ប្រាប់ចប់គ្រប់បម្រាម និងបណ្តាសារបឹងនេះហើយ អារក្សក៏ទន្រ្ទាំដីព្រឹបៗ ដីក៏បែកញែកឡើងអនុញ្ញាត្តិឱ្យអារក្ស និយាយលា និងជ្រែកចុះផុតទៅបាត់ហោង។
តានេសាទចំណាស់ដែលទើបនឹងនិយាយប្តេជ្ញាថា តទៅ គាត់នឹងរក្សាសន្យាធ្វើតាមបណ្តាំអារក្សមិនឲ្យឆ្គង គឺមិនហ៊ានបង់សំណាញ់លើសពីម្តងឡើងក្នុងមួយថ្ងៃ ក៏ត្រឡប់តាមផ្លូវដ៏ដែលទៅលំនៅអាត្មាវិញ ។
ដោយសេចក្តីត្រេកអររីករាយជាដរាបតាមផ្លូវគាត់ពិចារណាល្អិតល្អន់ណាស់ អំពីអ្វីដែលនឹងត្រូវធ្វើជាមួយត្រីចម្លែក។
លុះបានទៅដល់ក្នុងក្រុងហើយ គាត់មិនបានចូលទៅឯផ្ទះទេ បែរជាយូរត្រីនោះបង្ហួសតម្រង់ទៅឯព្រះរាជវាំងវិញ ដើម្បីយកទៅថ្វាយដល់ស្តេច ។
ឯអាម៉ាត្រស្តេច លុះបានឃើញត្រីប្លែកជាទីអស្ចារ្យដូច្នោះក៏ព្រមនាំពាក្យទៅទូកលទ្រង់ដល់សាលាជំនុំរហូតបានព្រះអង្គព្រមឱ្យតាចូលមកមែន។
ពេលឃើញត្រីដែលនាម្មឺនជំនិតទាមទារយកពីដៃតាទៅបង្ហាញកាលណា ព្រះរាជា ទ្រង់ចាប់លើកយកជាតិមច្ឆាទាំងបូនពណ៌ មកសង្កេតពិនិត្យម្តងមួយៗ ដោយឌំនក់ចិត្តនិងចម្ងល់ពន់ប្រមាណ។
លុះបានពិនិត្យ១ ស្របក់ទើបទ្រង់ប្រគល់ឲ្យទៅសេនា ឱ្យយកទៅទីចុងភៅតែងធ្វើជាក្រយាស្ងោយដោយសង្ឃឹមថា ត្រីនេះច្បាស់ជាមានរស់ពិសារក្រៃលែង។
សេនាបានទទួលត្រីនោះ ហើយយកទៅប្រគល់ដល់ដៃរាជចុងភៅជាពិសេសដោយខ្លួនឯង មិនហ៊ានប្រហែសអ្វីឡើយដោយអំណាចនៃលក្ខណៈកម្រមានរបស់សត្វត្រី។
អស់ហើយរឿងចាត់ក្រយ៉ាស្ងោយ ស្តេចក៏ងាកមកបង្គាប់សេនាដ៏ទៃថា ឲ្យយករូបិយមាស ៤០០សន្លឹក ប្រគល់ឲ្យទៅតានេសាទម្ចាស់ត្រី ។
តាម្ចាស់ត្រី គ្រាដែលបានទទួលប្រាក់រង្វាន់ហើយ ក៏នឹកមមៃតែក្នុងចិត្ត មិនដឹងថាខ្លួនបានប្រាក់មែនទែន ឬគ្រាន់តែស្រមៃយល់សប្តិនោះទេ ព្រោះមិនដែលបានកាន់ប្រាក់ច្រើនដូច្នេះ ម្តងសោះ ក្នុងជីវិតលុះចូលជរាទៅហើយ។
លុះត្រាបានរត់ដល់ប្រពន្ធកូនហើយបែងចែកយកប្រាក់នោះទៅចំណាយក្នុងការរកជាងសង់ផ្ទះឱ្យ និងទិញសម្ភារៈសមរម្យនានាតំកល់កែខៃជីវិត ទើបហ៊ានច្បាស់ក្នុងចិត្តអំពីភ័ពសំណាងរបស់ខ្លួន ។
ដល់មកត្រង់កន្លែងនេះ នាងឆ្ឆេរាហ្សាតក៏ក្រាបទូលទៅស៊ុលតង់ថា៖
«បពិត្រព្រះករុណា អ្នកណាក្តី កាលបើបានឮអំពីរឿងនេសាទមួយនេះរួចហើយ ត្រូវដឹងអំពីក្តីចម្លែកនៃត្រពាំងត្រីបួនពណ៌ផងដែរ! តើម្ចាស់បងព្រះស្វាមីមានងោគងុយឬនឹងសណ្តាប់បន្ត?»
ស្តេចស្ងាបហមៗ តែនៅមានៈចង់បន្តដឹងឮ ទើបត្រាស់ថា៖
«យើងងោគងុយ! តែ នាងដឹងទេ តើត្រីទាំងនោះមានអាថ៌កំបាំងឬជាធម្មជាតិពិត?!»
នាងជាប្អូនបានឱកាសក៏ស៊កសៀតថា៖
«ព្រះអង្គអើយ! រឿងនេះតទៅមុខ ដឹងតែចម្លែកព្រោះមិនខាន ហេតុអ្វីអារក្សនោះបានផ្តាំថាឱ្យត្រូវតែបង់មិនលើសម្តង?»
បានប្អូននាំមុខឆ្កឹះ នាងឆ្ឆេរ៉ាហ្សាត ក៏ឆ្លៀតនិយាយបន្ថែម៖
«តើងព្រះអង្គនិងម្នាលប្អូនយល់ថាតាចាស់នឹងគោរពតាមសម្តីនេះ?!»
«សូមបងនិទានទៀតបានទេ?»
នាងប្អូនជំរុញ ។ តែបងបដិសេធឡើងថា៖
«ទេព្រះអង្គផ្ទំហើយ!»
ព្រះរាជាក៏តបវិញថា៖
«យើងឆ្ងល់ថា តានេសាទ នឹងមិនទៅបង់សំណាញ់ទៀតឬក៏ទៅ ចំណែកចំងល់ធំមួយដែលយើងនឹងផ្ទំមិនលក់នោះគឺ ត្រីនោះមានរសជាតិពិសេសម្តេចទៅ? យើងក៏ចង់សោយបានម្តង?
នាងច្បងបានឱកាសក៏ពិតទូលវិញភ្លាមក្នុងសេចក្តីថា៖
«ទេព្រះអង្គអើយ! នាយចម្អិនបានទទួលយកមច្ឆាជាតិពិសេសទាំងនោះ កាលណា ក៏រួសរាន់លាងសំអាតត្រីទាំង ៤ ហើយក៏ដាក់ទៅក្នុងខ្ទះទៅ ស្រាប់តែហេតុភេទមិនស្មានដល់មួយ បានកើតមានឡើង ! ព្រះអង្គអើយពេលទើបបានឆ្អិន១ចំហៀងសោះប្រុងនឹងប្រែត្រឡប់ទៅ១ចំហៀងទៀត ស្រាប់តែជញ្ជាំងរោងចុងភៅរហែកដោយគាថាអាគមអ្វី របើកឡើង លេចឯស្ត្រីម្នាក់រូបឆោមល្អឆើត ចេញពីក្នុងនោះមក នាងនោះស្លៀកពាក់សុទ្ធព្រែ រំលេចដោយផ្កាដេរដាសបែបស្រុកឥសីាន្ត ពាក់រយ៉ាពេជ្រនឹងខ្សែករប្រដាប់ដោយកែវមុក្តា ពាក់កងដាំត្បូងទទឹមនៅដៃទាំងសងខាង ហើយកាន់ចង្កើសត្រាំង១គូដើរចូលទៅប្របខ្ទះ ខណៈពេលនាយចុងភៅពិសេសនៅតក់ស្លុតភាន់ភាំងស្មារតីនាងនោះយកចង្កឹះមក គោះក្បាលត្រី១ ហើយសួរថា៖
“នែមច្ឆា, ឯងកំពុងជាប់កិច្ចរវល់ឬ?”
លុះមិនឮត្រីឆ្លើយក៏សួរពាក្យដដែលម្តងទៀត ។
ក្នុងវេលានោះត្រីទាំង៤ ងើបក្បាលឡើង ឆ្លើយប្រាប់ទៅវិញដោយសំឡេងក្បោះក្បាយថា៖
” បាទ, បាទ, កំពុងជាប់កិច្ច, ប៉ុន្តែបើអ្នកចេញថ្លៃ យើងចេញថ្លៃដែរ, បើអ្នកសងបំណុលគេ យើងសងបំណុលគេដែរ, បើអ្នកគេចរត់យើងមានជ័យជំនះយើងសប្បាយចិត្ត”
ត្រីនិយាយដូច្នេះកាលណាស្ត្រីនោះក៏ចាប់ខ្ទះចៀនផ្កាប់ទៅក្នុងភ្លើង ឆេះត្រីបាត់បង់រួចរំសៀកកាយចេញតាមកន្លែងនោះទៅវិញបាត់ទៅ ឯជញ្ជាំងដែលប្រេះបើកក៏ជិតដូចដើមវិញ ។
ក្នុងគ្រានោះ នាយចុងភៅ ដឹងស្មារតីភ្ញាក់ខ្លួនឡើងវិញ ទើបស្ទុះទៅចាប់ទាញយកត្រីពីក្នុងភ្លើងចង្រ្កានមក តែត្រីនោះខ្លោចខ្មៅទៅជាធ្យូងអស់ នឹងកែកុនរៀបក្រយាស្ងោយថ្វាយស្តេចមិនកើត ។ អំណាចកើតទុក្ខទោម្នេញឥតឧបមា ក៏អង្គុយទ្រហោយំអស់កំហឹងថា៖
“ឱម្ចាស់ថ្លៃខ្ញុំអើយ, ខ្លួនខ្ញុំនេះ មិនដឹងជាទៅជាអ្វីទេ បើទុកជាខ្ញុំយកសេចក្តីក្រាបទូលស្តេចៗក៏មិនជឿតាម ម្ល៉ោហើយសមព្រះអង្គទ្រង់ព្រះភិរោធនឹងខ្ញុំមិនខាន”
កំពុងតែខ្សឹកខ្សួលតែម្នាក់ឯង ស្រាប់តែលេចមហាមាត្យមកសួរថា ត្រីនោះឆ្អិនហើយឬនៅ, នាយក៏សារសព្ទសេចក្តីជំរាបមហាមាត្យគ្រប់ប្រការ។
ឯមហាមាត្យកើតសេចក្តីងឿងឆ្ងល់ណាស់ តែមិនបានទាន់យករឿងក្រាបទូលស្តេចតាមដំណើរ ទេខ្លាចមានទោសដល់បាត់ជីវិតគ្រប់គ្នា ដែលពាក់ព័ន្ធក៏នឹករកមធ្យោបាយនឹងចាត់បំរើឲ្យទៅតាមតាចាស់ម្ចាស់ត្រីមក ភ្លាម ហើយប្រាប់ថា រកត្រីឲ្យអញ៤ទៀតឲ្យបានដូចត្រីពីមុន ត្បិតត្រីមុននោះគេធ្វេសប្រហែសធ្វើឲ្យខូចមិនបានចំអិនថ្វាយជាក្រយាស្ងោយ។
តានេសាទហេតុតែអារក្ខផ្តាំថា ឲ្យបង់បានតែ១សំណាញ់ក្នុង១ថ្ងៃ គាត់ទៅមិនបានឡើយតែក៏មិនអាចស្រាយអាថ៌កំបាំងនេះបែរជាយករឿងផ្សេងមក កែដោះសាវិញ ថាផ្លូវនោះឆ្ងាយដាច់ស្រយាលណាស់ នឹងទៅរកមកក៏មិនទាន់ សន្យាដល់ថ្ងៃស្អែក, ទើបរកមកជូនឲ្យបាន ។
អាម៉ាត្យទាល់បញ្ហាណាស់ក៏មកទូលស្តេចវិញថា ត្រីនោះត្រូវបាត់ពេលដណ្តាំ។ ស្តេចបញ្ជាថាត្រូវរកការពិតឱ្យខាងតែបាននឹងអាលធ្វើទោសអ្នកដែលហ៊ានបែបនេះ។
តានេសាទវិញ ដោយសោមនស្សក៏បានចេញពីផ្ទះទៅតាំងពីយប់ ឆ្ពោះទៅត្រពាំងនោះឯង ហើយបានបង់សំណាញ់ចុះលុះទាញឡើងវិញ បានត្រី៤ ពណ៌ផ្សេងគ្នាទាំងអស់ដូចកាលជាន់មុនទៀត។
គាត់ក៏ត្រឡប់ទៅវិញរួសរាន់យកត្រីទៅប្រគល់ជូនមហាមាត្យនូវពេលដែលបានណាត់ទុក ។ មហាមាត្យក្រោយផ្តល់រង្វាន់ហើយក៏យកត្រីនោះចូលទៅរោងចុងភៅ អង្គុយចាំពិនិត្យមើលដោយអង្គឯងតែម្តងថាពេលចុងភៅ ដាក់ត្រីលើខ្ទះចៀនដូចជាន់មុននឹងបាត់ទៀតដែរ?
ស្រាប់តែជញ្ជាំងរោងចុងភៅរហែកលេចរួបស្ត្រីវ័យកណ្តាល កាន់ចង្កើះត្រាំង១គូដើរចូលទៅប្របខ្ទះ ។ ត្រីទាំង៤ ងើបក្បាលឡើង ស្វាគមន៍នាង កាលណាស្ត្រីនោះក៏ចាប់ខ្ទះចៀនផ្កាប់ទៅក្នុងភ្លើង ឆេះត្រីបាត់បង់រួចរំសៀកកាយចេញតាមកន្លែងនោះទៅវិញបាត់ទៅ ឯជញ្ជាំងដែលប្រេះបើកក៏ជិតដូចដើមវិញ ។
លើកនេះដោយមហាហាត្យលុះបានឃើញជាក់នឹងភ្នែកអាត្មាដូច្នេះហើយ ក៏រត់ទៅ ក្រាបទូលដល់ស្តេចឲ្យទ្រង់ជ្រាបអំពីរឿង ។
គ្រានោះស្តេចមានសេចក្តីសង្ស័យជាខ្លាំង ។
ដើម្បីឲ្យច្បាស់ហេតុដោយព្រះអង្គឯង, ទ្រង់ក៏ត្រាស់ឲ្យទៅហៅតានេសាទឲ្យចូលមក។ លុះតានេសាទមកដល់ ស្តេចសួរថា៖
” នែជននេសាទ, តាឯងរកត្រី៤ពណ៌នេះឲ្យអញបានទៀតឬទេ? »
តាចាស់ក្រាបទូលថា៖
” បើព្រះករុណាជាម្ចាស់អនុញ្ញាតឲ្យចូលព្រះបង្គំពេល១ថ្ងៃថ្មី នោះទូលព្រះបង្គំ នឹងរកថ្វាយបានមិនខានឡើយ»
ស្តេចក៏ព្រមអនុញ្ញាតឲ្យ ។
លុះដល់ថ្ងៃសន្យា តាចាស់ស្ពាយសំណាញ់ទៅកន្លែងដ៏ដែល បង់បានត្រីទាំង៤ ពណ៌នោះមកទៀត ហើយយកទៅថ្វាយស្តេចតាមសន្យា ស្តេចមានសេចក្តីសោមនស្ស ទើបព្រះរាជទានប្រាក់៤០០ទៀតឲ្យតានេសាទក្លាយជាអ្នកមានបានផុតព្រួយ ។
លុះបានត្រីហើយ ស្តេចបង្គាប់ឲ្យយកទៅក្នុងបន្ទប់ព្រះអង្គ ហើយឲ្យយកគ្រឿងប្រដាប់សម្រាប់ចៀនទាំងប៉ុន្មានទៅក្នុងទីនោះ ព្រះអង្គទ្រង់គង់ចាំមើលត្រីជាមួយនឹងមហាមាត្យ ។ កាលណាមហាមាត្យចៀនឆ្អិនម្ខាងហើយ ក៏ចាប់ត្រឡប់ទៅម្ខាងទៀត ខណនោះជញ្ជាំងបន្ទប់ប្រែះរបើក ហើយលេចឯមនុស្សខ្មៅម្នាក់ធំសម្បើម កាន់ដំបង១ ធំនៅដៃដើរចូលមក មកជិតខ្ទះចៀន។ ចូលដល់កាលណា ក៏យកដំបងគោះក្បាលត្រី ហើយបន្លឺនូវសំឡេងលាន់ខ្ទរសួរទៅត្រីថា ” ម្នាលត្រី, ឯងកំពុងជាប់កិច្ចរវល់ឬ” ឮសួរតែប៉ុណ្ណេះ ត្រីក៏ងើបក្បាលឡើងឆ្លើយថា ” បាទយើងទាំងអស់គ្នាជាប់កិច្ចរវល់, ប៉ុន្តែបើអ្នកចេញថ្លៃ យើងក៏ចេញដែរ, បើអ្នកសងបំណុល, យើងក៏សងបំណុលដែរ, បើអ្នកគេចរត់ យើងមានជ័យជំនះ ហើយយើងសប្បាយចិត្ត”
ត្រីនិយាយស្ទើរមិនទាន់ផុត មនុស្សខ្មៅក៏ចាប់ខ្ទះចៀនផ្កាប់ទៅលើភ្លើងចង្រ្កានខ្លោចទៅជាធ្យូងអស់ទៅ រួចថយគឃ្លើនតាមច្រកដែលចេញមក ឯជញ្ជាំងនោះក៏ជិតដូចដើមវិញ ។
ក្នុងគ្រានោះស្តេចផុតភាន់ភ័យក៏ត្រិះរិះនឹង មហាមាត្យថា៖
“ម្នាលមហាមាត្យ តាមដែលអញបានឃើញអម្បាញ់មិញនេះ អញមិនអាចនឹងសំងំធ្វើចិត្តឲ្យស្ងៀមនៅជាសុខទៀតបានឡើយ ត្រីទាំងប៉ុន្មាននេះ ប្រហែលជាមានអាថ៌ណាមួយ មិនលែង! អញចង់ដឹងឲ្យប្រាកដណាស់”
រួចស្តេចបញ្ជា ហៅខ្លួនតានេសាទចូលមកគាល់ នឹងត្រៀមរៀបចំនាំទ្រង់ទៅដល់ប្រភទ។
ព្រះអង្គថ្លែងថា៖
«តាអើយ អង្គអញមានសេចក្តីសន្ធឹះសង្ការពន់ប្រមាណណាស់ តើឯងទៅចាប់ត្រីចម្លែកមកពីណាមក”
តានេសាទក្រាបទូលតាមដំណើរទំនង។
លុះចប់កាលណាពួកមហាមាត្យបានទូលព្រះរាជាថា៖
“ទូលព្រះបង្គំបានទៅបរបាញ់សត្វលេងនាទីដែលតាតំណាលនោះកាលពីប្រមាណជា១០ឆ្នាំមុន តែមិនដែលឃើញត្រពាំងនោះសោះ ហើយមិនដែលទាំងឮគេនិយាយផង” ស្តេចមានព្រះបន្ទូលសួរទៅនេសាទទៀតថា៖
“ឯងហ៊ានជូនអញទៅដែរ!»
តាចាស់ក្រាបទូលថា «ព្រម»
ជួនជាវេលានោះនៅថ្ងៃនៅឡើយ ស្តេចត្រាស់បង្គាប់ឲ្យរៀបទីនាំងអស្សុត្តរជាប្រញាប់ យាងចេញទៅជាមួយនឹងសេនាមាត្យដ៏ច្រើន យកតានេសាទជាមគ្គនាយកនាំផ្លូវផង ដើម្បីឲ្យបានដល់ទៅទីនោះមុនអស្តង្គត ។
លុះស្តេចមកដល់ភ្នំ ១ ក៏ឆ្លងកាត់ខ្នងភ្នំនោះទៅ ស្រាប់តែឃើញវាលវែង១ ធំទូលាយគួរជាទីគន់គូរអស្ចារ្យ ដែលមនុស្សធម្មតាឃើញកាលណាសោះនឹងច្រលំថាទីសួគ៌។
ស្តេចសម្លឹងទៅពីនោះបន្តិចទៅ ក៏ដល់ត្រពាំងធំ១ នៅជាចន្លោះរវាងភ្នំទាំង ៤ ដូចពាក្យតានេសាទទូលមុនមែន។
ក្នុងត្រពាំងនោះមានទឹកថ្លាស្អាត អាចឃើញពពួកត្រីទាំងអស់ សុទ្ធតែដូចត្រីដែលតាចាស់បានយកទៅថ្វាយ ។ ស្តេចបានទៅពិនិត្យត្រីលើមាត់ត្រពាំងនោះ១វេលា ទើបមានព្រះឱង្ការនឹងនាយមាត្យរាល់គ្នា ថា ៖
«យើងសោយរាជ្យទិនេះមិនសមថា មិនដែលបានស្គាល់ត្រពាំងដែលនៅជិតទីក្រុងខ្លួន!»
សេនារាល់គ្នាក៏ទូលតបថា ទាំងអស់គ្នាមិនដែលបានឮអ្នកណានិយាយម្តងអំពីត្រពាំងនេះ។
ទើបស្តេចមានព្រះបន្ទូលស្រេចថា៖
“បើអ្នករាល់គ្នាមិនដែលដឹង មិនដែលឮគេនិយាយពីត្រពាំងថ្មីនេះដូច្នោះ ខ្លួនអញក៏ឆ្ងល់ណាស់, មួយទៀតអញតាំងចិត្តថាមិនត្រឡប់ទៅនគរវិញទេ មុនពេលដែលបានដឹងច្បាស់នូវហេតុផលនៃរឿងរ៉ាវរបស់ត្រពាំងនេះពិសេសរឿងចម្លែកនៃត្រីទាំង៤ពណ៌នោះឯង ”
មានព្រះបន្ទូលតែប៉ុណ្ណេះក៏ត្រាស់បង្គាប់ឲ្យបោះព្រះពន្លា នៅលើមាត់ត្រពាំងតែម្តងត្បិតរាត្រីកាលចរមកដល់ក្នុងគ្រានោះ ។
លុះចូលរាត្រីស្ងប់សូន្យ ស្តេចមិនបានផ្ទំលក់ទេក្នុងព្រះពន្លា។ ទ្រង់មានព្រះបន្ទូលនឹងមហាមាត្យថា៖
“មហាមាត្យ, អញមានសេចក្តីពិភាល់ ខ្លាំងអំពីត្រពាំងថ្មីដែលទើបនឹងមានខុសប្រវត្តិទឹកដីក្នុងទីនេះ និងអំពីមនុស្សខ្មៅដែលជ្រែកដីចូលទៅក្នុងបន្ទប់យើងនិយាយនឹងពពួកត្រីផង ! រឿងទាំងនេះបណ្តាលឲ្យអញចង់ដឹងដើមឫសពន់ពេកណាស់! អញនឹងទប់ទល់នៅស្ងៀមកន្តើយពុំបាន គិតស្រេចថា នឹងភៀសខ្លួនចេញទៅតែម្នាក់ឯង ត្រូវឯងនៅរក្សាទីកន្លែង កុំប្រាប់អ្នកឯណាឲ្យដឹង!លុះព្រឹកសែ្អកឡើង បើសេនាយោធារាល់គ្នាចូលមកគាល់ ត្រូវឯងពោលបញ្ឆោតថា អញមានសេចក្តីវិតកបន្តិច ចង់នៅស្ងាត់តែម្នាក់ឯង ហើយឲ្យវាត្រឡប់ទៅវិញចុះ ដល់ថ្ងៃក្រោយត្រូវឯងនិយាយដូចដែលទៀត ដរាបដល់អញត្រឡប់មកវិញ ពុំនោះពួកខ្មាំងដឹងរាជាមិននៅព្រះនគរវានឹងប៉ុនប៉ងអ្វីមិនល្អបាន” ។
មហាមាត្យភ័យភិតនឹងដំណើរនេះបានក្រាបទូលឃាត់ជាច្រើនដង មិនឲ្យស្តេចចេញក្រែងមានអន្តរាយក្នុងទីស្ងាត់ខាងមុខ ប៉ុន្តែទូលទាស់យ៉ាងណាក៏ឥតអំពើ ព្រោះស្តេចមិនព្រមលះបង់ចម្ងល់ដែលទ្រង់បានគិតទុកនឹងគ្មានដំណោះស្រាយ។
មុននឹង រៀបចំយាងរាជដំណើរ បានយកតែព្រះសែងថ្លា១សៀតជាប់នឹងព្រះអង្គកាយ ជ្រើសពេលស្ងាត់សូន្យក្នុងពិភពនិន្ទ្រាទ្រង់ក៏យាងចាកព្រះពន្លាឥតមានយកអ្នកណាតាមហែជាមួយផង ឡើយ។
ទ្រង់យាង សំដៅទៅលើភ្នំនោះ ដោយសេចក្តីលំបាកនឿយហត់ជាខ្លាំង ក៏ទ្រង់ជំនៈឆ្លងកាត់លេចទៅក្នុងវាល ទម្រាំនឹង ពេលអរុណរះឡើងទើបទ្រង់ប្រទះឃើញវិមានមួយ ធំក្រៃ។
ដោយ ទ្រង់មានសេចក្តីសោមនស្សក្នុងគ្រានោះពន់ពេកណាស់ សង្ឃឹមថានឹងបានជ្រាបហេតុភេទនានាពីម្ចាស់ទីថានមិនខាន តែ លុះយាងចូលទៅជិត ឃើញជាប្រាសាទ១ ស្តុកស្តម្ភល្អឆើត ដ៏ប្រជាប់ដោយថ្លើមថ្មខ្មៅរលោងស្រិល។
ក្បួរក្បាច់រំលេចនាជញ្ជាំងថែវក្រៅ ក៏ពិបាកនឹងពណ៌នាកម្រិតវិចិត្រនៃជាងជំនាញ។ ទ្រង់បន្តយាងរហូតទៅដល់ទ្វារថែវ ឃើញទ្វារនោះមានស្លាប២ បើកម្ខាងបិទម្ខាង ។ មុននឹងចូលទៅខាងក្នុង ស្តេចបានគោះទ្វារសិន, ដើមឡើយទ្រង់គោះយ៉ាងស្រាល តែមិនឃើញមានមនុស្សចេញមកសោះ ទើបគោះម្តងទៀតខ្លាំងបន្តិច ដោយទ្រង់ស្មានថា ក្រែងគេមិនឮ។
លុះគ្មានឃើញមនុស្សម្នាក់ចេញមកសោះ ស្តេចក៏គោះយ៉ាងខ្លាំងម្តងទៀតដោយសេចក្តីចំងល់ហួសថ្លែង។ ជាន់ក្រោយនេះ ក៏នៅតែមិនឃើញមានមនុស្សចេញមក ស្តេចមានសេចក្តីសង្ស័យក្នុងវេលានោះមុះហិមាដោយទ្រង់ពិចារណាថា កាលបើប្រាង្គប្រាសាទធំហើយស្អាតយ៉ាងនេះ មិនសមណាជាគ្មានមនុស្សនៅ ទើបទ្រង់ព្រះតម្រិះអង្គឯងស្ងាត់ៗក្នុងព្រះចិន្តាថា៖
“បើទុកជាគ្មានមនុស្សក៏អញឥតខ្លាច ហើយបើប្រសិនជាមានមនុស្សមកក៏អញមានគ្រឿងប្រដាប់នឹងការពារខ្លួនអញ ។
ទ្រង់ព្រះតម្រិះដូច្នេះហើយ ក៏យាងចូលទៅតាមទ្វារថែវនោះឯង ដ៏ទីរាបមួយជាំធ្លាធំអនេក ទើបទ្រង់មានព្រះបន្ទូលតែ១ ព្រះអង្គឯងថា ” នៅទីនេះគ្មានមនុស្សសំរាប់ទទួលអ្នកដំណើរដែលត្រូវការជ្រកអាស្រ័យ ១ វេលាទេឬ?”
ទ្រង់មានព្រះបន្ទូលដ៏ដែលនេះ៣-៤ ដងទៀតយ៉ាងខ្លាំងៗ តែគ្មានឮមាត់មនុស្សម្នាក់ឆ្លើយតបសោះ ។ ហេតុដែលស្ងៀមស្ងាត់សូន្យដូច្នេះ បណ្តាលឲ្យទ្រង់មានព្រះវិតកជាខ្លាំងខណៈដែលទ្រង់យាងកាត់ឆ្លងទីធ្លាធំនោះទ្រង់ងាកឆ្វេងងាកស្តាំរកមើលក្រែងឃើញមានមនុស្សនៅក្នុងទីនោះ លុះផុតទីធ្លាទៅទ្រង់យាងចូលទៅក្នុងមហាមណ្ឌីរ ដែលក្រាលពាសពេញដោយព្រែព្រំជាទ្រនាប់ជើងមានទាំងបង្អួចប្រដាប់សុទ្ធតែរនាងព្រែយ៉ាងល្អអំពីស្រុកភ្លឹង។
ផុតពីទីនោះ ទៅទ្រង់ស្លុងហរទ័យយាងទៅដល់បន្ទប់ “អស្ចារ្យ” មួយ។ នៅកណ្តាលបន្ទប់នោះ មានស្រះ១ មានរូបរាជសីហ៍ឈរគ្រប់ជ្រុងទាំង៤ដែលមានទឹកហូរចេញពីមាត់ វា។
ទឹកដែលហូរធ្លាក់មកកើតទៅជាត្បូងពេជ្រនឹងកែវមុក្តា ធ្លាក់ខ្ចាយឡើងទៅលើស្ទើរនឹងដល់ដំបូល ។
ប្រាសាទនោះមានសួនឧទ្យានព័ទ្ធគ្រប់ទាំង ៣ផ្នែក អមផ្លូវខ្វាត់ខ្វែង មានស្រះមានដំណាំនឹងផ្កាគ្រប់បែបយ៉ាងប្រឡងលម្អគ្នា។
ប៉ុន្តែដើម្បីញាំងទីនោះឲ្យរឹតតែសប្បាយគួរគន់ទៅទៀត នោះគឺ ពូជ បក្សីគ្រប់ភាសាបន្លឺនៅសម្រែកអឺងអាប់សព្ទស៊ានតាមភាសាទីទៃៗ នៅជានិច្ចក្នុងទីនោះ ព្រោះមានរនាំងលួសព័ទ្ធជុំវិញពីក្រៅដើមឈើទាំងអស់ មិនឲ្យបក្សីហិចហើរចេញចាកទីកន្លែងសួនបាន ។
គ្រានោះស្តេចយាងពីបន្ទប់១ ទៅបន្ទប់១ ដ៏ប្រដាប់ប្រជាឥតមានខ្ចោះទៅដោយរបស់សុទ្ធសឹងមានតម្លៃ។
លុះទ្រង់នឿយព្រះកាយក៏ឈប់សម្រាកព្រះអង្គត្រង់កន្លែង ១ មានបង្អួចចំហរឆ្ពោះទៅសួនឧទ្យានរចនាប្រដាប់ប្រដាដូចៗគ្នា។
ទើបនឹងបានផ្អែកធ្មេចសម្រួលដង្ហើមតែបន្តិចឮសូរសំឡេងថ្ងូរគួរសង្វេគអនិច្ចា មកប៉ះពាល់ដល់សោតវិញាណ។
ព្រះរាជា ទ្រង់ក៏ផ្ទៀងព្រះកម្មាទាំងសងស្តាប់ ។
រហូតបានឮជាក់ស្តែងជាពាក្យថ្ងួចថ្ងូរតាមខ្យល់មកថា៖
” ឱភ័ពសំណាងអើយ បើឯងមិនឲ្យអញត្រអាលសប្បាយយូរទេ, ឯងធ្វើឲ្យអញរងកម្មវេទនាជាងមនុស្សទាំងអស់ដូច្នេះហើយ ទុកជីវិតអញឲ្យនៅរស់យូរបានន័យអ្វី, ចូរឯងផ្តិលផ្តាច់ជីវិតអញឲ្យឆាប់ ដើម្បីឲ្យផុតអំពីទុក្ខទាំងនេះ ឱព្រះម្ចាស់ថ្លៃខ្ញុំអើយ, ចុះគួរឲ្យខ្ញុំនៅរស់ដល់ណាទៀត បើខ្ញុំសោយទុក្ខវេទនាយ៉ាងដូច្នេះ។»
ដោយទ្រង់មានសេចក្តីអាសូរដល់សំដីថ្ងួចថ្ងូរនោះពេកណាស់ ក៏ទ្រង់ក្រោកឡើង ហើយយាងឆ្ពោះទៅប្រភពកន្លែងដែលឮសំឡេងនោះមក។ លុះយាងទៅដល់ទ្វារបន្ទប់១ ទ្រង់បើកទ្វារនោះឡើង ស្រាប់តែឃើញមនុស្សជំទង់ម្នាក់រូបស្អាតបាត ប្រដាប់កាយដោយរបស់មានតម្លៃអង្គុយលើអសនៈ១ដ៏ខ្ពស់ឡើងពីផ្ទៃឥដ្ឋ ។
ទំនងសភាពទឹកមុខគេជាមនុស្សមានទុក្ខពិតមែន ស្តេចក៏យាងចូលទៅជិតហើយគំនាប់ទៅមនុស្សនោះ ឯមនុស្សជំទង់ក៏ឱនសិរសាយ៉ាងទាបគំនាប់តបមកវិញ ។
ទាំងមិនបានក្រោកចុះពីទីអាសនៈបុរសក្មេង ក៏ពោលពាក្យថា ៖
“បពិត្រលោកម្ចាស់, សូមលោកអត់ទោសដល់ខ្ញុំ ខ្ញុំយល់ឃើញថាគួរណាស់តែក្រោកទៅទទួលលោក ហើយគោរពដោយកិរិយាប្រពៃ, ប៉ុន្តែខ្ញុំធ្វើកិច្ចនោះមិនបានឡើយ ព្រោះមានហេតុជាធំហួសកំឡាំង ខាខាំងមិនឲ្យខ្ញុំសម្រេចបាន សូមលោកម្ចាស់ កុំយល់ថាខ្ញុំជាមនុស្សជួរសប្បុរសឡើយ ”
វេលានោះស្តេចមានព្រះបន្ទូលតបវិញថា៖
“ខ្ញុំមានសេចក្តីសោមនស្សណាស់ទៅហើយ ដោយបានឃើញអ្នកមានសេចក្តីរួសរាយដល់ខ្ញុំ! រឿងដែលអ្នកសូមទោសខ្ញុំ ព្រោះមិនបានក្រោកទទួលនោះ ចូរអ្នកកុំបារម្ភ ! ខ្ញុំឥតប្រកាន់ថាអ្វីឡើយ ! តែខ្ញុំបានឮសំឡេងអ្នកត្អូញថ្ងូរអំពីសេចក្តីទុក្ខវេទនា ខ្ញុំក៏មានចិត្តអាណិតអ្នកពន់ប្រមាណ ទើបខ្ញុំចូលមកដើម្បីជួយសង្រ្គោះអ្នកឲ្យរួចចាកទុក្ខ តាមកម្លាំងដែលខ្ញុំជួយបាន ! សង្ឃឹមថាអ្នកមុខជាពណ៌នារឿងរបស់អ្នក ប្រាប់ខ្ញុំមិនខាន! មួយវិញទៀត សូមឲ្យអ្នកប្រាប់ខ្ញុំសិន ពីត្រពាំងធំនៅជិតទីនេះ ដែលមានត្រី៤ ពណ៌ផ្សេងគ្នា តើមានហេតុភេទដូចម្តេច ហើយប្រសាទនេះជាប្រាសាទអ្វី, គេសាងពីក្នុងគ្រាណា ហេតុអ្វីបានជាអ្នកមកនៅក្នុងប្រាសាទនេះតែម្នាក់ឯង គ្មានអ្នកណាបានស្គាល់ត្រពាំងនោះសោះ? “
បុរសនោះបានឮពាក្យសួរទាំងប៉ុន្មាននេះហើយ ក៏ខ្សឹកខ្សួលឡើងក្នុងវេលានោះ។
សោយសោកអស់ចិត្ត ក៏វាចាឡើងថា ៖
” ឱវាសនាមនុស្សយើងនេះពិតជារបស់មួយដែលងាយប្រែប្រួលណាស់ , អាចរុញមនុស្សឲ្យខ្ពស់ ឡើងហើយអាចទម្លាក់ឲ្យទាបចុះវិញដែរ! នរណាមួយដែលអាចសោយសុខបានអស់កាលជានិច្ច” ។
ឯស្តេចយើងវិញ បានឮវាចាដូច្នេះ ក៏កើតធម្មសង្វេគពន់ពេកទើបទ្រង់មានព្រះបន្ទូលសួរហេតុដែលនាំឲ្យកើតទុក្ខធ្ងន់នោះទៀត។
មនុស្សជំទង់ឆ្លើយតបវិញថា៖
“ឱម្ចាស់ខ្ញុំអើយ, ចុះមិនឲ្យខ្ញុំកើតទុក្ខដូចម្តេចបាន ទុក្ខរបស់ខ្ញុំនេះធ្ងន់ពេកណាស់ ឥតមានអ្នកឯណាជួយឲ្យរួចឡើយ” ថាតែប៉ុណ្ណេះបុរសនោះក៏ភើចជាយអាវឡើងបង្ហាញទៅស្តេច ហើយថាខ្លួ ននេះជាមនុស្សតែពីត្រឹមក្បាលចុះមកដល់ចង្កេះប៉ុណ្ណោះទេ ចុះពីចង្កេះទៅសុទ្ធតែថ្លើមថ្មទាំងអស់ ។
វេលានោះស្តេចមានសេចក្តីភាន់ភាំងតក់ស្លុតឆ្ងល់ឥតឧបមា ទើបទ្រង់មានព្រះបន្ទូលទៅនឹងបុរសនោះទៀតថា៖
“ដែលអ្នកបង្ហាញខ្ញុំអម្បាញ់មិញនេះនាំឲ្យខ្ញុំព្រឺសិរសាពន់ពេក តែសេចក្តីព្រឺនេះក៏រឹងរិតតែនាំខ្ញុំឲ្យចង់ដឹងរឿងរបស់អ្នកទៅទៀត ! បើដូច្នេះខ្ញុំសូមអង្វរអ្នកដោយស្មោះសរ សូមឲ្យអ្នកអធិប្បាយប្រាប់ខ្ញុំឲ្យសព្វគ្រប់ ខ្ញុំនឹងព្យាយាមធ្វើឲ្យអ្នកបានសេចក្តីសម្រាលទុក្ខខ្លះមិនខាន”
វេលានោះបុរសជំទង់ឆ្លើយតបវិញថា “ខ្ញុំនឹងពណ៌នាជូនលោកស្តាប់មិន សូមឲ្យលោកប្រុង ស្មារតី ដើម្បីកត់សំគាល់នូវសេចក្តី ទាំងប៉ុន្មាន ទោះបីសេចក្តីនោះជាការហួសធម្មតា, ហួសគំនិតដូចម្តេចក្តី។ ខ្ញុំនេះកាលដើមឡើយ ជាក្សត្រាពេញលក្ខណៈមួយអង្គ ក្នុងនគរនេះឯង…»
អានបន្ត រឿង យុវក្សត្រានៅនគរកោះខ្មៅ