អបអរសាទរ​ MST Writer ដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែវិច្ឆិកា

សម្រាប់ខែវិច្ឆិកានេះគឺជាលើកទី៣ហើយ ដែលយើងបានរកឃើញម្ចាស់ស្នាដៃប្រលោមលោក ដែលបានចូលក្នុងតារាងកំពូលប្រចាំខែ ក្រោយពីរឿងរន្ធត់ទទួលបានសន្ទុះគាំទ្រកាលពីខែកញ្ញា និងរឿងប្រភេទអប់រំបានឈានរហូតដល់មាតិកាកំពូលទាំង៥កាលពីខែតុលាកន្លងទៅ។

ដោយឡែកលទ្ធផលសម្រាប់ខែវិច្ឆិកានេះផ្ទាល់ ឃើញថាមានការប្រកៀកប្រកិតគ្នាជាខ្លាំង ហើយមានទាំងស្នាដៃបុគ្គលនិងក្រុមផងទទួលបានចំនួនអ្នកចូលអានច្រើនដាច់គេ ទាំងដែលពេលខ្លះបានតួលេខច្រើន វ៉ាដាច់រឿងរបស់អ្នកនិពន្ធម៉ីសនសុធារីមួយចំនួនថែមទៀតផង។

១.ស្នាដៃក្រុមឥន្រ្ទីយ៍ទាំង១០ «ធ្លាប់ជាសង្សារកាលមុននាងស្លាប់»

បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលរួចមក យុវនិពន្ធទាំងដប់រូបបានដាក់ផ្សាយព្រមគ្នា នូវស្នាដៃរបស់ខ្លួនកាលពីថ្ងៃទី១កន្លងទៅ បន្ថែមពីលើរឿងខ្លី(បុគ្គល) ដែលធ្លាប់ចេញផ្សាយរួចមកហើយ ក្រោមការរំលេចចេញតាមបែបផែនពិសេសរៀងៗខ្លួន។ ត្រឹមរយៈពេល៣០ថ្ងៃដំបូងប៉ុណ្ណោះ ស្នាដៃក្រុមមួយនេះបានហក់ឡើងក្នុងមាតិកាកំពូលទី៦របស់ខែវិច្ឆិកា ហើយខាងក្រោមនេះជាចំណាប់អារម្មណ៍របស់ក្រុមឥន្រ្ទីយ៍ជូនដល់អ្នកគាំទ្ររបស់ខ្លួន៖

«ខ្ញុំមានអារម្មណ៍រំភើបរីករាយជាខ្លាំង ដែលបានចូលរួមសរសេរសាច់រឿង “ធ្លាប់ជាសង្សារកាលមុននាងស្លាប់” វគ្គ “ឈាមស្រែកស្បែកហៅ” ហើយត្រូវបានមិត្តអ្នកអានពេញចិត្ត និងបានជាប់នៅក្នុងចំណោម Top 10 ព្រមទាំងទទួលបាននូវប្រាក់រង្វាន់ពិតៗ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះបងស្រី ម៉ីសន សុធារី ដែលបានបង្កើតកម្មវិធីនេះឡើង ផ្តល់ឱកាសឱ្យពួកខ្ញុំបានចូលរួមរៀនវគ្គនិពន្ធរយៈពេលខ្លី តែទទួលបាននូវចំណេះដឹងជាច្រើន ពីការតែងនិពន្ធនិងគន្លឹះសំខាន់ៗ ស្គាល់ពីគុណតម្លៃរបស់អ្នកនិពន្ធ បណ្តុះគំនិតអប់រំ ការចែករំលែក ការផ្តល់ឱ្យដោយមិនទាមទារផលតបស្នងពីមិត្តអ្នកអាន ធ្វើដោយឆន្ទៈក្តីស្រលាញ់ពិតៗ។» ជិន សូនីន

«នាងខ្ញុំរីករាយដែលបានដាក់ស្នាដៃ ក្នុង MST Writer និងទទួលបាន វគ្គសិក្សាស្ដីពីការតែងនិពន្ធជាមួយអ្នកគ្រូ។ ក្រោយបញ្ចប់វគ្គ ក្រុមឥន្រ្ទីយ៍យើងទាំង១០នាក់បាន សរសេររឿង “ធ្លាប់ជា សង្សារកាលមុននាងស្លាប់” ម្នាក់មួយចំណងជើង។ នាងខ្ញុំពិតជាសប្បាយចិត្តដែលស្នាដៃក្រុមយើង ចេញផ្សាយ១ខែដំបូងនេះទទួលបានអ្នកអានច្រើន ឈរនៅលេខរៀងទី៦នៃតារាង» ហេង អ៊ីឈង

«នាងខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលបានចូលរួមជាមួយក្រុមឥន្រ្ទីយ៍ ជាពិសេសទទួលបានការសិក្សាវគ្គខ្លីទៅលើប្រធានបទមួយគឺ “សិក្សារចនាសម្ព័ន្ធរឿងវគ្គដំបូង” ជាមួយអ្នកគ្រូដោយផ្ទាល់។ ខ្លួនខ្ញុំផ្ទាល់ពិតជារីករាយជាខ្លាំងចំពោះស្នាដៃរបស់ក្រុមយើងដែលមានចំនួនអ្នកអានច្រើន រហូតធ្វើឱ្យសាច់រឿងឈរនៅលេខរៀងទី៦នៃតារាងប្រចាំខែវិច្ឆិកា» ឆេន សុខណេត

«ខ្ញុំបាទជាសមាជិកក្រុមឥន្ទ្រីយ៍ MST Writer ជំនាន់ទីមួយ ហើយខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមជាមួយ និងបានបញ្ចាប់វគ្គសិក្សាស្តីអំពីការតែងនិពន្ធ ព្រមទាំងទទួលបានចំណេះដឹងជាច្រើន ហើយបានដាក់ផ្សាយ Assignment ក្រោយពីវគ្គសិក្សាបញ្ចប់ ហើយបានឈរនៅក្នុង Top 10 ទៀតផង។ ខ្ញុំសូមអគុណអ្នកគ្រូនិងបងៗដែលបានរៀបចំឱ្យមានកម្មវិធីនេះឡើង  ដើម្បីឱ្យអ្នកដែលស្រលាញ់ការតែងនិពន្ធមានឱកាសបញ្ចេញស្នាដៃរបស់ខ្លួន» សៀក  ម៉ាវិន

«នាងខ្ញុំមាននាមប៉ាកកា ទំព័រមយូរ៉ា ជាសមាជិកនៅក្នុងក្រុមឥន្រ្ទីយ៍ មានសេចក្ដីរំភើបចិត្តណាស់ដែលស្នាដៃតែងនិពន្ធរបស់ក្រុមឥន្ទ្រីយ៍យើងខ្ញុំបានទទួលការគាំទ្ររហូតឈានទៅដល់ Top10 ហើយវាក៏ជាអនុស្សាវរីយ៍ដ៏ល្អមួយដែលសមាជិកទាំង១០រូបមានឱកាសបង្កើតស្នាដៃរៀងខ្លួន ក្រោមប្រធានបទតែមួយ។ ខ្ញុំសូមអរគុណដល់អ្នកនិពន្ធ អ្នកគ្រូម៉ីសន សុធារី ដែលបានចំណាយពេលវេលាដ៏មានតម្លៃសម្រាប់វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ ជាកិត្តិយសណាស់ដែលនាងខ្ញុំមាន​ឱកាស​បានចូលរួមរៀនអំពីការតែងនិពន្ធជាមួយអ្នកគ្រូដោយផ្ទាល់» ឆុង ធឿន

«នាងខ្ញុំមាននាមប៉ាកកា កូន ជ្រូកខ្មៅ ស្ថិតក្នុងក្រុមឥន្ទ្រីយ៍។ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលមានឱកាសបានបញ្ចេញស្នាដៃសំណេររបស់ខ្ញុំទៅកាន់មិត្តបងប្អូនអ្នកអាន ក្នុងនោះទៀតសោតរឿងដែលភ្ញាក់ផ្អើលបានកើតឡើងសម្រាប់ស្នាដៃក្រុមឥន្ទ្រីយ៍របស់ខ្ញុំ គឺបានទទួលការចូលអានច្រើនស្ថិតក្នុង Top10។ រួមនឹងក្តីរំភើបនេះ ខ្ញុំពិតជាអរគុណអ្នកគ្រូ ម៉ីសន សុធារីជាខ្លាំង ដែលអ្នកគ្រូបានបើកឱកាសនេះដល់អ្នកដែលគាត់ស្រលាញ់ការសរសេរ និងមានបំណងចង់បង្ហាញស្នាដៃរបស់ខ្លួន តែមិនដឹងថា គួរធ្វើយ៉ាងណាឱ្យក្តីស្រមៃរបស់ខ្លួនក្លាយជាការពិត។ ចូលរួមនៅ MST Writer អ្នកនឹងដឹងថា ក្តីស្រមៃរបស់អ្នក គឺនៅជិតខ្លួនអ្នក! តែសូមប្រាប់រឿងមួយទៀតណា៎ បើសាច់រឿងយើងមានអ្នកចូលអានច្រើន នោះនឹងមានរង្វាន់លើកទឹកចិត្តទៀត ក្រុមឥន្ទ្រយ៍បើករួចរាល់ហើយ» ម៉ែន ស្រីពៅ

«នាងខ្ញុំមាននាមប៉ាកកាវិនិទ្រា ដែលស្ថិតក្នុងក្រុមឥន្ទ្រីយ៍ ពិតជាមានអារម្មណ៍រំភើបជាអនេកដែលស្នាដៃរួមក្រុមរឿង “ធ្លាប់ជាសង្សារកាលមុននាងស្លាប់” ក្នុងវគ្គ “បាត់ខ្លួន២១ឆ្នាំ” ត្រូវបានឈានជើងចូលតារាង Top 10 ក្នុងខែនេះ។ សូមអរគុណសម្រាប់ការគាំទ្រនិងចូលរួមអាន អរគុណអ្នកគ្រូដែលផ្ដល់ឪកាសអោយអ្នកជំនាន់ក្រោយបានបញ្ចេញស្នាដៃរបស់ខ្លួន និងអរគុណអ្នកគ្រប់គ្នាដែលស្ថិតនៅក្រោយភាពជោគជ័យមួយនេះ» ទឹម ផល្លីនដា

«ខ្ញុំបាទមាននាមប៉ាកកា ទឹកភ្នែកសម្ងាត់ គឺជាសមាជិកមួយរូបនៅក្នុងក្រុមឥន្ទ្រីយ៍ ពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដឹងថាស្នាដៃរួមគ្នាទាំង១០រឿងនៅក្នុងក្រុមឥន្ទ្រីយ៍ដែលមានប្រធានបទ “ធ្លាប់ជាសង្សារកាលមុននាងស្លាប់” ដែលមានស្នាដៃរបស់ខ្ញុំផងដែរក្រោមចំណងជើង”សត្រូវស្នេហា” ទទួលបាននូវចំណាត់ថ្នាក់លេខ៦ ប្រចាំខែវិច្ឆិកា។ ខ្ញុំសូមគោរពអរគុណអ្នកគ្រូ ម៉ីសន សុធារី និងបងៗក្រុមការងារទាំងអស់ចំពោះការបង្កើតនូវកម្មវិធីមួយនេះឡើង។ MST Writer គឺពិតជារួមចំណែកឱ្យយុវជនជំនាន់ក្រោយបានបញ្ចេញនូវក្ដីស្រលាញ់និងទេពកោសល្យនៃការតាក់តែងនិពន្ធរបស់ពួកគាត់ទៅកាន់មិត្តអ្នកអាន។ នេះគឺជាមធ្យោបាយមួយដែលកាន់តែធ្វើឱ្យពួកគាត់ទទួលបាននូវចំណេះដឹងនិងបទពិសោធថ្មីៗដើម្បីអភិវឌ្ឍខ្លួនឱ្យមានភាពរីកចម្រើនលើវិស័យតែងនិពន្ធថែមមួយកម្រិតទៀត។» សុំ សុធារ៉ា

«ខ្ញុំបាទពិតជាមានក្តីសោមនស្សរីករាយជាពន្លឹក ស្របពេលដែលការងារជាក្រុមរបស់ខ្ញុំក្រោយពីបានសិក្សាវគ្គខ្លីជាមួយអ្នកគ្រូ ក្រោមចំណងជើងថា “ធ្លាប់ជាសង្សារកាលមុននាងស្លាប់” ទទួលបានអ្នកអានច្រើនរហូតចូល Top 10។ ខ្ញុំសូមអរគុណដល់អ្នកគ្រូនិងក្រុមការងារដែលមានចំណាយពេលវេលាដ៏មានតម្លៃដើម្បីរៀបចំកម្មវិធីនេះឡើង ហើយក៏សូមអរគុណដល់អ្នកអានទាំងអស់គ្នាដែលបានគាំទ្រស្នាដៃជាសហនិពន្ធរបស់ខ្ញុំផងដែរ។» ហ៊ុយ សារ៉ាត់

២.អ្នកនិពន្ធ សុំ សុធារ៉ា ម្ចាស់រឿង«កេសាចងពៀរ»

ខ្ញុំបាទសុំ សុធារ៉ា មាននាមប៉ាកកា “ទឹកភ្នែកសម្ងាត់” គឺជាម្ចាស់ស្នាដៃរឿង “កេសាចងពៀរ” និងរឿង “ម៉ែយាយ” ដែលបានចេញផ្សាយនៅ MST Writer ហើយខ្ញុំក៏ជាសមាជិកមួយរូបនៅក្នុងក្រុមឥន្ទ្រីយ៍ MST Writer រដូវកាលទីមួយនេះផងដែរ។ ខ្ញុំពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលនិងរីករាយរំភើបជាអតិបរមានៅពេលដែលខ្ញុំបានដឹងថារឿង “កេសាចងពៀរ” របស់ខ្ញុំបានជាប់ក្នុងលំដាប់លេខរៀងទី១០ក្នុងខែវិច្ឆិកាដែលកន្លងទៅថ្មីៗ។ នេះគឺជារឿងមួយដែលខ្ញុំមិននឹកស្មានដល់ព្រោះវាគឺជាលើកទីមួយសម្រាប់ខ្ញុំដែលទទួលបាននូវរង្វាន់លើកទឹកចិត្តពីអ្នកគ្រូចំពោះរឿង “កេសាចងពៀរ” ដែលជាប់ក្នុងលំដាប់លេខរៀងទី១០បែបនេះ។

គួររំឭកផងដែរថាកម្មវិធី MST Writer គឺជាកម្មវិធីមួយដែលអនុញ្ញាតឱ្យមិត្តៗដែលស្រឡាញ់នូវវិស័យតែងនិពន្ធមានឱកាសបានបញ្ចេញនូវស្នាដៃរបស់ខ្លួនតាមរយ:ការសរសេរសាច់រឿងដាក់ផ្សាយក្នុង MST Writer ដែលមានរយ:ពេលចាប់ពីខែកញ្ញាដល់ខែមករា។ ចំពោះស្នាដៃជាសាច់រឿងរបស់ពួកយើងនោះទៀតសោតគឺមិនត្រូវបានកំណត់ប្រធានបទនោះទេពោលគឺមានន័យថាពួកយើងជាអ្នកនិពន្ធអាចសរសេរនូវសាច់រឿងមួយដែលរំលេចនូវប្រធានរឿងមូលបញ្ហារឿងនិងប្រភេទរឿងបែបណាក៏បានមិនថាជាសាច់រឿងបែបមនោសញ្ចេតនាស្នេហា បែបអភិនីហារ បែបឧក្រិដ្ឋកម្មស៊ើបអង្កេត បែបព្រឺព្រួចភ័យរន្ធត់តក់ស្លុត ឬជាសាច់រឿងបែបអប់រំក្ដី។ ម្យ៉ាងវិញទៀតពួកយើងអាចសរសេរសាច់រឿងរបស់យើងដោយមិនកំណត់ចំនួនទំព័រនោះឡើយ (អាចជាប្រភេទរឿងខ្លី ឬប្រលោមលោកខ្នាតខ្លី)។ ក្រុមការងារខាង MST Writer និងជួយសម្រួលពួកយើងទៅលើការកែលម្អសាច់រឿងរបស់យើងមុននឹងចេញផ្សាយ ការរចនាក្របរឿងនិងយុទ្ធនាការផ្សព្វផ្សាយស្នាដៃប្រកបដោយតម្លាភាពជាដើម។ កាន់តែពិសេសទៅទៀតនោះ ចំពោះសាច់រឿងរបស់យើងដែលបានចេញផ្សាយនៅលើ MST Writer នឹងមានការបូកសរុបរៀងរាល់ចុងខែម្ដង ដែលក្នុងពេលនោះបើសិនជាសាច់រឿងរបស់យើងទទួលបាននូវការទស្សនាច្រើនឈានចូលដល់លំដាប់លេខរៀងពីលេខ១ដល់លេខ១០នោះយើងនឹងទទួលបាននូវរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ដូចជារឿង “កេសាចងពៀរ” របស់ខ្ញុំជាឧទាហរណ៍ស្រាប់។ បន្ថែមពីនេះទៀតចំពោះរឿងដែលស្ថិតក្នុងលំដាប់ពីលេខរៀងទី11ដល់លេខរៀងទី15ក៏មានឱកាសទទួលបាននូវរង្វាន់លួងចិត្តផងដែរ។

អ្វីដែលគួរកត់សម្គាល់នឹងរំភើបជាងនេះទៅទៀតនោះគឺពួកយើងជាម្ចាស់រឿងមានឱកាសបានចូលរៀនវគ្គតែងនិពន្ធខ្លីមួយជាមួយអ្នកគ្រូ “ម៉ីសន សុធារី” ដែលជាស្ថាបនិកកម្មវិធី MST Writer និងជាអ្នកនិពន្ធដែលពោរពេញដោយសមត្ថភាព ទេពកោសល្យនិងប្រជាប្រិយភាព។ នៅក្នុងឱកាសនោះពួកយើងនឹងអាចទទួលបាននូវចំណេះដឹងនិងបទពិសោធថ្មីៗជាច្រើនពីអ្នកគ្រូម៉ីសនសុធារីពាក់ព័ន្ធនឹងការងារតែងនិពន្ធដូចជា សីលធម៌វិជ្ជាជីវ:ក្នុងនាមជាអ្នកនិពន្ធ ការកសាងបុគ្គលិកលក្ខណ:តួអង្គ ការកសាងរចនាសម្ព័ន្ធនៃការផ្ដើមរឿងជាដើម។

ស្ថិតក្នុងឱកាសនេះផងដែរ ខ្ញុំបាទសុធារ៉ា(ទឹកភ្នែកសម្ងាត់) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រូម៉ីសនសុធារីដែលបានបង្កើតកម្មវិធី MST Writer នេះឡើងមកដែលអនុញ្ញាតឱ្យខ្ញុំបានចូលរួមបញ្ចេញនូវសមត្ថភាពតែងនិពន្ធក្នុងចេតនាដើម្បីកសាងខ្លួនជាអ្នកនិពន្ធអាជីពមួយរូបនៅពេលខាងមុខ។ ខ្ញុំបាទក៏សូមគោរពដឹងគុណចំពោះអ្នកគ្រូជាថ្មីម្ដងទៀតដែលខិតខំចំណាយពេលវេលាដ៏មានតម្លៃបង្ហាត់បង្ហាញខ្ញុំរយ:ពេលមួយសប្ដាហ៍ដែលធ្វើឱ្យខ្ញុំកាន់តែយល់ច្បាស់ពីវិធីសាស្ត្រតែងនិពន្ធបានមួយកម្រិតទៀត។ មួយអន្លើទៀត ខ្ញុំសូមគោរពអរគុណចំពោះបងៗក្រុមការងារក្នុងកម្មវិធី MST Writer ទាំងអស់ដែលបានជួយសម្រួលសាច់រឿងរបស់ខ្ញុំនិងរចនាក្របរឿងដើម្បីចេញផ្សាយរហូតដល់ទទួលបានជ័យលាភីក្នុងលំដាប់លេខរៀងទី១០។ សូមគោរពជូនពរអ្នកគ្រូម៉ីសនសុធារីនិងបងៗក្រុមការងារទាំងអស់មានសុខភាពល្អ សំណាងល្អនិងជោគជ័យគ្រប់ភារកិច្ច។

៣. អ្នកនិពន្ធ រ៉ាហ្ស៊ី ម្ចាស់រឿង«ទូរសព្ទចាស់»

សួស្ដីខ្ញុំបាទមាននាមប៉ាកកា រ៉ាហ្ស៊ី។ ខ្ញុំពិតជាមានអារម្មណ៍ត្រេកអរនិងរីករាយមែនទែន ពេលដែលដឹងថាស្នាដៃរបស់ខ្លួន “រឿង ទូរសព្ទចាស់” មានអ្នកអានច្រើនរហូតបានទទួលជាប់ជាស្នាដៃ Top 11 ក្នុងចំណោម Top15 ក្នុងបញ្ជីប្រចាំខែវិច្ឆិកា ។ “រឿង ទូរសព្ទចាស់” មិនមែនជាស្នាដៃទី១របស់ខ្ញុំ ដែលបានដាក់ចូលរួមក្នុងកម្មវិធីនេះទេ តែវាជាស្នាដៃទី៣ បន្ទាប់ពីស្នាដៃដទៃទៀតដែលខ្ញុំបានផ្ញើជូនបង្ហោះក្នុងគេហទំព័ររបស់អ្នកគ្រូដូចជា ស្នាដៃទី១នោះគឺអត្ថបទរឿងខ្លី “បើសិនក្លាយជាប្ដីគេ” ស្នាដៃទី២  រឿងខ្លី “មនុស្សសំខាន់” និងស្នាដៃទី៤ រឿងខ្លី “មនុស្សក្នុងចិត្ត”។ 

តាំងពីខែកញ្ញានៃការចាប់ផ្ដើមបើកដំណើរការដំបូងនៃកម្មវិធីមួយនេះ ខ្ញុំបានឃើញថាមានអ្នកនិពន្ធក្មេងៗជាច្រើន បានចូលរួមបង្ហាញស្នាដៃរបស់ខ្លួនឯង បានបង្ហាញគំនិត អារម្មណ៍និងទស្សនៈរបស់ខ្លួន តាមសំណេរសាច់រឿង បែបផែន សិល្ប៍វិធីផ្ទាល់ខ្លួនរបស់ពួកគេ ហើយអត្ថបទនិងសាច់រឿងមួយៗ សុទ្ធតែមានការទាក់ទាញ ប្លែកៗទៅតាមរសនិយមរបស់អ្នកអាន និងចំណូលចិត្តរបស់អ្នកនិពន្ធ ដែលនេះជារឿងមួយដែលខ្ញុំមិននឹកស្មានពីមុនថា ប្រទេសយើងសម្បូរទៅដោយអ្នកស្រលាញ់ចូលចិត្តខាងវិស័យនិពន្ធច្រើនដល់ថ្នាក់នេះ ជាពិសេសយុវជនក្មេងៗតែម្ដង។ ម្យ៉ាងទៀត ស្នាដៃសាច់រឿងរបស់ពួកគាត់ សុទ្ធតែល្អៗ ហើយទាក់ទាញ ប្លែកៗ អ៊ីចឹងហើយ ខ្ញុំពិតជាមិននឹកស្មានថាស្នាដៃខ្លួនអាចនឹងមានអ្នកចូលចិត្តច្រើនដល់បែបនេះ។ 

ប្រសិនជាអ្នកមានស្នាដៃ សាច់រឿងរបស់ខ្លួនហើយ ប៉ុន្ដែអ្នកមិនទាន់បានចូលរួមក្នុងកម្មវិធីនេះទេ ខ្ញុំលើកទឹកចិត្តឱ្យអ្នករូតរះធ្វើការបង្ហោះផ្ញើស្នាដៃរបស់ខ្លួនឯងជូនទៅក្រុមការងាររបស់អ្នកគ្រូពិនិត្យ កុំមានការព្រួយបារម្ភឬគិតថាស្នាដៃរបស់ខ្លួននៅមានកម្រិត ឬសាច់រឿងរបស់ខ្លួននៅមិនល្អនោះ ព្រោះនេះជាឱកាសដ៏មានតម្លៃមួយ ដែលសម្រាប់អ្នកដែលស្រលាញ់ក្នុងការតែងនិពន្ធមិនគួរមើលរំលងនោះឡើយ…ការចូលរួមក្នុងកម្មវិធីមិនតម្រូវឱ្យមានការចំណាយប្រាក់អ្វីឡើយ ហើយក៏មិនមានការកំណត់អាយុឬប្រកាន់ពីភេទ តួនាទី ឋានៈអ្វីដែរ។ 

ជាសារចុងក្រោយ ខ្ញុំពិតជាអរគុណដល់អ្នកគ្រូម៉ីសន សុធារីនិងក្រុមការងាររបស់អ្នកគ្រូ ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធីមួយនេះឡើង និងតែងតែជួយជ្រោមជ្រែង ខិតខំខ្នះខ្នែង សម្រួលឱ្យកម្មវិធីមួយនេះឱ្យកាន់តែរលូនទៅមុខជានិច្ច មិនតែប៉ុណ្ណោះ តែងតែជួយបង្ហាត់បង្រៀនបន្ថែមពីសិល្ប៍វិធីក្នុងការតាក់តែងនិពន្ធនិងចែករំលែកបទពិសោធដ៏មានតម្លៃរបស់ខ្លួន។ 

អូហ៍…ភ្លេចអរគុណដល់មិត្តអ្នកអាន ដែលតែងតែគាំទ្រ អានសាច់រឿងរបស់ខ្ញុំ ការអាននិងមតិយោបល់របស់អ្នក វាពិតជាអំណោយដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ព្រោះវាកម្លាំងចលករជម្រុញឱ្យខ្ញុំកាន់ប៊ិករបស់ខ្លួនសរសេរបន្ដទៅមុខទៀត។ អរគុណជាខ្លាំងសម្រាប់មិត្តអ្នកអាន ហើយសង្ឃឹមថាអ្នកនឹងនៅគាំទ្រអានស្នាដៃដទៃរបស់ខ្ញុំបន្ដទៀត…

ពីខ្ញុំរ៉ាហ្ស៊ី!

៤. អ្នកនិពន្ធ អ៊ឹមអាន ដាដាណេត ម្ចាស់រឿង«យប់មួយនៅសាលាកណ្ដាលព្រៃ»

ជាដំបូងខ្ញុំសូមជម្រាបសួរ និងសួស្តីដល់បងៗក្នុងក្រុមMST writer ទាំងអស់គ្នា! ខ្ញុំឈ្មោះអ៊ឹម អានដាដាណេត បានចូលរួមក្នុងកម្មវិធីMST writer រដូវកាលទី១ និងជាសមាជិកនៃក្រុម នាគា។ ក្នុងរដូវកាលនេះដែរខ្ញុំទទួល ចំណាត់ថ្នាក់ Top 12 និងទទួលបានប្រាក់រង្វាន់ពីក្រុមការងារ លើសពីនេះទៅទៀតខ្ញុំក៏ទទួលបាននូវបទពិសោធយ៉ាងច្រើនពាក់ព័ន្ធជាមួយការសរសេររឿងនិងធាតុចំនួនបីធំៗជាមួយការសរសេររឿងនៅទំព័រដំបូង ។ បន្ថែមពីនេះទៅទៀតខ្ញុំបានកសាងទំនាក់ទំនងជាមួយអ្នកនិពន្ធដ៏ទៃទៀតមកពីគ្រប់បណ្តាខេត្តដែលអាចអោយពួកយើងធ្វើការជាក្រុមនិងចែករំលែកបទពិសោធគ្នាទៅវិញទៅមក ព្រមទាំងចែករំលែកគំនិតក្នុងការសរសេររឿងអោយកាន់តែស៊ីជម្រៅ ពីមួយភាគទៅមួយភាគដោយមានជំនួយពីក្រុមការងារMST writer ។ ក្រោយពីបានសិក្សាវគ្គតែងនិពន្ធមួយរយៈនេះខ្ញុំសង្កេតឃើញថា ខ្ញុំនិងសមាជិកក្នុងក្រុមពិតជាបានអភិវឌ្ឈសមត្ថភាពផ្នែកសរសេរនិងនិពន្ធអោយកាន់តែរីកចម្រើនជាងមុនមួយកម្រិតទៀត។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណ ដល់សមាជិកក្រុមអ្នកនិពន្ធMST Writer និងសមាជិកក្រុមនាគាទាំងអស់ដែលចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសិក្សាវគ្គខ្លីអ្នកនិពន្ធក្រៅសាលានេះ។

៥. អ្នកនិពន្ធ ហោ សុជាតា ម្ចាស់រឿង«កញ្ចក់ខ្មោច»

ជាបឋមនាងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគ្រូ និងបងៗក្រុមMST writerទាំងអស់ដែលបានបង្ហាត់បង្ហាញ ណែនាំអំពីការតែងនិពន្ធ ក៏ដូចជាផ្តល់យោបល់ដល់សាច់រឿងរបស់នាងខ្ញុំផងដែរ។

នាងខ្ញុំពិតជាមានក្តីសោមនស្សរីករាយជាខ្លាំងដែលសាច់រឿងរបស់ខ្ញុំបានជាប់ក្នុង Top14 ទាំងនេះក៏សុទ្ធតែបានអ្នកគ្រូ និងបងៗផ្តល់ការណែនាំ និងមិត្តអ្នកអានទាំងអស់ជួយគាំទ្រស្នាដៃការសរសេររបស់ខ្ញុំផងដែរ ទើបធ្វើឱ្យខ្ញុំទទួលបានឱកាស​ជោគជ័យនេះ ជាចុងក្រោយនាងខ្ញុំសូមអរគុណដល់អ្នកគ្រូ បងៗ និងមិត្តអ្នកអានទាំងអស់ដែលគាំទ្រស្នាដៃរបស់ខ្ញុំកន្លងមក នាងខ្ញុំនឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ស្នាដៃរបស់ខ្លួនឱ្យកាន់តែល្អជាងនេះទៅទៀត។

ចុចអាន MST Writerដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែតុលា