មានហេតុផលប្រាំយ៉ាង ដែលមិត្តអ្នកអានរបស់ប្រលោមលោករឿង អធិរាជបេះដូង នៅក្នុង meysansothery.com តែងតែកោះហៅមិត្តភក្តិដើម្បីមកអានរឿងនេះបន្ត ។
១. ជារឿងទាក់ទងជាមួយនឹងយុវវ័យ ស្ដីអំពីនិស្សិតកម្ពុជាពីររូប ចេញទៅរស់និងសិក្សានៅប្រទេស២សែនឆ្ងាយពីគ្នា បែរជាមកជំពប់ជួបគ្នាចំពេលដែលមានសង្គ្រាមស៊ីវិលកើតឡើងក្នុងប្រទេសទួរគី។ ចំណែកឯតួស្រី នាងជោគជតាដែលជាកូនស្រីរបស់មន្ត្រីកុងស៊ុលខ្មែរនៅហូងឡង់សហភាពអឺរ៉ុប បានរសាត់អណ្ដែតមកទើរនៅក្នុងសង្គ្រាមនេះដូចគ្នាក្នុងនាមជាភ្ញៀវទេសចរ។ ទាំងពីរប្រាណជាយុវវ័យមកពីកម្ពុជាបានកាន់ដៃគ្នារត់គេចទៅដល់តំបន់ព្រៃជ្រៅឆ្ងាយពីស៊ីស្តង់ប៊ុលដើម្បីគេចផុតពីការតាមចាប់របស់ពួកទាហានដោយសារតែតួអង្គស្រីបាត់បង់លិខិតឆ្លងដែនរបស់ខ្លួន។ ឆាកកម្សត់កម្រជាច្រើនបានបង្កើតទៅជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងប្រធាននិស្សិតឈ្មោះថា ជាវិច្ឆិកានិងតួស្រីយើង។
២.នេះគឺជាប្រលោមលោកដែលស្ដែងចេញអំពីរឿងរ៉ាវចាក់ស្រែះ រវាងគ្រួសារអ្នកប្រកបរបរជំនួញនិងគំនុំស្នេហាចាស់ដ៏ជ្រៅពិបាកស្មានមួយ។ អ្នកអានបានឃើញនូវមនោសញ្ចេតនាពិបាកផ្តាច់ តជំនាន់ ជាជម្ងឺនៃការចង់ឈ្នះ ចង់សងសឹកបង្កភាពវឹកវរគ្មានទីបញ្ចប់ទុកជាដានចងពៀរមនុស្សជំនាន់ក្រោយយ៉ាងសាហាវឬស្យា។
៣.រឿងនេះក៏បានស្តែងបង្ហាញអំពីតួអង្គជានារីអ្នកសារព័ត៌មានវ័យក្មេង «ពេជ្រដាណែន» ដែលមានភាពមោះមុតនៅក្នុងមូលដ្ឋានវិជ្ជាជីវៈរបស់ខ្លួនប៉ុន្តែត្រូវរងគ្រោះម្ដងហើយម្ដងទៀតដោយសារតែសេចក្ដីស្នេហាដ៏បរិសុទ្ធរបស់ខ្លួននិងគំនិតសុទិដ្ឋិនិយមពេក។
៤.អ្នកនិពន្ធត្អូញថានេះជាស្នាដៃអន់ខ្សោយមួយរបស់គាត់ ដែលតែងឡើងប្រថុចញ៉ុចស្របស្ថានការណ៍នយោបាយនៅទួរគី ប៉ុន្តែអ្នកអានបែរជាអានចប់ក៏បំភ្លេចមិនបាន។
៥.តួអង្គធំៗក្នុងភាគនិទាននេះមានច្រើន សុទ្ធសឹងជាតួអង្គសំខាន់ តែមានបុគ្គលិកលក្ខណៈខុសពីគ្នាគួរឱ្យកត់សម្គាល់បង្ហាញថា យុទ្ធសាស្ត្រកសាងចរិតលក្ខណៈតួអង្គប្រើបច្ចេកទេសខ្ពស់ការស្រាវជ្រាវច្រើននិងបង្កើតប្រអប់ទំនាស់បន្តគ្នាពឹងលើចរិតលក្ខណៈទាំងនោះ។