហត់ពិតមែន!

«លីន!»

សារសំឡេងរបស់ដា ហៅឈ្មោះខ្ញុំ៖

«មិនមែនឯងសំណាងទេតែនៅសល់យើងរាប់ឯងជាមិត្ត តែយើងសំណាងវិញទេដែលបានឯងទុកយើងជាមិត្តជិតដិតណាលីន!»

 ខ្ញុំចុចស្ដាប់បន្ត

«កុំគិតច្រើនណាលីន នៅមានយើង យើងនៅកំដរឯងណាមិត្ត! ចង់និយាយអី ចង់ប្រាប់អី…ទុកឱ្យយើងកំដរឯងវិញម្តង…»

ខ្ញុំចុចខលទៅគេភ្លាម ទាំងភ្នែកកំពុងសើមជោកត្រមង់ត្រមោចនៅក្រៅផ្ទះតែឯងសម្លឹងចន្ទដែលស្ទើរតែគ្មានពន្លឺ។

«ហេ! ហេ!»

ហៅខ្ញុំមិនឮ នាងទះតុផាំង!

គ្រប់គ្នាក្នុងហាងងាកមកមើលយើងទាំងពីរ

«ដល់ម៉ោងហើយទៅផ្ទះលីន!»

«ហើយគោះអីក៏គោះម៉េះស្រីដា?»

«បើរវល់តែភ្លឹក មិនដឹងគិតដល់ណាទេ!»

ខ្ញុំសើចរលាក់របៀបដែលមិត្តម្នាក់នេះមិនដែលឃើញពីមុន

«គិតដល់កាលពី១ឆ្នាំមុនដែលឯងដេញយើងឱ្យទៅផ្ទះដូចគ្នាអ៊ីចឹង!»

នាងក៏សើចហើយនិយាយថា

«កាលនោះមិនដឹងរឿង ហើយចេះតែឆ្ងល់ម៉េចបានគេមិនព្រមទៅផ្ទះ»

«ចុះឥឡូវដឹងនៅ?»

«ដឹងហើយៗដឹងហើយទៅ….កញ្ញាលីនដែលល្អជាងគេ វិជ្ជមានជាងគេដែលខ្ញុំស្គាល់នៅតែអ៊ីចឹង! មួយឆ្នាំមុនប្រឹក្សាឱ្យខ្ញុំទាំងខ្លួនឯងមិនរឿង ឥឡូវក៏នៅតែប្រឹក្សាឱ្យខ្ញុំដដែល រឹងមាំអ៊ីចឹងៗរកណាបាន?»

ខ្ញុំសើចហើយសម្លឹងនាងដោយខ្សែភ្នែកប្រាប់គេថាលើសហើយ!

«និយាយអ៊ីចឹងកន្លែងការងារម៉េចហើយ ថ្ងៃមិញឮសូរថាមានរឿង?»

«គ្មានរឿងអីទេ គ្រាន់តែបាត់ file ត្រូវផ្ញើឱ្យភ្ញៀវ! រឿងតូចក៏នាំគ្នាធ្វើឱ្យធំដែរបងៗ»

ដាសើចតបវិញ

«យ៉ាងណាក៏ល្អជាងកន្លែងចាស់ ពេលលីនឯងទើបរៀនចប់ហើយអ្នកផ្ទះ….ដែរ! នៅនិយាយហ្នឹងហើយ ឥឡូវទៅផ្ទះអត់?»

ខ្ញុំស្ទុះវឹងក្រោកពីកៅអីភ្លាម៖

«យី…ទៅ! និយាយមិនទៅម៉េច?»

 មកដល់ផ្ទះភ្លាមខ្ញុំឮសំឡេងម៉ាក់ហៅ ទាំងដែលប៉ាអង្គុយលើសាឡុង៖

«ប៉ាមកលេង បាយជុំគ្នា!»

 ខ្ញុំញញឹម

«តស់ប៉ា ពិសាបាយ!»

យើងមិនអាចរើសកំណើតបាន ហើយក៏គ្មាននរណាម្នាក់ចង់ឱ្យជីវិតខ្លួនឯងជួបតែរឿងមិនល្អដែរ តែបើជួបហើយយើងមានតែប្រឈមមុខនឹងវា។

ខ្ញុំក៏មិនដែលនឹកថាខ្លួនឯងបែរជាអាចយកថាមពលអវិជ្ជមានទាំងអស់នោះ ទៅជាគំនិតល្អៗសម្រាប់ខ្លួនឯងបានដែរ។ ខ្ញុំគ្រាន់តែគិតថា កុំទាល់តែក្មេងកំព្រាទើបចេះផ្តល់ភាពកក់ក្តៅឱ្យគ្នា កុំព្រោះតែយើងត្រូវគេថាស្ដីគំរោះគំរើយហើយទើបចេះនិយាយគិតចិត្តអ្នកដទៃជាក្រោយ កុំទាល់តែខ្លួនយើងជួបរឿងអាក្រក់ៗទើបចេះធ្វើរឿងល្អៗ កុំចាំទាល់តែខ្លួនឯងរបួសមានស្នាមទើបប្រាប់គេឱ្យចៀសវាងកន្លែងនោះ។

ផ្តល់រឿងរ៉ាវល្អៗឱ្យគ្នាមិនអស់លុយទេ!