រឿង៖ អចេតនាស្នេហ៍ ភាគ៣

អចេតនា
ខ្ញុំគឺសិទ្ធិ ស្វាមីថ្មីថ្មោងរបស់ជីន…
មិនច្បាស់ថាជីនបានបំភ្លេចរឿងសម្ងាត់ដែលខ្ញុំមិនដាច់ចិត្តប្រាប់គាត់ថ្ងៃដែលយើងនិយាយគ្នាតាមទូរសព្ទនោះឬយ៉ាងណា តែគាត់មិនបានដេញដោលសួរខ្ញុំទៀតទេចាប់ពីថ្ងៃនោះមក។ ទម្លាប់ជីនជាមនុស្សមិនចូលចិត្តបង្ខំអ្នកណាម្នាក់ឱ្យនិយាយអ្វី ឬធ្វើអ្វីដែលគេមិនពេញចិត្ត ឬក៏គាត់បានដឹងមុនបាត់ទៅហើយ ថាចិត្តខ្ញុំកំពុងកង្វល់ពីអ្វី?
ពួកយើងរៀបការរួចហើយ ឯជីនក៏បានមកនៅខាងខ្ញុំ…
ហើយយប់នេះក៏ជាយប់ដែលអ្នកផ្ទះរៀបចំពិធីជប់លៀងដើម្បីទទួលសមាជិកថ្មី និងជាកូនប្រសាស្រីដែលអ្នកម៉ាក់ខ្ញុំពេញចិត្តបំផុត ព្រោះគាត់ជាអ្នកជ្រើស។
ទាស់ត្រង់ថា ខ្ញុំគេចសំណួរជីនដែលសួរមកខ្ញុំថា ហេតុអីក៏ស្រលាញ់គាត់? ហើយខ្ញុំបានស្គាល់គាត់ដោយបែបណា? តែខ្ញុំចេះតែគេចមិនឆ្លើយ ហើយវាក៏អូសបន្លាយរហូតដល់យើងទាំងពីរបានសែនចងដៃ បំពេញកិច្ចចុះអ៊ីតាស៊ីវិលជាប្តីប្រពន្ធនឹងគ្នាស្របច្បាប់ទៅហើយ។
ការពិត…ខ្ញុំគឺជាមិត្តស្និទ្ធិបំផុតរបស់សត្យា…កាលពីបីឆ្នាំមុនមនុស្សប្រុសម្នាក់ដែលធ្វើឱ្យជីនឈឺចាប់ គឺគេ ហើយខ្ញុំក៏បានដឹងរឿងរវាងជីននិងសត្យាគ្រប់យ៉ាង។
ថ្ងៃដែលជីន Block Facebook របស់សត្យាខ្ញុំក៏នៅទីនោះដែរ គឺនៅខែធ្នូឆ្នាំ២០១៦។ ឯកាលពីខែមករា ២០១៦ សត្យាបានបែកគ្នាជាមួយម៉ារីន ហើយក៏ជាពេលដែលជីនចាប់ផ្តើមចូលក្នុងជីវិតគេ…
ផឹកទៅ! ឯងធ្វើមុខស្អុយមើលតែមេឃធ្លាក់សង្កត់ហើយ! វាខូចចិត្តហៅខ្ញុំផឹកកំដរពីបីថ្ងៃមកហើយ តែថ្ងៃនេះមើលទៅវាដូចមិនសូវគ្រាំគ្រាជាងប៉ុន្មានថ្ងៃមុនដែលទើបនឹងត្រូវសង្សារសុំបែកថ្មីៗ។ រឿងហេតុគឺមកពីពួកគេទាំងពីរមិនសូវយល់ចិត្តគ្នា មិនដឹងថាមកពីសត្យាប្រចណ្ឌគេពេក ឬក៏ម៉ារីន ព្រងើយកន្តើយនឹងគេពេក ខ្ញុំក៏មិនបានដឹងច្បាស់ដែរ។ តែថ្ងៃនេះ វាចេះតែអង្គុយសម្លឹងទូរសព្ទជាប់ ហើយឆ្លើយឆ្លងឈែតជាមួយមនុស្សស្រីម្នាក់ដែលខ្ញុំស្គាល់ច្បាស់សំឡេង គឺជីន។ សំឡេងនាងពីរោះណាស់ ថែមទាំងមានពាក្យលើកទឹកចិត្តសត្យាជាច្រើន តែកាលនោះខ្ញុំមិនសូវចាប់អារម្មណ៍ចង់ស្គាល់នាងប៉ុន្មានទេ តែឃើញសត្យាតបទៅនាងលឿនៗណាស់ ខុសពីទម្លាប់រាល់ដងដែលមនុស្សស្រីឈែតញ៉ែវា អាព្រាននោះក៏តបទៅគេហីៗមិនខ្វល់។ ខ្ញុំក៏សួរវាចោល៖ អ្នកណា?
វាធ្វើមុខស្រពោនដែលអាចឱ្យខ្ញុំដឹងច្បាស់ដូចថ្ងៃថា វានៅឈឺចិត្តនៅឡើយ ព្រោះតាំងពីខ្ញុំស្គាល់វាមក ខ្ញុំដឹងថាវាស្រលាញ់ម៉ារីនខ្លាំងណាស់ ហើយនាងក៏ជាមនុស្សស្រីទីមួយដែលចេះធ្វើឱ្យអាព្រាននេះមកអង្គុយទួញសោក។
មិត្តភក្តិ! ខ្ញុំស្តាប់ហើយក៏ផឹកហាក់ហី តែក៏លួចឃើញវាបើកប្រូហ្វាល់គេមើលតែញ៉យ។ ក៏មិនប្រាកដចិត្តលើសត្យាវាគិតអ្វីចំពោះជីននៅពេលនោះ វាចាប់អារម្មណ៍គេ? ចង់យកបេះដូងមកព្យាបាលរបួសបេះដូងខ្ញុំក៏មិនដឹងដែរ អ្វីដែលខ្ញុំដឹង ខ្ញុំគិតថាជីនស្រលាញ់គេ។ មិនមែនមកតែពីស្តាប់ពាក្យលើកទឹកចិត្តដែលសត្យាបានបើកស្តាប់ហើយខ្ញុំឮដោយអចេតនាទេ តែតាមដឹងជីនមិនទាន់មានសង្សារ ប៉ុន្តែ…ម៉េចក៏ខ្ញុំអាចគិតឃើញអ៊ីចឹងទៅកើត? ចុះបើគេឆ្លើយឆ្លងគ្នាគ្រាន់តែក្នុងន័យជាមិត្តដែលស្គាល់? ខ្ញុំមិនដឹងទេ តែញាញទីប្រាំមួយរបស់មនុស្សប្រុសប្រាប់ខ្ញុំថាអ៊ីចឹង… កន្លងយូរថ្ងៃ ខ្ញុំក៏ឃើញវាធូរស្បើយពីការឈឺចាប់មែន។ មិនដឹងថាមកពីពេលវេលាជាឱសថអាចឱ្យវាកាត់ចិត្តពីម៉ារីន ឬក៏មានមនុស្សស្រីកក់ក្តៅដូចជាជីននៅក្បែរខ្លួនគេ? ខ្ញុំឃើញវាសប្បាយចិត្តចម្លែក ហើយតែងខ្លួនសង្ហារជាងមុន៖ អាម៉េច? ឯងត្រូវគ្នាជាមួយម៉ារីនវិញហើយ?
វាក្រវីក្បាលតតាត់ធ្វើមុខស្រពោន។ តែក៏ញញឹមវិញភ្លាមៗគ្រាន់តែសំឡេងឈែតលោតឡើង។ ខ្ញុំដាក់បង្គុយក្បែរវាហើយលួចអើតមើលឈែតគេបន្ទាប់ពីយើងទាំងពីរនាក់ជិះកង់អស់កម្លាំងហើយអង្គុយលេងនៅវាលស្រែ។
ខ្ញុំពេលនោះមិនដឹងកើតអី ចេះតែចង់ដឹងរឿងវាជាមួយមនុស្សស្រីម្នាក់ដែលវាប្រាប់ថាជាមិត្តភក្តិ តែខ្ញុំឃើញវាសើចរហូត ហើយតបទៅគេវិញលែងខ្វល់ថាមានខ្ញុំនៅក្បែរ។
រហូតដល់ខ្ញុំពេលខ្លះចង់ខឹងវាផង មិនមែនប្រចណ្ឌវាទេ តិចថាខ្ញុំលួចស្រលាញ់សត្យា? តែក៏ជាវេលាដែលខ្ញុំបែកបាក់ស្នេហាដែរ ព្រោះមនុស្សស្រីដែលខ្ញុំខំតាមស្រលាញ់ស្រាប់តែបដិសេធជាមួយខ្ញុំ។
ខ្ញុំគិតថាមានរូបសង្ហារនិងចំណេះដឹងគ្រាន់បើ អាចទាក់ទាញចិត្តមនុស្សស្រីដែលខ្លួនស្រលាញ់បានយ៉ាងងាយ តែការពិតខ្ញុំគឺកំសាក មិនដែលហ៊ានសារភាពប្រាប់ដល់គេ អ៊ីចឹងហើយទើបត្រូវគេឆក់យកពីទ្រូងបាត់។
ខ្ញុំកំដរសត្យាឯការអស់ពេលជិតមួយឆ្នាំទើបខ្ញុំដឹងថា ការពិតខ្ញុំគឺម្នាក់ឯង ឯវាមានមិត្តស្រីក្នុងឈែតកំដរមិនបាច់អផ្សុក មិនបាច់អង្គុយអូសតែហ្វេសបុកលេងដូចខ្ញុំទេ។
រហូតដល់ខែធ្នូរឆ្នាំ២០១៦ ខ្ញុំទើបនឹងភ្ញាក់ពេលវាប្រាប់ខ្ញុំថា៖
យើងត្រូវគ្នាជាមួយម៉ារីនវិញហើយ! ខ្ញុំបើកភ្នែកធំស្រឡាំងកាំង ព្រោះពេលនោះខ្ញុំគិតថាដំណឹងល្អគួរណាតែថាវាបានចាប់ផ្តើមស្នេហាថ្មីជាមួយមិត្តភក្តិស្រីដែលលេងឈែតនឹងគ្នារាល់ថ្ងៃនោះទៅហើយ ដឹងអីវាលួចទៅទាក់ទងជាមួយម៉ារីនវិញពេលណាមិនដឹង? ម៉េចអ៊ីចឹង? ចុះម្នាក់ស្រីដែលឯងទាក់ទងរាល់ថ្ងៃ?
វាស្រាប់តែងាកមុខចេញមិនព្រមឆ្លើយសំណួរខ្ញុំ។ វេលានោះវាគួរណាតែសប្បាយចិត្តណាស់ហើយដែលអាចទទួលបានស្នេហាដែលវាស្រលាញ់អស់ពីចិត្តពីថ្លើមត្រលប់មកវិញ តែដឹងអី លោកបងសត្យាប្រែទឹកមុខស្រពោន មើលទៅគេដូចមិនដាច់ស្រេចថា គេចង់វិលត្រលប់ឬនៅស្តាយអ្នកថ្មីដែលមិនទាន់ចាប់ផ្តើមនោះទេ។
អារម្មណ៍ខ្ញុំពេលនោះហាក់បារម្ភចម្លែក ព្រោះខ្ញុំដឹងថាយ៉ាងណាក៏សត្យានឹងត្រលប់ទៅរកម៉ារីនវិញ តែសម្រាប់មិត្តភក្តិស្រីដែលចាំតែលួងលោមគេពេលបែកគ្នា នឹងត្រូវគេបោះបង់ដោយសារគេត្រូវគ្នាវិញ?
ខ្ញុំមិនទាន់និយាយអ្វីទាំងអស់ គឺចាំឱ្យគេឆ្លើយ ខ្ញុំចង់ដឹងណាស់ថាលោកបងនោះគិតបែបណា? តែពេលនោះវាក៏នៅស្ងៀម ហើយសំឡេងឈែតបានលាន់ឡើង ខ្ញុំក្តៅចិត្តមិនដឹងថីកាលហ្នុង ទើបទៅទាញទូរសព្ទពីដៃគេមកចុចមើល។
ហើយខ្ញុំក៏បានដឹងរឿងគ្រប់យ៉ាងនៅពេលនោះ…
ហួង សត្យា អាព្រាននោះវាបានញ៉ែគេ វាចេះភាសាទន់ភ្លន់ រលៀមធ្វើឱ្យគេមានសង្ឃឹម ខ្ញុំមិនច្បាស់ថាមកពីជីនឯកា ឬក៏ពេញចិត្តវាត្រង់ចំណុចនេះ? ទើបព្រមដាក់ចិត្តទុកវាជាក្រាស់? ខ្ញុំអូសមើលហើយមើលទៀត បើថាវាមិនបានចាប់អារម្មណ៍លើគេក៏មិនប្រើពាក្យផ្អែមល្ហែមលួងលោមអ៊ីចឹងដែរ វាលួងគេ ហើយមានភាសារស្វីតៗជាច្រើនទៀត ដែលខ្ញុំអានហើយ អាណិតដល់បេះដូងស្រីម្នាក់នោះយ៉ាងខ្លាំង ការពិតមួយរយៈដែលវាស្ងាត់ដាក់គេ ក៏មកពីត្រូវគ្នាជាមួយសង្សារចាស់វិញ។
តាមថាពេលនោះខ្ញុំចង់តែដេញទាត់វាលេង ឆ្ងល់ដែរ អាងខ្លួនឯងសង្ហារឬយ៉ាងម៉េច បានចេះតែដើរបោកបេះដូងគេអ៊ីចឹង?
តែរឿងមួយដែលខ្ញុំអាចដឹងបានដោយមិនបាច់វាប្រាប់ គឺលោកបងសត្យាពិតជាបានលង់ស្រលាញ់គេមែន ទាស់ត្រង់ថា បេះដូងគាត់មានម៉ារីនច្រើនជាង។ ចង់លេងជិះទូកពីរ? តែខ្ញុំក៏បែរជាមិនសុខចិត្ត៖
អ៎? ឯងធ្វើអ៊ីចឹងបានទៀតលោកបង? ទុកគេជាមនុស្សកំដរពេលដែលឯងឈ្លោះគ្នាជាមួយសង្សារ? ហើយត្រូវគ្នាវិញ ក៏ចោលគេ? យើងអចេតនាទេអាសិទ្ធិ! ប៉ុន្តែ…គេនឹងយើងដូចគ្មានអ្វីលើសពីនេះទេ ហើយទំនាក់ទំនងកន្លងមកក៏ប្រហែលត្រឹមជាមិត្តភក្តិស្គាល់គ្នាធម្មតាក៏ថាបាន!
ឯងយកអីមកគិត? មើលប៉ុណ្ណឹងក៏ដឹងថាគេនោះស្រលាញ់ឯងដែរ ឯងញ៉ែគេម្លឹងហើយ បើមិនឱ្យគេលង់ចិត្តទើបចម្លែក! ខ្ញុំស្តីថាឱ្យគេពេលនោះគឺដើម្បីឱ្យគេយកបេះដូងមកពិចារណាឱ្យបានច្បាស់ រវាងមនុស្សស្រីម្នាក់ដែលបានបោះបង់គេ ហើយមនុស្សស្រីម្នាក់ដែលកំដរពេលគេឯកា អ្នកណាដែលគេចង់រស់នៅ ហើយស្រលាញ់អស់មួយជីវិត? ម្យ៉ាងខ្ញុំមិនចង់ឱ្យគេស្តាយក្រោយ។ ខ្ញុំឃើញគេឈែតមកទៀតតែវាមិនតបហើយរវល់ឆ្លើយឆ្លងនឹងម៉ារីនមិនខ្វល់ពីជីនសោះ តាមដែលខ្ញុំលួចមើលទៅ គឺនាងចង់បញ្ជាក់អារម្មណ៍ឱ្យបានច្បាស់ជាមួយសត្យា។ ព្រោះតែវាព្រងើយមិនខ្វល់ពីគេនៅយប់នោះហើយ ទើបជីនសម្រេចចិត្តប្លុកវាចោល ហើយលែងទាក់ទងគ្នាទៀតដល់ទៅពីរឆ្នាំ។ រឿងជីន និងសត្យាបានចប់ តែខ្ញុំទេ ដែលមិនដឹងគិតអីពេលនោះ… ខ្ញុំចាប់ផ្តើមលួចមើលប្រូហ្វាល់គេថាមាននិយាយឌឺដងផុសដ្រាមាអីជេរសត្យាដែរអត់ តែអត់ផង គេធ្វើដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។ ខ្ញុំគ្មានបំណងអ្វីផ្សេងក្រៅពីចង់ដឹងថាគេមានលួចជេរមិត្តភក្តិខ្លួនឯងដែរអត់? រួចពីថ្ងៃនោះមក ខ្ញុំដូចឡប់សតិចេះតែដេកយល់សប្តិឃើញគេ ហើយឱ្យតែឃើញមុខអាព្រាននោះ គឺនឹកឃើញមុខគេភ្លាមៗ មិនដឹងម៉េចដែរ។ តែអារម្មណ៍បែបនោះវាបានតែដំបូងទេ យូរៗទៅក៏ធម្មតា។ អំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ សត្យានៅទាក់ទងជាមួយម៉ារីនជាប់ ឯខ្ញុំក៏ចាប់មានស្នេហាថ្មីពេលនោះដែរ។ ខ្ញុំតាមស្រលាញ់ម្នាក់ស្រីនោះបានសម្រេចក្រោយពីគេបែកគ្នាជាមួយសង្សារ ហើយក៏នឹងគិតថាចាប់ផ្តើមសាងគ្រួសារជាមួយគ្នាដែរ ក៏ព្រោះតែពួកយើងអាយុច្រើនណាស់ទៅហើយ ឆ្នាំនេះខ្ញុំអាយុម្ភៃប្រាំបីឆ្នាំហើយ តែមកពីខ្ញុំមិនសូវចេះគិតគូរអ្វីច្រើន ជាកូនពៅដឹងតែរស់នៅជាមួយម៉ាក់ មិនសូវខ្វាយខ្វល់រឿងរកទ្រព្យទុកក្រោយពេលមានគ្រួសារអីទេ ម្ល៉ោះហើយ ម្តាយខាងស្រីដែលមានទ្រព្យស្តុកជាងគ្រួសារខ្ញុំស្រាប់តែបដិសេធ ហើយចង់ឱ្យកូនស្រីគាត់រៀបការជាមួយបុរសម្នាក់ ដែលគេមានមុខរបរច្បាស់លាស់។ ដើមឆ្នាំ២០១៩ គឺជាវេលាដែលខ្ញុំខូចចិត្ត ហើយក៏ភ្ញាក់ផ្អើលដែលថា សត្យាក៏បានបែកគ្នាជាមួយម៉ារីនជាលើកទីពីរ… គេនៅមិនទាន់មានសង្សារទេ ម៉េចក៏អ៊ីចឹង?
វានិយាយបន្ទាប់ពីលួចមើលប្រូហ្វាល់គេ ឯខ្ញុំក៏បានអើតមួយភ្លែតដែរ បន្ទាប់ពីលែងចាប់អារម្មណ៍លើគេជាងពីរឆ្នាំមកហើយ។ ខ្ញុំមិនយល់ដែរ នៅសុខៗវាក៏លួចមើលរូបគេ ឬក៏ឱ្យតែបែកគ្នាវានឹកឃើញដល់គេហើយ?
វានេះអាត្មានិយមកពេកណាស់។ ហើយក្នុងនាមជាមិត្តខ្ញុំក៏មិនចូលចិត្តចរិតបែបនឹងរបស់វាដែរ ទុកគេជាកង់សាគួរ មិនយល់ពីការឈឺចាប់របស់គេបន្តិចសោះ។
ព្រោះដឹងថាសត្យាដូចជាចង់បកក្រោយរកជីនវិញ ខ្ញុំស្រាប់តែនៅមិនសុខ។ ត្រលប់មកផ្ទះវិញខ្ញុំលួចមើលប្រូហ្វាល់គេញឹក ហើយបើកមើលគ្រប់ផុសរបស់គេ នឹងបានដឹងដល់ស្រុកកំណើតគេទៀតផង។
ខ្លួនឯងធ្វើអ្វី គិតអ្វីពេលនោះខ្ញុំមិនដឹងទេ វាវិលវល់ចម្លែកណាស់។ ខ្ញុំហាក់ខ្លាចថាសត្យាត្រលប់ទៅលេងសើចនឹងជីនម្តងទៀត ហើយចុះបើម៉ារីនត្រលប់មកត្រូវគ្នាជាមួយវាវិញ ក៏នឹងចោលជីនជាលើកទីពីរ?
មិនដឹងថាជីននឹងព្រមទទួលសត្យាវិញឬអត់ទេ តែក៏មិនច្បាស់ថា វានឹងព្រមជ្រើសជីនហើយបំភ្លេចម៉ារីនដែលតែងធ្វើឱ្យវាឈឺចាប់ដែរ។
យប់វិលវល់របស់ខ្ញុំម៉ាក់ក៏បានដើរចូលមកក្នុងបន្ទប់៖
សិទ្ធិ! បាទម៉ាក់?
និយាយរឿងបងស្រីឯង ម៉េចក៏កូនជំទាស់? ឯងគិតចង់ឱ្យឆេកូ ត្រូវក្លាយជាក្មេងកំព្រាអ្ហេស? កំពុងកង្វល់ចិត្តស្រាប់ផង ខ្ញុំស្រាប់តែមិនសប្បាយចិត្តសោះនូវអ្វីដែលម៉ាក់លើកឡើង។ ព្រោះតែខ្ញុំដឹងថាមនុស្សប្រុសដែលចង់បានបងស្រីម៉េម៉ាយរបស់ខ្ញុំជាមនុស្សបែបណាទើបខ្ញុំបដិសេធមិនចង់ឱ្យម៉ាក់លើកកូនស្រីឱ្យគេ ហើយខុសជាលើកទីពីរ។ ខ្ញុំស្រលាញ់ក្មួយប្រុសណាស់ គេដូចជាដួងព្រលឹងរបស់ខ្ញុំទើបមិនហ៊ានប្រថុយឱ្យគេទៅចួបនឹងឪពុកចុងដែលខ្ញុំមិនទុកចិត្តថានឹងស្រលាញ់ថ្នាក់ថ្នមគេឬអត់។ ម្លោះហើយទើបខ្ញុំសន្យានឹងម៉ាក់ថា ឆាប់រៀបការដើម្បីរកមនុស្សស្រីល្អម្នាក់មកជួយមើលថែគេ។ គឺនឹងធ្វើជាឪពុកម្តាយទីពីររបស់ឆេកូ។ ខ្ញុំក៏តបទៅម៉ាក់ទាំងមិនពេញចិត្តពេលនឹកដល់មុខមនុស្សប្រុសម្នាក់នោះ៖ ម៉ាក់! បងនីនក៏បានដឹងដែរថាគេមិនមែនមនុស្សល្អទេ ម៉ាក់ទុកចិត្តឱ្យចៅ ហើយកូនស្រីទៅនៅជាមួយគេទាំងមិនច្បាស់ប្រវត្តិដែរ?
ម៉ាក់មិនបានប្រកែកតវ៉ាជាមួយខ្ញុំតាមទម្លាប់ចរិតកាចរបស់គាត់ ស្រាប់តែនិយាយតិចៗមកកាន់ខ្ញុំថា៖
បើអ៊ីចឹង ម៉េចក៏កូនមិនឆាប់រៀបការទៅ? ចង់នៅដល់ណាទៀត? ក្រែងសន្យាជាមួយម៉ាក់ថានឹងរៀបការមុនអាយុសាមសិបអ្ហែស? ខ្ញុំយល់ពីម៉ាក់ដែលបារម្ភទើបនៅស្ងៀមគិតមិនស្តី។ ខ្ញុំមានតែពីរនាក់បងប្អូន ហើយបងស្រីដែលជាស្រីមេម៉ាយមានជំងឺប្រចាំកាយ ទើបគាត់មិនអាចមើលថែកូនប្រុសរបស់គាត់បានដិតដល់ តែមកពីខ្ញុំពេលនោះបរាជ័យ ហើយក៏គ្មានអ្នកណាសោះដើម្បីគិតថានឹងរៀបការជាមួយ។ ម៉ាក់ឃើញខ្ញុំស្ងាត់ ហើយក៏ប្រហែលដឹងថាខ្ញុំពិបាកចិត្តមកពីមិនដឹងទៅរកកូនប្រសាពីណាឱ្យគាត់ទើបនិយាយឡើង៖ បើកូនឯងមិនទាន់ស្រលាញ់អ្នកណាក្រៅពីក្មួយស្រីនោះទេ ឱ្យម៉ាក់រកឱ្យទៅ!
ខ្ញុំជាមនុស្សជំនាន់ថ្មី រឿងអីដែលព្រមនឹងការផ្សំផ្គុំរបស់ចាស់ៗដែលខ្ញុំមិនបានពេញចិត្តផងនោះក៏និយាយជំទាស់ម៉ាក់ឡើង៖
មិនការទេម៉ាក់! មិនស្រលាញ់ផង ទៅការជាមួយគេម៉េច? ហួសសម័យហើយម៉ាក់រឿងការតាមចាស់ទុំ! បើគ្រាន់បើ ការឱ្យបានឆ្នាំហ្នឹងទៅ!
ម៉ាក់និយាយហើយសម្លក់ខ្ញុំ ពន្លឺភ្នែកគាត់ធ្វើឱ្យញើសជើងសក់ខ្ញុំស្រក់ចុះ។ តាមថាខ្ញុំអាចប្រកែកតមាត់ជាមួយគាត់ តែមិនដែលធ្វើខុសចិត្តគាត់បានម្តងទេ ព្រោះខ្លាំងបានតែមាត់។ ម៉ាក់មិនមែនកាចបិទសិទ្ធិខ្ញុំអីទេ តែមកពីខ្ញុំមិនដែលមានជម្រើសខ្លួនឯង ហើយអ្វីដែលគាត់និយាយគឺត្រូវរហូត។
លឿនពេកហើយម៉ាក់! ទើបបែកស្នេហាមិនទាន់បានប៉ុន្មានផង ចង់ឱ្យខ្ញុំទៅរកអ្នកណាថ្មីបានលឿនមកការជាមួយហស់? អ៊ីចឹងទើបម៉ាក់ថាចាំម៉ាក់រកឱ្យ! នៅស្រុកខាងសាច់ថ្លៃអានីន មានក្មេងស្រីម្នាក់នៅទំនេរ ចរិតមាយាទក៏គ្រាន់បើ អ៊ំឯងប្រាប់ម៉ាក់ថាម៉េចម៉ាគិតគូរទៅ!
ខ្ញុំនឹកអស់សំណើចក្នុងចិត្ត ធ្លាប់តែឃើញក្នុងរឿងកុន ដឹងអីមកចួបខ្លួនឯង។ តាមថាខ្ញុំអត់បានចាប់អារម្មណ៍អីទេ តែក៏សួរម៉ាក់លេង៖
គេមានសង្សារហើយមិនដឹងម៉ាក់? ចេះតែនាំគ្នាលើកដាក់ទៅកើត? ម៉ាក់ស្រាប់តែធ្វើមុខក្រម៉ូវដាក់ខ្ញុំហើយនិយាយដៀងភ្នែកសម្លក់៖ យីកូននេះ! តាមុននឹងគេគិតគូរ គេស៊ើបរួចអស់ហើយ!
ខ្ញុំធ្វើហីៗលួចសើចស្ងាត់ៗមិនឱ្យម៉ាក់ដឹង នាំតែគាត់ខឹងលេងបងក្បាលខ្ញុំទាំងយប់។ គិតទៅ ខ្ញុំមិនទាន់គិតរឿងរៀបការអីនៅឡើយ ទោះអាយុក្រាស់ទៅហើយតែខ្ញុំមើលមកខ្លួនឯងដូចនៅក្មេងមិនទាន់ចេះគិតអី។ ខ្ញុំមិនទាន់អស់ចិត្តនឹងការដើរលេង ក៏មិនទាន់ចង់យកចំណងអាពាហ៍ពិពាហ៍មកចងខ្លួនឯងដែរ តែសម្រាប់ម៉ាក់ដឹងស្រាប់ហើយគាត់ខ្វល់ខ្លាចតែកូនពៅគាត់ហ្នឹងអត់ប្រពន្ធ។
ព្រោះតែខ្ញុំមិនតបគាត់ក៏បានដើរចេញទៅបាត់។ មួយសន្ទុះគាត់ត្រលប់មកវិញជាមួយនឹងរូបថតមួយសន្លឹក។ ខ្ញុំគិតថាមិនចង់មើលទេ តែចង់ដឹងថាកូនស្រីអ្នកណានៅស៊ីងហ្គលអីបានយូរយ៉ាងនេះ រូបមិនស្អាតដឹងទើបគ្មានអ្នកយក?
តែរូបមួយសន្លឹកនោះបានធ្វើឱ្យខ្ញុំគាំងភ្លឹកអស់ពាក្យនិយាយ…នាងគឺជីន…
ខ្ញុំស្រឡាំងកាំង ហើយបានត្រឹមតែមើលរូបនោះម្តងហើយម្តងទៀតខ្លាចច្រឡំ។ ម៉ាក់ពេលនោះក៏ចម្លែកចិត្តនឹងប្រតិកម្មរបស់ខ្ញុំដែរ គាត់សួរថាខ្ញុំស្គាល់គ្នាមែន? ខ្ញុំក៏ប្រកែកថាអត់ ព្រោះតែខ្លាចថាម៉ាក់ទៅប្រាប់ខាងគេថាខ្ញុំបានស្គាល់នាំតែពិបាកបកស្រាយ។
យប់នោះខ្ញុំដេកមិនលក់វិលវល់ពេញមួយយប់ ខួរក្បាលកើតអី? គិតរឿងអីឱ្យប្រាកដ ខ្ញុំហាក់មិនច្បាស់ពីខ្លួនឯងសោះ។ ខ្ញុំបើកប្រូហ្វាល់របស់គេមើលហើយមើលទៀត មើលទាល់តែយប់ជ្រៅទើបដាច់ចិត្តចូលដេក។
តើនេះជានិស្ស័យរវាងខ្ញុំនឹងគេ?
ខ្ញុំមិនដឹងទេ តែអ្វីដែលខ្ញុំច្បាស់ក្នុងចិត្តបំផុត គឺខ្ញុំគ្មានចិត្តស្រលាញ់គេទេ។
ខ្ញុំនៅតែធ្វើហីៗដដែលបើទោះជាម៉ាក់និយាយរៀបរាប់ច្រើនពីនាងយ៉ាងណា តែតាមពិតទាំងនោះសុទ្ធតែជាអ្វីដែលខ្ញុំចង់ដឹង គ្រាន់តែមិនចង់ធ្វើចាប់អារម្មណ៍ឱ្យម៉ាក់ដឹង។
ហើយទីបំផុត ខ្ញុំក៏សម្រេចចិត្តធ្វើជាយល់ព្រមតាមម៉ាក់ ព្រោះសត្យាប្រាប់ថាចង់ត្រលប់ទៅរកជីនវិញ ទាំងដែលខ្ញុំមិនដឹងច្បាស់សោះថា ជីនព្រមទទួលសត្យាវិញឬអត់ផង។
មកដល់ពេលនេះខ្ញុំនៅតែមិនទាន់ដឹងនៅឡើយថាខ្ញុំស្រលាញ់គេ ឬគ្រាន់តែមិនចង់ឱ្យសត្យាធ្វើបាបគេជាលើកទីពីរ?
ប្រុសអាត្មានិយមអស់ត្រឹមខ្ញុំហើយ?…
មង្គលការដោយអចេតនារបស់ខ្ញុំ បើហ៊ានតែជីនបានដឹងរឿងនេះ ច្បាស់ជាឈឺចិត្តណាស់…
យប់ហើយ…បងប្អូនទាំងខាងប៉ាម៉ាក់ សុទ្ធតែស្រវឹងនាំគ្នាសម្រាន្តលក់អស់ នៅតែកូនប្រសាស្រីថ្មីថ្មោងដែលរៀបចំចានឆ្នាំងទុកដាក់ ហើយមានខ្ញុំជាប្តីនៅកំដរ។
ខ្ញុំជួយជូតចានបណ្តើរចេះតែលួចមើលមុខគេបណ្តើរ ក្នុងចិត្តលួចផ្តេសផ្តាសថាបើពេលនេះជីនជាមនុស្សស្រីដែលខ្ញុំខំតាមស្រលាញ់តាំងពីអនុវិទ្យាល័យដល់មហាវិទ្យាល័យមិនដឹងខ្ញុំសប្បាយចិត្តរីកថ្លើមប៉ុនណាទេ។ ព្រោះបើទោះរៀបការហើយក្តី ហើយគេនោះកំពុងពពោះហើយក្តី ខ្ញុំហាក់នៅនឹក នៅអាឡោះគេណាស់ នឹងក៏មកពីគេជាមនុស្សស្រីទីមួយហើយដែលខ្ញុំចេះប្រើបេះដូងមកលួចខូចចិត្តពេលគេបែកទៅ។
គិតទៅក៏ខឹងខ្លួនឯង ធំហើយនៅតែមិនបានការ គ្រាន់តែយកឈ្នះចិត្តចាស់ទុំដើម្បីរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ក៏ធ្វើមិនបាន។ ជាមនុស្សប្រុសចោលម្សៀតសុទ្ធតែហ្មង នឹងបើមិនមែនជីនតាមម្តាយក្មេកខ្ញុំទើបព្រមរៀបការ សង្ស័យជាតិនេះខ្ញុំរកប្រពន្ធមិនបាននឹងគេ?
ការពិតទៅកើតជាមនុស្សប្រុសបន្ទុកធ្ងន់មែនតើ រៀនចប់ត្រូវរកលុយដើម្បីរៀបការ ធំប៉ុណ្ណឹងហើយបើនៅយកលុយម៉ែទៅការប្រពន្ធទៀត អត់ប្រយោជន៍ណាស់ គាត់ខំឱ្យលុយរៀនអស់មួយគំនរធំទៅហើយ ក៏ត្រូវដល់វេនប្រឹងប្រែងរកលុយសន្សំដើម្បីសាងគ្រួសារហើយ។
ព្រោះតែមូលហេតុនេះទើបខ្ញុំប្រឹងលើសដើម ទោះចិត្តមិនចង់ការមែន តែម៉ាក់ហាមាត់ទៅហើយ ខ្ញុំមានតែខំរកលុយ ចេះសន្សំមិនហ៊ានដើរលេងច្រើនដូចមុន។ ឃើញថាខ្ញុំមានគំនិតចឹងតើ ទើបម៉ាក់សប្បាយចិត្តណាស់ ហើយថាបើមិនមែនមកពីកូនប្រសាស្រីគាត់ ប្រហែលខ្ញុំនៅទម្លាប់ចាយលុយខ្ជះខ្ជាយ ដើរលេងមិនខ្វល់អ្វីទៀតហើយ។
សំខាន់គឺម៉ាក់សប្បាយចិត្ត…
បងមិនបានស្រវឹងទេអ្ហែស? គេសួរហើយបើកភ្នែកធំសម្លឹងខ្ញុំ។ ទំនងមកពីខ្ញុំអង្គុយគិតភ្លេចបន្តជូតចាន ទើបគេស្មានថាខ្ញុំលួចដេកលក់បាត់។ ព្រោះមិនចង់ឱ្យគេចាប់អារម្មណ៍សភាពទឹកមុខក្រៀមក្រំខ្លួនឯងក៏និយាយបន្លប់៖ មានឯណា ស្រាប៉ុណ្ណឹងធ្វើអីបងបាន?
នាងញញឹមមិនមែនចង់ថាខ្ញុំកំពូលអ្នកផឹកទេ? ហើយបន្តធ្វើការងារដូចជាចំណាប់ចំនួនណាស់។ មើលកាយវិការគេចង់ភ្លឹក ខ្ញុំនឹកអរបន្តិចដែរ ដឹងថាហេតុអីអត់? សម្រាប់មនុស្សប្រុសរៀបការជាមួយមនុស្សស្រីដែលចេះរៀបចំចានឆ្នាំងស្អាតសភ្លឹង គឺជាសំណាងទីមួយក្នុងជីវិតដៃគូរ។ មិនមែនទ្រឹស្តីមកពីណា តែនេះជាគំនិតខ្ញុំ ហើយតែងសង្ឃឹមរហូតមកថា ប្រពន្ធខ្ញុំជាមនុស្សមានរបៀបក្នុងការរស់នៅ ទោះមិនចេះធ្វើម្ហូបក៏ចេះសម្អាតចង្រ្កានឆ្នាំងយោងដែរ។
បងទៅសម្រាកចុះ ទុកត្រង់នឹងហើយ ចាំខ្ញុំបង្ហើយ! តាមមើលទៅគេមិនមែនធុញខ្ញុំទេ គឺអៀនច្រើនជាង។ ឱ្យតែនិយាយពេលណាគេព្យាយាមមិនសម្លឹងមុខខ្ញុំរហូត។ ដឹងអត់? ពួកយើងរៀបការជិតបានមួយសប្តាហ៍ហើយ តែ…អត់មានរឿងអីកើតឡើងទេ។ អ៎…ខ្លាចថាបងជូតមិនស្អាត? ប្រាប់អូនចុះ បងចេះដាំបាយសង្ស័យអូនមិនទាន់កើតផង
ជីនបើកភ្នែកធំសម្លក់ខ្ញុំនិយាយហួសចិត្ត៖
ខ្លាំងម៉េស? អាយុបងខ្ញុំតែជាងពីរឆ្នាំសោះ ចេះដាំបាយតាំងពីខ្ញុំមិនទាន់កើត? បើមិនអ៊ីចឹងមិនមែនម៉ាក់អូនព្រមយកបងធ្វើកូនប្រសាគាត់ទេ!
ខ្ញុំតាមថានិយាយមើលតែខ្លួនឯងស្រលាញ់គេណាស់ ពុះពារណាស់ដើម្បីបានគេ។ ចិត្តខ្ញុំគិតផ្សេង តែឱ្យតែពេលនិយាយជាមួយគេពេលណា ខ្ញុំមានអារម្មណ៍ថាខ្លួនឯងស្និទ្ធិស្នាលនិងគេ ដូចមនុស្សមានទំនាក់ទំនងយូរណាស់ហើយអ៊ីចឹង។
តែសម្រាប់គេគិតអី? ទុកខ្ញុំជាស្វាមីស្របច្បាស់ក្នុងចិត្តគេ ឬក៏នៅនឹកសត្យាជាមនុស្សដែលគេលួចស្រលាញ់នៅឡើយខ្ញុំមិនដឹងទេ ព្រោះមិនដែលហ៊ានសួរនាំ។
ខ្ញុំឃើញគេអៀននឹងពាក្យមួយឃ្លានោះហើយក៏ដើរចេញពីផ្ទះបាយបាត់។ ការពិតដែលខ្ញុំមកអង្គុយប៉ប្រែជាមួយគេមិនមែនដើម្បីកំដរប្រពន្ធធ្វើកិច្ចការផ្ទះដែលជាការងារខ្ញុំមិនចាប់អារម្មណ៍នេះទេ តែមកពីខ្ញុំនៅមិនសុខសោះបើមិនបាននិយាយរឿងក្នុងចិត្តប្រាប់ដល់គេ ថាខ្ញុំគឺអចេតនារៀបការជាមួយគេទេ។
ក៏មកពីខ្ញុំនៅមិនទាន់ច្បាស់លាស់ថានឹងរៀបការសាងគ្រួសារមួយពេញលេញនៅឡើយ។ ចិត្តខ្ញុំនៅវិលវល់ ចង់បន្តភាពនៅលីវឱ្យបានយូរអង្វែង ដរាបណាខ្ញុំមានអ្វីគ្រប់យ៉ាងសិន តែនេះវាហួសមួយជំហានទៅហើយ ខ្ញុំស្រាប់តែមិនអាចប្រកែកជាមួយម៉ាក់ ហើយព្រមរៀបការជាមួយគេទាំងគ្មានជំពាក់ចិត្តស្រលាញ់ ក្រៅពីចង់បានគេមកមើលថែឆេកូជំនួសបងស្រី។
ប្រាប់គេពេលនេះព្រោះខ្ញុំមិនចេះរស់នៅលាក់អារម្មណ៍ វាហួសពេលបន្តិចមែន មិនត្រូវកាលៈទេសៈមែន តែយ៉ាងណាអ្វីៗក៏នៅប្រសើរមិនចង់ឱ្យកាន់តែអូសបន្លាយ ព្រោះពួកយើងមិនទាន់បានជ្រុលជ្រួសអ្វីនៅឡើយ។ សំខាន់ខ្ញុំចង់ដឹងការសម្រេចចិត្តរបស់គេ។
ខ្ញុំធ្លាប់ជេរសត្យាថាអាត្មានិយម ត្រូវការគេតែពេលវាឯកា តែឥឡូវខ្ញុំមិនត្រឹមតែអាត្មានិយមដូចវាទេ នៅអាក្រក់ជាងវាទៀតផង។
មួយសន្ទុះគេត្រលប់មកវិញជាមួយរបស់របរមួយគំនរធំសុទ្ធតែប្រឡាក់ មិនដឹងថាទៅប្រមូលពីកន្លែងណាមកទៀត ខ្ញុំក៏ស្ទុះប្រញាប់ទៅទទួលគេ៖
ទុកឱបង! ព្រោះតែមិនដឹងថានឹងត្រូវបន្តកំដរគេធ្វើការងារផ្ទះដល់ពេលណាខ្ញុំក៏ចាប់រអ៊ូទាំងដែលគ្មានឱកាសបាននិយាយសាច់ការណ៍សោះ៖ អូនប្រុងរើផ្ទះបងសម្អាតឱ្យអស់យប់នេះ?
មិនមែនទេ! បើជ្រុលជាធ្វើហើយធ្វើឱ្យស្អាតចាំសម្រាក បើបងងងុយណាស់ទៅគេងមុនខ្ញុំទៅ! តែបងមានរឿងចង់និយាយជាមួយអូនណាជីន!
ខ្ញុំដាច់ចិត្តចូលប្រធានបទសំខាន់ តែមើលទៅគេដូចជាមិនចាប់អាម្មណ៍ទេ ដូចបានដឹងមុនអស់ទៅហើយថាខ្ញុំយប់នេះនៅអូសក្រឡាធ្វើអី។ ជីនបន្តលាងឆ្នាំងហើយឆ្លៀតសួរមកខ្ញុំ៖
រឿងដែលបងធ្លាប់ចង់ប្រាប់ខ្ញុំលើកមុននឹងមែន? ការពិតគេមិនបានបំភ្លេចរឿងសម្ងាត់ដែលខ្ញុំបង្ហើបនោះទេ គេនៅចាំគ្រាន់តែមិនសួរនាំខ្ញុំ ប្រហែលចាំមើលថាខ្ញុំមានចិត្តស្មោះចង់ប្រាប់គេខ្លួនឯងឬអត់? ទោះមិនបានស្រលាញ់គេ តែខ្ញុំអត់មានចរិតពុតត្បុតបោកប្រាស់អីទេ ខ្ញុំមកនេះគឺមកប្រាប់ការពិតចេញពីបេះដូងហើយតើ៖ មែនហើយ! គឺរឿងដែលអូនមិនទាន់បានដឹង!
គេនៅតែគ្មានប្រតិកម្មអ្វីបន្តិចសោះសម្រាប់សម្តីខ្ញុំ តែធ្វើឱ្យខ្ញុំអន្ទះអន្ទែងណាស់ ក៏លូកទៅចាប់ដៃគេជាប់៖
ស្តាប់បងសិនទៅ! បងមានរឿងចង់សារភាព! ចាំលាងចានរួចសិនមិនបានទេអ្ហែស?
មិនបានទេ! បងចង់និយាយពេលនេះ! គេផ្អាកធ្វើការហើយងាកមកនិយាយតិចៗដាក់ខ្ញុំ៖ និយាយទៅ!
ខ្ញុំបានឱកាសក៏ដោះស្រោមដៃលាងចានពីដៃគេ ហើយដឹកដៃប្រពន្ធទៅដល់បរិវេណសួនច្បារក្រោយផ្ទះ ជាមួយនឹងពន្លឺភ្លើងស្រទន់នៃរាត្រីកាល ខ្ញុំលួចសួរខ្លួនឯងម្តងទៀត ថាត្រូវតែដាច់ស្រេចរឿងគ្រប់យ៉ាងនៅយប់នេះមែន?
តែចិត្តខ្ញុំច្បាស់លាស់ហើយ ដ្បិតថាបេះដូងរាងលោតញាប់បន្តិច តែក៏ខំនិយាយមួយៗពន្យល់គេ៖
អូនធ្លាប់សួរបងថា ស្គាល់អូនបែបណា? ស្រលាញ់អូនពេលណា? គេមើលមុខខ្ញុំមិនព្រិចភ្នែកគ្រាន់តែឮខ្ញុំលើកប្រធានបទនោះមកនិយាយ ទំនងចង់ឱ្យតែខ្ញុំនិយាយពីរឿងនេះយូរណាស់មកហើយ គ្រាន់តែនាងមិនចេះដេញដោលប៉ុណ្ណោះ។ តែអ្វីដែលធ្វើឱ្យខ្ញុំមិនស្ងប់ចិត្តវិញគឺ គេស្រាប់តែប្រែទឹកមុខស្រពោនភ្លាមៗសួរមកខ្ញុំ៖ ហេតុអីក៏ត្រូវមកនិយាយពេលនេះ? មុនពេលរៀបការ ដែលអូនបានសួរបង ហេតុអីក៏បងមិនប្រាប់?
សំណួរគេធ្វើឱ្យខ្ញុំស្លុងទៅជាមួយអារម្មណ៍អាត្មានិយម។ ខ្ញុំហាក់គាំងទ្រឹងមិនដឹងឆ្លើយតបវិញបែបណា ដ្បិតថាគេមិនប្រាប់ តែខ្ញុំយល់ថាគេកំពុងឈឺចាប់? នេះជាហេតុដែលធ្វើឱ្យខ្ញុំព្យាយាមគេចពន្លឺភ្នែកគេ។
ខ្ញុំពេលនេះ អត់ក្លាហានដូចអម្បាញ់មិញដែលអន្ទះសារដឹកដៃគេដើម្បីមកសារភាពរឿងក្នុងចិត្តនោះទេ ខ្ញុំស្រាប់តែស្ទាក់ស្ទើរដោយអារម្មណ៍មួយ ហើយអារម្មណ៍នោះបាននាំមកនូវស្នាមញញឹមដ៏រីករាយរបស់ប្រពន្ធ និងសមាជិកគ្រួសារទាំងអស់ដែលបានចូលរួមថ្ងៃមង្គលការរបស់យើងកាលពីមួយសប្តាហ៍មុន។
ខ្ញុំបែរខ្លួនចេញពីគេបន្តិចដោយនៅទាក់ទើរមិនអស់ចិត្តថា ម៉េចក៏គេព្រមរៀបការជាមួយខ្ញុំបើមិនដឹងថាខ្ញុំស្រលាញ់គេឬអត់ផង? សម្រាប់មនុស្សស្រីម្នាក់ដែលព្រមក្រាបផ្ទឹមជាមួយមនុស្សប្រុសដោយស្នាមញញឹម នឹងរំភើបចិត្ត គឺច្បាស់មិនមានមន្ទិល និងរឿងរ៉ាវជំពាក់ជំពិននៅក្នុងចិត្តហើយ សម័យនេះហើយ អ្នកណាដែលព្រមរៀបការទាំងដែលគ្មានចិត្តទៅ? ឬមកពីគេគ្មានអ្នកដែលត្រូវស្រលាញ់? ហើយគិតថានឹងផ្តើមជាមួយខ្ញុំពីចំណុចសូន្យ?
មិនដឹងថាខ្ញុំជាមនុស្សប្រុសសាំញ៉ាំពេក ឬក៏ល្ងង់នោះទេ តែភ្លាមខ្ញុំស្រាប់តែសួរបកទៅគេវិញ៖
ចុះអូន? រៀបការជាមួយបងបានដោយរបៀបណា? គេអត់មានញញឹមហួសចិត្តទេ គឺមុខមាំណាស់ កំពុងខកចិត្តនឹងចរិតរញ៉េរញ៉ៃមិនច្បាស់លាស់របស់ខ្ញុំផងមិនដឹង។ ខ្ញុំឃើញគេកាន់តែស្ងៀម ហើយដើរទៅអង្គុយលើគល់ឈើមួយក្បែរដើមម្លិះតបមកខ្ញុំ៖ មិនដឹងទេ! ដឹងត្រឹមថា បងចូលស្តីដណ្តឹងអូនតាមប្រពៃណី អូនយល់ព្រមរៀបការជាមួយបង គ្មានអ្វីខុសទេ!
រឿងរៀបការធំម្លឹងក្នុងជីវិត ម៉េចក៏គេអាចនិយាយបែបនេះទៅបាន? មនុស្សស្រីសម័យថ្មីនេះមានប៉ុន្មាននាក់ដែលមិនមានសង្សារគិតថានឹងរៀបការជាមួយគ្នាបង្កើតគ្រួសារ ហើយរង់ចាំតែមនុស្សប្រុសមិនដែលស្គាល់គ្នាមកស្តីដណ្តឹងដើម្បីរៀបការ?
ខ្ញុំអត់បានមើលស្រាលលើកាសម្រេចចិត្តរបស់គេទេ តែមកពីខ្ញុំមិនយល់ ចុះបើជាមនុស្សប្រុសផ្សេងក្រៅពីខ្ញុំចូលស្តីដណ្តឹង គេក៏យល់ព្រមរៀបការទាំងគ្មានហេតុផលអ៊ីចឹងដែរ?
អារម្មណ៍វិលវល់ និងសំណួរគ្មានចម្លើយរបស់ខ្ញុំត្រូវបានកាត់ផ្តាច់ដោយសម្តីខ្សាវៗរបស់គេ៖
បងជឿលើនិស្ស័យទេសិទ្ធិ? ឬក៏ទេវតាចាមករួចហើយថា អូនជាតិនេះគឺជាប្រពន្ធបង? បើពេលនោះខ្ញុំតបពាក្យក្នុងចិត្តទៅគេវិញ គឺខ្លួនឯងអាក្រក់ពេកណាស់ គេប្រាកដប្រជាជឿលើព្រេងនិស្ស័យជាប្តីប្រពន្ធ ព្រមបណ្តោយឱ្យវាសនាខ្លួនរួមដំណើរនឹងមនុស្សប្រុសមិនច្បាស់លាស់ដូចខ្ញុំ ទាំងខ្ញុំមិនដែលនិយាយថាស្រលាញ់គេមួយម៉ាត់ផង តែខ្ញុំបែរជាលេងសើច? ជីនក្រោកមកសម្លឹងមុខខ្ញុំបន្តនិយាយ៖ ចុះបង? រឿងក្នុងចិត្តដែលបងលាក់ទុក គឺបងរៀបការជាមួយអូនដោយអចេតនា បងមិនបានស្រលាញ់អូនទេមែនអត់?
សំណួរមួយនោះធ្វើឱ្យខ្ញុំរអៀសខ្លួនសឹងតែគេចមុខពីគេបាត់ស្រមោល។ ខ្ញុំមានមុខអីត្រូវបន្តឈរឆ្លើយឆ្លងនិងគេទៀត បើសូម្បីអារម្មណ៍ដែលលាក់ទុកក្នុងចិត្តជ្រៅម្លឹងនៅតែគេអាចមើលឃើញ?
តែគេម៉េចក៏គេអាចធម្មតា ហើយបណ្តោយឱ្យពិធីមង្គលការកើតឡើង?
ខ្ញុំជាអ្នកឆ្លេឆ្លាអូសគេមកទីនេះដើម្បីនិយាយ តែឥឡូវរកតែមួយពាក្យតបទៅគេគ្មាន។ ជីនបន្តក្រោមភាមស្ងៀមស្ងាត់របស់ខ្ញុំ៖
មិនទាន់យឺតពេលទេសិទ្ធិ…បងនៅតែអាចជ្រើសរើសផ្លូវដែលបងចង់ដើរ មួយផែនដីនេះ ស្រីមេម៉ាយមិនមែនមានតែអូនម្នាក់ទេ! គេនិយាយរួចក៏ដើរចូលទៅក្នុងផ្ទះបាត់ ទុកឱ្យសម្តីគេមួយឃ្លានោះមកចាក់ទម្លុះបេះដូងខ្ញុំ។ ខ្ញុំហាក់ឈឺអួលណាស់ ពេលដឹងថាខ្លួនឯងកំពុងជាតួអាក្រក់ ដែលបានបំផ្លាញមនុស្សស្រីស្លូតត្រង់ម្នាក់។ គេនឹងក្លាយជាស្រីមេម៉ាយដែលបានរៀបការត្រឹមតែមួយសប្តាហ៍? តើមនុស្សជុំវិញខ្លួនសម្លឹងមើលទៅជីនបែបណា បើខ្ញុំដាច់ចិត្តសុំគេលែងលះ? ចូលស្តីដណ្តឹងតាមប្រពៃណី គឺខ្ញុំបានផ្តល់កិត្តិយសឱ្យគ្រួសារគេ តែក៏មិនអាចធ្វើឱ្យនាងត្រូវខ្មាស់គេទាំងបែបនេះដែរ។ វាមិនមែនជាចរិតធម្មជាតិរបស់ខ្ញុំទេ ហើយម៉ាក់ក៏មិនធ្លាប់បង្រៀនខ្ញុំឱ្យធ្វើជាមនុស្សប្រុសគ្មានទំនួលខុសត្រូវយ៉ាងនេះដែរ។ យប់នេះពួកយើងស្ងាត់រៀងខ្លួន ពិបាកបំផុតតើនឹងត្រូវឆ្លងកាត់រាត្រីនោះដោយរបៀបណា? អស់មានពិធីជប់លៀងត្រូវយកលេស អស់មានពេលជួបជុំគ្រួសារដែលអាចឱ្យខ្ញុំគេចវេសពីការគេងជាមួយគេ ឬត្រូវក្រាលកន្ទេលលើកម្រាលឥដ្ឋ? ខ្ញុំឃើញគេរៀបចំខ្នើយពូក វាក៏បានទាក់ទាញចិត្តខ្ញុំជាលើកទីពីរ។ ទ្រឹស្តីប្រចាំខ្លួនគឺ កាលដែលមនុស្សប្រុសម្នាក់រៀបការជាមួយមនុស្សស្រីដែលចេះរៀបចំកន្លែងគេងមានរបៀប គឺជាសំណាងទីពីររបស់គេហើយ។ ពេលដែលកំពុងពិបាកចិត្តបំផុត តែខ្ញុំសម្លឹងមើលទៅគេគឺធម្មតា។ ជីនបានត្រៀមខ្លួនទទួលរឿងនេះហើយ? នាងច្បាស់ក្នុងចិត្តរួចជាស្រេចថាខ្ញុំមិនបានស្រលាញ់គេ តែពាក្យមួយឃ្លារបស់ខ្ញុំដែលទាក់បំពង់កហារមិនរួចគឺចង់សួរគេថា គេបានលង់ស្រលាញ់ខ្ញុំមែន? ពេលនោះទ្វារបើកឡើង ខ្ញុំភ័យបុកពោះខ្លាចថារឿងដែលយើងនិយាយគ្នាអម្បាញ់មិញដឹងឮដល់ម៉ាក់ឬក៏សាច់ញាតិណាម្នាក់បានដឹងដោយអចេតនា ការពិតគឺឆេកូ… ខ្ញុំឃើញគេមមីងមមាំងដើរចូលមក ក៏រហ័សទៅលើកក្មួយពរ៖ ឆេកូ? ក្មួយមករកពូអ្ហែស?
គេនោះមិនបានសម្លឹងខ្ញុំទេ គិតតែមើលទៅជីន ហើយនិយាយទាំងញីភ្នែកជាប់៖
អត់បានរកពូសិទ្ធិទេ ខ្ញុំមករកមីងជីន! អាក្មួយក្បាលខូចនោះចំមែនហើយ បានមីងថ្លៃភ្លាមក៏ភ្លេចខ្ញុំ។ ទាំងយប់បែបនេះគេមករកជីនធ្វើអី? ឯប្រពន្ធខ្ញុំគ្រាន់តែឃើញក្មួយប្រុសភ្លាមក៏ញញឹមឡើងដើរមកក្បែរ៖ ឆេកូមករកមីងជីន?
ខ្ញុំចាំគេងជាមួយមីងជីន ម៉េចក៏មីងជីនយូរម៉េស? ខ្ញុំមើលទៅសភាពគេដែលស្ងាបជាប់ដូចជាមិនទាន់បានគេងពិតណាស់។ តែថារឿងអីបានជាត្រូវមកអង្គុយចាំជីនហើយមិនព្រមគេង? ទាំងដែលធម្មតាម៉ោងប្រាំបីមិនទាន់ អាក្មួយរប៉ូចនេះដេកស្រមុកខុលបាត់ទៅហើយ។ ឆ្ងល់ដែរ រាល់ដងវាចាំមានគេដេកឱបដែរអី? ជីនគ្រាន់តែឮក៏ញញឹមហើយមកទទួលគេពីដៃខ្ញុំទៅ៖ បើបានដឹងថាក្មួយចង់គេងជាមួយមីង មីងជីនមិននៅលាងចានយូរទេ ច្បាស់ជាឆាប់មកនិទានរឿងឱ្យក្មួយស្តាប់ហើយ!
មីងក្មួយគេពីនាក់នោះត្រូវរ៉ូវគ្នាណាស់ ហើយឆេកូមិនដឹងទាត់ខ្ញុំចោលត្រង់ណា ក៏មិនខ្វល់សួរថាពូវាងងុយគេងឬអត់ដែរ។ ពួកគេគេងលើពូកជាមួយគ្នាអត់មានថាវែកកន្លែងឱ្យខ្ញុំសោះ។ ក្មួយប្រុសសំណព្វចិត្តរបស់ខ្ញុំដេកញញឹមខ្ជិប ធ្វើមើលតែជីនជាប្រពន្ធគេ។
ខ្ញុំនៅស្ទាក់ស្ទើរដែលមិនដឹងថាខ្លួនឯងត្រូវមានវាសនាដេកលើសាឡុងអត់យប់នឹង ស្រាប់តែអាក្មួយឆ្លាតហានិយាយឡើងភ្លាម៖
ពូសិទ្ធិ មិនគេងទេ? ខ្ញុំតាមថាគឺអរមែន ព្រោះគ្រាន់តែឮអាក្មួយប្រាប់ភ្លាម ក៏ប្រុងនឹងត្របាញ់ជើងឡើងទៅដេកលើគ្រែដែលសល់បន្តិចនោះទៅហើយ តែខ្ញុំមិនចង់ឱ្យគេមានអារម្មណ៍មិនល្អជាមួយខ្ញុំជាងនេះទេ អម្បាញ់មិញខ្ញុំទើបនឹងបង្ហាញអារម្មណ៍ថាមិនបានស្រលាញ់គេ ហេតុអីពេលនេះត្រូវទៅគេងលើគ្រែជាមួយគេ? មិនកេងចំណេញពេកហើយទេ? ខ្ញុំចង់បង្ហាញប្រាប់គេថាខ្ញុំស្មោះត្រង់ហើយក៏មិនមែនរៀបការដើម្បីបោកប្រាស់គេអីដែរ គ្រាន់តែជាអចេតនាមួយពេល ដែលខ្ញុំគ្មានលទ្ធភាពនឹងប្រកែកប៉ុណ្ណោះ។ ខ្ញុំគឺសុភាពបុរសពិតៗ មិនស្រលាញ់គេ មិនបង្ខំគេ ទើបតបទៅក្មួយប្រុសវិញថា៖ មិនអីទេ! ពូទៅគេងនៅបន្ទប់ឯងវិញល្អជាង!
ពូទៅគេងម៉េច? បន្ទប់ខ្ញុំម៉ាក់និងអ៊ំកំពុងគេង! ខ្ញុំភ្លេចឱ្យឈឹងទៅថាផ្ទះខ្ញុំពេលនេះគឺពេញដោយភ្ញៀវជិតឆ្ងាយ ម្ល៉ោះហើយអត់មានសល់កន្លែងណាសម្រាប់គេងទេ សូម្បីតែសាឡុងមុខផ្ទះ។ ចប់ហើយ! ខ្ញុំគិតម៉េច? បើសិនជាក្រាលលើឥដ្ឋក៏ខ្លាចឆេកូឃើញ ហើយគេនឹងយករឿងនឹងទៅប្រាប់ម៉ាក់ដែរអត់? ពិបាកបំផុតត្រូវរកលេសមួយនិយាយជាមួយម៉ាក់ តែគាត់ច្បាស់ជាដឹងមិនខាន ថាខ្ញុំមិនបានពេញចិត្តនឹងកូនប្រសាគាត់។ ខ្ញុំមិនចង់ឱ្យម៉ាក់មិនសប្បាយចិត្តទេ ហើយកាន់តែមិនចង់ឱ្យដំណឹងនេះទៅដល់គ្រួសារខាងជីន ដែលខំទុកចិត្តប្រគល់កូនស្រីមករស់នៅជាមួយខ្ញុំដែរ។ តែបើពេលនោះគេហារមាត់ប្រាប់ខ្ញុំឱ្យទៅគេងក្បែរឆេកូ ខ្ញុំនឹងទៅភ្លាម តែគេស្ងាត់មិនសូម្បីសម្លឹងមកខ្ញុំ។ អស់កន្លែងទៅ មិនស្មានថារៀបការដោយអចេតនា សូម្បីកន្លែងគេងក៏ត្រូវបាត់បង់ ខ្ញុំមានតែដើទៅអង្គុយលើកៅអីហើយទាញសៀវភៅមកមើលដើម្បីបោកប្រាស់ឆេកូថា ខ្ញុំមិនទាន់ងងុយទេ គឺនៅចង់អានសៀវភៅ ទាំងពាក់កណ្តាលអធ្រាត្រទៅហើយនោះ។ ស្រាប់តែក្មួយប្រុសកំពូលខូចរបស់ខ្ញុំក៏និយាយឡើង៖ ពូសិទ្ធិយប់ហើយនៅអានសៀវភៅទៀត អត់ងងុយគេងទេ?
ទម្លាប់អានសៀវភៅមុនចូលគេងទើបគេងបានលក់ស្រួលដឹងទេ? ក្រែងពូធ្លាប់ប្រាប់ហើយតើ? ខ្ញុំចេះតែថាទៅ។ ឆេកូមិនមាត់តបនឹងខ្ញុំព្រោះកំពុងត្រូវប្រអប់ដៃគេឱបណែន ហើយថែមឱ្យនូវស្នាមថើបលើថ្ងាសគួរឱ្យច្រណែនទៀតផង។ អាក្មួយកំហូចញញឹមហើយនិយាយទៅកាន់ជីន៖ មីងជីននិយាយរឿងអីឱ្យខ្ញុំស្តាប់?
រឿងស្វាកំហូចចង់ហូបចេកល្អទេ? ភាគនិទានចាប់ផ្តើមឡើងគ្រលួចគួរឱ្យជក់ចិត្ត ដ្បិតថាដៃកាន់សៀវភៅតែត្រចៀកខ្ញុំផ្ទៀងស្តាប់គេមិនរំលងអ្វីមួយពាក្យ។ មិនដឹងមកពីគេនិយាយពីរោះពេក ឬក៏ខ្ញុំអស់កម្លាំងពេក យប់នោះក៏បានគេងក្រាបក្បាលលើតុជាស្ថាពរ។ មិនដឹងថាខ្លួនឯងគេងយូរប៉ុនណាហើយទេ តែក៏ភ្ញាក់ពេលគេមកដាស់៖ បងសិទ្ធិ! បងទៅគេងលើគ្រែទៅ!
ខ្ញុំបើកភ្នែកមមីៗ ហើយមានអារម្មណ៍ឈឺខ្លួនចម្លែកព្រោះមិនធ្លាប់មកគេងបែបវេទនាអីយ៉ាងនេះទេ ក៏ក្រឡេកមើលទៅឆេកូត្រូវថ្នាំព្រេងនិទានសណ្តំដេកដូចសន្លប់នៅលើគ្រែម្នាក់ឯង។ ខ្ញុំក្រោកពីកៅអីទាំងពុតខ្លួនរមួលអស់សាច់ដុំ ហើយក៏ចាប់ភ្លឹកថា បើខ្ញុំគេងលើគ្រែចុះគេគេងនៅឯណាវិញ?
ជីន! ហើយចុះអូន? គេងនៅឯណា? គេអត់បានឆ្លើយសំណួរខ្ញុំទេពេលនោះស្រាប់តែសួរបកមកខ្ញុំវិញនូវសំណួរចម្លែកធ្វើឱ្យខ្ញុំស្វាងចែសដូចត្រូវទឹកត្រជាក់ជះចំកណ្តាលមុខ៖ បងមានសង្សារទេសិទ្ធិ?
ហេតុអី? ម៉េចក៏គេសួរខ្ញុំបែបនេះ? គិតថាមកពីខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយមែន ហើយត្រូវបង្ខំចិត្តរៀបការជាមួយគេ? ខ្ញុំង៉េងង៉ាម ងាកសម្លឹងមុខគេដែលហាក់ប្រាកដប្រជាសួរខ្ញុំអត់មានចង់សាកល្បងចិត្ត ឬលលេងអ្វីទេ គឺគេចង់ដឹងមែន។ ខ្ញុំបានត្រឹមជ្រួញចិញ្ចើមឆ្លើយទៅគេ ទាំងមិនទាន់អស់ចិត្ត៖
អត់មានទេ! តែភ្លាម ខ្ញុំបែរជាឃើញគេធ្វើមុខឆ្ងល់ទៅវិញ៖ ហ៊ឺ? បងមិនមែនត្រូវម៉ាក់បង្ខំការទេអ្ហែស?
ជីន! នៅមានរឿងមួយទៀតដែលអូនមិនដឹង ការពិតបងគឺជាមិត្តភក្តិសត្យា… អូនដឹងហើយ!
អ្ហាស? ខ្ញុំបើកភ្នែកធំភ្ញាក់ផ្អើល វាពញាក់ដល់វិញ្ញាញ សរសៃប្រសាទខ្ញុំជាងសំណួរទីមួយដែលគេបានសួរទៅទៀត។ ខ្ញុំចាប់មួរហ្មងក្នុងចិត្តចម្លែក បើគេដឹងរឿងដែលខ្ញុំលាក់សឹងទាំងអស់ទៅហើយ ម៉េចក៏នៅរៀបការជាមួយខ្ញុំបានដោយគ្មាននិយាយអ្វីសោះអ៊ីចឹង? ខ្ញុំចាប់មិនយល់ពីគេសោះក្នុងវិនាទីនោះ ខំតែគិតថាខ្ញុំស្គាល់គេជាងគេស្គាល់ខ្ញុំ ព្រោះខ្ញុំបានដឹងថាគេស្រលាញ់អ្នកណា គេធ្លាប់ឈឺចិត្ត ខ្ញុំបានដឹងថាគេនៅឯណា គេឈ្មោះអី ហើយរៀនអី ធ្វើការអី ទាំងដែលខ្ញុំនៅភពណាគេមិនដឹងផង តែទីបំផុតគឺខ្ញុំទេ ដែលមិនស្គាល់គេច្បាស់ ។ ជម្រៅចិត្តគេ ចិត្តគំនិតគេម៉េចក៏ពិបាកវាស់ម៉េស? ខ្ញុំក៏និយាយឡើងទាំងអារម្មណ៍មិនល្អទាល់តែសោះ៖
បើអូនដឹងច្រើនយ៉ាងនេះ ម៉េចក៏ធ្វើដូចមិនដឹងអី? ហេតុអីមិននិយាយជាមួយបងឱ្យច្បាស់មុនពេលរៀបការ? ខ្ញុំអត់បាននិយាយព្រោះខឹងទេ តែខ្ញុំមិនយល់។ គេទម្លាក់ភ្នែកដែលសម្លឹងខ្ញុំចុះទៅឥដ្ឋ អន់ចិត្តនឹងសម្តីខ្ញុំ? ចុះបើដឹងហើយថាខ្ញុំលេងសើចនៅតែបណ្តោយតាមព្រេងនិស្ស័យអីដែលនាងជឿស្លុងនោះទៀត? ការពិតទៅខ្ញុំបានដឹងរឿងនេះដោយអចេតនាទេ តែសិទ្ធិ…អរគុណណាស់ដែលបងនិយាយរឿងក្នុងចិត្តប្រាប់ខ្ញុំ ដូចមុននេះដែលខ្ញុំប្រាប់បងអ៊ីចឹង ខ្ញុំសួរបង គឺចង់ប្រាប់បងថាបងនៅមានឱកាស បើបងចង់ត្រលប់ទៅរកមនុស្សដែលបងស្រលាញ់វិញ ខ្ញុំមិនឃាត់បងទេ!
គេតាមថាចង់និយាយពាក្យលែងលះជាមួយខ្ញុំ។ ពាក្យថាគេមិនខ្លាចខ្លួនជាស្រីមេម៉ាយនោះគឺការពិត? នាងដឹងរឿងតាំងពីដំបូងមិនព្រមឃាត់មិនឱ្យកើតឡើង បែរជាមកចង់បញ្ចប់អីពេលនេះ? មែន ខ្ញុំមិនចេះលាក់ពុត ប្រាប់អារម្មណ៍ស្មោះត្រង់របស់ខ្ញុំទៅគេ តែខ្ញុំការពិតទៅ គ្មានគំនិតចង់លែងលះអីទេ គ្រាន់តែកុំឱ្យគេអន់ចិត្ត ឬខូចចិត្តពេលបានដឹងការពិតថ្ងៃណាមួយ។
រៀបការបានមួយអាទិត្យ គេយកឈ្នះចិត្តបងប្អូនខ្ញុំសឹងគ្រប់គ្នាទៅហើយ ជាពិសេសក្មួយប្រុសខ្ញុំបែរជាប្តូរទម្លាប់ ស៊ូរង់ចាំគេគេងឱបទើបព្រមបិទភ្នែក ចុះបើខ្ញុំលែងលះជាមួយនាងទាំងបែបនេះ ខ្ញុំត្រូវប្រឈរមមុខជាមួយអ្នកផ្ទះដោយបែបណា? ខ្ញុំហេតុតែខឹងចិត្តពេកក៏ដើរទៅក្បែរគេបង្កើយទាល់តែគេគេចថយក្រោយ បើមិនអ៊ីចឹងខ្ញុំអាចនឹងបុកគេខ្ទាតទៅម្ខាង។ ខ្ញុំស្រាប់តែសួរសំណួរឡប់ៗ ព្រោះតែចង់បញ្ជាក់គេម្តងហើយម្តងទៀត ហើយឱ្យច្បាស់លាស់នៅយប់នោះ ក៏ធ្វើឱ្យមុខគេប្តូរទៅជាខឹង៖
បងគ្មានសង្សារអីទេ! ហើយចុះអូន? រៀបការជាមួយបងបានយ៉ាងម៉េច? ម៉ាក់បង្ខំអូន? ឬក៏អូនមានសង្សារហើយ? គេសម្លក់ខ្ញុំ ហើយវាជាលើកទីមួយហើយដែលខ្ញុំឃើញគេនិយាយគម្រោះគម្រើយ៖ បើខ្ញុំមិនចង់គ្មានអ្នកណាមកបង្ខំខ្ញុំបានទេ បើទោះជាត្រូវរស់នៅម្នាក់ឯងអស់មួយជីវិតក៏ដោយ!
អ៎! អ៊ីចឹងមានន័យថាអូនស្រលាញ់បង? ទើបព្រមរៀបការជាមួយបង? គេហាក់មិនយល់ពីខ្ញុំទើបគេចមុខមិនឆ្លើយ តែខ្ញុំច្បាស់ណាស់ ថាសួរបែបនោះខ្ញុំអត់ខុសទេ។ ខ្ញុំចង់ដឹងមែន បើគេខ្លួនឯងជាអ្នកប្រាប់ថាបើគេមិនព្រម គ្មានអ្នកណាមានសិទ្ធិបង្ខំទេ អ៊ីចឹងហេតុផលតែមួយដែលគេរៀបការជាមួយខ្ញុំ ព្រោះតែស្រលាញ់ខ្ញុំ? តែពេលនោះគេមិនព្រមឆ្លើយសំណួរខ្ញុំសោះ បែរជាគេចទៅគេងនៅចុងគ្រែម្ខាងទៅវិញ។ អរម្មណ៍ខ្ញុំពេលនោះច្របូកច្របល់ណាស់ ហើយក៏ដឹងច្បាស់ណាស់ដែរពីចម្លើយរបស់គេ ទើបធ្វើឱ្យអាចរិតសុភាពបុរសរបស់ខ្ញុំជ្រុះបាត់អស់ ក៏មិនដឹងមកពីរំភើបឬអ្វី បានជាក្លាហានដើរវឹងទៅឡើងគេងលើគ្រែជាមួយគេ។ ជីនភ្ញាក់ដូចជាន់កពស់ ស្ទុះក្រោកគេចពីខ្ញុំតែក៏ត្រូវខ្ញុំចាប់ឱបជាប់ ដោយឃើញឆេកូរកភ្ញាក់ពីដំណេកដោយការរំខានផង ខ្ញុំក៏បានលេស៖ គេងទៅ អូនរើរុសមិនខ្លាចភ្ញាក់ក្មួយទេ?
បើពេលនោះគេមិនស្រលាញ់ខ្ញុំ មិនទុកខ្ញុំជាស្វាមីពេញក្នុងបេះដូងទេ ក៏មិនព្រមគេងឱ្យខ្ញុំឱបពេញមួយយប់ដែរ។ តែខ្ញុំនៅមិនទាន់អស់ចិត្ត ចង់ឱ្យច្បាស់ ច្បាស់ជាងថ្ងៃរៈពីទិសខាងកើត គឺខ្ញុំចង់ឮគេប្រាប់ខ្ញុំឱ្យត្រង់ ចេញពីមាត់ អត់ទេ ចេញពីចិត្ត ថាគេស្រលាញ់ខ្ញុំមែន…
តែគេមាត់រឹងណស់ មិនព្រមនិយាយសោះ បែរជាបិទភ្នែកចោលខ្ញុំបាត់នារាត្រីនោះ…។

មានភាគបន្ត…